Author: សឿន សំណាង

  • រដ្ឋ California ដាក់​បម្រាម​គោចរ​លើ​មនុស្ស​ជាង 20លាន​នាក់

    រដ្ឋ California ដាក់​បម្រាម​គោចរ​លើ​មនុស្ស​ជាង 20លាន​នាក់

    ក្រុមមន្ត្រី​នៃ​រដ្ឋ California សហរដ្ឋអាមេរិក បានចេញ​បម្រាម​គោចរ​យ៉ាង​តឹងរ៉ឹង​នៅ​តំបន់​ភាគខាងត្បូង​នៃ​រដ្ឋ​នេះ នៅក្នុង​គ្រា​ដែល​មន្ទីរពេទ្យ​នានា​កំពុង​ប្រឈម​នឹង​ការទទួល​អ្នកជំងឺ Covid-19 លើស​ចំណុះ។

    បម្រាម​គោចរ​នៅ​ភាគខាងត្បូង​រដ្ឋ California មាន​សុពលភាព​ចាប់ពី​ម៉ោង0 ថ្ងៃទី 7ធ្នូ (ម៉ោង 15 នៅ​ភ្នំពេញ) ដែល​ក្នុងនោះ ការិយាល័យ​ភាគច្រើន​ត្រូវបាន​តម្រូវឱ្យ​បិទទ្វារ ខណៈដែល​ពលរដ្ឋ​ក៏ត្រូវ​បាន​ហាម​មិនឱ្យ​ជួបជុំគ្នា។ ហាង​ស្រា និង​សេវាកម្ម​ថែទាំ​ឯកជន ដូចជា ហាង​ធ្វើ​សក់​ជាដើម ក៏ត្រូវ​បង្ខំ​ឱ្យ​បិទទ្វារ ស្រប​ពេលដែល​ភោជនីយដ្ឋាន​នៅតែ​ត្រូវបាន​អនុញ្ញាតឱ្យ​បន្ត​ដំណើរការ ក្នុង​លក្ខខណ្ឌ​មិន​អនុញ្ញាត​មាន​ភ្ញៀវ​ចូលមក​បរិភោគ​ក្នុង​ហាង ប៉ុន្តែ​អាច​ទិញយក​ទៅផ្ទះ ឬ​ភាគី​ហាង​ត្រូវ​ដឹកជញ្ជូន​ដល់ផ្ទះ។

    បម្រាម​គោចរ​នេះ ត្រូវបាន​វាយតម្លៃថា ពិតជា​មាន​ភាព​តឹងរ៉ឹង ប៉ុន្តែ វា​នៅតែ​មិនទាន់​ស្មើនឹង​វិធានការ​គម្លាត​សង្គម​កាលពី​ខែមីនា នៅពេលដែល​អាជ្ញាធរ​បាន​ហាម​ការធ្វើសកម្មភាព​នៅ​ខាងក្រៅ​ផ្ទះ ក្នុងនោះ ប្រជាជន​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​អង្គុយ​លើ​កៅអី​សាធារណៈ ឬ​ដើរ​ដោយ​ថ្មើរជើង។

    California កំពុងតែ​ឆ្លងកាត់​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19 ជា​លើក​ទី​បី ដោយមាន​ករណី​ឆ្លង​ថ្មី និង​ស្លាប់​ប្រចាំថ្ងៃ កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន។ តួលេខ​អ្នកស្លាប់​នៅក្នុង​រយៈពេល2ថ្ងៃ​នៃ​ចុង​សប្ដាហ៍​កន្លងទៅ គឺ 113នាក់ ខណៈដែល​ករណី​ឆ្លង​ថ្មី​នៅក្នុង​ថ្ងៃទី5ធ្នូ មាន​ដល់​ទៅ 30,075នាក់។ គិត​មកដល់​បច្ចុប្បន្ន រដ្ឋ California បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​សរុប ជាង 1.3លាន​នាក់ និង​អ្នកស្លាប់​ជិត 20,000នាក់ ខណៈដែល​នៅ​ទូទាំង​សហរដ្ឋអាមេរិក មនុស្ស​ចំនួន​ជាង 15លាន​នាក់​ត្រូវបាន​គេ​រកឃើញថា បាន​ឆ្លង​វីរុស Covid-19 ក្នុងនោះ​មាន​ជាង 290,440នាក់​បាន​បាត់​បង់ជីវិត៕

    ប្រភព៖ AFP, Worldometers

  • កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ចំនួន2នាក់​បន្ថែមទៀត ទាក់ទង​នឹង​ការឆ្លង​ក្នុង​សហគមន៍

    កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ចំនួន2នាក់​បន្ថែមទៀត ទាក់ទង​នឹង​ការឆ្លង​ក្នុង​សហគមន៍

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 8ធ្នូ 2020 នេះ បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 2ករណី​បន្ថែមទៀត ដែលនាំឱ្យ​តួលេខ​នៃ​អ្នក​បាន​ឆ្លង​វីរុស​នេះ​កើន​ដល់ 350នាក់។

    អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 2នាក់​នេះ រួមមាន៖ ទីមួយគឺ បុរស​ជនជាតិខ្មែរ ឈ្មោះ ស្រៀ​ន គីម​ស្រ៊ុន អាយុ22ឆ្នាំ ស្នាក់នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ជា​អ្នកពាក់ព័ន្ធ​នឹង​ហាង Zendo បឹង​កេងកង។ ទី​ពីរគឺ​ ស្ត្រីជន​ជាតិ​ខ្មែរ ឈ្មោះ អៀម ធីតា អាយុ 35ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ភ្នំពេញ ជា​អ្នកពាក់ព័ន្ធ​នឹង​ហាង Pedro។

    ក្រៅពី​ករណី​វិជ្ជមាន​ខាងលើ ក្រសួងសុខាភិបាល​ក៏បាន​ឱ្យដឹងថា មាន​ករណី​ជាសះស្បើយ​ចំនួន1នាក់​ផងដែរ ដែលជា​ស្ត្រីជន​ជាតិខ្មែរ-អាមេរិកាំង ឈ្មោះ​ ឈួយ សារូ អាយុ 45​ឆ្នាំ ស្នាក់​នៅ​ទីក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន។

    គិត​មក​ដល់ថ្ងៃទី 8​ធ្នូ​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​ Covid-19 សរុប​ចំនួន 350​នាក់ ក្នុង​នោះ​មាន​ 307​នាក់​បាន​ជាសះស្បើយ និង​ 43​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត និង​មណ្ឌលសុខភាព​ចាក់​អង្រែ​ នា​ទីក្រុង​ភ្នំពេញ​៕

  • CEO ដែលមាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​លំដាប់​ទី 5 ក្នុង​ពិភពលោក៖ គ្រប់គ្រង​ទំព័រ​ពាណិជ្ជកម្ម​សម្រាប់​សត្វ​សំណព្វ ដែលមាន​តម្លៃ 30ពាន់​លាន ទទួលបាន​ប្រាក់រង្វាន់​រាប់លាន​ដុល្លារ

    CEO ដែលមាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​លំដាប់​ទី 5 ក្នុង​ពិភពលោក៖ គ្រប់គ្រង​ទំព័រ​ពាណិជ្ជកម្ម​សម្រាប់​សត្វ​សំណព្វ ដែលមាន​តម្លៃ 30ពាន់​លាន ទទួលបាន​ប្រាក់រង្វាន់​រាប់លាន​ដុល្លារ

    នៅពេលដែល Chewy ត្រូវបាន​ដាក់ចូល​ផ្សារ​ហ៊ុន​ដំបូង (IPO) CEO Singh ទទួលបាន​រង្វាន់​ជា​មូល​ប​ត្រ​ដែលមាន​តម្លៃ​ដល់​ទៅ 139លាន​ដុល្លារ​អាមេរិក ហើយ​បើ​គិត​មកដល់​ការជួញដូរ​មូល​ប​ត្រ​ក្នុង​ថ្ងៃទី 16វិច្ឆិកា 2020 រង្វាន់​ជា​មូល​ប​ត្រ​នេះ​មានតម្លៃ​ឡើងដល់ 256លាន​ដុល្លារ​អាមេរិក។

    នៅក្នុង​បញ្ជី​ឈ្មោះ​ដែល​និយាយ​អំពី​នាយក​ប្រតិបត្តិ​ដែល​ទទួលបាន​ប្រាក់ខែ​ខ្ពស់បំផុត​របស់ Bloomberg គេ​ឃើញថា មហាសេដ្ឋី Elon Musk ឈរ​នៅលើ​លំដាប់​ទីមួយ ជាមួយនឹង​ក្រុមហ៊ុន Tesla។ បៀវត្សរ៍​ឆ្នាំ 2019 របស់​អ្នកជំនួញ​រូបនេះ បាន​កើន​ដល់ 600លាន​ដុល្លារ។ ឈរ​លំដាប់​ទី​ពីរ​គឺ Tim Cook របស់​ក្រុមហ៊ុន Apple ដោយ​ទទួលបាន​បៀវត្សរ៍ 134លាន​ដុល្លារ​ក្នុង 1ឆ្នាំ។ បន្ទាប់មក​គឺ CEO របស់ Intel, Alphabet (Google) ឬ Blackstone។

    ក៏ប៉ុន្តែ ប្រការ​ដែល​គួរឱ្យភ្ញាក់ផ្អើល នោះ​គឺ Sumit Singh ដែលជា CEO របស់​ក្រុមហ៊ុន​លក់​សម្ភារ​សម្រាប់​សត្វ​សំណព្វ Chewy ដោយ​ទទួលបាន​ប្រាក់បៀវត្សរ៍ 108.2លាន​ដុល្លារ​អាមេរិក។ គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ2020 Chewy បាន​លក់​សម្ភារ​សម្រាប់​សត្វ​សំណព្វ​ទៅឱ្យ​អតិថិជន​ចំនួន 13.5លាន​នាក់ កើន 27% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ក៏បាន​កើន 37% ឡើងដល់ 4.9ពាន់​លាន​ដុល្លារ។

    របាយការណ៍​របស់​ស​មា​គម​អ្នកធ្វើ​ជំនួញ​ជាមួយ​សត្វ​សំណព្វ​សហរដ្ឋអាមេរិក (APPA) បានឱ្យដឹងថា 2/3 នៃ​ចំនួន​គ្រួសារ​សរុប​របស់​ប្រទេស​នេះ មាន​សត្វ​ចិញ្ចឹម​សំណព្វ ហើយ​ពួកគេ​នឹង​ចំណាយ​យ៉ាងតិច 99ពាន់​លាន​ដុល្លារ​ដើម្បី​ថែទាំ​សត្វ​ចិញ្ចឹម​ទាំងនោះ​នៅក្នុងមួយឆ្នាំៗ ដែលជា​តួលេខ​មួយ​មិន​គួរឱ្យ​ជឿ។

    ចាប់តាំងពី Covid-19 បានបង្ហាញ​ខ្លួន តម្រូវការ​នៃ​ការទិញ​សម្ភារ​ទូទៅ​តាម​អន​ឡាយ ក្នុងនោះ​មាន​សម្ភារ​សម្រាប់​សត្វ​ចិញ្ចឹម​ជាដើម បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស។ ប្រការនេះ​បាន​ជួយ​ឱ្យ​ផ្សារ​អេឡិចត្រូនិក​ដូចជា Chewy ទទួលបាន​ផលប្រយោជន៍​ច្រើន។ ក្នុងអំឡុង​ចាប់ពី​ខែកុម្ភៈ ដល់​ខែកក្កដា ឆ្នាំ2020 Chewy រកបាន​អតិថិជន​ថ្មី​ច្រើនជាង​ឆ្នាំ2019។ តម្លៃ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​នេះ​ក៏បាន​កើន​ពី 30ដុល្លារ​នៅ​ដើមឆ្នាំ ឡើងដល់ 72ដុល្លារ/ហ៊ុន នៅក្នុង​ខែតុលា ឆ្នាំ2020។ តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន Chewy ក៏បាន​កើន​ដល់​ជិត 30ពាន់​លាន​
    zដុល្លារ​អាមេរិក។

    ចំណុចខ្លាំង​របស់ Chewy

    រាល់ពេល​ដែលមាន​ការ​ហៅ​ទូរស័ព្ទ​មកសុំ​ការប្រឹក្សា​យោបល់ គឺ​សុទ្ធ​តែមាន​បុគ្គលិក​ចាំ​ទទួល ដោយ​រង់ចាំ​មិន​ដល់ 6វិនាទី ខណៈ​សំបុត្រ​អេឡិចត្រូនិក (email) ក៏​ត្រូវបាន​ឆ្លើយតប​ក្នុង​រង្វង់1ម៉ោង។ ផលិតផល​ដែលមាន​កំហុស ក៏​សុទ្ធតែ​ត្រូវបាន​ប្ដូរ​ជំនួស ឬ​ទទួល​ត្រលប់​មកវិញ​ដោយ​មិនមាន​ការសួរនាំ​ច្រើន ឬ​ការ​តម្រូវឱ្យ​អតិថិជន​បង់ប្រាក់​អ្វីមួយ​ឡើយ។

    ជាង​នេះ សត្វ​សំណព្វ​របស់​អតិថិជន នឹង​ទទួលបាន​សំបុត្រ​ជូនពរ​ថ្ងៃកំណើត និង​កម្រងផ្កា​ពេល​លាចាក​លោក​ទៀតផង។ អតិថិជន​ខ្លះ​ថែមទាំង​ទទួលបាន​រូបគំនូរ​ពេញលេញ​របស់​សត្វ​សំណព្វ​របស់ខ្លួន​ប្រកបដោយ​ការភ្ញាក់ផ្អើល​ពី​ក្រុមហ៊ុន Chewy ផងដែរ។

    ដើមឆ្នាំ 2012 ប្រាក់ចំណូល​ប្រចាំខែ​របស់ Chewy បានត្រឹមតែ 1លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​តួលេខ​នេះ​បាន​កើន​ដល់​ជាង 10លាន​ដុល្លារ នៅក្នុង​រយៈពេល 2ឆ្នាំ​បន្ទាប់។

    Chewy បន្ត​ខ្ចីប្រាក់​ដើម្បី​ពង្រីក​សកម្មភាព​ពាណិជ្ជ​កម្ម​របស់ខ្លួន ហើយ​យុទ្ធសាស្ត្រ​របស់​ពួកគេ នោះ​គឺ ពង្រីក​ឥទ្ធិពល​កាន់តែ​ធំ កាន់តែ​ល្អ ដើម្បី​ទប់ទល់​នឹង Amazon។ ឆ្នាំ 2016 ប្រាក់ចំណូល​របស់ Chewy កើន​ដល់ 900លាន​ដុល្លារ។ ឆ្នាំ 2017 ក្រុមហ៊ុន​នេះ មាន​បុគ្គលិក​ដល់​ទៅ 10,000នាក់។

    មហិច្ឆតា​ធំ​របស់ CEO Singh

    ពេល​ចូលធ្វើ​ការឱ្យ Chewy កាលពី​ឆ្នាំ 2017 CEO Singh គឺជា​មនុស្ស​ម្នាក់​ដែល​មិនទាន់បាន​យល់ដឹង​អ្វី​សោះ​អំពី​ពាណិជ្ជកម្ម​របស់ Chewy ព្រោះថា លោក​រៀន​ផ្នែក​បច្ចេកវិទ្យា និង​ធ្វើ​ការឱ្យ​ក្រុមហ៊ុន Dell និង Amazon អស់​រយៈពេល 10ឆ្នាំ។ ប៉ុន្តែ ក្រុមប្រឹក្សាភិបាល​របស់ Chewy នៅតែ​សម្រេច​ទទួលយក Singh មកកាន់​តំណែង​ជា​អ្នកគ្រប់គ្រង។

    ភ្លាមនោះ CEO Singh ក៏​ប្រញាប់​កែលម្អ​បណ្ដាញ​ផ្គត់ផ្គង់ ប្រព័ន្ធ​ដំណោះស្រាយ ក៏ដូចជា​ការសម្រួល​រូ​មន្ត​ពាណិជ្ជកម្ម​របស់ Chewy។ ផលិតផល​របស់​ក្រុមហ៊ុន បាន​កើន​ឡើងដល់ 67,000ប្រភេទ។ លោក Singh ក៏បាន​ជំទាស់​ទៅនឹង​ការយក​តម្រាប​តាម Amazon នៅពេល​ពង្រីក​វិសាលភាព​របស់ខ្លួន​តាមតែ​ចិត្ត។ ជំនួស​មកវិញ លោក​បានដាក់​ចេញ​នូវ​ផែនការ​ជាក់លាក់​ជាង​មុន។

    ជាមួយនឹង​បទពិសោធន៍​របស់ខ្លួន លោក Singh បាន​ស្នើឱ្យ​បុគ្គលិក​ធ្វើ​បទ​បង្ហាញ​ដោយផ្ទាល់​មាត់​នូវ​គំនិត និង​លទ្ធផល​នៃ​ការបំពេញ​ការងារ​រប​ស់​ខ្លួន ជំនួស​ឱ្យ​របាយការណ៍​នៅលើ Power Point។ ជំនួស​ឱ្យ​ការពង្រីក​សាខា CEO Singh បាន​ផ្ដោតទៅលើ​មជ្ឈមណ្ឌល​ដោះស្រាយ​ទិន្នន័យ និង​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការទទួល​ការបញ្ជាទិញ ការចែក​ចាយ រួម​នឹង​ការថែទាំ​អតិថិជន។

    លោក Singh តែងតែ​កោះប្រជុំ និង​ស្នើ​ឱ្យមាន​ការជជែក​តតាំង​គ្នា​ដោយ​មិន​ប្រកាន់​ឋានៈ ដើម្បី​ទទួល​មតិ​ពី​បុគ្គលិក​គ្រប់​ជាន់ថ្នាក់។ Singh ក៏បាន​បញ្ជូន​ថាមពល​ថ្មី​ដល់​ក្រុម​បុគ្គលិក​របស់ខ្លួន នៅពេលដែល​លោក​ចង់​ប្រែក្លាយ Chewy ពី​គេហទំព័រ​លក់​សត្វ​សំណព្វ​ទៅជា​ក្រុមហ៊ុន​យក្ស​ដែលមាន​ទុន​រាប់ពាន់​លាន​ដុល្លារ។

    អតីត​ប្រធាន​ផ្នែក​ទីផ្សារ Andrea Wolfe របស់ Chewy បានឱ្យដឹងថា៖ «យើងទាំងអស់គ្នា​សុទ្ធតែ​ដឹងថា ខ្លួន​គ្រាន់តែ​លក់​សម្ភារ​សម្រាប់​សត្វ​ចិញ្ចឹម​ប៉ុណ្ណោះ ប៉ុន្តែ CEO Singh បានធ្វើឱ្យ​គ្រប់គ្នា​ដឹងខ្លួន​ថា កំពុងតែ​បង្កើត​នូវ​អ្វីដែល​ធំធេង​ជាង​នេះ និង​ខុសប្លែក​សម្រាប់​ជីវិត​របស់​សត្វ​សំណព្វ ក៏ដូចជា​ម្ចាស់​របស់​ពួកវា»។

    នៅពេលដែល Chewy ត្រូវបាន​ដាក់ចូល​ផ្សារ​ហ៊ុន​ដំបូង (IPO) CEO Singh ទទួលបាន​រង្វាន់​ជា​មូល​ប​ត្រ​ដែលមាន​តម្លៃ​ដល់​ទៅ 139លាន​ដុល្លារ​អាមេរិក ហើយ​បើ​គិត​មកដល់​ការជួញដូរ​មូល​ប​ត្រ​ក្នុង​ថ្ងៃទី 16វិច្ឆិកា ឆ្នាំ2020 រង្វាន់​ជា​មូល​ប​ត្រ​នេះ​មានតម្លៃ​ឡើងដល់ 256លាន​ដុល្លារ​អាមេរិក។

    តាម​ការ​ព្យាករ ប្រាក់ចំណូល​របស់ Chewy អាច​កើន​ដល់ 7ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំសារពើពន្ធ 2020 កើន​ជាង 40% ធៀប​នឹង​ឆ្នាំមុន។ ប្រការ​ដែល​គួរ​និយាយ នោះ​គឺ ក្រោម​ការកែលម្អ​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ជំនាន់​របស់ CEO Singh ក្រុមហ៊ុន Chewy កាត់បន្ថយ​ការ​ចំណាយបាន​យ៉ាងច្រើន​ទៅលើ​ការគ្រប់គ្រង ក៏ដូចជា​ការធ្វើ​ទីផ្សារ។ ការ​ព្យាករ​នានា​បាន​បង្ហាញថា ប្រាក់ចំណេញ​ក្នុង​ឆ្នាំសារពើពន្ធ2020 របស់ Chewy អាច​កើន​ដល់ 20.4លាន​ដុល្លារ​អាមេរិក៕

    ប្រភព៖ Bloomberg/Businesswire

  • បង្គោល​លោហធាតុ​អាថ៌កំបាំង​ទី​បួន ត្រូវបាន​ប្រទះឃើញ​នៅ​អង់គ្លេស

    បង្គោល​លោហធាតុ​អាថ៌កំបាំង​ទី​បួន ត្រូវបាន​ប្រទះឃើញ​នៅ​អង់គ្លេស

    បង្គោល​លោហធាតុ​អាថ៌កំបាំង​ទី​បួន ដែល​ប្រហាក់ប្រហែល​នឹង​បណ្ដា​បង្គោល​លោហធាតុមុនៗ ត្រូវបាន​ប្រជាជន​ក្នុង​តំបន់​ប្រទះឃើញ​នៅលើ​កោះ​ភាគខាងត្បូង​ប្រទេស​អង់គ្លេស។

    Tom Dunford អាយុ 29ឆ្នាំ បាន​ប្រទះឃើញ​បង្គោល​លោហធាតុ​មួយពេល​កំពុង​នាំ​អនាគត​ភរិយា និង​ប្អូនស្រី​ដើរលេង​តាម​ឆ្នេរសមុទ្រ Compton នៃ​កោះ Wight កាលពី​ព្រឹក​ថ្ងៃទី 6ធ្នូ។ Dunford និយាយថា៖ «ខ្ញុំ​បានដឹង​អំពី​ព័ត៌មាន​ទាំងឡាយ​ទាក់ទង​នឹង​បង្គោល​លោហធាតុ​កាលពីពេលថ្មីៗនេះ ដូច្នេះ ខ្ញុំ​ស្គា​ល់វា​ច្បាស់»។

    យោងតាម Dunford បង្គោល​លោហធាតុ​នេះ មានមុខ​បី កម្ពស់​ប្រហែល 3ម៉ែត្រ និង​មាន​ភ្លឺរលោង ប្រហាក់ប្រហែល​នឹង​បង្គោល​លោហធាតុ​ដែល​ត្រូវបាន​ប្រទះឃើញ​នៅ​សហរដ្ឋអាមេរិក និង​រូ​ម៉ា​នី​មុននេះ។

    ក្រោយពី​ដំណឹង​ខាងលើ​បាន​លេចឮ ភ្លាមនោះ ប្រជាជន​ក្នុង​តំបន់​ក៏​នាំគ្នា​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​បានឃើញ​ផ្ទាល់​នឹង​ភ្នែក។

    Dunford និយាយថា៖ «អ្នក​ដែល​បានដាក់​បង្គោល​លោហធាតុ​នៅ​ទីនោះ ដឹងថា ពួកគេ​កំពុង​ធ្វើ​អ្វី។ ប្រហែល​ជាមាន​អ្នកណាម្នាក់​កំពុងតែ​លេងល្បែង​បញ្ឆោត​លក្ខណ​ជាក់ស្ដែង»។

    បណ្ដា​បង្គោល​លោហធាតុ​ដ៏​អាថ៌កំបាំង បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ទូទាំង​ពិភពលោក ក្រោយពី​វា​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ​សមុទ្រ​ខ្សាច់​មួយ​ក្នុង​រដ្ឋ Utah សហរដ្ឋអាមេរិក និង​នៅលើ​ភ្នំ​មួយ​ក្នុងប្រទេស​រូ​ម៉ា​នី ហើយថ្មីៗនេះ​ទៀត គឺ​នៅលើ​កំពូលភ្នំ​មួយ​ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក។

    ការបង្ហាញ​ខ្លួន​របស់​ពួកវា (បង្គោល​លោហធាតុ) នាំឱ្យមាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​អំពី​ប្រភព​របស់​វា ក្នុងនោះ​មាន​អ្នកខ្លះ​ជឿថា វា​អាចជា​ឧបករណ៍​វិទ្យាសាស្ត្រ​រប​ស់មនុស្ស​ពិភព​ផ្កាយ​ដទៃ ខណៈដែល​អ្នកខ្លះ​ថា ជាការ​លេងសើច ឬ​ជា​ស្នាដៃ​សិល្បៈ​របស់​មនុស្ស​មួយក្រុម។ល។

    >បង្គោល​លោហធាតុ​អាថ៌កំបាំង​នៅ​រូ​ម៉ា​នី បាន​បាត់​ខ្លួន​ដែរ​ហើយ! ប្រជាជន​ក្នុង​តំបន់ អះអាងថា មាន​ពន្លឺ​ចម្លែក​នៅត្រង់​ទីតាំង​នៃ​បង្គោល​នោះ

    >ប្រទះឃើញ​បង្គោល​លោហ​ធាតុ​ចម្លែក​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់! ​អាជ្ញា​ធរ​ថា ​“ទោះ​​អ្នក​ដាំ​មក​ពី​ពិភព​ផ្កាយ​ក៏​ដោយ​ វា​ជា​រឿង​ខុស​ច្បាប់ បើ​សិន​ជា​ធ្វើ​ឡើង​នៅ​ទី​សាធារណៈ”

    ប្រភព៖ NY Post

  • SpaceX បាញ់​បង្ហោះ​យាន​ដឹកទំនិញ​ជិត 3,000គីឡូក្រាម​ឡើងទៅ​កាន់ ISS

    SpaceX បាញ់​បង្ហោះ​យាន​ដឹកទំនិញ​ជិត 3,000គីឡូក្រាម​ឡើងទៅ​កាន់ ISS

    រ៉ុ​ក​កែ​ត​ពីរ​ជាន់ Falcon 9 ដែលមាន​ភ្ជាប់​យានអវកាស Dragon បាន​ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​អវកាស Kennedy រដ្ឋ Florida នៃ​សហរដ្ឋអាមេរិក នៅវេលា​ម៉ោង 11និង17នាទី ថ្ងៃទី 6ធ្នូ ឆ្នាំ2020។

    ក្រុមហ៊ុន SpaceX ធ្វើការ​ដឹកជញ្ជូន​ទំនិញ​ឱ្យ​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) លើក​ទី 21 ដោយ​ជោគជ័យ។ នេះ​គឺជា​ការបាញ់​បង្ហោះ​លើក​ទី 24 របស់ SpaceX នៅក្នុង​ឆ្នាំនេះ ហើយ​វា​ក៏​ជាការ​បាញ់​បង្ហោះ​លើក​ទី 101 របស់​រ៉ុ​ក​កែ​ត Falcon 9 ផងដែរ។ បញ្ហា​អាកាសធាតុ​បាន​បណ្ដាលឱ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​ពន្យារពេល​បាញ់​បង្ហោះ​មួយថ្ងៃ​ធៀប​នឹង​កាលបរិច្ឆេទ​ដំបូង។

    ប្រហែលជា 9នាទី​បន្ទាប់ពី​បាន​បាញ់​បង្ហោះ ជាន់​ទីមួយ​របស់​រ៉ុ​ក​កែ​ត Falcon 9 ដែលមាន​ឈ្មោះថា B1058 បាន​ត្រលប់​មកកាន់​ផែនដី និង​ចុះចត​នៅលើ​ស្រឡាង “Of Course I Still Love You” របស់ SpaceX ដែល​ស្ថិតនៅលើ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក។ ដូច្នេះ B1058 ត្រូវបាន​ប្រើប្រាស់​ជា​លើក​ទី4 ដោយ​សុវត្ថិភាព។ មុននេះ B1058 ក៏​ធ្លាប់​ចូលរួម​ក្នុង​បេសកកម្ម Demo-2 ដែល​នាំយក​អវកាស​ចរ 2រូប ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ការបាញ់​បង្ហោះ​ផ្កាយរណប​ព័ត៌មាន​របស់​កងទ័ព​កូរ៉េខាងត្បូង និង​ការបាញ់​បង្ហោះ​ផ្កាយរណប Starlink របស់ SpaceX ផងដែរ។

    នៅក្នុង​ភារកិច្ច​ថ្មី​នេះ យាន Dragon បាន​នាំយក​ទំនិញ 2,903គីឡូក្រាម​ទៅកាន់​ស្ថានីយ ISS។ ទំនិញ​ទាំងនេះ រួមមាន ឧបករណ៍​វិទ្យាសាស្ត្រ និង​សម្ភារ​មួយចំនួន​សម្រាប់​រដូវ​បុណ្យ​ណូអែល។

    យាន Dragon នឹង​ត​ភ្ជាប់​ជាមួយ​ស្ថានីយ ISS ក្រោយពី​បាន​បាញ់​បង្ហោះ​ជាង 24ម៉ោង។ ខណៈនោះ គឺជា​លើកដំបូង​ហើយ​ដែល ISS នឹង​ត​ភ្ជាប់​ជាមួយនឹង​យានអវកាស Dragon ចំនួន 2 ក្នុងពេល​តែមួយ។ ក្រៅពីនេះ​ក៏​នៅមាន Crew Dragon Resilience ដែលជា​យាន​ដឹក​អ្នក​អវកាស 4រូប ឡើងទៅ​កាន់ ISS កាលពី​ថ្ងៃទី 15វិច្ឆិកា។

    នៅពេល​ត្រលប់​មកកាន់​ផែនដី យាន Dragon នឹង​ចុះចត​លើ​ស្រឡាង​ដែល​ស្ថិតនៅលើ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ជំនួស​ឱ្យ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​សម្រាប់​ក្រុមការងារ​របស់ SpaceX៕

    ប្រភព៖ Space

  • ជំងឺ​ចម្លែក​បណ្ដាលឱ្យ​ពលរដ្ឋ​ឥណ្ឌា​ច្រើន​នាក់​ត្រូវ​ប្រកាច់​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​ករណី​ស្លាប់​ផងដែរ!

    ជំងឺ​ចម្លែក​បណ្ដាលឱ្យ​ពលរដ្ឋ​ឥណ្ឌា​ច្រើន​នាក់​ត្រូវ​ប្រកាច់​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​ករណី​ស្លាប់​ផងដែរ!

    មនុស្សម្នា​ក់បាន​ស្លាប់ និង​យ៉ាងតិច 292នាក់​ផ្សេងទៀត​ត្រូវ​ចូល​ពេទ្យ ព្រោះ​តែមាន​អាការ​ប្រកាច់​ដ៏​ចម្លែក នៅក្នុង​តំបន់​ភាគ​អាគ្នេយ៍៍​នៃ​ប្រទេស​ឥណ្ឌា ខណៈដែល​សារព័ត៌មាន​នានា​បាន​ព្រមាន​អំពី «ជំងឺ​អាថ៌កំបាំង» ថ្មី។

    ជំងឺ​ចម្លែក​ដែលមាន​អាការ​ដូច​ទៅនឹង​ជំងឺឆ្កួតជ្រូក​នេះ បាន​ឆ្លង​រាលដាល​នៅ​ទីក្រុង Eluru រដ្ឋ Andhra Pradesh ភាគ​អាគ្នេយ៍​ប្រទេស​ឥណ្ឌា បណ្ដាលឱ្យ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ​បាត់បង់​ស្មារតីភ្លាមៗ ក្រោយពី​មាន​អាការ​ប្រកាច់ បែកពពុះមាត់ និង​ក្អួតចង្អោរ។

    មនុស្ស​យ៉ាងហោចណាស់ 292នាក់​ត្រូវ​ចូល​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព បន្ទាប់ពី​មាន​អាការ​ដូចខាងលើ ហើយ​ភាគច្រើន​នៃ​ពួកគេ ត្រូវ​បានឱ្យ​ចេញពី​មន្ទីរពេទ្យ ក្រោយ​សុខភាព​បានល្អ​ប្រសើរឡើង​វិញ ប៉ុន្តែ មាន​បុរស​វ័យ 45ឆ្នាំ​ម្នា​ក់បាន​បាត់បង់​ជីវិត​នៅ​ថ្ងៃទី 6ធ្នូ នៅ​មន្ទីរពេទ្យ Eluru។

    ក្រុម​វេជ្ជបណ្ឌិត មិនអាច​រកឃើញ​មូលហេតុ​របស់​អាការ​ដូ​ច​បាន​រៀបរាប់​ខាងលើ​ទេ ព្រោះថា ការធ្វើ​តេស្ត​ឈាម ការ​ស្កេ​ន​ខួរក្បាល និង​ខួរឆ្អឹងខ្នង សុទ្ធតែ​មិនបាន​រកឃើញ​អ្វី​ខុស​ប្រក្រតី។ សូមបញ្ជាក់ថា អ្នកជំងឺ​ទាំងអស់​សុទ្ធតែ​អវិជ្ជមាន​នឹង Covid-19។

    សារព័ត៌មាន​ឥណ្ឌា ដកស្រង់​សម្ដី​របស់​បុគ្គលិក​សុខាភិបាល​បានឱ្យដឹងថា ពួកគេ​មានការ​ព្រួយបារម្ភ​ខ្លាំង ដោយសារតែ​ក្រុម​អ្នកជំងឺ​ដែលមាន​អាការ​ដូចខាងលើ មិនមាន​ជាប់ទាក់ទង​អ្វី​ជាមួយគ្នា​តាមរយៈ​វិធី​ណាមួយ​ឡើយ ឧទាហរណ៍​ដូចជា ពួកគេ​ជា​អ្នក​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​មួយ​ជាមួយគ្នា​ជាដើម។ អ្នកជំងឺ​ភាគច្រើន​គឺជា​មនុស្ស​ចាស់ និង​កុមារ។

    ក្រុម​អ្នកជំនាញ​ផ្នែក​សុខាភិបាល​កំពុងតែធ្វើកា​រ​ស្រាវជ្រាវ​ទៅលើ​ផ្នែក​ជាច្រើន រួមមាន​ទាំង​លទ្ធភាព​នៃ​ការពុល​ខ្យល់ ឬ​ទឹកដោះគោ​មាន​ផ្ទុកមេរោគ​ជាដើម។ ព័ត៌មាន​មួយចំនួន​ជឿថា នេះ​គឺជា​អា​ការដែល​កើតឡើង​ពី​ភាព​ស្លន់ស្លោ​តាម​គ្នា។

    ក្រុមមន្ត្រី​នៅក្នុង​រដ្ឋ Andhra Pradesh បានធ្វើការ​ពិនិត្យ​ទៅលើ​សំណាក​ទឹកជា​ច្រើន​កន្លែង​នៅក្នុង​តំបន់​ដែល​អ្នកជំងឺ​រស់នៅ ប៉ុន្តែ​មិនបាន​រកឃើញ​សារធាតុពុល និង​កខ្វក់​នោះដែរ។

    វេជ្ជបណ្ឌិត Suhasini មកពី​ការិយាល័យ​សុខាភិបាល​ស្រុក Krishna នៃ​រដ្ឋ Andhra Pradesh ថ្លែងថា៖ «យើង​កំពុង​តាមដាន​សុខភាព​របស់​អ្នកជំងឺ​នៅ​តំបន់ Eluru។ ក្នុងការ​ធ្វើការ​រយៈពេល 25ឆ្នាំ​មកនេះ ខ្ញុំ​មិន​ធ្លាប់​បានឃើញ​ករណីបែបនេះ​ទេ»៕

    ប្រភព៖ Sputnik News

  • រដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី​ត្រូវ​ចាប់ខ្លួន​​ជា​មួយ​នឹង​​ប្រាក់​​ពុករលួយ​ពី​ជំនួយ Covid-19 រាប់ពាន់​លាន​រូពៀ

    រដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី​ត្រូវ​ចាប់ខ្លួន​​ជា​មួយ​នឹង​​ប្រាក់​​ពុករលួយ​ពី​ជំនួយ Covid-19 រាប់ពាន់​លាន​រូពៀ

    អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​ឥណ្ឌូនេស៊ី (KPK) កាលពី​ថ្ងៃទី 6ធ្នូ បាន​ចាប់ខ្លួន​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច Juliari Batubara ជាមួយនឹង​ប្រាក់​ពុករលួយ​យ៉ាងតិច 1.2លាន​ដុល្លារ បន្ទាប់ពី​មន្ត្រី​រូបនេះ​បានចេញ​សារភាព។

    យោងតាម BBC លោក Juliari Batbara ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជនសង្ស័យ ក្រោយពី KPK រឹបអូស​វ៉ា​លី សា​កាដូ និង​ស្រោមសំបុត្រ​ដែលមាន​ប្រាក់​សរុប​ឡើងដល់ 17ពាន់​លាន​រួ​ពៀ (ប្រហែល 1.2លាន​ដុល្លារ​អាមេរិក) កាលពី​ថ្ងៃទី 5ធ្នូ។ រហូតដល់​ថ្ងៃទី 6ធ្នូ លោក Batubara ក៏​បានចេញ​សារភាព។

    សេចក្ដីប្រកាស​ព័ត៌មាន​របស់ KPK ឱ្យដឹងថា លោក Batubara ត្រូវបាន​ចោទប្រកាន់ថា បានទទួល​សំណូក​យ៉ាងតិច 1.2លាន​ដុល្លារ​អាមេរិក​ពី​អ្នកម៉ៅការ 2រូប​ដែល​ទទួលបាន​សិទ្ធិ​ផ្គត់ផ្គង់​កញ្ចប់​ជំនួយ​ផ្នែក​ស្បៀងអាហារ​ដល់​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ពី Covid-19 ទៅតាម​កម្មវិធី​របស់​រដ្ឋាភិបាល។ នៅក្នុង​កញ្ចប់​ជំនួយនីមួយៗ លោក Batubara ទទួលបាន 10,000រូពៀ ឬ 0.71ដុល្លារ​អាមេរិក។

    បើសិនជា​ត្រូវបាន​កាត់ទោស លោក Batubara អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ 20ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់ 1ពាន់​លាន​រូពៀ (ស្មើនឹង 70,000ដុល្លារ​អាមេរិក)។

    លោក Batubara គឺជា​រដ្ឋមន្ត្រី​ទី​ពីរ​ហើយ​នៅក្នុង​គណៈរដ្ឋមន្ត្រី​រប​ស់​ប្រធានាធិបតី Joko Widodo ដែល​ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទ​ចោទថា​បាន​ប្រព្រឹត្ត​អំពី​ពុករលួយ នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។

    ទាក់ទង​នឹង​បញ្ហា​ខាងលើ ប្រធានាធិបតី Widodo ថ្លែងថា៖ «នេះ​គឺជា​ប្រាក់​របស់​ប្រជាជន។ នេះ​ជា​ខ្ទង់​ប្រាក់​ជំនួយ​ដ៏​ចាំបាច់​នៅក្នុង​ដំណាក់កាល​ប្រឈម​នឹង​វិបត្តិ​សុខភាព Covid-19 និង​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច»។ លោក Widodo ប្រកាសថា លោក​នឹងមិន​ការពារ​មន្ត្រី​រូប​ណា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ឡើយ។

    សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូនេស៊ី កំពុងតែ​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ Covid-19។ រដ្ឋាភិបាល​ប្រទេស​នេះ បាននិងកំពុង​អនុវត្ត​កម្មវិធី​ជាច្រើន​ដើម្បី​ជួយ​ដល់​ក្រុមមនុស្ស​ដែល​រង​ឥទ្ធិពល​ពី​វិបត្តិ​សុខភាព​នេះ៕

    ប្រភព៖ France 24

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង​ Covid-19 ថ្មី​ 2​ករណី​បន្ថែម​ទៀត​

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង​ Covid-19 ថ្មី​ 2​ករណី​បន្ថែម​ទៀត​

    ក្នុង​រយៈពេល 24ម៉ោង​ចុង​ក្រោយនេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី សរុប​ចំនួន 2ករណី​បន្ថែម​ទៀត នាំ​ឱ្យ​តួលេខ​អ្នក​ឆ្លង​វីរុសសរុប​ដែល​ត្រូវ​បាន​រកឃើញ​នៅ​កម្ពុជា​កើន​ឡើង​ដល់​ 348​នាក់​។

    ករណី​វិជ្ជមាន​នឹង​ Covid-19 ថ្មី​ចំនួន​ 2​នាក់​ខាង​លើ​ រួមមាន៖ ទីមួយ​គឺ បុរស​ជនជាតិខ្មែរ ឈ្មោះ អ៊ី តារា អាយុ 21ឆ្នាំ នៅ​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ទី​ពីរ​គឺ ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ជី ពេជ្រ​ឆា​រ៉ា អាយុ 29ឆ្នាំ នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុង​ភ្នំពេញ។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន348នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 306នាក់ និង​អ្នក​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត និង​មណ្ឌល​សុខ​ភាព​ចាក់អង្រែ មាន​ចំនួន 42នាក់។

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន 1នាក់​ទៀត ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍៍ 28វិច្ឆិកា

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន 1នាក់​ទៀត ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍៍ 28វិច្ឆិកា

    ក្នុង​រយៈពេល 24ម៉ោង​កន្លងទៅនេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានរ​រកឃើញ​អ្នក​ឆ្លង Covid-19 ចំនួន 1ករណី​ទៀត ធ្វើឱ្យ​តួលេខ​នៃ​អ្នក​បាន​ឆ្លង​វីរុស​នេះ​សរុប​ឡើងដល់ 346នាក់។

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន1ករណី​ថ្មី​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ 28វិច្ឆិកា ដែល​កើតឡើង​ទៅលើ​បុរស​ជនជាតិខ្មែរ ឈ្មោះ សាយ សៅ​លាង អាយុ 21ឆ្នាំ ស្នាក់នៅ​ក្បែរ​វត្ត​សន្សំ​កុសល រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Carl’s Jr Burger នៅ​ទូល​ទំពូង។

    ក្រៅពី​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ខាងលើ នា​ព្រឹក​នេះ ក្រសួងសុខាភិបាល​ក៏បាន​ឱ្យដឹងថា មាន​ករណី​ជាសះស្បើយ​ចំនួន 1នាក់​ផងដែរ ដែលជា​បរុស​ជនជាតិ​នេ​ប៉ាល់។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 6ធ្នូ​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 346នាក់ ក្នុងនោះ​មាន 306នាក់​បានជា​សះស្បើយ និង40នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​មិត្តភាព​ខ្មែរ-សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ នាទី​ក្រុងភ្នំពេញ។

  • ជាង 66លាន​នាក់​បាន​ឆ្លង Covid-19! WHO ព្រមាន​បណ្ដា​ប្រទេស​ថា «កុំ​ប្រមាទ!»

    ជាង 66លាន​នាក់​បាន​ឆ្លង Covid-19! WHO ព្រមាន​បណ្ដា​ប្រទេស​ថា «កុំ​ប្រមាទ!»

    អង្គការ​សុខភាព​ពិភពលោក បានធ្វើការ​ព្រមាន​ដល់​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​ថា មិនត្រូវ​មានការ​ប្រមាទ ឬ​មើលស្រាល​ចំពោះ​មហា​រោគរាតត្បាត Covid-19 នេះ​ជាដាច់ខាត ក្នុង​គ្រា​ដែល​ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន 12,052នាក់។

    អង្គការ​សុខភាព​ពិភពលោក (WHO) ថ្មីៗនេះ បានធ្វើ​សេចក្ដី​ព្រមាន​ដល់​បណ្ដា​ប្រទេស​ថា មិនគួរ​មានការ​មើលស្រាល​ចំពោះ​វីរុស Covid-19 ព្រោះតែ​ការ​សំអាង​លើ​កម្មវិធី​ចាក់​វ៉ាក់សាំង​ការពារ​ដែល​ជិត​នឹងមាន​នាពេលខាងមុខ។ ប្រធាន​ផ្នែក​បន្ទាន់​របស់ WHO លោក Michael Ryan ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី 4ធ្នូ​ថា៖ «មាន​វ៉ាក់សាំង មិនមែន​មានន័យថា លែងមាន Covid»។

    «វ៉ាក់សាំង និង​ការចាក់​វ៉ាក់សាំង​ការពារ នឹង​ជា​ឧបករណ៍​ជំនួយ​បន្ថែម​ធំ​មួយ និង​ខ្លាំងក្លា ទៅក្នុង​ប្រព័ន្ធ​ឧបករណ៍​ដែល​យើង​មាន។ ប៉ុន្តែ ការពឹង​ទៅលើ​វ៉ាក់សាំង​តែមួយ​មុខ គឺ​មិន​គ្រប់គ្រាន់​ដើម្បី​លុបបំបាត់​មហា​រោគរាតត្បាត​នេះឡើយ»។

    ប្រធាន​អង្គការ WHO លោក Tedros Adhanom Ghebreyesus ថ្លែងថា ការរីកចម្រើន​នៃ​វ៉ាក់សាំង នាំមក​នូវ​ជំហាន​ជឿនលឿន​ថ្មី​មួយ ហើយ​ពេលនេះ យើង​អាច​ចាប់ផ្ដើម​មើលឃើញ​ពន្លឺ​នៅ​ខាងចុង​ផ្លូវ​រូង។

    «ក៏ប៉ុន្តែ WHO មានការ​ព្រួយបារម្ភ​ថា កាន់​តែមាន​មនុស្សច្រើនឡើងៗយល់់ថា មហា​រោគរាតត្បាត​បានបញ្ចប់។ តំបន់​ជាច្រើន​កំពុង​តែមាន​អត្រា​នៃ​ការឆ្លង​ខ្ពស់​ខ្លាំង បង្ក​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​ដល់​បណ្ដា​មន្ទីរពេទ្យ និង​បុគ្គលិក​សុខាភិបាល»។

    គិត​មកដល់ពេលនេះ ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប 66,223,906 ក្នុងនោះ​មាន​អ្នកស្លាប់​ដល់​ទៅ 1,524,255នាក់ ខណៈ​អ្នក​កំពុង​ទទួល​ការព្យាបាល​មាន​ចំនួន 18,891,779នាក់ ដែល​ក្នុង​នេះដែរ​មាន​អ្នកជំងឺ​ចំនួន 106,090នាក់​កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត៕