Author: សឿន សំណាង

  • Donald Trump ព្រមានគូប្រជែងមិនឱ្យប្រកាសថាជាប់ឆ្នោត ខណៈ Biden ត្រៀមខ្លួនឡើងថ្លែងការណ៍

    Donald Trump ព្រមានគូប្រជែងមិនឱ្យប្រកាសថាជាប់ឆ្នោត ខណៈ Biden ត្រៀមខ្លួនឡើងថ្លែងការណ៍

    តាមគម្រោង បេក្ខភាពប្រធានាធិបតីអាមេរិក លោក Joe Biden នឹងធ្វើសេចក្ដីថ្លែងការណ៍មួយនៅពេលបន្តិចទៀតនេះ ហើយលោកត្រូវបានគេជឿថា នឹងប្រើពាក្យពេចន៍ទាក់ទងនឹងជ័យជំនះនៃការបោះឆ្នោត ក៏ប៉ុន្តែ លោក Trump បានព្រមានថា លោក Biden មិនគួរប្រកាសជ័យជំនះនោះទេ ព្រោះថា សង្គ្រាមផ្លូវច្បាប់ទើបតែចាប់ផ្ដើមប៉ុណ្ណោះ។

    ប្រធានាធិបតី Donald Trump បានសរសេរនៅលើទំព័រ Twitter កាលពីថ្ងៃ6ទីវិច្ឆិកាថា៖ “Joe Biden មិនគួរប្រកាសប្រកបដោយកំហុសឆ្គងថាជាប់ឆ្នោតប្រធានាធិបតី។ ខ្ញុំក៏អាចប្រកាសបែបនេះបានដែរ។ នីតិវិធីផ្លូវច្បាប់ ទើបតែចាប់ផ្ដើមប៉ុណ្ណោះ”។

    ចាប់តាំងពីថ្ងៃបោះឆ្នោត (3វិច្ឆិកា) លោក Joe Biden បានអំពាវនាវឱ្យពលរដ្ឋអាមេរិកាំងទាំងអស់ រក្សាភាពស្ងប់ស្ងាត់ និងរក្សាទំនុកចិត្តទៅលើប្រព័ន្ធបោះឆ្នោត ហើយគួរអត់ធ្មត់ក្នុងពេលដែលសន្លឹកឆ្នោតនីមួយៗត្រូវបានរាប់។

    សូមបញ្ជាក់ថា មកដល់ពេលនេះ លទ្ធផលបណ្ណោះអាសន្ននៃការរាប់សន្លឹកឆ្នោតបានបង្ហាញថា លោក Joe Biden ដែលជាបេក្ខភាពប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រពីតំណាងម្ចាស់ឆ្នោតចំនួន253សំឡេង (តាមលទ្ធផលដែលបានកែប្រែ) ឬ 264សំឡេង (តាមលទ្ធផលដើម) ខណៈគូប្រជែងរបស់លោក គឺលោក Donald Trump ទទួលបាន214សំឡេង (យោងតាម New York Times/BBC) ឬ 213 (យោងតាម CNN)។

    ជាមួយនឹងលទ្ធផលខាងលើ លោក Biden ត្រូវការសំឡេងឆ្នោតពីតំណាងម្ចាស់ឆ្នោតចំនួន17សំឡេង (តាមលទ្ធផលដែលបានកែប្រែ) ឬ 6សំឡេង (តាមលទ្ធផលដើម) ទៀតប៉ុណ្ណោះ នឹងជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក៕

    ប្រភព៖ CNN/NYtimes/BBC

  • Biden ​ត្រៀម​ខ្លួន​ឡើង​ថ្លែង​ការណ៍​ជា​សាធារណៈ​នៅ​បន្តិច​ទៀត​នេះ

    Biden ​ត្រៀម​ខ្លួន​ឡើង​ថ្លែង​ការណ៍​ជា​សាធារណៈ​នៅ​បន្តិច​ទៀត​នេះ

    បក្ខភាពប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden ថ្លែងការណ៍ពីទីក្រុង Wilmington ដែលជាស្រុកកំណើតរបស់លោក ក្នុងគ្រាដែលជ័យជំនះទំនងជានឹងបានទៅលើរូបលោក។

    តាមគម្រោង លោក Biden នឹងធ្វើសេចក្ដីថ្លែងការណ៍ទៅកាន់ប្រជាជនទូទាំងប្រទេស នៅព្រលប់ថ្ងៃទី6​វិច្ឆិកា​​ (ព្រឹក​ថ្ងៃ​ទី​7​វិច្ឆកា​នៅកម្ពុជា)។ លោក Biden ក៏នឹងថ្លែងការណ៍នៅក្នុងទីក្រុង Wilmington រដ្ឋ Delaware ដែលជាស្រុកកំណើតរបស់លោក។ បេក្ខភាពអនុប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ក៏នឹងមានសេចក្ដីថ្លែងការណ៍នៅមុនលោក Biden ផងដែរ។

    នៅឯមជ្ឈមណ្ឌល Chase ក្នុងទីក្រុង Wilmington រដ្ឋ Delaware ដែលជាទីស្នាក់ការនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់ Biden ទីប្រឹក្សាកំពូលៗរបស់លោក ត្រូវបានគេមើលឃើញថា ធ្វើដំណើរចុះឡើងនៅក្នុងសាលនៃសណ្ឋាគារ។ បុគ្គលិកធ្វើការពេញមួយថ្ងៃដើម្បីត្រៀមគាំទ្រដល់ការឡើងថ្លែងការណ៍របស់លោក Biden។ រថយន្តនានា បានដឹកកៅអីមករៀបនៅខាងមុខវេទិកា ជាកន្លែងដែលលោក Biden និងលោកស្រី Harris នឹងធ្វើសេចក្ដីថ្លែងការណ៍នៅបន្តិចទៀតនេះ។

  • បន្ទាប់ពីក្ស័យធន Thai Airways ប្រកាសលក់យន្តហោះ 34គ្រឿង

    បន្ទាប់ពីក្ស័យធន Thai Airways ប្រកាសលក់យន្តហោះ 34គ្រឿង

    ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways កំពុងប្រកាសស្វែងរកអ្នកទិញយន្តហោះ Boeing និង Airbus មួយទឹក ចំនួនរាប់សិបគ្រឿងរបស់ខ្លួន ក្នុងបំណងទូទាត់បំណុល 350ពាន់លានបាត (ប្រហែលនឹង11.4ពាន់លានដុល្លារអាមេរិក)។

    ក្រុមអ្នកទិញ មានពេលកំណត់ចាប់ពីថ្ងៃនេះដល់ថ្ងៃទីទី13វិច្ឆិកា ដើម្បីចុះឈ្មោះចូលរួមការដេញថ្លៃ ហើយការលក់នេះនឹងត្រូវបានធ្វើឡើងក្រោមផែនការរៀបចំរចនាសម្ព័ន្ធពាណិជ្ជកម្មឡើងវិញ ដែលប្រការនេះត្រូវបានយល់ព្រមពីតុលាការក្ស័យធនកាលពីខែកញ្ញា។

    Thai Airways កំពុងតែរៀបចំរចនាសម្ព័ន្ធពាណិជ្ជកម្មទាំងមូលរបស់ខ្លួនឡើងវិញ ក្រោយពី Covid-19 បាននិងកំពុងបំផ្លាញវិស័យអាកាសចរណ៍ទូទាំងពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Nok Airlines ជាក្រុមហ៊ុនដែល Thai Airways កាន់កាប់ភាគហ៊ុន13% ក៏ទទួលបានការយល់ព្រមពីតុលាការក្នុងសប្ដាហ៍នេះអំពីដំណើរការនៃការទូទាត់ ឬរៀបចំខ្ទង់បំណុលរបស់ខ្លួន ក្រោយពីប្រាក់ចំណូលបានធ្លាក់ចុះខ្លាំង។

    ការលក់យន្តហោះនេះគឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធជំនួញឡើងវិញរបស់ Thai Airways។ នេះគឺជាជំហានមួយដែលក្រុមហ៊ុននេះយល់ថា “ចាំបាច់ដើម្បីកាត់បន្ថយក្រុមហោះហើរ ក្នុងបំណងសម្របខ្លួនទៅតាមអត្រានៃការហោះហើរនាបច្ចុប្បន្ន ទន្ទឹមនឹងការកាត់បន្ថយការចំណាយ។ ការលក់យន្តហោះនេះនឹងស្នើឱ្យមានការយល់ព្រមពីសំណាក់ភាគហ៊ុនិក និងតុលាការក្ស័យធន”។

    កាលពីថ្ងៃទី26ឧសភា ក្រុមហ៊ុនថៃមួយនេះ បានដាក់ពាក្យសុំធ្វើការក្ស័យធនជាផ្លូវការទៅកាន់តុលាការក្ស័យធនថៃ។ ដំណឹងនេះត្រូវបានលើកឡើង បន្ទាប់ពីមូលបត្ររបស់ Thai Airways បានកើន12.9% ឡើងដល់4.9បាត នៅក្នុងការជួញដូរកាលពីថ្ងៃទី26ឧសភា។

    មុនពេលធ្លាក់ដល់ដំណាក់កាលក្ស័យធន Thai Airways បានរកមធ្យោបាយជាច្រើនដើម្បីសង្គ្រោះខ្លួន។ ពួកគេបានស្នើសុំកញ្ចប់ជំនួយ10ពាន់លានបាត (307លានដុល្លារអាមេរិក) ពីរដ្ឋាភិបាលថៃ ដើម្បីយកមកបើកប្រាក់ខែជូនបុគ្គលិក។

    ក្រៅពីនេះ ក្រុមហ៊ុនក៏បានស្នើប្រាក់កម្ចី70ពាន់លានបាតផ្សេងទៀតពីក្រសួងហិរញ្ញវត្ថុថៃដើម្បីបន្តសកម្មភាពហោះហើរ។ ក៏ប៉ុន្តែ គ្រប់យ៉ាងមិនអាចជួយសង្គ្រោះក្រុមហ៊ុននេះបាន ដោយសារតែCovid-19។ ជាងនេះ Thai Airways នៅមានបញ្ហាហិរញ្ញវត្ថុផ្សេងទៀត ព្រោះតែខ្ទង់ខាតបង់ជាច្រើនឆ្នាំបន្តបន្ទាប់កន្លងមកនេះ។

    ឆ្នាំ2018 Thai Airways បានខាតបង់ 361លានដុល្លារ និងឆ្នាំ2019 បានខាត 374លានដុល្លារ។ បច្ចុប្បន្ន ក្រុមហ៊ុននេះនៅជំពាក់បំណុល 7.6ពាន់លានដុល្លារ ក្នុងនោះមាន 677លានដុល្លារគឺជាបំណុលដែលត្រូវទូទាត់នៅក្នុងឆ្នាំនេះ។ ក៏ប៉ុន្តែ Thai Airways នៅសល់ប្រាក់សុទ្ធត្រឹមតែ 674លានដុល្លារប៉ុណ្ណោះ ហើយលទ្ធភាពនៃការដោះបំណុលខាងលើ ទំនងជាមិនអាចទៅរួច៕

    ប្រភព៖ Bloomberg

     

  • អ្នក​ត្រលប់​នំ​នៅ​ហាង​ McDonald’s​ ក្លាយ​ជា​សេដ្ឋី​វ័យ​ក្មេង​ មាន​ផ្ទះ​ជួល​40​ខ្នង​ ដោយ​សារ​អាថ៌​កំបាំង​ពី​ជីដូន

    អ្នក​ត្រលប់​នំ​នៅ​ហាង​ McDonald’s​ ក្លាយ​ជា​សេដ្ឋី​វ័យ​ក្មេង​ មាន​ផ្ទះ​ជួល​40​ខ្នង​ ដោយ​សារ​អាថ៌​កំបាំង​ពី​ជីដូន

    Mandrell កំពុងកាន់កាប់អចលនទ្រព្យវិនិយោគដែលត្រូវបានវាយតម្លៃថា មានតម្លៃជាង10លានដុល្លារអាមេរិក ក្នុងនោះ ភាគច្រើនគឺជាអចលនទ្រព្យសម្រាប់ជួលឱ្យបណ្ដាគ្រួសារតូចៗនៅ Boston សហរដ្ឋអាមេរិក។

    ពេលធំឡើង Willie Mandrell ដែលបច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុន The Mandrell Co. និងជាស្ថាបនិកក្រុមហ៊ុន Wealth Builder Nation បានមើលឃើញអំពីការរីកចម្រើននៃការវិនិយោគទៅលើអចលនទ្រព្យរបស់គាត់។ Willie Mandrell បានប្រាប់ Business Insider ថា៖ “លោកយាយខាងម្ដាយរបស់ខ្ញុំធ្លាប់ធ្វើជាអ្នករត់តុ និងធ្វើការងារប្រើកម្លាំងជាច្រើនផ្សេងទៀត មុននឹងមានមនុស្សម្នាក់ណែនាំឱ្យគាត់ទិញផ្ទះតូចមួយខ្នងទុកសម្រាប់ជួល”។

    ក្នុងអំឡុងទសវត្សរ៍1950 លោកយាយរបស់ Willie Mandrell ក៏បានទិញផ្ទះមួយខ្នងនៅតំបន់ South End នៃទីក្រុង Boston។ ជំនាន់នោះ តំបន់នេះមិនទាន់មានមនុស្សម្នារស់នៅច្រើននៅឡើយ ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមក ប្រាក់ដែលរកបានពីការជួលផ្ទះរបស់គាត់ក៏បានកើនឡើងជាបន្តបន្ទាប់ នៅពេលមានក្រុមហ៊ុនកាន់តែច្រើន​មក​បើកមុខជំនួញនៅទីនេះ។ មិនយូរប៉ុន្មាន លោកយាយរបស់ Willie Mandrell ក៏យកប្រាក់ដែលសន្សំបានពីការជួលផ្ទះ ទៅទិញផ្ទះដទៃទៀតនៅក្នុងតំបន់។

    Willie Mandrell និយាយថា៖ “លោកយាយរបស់ខ្ញុំគឺជាស្ត្រីម្នាក់ដែលមានកម្រិតវប្បធម៌ត្រឹមថ្នាក់ទី6ប៉ុណ្នោះ ប៉ុន្តែអាចរកទ្រព្យបានយ៉ាងច្រើនតាមរយៈអចលនទ្រព្យ។ ពេលខ្ញុំ និងបងប្អូនខ្ញុំដើរជាមួយ គាត់រៀបរាប់ប្រាប់រឿងរ៉ាវទាំងអស់អំពីការរកស៊ីរបស់គាត់”។

    អ្នកត្រលប់នំនៅហាង McDonald’s ក្លាយជាសេដ្ឋីវ័យក្មេង មានផ្ទះជួល40ខ្នង ដោយសារអាថ៌កំបាំងពីជីដូនក៏ប៉ុន្តែ អាថ៌កំបាំងនៃការរកស៊ីរបស់គាត់ មិនមែនមិនគិតថ្លៃនោះឡើយ ព្រោះពួកគេ (ចៅៗ) ត្រូវចំណាយកម្លាំងដើម្បីបានទទួលបទពិសោធន៍នេះ។ ជាក់ស្ដែង Willie Mandrell ត្រូវជួយបោសសម្អាតផ្ទះ ប្រមូលថ្លៃជួលផ្ទះ និងថែរក្សាផ្ទះសម្រាប់ជួលទាំងនោះផងដែរ ដើម្បីជាថ្នូរនឹងការបានទទួលដំបូន្មានដ៏មានប្រយោជន៍ពីលោកយាយក្នុងវិស័យអចលនទ្រព្យ។

    បច្ចុប្បន្ន Willie Mandrell កំពុងកាន់កាប់អចលនទ្រព្យវិនិយោគដែលត្រូវបានវាយតម្លៃថា មានតម្លៃជាង​10​លាន​ដុល្លារអាមេរិក ក្នុងនោះ ភាគច្រើនគឺជាអចលនទ្រព្យសម្រាប់ជួលឱ្យបណ្ដាគ្រួសារតូចៗនៅ Boston។ ក្រៅពីនេះ Willie Mandrell ថែមទាំងជួយគ្រប់គ្នាដែលមានបំណងទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុផងដែរ តាមរយៈការប្រឹក្សាយោបល់ និងការណែនាំផ្សេងៗ។

    ខាងក្រោមនេះគឺជាវិថីដែលបាននាំឱ្យ Willie Mandrell ក្លាយជាសេដ្ឋី និងជាម្ចាស់របស់ក្រុមហ៊ុន Mandrell ដោយការប្រឹងប្រែងពីបាតដៃទទេ៖

    ជំនួញដំបូងបង្អស់

    ដោយទទួលបានចំណេះដឹងពីបទពិសោធន៍របស់លោកយាយ យុវជន Willie Mandrell ក៏បានសម្រេចចិត្តទិញ និងគ្រប់គ្រងអចលនទ្រព្យ ហើយទុកវាដូចទៅនឹងវិធីសម្រាប់ក្លាយជាអ្នកមាននៅថ្ងៃមុខ។ Willie Mandrell បានទិញអចលនទ្រព្យចំនួនពីរក្នុងគ្រាដំបូង ក្នុងពេលដែលលោកមានវ័យ23ឆ្នាំ។

    បើទោះជាទទួលបានប្រាក់ជំនួយមួយផ្នែកពីលោកយាយរបស់គាត់ ប៉ុន្តែ Willie Mandrell នៅតែត្រូវរកវិធីដើម្បី​រកប្រាក់បន្ថែមទៀងដើម្បីយកមកបង្គ្រប់សម្រាប់ទិញអចលនទ្រព្យដំបូងរបស់ខ្លួន។ Willie Mandrell ធ្វើកិច្ចការតូចតាចជាច្រើន ក្នុងនោះក៏មានការងារជាអ្នកត្រលប់នំនៅហាង McDonald’s ផងដែរ។ ការប្រឹងប្រែងរបស់គាត់ ទទួលបានការតបស្នងយ៉ាងឆាប់រហ័ស នៅពេលគាត់រកបានប្រាក់គ្រប់គ្រាន់សម្រាប់ទិញអចលនទ្រព្យ ខណៈដែលអាយុរបស់គាត់នៅក្មេង។

    អ្នកត្រលប់នំនៅហាង McDonald’s ក្លាយជាសេដ្ឋីវ័យក្មេង មានផ្ទះជួល40ខ្នង ដោយសារអាថ៌កំបាំងពីជីដូនយូរៗទៅ Willie Mandrell កាន់តែយល់ច្បាស់ថា លោកយាយរបស់ខ្លួនពិតជានិយាយត្រូវ។ ប្រាក់កក់ទិញផ្ទះរបស់ Willie Mandrell មានតម្លៃ 2,500ដុល្លារ ហើយគាត់ទទួលបាន1,750ដុល្លារពីអ្នកជួលផ្ទះនៅជាន់ក្រោម ខណៈដែល Willie Mandrell រស់នៅជាន់លើ។ ខ្ទង់ប្រាក់កក់សម្រាប់ទិញផ្ទះ រួមនឹងពន្ធ និងធានារ៉ាប់រងរបស់ Willie Mandrell សរុបប្រមាណ70% ត្រូវបានអ្នកជួលផ្ទះរបស់គាត់ “បង់ថ្លៃជំនួស” ទាំងស្រុង ពោលគឺ Willie Mandrell ហាក់ “ធ្វើនំមិនស្ទើរតែមិនប្រើម្សៅ”។

    មិនយូរប៉ុន្មាន Willie Mandrell ក៏លែងភ័យខ្លាច។ ប្រាក់ដែលរកបាន Willie Mandrell ទុកសម្រាប់ទិញអចលនទ្រព្យថ្មី និងដាក់ជួល ហើយកិច្ចការនេះត្រូវបានធ្វើឡើងជាដដែលៗ និងជាបន្តបន្ទាប់។

    យុទ្ធសាស្ត្ររបស់ Willie Mandrell

    មនុស្សជាច្រើនចាត់ទុកថា ផ្ទះចាស់ៗ ផ្ទះហួសសម័យជ្រុល ជា “របស់មិនគួរទិញ” ប៉ុន្តែ Willie Mandrell បែរជាមើលឃើញថា វាជារបស់ល្អ។ និយាយរួម Willie Mandrell មានគំនិតស្វែងរកផ្ទះចាស់ៗ ដើម្បីទិញក្នុងតម្លៃទាប។

    ប្រការនេះមិនត្រឹមតែអាចជួយដល់អ្នកលក់ផ្ទះ ប៉ុន្តែ ក៏ជួយឱ្យ Willie Mandrell មានឱកាសច្រើនក្នុងការកាន់កាប់អចលនទ្រព្យបន្ថែមទៀត។ បន្ទាប់ពីកិច្ចការជួលជុល កែលំអបានបញ្ចប់ Willie Mandrell ចាប់ផ្ដើមរក​បាន​ចំណេញពីផ្ទះចាស់ដែលបានជួសជុលនោះក្នុងរយៈពេលវែង ដោយការដាក់ជួល។

    ដូច្នេះ ដោយសារតែទទួលបានដំបូន្មានផ្នែកជំនួញពីលោកយាយ រួមនឹងយុទ្ធសាស្ត្រឆ្លាតវៃខាងលើ Willie Mandrell ​ដែលពីមុនគឺជាពលករធម្មតា ក៏បានក្លាយជាសេដ្ឋី និងបានស្គាល់ភាពជាអ្នកមានសេរីភាពផ្នែកហិរញ្ញវត្ថុ។ គោលដៅខាងមុខរបស់ Willie Mandrell នោះគឺការបន្តទិញអចលនទ្រព្យ ក៏ដូចជាការចែករំលែកបទពិសោធន៍របស់ខ្លួនទៅឱ្យអ្នកដទៃ ពិសេសគឺកូនសិស្សរបស់គាត់៕

    ប្រភព៖ BI

  • Trump បំបែកកំណត់ត្រារបស់ Obama ស្ដីអំពីសំឡេងឆ្នោតគាំទ្រផ្ទាល់ពីពលរដ្ឋ

    Trump បំបែកកំណត់ត្រារបស់ Obama ស្ដីអំពីសំឡេងឆ្នោតគាំទ្រផ្ទាល់ពីពលរដ្ឋ

    លោក Donald Trump ទទួលបានសំឡេងឆ្នោតគាំទ្រផ្ទាល់ពីពលរដ្ឋជាង69.5សំឡេង ច្រើនជាងលោក Obama ដែលបានបង្កើតកំណត់ត្រាថ្មីកាលពីឆ្នាំ2008ទៅទៀត។

    យោងតាមទិន្នន័យពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតរបស់សហរដ្ឋអាមេរិក គិតមកដល់ថ្ងៃទី5វិច្ឆិកា ប្រធានាធិបតី Trump ដែលជាបេក្ខភាពមកពីបក្សសាធារណរដ្ឋ ទទួលបានសំឡេងឆ្នោតគាំទ្រផ្ទាល់ពីពលរដ្ឋជាង 69.59លានសំឡេង។ លោក Trump បានបំបែកកំណត់ត្រារបស់អតីតប្រធានាធិបតី Barack Obama ដែលទទួលបានសំឡេងឆ្នោតគាំទ្រជិត69.5លានសំឡេងនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ2008។

    បច្ចុប្បន្ន លោក Trump កំពុងកាន់កាប់សន្លឹកឆ្នោតប្រមាណ 49.9% ក្នុងចំណោមសន្លឹកឆ្នោតសរុបដែលត្រូវបានរាប់រួចរាល់ ក៏ប៉ុន្តែ លោក Trump នៅតែខ្សោយជាងគូប្រជែង Joe Biden ដែលបច្ចុប្បន្នកាន់កាប់សន្លឹកឆ្នោតប្រមាណ 73.6លានសំឡេង ស្មើនឹង50.5% នៃសន្លឹកឆ្នោតដែលបានរាប់។

    ការកើនឡើងនៃចំនួនសន្លឹកឆ្នោតគាំទ្ររបស់បេក្ខភាពទាំងពីររូបនេះ ត្រូវបានគេជឿថា បណ្ដាលមកពីពលរដ្ឋនាំគ្នាទៅបោះឆ្នោតច្រើនជាងអាណត្តិមុនៗ។ ការបោះឆ្នោតលើកនេះបានទាក់ទាញម្ចាស់ឆ្នោតជាង100លាននាក់ទៅបោះឆ្នោតមុនកាលកំណត់ ក្នុងនោះមានអ្នកខ្លះបោះឆ្នោតតាមប្រៃសណីយ៍ផងដែរ ព្រោះតែពួកគេបារម្ភអំពីបញ្ហាCovid-19។

    ប្រការខាងលើនេះក៏បាននាំឱ្យដំណាក់កាលនៃការរាប់សន្លឹកឆ្លោតត្រូវអូសបន្លាយពេលយូរជាងមុន ក្នុងនោះមានរដ្ឋជាច្រើនបានប្រកាសថា អាចត្រូវចំណាយពេលច្រើនថ្ងៃទៀតដើម្បីរាប់សន្លឹកឆ្នោត មុននឹងលទ្ធផលចុងក្រោយត្រូវបានប្រកាស៕

    ប្រភព៖ CBS

  • Covid-19 ​វាយ​ប្រហារ​អាមេរិក​ខ្លាំង​ក្លា​បំផុត​មិន​ធ្លាប់​មាន​ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​

    Covid-19 ​វាយ​ប្រហារ​អាមេរិក​ខ្លាំង​ក្លា​បំផុត​មិន​ធ្លាប់​មាន​ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​

    សហរដ្ឋអាមេរិក កាលពីថ្ងៃទី5វិច្ឆិកា បានរាយការណ៍ថា បានរកឃើញអ្នកឆ្លងវីរុសCovid-19 ថ្មី យ៉ាងតិច 120,276​នាក់ ដែលនេះគឹជាតួលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ខណៈដែលវីរុសកំពុងរាតត្បាតគ្រប់កន្លែងនៅក្នុងរដូវបោះឆ្នោត។

    សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងវីរុសថ្មីច្រើនជាង100,000នាក់ក្នុងរយៈពេល3ថ្ងៃ នៅក្នុងអំឡុង7ថ្ងៃកន្លងទៅនេះ បណ្ដាលឱ្យប្រព័ន្ធសុខាភិបាលនៃរដ្ឋជាច្រើន រួមនឹងពលរដ្ឋអាមេរិកាំង នាំគ្នាពិចារណាឡើងវិញអំពីគម្រោង​ជប់លៀងក្នុងឱកាសបុណ្យអំណរគុណដែលនឹងធ្វើឡើងនៅថ្ងៃទី26វិច្ឆិកាខាងមុខ។

    20ក្នុងចំណោមរដ្ឋចំនួន50នៅសហរដ្ឋអាំមេរិក បានរាយការណ៍អំពីតួលេខកើនឡើងខ្ពស់បំផុតក្នុងថ្ងៃទី5វិច្ឆិកា ពិសេសគឹនៅក្នុងភូមិភាគកណ្ដាល បើយោងតាមអត្រាអ្នកឆ្លងថ្មីប្រចាំថ្ងៃ ធៀបនឹងចំនួនពលរដ្ឋ។

    Illinois និង Texas គឹជារដ្ឋដែលបានរកឃើញអ្នកឆ្លងវីរុសថ្មីច្រើនជាងគេបង្អស់នៅអាមេរិកក្នុងរយៈពេល7ថ្ងៃកន្លងទៅនេះ។ កាលពីថ្ងៃទី5វិច្ឆិកា បណ្ដារដ្ឋដែលបានរកឃើញអ្នកជំងឺថ្មីច្រើនជាងគេបំផុតមិនធ្លាប់មាន គឺ រដ្ឋ Nebraska, Indiana, Iowa, Michigan, Minnesota, Missouri, North Dakota, Ohio និងរដ្ឋ Wisconsin. ចំណែករដ្ឋ Arkansas, Colorado, Maine, Kentucky, Oregon, New Hampshire, Oklahoma, Rhode Island, Utah និង West Virginia ក៏បានរកឃើញអ្នកឆ្លងវីរុសថ្មីច្រើនជាងមុនផងដែរ៕

    ប្រភព៖ Reuters

  • សំឡេង​ឆ្នោត​គាំទ្រ​របស់​ Biden ធ្លាក់​ចុះ​ខុស​ធម្មតា!

    សំឡេង​ឆ្នោត​គាំទ្រ​របស់​ Biden ធ្លាក់​ចុះ​ខុស​ធម្មតា!

    លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ បាន​ស្ងាត់​ស្ងៀម​អស់​មួយ​រយៈ​ពេល​ ប៉ុន្តែ ប៉ុន្មាន​នាទី​កន្លង​ទៅ​នេះ មាន​ការ​ចុះ​ផ្សាយ​ថា សំឡេង​ឆ្នោត​គាំទ្រ​លោក Joe Biden បាន​ថយ​ចុះ​មក​នៅ​​ 253សំឡេង​ ខណៈ​លោក​ Trump មាន​ 214​សំឡេងក្នុង​ចំណោម​សន្លឹក​ឆ្នោត​គាំទ្រ​ពី​សំណាក់​តំណាង​ម្ចាស់​ឆ្នោត​។

    លទ្ធផល​បណ្ដោះ​អាសន្ន​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​សារ​ព័ត៌មាន​ល្បី​ៗ​មួយ​ចំនួន​ បាន​បង្ហាញ​លទ្ធផល​ផ្សេង​ៗ​គ្នា​ ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​ច្របូក​ច្របល់​។ ខាង​ក្រោម​នេះ​គឺជា​លទ្ធផល​មួយ​ចំនួន​ដែល​មិន​ទាន់​ស៊ី​ចង្វាក់​គ្នា​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​សារ​ព័ត៌មាន​បរទេស​​​៖

    លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​អាមេរិក​​មាន​ការ​ប្រែប្រួល​ខុស​ប្រក្រតី-សារ​ព័ត៌មាន​ CNN បាន​ចុះ​ផ្សាយ​ថា៖ Joe Biden បាន​ 253សំឡេង​ ខណៈ Donald Trump បាន​ 213សំឡេង។

    លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​អាមេរិក​​មាន​ការ​ប្រែប្រួល​ខុស​ប្រក្រតី-សារ​ព័ត៌មាន BBC៖ Joe Biden បាន​ 253សំឡេង​ ទល់​នឹង​ Donald Trump​ 214សំឡេង។

    លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​អាមេរិក​​មាន​ការ​ប្រែប្រួល​ខុស​ប្រក្រតី-សារ​ព័ត៌មាន Theguardian៖ Joe Biden បាន​ 264សំឡេង​ (ប្រហែល​មិន​ទាន់​ធ្វើ​បច្ចុប្បន្ន​ភាព​) ខណៈ Donald Trump បាន​ 214សំឡេង។

    លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​អាមេរិក​​មាន​ការ​ប្រែប្រួល​ខុស​ប្រក្រតី-សារ​ព័ត៌មាន New York Times៖ Joe Biden បាន​ 253សំឡេង​ និង​ Donald Trump បាន​ 214សំឡេង។

    ទាក់​ទិន​នឹង​បញ្ហា​ធ្លាក់​ចុះ​នៃ​សំឡេង​ឆ្នោត​របស់​លោក Joe Biden នេះ គេ​មិន​ទាន់​ឃើញ​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​បង្ហាញ​អំពី​មូលហេតុ​ច្បាស់​លាស់​នៅ​ឡើយ​។

    ប្រភព៖ CNN, BBC, Theguardian, New York Times

  • Trump ​ចាញ់​ក្ដី​នៅ ​Michigan ​និង​ Georgia ​ប៉ុន្តែ​នឹង​ដាក់​ពាក្យ​ប្ដឹង​បន្ត​ទៀត​

    Trump ​ចាញ់​ក្ដី​នៅ ​Michigan ​និង​ Georgia ​ប៉ុន្តែ​នឹង​ដាក់​ពាក្យ​ប្ដឹង​បន្ត​ទៀត​

    គណៈកម្មការរៀបចំយុទ្ធនាការរកសំឡេងឆ្នោតរបស់ប្រធានាធិបតីអាមេរិក Donald Trump បានចាញ់ក្ដីផ្នែកច្បាប់នៅរដ្ឋ Michigan និងរដ្ឋ Georgia ស្របពេលដែលគណៈកម្មការនេះប្រកាសធ្វើសង្គ្រាមផ្លូវច្បាប់ថ្មីមួយទៀតនៅ Nevada។

    នៅឯ Georgia ជារដ្ឋដែលប្រធានាធិបតី Trump និងអតីតអនុប្រធានាធិបតី Biden មានលទ្ធផលប្រកៀកប្រកិតគ្នាខ្លាំង គណៈកម្មការឃោសនារកសំឡេងឆ្នោតរបស់លោក Trump បានចោទប្រកាន់ថា សន្លឹកឆ្នោតចំនួន53សន្លឹកដែលផ្ញើមកយឺតជាងកាលកំណត់ត្រូវបានដាក់ច្របល់ចូលទៅក្នុងសន្លឹកឆ្នោតបានការ។ នៅ Michigan វិញ ពួកគេក៏ស្វែងរកវិធីដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោត និងទាមទារសិទ្ធិចូលទៅតាមដានផ្ទាល់ក្នុងដំណាក់កាលនេះ។ ចៅក្រមរបស់រដ្ឋទាំងពីរខាងលើ បានបដិសេធបណ្ដឹងរបស់លោក Trump។

    ចៅក្រម James Bass នៃរដ្ឋ Georgia បានថ្លែងថា “មិនមានភ័ស្តុតាង” ដែលបង្ហាញថា សន្លឹកឆ្នោតមិនស្របច្បាប់នោះទេ។ ចំណែកចៅក្រម Cynthia Stephens នៅ Michigan បានឱ្យដឹងថា “ខ្ញុំមិនមានមូលដ្ឋានណាមួយដែលបង្ហាញថា បណ្ដឹងនេះមានលទ្ធភាពឈ្នះនោះឡើយ”។

    អ្នកនាំពាក្យនៃគណៈកម្មការឃោសនាបោះឆ្នោតរបស់លោក Trump បានបដិសេធសំណើសុំការអធិប្បាយអំពីការសម្រេចរបស់តុលាការនៅរដ្ឋទាំងពីរខាងលើនេះ។ ប៉ុន្តែ ក្រុមសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីអាមេរិក បានចោទថា មានកំហុសឆ្គងក្នុងការបោះឆ្នោតនៅតំបន់ Clark ជាកន្លែងដែលមានទីក្រុង Las Vegas និងរដ្ឋ Nevada។

    ការរាប់សន្លឹកឆ្នោតនៅតែបន្តធ្វើឡើងនៅក្នុងរដ្ឋ Michigan, Georgia និងរដ្ឋ Nevada ដែលទាំងនេះគឺជាសមរភូមិសំខាន់ដែលអាចសម្រេចបានថា អ្នកណាជាអ្នកជាប់ឆ្នោត។

     Trump ចាញ់ក្ដីនៅ Michigan និង Georgia ប៉ុន្តែនឹងដាក់ពាក្យប្ដឹងបន្តទៀត
    បុគ្គលិក​កំពុង​រាប់​សន្លឹក​ឆ្នោត​នៅរដ្ឋ Georgia

    កាលពីថ្ងៃទី5វិច្ឆិកា Adam Laxalt ដែលធ្លាប់ជាអ្នកដឹកនាំស្ថាប័នយុត្តិធម៌នៃរដ្ឋ Nevada រួមនឹងមន្ត្រីមួយចំនួនរបស់គណៈកម្មការឃោសនាបោះឆ្នោតរបស់លោក Trump បានថ្លែងថា បណ្ដឹងមួយទៀតនឹងត្រូវដាក់ឡើងទៅកាន់តុលាការសហព័ន្ធដើម្បីសុំឱ្យបញ្ឈប់ការរាប់សន្លឹកឆ្នោតមិនបានការ ដោយជឿថា សន្លឹកឆ្នោតរាប់ពាន់សន្លឹកនៅតែត្រូវបានរាប់ បើទោះម្ចាស់ឆ្នោតបានចាកចេញពីតំបន់ Clark មុនការបោះឆ្នោតទៅទៀត។

    សង្គ្រាមផ្លូវច្បាប់របស់ Trump នៅតែបន្តកើតមាន។ ក្នុងរដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃទី5វិច្ឆិកា បក្សសាធារណរដ្ឋបានដាក់ពាក្យបណ្ដឹង ដោយចោទថា មន្ត្រីរៀបចំការបោះឆ្នោតនៅ Philadelphia បានរំលោភលើសិទ្ធិប្ដឹងផ្ដល់របស់ពួកគេ បន្ទាប់ពីត្រូវបានរារាំងការតាមដានសន្លឹកឆ្នោតនៅក្នុងទីក្រុង។

    សេចក្ដីសម្រេចរបស់តុលាការនៅទីក្រុង Pennsylvania កាលពីម្សិលមិញ បានអនុញ្ញាតឱ្យមន្ត្រីរបស់លោក Trump តាមដានការរាប់សន្លឹកឆ្នោតនៅទីក្រុងនេះដោយផ្ទាល់ ក៏ប៉ុន្តែ ការសម្រេចនេះត្រូវបានរិះគន់យ៉ាងខ្លាំងក្លាពីបក្សប្រជាធិបតេយ្យ ដោយបក្សនេះយល់ថា តុលាការប្រញាប់ប្រញាល់ហួសហេតុ៕

    ប្រភព៖ Reuters

     

  • ទិដ្ឋ​ភាព​​ភូមិ​គ្រឹះ​តម្លៃ​4.7​លាន​ដុល្លារ​របស់​លោក​ Joe ​Biden

    ទិដ្ឋ​ភាព​​ភូមិ​គ្រឹះ​តម្លៃ​4.7​លាន​ដុល្លារ​របស់​លោក​ Joe ​Biden

    លោក Joe Biden កំពុងរស់នៅជាមួយនឹងភរិយា នៅក្នុងភូមិគ្រឹះមួយដែលមានទំហំជាង 1,000ម៉ែត្រការ៉េ នៅលើដីភូមិសម្បូរទៅដោយរុក្ខជាតិដែលមានម្លប់យ៉ាងត្រឈឹងត្រឈៃ។

    យោងតាម Washington Post លោក Biden រស់នៅជាមួយភរិយា ក្នុងភូមិគ្រឹះប្រណិតមួយនៅក្នុងតំបន់ McLean ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក។

    លោក Biden ចាប់ផ្ដើមជួលភូមិគ្រឹះនៅ McLean បន្ទាប់ពីលោកបានចាកចេញពីតំណែងអនុប្រធានាធិបតី។ ព័ត៌មានលម្អិតស្ដីអំពីកិច្ចសន្យាជួលភូមិគ្រឹះនេះ មិនត្រូវបានគេបង្ហើបឱ្យដឹងទេ ប៉ុន្តែ គេហទំព័រអចលនទ្រព្យ Zillow បានប៉ាន់ប្រមាណឃើញថា តម្លៃជួលប្រចាំខែសម្រាប់ភូមិគ្រឹះនេះគឺជិតស្មើនឹង20,000ដុល្លារអាមេរិក។

    ទិដ្ឋ​ភាព​ភូមិគ្រឹះតម្លៃ4.7លានដុល្លាររបស់លោក Joe Bidenអចលនទ្រព្យខាងលើនេះ មានតម្លៃប្រមាណជា 4.7លានដុល្លារអាមេរិក នេះបើតាមគេហទំព័រ Zillow។

    ទិដ្ឋ​ភាព​ភូមិគ្រឹះតម្លៃ4.7លានដុល្លាររបស់លោក Joe Bidenភូមិគ្រឹះនេះមានរចនាតាមបែបបទ Georgia និងត្រូវបានគេប្រៀបប្រដូចទៅនឹងសេតវិមានខ្នាតតូច លាក់ខ្លួននៅលើផ្ទៃដីដែលពោរពេញដោយម្លប់រុក្ខជាតិ។

    ទិដ្ឋ​ភាព​ភូមិគ្រឹះតម្លៃ4.7លានដុល្លាររបស់លោក Joe Bidenភូមិគ្រឹះដែលមានទំហំជិត 1,115ម៉ែត្រការ៉េនេះ មានបន្ទប់គេងចំនួន5 និងបន្ទប់ទឹកចំនួន10។

    ទិដ្ឋ​ភាព​ភូមិគ្រឹះតម្លៃ4.7លានដុល្លាររបស់លោក Joe Biden

    ទិដ្ឋ​ភាព​ភូមិគ្រឹះតម្លៃ4.7លានដុល្លាររបស់លោក Joe Bidenបន្ទប់ទទួលភ្ញៀវធំទូលាយ និងមានចង្ក្រានកម្ដៅធ្វើអំពីថ្មម៉ាបយ៉ាងស្រស់ស្អាត។

    ទិដ្ឋ​ភាព​ភូមិគ្រឹះតម្លៃ4.7លានដុល្លាររបស់លោក Joe Bidenបង្អួចស្ថិតនៅជុំវិញ ដែលអាចឱ្យគេគយគន់សួនច្បារ ក៏ដូចជាទិដ្ឋភាពខាងក្រៅ និងទទួលពន្លឺពីធម្មជាតិបានយ៉ាងល្អ។

    ទិដ្ឋ​ភាព​ភូមិគ្រឹះតម្លៃ4.7លានដុល្លាររបស់លោក Joe Bidenបន្ទប់សម្រាប់គ្រួសារ ត្រូវបានរចនាឡើងប្រកបដោយភាពកក់ក្ដៅ ជួយឱ្យមានអារម្មណ៍កាន់តែស្និទ្ធស្នាលនឹងគ្នា។

    ទិដ្ឋ​ភាព​ភូមិគ្រឹះតម្លៃ4.7លានដុល្លាររបស់លោក Joe Bidenផ្ទះបាយធំទូលាយជាមួយនឹងរចនាបែបបើកចំហ បំពាក់សម្ភារចម្អិនអាហារទាន់សម័យ និងមិនមានខ្វះចន្លោះអ្វីឡើយ។

    ទិដ្ឋ​ភាព​ភូមិគ្រឹះតម្លៃ4.7លានដុល្លាររបស់លោក Joe Bidenបន្ទប់គេងដែលធំជាងគេ មានភាពប្រណិតខ្លាំង និងប្រើប្រាស់ពណ៌សស្រទន់ជាចម្បង ប្រកបដោយភាពថ្លៃថ្នូរ បង្កើតបានជាអារម្មណ៍ធូរស្រាល និងមានផាសុកភាព។

    ទិដ្ឋ​ភាព​ភូមិគ្រឹះតម្លៃ4.7លានដុល្លាររបស់លោក Joe Bidenបន្ទប់ទទួលទានអាហារចម្បងរបស់ភូមិគ្រឹះនេះក៏ធំទូលំទូលាយ និងលេចធ្លោដោយជញ្ជាំងដែលមានគំនូរយ៉ាងប្លែកភ្នែក។

    ទិដ្ឋ​ភាព​ភូមិគ្រឹះតម្លៃ4.7លានដុល្លាររបស់លោក Joe Bidenក្រៅពីនេះ ភូមិគ្រឹះក៏មានទីលានចតរថយន្តធំល្មម និងមានបន្ទប់ហាត់ប្រាណ រួមនឹងបន្ទប់ស្ទីមផងដែរ៕

    ប្រភព៖ Washington Post

  • មេល្បែង​ភ្នាល់​អនឡាញ​ ផ្ដល់​ប្រាក់​រង្វាន់​មុន​កាល​កំណត់​ដល់​អតិថិ​ជន​ដែល​ចាក់​ខាង ​Biden

    មេល្បែង​ភ្នាល់​អនឡាញ​ ផ្ដល់​ប្រាក់​រង្វាន់​មុន​កាល​កំណត់​ដល់​អតិថិ​ជន​ដែល​ចាក់​ខាង ​Biden

    ក្រុម​ហ៊ុន​ល្បែរ​ភ្នាល់​អន​ឡាញ Sportsbet បានផ្ដល់ប្រាក់រង្វាន់ទៅឱ្យអតិថិជនជាង100,000នាក់របស់ខ្លួនដែលបានចាក់ភ្នាក់ថា Joe Biden នឹងជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។

    ការសម្រេចចិត្តខាងលើត្រូវបានភាគីខាងមេល្បែងភ្នាល់ Sportsbet លើកឡើងនៅព្រឹកព្រលឹមថ្ងៃទី5វិច្ឆិកានេះ បើទោះលទ្ធផលផ្លូវការនៃការបោះឆ្នោតនៅអាមេរិកមិនទាន់ត្រូវបានប្រកាសនៅឡើយ។ ក្រុមហ៊ុនល្បែងអនឡាញនេះ បានចាត់ទុកគម្លាតដែលលោក Biden កំពុងនាំមុខលោក Trump ថា មិនមានអ្វីមកប្ដូរផ្លាស់បាន ក្រោយ​ពី CNN បានព្យាករថា រដ្ឋ Michigan បានធ្លាក់ទៅក្នុងដៃបក្សប្រជាធិបតេយ្យ រួមនឹងទិន្នន័យបង្ហាញថា លោក Biden មានប្រៀបជាង នៅក្នុងរដ្ឋ Nevada និងរដ្ឋ Arizona។ ដូច្នេះ Sportsbet បានផ្ដល់ប្រាក់រង្វាន់ទៅឱ្យអតិថិជនជាង100,000នាក់របស់ខ្លួន ដែលបានចាក់ភ្នាល់ខាង Biden នេះតែម្ដង។

    Sportsbet បានឱ្យដឹងដែរថា អត្រានៃការភ្នាល់ទៅលើ Biden គឺ 1ស៊ី1.1 ចំណែក Trump គឺ 1ស៊ី 6.5។

    មេល្បែងភ្នាល់អនឡាញ ផ្ដល់ប្រាក់រង្វាន់មុនកាលកំណត់ដល់អតិថិជនដែលចាក់ខាង Biden
    ការ​ប្រកាស​របស់​ក្រុម​ហ៊ុន​ល្បែរ​ភ្នាល់​អន​ឡាញ Sportsbet

    នេះមិនមែនជាលើកដំបូងដែល Sportsbet បានផ្ដល់ប្រាក់រង្វាន់មុនពេលកំណត់ទៅឱ្យអ្នកភ្នាល់របស់ខ្លួននោះទេ។ កាលពីឆ្នាំមុន Sportsbet ក៏ធ្លាប់បានធ្វើដូច្នេះសម្រាប់អ្នកភ្នាល់ដែលបានចាក់ខាងបក្សពលករនៅអូស្ត្រាលីផងដែរ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៃ​ប្រទេស​នេះ។ ប៉ុន្តែ បក្សនេះបានចាញ់ឆ្នោត បន្ទាប់ពីលទ្ធផលផ្លូវការត្រូវបានប្រកាស។

    គិតមកដល់បច្ចុប្បន្ន លោក Biden នៅខ្វះសំឡេងឆ្នោតត្រឹមតែ6សំឡេងទៀតប៉ុណ្ណោះនឹងបានក្លាយជាប្រធានាធិបតីយ៉ាងពិតប្រាកដ។ ពេលនេះ លោក Biden មានសំឡេងឆ្នោតគាំទ្រពីប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន 264សំឡេង ខណៈដែលលោក Trump មានត្រឹមតែ 214សំឡេងប៉ុណ្ណោះ៕

    ប្រភព៖ Bloomberg