Author: សឿន សំណាង

  • Alibaba ​ប្រមូល​បាន​​75​ពាន់​លាន​ដុល្លារ​ក្នុង​ថ្ងៃ​បុណ្យ ​Singles’ Day​ ប្រចាំ​ឆ្នាំ​2020

    Alibaba ​ប្រមូល​បាន​​75​ពាន់​លាន​ដុល្លារ​ក្នុង​ថ្ងៃ​បុណ្យ ​Singles’ Day​ ប្រចាំ​ឆ្នាំ​2020

    នៅក្នុងថ្ងៃ “បុណ្យដើរផ្សារ” ឬថ្ងៃ “បុណ្យនៅលីវ” (Singles’ Day) ជាថ្ងៃបុណ្យទិញដូរប្រចាំឆ្នាំធំជាងគេបង្អស់ក្នុងពិភពលោក ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី11វិច្ឆិកាកន្លងទៅ ក្រុមហ៊ុន Alibaba រកចំណូលបាន 75ពាន់លានដុល្លារអាមេរិក។

    លទ្ធផលដ៏មហាអស្ចារ្យនេះ បានកើតឡើងនៅក្នុងគ្រាដែលសេដ្ឋកិច្ចប្រទេសចិនកំពុងងើបឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីបានដាំក្បាលចុះដោយសារវិបត្តិសុខភាពសកល និងចំពេលដែល Alibaba និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតរបស់ប្រទេសនេះ កំពុងត្រូវអាជ្ញាធររឹតបន្តឹងលើការត្រួតពិនិត្យ។

    យោងតាមសារព័ត៌មាន Bloomberg ប្រាក់ចំណូលដែលបានមកពីផ្សារអនឡាញរបស់ Alibaba នៅក្នុងថ្ងៃបុណ្យនៅលីវនេះ មានចំនួន 498.2ពាន់លានយន់ គឺប្រហាក់ប្រហែលនឹង 75ពាន់លានដុល្លារអាមេរិក ច្រើនជាងជិតទ្វេដងធៀបនឹងតួលេខ 38ពាន់លានដុល្លារកាលពីឆ្នាំ2019។

    Alibaba ប្រមូលបាន75ពាន់លានដុល្លារក្នុងថ្ងៃបុណ្យ Singles’ Day ប្រចាំឆ្នាំ2020
    តារាចម្រៀង Kate Perry កំពុងសម្ដែងនៅក្នុងថ្ងៃបុណ្យ Singles’s Day 11/11/2020 របស់ Alibaba (រូបថត៖ Bloomberg)

    ប្រាក់ចំណូលរបស់ Alibaba នៅក្នុងថ្ងៃបុណ្យ Singles’ Day ប្រចាំឆ្នាំ តែងត្រូវបានចាត់ទុកដូចជាឧបករណ៍ស្ទង់អំពីសមត្ថភាពចាយវាយរបស់ពលរដ្ឋនៅប្រទេសចិន ក៏ដូចជាឧបករណ៍សម្រាប់ពិនិត្យសុខភាពនៃមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកនេះផងដែរ។ ឆ្នាំនេះ បណ្ដាតួលេខនានាស្ដីអំពីការទិញដូរក្នុងថ្ងៃបុណ្យ Singles’ Day ត្រូវបានគ្របដណ្ដប់ដោយការព្រួយបារម្ភថា ទីក្រុងប៉េកាំងកំពុងតែចាត់វិធានការខ្លាំងក្លាដើម្បីកាត់បន្ថយឥទ្ធិពលកាន់តែធំឡើងៗរបស់ Alibaba និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀតរបស់ប្រទេសចិន។

    ជាគំនិតមួយរបស់មហាសេដ្ឋី Jack Ma ដែលជាស្ថាបនិករបស់ Alibaba ថ្ងៃបុណ្យដើរផ្សារ 11វិច្ឆិកា បានចាប់កំណើតកាលពីឆ្នាំ2019។ ក្រោយការរីកចម្រើនជាង1ទសវត្សរ៍ Singles’ Day បានក្លាយជាព្រឹត្តិការណ៍តាមប្រមាញ់ទំនិញបញ្ចុះតម្លៃនៅលើផ្សារអនឡាញដ៏ធំបំផុតរបស់ Alibaba ដូចជា ផ្សារ Tmall និង Taobao ជាដើម។ នៅក្នុងថ្ងៃបុណ្យ Singles’ Day ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី11វិច្ឆិកាម្សិលមិញ ពលរដ្ឋចិនបានចំណាយប្រាក់ច្រើនជាងមុន ដែលគេអាចនិយាយបានថា ជាការចាយវាយដើម្បី “សងសឹក” ព្រោះថា តាំងពីដើមឆ្នាំរហូតដល់បច្ចុប្បន្ន ពួកគេត្រូវកាត់បន្ថយការដើរហើរ ការហូបចុកនៅភោជនីយដ្ឋាន ការដើរទេសចរណ៍ជាដើម ដោយសារតែCovid-19។

    ជាគំនិតមួយរបស់មហាសេដ្ឋី Jack Ma ដែលជាស្ថាបនិករបស់ Alibaba ថ្ងៃបុណ្យដើរផ្សារ 11វិច្ឆិកា បានចាប់កំណើតកាលពីឆ្នាំ2019។ ក្រោយការរីកចម្រើនជាង1ទសវត្សរ៍ Singles’ Day បានក្លាយជាព្រឹត្តិការណ៍តាមប្រមាញ់ទំនិញបញ្ចុះតម្លៃនៅលើផ្សារអនឡាញដ៏ធំបំផុតរបស់ Alibaba
    ជាគំនិតមួយរបស់មហាសេដ្ឋី Jack Ma ដែលជាស្ថាបនិករបស់ Alibaba ថ្ងៃបុណ្យដើរផ្សារ 11វិច្ឆិកា បានចាប់កំណើតកាលពីឆ្នាំ2019។ ក្រោយការរីកចម្រើនជាង1ទសវត្សរ៍ Singles’ Day បានក្លាយជាព្រឹត្តិការណ៍តាមប្រមាញ់ទំនិញបញ្ចុះតម្លៃនៅលើផ្សារអនឡាញដ៏ធំបំផុតរបស់ Alibaba

    ក្រៅពី Alibaba ក្រុមហ៊ុនបរទេសក៏រកបានចំណូលច្រើនពីថ្ងៃបុណ្យ Singles’ Day នៅប្រទេសចិននេះដែរ។ នៅក្នុងអំឡុងពេល111នាទីនៃការបញ្ចុះតម្លៃដំបូងកាលពីថ្ងៃទី11វិច្ឆិកា ក្រុមហ៊ុន Nike និង Apple បានស្ថិតក្នុងបញ្ជីស្ដីអំពីយីហោដែលរកបានចំណូល100លានយន់ (15លានដុល្លារអាមេរិក) នៅលើផ្សារអនឡាញ់របស់ Alibaba។ ហាងរបស់ក្រុមហ៊ុនគ្រឿងសម្អាង Estee Lauder នៅលើផ្សារ Tmall គឺជាហាងដំបូងគេដែលរកបានចំណូល1ពាន់លានយន់នៅក្នុងថ្ងៃបុណ្យនៅលីវ។ បណ្ដាញសណ្ឋាគារអន្តរជាតិ ដូចជា Marriott និង Accor ក៏រកបាន1ពាន់លានយន់ជាបន្តបន្ទាប់គ្នាផងដែរ។

    ប្រាក់ចំណូលដែលបានមកពីការលក់រាយនៅប្រទេសចិន បានកើនឡើង3.3% បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំទៅនៅក្នុងខែកញ្ញា និងត្រូវបានព្យាករថា កើនឡើង5% នៅក្នុងខែតុលា។ ប៉ុន្តែ រយៈពេល9ខែដើមឆ្នាំនេះ ប្រាក់ចំណូលបានមកពីការលក់រាយនៅប្រទេសនេះ បានថយចុះ7% បើធៀបនឹង9ខែដើមឆ្នាំ2019។

    យោងតាមការប៉ាន់ប្រមាណរបស់សេដ្ឋវិទូ Xing Zhaopeng មកពីធនាគារ ANZ ចំណូលបានមកពីការទិញទំនិញ រួមចំណែកមិនដល់ 0.5% នៅក្នុងកំណើន 4.9% ដែលសេដ្ឋកិច្ចចិនទទួលបាននៅក្នុងត្រីមាសទី3។ លោក Xing យល់ថា គេទំនងជាត្រូវរង់ចាំរហូតដល់ឆ្នាំ2021 ទើបការជឿជាក់ក្នុងការចាយវាយរបស់អ្នកប្រើប្រាស់នៅប្រទេសចិន អាចត្រូវបានកែលម្អទាំងស្រុងឡើងវិញ៕

    ប្រភព៖ Bloomberg

  • អាស៊ានបើកសន្និសីទកំពូលលើកទី37 ដែលជាកិច្ចប្រជុំកំពូលចុងក្រោយក្នុងអាណត្តិវៀតណាមជាប្រធានបន្តវេន

    អាស៊ានបើកសន្និសីទកំពូលលើកទី37 ដែលជាកិច្ចប្រជុំកំពូលចុងក្រោយក្នុងអាណត្តិវៀតណាមជាប្រធានបន្តវេន

    សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បានបើកកិច្ចប្រជុំកំពូលលើកទី37 និងកិច្ចប្រជុំនានាដែលទាក់ទង នៅក្នុងរដ្ឋធានីហាណូយប្រទេសវៀតណាមនាព្រឹកនេះក្នុងគ្រា ដែលតំបន់កំពុងប្រឹងប្រែងគ្រប់គ្រង និងដោះស្រាយបញ្ហាដែលកើតឡើងដោយសារCovid-19។

    ប្រធានាធិបតីវៀតណាម លោក Nguyen Phu Trong បានឡើងថ្លែងការណ៍ប្រកាសបើកកិច្ចប្រជុំកំ​ពូល​អាស៊ាន​លើក​ទី​37​នៅទីក្រុងហាណូយ។ បន្ទាប់មក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បានឡើងប្រកាសស្វាគមន៍ចំពោះមេដឹកនាំនៃប្រទេសនានាដែលជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងបណ្ដាប្រទេសជាដៃគូរបស់អាស៊ាន ដែលបានចូលរួមសន្និសីទកំពូលនេះ។

    នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី37 ដែលត្រូវបានធ្វើឡើងនៅប្រទេសវៀតណាមនេះ គេឃើញមានវត្តមានរបស់ក្រុមមន្ត្រីកំពូលៗវៀតណាម និងតំណាងប្រតិភូការទូតប្រចាំនៅវៀតណាម បានចូលរួមដោយផ្ទាល់ ខណៈក្រុមមេដឹកនាំប្រទេសនានារបស់សមាគមអាស៊ាន និងក្រុមប្រទេសជាដៃគូសហការ បានចូលរួមកិច្ចប្រជុំតាម​រយៈវីដេអូផ្សាយផ្ទាល់។

    នាយករដ្ឋមន្ត្រីវៀតណាម នឹងដឹកនាំកិច្ចប្រជុំកំពូលនេះ និងកិច្ចប្រជុំនានារវាងសមាគមអាស៊ានជាមួយនឹងបណ្ដាដៃគូសហការបរទេស ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក អូស្ត្រាលី និង​នូវែលហ្សេឡង់។

    អាស៊ានបើកសន្និសីទកំពូលលើកទី37 ដែលជាកិច្ចប្រជុំកំពូលចុងក្រោយក្នុងអាណត្តិវៀតណាមជាប្រធានបន្តវេន
    សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បានបើកកិច្ចប្រជុំកំពូលលើកទី37 និងកិច្ចប្រជុំនានាដែលទាក់ទង នៅក្នុងរដ្ឋធានីហាណូយប្រទេសវៀតណាមនាព្រឹកថ្ងៃទី​12​វិច្ឆិកានេះ

    កិច្ចប្រជុំតាមវីដេអូផ្សាយផ្ទាល់ដែលត្រូវបានធ្វើឡើងរហូតដល់ថ្ងៃទី15វិច្ឆិកា2020នេះ គឺជាកិច្ចប្រជុំកំពូលចុងក្រោយនិងសំខាន់នៅក្នុងអាណត្តិដែលវៀតណាមធ្វើជាប្រធានបន្តវេន។ កិច្ចប្រជុំនេះគឺជាឱកាសដើម្បីវាយតម្លៃសរុបទៅលើលទ្ធផលនៃកិច្ចសហការនៅក្នុងនិងក្រៅសមាគម រួមនឹងការដាក់ចេញនូវគោលដៅអាទិភាពសម្រាប់ដំណាក់កាលបន្ទាប់។ តាមគម្រោង ក្រុមមេដឹកនាំនឹងធ្វើការអនុម័ត កត់់ត្រា និងធ្វើសេចក្ដីប្រកាស សរុបមានជាង80 ដែលនេះគឺជាចំនួនច្រើនជាងគេមិនធ្លាប់មានពីមុនមក។

    សន្និសីទកំពូលនេះនឹងផ្ដោតការពិភាក្សាទៅលើខ្លឹមសារសំខាន់ចំនួន4៖ ទី1.ជំរុញការកសាងសហគមន៍ រក្សាល្បឿន​នៃការសហការដើម្បីឆ្លងផុតពីឧបសគ្គ ទី2.ពង្រីក និងធ្វើឱ្យស៊ីជម្រៅទៅលើទំនាក់ទំនងរវាងអាស៊ានជាមួយនឹងដៃគូសហការ ពង្រឹងតួនាទីជាស្នូលរបស់អាស៊ាននៅថ្នាក់តំបន់ និងពិភពលោក ទី3.គ្រប់គ្រង និងរាំងខ្ទប់Covid-19 ដោះស្រាយបញ្ហាដែលកើតឡើងដោយសារវីរុសនេះ និងលើកស្ទួយការងើបឡើងវិញក្រោយវិបត្តិសុខភាព និងទី4.ពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលកំពុងត្រូវបានចាប់អារម្មណ៍៕

    ប្រភព៖ Reuters,Thestar

  • Trump អាចរក​បាន​100​លាន​ដុល្លារ​ បន្ទាប់​ពី​ត្រូវ​ចាក​ចេញ​ពី​សេត​វិមាន

    Trump អាចរក​បាន​100​លាន​ដុល្លារ​ បន្ទាប់​ពី​ត្រូវ​ចាក​ចេញ​ពី​សេត​វិមាន

    លោក Donald Trump អាចទទួលបានការអញ្ជើញឱ្យមកសហការដើម្បីសរសេរសៀវភៅ និងកម្មវិធីទូរទស្សន៍ ដែលកិច្ចព្រមព្រៀងទាំងនោះអាចនឹងមានតម្លៃឡើងដល់100លានដុល្លារអាមេរិក។

    គេហទំព័រ Page Six កាលពីថ្ងៃទី10វិច្ឆិកា បានដកស្រង់ប្រភពព័ត៌មានមួយដែលជិតស្និទ្ធនឹងលោក Trump ឱ្យដឹងថា ប្រធានាធិបតីអាមេរិករូបនេះ កំពុងត្រូវបានក្រុមហ៊ុនទូរទស្សន៍នានាយកចិត្តទុកដាក់ក្នុងបំណងអញ្ជើញឱ្យមកសហការរកស៊ី។ ប្រភពដំណឹងឱ្យដឹងថា “កិច្ចព្រមព្រៀងអំពីការសរសេរសៀវភៅ និងទូរទស្សន៍ គឺជាផែនការទីពីររបស់លោក (Trump) បើសិនជាគាត់មិនបានជាប់ឆ្នោត”។

    “អ្នកបោះឆ្នោតចំនួន70លាននាក់ បានបោះឆ្នោតជូនគាត់ ប្រការនេះនឹងនាំឱ្យមានអ្នកមើលច្រើន ហើយតួលេខនៃការលក់សៀវភៅក៏នឹងមានចំនួនច្រើនមិនធ្លាប់មានពីមុនមកផងដែរ។ គ្រប់សៀវភៅដែលប្រឆាំងនឹង Trump សុទ្ធតែរកប្រាក់បានយ៉ាងច្រើន ដូច្នេះសៀវភៅរបស់ Trump ប្រាកដជាជោគជ័យ” នេះបើតាមប្រភពព័ត៌មានខាងលើ។ ប្រភពដំណឹងនេះបន្តថា ប្រធានាធិបតី Trump “កំពុងទទួលបានការអញ្ជើញជាហូរហែ ទាក់ទងនឹងកិច្ចសហការសរសេរសៀវភៅ និងទូរទស្សន៍ ដែលអាចមានតម្លៃដល់ទៅ100លានដុល្លារអាមេរិក”។

    ប៉ុន្តែ ប្រភពព័ត៌មានដែលគួរទុកចិត្តមួយនៅក្នុងសហគមន៍អ្នកបោះពុម្ភសៀវភៅនិយាយថា ខ្ទង់ប្រាក់ដែលបាននិយាយខាងលើ “ស្ដាប់ទៅដូចមិនទាន់ត្រឹមត្រូវ”។ លោក Obama និងអតីតស្ត្រីទីមួយ Michelle Obama បានចុះកិច្ចព្រមព្រៀងដែលមានតម្លៃ65លានដុល្លារជាមួយនឹងអ្នកបោះពុម្ភសៀវភៅ Crown កាលពីឆ្នាំ2017។ ក្រុមពិពន្ធនាយករបស់ក្រុមហ៊ុន Crown និង Knopf បានបដិសេធនឹងសំណួរដែលថា តើពួកគេមានគម្រោង​បោះពុម្ភសៀវភៅរបស់លោក Trump ឬជួបលោក Trump ដែរ ឬយ៉ាងណានោះទេ។

    ប្រភពព័ត៌មានឱ្យដឹងថា ក្រុមហ៊ុនផលិតសៀវភៅដែលគួរតែត្រូវបានចាប់អារម្មណ៍ នោះគឺ Simon & Schuster ព្រោះថា ពួកគេបានបោះពុម្ភសៀវភៅរបស់លោក Trump កាលពីពេលថ្មីៗនេះ ហើយអតីតនាយកប្រតិបត្តិ Jonathan Karp ក៏ធ្លាប់បានទៅចូលរួមពិធីមង្គលការរបស់លោក Trump និងលោកស្រី Melania ផងដែរ។

    អ្នក​ស្រី​ Dana Canedy នាយិកាប្រតិបត្តិថ្មីរបស់ Simon & Schuster បាននិយាយកាលពីខែកក្កដាថា៖ “គាត់គឺជាប្រធានាធិបតី។ គ្រប់គ្នាដែលចាកចេញពីសេតវិមាន សុទ្ធតែមានសៀវភៅមួយ ឬច្រើនក្បាល ហើយសៀវភៅទាំងនោះបានផ្ដល់នូវចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្ត្រ។ ខ្ញុំយល់ថា ប្រការនេះមិនត្រឹមតែសមហេតុផលនោះទេ តែវាក៏សំខាន់ផងដែរ”។

    Simon & Schuster គឺជាអ្នកបោះពុម្ភសៀវតភៅដែលបានសហការជាច្រើនឆ្នាំជាមួយនឹង Hillary Clonton។ ពួកគេបានបោះពុម្ភសៀវភៅកំណត់ហេតុជាច្រើនរបស់អតីតទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton និង Marry L. Trump ដែលជាក្មួយស្រីរបស់ប្រធានាធិបតី Trump ដោយនៅក្នុងសៀវភៅទាំងនោះមានខ្លឹម​សារ​រិះ​គន់​​លោក Trump។

    ទាក់ទង់នឹងការបោះឆ្នោតនៅអាមេរិក សារព័ត៌មាននានានៅប្រទេសនេះបានហៅលោក Biden ថា ជាប្រធានាធិបតីអាមេរិកទី46 នៅពេលបេក្ខភាពមកពីបក្សប្រជាធិបតេយ្យរូបនេះ ទទួលបានសំឡេងគាំទ្រពីតំណាងម្ចាស់ឆ្នោតចំនួនយ៉ាងតិច290សំឡេង។ ក៏ប៉ុន្តែ លោក Trump មិនបានទទួលស្គាល់លទ្ធផលនេះទេ ដោយអះអាងថា “ការបោះឆ្នោតនេះ នៅយូរទៀតទើបបញ្ចប់” ហើយបានសង្កត់ធ្ងន់ថា នឹងបន្តធ្វើសង្គ្រាមផ្លូវច្បាប់ដល់ទីបញ្ចប់ដើម្បីប្រឆាំងនឹង “ការលួចបន្លំសន្លឹកឆ្នោត”៕

    ប្រភព៖ Page Six

  • សម្ដេចតេជោ ច្រានចោលពាក្យចចាមអារ៉ាមដែលថា “កម្ពុជានឹងមានការបិទប្រទេស ឬតំបន់ណាមួយ ដោយសារCovid-19”

    សម្ដេចតេជោ ច្រានចោលពាក្យចចាមអារ៉ាមដែលថា “កម្ពុជានឹងមានការបិទប្រទេស ឬតំបន់ណាមួយ ដោយសារCovid-19”

    នៅលើទំព័រ​បណ្ដាញ​សង្គម ​សម្ដេច​តេជោ បាន​ធ្វើ​ការ​បដិសេធ​ទៅនឹង​ការ​លើក​ឡើង​ដែល​ថា កម្ពុជា​នឹង​មាន​ការ​បិទ​ប្រទេស​ ឬ​ខេត្ត​ក្រុង​ និង​តំបន់​ណា​មួយ​។

    “ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ” សម្ដេចតេជោ​ ហ៊ុន​សែន​ បានសរសេរលើទំព័រ​បណ្តាញសង្គមរបស់សម្តេចនាព្រឹកថ្ងៃទី12 វិច្ឆិកាយ៉ាង​ដូច្នេះ​។

    សម្តេចបន្ថែមថា “ការឃោសនាអកុសលរបស់ពួកអាក្រ​ក់ទាំងនេះ សំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ”។

    សម្ដេច​តេជោ បាន​បន្ថែម​ថា ពលរដ្ឋ​គ្រប់​រូប​គួរ​តែ​ការពារ​ខ្លួន​ ដោយការ​ពាក់​ម៉ាស់ ការ​លាង​ដៃ​ ​ការ​រក្សា​គម្លាត​ពី​គ្នា​ និង​មិន​ត្រូវ​មាន​ការ​​ជួប​ជុំ ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។

    ទាក់​ទង​នឹង​ការ​ទប់​ស្កាត់​វីរុស​Covid-19 ដោយ​ការ​ពាក់​ម៉ាស់ សម្ដេច​តេជោ បាន​បញ្ជាក់​ថា “នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់” ផងដែរ ដោយ​កាល​ពី​ថ្ងៃ​ទី​11​វិច្ឆិកាកន្លង​ទៅ​ សម្ដេច​ បាន​បញ្ជា​ឱ្យ​បញ្ចេញ​ម៉ាស់​ចំនួន​2លាន​បន្ទះ​​ពី​ឃ្លាំង​យុទ្ធ​សាស្ត្រ​ ដើម្បី​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​។

    ចំណែក​​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅតាម​ផ្ទះ​ សម្ដេច​ក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ធ្វើ​ការ​តាម​ដាន​ និង​ជួយ​ដោះ​ស្រាយ​ជីវ​ភាព​របស់​គ្រួសារ​ក្រី​ក្រផងដែរ​៕

     

  • កម្ពុជារកឃើញអ្នក​វិជ្ជមាននឹង​Covid-19 ចំនួន​4ករណី ក្នុងរយៈ​ពេល​7​ថ្ងៃ​​កន្លងទៅនេះ បន្ទាប់​ពី​បាន​ធ្វើតេស្ត​​​វត្ថុ​សំណាក​​ចំនួន​2,497​ករណី

    កម្ពុជារកឃើញអ្នក​វិជ្ជមាននឹង​Covid-19 ចំនួន​4ករណី ក្នុងរយៈ​ពេល​7​ថ្ងៃ​​កន្លងទៅនេះ បន្ទាប់​ពី​បាន​ធ្វើតេស្ត​​​វត្ថុ​សំណាក​​ចំនួន​2,497​ករណី

    ក្រសួងសុខាភិបាលកម្ពុជានាព្រឹកថ្ងៃទី12វិច្ឆិកានេះ បានឱ្យដឹងថា កម្ពុជាមិនបានរកឃើញអ្នកផ្ទុកវីរុសCovid-19 ទេ នៅក្នុងថ្ងៃទី11វិច្ឆិកា ប៉ុន្តែក្រសួងបានបញ្ជាក់ថា បានរកឃើញអ្នកវិជ្ជមានចំនួន4ករណីនៅក្នុងរយៈពេល7ថ្ងៃកន្លងទៅនេះ។

    គិតចាប់ពីថ្ងៃទី4ដល់ទៅ11វិច្ឆិកា កម្ពុជាធ្វើតេស្តបាន2,497ករណី ក្នុងនោះមាន817ករណីបានធ្វើតេស្តលើកទីពីរ ហើយការធ្វើតេស្តនេះបានរកឃើញអ្នកវិជ្ជមានចំនួន4នាក់ ដែលអ្នកទាំងនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    គិតមកដល់បច្ចុប្បន្ន (12វិច្ឆកា) កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសសរុប 301នាក់ ក្នុងនោះមាន288នាក់បានជាសះស្បើយ និង13នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    កម្ពុជារកឃើញអ្នក​វិជ្ជមាននឹង​Covid-19 ចំនួន​4ករណី ក្នុងរយៈ​ពេល​7​ថ្ងៃ​​កន្លងទៅនេះ បន្ទាប់​ពី​បាន​ធ្វើតេស្ត​លើ​វត្ថុ​សំណាក​ចំនួន​2,497ករណី
  • ម៉ាសចំនួន​2​លាន​បន្ទះ​នឹង​ត្រូវ​បាន​បញ្ចេញ​ពី​ឃ្លាំង​យុទ្ធ​សាស្ត្រ ​ដើម្បី​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ

    ម៉ាសចំនួន​2​លាន​បន្ទះ​នឹង​ត្រូវ​បាន​បញ្ចេញ​ពី​ឃ្លាំង​យុទ្ធ​សាស្ត្រ ​ដើម្បី​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ

    ក្រសួងសុខាភិបាលកម្ពុជានាល្ងាចថ្ងៃទី11វិច្ឆិកានេះ បានប្រកាសឱ្យដឹងថា ក្រសួងនឹងបញ្ចេញម៉ាសចំនួន2លានបន្ទះពីឃ្លាំងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីប្រគល់ជូនឯកឧត្តមអភិបាលក្រុងភ្នំពេញ សម្រាប់យកទៅចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងបំណងការពារការឆ្លងរាលដាលនៃវីរុសCovid-19។

    ការបញ្ចេញម៉ាសពីឃ្លាំងយុទ្ធសាស្ត្រនេះ ត្រូវបានធ្វើឡើងដោយឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយអនុវត្តទៅតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញបទបញ្ជានារសៀលថ្ងៃទី11វិច្ឆិកានេះ។

    សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCovid-19 ចំនួន301នាក់ ក្នុងនោះមាន288នាក់បានជាសះស្បើយ និង13នាក់កំពុងទទួលការព្យាបាល។ កម្ពុជាមិនទាន់មានករណីបាត់បង់ជីវិតដោយសារជំងឺរលាកសួតដែលបង្កឡើងដោយវីរុសCovid-19 នេះនៅឡើយ។

    ម៉ាសចំនួន2លានបន្ទះនឹងត្រូវបានបញ្ចេញពីឃ្លាំងយុទ្ធសាស្ត្រ ដើម្បីយកទៅចែកជូនពលរដ្ឋក្រីក្រ
  • Amazon ប្រឈម​នឹង​ការ​ពិន័យ​37​ពាន់​លាន​ដុល្លារ​ ទាក់​ទិន​នឹង​​ការ​​​រក​​ស៊ី​​ផ្ដាច់​មុខ​នៅ​អឺរ៉ុប​

    Amazon ប្រឈម​នឹង​ការ​ពិន័យ​37​ពាន់​លាន​ដុល្លារ​ ទាក់​ទិន​នឹង​​ការ​​​រក​​ស៊ី​​ផ្ដាច់​មុខ​នៅ​អឺរ៉ុប​

    សហភាពអឺរ៉ុបយល់ថា ក្រុមហ៊ុននេះ កំពុងតែប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន ដើម្បីគ្រប់គ្រងវិស័យទិញដូរតាមអនឡាញដោយផ្ដាច់មុខតែឯង ក្នុងបំណងរារាំងគូប្រជែង។ល។

    សហភាពអឺរ៉ុប (EU) បានប្រកាសជាផ្លូវការអំពីការប្ដឹងចោទប្រកាន់នានា ប្រឆាំងនឹងភាពផ្ដាច់មុខរបស់ Amazon ដោយយល់ថា ក្រុមហ៊ុននេះ កំពុងតែប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន គ្រប់គ្រងវិស័យទិញដូរតាមអនឡាញដោយផ្ដាច់មុខ។ ទន្ទឹមនឹងនេះ EU ក៏បើកការស៊ើបអង្កេតទីពីរទៅលើសកម្មភាពជំនួញរបស់ក្រុមហ៊ុនយក្សនេះផងដែរ។

    យោងតាម CNN Business លោកស្រី Margrethe Vestager មន្ត្រីជាន់ខ្ពស់បំផុតដែលទទួលបន្ទុកខាងប្រឆាំងការរកស៊ីផ្ដាច់មុខនៃគណៈកម្មការអឺរ៉ុប (EC) កាលពីថ្ងៃទី10វិច្ឆិកា បាននិយាយថា Amazon បានរំលោភច្បាប់ ដោយការប្រើប្រាស់ឥទ្ធិពលក្នុងផ្សារអនឡាញធំបំផុតរបស់ខ្លួននៅប្រទេសបារាំង និងអាល្លឺម៉ង់។

    កាលពីខែកក្កដា ឆ្នាំ2019 EC បានធ្វើការស៊ើបអង្កេតផ្លូវការអំពីតួនាទី “ស្ទួន” របស់ Amazon ដោយសារតែក្រុមហ៊ុននេះ ធ្វើជាផ្សារអនឡាញផង ធ្វើជាអ្នកលក់រាយផង។

    ក្រុមមន្ត្រីស៊ើបអង្កេតរបស់អឺរ៉ុប បានរកឃើញភាពមិនប្រក្រតីជាច្រើននៅក្នុងការរកស៊ីរបស់ Amazon ក្នុងនោះមានដូចជា បញ្ហា Amazon បានប្រើប្រាស់ទិន្នន័យមិនបង្ហាញជាសាធារណៈរបស់ក្រុមអ្នកលក់រាយឯករាជ្យ ដើម្បីប្រៀបធៀបតម្លៃគ្នារវាងផលិតផលរបស់ខ្លួន និងផលិតផលរបស់អ្នកលក់ឯករាជ្យទាំងនោះ ក្នុងបំណងកំណត់តម្លៃផលិតផលរបស់ខ្លួនឱ្យមានលទ្ធភាពប្រកួតប្រជែងខ្ពស់ជាង។ នេះបើតាមលោកស្រី Vestager។

    មន្ត្រីអឺរ៉ុបរូបនេះក៏បានសង្កត់ធ្ងន់ថា ជាមួយនឹងវិធីខាងលើ Amazon អាចកាត់បន្ថយលទ្ធភាពនៃការប្រកួតប្រជែងរបស់ក្រុមអ្នកលក់ភាគីទីបី ក៏ដូចជាកាត់បន្ថយឱកាសនៃការរីកចម្រើនរបស់ក្រុមអ្នកលក់នោះ។

    Amazon ប្រឈមនឹងការពិន័យ37ពាន់លានដុល្លារ ទាក់ទិននឹងបញ្ហាក្ដោបក្ដាប់ទីផ្សារអនឡាញផ្ដាច់មុខនៅអឺរ៉ុប
    លោកស្រី Margrethe Vestager មន្ត្រីជាន់ខ្ពស់បំផុតដែលទទួលបន្ទុកខាងប្រឆាំងការរកស៊ីផ្ដាច់មុខនៃគណៈកម្មការអឺរ៉ុប (EC)

    យ៉ាងនេះក្ដី Amazon បានច្រានចោលការចោទប្រកាន់នេះ ដោយប្រកាសថា “យើងមិនយល់ស្របជាមួយនឹងការវាយតម្លៃបឋមរបស់ EC ហើយយើងនឹងបន្តការប្រឹងប្រែង ដើម្បីធានាឱ្យបានប្រាកដថា ពួកគេយល់ច្បាស់អំពីការពិត”។

    ការវាយតម្លៃបឋមរបស់ EC បង្ហាញថា Amazon បានបំពានមាត្រាច្បាប់ប្រឆាំងនឹងការរកស៊ីផ្ដាច់មុខរបស់ EU ប៉ុន្តែបានបញ្ជាក់ថា ការស៊ើបអង្កេតត្រូវតែធ្វើឡើងដល់ទីបំផុត មុននឹងមានការដាក់ពិន័យណាមួយ។ ការស៊ើបអង្កេតនេះ អាចប្រើពេលច្រើនឆ្នាំ ហើយអាចនាំទៅរកការដាក់ពិន័យឡើងដល់10% នៃប្រាក់ចំណូលសរុបទូទាំងពិភពលោកក្នុងមួយឆ្នាំរបស់ Amazon។ បើសិនជាយោងទៅលើការព្យាករលើប្រាក់ចំណូលរបស់ Amazon នៅក្នុងឆ្នាំ2020 នោះប្រាក់ពិន័យអាចឡើងដល់37ពាន់លានដុល្លារអាមេរិក។

    ចំណែកការស៊ើបអង្កេតលើកទីពីររបស់ EU គឺទាក់ទងនឹងការចោទប្រកាន់ថា Amazon ព្យាយាមយកចិត្តទុកដាក់ទៅលើផលិតផលដែលក្រុមហ៊ុននេះកំពុងលក់រាយ ឬចូលចិត្តអ្នកលក់ទីបីណាដែលប្រើប្រាស់សេវាកម្មរបស់ Amazon៕

    ប្រភព៖ CNN Business, Forbes

  • “អនាគតស្ត្រីទី1” ដំបូងគេ របស់អាមេរិក ដែលជា Working women

    “អនាគតស្ត្រីទី1” ដំបូងគេ របស់អាមេរិក ដែលជា Working women

    ក្នុងវិនាទី ដែលការរាប់ពិន្ទុបោះឆ្នោតរបស់រដ្ឋផេនស៊ីលវេនៀ ត្រូវបានបញ្ចប់ និងសំឡេងឆ្នោតរបស់គណបក្សដេម៉ូក្រេត បានឈ្នះដាច់គណបក្សរីផាប្ល៊ីកាន់ ដណ្ដើមបានជោគជ័យនៅក្នុងស្វ៊ីងស្តេត ធ្វើឱ្យលោក ចូ បៃដិន ប្រមូលកៅអីនៅក្នុងរដ្ឋសភាបានលើស 270អាសនៈ រួចរាល់ហើយនោះ ក៏មានន័យថា សហរដ្ឋអាមេរិក នឹងបានប្រធានាធិបតីថ្មីម្នាក់ទៀត ឡើងមកគ្រងតំណែង និងក៏ជាវិនាទី ដែលលោកស្រី ជីលល៍ បៃដិន គូជីវិតរបស់លោក ចូ បៃដិន បានឈានឡើងទៅក្លាយជា First Lady ឬសុភាពនារីទី1 ថ្មី ដំណាលគ្នាដែរ។

    លោកស្រី ជីលល៍ បៃដិន ឬឈ្មោះពេញគឺ ជីលល៍ ថ្រេស៊ី ចាខប់ស៍ បៃដិន ធំធាត់ឡើងនៅឯទីក្រុងហ្វ៊ីឡាដែលហ្វៀ។ ស្ត្រីវ័យ 69ឆ្នាំរូបនេះ កំពុងតែសាងប្រវត្តិសាស្ត្រ វគ្គថ្មីមួយរបស់ស្ត្រីទី1 ដោយការក្លាយជាស្ត្រីដំបូងគេ ដែលជា Working woman ឬជាគូជីវិតរបស់ប្រធានាធិបតី ដែលមានការងារធ្វើច្បាស់លាស់ មិនមែនគ្រាន់តែជាភរិយា Full time ជួយការងារស្វាមី ឬធ្វើការក្នុងស្ថាប័នការងារសប្បុរសធម៌នានាឡើយ។

    ជីលល៍ ឬលោកស្រីសាស្ត្រាចារ្យបណ្ឌិត ជីលល៍ ជាស្ត្រីអ្នកសិក្សាដ៏ពូកែម្នាក់ លោកស្រីរៀនចប់បរិញ្ញាត្រី ខាងផ្នែកភាសាអង់គ្លេស ពីមហាវិទ្យាល័យ ដេឡាវែរ, បរិញ្ញាទោ 2សន្លឹក ផ្នែកការសិក្សា មកពីមហាវិទ្យាល័យ វេស្ត ឆេស្ទើរ និងផ្នែកភាសាអង់គ្លេស ពីមហាវិទ្យាល័យ វីលឡាណូវ៉ា និងបរិញ្ញាឯក ផ្នែកការសិក្សា ពីមហាវិទ្យាល័យ ដេឡាវែរ កាលពីឆ្នាំ2007 ដណ្ដើមបានពាក្យថា បណ្ឌិត មកដាក់ពីមុខឈ្មោះខ្លួនឯង ខណៈដែលលោកស្រីមានអាយុ 55ឆ្នាំ។

    លោកស្រី ជាសាស្ត្រាចារ្យ បង្រៀនជាង 40ឆ្នាំមកហើយ តាំងពីសាលារៀនកម្រិតមធ្យម និងវិទ្យាល័យជនបទ ដោយតាំងពីឆ្នាំ2009 មក លោកស្រីបានបង្រៀនភាសាអង់គ្លេសនៅ ណត់ធើន វើជីនៀ ខំមូនីធី ខលលេច និងនៅតែអះអាងថា បើទោះជាលោកស្រី នឹងឡើងតំណែងជាសុភាពនារីទី1 ហើយក្ដី ក៏នឹងនៅតែប្រកបអាជីពជាគ្រូ និងធ្វើការបង្រៀន ដែលនេះជាអ្វីដែលលោកស្រីស្រឡាញ់ តទៅទៀតដដែល។

    ដោយតំណែង ហ្វ៊ើស ឡេឌី និងដោយអាជីពជាសាស្ត្រាចារ្យ ធ្វើឱ្យហ្វេសសិន ការតុបតែងខ្លួនរបស់លោកស្រីជីលល៍ សង្កត់ធ្ងន់លើភាពសាមញ្ញៗ សុភាព និងអាចសង្កេតឃើញបានថា លោកស្រីចូលចិត្តការមើលមក ឃើញបែបក្លាសស៊ិក ដូចជា សំពត់ដ្រេសវែង ពណ៌សាមញ្ញៗ ហើយគេកម្រនឹងបានឃើញសម្លៀកបំពាក់ពណ៌ចែងចាំង ដិតៗនៅលើខ្លួនលោកស្រីណាស់។ យ៉ាងខ្លាំងបំផុត ក៏មានត្រឹមក្បាច់ផ្កា ឬអុចៗ និងបើជាឈុតផ្លូវការវិញ លោកស្រីតែងជ្រើសរើសឈុតសកល សំពត់ពណ៌ងងឹតៗ បន្ថែមដោយគ្រឿងតុបតែងលម្អ ដូចជាខ្សែកគ្រាប់អង្កាំវែងៗ និងយូរៗម្ដង ទើបឃើញលោកស្រីចាប់យកខោមកស្លៀក តែក៏នៅតែមានពណ៌ស៊ីគ្នានឹងអាវដែរ។ ទាំងអាវ និងខោ រហូតទៅដល់ស្បែកជើងកវែង ឬសូម្បីតែម៉ាស់អនាម័យ ដែលលោកស្រីជ្រើសរើសប្រើ ក៏ច្រើនតែមានពណ៌ដូចគ្នា ឬក្បូរក្បាច់ដូចគ្នានឹងសម្លៀកបំពាក់ដែលស្លៀកដែរ។

    ក្រៅពីនេះ លោកស្រីនៅជ្រើសរើសប្រើហ្វេសសិន ដែលសម្ដែងចេញខាងនយោបាយទៀតផង ដូចជា ពាក់ម៉ាស់អនាម័យដែលមានពាក្យថា VOTE ធំៗ ឬពាក់ស្បែកជើងប៊ូត កវែង ដ៏សែនឡូយ ដែលមានក្បូរក្បាច់បែបថៃប៉ូហ្ក្រាហ្វី ពាក្យថា VOTE យ៉ាងស្រស់សង្ហា។

    សម្រាប់ការតុបតែងខ្លួនថ្មីៗបំផុតនេះ លោកស្រីបានជ្រើសរើសតុបតែង មកបង្ហាញខ្លួន ក្រោយឈានឡើងជាសុភាពនារីទី1 នៅក្នុងពិធីថ្លែងការណ៍ប្រកាសជ័យជម្នះរបស់លោក ចូ បៃដិន នៅទីក្រុងវីលមីងតុន ដែលជាស្រុកកំណើតរបស់លោកបៃដិន ដោយលោកស្រីជ្រើសរើសស្លៀកឈុតដ្រេសពណ៌ខៀវចាស់ មានក្បាច់ស្លឹកឈើ និងផ្កា របស់ប៊្រេនដ៍ អូស្កា ដេល ឡា រេនតា តាមបែប ហ្វ៊ើស ឡេឌី មុនៗ ព្រោះប្រ៊េនដ៍ អូស្កា ដេល ឡា រេនតា នេះ អាចនិយាយបានថា ជាប្រ៊េនដ៍សំណព្វចិត្តរបស់បណ្ដាស្ត្រីទី1 ជាច្រើនយុគសម័យមកហើយ ដូចជា លោកស្រី ជែកគី ខេននេឌី, លោកស្រី នែនស៊ី រីហ្គែន រហូតមកដល់លោកស្រី ហ៊ីលឡារី គ្លីនតុន ទៀតផង៕

    ប្រភព៖ សារព័ត៌មានបរទេស

     

  • ក្រុម​ប្រដាប់​អាវុធ​ដែល​ស្និទ្ធ​នឹង​ IS ​កាត់​ក្បាល​មនុស្ស​ជាង​50​នាក់​នៅ​ម៉ូហ្សាំប៊ិក

    ក្រុម​ប្រដាប់​អាវុធ​ដែល​ស្និទ្ធ​នឹង​ IS ​កាត់​ក្បាល​មនុស្ស​ជាង​50​នាក់​នៅ​ម៉ូហ្សាំប៊ិក

    ក្រុមជនប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម (IS) បានកាត់ក្បាលមនុស្សជាង50នាក់នៅក្នុងទីលានលេងបាល់មួយកន្លែងក្នុងភូមិមួយនៃខេត្ត Cabo Delgado ប្រទេសម៉ូហ្សាំប៊ិក។

    សារព័ត៌មាននានាដែលគាំទ្រដោយរដ្ឋាភិបាលប្រទេសម៉ូហ្សាំប៊ិច (Mozambique) កាលពីថ្ងៃទី9វិច្ឆិកា បានចេញផ្សាយថា ក្រុមប្រដាប់អាវុធបានប្រែក្លាយទីលានលេងបាល់ឱ្យទៅជា “ទីលានប្រហារជីវិត” ជាទីដែលសាកសពគ្មានក្បាលរបស់ជនរងគ្រោះ ស្ថិតនៅរាយប៉ាយពាសពេញដី។ ជនរងគ្រោះដែលព្យាយាមរត់គេចខ្លួន ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃជាទីបំផុត ចាប់ពីថ្ងៃទី6វិច្ឆិកាដល់8វិច្ឆិកា។

    សាកសពកុមារយ៉ាងតិច15នាក់ ត្រូវបានរកឃើញនៅក្នុងចំណោមសាកសពគ្មានក្បាលជាង50នាក់នេះផងដែរ។ ពួកគេត្រូវបានសម្លាប់នៅពេលកំពុងចូលរួមធ្វើពិធីពេញវ័យ។

    ក្រុមប្រដាប់អាវុធដែលស្និទ្ធនឹង IS កាត់ក្បាលមនុស្សជាង50នាក់នៅម៉ូហ្សាំប៊ិក

    ស្ត្រីឈរពកូននៅក្នុងទីកន្លែងដែលត្រូវបានក្រុមរដ្ឋអ៊ីស្លាមដុតបំផ្លាញកាលពីខែសីហា ឆ្នាំ2019 នៅក្នុងភូមិមួយនៃខេត្ត Cabo Delgado ភាគខាងជើងម៉ូហ្សាំប៊ិក (រូបថត៖ AFP)Bernardino Rafael មេបញ្ជាការប៉ូលិសរបស់ម៉ូហ្សាំប៊ិក បានប្រាប់អ្នកសារព័ត៌មានថា អំពើហិង្សានៅក្នុងតំបន់នេះ បានកើតឡើងជាច្រើនថ្ងៃ បន្ទាប់ពីក្រុមជ្រុលនិយមដែលមានទំនាក់ទំនងជាមួយ IS បានចូលមកគ្រប់គ្រងភូមិឋាននានានៅក្នុងស្រុក Miudumbe និង Macomia នៃខេត្ត Cabo Delgado។ ពួកគេបានសម្លាប់មនុស្ស ចាប់នារី និងកុមារ ព្រមទាំងបានដុតបំផ្លាញផ្ទះសម្បែងផងដែរ។ ប៉ូលិសបានឱ្យដឹងថា អំពើព្រៃផ្សៃនេះ ត្រូវបានធ្វើឡើងដោយក្រុមបះបោរ។

    តំបន់ Cabo Delgado កំពុងទទួលរងការវាយប្រហារជាច្រើនលើកចាប់តាំងពីឆ្នាំ2017។ មនុស្សជាង​2,000​នាក់​បានបាត់បង់ជីវិត និងជាង 430,000នាក់បានបាត់បង់ផ្ទះសម្បែងដោយសារមានការប្រយុទ្ធគ្នានៅក្នុងខេត្តដែលសម្បូរសាសនិកអ៊ីស្លាម។ ខេត្តដែលសម្បូរត្បូងទទឹមនេះក៏កំពុងក្លាយជាជម្រករបស់ក្រុមភេរវកម្មនៅតំបន់អាហ្វ្រិកខាងត្បូង ជាកន្លែងដែលក្រុមប្រដាប់អាវុធប្រើប្រាស់ភាពក្រីក្រ និងការបាត់បង់ការងារ ជាឧបករណ៍សម្រាប់ទាក់ទាញសមាជិកក្មេងៗឱ្យចូលរួមជាមួយពួកគេ។

    ក្រុមប្រដាប់អាវុធដែលស្និទ្ធនឹង IS កាត់ក្បាលមនុស្សជាង50នាក់នៅម៉ូហ្សាំប៊ិករដ្ឋាភិបាលម៉ូហ្សាំប៊ិក បានស្នើសុំជំនួយពីអន្តរជាតិដើម្បីទប់ស្កាត់ការរីកចម្រើននៃលទ្ធិជ្រុលនិយមនៅប្រទេសនេះ។ ក៏ប៉ុន្តែ ក្រុមអង្គការសិទ្ធិមនុស្សបានចោទប្រកាន់រដ្ឋាភិបាលថា បានរំលោភសិទ្ធិមនុស្សដោយការចាប់ខ្លួន ធ្វើទារុណ​កម្ម និងសម្លាប់មនុស្សតាមអំពើចិត្តនៅក្នុងការបង្ក្រាបក្រុមបះបោរ៕

    ប្រភព៖ Newsweek

  • អាមេរិក​យល់​ព្រម​លក់​យន្ត​ហោះ​ចម្បាំង​បំបាំង​កាយ​ F-35​ ចំនួន​50​គ្រឿង​ទៅ​ឱ្យ​អារ៉ាប់រួម!​ អ៊ីស្រាអែល​ព្រួយ​បារម្ភ

    អាមេរិក​យល់​ព្រម​លក់​យន្ត​ហោះ​ចម្បាំង​បំបាំង​កាយ​ F-35​ ចំនួន​50​គ្រឿង​ទៅ​ឱ្យ​អារ៉ាប់រួម!​ អ៊ីស្រាអែល​ព្រួយ​បារម្ភ

    រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលក់យន្តហោះចម្បាំង F-35 ចំនួន 50គ្រឿង រួមនឹងប្រព័ន្ធនៃយន្តហោះប្រភេទ UAV ចំនួន18គ្រឿង និងអាវុធជាច្រើនផ្សេងទៀតដែលមានតម្លៃសរុប 23.4ពាន់លានដុល្លារអាមេរិក ទៅឱ្យ UAE បើទោះជាអ៊ីស្រាអែលសម្ដែងការព្រួយបារម្ភយ៉ាងណាក៏ដោយ។

    រដ្ឋាភិបាលរបស់លោក Donald Trump កាលពីថ្ងៃទី10វិច្ឆិកា បានប្រកាសជូនដំណឹងដល់សភាអាមេរិកអំពីគម្រោងលក់អាវុធនេះទៅឱ្យអារ៉ាប់រួម (United Arab Emirates/UAE) ដើម្បីជួយប្រទេសនេះទប់ទល់នឹងការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់។

    កិច្ចសន្យាជួញដូរអាវុធនេះរួមមាន យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន50គ្រឿង ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក (UAV) ទំនើបបំផុតចំនួន18គ្រឿង អាវុធប្រឆាំងសត្រូវលើអាកាសនិងលើដី រួមនឹងការផ្គត់ផ្គង់ផ្នែកបច្ចេកទេស និងការបណ្ដុះបណ្ដាលសម្រាប់ការប្រើប្រាស់ផងដែរ។

    សភាអាមេរិកនឹងមានពេល30ថ្ងៃ ចាប់ពិទទួលបានសេចក្ដីជូនដំណឹងពីក្រសួងការបរទេស ដើម្បីធ្វើសេចក្ដីអនុម័តថា ត្រូវលក់ ឬយ៉ាងណា។ បើសិនមិនមានការជំទាស់ពីសភា កិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចូនឡើងទៅកាន់ប្រធានាធិបតី Trump ដើម្បីចុះហត្ថលេខាចុងក្រោយ។

    អាមេរិកយល់ព្រមលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន50គ្រឿងទៅឱ្យអារ៉ាប់រួម! អ៊ីស្រាអែលព្រួយបារម្ភ
    F-35 ដែល​ត្រូវ​បាន​ហោះ​ទៅកាន់​អារ៉ាប់​រួម​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​2019

    ដំណឹងខាងលើនេះ ត្រូវបានប្រកាសក្នុងគ្រាដែលអ៊ីស្រាអែល បារ៉ែន និងអារ៉ាប់រួម យល់ព្រមធ្វើប្រក្រតីភាពការទូតជាមួយគ្នាឡើងវិញ។ ប៉ុន្តែ អ៊ីស្រាអែលបានសម្ដែងការព្រួយបារម្ភអំពីការលក់អាវុធនេះ ដោយយល់ថា វានឹងប៉ះពាល់ដល់ឥទ្ធិពលនៃកម្លាំងទ័ពរបស់ខ្លួននៅក្នុងតំបន់។

    យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo អះអាងថា កិច្ចព្រមព្រៀងនេះនឹងគោរពយ៉ាងពេញលេញចំពោះសន្ធិសញ្ញារាប់សិបឆ្នាំរវាងទីក្រុងវ៉ាស៊ីងតោន និងទីក្រុងតេលអាវីវ (Tel Aviv) ដែលក្នុងនោះ សហរដ្ឋ​អាមេរិក​ធានា​ថា​នឹងមិនធ្វើឱ្យចុះខ្សោយផ្នែកកម្លាំងទ័ព និងអាវុធដែលបានផ្ដល់ដល់អ៊ីស្រាអែលនោះឡើយ ដោយអាវុធដែលទីក្រុងតេលអាវីវទទួលបាន “មានកម្លាំងក្លាជាង” បើធៀបនឹងអាវុធដែលលក់ទៅឱ្យប្រទេសដទៃ៕

    ប្រភព៖ AP