Author: សឿន សំណាង

  • គ្រាន់តែ​លក់​ខ្យល់​ដែល​យក​មក​​ពី​​ភ្នំ​​សោះ​ ក៏​រក​បាន​ជាង​300,000​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

    គ្រាន់តែ​លក់​ខ្យល់​ដែល​យក​មក​​ពី​​ភ្នំ​​សោះ​ ក៏​រក​បាន​ជាង​300,000​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

    គេអាចនិយាយបានថា អ្វីៗគ្រប់យ៉ាងទំនងជាអាចលក់បាន បើទោះវាហាក់ដូចជារឿងឆ្កួតឡប់យ៉ាងណាក៏ដោយ។ នៅក្នុងករណីជាច្រើន លទ្ធផលដែលអាចលក់បាន មិនអាស្រ័យទាំងស្រុងទៅលើផលិតផលនោះទេ ប៉ុន្តែវាអាស្រ័យទៅលើយុទ្ធសាស្ត្រទីផ្សារ។

    ពិភពលោកបានប្ដូរផ្លាស់យ៉ាងច្រើន និងយ៉ាងលឿននៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអ៊ីនធើណិតបានបើកផ្លូវឱ្យមនុស្សធ្វើជំនួញបែបថ្មី ជាមួយនឹងការទំនាក់ទំនងបែបថ្មី ពីគ្រប់ទីកន្លែងក្នុងសកលលោក។

    មនុស្សជាច្រើនបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រែក្លាយគំនិតរបស់ខ្លួនឱ្យទៅជាសកម្មភាពជំនួញដែលនាំមកនូវចំណូលយ៉ាងច្រើនសន្ធឹក ក្នុងនោះក៏មានកំលោះជនជាតិកាណាដាពីរូប គឺ Moses Lam និង Troy Paquette ផងដែរ។

    ល្បែងលេងបានក្លាយជាគំនិតរកប្រាក់យ៉ាងងាយស្រួល

    Moses Lam និង Troy Paquette បាននាំគ្នាដាក់លក់ខ្យល់ដែលបានបូមចូលទៅក្នុងថង់ជាលើកដំបូងរបស់ពួកគេនៅលើផ្សារអនឡាញ eBay ក្នុងតម្លៃ 0.99ដុល្លារ/ថង់ ដោយចាត់ទុកវាជាអំណោចសម្រាប់លេងសើចជាមួយនឹងអ្នកទិញ។ ប៉ុន្តែ ក្រោយមក ផលិតផលនេះត្រូវបានគេទិញអស់ដោយមិនដឹងខ្លួន ហើយជាងនេះ វាក៏បានក្លាយជា​ “សង្គ្រាម”​ ប្រកួត​ប្រជែង​លើ​តម្លៃ​យ៉ាង​អស្ចារ្យ​ទៀត​ផង។ មានកន្លែងខ្លះដាក់លក់ថង់ខ្យល់នេះក្នុងតម្លៃឡើងដល់168ដុល្លារឯណោះ។

    Moses Lam និង Troy Paquette បានដាក់លក់ខ្យល់បរិសុទ្ធច្រកបំពង់ដំបូងគេនៅក្នុងខែមិថុនា2015 ដែលជាគំនិតទីផ្សារដ៏កំពូល ដោយសារតែខ្យល់គឺជារបស់ដែល “ជូនគេមិនយក លក់គេមិនទិញ” ព្រោះតែវាមានស្រាប់ និង​ប្រើ​មិន​អស់​លុយ។

    គ្រាន់តែលក់ខ្យល់ដែលយកមកពីភ្នំសោះ ក៏រកបានជាង300,000ដុល្លារក្នុងមួយឆ្នាំMoses Lam និយាយថា ផលិតផល Vitality Air ថ្មីរបស់ពួកគេ មិនមែនជាល្បែងលេងសើចដូចមុនទៀតឡើយ។ ខ្យល់ត្រូវបានយកពីតំបន់ជួរភ្នំ Rocky ក្នុងខេត្ត Alberta ប្រទេសកាណាដា។ វាត្រូវបានបូមយកដោយប្រើប្រាស់បំពង់ដ៏ធំ និងរក្សាទុកក្នុងម៉ាស៊ីនបង្ហាប់ខ្យល់ស្វ័យប្រវត្ត។

    Moses និង Troy ធ្វើការត្រួតពិនិត្យគុណភាពខ្យល់មុនពេលត្រូវបានបញ្ចូលទៅក្នុងបំពង់រក្សាខ្យល់ និងផ្ញើទៅកាន់កន្លែងបញ្ជាទិញនៅពាសពេញពិភពលោក។ យុទ្ធសាស្ត្រទីផ្សាររបស់ពួកគេ ក៏នៅមានការបែងចែកប្រភេទនៃខ្យល់ទៀតផង ក្នុងនោះមានដូចជា ខ្យល់បរិសុទ្ធដែលយកពីភ្នំ ខ្យល់ដែលយកពីទន្លេទឹកកក បឹង Louise ឬខ្យល់ដែលមានក្លឹន “ស្វាយទុំ” និងក្លឹន “ស្ត្រូបូរី” ជាដើម។ល។

    យោងតាមហាងអនឡាញរបស់ក្រុមហ៊ុនខាងលើ ខ្យល់អុកស៊ីសែនលំដាប់គុណភាពខ្ពស់ប្រភេទធំរបស់ពួកគេ អាច​ឱ្យអ្នកប្រើប្រាស់ស្រូបបាន200ដងឯណោះ។ ប្រសិទ្ធភាពរបស់ខ្យល់បរិសុទ្ធនេះ គឺជួយឱ្យមានអារម្មណ៍ធូរស្បើយ ឬ​ទប់​ស្កាត់អាការរកកលក្អួត ក៏ដូចជាជួយឱ្យមានកម្លាំង និងសុខភាពល្អឡើងវិញ ពិសេសគឺសម្រាប់អ្នកដែលទើប​​តែ​បាន​បំពេញ​ការ​ងារ​នឿយ​ហត់​ ឬផឹកស៊ីជ្រុល។

    តម្រូវការនៃផលិតផលខ្យល់នេះ បានមកពីណា?

    ដំបូង សូមពិចារណាទៅលើទឹកដែលគេច្រកដប។ នោះគឺជាធនធានធម្មជាតិដែលមាននៅស្ទើរគ្រប់កន្លែងក្នុងពិភពលោក។ ដើមឡើយ ពុំមានអ្នកណាម្នាក់គិតថា នឹងច្រកទឹកក្នុងដបដើម្បីយកទៅលក់នោះទេ ប៉ុន្តែពេលនេះវាបានក្លាយជាផលិតផលពេញនិយមទៅហើយ។ ប្រការនេះក៏នឹងកើតឡើងចំពោះខ្យល់បរិសុទ្ធដែលត្រូវគេច្រកក្នុងបំពង់ដូច្នេះដែរ។

    Moses និង Troy បានរកឃើញតម្រូវការនៃការប្រើប្រាស់ខ្យល់បរិសុទ្ធនៅក្នុងតំបន់ ឬទីក្រុងដែលមានបរិយា​កាស​សម្បូរដោយធូលី និងផ្សែងពុល ដូចជា ទីក្រុងមួយចំនួននៅប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌា និងប្រទេសជាច្រើនទៀត ដែលនេះបាននាំឱ្យមានវត្តមានរបស់ផលិតផលខ្យល់បរិសុទ្ធ Vitality Air។

    គ្រាន់តែលក់ខ្យល់ដែលយកមកពីភ្នំសោះ ក៏រកបានជាង300,000ដុល្លារក្នុងមួយឆ្នាំMoses បានឱ្យដឹងថា៖ “ទីផ្សារគោលដៅរបស់យើង គឺជាតំបន់ទាំងឡាយណាដែលមានខ្យល់មិនល្អ។ មនុស្សជាច្រើនពិតជាបានស្លាប់មុនអាយុ ដោយសារតែបានស្រូបខ្យល់មិនល្អជារៀងរាល់ថ្ងៃ”។

    បណ្ឌិត Maria Neira ប្រធានផ្នែកសុខាភិបាលសាធារណៈរបស់អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បាននិយាយថា៖ “បញ្ហាធំបំផុតនោះគឺ នៅពេលអ្នករស់នៅមួយកន្លែងនៅតំបន់ណាមួយ ហើយអ្នកមិនអាចជ្រើសរើសខ្យល់បរិយាកាសដែលខ្លួនត្រូវស្រូបចូលក្នុងរាងកាយ”។

    ប៉ុន្តែ អ្នកវិទ្យាសាស្ត្រមួយចំនួនមកពីស្ថាប័នស្រាវជ្រាវផ្នែកប្រព័ន្ធដង្ហើមនៅប្រទេសកាណាដាបានអះអាងថា មិនទាន់មានភ័ស្ដុតាងជាក់លាក់ណាមួយបង្ហាញអំពីផលប្រយោជន៍របស់ខ្យល់ដែលគេដាក់ចូលក្នុងបំពង់នៅឡើយ ហើយនោះគ្រាន់តែជាផលិតផលមួយប្រភេទដែលធ្វើឱ្យខាត់បង់ប្រាក់កាស និងពេលវេលាតែប៉ុណ្ណោះ។ យ៉ាងនេះក្ដី Moses និង Troy បានបង្ហើបឱ្យដឹងថា ពួកគេនៅតែរកចំណួលបានច្រើនជាង300,000ដុល្លារអាមេរិក/ឆ្នាំ ពីផលិតផលខាងលើ៕

    ប្រភព៖ CNBC

  • Elon Musk រកបានជិត 8ពាន់លានដុល្លារបន្ថែមទៀត ក្នុងរយៈ​ពេល​តែ​មួយ​យប់​

    Elon Musk រកបានជិត 8ពាន់លានដុល្លារបន្ថែមទៀត ក្នុងរយៈ​ពេល​តែ​មួយ​យប់​

    ទ្រព្យសម្បត្តិរបស់ CEO នៃក្រុមហ៊ុន Tesla បច្ចុប្បន្នបានឡើងដល់136ពាន់លានដុល្លារអាមេរិក ដែលនេះបានជួយអះអាងបន្ថែមអំពីចំណាត់ថ្នាក់អ្នកមានជាងគេលំដាប់ទីពីរក្នុងពិភពលោករបស់មហាសេដ្ឋីនេះ។

    បញ្ចប់ការជួញដូរក្នុងថ្ងៃទី24វិច្ឆិកា មូលបត្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកើនថែម 6.43%។ ប្រការនេះបានជួយឱ្យទ្រព្យសម្បត្តិរបស់លោក Elon Musk កើនឡើង7.7ពាន់លានដុល្លារបន្ថែមទៀត នាំឱ្យទ្រព្យសរុបរបស់មហាសេដ្ឋីជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះ ឡើងដល់136ពាន់លានដុល្លារ នេះបើតាម Bloomberg Billionaires Index។

    តួលេខនៃទ្រព្យថ្មីរបស់់លោក កំពុងតែគាំទ្រ និងការពារតំណែងជាអ្នកមានជាងគេលំដាប់ទីពីរក្នុងពិភពលោកដែលទើបតែដណ្ដើមបានពីមហាសេដ្ឋី Bill Gates កាលពីថ្ងៃទី23វិច្ឆិកា។ បច្ចុប្បន្ន សហស្ថាបនិករបស់ក្រុមហ៊ុន Microsoft មានទ្រព្យសរុប 129ពាន់លានដុល្លារអាមេរិក កើន1.26ពាន់លានដុល្លារបន្ទាប់ពីបញ្ចប់ការជួញដូរមូលបត្រកាលពីម្សិលមិញ។

    រាប់ចាប់ពីដើមឆ្នាំ2020 លោក Musk រកបានប្រាក់108ពាន់លានដុល្លារ ដោយសារមូលបត្រ Tesla កើនឡើងជាបន្តបន្ទាប់។ មូលបត្រនេះបានកើន550% នៅក្នុងឆ្នាំនេះ។

    Elon Musk រកបានជិត 8ពាន់លានដុល្លារបន្ថែមទៀត ក្នុងរយៈពេលតែមួយយប់តម្លៃទុនរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla កាលពីថ្ងៃទី24វិច្ឆិកាក៏បានកើនលើសពី500ពាន់លានដុល្លារជាលើកដំបូងផងដែរ។ តម្លៃទុនរបស់ក្រុមហ៊ុននេះ បច្ចុប្បន្ន ធំជាងទុនសរុបរបស់បណ្ដាក្រុមហ៊ុនផលិតរថយន្តធំៗក្នុងពិភពលោកបូកចូលគ្នាទៀតផង ក្នុងនោះរួមមាន Toyota, Volkswagen, GM, Ford, Fiat Chrysler និង PSA Group។

    កាលពីខែមុន Tesla បានចេញរបាយការណ៍អំពីប្រាក់ចំណេញរបស់ខ្លួននៅក្នុងត្រីមាសទីបី ក្នុងនោះ ប្រាក់ចំណេញមានចំនួន874លានដុល្លារ កើន156% បើធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំទៅ (2019)។ Tesla ត្រូវបានគេរំពឹងថា នឹងលក់រថយន្តបានកន្លះលានគ្រឿងនៅក្នុងឆ្នាំនេះ។

    កាលពីសប្ដាហ៍មុន S&P Global ក៏បានប្រកាសថា នឹងបញ្ចូលក្រុមហ៊ុន Tesla ទៅក្នុងសន្ទស្សន៍ S&P 500 ចាប់ពីចុងខែធ្នូនេះ។ ក្រុមអ្នកវិនិយោគចាត់ទុកថា នេះគឺជាសញ្ញាវិជ្ជមានសម្រាប់ក្ដីសង្ឃឹមនាពេលអនាគតរបស់ក្រុមហ៊ុន Tesla៕

    Bloomberg, CNN

  • អ្នកវិទ្យាសាស្ត្ររកឃើញវិធីថ្មីសម្រាប់ព្យាបាលជំងឺមហារីក ដោយ​គ្មាន​ផល​ប៉ះ​ពាល់៖ ​វិធី​នេះ​ធ្លាប់ត្រូវបានគេបង្អាប់ថាជារឿងស្រមើស្រមៃកាលពីជាង10ឆ្នាំមុន!

    អ្នកវិទ្យាសាស្ត្ររកឃើញវិធីថ្មីសម្រាប់ព្យាបាលជំងឺមហារីក ដោយ​គ្មាន​ផល​ប៉ះ​ពាល់៖ ​វិធី​នេះ​ធ្លាប់ត្រូវបានគេបង្អាប់ថាជារឿងស្រមើស្រមៃកាលពីជាង10ឆ្នាំមុន!

    ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យា Tel Aviv នៃប្រទេសអ៊ីស្រាអែល ទើបតែបានប្រកាសលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាព្យាបាលជំងឺមហារីកបែបថ្មីដែលមានឈ្មោះថា “កន្ត្រៃល្អិត” ដែលវាអាចជួយព្យាបាលជំងឺមហារីកឱ្យជាដាច់ និងមិនមានផលប៉ះពាល់អ្វីឡើយ។

    ថ្មីៗនេះ សារព័ត៌មាន The Times of Israel របស់ប្រទេសអ៊ីស្រាអែល បានចុះផ្សាយថា ក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេសនេះ ទើបតែបានរកឃើញវិធីថ្មីក្នុងការព្យាបាលជំងឺមហារីក ដោយការប្រើប្រាស់វិធីសាស្ត្រ “កន្ត្រៃល្អិត” សំដៅទៅលើការកាត់កោសិកាមហារីកនៅលើសត្វកណ្ដុរក្នុងបន្ទប់ពិសោធន៍ ខណៈដែលវាមិនប៉ះពាល់ដល់កន្លែងផ្សេងៗដែលនៅជុំវិញកោសិកាមហារីកនោះ។

    សាស្ត្រាចារ្យ Dan Peer អ្នកឯកទេសផ្នែកជំងឺមហារីកមកពីសាកលវិទ្យាល័យ Tel Aviv ប្រទេសអ៊ីស្រាអែល បានឱ្យដឹងថា៖ “នេះគឺជាការសិក្សាស្រាវជ្រាវដំបូងគេបង្អស់ក្នុងពិភពលោកដែលបញ្ជាក់ថា បច្ចេកវិទ្យាកែលម្អហ្សែន CRISPS មានតួនាទី “កាត់” DNA អាចមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺមហារីកនៅលើសត្វ”។

    លទ្ធផលនៃការសិក្សាស្រាវជ្រាវខាងលើនេះ បានឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យផ្ទៀងផ្ទាត់ និងត្រូវបានចុះផ្សាយ​លើ​ទស្សនាវដ្ដីវិទ្យាសាស្ត្រ Science Advance។

    សាស្ត្រាចារ្យ Peer ថ្លែងថា៖ “វិធីសាស្ត្រព្យាបាលនេះមិនផ្ដល់ផលវិបាក ហើយយើងខ្ញុំជឿជាក់ថា កោសិកាមហារីកដែលត្រូវបានព្យាបាលដោយវិធីសាស្ត្រនេះនឹងមិនដំណើរការត្រលប់ឡើងវិញឡើយ។ បច្ចេកវិទ្យានេះអាចពន្យារជីវិតរបស់អ្នកជំងឺមហារីក ហើយយើងសង្ឃឹមថា ថ្ងៃណាមួយវានឹងអាចព្យាបាលជំងឺនេះឱ្យជាសះស្បើយមិនខាន”។

    លោក Peer សង្កត់ធ្ងន់ថា៖ “បើសិនយើងអាចប្រើប្រាស់បច្ចេកវិទ្យានេះ នោះការព្យាបាលតែ3លើកប៉ុណ្ណោះ គឺអាច​កម្ចាត់សាច់មហារីកបានមួយដុំ។ បច្ចេកទេសនេះអាចកាត់ DNA នៅក្នុងកោសិកាមហារីក ហើយកោសិកាមហារីកទាំងនោះនឹងមិនអាចមានវត្តមានឡើងវិញបានឡើយ”។

    អ្នកវិទ្យាសាស្ត្ររកឃើញវិធីថ្មីសម្រាប់ព្យាបាលជំងឺមហារីក ដោយគ្មានផលប៉ះពាល់៖ វិធីនេះធ្លាប់ត្រូវបានគេបង្អាប់ថាជារឿងស្រមើស្រមៃកាលពីជាង10ឆ្នាំមុន!
    លោក​សាស្ត្រាចារ្យ Dan Peer

    សាស្ត្រាចារ្យ Peer បានហៅវាថា ជា “វិធីព្យាបាលពេញលេញជាងមុន” ហើយក៏សង្ឃឹមថា វានឹងជំនួសវិធីព្យាបាលដែលបង្កផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺមហារីក ព្រោះតែការព្យាបាលនាបច្ចុប្បន្នតែងតែជះឥទ្ធិពលដល់រាងកាយទាំងមូល។

    ការស្រាវជ្រាវដែលប្រើប្រាស់បច្ចេកវិទ្យាកែលម្អហ្សែននាបច្ចុប្បន្ន ត្រូវបានគេប្រើប្រាស់សម្រាប់តែការព្យាបាលជំងឺកម្រមួយចំនួន និងនៅលើតែកោសិកាដែលត្រូវបានកម្ចាត់ចេញពីរាងកាយតែប៉ុណ្ណោះ។ វា (DNA) ត្រូវបានកែប្រែដើម្បីកែលម្អ ឬ “លុបបំបាត់” កោសិកាមហារីក។

    អត្ថបទដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Science Advance បានឱ្យដឹងអំពីការសាកល្បងប្រើប្រាស់បច្ចេក​ទេសនេះនៅលើសត្វកណ្ដុររាប់រយក្បាល ដែលក្នុងនោះសាស្ត្រាចារ្យ Peer បានបញ្ជាក់ថា វាអាចត្រូវបានប្រើប្រាស់នៅលើមនុស្សបន្ទាប់ពី2ឆ្នាំទៀត។

    ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កណ្ដុរទាំងឡាយដែលកើតជំងឺមហារីក និងត្រូវបានព្យាបាលដោយវិធីសាស្ត្រខាង​លើ មានអាយុវែងជាងទ្វេដងធៀបនឹងក្រុមកណ្ដុរផ្ទុយពីនេះ ហើយអត្រានៃការរស់រានមានជីវិតក៏ខ្ពស់ជាង​30%​ផងដែរ។

    សាស្ត្រាចារ្យ Peer ឱ្យដឹងថា នៅពេលត្រូវបានសម្រួលឱ្យសមស្របជាមួយមនុស្ស វិធីសាស្ត្រព្យាបាលនេះនឹងត្រូវបានធ្វើបដិរូបកម្មដែលអាចប្រើបានទៅតាមលក្ខខណ្ឌអំណោយផលរបស់អ្នកជំងឺម្នាក់ៗ ដោយយោងទៅតាមលទ្ធផលនៃការវាយតម្លៃជាក់ស្ដែង និងត្រូវបានធ្វើឡើងដោយការចាក់ថ្នាំដោយប្រយោល ឬដោយផ្ទាល់ទៅក្នុងដុំសាច់មហា​រីក ដែលនេះអាស្រ័យទៅតាមប្រភេទដែលសមស្របបំផុត។

    អ្នកវិទ្យាសាស្ត្ររកឃើញវិធីថ្មីសម្រាប់ព្យាបាលជំងឺមហារីក ដោយគ្មានផលប៉ះពាល់៖ វិធីនេះធ្លាប់ត្រូវបានគេបង្អាប់ថាជារឿងស្រមើស្រមៃកាលពីជាង10ឆ្នាំមុន!
    បច្ចេកវិទ្យាកែលម្អហ្សែន CRISPS មានតួនាទី “កាត់” DNA អាចមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺមហារីក

    “បច្ចេកវិទ្យានេះ ត្រូវការអភិវឌ្ឍន៍បន្ថែមទៀង ប៉ុន្តែប្រការសំខាន់បំផុតនោះគឺថា យើងបានធ្វើការបញ្ជាក់ហើយ​ថា បច្ចេកវិទ្យានេះអាចកម្ចាត់កោសិកាមហារីកបាន” សាស្ត្រាចារ្យ Peer មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះ។

    លោក Peer យល់ថា ថ្នាំចាក់ រួមមានសមាសធាតុចំនួន3៖ ទីមួយគឺ ណាណូ (nano) 1គ្រាប់ដែលត្រូវបានផ្សំឡើងអំពី lipid ទីពីរគឺ RNA ព័ត៌មានដែលត្រូវបានបំប្លែងជាកូដ និងមានតួនាទីជា “កន្ត្រៃល្អិត” ដើម្បីកាត់ DNA និងទីបីគឺប្រព័ន្ធកំណត់ទិសដែលអាចកំណត់អត្តសញ្ញាណរបស់កោសិកាមហារីក។

    “នៅពេលដែលយើងខ្ញុំបានលើកឡើងជាលើកដំបូងអំពីវិធីសាស្ត្រព្យាបាលជាមួយនឹង RNA ព័ត៌មាន កាល​ពី​12​ឆ្នាំ​មុន គ្រប់គ្នាគិតថា នោះគឺជាវិទ្យាសាស្ត្របែបប្រឌិត។ ​ខ្ញុំជឿជាក់ថា នៅក្នុងអនាគតដ៏ខ្លីខាងមុខ យើងនឹងមាន​វិធីសាស្ត្រព្យាបាលជំងឺដទៃទៀតដែលត្រូវបានធ្វើបដិរូបកម្មដោយយោងទៅលើហ្សែន សម្រាប់អ្នកជំងឺមហារីក និងជំងឺតំណពូជផ្សេងៗទៀត”៕

    ប្រភព៖ The Times of Israel

  • Trump លើក​លែង​ទោស​និង​រំដោះ​គ្រោះ​ដល់​មាន់​ដាំង​ដុង​ នៅ​ក្នុង​ថ្ងៃ​បុណ្យ​អំណរ​គុណ​ប្រចាំ​ឆ្នាំ

    Trump លើក​លែង​ទោស​និង​រំដោះ​គ្រោះ​ដល់​មាន់​ដាំង​ដុង​ នៅ​ក្នុង​ថ្ងៃ​បុណ្យ​អំណរ​គុណ​ប្រចាំ​ឆ្នាំ

    ប្រធានាធិបតីអាមេរិក លោក Donald Trump បានចូលរួមពិធីលើកលែងទោស ឬរំដោះគ្រោះដល់មាន់ដាំងដុងដែលមានឈ្មោះថា Corn ដែលជាព្រឹត្តិការណ៍ប្រពៃណីពិសេសមួយនៅសេតវិមាន ក្នុងឱកាសបុណ្យអំណរគុណ (Thanksgiving)។

    “Corn ខ្ញុំលើកលែងទោសទាំងស្រុងដល់អ្នក” លោក Donald Trump បានប្រកាសយ៉ាងដូច្នេះ នៅក្នុងពិធីលើកលែងទោស ឬរំដោះគ្រោះដល់សត្វមាន់បារាំង (មាន់ដាំងដុង) នៅក្នុងសួនកុលាបនៃសេតវិមានកាលពីថ្ងៃ​ទី​24​វិច្ឆិកា។ Corn ត្រូវបាននាំយកពីរដ្ឋ Iowa មកកាន់ទីក្រុងវ៉ាស៊ីងតោន ដើម្បីចូលរួមពិធីខាងលើនេះ។ ការប្រារព្ធពិធីលើកលែងទោសទៅតាមប្រពៃណីនេះ មានអត្ថន័យថា ជាការដោះលែងជីវិតសត្វឱ្យរួចផុតពីការក្លាយជាចំណីរបស់មនុស្សនៅក្នុងថ្ងៃបុណ្យអំណរគុណ។ ក្រុមមនុស្សដែលចូលរួមក្នុងពិធីនេះ បន្ទាប់មកក៏នាំគ្នាទះដៃអបអរសាទរ។

    Trump លើក​លែង​ទោស​និង​រំដោះ​គ្រោះ​ដល់​មាន់​ដាំង​ដុង​ នៅ​ក្នុង​ថ្ងៃ​បុណ្យ​អំណរ​គុណ​ប្រចាំ​ឆ្នាំនៅមុនពិធីនេះ Corn និងមាន់ដាំងដុង1ក្បាលផ្សេងទៀត ត្រូវបាននាំមកកាន់រដ្ឋធានីវ៉ាស៊ីងតោនកាលពីថ្ងៃ​ទី​22​វិច្ឆិកា និងបានសម្រាកនៅក្នុងសណ្ឋាគារលំដាប់ខ្ពស់ Willard នៅក្បែរសេតវិមាន។ ការជ្រើសរើសតាម​អន​ឡាញ​មួយក៏ត្រូវបានធ្វើឡើងនៅក្នុងរយៈពេល24ម៉ោង ដើម្បីឱ្យពលរដ្ឋអាមេរិកាំង បោះឆ្នោតជ្រើស​រើស​ថា គួរ​យក​ Corn ឬ Cob ទៅកាន់សេតវិមានដើម្បីឱ្យប្រធានាធិបតីលើកលែងទោស។

    Trump លើក​លែង​ទោស​និង​រំដោះ​គ្រោះ​ដល់​មាន់​ដាំង​ដុង​ នៅ​ក្នុង​ថ្ងៃ​បុណ្យ​អំណរ​គុណ​ប្រចាំ​ឆ្នាំពិធីលើកលែងទោសដល់មាន់បារាំងនៅក្នុងថ្ងៃបុណ្យអំណរគុណរបស់សេតវិមាននេះ ត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងឆ្នាំ1947 ក្នុងសម័យប្រធានាធិបតី Harry Truman ក្រោយមកត្រូវបាន George H.W. Bush ប្រែក្លាយឱ្យវាទៅជាទំនៀមទម្លាប់របស់សេតវិមានចាប់ពីឆ្នាំ1989។ ក្រោយពិធីរំដោះគ្រោះ ឬពិធីលើកលែងទោសនេះ មាន់ទាំងពីរសុទ្ធតែត្រូវបានបញ្ជូនចេញពីសេតវិមាន និងត្រលប់ទៅរស់នៅក្នុងសកិដ្ឋាននៅក្នុងសាកលវិទ្យា​ល័យ​នៃរដ្ឋ Iowa ដើម្បីទទួលភ្ញៀវទេសចរណ៍មកទស្សនាចាប់ពីថ្ងៃទី5 ខែធ្នូ៕

    ប្រភព៖ Reuters

  • តួលេខអ្នកឆ្លងCovid-19 ទូទាំងពិភពលោកកើនដល់ជាង 60លាននាក់ ខណៈកម្ពុជាមាន307នាក់

    តួលេខអ្នកឆ្លងCovid-19 ទូទាំងពិភពលោកកើនដល់ជាង 60លាននាក់ ខណៈកម្ពុជាមាន307នាក់

    ក្រសួងសុខាភិបាលកម្ពុជានាព្រឹកនេះ បានឱ្យដឹង បានរកឃើញករណីវិជ្ជមាននឹងCovid-19 ចំនួន1ករណីបន្ថែមទៀត ដែលនេះបាននាំឱ្យតួលេខសរុបកើនដល់307នាក់ ស្របពេលដែលពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសជាង60លាននាក់។

    ការឆ្លងថ្មី1ករណីខាងលើនេះ ត្រូវបានរកឃើញកាលពីថ្ងៃទី24វិច្ឆិកា ហើយអ្នកជំងឺគឺជាបុរសជនជាតិនេប៉ាល អាយុ37ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងទីក្រុងភ្នំពេញ។ បុរសនេះបានធ្វើដំណើរពីប្រទេសនេប៉ាល់ទៅកាន់ដូហា និង​បន្ត​ជើង​ហោះ​ហើរ​នៅកូរ៉េខាងត្បូងមុននឹងមកដល់កម្ពុជានៅថ្ងៃទី11វិច្ឆិកា។

    គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCovid-19 សរុបចំនួន307នាក់ ក្នុងនោះមាន298នាក់បានជាសះស្បើយ និង9នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

    ដោយឡែក នៅទូទាំងពិភពលោកវិញ វីរុសCovid-19 បានឆ្លងទៅមនុស្សចំនួន 60,099,771នាក់ ក្នុង​នោះ​មាន​1,414,621​នាក់​បាន​ស្លាប់ និង41,549,934នាក់បានជាសះស្បើយ ខណៈ17,135,216នាក់កំពុងសម្រាកព្យាបាល៕

  • ប្រទះឃើញ​បង្គោល​លោហ​ធាតុ​ចម្លែក​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់! ​អាជ្ញា​ធរ​ថា ​“ទោះ​​អ្នក​ដាំ​មក​ពី​ពិភព​ផ្កាយ​ក៏​ដោយ​ វា​ជា​រឿង​ខុស​ច្បាប់ បើ​សិន​ជា​ធ្វើ​ឡើង​នៅ​ទី​សាធារណៈ”

    ប្រទះឃើញ​បង្គោល​លោហ​ធាតុ​ចម្លែក​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់! ​អាជ្ញា​ធរ​ថា ​“ទោះ​​អ្នក​ដាំ​មក​ពី​ពិភព​ផ្កាយ​ក៏​ដោយ​ វា​ជា​រឿង​ខុស​ច្បាប់ បើ​សិន​ជា​ធ្វើ​ឡើង​នៅ​ទី​សាធារណៈ”

    ក្រុមអ្នកបើកបរឧទ្ធម្ភាគចក្រ បានប្រទះឃើញបង្គោលលោហធាតុដ៏អាថ៌កំបាំងមួយដែលត្រូវបានដាំនៅកណ្ដាលសមុទ្រខ្សាច់ Utah ហើយបញ្ហានេះនៅមិនទាន់មានការបកស្រាយច្បាស់លាស់ណាមួយនៅឡើយពីអាជ្ញាធរដែនដី។

    ក្រុមបុគ្គលិកនៅអង្គភាពសុវត្ថិភាពសាធារណៈនៃរដ្ឋ Utah (DPS) សហរដ្ឋអាមេរិក កាលពីថ្ងៃទី18វិច្ឆិកា បានប្រើប្រាស់ឧទ្ធម្ភាគចក្រជួយដល់នាយកដ្ឋានការពារធនធានសត្វព្រៃ ដើម្បីរាប់សត្វចៀមស្នែងធំនៅលើសមុទ្រខ្សាច់​​ភាគអាគ្នេយ៍របស់រដ្ឋនេះ។ ពួកគេស្រាប់តែបានប្រទះឃើញវត្ថុមួយដែលដូចទៅនឹងដុំថ្មអាថ៌កំបាំងដែលមាន​នៅ​ក្នុងខ្សែភាពយន្តរឿង “2001: A Space Odyssey” ដែលផលិតឆ្នាំ1968។

    អ្នកបើកបរឧទ្ធម្ភាគចក្រ Bret Hutchings បានរៀបរាប់ថា៖ “អ្នកជំនាញខាងជីវសាស្ត្រម្នាក់នៅក្នុងក្រុម​ហោះ​ហើរ​បានប្រទះឃើញវា នៅពេលយើងហោះពីលើវត្ថុនោះ។ គាត់បានស្រែកឡើង “អូ! អូ! ត្រលប់ក្រោយៗ!។ ខ្ញុំក៏សួរ​ថា “ថីហ្នឹង?”។ ហើយគាត់ក៏ប្រាប់ថា “ត្រលប់ក្រោយសិនៗ មានអ្វីនៅខាងក្រោយ យើងត្រូវតែទៅមើល!”។ វានៅទីនោះ! នៅកណ្ដាលដុំថ្មធំៗពណ៌ក្រហម គឺជាបង្គោលលោហធាតុពណ៌ប្រាក់ រលោកផ្លេកដែលផុសឡើងផុតពីដី”។

    ប្រទះឃើញបង្គោលលោហធាតុចម្លែកនៅកណ្ដាលសមុទ្រខ្សាច់! អាជ្ញាធរថា “ទោះជាអ្នកដាំមកពីពិភពផ្កាយក៏ជារឿងខុសច្បាប់ បើសិនជាធ្វើឡើងនៅទីសាធារណៈ”Hutchings ប៉ាន់ប្រមាណដឹងថា បង្គោលលោហធាតុនោះមានកម្ពស់ប្រហែលពី3-3.6ម៉ែត្រ ហើយវាមិនដូចទៅនឹងករណីធ្លាក់ពីលើអាកាសនោះទេ វាទំនងជាមានអ្នកយកមកដាំ។

    Hutchings និយាយថា៖ “យើងបាននិយាយលេងនឹងគ្នាថា បើសិនជាមានម្នាក់ក្នុងចំណោមពួកគេ ស្រាប់តែបាន​បាត់ខ្លួនភ្លាមៗ នោះអ្នកនៅសល់ប្រាកដជារត់បះសក់មិនខាន”។

    អ្នកបើកបរឧទ្ធម្ភាគចក្រនេះយល់ថា វាអាចមានសិល្បករណាម្នាក់យកកំណាត់លោហធាតុនេះទៅដាំទីនោះ ដោយចាត់ទុកជាស្នាដៃសិល្បៈដែលមានការរៀបចំ ពោលគឺវាមិនដូចទៅនឹងសកម្មភាពរបស់មនុស្សពិភពផ្កាយឡើយ។ Hutchings បន្តថា “ខ្ញុំយល់ថា នោះគឺជាការនិយមថ្មីក្នុងពិភពសិល្បៈ ឬប្រហាក់ប្រហែលនេះ ដូចជាអ្នកគាំទ្រខ្សែភាពយន្ត “2001: A Space Odyssey” ជាដើម។

    ប្រទះឃើញបង្គោលលោហធាតុចម្លែកនៅកណ្ដាលសមុទ្រខ្សាច់! អាជ្ញាធរថា “ទោះជាអ្នកដាំមកពីពិភពផ្កាយក៏ជារឿងខុសច្បាប់ បើសិនជាធ្វើឡើងនៅទីសាធារណៈ”ក្រុមមន្ត្រីនៃរដ្ឋ Utah មិនទាន់រកឃើញប្រភពរបស់បង្គោលលោហធាតុនេះនៅឡើយ។ ប៉ុន្តែ ការដាំបង្គោលដែលមានរចនាសម្ព័ន្ធ ឬស្នាដៃសិល្បៈអ្វីមួយនៅទីសាធារណៈតាមតែការនឹកឃើញ គឺជាអំពើខុសច្បាប់ “បើទោះជាអ្នកមកពីពិភពផ្កាយណាមួយក៏ដោយ” នេះបើតាមការប្រកាសកាលពីថ្ងៃទី23វិច្ឆិការបស់ DPS។

    ទីតាំងរបស់បង្គោលលោហធាតុនោះក៏មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ ហើយនៅតែមិនទាន់ដឹងច្បាស់ថា អ្នកណា ឬអ្វីមួយបានដាំវានៅទីនោះ។ នាយកដ្ឋានគ្រប់គ្រងដីធ្លីនឹងសម្រេចថា គួរតែស្រាវជ្រាវបន្ថែមលើបញ្ហានេះដែរ ឬយ៉ាងណា៕

    ប្រភព៖ CNN

  • Elon Musk យកឈ្នះលើ Bill Gates ក្លាយជាអ្នកមានជាងគេលំដាប់ទីពីរក្នុងពិភពលោក

    Elon Musk យកឈ្នះលើ Bill Gates ក្លាយជាអ្នកមានជាងគេលំដាប់ទីពីរក្នុងពិភពលោក

    មហាសេដ្ឋីដែលមានវ័យទើបតែ49ឆ្នាំរូបនេះ បច្ចុប្បន្នមានទ្រព្យជិត128ពាន់លានដុល្លារអាមេរិក ដោយសារមូលបត្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កើនឡើងយ៉ាងឆាប់រហ័សកាលពីម្សិលមិញ (23វិច្ឆិកា)។

    យោងតាម Bloomberg Billionaires Index ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk រកប្រាក់​បាន​7.2​ពាន់​លាន​ដុល្លារបន្ថែមទៀតកាលពីថ្ងៃទី23វិច្ឆិកា បន្ទាប់ពីមូលបត្ររបស់ Tesla បានកើនឡើង​6.6%។ បច្ចុប្បន្ន មហាសេដ្ឋី Elon Musk មានទ្រព្យ127.9ពាន់លានដុល្លារ ច្រើនជាងបន្តិចបើធៀបនឹង 127.7​ពាន់លានដុល្លាររបស់សហស្ថាបនិកនៃក្រុមហ៊ុន Microsoft លោក Bill Gates។ ដូច្នេះ លោក Musk បានក្លាយជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេលំដាប់ទីពីរក្នុងពិភពលោក ដោយនៅពីក្រោយម្ចាស់ផ្សារអនឡាញ Amazon លោក Jeff Bezos ដែលបច្ចុប្បន្ន មានទ្រព្យសរុប 182ពាន់លានដុល្លារអាមេរិក។

    ឆ្នាំនេះ ដោយសារតែមូលបត្រ Tesla កើនឡើងខ្លាំង លោក Musk ក៏រកបានជាង100ពាន់លានដុល្លារបន្ថែមទៀត។ នេះគឺជាការកើនឡើងខ្ពស់បំផុតនៅក្នុងតារាងចំណាត់ថ្នាក់ Bloomberg Billionaires Index។ កាលពីខែមករា2020 លោក Musk ទើបតែជាប់ចំណាត់ថ្នាក់ទី35ប៉ុណ្ណោះ។

    3ភាគ4នៃទ្រព្យរបស់លោក Musk បានមកពីមូលបត្រ Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលបច្ចុប្បន្នមានតម្លៃទុនឡើងដល់500ពាន់លានដុល្លារអាមេរិក។ មូលបត្ររបស់លោក Musk នៅក្នុងក្រុមហ៊ុន Tesla មានតម្លៃខ្ពស់ជាងមូលបត្រនៅក្នុងក្រុមហ៊ុនអវកាស SpaceX ដល់ទៅ4ដងឯណោះ។

    ដោយឡែក បើនិយាយអំពីទ្រព្យដែលលោក Bill Gates មាន នោះលោកនឹងនៅតែជាប់ចំណាត់ថ្នាក់លេខពីរក្នុងពិភពលោក បើសិនលោកមិនបានចំណាយរាប់សិបពាន់លានដុល្លារដើម្បីធ្វើសកម្មភាពមនុស្សធម៌។ គិតចាប់ពីឆ្នាំ2006 លោក Gates បានបរិចាគប្រាក់ជាង27ពាន់លានដុល្លារអាមេរិក តាមរយៈមូលនិធិមនុស្សធម៌ដែលមានដាក់ឈ្មោះលោក និងភរិយា៕

    ប្រភព៖ Bloomberg

  • អភ័យឯកសិទ្ធិដំបូងៗដែល Biden នឹងទទួលបានក្នុងគ្រាប្រគល់និងទទួលអំណាច

    អភ័យឯកសិទ្ធិដំបូងៗដែល Biden នឹងទទួលបានក្នុងគ្រាប្រគល់និងទទួលអំណាច

    ក្រុមរបស់លោក Joe Biden នឹងទទួលបានប្រាក់ជាង6លានដុល្លារ និងអភ័យឯកសិទ្ធិផ្នែកសន្តិសុខជាច្រើនផ្សេងទៀត បន្ទាប់ពី GSA ប្រកាសអំពីការចាប់ផ្ដើមដំណើរការប្រគល់អំណាច។

    ប្រធានរដ្ឋបាលសេវាកម្មទូទៅរបស់អាមេរិក បានផ្ញើលិខិតមួយជូនទៅបេក្ខភាពប្រធានាធិបតី Joe Biden ដោយបានឱ្យដឹងថា រដ្ឋាភិបាលរបស់លោក Donald Trump បានត្រៀមខ្លួនរួចហើយក្នុងការប្រគល់អំណាចជូនគណបក្សជាប់ឆ្នោត។ នេះជាសញ្ញាបង្ហាញថា GSA នឹងចុះហត្ថលេខលើលិខិតស្នាមមួយចំនួនដើម្បីទទួលស្គាល់ជ័យជំនះរបស់លោក Biden ជាផ្លូវការ។

    GSA គឺជាស្ថាប័នឯករាជ្យរបស់រដ្ឋាភិបាលអាមេរិក ដែលមានតួនាទីជួយដល់សកម្មភាពនានារបស់ស្ថាប័នរដ្ឋាភិបាលកណ្ដាល និងទទួលខុសត្រូវទៅលើការចុះហត្ថលេខាលើសំណុំបែបបទផ្លូវការ ក្រោយពីមានប្រធានាធិបតីជាប់ឆ្នោត ដើម្បីប្រគល់ប្រាក់រាប់លានដុល្លារ ផ្ដល់សិទ្ធិកាន់កាប់ទៅឱ្យក្រុមមន្ត្រីរដ្ឋាភិបាល ប្រគល់ការិយាល័យនានា និងសម្ភារទូទៅ ទៅឱ្យគណបក្សជាប់ឆ្នោតថ្មី។

    ជាមួយនឹងលិខិតប្រកាសខាងលើរបស់ប្រធានា GSA ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden និងក្រុមរបស់លោកនឹងចាប់ផ្ដើមទទួលបានអភ័យឯកសិទ្ធិជាច្រើនទាក់ទងនឹងហិរញ្ញវត្ថុ និងសន្តិសុខ ដើម្បីត្រៀមសម្រាប់ដំណើរការនៃការទទួលគ្រប់គ្រងអំណាចប្រកបដោយរលូន។

    ក្រុមរបស់លោក Biden ពេលនេះ អាចចាប់ផ្ដើមប្រើប្រាស់ខ្ទង់ថវិកា 6.3លានដុល្លារនៃកញ្ចប់ថវិការបស់រដ្ឋដែលបានត្រៀមសម្រាប់ការប្រគល់ និងទទួលអំណាច ក៏ដូចជាការទៅបំពេញការងារនៅតាមស្ថាប័ននានារបស់រដ្ឋាភិបាលកណ្ដាលដើម្បីស៊ាំជាមួយនឹងដំណើរការនៃការទទួលអំណាច ទៅតាមច្បាប់ប្រគល់តំណែងប្រធានាធិបតី។

    លោក Biden ក៏នឹងទទួលបានរបាយការណ៍លម្អិតអំពីការគំរាមកំហែងផ្នែកសន្តិសុខដែលទាក់ទិននឹងអាមេរិក ក៏ដូចជាសកម្មភាពយោធា និងយុទ្ធនាការសម្ងាត់ដែលកំពុងត្រូវបានធ្វើឡើង។

    បន្ទាប់ពីសេចក្ដីប្រកាសរបស់ GSA មេដឹកនាំនៃបណ្ដាស្ថាប័នរដ្ឋបាលកណ្ដាលអាចចាប់ផ្ដើមធ្វើការជាមួយនឹងសមាជិកក្នុងក្រុមរបស់លោក Biden ដើម្បីត្រៀមសម្រាប់ដំណើរការនៃការប្រគល់អំណាច នៅពេលដែលលោក Biden នឹងចូលកាន់តំណែងនៅថ្ងៃទី20មករា2021។

    ក្រុមមន្ត្រីរដ្ឋបាលកណ្ដាលក៏អាចចាប់ផ្ដើមផ្ដល់លិខិតស្នាមផ្នែកសន្តិសុខជូនដល់សមាជិកក្នុងក្រុមរបស់លោក Biden និងក្រុមមនុស្សដែលត្រូវបានតែងតាំងទៅក្នុងគណៈរដ្ឋមន្ត្រីថ្មី។ លិខិតស្នាមនេះនឹងអនុញ្ញាតឱ្យពួកគេចូលទៅកន្លែងដែលមានការការពារយ៉ាងតឹងរ៉ឹង និងអាចទទួលបានព័ត៌មានសម្ងាត់ផងដែរ។

    ក្រុមរបស់លោក Biden នឹងទទួលបានតំណភ្ជាប់អ៊ីនធើណិតដែលមានឈ្មោះដែនគេហទំព័រ (domain name) ជារដ្ឋាភិបាលអាមេរិក ដើម្បីបង្កើតទំព័រនៃគេហទំព័រ និងអ៊ីម៉េល។

    ការសម្រេចចិត្តទទួលស្គាល់របស់ GSA អាចជំរុញឱ្យដំណើរការនៃការប្រគល់អំណាចប្រព្រឹត្តទៅបានលឿនជាងមុន។ លោក Biden បានចាប់ផ្ដើមធ្វើសកម្មភាពទាក់ទងនឹងការទទួលអំណាច ក្នុងនោះមានដូចជាការជ្រើសរើស និងឧទ្ទេសនាមសមាជិករបស់រដ្ឋាភិបាលថ្មី ក៏ដូចជាការប្រជុំជាមួយក្រុមហ៊ុនសំខាន់ៗ មានដូចជាក្រុមហ៊ុនផលិតឱសថដែលកំពុងស្រាជ្រាវវ៉ាក់សាំងជាដើម រួមនឹងការធ្វើទំនាក់ទំនងទៅកាន់ក្រុមមេដឹកនាំអឺរ៉ុបដើម្បីកែលម្អទំនាក់ទំនងរវាងប្រទេសនៃឆ្នេរមហាសមុទ្រអាត្លង់ទិកទាំងពីរនេះផងដែរ៕

    ប្រភព៖ Reuters

  • អង្គ​ការ​ NASA សាក​ល្បង​ប្រព័ន្ធ​រុញ​ច្រាន​អន្តរ​តារា ​ដែល​អាច​នាំ​​​យាន​ហោះ​ចេញ​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​ ដោយ​ប្រើ​ពេល​ខ្លី​ជាង​មុន

    អង្គ​ការ​ NASA សាក​ល្បង​ប្រព័ន្ធ​រុញ​ច្រាន​អន្តរ​តារា ​ដែល​អាច​នាំ​​​យាន​ហោះ​ចេញ​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​ ដោយ​ប្រើ​ពេល​ខ្លី​ជាង​មុន

    ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Johns Hopkins កំពុងតែពិនិត្យទៅលើបច្ចេកវិទ្យាដែលប្រើប្រាស់កម្ដៅព្រះអាទិត្យដើម្បីរុញច្រានយានអវកាសឱ្យទៅដល់ជាយប្រព័ន្ធព្រះអាទិត្យ និងចូលទៅដល់ទីអវកាសអន្តរតារា (Interstellar medium) ដែលនៅចន្លោះពីព្រះអាទិត្យមួយទៅព្រះអាទិត្យមួយ​ នៅ​ក្នុង​កាឡាក់ស៊ី។

    ក្រុមអ្នកអភិវឌ្ឍបច្ចេកវិទ្យានេះបានឱ្យដឹងថា កម្លាំងរុញច្រានដែលប្រើថាមពលព្រះអាទិត្យមិនមែនជាទិដ្ឋភាពចម្លែកហួសនិស្ស័យនោះទេ។ ឧបករណ៍ពិសោធន៍(កុងតឺរន័រមួយដែលផ្ទុកពេញដោយអំពូលភ្លើង LED) របស់សាកលវិទ្យាល័យនេះ អាចបញ្ជាក់បានថា បច្ចេកវិទ្យានេះពិតជាមានលទ្ធភាព នេះបើតាម Jason Benjoski មកពីមន្ទីរពិសោធន៍រូបវិទ្យាអនុវត្តនៃ​សាកល​វិទ្យា​ល័យ​ John Hopkins នៅ Maryland សហរដ្ឋអាមេរិក។

    ការសិក្សាស្រាវជ្រាវនូវអ្វីដែលស្ថិតនៅខាងក្រៅតំបន់ heliosphere ជាលម្ហអវកាសដែលលែងមានឥទ្ធិពលរបស់ព្រះអាទិត្យ គឺជាការលំបាក ដោយសារតែមានរយៈចម្ងាយឆ្ងាយ។ យានអវកាសចំនួន2គ្រឿងគត់​ដែល​ធ្លាប់បាន​ហោះ​ចេញក្រៅតំបន់ heliosphere នៃប្រព័ន្ធព្រះអាទិត្យ នោះគឺ Voyager 1 និង Voyager 2 ដែលពួកវាត្រូវហោះហើរក្នុងរយៈពេលជិតកន្លះសតវត្សរ៍ដើម្បីប្រមូលទិន្នន័យអំពីលម្ហអវកាសអន្តរតារាជាលើកដំបូង។ នេះគឺជាមូលហេតុដែលធ្វើឱ្យ NASA ត្រូវធ្វើការជាមួយក្រុមអ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍រូបវិទ្យាអនុវត្តដើម្បីស្វែងរកបច្ចេកវិទ្យាដែលអាចរុញច្រានយាន​អវកាស​ឱ្យ​ហោះ​ហើរ​ក្នុង​ល្បឿន​លឿន​ជាង​បច្ចុប្បន្នច្រើនដង។

    NASA សាកល្បងប្រព័ន្ធរុញច្រានអន្តរតារា ដែលអាចជួយឱ្យយានហោះចេញក្រៅប្រព័ន្ធព្រះអាទិត្យ ដោយប្រើពេលខ្លីជាងមុន
    យានអវកាសចំនួន2គ្រឿងធ្លាប់បានហោះចេញក្រៅតំបន់ heliosphere នៃប្រព័ន្ធព្រះអាទិត្យ នោះគឺ Voyager 1 និង Voyager 2

    NASA បានប្រកាសឱ្យដឹងអំពីគម្រោងសហការខាងលើកាលពីខែតុលា2019 និងបានបន្ថែមថា ភារកិច្ចនៃការអនុវត្តបច្ចេកវិទ្យាថ្មីនេះ នឹងអាចត្រូវបានធ្វើឡើងចាប់ពីឆ្នាំ2030។

    ជំនួសឱ្យការដុតប្រេងឥន្ធនៈ យានអវកាសថ្មីរបស់ NASA នឹងដំណើរការដោយកម្ដៅព្រះអាទិត្យ ដោយការប្រើប្រាស់អ៊ីដ្រូសែនពីព្រះអាទិត្យ បង្កើតជាកម្ដៅ និងបាញ់ថាមពលចេញពីបំពង់របស់ម៉ាស៊ីនដើម្បីបង្កើតជាកម្លាំងរុញច្រាន។

    NASA សាកល្បងប្រព័ន្ធរុញច្រានអន្តរតារា ដែលអាចជួយឱ្យយានហោះចេញក្រៅប្រព័ន្ធព្រះអាទិត្យ ដោយប្រើពេលខ្លីជាងមុន
    តំបន់ heliosphere ជាលម្ហអវកាសដែលលែងមានឥទ្ធិពលរបស់ព្រះអាទិត្យ

    ក្រៅពីឧបសគ្គទាក់ទងនឹងការរចនាម៉ាស៊ីន កាំជ្រួចដែលប្រើថាមពលព្រះអាទិត្យនេះក៏ត្រូវតែជាឧបករណ៍ដែលមិន​រលាយ​នៅ​ពេល​​ទៅក្បែរព្រះអាទិត្យបំផុត ដើម្បីទទួលបានថាមពលគ្រប់គ្រាន់សម្រាប់ការហោះហើរដែលមានល្បឿនចាប់ពី 48,280ដល់ 321,868គម/ម៉ោង។ បច្ចុប្បន្ន មានវត្ថុធាតុតិចតួចណាស់ដែលអាចស៊ូ​ទ្រាំ​បាន​​ជា​មួយ​នឹង​កម្ដៅខ្ពស់ពេលទៅក្បែរព្រះអាទិត្យ ដោយនៅតែអាចនាំឧស្ម័នអ៊ីដ្រូសែនបាន។ ក៏ប៉ុន្តែ Benkoski សង្ឃឹមថា លោហធាតុដែលបង្កើតឡើងដោយម៉ាស៊ីនបោះពុម្ភ 3D នឹងជាគន្លឹះដែលអាចបង្កើតបានបន្ទះការពារកម្ដៅដ៏ខ្លាំងក្លាពីព្រះអាទិត្យ៕

    ប្រភព៖ Futurism

  • (វីដេអូ) យន្ត​ហោះ​ចម្បាំង​បំបាំង​កាយ​ F-35A ​​ទម្លាក់​គ្រាប់​បែក​នុយ​ក្លេអែរ​​នៅ​លើ​តំបន់​ពិសោធន៍​និង​ហ្វឹក​ហាត់​យោធា​ Nevada

    (វីដេអូ) យន្ត​ហោះ​ចម្បាំង​បំបាំង​កាយ​ F-35A ​​ទម្លាក់​គ្រាប់​បែក​នុយ​ក្លេអែរ​​នៅ​លើ​តំបន់​ពិសោធន៍​និង​ហ្វឹក​ហាត់​យោធា​ Nevada

    កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានចូលរួមធ្វើលំហាត់សាកល្បងទៅលើយន្តហោះចម្បាំង F-35A ដោយការទម្លាក់គ្រាប់បែកនុយក្លេអែរ B61-12 ក្លែងក្លាយកាលពីខែសីហា ប៉ុន្តែ វីដេអូទើបតែត្រូវបានគេបញ្ចេញកាលពីពេលថ្មីៗនេះ។

    មន្ទីរពិសោធន៍ជាតិ Sandia និងមន្ទីរពិសោធន៍ជាតិ Los Alamos រួមជាមួយនឹងកងទ័ពអាកាសអាមេរិក ​កាល​​ពី​​ថ្ងៃ​ទី​25​សីហា ​បានប្រើប្រាស់យន្តហោះចម្បាំង F-35A ដើម្បីធ្វើលំហាត់ទម្លាក់គ្រាប់បែកនុយក្លេអែរក្លែង​ក្លាយ​​ B61-12 ដែលមានរូបរាង និងទម្លន់ស្មើនឹងគ្រាប់បែកនុយក្លេអែរពិត ប៉ុន្តែវាមិនមានរំសេវ សារធាតុវិទ្យុសកម្ម ឬឧបករណ៍អេឡិចត្រូនិកនោះទេ។ ការសាកល្បងនេះត្រូវបានធ្វើឡើងនៅឯទីលាន Tonopah ដែលស្ថិតក្នុងតំបន់ពិសោធន៍និងហ្វឹកហាត់យោធា Nevada។

    វីដេអូស្ដីអំពីការសាកល្បង ឬការហ្វឹកហាត់ដែលត្រូវបានប្រកាសដោយមន្ទីរពិសោធន៍ជាតិ Sandia កាលពីថ្ងៃ​ទី​23​វិច្ឆិកា បង្ហាញថា គ្រាប់បែក B64-12 ត្រូវបានទម្លាក់ចេញពីប្រព័ន្ធបំពាក់អាវុធរបស់យន្តហោះចម្បាំង F-35A នៅ​លើកម្ពស់ជាង 3,000ម។ គ្រាប់បែកនេះបានបង្វិលខ្លួនពេលកំពុងធ្លាក់ចុះ និងចំណាយពេលប្រហែល​42​វិនាទី​មុន​នឹងសំដៅចំគោលដៅ។

    (វីដេអូ) យន្តហោះចម្បាំងបំបាំងកាយ F-35A ធ្វើលំហាត់ទម្លាក់គ្រាប់បែកនុយក្លេអែរ
    យន្ត​ហោះ​ចម្បាំង​ F-35A

    Steven Samuels អ្នកគ្រប់គ្រងក្រុមដែលទទួលខុសត្រូវលើប្រព័ន្ធរបស់ B61-12 នៃមន្ទីរពិសោធន៍ជាតិ Sandia បានឱ្យដឹងថា “នេះគឺជាការពិសោធដំបូងដើម្បីពិនិត្យលើប្រព័ន្ធម៉ាស៊ីន អេឡិចត្រូនិក ទំនាក់ទំនង និង​ការទម្លាក់រវាងយន្តហោះ F-35A និងគ្រាប់បែក B61-12។ ការសាកល្បងថ្មីបំផុតនេះគឺជាផ្នែកមួយនៃកម្​មវិធី​ F-35A និង B-61-12”។

    យន្តហោះចម្បាំង F-35A ធ្លាប់បានចូលរួមធ្វើការហ្វឹកហាត់ និងសាកល្បងទម្លាក់គ្រាប់បែកក្លែងក្លាយ B61-12 កាលពីខែមិថុនា2019។ ការសាកល្បងនេះគឺមានបំណងដើម្បីធានាឱ្យបានប្រាកដថា គ្រាប់បែកនុយក្លេអែរ B61-12 ដែលត្រូវទម្លាក់ពី F-35A នឹងដំណើរការនៅពេលចាំបាច់ និងមិនទាមទារលក្ខខណ្ឌផ្សេង”។ របាយការណ៍​កាល​ពី​ឆ្នាំ​2007 ​បាន​ឱ្យ​ដឹង​ថា​ ស្ថាប័ន​ដែល​បាន​ចូលរួមធ្វើការសាកល្បងនេះមានសង្ឃឹមថា គ្រាប់បែក​នុយ​ក្លេអែរ B61-12 នឹងត្រូវបាន​បំពាក់​ទៅ​ឱ្យ​យន្ត​ហោះ​ចម្បាំង​ F-35A​ របស់សហរដ្ឋអាមេរិកនៅចុងឆ្នាំ​2020​នេះ។

    (វីដេអូ) យន្តហោះចម្បាំងបំបាំងកាយ F-35A ធ្វើលំហាត់ទម្លាក់គ្រាប់បែកនុយក្លេអែរគ្រាប់បែកនុយក្លេអែរយុទ្ធសាស្ត្រ B61-12 អាចត្រូវបានបំពាក់ប្រព័ន្ធនាំផ្លូវពីផ្កាយរណប ក្បាលគ្រាប់នុយក្លេអែរ​ដែល​មានកម្លាំងស្មើនឹងរំសេវ TNT 50,000តោន។ ចំណែកទំហំវិញ គឺតូចល្មមដែលអាចដាក់បានយ៉ាងល្អនៅក្នុងយន្តហោះចម្បាំង F-35A។

    កម្មវិធីកែលម្អ B61-12 ត្រូវចំណាយប្រាក់សរុប 10ពាន់លានដុល្លារ ក្នុងនោះ គ្រាប់បែក1គ្រាប់ៗមានទម្ងន់ 320​គីឡូក្រាម និងមានតម្លៃ28លានដុល្លារអាមេរិក ដែលតម្លៃនេះខ្ពស់ជាង1.5ដងបើធៀបនឹងតម្លៃមាសសុទ្ធដែលមានទម្ងន់ដូចគ្នា។ ​សហរដ្ឋ​អាមេរិក​មាន​ផែនការផលិតគ្រាប់បែកនុយក្លេអែរ B61-12 ដែលមានអាយុកាល​20​ឆ្នាំចំនួន500គ្រាប់ ដើម្បីបំពាក់ឱ្យ​ក្រុម​ហោះ​ហើរ ​F-​15E​ និង F-35 របស់ប្រទេសនេះ និងសម្ព័ន្ធមិត្ត NATA៕

    https://www.youtube.com/watch?v=6HmR2D5ZRnw

    ប្រភព៖ Drive