Author: សឿន សំណាង

  • សាស្ត្រាចារ្យ​អ៊ីស្រាអែល​ ថា «Trump វិះ​​ធ្វើឱ្យ​បែកធ្លាយ​រឿង​មនុស្ស​ពិភព​ផ្កាយ»

    សាស្ត្រាចារ្យ​អ៊ីស្រាអែល​ ថា «Trump វិះ​​ធ្វើឱ្យ​បែកធ្លាយ​រឿង​មនុស្ស​ពិភព​ផ្កាយ»

    សាស្ត្រាចារ្យ​មួយរូប​របស់​ប្រទេស​អ៊ីស្រាអែល ជឿថា ប្រធានាធិបតី​អាមេរិក លោក Donald Trump បានដឹង​អំពី​ព័ត៌មាន​ទាក់ទិន​នឹង​មនុស្ស​ពិភព​ផ្កាយ ហើយ​វិះ​នឹង​ធ្វើឱ្យ​បែកធ្លាយ​ព័ត៌មាន​នេះ​ជា​សាធារណៈ បើសិន​មិន​ត្រូវបាន «សម្ព័ន្ធ​កាឡាក់ស៊ី​មី​ល​គី​វ៉េ» រារាំង​ទាន់ពេល។

    «រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​ក្រុមមនុស្ស​មកពី​ពិភព​ផ្កាយ បាន​ចុះ​កិច្ចព្រមព្រៀង​មួយ អនុញ្ញាតឱ្យ​ពួកគេ​ធ្វើការ​ពិសោធន៍​នៅលើ​ផែនដី» សាស្ត្រាចារ្យ Haim Eshed ដែលជា​អតីត​ប្រធាន​កម្មវិធី​អវកាស​របស់​ប្រទេស​អ៊ីស្រាអែល ក្នុងអំឡុង​ឆ្នាំ 1981 ដល់​ឆ្នាំ 2010 ថ្លែង​ដូច្នេះ នៅក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយនឹង​សារព័ត៌មាន Ediot Aharonot កាលពី​ថ្ងៃទី 4 ធ្នូ​កន្លងទៅ។ ការប្រកាស​របស់លោក Eshed ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង ក្រោយពី​សារព័ត៌មាន Jerusalem Post បាន​បកប្រែ​អត្ថបទ​ពី​ភាសា​ហេ​ប្រ៊ូ (Hebrew) មកជា​ភាសា​អង់គ្លេស និង​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 8ធ្នូ។

    លោក Eshed ដែលជា​អតីតមន្ត្រី​ជាន់ខ្ពស់​ម្នាក់ និង​ជា​សាស្ត្រាចារ្យ​ដែល​ទទួលបាន​ការគោរព​នៅ​ប្រទេស​អ៊ីស្រាអែល បាន​ថ្លែងថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump បានដឹង​អំពី​វត្តមាន​របស់​មនុស្ស​ពិភព​ផ្កាយ​នៅលើ​ផែនដី។

    លោក Eshed បន្តថា៖ «មនុស្ស​ពិភព​ផ្កាយ​បានស្នើ​ឱ្យ​រក្សា​ការសម្ងាត់​អំពី​វត្តមាន​របស់​ពួកគេ​នៅលើ​ផែនដី ព្រោះតែ​មនុស្សជាតិ​មិនទាន់​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ទទួលយក​ប្រការនេះ។ លោក Trump វិះ​នឹង​ធ្វើឱ្យ​បែកធ្លាយ​រឿងនេះ​ទៅហើយ កាលពីពេល​កន្លងទៅ»។

    ក៏ប៉ុន្តែ សាស្ត្រាចារ្យ​ខាងលើ​ពន្យល់ថា មនុស្ស​ពិភព​ក្រៅ​មកពី​អង្គការ​ដែលមាន​ឈ្មោះថា «សម្ព័ន្ធ​កាឡាក់ស៊ី មី​ល​គី​វ៉េ» បាន​រារាំង​លោក Trump មិនឱ្យ​បង្ហើប​អំពី​ព័ត៌មាន​នេះ ក្នុង​បំណង​ទប់ស្កាត់ «ការ​ជ្រួលច្របល់​ទ្រង់ទ្រាយ​ធំ»។ លោក​បន្តថា៖ «ពួកគេ​បាន​រង់ចាំ​រហូតដល់​ថ្ងៃ​ដែល​មនុស្សជាតិ​បាន​រីកចម្រើន​ខ្លាំង និង​យល់​អំពី​អវកាស និង​យានអវកាស»។

    សាស្ត្រាចារ្យអ៊ីស្រាអែល៖ «Trump វិះនឹងធ្វើឱ្យបែកធ្លាយរឿងមនុស្សពិភពផ្កាយ»
    សាស្ត្រាចារ្យ Haim Eshed គឺជាអតីតប្រធានកម្មវិធីអវកាសរបស់ប្រទេសអ៊ីស្រាអែល ក្នុងអំឡុងឆ្នាំ 1981 ដល់ឆ្នាំ 2010

    លោក Haim Eshed ក៏បាន​បញ្ជាក់ថា មនុស្ស​ពិភព​ផ្កាយ និង​ក្រុម​អវកាស​អាមេរិកាំង បានធ្វើការ​ជាមួយគ្នា​នៅក្នុង​មូលដ្ឋាន​សម្ងាត់​ក្រោម​ដី​នៃ​ឋាន​ព្រះ​អង្គារ​ផងដែរ។ សាស្ត្រាចារ្យ​នេះ​បន្ថែមថា មនុស្ស​ពិភព​ផ្កាយ ចង់ឱ្យ​បណ្ដា​ប្រទេស​ដូចជា សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​ជាដើម ជួយ​ពួកគេ​ដើម្បី «ស្រាវជ្រាវ និង​ស្វែងយល់​រចនាសម្ព័ន្ធ​ទាំងមូល​របស់​ចក្រវាល»។

    ក៏ប៉ុន្តែ លោក Haim Eshed មិនបាន​លើកឡើង​អំពី​ភ័ស្ដុតាង​ណាមួយ​ដែល​អាច​បញ្ជាក់​អំពី​ការអះអាង​របស់ខ្លួន​ទេ។ ចំណែក​សេត​វិមាន និង​ក្រុមមន្ត្រី​របស់​អ៊ីស្រាអែល ក៏​មិនបាន​ឆ្លើយតប​នឹង​ការស្នើ​ឱ្យធ្វើ​ការបកស្រាយ​អំពី​ការអះអាង​របស់លោក Haim Eshed ផងដែរ។ Sue Gough ដែលជា​អ្នកនាំពាក្យ​របស់​មន្ទីរ​បញ្ច​កោណ បាន​បដិសេធ​ការធ្វើ​អធិប្បាយ​អំពី​រឿងនេះ។

    អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) ឱ្យដឹងថា គោលដៅ​មួយ​ក្នុងចំណោម​គោលដៅចម្បងៗរបស់​អង្គការ​នេះ នោះ​គឺ​ការស្វែងរក​វត្ត​មាននៃ​ជីវិត​នៅក្នុង​ចក្រវាល​ដ៏​មហា​សែន​ធំធេង។ ប៉ុន្តែ មកដល់​បច្ចុប្បន្ន ពួកគេ​នៅតែ​មិនទាន់​រកឃើញ​សញ្ញា​ណាមួយ​បញ្ជាក់ថា មាន​វត្តមាន​របស់​ម​នុស្ស​ពិភព​ផ្កាយ​នៅឡើយ៕

    ប្រភព៖ NBC News

  • វៀតណាម​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង Covid-19 ដល់​ដំណាក់​កាលណា​ហើយ?

    វៀតណាម​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង Covid-19 ដល់​ដំណាក់​កាលណា​ហើយ?

    ក្រុមហ៊ុន Nanogen បាន​សាកល្បង​វ៉ាក់សាំង Covid-19 នៅលើ​សត្វ​កណ្ដុរ និង​ស្វា ដោយ​ជោគជ័យ​កាលពី​ខែមិថុនា ឆ្នាំ2020 បន្ទាប់មក ក្រុមហ៊ុន​នេះ​នឹង​សហការ​ជាមួយ​មន្ទីរ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​យោធា ដើម្បី​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ចូលរួម​ក្នុងការ​ធ្វើតេស្ត​វ៉ាក់សាំង Covid-19 របស់​វៀតណាម ក្នុងដំណាក់កាល​ទីមួយ នៅ​ថ្ងៃទី 10 ខែធ្នូ​ខាងមុខ។

    បច្ចុប្បន្ន វៀតណាម​មាន​ក្រុមហ៊ុន​ចំនួន 3 ដែល​បាន​ដំណើរ​ការផលិត​វ៉ាក់សាំង Covid-19 សម្រាប់​ការសាកល្បង​នៅក្នុង​មន្ទីរពិសោធន៍ នោះ​គឺ​ក្រុមហ៊ុន IVAC, Vabiotech និង Nanogen។ ក្រុមហ៊ុន​ទាំងនេះ កំពុងស្ថិត​ក្នុងដំណាក់កាល​វាយតម្លៃ​អំពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នៅលើ​សត្វ។ ដោយឡែក ក្រុមហ៊ុន Nanogen បាន​ឆ្លង​ផុត​ដំណាក់កាល​ខាងលើ និង​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការប្រើប្រាស់​សាកល្បង​នៅលើ​មនុស្ស​ដំណាក់កាល​ទីមួយ។

    ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន Nanogen លោក Ho Nhan បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​បានចាប់ផ្ដើម​ស្រាវជ្រាវ និង​អភិវឌ្ឍ​វ៉ាក់សាំង Covid-19 តាំងពី​ដើមខែ​មិនា ឆ្នាំ2020 ក្នុង​គ្រា​ដែល​វីរុស​នេះ​កំពុង​ឆ្លង​រាលដាល​នៅ​ប្រទេស​ចិន។ ខែឧសភា2020 ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា បានប្រគល់​ភារកិច្ច​ក្នុងការ​ស្រាវជ្រាវ​វ៉ាក់សាំង​ប្រឆាំង Covid-19 មកឱ្យ Nanogen ជា​ផ្លូវការ។

    ថ្ងៃទី 15 ខែឧសភា ក្រសួង​ខាងលើ​បាន​បន្ត​ប្រគល់​កិច្ចការ​អភិវឌ្ឍ​ផ្នែក​ផលិត​វ៉ាក់សាំង Covid-19 ដោយ​បច្ចេក​វិទ្យា​ប្រូតេអ៊ីន​ផ្សំ​ដើម្បី​បង្កើត​ប្លា​កែ​ត​ដូច​វីរុស និង​ប្លា​កែ​ត​ណា​ណូ ទៅឱ្យ​ក្រុមហ៊ុន​ខាងលើ។ ថ្ងៃទី 21ឧសភា ប្រធាន​បទ​ស្រាវជ្រាវ​វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន Nanogen ទទួលបាន​ការអនុម័ត​យល់​ព្រមឱ្យ​ដំណើរការ​ពី​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វៀតណាម។

    វៀតណាម​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង Covid-19 ដល់​ដំណាក់​កាលណា​ហើយ?
    ក្រុមហ៊ុន Nanogen បានឆ្លងផុតដំណាក់កាលវាយតម្លៃអំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនៅលើសត្វ និងត្រៀមសាកល្បងនៅលើមនុស្សដំណាក់កាលទីមួយ។

    លោក Ho Nhan បញ្ជាក់ថា ក្រុមហ៊ុន​របស់លោក បាន​វិនិយោគ​ជាង 200ពាន់​លាន​ដុង (8,662,600 ដុល្លារ​អាមេរិក) សម្រាប់​ពង្រីក​រោងចក្រ​ចំនួន3 ទិញ​វត្ថុធាតុដើម និង​ប្រព័ន្ធ​ផលិត​វ៉ាក់សាំង។ ក្រុមហ៊ុន Nanogen ឱ្យដឹងថា របាយការណ៍​វាយតម្លៃ​អំពី​ប្រសិទ្ធភាព បង្ហាញថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន​នេះ ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ប្រឆាំងនឹង Covid-19។ ដោយយោង​ទៅលើ​លទ្ធផល​នេះ Nanogen ក៏បាន​ធ្វើ​លិខិតស្នាម​រួចរាល់​ហើយ សម្រាប់​បញ្ជូន​ឡើងទៅ​កាន់​ក្រសួងសុខាភិបាល ដើម្បី​សុំ​ការអនុញ្ញាត​បន្ត​ដំណាក់កាល​បន្ទាប់។

    តំណាង​របស់ Nanogen និយាយថា វ៉ាក់សាំង​របស់​វៀតណាម​នឹងមាន​តម្លៃ​មិន​លើសពី 500,000 ដុង (21.5 ដុល្លារ​អាមេរិក) នៅក្នុង​មួយ​ម្ជុល (ដូ​ស) នោះទេ នៅពេល​ត្រូវបាន​បញ្ចេញ​លក់​ក្នុង​ទីផ្សារ៕

  • កម្ពុជា​នឹងមាន​សេវា​ទូទាត់​ប្រាក់​តាម​អន​ឡាញ​ឆ្លង​គ្រឹះស្ថាន «តម្លៃ​ទាប» ដើម្បី​ទប់ទល់​នឹង​ការឆ្លង Covid-19 តាមរយៈ​ការចាយ​ក្រដាសប្រាក់​ផ្ទាល់

    កម្ពុជា​នឹងមាន​សេវា​ទូទាត់​ប្រាក់​តាម​អន​ឡាញ​ឆ្លង​គ្រឹះស្ថាន «តម្លៃ​ទាប» ដើម្បី​ទប់ទល់​នឹង​ការឆ្លង Covid-19 តាមរយៈ​ការចាយ​ក្រដាសប្រាក់​ផ្ទាល់

    សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍​រួមមួយ​ទាក់ទង​នឹង​ការសហការ​សម្រួល​ឱ្យមាន​សេវាកម្ម​ទូទាត់​ប្រាក់​ឆ្លង​គ្រឹះស្ថាន​ដោយ​កម្រៃ​សេវា​សមរម្យ ក្នុង​បំណង​រួមចំណែក​ទប់ស្កាត់​ការឆ្លង​រាលដាល Covid-19 តាមរយៈ​ការប្រើប្រាស់​សាច់ប្រាក់​ផ្ទាល់។

    សេចក្ដីប្រកាស​បន្តថា សហគមន៍​ធនាគារ និង​ហិរញ្ញវត្ថុ​បាននិងកំពុង​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​សម្រួល​ឱ្យមាន​ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឆ្លង​គ្រឹះស្ថាន ដែល​នឹង​កាន់​តែមាន​ភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និង​កម្រៃ​សេវាកម្ម​ទាប​សមរម្យ​ជាង​មុន តាមរយៈ​ការកែសម្រួល​លក្ខខណ្ឌផ្សេងៗដែល​នឹងត្រូវ​ជូនដំណឹង​នាពេលខាងមុខ។

    នៅក្នុង​សេចក្ដីប្រកាស​នេះ សមាគម​បាន​លើកទឹកចិត្ត​ឱ្យ​សាធារណជន អតិថិជន និង​អាជីវករ​ទាំងអស់ ធ្វើការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ផ្ដល់​ដោយ​គ្រឹះស្ថាន​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​អតិថិជន​កំពុង​ប្រើប្រាស់ ដោយ​​ការ​​​ទាញ​យក​​កម្មវិធី​​ទូទាត់ និង​កម្មវិធី​ធនាគារ​ឌីជីថល​នានា​នៅ​កម្ពុជា៕

  • អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ ​ថ្លែង​ថា វ៉ាក់សាំង​មិន​អាច​បញ្ចប់​ការ​ចម្លង​ Covid-19 ទាំង​ស្រុង​បាន​ឡើយ

    អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ ​ថ្លែង​ថា វ៉ាក់សាំង​មិន​អាច​បញ្ចប់​ការ​ចម្លង​ Covid-19 ទាំង​ស្រុង​បាន​ឡើយ

    នៅក្នុង​សារ​ជា​សំឡេង​មួយ ដែល​ត្រូវបាន​ចែករំលែក​នា​ព្រឹក​ថ្ងៃទី 9ធ្នូ​នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន មានប្រសាសន៍ថា វ៉ាក់សាំង​មិនអាច​បញ្ចប់​ការចម្លង Covid-19 ទាំងស្រុង​ឡើយ។

    រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ទំនងជា​មានការ​ព្រួយបារម្ភ​ថា អាច​នឹងមាន​ពលរដ្ឋ​ភាគច្រើន​យល់ច្រឡំ​ថា នៅពេល​បាន​ចាក់​វ៉ាក់សាំង Covid-19 ហើយ ពួកគេ​នឹង​លែង​បារម្ភ​អ្វី​ទាំងអស់ ដែលនាំឱ្យ​ពួកគេ​មានការ​ធ្វេសប្រហែស និង​លែងមាន​ការយកចិត្តទុកដាក់​លើ​ការការពារ​ខ្លួន​នៅ​ចំពោះមុខ​វីរុស​នេះ។

    លោកជំទាវ វេជ្ជបណ្ឌិត បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់រូប មិនត្រូវ​ភ្លេច​អនុវត្ត​នូវ​វិធានការ​ការពារ​ខ្លួនចម្បងៗចំនួន3 ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19 ក្នុងនោះ​មានដូចជា ការ​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ឱ្យបាន​យ៉ាងតិច 1.5ម៉ែត្រ និង​ពាក់​ម៉ាស​ឱ្យបាន​ត្រឹមត្រូវ។

    ទាក់ទង​នឹង​វ៉ាក់សាំង Covid-19 នៅ​កម្ពុជា សម្ដេច​តេ​ជោ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានប្រកាស​កាលពីពេលថ្មីៗនេះ​ថា នៅពេល​កម្ពុជា ទិញ​បាន​វ៉ាក់សាំង​នេះ នោះ​រដ្ឋាភិបាល នឹង​ចែកជូន​ដល់​ពលរដ្ឋ​ទាំងអស់ ដោយ​ឥតគិតថ្លៃ ក៏ប៉ុន្តែ​ក្រុម​គោលដៅ​អាទិភាព​ដំបូង​គេ​បង្អស់ នោះ​គឺ​ក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ។

  • NASA ប្រកាស​អំពី​ផែនការ​លម្អិត​សម្រាប់​បេសកកម្ម​ឡើង​ជាន់ដី​ឋាន​ព្រះ​ចន្ទ​ជាថ្មី

    NASA ប្រកាស​អំពី​ផែនការ​លម្អិត​សម្រាប់​បេសកកម្ម​ឡើង​ជាន់ដី​ឋាន​ព្រះ​ចន្ទ​ជាថ្មី

    ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) កាលពី​ថ្ងៃទី 7ធ្នូ បានប្រកាស​ឱ្យដឹង​អំពី​របាយការណ៍​បឋម​មួយ​ដែល​និយាយ​លម្អិត​អំពី​គោលដៅ​អាទិភាព​សម្រាប់​ក្រុម​អវកាស​ចរ​នៅក្នុង​បេសកកម្ម Artemis នាពេលខាងមុខ។

    មួយ​ក្នុងចំណោម​គោលដៅ​នានា​របស់​បេសកកម្ម​ខាងលើ នឹង​នាំយក​សំណាក​ដី​ដែលមាន​ទម្ងន់ 85 គីឡូក្រាម ដែល​រួមមាន​ទាំង​សំណាក​នៅលើ​ផ្ទៃ​ខាងលើ និង​ខាងក្រោម​ដី​របស់​ឋាន​ព្រះ​ចន្ទ ត្រលប់​មកកាន់​ផែនដី ដែល​នេះ​គឺជា​បរិមាណ​ដ៏​ច្រើន បើ​ធៀប​នឹង​ទម្ងន់​មធ្យម 64 គីឡូក្រាម​ដែល​អវកាស​ចរ​ក្នុង​បេសកកម្ម Apollo បាន​នាំមក​កាន់​ផែនដី ចាប់ពី​ឆ្នាំ 1969 ដល់​ឆ្នាំ 1972។

    «ព្រះ​ចន្ទ​មាន​សក្ដានុពល​ផ្នែក​វិទ្យាសាស្ត្រ​ដ៏​ធំធេង ហើយ​ក្រុម​អវកាស​ចរ​នឹង​ជួយ​ឱ្យ​យើង​ស្រាវជ្រាវ​ទៅលើ​វា» អនុប្រធាន​របស់​គណៈ​កម្ម​ការ​នៃ​បេសកកម្ម​វិទ្យាសាស្ត្រ​របស់ NASA លោក Thomas Zurbuchen និយាយ​ដូច្នេះ។

    របាយការណ៍​ដែលមាន​កម្រាស់ 188 ទំព័រ បាន​គូសវាស​នូវ​គោលដៅ​វិទ្យាសាស្ត្រ​អាទិភាព​ជាច្រើន​សម្រាប់​បេសកកម្ម Artemis ដែល​នឹង​ត្រូវបាន​ដំណើរការ​ចាប់ពី​ឆ្នាំ 2021។

    ក្នុងនោះដែរ បេសកកម្ម Artemis I នឹងមាន​ការសាកល្បង​ប្រព័ន្ធ​បាញ់​បង្ហោះ​ក្នុង​ទី​អវកាស និង​យាន Orion គ្មាន​មនុស្ស​បើក ដែល​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ចុងឆ្នាំ 2021។ ពីរ​ឆ្នាំ​បន្ទាប់ NASA នឹង​ដំណើរការ​បេសកកម្ម Artemis II ជាមួយនឹង​ការសាកល្បង​លើ​យានអវកាស​មាន​មនុស្ស​បើក ដែល​នឹង​ហោះ​ទៅកាន់​គន្លង​គោចរ​ផែនដី ប៉ុន្តែ​មិន​ទាក់ទង​នឹង​ការចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ។ ភារកិច្ច​សំខាន់​ជាងគេ នោះ​គឺ បេសកកម្ម Artemis III ដែល​នឹង​នាំ​មនុស្ស​ឡើងទៅ​ជាន់​ភព​រណប​ធម្មជាតិ​រប​ស់​ផែនដី​នេះ នៅក្នុង​ឆ្នាំ 2024 ក្នុងនោះ​ក៏​នឹងមាន​អវកាស​ចរ​ជា​ស្ត្រី​មួយរូប​ដំបូង​គេ​ផងដែរ។

    ក្រុម​អវកាស​ចរ​នឹងត្រូវ​ចំណាយពេល​ត្រឹមតែ 6ថ្ងៃ​កន្លះ នៅលើ​ឋាន​ព្រះ​ចន្ទ ដើម្បី​ប្រមូល​សំណាក​ដី និង​ថ្ម និង​ស្វែងយល់​បន្ថែម​អំពី​ទីឋាន​នេះ។ គោលដៅ​ចុងក្រោយ​របស់ NASA គឺ​ការសាងសង់​មូលដ្ឋាន Artemis នៅលើ​ឋាន​ព្រះ​ចន្ទ​ឱ្យបាន​មុន​ដំណាច់​ទសវត្សរ៍ 2030 ដែល​នេះ​គឺជា​មហិច្ឆតា​ដ៏​ធំ​សម្បើម​មួយ​ទាមទារ​ឱ្យមាន​ជំនួយ​រាប់ម៉ឺន​លាន​ដុល្លារ និង​ត្រូវការ​ការយល់ព្រម​ពី​ប្រធានាធិបតី ក៏ដូចជា​សភា​អាមេរិកាំង។

    NASA ប្រកាសអំពីផែនការលម្អិតសម្រាប់បេសកកម្មឡើងជាន់ដីឋានព្រះចន្ទជាថ្មី
    គោលដៅចុងក្រោយរបស់ NASA គឺការសាងសង់មូលដ្ឋាន Artemis នៅលើឋានព្រះចន្ទឱ្យបានមុនដំណាច់ទសវត្សរ៍ 2030

    នៅក្នុង​បេសកកម្ម Artemis III ក្រុម​អ្នកជំនាញ​មាន​គម្រោង​បង្កើត​បណ្ដាញ​វីដេអូ និង​ទិន្នន័យ​ក្នុងពេល​តែមួយ​ដែល​ភ្ជាប់​ពី​ក្រុម​អ្នក​អវកាស​នៅលើ​ឋាន​ព្រះ​ចន្ទ​ទៅកាន់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅលើ​ផែនដី។ ពួកគេ​ក៏​ស្នើឱ្យ​បង្កើត​ឧបករណ៍​ដែលមាន​ទម្ងន់​ស្រាល​ជាង​មុន និង​អាចបំពេញ​ភារកិច្ច​បាន​ច្រើនជាង​មុន។

    ក្រៅពីនេះ NASA ក៏​នឹង​ពិនិត្យ​ទៅលើ​ការដំឡើង​ជាមុន​នូវ​ឧបករណ៍​វិទ្យាសាស្ត្រ​នៅក្នុង​តំបន់​ក្បែរ​ខាង​នៃ​ទីតាំង​ចុះចត Artemis III ក្នុងនោះ​មានដូចជា ឃ្លាំង​ផ្ទុក​សម្ភារ​សម្រាប់​ក្រុម​អវកាស​ចរ​ប្រើប្រាស់​ពេល​ឡើងដល់​ឋាន​ព្រះ​ចន្ទ រួម​នឹង​រ៉ូ​បូត​ស្រាវជ្រាវ​មួយគ្រឿង ឬ​ច្រើន​គ្រឿង ដើម្បី​តាមដាន​បរិស្ថាន​នៅ​ជុំវិញ៕

    ប្រភព៖ AFP

  • ក្រសួង​រកឃើញ​ករណី​វិជ្ជមាន​​នឹង​ Covid-19 ថ្មី ចំនួន 4នាក់​ទៀត ដែល​ទាក់ទង​នឹង​ព្រឹត្តិ​ការណ៍​​សហគមន៍​28​វិច្ឆិកា​

    ក្រសួង​រកឃើញ​ករណី​វិជ្ជមាន​​នឹង​ Covid-19 ថ្មី ចំនួន 4នាក់​ទៀត ដែល​ទាក់ទង​នឹង​ព្រឹត្តិ​ការណ៍​​សហគមន៍​28​វិច្ឆិកា​

    នា​ព្រឹក​ថ្ងៃទី 9 ធ្នូ ឆ្នាំ 2020 នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​ប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 4 នាក់​បន្ថែមទៀត នាំឱ្យ​តួលេខ​អ្នក​ឆ្លង​វីរុស​នេះ​សរុប ឡើងដល់ 354នាក់។

    ក្នុង​រយៈពេល 24ម៉ោង​ចុង​ក្រោយនេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី ចំនួន 4 នាក់​ទៀត រួមមាន៖

    ទីមួយ គឺ​បុរស​ជនជាតិខ្មែរ ឈ្មោះ អិត កុ​ម៉ា​ល អាយុ 35ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹង​កេងកង3 ខណ្ឌ​បឹង​កេងកង ទាក់ទង​នឹង​ការឆ្លង​នៅ​ហាង Zando បឹង​កេងកង។

    ទី​ពីរ គឺ​បុរស​ជនជាតិខ្មែរ ឈ្មោះ សន សាន់​បញ្ញា​រិ​ទ្ធ អាយុ 20ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បុគ្គលិក​ហាង Pedro នៅ​ផ្លូវ​ព្រះសីហនុ។

    ទី​បី​គឺ ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ឡុង សុខ​នី អាយុ33ឆ្នាំ នៅ​សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បុគ្គលិក​ហាង Pedro នៅ​ផ្លូវ​ព្រះសីហនុ។

    ទី​បួន​គឺ បុរស​ជនជាតិខ្មែរ​ឈ្មោះ ទៅ គឹម​ហុក អាយុ 27ឆ្នាំ ស្នាក់នៅ​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ Covid-19 ឈ្មោះ ញិ​ល សុខ​កូ​ឡា ទាក់ទង​នឹង​ហាង Pedro។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 354នាក់ ក្នុងនោះ​មាន 307នាក់​បានជា​សះស្បើយ និង 47នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ នា​រាជធានី​ភ្នំពេញ៕


  • ផ្ទះ​ស្រោបមាស​ដ៏​ស្រស់ស្អាត​មួយ​ខ្នង ទទួលបាន​ភ្ញៀវ​មក​ទស្សនា​ខ្ទង់រយ​នាក់​​​​ជា​រៀងរាល់ថ្ងៃ

    ផ្ទះ​ស្រោបមាស​ដ៏​ស្រស់ស្អាត​មួយ​ខ្នង ទទួលបាន​ភ្ញៀវ​មក​ទស្សនា​ខ្ទង់រយ​នាក់​​​​ជា​រៀងរាល់ថ្ងៃ

    ក្រោយពី​ចំណាយពេល 6 ឆ្នាំ ក្នុងការ​គិតគូរ និង​សាងសង់ គេហដ្ឋាន​ស្រោបមាស​មួយ​ខ្នង​ដែល​ស្ថិតក្នុង​បរិវេណ​ដី​ទំហំ 1,500ម៉ែត្រការ៉េ របស់លោក Van Trung កំពុងតែ​ធ្វើឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​នៅ​ទីក្រុង Can Tho។

    ថ្មីៗនេះ «ផ្ទះ​ស្រោបមាស» មួយ​ខ្នង ដែល​ស្ថិតនៅក្នុង​ទីក្រុង Can Tho ភាគខាងត្បូង​ប្រទេស​វៀតណាម បាន​ក្លាយជា​ឈ្មោះ​ដែល​ត្រូវបាន​គេ​និយាយតៗគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ។ សម្ភារ​ភាគច្រើន​នៅក្នុង​ផ្ទះ​នេះ ត្រូវបាន​ស្រោប​ពណ៌​លឿង នាំ​ឱ្យគេ​ឆ្ងល់​ថា «តើ​នេះ​ត្រូវបាន​គេ​ស្រោបមាស ឬ​យ៉ាងណា?»។

    ម្ចាស់​របស់​ផ្ទះ​ពិសេស​នេះ គឺ​លោក Nguyen Van Trung ដែលជា​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​ម្នាក់​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម។ លោក Trung និយាយថា គំនិត​អំពី​ផ្ទះ​នេះ​ត្រូវបាន​លោក​គិត​តែងតែ​ពី​យូរ​មកហើយ ប៉ុន្តែ ទើបតែ​បានចាប់ផ្ដើម​ធ្វើ​កាលពី 6ឆ្នាំមុន។ ក្នុងនោះ ផ្ទះ​ធ្វើ​អំពី​ឥដ្ឋ​សេ​រ៉ា​មិច គឺជា​ចំណុច​ពិសេស​នៅក្នុង​ហាង​កាហ្វេ​របស់លោក ដែល​ស្ថិតក្នុង​ទីក្រុង Can Tho។

    លោក Trung ប្រាប់ថា នេះ​គឺជា​លទ្ធផល​ដែល​បាន​កើតឡើង​ពី​ការ​សន្សំ​នូវ​គំនិត​ថ្មី ប្លែកៗ ក្នុង​គ្រា​ដែល​លោក​បាន​ចេញទៅ​បរទេស។ បច្ចុប្បន្ន ផ្ទះ​នេះ​បានចាប់ផ្ដើម​បើកទ្វារ​ទទួលភ្ញៀវ​ដែល​មកកាន់​ហាង​កាហ្វេ​របស់លោក និង​ទុកជា​អនុស្សាវរីយ៍​សម្រាប់​ការ​ទស្សនា និង​ថតរូប។ នៅទីនេះ គេ​ក៏​ឃើញ​មាន «ស្ថាបត្យកម្ម» តាម​បែបបទ​ប្រទេសផ្សេងៗ ចាប់ពី​អឺរ៉ុប ដល់​អាស៊ី។

    ម្ចាស់ផ្ទះ​ខាងលើ​បាន​បន្ថែមថា ជា​រៀងរាល់ថ្ងៃ មាន​មនុស្ស​មក​ទស្សនា​ផ្ទះ​របស់លោក ប្រហែលជា 100 នាក់។ ចំណែក​ថ្ងៃ​ចុង​សប្ដាហ៍​វិញ គឺមាន​ភ្ញៀវ​ច្រើនណាស់។

    លោក Trung បញ្ជាក់ថា ក្រៅពី​ស្រោបមាស លោក​ក៏​ជ្រើសរើស​រុក្ខជាតិប្រណិតៗសម្រាប់​តាំង​លម្អ​ផ្ទះ​នេះ​ទៀតផង៕

    ប្រភព៖ Soha

  • តៃវ៉ាន់​នៅតែ​ត្អូញ​ថា «ខ្លួន​រង​ការ​គំរាម​រាល់ថ្ងៃ» ខណៈ​អាមេរិក​យល់ព្រម​លក់​អាវុធ​ថ្មី តម្លៃ 280 ដុល្លារ​មកឱ្យ​កោះ​នេះ

    តៃវ៉ាន់​នៅតែ​ត្អូញ​ថា «ខ្លួន​រង​ការ​គំរាម​រាល់ថ្ងៃ» ខណៈ​អាមេរិក​យល់ព្រម​លក់​អាវុធ​ថ្មី តម្លៃ 280 ដុល្លារ​មកឱ្យ​កោះ​នេះ

    តៃវ៉ាន់​បាន​និយាយថា ខ្លួន​ត្រូវ​ប្រឈម​នឹង​ការគំរាមកំហែង​ផ្នែក​យោធា​ជា​រៀងរាល់ថ្ងៃ នៅក្នុង​គ្រា​ដែល​សហរដ្ឋ អាមេរិក ប្រកាស​អំពី​កិច្ចព្រមព្រៀង​ជួញដូរ​អាវុធ​ថ្មី​ដែលមាន​តម្លៃ 280លាន ដុល្លារ​អាមេរិក រវាង​ទីក្រុង​តៃប៉ិ និង​ទីក្រុង​វ៉ា​ស៊ី​ង​តោន។

    ថ្លែង​នៅក្នុង​កិច្ចប្រជុំ​សន្តិសុខ​នៅ​ទីក្រុង​តៃប៉ិ ក្នុងថ្ងៃនេះ មេដឹកនាំ​កោះ​តៃវ៉ាន់ លោកស្រី Tsai Ing-wen យល់ថា មាន​កងកម្លាំង​មួយចំនួន «តែងតែ​ព្យាយាម​រំលោភ​ទៅលើ​សណ្ដាប់ធ្នាប់​ដែល​យោងទៅតាម​ស្ដង់ដា​ដែលមាន​ស្រាប់។ តៃវ៉ាន់ បាននិងកំពុង​ទទួល​រង​ការគំរាមកំហែង​ផ្នែក​យោធា​ដូច្នេះ​ជា​រៀងរាល់ថ្ងៃ»។

    ការ​ថ្លែង​របស់​លោកស្រី Tsai ត្រូវបាន​ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី 7ធ្នូ ឱ្យដឹងថា បាន​ជូនដំណឹង​ទៅ​សភា​អំពី​គម្រោង​លក់​ប្រព័ន្ធ​ទំនាក់ទំនង​ក្នុង​សមរភូមិ​ថ្មី តម្លៃ 280 លាន​ដុល្លារ​អាមេរិក ទៅឱ្យ​កោះ​តៃវ៉ាន់។ នេះ​គឺជា​កិច្ចព្រមព្រៀង​លក់ដូរ​អាវុធ​លើក​ទី 6 រវាង​សហរដ្ឋអាមេរិក និង​កោះ​តៃវ៉ាន់ នៅក្នុង​ឆ្នាំនេះ ហើយ​វា​ក៏​ជាការ​លក់ដូរ​អាវុធ​លើក​ទី 11 រវាង​ទីក្រុង​តៃប៉ិ និង​ទីក្រុង​វ៉ា​ស៊ី​ង​តោន នៅក្នុង​អាណត្តិ​ប្រធានាធិបតី Donald Trump ផងដែរ។

    ភាគី​ខាង​តៃវ៉ាន់​បានឱ្យដឹងថា កិច្ចព្រមព្រៀង​ថ្មី​នេះ​បង្ហាញថា សហរដ្ឋអាមេរិក​មិនបាន​ប្ដូរផ្លាស់​នូវ​អ្វីដែល​បាន​សន្យា​ក្នុង​ការជួយ​ការពារ​កោះ​នេះ​ពីស​ត្រូវ។

    តៃវ៉ាន់​នៅតែ​ត្អូញ​ថា «ខ្លួន​រង​ការ​គំរាម​រាល់ថ្ងៃ» ខណៈ​អាមេរិក​យល់ព្រម​លក់​អាវុធ​ថ្មី តម្លៃ 280 ដុល្លារ​មកឱ្យ​កោះ​នេះ
    មេដឹកនាំ​កោះ​តៃវ៉ាន់ លោកស្រី Tsai Ing-wen

    Kurt Campbell ដែលជា​អ្នកការទូត​កំពូល​ម្នាក់​របស់​សហរដ្ឋអាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងកើត​ក្នុងសម័យ​លោក Barack Obama ហើយ​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​របស់លោក Biden បាន​អះអាងថា ទាំង​បក្ស​សាធារណរដ្ឋ ទាំង​បក្ស​ប្រជាធិបតេយ្យ សុទ្ធតែ​គាំទ្រ​យ៉ាងខ្លាំង​ក្លាដ​ល់កោះ​តៃវ៉ាន់។

    «មាន​មនុស្ស​ជាច្រើន​នៅក្នុង​បក្សនយោបាយ បាន​យល់​អំពី​អត្ថន័យ​ជា​យុទ្ធសាស្ត្រ​ជ្រាលជ្រៅ និង​ផលប្រយោជន៍​ជា​យុទ្ធ​សំខាន់​របស់​យើង នៅក្នុង​ការរក្សា​ទំនាក់ទំនង​ល្អ​ជាមួយនឹង​តៃវ៉ាន់» លោក Kurt Campbell ថ្លែង​បែបនេះ។

    កិច្ចព្រមព្រៀង​លក់​អាវុធ​ទៅឱ្យ​កោះ​តៃវ៉ាន់​ពី​សំណាក់​សហរដ្ឋអាមេរិក​កន្លងមក តែងតែ​ធ្វើឱ្យ​ចិន​មានការ​ក្ដៅក្រហាយ និង​នាំឱ្យ​ចិន​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​អាមេរិកាំង​មួយចំនួន​ដែល​ពាក់ព័ន្ធ។ ក្រៅពីនេះ ចិន​ក៏​មិន​ភ្លេច​បញ្ជូន​នាវាចម្បាំង​ទៅកាន់​តំបន់​ក្បែរ​កោះ​តៃវ៉ាន់​ផងដែរ ដើម្បី​គំរាម​កោះ​នេះ។ ប្រទេស​ចិន តែងតែ​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​ដែល​មិនអាច​កាត់ផ្ដាច់​ចេញពី​ប្រទេស​ចិន ហើយ​កោះ​នេះ​នឹងត្រូវ​វិល​ត្រលប់​មកជា​របស់​ចិន​វិញ​នាពេលខាងមុខ បើទោះជា​ត្រូវ​ប្រើ​កម្លាំងបាយ​ក៏ដោយ៕

    ប្រភព៖ Reuters

  • Covid-19! ត្រូវ​ពិន័យ ​100,000​ដុល្លារ ​ព្រោះ​តែ​​ចេញពី​បន្ទប់​ច​ត្តា​ឡី​ស័ក 8 វិនាទី

    Covid-19! ត្រូវ​ពិន័យ ​100,000​ដុល្លារ ​ព្រោះ​តែ​​ចេញពី​បន្ទប់​ច​ត្តា​ឡី​ស័ក 8 វិនាទី

    បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់ ត្រូវបាន​អាជ្ញាធរ​តៃវ៉ាន់​ពិន័យ​ជា​ប្រាក់​ចំនួន 3,500ដុល្លារ​អាមេរិក ដោយសារតែ​បាន​បំពាន​ការកំណត់​ស្ដីអំពី​ការធ្វើ​ច​ត្តា​ឡី​ស័ក បើទោះជា​បុរស​នេះ​នៅ​ខាងក្រៅ​បន្ទប់​ត្រឹមតែ 8 វិនាទី។

    បុរស​ម្នាក់​ជា​ពលករ​មកពី​ប្រទេស​ហ្វីលីពីន ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង Kaohsiung នៃ​កោះ​តៃវ៉ាន់ ត្រូវបាន​ពិន័យ ដោយសារតែ​បាន​ចាក​ចេញពី​បន្ទប់​របស់ខ្លួន និង​ទៅ​ឈរ​ក្បែរផ្លូវ​ដើរ ក្បែរ​នោះ នេះ​បើតាម​មន្ទីរ​សុខាភិបាល។

    បន្ទាប់ពី​បានឃើញ «ហេតុការណ៍» នេះ​តាមរយៈ​កាមេរ៉ា​សន្តិសុខ បុគ្គលិក​សណ្ឋាគារ​ក៏បាន​ទាក់ទង​ទៅកាន់​មន្ទីរ​សុខាភិបាល នាំឱ្យ​បុរស​នេះ​ត្រូវ​រង​ការពិន័យ​ជា​ទឹកប្រាក់​រហូតដល់ 100,000ដុល្លារ​តៃវ៉ាន់ (ប្រហែល 3,500ដុល្លារ​អាមេរិក) បើទោះជា​បុរស​នេះ​នៅ​ខាងក្រៅ​បន្ទប់​ត្រឹមតែ 8 វិនាទី​ក៏ដោយ។

    យោងតាម​ការកំណត់​ស្ដីអំពី​ការទប់ស្កាត់ Covid-19 របស់​តៃវ៉ាន់ អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ចាក​ចេញពី​បន្ទប់​ឡើយ ទោះជា​ក្នុង​រយៈពេល​ប៉ុន្មាន​វិនាទី​ក៏ដោយ។ នៅក្នុង​ទីក្រុង Kaohsiung សណ្ឋាគារ​ចំនួន 56 កន្លែង កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​កន្លែង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុងនោះ មាន​បន្ទប់​សរុប​ប្រមាណ 3,000 បន្ទប់។

    Covid-19! ត្រូវពិន័យ 100,000ដុល្លារ ព្រោះតែចេញពីបន្ទប់ចត្តាឡីស័ក 8 វិនាទីសារព័ត៌មាន Taiwan News បានចេញ​ផ្សាយ​ថា បុរស​ដែល​ត្រូវបាន​ពិន័យ​ខាងលើ បានធ្វើ​ច​ត្តា​ឡី​ស័ក​អស់​រយៈពេល 5 ថ្ងៃ ហើយ​បាន​ចេញពី​បន្ទប់​ដើម្បី​យក​របស់​ទៅឱ្យ​មិត្តភក្ដិ​ដែល​នៅក្នុង​បន្ទប់​ក្បែរ​នោះ។

    តៃវ៉ាន់ ត្រូវបាន​គេ​សរសើរ​ច្រើន ដោយសារ​តែមាន​វិធានការ​យ៉ាង​ឆាប់រហ័ស​ក្នុងការ​គ្រប់គ្រង Covid-19។ កោះ​នេះ​មិនដែល​បានដាក់​បម្រាម​គោចរ​តឹងរ៉ឹង ឬ​កាត់បន្ថយ​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​ម្ដងណា​នៅឡើយ។ ជំនួស​មកវិញ អាជ្ញាធរ​កោះ​នេះ ផ្ដោត​សំខាន់​ទៅលើ​ល្បឿន​នៃ​ប្រតិកម្ម​របស់​ភាគី​ពាក់ព័ន្ធ។ អាជ្ញាធរ​កោះ​តៃវ៉ាន់ ក៏បាន​វិនិយោគ​ទៅលើ​កិច្ចការ​ធ្វើតេស្ត​តាមបែប​ចល័ត និង​ការតាមរក​អ្នកពាក់ព័ន្ធ ប្រកបដោយ​ភាពរហ័សរហួន និង​ប្រសិទ្ធភាព។

    គិត​មកដល់​បច្ចុប្បន្ន តៃវ៉ាន់​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប 718នាក់ ក្នុងនោះ​មាន 7នាក់​បាន​ស្លាប់ និង 582នាក់​បានជា​សះស្បើយ នេះ​បើតាម​គេហទំព័រ Worldometers៕

    ប្រភព៖ CNN, Worldometers

  • TikTok បាន​ជួយ​ឱ្យ​អ្នក​លេង​វ័យ​ 20​ឆ្នាំ​ម្នាក់ ក្លាយ​ជា​សេដ្ឋី

    TikTok បាន​ជួយ​ឱ្យ​អ្នក​លេង​វ័យ​ 20​ឆ្នាំ​ម្នាក់ ក្លាយ​ជា​សេដ្ឋី

    TikTok គឺជា​បណ្ដាញ​សង្គម​មួយ​ក្នុងចំណោម​បណ្ដាញ​សង្គម​ដែលមាន​អ្នកប្រើប្រាស់​ច្រើនជាងគេបង្អស់​នា​បច្ចុប្បន្ន ហើយ​វា​កំពុងតែ​ក្លាយជា​ឱកាស​សម្រាប់​ការរក​ប្រាក់​របស់​យុវវ័យ តាមរយៈ​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន។

    យោងតាម​ស្ថិតិ​ពី TikTok ក្នុងចំណោម​ជនជាតិ​អាមេរិកាំង3នាក់​ដែល​ប្រើ​ស្មា​ត​ហ្វូ​ន គឺមាន​ម្នាក់​ប្រើប្រាស់​បណ្ដាញ​សង្គម TikTok។ ដោយសារ​មូលហេតុ​នេះហើយ បើទោះជា​មានការ​ព្រមាន​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​នៅ​សហរដ្ឋអាមេរិក ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​ជាច្រើន​នៅតែ​ចាត់ទុក TikTok ជា​កន្លែង​ដ៏​ល្អ​ដើម្បី​ធ្វើការ​ឃោសនា​ផលិតផល។

    ជាមួយនឹង​អ្នកប្រើប្រាស់​ប្រចាំខែ​ប្រមាណ​ជា 690លាន​នាក់​នៅ​ទូទាំង​ពិភពលោក បណ្ដាញ​សង្គម TokTok ត្រូវបាន​ក្រុម​អ្នក​ផលិត​វីដេអូ​វាយតម្លៃថា មិនមាន​គូប្រជែង​នៅលើ​ទីផ្សារ បើ​គេ​ពិនិត្យ​ទៅលើ​លទ្ធភាព​នៃ​ការ «សាយភាយ» តួលេខ​អ្នកតាមដាន និង​ឱកាស​អភិវឌ្ឍ​អាជីព។ TikTok ក្លាយជា​ផ្ទះ​ថ្មី​ដែល​បើកផ្លូវ​ឱ្យ​ក្រុមមនុស្ស​ដែលមាន​ឥទ្ធិពល​បាន​រីកចម្រើន ពិសេស​គឺ​ក្រុមមនុស្ស​ដែលមាន​ឈ្មោះ​ល្បី​នៅលើ Youtube និង Instagram។

    Michael Le អាយុ 20ឆ្នាំ ដែល​ចូលចិត្ត​បង្ហោះ​វីដេអូ​រាំ​កំសាន្ត​នៅលើ TikTok ទទួលបាន​ការតាមដាន​ពី​អ្នកលេង​បណ្ដាញ​សង្គម​នេះ​ចំនួន 42.5លាន​នាក់ និង​មាន​អ្នក​ចុច​ចូលចិត្ត​ជាង 1.2ពាន់​លាន​លើក។ ថ្មីៗនេះ Michael Le បាន​ទិញ​ផ្ទះមួយ​ខ្នង​នៅ Los Angeles បន្ទាប់ពី​បាន​រើ​មកពី Florida។

    បច្ចុប្បន្ន Michael Le រស់នៅ និង​ធ្វើការ​ជាមួយ​សមាជិក 7នាក់​ផ្សេងទៀត​នៅក្នុង​ក្រុម​របស់ខ្លួន រួមមាន ម្ដាយ និងប្អូនៗរបស់គាត់។ Michael Le ប្រាប់ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ។ ខ្ញុំ​គិតថា ខ្លួន​បានជ្រើសរើស​ផ្លូវ​ដែល​ឆ្លាត​វៃ។ បច្ចុប្បន្ន ប្រាក់​របស់ខ្ញុំ​បាន​ឡើងដល់ 7ខ្ទង់»។

    ប្រភព​ចំណូល​ចម្បង​របស់ Michael Le គឺ​បានមកពី​ទំនាក់​ទំនងជា​ដៃគូ​នៅលើ TikTok ជាមួយនឹង​ចំណូល​ចាប់ពី 20,000 ដល់ 50,000ដុល្លារ​អាមេរិក​សម្រាប់​ការ​បង្ហោះ​អត្ថបទ​ផ្សាយពាណិជ្ជកម្ម​មួយ​នៅលើ​ទំព័រ TikTok។ Michael Le ធ្លាប់បាន​សហការ​ជាមួយ​ក្រុមហ៊ុន​មួយចំនួន ដូចជា Amazon Prime Video, Bliss Skincare, Bang Energy, Postmate, Safeguard Soap និង Tums ផងដែរ។

    TikTok បាន​ជួយ​ឱ្យ​អ្នក​លេង​វ័យ​ 20​ឆ្នាំ​ម្នាក់ ក្លាយ​ជា​សេដ្ឋី
    Michael Le អាយុ 20ឆ្នាំ ដែលចូលចិត្តបង្ហោះវីដេអូរាំកំសាន្តនៅលើ TikTok ទទួលបានការតាមដានពីអ្នកលេងបណ្ដាញសង្គមនេះចំនួន 42.5លាននាក់ និងមានអ្នកចុចចូលចិត្តជាង 1.2ពាន់លានលើក។

    Michael Le និយាយថា៖ «នោះ​ពិតជា​រឿង​ដ៏​ចៃដន់ សម្រាប់​ក្រុមហ៊ុន​ណា​ដែល​សម្រេចចិត្ត​សហការ​ជាមួយ​ខ្ញុំ។ ខ្ញុំ​ពិតជា​មាន​ទឹកចិត្ត​បើកទូលាយ​ជាមួយនឹង​គ្រប់យ៉ាង។ ក្រុមហ៊ុន​មួយ​ដែល​ចង់​ផ្សាយពាណិជ្ជកម្ម ខ្ញុំ​តែង​ផ្ដល់យោបល់​ដល់​ពួកគេ។ បើ​ពួកគេ​នៅតែ​សម្រេចចិត្ត​ជ្រើសរើស​តាម​ផែនការ​ដំបូង ពេលនោះ ខ្ញុំ​អាច​នឹង​យក​ថ្លៃ​ខ្ពស់ជាង​ធម្មតា។ ក៏ប៉ុន្តែ បើសិន​ជាមាន​ប្រការ​អ្វីមួយ​ដែលមាន​លក្ខណ​បង្ខិតបង្ខំ​ខ្លាំងពេក​ចំពោះ​ខ្ញុំ ពេលនោះ​ខ្ញុំ​នឹងមិន​ធ្វើ​ឡើយ»។

    ចំនួន​អ្នកតាមដាន​កាន់តែច្រើន ប្រាក់​ដែល​រកបាន​ពី​ការផ្សាយពាណិជ្ជកម្ម​ក៏​កាន់តែ​ខ្ពស់។ ទំនាក់ទំនង​រវាង​ក្រុម​អ្នក​ផលិត​វីដេអូ និង​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម នាំមក​នូវ​ប្រយោជន៍​រួម ពិសេស ចំពោះ​ក្រុមហ៊ុន ឬ​យីហោចាស់។ ក្នុងករណីនេះ Michael Le បាន​ឧ​ទ្ធេ​សនាម​ក្រុមហ៊ុន​ផលិត​ភេសជ្ជ​ប៉ូវ​កម្លាំង Bang Energy នៅលើ​បណ្ដាញ​សង្គម TikTok ក្រោយ​ការធ្វើសកម្មភាព​ជាច្រើន​ឆ្នាំ​នៅលើ​បណ្ដាញ​សង្គម Youtube។

    Evan Horowitz នាយក​ក្រុមហ៊ុន​ច្នៃប្រឌិត Movers + Shakers ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ទីក្រុង Los Angeles សហរដ្ឋអាមេរិក ឱ្យដឹងថា៖ «TikTok គឺជា​បណ្ដាញ​សង្គម​សម្រាប់​មនុស្ស​ជំនាន់ Z ដោយ​អ្នកលេង​ភាគច្រើន​គឺមាន​អាយុ​ក្រោម 18ឆ្នាំ។ ដូច្នេះហើយ ឱកាស​ធ្វើការ​ជាមួយនឹង​យីហោ​មួយ​ជា​លើកដំបូង គឺ​ពិតជា​នឹង​គួរឱ្យ​ចងចាំ»។

    បច្ចុប្បន្ន Michael Le មិនមែនជា​ម្ចាស់​គណនី TikTok ដែលមាន​អ្នកតាមដាន​ច្រើនជាងគេ​នៅក្នុង​បណ្ដាញ​សង្គម​របស់​ចិន​នេះ​ទេ។ នារី​ចំទង់ វ័យ 16ឆ្នាំ ឈ្មោះ Charli D’Amelio ដែលមាន​ទីលំនៅ​នៅ Los Angeles ទើប​ជា​ម្ចាស់​គណនី TikTok ដែលមាន​អ្នកតាមដាន​ច្រើនជាងគេបង្អស់៕

    ប្រភព៖ Yahoo Finance