Author: សឿន សំណាង

  • ត្រូវ Warren​ Buffett​ មិន​ទទួល​ទិញ​ ក្រុម​ហ៊ុន​នេះ​ក៏​ត្រូវ​លក់​ទៅ​ឱ្យ​ Jeff ​Bezos​ ក្នុង​តម្លៃ​13.7​ពាន់​លាន​ដុល្លារ

    ត្រូវ Warren​ Buffett​ មិន​ទទួល​ទិញ​ ក្រុម​ហ៊ុន​នេះ​ក៏​ត្រូវ​លក់​ទៅ​ឱ្យ​ Jeff ​Bezos​ ក្នុង​តម្លៃ​13.7​ពាន់​លាន​ដុល្លារ

    នៅក្នុងសៀវភៅ Conscious Leadership (បកប្រែក្រៅផ្លូវការថា “ការដឹកនាំប្រកបដោយការយល់ដឹង”) នៃ CEO របស់ក្រុមហ៊ុន Whole Foods លោក John Mackey បានបង្ហើបឱ្យដឹងថា មហាសេដ្ឋី Warren Buffett បានបដិសេធការអញ្ជើញឱ្យទទួលទិញបណ្ដាញផ្សារទំនើបនេះ។

    John Mackey ដែលនាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Whole Foods រួមនឹងក្រុមការងាររបស់លោក បាននាំគ្នាបញ្ចុះបញ្ចូលឱ្យមហាសេដ្ឋី Warrant Buffett ទទួលទិញក្រុមហ៊ុននេះ ប៉ុន្តែ លោក Buffett ដែលជាមេដឹកនាំរបស់ក្រុមហ៊ុន Hathaway យល់ថា ជំនួញនេះមិនសមស្របទៅតាមទស្សនវិស័យរបស់ខ្លួន។

    អំឡុងពេល John Mackey ទាក់ទងលោក Buffett គឺជាពេលវេលាដែលពួកគេចង់ “រុញ” ក្រុមហ៊ុនវិនិយោគ JANA Partners ឱ្យចេញពីល្បែងពាណិជ្ជកម្ម។

    Whole Foods មានការព្រួយបារម្ភថា JANA នឹងក្ដាប់បានសិទ្ធិគ្រប់គ្រងក្រុមហ៊ុន រួចលក់ទៅឱ្យអ្នកណាដែលហ៊ានទិញក្នុងតម្លៃខ្ពស់បំផុត ហើយទន្ទឹមនឹងនេះ ពួកគេក៏មានការបារម្ភថា ម្ចាស់កម្មសិទ្ធិថ្មីនឹងដើរផ្ទុយទៅនឹងតម្លៃជាស្នូលរបស់ពួកគេ ដោយការដាក់លក់ផលិតផលមានគុណភាពទាប និងបញ្ឈប់បុគ្គលិករាប់ពាន់នាក់ ក៏ដូចជាការបំផ្លាញក្រុមហ៊ុន។

    បន្ទាប់ពីបានពិភាក្សា ក្រុមរបស់លោក Mackey បានទៅរក Berkshire Hathaway ដែលជាក្រុមហ៊ុនរបស់លោក Buffett ដោយចាត់ទុកថា នេះជាជម្រើសល្អ។

    ក្រៅពី Berkshire Hathaway លោក Mackey ក៏បានជួបពិភាក្សាជាមួយនាយកប្រតិបត្តិរបស់ Albertsons ប៉ុន្តែ បន្ទាប់មកលោកយល់ថា នេះមិនមែនជាដៃគូល្អ។ ដូច្នេះ ជាចុងក្រោយ លោកក៏បានសម្រេចចិត្តលក់ Whole Foods ទៅឱ្យ Amazon ក្នុងតម្លៃ13.7ពាន់លានដុល្លារអាមេរិក។

    នាយក Whole Foods បានយោងទៅលើសម្ដីរបស់លោក Buffett និងបានយកមកអធិប្បាយអំពីការជួញដូរនេះនៅក្នុងសៀវភៅរបស់ខ្លួនថា៖ “ខ្ញុំជឿថា Whole Foods គឺជាក្រុមហ៊ុនអស្ចារ្យ ហើយ Amazon បានឱ្យតម្លៃមួយដ៏សមហេតុផល”។

    ទាក់ទងនឹងបញ្ហាខាងលើន ភាគីខាង Whole Foods និង Berkshire Hathaway បានបដិសេធការបញ្ចេញមតិប្រាប់ Business Insider នៅពេលត្រូវបានសួរ។

    ការដែលលោក Buffett បានបដិសេធទិសដៅពាណិជ្ជកម្មរបស់ Whole Foods ប្រហែលជាដោយសារលោកចូលចិត្តទទួលទានអាហារឆ្អិនស្រាប់ និងទំនងជាមិនយកចិត្តដាក់ទៅលើអាហារដែលជួយឱ្យមានសុខភាពល្អ។

    កំពូលអ្នកវិនិយោគវ័យ90ឆ្នាំរូបនេះ តែងតែបរិភោគអាហាររបស់ McDonald’s នៅពេលព្រឹក និងទទួលទានភេសជ្ជ Coke ចំនួន5កំប៉ុងជារៀងរាល់ថ្ងៃ។ ក្រៅពីនេះ Berkshire Hathaway ក៏មានក្រុមហ៊ុន See’s Candies និង Dairy Queen រួចហើយដែរ។ ជាងនេះទៀត Coca-Cola និង Kraft Heinz គឺជាភាគហ៊ុនធំបំផុតនៅក្នុងបញ្ជីវិនិយោគដែលមានតម្លៃ2សែនលាន (200,000,000,000) ដុល្លាររបស់ក្រុមហ៊ុន Berkshire Hathaway។

    នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយកាលពីឆ្នាំ2004 មហាសេដ្ឋី Buffett បានថ្លែងថា “ខ្ញុំមិនធ្លាប់បានទៅក្បែរទីនោះទេ” នៅពេលដែលលោកនិយាយដល់បណ្ដាញផ្សារទំនើប Whole Foods។

    ម្ចាស់ក្រុមហ៊ុន Berkshire Hathaway បានបង្អាប់ Whole Foods កាលពីឆ្នាំ2015ថា៖ “នៅពេលខ្ញុំប្រៀបធៀបការញ៉ាំ Coca-Cola មួយកំប៉ុង ជាមួយនឹងអារម្មណ៍ដែលកំពុងស្ថិតនៅចំពោះមុខអ្នកលក់ផលិតផលនៅ Whole Foods…ខ្ញុំមិនបានឃើញស្នាមញញឹមនៅលើផ្ទៃមុខរបស់មនុស្សនៅ Whole Foods នោះទេ”។

    ក៏ប៉ុន្តែ ទាក់ទងនឹងការហូបចុក លោក Buffett ហាក់បាននិងកំពុងតែកែលម្អជាបណ្ដើរៗ។ កាលពីឆ្នាំទៅ ក្រុមហ៊ុនរបស់លោក បានទិញភាគហ៊ុនតូចមួយនៅក្នុងបណ្ដាញផ្សារចាបហួយ Kroger ហើយកាលពីត្រីមាសមុននោះ លោកក៏បានដកខ្លួនចេញពីការទិញដូរ Restaurant Brands ដែលជាម្ចាស់គ្រប់គ្រងរបស់ Burger King និង Tim Hortons ទៀតផង។

    Berkshire Hathaway ក៏កាន់កាប់ភាគហ៊ុនមួយចំណែកតូចរបស់ Amazon ដូច្នេះមានន័យថា លោកក៏ជាម្ចាស់ដោយប្រយោលមួយរបស់បណ្ដាញផ្សារទំនើប Whole Foods ផងដែរ៕

    ប្រភព៖ BI

  • ទីក្រុង​ប៊ែរ​ឡាំង​ប្រកាស​​ព្រមាន​ស្ដេច​ថៃ​ថា​ “មិន​គួរ​ដឹក​នាំ​ប្រទេស​ពី​ទឹក​ដី​អាល្លឺម៉ង់”

    ទីក្រុង​ប៊ែរ​ឡាំង​ប្រកាស​​ព្រមាន​ស្ដេច​ថៃ​ថា​ “មិន​គួរ​ដឹក​នាំ​ប្រទេស​ពី​ទឹក​ដី​អាល្លឺម៉ង់”

    ទីក្រុងប៊ែរឡាំងបានចេញសេចក្ដីប្រកាសព័ត៌មានមួយឱ្យដឹងថា មហាក្សត្រថៃ ព្រះអង្គម្ចាស់ មហាវ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) មិនបានប្រឹងប្រែងក្នុងការដឹកនាំប្រទេសជាតិពីទឹកដីអាល្លឺម៉ង់នោះទេ ខណៈដែលមានបាតុកម្មប្រឆាំងរបបយោធាកំពុងកើតមាននៅប្រទេសថៃ។

    ប្រទេសថៃកំពុងកើតមានរលកបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយមានបាតុកររាប់ពាន់នាក់បាននាំគ្នាចេញធ្វើបាតុកម្មអំពាវនាវឱ្យធ្វើកំណែទម្រង់របបយោធានិម។ ក៏ប៉ុន្តែ មហាក្សត្រ មហាវ៉ាជីរ៉ាឡុងកន បែរជាចំណាយពេលភាគច្រើនរបស់ទ្រង់ ទៅលើការប្រថាប់នៅក្នុងរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលទ្រង់ជួលសណ្ឋាគារមួយទាំងមូលសម្រាប់ក្រុមហែហមស្នាក់នៅទៅវិញ។

    “យើងបាននិយាយច្បាស់ហើយថា មិនគួរដឹកនាំនយោបាយថៃ ពីប្រទេសអាល្លឺម៉ង់នោះឡើយ” រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយដូច្នេះកាលពីសប្ដាហ៍មុន។ លោកបន្តថា៖ “បើសិនជាមានភ្ញៀវរូបណាដែលជ្រើសរើសការដឹកនាំការងារប្រទេសជាតិរបស់ពួកគេពីទឹកដីរបស់យើងខ្ញុំ យើងតែងមានបំណងទប់ស្កាត់ប្រការនោះ”។

    នៅក្នុងសភាអាល្លឺម៉ង់ តំណាងរាស្ត្រ Frithjof Schmidt មកពីបក្សបៃតង (Alliance 90/The Greens) ដែលជាបក្សប្រឆាំង បានសួរទៅលោក Maas ថា៖ “ហេតុអ្វីបានជារដ្ឋាភិបាលអាល្លឺម៉ង់ បែរជាលើកលែងចំពោះសកម្មភាពមិនប្រក្រតីនេះ? ហើយបើតាមខ្ញុំ វាគឺជាបញ្ហាខុសច្បាប់ នៅពេលមេដឹកនាំបរទេសមួយរូប ដឹកនាំនយោបាយរបស់ខ្លួននៅលើទឹកដីអាល្លឺម៉ង់បែបនេះ”។

    តំណាងរាស្ត្រ Frithjof Schmidt មកពីបក្សបៃតង (Alliance 90/The Greens)

    មហាក្សត្រថៃ ព្រះអង្គម្ចាស់ មហាវ៉ាជីរ៉ាឡុងកន ព្រះជន្ម68វស្សា តាំងពីដើមរៀងមក ព្រះអង្គសព្វព្រះទ័យនឹងការប្រថាប់នៅក្នុងប្រទេសអាល្លឺម៉ង់ ជាងនៅប្រទេសថៃ។ អវត្តមានរបស់មហាក្សត្រថៃ ប្រៀបដូចជាការបន្ថែមប្រេងសាំងទៅក្នុងអណ្ដាតភ្លើងនៃចលនាប្រឆាំងរបបយោធានិយមនៃប្រទេសថៃ ខណៈដែលប្រធានបទអវិជ្ជមានជាច្រើនអំពីស្ដេចថៃដែលត្រូវបានគេលើកឡើង ក៏បង្ហាញខ្លួននៅលើទំព័រសារព័ត៌មានអាល្លឺម៉ង់។

    នៅក្នុងអំឡុងពេលនៃការដាក់បម្រាមគោចរដោយសារ COVID-19 ក្នុងឆ្នាំនេះ ស្ដេចថៃ នៅ​តែ​អាច​ចេញ​-ចូល​ប្រទេស​អាល្លឺម៉ង់​និង​ថៃ ប្រៀបដូចជាមិនអើពើដល់បទបញ្ជាបំរាមគោចរ ដោយយាងតាម Boeing 737 ដែលជាយន្តហោះផ្ទាល់របស់ព្រះអង្គ។

    រដូវក្ដៅឆ្នាំនេះ ស្ដេចថៃបានប្រទានការលើកលែងទោសដល់អតីតស្នំឯកដែលត្រូវបានឃុំខ្លួននៅប្រទេសថៃ ព្រមទាំងបាននាំស្នំរូបនេះទៅកាន់រដ្ឋ Bavaria តាមយន្តហោះផ្ទាល់របស់ទ្រង់ផងដែរ។ ស្ដេចថៃអង្គនេះ មានដំណាក់មួយនៅក្បែរបឹង ប៉ុន្តែទ្រង់ជ្រើសរើសការគង់ប្រថាប់នៅក្នុងសណ្ឋាគារ Sonnenbichl ដែលស្ថិតនៅលើជួរភ្នំ Alps ដោយមានអ្នកហែហមមួយក្រុម ក្នុងនោះត្រូវបានគេជឿថា មានទាំងស្រីស្នំក្រមការជាច្រើនរូបផងដែរ។

    ពលរដ្ឋថៃ តាំងពីយូរយ៉ារមកហើយ ត្រូវបានហាមមិនឱ្យនិយាយអាក្រក់អំពីមហាក្សត្រនិងរាជវង្ស ព្រមទាំងអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល15ឆ្នាំនៅពេលមានទោសប្រមាថមហាក្សត្រ។ ប៉ុន្តែ នៅ​ក្នុង​មួយរយៈពេលខ្លីចុងក្រោយនេះ គេមើល​ឃើញថា​មានបាតុកម្មជាច្រើនត្រូវបានធ្វើឡើងដើម្បីគាំទ្ររបបប្រជាធិបតេយ្យ ដោយមិនអើពើដល់ច្បាប់នេះ។ ​ពាក្យ​គន្លឹះ​ #whydoweneedaking​ (ហេតុ​អ្វីយើងត្រូវការស្ដេច) កំពុងតែត្រូវបានគេចែករំលែកតៗគ្នានៅលើបណ្ដាញសង្គម Twitter ព្រមទាំងមានបាតុករជាច្រើនបាននាំគ្នាអំពាវនាវឱ្យធ្វើកំណែទម្រង់របបយោធានិយមរបស់ប្រទេសនេះទៀតផង៕

    ប្រភព៖ Telegraph

  • ម៉ាឡេស៊ី លក់ផ្លែទុរេន “មូសាំង ឃីង” ឱ្យចិន ក្នុង 1ម៉ោង បានជាង 3សែនផ្លែ

    ម៉ាឡេស៊ី លក់ផ្លែទុរេន “មូសាំង ឃីង” ឱ្យចិន ក្នុង 1ម៉ោង បានជាង 3សែនផ្លែ

    ទីភ្នាក់ងារព័ត៌មាន សៅ ឆាយណា ម៉នីង ផូស្ត បានរាយការណ៍កាលពីសប្ដាហ៍មុនថា ប្រទេសម៉ាឡេស៊ី លក់ផ្លែទុរេន “មូសាំង ឃីង” រយៈពេលត្រឹមតែ 1ម៉ោងគត់ បាន 300,000ផ្លែ តាមប្រព័ន្ធអនឡាញ។

    មូសាំង ឃីង(Musang King) ឬភាសាចិនហៅថា ម៉ៅ សានវ៉ាង ដែលប្រែថា “ស្ដេចឆ្មាព្រៃ” គឺជាទុរេនកម្រិតកំពូលរបស់ប្រទេសម៉ាឡេស៊ី ដោយជនជាតិម៉ាឡេស៊ីបានអួតអាងថា មានរសជាតិល្អបំផុតលើពិភពលោក និងមានតម្លៃ ថ្លៃជាងទុរេនប្រភេទផ្សេងៗទៀត។ តែយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ ផ្លែទុរេនដែលប្រទេសចិននាំចូលទៅបរិភោគនៅក្នុងប្រទេសនោះ គឺភាគច្រើន នាំចូលពីប្រទេសថៃ។

    ការលក់ទុរេនខាងលើ បានក្លាយជាផ្នែកមួយ របស់រដូវកាលប្រពៃណីលក់ទុរេនតាមអនឡាញនៅក្នុងប្រទេសចិន(កួងស៊ី)-ម៉ាឡេស៊ីប្រចាំឆ្នាំ2020 ដោយអាចលក់ផ្លែទុរេនបានចំនួន 60តោន ក្នុងរយៈពេលតែ 50នាទី 48វិនាទី ដែលគិតជាទឹកប្រាក់ ក៏ប្រមាណជា 61.2លានរីងហ្គីត ឬប្រហែលជាង 12លានដុល្លារ។

    លោក Tong King Sing ទូតពិសេសរបស់ម៉ាឡេស៊ី ប្រចាំប្រទេសចិន បានបញ្ជាក់ថា លោកជឿជាក់ក្នុងចិត្តថា ការលក់ផ្លែទុរេនទៅប្រទេសចិន នឹងក្លាយជាគុណប្រយោជន៍ដល់ការបង្កើនតម្លៃពាណិជ្ជកម្មរួម រវាងប្រទេសទាំង2។

    កាលពីឆ្នាំ2019 ប្រទេសចិន បាននាំចូលផ្លែទុរេន 6សែនតោន គិតជាទឹកប្រាក់ ប្រមាណជា 1.7ពាន់លានដុល្លារ ដោយនៅក្នុងចំនួននោះ នាំចូលពីប្រទេសម៉ាឡេស៊ី 7,700តោន គិតជាទឹកប្រាក់ 67លានដុល្លារ។ ក្រៅពីនេះ ប្រទេសចិននៅនាំចូល សាច់ទុរេនក្លាស្សេរឹង ពីប្រទេសម៉ាឡេស៊ី គិតជាទឹកប្រាក់សរុប 41លានដុល្លារ កាលពីឆ្នាំ2018។

    កន្លងមក ប្រទេសម៉ាឡេស៊ី បានព្យាយាមបង្កើនបរិមាណការនាំចេញទុរេនទៅប្រទេសចិន ដោយដាក់ទិសដៅថា នឹងនាំចេញទាំងផ្លែទុរេនស្រស់ និងទុរេនក្លាស្សេទៅកាន់ប្រទេសចិន ជាទីផ្សារដែលពេញនិយមក្នុងការបរិភោគផ្លែទុរេន កំពុងរីកធំធាត់យ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

    តម្រូវការផ្លែទុរេនរបស់ប្រទេសចិន ថែមទាំងក្លាយជាបច្ច័យជំរុញឱ្យតម្លៃរបស់ផ្លែទុរេនម៉ាឡេស៊ី កើនឡើង ដោយកាលពីឆ្នាំ2012 កសិករចម្ការទុរេនម៉ាឡេស៊ី អាចលក់ផ្លែទុរេនបានក្នុង 1គីឡូក្រាម តម្លៃត្រឹមតែ 9រិងហ្គីត(ប្រមាណជាង 2ដុល្លារ)ប៉ុណ្ណោះ តែបច្ចុប្បន្ន តម្លៃទុរេនម៉ាឡេស៊ី បានកើនឡើងខ្ពស់ ដល់ទៅ 30រិងហ្គីតក្នុង 1គីឡូក្រាម(ប្រមាណជិត 9ដុល្លារ)។

    ប្រភព៖ សារព័ត៌មានបរទេស

     

     

  • ចិនធ្វើសមយុទ្ធ “វាយប្រហារកោះ” ដើម្បី “គំរាម” និង “សាកចិត្ត” តៃវ៉ាន់

    ចិនធ្វើសមយុទ្ធ “វាយប្រហារកោះ” ដើម្បី “គំរាម” និង “សាកចិត្ត” តៃវ៉ាន់

    យោងតាមស្ថានីយទូរទស្សន៍ជាតិចិន (CCTV) សមយុទ្ធយោធាកាលពីថ្ងៃទី10តុលា ដែលមានការចូលរួមរបស់អង្គភាពថ្មី ដូចជា យន្តហោះគ្មានមនុស្សបើក កងកម្លាំងពិសេស និងកងកម្លាំងឆត្រយោងជាដើម ក្រៅពីនេះ ក៏មានអង្គភាពជាច្រើនផ្សេងទៀតដែលមកពីតំបន់ដទៃនៅក្នុងបណ្ដាខេត្តជាប់មាត់សមុទ្រ Guangdong និង Fujian ផងដែរ។

    CCTV បានចេញផ្សាយថា៖ “សមយុទ្ធប្រកបដោយប្រសិទ្ធភាព ដោយមានវត្តមានរបស់អង្គភាពថ្មីៗ បានបង្កើនសមត្ថភាពរបស់កងទ័ពចិននៅក្នុងការវាយប្រហារឡើងគោករួម”។

    សមយុទ្ធដែលបង្ហាញអំពីការវាយប្រហារឡើងគោកទៅលើកោះមួយរបស់កងទ័ពចិន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី10តុលា2020 ដែលនេះត្រូវបានធ្វើឡើងចំនឹងថ្ងៃបុណ្យជាតិនៃសាធារណរដ្ឋចិន (National Day of the Republic of China) តៃវ៉ាន់។

    វីដេអូដែលត្រូវបានកងទ័ពចិនបង្ហាញជាសាធារណៈកាលពីយប់ថ្ងៃទី10តុលាបានបង្ហាញថា សមយុទ្ធត្រូវបានធ្វើឡើងណោវេលាពាក់កណ្ដាលយប់ នៅពេលកងកម្លាំងឈ្លប ចូលទៅក្បែរគោលដៅ។

    កងទ័ពចិនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក កាំភ្លើងធំធុនធ្ងន់ និងឧទ្ធម្ភាគចក្រដើម្បីវាយប្រហារគោលដៅ ព្រមទាំងបានប្រើប្រាស់រថពាសដែកវាយឡើងគោក នៅក្នុងសមយុទ្ធនេះផងដែរ។

    នៅក្នុងថ្ងៃដដែលនោះ កងទ័ពចិនបានប្រកាសអំពីសមយុទ្ធបាញ់គ្រាប់ពិតមួយផ្សេងទៀតដែលនឹងត្រូវបានធ្វើឡើងក្នុងរយៈពេល4ថ្ងៃ នៅក្បែរឆកសមុទ្រតៃវ៉ាន់។

    ប្រទេសចិនតែងតែចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីដែលមិនអាចកាត់ផ្ដាច់បានរបស់ខ្លួន។ ប្រទេសនេះ បានត្រៀមរួចជាស្រេចក្នុងការរឹបអូសយកកោះតៃវ៉ាន់មកវិញតាមគ្រប់មធ្យោបាយ សូម្បីតែការប្រើប្រាស់កម្លាំងយោធា។

    កាលពីថ្ងៃទី10តុលានោះដែរ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានអំពាវនាវឱ្យមានការ “ចរចាប្រកបដោយអត្ថន័យ” ជាមួយទីក្រុងប៉េកាំង ប៉ុន្តែ លោកស្រីសន្យាថានឹងនៅតែរក្សាសន្តិសុខរបស់តៃវ៉ាន់ដដែល។

    ប្រទេសចិន នៅតែបង្កើនបន្តការគំរាមកំហែងដល់កោះតៃវ៉ាន់ តាមរយៈសមយុទ្ធយោធាជាបន្តបន្ទាប់ដែលត្រូវបានធ្វើឡើងនៅជុំវិញកោះនេះ។ យន្តហោះចម្បាំងរបស់ចិនជិត40គ្រឿង បានហោះកាត់ឆកសមុទ្រតៃវ៉ាន់ក្នុងរយៈពេលតែមួយថ្ងៃ កាលពីខែកញ្ញាកន្លងទៅ។

    ទីប្រឹក្សាសន្តិសុខជាតិអាមេរិកាំង លោក Robert O’Brien កាលពីថ្ងៃទី7តុលា បានព្រមានចិនថា មិនគួរប្រើប្រាស់កម្លាំងយោធាវាយប្រហារកោះតៃវ៉ាន់នោះទេ។ ជាផ្លូវការ សហរដ្ឋអាមេរិកនៅតែទទួលស្គាល់គោលការណ៍ “ប្រទេសចិនតែមួយ” ក៏ប៉ុន្តែ ទីក្រុងវ៉ាស៊ីងតោនក៏នៅតែបន្តផ្គត់ផ្គង់អាវុធដល់កោះនេះដដែល៕

    ប្រភព៖ SCMP

  • ស្ត្រីអាល់ហ្សេរ៊ី ក្រោកឡើងតវ៉ារកយុត្តិធម៌ រឿងក្ដីនាងក្រមុំ វ័យ 19ឆ្នាំម្នាក់ ត្រូវចាប់រំលោភ-ដុតទាំងរស់

    ស្ត្រីអាល់ហ្សេរ៊ី ក្រោកឡើងតវ៉ារកយុត្តិធម៌ រឿងក្ដីនាងក្រមុំ វ័យ 19ឆ្នាំម្នាក់ ត្រូវចាប់រំលោភ-ដុតទាំងរស់

    កាលពីថ្ងៃទី9 តុលា ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ ពីការក្រោកឡើងទាមទារតវ៉ា ហេតុការណ៍រំលោភផ្លូវភេទនៅក្នុងអាល់ហ្សេរ៊ី ប្រទេសស្ថិតនៅក្នុងតំបន់អាហ្វ្រិកខាងជើង ក្រោយពីនាងកញ្ញា ឆៃម៉ា អាយុ 19ឆ្នាំ ត្រូវជនល្មើសចាប់ពង្រត់ យកទៅរំលោភ មុននឹងគរភ្លើង ដុតសម្លាប់ចោលទាំងរស់ ហើយបោះសាកសពចោលនៅឯស្ថានីយប្រេងដែលគេបោះបង់ចោលមួយ នៅក្នុងទីក្រុងថេនៀ ឆ្ងាយពីទីក្រុងអាល់ហ្សេរ៍ ទៅភាគខាងកើតប្រមាណជា 80គីឡូម៉ែត្រ កាលពីថ្ងៃទី2 តុលាកន្លងទៅ។

    ទោះជាប៉ូលិសចាប់ឃាត់ខ្លួនជនសង្ស័យបានហើយ និងថែមទាំងបានឆ្លើយសារភាពហើយក្ដី តែប្រជាជនចំនួនដ៏ច្រើននៅតែចេញមកប្រមូលផ្ដុំគ្នា ដើរជាក្បួនតវ៉ាទាមទារភាពយុត្តិធម៌ឱ្យនារីរងគ្រោះឆៃម៉ា រួមទាំងដាក់សម្ពាធឱ្យរដ្ឋបាល ពន្លឿនការកែបញ្ហាអំពើហិង្សាលើកុមារ និងស្ត្រី និងលើកកម្ពស់ទណ្ឌកម្មឱ្យបានដាច់ខាតខ្លាំងឡើង។

    កាលពីពេលមុននេះ ម្ដាយរបស់ ឆៃម៉ា បាននិយាយថា កូនស្រីរបស់អ្នកស្រី ត្រូវបុរសសង្ស័យតាមរំខាន និងព្យាយាមចាប់រំលោភ តាំងពីឆៃម៉ា មានអាយុត្រឹម 15ឆ្នាំ ហើយកាលពីឆ្នាំ2016 គ្រួសាររបស់អ្នកស្រី បានដាក់ពាក្យបណ្ដឹង ដោយនឹកសង្ឃឹមថា ប៉ូលិសនឹងដំណើរការរឿងនេះ តែមិនយូរប៉ុន្មានក្រោយមក រឿងក្ដីនេះ ត្រូវបានលើកលែងការចោទប្រកាន់។

    ស្ត្រីសកម្មជនម្នាក់ ដែលចូលរួមការជំនុំនៅក្នុងទីក្រុងអាល់ហ្សេរ៍ បានផ្ដល់សម្ភាសថា “រដ្ឋបាលឈុតនេះ មិនបានជួយ ឬបង្កើតយន្តការអ្វីមួយ ដើម្បីជួយការពារជនរងគ្រោះពីការរងការយាយីខាងផ្លូវភេទទាល់តែសោះ…រដ្ឋបាលប្រាប់ថា មានច្បាប់! តែការពិតវិញ ស្ត្រីទាំងអស់នោះ ត្រូវបានទាមទារឱ្យលើកលែងទោសឱ្យជនដែលរំលោភបំពានលើពួកយើង មិនថាតែសាច់ញាតិ បងប្អូន ឬឪពុក ឬអ្នកណាក៏ដោយ”

    ស្ត្រីទាំងអស់នោះ បានដាក់ពាក្យបណ្ដឹង និងរង់ចាំយូររហូតដល់ទៅ 3-4ឆ្នាំ ដើម្បីដំណើរការរឿងក្ដី និងដើម្បីយុត្តិធម៌។ នេះជាស្ថានភាព ដែលមិនអាចទទួលយកបានឡើយ។ អាហ្សេរ៊ី គួរតែជាប្រទេសរបស់បុរស និងស្ត្រី មានភាពស្មើភាពគ្នា។

    ចំណែកក្រុម ហ្វេមីសៃដ៍ អាហ្សេរ៊ី អង្គការប្រឆាំងការសម្លាប់ស្ត្រី បានបង្ហើបឱ្យដឹងអំពីទិន្នន័យស្ថិតិថា តាំងពីដើមឆ្នាំ2020 មក អាល់ហ្សេរ៊ីមានហេតុការណ៍ឃាតកម្មលើមនុស្សស្រីដោយសារតែរឿងផ្លូវភេទ យ៉ាងតិច 38នាក់មកហើយ ខណៈដែលឆ្នាំ2019 មានស្ត្រី 60នាក់ត្រូវបានសម្លាប់ តែគេសន្និដ្ឋានថា តួលេខពិតប្រាកដ អាចនឹងខ្ពស់ជាងទិន្នន័យដែលរដ្ឋបាលអះអាង៕

    ប្រភព៖ សារព័ត៌មានបរទេស

     

  • អែមកប់…ឡូយហួស…!! បុណ្យ​អុំទូក​លើក​នេះ ​សាមសុង​ លេង​ប្រូម៉ូសិន​សុទ្ធ​តែ​មហាឈុតធំអ៊ីចឹងម៉ង…!! ទិញ 1 ថែម 1…ទិញ1 ថែមរហូតដល់ 2,000 ដុល្លារ…ឯណោះ!!

    អែមកប់…ឡូយហួស…!! បុណ្យ​អុំទូក​លើក​នេះ ​សាមសុង​ លេង​ប្រូម៉ូសិន​សុទ្ធ​តែ​មហាឈុតធំអ៊ីចឹងម៉ង…!! ទិញ 1 ថែម 1…ទិញ1 ថែមរហូតដល់ 2,000 ដុល្លារ…ឯណោះ!!

    (ភ្នំពេញ) ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០៖ យ៉! អីដល់ម្ល៉ឹងម៉ឹងហ្ន៎…!! ប្រូម៉ូសិនបុណ្យអុំទូកឆ្នាំ 2020 នេះក្រុមហ៊ុន សាមសុង ធ្វើការផ្តល់ជូនកំពូលមហាប្រូម៉ូសិនដ៏អស្ចារ្យបំផុតមិនធ្លាប់មានទាល់តែសោះតែម្តងចំពោះអតិថិជនទាំងអស់ដោយគ្រាន់តែទិញទូរទស្សន៍ QLED 8K ទំហំ 85” ឬ 75” ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2020 នឹងទទួលបានការថែមជូនទូរទស្សន៍បញ្ឈរម៉ូឌែល The Sero 1 គ្រឿងដែលមានតម្លៃរហូតដល់ 2,000 ដុល្លារ ភ្លាមៗតែម្តង…!! រកឯណាបាន…? ទិញ 1 បានដល់ទៅ 2…!!

    ហ្អេ៎…ឈប់សិន…នៅមានទៀត…! ក្រៅពីការថែមជូនទូរទស្សន៍បញ្ឈរម៉ូឌែល The Sero 1 គ្រឿងដែលមានតម្លៃរហូតដល់ 2,000 ដុល្លារ ខាងលើ សាមសុង ក៏នៅមានប្រូម៉ូសិនថែមជូនដ៏អស្ចារ្យបន្ថែមទៀតជូនអតិថិជនទាំងអស់ដូចជា៖

    * រាល់ការទិញ៖

    – ទិញទូរទស្សន៍ សាមសុង QLED 8K 65” ឬ QLED 4K 85” + ថែមជូន ទូទឹកក សាមសុង ចំណុះ 300L មួយគ្រឿងភ្លាម…!!

    – ទិញទូរទស្សន៍ សាមសុង QLED 4K 75” ឬ Crystal UHD 75” + ថែមជូនម៉ាស៊ីនបោកខោអាវ សាមសុង មួយគ្រឿងភ្លាម…!!

    – ទិញទូរទស្សន៍ សាមសុង QLED 4K 65” ឬ Crystal UHD 75” + ថែមជូនម៉ាស៊ីនបូមធូលី សាមសុង មួយគ្រឿងភ្លាម…!!

    – ទិញទូរទស្សន៍ សាមសុង Crystal UHD 43”/ 53” / 55” + ថែមជូនកញ្ចប់កាដូពិសេស ឬសាច់ប្រាក់ត្រឡប់មកវិញភ្លាម…!!

    – ទិញទូរទស្សន៍ សាមសុង HD 32” + ថែមជូនជើងចាប់ជញ្ជាំងដោយឥតគិតថ្លៃ…!!

    – ចំពោះការជាវទូរទឹកកក និង ម៉ាស៊ីនបោកខោអាវ SAMSUNG នឹងទទួលទឹកប្រាក់ត្រឡប់មកវិញភ្លាមៗ ព្រមទាំងកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ជាច្រើនទៀតផងដែរ!

    រួសរាន់ឡើង…!! កំពូលឱកាសចំណេញដ៏អស្ចារ្យនេះកម្រនឹងមានខ្លាំងណាស់…យូរៗមានតែម្តងប៉ុណ្ណោះ…! ដូច្នេះសូមកុំភ្លេច និងកុំឱ្យខកខាននូវការផ្តល់ជូនដ៏ពិសេសនេះ…! ការថែមជូនរហូតដល់ 2,000 ដុល្លារ…មិនមែនចំនួនតិចទេណា៎…! បើទិញ…ត្រូវទិញឱ្យហើយទាន់ក្រុមហ៊ុនមានប្រូម៉ូសិនណា៎…!! តោះ…ទាន់ឱកាសល្អមកដល់…ប្រញាប់ឱ្យលឿនទៅ…!!

    សូមបញ្ជាក់ផងដែរថា SAMSUNG QLED 8K គឺជាស្តេចកំពូលទូរទស្សន៍ដ៏ល្អឯកដែលមានតែមួយគ្មានពីរក្នុងលោកដ៏វៃឆ្លាតទាន់សម័យបំផុតដែលមានកំពូលសមត្ថភាពក្នុងការផ្តល់ជូននូវស្តេចកំពូលរូបភាពច្បាស់ម៉ដ្ឋ…ពន្លឺភ្លឺច្បាស់ត្រជាក់ភ្នែក…ពណ៌ដិតជ្រៅដូចធម្មជាតិពិតៗ…សំឡេងច្បាស់…និងមានរូបរាងស្តើងខ្លាំងស្អាតស្ទើរតែគ្មានគែម…ស្រស់ស្អាតទាក់ទាញល្អស័ក្តិសមឥតខ្ចោះ…គ្មានអ្វីទាស់ភ្នែកឡើយ…!

    សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

    * បញ្ជាក់៖ រាល់ការជាវស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ទាំងអស់តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង សូមកុំភ្លេចសួររកប័ណ្ណធានាផងណា៎…!

    * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

  • អាហ្សែបែហ្សង់-អាមេនី យល់​ព្រម​ឈប់​បាញ់

    អាហ្សែបែហ្សង់-អាមេនី យល់​ព្រម​ឈប់​បាញ់

    ប្រទេសអាហ្សែបែហ្សង់ និងប្រទេសអាមេនី នឹងប្រយុទ្ធគ្នាព្រោះមូលហេតុ “មនុស្សធម៌” ដោយបានព្រមព្រៀងគ្នាដើម្បីចរចាស្វែងរកវិធីសាស្ត្រយូរអង្វែរសម្រាប់តំបន់ Nagorno-Karabakh ដែលកំពុងស្ថិតក្នុងជម្លោះដណ្ដើមសិទ្ធិកាន់កាប់។

    “ភាគីទាំងសងខាងដែលបានប្រយុទ្ធគ្នានៅ Nagorno-Karabakh បានឯកភាពគ្នាឈប់បាញ់ចាប់ពីម៉ោង12ថ្ងៃទី10តុលា (ម៉ោង15នៅកម្ពុជា) ដោយសារមូលហេតុមនុស្សធម៌។ ការព្រមព្រៀងឈប់បាញ់នេះ ត្រូវបានធ្វើឡើងដើម្បីដោះដូរអ្នកទោស និងសាកសព ដោយមានកាកបាទក្រហមអន្តរជាតិជាអាជ្ញាកណ្ដាល” នេះបើតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដែលបាននិយាយនៅថ្ងៃនេះ បន្ទាប់ពីកិច្ចប្រជុំរយៈពេល11ម៉ោងជាមួយនឹងសមភាគីមកពីអាហ្សែបែហ្សង់ និងអាមេនី។

    លោក Sergey Lavrov បានថ្លែងថា អាមេនី និងអាហ្សែបែហ្សង់ បានឯកភាពគ្នាក្នុងការស្វែងរកដំណោះស្រាយយូរអង្វែរសម្រាប់តំបន់ Nagorno-Karabakh។ លោកបន្តថា៖ “កិច្ចចរចានានារវាងប្រទេសទាំងពីរនឹងត្រូវបានក្រុម Minsk ជាមួយនឹងរុស្ស៊ី បារាំង និងអាមេរិកជាសហប្រធាន ធ្វើជាអាជ្ញាកណ្ដាល។

    ការព្រមព្រៀងឈប់បាញ់រវាងភាគីអាហ្សែបែហ្សង់ និងអាមេនី សម្រេចបានបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេនី និងអាហ្សែបែហ្សង់ ត្រូវបានអញ្ជើញឱ្យទៅកាន់ទីក្រុងម៉ូស្គូដើម្បីចូលរួមកិច្ចចរចាមួយដែលរៀបចំដោយក្រសួងការបរទេសរុស្ស៊ី។

    វិមានក្រឹមឡាំង (Kremlin) កាលពីថ្ងៃទី8តុលា បានឱ្យដឹងថា នៅក្នុងការពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអាមេនី និងប្រធានាធិបតីអាហ្សែបែហ្សង់ លោក Putin បានស្នើឱ្យបញ្ឈប់ការធ្វើអរិភាពនឹងគ្នានៅតំបន់ Nagorno-Karabakh ដើម្បីអាចឱ្យភាគីទាំងពីរ “ដោះដូរអ្នកទោស និងសាកសព”។

    សូមបញ្ជាក់ថា Nagorno-Karabakh គឺជាខេត្តមួយនៅភាគនិរតីរបស់ប្រទេសអាហ្សែបែហ្សង់ ក៏ប៉ុន្តែ ពលរដ្ឋនៅទីនេះ ភាគច្រើនជាជនជាតិអាមេនី ដែលពួកគេតែងស្វែងរកវិធីដើម្បីផ្ដាប់ខ្លួនពីអាហ្សែបែហ្សង់ ក្នុងបំណងបង្រួបបង្រួមទៅក្នុងប្រទេសអាមេនី។ ផ្ទៃដីភាគច្រើននៅក្នុងតំបន់មានជម្លោះនេះ ត្រូវបានកាន់កាប់ដោយកងកម្លាំងផ្ដាច់ខ្លួនដែលស្និទ្ធនឹងអាមេនី។

    ជម្លោះដណ្ដើមទឹកដីក្នុងតំបន់ខាងលើ បានផ្ទុះឡើងជាការប្រយុទ្ធគ្នាអស់រយៈពេល6ឆ្នាំរវាងអាហ្សែបែហ្សង់ជាមួយនឹងអាមេនី រាប់ចាប់ពីខែកុម្ភៈឆ្នាំ1988 ដល់ខែឧសភា1994។ ចាប់ពីឆ្នាំ1994 បើទោះជាមានកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចចរចាជាច្រើនផ្សេងទៀត តំបន់នេះនៅតែកើតមានការប៉ះទង្គិចគ្នារប៉េះរប៉ោះជាហូរហែ។

    ការប្រយុទ្ធគ្នាចុងក្រោយរវាងអាមេនី និងអាហ្សែបែហ្សង់ នៅតំបន់ Nagorno-Karabakh និងតំបន់ក្បែរខាង ដែលបានកើតឡើងចាប់ពីថ្ងៃទី27កញ្ញា2020 នេះ គឺជាជម្លោះប្រដាប់អាវុធដែលមានសភាពធ្ងន់ធ្ងរជាងគេបង្អស់ក្នុងអំឡុងជាច្រើនឆ្នាំកន្លងមក។ ការប្រយុទ្ធគ្នាដែលបានអូសបន្លាយពេលជាច្រើនថ្ងៃមកនេះ បានសម្លាប់ទាហាន និងជនស៊ីវិលរបស់ភាគីទាំងសងខាង ប្រមាណ400នាក់៕

    ប្រភព៖ RIA Novosti

  • រកឃើញ​អ្នក​ឆ្លង​COVID-19 មួយ​ករណី​​ទៀត​ហើយ​នៅ​ខេត្ត​ព្រះសីហនុ! ពិភពលោក​មាន​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​នេះ​ជាង​​​​1,072,560​​នាក់

    រកឃើញ​អ្នក​ឆ្លង​COVID-19 មួយ​ករណី​​ទៀត​ហើយ​នៅ​ខេត្ត​ព្រះសីហនុ! ពិភពលោក​មាន​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​នេះ​ជាង​​​​1,072,560​​នាក់

    ក្រសួង​សុខាភិបាល​កម្ពុជា​ នា​ព្រឹក​ថ្ងៃទី​10​តុលា​នេះ បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​​1​នាក់​បន្ថែម​ទៀត​ ដែល​ករណី​នេះ​កើត​ឡើង​ចំពោះ​​ស្ត្រី​ជនជាតិ​បារាំង​។

    ករណី​វិជ្ជមាន​ថ្មី​នេះ ត្រូវ​បាន​រកឃើញ​កាលពី​ថ្ងៃទី​9​តុលា ដោយ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ អ្នកជំងឺ​បាន​ស្នាក់​នៅ​ក្នុងសណ្ឋាគារ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​​ពី​ប្រទេស​បារាំង​ និង​ឆ្លងកាត់ប្រទេស​​កូរ៉េខាង​ត្បូង​មុន​នឹង​មក​ដល់​​កម្ពុជា​នៅ​ថ្ងៃទី​8​តុលា​​។ បច្ចុប្បន្ន អ្នក​ជំងឺ​នេះ​កំពុងត្រូវ​បាន​​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ និង​ទទួល​ការ​ព្យាបាល​នៅឯមន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​នៅ​ភ្នំ​ពេញ​។

    គិត​មក​ដល់​បច្ចុប្បន្ន កម្ពជា​​បាន​រកឃើញ​អ្នក​ឆ្លងវីរុស​COVID-19 សរុប​ 283​នាក់​ ក្នុង​នោះ​មាន277​នាក់​បាន​ជាសះស្បើយ​ និង​6​នាក់​កំពុង​ទទួល​ការ​ព្យាបាល​។

    ដោយ​ឡែក​ នៅ​ទូទាំង​ពិភពលោក​ មក​ដល់​ពេល​នេះ​ បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 សរុប​ឡើង​ដល់​37,098,805​​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​1,072,569​នាក់​ អ្នក​បាន​​ជា​សះស្បើយមាន​​ចំនួន​27,890,353​នាក់​ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន​8,135,880​នាក់​៕

    ប្រភព៖​ ក្រសួង​សុខាភិបាល, Worldometers

  • អតីត​សហស្ថាបនិក​ដែល​បោះ​បង់​ Facebook​ ដើម្បី​ទៅ​បើក​ក្រុម​​ហ៊ុន​ថ្មី​ ពេល​នេះ​តម្លៃ​ក្រុម​ហ៊ុន​បាន​ឡើង​ដល់​ជាង​4ពាន់​លាន​ដុល្លារ​អាមេរិក​៖ កុំ​ចេះ​តែ​គិត​អំពី​លុយ​នៅ​ពេល​ចាប់​ផ្ដើម​បើក​មុខ​ជំនួញ

    អតីត​សហស្ថាបនិក​ដែល​បោះ​បង់​ Facebook​ ដើម្បី​ទៅ​បើក​ក្រុម​​ហ៊ុន​ថ្មី​ ពេល​នេះ​តម្លៃ​ក្រុម​ហ៊ុន​បាន​ឡើង​ដល់​ជាង​4ពាន់​លាន​ដុល្លារ​អាមេរិក​៖ កុំ​ចេះ​តែ​គិត​អំពី​លុយ​នៅ​ពេល​ចាប់​ផ្ដើម​បើក​មុខ​ជំនួញ

    មហាសេដ្ឋីវ័យ36ឆ្នាំនេះនិយាយថា៖ “ជាក់ស្ដែង ការចាប់ផ្ដើមរកស៊ី គឺមិនមែនល្អត្រចះត្រចង់ដូចការស្រមៃនោះឡើយ” ហើយ​ប្រការដែលសំខាន់នោះគឺ អ្នកត្រូវធ្វើការប្រកបដោយការស្រលាញ់ចូលចិត្ត និងចង់ជួយអ្នកដទៃក្នុងការដោះស្រាយបញ្ហាដែលពួកគេជួបប្រទះ ដោយប្រើប្រាស់ផលិតរបស់អ្នក។

    Dustin Moskovitz គឺជាសហស្ថាបនិកដែលបានចូលរួមបង្កើត Facebook ជាមួយនឹង Mark Zuckerberg កាលពីឆ្នាំ2014។ ប្រការនេះបានជួយឱ្យគាត់ក្លាយជាមហាសេដ្ឋី។ ឆ្នាំ2008 Moskovitz បានចាកចេញពី Facebook ដើម្បីទៅបង្កើតក្រុមហ៊ុនផ្នែកទន់ Asana។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានតម្លៃទីផ្សារឡើងដល់ជាង​4​ពាន់​លានដុល្លារ បន្ទាប់ពីក្លាយជាក្រុមហ៊ុនសាធារណៈ (ធ្វើ IPO) បានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

    Moskovitz មានអនុសាសន៍ជាច្រើនស្ដីអំពីការបង្កើត និងដំណើរការក្រុមហ៊ុនប្រកបដោយជោគជ័យ ក៏ដូចជាកត្តាចាំបាច់ដើម្បីអាចក្លាយជាអ្នកជំនួញជោគជ័យម្នាក់។

    នៅក្នុងព្រឹត្តិការណ៍មួយរបស់សាកលវិទ្យាល័យ StanFord លោក Moskovitz បានថ្លែងថា៖ “ប្រការសំខាន់គឺត្រូវដឹងអំពីមូលហេតុដែលអ្នកចង់បើកក្រុមហ៊ុន។ Hollywood និងសារព័ត៌មាននានា តែងតែចូលចិត្តធ្វើឱ្យរឿងរ៉ាវជំនួញក្លាយទៅជារឿងប្រកបដោយមនោសញ្ចេតនា។ ដូច្នេះ ចូរកុំចាញ់បោកពួកគេ។

    មានកត្តាចំនួន4 ដែលនាំឱ្យមនុស្សម្នាក់ចង់បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន នោះគឺ “អ្នកនឹងបានក្លាយជាថៅកែ អ្នកមានភាពបត់បែនបានល្អ អ្នកមានឱកាសបង្កើនឥទ្ធិពល ហើយចុងក្រោយគឺ អ្នកនឹងរកបានប្រាក់ច្រើនជាងមុន”។

    អតីតសហស្ថាបនិករបស់​ Facebook លោក Dustin Moskovitz

    ក៏ប៉ុន្តែ ការចាប់ផ្ដើមបើកអាជីវកម្ម មិនមែនជារឿងល្អត្រចះត្រចង់ និងងាយស្រួលដូចមនុស្សភាគច្រើនបានគិតនោះទេ។ មហាសេដ្ឋីវ័យ36ឆ្នាំបន្តថា៖ “ការក្លាយជាអ្នកជំនួញក៏មានផ្នែកអវិជ្ជមានផងដែរ ហើយសំខាន់ជាងនេះ គឺថា អ្នកត្រូវចំណាយពេលវេលា និងកម្លាំងកាយយ៉ាងច្រើនទៅលើការងារលំបាករាប់រយជំពូក”។

    “ជាក់ស្ដែង នៅក្នុងថ្ងៃដំបូងៗនៃការបង្កើត Facebook ខ្ញុំ និង Mark Zuckerberg បានចំណាយពេលយ៉ាងច្រើននៅកន្លែងធ្វើការ និងត្រូវផ្ដោតអារម្មណ៍អស់ពីលទ្ធភាពដើម្បីអភិវឌ្ឍផលិតផល។ បើសិនជាមើលទៅលើរូបថតមួយចំនួនរបស់យើង អ្នកនឹងបានដឹងថា មានតែសម្លៀកបំពាក់ប៉ុណ្ណោះដែលបានប្ដូរផ្លាស់ ចំណែកពួកយើងគឺស្ថិតនៅកន្លែងដដែលអស់ជាច្រើនថ្ងៃ”។

    Moskovitz ថ្លែងថា៖ “នៅពេលបង្កើតក្រុមហ៊ុន អ្នកត្រូវទទួលខុសត្រូវគ្រប់យ៉ាង។ អ្នកនឹងមានការព្រួយបារម្ភចំពោះបរាជ័យសម្រាប់ខ្លួនឯង និងអ្នកដែលជឿជាក់ដើរតាមអ្នក។ CEO មួយរូប គឺត្រូវចេះរក្សាផ្លូវចិត្តឱ្យបានរឹងមាំ និងនឹងន។

    “ជាមួយនឹងតួនាទីជា CEO អ្នកត្រូវចំណាយពេលវេលា និងកម្លាំងកាយចិត្តទាំងស្រុងដើម្បីដោះស្រាយបញ្ហាខាងក្រៅ និងទំនាស់ផ្ទៃក្នុង”។

    លោក Dustin Moskovitz

    ការបត់បែនតាមពេលវេលាក៏ជាបញ្ហាដែលមានអត្ថន័យថ្មី។ ការដែលអ្នក “មានសិទ្ធិក្នុងការគ្រប់គ្រងពេលវេលារបស់ខ្លួន” គឺជារឿងគួរឱ្យចាប់អារម្មណ៍ ក៏ប៉ុន្តែតាមជាក់ស្ដែង ក្រុមមនុស្សដែលត្រូវបានគេហៅថា ស្ថាបនិក គឺតែងតែស្ថិតក្នុងស្ថានភាពរវល់ជាទីបំផុត។ ជួនកាល ពួកគេត្រូវបានអូសទាញទៅក្នុងបណ្ដាព្រឹត្តិការណ៍ដែលមិនបានគិតទុកជាមុន ហើយ “ភ្លេចខ្លួន” ក្នុងការដោះស្រាយ។

    កុំចេះតែគិតអំពីប្រាក់

    មូលហេតុមួយក្នុងចំណោមហេតុផលដែលនាំឱ្យគេបង្កើតក្រុមហ៊ុនដែលលោក Moskovitz ធ្លាប់បានឮច្រើនបំផុត នោះគឺ ដោយសារពួកគេចង់បានប្រាក់ច្រើន។ បើតាម Moskovitz ប្រការដែលសំខាន់នោះគឺ អ្នកត្រូវធ្វើការប្រកបដោយការស្រលាញ់ចូលចិត្ត និងចង់ជួយអ្នកដទៃក្នុងការដោះស្រាយបញ្ហាដែលពួកគេជួបប្រទះ ដោយប្រើប្រាស់ផលិតរបស់អ្នក។ ពេលនោះ ជោគជ័យ រួមនឹងប្រាក់កាសនឹងរត់មករកអ្នកដោយខ្លួនឯងមិនខាន។

    សម្រាប់ Moskovitz ចំណង់ចំណូលចិត្តដ៏ខ្លាំងក្លា នឹងជួយឱ្យយើងអាចឆ្លងផុតរាល់ការលំបាកដែលជួបប្រទះ។ ពេលដឹងថា ខ្លួនឯងចូលចិត្តអ្វីមួយដល់កម្រិតកំពូលដែលត្រូវធ្វើ និងធ្វើដោយវិធីគ្រប់យ៉ាង នោះចូរអ្នកកុំបង្អែរបង្អង់យូរ ចាប់ផ្ដើមធ្វើវាភ្លាមទៅ៕

    ប្រភព៖ BI

  • បែកធ្លាយតម្លៃព្យាបាលCOVID-19 របស់ប្រធានាធិបតី Trump! ពលរដ្ឋធម្មតា បើមិនត្រូវជាប់បំណុល ក៏​ត្រូវ​ធ្លាក់ខ្លួនក្រដែរ

    បែកធ្លាយតម្លៃព្យាបាលCOVID-19 របស់ប្រធានាធិបតី Trump! ពលរដ្ឋធម្មតា បើមិនត្រូវជាប់បំណុល ក៏​ត្រូវ​ធ្លាក់ខ្លួនក្រដែរ

    ប្រធានាធិបតីអាមេរិក បានចំណាយពេល3ថ្ងៃក្នុងការព្យាបាលនៅមន្ទីរពេទ្យ។ លោក Trump ត្រូវបានធ្វើតេស្តរកវីរុសជាច្រើនលើក រួមនឹងការប្រើប្រាស់អ៊ីកស៊ីហ្សែនជំនួយដង្ហើម ការប្រើថ្នាំ steroid និងព្យាបាលដោយវិធីសាស្ត្រសាកល្បងដែលមិនធ្លាប់មានពីមុនមក។

    សម្រាប់ពលរដ្ឋសាមញ្ញ ការព្យាបាលដូចខាងលើនឹងត្រូវចំណាយប្រាក់យ៉ាងតិចជាង100,000ដុល្លារ។ អ្នកជំងឺធម្មតាអាចត្រូវធ្លាក់ទៅក្នុងវិបត្តិបំណុល បើទោះជាសេវាកម្មធានារ៉ាប់រងបានទូទាត់ជំនួសមួយផ្នែកធំក៏ដោយ។

    ការចំណាយធំបំផុត មិនមែនស្ថិតក្នុងរយៈពេលនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះទេ ប៉ុន្តែវាកើតឡើងដោយសារសេវាកម្មផ្សេងៗ ដូចជាការធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ឬការធ្វើតេស្តរកវីរុសជាបន្តបន្ទាប់ជាដើម។

    លោក Trump បានសរសើរចំពោះគុណភាពនៃការថែទាំផ្នែកសុខាភិបាលដែលលោកបានទទួលពីមន្ទីរពេទ្យ Walter Reed ហើយលោកក៏បានបន្ទាបកម្រិតនៃគ្រោះថ្នាក់របស់COVID-19 ផងដែរ។

    ពលរដ្ឋអាមេរិកាំងជិតកន្លះលាននាក់បានចូលពេទ្យ។ ការធ្វើតេស្តរកវីរុសដែលត្រូវធ្វើឡើងតាមកាលកំណត់ អាចត្រូវចំណាយប្រាក់រាប់ពាន់ដុល្លារដោយមិនមានធានារាប់រងណាទូទាត់ជំនួស។ មានអ្នកជំងឺខ្លះត្រូវរ៉ាប់រងទៅលើការចំណាយឡើងដល់400,000ដុល្លារសម្រាប់ការព្យាបាលនៅមន្ទីរពេទ្យ។

    លោក Trump មិនត្រូវព្រួយបារម្ភអំពីការចំណាយទៅលើការព្យាបាលនោះទេ ព្រោះរដ្ឋជាអ្នកទូទាត់ជំនួស។ ក៏ប៉ុន្តែសម្រាប់ពលរដ្ឋធម្មតាវិញ នេះគឺជាបញ្ហាធំដែលគួរឱ្យព្រួយបារម្ភជាទីបំផុត។

    បែកធ្លាយតម្លៃព្យាបាលCOVID-19 របស់ប្រធានាធិបតី Trump! ពលរដ្ឋធម្មតា បើមិនត្រូវជាប់បំណុល ក៏ធ្លាក់ខ្លួនក្រដែរ
    សម្រាប់​ពលរដ្ឋធម្មតា បើមិនត្រូវជាប់បំណុល ក៏ធ្លាក់ខ្លួនក្រដែរ នៅ​ពេល​ត្រូវ​ព្យាបាល​ដូច​លោក​ Trump

    ក្រុមហ៊ុនធានារ៉ាប់រង តែងទូទាត់ប្រាក់កាសទៅលើការធ្វើតេស្តរកវីរុសនៅពេលមានការស្នើពីវេជ្ជបណ្ឌិត ប៉ុន្តែពួកគេអាចបដិសេធ ប្រសិនបើម្ចាស់ប័ណ្ណធានារ៉ាប់រងជាអ្នកស្នើ។

    រដ្ឋាភិបាលរបស់លោក Trump កាលពីខែមិថុនា បានចេញបទបញ្ជាមួយដែលបញ្ជាក់ថា បណ្ដាក្រុមហ៊ុនធានារ៉ាប់រង មិនចាំបាច់ទូទាត់ប្រាក់ចំពោះ “ការធ្វើតេស្តដើម្បីចម្រាញ់ផ្នែកសុខាភាព និងធានាសុវត្ថិភាពទូទៅនៅកន្លែងធ្វើការ”។ ជំនួសមកវិញ អ្នកជំងឺ ឬអ្នកត្រូវសង្ស័យថាអាចមានផ្ទុកវីរុស ត្រូវតែបង់ថ្លៃសេវាកម្មដូចខាងលើដោយខ្លួនឯង។

    ការធ្វើតេស្តរកវីរុសCOVID-19 ពេលខ្លះពិតជាថ្លៃខ្លាំងណាស់។ បើទោះវាតែងមានតម្លៃត្រឹម100ដុល្លារ ប៉ុន្តែ មានករណីធ្វើតេស្តមួយនៅក្នុងរដ្ឋ Texas បានគិតថ្លៃដល់ទៅ6,408ដុល្លារសម្រាប់ការធ្វើតេស្តលឿន1ដង នៅក្នុងរថយន្ត។

    ចំណែកថ្នាំ Remdesivir ដែលជាថ្នាំព្យាបាល COVID-19 ថ្មីមួយប្រភេទ មានតម្លៃ3,120ដុល្លារ នៅពេលទិញពីបណ្ដាក្រុមហ៊ុនធានារ៉ាប់រងឯកជន និងតម្លៃ2,340ដុល្លារបើទិញពីកម្មវិធីសាធារណៈ ដូចជា Medicare ឬ Medicaid ជាដើម។

    លោក Trump ក៏ត្រូវព្យាបាលដោយថ្នាំអង្គបដិប្រាណរបស់ក្រុមហ៊ុន Regeneron ដែលបច្ចុប្បន្នស្ថិតក្នុងការប្រើប្រាស់សាកល្បង ឬប្រើប្រាស់បន្ទាន់។ ទាំង2ទម្រង់នេះ សុទ្ធតែមិនត្រូវបានគិតថ្លៃ។ ប៉ុន្តែ វានឹងផ្លាស់ប្ដូរ នៅពេលដំណាក់កាលសាកល្បងបានបញ្ចប់។ ថ្នាំទាំងនេះ ពិតជាពិបាកក្នុងការផលិត ខណៈដែលថ្នាំអង្គបដិប្រាណប្រភេទ monoclonal antibodies តែងមានតម្លៃឡើងដល់រាប់ពាន់ដុល្លារឯណោះ៕

    ប្រភព៖ RT