Author: សឿន សំណាង

  • រដ្ឋាភិបាលរបស់ Trump យល់ព្រមប្រគល់អំណាចឱ្យ Biden

    រដ្ឋាភិបាលរបស់ Trump យល់ព្រមប្រគល់អំណាចឱ្យ Biden

    ប្រធានរដ្ឋបាលសេវាកម្មទូទៅរបស់អាមេរិក បានផ្ញើលិខិតមួយជូនទៅបេក្ខភាពប្រធានាធិបតី Joe Biden ឱ្យដឹងថា រដ្ឋាភិបាលរបស់លោក Donald Trump បានត្រៀមខ្លួនរួចហើយក្នុងការប្រគល់អំណាចជូនគណបក្សជាប់ឆ្នោត។

    “ខ្ញុំមានការប្រាកដនិយមជាមួយនឹងកិច្ចការនេះ។ ដោយសារស្ថានការណ៍ថ្មីៗនេះមានបញ្ហាទាក់ទងនឹងផ្លូវច្បាប់ និងលិខិតស្នាមស្ដីអំពីការទទួលស្គាល់លទ្ធផលបោះឆ្នោត ខ្ញុំផ្ញើលិខិតនេះដើម្បីប្រគល់ធនធានមនុស្ស និងសេវាកម្មដែលមាន ជូនដល់លោក” លិខិតរបស់ប្រធានរដ្ឋបាលសេវាកម្មទូទៅរបស់អាមេរិក GSA (General Services Administration) លោកស្រី Emily Murphy បានសរសរសំបុត្រផ្ញើទៅកាន់ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden កាលពីថ្ងៃទី23វិច្ឆិកា ដោយមានឃ្លាសរសេរដូច្នេះ។

    ប្រធានាធិបតីអាមេរិក Donald Trump បានសរសេរនៅលើទំព័រ Twitter ថា លោកបានស្នើឱ្យ Murphy និងក្រុមការងារ GSA “ធ្វើកិច្ចការដែលត្រូវធ្វើជាមួយនឹងនីតិវិធិបឋម” ដើម្បីផលប្រយោជន៍ជាតិ លោកបន្ថែមថា លោកក៏បាន “ណែនាំឱ្យក្រុមការងាររបស់ខ្ញុំធ្វើដូច្នេះដែរ”។

    “ខ្ញុំសូមអរគុណដល់ប្រធាន GSA លោកស្រី Emily Murphy សម្រាប់ការប្រឹងប្រែង និងស្មោះត្រង់ចំពោះប្រទេសជាតិ។ លោកស្រីត្រូវបានគេរំខាន គំរាមកំហែង និងរំលោភសិទ្ធិ ខ្ញុំមិនចង់ឃើញបញ្ហានេះកើតឡើងចំពោះលោកស្រី និងគ្រួសារ ក៏ដូចជាសមាជិករបស់ GSA។ ការប្ដឹងតវ៉ានឹងបន្តធ្វើឡើងយ៉ាងខ្លាំងក្លា ខ្ញុំជឿថា យើងនឹងឈ្នះ” លោក Trump មានប្រសាសន៍យ៉ាងដូច្នេះ។

    រដ្ឋាភិបាលរបស់ Trump យល់ព្រមប្រគល់អំណាចឱ្យ Biden
    ប្រធានរដ្ឋបាលសេវាកម្មទូទៅរបស់អាមេរិក GSA (General Services Administration) លោកស្រី Emily Murphy

    លោកស្រី Murphy បានអះអាងថា លោកស្រីមិនត្រូវបានសេតវិមានកៀបសង្កត់ដើម្បីពន្យារការប្រគល់អំណាចនោះទេ។ នៅក្នុងលិខិតនោះ មានឃ្លាសរសេរទៀតថា “សូមយល់ថា ខ្ញុំបានចេញបញ្ជាប្រកបដោយភាពឯករាជ្យ ដោយផ្អែកលើច្បាប់ និងទិន្នន័យជាក់ស្ដែង។

    ប្រការខាងលើនេះគឺជាជំហានដំបូងដែលបានបង្ហាញថា រដ្ឋាភិបាលអាមេរិកបានទទួលស្គាល់បរាជ័យរបស់លោក Trump ហើយវាក៏ជាសញ្ញាមួយបញ្ជាក់ថា ប្រធាន GSA នឹងចុះហត្ថលេខលើលិខស្នាមមួយចំនួនដើម្បីទទួលស្គាល់ជ័យជំនះរបស់លោក Biden ជាផ្លូវការ។

    ព័ត៌មានខាងលើនេះត្រូវបានលើកឡើងបន្ទាប់ពីរដ្ឋ Michigan ប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត និងបានប្រគល់សំឡេងឆ្នោតនៃអ្នកតំណាងពលរដ្ឋចំនួន16សំឡេងទៅឱ្យលោក Biden។

    GSA គឺជាស្ថាប័នឯករាជ្យរបស់រដ្ឋាភិបាលអាមេរិក ដែលមានតួនាទីជួយដល់សកម្មភាពនានារបស់ស្ថាប័នរដ្ឋាភិបាលកណ្ដាល និងទទួលខុសត្រូវទៅលើការចុះហត្ថលេខាលើសំណុំបែបបទផ្លូវការ ក្រោយពីមានប្រធានាធិបតីជាប់ឆ្នោត ដើម្បីប្រគល់ប្រាក់រាប់លានដុល្លារ ផ្ដល់សិទ្ធិកាន់កាប់ទៅឱ្យក្រុមមន្ត្រីរដ្ឋាភិបាល ប្រគល់ការិយាល័យនានា និងសម្ភារទូទៅ ទៅឱ្យគណបក្សជាប់ឆ្នោតថ្មី។ សកម្មភាពទាំងនេះ គឺដូចទៅនឹងការប្រកាសជាផ្លូវការរបស់រដ្ឋាភិបាលកណ្ដាល ទន្ទឹមនឹងការប្រកាសដោយសារព័ត៌មាន ស្ដីអំពីប្រធានាធិបតីថ្មី៕

    ប្រភព៖ CNN

  • ក្រុម​ហ៊ុន​ចិនទទួលបានសិទ្ធិស្ថាបនា​អាកាស​យាន​ដ្ឋាន​ថ្មី​នៅ​កម្ពុជា

    ក្រុម​ហ៊ុន​ចិនទទួលបានសិទ្ធិស្ថាបនា​អាកាស​យាន​ដ្ឋាន​ថ្មី​នៅ​កម្ពុជា

    ក្រុមហ៊ុនមួយរបស់ចិន ទទួលបានសិទ្ធិក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ដែលមានតម្លៃ405លានដុល្លារអាមេរិកនៅក្នុងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្បែររាជធានីភ្នំពេញ។

    ក្រុមហ៊ុន MCC នឹងរចនាប្លង់ និងស្ថាបនាគម្រោងមួយដែលស្ថិតក្នុងគម្រោងស្ថាបនាអាកាសយានដ្ឋានអន្តរជាតិថ្មីនៅក្បែរភ្នំពេញដែលមានតម្លៃ1.5ពាន់លានដុល្លារអាមេរិក នេះបើតាមសារព័ត៌មាន Nikkei ចុះផ្សាយក្នុងថ្ងៃនេះ។ ប្រទេសចិនវិនិយោគប្រាក់ស្ទើរតែទាំងអស់នៅក្នុងគម្រោងសាងសង់ព្រលានយន្តហោះនេះ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះស្ថិតក្នុងយុទ្ធសាស្ត្រជំរុញវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។

    កិច្ចព្រមព្រៀងរចនា និងស្ថាបនាដែលមានតម្លៃ405លានដុល្លារនេះ គឺជាជ័យជំនះសំខាន់របស់ក្រុមហ៊ុន MCC។ នេះគឺជាកិច្ចព្រមព្រៀងធំបំផុតរបស់ MCC នៅក្នុងឆ្នាំ2020 ដោយវាមានទំហំធំជាងកិច្ចព្រមព្រមរចនា និងស្ថាបនាឧទ្យានព្រៃត្រូពិកមួយនៅភាគខាងជើងសិង្ហបុរីដែលមានតម្លៃ192លានដុល្លារដែលបានចុះហត្ថលេខាកាលពីខែកុម្ភ។

    MCC និងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនកំពុងតែដំណើរការគម្រោងមួយចំនួននៅកម្ពុជា ក្នុងនោះមានដូចជា គម្រោងអភិវឌ្ឍតំបន់សមុទ្រដែលត្រូវបានអនុវត្តគម្រោងដោយ Union Development Group។

    ទីតាំង​របស់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​

    អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី មានទំហំប្រមាណ700ហិកតា ស្ថិតនៅក្នុងតំបន់ប្រជុំជន និងពាណិជ្ជកម្ម ជាមួយនឹងទំហំឡើងដល់ប្រមាណជា 2,600ហិកតា។ គម្រោងនេះត្រូវបានក្រុមហ៊ុនវិនិយោគបរទេសរបស់កម្ពុជា OCIC ជាអ្នកគ្រប់គ្រង។ OCIC វិនិយោគ 180លានដុល្លារទៅក្នុងគម្រោងនេះ និងកាន់កាប់ភាគហ៊ុន90%នៃគម្រោងនេះផងដែរ ខណៈដែលអាកាសចរណ៍ស៊ីវិលកម្ពុជាកាន់កាប់10%។

    ក្រៅពី MCC ក៏មានក្រុមហ៊ុនមួយចំនួនទៀតចូលរួមក្នុងគម្រោងនេះ រួមមានក្រុមហ៊ុនបច្ចេកទេសសាងសង់របស់រដ្ឋចិន និងក្រុមហ៊ុនរចនា Foster & Partner របស់អង់គ្លេស។ កិច្ចព្រមព្រៀង MCC កាន់កាប់ប្រមាណ 30% នៃថវិកាសម្រាប់គម្រោង នេះបើតាមឯកសារដែលបានផ្ញើទៅកាន់ផ្សារហ៊ុនហុងកុង និងសៀងហៃកាលពីសប្ដាហ៍មុន។

    Shanghai Baoye Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ MCC ទទួលខុសត្រូវក្នុងការសាងសង់ផ្លូវប្រវែង4,000ម៉ែត្រចុះចតនៃព្រលានយន្តហោះនេះ រួមនឹងទីលានចត និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធដទៃទៀត។

    ក្រុមហ៊ុនវិនិយោគ China’s Yunnan Investment Group របស់ចិន ទទួលខុសត្រូវក្នុងការបង្ហើយគម្រោងនេះទៅតាមផែនការនៃការសាងសង់ ការដំណើរការ និងការប្រគល់មកកម្ពុជា។ តាមគម្រោង ព្រលានយន្តហោះនេះនឹងត្រូវប្រគល់មករាជរដ្ឋាភិបាលកម្ពុជា ក្រោយដំណើរការរយៈពេល55ឆ្នាំ៕

    ប្រភព៖ Nikkei

  • កាឡាក់ស៊ី “ហ្វូស៊ីល”​ ហោះ​មក​បុក​នឹង​កាឡាក់​ស៊ី ​Milky ​Way​ កាល​ពី​10​ពាន់​លាន​ឆ្នាំ​មុន

    កាឡាក់ស៊ី “ហ្វូស៊ីល”​ ហោះ​មក​បុក​នឹង​កាឡាក់​ស៊ី ​Milky ​Way​ កាល​ពី​10​ពាន់​លាន​ឆ្នាំ​មុន

    ហ្វូស៊ីរបស់កាឡាក់ស៊ី Heracles ដែលត្រូវបានកប់នៅកណ្ដាលកាឡាក់ស៊ី Milky Way របស់មនុស្ស បង្ហើបឱ្យយើងដឹងព័ត៌មានបន្ថែមអំពីចក្រវាឡរបស់ផែនដីកាលពីយុគសម័យដំបូង។

    ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញកាឡាក់ស៊ីមួយដែលបានក្លាយជាថ្ម (ហ្វូស៊ីល) ដែលកប់ជ្រៅក្នុងកាឡាក់ស៊ី Milky Way ហើយវាត្រូវបានគេដាក់ឈ្មោះឱ្យថា Heracles។ កាឡាក់ស៊ីនេះ ទំនងជាបានហោះមកបុកនឹងកាឡាក់ស៊ី Milky Way របស់មនុស្ស កាលពី1ម៉ឺនលានឆ្នាំមុន ក្នុងសម័យដែល Milky Way នៅក្មេងនៅឡើយ។ លទ្ធផលនៃការស្រាវជ្រាវថ្មីនេះត្រូវបានចុះផ្សាយលើទស្សនាវដ្ដី The Monthly Notices of Royal Astronomical Society កាលពីថ្ងៃទី20តុលា។

    ដានដែលនៅសេះសល់របស់ Heracles មានទំហំប្រមាណ 1/3នៃរង្វង់ពន្លឺដែលភ្លឺខ្លាំងជាងគេនៅកណ្ដាលកាឡាក់ស៊ី Milky Way។ បើទោះជាមានទំហំធំ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រមិនបានរកឃើញវា រហូតដល់មានការសង្កេតយ៉ាងយកចិត្តទុកដាក់បំផុតទៅលើផ្កាយរាប់ម៉ឺនដួងនៅទីនោះ។

    បណ្ឌិត Ricardo Schiavon មកពីមន្ទីរស្រាវជ្រាវតារារូបវិទ្យានៃសាកលវិទ្យាល័យ Liverpool John Moores រួមនឹងសហការី បានវិភាគទៅលើទិន្នន័យដែលបានមកពី Apogee ដែលជាគម្រោងដ៏ធំមួយដែលប្រមូលព័ត៌មានអំពីផ្កាយជាងកន្លះលាននៅក្នុងកាឡាក់ស៊ី Milky Way។

    កាឡាក់ស៊ី “ហ្វូស៊ីល” ហោះមកបុកនឹងកាឡាក់ស៊ី Milky Way កាលពី10ពាន់លានឆ្នាំមុន
    Heracles ស្ថិត​នៅកណ្ដាល​ Milky Way

    “ដើម្បីរកឃើញកាឡាក់ស៊ីដែលបានក្លាយជាហ្វូស៊ីល ដូចជា Heracles យើងត្រូវសង្កេតទៅលើធាតុគីមីជាក់លាក់ និងចលនារបស់ផ្កាយរាប់ម៉ឺនដួង។ ប្រការនេះពិតជាមានការលំបាក់ចំពោះផ្កាយដែលនៅកណ្ដាលកាឡាក់ស៊ី Milky Way ព្រោះពួកវាត្រូវបានពពកធូលីបិទបាំង។ Apogee បានជួយទម្លុះពពកធូលីនោះ និងអាចមើលឃើញផ្នែកដែលនៅជ្រៅបំផុតនៅកណ្ដាលកាឡាក់ស៊ី Milky Way” លោក Schiavon បញ្ជាក់យ៉ាងដូច្នេះ។

    ដើម្បីបែងចែកឱ្យដឹងថា ផ្កាយណាជាផ្កាយរបស់ Heracles និងផ្កាយណាជាផ្កាយរបស់ Milky Way ក្រុមអ្នកវិទ្យាសាស្ត្រត្រូវវាស់ស្ទង់មើលធាតុគីមី និងល្បឿនរបស់ផ្កាយដោយប្រើឧបករណ៍របស់គម្រោង Apogee។ បេក្ខជនបណ្ឌិត Danny Horta មកពីសាកលវិទ្យាល័យ Liverpool John Moores បានបកស្រាយថា “ក្នុងចំណោមផ្កាយរាប់ម៉ឺនដួងដែលយើងបានសង្កេត មានផ្កាយខ្ទង់រយដួងដែលមានធាតុគីមី និងល្បឿនខុសប្លែកពីគេ។ ពួកវាពិសេស និងប្លែកពីគេរហូតដល់ថ្នាក់ មានតែផ្កាយមកពីកាឡាក់ស៊ីដទៃតែប៉ុណ្ណោះទើបមានលក្ខណបែបនេះ។ ដោយសារសង្កេតយ៉ាងហ្មត់ចត់ទៅលើផ្កាយទាំងនេះ ទើបយើងអាចរកឃើញទីតាំងជាក់លាក់ និងអតីតកាលរបស់កាឡាក់ស៊ីហ្វូស៊ីល Heracles”។

    ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ ក្រុមអ្នកវិទ្យាសាស្ត្រយល់ថា ករណីបុកជាមួយនឹងកាឡាក់ស៊ី Heracles គឺជាព្រឹត្តិការណ៍ធំកាលពីអតីតកាលរបស់ Milky Way។ ប្រការនេះបានធ្វើឱ្យកាឡាក់ស៊ីរបស់មនុស្ស មានលក្ខណពិសេស ព្រោះថា កាឡាក់ស៊ីរាងគូទខ្យងធំៗ តែងតែឆ្លងកាត់ “យុវវ័យ” ប្រកបដោយភាពស្ងប់ស្ងាត់ជាងនេះឆ្ងាយណាស់៕

    ប្រភព៖ Independent

  • មេដឹកនាំចលនាបាតុកម្មនៅហុងកុងត្រូវបានឃុំខ្លួន

    មេដឹកនាំចលនាបាតុកម្មនៅហុងកុងត្រូវបានឃុំខ្លួន

    មេដឹកនាំចលនាបាតុកម្មប្រឆាំងអាជ្ញាធរចិននៅទីក្រុងហុងកុង លោក Joshua Wong ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នបន្ទាប់ពីសារភាពថា ជាអ្នកផ្ដួចផ្ដើមគំនិតក្នុងការធ្វើបាតុកម្ម ដែលនេះនឹងនាំឱ្យ Wong ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ3ឆ្នាំ។

    នៅក្នុងតុលាការនាព្រឹកនេះ Joshua Wong រួមនឹងសកម្មជនពីរនាក់ទៀត គឺ Agnes Chow និង Ivan Lam បានសារភាពថា ជាអ្នកផ្ដើមគំនិតឱ្យមានការប្រមូលផ្ដុំគ្នានៅក្បែរទីស្នាក់ការប៉ូលិសនៅក្នុងបាតុកម្មប្រឆាំងរដ្ឋអំណាចកាលពីឆ្នាំ2019។ សកម្មជនប្រជាធិបតេយ្យទាំង3រូបនេះ សុទ្ធតែកំពុងត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន។

    នៅមុនពេលត្រូវបានបុគ្គលិកសន្តិសុខនាំខ្លួនចេញពីបន្ទប់កាត់ក្ដី លោក Wong បានស្រែកឡើងថា៖ “សូមអ្នករាល់គ្នារក្សាគោលជំហររឹងមាំ! ខំតស៊ូឡើង!”។

    លោក Wong មិនបានសារភាពទៅនឹងការចោទប្រកាន់ទី3ដែលថា មានចេតនាចូលរួមប្រមុំផ្ដុំគ្នា​ដោយ​ខុស​ច្បាប់​ បន្ទាប់​ពី​ចៅ​ក្រម​មិនបានបង្ហាញភ័ស្ដុតាង។ បច្ចុប្បន្ន លោក Wong កំពុងប្រឈមនឹងការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល3ឆ្នាំ ខណៈដែលសាលក្រមនឹងត្រូវប្រកាសនៅល្ងាចថ្ងៃទី2 ខែធ្នូខាងមុខ។

    នៅមុនពេលចូលទៅកាន់សាលតុលាការ លោក Wong បានឱ្យដឹងថា “ក្រុមមន្ត្រីប្រហែលជាចង់ឱ្យខ្ញុំជាប់ឃុំជាបន្តបន្ទាប់”។

    ក្រុមអ្នកគាំទ្ររាប់សិបនាក់នៅខាងក្រៅតុលាការ នាំគ្នាស្រែកថា “ដោះលែង Joshua Wong, Agnes Chow, Ivan Lam!”។ល។

    លោក Wong បច្ចុប្បន្នមានអាយុ24ឆ្នាំ បានក្លាយជាមេដឹកនាំបាតុកម្ម “ឆត្រ” ដែលដឹកនាំដោយក្រុមនិស្សិតកាល​ពី​ឆ្នាំ​2014​ ដើម្បី​ធ្វើការប្រឆាំងទៅនឹងទីក្រុងប៉េកាំងដែលបាននិងកំពុងលូកដៃចូលជ្រៅទៅក្នុងការបោះឆ្នោតនៅហុងកុងកាលពីឆ្នាំ2017។ ចលនានេះត្រូវបានគេហោថា បាតុកម្ម “ឆត្រ” ដោយសារក្រុមមនុស្សដែលបានចូលរួម យកឆត្រទៅតាមខ្លួនដើម្បីការពារកម្ដៅ ភ្លៀង និងផ្សែងបង្ហូរទឹកភ្នែក ឬការបាញ់ទឹកពីអាជ្ញាធរ។

    មេដឹកនាំចលនាបាតុកម្មនៅហុងកុងត្រូវបានឃុំខ្លួន
    លោក Wong បច្ចុប្បន្នមានអាយុ24ឆ្នាំ បានក្លាយជាមេដឹកនាំបាតុកម្ម “ឆត្រ” ដែលដឹកនាំដោយក្រុមនិស្សិតកាលពីឆ្នាំ2014

    Joshua Wong បានបង្កើតបក្ស Demosisto កាលពីឆ្នាំ2016 និងមានគម្រោងទាមទារសិទ្ធិស្វ័យ​សម្រេច​សម្រាប់​ទី​ក្រុង​ហុង​កុង​ក្រោយឆ្នាំ2047 ជាដំណាក់កាលដែលសេចក្ដីប្រកាសរួមរវាងចិន-អង់គ្លេសត្រូវអស់សុពលភាព ដោយក្នុងនោះបានចែងថា ហុងកុងមានសិទ្ធិរក្សាប្រព័ន្ធច្បាប់ រូបិយវត្ថុដោយឡែករបស់ខ្លួន និងឯករាជ្យពីចិនដីគោកទៅតាមរូមមន្ត “ប្រទេសមួយប្រព័ន្ធពីរ” ក្នុងរយៈពេល50ឆ្នាំ រាប់ចាប់ពីពេលត្រូវបានអង់គ្លេសប្រគល់ទៅឱ្យទីក្រុងប៉េកាំងកាលពីឆ្នាំ2017។

    កាលពីដើមឆ្នាំនេះ Wong រួមនឹងអ្នកនយោបាយ និងសកម្មជន11នាក់ផ្សេងទៀត ត្រូវបានរឹបអូសសិទ្ធិឈរ​ឈ្មោះ​បោះ​ឆ្នោត។​ Wong ​បាន​ចាកចេញពី Demosisto ហើយបក្សនេះក៏ត្រូវបានរម្សាយកាលពីខែមិថុនា បន្ទាប់ពីទីក្រុងប៉េកាំងបានអនុម័តច្បាប់សន្និសុខហុងកុង។

    កាលពីឆ្នាំ2019 Wong ធ្លាប់បានជាប់ឃុំរយៈពេល5ខែម្ដងរួចហើយ ក្រោមបទចោទថា ប្រមាថតុលាការ មុន​ពេល​ត្រូវ​បាន​ដោះ​លែង​កាលពីថ្ងៃទី16មិថុនា ក្នុងគ្រាដែលបាតុកម្មកំពុងកើតឡើង។

    ក្រុមប្រទេសលោកខាងលិចបានរិះគន់ខ្លាំងៗទៅលើប្រទេសចិនដែលបានចាប់ខ្លួនលោក Wong និងក្រុមសកម្មជនដទៃទៀត ដោយយល់ថា ទីក្រុងប៉េកាំងមិនធ្វើទៅតាមកិច្ចព្រមព្រៀងដែលចិនបានសន្យាថា ទុកឱ្យហុងកុងរក្សាកម្រិតស្វ័យគ្រប់គ្រងទៅតាមសេចក្ដីប្រកាសរួមរវាងអង់គ្លេសនិងចិន។ ទីក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយ​ថា ​ហុង​កុង​ជា​បញ្ហា​ផ្ទៃ​ក្នុង ​ហើយថា ប្រទេសដទៃមិនត្រូវមកធ្វើអន្តរាគមន៍ឡើយ៕

    ប្រភព៖ Reuters

  • ដើម្បីអំណាចនិងទឹកដី ភេពីរក្រុម ​បាន​​ធ្វើ​សង្គ្រាម​នឹង​គ្នា​ជា​​ហូរ​ហែ​​អស់​រយៈ​ពេល​5​ឆ្នាំ​ ដោយ​​ប្រើ​ “ទ័ព​ជើង​ទឹក” និង​ទ័ព​ជើង​គោក”

    ដើម្បីអំណាចនិងទឹកដី ភេពីរក្រុម ​បាន​​ធ្វើ​សង្គ្រាម​នឹង​គ្នា​ជា​​ហូរ​ហែ​​អស់​រយៈ​ពេល​5​ឆ្នាំ​ ដោយ​​ប្រើ​ “ទ័ព​ជើង​ទឹក” និង​ទ័ព​ជើង​គោក”

    ជាក់ស្ដែង តាមរយៈវីដេអូខាងក្រោមនេះទើបគេដឹងថា ភេក៏ជាសត្វមួយប្រភេទក្នុងចំណោមសត្វដែលមានមហិច្ឆតាខ្ពស់ក្នុងការដណ្ដើមគ្រប់គ្រងទឹកដី។

    ថ្មីៗនេះ វីដេអូមួយដែលបង្ហាញអំពីសង្គ្រាមរវាងសត្វភេ2ក្រុមនៅតំបន់ Bishan បានធ្វើឱ្យអ្នកលេងអ៊ីនធើណិតរបស់ប្រទេសសិង្ហាបុរីមានការភ្ញាក់ផ្អើលខ្លាំង និងបានចែករំលែកតៗគ្នាអំពីវីដេអូដែលប្រកប់ដោយភាពកំប្លែង ប៉ុន្តែក៏បង្ហាញអំពីភាពក្លាហាន និងមហិច្ឆតាខ្ពស់ក្នុងការដណ្ដើមទឹកដីគ្នារបស់ពួកវា។

    ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាដែលចាប់ផ្ដើមដោយការប្រើប្រាស់ “កងទ័ពជើងទឹក” និងរាលដាលដល់ “កងទ័ពជើងគោក” បានកើតឡើងកាលពីថ្ងៃទី29ខែមីនា រវាង1ក្រុមដែលមានគ្នា11ក្បាលមកពីតំបន់ Marina (ខាងឆ្វេង) និងភេ1ក្រុមទៀតដែលមានកូនចៅ15ក្បាលមកពីតំបន់ Bishan (ខាងស្ដាំ)។

    (វីដេអូ) សត្វភេពីរក្រុម ធ្វើសង្គ្រាមនឹងគ្នា “មិនដាច់ស្រេច” អស់រយៈពេល5ឆ្នាំ ដើម្បីដណ្ដើមអំណាចនិងទឹកដីអ្នកដែលបានឃើញផ្ទាល់នឹងភ្នែក បានរៀបរាប់ថា ការប្រយុទ្ធគ្នានេះ អាចប្រៀបប្រដូចទៅនឹងការប្រយុទ្ធនៅក្នុងខ្សែភាពយន្ត Avenger Endgame៖ ប្រកបដោយភាពអស្ចារ្យ ជាមួយនឹងការបញ្ចេញអំណាច ការប្រើប្រាស់កម្លាំង ការខាតបង់ និងពោរពេញដោយឈាម រួមនឹងរបួសស្នាម ដែលធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល។

    ថ្វីបើមិនបានប្រើប្រាស់អាវុធក្រៅខ្លួន ប៉ុន្តែ ការប្រយុទ្ធគ្នាដែលដំបូងឡើយបានចាប់ផ្ដើមនៅលើផ្ទៃទឹកនេះ ក៏បានរាលដាលដល់ដីគោក ដោយសារពួកគេមិនព្រមទទួលស្គាល់ការឈ្នះចាញ់។ សំណាងល្អណាស់ដែលក្រុមទាំង2មិនមានអ្នកបាត់បង់ជីវិត ប៉ុន្តែ ពួកគេក៏មានអ្នករងរបួសជាច្រើនករណីផងដែរ។

    (វីដេអូ) សត្វភេពីរក្រុម ធ្វើសង្គ្រាមនឹងគ្នា “មិនដាច់ស្រេច” អស់រយៈពេល5ឆ្នាំ ដើម្បីដណ្ដើមអំណាចនិងទឹកដីក្រោយការប្រយុទ្ធគ្នាយ៉ាងកក្រើកមើឃរញ្ជួយដី ក្រុមសម្ព័ន្ធមិត្តដែលមានគ្នា11ក្បាល នៅដល់តែ6ក្បាលប៉ុណ្ណោះ ហើយគេក៏មិនបានដឹងថា ភេដែលបានបាត់ខ្លួននោះ ត្រូវបានចាប់ជាចំណាប់ខ្មាំង ឬត្រូវសម្លាប់នោះទេ។

    សង្គ្រាមរវាងភេទាំងពីរក្រុមខាងលើនេះ បានចាប់ផ្ដើមកើតមានឡើងតាំងតែពីឆ្នាំ2015មកទៅ ហើយមូលហេតុនេះត្រូវបានគេជឿថា កើតឡើងដោយសារបញ្ហានៃការបែងចែកទឹកដី និងដណ្ដើមអំណាច ដើម្បីគ្រប់គ្រងធនធានដែលពួកវាត្រូវការចាំបាច់សម្រាប់ចិញ្ចឹមជីវិត៕

    https://www.youtube.com/watch?v=oTUH24VaVtE

    ប្រភព៖ Mothership

  • នាយឧត្តមនាវីសហរដ្ឋអាមេរិកម្នាក់ ធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ​នៅ​ក្នុងគ្រាដែលចិនកំពុងពង្រីកឥទ្ធិពល

    នាយឧត្តមនាវីសហរដ្ឋអាមេរិកម្នាក់ ធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ​នៅ​ក្នុងគ្រាដែលចិនកំពុងពង្រីកឥទ្ធិពល

    នាយឧត្តមនាវី Michael Studeman ទទួលបន្ទុកផ្នែកចារកម្មរបស់កងទ័ពអាមេរិកប្រចាំអាស៊ីប៉ាស៊ីហ្វិក បានមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ដោយមិនបានគ្រោងជាទុក នេះបើតាមការអះអាងរបស់ប្រភពព័ត៌មានចំនួនពីរ។

    ប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះ ក្នុងនោះមានមន្ត្រីយោធាតៃវ៉ាន់ផងដែរ បាននិយាយថា មន្ត្រីដែលមកធ្វើទស្សនកិច្ចនៅកោះនេះ គឺលោក Michael Studeman នាយឧត្តមនាវីនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ យោងតាមគេហទំព័រកងទ័ពជើងទឹលអាមេរិក លោក Studeman គឺជាប្រធានអង្គភាព J2 ដែលជាអ្នកគ្រប់គ្រងកិច្ចការចារកម្មនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកទទួលបន្ទុកក្នុងតំបន់មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក (Indopacom) របស់កងទ័ពសហរដ្ឋអាមេរិក។

    សារព័ត៌មាន United Daily News របស់តៃវ៉ាន់ បានចុះផ្សាយអំពីរូបភាពនៃយន្តហោះឯកជនមួយគ្រឿងដែលមិនមានឈ្មោះ តែត្រូវគេដឹងថា ជាយន្តហោះយោធាអាមេរិក កំពុងចុះចតនៅព្រមានយន្តហោះ Songshan Airport នាទីក្រុងតៃប៉ិ ហើយទំនងជារង់ចាំនៅក្នុងចំណតរថភ្លើង VIP។

    ទិន្នន័យពីគេហទំព័រតាមដានជើងហោះហើរ phanefinder.net ក៏បានបង្ហាញថា មានជើងហោះហើរនៃយន្តហោះឯកជនមួយដែលបានចាកចេញពីកោះ Hawaii ជាកន្លែងមានការិយាល័យកណ្ដាលនៃបញ្ជាការដ្ឋានកងទ័ព Indopacom ​បាន​ហោះ​ឆ្ពោះ​ទៅកាន់ព្រមានយន្តហោះ Songshan កាលពីល្ងាចថ្ងៃទី22វិច្ឆិកា នៅមុន United Daily News ចុះផ្សាយអំពីរូបថតដែលបាននិយាយខាងដើម។

    មន្ទីរបញ្ចកោណ និងអង្គភាពការពារកោះតៃវ៉ាន់ សុទ្ធតែបានបដិសេធការធ្វើអធិប្បាយអំពីព័ត៌មាននេះ។ ស្ថាប័នកិច្ចការបរទេសនៃកោះតៃវ៉ាន់ កាលពីថ្ងៃទី2វិច្ឆិកា បានទទួលស្គាល់ថា មានមន្ត្រីសហរដ្ឋអាមេរិកម្នាក់មកកាន់កោះតៃវ៉ាន់ ប៉ុន្តែ បានបដិសេដផ្ដល់ព័ត៌មានលម្អិត។

    មន្ត្រីតៃវ៉ាន់ខាងលើបន្ថែមថា “យើងស្វាគមន៍ដំណើរទស្សនកិច្ចរបស់មន្ត្រីអាមេរិកាំង។ យោងតាមការ​ទុក​ចិត្ត​គ្នា​ រវាង​កោះ​តៃវ៉ាន​និងសហរដ្ឋអាមេរិក យើងមិនមានការបកស្រាយ ឬអធិប្បាយអ្វីបន្ថែមទៀតទេ”។

    យន្តហោះ​ដែល​ត្រូវ​គេ​ជឿ​ថា​ជា​របស់​កង​ទ័ព​សហរដ្ឋ​អាមេរិក​

    ប្រទេសចិន តែងតែចាត់ទុកកោះតៃវ៉ាន់ថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងរង់ចាំតែការបង្រួបបង្រួមប៉ុណ្ណោះ។ កន្លងមក ប្រទេសចិនបានប្រតិកម្មយ៉ាងខ្លាំងក្លា ដោយការបញ្ជូនយន្តហោះចម្បាំង ហោះទៅក្បែរកោះតៃវ៉ាន់ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោក Alex Azar កាលពីខែសីហា និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក Keith Krach កាលពីខែកញ្ញា។

    បច្ចុប្បន្ន គេមិនទាន់ដឹងថា ទស្សនកិច្ចរបស់លោក Michael Studeman នឹងត្រូវបានចិនចាត់ទុកជាការបង្កហេតុដែរ ឬយ៉ាងណានៅឡើយ។ ប៉ុន្តែលោកគឺជាមន្ត្រីយោធាជាន់ខ្ពស់មួយរូបដំបូងដែលបានមកធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងអំឡុងច្រើនឆ្នាំកន្លងទៅនេះ។

    Douglas Paal អតីតប្រធានការិយាល័យតំណាងសហរដ្ឋអាមេរិកនៅកោះតៃវ៉ាន់ បានឱ្យដឹងថា៖ “បើសិនជាលោក Studeman របស់ J2 នៃបញ្ជាការដ្ឋាន Indopacom ខ្ញុំដឹងថា មិនទាន់មានដំណើរទស្សនកិច្ចបែបនេះពីមុនទេ”។

    Randall Schriver អតីតជំនួយការរបស់រដ្ឋមន្ត្រីការពារជាតិសម្រាប់តំបន់អាស៊ីក្នុងសម័យលោក Donald Trump បាននិយាយថា មន្ទីរបញ្ចកោណធ្លាប់បានបញ្ជូននាយឧត្តមនាវីមកកាន់កោះតៃវ៉ាន់ដោយស្ងាត់ៗជាបន្តបន្ទាប់កាលពីពេលកន្លងទៅ។ លោកបន្ថែមថា អាមេរិក និងតៃវ៉ាន់បានចែករំលែកព័ត៌មានសម្ងាត់យ៉ាងលម្អិតទាក់ទងនឹងកងទ័ពរំដោះប្រជាជនចិន។

    សហរដ្ឋអាមេរិក និងបណ្ដាប្រទេសស្ទើរតែទាំងអស់ក្នុងពិភពលោក មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយនឹងកោះតៃវ៉ាន់ទេ ប៉ុន្តែ អាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធ និងជាអ្នកគាំទ្រអន្តរជាតិសំខាន់បំផុតរបស់កោះនេះ។ Su Tseng-chang មេដឹកនាំនៃស្ថាប័នប្រតិបត្តិច្បាប់របស់តៃវ៉ាន់បានឱ្យដឹងថា ប្រធានស្ថាប័នការពារបរិស្ថានអាមេរិក Andrew Wheeler ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់ នឹងមកធ្វើទស្សនកិច្ចកោះតៃវ៉ាន់នៅខែក្រោយផងដែរ៕

    ប្រភព៖ Reuters

  • Elon Musk រក​បាន​ជាង​19​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​សប្ដាហ៍​នេះ

    Elon Musk រក​បាន​ជាង​19​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​សប្ដាហ៍​នេះ

    មូលបត្រ Tesla ទើបតែបានបញ្ចប់សប្ដាហ៍ដែលបានឡើងថ្លៃខ្ពស់បំផុតនៅក្នុងរយៈពេល3ខែមកនេះ ក្រោយពីមានដំណឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ ជិតបានក្លាយជាសមាជិកមួយរបស់ S&P 500 នៅខែក្រោយ។

    សារព័ត៌មាន Bloomberg បានឱ្យដឹងថា ការឡើងថ្លៃខ្ពស់របស់មូលបត្រ Tesla បណ្ដាលមកពីក្រុមអ្នកវិនិយោគ​នាំ​គ្នា​សម្រុក​ចូល​ទិញ​មូលបត្រ បន្ទាប់ពីក្រុមហ៊ុននេះត្រៀមខ្លួនចូលជា “សមាជិកក្លឹប” នៃក្រុមហ៊ុនទាំង500 ដែលមានតម្លៃបំផុតក្នុងពិភពលោក។

    ក្រៅពីនេះ ការឡើងថ្លៃរបស់មូលបត្រ Tesla ក៏បានបន្ថែមទ្រព្យចំនួន19ពាន់លានដុល្លារ ទៅក្នុងសម្បត្តិរបស់ស្ថាបនិក និងជា CEO របស់ Tesla លោក Elon Musk ផងដែរ។

    នៅក្នុងការជួញដូរមូលបត្រកាលពីថ្ងៃព្រហស្បតិ៍ តម្លៃមូលបត្រ Tesla មានពេលខ្លះបានឡើងដល់ 508.61ដុល្លារក្នុង1ហ៊ុន ដែលនេះបាននាំឱ្យវាក្លាយជាមូលបត្រដែលឡើងថ្លៃខ្ពស់ជាងគេនៅលើសន្ទស្សន៍ Nasdag ក្នុងសប្ដាហ៍នេះ។

    សម្រាប់ថ្ងៃសុក្រសប្ដាហ៍នេះ ដោយសារតែមានអ្នកវិនិយោគមួយចំនួនបាននាំគ្នាលក់ចេញដើម្បីយកចំណេញ ធ្វើ​ឱ្យ​តម្លៃមូលបត្រ Tesla ធ្លាក់ចុះជាង1.9% ដោយបិទការជួញដូរក្នុងតម្លៃ 489.61ដុល្លារក្នុង1ហ៊ុន។

    គិតជារួម ក្នុងសប្ដាហ៍នេះ មូលបត្រ Tesla បានកើនប្រមាណ 20% ដែលជាកំណើនខ្ពស់បំផុតរាប់ចាប់ពីថ្ងៃ​ទី​21​សីហា​2020។ ដោយសារកត្តានេះហើយ បាននាំឱ្យតម្លៃទុនរបស់ Tesla ឡើងដល់ 464ពាន់លានដុល្លារអាមេរិក។

    យោងតាម Bloomberg បច្ចុប្បន្នលោក Elon Musk មានទ្រព្យសរុប ជាង 121ពាន់លានដុល្លារ ​កើន​​19​​ពាន់​​លាន​​ដុល្លារ​បើ​ធៀប​នឹងដើមសប្ដាហ៍នេះ។ ក្នុងឆ្នាំនេះ មហាសេដ្ឋីជនជាតិអាមរិកាំងដើមកំណើតអាហ្វ្រិកខាងត្បូងនេះ រក​បាន​ជាង​ 93​ពាន់​លាន​ដុល្លារ​អាមេរិក ដោយសារតម្លៃមូលបត្រ Tesla កើនជិត 470%។

    ទ្រព្យរបស់លោក Musk នៅទាបជាង 7ពាន់លានដុល្លារប៉ុណ្ណោះ បើធៀបជាមួយនឹងទ្រព្យរបស់លោក Bill Gates ដែល​ជាស្ថាបនិករបស់ Microsoft និងជាអ្នកមានជាងគេលំដាប់ទីពីរក្នុងពិភពលោក នៅក្នុងបញ្ជីចំណាត់ថ្នាក់របស់​ Bloomberg Billionaires Index។ កាលពីប៉ុន្មានថ្ងៃកន្លងទៅ លោក Elon Musk ក៏ដណ្ដើមបានចំណាត់ថ្នាក់​អ្នកមានជាងគេលំដាប់ទីបីក្នុងពិភពលោក ពីម្ចាស់ Facebook លោក Mark Zuckerberg ផងដែរ៕

    ប្រភព៖ Bloomberg

     

  • កម្ពុជារកឃើញ​អ្នក​ឆ្លង ​Covid-19​ 1​ករណី​បន្ថែម​ទៀត​ ខណៈ​ពិភព​លោក​រក​ឃើញ​ 6,847​នាក់​

    កម្ពុជារកឃើញ​អ្នក​ឆ្លង ​Covid-19​ 1​ករណី​បន្ថែម​ទៀត​ ខណៈ​ពិភព​លោក​រក​ឃើញ​ 6,847​នាក់​

    ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី21វិច្ឆិកានេះ បានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCovid-19 ចំនួន1ករណីបន្ថែមទៀត ដែលនេះបាននាំឱ្យតួលេខនៃអ្នកបានឆ្លងវីរុសនេះនៅកម្ពុជា ឡើងដល់305នាក់។

    ករណីឆ្លងវីរុសថ្មីខាងលើនេះ បានកើតឡើងចំពោះបុរសជនជាតិខ្មែរ អាយុ59ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ អ្នកជំងឺនេះ បានធ្វើដំណើរពីសហរដ្ឋអាមេរិក ឆ្លងកាត់ទឹកដីកូរ៉េខាងត្បូង មុននឹងមកដល់កម្ពុជានៅថ្ងៃទី19វិច្ឆិកា។

    បច្ចុប្បន្ន បុរសនេះកំពុងត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងទីក្រុងភ្នំពេញ។

    ដោយឡែក អ្នកដំណើរ59នាក់ដែលបានរួមដំណើរក្នុងជើងយន្តហោះជាមួយនឹងអ្នកជំងឺខាងលើ ក៏កំពុងធ្វើចត្តាឡីស័ក14ថ្ងៃ ក្នុងនោះមានអ្នកខ្លះនៅមណ្ឌលទ័ពអាកាស ខ្លះនៅសណ្ឋាគារ និងខ្លះទៀតនៅស្ថានទូតសហរដ្ឋអាមេរិក។

    គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCovid-19 សរុប305នាក់ ក្នុងនោះមាន295នាក់បានជាសះស្បើយ​ និង​8​នាក់​កំពុង​ទទួលការព្យាបាល។

    នៅទូទាំងពិភពលោក តួលេខអ្នកឆ្លងវីរុសCovid-19 សរុបឡើងដល់57,902,187នាក់ ក្នុងនោះមានអ្នកស្លាប់ ​សរុប​ចំនួន 1,377,527នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន16,422,376នាក់៕

     

     

  • Coder ដែលបានបង្កើតបណ្ដាញសង្គមដំបូងគេបង្អស់ក្នុងពិភពលោក រកបាន4ពាន់លានដុល្លារកាលពីសម័យនោះ

    Coder ដែលបានបង្កើតបណ្ដាញសង្គមដំបូងគេបង្អស់ក្នុងពិភពលោក រកបាន4ពាន់លានដុល្លារកាលពីសម័យនោះ

    GeoCities បានជួយឱ្យគ្រប់គ្នាចងចាំថា អ្វីដែលយើងធ្វើនៅលើបណ្ដាញសង្គមនាបច្ចុប្បន្ន មិនមែនជារឿងថ្មីឡើយ ព្រោះថា ពួកវាត្រូវបានគេប្រើច្រើននៅក្នុងដំណាក់កាលដំបូងរបស់យុគសម័យ World Wide Web។

    វិលត្រលប់ទៅរកឆ្នាំ1995 David Bohnett អ្នកសរសេរកូដវ័យក្មេងម្នាក់ មានគំនិតដ៏ចម្លែកមួយកាលពីសម័យនោះ។ គាត់ចង់ផ្សាយផ្ទាល់វីដេអូមួយនៅលើអ៊ីនធើណិត ស្ដីអំពីផ្លូវកែងរវាងមហាវិថី Hollywood និងតំបន់ Vine នៅឯទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។

    មិត្តរបស់ David មានការិយាល័យមួយនៅ Hollywood ត្រង់ម្ដុំផ្លូវកែងខាងលើ ដូច្នេះ គាត់ក៏ឈរទីនោះដើម្បីធ្វើការផ្សាយផ្ទាល់ (livestream)។ David បានច្នៃកាមេរ៉ា webcam មួយគ្រឿងដើម្បីថត ព្រោះថា សម័យនោះ ឧបករណ៍នេះមិនទាន់មានប្រើទូលំទូលាយនៅឡើយ។ វីដេអូនេះទទួលបានការចូលមើលយ៉ាងច្រើន។

    Hollywood ជាស្រុកកំណើតរបស់វិស័យឧស្សាហកម្មភាពយន្ត ប៉ុន្តែ វាក៏ជាទីដែលបណ្ដាញសង្គមបានចាប់កំណើតផងដែរ។

    ដោយយល់អំពីវិធីដែលអ៊ីនធើណិត និងគេហទំព័រជំនាន់ដើម កំពុងប្ដូរផ្លាស់របៀបទំនាក់ទំនងរបស់មនុស្ស David ក៏បានបង្កើតជាថ្នាលបច្ចេកវិទ្យាមួយសម្រាប់គ្រប់គ្នាកសាងទីតាំងអនឡាញរបស់ខ្លួន។ GeoCities.com ដែលជាគេហទំព័រដំបូងគេបង្អស់មួយក្នុងពិភពលោក កាលពីទសវត្សរ៍ទី90 ដើមទសវត្សរ៍ទី20 បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្កើតគេហទំព័រផ្ទាល់ខ្លួនដោយមិនគិតថ្លៃ។

    GeoCities មិនមែនជាគេហទំព័រដំបូងគេក្នុងលោកដែលបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតគេហទំព័រដោយខ្លួនឯងនោះទេ ប៉ុន្តែ ក្រោយការសាកល្បង David ដឹងថា បែបនេះគឺមិនទាន់គ្រប់គ្រាន់។ ពួកគេត្រូវការអ្វីដែលច្រើនជាងនេះ។ ជាក់ស្ដែង ពួកគេចង់ក្លាយជាអ្វីមួយដែលធំធេង ដូចជាសហគមន៍មួយជាដើម។

    GeoCities
    បណ្ដាញសង្គម​ GeoCities

    ប្រការខាងលើបាននាំឱ្យ David និងសហការីដំបូងៗ ធ្វើការសម្រេចចិត្តមួយដែលប្លែកពីគេឯង។ ជំនួសឱ្យការដែលអនុញ្ញាតឱ្យគ្រប់គ្នាដំណើរគេហទំព័រ GeoCities បានដាក់ពួកវានៅក្នុង “ទីក្រុង” មួយ។ ផ្អែកទៅលើខ្លឹមសារនៃគេហទំព័រ បណ្ដាទីក្រុងនេះត្រូវបានដាក់ឈ្មោះទៅតាមទីតាំងដែលមានពិត។

    គេអាចនិយាយបានថា នោះគឺជារូបមន្តដំបូងបំផុតរបស់បណ្ដាញសង្គម ជាកន្លែងដែលគ្រប់គ្នាអាចចែករំលែក និងចូលរួមក្នុងអ្វីមួយដែលពួកគេចាប់អារម្មណ៍។ ឧទាហរណ៍ដូចជា ក្រុង Wall តំណាងឱ្យហិរញ្ញវត្ថុ ខណៈ Hollywood គ្រប់គ្រងផ្នែកកំសាន្ត និង Nashville សម្រាប់ចម្រៀងស្រុកស្រែជាដើម។ វិធីរៀបរៀងនេះ បានធ្វើឱ្យមានការពេញចិត្តជាខ្លាំងនៅជំនាន់នោះ។

    GeoCities បានជួយឱ្យយើងដឹងថា អ្វីដែលយើងកំពុងធ្វើនៅលើបណ្ដាញសង្គមនាបច្ចុប្បន្ន គឺមិនមែនថ្មីថែងនោះឡើយ ព្រោះពួកវាមានវត្តមានតាំងតែពីដំណាក់កាលដំបូងនៃយុគសម័យរបស់ World Wide Web មកម្ល៉េះ។ គ្រប់គ្នាចូលចិត្តក្លាយជាផ្នែកមួយនៃសហគមន៍ ប្រការនេះមានភាពត្រឹមត្រូវតាំងតែពីរាប់ពាន់ឆ្នាំមុនសម័យអ៊ីនធើណិត ហើយវានៅតែត្រូវរហូតដល់បច្ចុប្បន្ន។

    GeoCities បានក្លាយជាគេហទំព័រដែលមានឈ្មោះល្បីយ៉ាងឆាប់រហ័សនៅលើអ៊ីនធើណិត។ GeoCities ធ្លាប់បានក្លាយជាគេទំព័រដែលគេចុះឈ្មោះប្រើប្រាស់ច្រើនជាងគេលំដាប់ទីបីក្នុងពិភពលោក ដោយមានជិត40លានគណនី។ ប្រការដែលសំខាន់ នោះគឺថា GeoCities ទទួលបានជោគជ័យមុនពេលអ៊ីនធើណិតត្រូវបានប្រើទូលំទូលាយដូចបច្ចុប្បន្ន។

    ដល់ឆ្នាំ1998 GeoCities បានរីកចម្រើនខ្លាំង រហូតដល់ David សម្រេចចិត្តយកក្រុមហ៊ុននេះឡើងផ្សារហ៊ុន។ ដំបូងឡើយ មូលបត្ររបស់ពួកគេនៅលើ NASDAQ មានតម្លៃតែ17ដុល្លារ/ហ៊ុនប៉ុណ្ណោះ ប៉ុន្តែក្រោយមក វាបានឡើងដល់100ដុល្លារ/ហ៊ុន។

    នៅក្នុងពេលដែលក្រុមហ៊ុនថ្មីៗកំពុងជួបការលំបាកនៅចុងទសវត្សរ៍ទី90 GeoCities នៅតែបន្តរីកចម្រើនខ្លាំងឡើង និងក្លាយជាសហគមន៍មួយដែលមានមនុស្សរាប់លាននាក់ប្រើប្រាស់។ សហគមន៍នេះ កាន់តែមានតម្លៃ រហូតធ្វើឱ្យ Yahoo! សម្រេចចិត្តទិញ GeoCities ក្នុងតម្លៃ4ពាន់លានដុល្លារកាលពីឆ្នាំ1999។ ប៉ុន្តែ មកដល់ឆ្នាំ2009 ក្រុមហ៊ុន Yahoo! បានសម្រេចចិត្តបិទទ្វារ GeoCities។

    GeoCities
    David Bohnett ស្ថាបនិក​របស់​ GeoCities

    ដូច្នេះ ពីដំណាក់កាលដែលបង្កើតបានជាកាមេរ៉ា webcam សាមញ្ញមួយគ្រឿង 5ឆ្នាំក្រោយ David រកបានប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ ទាំងអស់នេះគឺជាលទ្ធផលនៃចក្ខុវិស័យដែលអាចមើលឃើញអំពី​អនាគត​​នៃ​សហគមន៍​​អនឡាញ​របស់​ស្ថាបនិក។

    គ្រប់គ្នាប្រហែលជារស់នៅដោយជីវភាពហឺហា នៅពេលមានប្រាក់ខ្ទង់រាប់ពាន់លានដុល្លារដូចជា David។ ប៉ុន្តែ David មិនធ្វើដូច្នោះឡើយ។ បុរសនេះនៅតែបន្តផ្ដោតទៅលើការផ្ដល់សិទ្ធិដល់គ្រប់គ្នា ដើម្បីប្រើប្រាស់អ៊ីនធើណិត។

    លោក David បានបង្កើតមូលនិធិមិនស្វែងរកកម្រៃមួយ ក្នុងបំណងកែលម្អសង្គម។ ការងារដំបូងមួយដែលមូលនិធិនេះបានធ្វើ នោះគឺការបង្កើតមជ្ឈមណ្ឌលអ៊ីនធើណិត។ ជាមូលដ្ឋាន ពួកវាគឺជាបន្ទប់អ៊ីនធើណិត ជាកន្លែងដែលអ្នកអាចចូលទៅប្រើប្រាស់កុំព្យូទ័រដោយមិនបាច់បង់ថ្លៃ។ នាបច្ចុប្បន្ន បណ្ដាមជ្ឈមណ្ឌលបែបនេះនៅតែមាន ដោយអង្គការខាងលើកំពុងដំណើរការមជ្ឈមណ្ឌលចំនួនប្រហែល60កន្លែង ដើម្បីបន្តជួយដល់គ្រប់គ្នាលើវិស័យអ៊ីធើណិត៕

  • ចិនគំរាម “បុកភ្នែកឱ្យពិការ” ​ទៅ​លើ​ក្រុម​សម្ព័ន្ធ​មិត្ត ​Five ​Eyes

    ចិនគំរាម “បុកភ្នែកឱ្យពិការ” ​ទៅ​លើ​ក្រុម​សម្ព័ន្ធ​មិត្ត ​Five ​Eyes

    អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានធ្វើការគំរាមដល់ក្រុមសម្ព័ន្ធមិត្ត Five Eyes (ភ្នែកប្រាំ) ថា ពួកគេអាចនឹងត្រូវ “បុកភ្នែកឱ្យពិការ” បន្ទាប់ពីក្រុមភ្នែកប្រាំនេះបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចិនទាក់ទងនឹងបញ្ហាហុងកុង។

    នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី19វិច្ឆិកា អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក Zhao Lijian បានដំឡើងសំឡេងប្រឆាំងទៅនឹងក្រុមភ្នែកប្រាំ រួមមានសហរដ្ឋអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី នូវែលហ្សែឡង់ ដោយចោទថា “បាន និងកំពុងលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន”។

    “ទោះបីជាអស់លោកមានភ្នែកប៉ុន្មានក៏ដោយ ប្រយ័ត្នត្រូវបុកឱ្យពិការ ដោយសារតែការបង្កការខូចខាតដល់អធិប្បតេយ្យ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ប្រទេសចិន” លោក Zhao Lijian ថ្លែងយ៉ាងដូច្នេះ ដែលទំនងជាសំដៅទៅលើភ្នែកទាំងប្រាំរបស់ក្រុមសម្ព័ន្ធមិត្ត Five Eyes។

    ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើនេះ ត្រូវបានធ្វើឡើងក្រោយពីក្រុមសម្ព័ន្ធមិត្ត5ប្រទេស ដែលហៅថា ក្រុមភ្នែកប្រាំ កាលពីថ្ងៃទី18វិច្ឆិកា បានប្រកាសថា ប្រទេសចិនបានរំលោភទៅលើកិច្ចព្រមព្រៀង ដែលចិនមានកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួន នៅពេលបានអនុម័តយល់ព្រមឱ្យបញ្ចប់មុខនាទីរបស់អ្នកតំណាងរាស្ត្របក្សប្រឆាំងចំនួន4រូបនៅហុងកុង។ ក្រុមភ្នែកប្រាំក៏បានចោទប្រទេសចិនថា បានរាំងខ្ទប់ការបញ្ចេញមតិរិះគន់នៅទីក្រុងហុងកុង និងបានស្នើឱ្យចិនដកហូតសេចក្ដីសម្រេចខាងលើ ដើម្បីប្រគល់តួនាទីដល់តំណាងរាស្ត្រទាំងនោះឡើងវិញផងដែរ។

    លោក Zhao Lijian បានហៅសេចក្ដីថ្លែងការរួមរបស់ក្រុមហ៊ុន Five Eyes ថា ជា “ការលូកដៃយ៉ាងងងើលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន រំលោភទៅលើច្បាប់អន្តរជាតិ និងស្តង់ដាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ”។

    អ្នកនាំពាក្យខាងលើក៏បានថ្លែងថា ករណីរដ្ឋសភាប្រទេសនេះ បានចេញសេចក្ដីសម្រេចនោះ គឺជា “រឿងស្របច្បាប់ និងមិនអាចប្ដូរផ្លាស់បាន។ ជារឿងធម្មតា អ្នកស្រលាញ់ប្រទេសជាតិ និងស្រលាញ់ហុងកុង ត្រូវតែគ្រប់គ្រងហុងកុង ចំណែកអ្នកប្រឆាំងនឹងចិននៅហុងកុង គួរតែត្រូវបានរំលាយចោល”។

    យោងតាមសេចក្ដីសម្រេចរបស់ទីក្រុងប៉េកាំង រដ្ឋអំណាចហុងកុងទទួលបានសិទ្ធិក្នុងការដកហូតកៅអីភ្លាមៗ​ពី​ក្រុម​តំណាង​រាស្ត្រ​ណា​ដែលជំរុញ ឬគាំទ្រគំនិតឯករាជ្យនៅហុងកុង ដោយការអូសទាញកម្លាំងពីខាងក្រៅឱ្យលូកដៃចូលក្នុងកិច្ចការរបស់ទីក្រុងនេះ ឬចូលរួមធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ៕

    Xinhua, Global Times