Author: សឿន សំណាង

  • បង្គោល​លោហធាតុ​អាថ៌កំបាំង​នៅ​សមុទ្រ​ខ្សាច់​អាមេរិក ត្រូវ​មនុស្ស 4 នាក់​លួច​គាស់​យកទៅ​ទាំងយប់

    បង្គោល​លោហធាតុ​អាថ៌កំបាំង​នៅ​សមុទ្រ​ខ្សាច់​អាមេរិក ត្រូវ​មនុស្ស 4 នាក់​លួច​គាស់​យកទៅ​ទាំងយប់

    Ross Bernards ដែល​ជាជាង​ថតរូប​ម្នាក់ បានឱ្យដឹងថា គាត់​បានឃើញ​បង្គោល​លោហធាតុ​អាថ៌កំបាំង​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់​នៃ​រដ្ឋ Utah ត្រូវបាន​មនុស្ស 4 នាក់ គាស់​យក​ពី​កន្លែង​ដើម។

    Bernards និយាយថា កាលពី​ថ្ងៃទី 27 វិច្ឆិកា គាត់​រួម​នឹង​មិត្ត​ចំនួន 3 នាក់ បាន​បើករថយន្ត​រយៈពេល 6 ម៉ោង ពីរ​ដ្ឋ Colorado ទៅកាន់​រដ្ឋ Utah ដើម្បី​ពិនិត្យមើល​បង្គោល​លោហធាតុ​នេះ។ ក្រោយពី​ទៅដល់​ទីតាំង​នៅវេលា​ម៉ោង​ជិត 21 យប់ និង​បាន​ថតរូប​រួចរាល់ ក៏​ស្រាប់​តែមាន​បុរស​មួយក្រុម​បង្ហាញខ្លួន។

    មនុស្ស​ម្នាក់​ក្នុង​ក្រុម​នោះ បានស្នើ​ឱ្យ​ថតរូប មុននឹង​ពួកគេ​ចាប់ផ្ដើម​រុញច្រាន​បង្គោល​ទៅមក​ដើម្បី​លើក​វា​ចេញពី​ដី។ ក្រោយ​រយៈពេល​ប្រហែល 10-15នាទី បង្គោល​នេះ​ក៏​រលំ បង្កើតបានជា​សំឡេង​មួយ​យ៉ាង​ធំ។ ក្រុមមនុស្ស​នេះ បន្ទាប់មក​ក៏បាន​ដោះ​បំបែក​បង្គោល​នេះ​ជា​បំណែក និង​ដាក់​វា​ឡើង​រទេះ​មួយ រួច​បរ​ចេញទៅ។

    «នៅពេល​ក្រុមមនុស្ស​នេះ​បាន​នាំយក​បង្គោល​នេះ​ចេញទៅ សមាជិក​ខ្លះ​របស់​ពួកគេ​បាន​រំឭកថា មិនត្រូវ​ទុក​ដាន​អ្វី​នៅទីនេះ​ទេ» Bernards រៀបរាប់​ដូច្នេះ។

    បង្គោល​លោហធាតុ​អាថ៌កំបាំង​នៅ​សមុទ្រ​ខ្សាច់​អាមេរិក ត្រូវ​មនុស្ស 4 នាក់​លួច​គាស់​យកទៅ​ទាំងយប់
    ទិដ្ឋ​ភាព​បង្គោល​លោហ​ធាតុ​ មុន​ និង​ក្រោយ​ការ​លួច​គាស់

    Bernards មិន​ហ៊ាន​ប្រើប្រាស់​កាមេរ៉ា​ធំ​ដើម្បី​ថតរូប​ពួកនេះ​ទេ ដោយសារ​ខ្លាច​ពួកនេះ​មាន​អាវុធ។ ប៉ុន្តែ មិត្ត​ម្នាក់​របស់ Berbards គឺ Michael James Newlands ថត​បាន​រូបភាព​មួយចំនួន​ដោយ​ប្រើ​ទូរស័ព្ទដៃ។

    Bernards ជឿថា ក្រុមមនុស្ស 4 នាក់​ខាងលើនេះ មិនមែនជា​អ្នក​ដែល​បាន​កប់​បង្គោល​អាថ៌កំបាំង​នេះ​ទេ ហើយ​ពួកគេ​លួច​យក​វា​ទៅ​ក៏​ព្រោះតែ​មើលឃើញថា វា «ទើសភ្នែក និង​ប៉ះពាល់​ដល់​សោភ័ណភាព» នៅទីនេះ។ ព្រោះថា ចាប់តាំងពី​បាន​ប្រទះឃើញ​បង្គោល​នេះ មាន​រថយន្ត​រាប់សិប​គ្រឿង និង​មនុស្ស​ជាច្រើន​មកកាន់​ទីនេះ។

    «នោះ​គឺជា​មូល​ហេតុដែល​មិនគួរ​ទុក​សំរាម​នៅលើ​សមុទ្រ​ខ្សាច់» Bernards រៀបរាប់​អំពី​សម្ដី​របស់​សមាជិក​ម្នាក់​នៃ​ក្រុមមនុស្ស​ខាងលើ។

    Bernards និយាយថា គាត់​និង​មិត្ត​របស់គាត់ ក៏​មិនបាន​ព្យាបាល​រារាំង​សកម្មភាព​របស់​ក្រុមមនុស្ស​នេះដែរ ព្រោះ​ពួកនេះ​បាន​ប្ដេជ្ញា​យក​បង្គោល​នេះ​ឱ្យខាងតែបាន។ «យើង​មិនដឹងថា ពួកគេ​ជា​អ្នកណា​ទេ ហើយ​យើង​ក៏​មិន​បានធ្វើ​អ្វី​ដើម្បី​រារាំង​ពួកគេ​ដែរ។ ពួកគេ​ទៅ​ទីនោះ​គឺ​គ្រាន់តែ​ដើម្បី​ទម្លាក់​ប​ង្កោ​ល​នេះ​តែប៉ុណ្ណោះ ហើយ​វា​ហាក់ដូចជា​ភារកិច្ច​របស់​ពួកគេ​អីចឹង»។

    បង្គោល​លោហធាតុ​អាថ៌កំបាំង​នៅ​សមុទ្រ​ខ្សាច់​អាមេរិក ត្រូវ​មនុស្ស 4 នាក់​លួច​គាស់​យកទៅ​ទាំងយប់គួររំឭកថា ក្រុម​បុគ្គលិក​នៅ​អង្គភាព​សុវត្ថិភាព​សាធារណៈ​នៃ​រដ្ឋ Utah (DPS) សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី18វិច្ឆិកា បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ជួយ​ដល់​នាយកដ្ឋាន​ការពារ​ធនធាន​សត្វព្រៃ ដើម្បី​រាប់​សត្វ​ចៀម​ស្នែង​ធំ​នៅលើ​សមុទ្រ​ខ្សាច់​ភាគ​អាគ្នេយ៍​របស់​រដ្ឋ​នេះ។ ពួកគេ​ស្រាប់តែ​បាន​ប្រទះឃើញ​វត្ថុ​មួយ​ដែល​ដូច​ទៅនឹង​ដុំថ្ម​អាថ៌កំបាំង​ដែលមាន​នៅក្នុង​ខ្សែភាពយន្ត​រឿង “2001: A Space Odyssey” ផលិត​ឆ្នាំ 1968។

    កាលពី​ថ្ងៃទី 27 វិច្ឆិកា នាយកដ្ឋាន​គ្រប់គ្រង​ដីធ្លី​នៃ​រដ្ឋ Utah បានប្រកាសថា បង្គោល​នេះ​បាន​បាត់​ខ្លួន និង​សង្ស័យថា មាន​មនុស្ស​លួច​គាស់​យកទៅ​នៅពេល​យប់៕

    ប្រភព៖ Guardian

  • ប្រទេស​ថៃ គ្រប់គ្រង​ទីផ្សារ IPO នៅ​អាស៊ីអាគ្នេយ៍ ក្នុង​ឆ្នាំ 2020

    ប្រទេស​ថៃ គ្រប់គ្រង​ទីផ្សារ IPO នៅ​អាស៊ីអាគ្នេយ៍ ក្នុង​ឆ្នាំ 2020

    ប្រទេស​ថៃ បច្ចុប្បន្ន កំពុង​កាន់កាប់​ទីផ្សារ​បោះផ្សាយ​មូល​ប​ត្រ​លើកដំបូង (IPO) នៅ​អាស៊ីអាគ្នេយ៍ នៅពេលដែល​ប្រទេស​នេះ​គ្រប់គ្រង​ទុន​សរុប​ឡើងដល់ 60% ក្នុងចំណោម​ទុន​ដែល​ផ្សារ​ហ៊ុន​នានា​ប្រមូលបាន​ពី​តំបន់​នេះ។

    ព័ត៌មាន​ខាងលើ​ត្រូវបាន Deloitte ដែលជា​ក្រុមហ៊ុន​សវនកម្ម​និង​គណនី​ដ៏​ធំ​មួយ លើកឡើង បន្ទាប់ពី​បានធ្វើការ​ស្រាវជ្រាវ​ទៅលើ​ទិន្នាការ IPO (Initial Public Offering/ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ដំបូង​នៅ​ផ្សារ​ហ៊ុន) នៅក្នុង​ទីផ្សារ​មូល​ប​ត្រធំៗចំនួន 6 នៅ​អាស៊ីអាគ្នេយ៍ ដែល​រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម។

    គិត​ត្រឹម​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ 2020 ប្រទេស​ថៃ​មាន​ព្រឹត្តិការណ៍ IPO ចំនួន 23 លើក។ ទឹកប្រាក់​ដែល​ប្រមូលបាន​ដោយ​ការធ្វើ IPO នានា​ក្នុងឆ្នាំនេះ មាន​ចំនួន 3.94 ពាន់​លាន​ដុល្លារ​អាមេរិក ច្រើនជាង​ឆ្ងាយ​បើ​ធៀប​នឹង​ឆ្នាំមុន។ ការឈាន​មុខ​គេ​ផ្នែក IPO នៅ​តំបន់​អាស៊ីអាគ្នេយ៍​នេះ បាន​កើតឡើង​នៅក្នុង​គ្រា​ដែល​សេដ្ឋកិច្ច​ប្រទេស​ថៃ ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ពី​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ Covid-19។

    មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករ​ថា សេដ្ឋកិច្ច​ប្រទេស​ថៃ​អាច​ថយចុះ 7.1% ក្នុង​ឆ្នាំ 2020 ដែល​វា​គឺជា​កម្រិត​អាក្រក់​ជាងគេ​បង្អស់​លំដាប់​ទី​ពីរ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ប្រទេស​ហ្វីលីពីន៕

    ប្រភព៖ CNBC

  • បង្គោល​លោហធាតុ​អាថ៌កំបាំង​នៅ​រូ​ម៉ា​នី បាន​បាត់​ខ្លួន​ដែរ​ហើយ! ប្រជាជន​ក្នុង​តំបន់ អះអាងថា មាន​ពន្លឺ​ចម្លែក​នៅត្រង់​ទីតាំង​នៃ​បង្គោល​នោះ

    បង្គោល​លោហធាតុ​អាថ៌កំបាំង​នៅ​រូ​ម៉ា​នី បាន​បាត់​ខ្លួន​ដែរ​ហើយ! ប្រជាជន​ក្នុង​តំបន់ អះអាងថា មាន​ពន្លឺ​ចម្លែក​នៅត្រង់​ទីតាំង​នៃ​បង្គោល​នោះ

    សារព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា បង្គោល​លោហធាតុ​មិនមាន​ម្ចាស់​កម្មសិទ្ធិ​ដែល​ត្រូវបាន​គេ​ប្រទះឃើញ​នៅលើ​ចង្កេះភ្នំ​មួយ​នៃ​ប្រទេស​រូ​ម៉ា​នី បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ជាទីបំផុត​កាលពី​ថ្ងៃទី 30វិច្ឆិកា។

    បង្គោល​លោហធាតុ​ដែលមាន​រាង​ត្រីកោណ ភ្លឺរលោង​នេះ ត្រូវបាន​ប្រទះឃើញ​កាលពី​ថ្ងៃទី 26 វិច្ឆិកា នៅក្បែរ​បន្ទាយ Petrodava Dacian ជាទី​តាំង​បុរាណ​មួយ​នៅក្នុង​ទីក្រុង Piatra Neamt នៃ​ប្រទេស​រូ​ម៉ា​នី។ យោងតាម​ស្ថានីយ​វិទ្យុ Juranl FM មាន​សាក្សី​ជាច្រើន​បានឃើញ «ពន្លឺ​ដ៏​ចម្លែក» ដែល​កើត​មាននៅ​តំបន់​ដែល​គេ​រកឃើញ​បង្គោល​អាថ៌កំបាំង​នោះ។

    បង្គោល​លោហធាតុ​ដែលមាន​កម្ពស់​ជិត 4 ម៉ែត្រ និង​បែរមុខ​ទៅរក​ភ្នំ Ceahlau ដែលជា​អច្ឆរិយវត្ថុ​ធម្មជាតិ 1 ក្នុងចំណោម 7 របស់​ប្រទេស​រូ​ម៉ា​នី និង​ត្រូវបាន​ប្រជាជន​ហៅថា «ភ្នំ​ទេព»។ អាជ្ញាធរ​របស់​ប្រទេស​នេះ មិនទាន់​ដឹងថា បង្គោល​នេះ​មាន​ប្រភពពី​ណា​នៅឡើយ ធ្វើឱ្យមាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​និយាយ​អំពី​វា ដោយ​អ្នកខ្លះ​បានដាក់​សំណួរ​ថា «តើ​វា​ជា​អ្វី​ឱ្យ​ពិតប្រាកដ? ហេតុអ្វី​បានជា​វា​អាច​បង្ហាញខ្លួន​នៅ​ទីនោះ?» ឬថា «ហេតុអ្វី​បានជា​បាត់​ខ្លួនភ្លាមៗ បន្ទាប់ពី​ត្រូវបាន​ប្រទះឃើញ?»។

    ទាក់ទង​នឹង​រឿង​ចម្លែក​នេះដែរ កាលពី​ថ្ងៃទី 18 វិច្ឆិកា បង្គោល​លោហធាតុ​អាថ៌កំបាំង​មួយ​ដែលមាន​កម្ពស់​ប្រហែល 3.6 ម៉ែត្រ ក៏​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​តំបន់​សមុទ្រ​ខ្សាច់​នៃ​រដ្ឋ Utah សហរដ្ឋអាមេរិក ប៉ុន្តែ វា​បាន​បាត់​ខ្លួន​ពី​កន្លែងកើតហេតុ​ទៅហើយ។ នាយកដ្ឋាន​គ្រប់គ្រង​ដីធ្លី​របស់​រដ្ឋ Utah ឱ្យដឹងថា បង្គោល​នេះ​ត្រូវបាន​មនុស្ស​មួយក្រុម​ដែល​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ បាន​លួច​យក​បង្គោល​នេះ​កាលពី​យប់​ថ្ងៃទី 27 វិច្ឆិការ។

    មកដល់​បច្ចុប្បន្ន មិនទាន់មាន​អ្នកណាម្នាក់​ចេញមុខ​មក​អះអាងថា ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​បង្គោល​លោហធាតុ​ដ៏​អាថ៌កំបាំង​នេះ​នៅឡើយ៕

    >បង្គោល​លោហធាតុ​អាថ៌កំបាំង​មួយ​ផ្សេងទៀត បង្ហាញខ្លួន​នៅ​រូ​ម៉ា​នី ក្នុង​ខណៈ​បង្គោល​អាថ៌កំបាំង​នៅ​អាមេរិក​បាន​បាត់​ខ្លួន

    ប្រភព៖ Fox News

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ចំនួន 3 នាក់​បន្ថែមទៀត

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ចំនួន 3 នាក់​បន្ថែមទៀត

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​នេះ​បានប្រកាសថា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ចំនួន 3ករណី​បន្ថែមទៀត ដែលនាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​បាន​ឆ្លង​វីរុស​នេះ ឡើងដល់ 329 នាក់។

    ករណី​វិជ្ជមាន​នឹង Covid-19 ដែល​ទើប​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ មាន​ចំនួន 3 ករណី ដែល​នេះ​គឺជា​ករណី​នាំចូល ក្នុងនោះ​រួមមាន៖ ទីមួយ៖ បុរស​ជនជាតិខ្មែរ អាយុ 26ឆ្នាំ​ម្នា​ក់នៅ​ខេត្តកំពត បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន ដោយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង។ ទី​ពីរ៖ បុរស​ជនជាតិខ្មែរ អាយុ 46ឆ្នាំ នៅ​ខេត្តកណ្ដាល ធ្វើដំណើរ​ពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​កូរ៉េខាងត្បូង។ ទី​បី៖ ស្ត្រីជន​ជាតិខ្មែរ អាយុ 35ឆ្នាំ នៅ​ខេត្តកំពត ធ្វើដំណើរ​ពី​ប្រទេស​ចិន។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 2 ខែធ្នូ​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 329 នាក់ ខណៈ​អ្នក​បានជា​សះស្បើយ​មាន​ចំនួន 304 នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​មាន​ចំនួន 25 នាក់។ នៅក្នុង​ចំណោម​អ្នក​កំពុង​ទទួល​ការព្យាបាល មាន 20 នាក់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត និង 5 នាក់​នៅ​ម​ណ្ឌ​ល​សុខភាព​ចាក់អង្រែ នា​រាជធានី​ភ្នំពេញ៕

  • ជាង 64 លាន​នាក់​បាន​ឆ្លង Covid-19 នៅ​ទូទាំង​ពិភពលោក! WHO ព្រមាន​អំពី​មហា​រោគ​រា​ត​ត្បត​នាពេល​អនគ​ត

    ជាង 64 លាន​នាក់​បាន​ឆ្លង Covid-19 នៅ​ទូទាំង​ពិភពលោក! WHO ព្រមាន​អំពី​មហា​រោគ​រា​ត​ត្បត​នាពេល​អនគ​ត

    នៅក្នុង​ពិភពលោក​ទាំងមូល ករណី​ឆ្លង​វីរុស Covid-19 បាន​កើន​ដល់ 64 លាន​នាក់ និង​ជិត 1.5 លាន​នាក់​បាន​ស្លាប់ ស្រប​ពេលដែល WHO បាន​ព្រមាន​អំពី​មហា​រោគរាតត្បាត​ផ្សេងទៀត បើសិនជា​មិន​ដក​បទពិសោធន៍​នាបច្ចុប្បន្ន។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 2ធ្នូ​នេះ ពិភពលោក​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 64,169,941 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 44,428,048 នាក់ អ្នកស្លាប់​ចំនួន 1,485,672 នាក់ អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន 18,256,167 នាក់ ដែល​ក្នុង​នេះដែរ​មាន​អ្នកជំងឺ​ចំនួន 105,687 នាក់​កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត​ដោយសារ​មាន​អាការ​ធ្ងន់ធ្ងរ។ នេះ​បើតាម​ស្ថិតិ Worldometers ដែលជា​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​តួលេខ Covid-19 លឿង​ជាងគេ​បំផុត។

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី 30 ខែវិច្ឆិកា លោក Mike Ryan ប្រធាន​កម្មវិធី​សុខាភិបាល​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក បានឱ្យដឹងថា ពិភពលោក​មាន​ហានិភ័យ​ប្រឈម​នឹង​រោគរាតត្បាត​ផ្សេងទៀត​នៅ​ថ្ងៃ​អនាគត បើសិនជា «ភ្លេច​ស្មារតី» និង​មិនបាន​ដក​បទពិសោធន៍​ពី​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ Covid-19 នាពេលនេះ។

    លោក Ryan ព្រមាន​ថា៖ «ខ្ញុំ​ធ្លាប់បាន​ឃើញនឹងភ្នែក​នូវ​ការ​ភ្លេចខ្លួន ក្រោយពី​ព្រឹត្តិការណ៍​ដ៏​ឈឺចាប់​មួយ​បាន​កន្លងផុតទៅ។ ប្រការនេះ គេ​អាច​យល់បាន។ ប៉ុន្តែ ក្រោយ​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​វីរុស SARS, H5N1, H1N1 បើសិនជា​យើង​នៅតែ​ធ្វើ​ព្រងើយ​ចំពោះ​ហានិភ័យ​ពី​ប្រភព​មេរោគ​គ្រោះថ្នាក់​ដែល​កំពុង​ងើបឡើង យើង​នឹងត្រូវ​ឆ្លងកាត់​ស្ថានភាព​ប្រហាក់ប្រហែល​នេះ ឬក៏​អាក្រក់​ជាង​នេះ សាជាថ្មី​ម្ដងទៀត​មិន​ខាន»៕

    ប្រភព៖ AFP, Reuters, Worldometers

  • ត្រកូល​ទាំង 5 ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេបង្អស់​នៅក្នុង​ទ្វីបអាស៊ី

    ត្រកូល​ទាំង 5 ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេបង្អស់​នៅក្នុង​ទ្វីបអាស៊ី

    គ្រួសារ​ត្រកូល Ambani បច្ចុប្បន្ន​មានទ្រព្យ 76ពាន់​លាន​ដុល្លារ​អាមេរិក ច្រើនជាង​ពីរដង​ធៀប​នឹង​ត្រកូល Kwok (ហុងកុង) និង​បី​ដង​ធៀប​នឹង​ត្រកូល Lee (កូរ៉េខាងត្បូង)។

    យោងតាម​ស្ថិតិ​របស់​សារព័ត៌មាន​សេដ្ឋកិច្ច Bloomberg បើទោះជា Anil Ambani ទទួល​បរាជ័យ​ក្នុងការ​រកស៊ី និង​ឥទ្ធិពល​របស់ Covid-19 ប៉ុន្តែ​ត្រកូល Ambani (ឥណ្ឌា) នៅតែ​រកបាន​ប្រាក់ 25ពាន់​លាន​ដុល្លារ​បន្ថែមទៀត​បើ​ធៀប​នឹង​ឆ្នាំ2019 ដែល​នេះ​បាន​ជួយ​ឱ្យ​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​ត្រកូល Ambani កើនឡើង​ដល់ 76 ពាន់​លាន​ដុល្លារ​អាមេរិក។ ហើយ​ប្រការនេះ​ក៏​ជួយ​ឱ្យ​ពួកគេ​បន្ត​រក្សាបាន​ចំណាត់ថ្នាក់​ជា​អ្នកមាន​ជាងគេ​បង្អស់​នៅក្នុង​ទ្វីបអាស៊ី​ផងដែរ។

    ខាងក្រោម​នេះ​គឺជា​គ្រួសារ​ទាំង 10 ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​នៅ​ទ្វីបអាស៊ី នេះ​បើ​យោងតាម​ស្ថិតិ​របស់ Bloomberg ៖

    1 គ្រួសារ​ត្រកូល Ambani (លោក Dhirubhai Ambani ​ឪពុក​របស់​លោក Mukesh និង​លោក​ Anil គឺជា​ស្ថាបនិក​ដំបូង​គេ​នៃ​ក្រុម​ហ៊ុន​​របស់​ត្រកូល​ Ambani)

    ត្រកូល​ទាំង 10 ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេបង្អស់​នៅក្នុង​ទ្វីបអាស៊ី
    គ្រួសារ​ត្រកូល Ambani

    -ក្រុមហ៊ុន៖ Reliance Industries

    -ទី​ស្នាក់​ងារ៖ ឥណ្ឌា

    -ជំនាន់​ដែល​គ្រប់គ្រង​ក្រុមហ៊ុន៖ 3

    -ទ្រព្យ៖ 76 ពាន់​លាន​ដុល្លារ​អាមេរិក

    2 គ្រួសារ​ត្រកូល៖ Kwok (លោក Kwok Tak-seng ដែល​ជា​ឪពុក​របស់​លោក Walter, Thomas និង Raymond គឺជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Sun Hung Kai Properties)

    ត្រកូលទាំង 10 ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅក្នុងទ្វីបអាស៊ី-ក្រុមហ៊ុន៖ Sun Hung Kai Properties

    -ទី​ស្នាក់​ងារ៖ ហុងកុង (ប្រទេស​ចិន)

    -ជំនាន់​ដែល​គ្រប់គ្រង​ក្រុមហ៊ុន៖ 3

    -ទ្រព្យ៖ 33 ពាន់​លាន​ដុល្លារ​អាមេរិក

    3. គ្រួសារ​ត្រកូល៖ Chearavanont (Chia Ek Chor មក​ពី​ប្រទេស​ចិន​ រស់​នៅ​និង​រកស៊ី​ក្នុង​ប្រទេស​ថៃ​​ជាមួយ​បង​ប្អូនប្រុស​ម្នាក់​ទៀត​របស់​គាត់ ហើយ​ក្រោយ​មក​ក៏​ប្ដូរ​ត្រកូល​ទៅជា​ Chearavanont)

    ត្រកូលទាំង 10 ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅក្នុងទ្វីបអាស៊ី-ក្រុមហ៊ុន៖ Charoen Pokphand Group

    -ទី​ស្នាក់​ងារ៖ ប្រទេស​ថៃ

    -ជំនាន់​ដែល​គ្រប់គ្រង​ក្រុមហ៊ុន៖ 4

    -ទ្រព្យ៖ 31.7 ពាន់​លាន​ដុល្លារ​អាមេរិក

    4. គ្រួសារ​ត្រកូល៖ Hartono (ឆ្នាំ​ 1950, Oei Wie Gwan បាន​ទិញ​ក្រុម​ហ៊ុន​​ផលិត​ថ្នាំ​ជក់​មួយ​ ហើយ​ក្រោយ​មក​ក៏​ប្ដូរ​ឈ្មោះ​ក្រុម​ហ៊ុន​នេះ​ទៅជា​ Djarum)

    ត្រកូលទាំង 10 ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅក្នុងទ្វីបអាស៊ី-ក្រុមហ៊ុន៖ Djarum, Bank Central Asia

    -ទី​ស្នាក់​ងារ៖ ឥណ្ឌូណេស៊ី

    -ជំនាន់​ដែល​គ្រប់គ្រង​ក្រុមហ៊ុន៖ 3

    -ទ្រព្យ៖ 31.3 ពាន់​លាន​ដុល្លារ​អាមេរិក

    5. គ្រួសារ​ត្រកូល៖ Lee (ឆ្នាំ 1938, Lee Byung-chul បង្កើត​ក្រុម​ហ៊ុន​ Samsung ដែល​នាំ​ចេញ​បន្លែ​ផ្លែ​ឈើ និង​ត្រី​។ លោក​ចាប់​ផ្ដើម​រក​ស៊ី​ក្នុង​វិស័យ​អេឡិច​ត្រូនិក​កាល​ពី​ឆ្នាំ​ 1969 ដោយ​បង្កើត​ក្រុមហ៊ុន Samsung Electronics)

    ត្រកូលទាំង 10 ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅក្នុងទ្វីបអាស៊ី-ក្រុមហ៊ុន៖ Samsung

    -ទី​ស្នាក់​ងារ៖ កូរ៉េខាងត្បូង

    -ជំនាន់​ដែល​គ្រប់គ្រង​ក្រុមហ៊ុន៖

    -ទ្រព្យ៖ 26.6 ពាន់​លាន​ដុល្លារ​អាមេរិក

    ប្រភព៖ Bloomberg

  • ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស​មួយចំនួន​ដែល​លក់​ក្នុង​បណ្ដាញ​សង្គម ត្រូវបាន​ក្រសួង​ហាមឃាត់​ជាបន្ទាន់

    ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស​មួយចំនួន​ដែល​លក់​ក្នុង​បណ្ដាញ​សង្គម ត្រូវបាន​ក្រសួង​ហាមឃាត់​ជាបន្ទាន់

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​រសៀល​ថ្ងៃទី 1ធ្នូ​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ឱ្យដឹងថា ក្រសួង​បាន​រកឃើញថា មាន​ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស​មួយចំនួន​ត្រូវបាន​ផ្សព្វផ្សាយ​លក់​នៅលើ​បណ្ដាញ​សង្គម Facebook ដោយ​មិនមាន​ការអនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល។

    ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​សង្កេតឃើញ និង​ជូនដំណឹង​ថា គណនី Facebook ឈ្មោះ M-Shop, ពិភព បុរស​ពិត, ពិភព​ក្ដី​សុខ​បុរស, ZoZo បង្កើន​ថាមពល, ZO-ខ្លាំង​ពិត, Zozo-ហាង​បុរស, Xoxo plus man, Bro ManTher និង​គណនី​ឈ្មោះ Zozo swiss កំពុងតែ​ផ្សាយ​លក់​ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស​ដែលមាន​ឈ្មោះថា ZOZO និង XOXO ដោយ​មិនមាន​លេខ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល រាប់​ចាប់ពី​ថ្ងៃទី វិច្ឆិកា2020។

    ដូច្នេះ ក្រសួង​ក៏​តម្រូវឱ្យ​ម្ចាស់​គណនី​ខាងលើ​បញ្ឈប់​សកម្មភាព​លក់​ផលិតផល​ដែលមាន​ឈ្មោះថា ZOZO និង XOXO ជាបន្ទាន់ ហើយ​ថា​ក្រសួង​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ខាងលើ។

    ដោយយោង​ទៅតាម​ច្បាប់​ស្ដីអំពី​ការគ្រប់គ្រង​ឱសថ រួម​នឹង​ច្បាប់​ដែល​ពាក់ព័ន្ធ រាល់​ឱសថ ឬ​ផលិតផល​ដែលមាន​គុណភាព​ស្រដៀង​នឹង​ឱសថ ត្រូវតែមាន​លេខ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល។ ក្រសួង​បាន​អំពាវនាវ​ដល់​សាធារណជន​ដែលជា​អ្នកប្រើប្រាស់ ឱ្យមាន​ការពិនិត្យ​ត្រឹមត្រូវ​មុននឹង​សម្រេចចិត្ត​ទិញ​ផលិត​អ្វីមួយ។

    សូមបញ្ជាក់ថា ឱសថ ឬ​ផលិតផល​បំប៉ន​សុខភាព​គឺជា​កាំ​បិតមុខ​ពីរ ហើយ​ពួកវា​ក៏​អាចជា​របស់​ក្លែងក្លាយ​ក៏​ថា​បាន បើសិន​ជាមាន​លេខ​បញ្ជិកា​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល។ ដូច្នេះ ដើម្បី​ការពារ​សុវត្ថិភាព​សុខភាព អ្នកប្រើប្រាស់​ចាំបាច់​ត្រូវតែ​ស្គាល់​ថា ឱសថ ឬ​ថ្នាំ​បំប៉ន​ដែល​នឹង​ទិញយក​មកប្រើប្រាស់​នោះ គឺជា​របស់​ពិត ឬ​ក្លែងក្លាយ ចៀសវាង​ការប្រើប្រាស់​ផលិតផល​ខុសច្បាប់​ដែល​អាច​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព។ ដើម្បី​ច្បាស់​អំពី​ប្រការនេះ ក្រសួង​បាន​បញ្ជាក់ថា “ឱសថ​ដែល​ស្របច្បាប់​គឺមាន​លក្ខណ​ដូចតទៅ៖ ទីមួយ​គឺ ផ្នែក​ខាងលើ​មានឈ្មោះ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ និង​ទី​ពីរ​គឺ ផ្នែក​ខាងក្រោម​មាន​លេខ​បញ្ជិកា​ដូច​គំរូ​ដែលមាន​ភ្ជាប់​មកជា​មួយ”៕

    ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស​មួយចំនួន​ដែល​លក់​ក្នុង​បណ្ដាញ​សង្គម ត្រូវបាន​ក្រសួង​ហាមឃាត់​ជាបន្ទាន់

  • បង្គោល​លោហធាតុ​អាថ៌កំបាំង​មួយ​ផ្សេងទៀត បង្ហាញខ្លួន​នៅ​រូ​ម៉ា​នី ក្នុង​ខណៈ​បង្គោល​អាថ៌កំបាំង​នៅ​អាមេរិក​បាន​បាត់​ខ្លួន

    បង្គោល​លោហធាតុ​អាថ៌កំបាំង​មួយ​ផ្សេងទៀត បង្ហាញខ្លួន​នៅ​រូ​ម៉ា​នី ក្នុង​ខណៈ​បង្គោល​អាថ៌កំបាំង​នៅ​អាមេរិក​បាន​បាត់​ខ្លួន

    បង្គោល​លោហធាតុ​ដែល​មិនមាន​ម្ចាស់​មួយ​ផ្សេងទៀត ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ប្រទេស​រូ​ម៉ា​នី មុន​ការបាត់​ខ្លួនរ​បស់បង្គោល​លោហធាតុ​នៅ​សមុទ្រ​ខ្សាច់​អាមេរិក​មួយថ្ងៃ។

    កាលពី​ថ្ងៃទី 26វិច្ឆិកា បង្គោល​លោហធាតុ​ដែលមាន​រាង​ត្រីកោណ និង​រលើបរលោង​ថ្មី​មួយ ត្រូវបាន​ប្រទះឃើញ​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​បន្ទាយ Petrodava Dacian ដែលជា​ទីតាំង​បុរាណ​មួយ​នៅ​ទីក្រុង Piatra Neamt ប្រទេស​រូ​ម៉ា​នី។

    បង្គោល​នេះ​មាន​កម្ពស់​ជិត 4ម៉ែត្រ និង​មាន​ជ្រុង​មួយ​បែរ​ទៅរក​ភ្នំ Ceahlau ដែលជា​អច្ឆរិយវត្ថុ​ធម្មជាតិ​មួយ​ក្នុងចំណោម 7 របស់​ប្រទេស​រូ​ម៉ា​នី ដែល​ត្រូវបាន​ប្រជាជន​ក្នុង​តំបន់​ប្រសិទ្ធ​នាម​ថា​ជា​ភ្នំ​ទេព។ អាជ្ញាធរ​របស់​ប្រទេស​នេះ មិនទាន់​ដឹង​ច្បាស់​អំពី​ប្រភពរ​បស់បង្គោល​នេះ​នៅឡើយ។

    បង្គោលលោហធាតុអាថ៌កំបាំងមួយផ្សេងទៀត បង្ហាញខ្លួននៅរូម៉ានី ខណៈបង្គោលអាថ៌កំបាំងនៅអាមេរិកបានបាត់ខ្លួន

    ការប្រទះឃើញ​បង្គោល​លោហធាតុ​នៅ​រូ​ម៉ា​នី​នេះ បាន​កើតឡើង​នៅក្នុង​គ្រា​ដែល​បង្គោល​លោហធាតុ​អាថ៌កំបាំង​នៅក្នុង​រដ្ឋ Utah នៃ​សហរដ្ឋអាមេរិក បាន​បាត់​ខ្លួន ដោយ​ពុំទាន់​ដឹង​អំពី​មូលហេតុ។ បង្គោល​ដែលមាន​កម្ពស់​ប្រហែល 3.6ម៉ែត្រ​នេះ ត្រូវបាន​ក្រុមមន្ត្រី​នៅ Utah ប្រទះឃើញ​កាលពី​ថ្ងៃទី 18វិច្ឆិកា ពេល​កំពុង​ហោះហើរ​ដើម្បី​រាប់​សត្វ​ចៀម​ស្នែង​ធំ​នៅក្នុង​តំបន់។

    បង្គោលលោហធាតុអាថ៌កំបាំងមួយផ្សេងទៀត បង្ហាញខ្លួននៅរូម៉ានី ខណៈបង្គោលអាថ៌កំបាំងនៅអាមេរិកបានបាត់ខ្លួន
    បង្គោល​លោហ​ធាតុ​អាថ៌កំបាំង​នៅ​ប្រទេស​រូម៉ានី

    ក្រោយមក នៅ​ថ្ងៃទី 27វិច្ឆិកា បង្គោល​នេះ​ក៏​ស្រាប់តែ​បាន​បាត់​ខ្លួន​ពី​ទីតាំង​ដើម។ គេ​សង្ស័យថា វា​អាច​ត្រូវបាន​ជនណាម្នាក់​លួច​គាស់​យកទៅ​នៅពេល​យប់។

    មកដល់ពេលនេះ ពុំទាន់​មាន​អ្នកណាម្នាក់​ចេញមុខ​មក​អះអាងថា​ជា​ទ្រព្យ​របស់ខ្លួន​នៅឡើយ៕

    ប្រភព៖ New York Post

    >ប្រទះឃើញ​បង្គោល​លោហ​ធាតុ​ចម្លែក​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់! ​អាជ្ញា​ធរ​ថា ​“ទោះ​​អ្នក​ដាំ​មក​ពី​ពិភព​ផ្កាយ​ក៏​ដោយ​ វា​ជា​រឿង​ខុស​ច្បាប់ បើ​សិន​ជា​ធ្វើ​ឡើង​នៅ​ទី​សាធារណៈ”

  • មេបញ្ជាការ​ជាន់​ខ្ពស់​ម្នាក់​​នៃ​​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ត្រូវបាន​បាញ់សម្លាប់​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក

    មេបញ្ជាការ​ជាន់​ខ្ពស់​ម្នាក់​​នៃ​​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ត្រូវបាន​បាញ់សម្លាប់​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក

    Muslim Shahdan មេបញ្ជាការ​ជាន់ខ្ពស់រ​បស់​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​បាត់​បង់ជីវិត​នៅ​ក្នុងករណី​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ក្នុង​តំបន់​ព្រំដែន​ស៊ី​រី។

    ប្រភពពី​កងសន្តិសុខ​អ៊ីរ៉ាក់​បានឱ្យដឹងថា ករណី​វាយប្រហារ​សំដៅលើ​ក្បួន​រថយន្ត​ដែលមាន​ដឹក Shahdan បានកើត​ឡើង​នៅ​យប់​ថ្ងៃទី 28វិច្ឆិកា ឬ​ទៀបភ្លឺ​ថ្ងៃទី 29វិច្ឆិកា បានសម្លាប់​មេបញ្ជាការ​នៃ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ (IRGC) រួម​នឹង​មនុស្ស 3នាក់​ផ្សេងទៀត​ដែល​រួម​ដំណើរ​ជាមួយ​លោក។

    មន្ត្រី​សន្តិសុខ​អ៊ីរ៉ាក់ 2នាក់​ផ្សេងទៀត​បាន​និយាយថា ក្បួន​រថយន្ត​របស់ Shahdan មាន​ដឹក​អាវុធ និង​ត្រូវបាន​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) បាញ់ប្រហារភ្លាមៗក្រោយពី​បាន​ឆ្លង​ពី​ព្រំដែន​អ៊ីរ៉ាក់ ចូលដល់​ទឹកដី​ស៊ី​រី។ ករណីនេះ​មិនទាន់មាន​ភាគី​ណាមួយ​ចេញមុខ​មក​ទទួលខុស​ត្រូវ​នៅឡើយ។

    ករណីនេះ​បាន​កើតមានឡើង បន្ទាប់ពី​អ្នកជំនាញ​ខាង​នុយ​ក្លេ​អែរ​ដ៏​កំពូល​របស់​អ៊ីរ៉ង់ លោក Mohsen Fakhrizadeh ត្រូវបាន​ធ្វើឃាត​កាលពី​ថ្ងៃទី 27វិច្ឆិកា។ ការធ្វើឃាត​នេះ ត្រូវបាន​អ៊ីរ៉ង់​ចោទថា ជា​ស្នាដៃ​របស់​ប្រទេស​អ៊ីស្រាអែល។

    ចំណែក​អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក​វិញ បាន​ចោទ​អ៊ីរ៉ង់ រួម​នឹង​ក្រុម​ទាហាន​ដែល​ប្រទេស​គាំទ្រ​ថា បាន​ព្យាយាម​ដឹក​អាវុធ​ខុសច្បាប់​ពី​ប្រទេស​អ៊ីរ៉ាក់ ទៅកាន់​ប្រទេស​ស៊ី​រី និង​លី​បង់។ អាវុធ​ទាំងនោះ ក្រោយមក​នឹងត្រូវ​បាន​ក្រុម​ទាហាន​ប្រើប្រាស់​ដើម្បី​ប្រឆាំងនឹង​អ៊ីស្រាអែល។

    ឧ​ត្ត​ម​សេនី Aviv Kochavi មេបញ្ជាការ​កងទ័ព​ការពារជាតិ​អ៊ីស្រាអែល (IDF) បាន​អះអាងថា ប្រទេស​នេះ​មិន​បោះបង់​យុទ្ធនាការ​ទប់ស្កាត់​កង​ទាហាន​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ធ្វើ​សកម្មភាព​ស្វែងរក​កន្លែង​ឈរជើង​នៅ​ស៊ី​រី​ឡើយ៕

    ប្រភព៖ Time of Israel

  • អ្នកស្លាប់​ដោយសារ Covid-19 កើន​ដល់​ជិត 1.5លាន​នាក់ នៅ​ទូទាំង​ពិភពលោក! WHO ថា​នឹង​រកឱ្យឃើញ​ប្រភព​របស់​វីរុស​នេះ

    អ្នកស្លាប់​ដោយសារ Covid-19 កើន​ដល់​ជិត 1.5លាន​នាក់ នៅ​ទូទាំង​ពិភពលោក! WHO ថា​នឹង​រកឱ្យឃើញ​ប្រភព​របស់​វីរុស​នេះ

    ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ឡើងដល់ 63,584,784នាក់ ក្នុងនោះ​អ្នក​ដែល​បាន​បាត់​បង់ជីវិត​ មាន​ចំនួន​ 1,473,741​នាក់​​ និង 43,980,097នាក់​ផ្សេង​ទៀត​​​បានជា​សះស្បើយ ខណៈដែល​អង្គការ​សុខ​ភាព​​ពិភព​លោក​​បាន​សន្យាថា នឹង “ធ្វើ​គ្រប់យ៉ាង” ដើម្បី​ស្វែងរក​ប្រភព​របស់​វីរុស​នេះ។

    សហរដ្ឋអាមេរិក​នៅតែ​ជា​សម្បុក​វីរុស​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយបាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ចំនួន 13,919,870នាក់ និង​អ្នកស្លាប់​ចំនួន 274,332នាក់។

    បន្ទាប់ពី​សហរដ្ឋអាមេរិក ក៏​នៅមាន​ប្រទេស​ចំនួន 11ផ្សេងទៀត​ដែលមាន​អ្នកជំងឺ Covid-19 លើសពី 1លាន​នាក់ រួមមាន៖ ឥណ្ឌា ប្រេ​ស៊ី​ល រុស្ស៊ី បារាំង អេ​ស្ប៉ា​ញ អង់គ្លេស អ៊ីតាលី អា​ហ្ស​ង់​ទីន កូ​ឡុំ​ប៊ី ម៉ិ​ក​ស៊ិ​ក និង​អាល្លឺម៉ង់។

    ចំណែក​ប្រទេស​ដែលមាន​អ្នកស្លាប់​លើសពី 1សែន​នាក់​ដោយសារ​វីរុស​នេះ មាន​ចំនួន 4ប្រទេស រួមមាន សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល ឥណ្ឌា និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក។

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អះអាងថា​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​រកឱ្យឃើញ​ប្រភព​នៃ​សត្វ​ដែល​បាន​ចម្លង​វីរុស Covid-19 មក​មនុស្ស។ លោក​ថ្លែងថា ការយល់ដឹង​អំពី​វា គឺជា​គន្លឹះ​ដើម្បី​ទប់ស្កាត់​រោគរាតត្បាត​នៅ​ថ្ងៃ​អនាគត។ ក្រៅពីនេះ លោក Tedros ក៏បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី បញ្ឈប់​ការ​លាប​ពណ៌​គ្នា ឬ​ការចោទប្រកាន់​ទៅលើ​ការដែល WHO ស្វែងរក​ជំនួយ​ពី​ចិន​ដើម្បី​ស៊ើបអង្កេត​លើ​ប្រភព Covid-19៕

    ប្រភព៖ Reuters, Worldometers