Author: សឿន សំណាង

  • ព្យុះ Molve កំពុងវាយ​ប្រហារ​លើ​ភាគកណ្ដាលប្រទេសវៀតណាម

    ព្យុះ Molve កំពុងវាយ​ប្រហារ​លើ​ភាគកណ្ដាលប្រទេសវៀតណាម

    ព្រឹកព្រលឹមថ្ងៃទី28តុលានេះ ព្យុះ Molave បានចូលមកដល់ឆ្នេរសមុទ្រវៀតណាម ចាប់ពីខេត្ត Quang Nam ដល់ខែ Phu Yen នៅភាគកណ្ដាលប្រទេសវៀតណាម បណ្ដាលឱ្យមានភ្លៀងធំ និងខ្យល់កន្ត្រាក់ខ្លាំង ធ្វើឱ្យដើមឈើ និងផ្ទាំងផ្សាយពាណិជ្ជកម្មជាដើម ត្រូវដួលរលំ។

    សារព័ត៌មានវៀតណាមបានរាយការណ៍ថា ព្យុះនេះបានបង្កឱ្យមានរលកសមុទ្រកម្ពស់ដល់6ម៉ែត្រ នៅពេលដែលវាចូលមកដល់ដីគោក។

    ព្យុះ Molve កំពុងវាយលុកភាគកណ្ដាលប្រទេសវៀតណាម

    ព្យុះ Molave បានចាប់ផ្ដើមបង្ហាញខ្លួននៅលើលម្ហសមុទ្រហ្វីលីពីនកាលពីថ្ងៃទី25តុលា2020 និងធ្វើដំណើរឆ្ពោះត្រង់មកកាន់ប្រទេសវៀតណាម។

    Molave បានវាយប្រហារលើប្រទេសហ្វីលីពីន ជាមួយនឹងកម្លាំងខ្យល់125គម/ម៉ោង បណ្ដាលឱ្យមនុស្សយ៉ាងតិច2នាក់បានស្លាប់ និង19នាក់បាត់ខ្លួន។

    ព្យុះ Molve កំពុងវាយលុកភាគកណ្ដាលប្រទេសវៀតណាមរហូតដល់ថ្ងៃទី26តុលា Molave បានចូលមកដល់សមុទ្រចិនខាងត្បូង ហើយក៏បានបង្កើនកម្លាំងឡើងដល់កម្រិតទី17។ នេះបើតាមសារព័ត៌មានវៀតណាម។

    ស្ថាប័នឧតុនិយមវៀតណាមបានព្យាករថា ព្យុះ Molave នឹងវាយប្រហារចូលដីគោកក្នុងខេត្ត Quang Ngai នៅវេលាម៉ោង10ព្រឹកនេះ ជាមួយនឹងកម្លាំងខ្យល់កម្រិតទី15 (150គម/ម៉ោង)៕

    ប្រភព៖ VNE

  • បុរស​ជន​ជាតិ​ខ្មែរ​2​នាក់​បាន​ឆ្លង​​វីរុស​Covid-19 ​បន្ទាប់​ពី​វិល​ត្រលប់​មក​ពី​ប្រទេស​ជប៉ុន

    បុរស​ជន​ជាតិ​ខ្មែរ​2​នាក់​បាន​ឆ្លង​​វីរុស​Covid-19 ​បន្ទាប់​ពី​វិល​ត្រលប់​មក​ពី​ប្រទេស​ជប៉ុន

    កម្ពុជាបានធ្វើតេស្តរកឃើញអ្នកផ្ទុកវីរុសCovid-19 ចំនួន2នាក់បន្ថែមទៀតកាលពីថ្ងៃទី27តុលា ដែលនេះបាននាំឱ្យតួលេខនៃអ្នកឆ្លងCovid-19 សរុបឡើងដល់290នាក់។

    ក្រសួងសុខាភិបាលកម្ពុជាឱ្យដឹងថា បុរសទាំង2នាក់ដែលវិជ្ជមានជាមួយនឹងវីរុសCovid-19នេះ បានធ្វើ​ដំណើរ​ពី​ប្រទេស​ជប៉ុន​ ឆ្លងកាត់កូរ៉េខាងត្បូង មុននឹងមកដល់កម្ពុជានៅថ្ងៃទី26តុលា។ ក្នុងចំណោមអ្នកជំងឺខាងលើ មានម្នាក់មានអាយុ23ឆ្នាំ មានអាសយដ្ឋាននៅស្រុកបាកាន ខេត្តពោធិសាត់ និងម្នាក់ទៀតអាយុ34ឆ្នាំនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។

    បច្ចុប្បន្ន អ្នកជំងឺទាំង2រូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងទីក្រុងភ្នំពេញ។ ចំណែកអ្នករួមដំណើរជាមួយនឹងអ្នកជំងឺខាងលើ ដែលមានចំនួន37 ក៏កំពុងត្រូវបានដាក់ធ្វើចត្តាឡីស័កនៅក្នុងវិទ្យាល័យពោចិនតុង និងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

    គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCovid-19 សរុប 290នាក់ ក្នុងនោះមាន283នាក់បានជាសះស្បើយ និង7នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • ទាក់ទងបញ្ហាគ្រូបង្រៀនបារាំងត្រូវគេកាត់ក្បាល! 40,000នាក់ធ្វើបាតុកម្មប្រឆាំងបារាំង និងដុតរូបថតលោក Macron

    ទាក់ទងបញ្ហាគ្រូបង្រៀនបារាំងត្រូវគេកាត់ក្បាល! 40,000នាក់ធ្វើបាតុកម្មប្រឆាំងបារាំង និងដុតរូបថតលោក Macron

    មនុស្សរាប់ម៉ឺននាក់នៅទីក្រុង Dhaka ប្រទេសបង់ក្លាដែស បាននាំគ្នាធ្វើបាតុកម្ម និងអំពាវនាវឱ្យពលរដ្ឋឈប់ប្រើប្រាស់ផលិតផលរបស់បារាំង ព្រមទាំងបានដុតរូបថតប្រធានាធិបតី Emmanuel Macron ទៀតផង។

    ភាគីខាងប៉ូលិសបានឱ្យដឹងថា មនុស្សជាង40,000នាក់បានចូលរួមធ្វើបាតុកម្មដែលដឹកនាំដោយ Islami Andolon Bangladesh (IAB) ដែលជាបក្សឥស្លាមធំជាងគេមួយនៅក្នុងប្រទេសបង់ក្លាដែស។ បាតុកម្មនេះបានចាប់ផ្ដើមចេញពីវិហារឥស្លាមជាតិ Baitul Mukarram ដែលជាវិហារឥស្លាមធំជាងគេបង្អស់របស់ប្រទេសនេះ។

    ក្រុមបាតុករបាននាំគ្នាស្រែកហ៊ោថា “ឈប់ប្រើផលិតផលរបស់បារាំង” និងអំពាវនាវឱ្យដាក់ទណ្ឌកម្មលោក Macron។ បាតុករម្នាក់ឈ្មោះ Ataur Rahman ដែលជាសមាជិកជាន់ខ្ពស់របស់ IAB បាននិយាយថា៖ “Macron គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សតិចតួចដែលគោរពបីសាច Satan (Satan គឺជាបីសាច ឬជាអង្គភាពមួយនៅក្នុងបណ្ដាសាសនាអាប្រាហាំ (Abrahamic religions) ដែលមានជំនាញខាងល្បួងមនុស្សឱ្យចូលទៅក្នុងអំពើបាប ឬអំពើកុហកបោកប្រាស់)។

    ទាក់ទងបញ្ហាគ្រូបង្រៀនបារាំងត្រូវគេកាត់ក្បាល! 40,000នាក់ធ្វើបាតុកម្មប្រឆាំងបារាំង និងដុតរូបថតលោក MacronRahman បានអំពាវនាវឱ្យរដ្ឋាភិបាលបង់ក្លាដែស “អូសក្បាល” អគ្គរដ្ឋទូតបារាំង ខណៈដែលមេដឹកនាំម្នាក់ទៀត ឈ្មោះ Hasan Jamal និយាយថា ក្រុមសកម្មជននឹង “កម្ទេចអគារនោះជាបំណែក” បើសិនអគ្គរដ្ឋទូតបារាំងមិនចាកចេញ។

    Nesar Uddin ដែលជាមេដឹកនាំវ័យក្មេងម្នាក់របស់ក្រុមខាងលើ បានឱ្យដឹងថា៖ “បារាំងគឺជាសត្រូវរបស់ពួកឥស្លាមបរិស័ទ (ម៉ូស្លីម)។ ក្រុមអ្នកតំណាងរបស់ពួកគេ ក៏ជាសត្រូវរបស់យើង”។

    ក្រុមប៉ូលិសរាប់រយនាក់ បានប្រើប្រាស់របងដែកដើម្បីទប់ស្កាត់ក្រុមបាតុករ ប៉ុន្តែ មិនមានការប្រើអំពើហិង្សានោះទេ។ បាតុករត្រូវបានរារាំងមិនឱ្យទៅក្បែរស្ថានទូតបារាំង ក៏ប៉ុន្តែ ពួកគេបាននាំគ្នាហែក្បួនទៅកាន់ផ្លូវផ្សេងៗ និងស្រែកហ៊ោថា “ឈប់ប្រើផលិតផលបារាំង”។ល។

    ទាក់ទងបញ្ហាគ្រូបង្រៀនបារាំងត្រូវគេកាត់ក្បាល! 40,000នាក់ធ្វើបាតុកម្មប្រឆាំងបារាំង និងដុតរូបថតលោក Macronប្រធានាធិបតីបារាំង បានធ្វើឱ្យក្រុមអ្នកកាន់សាសនាឥស្លាម មានការខឹងសម្បាខ្លាំង ដោយសារតែលោកបានគាំទ្រដល់ការបោះពុម្ភផ្ទាំងគំនូរត្លុកដែលប្រមាថដល់ព្យាការី Mohammed ដែលជាប្រការត្រូវបានហាមដាច់ខាតនៅក្នុងសាសនាឥស្លាម។ ការគាំទ្ររបស់ប្រធានាធិបតីបារាំងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីគ្រូបង្រៀងផ្នែកប្រវត្តិសាស្ត្រម្នាក់របស់បារាំង ត្រូវបានកាត់ក្បាលដោយបុរសម្នាក់ដែលគេសង្ស័យថាជាសមាជិករបស់ក្រុមអ្នកកាន់សាសនាឥស្លាមជ្រុលនិយម ព្រោះតែបានគ្រូម្នាក់នោះបានឱ្យសិស្សមើលរូបត្លុកខាងលើ។

    ប្រធានាធិបតីបារាំងក៏បាននិយាយថា ម៉ូស្លីមសាសនា គឺជាសាសនាមួយដែលកំពុងជួបវិបត្តិទូទាំងសកលលោក ហើយបានសន្យាថា នឹងប្រឆាំងទៅនឹង “លទ្ធិ ឥស្លាមផ្ដាច់ខ្លួន”៕

    ប្រភព៖ AFP

  • វេនេហ្ស៊ុយឡា​ ប្រកាស​ថា​ បាន​រក​ឃើញ​ថ្នាំ​ប្រឆាំង​Covid-19 ​ប្រសិទ្ធ​ភាព​100% ​និង​ត្រូវ​បាន​អ្នក​ជំនាញ​ផ្ទៀត​ផ្ទាត់​រួច​ហើយ

    វេនេហ្ស៊ុយឡា​ ប្រកាស​ថា​ បាន​រក​ឃើញ​ថ្នាំ​ប្រឆាំង​Covid-19 ​ប្រសិទ្ធ​ភាព​100% ​និង​ត្រូវ​បាន​អ្នក​ជំនាញ​ផ្ទៀត​ផ្ទាត់​រួច​ហើយ

    ប្រធានាធិបតី Maduro បានថ្លែងថា ថ្នាំនេះមានប្រសិទ្ធភាពបំបាត់ការឆ្លងរាលដាលរបស់វីរុសCovid-19 បានដល់100% ឯណោះ។

    វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រវេនេហ្ស៊ុយឡា (IVIC) បានរកឃើញថ្នាំមួយប្រភេទដែលអាចព្យាបាលជំងឺCovid-19 នេះបើតាមប្រធានាធិបតីវេនេហ្ស៊ុយឡា ដែលបានប្រកាសកាលពីថ្ងៃទី25តុលា។ លោកបានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិវេនេហ្ស៊ុយឡា de Television ថា ថ្នាំប្រឆាំងCovid-19 នេះ អាចបំបាត់លទ្ធភាពឆ្លងរបស់វីរុស​Covid-19 បានដល់100%។

    លោក Maduro ថ្លែងថា៖ “ការស្រាវជ្រាវដែលមានរយៈពេល6ខែរបស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រវេនេហ្ស៊ុយឡា បាន​បញ្ជាក់អំពីប្រការនេះ។ ហើយការសិក្សាស្រាវជ្រាវនេះក៏ត្រូវបានក្រុមអ្នកជំនាញធ្វើការផ្ទៀងផ្ទាត់រួចហើយដែរ”។

    ប្រធានាធិបតីរូបនេះ បញ្ជាក់ថា ប្រភេទថ្នាំប្រឆាំងនឹងCovid-19 នេះ មានផ្ទុកម៉ូលេគុល DR10 ដែលធ្លាប់ត្រូវបានប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺរលាកថ្លើមប្រភេទ C រួមនឹង Ebola និង HPV ផងដែរ។

    លោក Maduro សង្ឃឹមថា អង្គការសុខភាពពិភពលោក (WHO) នឹងទទួលស្គាល់លទ្ធផលស្រាវជ្រាវដែល IVIC បានរកឃើញ។ បន្ទាប់មក ប្រទេសនេះនឹងចាប់ផ្ដើមផលិតថ្នាំនេះក្នុងបរិមាណច្រើន ហើយផ្គត់ផ្គង់ដល់ពិភព​លោក។

    សូមបញ្ជាក់ថា ចាប់តាំងពី Covid-19 បានវាយលុក វេនេហ្ស៊ុយឡា បានរកឃើញអ្នកផ្ទុកវីរុសចំនួន 89,565នាក់ ក្នុងនោះមាន 83,947នាក់បានជាសះស្បើយ និង 773នាក់បានបាត់បង់ជីវិត៕

    ប្រភព៖ Sputnik

  • NASA ​ទើប​តែ​រក​ឃើញ!​ នៅ​លើ​ឋាន​ព្រះ​ចន្ទ​ មាន​ទឹក​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​គិត

    NASA ​ទើប​តែ​រក​ឃើញ!​ នៅ​លើ​ឋាន​ព្រះ​ចន្ទ​ មាន​ទឹក​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​គិត

    មិនត្រឹមតែមានវត្តមាននៅក្នុងតំបន់ងងឹតរបស់ឋានព្រះចន្ទដូចដែលមនុស្សបានរកឃើញមុននេះនោះទេ ប៉ុន្តែ ថ្មីៗនេះ NASA បានរកឃើញថា ទឹកមានវត្តមាននៅក្នុងតំបន់ដែលពន្លឺព្រះអាទិត្យចាំងទៅដល់ផងដែរ។

    ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានប្រកាសឱ្យដឹងអំពីរបកគំហើញថ្មីមួយដ៏គួរឱ្យត្រេកអរ នោះគឺការបញ្ជាក់ថា ទឹកពិតជាមាននៅលើឋានព្រះចន្ទ ព្រមទាំងមាននៅក្នុងតំបន់ដែលមានពន្លឺព្រះអាទិត្យទៀតផង។ កន្លងមក អ្នកវិទ្យាសាស្ត្របានរកឃើញថា ទឹកក្នុងទម្រង់ទឹកកកគឺមាននៅក្នុងតំបន់ងងឹតរបស់ព្រះចន្ទ ហើយនេះក៏ជាផ្នែកមួយដែលនាំឱ្យមានបេសកកម្មបន្ទាប់នៅប៉ូលខាងត្បូងរបស់ព្រះចន្ទ ជាកន្លែងដែលគេជឿថា ទឹក​កក​អាចបង្ហាញខ្លួនក្នុងរណ្ដៅភ្នំភ្លើង ជាទីតាំងដែលពន្លឺព្រះអាទិត្យមិនអាចចាំងទៅដល់។

    ប៉ុន្តែ ការរកឃើញកន្លងមកនោះ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះទេ ព្រោះថាមុននោះ ក្រុមអ្នកវិទ្យា​សាស្ត្រ​របស់ NASA និងក្រុមអ្នកស្រាវជ្រាវដទៃទៀតក៏ធ្លាប់បានរកឃើញសញ្ញាមួយចំនួនដែលបង្ហាញថា ទឹកអាចស្ថិតនៅតំបន់ដែលមានពន្លឺព្រះអាទិត្យ។ យ៉ាងនេះក្ដី ពេលនេះ សញ្ញា ឬដានទាំងនេះ ទើបតែត្រូវបានបញ្ជាក់ ដោយយោងទៅតាមទិន្នន័យដែលបានមកពីស្ថានីយសង្កេតតារា SOFIA ដែលបានរកឃើញម៉ូលេគុលទឹកនៅក្នុងមាត់ភ្នំភ្លើង Clavius ដែលស្ថិតនៅក្នុងតំបន់អឌ្ឍគោលខាងត្បូងរបស់ព្រះចន្ទ។

    ការដែលត្រូវចំណាយពេលយូរ ទើបអាចរកឃើញវត្តមានទឹកបែបនេះ បញ្ជាក់ថា ទឹកនៅលើឋានព្រះចន្ទមិនមានច្រើននោះឡើយ។ NASA បានឱ្យដឹងថា ពួកគេបានរកឃើញទឹកប្រមាណពី100ទៅ412ភាគលាននៅក្នុងដីនិងថ្មី1ម៉ែត្រការ៉េ ដែលនេះប្រហាក់ប្រហែលនឹង330មីលីលីត្រនៅទូទាំងភ្នំភ្លើងនេះ។ NASA បន្ថែមថា៖ “សមុទ្រខ្សាច់ Sahara ក៏មានទឹកច្រើនជាង100ដង” បើធៀបនឹងទឹកដែល SOFIA បានរកឃើញនៅភ្នំភ្លើងរបស់ព្រះចន្ទ។

    NASA ទើបតែរកឃើញ! នៅលើឋានព្រះចន្ទ មានទឹកច្រើនជាងអ្វីដែលយើងបានគិតបើទោះជាយ៉ាងនេះក្ដី ការដែលទឹកអាចមានវត្តមាននៅក្រោមពន្លឺថ្ងៃ និងក្នុងទីឋានដ៏សោះកក្រោះដូច្នេះ គឺជាលទ្ធផលស្រាវជ្រាវដ៏អស្ចារ្យ និងគួរបន្តការសិក្សាស៊ីជម្រៅ។ ក្រុមអ្នកវិទ្យាសាស្ត្រមានបំណងស្វែងយល់ឱ្យដឹងថា តើធ្វើយ៉ាងណាទើបបានជាទឹកមានវត្តមាននៅទីនោះ ហើយវាអាចផ្ដុំគ្នាបានយ៉ាងដូចម្ដេចនៅក្នុងបរិយាកាសបែបនេះ។

    ការស្រាវជ្រាវនេះនឹងជួយដល់ក្រុមអវកាសចរនាពេលខាងមុខ ដើម្បីឱ្យពួកគេអាចបន្តវត្តមានយូរអង្វែងនៅ​លើ​ឋាន​ព្រះចន្ទ ខណៈកំពុងស្វែងរកប្រភពទឹកផ្សេងទៀតក្នុងតំបន់មាត់ភ្នំភ្លើង និងតំបន់ដែលមានពន្លឺថ្ងៃ នៅ​លើ​ឋានលោកខែ។

    បើសិនជារកឃើញប្រភពទឹកដែលមានបរិមាណច្រើននៅលើឋានព្រះចន្ទ មនុស្សប្រាកដជាអាចសាងសង់មូលដ្ឋាននៅទីនោះដើម្បីកសាងកម្លាំងសម្រាប់ការហោះទៅកាន់ទីឋានឆ្ងាយៗ ដូចជាភពព្រះអង្គារ។ល។

    ប្រភព៖ TechCrunch

  • ក្រុមហ៊ុនជប៉ុន កំពុងរិះរកវិធី លក់ម៉ៃក្រូឈីពឱ្យ “Huawei” ក្រោយអាមេរិកដាក់ទណ្ឌកម្ម ធ្វើឱ្យបាត់ចំណូលសន្ធឹក

    ក្រុមហ៊ុនជប៉ុន កំពុងរិះរកវិធី លក់ម៉ៃក្រូឈីពឱ្យ “Huawei” ក្រោយអាមេរិកដាក់ទណ្ឌកម្ម ធ្វើឱ្យបាត់ចំណូលសន្ធឹក

    ក្រុមអ្នកផលិតម៉ៃក្រូឈីពរបស់ជ៉ុន បានសំណូមពរសហរដ្ឋអាមេរិកឱ្យបើកផ្លូវ ក្នុងការលក់គ្រឿងផ្គុំឧបករណ៍អេឡិចត្រូនិចទៅឱ្យ Huawei ដែលជាអតិថិជនដ៏ធំមួយ ព្រោះវិធានការទណ្ឌកម្មពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យក្រុមហ៊ុន ទាំងរបស់ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ បាត់បង់ប្រាក់ចំណូលយ៉ាងមហាសាល។

    Sony និង Kioxia ក្រុមហ៊ុនក្នុងបុត្រសម្ព័ន្ធរបស់ តូឈីបា បានដាក់សំណើសុំអនុញ្ញាត ទៅក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដើម្បីឱ្យអាចលក់ម៉ៃក្រូឈីព ទៅឱ្យ Huawei បានតទៅទៀត។ ក្រៅពីក្រុមអ្នកផលិតរបស់ជប៉ុនហើយ សាំស៊ុង អេឡិចត្រូនិក និង SK Hynix អ្នកផលិតរបស់កូរ៉េខាងត្បូង ក៏បានដាក់សំណើក្នុងលក្ខណៈដូចគ្នានេះដែរ។

    អ្នកផលិតម៉ៃក្រូឈីពរបស់ជប៉ុន មាន Huawei ជាអតិថិជនធំ មានតម្លៃការនាំចេញ ច្រើនជាង 1លានលានយ៉េន តែនៅពេលសហរដ្ឋអាមេរិកចេញបញ្ជាប្រើវិធានការទណ្ឌកម្មពាណិជ្ជកម្មចំពោះ Huawei ដោយហាមក្រុមហ៊ុនផ្សេងៗ ដែលប្រើប្រាស់តិចណូឡូជីរបស់អាមេរិក លក់គ្រឿងផ្គុំឱ្យទៅ Huawei ដោយអាងថា ជាគ្រោះថ្នាក់ចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ វិធានការនេះហុចផលប៉ះពាល់ដល់ក្រុមអ្នកផលិតម៉ៃក្រូឈីពរបស់ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ដែលសុទ្ធតែមាន Huawei ជាអតិថិជនដ៏សំខាន់ដូចគ្នា។

    សូនី ជាអ្នកផលិតធំជាងគេរបស់ពិភពលោក ដែលផលិត អ៊ីមមេច សិនស៊ើរ ដែលប្រើនៅក្នុងស្មាតហ្វូន និងឧបករណ៍ទូរគមនាគមន៍ ដោយមាន Huawei ជាអិតិថិជនធំលំដាប់លេខ២ បន្ទាប់ពី Apple។ ចំណូលដែលបានពី Huawei គិតជាអត្រាភាគរយគឺ ១ភាគ៥ របស់ក្រុមហ៊ុន ដែលមានតម្លៃច្រើនពាន់លានដុល្លារក្នុង ១ឆ្នាំៗ។

    សូនី បានប្រកាសទម្លាក់ការព្យាករប្រាក់កម្រៃ ពីធុរកិច្ចអ៊ីមមេច សិនស៊ើរ ក្នុងឆ្នាំសារពើពន្ធ ដែលនឹងបញ្ចប់ក្នុងខែមីនា ឆ្នាំ2021 មកនៅត្រឹម ៤៥% ឬប្រមាណ 130,000លានយ៉េន។ ដោយហេតុផល ការធ្លាក់ចុះនៃចំនួនលក់ស្មាតហ្វូនក្នុងអំឡុងពេលនៃការឆ្លងរាលដាលរបស់ជំងឺកូវីដ និងបានសន្និដ្ឋានថា ផលកម្រៃ នឹងកាន់តែធ្លាក់ចុះខ្លាំងឡើងទៀត ដោយសារវិធានការទណ្ឌកម្មពាណិជ្ជកម្មលើ Huawei របស់អាមេរិក។

    ក្រុមហ៊ុនសូនី និយាយថា ខ្លួននឹងព្យាយាមស្វែងរកអតិថិជនថ្មី ដូចជាក្រុមហ៊ុនរបស់ចិន ដែលរំពឹងគ្រងចំណែកទីផ្សាររបស់ Huawei រួមទាំងនឹងអភិវឌ្ឍសិនស៊ើរ សម្រាប់ឧបករណ៍ផ្សេងៗទៀត ដូចជារថយន្ត និងគ្រឿងចក្រឧស្សាហកម្ម ជាដើម ជំនួសឱ្យការពឹងផ្អែកតែលើការលក់គ្រឿងផ្គុំសម្រាប់តែស្មាតហ្វូន តែ១មុខ។

    ចំណែក Kioxia ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់តូឈីបាវិញ មានចំណូលពីការលក់ម៉ៃក្រូឈីព ខ្ពស់ដល់ទៅ ៤០% នៃចំនួនលក់ទាំងអស់របស់ក្រុមហ៊ុន ដោយមាន Huawei ជាអតិថិជនធំជាងគេដូចគ្នា។ ផលប៉ះពាល់ពីវិធានការទណ្ឌកម្មពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យ Kioxia ត្រូវពន្យារពេលការដាក់លក់ភាគហ៊ុនដល់ប្រជាជន ឬIPO ដែលកាលពីដើមមានកាលបរិច្ឆេទនៅថ្ងៃទី6 តុលាតទៅ។

    ការពន្យារពេលលក់IPO របស់ Kioxia ធ្វើឱ្យផ្សារភាគហ៊ុនរបស់ជប៉ុន បាត់បង់ឱកាសការប្រមូលទុនគ្រាសំខាន់ កណ្ដាលស្ថានការណ៍វិបត្តិកូវីដ ព្រោះរំពឹងថា ភាគហ៊ុនKioxia នឹងមានតម្លៃគោលទ្រព្យតាមតម្លៃទីផ្សារដល់ទៅជាង 14,000លានដុល្លារ។ ជាភាគហ៊ុនដែលមានតម្លៃIPO ខ្ពស់បំផុតក្នុងឆ្នាំនេះ។

    Huawei បានប្រមូលទិញឧបករណ៍អេឡិចត្រូនិក ពីអ្នកផលិតនៅជប៉ុនច្រើនដល់ទៅ ៥០% កាលពីឆ្នាំកន្លងទៅ ក្រោយប្រឈមនឹងភាពមិនច្បាស់លាស់ពីសហរដ្ឋអាមេរិក តែខណៈនេះ អ្នកផលិតនៅជប៉ុនចាំបាច់ត្រូវតែបញ្ឈប់ការលក់គ្រឿងផ្គុំទៅឱ្យ Huawei ដោយសារវិធានការទណ្ឌកម្មពាណិជ្ជកម្មរបស់អាមេរិក តឹងរ៉ឹងខ្លាំង គ្របដណ្ដប់ដល់អ្នកផលិតគ្រប់ប្រទេស ដែលប្រើនវានុវត្តន៍របស់អាមេរិក។ អ្នកល្មើសនឹងវិធានការនេះ នឹងត្រូវឆ្លើយតបដោយការហាមនាំចូលសូហ្វវែរ និងតិចណូឡូជីពីសហរដ្ឋអាមេរិក រួមទាំងប្រទេសទី៣ ដែលប្រើប្រាស់នវានុវត្តន៍របស់អាមេរិកផងដែរ។ ក្រៅពីនេះ នៅមានការពិន័យជាប្រាក់ មិនលើស ១លានដុល្លារ និងជាប់ពន្ធនាគារទៀតផង។

    Huawei ជាអ្នកផលិតស្មាតហ្វូនលំដាប់លេខ១ របស់ពិភពលោក វ៉ាដាច់សាំស៊ុង កាលពីត្រីមាសកន្លងទៅ និងនៅតែជាអ្នកនាំមុខក្នុងការលក់មូលដ្ឋានបណ្ដាញទូរស័ព្ទចល័ត ដែលមានចំណែកទីផ្សារប្រមាណ 30%។

    វិធានការទណ្ឌកម្មពាណិជ្ជកម្មលើ Huawei របស់អាមេរិក បានធ្វើឱ្យជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ដែលជាអ្នកផលិតម៉ៃក្រូឈីពធំៗលើពិភពលោក ត្រូវបាត់បង់ប្រាក់ចំណូល ពីការលក់គ្រឿងផ្គុំទៅឱ្យ Huawei ច្រើនដល់ទៅ 2.8លានលានយ៉េន ឬប្រមាណ 26,400លានដុល្លារក្នុង ១ឆ្នាំ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • Ant Group​ របស់ ​Jack Ma​ ទើប​តែ​បាន ​IPO​ ដោយ​ជោគ​ជ័យ​ ប្រមូល​ទុន​បាន​ជាង​34​ពាន់​លាន​ដុល្លារ​ ខណៈ​តម្លៃ​ក្រុម​ហ៊ុន​ក៏​កើន​​ដល់​ជាង​300​ពាន់​លាន​ដុល្លារ

    Ant Group​ របស់ ​Jack Ma​ ទើប​តែ​បាន ​IPO​ ដោយ​ជោគ​ជ័យ​ ប្រមូល​ទុន​បាន​ជាង​34​ពាន់​លាន​ដុល្លារ​ ខណៈ​តម្លៃ​ក្រុម​ហ៊ុន​ក៏​កើន​​ដល់​ជាង​300​ពាន់​លាន​ដុល្លារ

    ក្រុមហ៊ុន Ant Group របស់ Jack Ma ទើបតែបង្កើតបានករណី IPO ធំបំផុតក្នុងប្រវត្តិសាស្ត្រ ជាសញ្ញាមួយបញ្ជាក់បន្ថែមអំពីជោគជ័យដ៏កក្រើកមេឃរញ្ជួយដីរបស់មហាយក្សនៃប្រទេសចិន និងទីផ្សារមូលបត្ររបស់ប្រទេសនេះ។

    ជាក់ស្ដែង ក្រុមហ៊ុន Ant Group បានធ្វើការបោះផ្សាយលក់មួលបត្រដំបូង (IPO) នៅផ្សារហ៊ុន Hong Kong និង Shanghai ក្នុងតម្លៃបន្តបន្ទាប់គឺ 10.32ដុល្លារ និង10.13ដុល្លារ/ហ៊ុន។

    ប្រការនេះមានន័យថា ការធ្វើ IPO របស់ពួកគេនឹងប្រមូលទុនបាន 34.1ពាន់លានដុល្លារអាមេរិក ហើយតម្លៃរបស់ក្រុមហ៊ុននេះក៏កើនឡើងដល់310ពាន់លានដុល្លារផងដែរ។ ឯតទគ្គកម្មកន្លងមក បានទៅលើក្រុមហ៊ុនប្រេង Aramco ដោយព្រឹត្តិការណ៍ IPO របស់ក្រុមហ៊ុននេះ ប្រមូលទុនបាន 29.4ពាន់លានដុល្លារអាមេរិកកាលពីខែធ្នូ2019។

    ជាផ្កាយដ៏ភ្លឺចែងចាំងនៅក្នុង “អាណាចក្រ” Alibaba ក្រុមហ៊ុន Ant បានប្រែក្លាយខ្លួនឯងឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអនឡាញពហុវិស័យ ចាប់ពីសេវាកម្មឥណទាន ទេសចរណ៍ រហូតដល់សេវាកម្មដឹកជញ្ជូនអាហារ ដើម្បីទាក់ទាញអតិថិជនរបស់ខ្លួនដែលបានធ្លាក់ទៅក្នុងដៃក្រុមហ៊ុន Tencent នាពេលកន្លង។ CEO របស់ក្រុមហ៊ុន Ant លោក Simon Hu បាននិយាយថា លោកចង់ឱ្យគ្រប់គ្នានឹកដល់ Alipay ឱ្យលើសពីសេវាកម្មហិរញ្ញវត្ថុ ដែលជាកម្មវិធីទូទាត់ប្រាក់សម្រាប់របស់ថ្នាលពាណិជ្ជកម្មអនឡាញធំបំផុតក្នុងពិភពលោក។ មួយផ្នែកនៃមហិច្ឆតានេះ នោះគឺការងើបឡើងរបស់ Ant នៅក្នុងទ្វីបអាស៊ី ជាកន្លែងដែលពួកគេកំពុងតែចរចាជាមួយនឹងបណ្ដាក្រុមហ៊ុនផ្ដល់សេវាកម្មទូទាត់បែបឌីជីថលនៅប្រទេសឥណ្ឌា និងប្រទេសថៃ។

    Ant Group របស់ Jack Ma ទើបតែបាន IPO ដោយជោគជ័យ ប្រមូលទុនបានជាង34ពាន់លានដុល្លារ ខណៈតម្លៃក្រុមហ៊ុនក៏កើន​ដល់ជាង300ពាន់លានដុល្លារក្រុមហ៊ុន Ant ត្រូវបានកំណត់តម្លៃ 150ពាន់លានដុល្លារ នៅមុនដំណាក់កាល IPO ដែលរកបានចំណេញ2ពាន់លានដុល្លារក្នុង1ត្រីមាស។ ទិន្នន័យនេះត្រូវបានយោងទៅតាមឯកសាររបស់ Alibaba។

    ដូចទៅនឹង Alibaba ក្រុមហ៊ុន Ant បានទទួលរងការខូចខាតច្រើនពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ កាលពីឆ្នាំ2018 លោក Jack Ma បាននិយាយថា ការសន្យារបស់លោកដែលថានឹងបង្កើតការងារចំនួន1លាននៅសហរដ្ឋអាមេរិក គឺមិនអាចទៅរួច ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំង2។

    ជំនួសមកវិញ Ant ផ្ដោតទៅមហិច្ឆតាពង្រីកវត្តមានរបស់ខ្លួននៅក្នុងផ្នែកដែលនៅសេះសល់ក្នុងទីផ្សារអាស៊ី ជាកន្លែងដែលពួកគេកំពុងធ្វើការជាមួយក្រុមហ៊ុនថ្មីៗផ្នែកទូទាត់តាមអនឡាញចំនួន9 រួមមានទាំង Paytm នៅឥណ្ឌា និង Gcash នៅហ្វីលីពីនផងដែរ។ នៅក្នុងប្រទេសចិនវិញ Ant ក៏កំពុងតែពង្រីកទៅកាន់សេវាកម្មបច្ចេកវិទ្យា និងការលក់ទំនិញ។

    ដំណោះស្រាយបច្ចេកវិទ្យារបស់ Ant រួមមានសេវាកម្មកុំព្យូទ័រពពក (Cloud computing) បញ្ញាសិប្បនិម្មិត រួមនឹង blokchain និងគ្រប់គ្រងហានិភ័យ។ គោលដៅរបស់ Ant គឺការជួយដល់ធនាគារនានាក្នុងការផ្ដល់ឥណទានដល់អតិថិជន និងសហការជាមួយបណ្ដាក្រុមហ៊ុនដូចជា KFC និង Marriot ជាដើម ដើម្បីទាក់ទាញ និងគ្រប់គ្រងអតិថិជន។

    Ant Group របស់ Jack Ma ទើបតែបាន IPO ដោយជោគជ័យ ប្រមូលទុនបានជាង34ពាន់លានដុល្លារ ខណៈតម្លៃក្រុមហ៊ុនក៏កើន​ដល់ជាង300ពាន់លានដុល្លារលោក Hu អះអាងថា យុទ្ធសាស្ត្រនេះនឹងជួយឱ្យ Ant អាចរក្សាការពារការត្រួតត្រារបស់ខ្លួននៅក្នុងទីផ្សារទូទាត់ចល័តដែលមានតម្លៃ29ពាន់លានដុល្លាររបស់ប្រទេសចិន។ ចំណែកទីផ្សាររបស់ Alipay បានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល3ត្រីមាសកន្លង និងបានកើនឡើង55.1% នៅក្នុងត្រីមាសទី4នៃឆ្នាំ2019 ខណៈដែល Tencent កាន់កាប់ចំណែកទីផ្សារ ប្រមាណ38.9%។

    ក្រុមហ៊ុននេះក៏បាននិងកំពុងធ្វើពិពិធកម្មទៅលើបណ្ដាផ្នែកពាណិជ្ជកម្មរបស់ខ្លួនដើម្បីកាត់បន្ថយការផ្ដោតទៅលើតែវិស័យដែលមានភាព “រសើប” បន្ទាប់ពីត្រូវបានក្រុមមន្ត្រីធ្វើការស៊ើបអង្កេត ដោយសារតែសកម្មភាពពង្រីកខ្លួនយ៉ាងខ្លាំងក្លានៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ និងផលិតផលក្នុងផ្ទះ។

    ដើម្បីជាការសម្គាល់ទៅលើការប្ដូរផ្លាស់ Ant បានប្ដូរឈ្មោះពី Ant Financial Service ទៅជា Ant Group កាលពីចុងខែឧសភា2020៕

    ប្រភព៖ CNN

  • ចិនប្រកាសផ្ដាច់ពាណិជ្ជកម្មជាមួយ “Boeing” ដោយសារខឹងអាមេរិក លក់អាវុធឱ្យតៃវ៉ាន់

    ចិនប្រកាសផ្ដាច់ពាណិជ្ជកម្មជាមួយ “Boeing” ដោយសារខឹងអាមេរិក លក់អាវុធឱ្យតៃវ៉ាន់

    ក្រុមទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍កាលពីថ្ងៃចន្ទ(ទី26តុលា) ថា អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហើបឱ្យដឹងថា រដ្ឋបាលចិន មានមតិឯកភាព ឱ្យដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចទៅលើក្រុមហ៊ុន និងបុគ្គលណាដែលពាក់ព័ន្ធនឹងការលក់អាវុធឱ្យទៅប្រទេសតៃវ៉ាន់។

    របាយការណ៍ បានសន្និដ្ឋានថា ក្រុមហ៊ុនដែលនឹងរងផលប៉ះពាល់ពីវិធានការនេះ មានក្រុមហ៊ុន “បូអ៊ីង” អ្នកផលិតអាកាសយានដ៏ធំសម្បើមរបស់សហរដ្ឋអាមេរិក, “ឡក់ហ៊ីត ម៉ាទីន” ក្រុមហ៊ុនផលិតអាវុធយុទ្ធោបករណ៍ដ៏ល្បីល្បាញរបស់អាមេរិក និង “រ៉េយ៍ធៀន” មហាយក្សខាងវិស្វកម្ម អាមេរិក។

    អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងថា “វិធានការទាំងនោះ ធ្វើឡើងដើម្បីការពារអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ចិន”។

    យ៉ាងណាក៏ដោយ រដ្ឋបាលចិន នៅតែបដិសេធក្នុងការផ្ដល់ទិន្នន័យច្បាស់លាស់ ពាក់ព័ន្ធនឹងបញ្ជីឈ្មោះរបស់ស្ថាប័ន និងបុគ្គលដែលស្ថិតនៅក្នុងបញ្ជីខ្មៅលើកនេះ។

    កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក ទើបតែអនុម័តការលក់ប្រព័ន្ធអាវុធទៅឱ្យប្រទេសតៃវ៉ាន់ ដែលមានតម្លៃសរុបប្រមាណជា 1,800លានដុល្លារ។

    ចិន បានប្រកាន់ខ្ជាប់ថា តៃវ៉ាន់ គឺគ្រាន់តែជា “មណ្ឌលក្បត់” មួយ ដែលត្រូវតែបង្រួបបង្រួមចូលមកនៅក្រោមការគ្រប់គ្រងរបស់ចិនដីគោកនៅថ្ងៃណាមួយឱ្យបាន ទោះជាត្រូវប្រើកម្លាំងយោធាក៏ដោយ ក្នុងខណៈដែលសហរដ្ឋអាមេរិកខ្លួនឯង ក៏សម្លឹងមើលតៃវ៉ាន់ ថាជាភាគហ៊ុនប្រជាធិបតេយ្យដ៏សំខាន់មួយ និងមានករណីពាក់ព័ន្ធតាមច្បាប់ ដែលនឹងត្រូវតែជួយក្រុងថៃប៉ិ ឱ្យអាចការពារខ្លួនឯងឱ្យបាន។

    ក្រសួងការបរទេសចិន បានចេញមកព្រមានកាលពីសប្ដាហ៍មុនថា ការដែលសហរដ្ឋអាមេរិក លក់អាវុធឱ្យតៃវ៉ាន់ អាចរាប់បានថាជាការរុករានអធិបតេយ្យភាព និងផលប្រយោជន៍ផ្នែកសន្តិសុខរបស់ចិនយ៉ាងខ្លាំងក្លា និងទាមទារឱ្យសហរដ្ឋអាមេរិក ពិចារណាផែនការទាំងនោះឡើងវិញ បើមិនដូច្នោះទេ ក្រុងប៉េកាំងនឹង “ប្រើវិធានការឆ្លើយតបវិញ ដែលត្រឹមត្រូវ និងចាំបាច់ទៅតាមស្ថានការណ៍”៕

    ប្រភព៖ សារព័ត៌មានបរទេស

     

  • ពលរដ្ឋ​អាមេរិកាំង​ជាង​61​លាន​នាក់​បាន​​បោះ​ឆ្នោត​​មុន​កាល​កំណត់​ដើម្បី​ជ្រើស​រើស​ប្រធានាធិបតី

    ពលរដ្ឋ​អាមេរិកាំង​ជាង​61​លាន​នាក់​បាន​​បោះ​ឆ្នោត​​មុន​កាល​កំណត់​ដើម្បី​ជ្រើស​រើស​ប្រធានាធិបតី

    ពលរដ្ឋអាមេរិកាំងចំនួន61.3លាននាក់ បានទៅបោះឆ្នោតមុនកាលកំណត់ ដែលតួលេខនេះជិតស្មើនឹងពាក់កណ្ដាលនៃចំនួនសន្លឹកឆ្នោតដែលបានបោះកាលពីឆ្នាំ2016 បើទោះថ្ងៃបោះឆ្នោត (3វិច្ឆិកា) នៅសល់ជាង1សប្ដាហ៍ទៀត។

    អង្គភាពគ្រប់គ្រងគម្រោងបោះឆ្នោតនៃសាកលវិទ្យា Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី26តុលាបានឱ្យដឹងថា អត្រានៃអ្នកបានទៅបោះឆ្នោតមុនកាលកំណត់ មានការកើនឡើងខ្ពស់នៅក្នុងបណ្ដារដ្ឋជាយុទ្ធសាស្ត្រ រួមមាន Florida, Georgia និង North Carolina ជាមួយនឹងតួលេខនៃការបោះឆ្នោត ដែលរាប់ជាលំដាប់លំដោយគឺ 62.8%, 66.1% និង 66.5%។

    ការបោះឆ្នោតផ្ទាល់មុនកាលកំណត់ គឺជារឿងថ្មីសម្រាប់រដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក ក្នុងនោះមានរដ្ឋ New York ជាដើម។ ក៏ប៉ុន្តែ ដោយសារតែមានការបារម្ភចំពោះCovid-19 ពលរដ្ឋនៅ New York ក៏នាំគ្នាទៅបោះឆ្នោតមុនកាលកំណត់ នាំឱ្យតួលេខអ្នកទៅបោះឆ្នោតនៅទីនេះ មានប្រមាណ5.4% បើធៀបនឹងចំនួនសន្លឹកឆ្នោតនៅទូទាំងរដ្ឋ New York កាលពីឆ្នាំ2016។

    ក្រុមអ្នកជំនាញបានព្យាករថា ការបោះឆ្នោតអាណត្តិនេះ នឹងទាក់ទាញអ្នកទៅបោះឆ្នោតប្រហែល150លាននាក់ ស្មើនឹង65%នៃម្ចាស់ឆ្នោតស្របច្បាប់សរុប ដែលនេះគឺជាអត្រាខ្ពស់មិនធ្លាប់មានក្នុងអំឡុងពេលជាង100ឆ្នាំកន្លងទៅនេះ។

    បក្សប្រជាធិបតីនៅតែបន្តនាំមុខក្នុងការបោះឆ្នោតមុនកាលកំណត់ ប៉ុន្តែ បក្សសាធារណរដ្ឋក៏កំពុងតែបង្រួញគម្លាតនេះជាបណ្ដើរៗហើយ។ អ្នកគាំទ្របក្សសាធារណរដ្ឋក៏តែងតែចូលចិត្តបោះឆ្នោតផ្ទាល់នៅក្នុងថ្ងៃបោះឆ្នោតចុងក្រោយ ដែលនេះនឹងអាចធ្វើឱ្យលទ្ធផលមានការប្រែប្រួលនាពេលខាងមុខ។

    ការប្រជែងដណ្ដើមកាន់កាប់សេតវិមាន បានឈានចូលដល់ដំណាក់កាលចុងក្រោយ ហើយបេក្ខភាព Trump និង Biden បានបញ្ចប់ការជជែកតតាំងគ្នាលើកចុងក្រោយដើម្បីបង្ហាញអំពីការយល់ឃើញរៀងៗខ្លួន ក្នុងបំណងទាក់ទាញការគាំទ្រពីសំណាក់ម្ចាស់ឆ្នោត៕

    ប្រភព៖ SCMP

  • កម្ពុជា​រក​​ឃើញ​​អ្នក​​ផ្ទុក​​Covid-19 ​ចំនួន​​1​ករណី​​ទៀត​​ហើយ

    កម្ពុជា​រក​​ឃើញ​​អ្នក​​ផ្ទុក​​Covid-19 ​ចំនួន​​1​ករណី​​ទៀត​​ហើយ

    ក្រសួង​សុខាភិបាល​កម្ពុជា​ នា​ព្រឹក​ថ្ងៃទី​27​​តុាលា​នេះ បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​Covid-19 ចំនួន​1​ករណី​បន្ថែម​ទៀត​ ដែល​នេះ​បាន​កើត​ឡើង​ចំពោះ​ស្ត្រី​ជន​ជាតិ​បារាំង​។

    តាម​រយៈ​ទំព័រ Facebook និង​គេហទំព័រ​របស់​ខ្លួន ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា អ្នក​ជំងឺ​ថ្មី​ខាងលើ​នេះ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំ​ពេញ​ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង​ ឆ្លងកាត់​ប្រទេស​សឹង្ហបុរី​ មុន​ពេល​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​25​តុលា​2020​។ បច្ចុប្បន្ន​ ស្ត្រី​អ្នកជំងឺ​នេះ​ កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ នៅរាជ​ធានី​ភ្នំ​ពេញ​។

    គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នកផ្ទុកវីរុស​Covid-19 សរុប​288​នាក់​ ក្នុង​នោះ​មាន​283​នាក់បាន​ជា​សះស្បើយ​ និង​5​នាក់​ផ្សេង​ទៀត​កំពុង​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ ដែល​ក្នុង​នោះ​ដែរ មាន​ជនជាតិ​ខ្មែរ2​នាក់ និង​បរទេស​3​នាក់​៕