Author: សឿន សំណាង

  • តម្លៃ​វ៉ាក់សាំង​ Sputnik-V​ សម្រាប់​ការ​ពារ​ COVID-19​ ត្រូវ​បាន​រុស្ស៊ី​បង្ហើប​ឱ្យ​ដឹង​ជា​សាធារណៈ​

    តម្លៃ​វ៉ាក់សាំង​ Sputnik-V​ សម្រាប់​ការ​ពារ​ COVID-19​ ត្រូវ​បាន​រុស្ស៊ី​បង្ហើប​ឱ្យ​ដឹង​ជា​សាធារណៈ​

    វ៉ាក់សាំងទប់ស្កាត់វីរុសCOVID-19 ដែលផលិតដោយប្រទេសរុស្ស៊ី តាមគម្រោងនឹងមានតម្លៃទាបជាង បើធៀបនឹងវ៉ាក់សាំងដែលផលិតដោយបណ្ដាប្រទេសនៅអឺរ៉ុប។

    Igor Artemyev មេដឹកនាំនៃអង្គភាពទប់ស្កាត់ពាណិជ្ជកម្មផ្ដាច់មុខរបស់រុស្ស៊ី (FAS) បានបង្ហើបឱ្យដឹងថា វ៉ាក់សាំងប្រឆាំង COVID-19 របស់រុស្ស៊ី នឹងមានតម្លៃទាបជាង1,000រូប (ប្រហែល13ដុល្លារអាមេរិក)។ បើទោះ វាមានតម្លៃថ្លៃជាងស្ដង់ដារបស់អឺរ៉ុប ប៉ុន្តែ FAS យល់ថា តម្លៃបច្ចុប្បន្នរបស់វ៉ាក់សាំងរុស្ស៊ីនេះ នៅតែខ្ពស់នៅឡើយ។

    មេដឹកនាំ FAS ឱ្យដងឹងថា៖ “យើងយល់ថា តម្លៃ (វ៉ាក់សាំងរុស្ស៊ី) បច្ចុប្បន្ននៅតែខ្ពស់។ វ៉ាក់សាំងថ្មីត្រូវបានផលិតឈុតតូចៗម្ដង1ឈុតៗ ហើយពួកគេត្រូវការទុនដើម្បីបង្កើនចង្វាក់ផលិតកម្ម”។

    យោងតាម FAS តម្លៃរបស់វ៉ាក់សាំងនេះនឹងថយចុះនៅពេលផលិតផលបានកើនឡើង។ ពេលនោះ វ៉ាក់សាំងនេះនឹងត្រូវបានប្រើប្រាស់ទូលំទូលាយ។ រុស្ស៊ីក៏នឹងពិនិត្យទៅលើតម្លៃវ៉ាក់សាំងរបស់ខ្លួនឡើងវិញ នៅពេលប្រទេសផ្សេងៗ អាចផលិតវ៉ាក់សាំងផ្ទាល់ខ្លួន។

    វ៉ាក់សាំងCOVID-19 របស់រុស្ស៊ី ត្រូវបានគេជឿថា មានតម្លៃទាបជាងវ៉ាក់សាំងរបស់លោកខាងលិច។ កាលពីខែសីហា Moderna ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ មានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា វ៉ាក់សាំងរបស់ក្រុមហ៊ុននេះនឹងមានតម្លៃចាប់ពី32-37ដុល្លារក្នុង1អំពូល។ ចំណែក វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនអាមេរិក Pfizer មានតម្លៃប្រហែល20ដុល្លារ។

    កាលពីថ្ងៃទី11សីហា រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដោយបានចុះឈ្មោះវ៉ាក់សាំងCOVID-19 ដែលមានឈ្មោះថា Sputnik-V។ នេះគឺជាវ៉ាក់សាំងដែលត្រូវបានស្រាវជ្រាវ និងអាភិវឌ្ឍដោយមជ្ឈមណ្ឌលស្រាវជ្រាវរោគឆ្លង និងមីក្រូជីវសាស្ត្ររបស់ប្រទេសរុស្ស៊ី។

    តម្លៃវ៉ាក់សាំង Sputnik-V សម្រាប់ការពារ COVID-19 ត្រូវបានរុស្ស៊ីបង្ហើបឱ្យដឹងជាសាធារណៈ
    Igor Artemyev មេដឹកនាំនៃអង្គភាពទប់ស្កាត់ពាណិជ្ជកម្មផ្ដាច់មុខរបស់រុស្ស៊ី (FAS)

    បើទោះជាមិនទាន់ឆ្លងផុតដំណាក់កាលនៃការប្រើប្រាស់សាកល្បងលើកទីបី ប៉ុន្តែ រុស្ស៊ីបានអះអាងថា វ៉ាក់សាំងរបស់ប្រទេសនេះមានសុវត្ថិភាពនិងប្រសិទ្ធភាព។ លោក Putin បានថ្លែងថា កូនស្រីរបស់លោក បានចាក់វ៉ាក់សាំងនេះរួចហើយ និងនៅតែមានសុខភាពល្អ មាំមួន។

    ក្រុមមន្ត្រីរុស្ស៊ីបានឱ្យដឹងថា ប្រទេសនេះទទួលបានការស្នើទិញវ៉ាក់សាំងទប់ស្កាត់ COVID-19 ប្រមាណជា1.2ពាន់លានអំពូល ពីប្រទេសនានា ព្រមទាំងកំពុងចរចាជាមួយប្រទេសជាង10នៅមជ្ឈិមបូព៌ា អាមេរិកកណ្ដាល និងនៅអាស៊ីផងដែរ។

    រុស្ស៊ីមានគោលដៅផលិតវ៉ាក់សាំង Sputnik V ឱ្យបាន30លានអំពូលនៅចុងឆ្នាំនេះ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងប្រទេស។

    ក្រៅពី Sputnik-V វ៉ាក់សាំងប្រឆាំង COVID-19 ទីពីររបស់រុស្ស៊ី ដែលអភិវឌ្ឍដោយវិទ្យាស្ថាន Vector តាមគម្រោងនឹងត្រូវបានចុះឈ្មោះនៅពាក់កណ្ដាលខែតុលានេះ។ តម្លៃដែលខ្ពស់បំផុតរបស់វ៉ាក់សាំងនេះ គឺប្រហែល1,000រូប៕

    ប្រភព៖ RT

  • CEO បន្ថយ​ប្រាក់​បៀវត្ស​90% ​និង​ដាក់​បញ្ចាំ​ផ្ទះ​2​ខ្នង​របស់​ខ្លួន​ ដើម្បី​ឱ្យ​បុគ្គលិក​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​៖ ​មិន​យូរ​ប៉ុន្មាន​ លទ្ធផល​ជំនួញ​បាន​កើន​ឡើង​3​ដង

    CEO បន្ថយ​ប្រាក់​បៀវត្ស​90% ​និង​ដាក់​បញ្ចាំ​ផ្ទះ​2​ខ្នង​របស់​ខ្លួន​ ដើម្បី​ឱ្យ​បុគ្គលិក​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​៖ ​មិន​យូរ​ប៉ុន្មាន​ លទ្ធផល​ជំនួញ​បាន​កើន​ឡើង​3​ដង

    លទ្ធផលនៃការលះបង់របស់ CEO នេះ មិនត្រឹមតែបានជួយឱ្យបុគ្គលិកទទួលបានប្រាក់ខែខ្ពស់នោះទេ ប៉ុន្តែក៏បានជួយឱ្យតម្លៃនៃខ្ទង់ប្រាក់ទូទាត់ដែលក្រុមហ៊ុនបានធ្វើប្រតិបត្តិការ បានកើនពី3.8ពាន់លានដុល្លារក្នុង1ឆ្នាំ ឡើងដល់10.2ពាន់លានដុល្លារក្នុង1ឆ្នាំ។

    ឆ្នាំ2015 នៅពេលកំពុងធ្វើដំណើរដោយថ្មើរជើងតាមដងផ្លូវមួយជាមួយនឹងមិត្តភ័ក្ដិម្នាក់ឈ្មោះ Valerie នៅជួរភ្នំ Cascade ក្នុងតំបន់ Seattle លោក Dan Price បានស្ដាប់អំពីដំណើររឿងរ៉ាវដ៏កំសត់ និងប្រកបដោយលំបាកមួយ។ នាង Valerie និយាយថា ជីវភាពរបស់នាងកំពុងជួបបញ្ហាវឹកវរ ដោយសារម្ចាស់ផ្ទះដំឡើងថ្លៃជួលផ្ទះ ហើយនាងត្រូវជួបការលំបាកក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។

    រឿងរ៉ាវខាងលើបាននាំឱ្យ Dan Price ខឹងខ្លាំង ព្រោះថា Valerie ធ្លាប់បានបម្រើការក្នុងជួរកងទ័ពអស់រយៈពេល11ឆ្នាំ ហើយពេលនេះ នាងត្រូវធ្វើការច្រើន ប៉ុន្តែ នៅតែមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាព។ Valerie អាចរកបានប្រាក់ប្រហែល40,000ដុល្លារក្នុង1ឆ្នាំ ប៉ុន្តែខ្ទង់ប្រាក់នេះមិនអាចឱ្យនាងទិញបានផ្ទះសមរម្យ1ខ្នងនៅក្នុងក្រុង Seattle នោះឡើយ។

    លោក Price មិនសប្បាយចិត្តជាមួយនឹងភាពអយុត្តិធម៌នោះ ប៉ុន្តែ ទន្ទឹមនឹងនេះ លោក Price ក៏ស្រាប់តែនឹកឃើញថា ខ្លួនឯងក៏ជាផ្នែកមួយនៃបញ្ហានេះដែរ។ ឆ្នាំ1965 ក្រុម CEO នៅសហរដ្ឋអាមេរិក ម្នាក់ៗរកបានប្រាក់ច្រើនជាង20ដងបើធៀបនឹងបុគ្គលិកធម្មតា ប៉ុន្តែ ដល់ឆ្នាំ2015 តួលេខនេះបានកើនឡើងដល់300ដង។

    CEO បន្ថយ​ប្រាក់​បៀវត្ស​90% ​និង​ដាក់​បញ្ចាំ​ផ្ទះ​2​ខ្នង​របស់​ខ្លួន​ ដើម្បី​ឱ្យ​បុគ្គលិក​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​៖ ​មិន​យូរ​ប៉ុន្មាន​ លទ្ធផល​ជំនួញ​បាន​កើន​ឡើង​3​ដង
    CEO របស់​ក្រុម​ហ៊ុន Gravity លោក Dan Price

    នៅក្នុងវ័យ31ឆ្នាំ Price គឺជាសេដ្ឋីម្នាក់ និងជា CEO របស់ក្រុមហ៊ុន Gravity Payments ដែលមានទីស្នាក់ការកណ្ដាលនៅក្រុង Seattle សហរដ្ឋអាមេរិក។ ក្រុមហ៊ុនរបស់ Price មានអតិថិជនប្រមាណជាជាង2,000នាក់ និងមានតម្លៃរាប់លានដុល្លារអាមេរិក។ Price រកបានប្រាក់ជាង1លានដុល្លារក្នុង1ឆ្នាំៗ និងរស់នៅក្នុងជីវភាពល្អប្រសើរ។ ប៉ុន្តែ ក្រោយពីបានស្ដាប់ការរៀបរាប់របស់ Valerie ទើប Price យល់ច្បាស់ថា បុគ្គលិកជាច្រើនរបស់ខ្លួនក៏កំពុងជួបការលំបាកដូចគ្នានេះដែរ។ មូលហេតុនេះហើយដែលនាំឱ្យគាត់សម្រេចចិត្តធ្វើការផ្លាស់ប្ដូរ៖ កាត់បន្ថយប្រាក់បៀវត្សដែលមានតម្លៃ1លានដុល្លារ (ប្រហាក់ប្រហែលនឹង90%នៃប្រាក់បៀវត្សសរុបប្រចាំឆ្នាំ) របស់ខ្លួន ដើម្បីជួយឱ្យបុគ្គលិកថ្នាក់ក្រោមអាចទទួលបានប្រាក់ខែជាអប្បបរមាត្រឹម70,000ដុល្លារអាមេរិក/ឆ្នាំ។

    អំពីតួលេខ70,000ដុល្លារ ក្រោយពីបានអានលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយរបស់ក្រុមសេដ្ឋវិទូដែលធ្លាប់ទទួលបានពាន់រង្វាន់ Nobel ស្ដីអំពីបញ្ហាដែលថា តើជនជាតិអាមេរិកាំងម្នាក់ត្រូវការប្រាក់ប៉ុន្មានដើម្បីរស់បានដោយមានសុភមង្គល លោក Price បានជ្រើសរើសតួលេខ70,000ដុល្លារ/ឆ្នាំ។ ក៏ប៉ុន្តែ ដើម្បីអាចធ្វើបែបនេះបាន Price នឹងត្រូវកាត់បន្ថយប្រាក់បៀវត្សរបស់ខ្លួនចំនួន90% ព្រំទាំងដាក់បញ្ចាំផ្ទះ2ខ្នង និងចំណាយប្រាក់ដែលខ្លួនបានសន្សំទុក។

    CEO បន្ថយ​ប្រាក់​បៀវត្ស​90% ​និង​ដាក់​បញ្ចាំ​ផ្ទះ​2​ខ្នង​របស់​ខ្លួន​ ដើម្បី​ឱ្យ​បុគ្គលិក​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​៖ ​មិន​យូរ​ប៉ុន្មាន​ លទ្ធផល​ជំនួញ​បាន​កើន​ឡើង​3​ដងជាចុងក្រោយ Price នៅតែអនុវត្តការផ្លាស់ប្ដូរដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។ ចាប់តាំងពីពេលនោះ ក្រុមហ៊ុន Gravity Payments បានរីកចម្រើនយ៉ាងឆាប់រហ័ស។ ចំនួនបុគ្គលិកបានកើនឡើងទ្វេដង ហើយតម្លៃនៃខ្ទង់ប្រាក់ទូទាត់របស់អតិថិជនដែលក្រុមហ៊ុនបានប្រតិបត្តិ ក៏បានកើនពី3.8ពាន់លានដុល្លារ/ឆ្នាំ ឡើងដល់10.2ពាន់លានដុល្លារក្នុង1ឆ្នាំ។

    លោក Price បានសរសេរនៅលើ Twitter ៖ “នៅពេលខ្ញុំបានចាប់ផ្ដើមអនុវត្តគោលនយោបាយប្រាក់បៀវត្សអប្បរមា70,000ដុល្លារសម្រាប់បុគ្គលិក កាលពីឆ្នាំ2015 លោក Rush Limbaugh (អ្នកអត្ថាធិប្បាយនយោបាយនៅអាមេរិក) ថ្លែងថា៖ “ខ្ញុំសង្ឃឹមថា Gravity Payments គឺជាគំរូដ៏លេចធ្លោសម្រាប់ក្រុមហ៊ុនផ្សេងៗទៀង”។ យើងបានក្លាយជាអ្នកជោគជ័យពិសេសមួយនៅសាលាពាណិជ្ជកម្ម Harvard”។

    ក្រៅពីប្រការខាងលើ ក៏នៅមានរឿងរ៉ាវផ្សេងទៀតដែលលោក Price មានមោទនភាពជាងប្រការខាងលើ៖ បុគ្គលិកប្រមាណជា70% បានរួចពីចំណងរបស់បំណុល ចំនួនបុគ្គលិកមានកូនក៏បានកើន10ដង និងជាង10%មានលទ្ធភាពទិញផ្ទះនៅក្នុងទីក្រុងធំ ខណៈដែលតួលេខនេះកាលពីមុនមានមិនដល់1%នោះទេ។

    កម្មវិធី​មួយ​នៅ​ក្នុង​ក្រុម​ហ៊ុន​ Gravity

    ក្នុងកិច្ចសម្ភាសមួយជាមួយនឹង BBC លោក Dan Price បានឱ្យដឹងថា៖ “មុនពេលគោលនយោបាយប្រាក់បៀវត្សអប្បបរមា70,000ដុល្លារត្រូវបានបង្កើតឡើង ជារៀងរាល់ឆ្នាំ ក្រុមការងាររបស់យើង មានកូនត្រឹមតែចាប់ពី0ដល់2នាក់ប៉ុណ្ណោះ។ ក្រោយមក ក្នុងរយៈពេលតែ4ឆ្នាំកន្លះ យើងបានទទួលស្វាគមន៍ទារកជាង40នាក់”។

    ប្រការមួយផ្សេងទៀតដែលមានសារសំខាន់ នោះគឺប្រសិទ្ធភាពនៃការបំពេញការងាររបស់បុគ្គលិកក្រុមហ៊ុននេះ បានកើនឡើង76% ពោលគឺខ្ពស់ជាងទ្វេដងបើធៀបនឹងមធ្យមភាគនៅសហរដ្ឋអាមេរិក។ Rosita Barlow នាយកផ្នែកលក់របស់ Gravity បាននិយាយថា៖ “នៅពេលដែលអ្នកធ្វើការដោយមិនមានសម្ពាធពីបញ្ហាខ្វះខាតប្រាក់កាស វានឹងជំរុញឱ្យអ្នកធ្វើការបានល្អជាងមុន”៕

    ប្រភព៖ BBC

  • ឆេះ​អគារ​​ស្នាក់​​នៅ​​33​​ជាន់​​នៅ​​កូរ៉េ​ខាង​​ត្បូង​ (វីដេអូ)

    ឆេះ​អគារ​​ស្នាក់​​នៅ​​33​​ជាន់​​នៅ​​កូរ៉េ​ខាង​​ត្បូង​ (វីដេអូ)

    អគារ​ស្នាក់​នៅ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Samwhan Art-Nouveau ក្នុង​ទីក្រុង​ UIsan បាន​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​កាលពី​យប់​ថ្ងៃទី​8​តុលា​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​15​នាក់​រង​របួស​។

    អណ្ដាតភ្លើង​បាន​ចាប់​ផ្ដើម​ឆេះ​ចេញពី​ជាន់​ទី​12​របស់​អគារ​នេះ​នៅ​វេលាម៉ោង​23​យប់​ ក្រោយ​មកក៏​បាន​រាល​ដាល​ដោយ​សារ​ខ្យល់​ខ្លាំង​ ធ្វើ​ឱ្យ​មួយ​​ផ្នែក​ធំនៃ​អគារ​ស្ថិត​ក្នុង​អណ្ដាត​ភ្លើង​។ អគារ​ Samwhan Art-Nouveau ដែល​មាន​​​33​ជាន់​នេះ មាន​កម្ពស់​102​ម៉ែត្រ​ ស្ថិត​នៅក្នុង​ខណ្ឌ Dal-dong ក្នុង​ទីក្រុង​ UIsan ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​។

    ពលរដ្ឋ​រាប់​រយ​នាក់​ដែល​ស្នាក់​នៅ​ទី​នោះ ​ត្រូវ​បាន​ជម្លៀស​ខ្លួន​ ក្នុង​នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ឡើង​ទៅ​កាន់​ជាន់​លើ​បង្អស់​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​អគ្គិភ័យ​។ សារ​ព័ត៌មាន​ Yonhap បាន​ឱ្យ​ដឹង​ថា ក្នុង​ហេតុ​ការណ៍​នេះ មាន​មនុស្ស​យ៉ាង​តិច​15​នាក់​បាន​រង​របួស​ ខណៈ​មនុស្ស​ជាង​88​នាក់​ផ្សេង​ទៀត​ត្រូវ​ចូល​ពេទ្យ​ដោយ​សារ​ផ្សែង​។

    សាក្សី​ម្នាក់​នៅកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​៖ “អណ្ដាត​ភ្លើង​ស្រាប់​តែ​ឆាប​ឆេះ​។ បង្អូច​នានា​ត្រូវ​បែក​ខ្ទេច​ ខណៈ​ដែល​បន្ទប់​គេង​ និង​បន្ទប់​ទទួល​ភ្ញៀវ​របស់​ខ្ញុំ​ឡើង​ភ្លឺ​ (ដោយ​សារ​អណ្ដាត​ភ្លើង​)”។

    កម្លាំង​ពន្លត់​អគ្គិភ័យ​បាន​ពន្លត់​អណ្ដាត​ភ្លើង​នៅ​ផ្នែក​ខាង​ក្រៅ​នៃ​អគារ​ និង​កំពុង​ធ្វើ​អន្តរាគមន៍​​នៅ​ផ្នែក​ខាងក្នុង​អគារ​។ អគ្គិភ័យ​នេះ ក៏​បាន​រាល​ដាល​ដល់​ផ្សារ​មួយ​នៅ​ក្បែរ​នោះ​ដែរ ប៉ុន្តែ​ត្រូវ​បាន​ពន្លត់​ទាន់​ពេល​។

    មក​ដល់​បច្ចុប្បន្ន មូលហេតុ​នៃ​ករណី​អគ្គិភ័យ​នេះ​ មិន​ទាន់​ត្រូវ​បាន​រកឃើញ​នៅ​ឡើយ​៕

    ប្រភព​៖ Yonhap

  • កម្ពុជា​​រកឃើញ​​ជន​ជាតិ​​ខ្មែរ​​ម្នាក់​​ វិជ្ជមាន​​នឹង​​COVID-19 ខណៈ​ពិភព​លោក​ទើប​តែ​​រកឃើញ​5,660​នាក់​

    កម្ពុជា​​រកឃើញ​​ជន​ជាតិ​​ខ្មែរ​​ម្នាក់​​ វិជ្ជមាន​​នឹង​​COVID-19 ខណៈ​ពិភព​លោក​ទើប​តែ​​រកឃើញ​5,660​នាក់​

    តាម​រយៈ​បណ្ដាញ​សង្គម​ និង​គេហទំព័រ​ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​ថា កម្ពុជា​បាន​រកឃើញ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​នៅ​ភ្នំ​ពេញ មាន​ផ្ទុក​វីរុស​COVID-19 ក្រោយ​ពី​បាន​ត្រលប់​មក​ពី​ប្រទេស​កូរ៉េខាង​ត្បូង​។

    បុរស​​វ័យ​​​29​ឆ្នាំនេះ​ ស្នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ និង​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វីរុស​​ដោយ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ បច្ចុប្បន្ន អ្នកជំងឺ​នេះ​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ នៅ​ទីក្រុង​ភ្នំ​ពេញ​។

    គិត​មក​ដល់​ថ្ងៃទី​9​តុលា​នេះ កម្ពុជា​បាន​ធ្វើតេស្ត​រក​ឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​ 282​នាក់ ក្នុង​នោះ​មាន277​នាក់បាន​ជាសះស្បើយ​ និង​5​នាក់​កំពុង​សម្រាក​ព្យាបាល​។ ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង​5​នាក់​នេះ មាន​​ជន​ជាតិ​ខ្មែរ​1​នាក់​​ និង​ជនបរទេស​4​នាក់​។

    នៅ​ទូទាំង​ពិភពលោក មនុស្ស​ចំនួន​36,744,349​នាក់​ត្រូវ​បាន​រកឃើញ​ថា បាន​ឆ្លង​វីរុស​COVID-19 ក្នុង​ចំណោម​នោះ​ មាន​​1,066,819​នាក់​​បាន​ស្លាប់ ​8,013,976​នាក់​កំពុង​ទទួល​ការ​ព្យាបាល​ និង​27,663,554​នាក់​បាន​ជាសះស្បើយ៕

    ប្រភព​៖ ក្រសួង​សុខាភិបាល​, Worldometers

  • CNN ពន្យាករថា​ Joe Biden ​នឹង​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុង​អាណត្តិ​នេះ

    CNN ពន្យាករថា​ Joe Biden ​នឹង​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុង​អាណត្តិ​នេះ

    សារព័ត៌មាន CNN បានចេញផ្សាយអំពីការព្យាករថ្មីបំផុតដែលបង្ហាញថា បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យអាមេរិក គឺលោក Joe Biden នឹងឈ្នះឆ្នោតនាពេលខាងមុខ ដោយនឹងទទួលបានសំឡេងឆ្នោតគាំទ្រពីតំណាងម្ចាស់ឆ្នោត លើសពី270សំឡេង។

    យោងតាមការព្យាករដែលត្រូវបានចុះផ្សាយដោយ CNN កាលពីថ្ងៃទី7តុលា តួលេខនៃសន្លឹកឆ្នោតដែលលោក Biden នឹងទទួលបាន បច្ចុប្បន្នឡើងដល់290សន្លឹក រួមមាន203សំឡេងប្រាកដជានឹងបោះជូន និង87សំឡេងកំពុងមានទំនោរទៅរករូបលោក។ តាមការព្យាករនេះ សំឡេងគាំទ្ររបស់លោក Biden បានលើសពី270សំឡេង ដែលតួលេខនេះអាចធានាបានថា លោកនឹងទទួលជ័យជំនះនៅក្នុងការប្រកួតប្រជែងចូលសេតវិមានក្នុង​ខែ​វិច្ឆិកាមិនខាន។

    សារព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែវិជ្ជមានជា​មួយនឹង​COVID-19 និងអវត្តមាននៅក្នុងព្រឹត្តិការណ៍ឃោសនារកសំឡេងឆ្នោត ហើយយុទ្ធនាការរបស់លោកកំពុងស្ថិតក្នុងស្ថានភាព “អាក្រក់បំផុត”។

    CNN ពន្យាករថា Joe Biden នឹងជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងអាណត្តិនេះ
    CNN ពន្យាករថា Joe Biden នឹងជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងអាណត្តិនេះ

    នៅក្នុងការតតាំងទល់មុខគ្នាលើកទីមួយជាមួយនឹងលោក Biden លោក Trump ក៏ត្រូវបានគេមើលឃើញថា បានធ្វើមិនបានល្អ និងបានបាត់បង់ឱកាសមាសសម្រាប់បង្វែរស្ថានការណ៍នៅមុនការបោះឆ្នោតជាតិ។ ការអធិប្បាយរបស់លោក Trump ស្ដីអំពី COVID-19 កាលពីពេលថ្មីៗនេះក៏ធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងក្លាផងដែរ ក្នុងនោះមានឃ្លាមួយចំនួនដែលលោកបានពោលឡើង ដូចជា “កុំខ្លាច COVID-19” ឬ “ការឆ្លងCOVID-19 គឺជាពរជ័យពីព្រះ” ជាដើម។

    ចំណែកបេក្ខភាព Joe Biden វិញ ទន្ទឹមនឹងការបង្កើនឥទ្ធិពលទៅលើម្ចាស់ឆ្នោតជាស្ត្រីភេទ ម្ចាស់ឆ្នោតឯករាជ្យ ម្ចាស់ឆ្នោតមានចំណេះដឹងខ្ពស់ និងម្ចាស់ឆ្នោតជាជនជាតិស្បែកខ្មៅ លោក Biden ក៏កំពុងប្រជែងជាមួយលោក Trump ដើម្បីទាក់ទាញការគាំទ្រពីម្ចាស់បុរស ម្ចាស់ឆ្នោតជាជនជាតិស្បែកស និងម្ចាស់ឆ្នោតវ័យចំណាស់ ដែលត្រូវបានគេចាត់ទុកថាជាក្រុមដែលជួយឱ្យលោក Trump មានប្រៀបជាងគេកាលពីការបោះឆ្នោតឆ្នាំ2016។

    យោងតាមផែនទីព្យាកររបស់ CNN រដ្ឋ Pennsylvania, Michigan និង Wisconsin ដែលជា “សមរភូមិយុទ្ធសាស្ត្រសំខាន់ក្នុងឆ្នាំនេះ ក៏កំពុងតែលំអៀងទៅរកក្រុមប្រជាធិបតេយ្យ។

    CNN បានបញ្ជាក់ថា ការព្យាកររបស់ពួកខ្លួន គឺយោងទៅតាមការស្ទង់មតិជាសាធារណៈ និងឯកជននានា លទ្ធផលនៃកិច្ចសម្ភាសជាមួយក្រុមមន្ត្រីជាន់ខ្ពស់ រួមនឹងក្រុមមន្ត្រីជាទីប្រឹក្សានៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់ភាគីទាំងពីរផងដែរ៕

    ប្រភព៖ CNN

     

  • ទ្រព្យ​សម្បត្តិ​របស់​​ក្រុម​មហា​សេដ្ឋី​ពិភព​លោក​ បាន​​កើន​ឡើង​ដល់​ជាង​10,000,000,000,000​ដុល្លារ​អាមេរិក

    ទ្រព្យ​សម្បត្តិ​របស់​​ក្រុម​មហា​សេដ្ឋី​ពិភព​លោក​ បាន​​កើន​ឡើង​ដល់​ជាង​10,000,000,000,000​ដុល្លារ​អាមេរិក

    ចាប់ពីពេល COVID-19 បានឆ្លងរាលដាល ទ្រព្យសម្បត្តិសរុបរបស់ហាសេដ្ឋីនានានៅទូទាំងពិភពលោក បាន​កើន​1/4 ពោលគឺឡើងដល់ជាង10លានលាន (10,000,000,000,000) ដុល្លារអាមេរិក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ នោះគឺវត្តមានរបស់កំពូលមហាសេដ្ឋីដែលមានទ្រព្យ2សែនលានដុល្លារដំបូងគេបង្អស់ក្នុងពិភពលោក នោះគឺកំពូលមហាសេដ្ឋី Jeff Bezos ដែលជាម្ចាស់នៃក្រុមហ៊ុន Amazon។

    តម្លៃទ្រព្យសម្បត្តិសរុបរបស់លោក Jeff Bezos បានកើនឡើងដល់2សែនលាន (200,000,000,000) ដុល្លារអាមេរិកកាលពីខែសីហា នៅពេលដែលធនាគារ UBS និងក្រុមហ៊ុនសវនកម្ម PwC បានបូកសរុបតួលេខនៃរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីក្រុមមហាសេដ្ឋី។

    របាយការណ៍ខាងលើ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី7តុលា បានបង្ហាញថា ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីពិភពលោក បានកើនឡើងក្នុងល្បឿនលឿនបំផុតនៅក្នុងទសវត្សរ៍នេះ។

    ពី 8លានលាន (8,000,000,000,000) ដុល្លារកាលពីដើមខែមេសា2020 ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីពិភពលោកបានកើនឡើង27% ដោយចំណាយពេលតែ3ខែប៉ុណ្ណោះ។ ប្រការនេះអាចកើតឡើងបាន ក៏ដោយសារកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនានាក្នុងពិភពលោក។ នេះបើតាមរបាយការណ៍ “Riding the Storm” របស់ UBS និង PwC។

    ផែន​ទី​បង្ហាញ​អំពី​វត្តមាន​របស់​ក្រុម​​មហាសេដ្ឋី​ពិភពលោក​ (រូប​ភាព​៖ Forbes)

    ក្រៅពីជួយជំរុញឱ្យទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីកើនឡើង វីរុសCOVID-19 ក៏កំពុងធ្វើឱ្យក្រុមមហាសេដ្ឋីពិភពលោកត្រូវបរិច្ចាគប្រាក់កាសរបស់ពួកគេផងដែរ។ ការស្រាវជ្រាវរបស់ UBS និង PwC បង្ហាញថា ក្រុមមហាសេដ្ឋីពិភពលោក កំពុងបរិច្ចាគប្រាក់ច្រើនជាងពេលណាៗទាំងអស់។ ក៏ប៉ុន្តែ UBS និង PwC ក៏បានរកឃើញថា សកម្មភាពបរិច្ចាគទ្រព្យ​របស់ក្រុមអ្នកមាននេះ អាចគ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ។ ក្នុងការស្រាវ​ជ្រាវ និងការស្ទង់មតិរបស់ UBS និង PwC នៅពេលត្រូវបានសួរអំពីគម្រោងការក្នុងរយៈពេល12ខែទៅមុខ មានមហាសេដ្ឋីតិចតួចប៉ុណ្ណោះដែលបញ្ជាក់ថា “យកសកម្មភាពមនុស្សធម៌ ដាក់នៅលើកំពូលតារាង” នៃកិច្ចការ​សំខាន់​​ដែល​ត្រូវធ្វើរបស់ពួកគេ៕

    ប្រភព៖ Forbes

  • បុគ្គលិក​34​នាក់​នៅ​សេត​វិមាន​ បាន​ឆ្លង​COVID-19

    បុគ្គលិក​34​នាក់​នៅ​សេត​វិមាន​ បាន​ឆ្លង​COVID-19

    បុគ្គលិកនៅសេតវិមាន និងក្រុមមនុស្សដែលពាក់ព័ន្ធផ្សេងទៀត បានឆ្លងវីរុសCOVID-19 នៅក្នុងប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ដែលតួលេខនេះមានអត្រាខ្ពស់ជាង បើធៀបនឹងរបាយការណ៍កន្លងមកទៅទៀត។

    ដំណឹងខាងលើនេះ ត្រូវបានទីភ្នាក់ងារសារព័ត៌មាន ABC News ទទួលបាន និងដកស្រង់ពីកំណត់ហេតុមួយកាលពីថ្ងៃទី7តុលារបស់អង្គភាពគ្រប់គ្រងស្ថានភាពអាសន្នថ្នាក់រដ្ឋ។ ព័ត៌មានដែល ABC News ទទួលបាន បង្ហាញថា តួលេខស្ដីអំពីបុគ្គលិកសេតវិមានឆ្លងវីរុសCOVID-19 ថ្មីនេះ មានចំនួនច្រើនជាង10នាក់ បើធៀបនឹងរបាយការណ៍មុន។ ក៏ប៉ុន្តែ កំណត់ហេតុខាងលើ មិនបានសរសេរឱ្យបានច្បាស់អំពី “ក្រុមមនុស្សដែលពាក់ព័ន្ធដទៃទៀត” នោះទេ។

    កំណត់ហេតុបានឱ្យដឹងថា ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតី Donald Trump ក៏ស្ថិតក្នុងចំណោមក្រុមបុគ្គលិកនៅសេតវិមានដែលបានឆ្លងCOVID-19 នេះដែរ។ បើទោះជាមិនបានបង្ហាញអត្តសញ្ញាណ ប៉ុន្តែជាក់ស្ដែងគ្រប់គ្នាបានដឹងហើយថា ជំនួយការផ្ទាល់ និងទីប្រឹក្សា2រូបរបស់លោក Trump នោះគឺលោកស្រី Hope Hicks (ជំនួយការប្រធានាធិបតី) និងលោក Stephen Miller (ទីប្រឹក្សាគោលនយោបាយ) បានឆ្លងវីរុស។

    ក្រៅពីនេះ មនុស្សជាច្រើននាក់ផ្សេងទៀតដែលបានចូលរួមក្នុងព្រឹត្តិការណ៍ជ្រើសតាំងលោកស្រី Amy Coney Barrett ជាសមាជិកថ្មីនៃតុលាការកំពូលរបស់សហរដ្ឋអាមេរិក ដែលបានធ្វើឡើងកាលពីថ្ងៃទី26កញ្ញា បានទទួលលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19 បន្ទាប់ពីបានធ្វើតេស្ត។ ក្នុងចំណោមនោះក៏មានលោក Trump (ប្រធានាធិបតីអាមេរិក) លោក Chris Christie (អតីតអភិបាលរដ្ឋ New Jersey) លោកស្រី Kellyanne Conway (អតីតទីប្រឹក្សាប្រធានាធិបតី) រួមនឹងតំណាងរាស្ត្រសភាជាន់ខ្ពស់2រូបទៀត គឺលោក Mike Lee និងលោក Thom Tillis។ល។

    ក្រោយពីប្រធានាធិបតីអាមេរិក បានឆ្លងវីរុសCOVID-19 ការចេញចូលសេតវិមាន ពិសេសគឺបន្ទប់រាងពងក្រពើ (ការិយាល័យប្រធានាធិបតី) ត្រូវបានរឹតបន្តឹងយ៉ាងម៉ត់ចត់ជាទីបំផុត៕

    Bloomberg, Hill

  • លោក​ Trump​ ថា ​“ការ​ឆ្លង​ COVID-19 ​គឺ​ជា​ពរ​ជ័យ​ដែល​ព្រះ​ប្រទាន”​ (វីដេអូ)

    លោក​ Trump​ ថា ​“ការ​ឆ្លង​ COVID-19 ​គឺ​ជា​ពរ​ជ័យ​ដែល​ព្រះ​ប្រទាន”​ (វីដេអូ)

    ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែងថា ការឆ្លងវីរុសCOVID-19 គឺជា “ពរជ័យពីព្រះ” ព្រោះថា វាជួយឱ្យលោកក្ដាប់បាននូវកម្រិតនៃប្រសិទ្ធភាពរបស់ថ្នាំដែលកំពុងត្រូវបានប្រើប្រាស់សាកល្បង។

    កាលពីថ្ងៃទី7តុលា លោក Trump បានបង្ហោះវីដេអូមួយនៅលើ Twitter បង្ហាញអំពីរូបភាពរបស់លោកនៅក្នុងសួនផ្កាកុលាប(Rose Garden) របស់សេតវិមាន។ ប្រធានាធិបតីអាមេរិក មានស្មារតីល្អ ប៉ុន្តែពេលខ្លះ លោកហាក់ពិបាកដកដង្ហើម ហើយលោកក៏ទំនងជាត្រូវបានគេតុបតែងខ្លួនប្រាណមុខមាត់ឱ្យផងដែរ។

    “ខ្ញុំគិតថា នេះគឺជាពរជ័យពីព្រះដែលខ្ញុំមានឱកាសទទួលបាន។ នៅក្នុងហានិភ័យ តែងតែមានឱកាស” លោក Trump ថ្លែងដូច្នេះសំដៅទៅលើការដែលលោកបានប្រើប្រាស់ថ្នាំមួយចំនួនក្នុងការព្យាបាល COVID-19។ លោក Trump បានប្រាប់អំពីប្រសិទ្ធភាពរបស់ថ្នាំដែលកំពុងសាកល្បងរបស់ក្រុមហ៊ុន Regeneron ដោយថ្លែងថា លោកបានស្នើឱ្យក្រុមវេជ្ជបណ្ឌិតប្រើប្រាស់ថ្នាំនេះ និងយល់ថា ការប្រសើរឡើងវិញរបស់លោក ក៏ដោយសារប្រសិទ្ធភាពរបស់ថ្នាំ។

    ម្ចាស់សេតវិមានបានសន្យាថា នឹងជំរុញឱ្យមានការផ្ដល់ថ្នាំនេះជូនដល់ពលរដ្ឋអាមេរិកាំងដទៃទៀតផងដែរ។ “ខ្ញុំចង់ឱ្យគ្រប់គ្នាទទួលបានការប្រព្រឹត្តដោយភាពស្មើគ្នាដូចប្រធានាធិបតីរបស់អ្នករាល់គ្នា” លោក Trump បាននិយាយបែបនេះ និងបានបង្ហាញអំពីការជឿជាក់ដែលថា នឹងមានវ៉ាក់សាំងនៅមុនថ្ងៃបោះឆ្នោត។

    កាលពីថ្ងៃទី7តុលា ប្រធានាធិបតីអាមេរិកបានវិលមកកាន់បន្ទប់ការិយាល័យរាងពងក្រពើ (The Oval Office) នៅសេតវិមាន ដើម្បីបន្តដឹកនាំប្រទេស ក្រោយពីបានត្រលប់មកពីមន្ទីរពេទ្យយោធា Walter Reed នៅក្នុងរដ្ឋ Maryland។

    នៅក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃទី7តុលា ក្រុមវេជ្ជបណ្ឌិតរបស់លោក Trump បាននិយាយថា ប្រធានាធិបតីអាមេរិកលែងមានរោគសញ្ញារបស់COVID-19 ទៀតហើយ នៅក្នុងរយៈពេល24ម៉ោង។ ប៉ុន្តែសេចក្ដីប្រកាសនេះមិនបាននិយាយលម្អិតអំពីស្ថានភាពសុខភាព និងការប្រើប្រាស់ថ្នាំរបស់លោក Trump នោះទេ។

    នៅឯសេតវិមាន ជំនួយការ និងសមាជិករដ្ឋាភិបាលជាច្រើនរូបរបស់លោក Trump បានឆ្លងវីរុសCOVID-19 ក្នុងនោះមានដូចជា លោក Bill Stepien (ប្រធានយុទ្ធនាការឃោសនាបោះឆ្នោត) លោកស្រី Ronna McDaniel (ប្រធានគណៈកម្មការជាតិរបស់បក្សសាធារណរដ្ឋ) លោកស្រី Kayleigh McEnany (លេខាផ្នែកសារព័ត៌មានរបស់សេតវិមាន) លោកស្រី Hope Hicks (ជំនួយការប្រធានាធិបតី) លោក Stephen Miller (ទីប្រឹក្សាគោលនយោបាយ) រួមនឹងបុគ្គលិកសារព័ត៌មាន​របស់​​សេតវិមាន​ជា​ច្រើនរូបទៀតក៏បានឆ្លងវីរុសនេះដែរ៕

    ប្រភព៖ Reuters, AFP, CNN

  • កម្ពុជា​​រក​ឃើញ​​អ្នក​​ឆ្លង​​​COVID-19 ​ម្នាក់​​ទៀត​​ហើយ!

    កម្ពុជា​​រក​ឃើញ​​អ្នក​​ឆ្លង​​​COVID-19 ​ម្នាក់​​ទៀត​​ហើយ!

    ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​1ករណី​បន្ថែម​ទៀត​ ដែល​អ្នក​ជំងឺ​នេះ​ស្នាក់​នៅ​​​ក្នុង​​ទីក្រុង​ព្រះសីហនុ​​។

    ករណី​វិជ្ជមាន​ថ្មី​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​នេះ គឺជា​ជនជាតិ​ឥណ្ឌូណេស៊ី អាយុ​26​ឆ្នាំ​ ដែល​បាន​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

    គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​ 281​នាក់ ក្នុង​នោះ​មាន​276​នាក់​បាន​ជាសះស្បើយ និង​5​នាក់​កំពុង​ទទួល​ការ​ព្យាបាល​។ ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង​5​នាក់នោះ​ មាន​2​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត 2​នាក់​នៅ​សៀម​រាប និង​1​នាក់​នៅ​បាត់​ដំបង៕

  • Bill Gates៖​ ប្រទេស​អ្នក​មាន​នឹង​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​ នៅ​ចុង​ឆ្នាំ​2021​

    Bill Gates៖​ ប្រទេស​អ្នក​មាន​នឹង​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​ នៅ​ចុង​ឆ្នាំ​2021​

    មហាសេដ្ឋី Bill Gates បានថ្លែងថា បណ្ដាប្រទេសអភិវឌ្ឍ អាចត្រលប់មករកភាពដើមវិញនៅចុងឆ្នាំ2021 បើសិនជាវ៉ាក់សាំងប្រឆាំងCOVID-19 ត្រូវបានចែកចាយក្នុងទ្រង់ទ្រាយធំ និងប្រើប្រាស់ទូលំទូលាយ។

    “នៅចុងឆ្នាំក្រោយនេះ គ្រប់យ៉ាងនឹងអាចត្រលប់មករកស្ថានភាពដើមទាំងស្រុងវិញបានហើយ។ នោះគឺជាករណីល្អបំផុត” លោក Bill Gates បានប្រាប់សារព័ត៌មាន The Wall Street Journal ដូច្នេះ។

    សហស្ថាបនិករបស់ Microsoft រូបនេះ ឱ្យដឹងថា៖ “បច្ចុប្បន្ន យើងមិនទាន់ដឹងថា ពេលណាទើបការអភិវឌ្ឍវ៉ាក់សាំងទទួលបានជោគជ័យនោះទេ។ ការផលិតក្នុងបរិមាណច្រើន ក៏ទាមទារឱ្យមានការចំណាយពេលច្រើនផងដែរ”។

    នៅតំបន់អឺរ៉ុប វ៉ាក់សាំងចំនួន2ប្រភេទដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Pfizer/BioNTech និង AstraZeneca/សាកលវិទ្យាល័យ Oxford គឺជាបេក្ខភាពកំពូលក្នុងការប្រជែងគ្នាដើម្បីផលិតវ៉ាក់សាំងទប់ស្កាត់COVID-19។

    លោក Bill Gates មាន​សុទិដ្ឋិនិយម​ចំពោះ​សេដ្ឋ​កិច្ច​ពិភពលោក តាម​រយៈ​វ៉ាក់​សាំង​ប្រឆាំង​COVID-19

    បច្ចុប្បន្ន ប្រទេសរុស្ស៊ី និងចិន សុទ្ធតែបានផ្ដល់អាជ្ញាបណ្ណដល់វ៉ាក់សាំងCOVID-19 បើទោះជាកំពុងស្ថិតក្នុងការសាកល្បងដំណាក់កាលទីបីក៏ដោយ។

    កាលពីដើមឆ្នាំនេះ មូលនិធីមនុស្សធម៌របស់គ្រួសារលោក Bill Gates បានប្រកាសអំពីខ្ទង់ជំនួយ​បន្ថែម​ដែលមាន​តម្លៃ​150​លាន​ដុល្លារ​សម្រាប់កិច្ចប្រឹងប្រែងក្នុងការទប់ទល់នឹងCOVID-19 ក្នុងនោះ ការជំរុញលើកទឹកចិត្តដល់គម្រោងផលិតវ៉ាក់សាំងគឺជាបញ្ហាអាទិភាព។

    អំពីយន្តការនៃការចែកចាយវ៉ាក់សាំង បច្ចុប្បន្នមានប្រទេសអ្នកមានជាង70 បានសន្យាចូលរួមអនុវត្តគម្រោងចែកចាយវ៉ាក់សាំងCOVID-19 នៅទូទាំងពិភពលោក ដែលត្រូវបានបង្កើតឡើងដោយអង្គការសុខភាពពិភពលោក ក្នុងបំណងជួយដល់ការទិញ និងចែកចាយវ៉ាក់សាំងប្រកបដោយយុត្តិធម៌។

    លោក Seth Berkley នាយកប្រតិបត្តិរបស់សម្ព័ន្ធវ៉ាក់សាំងសកល Gavi បានឱ្យដឹង បច្ចុប្បន្ន ប្រទេសជប៉ុន អាល្លឺម៉ង់ ន័រវេស និងប្រទេសជាង70ផ្សេងទៀងបានចូលរួមក្នុងយន្តការ COVAX ដែលយល់ព្រមចំពោះ​គោល​ការណ៍​ទិញ​វ៉ាក់​សាំង​COVID-19​ តាមរយៈគម្រោងចែកចាយវ៉ាក់សាំងនៅទូទាំងពិភពលោក។

    COVAX នឹងជួយឱ្យពលរដ្ឋក្នុងពិភពលោក អាចទទួលបានការចាក់វ៉ាក់សាំងដោយការចំណាយប្រាក់តិចជាងធម្មតា

    COVAX ត្រូវបានសហការដឹកនាំដោយ Gavi អង្គការសុខភាពពិភពលោក (WHO) និងសម្ព័ន្ធប្ដូរផ្លាស់សម្រាប់ការទប់ទល់នឹងអាសន្នរោគ (CEPI)។ យន្តការនេះត្រូវបានបង្កើតឡើងដើម្បីលើកទឹកចិត្តឱ្យបណ្ដារដ្ឋាភិបាលជំរុញការ​អភិវឌ្ឍ​វ៉ាក់​សាំង​COVID-19 ​ការផ្ដោតទៅលើការចាក់វ៉ាក់សាំងទៅឱ្យក្រុមមនុស្សដែលមានហានិភ័យខ្ពស់នៅគ្រប់ប្រទេស រួម​ចំណែក​ជួយ​ផ្គត់​ផ្គង់​វ៉ាក់សាំងដល់បណ្ដាប្រទេសដែលមានចំណូលទាប និងមធ្យម។ COVAX នឹងជួយឱ្យពលរដ្ឋក្នុងពិភពលោក អាចទទួលបានការចាក់វ៉ាក់សាំងដោយការចំណាយប្រាក់តិចជាងធម្មតា។

    តាមរយៈ COVAX រួមនឹងកត្តាជាច្រើនទៀតដែលទាក់ទងនឹងការដោះស្រាយបញ្ហាសុខាភិបាល មហារោគរាតត្បាតCOVID-19 ដែលបានសម្លាប់មនុស្សជាង1លាននាក់នេះ នឹងត្រូវបានលប់បំបាត់នាពេលខាងមុខ៕

    ប្រភព៖ Dailymail