Author: សឿន សំណាង

  • រកឃើញអ្នកឆ្លងCovid-19 1ករណីទៀតហើយ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ

    រកឃើញអ្នកឆ្លងCovid-19 1ករណីទៀតហើយ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ

    ក្រសួងសុខាភិបាលបានរាយការណ៍ថា ក្នុងអំឡុង24ម៉ោងកន្លងទៅនេះ កម្ពុជាបានធ្វើតេស្តរកឃើញអ្នកផ្ទុកCovid-19 ចំនួន1នាក់បន្ថែមទៀត ប៉ុន្តែនេះគឺជាករណីនាំចូល។

    អ្នកជំងឺខាងលើគឺជាស្ត្រីជនជាតិខ្មែរ មានអាសយដ្ឋាននៅសង្កាត់បឹងកេងកង3 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ស្ត្រីដែលមានអាយុ49ឆ្នាំរូបនេះ បានធ្វើដំណើរពីសហរដ្ឋអាមេរិក ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង មុននឹងមកដល់កម្ពុជានៅថ្ងៃទី16វិច្ឆិកា។ បច្ចុប្បន្ន អ្នកជំងឺនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលសុខភាពចាក់អង្រែ នាទីក្រុងភ្នំពេញ។

    ចំណែកមនុស្សចំនួន123នាក់ដែលបានរួមដំណើរជាមួយស្ត្រីខាងលើ ក៏កំពុងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក14ថ្ងៃ នៅសាលាអនុវិទ្យាល័យបុរី100ខ្នង និងសណ្ឋាគារចំនួន4 រួមនឹងស្ថានទូតជប៉ុន នៅភ្នំពេញ។

    ដោយឡែក ទាក់ទងនឹងព្រឹត្តិការណ៍3វិច្ឆិកា បច្ចុប្បន្ននៅសល់អ្នកជំងឺ3នាក់ទៀតដែលកំពុងសម្រាកព្យាបាល។ ក្នុងរយៈពេល24ម៉ោងមុននេះ កម្ពុជាក៏មិនបានរកឃើញករណីវិជ្ជមានណាមួយទៀត ទាក់ទិននឹងព្រឹត្តិការណ៍នេះទេ។

    គិតមកដល់ថ្ងៃទី18វិច្ឆិកា2020នេះ កម្ពុជាបានរកឃើញអ្នកឆ្លងCovid-19 សរុបចំនួន 304នាក់ ក្នុងនោះមាន291នាក់បានជាសះស្បើយ និង13នាក់ផ្សេងទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ៕

  • ភរិយារបស់ ​Obama ​រំលឹក​អំពី​ការ​ប្រគល់​អំណាច​ជូន​គ្រួសារ ​Trump​ ដោយ​សន្តិ​វិធី

    ភរិយារបស់ ​Obama ​រំលឹក​អំពី​ការ​ប្រគល់​អំណាច​ជូន​គ្រួសារ ​Trump​ ដោយ​សន្តិ​វិធី

    Michelle Obama បានឱ្យដឹងថា លោកស្រីពិតជាអស់សង្ឃឹមចំពោះលទ្ធផលបោះឆ្នោតកាលពីឆ្នាំ2016 ប៉ុន្តែ បាន “ខាំមាត់សង្កត់ចិត្ត” ទុកមួយឡែកដើម្បីប្រគល់សេតវិមានជូនគ្រួសារ Donald Trump។

    “ខ្ញុំមានការអន់ចិត្ត និងអស់សង្ឃឹមយ៉ាងខ្លាំង ប៉ុន្តែសន្លឹកឆ្នោតត្រូវបានរាប់ចប់សព្វគ្រប់ ហើយ Donald Trump បានជាប់ឆ្នោត” លោកស្រីអតីតជំទាវទីមួយរបស់សហរដ្ឋអាមេរិក Michelle Obama បានរៀបរាប់កាលពីថ្ងៃទី16វិច្ឆិកានៅលើទំព័រ Instagram អំពីដំណាក់កាលដែលលោក Trump ជាប់ឆ្នោតកាលពី4ឆ្នាំមុន។ លោកស្រីបន្តថា “ប្ដីប្រពន្ធយើងខ្ញុំ បានណែនាំឱ្យបុគ្គលិករបស់យើងធ្វើទៅតាមអ្វីដែល George និង Laura Bush ធ្លាប់បានធ្វើចំពោះពួកយើង៖ ប្រគល់អំណាចប្រកបដោយភាពថ្លៃថ្នូរ និងដោយរលូន ដែលជាសញ្ញាលេចធ្លោមួយនៅក្នុងលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក”។

    លោកស្រី Michelle ថ្លែងថា លោកស្រីនិងប្រធានាធិបតី Barack Obama បានអញ្ជើញបុគ្គលិករបស់លោក Trump មកកាន់ការិយាល័យ ហើយផ្ដល់ជូននូវកំណត់ហេតុលម្អិត និងចែករំលែកបទពិសោធន៍របស់ខ្លួននៅក្នុងការចាត់ចែងនៅសេតវិមាន។

    “ប្រការនេះមិនមានភាពងាយស្រួលប៉ុន្មានទេសម្រាប់ខ្ញុំ។ កាលណោះ Donald Trump បានផ្សព្វផ្សាយព័ត៌មានមិនពិតថា ស្វាមីខ្ញុំរើសអើងពូជសាសន៍ ធ្វើឱ្យគ្រួសារខ្ញុំធ្លាក់ទៅក្នុងស្ថានភាពគ្រោះថ្នាក់។ នោះគឺជាអ្វីដែលខ្ញុំមិនងាយនឹងអាចលើកលែងទោសឱ្យបាន”។

    ប៉ុន្តែ Michelle បានប្រើប្រាស់ “កម្លាំង និងភាពចាស់ទុំដើម្បីទុកកំហឹងឱ្យនៅមួយឡែក”។ លោកស្រី Michelle បានអញ្ជើញលោកស្រី Melania Trump មកកាន់សេតវិមាន និងឆ្លើយទៅនឹងសំណួរជាច្រើនស្ដីអំពី “ការសង្កេតរបស់សាធារណជននៅពេលក្លាយជាជំទាវទីមួយ ឬអំពីការថែរក្សាកូនៗនៅក្នុងសេតវិមានដោយរបៀបណាជាដើម”។

    4ឆ្នាំក្រោយ បើទោះជា Joe Biden ត្រូវបានប្រកាសថា ជាប្រធានាធិបតីជាប់ឆ្នោត ដោយមាន306សំឡេងគាំទ្រពីតំណាងម្ចាស់ឆ្នោតក៏ដោយ លោក Trump បែបជាមិនព្រមទទួលស្គាល់លទ្ធផលនេះ និងមិនទាន់បានចាប់ផ្ដើមដំណាក់កាលប្រគល់អំណាចនៅឡើយ។ ដំណើរការនេះទំនងជានឹងត្រូវពន្យារពេលរហូតដល់ការបោះឆ្នោតត្រូវបានចុះហត្ថលេខាទទួលស្គាល់ដោយប្រធានអង្គភាពសេវាសាធារណៈ ជាមនុស្សដែលលោក Trump បានតែងតាំង។

    លោកស្រី Melania ក៏មិនទាន់អញ្ជើញជំទាវទីមួយ Jill Biden ឱ្យមកសេតវិមានទៅតាមទម្លាប់នោះដែរ។ នៅក្នុងចំណោមកិច្ចការដែលត្រូវធ្វើសម្រាប់ដំណើរការនៃការប្រគល់អំណាច មានកិច្ចការជាច្រើនទាក់ទងនឹងជំទាវទីមួយ មានដូចជា ការរៀបចំ និងការតុបតែងសេតវិមាន។ល។

    លោកស្រី Michelle បានព្រមានថា ការពន្យារពេលក្នុងការប្រគល់អំណាចប្រកបដោយប្រជាធិបតេយ្យ និងសន្តិវិធី មិនត្រឹមតែបង្កអសន្តិសុខជាតិនោះទេ តែវាក៏បង្កឱ្យមានអស្ថិរភាពនយោបាយនៅសហរដ្ឋអាមេរិកផងដែរ។

    “នេះមិនមែនជាល្បែងលេងសើចនោះឡើយ។ សង្គមប្រជាធិបតេយ្យរបស់យើង ធំធេងជាងឆ្ងាយណាស់បើធៀបនឹង “អញនិយម” របស់បុគ្គលិកគ្រប់រូប” លោកស្រី Michelle សរសេរបន្ថែមយ៉ាងដូច្នេះ៕

    ប្រភព៖ CNN

  • ម្ចាស់ទីលានថតកុននៅ​ Hollywood៖ ពីកុមារក្រីក្ររស់នៅក្នុងតំបន់សម្បុកកណ្ដុរ ក្លាយជាមហាសេដ្ឋីល្បីឈ្មោះ

    ម្ចាស់ទីលានថតកុននៅ​ Hollywood៖ ពីកុមារក្រីក្ររស់នៅក្នុងតំបន់សម្បុកកណ្ដុរ ក្លាយជាមហាសេដ្ឋីល្បីឈ្មោះ

    Kirk Kerkorian គឺជាអ្នកជំនួញ ជាអ្នកវិនិយោគ ជាសប្បុរសជនម្នាក់ដ៏លេចធ្លោ និងជាជនជាតិអាមេរិកាំងដើមកំណើតអាមេនី។ លោកគឹជាប្រធានក្រុមហ៊ុន Tracinda Corporation ដែលមានការិយាល័យកណ្ដាលនៅតំបន់ Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក។

    Kirk Kerkorian កើតឆ្នាំ1917 នៅក្នុងគ្រួសារជនជាតិអាមេនីដ៏ក្រីក្រមួយ។ គ្រួសាររបស់គាត់ស្ថិតក្នុងចំណោមគ្រួសារក្រីក្របំផុតដែលត្រូវរស់នៅក្នុងតំបន់សម្បុកកណ្ដុរ បន្ទាប់ពីបានទៅរស់នៅលើទឹកដីអាមេរិកកាលពីនៅតូច។ Kirk Kerkorian ត្រូវឈប់រៀនតាំងតែពីនៅក្មេងដើម្បីជួយរកប្រាក់ចិញ្ចឹមគ្រួសារ។

    Kirk Kerkorian គឺជាកុមារដែលឧស្សាហ៍ និងព្យាយាមប្រឹងប្រែងធ្វើការ ដោយធ្លាប់ជាក្មេងដើរលក់កាសែត រត់​តុ​ ជំនួយការក្នុងផ្ទះបាយ និងធ្លាប់ធ្វើកិច្ចការប្រើកម្លាំងជាច្រើនផ្សេងទៀត។ Kirk Kerkorian គឺជាក្លាយជាក្មេង​ដែលវាងវៃ និងមានមហិច្ឆតាក្នុងការរកប្រាក់។ Kirk Kerkorian ជាមនុស្សចូលចិត្តហក់លោតក្នុងការស្វែង​រកការងារ ក៏ដូចជាការរកប្រាក់។ គាត់ត្រៀមខ្លួនជានិច្ចក្នុងការបោះបង់ការងារបច្ចុប្បន្នដើម្បីឈោងចាប់ការងារ ឬមុខរបរផ្សេង បើសិនជាដឹកថាអាចរកប្រាក់បានច្រើនជាង។

    ទន្ទឹមនឹងភាពវាងវៃ រហ័សរហួន និងក្លាហានរបស់ក្មេងនៅតាមចិញ្ចើមផ្លូវ Kirk Kerkorian ថែមទាំងមានសុខភាពល្អផងដែរ។ អាយុ14ឆ្នាំ Kirk Kerkorian បានស៊ីឈ្នួលធ្វើកិច្ចការធ្ងន់ៗដើម្បីរកប្រាក់ មានដូចជាការធ្វើចំការ ប្រមូលផលបន្លែផ្លែឈើជាដើម។ Kirk Kerkorian ក៏ចូលចិត្តរៀនក្បាច់គុនប្រដាល់ ដែលក្រោយមក ក៏​បាន​ដាក់ពាក្យប្រកួតជាមួយអ្នកប្រដាល់ទៀតផង ដោយសារតែប្រាក់។ ឈាមជាអ្នកប្រថុយជីវិតប្រកបដោយភាពក្លាហានរបស់ Kirk Kerkorian បាននៅជាមួយគាត់ជាប់ជានិច្ច។

    នៅពេលលែងត្រូវបារម្ភអំពីបញ្ហា “បានព្រឹក ខ្វះល្ងាច” Kirk Kerkorian ក៏ស្រមៃភ្លាមដល់រឿងរកស៊ីមានបាន ដោយ​ប្រើប្រាស់យុទ្ធសាស្ត្រ “ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ”។

    នៅក្នុងប៉ុន្មានទសវត្សរ៍កន្លងទៅនេះ បើទោះជាវិស័យឧស្សាហកម្ម និងស្ថានភាពសេដ្ឋកិច្ចផ្លាស់ប្ដូរយ៉ាងណាក៏​ដោយ Kirk Kerkorian បានប្រើប្រាស់យុទ្ធសាស្ត្រខាងលើប្រកបដោយជោគជ័យ។ គាត់ចូលចិត្តរថយន្តខ្លាំងណាស់ ហើយក៏បានចាប់ផ្ដើមរកស៊ីជាមួយនឹងមុខរបរជួញរថយន្តចាស់ៗ។

    ម្ចាស់ទីលានថតកុនរបស់ Hollywook៖ ពីកុមារក្រីក្ររស់នៅក្នុងតំបន់សម្បុកកណ្ដុរ ក្លាយជាមហាសេដ្ឋីល្បីឈ្មោះ
    លោក Kirk Kerkorian ក៏ធ្លាប់​រៀន​បើក​បរយន្តហោះ និង​ជា​ម្ចាស់​ក្រុម​ហ៊ុន​អាកាសចរណ៍​តូច​មួយ​ផងដែរ​

    នៅក្នុងការរកស៊ី Kirk Kerkorian តែងតែទិញនិងលក់ស្ទើរគ្រប់យ៉ាង។ ហើយការ “ទិញចូល លក់ចេញ” របស់គាត់ កម្រនឹងមានអ្នកណាអាចធ្វើបាន ព្រោះវាជារឿងរហ័សរហួនប្រកបដោយភាពប្រថុយប្រថាន និងក្លាហាន។

    ការជួញដូរប្រកបដោយភាពប្រថុយប្រថានរបស់ Kirk Kerkorian ៖

    Kirk Kerkorian បានចាប់ផ្ដើមរកស៊ីធំជាលើកដំបូងដោយការវិនិយោគទៅលើក្រុមហ៊ុនផលិតរថយន្ត Chrysler កាលពីឆ្នាំ1990 នៅពេលដែលមូលបត្ររបស់ក្រុមហ៊ុនបានធ្លាក់មកនៅ9ដុល្លារ/ហ៊ុន ដោយសារឱនភាពសេដ្ឋកិច្ចអាមេរិក និងការដឹកនាំមិនបានល្អរបស់ក្រុមហ៊ុន។ លោក Kirk Kerkorian យល់ថា តម្លៃមូលបត្ររបស់ Chrysler​ បានបង្ហាញអំពីបញ្ហាសេដ្ឋកិច្ច ប៉ុន្តែវាមិនបានបង្ហាញអំពីលទ្ធភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចនោះឡើយ។

    ដូច្នេះ Kirk Kerkorian ក៏សម្រេចចិត្តទិញមូលបត្រចំនួន36លានហ៊ុនពី Chrysler ក្នុងតម្លៃ10/ហ៊ុន ប្រហាក់ប្រហែលនឹង10%នៃតម្លៃសរុបរបស់ក្រុមហ៊ុននេះ ហើយលោកក៏បានក្លាយជាភាគហ៊ុនិកធំបំផុតរបស់ Chrysler។ មកដល់ដើមឆ្នាំ1994 តម្លៃមូលបត្រដែល Kirk Kerkorian កំពុងកាន់កាប់ បានកើនឡើង60ដុល្លារ/ហ៊ុន។ ក្រោយមក ក្នុងឆ្នាំ1995 តម្លៃមូលបត្ររបស់ Chrysler បានកើនឡើងខ្ពស់បំផុត ដែលជួយឱ្យ Kerkorian រកប្រាក់ចំណេញជាង500%។ Kerkorian ក៏បានសម្រេចចិត្តវិនិយោគ23ពាន់លានដុល្លារដើម្បីទិញក្រុមហ៊ុននេះទាំង​មូលតែម្ដង។

    ថ្វីបើត្រូវ Chrysler បដិសេធ ប៉ុន្តែ Kerkorian នៅតែបន្តទិញមូលបត្ររបស់ក្រុមហ៊ុននេះ។ ក្រោយមក ក្រុមហ៊ុនផលិតរថយន្ត Daimler-Benz បានទិញ Chrysler ក្នុងតម្លៃ36ពាន់លានដុល្លារ និងបង្កើតបានជាក្រុមហ៊ុន DaimlerChrysler។

    ពេលនោះ Kerkorian សម្រុកទិញមូលបត្ររបស់ Daimler-Benz។ ក្រោយពីបញ្ចប់កិច្ចព្រមព្រៀង Kerkorian រកបាន 2.7ពាន់លានដុល្លារ។

    Kirk Kerkorian ក៏ធ្លាប់បានទិញនិងលក់ក្រុមហ៊ុន MGM ដែលជាផលិតកម្មភាពយន្តល្បីល្បាញបំផុតនៅ Hollywood ដល់ទៅ4លើក។ ពេលមានគេសួររកទិញក្នុងតម្លៃខ្ពស់ លោកក៏លក់ ហើយពេលមានគេលក់ក្នុងតម្លៃទាប លោកក៏ទិញ។

    ម្ចាស់ទីលានថតកុនរបស់ Hollywook៖ ពីកុមារក្រីក្ររស់នៅក្នុងតំបន់សម្បុកកណ្ដុរ ក្លាយជាមហាសេដ្ឋីល្បីឈ្មោះ
    មហាសេដ្ឋី​រូប​នេះ កាល​ពី​នៅក្មេង​ក៏​ធ្លាប់​ឡើង​សង្វៀន​ប្រដាល់​ផងដែរ​ ដើម្បី​ប្រាក់

    Kerkorian ក៏ធ្លាប់រៀនបើកយន្តហោះ និងបានបើកក្រុមហ៊ុនអាកាសចរណ៍តូចមួយដែលមានយន្តហោះកីឡាចំនួន2គ្រឿងផងដែរ ក្រោយសង្គ្រាមលោកលើកទីពីរ។ ក្នុងទសវត្សរ៍ 1960 លោក Kerkorian បានទិញអចលនទ្រព្យជាច្រើនក្នុងតម្លៃទាប រួចក៏បង្កើតកាស៊ីណូយ៉ាងទាក់ទាញ ហើយដាក់លក់ក្នុងតម្លៃខ្ពស់។Kirk Kerkorian ក៏តែងតែមានសណ្ឋាគារ និងកាស៊ីណូជាច្រើនកន្លែងនៅក្នុងដៃ ដែលគាត់អាចលក់បាននៅពេលមានគេចង់ទិញ។

    មនុស្សជាច្រើនមិនទាន់យល់អំពីមូលហេតុដែលនាំឱ្យលោក Kirk Kerkorian ទទួលបានជោគជ័យច្រើនក្នុងការជំនួញរបស់ខ្លួននៅឡើយ ដោយសារថា លោកមិនមែនជាមនុស្សមានការសិក្សាជ្រៅជ្រះ ពូកែខាងវិភាគផ្នែកហិរញ្ញវត្ថុ ឬវិភាគគម្រោងអ្វីឡើយ ហើយលោកក៏ទំនងជាមិនពូកែខាងគ្រប់គ្រងនោះដែរ។

    ពេលបានក្លាយជាម្ចាស់ក្រុមហ៊ុន MGM-Studio ដែលជាទីលានថតកុនសំខាន់បំផុតនាបច្ចុប្បន្នរបស់វិស័យឧស្សាហកម្មភាពយន្ត Hollywood លោក Kerkorian ក៏មិនបានចាត់ចែង ឬគ្រប់គ្រងក្រុមហ៊ុននេះទេ ហើយសូម្បីតែមុខតំណែងជាអ្នកតាមដានក៏លោកមិនកាន់កាប់ដែរ។ មកដល់ពេលនេះ អ្នកជំនួញជាច្រើន រួមនឹងគូប្រជែងរបស់លោក ក៏នៅតែមិនអាចរកឃើញចម្លើយគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវសម្រាប់សំនួរដែលសួរថា “ហេតុអ្វី”។ ពួកគេបានត្រឹមតែកោតសរសើរទៅលើយុទ្ធសាស្ត្រជំនួញដ៏អាថ៌កំបាំងរបស់គាត់។

    មហាសេដ្ឋី Kirk Kerkorian បានទទួលមរណភាពកាលពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2015 នៅឯទីក្រុង Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក ដែលកាលនោះលោកមានទ្រព្យសរុបជាង 4ពាន់លានដុល្លារអាមេរិក៕

    ប្រភព៖ NY times

  • ករណីឆ្លង​វីរុស​បាន​​កើន​លើស​​ពី​55​លាន​នាក់!​ WHO ​ថា ​វ៉ាក់​សាំង​មិន​អាច​ទប់​ទល់​ឈ្នះ​Covid-19​ឡើយ!​

    ករណីឆ្លង​វីរុស​បាន​​កើន​លើស​​ពី​55​លាន​នាក់!​ WHO ​ថា ​វ៉ាក់​សាំង​មិន​អាច​ទប់​ទល់​ឈ្នះ​Covid-19​ឡើយ!​

    ប្រធានាអង្គការសុខភាពពិភពលោកបានព្រមានថា មិនត្រូវរំពឹងទៅលើវ៉ាក់សាំងតែមួយមុខ ដើម្បីបញ្ចប់វិបត្តិសុខភាពសកលនោះឡើយ នៅក្នុងស្ថានភាពដែលករណីឆ្លងCovid-19 បានកើនលើសពី55លាននាក់នៅទូទាំងសកលលោក។

    ពិភពលោកបានរាយការណ៍ថា ករណីស្លាប់ថ្មីដោយសារCovid-19 នៅក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ មាន​ចំនួន​7,467​នាក់ ធ្វើឱ្យតួលេខអ្នកស្លាប់ដោយសារវិបត្តិសុខភាពនេះ ឡើងដល់ 1,331,345នាក់។ ចំណែកអ្នកឆ្លងវីរុសសរុបក៏បានឡើងដល់55,302,552នាក់ កើនជាង51ម៉ឺននាក់ធៀបនឹងម្សិលមិញ ខណៈអ្នកជំងឺជាង 38,400,000នាក់បានជាសះស្បើយ និង 15,523,061នាក់កំពុងសម្រាកព្យាបាល។

    ប្រទេសដែលបានរកឃើញអ្នកឆ្លងវីរុសCovid-19 ចាប់ពី1លាននាក់ឡើងទៅ មាន11ប្រទេស រួមមាន សហរដ្ឋ​អាមេរិក (11,538,057) ឥណ្ឌា (8,874,172) ប្រេស៊ីល (5,876,740) បារាំង (1,991,233) រុស្ស៊ី ​(1,948,603)​ អេស្ប៉ាញ​ (1,521,899) អង់គ្លេស (1,390,681) អាហ្សង់ទីន (1,318,384) អ៊ីតាលី (1,205,881) កូឡុំប៊ី (1,205,217) និងប្រទសម៉ិកស៊ិក (1,009,396)។

    ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានថ្លែងកាលពីថ្ងៃទី15វិច្ឆិកាថា “យើងនៅតែបន្តទទួលបានព័ត៌មានដ៏គួរឱ្យត្រេកអរអំពីវ៉ាក់សាំងប្រឆាំង Covid-19។ ប៉ុន្តែ នេះមិនមែនជាពេលដែលត្រូវជឿជាក់ពេកនោះដែរ ព្រោះថា ការរំពឹងលើវ៉ាក់សាំងតែមួយមុខ គឺមិនគ្រប់គ្រាន់សម្រាប់ការទប់ស្កាត់រោគរាតត្បាតឡើយ”។

    ប្រសាសន៍ខាងលើត្រូវបានលើកឡើងក្រោយពីក្រុមហ៊ុនផលិតឱសថ Moderna ប្រកាសថា វ៉ាក់សាំងCovid-19 របស់ពួកគេមានប្រសិទ្ធភាព94.5% ដោយយោងទៅលើទិន្នន័យបឋមនៃការប្រើប្រាស់សាកល្បងដំណាក់កាលចុងក្រោយ ដែលនេះបានជួយឱ្យ Moderna ក្លាយជាក្រុមហ៊ុនអាមេរិកទីពីរដែលត្រូវបានរាយការណ៍ថា លទ្ធផលនៃការប្រើប្រាស់សាកល្បងលើកចុងក្រោយ គឺលើសពីអ្វីដែលបានរំពឹងទុកទៅទៀត។ សហរដ្ឋអាមេរិក បច្ចុប្បន្នមាន​វ៉ាក់សាំង​ចំនួន​2​ដែល​មាន​ប្រសិទ្ធ​ភាព​លើសពី90% នៅក្នុងការប្រើប្រាស់សាកល្បងទ្រង់ទ្រាយធំ។ តាមការរំពឹងទុក ​វ៉ាក់​សាំង​ទាំង​នេះ​នឹង​ត្រូវបានអនុម័តយល់ព្រមឱ្យប្រើប្រាស់បន្ទាន់នៅក្នុងខែធ្នូឆ្នាំ2020នេះ៕

    ប្រភព៖ Reuters, Worldometers

  • រកឃើញអ្នកវិជ្ជមាននឹងCovid-19 1​ករណី​ទៀត​ ខណៈ​សមាជិក​សភា​1រូប​​ និងស្ត្រី1នាក់​បានជាសះស្បើយ

    រកឃើញអ្នកវិជ្ជមាននឹងCovid-19 1​ករណី​ទៀត​ ខណៈ​សមាជិក​សភា​1រូប​​ និងស្ត្រី1នាក់​បានជាសះស្បើយ

    កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCovid-19 ចំនួន1ករណីទៀតដែលកើតឡើងលើបុរសជនជាតិខ្មែរ-អាមេរិកាំង បន្ទាប់ពីបុរសនេះបានធ្វើដំណើរពីសហរដ្ឋអាមេរិកមកកម្ពុជា និងស្នាក់នៅក្នុងបុរីមួយកន្លែងនៅរាជធានីភ្នំពេញ។

    អ្នកជំងឺខាងលើមានអាយុ56ឆ្នាំនេះបានធ្វើដំណើរពីសហរដ្ឋអាមេរិក និងបន្តជើងហោះហើរនៅកោះតៃវ៉ាន់ មុននឹងមកដល់កម្ពុជានៅថ្ងៃទី15វិច្ឆិកា2020។ បច្ចុប្បន្ន ជនជាតិខ្មែរ-អាមេរិកាំងខាងលើកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    អ្នកដំណើរ164នាក់ផ្សេងទៀតដែលបានរួមដំណើរក្នុងជើងហោះហើរជាមួយអ្នកជំងឺខាងលើ បច្ចុប្បន្នត្រូវបាន​ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡីស័ក​ចំនួន​14​ថ្ងៃ ក្នុងនោះមាន10នៅវិទ្យាល័យបុរី100ខ្នង ចំណែកអ្នកជំងឺក្រៅពីនេះត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅឯសណ្ឋាគារចំនួន4ក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីពួកគេទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន។

    ក្រៅពីរកឃើញអ្នកឆ្លងវីរុសCovid-19 ក្នុងរយៈពេល24ម៉ោងកន្លងទៅនេះ កម្ពុជាក៏មានអ្នកជាសះស្បើយពីជំងឺCovid-19 ចំនួន2នាក់ទៀតផងដែរ ក្នុងនោះមាន ឯកឧត្តម សួស យ៉ារ៉ា អាយុ47ឆ្នាំ ជាសមាជិករដ្ឋសភា ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍3វិច្ឆិកា និងស្ត្រីជនជាតិខ្មែរ អាយុ31ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសជប៉ុន ឆ្លងកាត់កូរ៉េខាងត្បូង។

    គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCovid-19 សរុប103នាក់ ក្នុងនោះមាន291នាក់បានជាសះស្បើយ និង12នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

     

     

  • យានអវកាស​ Crew​ Dragon ​របស់ ​Elon Musk​ ដឹក​អវកាសចរ​4​នាក់​ឡើង​ទៅ​កាន់​ស្ថានីយ​ ISS

    យានអវកាស​ Crew​ Dragon ​របស់ ​Elon Musk​ ដឹក​អវកាសចរ​4​នាក់​ឡើង​ទៅ​កាន់​ស្ថានីយ​ ISS

    ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះដោយជោគជ័យនូវយានអវកាសពាណិជ្ជកម្មលើកដំបូងរបស់ខ្លួនទៅកាន់ទីអវកាស នៅពេលប្រើប្រាស់គ្រាប់រ៉ុកកែត Falcon 9 ដែលហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៅរដ្ឋ Florida សហរដ្ឋ​​អាមេរិក។

    កាំជ្រួច Falcon 9 នេះ បានហោះចេញពីប្រព័ន្ធបាញ់បង្ហោះរ៉ុកកែតលេខ39 របស់អង្គការ NASA ​កាល​ពី​វេលា​ម៉ោង​6​និង​27​នាទី ​ថ្ងៃទី16វិច្ឆិកា (ម៉ោងនៅកម្ពុជា) ដោយនាំទៅជាមួយអវកាសយានិកដែលស្ថិក្នុងយាន Crew Dragon ហើយបន្ទាប់មក ក៏ត្រលប់មកកាន់ផែនដី និងចុះចតលើស្រឡាងស្វ័យប្រវត្តិមួយដែលស្ថិតនៅកណ្ដាលមហាសមុទ្រអាត្លង់ទិក។

    យាន Crew-1 Dragon របស់ក្រុមហ៊ុន SpaceX ដឹកអវកាសយានិករបស់ NASA 3នាក់ គឺ Mike Hopkins, Victor Glover, និង Shannon Walker រួមនឹងអវកាសយានិកជប៉ុន Soichi Noguchi។

    នៅមុនពេលបាញ់បង្ហោះ បញ្ហាដែលគេព្រួយបារម្ភខ្លាំង នោះគឺអាកាសធាតុ។ រលកសមុទ្រធំៗនៅតំបន់សម្រាប់ចុះចតរបស់គ្រាប់រ៉ុកកែត នាំឱ្យ SpaceX ពន្យារពេលការបាញ់បង្ហោះ1ថ្ងៃ ដើម្បីឱ្យស្រឡាងគ្មានមនុស្សបើកមានពេលគ្រប់គ្រាន់ដើម្បីធ្វើដំណើរទៅដល់់កន្លែងទទួលការចុះចតរបស់រ៉ុកកែតទាន់ពេលវេលា។

    យានអវកាស Crew Dragon របស់ Elon Musk ដឹកអវកាសចរ4នាក់ឡើងទៅកាន់ស្ថានីយ ISSNASA បានជ្រើសរើស SpaceX និង Boeing ឱ្យធ្វើជាអ្នកផ្គត់ផ្គង់សេវាកម្មហោះហើរទៅកាន់ទីអវកាស។ ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​កំពុង​អភិវឌ្ឍ​យាន​អវកាសដែលអាចដឹកមនុស្សប្រកបដោយសុវត្ថិភាពបំផុត ទៅតាមកិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ​6.8​ពាន់​លាន​ដុល្លារ។ ​ក្រោយពីដាក់ឱ្យដំណើរការ យាន Crew Dragon របស់ SpaceX និងយាន CST-100 Starliner របស់ Boeing នឹងក្លាយជាមធ្យោបាយចម្បងរបស់សហរដ្ឋអាមេរិកក្នុងការដឹកមនុស្សទៅកាន់ទីអវកាស។

    ខុសពីជើងហោះហើរសាកល្បងកាលពីខែឧសភា2020 ដែលក្រុមអវកាសយានិក Bob Behnken និង Doug Hurley ត្រូវចំណាយពេល19ម៉ោងដើម្បីដេញតាមទាន់ស្ថានីយអវកាសអន្តរជាតិ ISS យាន Crew-1 ចំណាយពេលប្រហែល27ម៉ោងទើបតាមទាន់ ISS នៅលើគន្លងគោចរ។ នៅក្នុងអំឡុងពេលនោះ ក្រុមអវកាសចរអាចដើរហើរ ហូបចុក និងគេងនៅក្នុងយានបានតាមចិត្ត។ យានអវកាសនេះដំណើរការដោយប្រព័ន្ធស្វ័យប្រវត្ត ប៉ុន្តែវាក៏មានប្រព័ន្ធបញ្ជាដែលមនុស្ស​អាចប្រើ​ប្រាស់​បាន។​

    ប្រហែលជា9នាទីក្រោយការបាញ់បង្ហោះ កំណាត់ដំបូងនៃប្រព័ន្ធរុញច្រានរបស់ Falcon 9 បានចុះចតលើស្រឡាងគ្មានមនុស្សបើក (JRTI) របស់ SpaceX ដែលកំពុងរង់ចាំនៅលើមហាសមុទ្រអាត្លង់ទិក។ SpaceX កំពុងរៀបផែនការដើម្បីប្រើប្រាស់កំណត់រុញច្រាននេះសម្រាប់ជើងហោះហើរបន្ទាប់ ដែលតាមគម្រោងនឹងត្រូវធ្វើឡើងនៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ2021។

    យានអវកាស Crew-1 នេះនឹងហោះទៅតភ្ជាប់នឹងស្ថានីយអវកាសអន្តរជាតិនៅវេលាម៉ោង10ព្រឹក ថ្ងៃទី17វិច្ឆិកាខាងមុខ (ម៉ោងនៅកម្ពុជា)៕

    ប្រភព៖ Space

  • អាមេរិក​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​ “លុក​លុយ​អវកាស”​

    អាមេរិក​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​ “លុក​លុយ​អវកាស”​

    ទ័ពអវកាសសហរដ្ឋអាមេរិកបង្កើតបញ្ជាការដ្ឋានកងម៉ារីនអវកាស ទទួលបន្ទុកគ្រប់គ្រងសកម្មភាពក្នុងលម្ហអវកាសដែលមានកម្ពាស់ពីផ្ទៃដីនៃភពផែនដីចាប់ពី100គមឡើងទៅ។

    បញ្ជាការដ្ឋានកងម៉ារីនអវកាស MARFORSPACE ស្ថិតក្រោមបញ្ជាការដ្ឋានគ្រប់គ្រងសន្តិសុខប្រព័ន្ធអ៊ីនធើណិតនៃកងម៉ារីន ដែលត្រូវបាន David Berger មេបញ្ជាការនៃកងម៉ារីនសហរដ្ឋអាមេរិក ប្រកាសឱ្យបង្កើតឡើងនៅ​ឯ​​មូលដ្ឋានទ័ពអាកាស Offutt រដ្ឋ Nebraska និងផ្ដើមដំណើរការចាប់ពីថ្ងៃទី1តុលា។

    អង្គភាពនេះគឺជាផ្នែកមួយនៃបញ្ជាការដ្ឋានអវកាសអាមេរិក ទទួលខុសត្រូវទៅលើសកម្មភាពយោធានៅលើអាកាសដែលមានកម្ពស់ចាប់ពី100គមឡើងទៅ នេះបើតាមរបាយការណ៍កាលពីថ្ងៃទី13វិច្ឆិកា។ MARFORSPACE​ ស្ថិតក្រោមបញ្ជាការរបស់ឧត្តមសេនី Matthew Glavy ជាមេបញ្ជាការនៃអង្គភាពទទួលបន្ទុកបេសកកម្មរក្សាសន្តិសុខលើប្រព័ន្ធអ៊ីនធើណិត​របស់​កង​ម៉ារីន​សហរដ្ឋ​អាមេរិក។

    ឧត្តមសេនី Glavy បានឱ្យដឹងនៅក្នុងរបាយការណ៍នោះថា៖ “យើងមានឱកាសដ៏គួរឱ្យភ្ញាក់ផ្អើលដើម្បីបង្កើតអំណាច​នៅក្នុងបរិស្ថានព័ត៌មាន ដោយយោងទៅតាមទីតាំងពិសេសនៅក្នុងកម្លាំងទ័ពជើងទឹក និងកងទ័ពចម្រុះ។ អវកាស និងបរិស្ថានអ៊ីនធើណិត មានតួនាទីយ៉ាងសំខាន់នៅក្នុងពិភពព័ត៌មាន និងអាចនាំមកនូវអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងនៅពេលបានសហការគ្នា”។

    អាមេរិកបង្កើតកងកម្លាំងប្រដាប់អាវុធ “លុកលុយអវកាស”
    ឧត្តមសេនី Matthew Glavy ជាមេបញ្ជាការនៃអង្គភាពទទួលបន្ទុកបេសកកម្មរក្សាសន្តិសុខលើប្រព័ន្ធអ៊ីនធើណិតរបស់កងម៉ារីនសហរដ្ឋអាមេរិក

    MARFORSPACE ទទួលខុសត្រូវក្នុងការរៀបចំផែនការ និងអនុវត្តយុទ្ធនាការក្នុងអវកាសជាមួយនឹងទ្រង់​ទ្រាយ​ទូទាំង​សកល​លោក ​ក៏ផ្ដល់ជំនួយ និងផ្ដល់ទិន្នន័យទៅឱ្យមេបញ្ជាការនានា ក៏ដូចជាសម្ព័ន្ធមិត្ត ឬដៃគូរបស់សហរដ្ឋ​អាមេរិក។ កងកម្លាំងនេះនឹងធ្វើការដោយឯករាជ្យ “ដោយយោងទៅលើក្រុមអ្នកជំនាញផ្នែកអវកាសដែលធ្លាប់​ជួយ​ដល់បញ្ជាការដ្ឋានយុទ្ធសាស្ត្រនៃកងម៉ារីនសហរដ្ឋអាមេរិក” នេះបើតាមសារព័ត៌មាន Space News។

    ព័ត៌មានខាងលើនេះ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គម Twitter មានការភ្ញាក់ផ្អើលខ្លាំង ព្រោះថា កងម៉ារីនគឺជាអង្គភាពដែលមានជំនាញសម្រាប់តែការវាយប្រហារឡើងគោករបស់កងទ័ពសហរដ្ឋអាមេរិកប៉ុណ្ណោះ។

    អ្នកលេង Twitter ម្នាក់សសរសេរថា៖ “អូ អង្គភាពវាយឡើងអវកាសឬ? កងកម្លាំងកាំភ្លើងធំនៃយានអវកាសមែនទេ? ខ្ញុំអាចចុះឈ្មោះចូលរួមនៅកន្លែងណាបាន?”។ល។

    កងទ័ពអវកាសគឺជាអង្គភាពយោធាទី6 របស់កងទ័ពសហរដ្ឋអាមេរិក និងត្រូវបានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ​2019​ ទៅតាមបញ្ជារបស់ប្រធានាធិបតី Donald Trump។ កងកម្លាំងយោធានេះមានតួនាទីការពារផ្កាយ​រណប ប្រឆាំងទៅនឹងការគំរាមកំហែងនៅក្នុងទីអវកាស ក្នុងបំណងអះអាងអំពីការត្រួតត្រារបស់សហរដ្ឋអាមេរិកនៅលើគន្លងគោចរនៃភពផែនដី។

    អង្គភាពថ្មីនេះស្ថិតក្នុងកងទ័ពអាកាសអាមេរិក និងមានយោធិនចំនួន16,000នាក់។ បញ្ជាការដ្ឋានអវកាស ទទួល​ខុសត្រូវលើសកម្មភាពប្រតិបត្តិការក្នុងលម្ហអាកាសដែលត្រូវបានបង្កើតឡើងកាលពីខីសីហា ឆ្នាំ2019៕

    ប្រភព៖ UPI, Task&Purpose

  • Trump នឹង​​បង្កើត​​បណ្ដាញ​​សង្គម​​ថ្មី​​ដើម្បី​​ប្រឆាំង​​នឹង ​​Twitter​

    Trump នឹង​​បង្កើត​​បណ្ដាញ​​សង្គម​​ថ្មី​​ដើម្បី​​ប្រឆាំង​​នឹង ​​Twitter​

    ប្រធានាធិបតីអាមេរិក លោក Donald Trump ទំនងជានឹងបង្កើតបណ្ដាញសង្គមថ្មីមួយ ក្នុងបំណងប្រឈមមុខជាមួយនឹង Twitter បន្ទាប់ពីបណ្ដាញសង្គមនេះ បានភ្ជាប់ការព្រមានទៅលើអត្ថបទជាច្រើនរបស់លោក Trump ដោយសារអត្ថបទទាំងនោះចោទប្រកាន់ទៅលើការបោះឆ្នោតនៅអាមេរិកថា មានការលួចបន្លំ។

    សារព័ត៌មានពាណិជ្ជកម្មអន្តរជាតិ IB Times របស់អាមេរិកបានដកស្រង់ប្រភពព័ត៌មានមួយឱ្យដឹងថា ប្រធានាធិបតីអាមេរិកកំពុងពិចារណាទៅលើការបង្កើតស្ថានីយទូរទស្សន៍មួយដើម្បីប្រជែងជាមួយនឹង Fox News ឬក្រុមហ៊ុនបណ្ដាញសង្គមមួយដើម្បីប្រឈមមុខទល់នឹង Twitter ដោយសារតែលោកមើលឃើញថា ក្រុមហ៊ុនទាំងនេះ បាន “ក្បត់” រូបលោក ក្រោយការបោះឆ្នោតថ្ងៃទី3វិច្ឆិកាកន្លងទៅ។ លោក Trump ធ្លាប់បានពិភាក្សាជាច្រើនលើកជាមួយនឹងទីប្រឹក្សារបស់លោកអំពីការបង្កើតបណ្ដាញសង្គមថ្មីនេះ។

    ទន្ទឹមនឹងនេះ ប្រភពព័ត៌មានមួយចំនួនបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក Donald Trump កំពុងធ្វើការពិភាក្សាជាមួយនឹងទីប្រឹក្សារបស់លោកអំពីគម្រោងបង្កើតក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនដែលអាចជួយឱ្យលោករក្សាបាន “កម្លាំងទាក់ទាញ” បើសិនជាលោកសម្រេចចិត្តចូលធ្វើជាបេក្ខភាពប្រធានាធិបតីម្ដងទៀតនៅក្នុងឆ្នាំ2024 ក្នុងករណីលោកចាញ់ឆ្នោតក្នុងឆ្នាំនេះ។

    ចាប់តាំងពីក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី3វិច្ឆិកាកន្លងទៅ បណ្ដាញសង្គម Twitter បានលាក់ ឬ tag ទៅលើអត្ថបទជាច្រើនរបស់លោក Trump នៅពេលដែលលោកបង្ហោះអត្ថបទដែលមានខ្លឹមសារចោទកាន់ថា មានការលួចបន្លំសន្លឹកឆ្នោត៕

    ប្រភព៖ IB Times, AP

  • ជីវិតប្រែប្រួល! ស្ត្រីចិនម្នាក់ Live លក់ផ្លែប៉ោម រហូតល្បីល្បាញ ក្លាយជា Net Idol

    ជីវិតប្រែប្រួល! ស្ត្រីចិនម្នាក់ Live លក់ផ្លែប៉ោម រហូតល្បីល្បាញ ក្លាយជា Net Idol

    អ្នកស្រី លីវ ហៃយៀន គឺជាស្ត្រីជនជាតិចិនម្នាក់ ដែលល្បីល្បាញ តាមរយៈការថតឃ្លីបវីដេអូបង្ហាញពី​”ផ្លែប៉ោម”​ផលិតផលពីចម្ការរបស់អ្នកស្រី ក្នុងភូមិកាំងទី ស្រុកនើយឈីវ មណ្ឌល ហ៊ើពើយ​ ភាគខាងជើងប្រទេសចិន តាមរយៈផ្លាតហ្វ៉មចែករំលែកឃ្លីបរបស់អ្នកស្រីដែលមានឈ្មោះថា “ចូស៊ីហ៊្វូ”​ ដែលប្រែថា “កូនប្រសាមិនស្អាត”។

    ច្រើនឆ្នាំមកនេះ ស្រុកនើយឈីវ បានផ្ដល់ភាពសំខាន់ទៅលើការផលិតមុខទំនិញកសិកម្ម ដែលមានលក្ខណៈពិសេសដោយឡែកពីគេ ក្នុងតំបន់ភ្នំថៃហាង ជំរុញការដាំបណ្ដុះរបស់សហគ្រិន អ៊ីខំមើកស៍ ខ្នាតតូច និងមធ្យម គាំទ្រការលក់ដូររបស់អាជីវករអ៊ីខំមើកស៍ រួមទាំងកសិករដែលជា “ណិត អាយដល” និងថែមទាំងជំរុញកម្មវិធីការលក់ទំនិញ និងដឹកជញ្ជូនទៅដល់ដៃអតិថិជននូវផលិតផលដែលនៅស្រស់ថ្មី ឱ្យបានលឿនបំផុតទៀតផង៕

    ប្រភព៖ ទីភ្នាក់ព័ត៌មានស៊ីនហួ

  • កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ទើបតែត្រូវបានសមាជិក​អាស៊ាន​និង​5​ប្រទេស​ផ្សេង​ទៀត​ ចុះហត្ថលេខា៖ ចិនទំនង​​មានប្រៀបជាងគេ

    កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ទើបតែត្រូវបានសមាជិក​អាស៊ាន​និង​5​ប្រទេស​ផ្សេង​ទៀត​ ចុះហត្ថលេខា៖ ចិនទំនង​​មានប្រៀបជាងគេ

    ក្រោយរយៈពេល8ឆ្នាំដែលបានចរចា កិច្ចព្រមព្រៀងភាពជាដៃគូទូទៅផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ដែលគេហៅថា RCEP (Regional Comprehensive Economic Partnership) ទើបតែត្រូវបានប្រទេសចំនួនប្រទេសចំនួន​15 រួមមាន កម្ពុជា ប៊្រុយណេ ម៉ាឡឹស៊ី សិង្ហបុរី វៀតណាម ឥណ្ឌូនេស៊ី ឡាវ មីយ៉ានម៉ារ ហ្វីលីពីន ថៃ ជប៉ុន នូវែល​ហ្សែឡង់​ អូស្ត្រាលី ចិន និងប្រទេសកូរ៉េខាងត្បូង ចុះហត្ថលេខាកាលពីថ្ងៃទី15វិច្ឆិកា ឆ្នាំ2020។

    ជាមួយនឹងសមាជិកចំនួន15ប្រទេសចូលរួម RCEP នឹងបង្កើតបានជាទីផ្សារដែលមានប្រជាជនចំនួន​2.2​ពាន់​លាន​នាក់ ប្រហាក់ប្រហែលនឹងទឹកប្រាក់26.2លានលានដុល្លារអាមេរិក (26,200,000,000,000) ហើយវានឹងក្លាយជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេបង្អស់ក្នុងពិភពលោក។ ដោយសារកិច្ចព្រមព្រៀងបើកទ្វារទីផ្សារផលិត​ផល​ សេវាកម្ម វិនិយោគ គោលការណ៍តម្លៃប្រភពទំនិញនៅក្នុងតំបន់ភូមិសាស្ត្រ RCEP រួមនឹងវិធានការដែលផ្ដល់ភាពងាយស្រួលដល់ពាណិជ្ជកម្ម កិច្ចព្រព្រៀងពាណិជ្ជកម្មសេរី (FTA/Free Trade Agreement) នេះ នឹងផ្ដល់ឱកាស​ច្រើនក្នុងការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីនៅតាមបណ្ដាប្រទេសជាសមាជិក។

    កិច្ចព្រមព្រៀងនេះក៏នឹងបង្កើតបានជាទីផ្សារនាំចេញប្រកបដោយស្ថិរភាព និងយូរអង្វែងសម្រាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន នៅក្នុងគ្រាដែលសង្វាក់ផ្គត់ផ្គង់បានជួបបញ្ហាមួយចំនួនកាលពីពេលថ្មីៗនេះ។ ការអនុវត្តកិច្ចព្រមព្រៀង RCEP ក៏នឹងបង្កើតបានជាក្របខ័ណ្ឌផ្លូវច្បាប់ដែលកំណត់អំពីគោលនយោបាយពាណិជ្ជកម្ម វិនិយោគ កម្មសិទ្ធិបញ្ហា ប្រព័ន្ឋពាណិជ្ជកម្មអេឡិចត្រូនិចជាដើម និងបង្កើតបានជាទីលានប្រកួតប្រជែងផ្នែកពាណិជ្ជកម្មប្រកបដោយយុត្តិធម៌នៅក្នុងតំបន់។ តាមផែនការ RCEP នឹងលុបបំបាត់ពន្ធអាករមួយចំនួនលើទំនិញនាំចូលនៅក្នុងអំឡុង20ឆ្នាំខាងមុខ។

    យ៉ាងនេះក្ដី កិច្ចព្រមព្រៀងនេះក៏នឹងបង្កឱ្យមានបញ្ហាមួយចំនួនសម្រាប់បណ្ដាប្រទេសដែលនៅមានកម្លាំងប្រជែង​ផ្នែកពាណិជ្ជកម្មខ្សោយជាងគេផងដែរនៅក្នុងការនាំចេញផលិតផលទៅបរទេស។

    RCEPប្រទេសចិនដែលត្រូវបានគេចាត់ទុកថាជាគូប្រជែងមួយដ៏ធំនៅក្នុងចំណោមបណ្ដាលប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP។ ដោយមានប្រៀងជាងគេទាក់ទងនឹងភាពសម្បូរបែបនៃផលិតផល និងតម្លៃទាប មហាសេដ្ឋកិច្ចដែលមានប្រជាជនពាន់លាននាក់នេះនឹងអាចបង្កឱ្យមានការបាត់បង់ផលប្រយោជន៍មួយចំនួនរបស់ប្រជាជនក្នុងស្រុកនៃបណ្ដាប្រទេសផ្សេងទៀត។

    បញ្ហាខាងលើនេះក៏ជាមូលហេតុសំខាន់មួយដែលបានបណ្ដាលឱ្យឥណ្ឌាសម្រេចចិត្តដកខ្លួនចេញពី RCEP កាល​ពី​ខែ​វិច្ឆិកាឆ្នាំ2019។ ទីក្រុងនីវដេលី ធ្លាប់បានសម្ដែងការព្រួយបារម្ភជាច្រើនលើកអំពី RCEP ដែលជាកិច្ចព្រមព្រៀង​មួយមានគោលការណ៍បន្ទាបជញ្ជាំងពន្ធដារ ដែលនេះបានជួយឱ្យផលិតផលរបស់ចិន អាចធ្វើចរាចរណ៍ពេញទីផ្សារឥណ្ឌា ខណៈដែលផលិតផលមកពីឥណ្ឌាមិនអាចធានាបាននូវការបង្ហាញខ្លួនក្នុងទីផ្សារចិន បណ្ដាលឱ្យកើតមានបញ្ហាអតុល្យភាពពាណិជ្ជកម្ម។ ឆ្នាំ2018 ការបាត់បង់តុល្យភាពពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយនឹងចិន មានទំហំឡើងដល់ជិត58ពាន់លានដុល្លារអាមេរិក ក្នុងចំណោម 95.5ពាន់លានដុល្លារនៃការដោះដូរពាណិជ្ជកម្មសរុបនៃប្រទេសទាំងពីរ៕

    NYT/BBC