Author: សឿន សំណាង

  • តេឡេស្កុប ESO ​បាញ់​ពន្លឺ​ឡា​ស៊េរ​ ឆ្ពោះ​ទៅ​កាន់​ nebula​ មួយ​ដែល​មាន​ចម្ងាយ​7,500​ឆ្នាំ​ពន្លឺ​ពី​ផែន​ដី

    តេឡេស្កុប ESO ​បាញ់​ពន្លឺ​ឡា​ស៊េរ​ ឆ្ពោះ​ទៅ​កាន់​ nebula​ មួយ​ដែល​មាន​ចម្ងាយ​7,500​ឆ្នាំ​ពន្លឺ​ពី​ផែន​ដី

    រូបថតដែលបានមកពីស្ថានីយតារាសាស្ត្រអឺរ៉ុបខាងត្បូង (ESO) មើលទៅដូចជាសង្គ្រាមអវកាស នៅពេលផែនដីបាញ់កាំរស្មីឡាស៊ែតម្រង់ទៅកាន់ bebula ពណ៌ស្វាយមួយដែលហាក់បីដូច “កំពុងខឹងខ្លាំង”។

    រូបថតដែលត្រូវបាន ESO បញ្ចេញឱ្យឃើញកាលពីថ្ងៃទី9វិច្ឆិកានេះ មានភាពទាក់ទាញខ្លាំង ដោយមានកាំរស្មីពណ៌ទឹកក្រូចចំនួន4ខ្សែដែលកំពុងបាញ់ទម្លុះផ្ទៃមេឃដែលពោរពេញដោយដួងតារា ឆ្ពោះទៅកាន់ nebula មួយដែលមានឈ្មោះថា Carina។ ប៉ុន្តែ នេះមិនមែនជាសង្គ្រាមអវកាសឡើយ វាគ្រាន់តែជាវិធីសាស្ត្រសង្កេតអាចម៍ផ្កាយ ឬកូនភពរបស់ក្រុមអ្នកវិទ្យាសាស្ត្រប៉ុណ្ណោះ។

    តេឡេស្កុប ESO បាញ់ពន្លឺឡាស៊េរ ឆ្ពោះទៅកាន់ nebula មួយដែលមានចម្ងាយ7,500ឆ្នាំពន្លឺពីផែនដី
    ទិដ្ឋ​ភាព​បង្ហាញ​អំពី​ nebula ឈ្មោះ​ Eta Carinae កំពុង​តែ​ផ្ទុះ

    តំបន់ដែលមានពណ៌ស្វាយនៅក្នុងរូបថតនេះ គឺជា nebula ដែលមានឈ្មោះថា Carina ឬ Eta Carinae។ Eta Carinae មានផ្កាយយក្ស2ដួងកំពុងតែផ្ទុះ និងបញ្ចេញឧស្ម័ន ធូលី ជាបន្តបន្ទាប់ជិត200ឆ្នាំមកហើយ។ ជា​មួយ​នឹង​ការផ្ទុះនេះ Eta Carinae គឺជាប្រព័ន្ធផ្កាយដែលមានពន្លឺខ្លាំងបំផុតនៅក្នុងកាឡាក់ស៊ី Milky Way បើទោះវាមានចម្ងាយដល់ទៅ 7,500ឆ្នាំពន្លឺពីផែនដី។

    ការសង្កេតមើលវត្ថុអវកាសដែលនៅសែនឆ្ងាយបែបនេះ មិនមែនជារឿងងាយស្រួលឡើយ សូម្បីតែអ្នកវិទ្យាសាស្ត្រប្រើប្រាស់កែវយឹតដ៏ធំ (VLT) នៅប្រទេសឈីលី ដើម្បីសង្កេតមើលប្រព័ន្ធផ្កាយដូចជា Eta Carinae។ បរិយាកាសក្រាស់របស់ភពផែនដីគឺជាឧបសគ្គធំ ដោយសារវាធ្វើឱ្យរូបភាពនៃវត្ថុអវកាសត្រូវប្រែរូប ឬមើលមិនច្បាស់។

    តេឡេស្កុប ESO បាញ់ពន្លឺឡាស៊េរ ឆ្ពោះទៅកាន់ nebula មួយដែលមានចម្ងាយ7,500ឆ្នាំពន្លឺពីផែនដីដើម្បីដោះស្រាយ ក្រុមអ្នកវិទ្យាសាស្ត្របានបាញ់កាំរស្មីឡាស៊ែពីផ្នែកមួយនៃតេឡេស្កុប VLT ដើម្បីក្លែងជាផ្កាយដែលនៅឆ្ងាយ។ រូបធាតុសូដ្យូមនៅក្នុងបរិយាកាសផែនដី បានធ្វើឱ្យកាំរស្មីឡាស៊ែប្រែទៅជាពណ៌ទឹកក្រូច។ ក្រោយមក ក្រុមអ្នកវិទ្យាសាស្ត្រក៏ប្រើប្រាស់ទិន្នន័យស្ដីអំពីដួងតារាដែលគេក្លែងធ្វើនេះ ដើម្បីវាស់ស្ទង់អំពីកម្រិតនៃភាពស្រអាប់​ដែលបង្កើតឡើងដោយបរិយាកាស។ ដោយសារការហ្វឹកហាត់ជាមួយនឹងផ្កាយក្លែងក្លាយ ពួកគេអាចវាស់ស្ទង់ដឹងអំពីកម្រិតនៃភាពស្រអាប់របស់បរិយាកាស ហើយកែសម្រួលតេឡេស្កុបឱ្យបានល្អជាងមុននៅពេលសង្កេតទៅលើផ្កាយ ឬកាឡាក់ស៊ីនានានៅលើមេឃ រួមនឹងវត្ថុអវកាសដែលកំពុងផ្ទុះដូចជា Eta Carinae ជាដើម៕

    ប្រភព៖ Space

  • ព្រោះតែ Covid-19! ​តើ​ពិភព​លោក​ទាំង​មូល​បាន​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ហើយ​ដើម្បី​សង្គ្រោះ​សេដ្ឋ​កិច្ច?​

    ព្រោះតែ Covid-19! ​តើ​ពិភព​លោក​ទាំង​មូល​បាន​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ហើយ​ដើម្បី​សង្គ្រោះ​សេដ្ឋ​កិច្ច?​

    បើទោះជាមានការបញ្ចេញកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចដ៏សម្បើមមិនធ្លាប់មានពីមុនមកក៏ដោយ ពិភពលោកនៅតែត្រូវឆ្លងកាត់វិបត្តិដ៏អាក្រក់ជាទីបំផុត រាប់ចាប់ពីទសវត្សរ៍ទី30នៃសតវត្សរ៍មុន។

    នៅក្នុងរបាយការណ៍ប្រចាំឆ្នាំដែលត្រូវបានប្រកាសកាលពីថ្ងៃទី17វិច្ឆិកា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ចាប់តាំងពីCovid-19 បានបង្ហាញខ្លួន រដ្ឋាភិបាល និងធនាគារជាតិនៃបណ្ដាប្រទេស បានសន្យាបញ្ចេញកញ្ចប់ថវិកាជំនួយសរុបឡើងដល់ 19,500ពាន់លាន (19.5លានលាន/19,500,000,000,000.00) ដុល្លារអាមេរិក ដើម្បីទប់ស្កាត់ឱនភាពសេដ្ឋកិច្ចទូទាំងសកលលោក។ គិតមកដល់ដំណាច់ខែកញ្ញា រដ្ឋាភិបាលនានាបានប្រកាសថា បានបញ្ចេញកញ្ចប់ថវិកាជំនួយដែលមានតម្លៃជិត 12,000ពាន់លាន (12លានលាន) ដុល្លារអាមេរិក។ តួលេខនេះរបស់បណ្ដាធនាគារជាតិ មានយ៉ាងតិច 7.5លានលានដុល្លារ ក្នុងគោលដៅកាត់បន្ថយឥទ្ធិពលរបស់វិបត្តិសុខភាពទៅលើសេដ្ឋកិច្ច។

    ក៏ប៉ុន្តែ បើទោះជាមានការជួយជ្រោមជ្រែងក្នុងល្បឿនយ៉ាងលឿន និងទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ដូចជាការកាត់បន្ថយពន្ធ ជំនួយក្នុងការផ្ដល់ប្រាក់ខែដល់បុគ្គលិក ការផ្ដល់ឥណទានដល់អាជីវកម្មខ្នាតតូច និងការបញ្ចុះការប្រាក់មកនៅទាបបំផុតក្ដី ក៏សេដ្ឋកិច្ចពិភពលោកនៅតែត្រូវឆ្លងកាត់វិបត្តិដែលអាក្រក់បំផុត រាប់ចាប់ពីមហាវិបត្តិកាលពីទសវត្សរ៍ទី30នៃសតវត្សរ៍មុន។ សកម្មភាពសេដ្ឋកិច្ច និងអត្រានៃការជ្រើសរើសបុគ្គលិកនៅក្នុងប្រទេសភាគច្រើន រួមទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏នៅតែទាបជាងដំណាក់កាលមុនសម័យ Covid-19។

    ព្រោះតែ Covid-19! តើពិភពលោកទាំងមូលបានចំណាយប្រាក់អស់ប៉ុន្មានហើយដើម្បីសង្គ្រោះសេដ្ឋកិច្ច?
    អត្រា​នៃ​ការ​បាត់​បង់​ការ​ងារ​​នៅ​ក្នុង​ពិភពលោក គឺជា​បញ្ហា​ដ៏គួរ​ឱ្យ​ព្រួយ​បារម្ភ​

    ថ្វីបើវ៉ាក់សាំងដែលមានសក្ដានុពល អាចជួយកែលម្អកំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ2021 តែវាមិនមានប្រយោជន៍ច្រើនក្នុងរយៈពេលខ្លីសម្រាប់ប្រទេសមួយចំនួន។ ឧបសគ្គក្នុងការទទួលបានជំនួយហិរញ្ញវត្ថុ អាចគំរាមកំហែងដល់ល្បឿននៃការងើបឡើងរបស់សេដ្ឋកិច្ច។

    Kristalina Georgieva អគ្គនាយិកា​ IMF បានសង្កត់ធ្ងន់ថា៖ “បណ្ដាប្រទេសកំពុងប្រឈមនឹង “ផ្លូវឡើងទួលដ៏វែងឆ្ងាយ និងប្រកបដោយការលំបាក គ្មានស្ថិរភាព នឹងងាយស្រួលរអិលចុះមកវិញ”។

    នៅសហរដ្ឋអាមេរិក បញ្ហាកំណើននៃករណីឆ្លងCovid-19 ថ្មី បញ្ហាលោក Trump មិនទទួលស្គាល់លទ្ធផលបោះ​ឆ្នោត​ជាដើម អាចធ្វើឱ្យយន្តការនៃការបញ្ចេញថវិកាជំនួយថ្មីរបស់រដ្ឋ ត្រូវពន្យារពេលយូរ។

    ព្រោះតែ Covid-19! តើពិភពលោកទាំងមូលបានចំណាយប្រាក់អស់ប៉ុន្មានហើយដើម្បីសង្គ្រោះសេដ្ឋកិច្ច?
    លោក​ស្រី Kristalina Georgieva ប្រធានមូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ IMF

    សហភាពអឺរ៉ុបក៏កំពុងប្រឈមនឹងបញ្ហាផ្ទៃក្នុង ដែលនេះក៏អាចរាំងស្ទះការអនុម័តទៅលើការបញ្ចេញកញ្ចប់ថវិកាជំនួយដែលមានតម្លៃ 950ពាន់លានដុល្លារផងដែរ។ កញ្ចប់ថវិកាជំនួយនេះ បានស៊ីពេលអស់ជាច្រើនឆ្នាំក្នុងការចរចា ហើយបើតាមគម្រោង វានឹងត្រូវបញ្ចេញ និងប្រើប្រាស់នៅដើមឆ្នាំក្រោយ៕

    ប្រភព៖ CNN

  • ក្រុមហ៊ុន​អាកាស​ចរណ៍​តម្លៃ​ទាប​ Norwegian ​Air ​ក្ស័យធន

    ក្រុមហ៊ុន​អាកាស​ចរណ៍​តម្លៃ​ទាប​ Norwegian ​Air ​ក្ស័យធន

    Norwegian Air (ន័រវែស) ទើបតែក្លាយជាជនរងគ្រោះធំជាងគេបង្អស់់ក្នុងវិស័យអាកាសចរណ៍ ដោយ​សារ​តែ​វិបត្តិ​សុខភាពពិភពលោក។

    ក្រុមហ៊ុនអាកាសចរណ៍ន័រវែស Norwegian Air កាលពីថ្ងៃទី18វិច្ឆិកា បានសម្រេចចិត្តដាក់ពាក្យសុំការការ​ពារ​លើ​ការ​ក្ស័យ​ធន​របស់​ខ្លួននៅប្រទេសអៀរឡង់ ជាមូលដ្ឋានរបស់យន្តហោះភាគច្រើននៃក្រុមហ៊ុននេះ។ យោងតាមច្បាប់ប្រទេសអៀរឡង់ ក្រុមហ៊ុននេះនឹងទទួលបានការការពារនៅចំពោះមុខម្ចាស់បំណុលក្នុងរយៈពេល100ថ្ងៃ។

    Norwegian Air បានឱ្យដឹងថា៖ “គោលបំណងនៃដំណើរការនេះគឺដើម្បីកាត់បន្ថយបំណុល កែសម្រួលទំហំ​នៃក្រុម​ហោះ​ហើរ​ និង​ប្រមូលទុនថ្មី”។ ដំណើរការនេះនឹងអូសបន្លាយពេលចំនួន5ខែ។ គិតមកដល់ពេលនេះ Norwegian Air គឺជាជនរងគ្រោះធំបំផុតនៅក្នុងវិស័យអាកាសចរណ៍ ដោយសារតែមហារោគរាតត្បាត Covid-19 នេះបើតាមសារព័ត៌មាន Financial Times។

    Norwegian Air ត្រូវបានបង្កើតឡើងកាលពីឆ្នាំ1993 និងបានស្គាល់ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងអំឡុង​1​ទសវត្សរ៍កន្លងទៅ។ ពួកគេប្រើប្រាស់រូបមន្តជំនួញរបស់ Ryanair នៅអឺរ៉ុប និង Southwest Airlines នៅសហរដ្ឋ​​អាមេរិក ជាមួយនឹងជើងហោះហើរឆ្លងមហាសមុទ្រអាត្លង់ទិក។ ក៏ប៉ុន្តែ មហិច្ឆតានេះបាននាំឱ្យពួកគេត្រូវជំពាក់​​បំណុលវ័ណ្ឌក។

    កាលពីថ្ងៃទី18វិច្ឆិកា Norwegian បានឱ្យដឹងថា ពួកគេនឹងបន្តដំណើរការជើងហោះហើរដែលមាននាបច្ចុប្បន្ន។ មូលបត្ររបស់ក្រុមហ៊ុននេះដែលដាក់ឱ្យជួញដូរនៅលើផ្សារហ៊ុនន័រវែស បានបាត់បង់តម្លៃជាង98% នៅក្នុងឆ្នាំ​2020។ មុននេះ Norwegian ក៏ជួបបញ្ហាធំផងដែរ ដោយសារយន្តហោះ 737 Max ត្រូវបានហាមការហោះហើរពេញ20ខែ ក្រោយពីជួបគ្រោះថ្នាក់ដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់។

    កាលពីសប្ដាហ៍មុន Norwegian ក៏បានព្រមានថា ពួកគេត្រូវការសាច់ប្រាក់សុទ្ធបន្ថែមទៀតដើម្បីបន្តដំណើរការរហូតដល់ត្រីមាសដំបូងនៃឆ្នាំ2021 និងយូរជាងនេះ។ កាលពីខែឧសភា ក្រុមហ៊ុននេះក៏ទទួលបានប្រាក់កម្ចីជិត​299​លាន​ដុល្លារ​ពី​រដ្ឋា​ភិបាល។​ ប៉ុន្តែ​ រដ្ឋាភិបាល​ន័រវែស​ឱ្យដឹងថា នឹងមិនផ្ដល់ជំនួយបន្ថែមទៀតឡើយ។ គិតមក​ដល់​ដំណាច់ខែកញ្ញា2020 ក្រុមហ៊ុន Norwegian ជំពាក់បំណុលដល់ទៅ 48ពាន់លានក្រោន (ជាង 5.31​ពាន់​លាន​ដុល្លារអាមេរិក)៕

    ប្រភព៖ CNN, FT

  • វិធសាស្ត្រលក់​នំប៉័ង​ hamburger​ ថ្លៃ​បំផុត​ក្នុង​ពិភព​លោក ​របស់​ភោជ​នីយដ្ឋាន​មួយ​នៅ​អាមេរិក

    វិធសាស្ត្រលក់​នំប៉័ង​ hamburger​ ថ្លៃ​បំផុត​ក្នុង​ពិភព​លោក ​របស់​ភោជ​នីយដ្ឋាន​មួយ​នៅ​អាមេរិក

    Fleur Burger គឺជានំប៉័ង hamburger មួយប្រភេទដែលមានតម្លៃខ្ពស់ជាងគេបង្អស់ក្នុងពិភពលោក ដោយត្រូវបានលក់ក្នុងតម្លៃ 5,000ដុល្លារអាមេរិក នៅឯភោជនីយដ្ឋាន Fleur នាទីក្រុង Las Vegas នៃសហរដ្ឋ​អាមេរិក។

    តើមានអ្វីពិសេសនៅក្នុងនំប៉័ងនេះ? យោងតាម CNBC នំប៉័ង Fleur Burger រួមមាន សាច់គោ Wagyu ដែល​មាន​តម្លៃ​100/450​ក្រាម ផ្សិត truffle តម្លៃ1,500ដុល្លារ/450ក្រាម និងថ្លើមក្ងានតម្លៃ45ដុល្លារ/450ក្រាម។ នំប៉័ងដែលគេយកមកកៀបអាហារខាងលើនេះ សុទ្ធតែជាផលិតផលលំដាប់ប្រណិត។ ក្រៅពីនេះ Fleur Burger ក៏មានអមដោយស្រា Chateau Petrus 1995 ប្រភេទបុរាណ1ដបដែលមានតម្លៃប្រមាណ 3,000ដុល្លារអាមេរិកផងដែរ។

    មនុស្សជាច្រើនគិតថា Fleur Burger នឹងលក់មិនដាច់ដោយសារតែមានតម្លៃខ្ពស់ហួសហេតុ ប៉ុន្តែ ភោជនីយដ្ឋាន Fleur បែរជាលក់បានយ៉ាងច្រើនទៅវិញព្រោះតែយុទ្ធសាស្ត្រទីផ្សារទាំង3យ៉ាង។

    ប្រការដែលសំខាន់បំផុត នោះគឺត្រូវស្គាល់ច្បាស់អំពីការចង់បាន និងការប្រតិកម្ម ឬឥរិយាបថរបស់អតិថិជន មុនពេលរៀបចំយុទ្ធសាស្ត្រទីផ្សារ។

    ផលិតផលប្រណិត ឬលំដាប់ខ្ពស់ មិនមែនបង្កើតឡើងសម្រាប់មនុស្សភាគច្រើនទេ។ ដូច្នេះ នឹងមិនមែនជារឿងឆ្លាតវៃឡើយបើសិនជាប្រើប្រាស់យុទ្ធសាស្ត្រសាមញ្ញសម្រាប់ធ្វើទីផ្សារ។ សម្រាប់នំប៉័ង burger មួយឈុតដែលមានតម្លៃ​ដល់​ទៅ ​5,000​ដុល្លារ​អាមេរិក សួរថា អ្នកណាជាអតិថិជនសក្ដានុពល?

    វិធសាស្ត្រលក់នំប៉័ង hamburger ថ្លៃបំផុតក្នុងពិភពលោក របស់ភោជនីយដ្ឋានមួយនៅអាមេរិក
    ការ​លក់​ផលិត​ផល​ដែល​មាន​តម្លៃ​ខ្ពស់​កប់​ពពក​ មិន​អាច​ទទួល​បាន​ជោគ​ជ័យ​ទេ បើ​សិន​ប្រើ​យុទ្ធ​សាស្ត្រ​ទី​ផ្សារ​សាមញ្ញ

    1.ក្រុមមនុស្សដែលមកកាន់ Las Vegas ជាញឹកញាប់

    ភោជនីយដ្ឋាន Fleur មានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានឈ្មោះល្បីល្បាញមួយ និងទាក់ទាញជាទីបំផុតនៅ​សហរដ្ឋ​អាមេរិក​ នោះគឺទីក្រុង Las Vegas។ យោងតាមការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Nevada មានអតិថិជន3ជំនាន់ផ្សេងគ្នាដែលមកលេងក្រុង Las Vegas និងចូលរួមទទួលសេវាកម្មស្ទើរគ្រប់ប្រភេទដែលមាននៅទីនេះ។

    Baby Boomers៖ ក្រុមមនុស្សដែលស្ថិតក្នុងជំនាន់នេះ គឺជាក្រុមដែលមានឥទ្ធិពលជាងគេបំផុតនៅសហរដ្ឋអាមេរិក។ ការស្រាវជ្រាវបានបង្ហាញថា ក្រុមនេះមានចំនួន1/4នៃប្រជាជនសរុបនៅសហរដ្ឋអាមេរិក ប៉ុន្តែគ្រប់គ្រងប្រាក់ចំណូលជាងពាក់កណ្ដាលឯណោះ។ ប្រការនេះនាំឱ្យពួកគេក្លាយជាគោលដៅដ៏មានសក្ដានុពលសម្រាប់ក្រុមអាជីវកម្មនានានៅ Las Vegas។

    ជំនាន់ X៖ ក្រុមមនុស្សដែលបានកើតចាប់ពីឆ្នាំ1996 ដល់ឆ្នាំ1979 មានចំនួនជិត21% នៃប្រជាជនសរុបនៅអាមេរិក។ នៅពេលកំពុងប្រឹងប្រែងដំណើរការអាជីវកម្ម ពួកគេនៅតែមានអំណាច និងប្រាក់ចំណូលច្រើន។

    ជំនាន់ Y៖ ក្រុមមនុស្សកើតឆ្នាំ1980-1999។ មូលហេតុចម្បងដែលនាំឱ្យពួកគេមកកាន់ Las Vegas នោះគឺការលេងល្បែង ផឹកស្រា និងសកម្មភាពមួយចំនួនរបស់មនុស្សពេញវ័យ។ ថ្វីបើមិនមានប្រាក់ចំណូលខ្ពស់ដូចជំនាន់ទាំងពីរខាងលើ ប៉ុន្តែ ពួកគេមានកត្តាជំរុញដើម្បីបង្ហាញអំពីការរស់នៅរបស់ពួកគេ។

    2.តើអ្នកណាខ្លះអាចក្លាយជាអតិថិជន?

    -ក្រុមមនុស្សនៅលីវ អ្នកជំនួញ គ្រួសារដែលមានលទ្ធភាពចំណាយប្រាក់ដើម្បីស្នាក់នៅក្នុងសណ្ឋាគារលំដាប់កំពូលៗនៅ Las Vegas។

    វិធសាស្ត្រលក់នំប៉័ង hamburger ថ្លៃបំផុតក្នុងពិភពលោក របស់ភោជនីយដ្ឋានមួយនៅអាមេរិក
    Las Vegas គឺជា​ទីក្រុង​ដ៏​ប្រណិត​មួយ​របស់​សហរដ្ឋ​អាមេរិក​

    -ក្រុមអ្នកសរសេរ blog អ្នកសារព័ត៌មានលំដាប់កំពូល និងក្រុម KOL (ក្រុមមេដឹកនេះ ឬក្រុមមនុស្សដែលមានចំណេះជំនាញ និងការយល់ដឹងខ្ពស់ មាន “ទឹកមាត់ប្រៃ” ក្នុងការនិយាយស្ដី និងជាមនុស្សដែលគួរទុកចិត្ត និងឱ្យតម្លៃខ្ពស់)។

    -ក្រុមអ្នកគ្រប់គ្រងព្រឹត្តិការណ៍ភ្លក់រសជាតិស្រា និងអាហារនៅ Las Vegas។

    3.វិធីលក់ផលិតផលដែលមានតម្លៃខ្ពស់

    ផលិតផលគុណភាពលំដាប់ខ្ពស់ មិនដើរតាមគោលការណ៍ធម្មតានៃការផ្គត់ផ្គង់ និងតម្រូវការទេ។ ផ្ទុយទៅវិញ តម្លៃកាន់តែខ្ពស់ នោះនឹងមានមនុស្សកាន់តែច្រើនហ៊ានចំណាយលុយដើម្បីទទួលបានបទពិសោធន៍ដែលមនុស្សភាពច្រើនមិនមានឱកាសស្គាល់។

    Fleur សហការជាមួយបណ្ដាស្ថាប័ន PR និងទស្សនាវដ្ដីដែលមានជំនាញ និងផ្ដោតសំខាន់ទៅលើជីវភាពរស់នៅបែបប្រណិតរបស់មនុស្ស។ ទន្ទឹមនឹងនេះ ពួកគេក៏បានអញ្ជើញក្រុមអ្នកសរសេរ blog ដែលមាន​ឈ្មោះ​ល្បី​ល្បាញ​មក​ទទួល​យក​បទពិសោធន៍អំពីសេវាកម្មរបស់ Fleur Burger ដើម្បីជំរុញទឹកចិត្តទស្សនិកជន និងអ្នកអាន ឱ្យចង់ដឹង និងចង់ភ្លក់រសជាតិ។

    វិធសាស្ត្រលក់នំប៉័ង hamburger ថ្លៃបំផុតក្នុងពិភពលោក របស់ភោជនីយដ្ឋានមួយនៅអាមេរិក
    អ្នក​សារ​ព័ត៌​មាន​ល្បី​ឈ្មោះ​ម្នាក់​ កំពុង​ភ្លក់​រស​ជាតិ​នៃ​នំ​ប៉័ង​នេះ

    វិធីអធិប្បាយអំពីគ្រឿងផ្សំរបស់ Fleur ក៏មានលក្ខណចម្លែកប្រកបដោយភាពទាក់ទាញខ្លាំងក្លា ដែលអាចបកស្រាយអំពីកម្រិតនៃភាពប្រណិត និងគុណភាពខ្ពស់របស់នំប៉័ងនេះ។ សារដែលពួកគេលើកឡើង នាំមកនូវអារម្មណ៍វិជ្ជមាន និងជឿជាក់ថា វានឹងជាបទពិសោធន៍ដែលមិនងាយនឹងបំភ្លេចបាន។ ទាំងនេះគឹជាអ្វីដែលអតិថិជនប្រាថ្នាចង់បាន ពោលគឺវាមិនមែនត្រឹមតែជាការចង់ភ្លក់រសជាតិរបស់អាហារដែលមានតម្លៃថ្លៃ​កប់​ពពកនោះឡើយ។

    ទន្ទឹននឹងនេះ Fleur ក៏សហការជាមួយនឹងសណ្ឋាគារលំដាប់កំពូលៗនៅ Las Vegas ផងដែរ ដើម្បីជួយឧទ្ទេសនាម Fleur Burger។ ចុងក្រោយគឺការឧបត្ថម្ភដល់ព្រឹត្តិការណ៍នានា។ នេះគឺជាវិធីល្អដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលិតផល ក៏ដូចជាបង្កើតកេរ្តិ៍ឈ្មោះល្អតាមរយៈការនិយាយតគ្នាពីមាត់មួយទៅមាត់មួយ។

    ដោយសារតែមានការរួមផ្សំនូវវិធីសាស្ត្រនានាខាងលើ Fleur Burger បានក្លាយជាផលិតផលពិសេសមួយ និងទទួលបានការពេញនិយមនៅក្នុងភោជនីយដ្ឋាន។ អ្នកជំនាញម្នាក់នៅក្នុងវិស័យអាហារនិងភេសជ្ជ បានអះ​អាង​ថា៖ “មិនថាផលិតផលរបស់អ្នកមានតម្លៃខ្ពស់ ឬទាបនោះឡើយ ឱ្យតែជ្រើសរើសវិធីសាស្ត្រត្រឹមត្រូវ នោះនឹងនៅតែលក់ដាច់”៕

    ប្រភព៖ CNBC

  • កម្ពុជាអនុញ្ញាតឱ្យបើកដំណើរសាលារៀនឡើង​វិញ ខណៈ​​ព្រឹត្តិការណ៍​3​វិច្ឆិកា ត្រូវ​បាន​បិទ​បញ្ចប់

    កម្ពុជាអនុញ្ញាតឱ្យបើកដំណើរសាលារៀនឡើង​វិញ ខណៈ​​ព្រឹត្តិការណ៍​3​វិច្ឆិកា ត្រូវ​បាន​បិទ​បញ្ចប់

    បន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ បន្ទាប់ពីការធ្វើតេស្តលើកទី4 ដែលជាលើកចុងក្រោយទៅលើអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍3វិច្ឆិកា កម្ពុជាក៏បានអនុញ្ញាតឱ្យបើកដំណើរការសាលារៀន និងពិធីជួបជុំផ្សេងៗឡើងវិញ។

    ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ (18វិច្ឆិកកា) បានប្រកាសអនុញ្ញាតឱ្យបើកដំណើរការសាលារៀនឡើងវិញ ចាប់ពីថ្ងៃទី23វិច្ឆិកាខាងមុខ។ ការអនុញ្ញាតនេះ ត្រូវបានធ្វើឡើងក្រោយពីរដ្ឋាភិបាលបានប្រកាសថា ការធ្វើចត្តាឡីស័ករបស់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍3វិច្ឆិកានឹងត្រូវបិទបញ្ចប់នៅថ្ងៃទី19វិច្ឆិកាចំពោះរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ ព្រៃវែង និងកំពុងធំ ខណៈដែលខេត្តក្រុងមួយចំនួនទៀតនឹងត្រូវបានបិទបញ្ចប់នៅថ្ងៃទី25ខាងមុខ។

    សម្ដេចតោជោក៏បានស្នើឱ្យអាជ្ញាធរអនុញ្ញាតឱ្យពលរដ្ឋរៀបចំពិធីមង្គលការ និងពិធីផ្សេងៗទៀតឡើងវិញ ប៉ុន្តែ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារការឆ្លងវីរុសCovid-19។

    សូមរំលឹកថា កម្ពុជាបានផ្អាកដំណើរការសាលារៀន ទីជួបជុំនានា រួមនឹងព្រឹត្តិការណ៍ផ្សេងៗដែលមានមនុស្ស បន្ទាប់​ពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រី លោក Peter Szijjarto បានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី3វិច្ឆិកា និងត្រូវគេធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសCovid-19 បន្ទាប់ពីទៅដល់ប្រទេសថៃ។ ក្រោយ​មក កម្ពុជាក៏បានរកឃើញមនុស្សចំនួន4នាក់បាន​ឆ្លង​វីរុស​Covid-19 នៅក្នុងចំណោម​មនុស្ស​ 1422នាក់ដែល​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើ។

    គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​Covid-19 សរុប​ចំនួន 304​នាក់ ក្នុង​នោះ​មាន291​នាក់​បាន​ជាសះស្បើយ និង​13​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​៕

     

  • ជនជាតិចិនម្នាក់​ហ៊ាន​ចំណាយ​1.9​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ទិញ​សត្វ​ព្រាប​1​ក្បាល​

    ជនជាតិចិនម្នាក់​ហ៊ាន​ចំណាយ​1.9​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ទិញ​សត្វ​ព្រាប​1​ក្បាល​

    ជនជាតិចិនម្នាក់បានចំណាយប្រាក់ 1.9លានដុល្លារអាមេរិកដើម្បីទិញសត្វព្រាប1ក្បាលដែលធ្លាប់ដណ្ដើមបានពានរង្វាន់ និងបំបែកឯតទគ្គកម្មកន្លងមក។

    សត្វព្រាបញី1ក្បាលឈ្មោះ New Kim ធ្លាប់ដណ្ដើមបានពានរង្វាន់បក្សីតូចល្អបំផុតប្រចាំប្រទេសបែលហ្ស៊ិកកាលពីឆ្នាំ2018 ដែលជាការវាយតម្លៃខ្ពស់មួយនៅក្នុងប្រទេសដែលមានឈ្មោះល្បីល្បាញក្នុងការចិញ្ចឹមសត្វព្រាប។ New Kim អាយុ2ឆ្នាំ ត្រូវបានលក់កាលពីថ្ងៃទី15វិច្ឆិកា បន្ទាប់ពីមានការប្រជែងគ្នាទិញរវាងជនជាតិចិន2រូប ដែលម្នាក់ឈ្មោះ Hitman និងម្នាក់ទៀតឈ្មោះ Super Duper។ Super Duper បានឱ្យថ្លៃ 1.9លានដុល្លារអាមេរិក ដែលនេះបានបំបែកឯតទគ្គកម្មកាលពីឆ្នាំទៅរបស់សត្វព្រាប1ក្បាលឈ្មោះ Armando ដែលជាព្រាបកូនកាត់របស់បែលហ្ស៊ិក ត្រូវបានលក់ក្នុងតម្លៃ 1.42លានដុល្លារអាមេរិក។

    សត្វព្រាបឈ្មោលតែងតែមានតម្លៃខ្ពស់ជាងព្រាបញី ព្រោះវាងាយស្រួលក្នុងការបង្កាត់ពូជ នេះបើតាម Nikolaas Gyselbrecht ជា CEO និងជាស្ថាបនិកក្រុមហ៊ុនដេញថ្លៃ Pipa ដែលបានរៀបចំពិធីដេញថ្លៃលក់សត្វព្រាបកាលពីថ្ងៃអាទិត្យកន្លងទៅ។

    Gyselbrecht និយាយថា៖ “ការបំបែកឯតទគ្គកម្មនេះពិតជាមិនគួរឱ្យជឿ ព្រោះថា លើកនេះវាជាសត្វព្រាបញី ចំណែក Armando គឺជាព្រាបឈ្មោល”។

    Kurt Van de Wouwer ដែលជាអ្នកចិញ្ចឹម New Kim និយាយថា៖ “យើងគ្រប់គ្នាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់”។

    ឪពុករបស់ Kurt Van de លោក Gaston Van de Wouwer គឺជាអ្នកបង្កាត់ពូជសត្វដ៏ល្បីឈ្មោះនៅក្នុងពិភពអ្នកប្រណាំងព្រាប។ គ្រួសារនេះលក់ព្រាបបានចំនួន445ក្បាល រកចំណូលបាន11លានដុល្លារអាមេរិក។ អតិថិជនជាជនជាតិចិន បានទិញចំនួន2/3នៃហ្វូងព្រាប រួមមាន9ក្បាលជាព្រាបមានតម្លៃថ្លៃបំផុត ក្នុងនោះមានមួយចំនួនជាកូនរបស់ New Kim ផងដែរ។

    New Kim នឹងក្លាយជា “ព្រាបពងមាស” របស់ម្ចាស់ថ្មី ដែលពួកគេមានគម្រោងយកព្រាបដែលទិញបានទៅបង្កាត់ពូជ និងធ្វើអាជីវកម្ម។ អ្នកដែលបានទិញ New Kim ទំនងជាមនុស្សម្នាក់ដែលបានទិញ Armando។ មានន័យថា អតិថិជនម្នាក់នេះ អាចនឹងបង្កាត់ពូជចេញពីសត្វព្រាប2ក្បាលដែលខ្លួនបានទិញក្នុងតម្លៃរាប់លានដុល្លារអាមេរិកនោះ។

    សត្វព្រាបអាចបន្តពូជរហូតដល់វាមានអាយុ10ឆ្នាំ ដូច្នេះ New Kim នៅមានពេលច្រើនទៀតដើម្បីបន្តពូជ ក៏ដូចជារកប្រាក់ឱ្យម្ចាស់ថ្មី។

    បែលហ្ស៊ិកគឺជា “មជ្ឈមណ្ឌល” នៃការចិញ្ចឹមព្រាប ដោយសារតែមានប្រវត្តិយូរអង្វែងជាមួយនឹងល្បែងកីឡាប្រកួតសត្វបក្សីជាច្រើនប្រភេទ ពិសេសគឺសត្វព្រាប ដែលត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ ដើមឡើយ កីឡាប្រណាំងប្រជែង ឬប្រកួតសមត្ថភាពរបស់សត្វព្រាបនេះគឺជាកីឡាសម្រាប់ស្រទាប់វណ្ណពលករប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្នវាបានក្លាយជាកីឡារបស់វណ្ណអភិជនទៅវិញ នៅពេលក្រុមអ្នកវិនិយោគចិនបានលោតពាក់ព័ន្ធនឹងល្បែងនេះចាប់ពីទសវត្សរ៍មុន។ ក្រុមអ្នកលេងទាំងនេះ មិនខ្លាចនឹងចំណាយប្រាក់ច្រើនដើម្បីទិញព្រាបបែលហ្ស៊ិកណាដែលល្អបំផុត៕

    ប្រភព៖ Global News

  • ប្រាក់ចំណូល​របស់​ Ronaldo​ តាម​រយៈ​បណ្ដាញ​សង្គម​ “ខ្ពស់”​ ដល់​កម្រិត​ណា?​

    ប្រាក់ចំណូល​របស់​ Ronaldo​ តាម​រយៈ​បណ្ដាញ​សង្គម​ “ខ្ពស់”​ ដល់​កម្រិត​ណា?​

    សមត្ថភាពមិនត្រឹមតែនាំមកនូវកេរ្ដិ៍ឈ្មោះល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជួយឱ្យតារាបាល់ទាត់ Cristiano Ronaldo រកបានប្រាក់ចំណូលយ៉ាងសម្បើមពីបណ្ដាញសង្គមផងដែរ។

    Cristiano Ronaldo គឺជាកីឡាករដែលមានទ្រព្យស្ដុកស្ដម្ភបំផុតម្នាក់នៅក្នុងពិភពបាល់ទាត់។ ក៏ប៉ុន្តែ ប្រភពចំណូលធំបំផុតរបស់គាត់ មិនមែនបានមកពីការទាត់បាល់នៅលើទីលានប្រកួតនោះឡើយ។ បណ្ដាញសង្គម Instagram ទើបជាកន្លែងដែល Ronaldo រកបានប្រាក់ច្រើនជាងគេ។

    កន្លងទៅថ្មីៗនេះ លទ្ធផលនៃការស្រាវជ្រាវមួយស្ដីអំពីទូរគមនាគមន៍របស់ Channel 4 Dispatches បានបង្ហាញអំពីការពិតមួយដ៏គួរឱ្យចាប់អារម្មណ៍៖ អត្ថបទមួយដែលបង្ហោះនៅលើទំព័រ Instagram របស់ Ronaldo ក៏អាចរកប្រាក់ចំណូលបានគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតជនជាតិអង់គ្លេសចំនួន10គ្រួសារក្នុងរយៈពេលពេញ1ឆ្នាំ។

    កំពូលតារាបាល់ទាត់ជនជាតិព័រទុយហ្គាល់នេះ កំពុងកាន់កាប់គណនី Instagram មួយដែលមានមនុស្សតាមដានច្រើនជាងគេបង្អស់។ ចំនួនគណនីដែលកំពុងតាមដាន Ronaldo បានឡើងដល់ជាង240លាននាក់។ ឈរលំដាប់លេខ2នៅលើបណ្ដាញសង្គមនេះ គឺ Ariana Grande ដោយមានអ្នកតាមដានចំនួន 35លាននាក់។ នេះពិតជាតួលេខដែលខុសគ្នាឆ្ងាយណាស់។

    ដោយមានអ្នកតាមដានច្រើនបែបនេះហើយ ទើបជួយឱ្យ Ronaldo រកបានប្រាក់ប្រហែល1លានដុល្លារអាមេរិកសម្រាប់ការបង្ហោះសារមួយលើកនៅលើបណ្ដាញសង្គម Instagram។ ក៏ប៉ុន្តែ ប្រាក់ចំណូលនេះអាចកើនឡើងច្រើន នៅពេលអត្ថបទត្រូវធ្វើបង្ហោះដោយវិធីជាច្រើនផ្សេងទៀត។ ជាក់ស្ដែង ការធ្វើបច្ចុប្បន្នភាព(បង្ហាញសារ) នីមួយៗនៅលើ Instagram របស់ Ronaldo សុទ្ធតែមានការចូលមើលពីមនុស្សរាប់រយលានលើកនៅទូទាំងពិភពលោក។

    ប្រាក់ចំណូលរបស់ Ronaldo តាមរយៈបណ្ដាញសង្គម “ខ្ពស់” ដល់កម្រិតណា?បណ្ឌិត Rabih Bbashroush មកពីសាកលវិទ្យាល័យ University of East London បានឱ្យដឹងថា “ប្រាក់ចំណូលដែលបានមកពីការបង្ហោះអត្ថបទ គឺអាស្រ័យទៅលើកត្តាច្រើន។ វារួមមានទាំងទំហំនៃរូបភាព ឬកម្រិតនៃការសាយភាយនៅលើអ៊ីនធើណិត ជាកន្លែងដែលអត្ថបទត្រូវបានបង្ហោះ។ ខ្លឹមសារកាន់តែមានកម្រិតសាយភាយខ្លាំង កាន់តែមានតម្លៃ។ ដូច្នេះ បច្ចុប្បន្ន Cristiano Ronaldo កំពុងក្លាយជាគំរូលេខ1 ទាក់ទងនឹងចំណុចនេះ”។

    និយាយរួម CR7 កំពុងរកបានប្រមាណ 42លានអឺរ៉ូជារៀងរាល់ឆ្នាំ ពីបណ្ដាញសង្គម Instagram។ ខ្ទង់ប្រាក់នេះ គឺច្រើនជាងប្រាក់បៀវត្ស 28.6លានអឺរ៉ូ ដែល Ronaldo កំពុងទទួលបានពីក្លឹប Juventus ទៅទៀត។ សូម្បីតែ Messi ជាតារាបាល់ទាត់ដែលមានឥទ្ធិពលមិនចាញ់ Ronaldo ប៉ុន្មាន ក៏នៅតែរកចំណូលបានត្រឹមពាក់កណ្ដាលនៃប្រាក់ចំណូលដែល CR7 រកបានពីបណ្ដាញសង្គម៕

    ប្រភព៖ Foxbusiness

  • លទ្ធផលនៃការធ្វើតេស្តរក​វីរុស​Covid-19លើកចុងក្រោយរបស់សម្តេចតេជោ ហ៊ុន សែន

    លទ្ធផលនៃការធ្វើតេស្តរក​វីរុស​Covid-19លើកចុងក្រោយរបស់សម្តេចតេជោ ហ៊ុន សែន

    ប្រមុខរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ការធ្វើតេស្តរកវីរុសCovid-19 របស់សម្ដេច សម្រាប់លើកទី4នេះ បានបង្ហាញថា អវិជ្ជមាន។

    នៅលើទំព័រ Facebook របស់សម្ដេចតេជោ ហ៊ុនសែន កាលពីព្រឹកមិញនេះ បានឱ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើកទី4 ដែលជាលើកចុងក្រោយនៅក្នុងការតាមដានស្វែងរកវីរុសCovid-19 ដែលសម្ដេចបានទទួល បង្ហាញថា សម្ដេចមិនបានឆ្លងវីរុសនេះទេ។ ដូច្នេះ ការបំពេញការងាររបស់សម្ដេច នឹងត្រូវបានធ្វើឡើងដូចដើម ចាប់ពីថ្ងៃទី19វិច្ឆិកាតទៅ។

    ពាក់ព័ន្ធនឹងបញ្ហាCovid-19 សម្តេចតេជោ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុម​គ្រូ​ពេទ្យ​ជួរ​មុខ​ រួម​នឹង​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈដែលបានខិតខំជួយទៅលើការធ្វើតេស្តដោយភាពហ្មត់ចត់នឹងការទទួលខុសត្រូវខ្ពស់។

    ទន្ទឹមនឹងនេះ សម្តេចក៏សូមអរគុណដល់បងប្អូនដែលជាប់ពាក់ពន្ធ័ទាំងដោយផ្ទាល់ និងដោយប្រយោលដែលបានអត់ធ្មត់រស់នៅដាច់ដោយឡែករយៈពេល14ថ្ងៃតាម ការណែនាំរបស់ក្រសួងសុខាភិបាល។

    សូមរំលឹកថា គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCovid-19 សរុបចំនួន 304នាក់ ក្នុងនោះមាន291នាក់បានជាសះស្បើយ និង13នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

     

  • អាមេរិកចាប់​ផ្ដើម​ចាក់​វ៉ាក់​សាំង​Covid-19 ​នៅ​ក្នុង​រដ្ឋ​ចំនួន​4 ​ខណៈ​សីតុណ្ហ​ភាព​គឺ​ជា​បញ្ហា​ប្រឈម​ថ្មី

    អាមេរិកចាប់​ផ្ដើម​ចាក់​វ៉ាក់​សាំង​Covid-19 ​នៅ​ក្នុង​រដ្ឋ​ចំនួន​4 ​ខណៈ​សីតុណ្ហ​ភាព​គឺ​ជា​បញ្ហា​ប្រឈម​ថ្មី

    ក្រុមហ៊ុនផលិតឱសថអាមេរិកាំង Pfizer កាលពីថ្ងៃទី16វិច្ឆិកា បានឱ្យដឹងថា ពួកគេកំពុងចាប់ផ្ដើមកម្ម​វិធី​ចាក់​វ៉ាក់​​សាំង​Covid-19 ​លក្ខណពិសោធន៍ នៅក្នុងរដ្ឋចំនួន4 គឺរដ្ឋ Rhode Island, Texas, New Mexico និងរដ្ឋ Tennessee។

    សារព័ត៌មាន Reuters បានដកស្រង់សម្ដីរបស់តំណាងក្រុមហ៊ុន Pfizer បកស្រាយថា ការដែលក្រុមហ៊ុននេះជ្រើស​រើស​រដ្ឋចំនួន4ខាងលើដើម្បីប្រើប្រាស់វ៉ាក់សាំងសាកល្បង គឺដោយសារភាពខុសគ្នាទាក់ទងនឹងទ្រង់ទ្រាយសរុប ចំនួន​ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ក៏ដូចជាតម្រូវការនៃការប្រើប្រាស់វ៉ាក់សាំងផ្សេងគ្នារបស់ពលរដ្ឋនៅទីក្រុង និងពលរដ្ឋនៅជនបទ។

    កម្មវិធីខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីបញ្ចប់ផែនការនៃគម្រោងបែងចែក និងចែកចាយវ៉ាក់សាំងCovid-19 របស់ក្រុមហ៊ុន Pfizer។

    កាលពីសប្ដាហ៍មុន Pfizer បានប្រកាសថា វ៉ាក់សាំងCovid-19 ដែលក្រុមហ៊ុននេះអភិវឌ្ឍឡើងដោយការសហការជាមួយនឹងដៃគូអាល្លឺម៉ង់ BioNTech គឺ​មាន​ប្រសិទ្ធ​ភាព​ដល់ជាង90%។

    ក្នុងថ្ងៃទី16វិច្ឆិកា ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រអាមេរិកាំង Moderna ក៏បានប្រកាសដែរថា វ៉ាក់សាំងរបស់ខ្លួន​មាន​ប្រសិទ្ធ​ភាព​ដល់​ទៅ​94.5% ឯណោះ។

    អាមេរិកចាប់​ផ្ដើម​ចាក់​វ៉ាក់​សាំង​Covid-19 ​នៅ​ក្នុង​រដ្ឋ​ចំនួន​4 ​ខណៈ​សីតុណ្ហ​ភាព​គឺ​ជា​បញ្ហា​ប្រឈម​ថ្មីទាំងវ៉ាក់សាំងរបស់ Pfizer និងរបស់ Moderna សុទ្ធតែប្រើប្រាស់បច្ចេកវិទ្យាថ្មីដែលគេឱ្យឈ្មោះថា RNA ដើម្បីជំរុញឱ្យប្រព័ន្ធការពាររាងកាយមនុស្ស “ងើបឡើង” ទប់ទល់នឹងវីរុសCovid-19។

    យ៉ាងនេះក្ដី បញ្ហាដែលនឹងត្រូវប្រឈមថ្មីមួយទៀតទាក់ទងនឹងវ៉ាក់សាំងខាងលើ នោះគឺការរក្សាគុណភាពរបស់វា។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ត្រូវការសីតុណ្ហភាពចាប់ពី-70អង្សាចុះក្រោម ដែលនេះជាផលវិបាកមួយសម្រាប់ក្រុមគ្រូពេទ្យ ក៏ដូចជាឱសថស្ថាននានាដែលមិនមានទូក្លាសេបែបនេះ។ ប៉ុន្តែ ក្រុមហ៊ុន Moderna វិញ អះអាង​ថា វ៉ាក់សាំងរបស់ពួកគេមិនទាមទារឱ្យមានការរក្សាទុកនៅក្នុងសីតុណ្ហភាពត្រជាក់ពេកឡើយ ពោលគឺវាត្រូវការ​តែ​ពី2-8អង្សាសេប៉ុណ្ណោះសម្រាប់រយៈពេល30ថ្ងៃ និងក្រោម-20អង្សាសេសម្រាប់រយៈពេល6ខែ ចំណែកក្នុងបន្ទប់ធម្មតាវាអាចនៅមានប្រសិទ្ធភាព​ក្នុង​រយៈ​ពេល​24​ម៉ោង ​ដោយ​វា​មិន​បង្កឱ្យមានបញ្ហាអ្វីដែលទាក់ទងនឹងគុណភាព ​និងសុវត្ថិភាពឡើយ៕

    ប្រភព៖ Reuters, The New Daily

  • ម្ចាស់ SpaceX បានផ្ដួលម្ចាស់ Facebook និងក្លាយជាអ្នកមានជាងគេលំដាប់ទី3ក្នុងពិភពលោក នៅក្នុងវ័យ49ឆ្នាំ

    ម្ចាស់ SpaceX បានផ្ដួលម្ចាស់ Facebook និងក្លាយជាអ្នកមានជាងគេលំដាប់ទី3ក្នុងពិភពលោក នៅក្នុងវ័យ49ឆ្នាំ

    មហាសេដ្ឋី Elon Musk ដែលជាស្ថាបនិកនៃក្រុមហ៊ុន SpaceX និងជាសហស្ថាបនិករបស់ Tesla កំពុងតែឆ្លងកាត់ដំណាក់កាលអស្ចារ្យបំផុតនៅក្នុងការរកស៊ីរបស់ខ្លួន។

    ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានព្រឹត្តិការណ៍ដ៏សំខាន់ជាច្រើនបានកើតឡើងចំពោះមហាសេដ្ឋីដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk។

    កំពូលអ្នកមានរូបនេះ ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងវីរុសCovid-19 ដល់ទៅ2លើក ខណៈដែលក្រុមហ៊ុន SpaceX របស់លោក បាននាំអវកាសយានិកចំនួន4រូបឡើងទៅកាន់អវកាស និងក្នុងគ្រាដែលក្រុមហ៊ុន Tesla ត្រូវបានដាក់បញ្ចូលទៅក្នុង S&P500 ដែលជាសន្ទស្សន៍ផ្សារហ៊ុនមួយសម្រាប់វាស់ស្ទង់លទ្ធភាពរបស់ក្រុមហ៊ុនធំជាងគេចំនួន​500​នៅ​សហរដ្ឋ​អាមេរិក។

    ដំណឹងល្អចុងក្រោយ បានជួយឱ្យទ្រព្យរបស់ Elon Musk កើនឡើងខ្ពស់។ នៅក្នុងវ័យ49ឆ្នាំ ជាផ្លូវការ លោក Musk បានក្លាយជាអ្នកមានជាងគេលំដាប់ទីបីក្នុងពិភពលោក ដោយបានលោតរំលងលោក Mark Zuckerberg ដែលជាម្ចាស់ Facebook បន្ទាប់ពីទ្រព្យសម្បត្តិបានកើន15ពាន់លានដុល្លារបន្ថែមទៀតក្រោយពីការជួញដូរនៅផ្សារហ៊ុនកាលពីថ្ងៃចន្ទ។

    មូលបត្រ Tesla បិទទ្វារកាលពីម្សិលម៉្ងៃនៅក្នុងតម្លៃ 408.09ដុល្លារ/ហ៊ុន កើន14% ធ្វើឱ្យទ្រព្យសរុបរបស់លោក Musk កើនឡើងដល់ជាង117ពាន់លានដុល្លារ នេះបើតាម Bloomberg។ រាប់ចាប់ពីដើមឆ្នាំមកទល់នឹងពេលនេះ ទ្រព្យរបស់ស្ថាបនិក Tesla បានកើន90ពាន់លានដុល្លារអាមេរិក។

    បណ្ដាក្រុមហ៊ុនដែលនឹងត្រូវបានគេដាក់ចូលទៅក្នុងសន្ទស្សន៍ផ្សារហ៊ុន S&P500 គឺត្រូវតែទទួលបានការជ្រើសរើស​ពី​គណៈ​កម្ម​ការ​សន្ទស្សន៍​នៃសហគ្រាស S&P Dow Jones។ ក្រៅពីនេះ បណ្ដាក្រុមហ៊ុនដែលចង់មានឈ្មោះក្នុង S&P500 ក៏ត្រូវតែរកបានចំណេញក្នុងរយៈពេល4ត្រីមាសជាប់ៗគ្នា។

    ថ្មីៗនេះ នៅក្នុងរបាយការណ៍របស់ Tesla បានបង្ហាញថា ក្រុមហ៊ុននេះរកបានចំណេញនៅក្នុងត្រីមាស​ទី​5​របស់​ខ្លួន​ ជា​មួយ​នឹ​ង​ប្រាក់​ចំណូល​ក្នុងត្រីមាសទី3 មានចំនួន 8.77ពាន់លានដុល្លារ។ ក្រៅពីនេះ Tesla ក៏ឱ្យដឹងថា ពួកគេបានលក់រថយន្តចំនួន 139,300គ្រឿងក្នុងត្រីមាសទី3ផងដែរ ដែលនេះគឺជាតួលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។

    កាលពីចុងសប្ដាហ៍កន្លងទៅ លោក Musk បាននិយាយថា លោកបានធ្វើតេស្តCovid-19 ចំនួន4លើក ក្នុងនោះមាន2លើកវិជ្ជមាន។ លោក Musk បានសរសេរនៅលើ Twitter ថា ខ្លួនកំពុងឆ្លងកាត់រោគសញ្ញា “ក្ដៅ​រងា​ធម្មតា​ និងមិនមានអ្វីខុសប្រក្រតីទេ” ហើយលោកក៏ទំនងជាយល់ថា ទាំងនេះគឺជាលទ្ធផលដែល​មិនគួរជាទីទុកចិត្ត៕

    ប្រភព៖ Bloomberg