Author: សឿន សំណាង

  • អនុសាសន៍​របស់​មហា​សេដ្ឋី​លំដាប់​ទី​ពីរ​ក្នុង​លោក៖ CEO គួរតែ​កាត់បន្ថយ​កិច្ច​ប្រជុំ​ដែល​ស៊ីពេល​ច្រើន

    អនុសាសន៍​របស់​មហា​សេដ្ឋី​លំដាប់​ទី​ពីរ​ក្នុង​លោក៖ CEO គួរតែ​កាត់បន្ថយ​កិច្ច​ប្រជុំ​ដែល​ស៊ីពេល​ច្រើន

    មហាសេដ្ឋី​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក យល់ថា CEO គួរតែ​ចំណាយ​ពេលវេលា​ឱ្យបាន​ច្រើនជាង​មុន​ទៅលើ​ការកែលម្អ​ផលិតផល និង​ស្វែងរក​មតិ​អវិជ្ជមាន ពី ខាងក្រៅ ទន្ទឹមនឹង​ការកាត់បន្ថយ​ពេលវេលា​ទៅលើ​កិច្ចប្រជុំ​ផ្ទៃក្នុង។

    នៅក្នុង​ព្រឹត្តិការណ៍ CEO Summit ដែល​ត្រូវបាន​ធ្វើឡើង​ដោយ Wall Street Journal កាលពី​ថ្ងៃទី 8ធ្នូ លោក Elon Musk បានឱ្យដឹងថា ការលើកកម្ពស់​គុណភាព​ផលិតផល​គឺជា​បញ្ហា​ស្លា​ប់រស់ ដូច្នេះ CEO គួរតែ​កាត់បន្ថយ​ពេលវេលា​សម្រាប់​បញ្ហាផ្សេងៗពីនេះ។ ពួកគេ​គួរ​ចំណាយពេល​ឱ្យបាន​ច្រើន​បន្ថែមទៀត​ដើម្បី​ធ្វើឱ្យ​ផលិតផល​របស់​ក្រុមហ៊ុន​មាន​ភាព​អស្ចារ្យ​តាម​ដែល​អាចធ្វើ​ទៅបាន។

    មហាសេដ្ឋី​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ​បាន​ជូន​ជា​អនុសាសន៍​ថា បណ្ដា CEO គួរ​ផ្ដោតទៅលើ​ការបង្កើត​ផលិតផល​ឱ្យបាន​កាន់តែ​ល្អ​ជាង​មុន ដោយ​ការ​ចំណាយពេល​ត្រួតពិនិត្យ​ការងារ​នៅឯ​រោងចក្រ និង​ទាក់​ទំនង​ជាមួយ​អតិថិជន រួម​នឹង​ការកាត់បន្ថយ​ពេលវេលា​សម្រាប់​កិច្ចប្រជុំ ឬ​បទ​បង្ហាញ​នានា​ដែល​ស៊ីពេល​ច្រើន។

    ស្ថាបនិក​ក្រុមហ៊ុន SpaceX បាន​អះអាងថា៖ «តើ​ក្រុម CEO នៃ​បណ្ដា​ក្រុមហ៊ុន​អាមេរិក បាន​យកចិត្តទុកដាក់​ដល់ក​ម្រិ​ត​ហើយ​ឬ​នៅ ទៅលើ​ការកែលម្អ​ផលិត? ខ្ញុំ​គិតថា ចម្លើយ​គឺ នៅ»។

    CEO របស់ Tesla និង SpaceX រូបនេះ យល់ថា សូម្បីតែ​មេដឹកនាំ​ក្រុមហ៊ុន​ម្នាក់​ដែល​មិនមាន​ជំនាញ​ខាង​ច្នៃប្រឌិត​លើ​ផលិតផល ពួកគេ​នៅតែ​អាច​រៀន​បាន ព្រោះថា នេះ​គឺជា​ជំនាញ និង​ស្ថិតក្នុង​លទ្ធភាព​របស់​មនុស្សម្នាក់។ ជំហាន​ដំបូងបង្អស់​ដែល​ប្រកបដោយ​ភាពសាមញ្ញ នោះ​គឺ មិន​បោះបង់​ការតស៊ូ។

    អនុសាសន៍របស់មហាសេដ្ឋីលំដាប់ទីពីរក្នុងលោក៖ CEO គួរតែកាត់បន្ថយការប្រជុំដែលស៊ីពេលច្រើន
    លោក​ Elon Musk ថា​ CEO គួរតែកាត់បន្ថយការប្រជុំដែលស៊ីពេលច្រើន

    លោក Musk ថ្លែងថា៖ «បើសិនជា​អ្នក​ប្រឹងប្រែង​មិនទាន់​ដល់​កម្រិត ចូរ​ខំព្យាយាម​បន្ថែមទៀត។ រូបមន្ត​នៃ​ភាពជោគជ័យ​គឺ មិនមាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ»។

    គោលដៅ​ចុងក្រោយ​របស់ CEO នោះ​គឺ ការ​ក្លាយទៅជា​មនុស្ស​ម្នាក់ «ដែល​យល់ច្បាស់​ជាទីបំផុត​អំពី​ផលិត ឬ​សេវាកម្ម​ដែល​ពួកគេ​កំពុងមាន ក៏​ដូ​ជាការ​ស្វែងរក​មតិ​អវិជ្ជមាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពី​អតិថិជន និង​ពី​ក្រុមមនុស្ស​ដែល​មិនមែនជា​អតិថិជន» នេះ​បើតាម​លោក Elon Musk។

    មហាសេដ្ឋី​វ័យ 49 ឆ្នាំ ក៏បាន​ជំរុញ​ឱ្យ CEO ថយក្រោយ​មួយ​ជំហាន​ដើម្បី​អាច​មើលឃើញ «ទិដ្ឋភាព» ទាំងមូល និង​សួរ​ខ្លួនឯង​ថា «តើ​ផលិតផល​ដែល​ខ្លួន​បាន​បង្កើតឡើង ពិតជា​ល្អ​ឥត​ខ្ជោះ​ហើយ ឬ​នៅ? ប្រហែលជា​នៅឡើយ​ទេ។ ដូច្នេះ តើ​យើង​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បីឱ្យ​ផលិតផល​របស់​យើង​អស្ចារ្យ​ជាង​មុន?»។

    បច្ចុប្បន្ន មាន​ក្រុមហ៊ុន​មិនតិច​នោះទេ​ដែល​យល់ថា បើទោះជា​ពួកគេ​មិន​ចូលចិត្ត​ផលិតផល​ដែល​ខ្លួន​បាន​បង្កើតឡើង ប៉ុន្តែ​អ្នកផ្សេង​អាច​នឹង​យល់​ផ្ទុយ​ពីនេះ អតិថិជន​ប្រហែលជា​ចូលចិត្ត។ មហាសេដ្ឋី Elon Musk បញ្ជាក់ថា៖ «គ្រប់យ៉ាង​នឹងមិន​កើតឡើង​យ៉ាង​ដូច្នេះ​ឡើយ។ បើសិនជា​អ្នក​មិន​ស្រលាញ់​ផលិតផល​ដែល​ខ្លួន​អ្នក​បាន​បង្កើតឡើង​ទេ ចូរ​កុំ​ស្រមៃ​ថា អ្នកផ្សេង​នឹង​ចាប់អារម្មណ៍​លើ​ផលិតផល​នេះ​ឱ្យសោះ»។

    Elon Musk ជាមួយ​នឹង​យាន​អវកាស​​របស់​លោក​

    និយាយ​អំពី​បទពិសោធន៍ ក្រៅពី​ជា CEO របស់​ក្រុមហ៊ុន​អវកាស SpaceX និង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk ក៏បាន​បង្កើត​ក្រុមហ៊ុន Boring Company និង​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន OpenAI និង Neuralink ផងដែរ។ លោក​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​នៅក្នុង​ការរកស៊ី។ ក្នុង​កិច្ច​សម្ភាស​នៅលើ​ទូរទស្សន៍ CBS លោក Musk បាន​ថ្លែងថា៖ «ឆ្នាំ 2008 គឺជា​ឆ្នាំ​អាក្រក់​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ ដោយ​សារ​តែ​ពេលនោះ Tesla បាន​ជួបនឹង​ការខាតបង់​ច្រើន ចំណែក SpaceX ក៏​បរាជ័យ​ក្នុង​ការបាញ់​បង្ហោះ​រ៉ុ​ក​កែ​ត Falcon 1 ហើយ​ខ្ញុំ​ក៏​ត្រៀម​លែងលះ​ជាមួយ​ប្រពន្ធ»។

    ក៏ប៉ុន្តែ 12 ឆ្នាំក្រោយ ក្រុមហ៊ុន​ទាំងឡាយ​របស់លោក Elon Musk សុទ្ធតែ​បាន​បោះជំហាន​ដល់​គោលដៅសំខាន់ៗជា​បន្តបន្ទាប់ ក្នុងនោះ​មានដូចជា ការសហការ​រវាង SpaceX នឹង NASA ក្នុង​ការបាញ់​បង្ហោះ​យានអវកាស​ដែល​ដឹក​អ្នក​អវកាស​ចរ​ដំបូង​ឡើងទៅ​កាន់​ទី​អវកាស​ទទួលបាន​ជោគជ័យ ឬ​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន Tesla កើនឡើង​ដល់ 500ពាន់​លាន​ដុល្លារ​អាមេរិក​ជាដើម៕

    ប្រភព៖ Business Insider

  • ព្រោះ​តែ​ធ្វើដំណើរ​ទៅ​តាម Google Maps យុវជន​​វ័យ 18​ឆ្នាំ​​បាត់បង់​ជីវិត​ដ៏​គួរឱ្យ​សង្វេគ នៅក្នុង​អាកាសធាតុ​ត្រជាក់ -50អង្សា​សេ

    ព្រោះ​តែ​ធ្វើដំណើរ​ទៅ​តាម Google Maps យុវជន​​វ័យ 18​ឆ្នាំ​​បាត់បង់​ជីវិត​ដ៏​គួរឱ្យ​សង្វេគ នៅក្នុង​អាកាសធាតុ​ត្រជាក់ -50អង្សា​សេ

    ក្រុមប៉ូលិស​នៅ​រុស្ស៊ី បាន​រកឃើញ​សាកសព​មនុស្ស​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​អាកាសធាតុ​ត្រជាក់​ខ្លាំង ព្រោះតែ​បាន​ជាប់គាំង​នៅលើ​ដងផ្លូវ​ដែល​គ្របដណ្ដប់​ពេញ​ដោយ​ព្រឹល។ ក្រោយពី​ការស្រាវជ្រាវ ទើប​អាជ្ញាធរ​បានដឹងថា មូល​ហេតុដែល​នាំឱ្យមាន​ករណី​ស្លាប់​នេះ គឺ​ព្រោះតែ​យោបល់​របស់​កម្មវិធី​នាំ​ផ្លូវ​នៅលើ​ទូរស័ព្ទ។

    យោងតាម​ទំព័រ The Sun យុវវ័យ​អាយុ 18ឆ្នាំ​ម្នាក់ ឈ្មោះ Sergey Ustinov រួម​នឹង​មិត្តភក្ដិ​ម្នាក់ ឈ្មោះ Vladislav Istomin បាននាំគ្នា​ដើរលេង​ផ្លូវ​ឆ្ងាយ និង​បាន​ជួប​គ្រោះថ្នាក់។ ពួកគេ​ទាំងពីរ បានធ្វើ​ដំណើរ​ពី Yakutsk ទៅកាន់​កំពង់ផែ Magadan នៅ​ភាគ​ឦសាន​នៃ​ប្រទេស​រុស្ស៊ី។

    ដោយសារតែ​ជា​លើកដំបូង​នៅក្នុង​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ យុវជន​ទាំងពីរ​នេះ បាន​បើកបរ​រថយន្ត​ទៅតាម​ការណែនាំ​របស់ Google Maps។ Google Maps បាន​ណែនាំ​អំពី​ផ្លូវ​កាត់ ហើយ Sergey ក៏បាន​ធ្វើដំណើរ​តាម​ដូច​សព្វមួយដង។ ក៏ប៉ុន្តែ ទាំង Sergey ទាំង Google Maps សុទ្ធតែ​មិនបាន​ដឹងថា ផ្លូវ​នេះ​ជា​ផ្លូវ​នាំទៅរក «ជ្រោះ​មរណៈ» នោះទេ។

    ធ្វើដំណើរ​តាម Google Maps យុវជន​វ័យ 18ឆ្នាំ​បាត់បង់​ជីវិត​ដ៏​គួរឱ្យ​សង្វេគ នៅក្នុង​អាកាសធាតុ​ត្រជាក់ -50អង្សា​សេGoogle Maps បាន​ណែនាំ​ឱ្យ​យុវជន​ទាំងពីរ​រូបនេះ ធ្វើដំណើរ​ទៅតាម​ផ្លូវ​ល្បឿន​លឿន ឈ្មោះថា Kolyma ដែល​ល្បី​ថា ជា​ផ្លូវ​ត្រជាក់​បំផុត​ក្នុង​ពិភពលោក។ ផ្លូវ​នេះ ត្រូវបាន​គេ​ហៅថា Road of Bones (ផ្លូវ​របស់​ឆ្អឹង)។ ផ្លូវ​នេះ​ស្ថិតនៅក្នុង​តំបន់​ដែលមាន​អាកាសធាតុ​ត្រជាក់​ខ្លាំង រហូតដល់​ថ្នាក់​បានសម្លាប់​មនុស្ស​ប្រមាណ 250,000 នៅក្នុង​អំឡុងពេល​កំពុង​ស្ថាបនា។

    ធ្វើដំណើរតាម Google Maps យុវជនវ័យ 18ឆ្នាំបាត់បង់ជីវិតដ៏គួរឱ្យសង្វេគ នៅក្នុងអាកាសធាតុត្រជាក់ -50អង្សាសេ
    យុវវ័យអាយុ 18ឆ្នាំ ឈ្មោះ Sergey Ustinov (ឆ្វេង) រួមនឹងមិត្តភក្ដិ ឈ្មោះ Vladislav Istomin

    ពលរដ្ឋ​មួយចំនួន​ដែល​ចូលចិត្ត​ទេសចរណ៍​បែប​ផ្សងព្រេង ថែមទាំង​បានចាត់ទុក​ដងផ្លូវ Kolyma នេះ ជាទី​តាំង​ប្រកបដោយ​ភាព​ទាក់ទាញ ប៉ុន្តែ មាន​មនុស្ស​តិច​ណាស់​ដែល​ហ៊ាន​មកកាន់​ទីនេះ។ ការធ្វើដំណើរ​ទេសចរ​ណ៍​មកកាន់​តំបន់​ខាងលើនេះ មិនត្រូវ​បាន​គេ​លើកទឹកចិត្ត​ឡើយ បើ​ទោះ​ក្រោមរូបភាព​ណាក៏ដោយ។

    ធ្វើដំណើរ​តាម Google Maps យុវជន​វ័យ 18ឆ្នាំ​បាត់បង់​ជីវិត​ដ៏​គួរឱ្យ​សង្វេគ នៅក្នុង​អាកាសធាតុ​ត្រជាក់ -50អង្សា​សេភាពគ្រោះថ្នាក់​របស់​ផ្លូវ​នេះ បាន​នាំឱ្យ​រដ្ឋាភិបាល​រុស្ស៊ី បិទ​ដំណើរការ​តាំងពី​ទសវត្សរ៍​ទី 70 នៃ​សតវត្សរ៍​មុន។ ប្រជាជន​ក្នុង​តំបន់ សុទ្ធតែ​បានដឹង​អំពី​គ្រោះថ្នាក់​នេះ និង​តែងតែ​ធ្វើដំណើរ​វាង​តាមផ្លូវ​ដទៃ បើ​ទោះ​វា​ឆ្ងាយ​ជាង​ការធ្វើដំណើរ​តាមផ្លូវ​នេះ ប្រហែល 200គីឡូម៉ែត្រ​ក៏ដោយ។ ក៏ប៉ុន្តែ គួរឱ្យ​ស្ដាយ Google Maps និង​អ្នកដំណើរ​ពី​ចម្ងាយ​ដូចជា Sergey និង Vladislav មិនបាន​ដឹង​អំពី​ប្រការនេះ។

    នៅពេល​ត្រូវបាន​រកឃើញ Sergey បាន​ស្លាប់​នៅ​ខាងក្នុង​រថយន្ត ដោយសារ​អាកាសធាតុ​ត្រជាក់។ ចំណែក Vladislav នៅមាន​ជីវិត ប៉ុន្តែ​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ដល់​ជីវិត ព្រោះតែ​អវយវៈ​បាន​ស្ពឹក និង​ហាក់​ពិការ​ទៅហើយ។

    ធ្វើដំណើរតាម Google Maps យុវជនវ័យ 18ឆ្នាំបាត់បង់ជីវិតដ៏គួរឱ្យសង្វេគ នៅក្នុងអាកាសធាតុត្រជាក់ -50អង្សាសេក្នុង​រយៈពេល 1សប្ដាហ៍​ដែល​ជាប់គាំង​ក្នុង​ព្រឹល​លើ​ដងផ្លូវ យុវជន​ទាំងពីរ​រូបនេះ បាន​តស៊ូ​ដើម្បី​រស់ ដោយ​ការព្យាយាម​ស្វែងរក​ឧស​ក្បែរផ្លូវ​ដើម្បី​ដុត​យក​កំដៅ។ ពួកគេ​ថែមទាំង​ដុត​កង់ឡាន​ទៀតផង​ដើម្បី​រក្សា​ជីវិត។ ទូរស័ព្ទ​របស់​ពួកគេ​ក៏​លែង​ដំណើរការ ដោយ​ក៏​ព្រោះតែ​អាកាសធាតុ​ត្រជាក់​ដល់ -50 អង្សា​សេ៕

    ប្រភព៖ The Sun

  • ការបោះឆ្នោត​ផ្ទាល់​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ពី​សំណាក់​ក្រុម​តំណាង​ម្ចាស់ឆ្នោត នឹង​ធ្វើឡើង​នៅក្នុង​ថ្ងៃនេះ

    ការបោះឆ្នោត​ផ្ទាល់​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ពី​សំណាក់​ក្រុម​តំណាង​ម្ចាស់ឆ្នោត នឹង​ធ្វើឡើង​នៅក្នុង​ថ្ងៃនេះ

    តំណាង​ម្ចាស់ឆ្នោត​របស់​អាមេរិក ចំនួន 538 រូប នឹងចូលរួម​បោះឆ្នោត​នៅក្នុង​ថ្ងៃទី 14ធ្នូ ឆ្នាំ2020នេះ ដើម្បី​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ជ័យជំនះ​របស់លោក Joe Biden និង​ទាត់ចោល​រាល់​ការប្រឹងប្រែង​ផ្លាស់ប្ដូរ​លទ្ធផល​បោះឆ្នោត​ពី​សំណាក់​លោក Donald Trump។

    ក្រុម​អ្នកតំណាង​ម្ចាស់ឆ្នោត​របស់​សហរដ្ឋអាមេរិក ក្នុងនោះ​ក៏មាន​អ្នកនយោបាយ​ល្បីឈ្មោះ​ជាច្រើនរូប មានដូចជា​គូ​ស្វាមីភរិយា​លោក Bill និង Hillary Clinton ជាដើម នឹង​ជួបជុំគ្នា​នៅឯ​វិមាន​សភា​របស់​រដ្ឋ​ចំនួន 50 និង​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ដើម្បី​បោះឆ្នោត​បញ្ជាក់​ដោយផ្ទាល់​ស​ម្រា​ប់​ការជ្រើសរើស​ប្រធានាធិបតី។ បេក្ខភាព​ដែល​ទទួលបាន​សំឡេងឆ្នោត​យ៉ាងតិច 270 ​សំឡេង ពី​ក្រុម​អ្នកតំណាង​ម្ចាស់ឆ្នោត​នេះ នឹង​ក្លាយជា​ប្រធានាធិបតី​បន្ទាប់​របស់​សហរដ្ឋអាមេរិក។

    យោងតាម​ការកំណត់រ​បស់​ច្បាប់ ក្រុម​អ្នកតំណាង​ម្ចាស់ឆ្នោត​នឹង​បោះឆ្នោត​ទៅតាម​លទ្ធផល​នៃ​ការបោះឆ្នោត​ទូទៅ​របស់​បណ្ដា​រដ្ឋ​នៃ​ប្រទេស​នេះ ដើម្បី​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ជ័យជំនះ​របស់​បេក្ខភាព​នៅក្នុង​ការបោះឆ្នោត​សកល​កាលពី​ខែវិច្ឆិកា​កន្លងទៅ។ មុននេះ រដ្ឋ​ចំនួន 50 របស់​សហរដ្ឋអាមេរិក បានទទួល​ស្គាល់​រួចហើយ​នូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​សកល​​នេះ ​ដោយ​សារ​​សំឡេង​គាំទ្រ​ភាគច្រើន​បាន​ទៅលើ​បេក្ខភាព Joe Biden។

    តាម​ការ​គន់គូរ បេក្ខ​ភាព​លោក Joe ​Biden ទទួលបាន​សន្លឹកឆ្នោត​នៃ​តំណាង​ម្ចាស់ឆ្នោត ចំនួន 306 សំឡេង ខណៈដែល​លោក​ប្រធានាធិបតី Donald Trump ទទួលបាន 232 សំឡេង។ យោងតាម​ការកំណត់​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ការបោះឆ្នោត​ដំបូង​ក្នុង​ឆ្នាំ 1789 ការបោះឆ្នោត​របស់​ប្រតិភូ​តំណាង​ម្ចាស់ឆ្នោត​នៅ​ថ្ងៃទី 14 ខែធ្នូ​នេះ គឺជា​ដំណាក់កាល​ផ្លូវ​ការដែល​លោក Biden នឹង​ក្លាយជា​ប្រធានាធិបតី​ជាប់ឆ្នោត​ទី 46 របស់​សហរដ្ឋ​អាមេរិក។

    ការបោះឆ្នោត​របស់​ក្រុម​តំណាង​ម្ចាស់ឆ្នោត​ក្នុងថ្ងៃនេះ ក៏​នឹង​ជា​យន្តការ​មួយ​ដែល​នឹង​ទាត់ចោល​រាល់​ការប្រឆាំង​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក ពី​សំណាក់​លោក Trump។ តាម​ធម្មតា ការបោះឆ្នោត​នេះ​គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ និង​មិន​ត្រូវបាន​គេ​ចាប់អារម្មណ៍​ឡើយ ក៏ប៉ុន្តែ សម្រាប់​ការបោះឆ្នោត​លើក​នេះ ការបោះឆ្នោត​របស់​ក្រុម​តំណាង​ម្ចាស់ឆ្នោត ត្រូវបាន​គេ​តាមដាន​ដោយ​យកចិត្តទុកដាក់ ព្រោះតែ​វា​ដើរតួនាទី​សំខាន់ នៅ​ចំពោះមុខ​ការមិន​ព្រម​ទទួលស្គាល់​បរាជ័យ​ពី​សំណាក់​លោក Donald Trump។

    ក្រុម​របស់លោក Trump បានដាក់​ពាក្យបណ្ដឹង​រាប់សិប​ករណី​ទៅកាន់​រដ្ឋ​ជាច្រើន រួម​នឹង​ទៅកាន់​តុលាការ​ផងដែរ ដើម្បី​ប្រឆាំងនឹង​លទ្ធផល​នៃ​ការបោះឆ្នោត និង​ទាមទារ​ឱ្យមាន​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ។ ក៏ប៉ុន្តែ ក្រុម​ចៅក្រម​តុលាការ​នៅ​ថ្នាក់​រដ្ឋ និង​ថ្នាក់ជាតិ រួម​នឹង​តុលាការ​កំពូល ភាគច្រើន​សុទ្ធតែ​បាន​ច្រានចោល​បណ្ដឹង​របស់​ក្រុម​លោក Trump។

    ទោះជា​យ៉ាងណាក៏ដោយ លោក Donald Trump នៅតែ​មិន​ព្រម​បោះបង់​ការប្រឆាំង​តវ៉ា​របស់ខ្លួន និង​បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម Twitter ថា «យើង​ទើបតែ​ចាប់ផ្ដើម​ការប្រយុទ្ធ​ប៉ុណ្ណោះ»៕

    ប្រភព៖ Guardian

  • WHO ថា វ៉ាក់សាំងជិត 1 ​ពាន់​លាន​ដូស ​ត្រូវ​បាន​បញ្ជា​ទិញរួចហើយ សម្រាប់ផ្គត់ផ្គង់ដល់បណ្ដាប្រទេសក្រីក្រ

    WHO ថា វ៉ាក់សាំងជិត 1 ​ពាន់​លាន​ដូស ​ត្រូវ​បាន​បញ្ជា​ទិញរួចហើយ សម្រាប់ផ្គត់ផ្គង់ដល់បណ្ដាប្រទេសក្រីក្រ

    គិត​មកដល់​ព្រឹក​ថ្ងៃទី 14ធ្នូ ឆ្នាំ2020នេះ ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 72,638,964នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ចំនួន 1,618,750 នាក់​បាន​ស្លាប់ និង 50,859,438 នាក់​បានជា​សះស្បើយ ខណៈ 20,160,776 នាក់​កំពុង​ទទួល​ការព្យាបាល​ដោយសារ​បាន​ឆ្លង​វីរុស​នេះ។

    ដោយឡែក កម្ពុជា បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 359នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 309នាក់ និង 50នាក់​ផ្សេងទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ក្នុង​រយៈ​ពេល 24​ម៉ោង​ចុង​ក្រោយ​នេះ កម្ពុជា​​មាន​អ្នក​ជំងឺ​ចំនួន​ 2​នាក់ បាន​ជា​សះស្បើយ​​ និង​មិន​មាន​អ្នក​វិជ្ជមាន​ថ្មី​នោះ​ទេ​។

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពី​ថ្ងៃទី 12ធ្នូ បានឱ្យដឹងថា វ៉ាក់សាំង​ដែលមាន​សក្ដានុពល​ជិត1ពាន់​លាន​ដូ​ស ត្រូវបាន​បញ្ជា​ទិញ​ជាមុន (pre-order) រួចហើយ ដើម្បី​ធានា​ឱ្យបាន​ប្រាកដថា បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម នឹង​ទទួលបាន​ការផ្គត់ផ្គង់​គ្រប់គ្រាន់​ទៅតាម​កម្មវិធី COVAX។

    COVAX គឺជា​កម្មវិធី​ដែល​ត្រូវបាន​បង្កើតឡើង​ដំបូង​ដោយ​អង្គការ​សុខភាព​ពិភពលោក ដោយមាន​គោលដៅ​បែងចែក​វ៉ាក់សាំង Covid-19 ឱ្យបាន​រហ័ស និង​ស្មើភាព​គ្នា​នៅ​ទូទាំង​សកលលោក បន្ទាប់ពី​វ៉ាក់សាំង​នេះ​ត្រូវបាន​ទទួលស្គាល់ និង​ចាប់ផ្ដើម​ដាក់លក់​ក្នុង​ទីផ្សារ៕

    ប្រភព៖ Reuters/ AFP

  • កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី ចំនួន 2ករណី​ទៀតហើយ!

    កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី ចំនួន 2ករណី​ទៀតហើយ!

    ក្នុង​រយៈពេល 24ម៉ោង​កន្លងទៅនេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 2នាក់​បន្ថែមទៀត ដែលជា​ករណី​នាំចូល។

    ករណី​វិជ្ជមាន​ចំនួន 2នាក់​នេះ​រួមមាន៖

    ទីមួយ៖ បុរស​ជនជាតិ​ហ្ស៊​កដា​នី អាយុ 47ឆ្នាំ ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ហ្ស៊​កដា​នី ឆ្លងកាត់​តាម​កូរ៉េខាងត្បូង មុននឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី10ធ្នូ 2020។

    ទី​ពីរ៖ បុរស​ជនជាតិខ្មែរ អាយុ 32ឆ្នាំ ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ម៉ាលី បន្ត​ជើងហោះហើរ​នៅ​កូរ៉េខាងត្បូង និង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី11ធ្នូ 2020។

    គិត​មកដល់​ថ្ងៃទី 13ធ្នូ​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 359នាក់ ក្នុងនោះ​មាន 307នាក់​បានជា​សះស្បើយ និង 52នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។


  • ស្ដាប់​សម្ដី​​របស់​ថៅកែ​ កំលោះ​នេះ​បាន​ក្លាយជា​មហាសេដ្ឋី​ក្នុង​វ័យ 30ឆ្នាំ ក្រោយពី​ឈប់​ធ្វើការ ដើម្បី​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន

    ស្ដាប់​សម្ដី​​របស់​ថៅកែ​ កំលោះ​នេះ​បាន​ក្លាយជា​មហាសេដ្ឋី​ក្នុង​វ័យ 30ឆ្នាំ ក្រោយពី​ឈប់​ធ្វើការ ដើម្បី​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន

    នាពេល​បច្ចុប្បន្ន ទ្រព្យសម្បត្តិ​សរុប​របស់ លោក Nick Molnar មានតម្លៃ​ឡើងដល់ 2ពាន់​លាន​ដុល្លារ​អាមេរិក។

    នៅក្នុង​វ័យ 30ឆ្នាំ បច្ចុប្បន្ន Nick Molnar គឺ​មហាសេដ្ឋី​ដែល​រកស៊ី​មានបាន​ដោយ​បាត​ដៃទទេ​ដែលមាន​វ័យ​នៅ​ក្មេង​ជាងគេ​បង្អស់​នៅ​ប្រទេស​អូស្ត្រាលី។ អ្នកជំនួញ​វ័យក្មេង​រូបនេះ​បាន​ក្លាយជា​អ្នកមាន និង​មានឈ្មោះ​ល្បីល្បាញ ក្នុងនាម​ជា​សហ​ស្ថាបនិក និង​សហ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Afterpay ដែលជា​កម្មវិធី​ទូទាត់​ថ្លៃទំនិញ​មួយ​ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការទិញ​ទំនិញ​តាមរយៈ​ខ្ទង់​បង់​រំលស់​ធម្មតា។

    យោងតាម​រូបមន្ត «ទិញ​មុន សង​ក្រោយ» របស់ Afterpay អតិថិជន​ដែល​ទិញ​ទំនិញ អាចបែងចែក​ប្រាក់​ចំណាយ​ទៅលើ​ទំនិញ (ឡើងដល់ 1,115ដុល្លារ​អាមេរិក) ជា 4ចំណែកស្មើៗគ្នា​សម្រាប់​បង់​រំលស់ ខណៈដែល​ក្រុម​អ្នក​លក់រាយ​ចូលរួម​បង់ប្រាក់​កម្រៃជើងសារ​ប្រមាណ​ពី 4%ទៅ 6% ទៅលើ​ការលក់ទំនិញ​មួយ​លើក។ បើសិនជា​អ្នកទិញ​មិនបាន​ទូទាំង​ទៅតាម​ថ្ងៃ​កំណត់ ពួកគេ​នឹង​ត្រូវបាន​បិទ​ការប្រើប្រាស់​សេវាកម្ម រហូតដល់​ពួកគេ​សងបំណុល​អស់។

    ឆ្នាំនេះ Afterpay មានការ​រីកចម្រើន​ខ្លាំង​ដោយសារតែ Covid-19 បានធ្វើឱ្យ​មនុស្ស​ងាក​មក​ទិញ​ទំនិញ និង​ទូទាត់​តាម​អន​ឡាញ។ តម្លៃ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​នេះ​បាន​កើនឡើង 1,300% ដែល​នេះ​បាន​ជួយ​ឱ្យ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Afterpay ក្លាយជា​មហាសេដ្ឋី។

    ក៏ប៉ុន្តែ គ្រប់យ៉ាង​ប្រហែលជា​មិនអាច​កើតមានឡើង​បានឡើយ បើសិនជា​មិនមាន​ការណែនាំ​ពី​សំណាក់​អតីត​ថៅកែ​របស់ Molnar។ មហាសេដ្ឋី Molnar បាន​ប្រាប់ CNBC ថា៖ «គាត់​គឺជា​អ្នក​ដែល​បាន​ជំរុញ​ឱ្យ​ខ្ញុំ​បើក​អាជីវកម្ម​ជាមួយនឹង Afterpay»។

    ឆ្នាំ 2012 លោក Molnar គឺជា​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ផ្នែក​ពាណិជ្ជកម្ម​នៅ​សាកលវិទ្យាល័យ Sydney ដែល​កំពុងធ្វើការ​ជា​អ្នកវិភាគ​លើក​ការវិនិយោគ​របស់​ក្រុមហ៊ុន Mark Carnegie។

    លោក Nick Molnar (ស្ដាំ) និង​លោក Anthony Eisen

    ដោយសារ​មាន​ឈាម​ជា​អ្នកជំនួញ Molnar បានចាប់ផ្ដើម​លក់​គ្រឿងអលង្ការ​ណ៍​នៅលើ eBay តាំងតែ​ពី​នៅ​រៀន​​មហា​វិទ្យា​ល័យ។ ពេល​គាត់​ចង់​ពង្រីក​អាជីវកម្ម និង​បង្កើត​គេហទំព័រ​ដោយឡែក Carnegie គឺជា​អ្នក​ដែល​បាន​ជួយ​ជំរុញ​គាត់​លើ​រឿងនេះ។ លោក Carnegie ធ្លាប់​និយាយ​ទៅកាន់ Molnar ថា៖ «ខ្ញុំ​មិន​យល់​សោះ​ថា ហេតុអ្វី​បានជា​ប្អូនឯង​នៅតែ​ធ្វើការ​នៅទីនេះ។ ចូរ​ចំណាយពេល​ទាំងស្រុង​ដើម្បី​រកស៊ី​ចុះ»។

    ក្រៅពីនេះ លោក Carnegie ថែមទាំង​ផ្ដល់​លក្ខណ​ងាយស្រួល​ដល់ Molnar ដោយ​ការ «រក្សា​កៅអី» ទុកឱ្យ Molnar ក្នុង​រយៈពេល 12ខែ។ បើសិនជា​បរាជ័យ​ក្នុង​មុខ​ជំនួញ​ផ្ទាល់ខ្លួន Molnar អាច​ត្រលប់មក​ធ្វើការ​នៅ​ក្រុមហ៊ុន​ចាស់​បាន។ មកដល់​បច្ចុប្បន្ន គេហទំព័រ​លក់​គ្រឿងអលង្ការ​ណ៍រ​បស់ Molnar នៅតែ​ដំណើរការ​បានល្អ។

    ក្រោយ​រយៈពេល​មិន​ដល់2ឆ្នាំ Molnar ក៏បាន​ចាប់ផ្ដើម​គម្រោង​អាជីវកម្ម​បន្ទាប់ នោះ​គឺ Afterpay ហើយក៏​ទទួលបាន​ជោគជ័យ​ហួស​ពី​ការ​ស្មាន។ ក្រោយពី​បានបង្ហាញ​ខ្លួន​កាលពី​ចុងឆ្នាំ 2014 សកម្មភាព​ជំនួញ​របស់ Afterpay ចាប់ផ្ដើម​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ អតិថិជន​ដែលមាន​ប្រាក់​តិចតួច មានការ​ពេញចិត្ត​នឹង​ការប្រើប្រាស់​រូបមន្ត​បង់​រំលស់​ស្មើគ្នា​នេះ ខណៈ​ក្រុម​អ្នក​លក់រាយ​ដែលជា​អ្នក​ចង់​លក់បាន​ច្រើន ក៏​ពេញ​ចិត្តនឹង​បង់ថ្លៃ​សេវាកម្ម​តិចតួច​ដើម្បី​ផលិតផល​របស់​ពួកគេ​បានបង្ហាញ​ខ្លួន​នៅលើ​ទំព័រ Afterpay។

    2ឆ្នាំក្រោយ Afterpay ក៏បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង​នៅ​ផ្សារ​ហ៊ុន (IPO) និង​ប្រមូលបាន​ទុន​ជិត 18លាន​ដុល្លារ​អាមេរិក។ មុខ​ជំនួញ​នេះ បាន​រីកចម្រើន​ខ្លាំងក្លា​នៅពេល​បាន​ពង្រីក​ខ្លួន​ទៅកាន់​ពិភពលោក បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​បង្ហាញខ្លួន​នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ 2018 និង​ត្រូវបាន​តារាល្បីៗជាច្រើនរូប​ជួយ​ឧទ្ទេសនាម។

    អតិថិជនដែលមានប្រាក់តិចតួច មានការពេញចិត្តនឹងការប្រើប្រាស់រូបមន្តបង់រំលស់ស្មើគ្នានេះ ខណៈក្រុមអ្នកលក់រាយដែលជាអ្នកចង់លក់បានច្រើន ក៏ពេញចិត្តនឹងបង់ថ្លៃសេវាកម្មតិចតួចដើម្បីផលិតផលរបស់ពួកគេបានបង្ហាញខ្លួននៅលើទំព័រ Afterpay
    អតិថិជនដែលមានប្រាក់តិចតួច មានការពេញចិត្តនឹងការប្រើប្រាស់រូបមន្តបង់រំលស់ស្មើគ្នានេះ ខណៈក្រុមអ្នកលក់រាយដែលជាអ្នកចង់លក់បានច្រើន ក៏ពេញចិត្តនឹងបង់ថ្លៃសេវាកម្មតិចតួចដើម្បីផលិតផលរបស់ពួកគេបានបង្ហាញខ្លួននៅលើទំព័រ Afterpay

    ខែឧសភា ឆ្នាំ 2020 នេះ ក្រុមហ៊ុន​យក្ស​ផ្នែក​បច្ចេកវិទ្យា​របស់​ចិន Tencent បាន​ចំណាយ​ជាង 200លាន​ដុល្លារ​សម្រាប់​ទិញ​ភាគហ៊ុន​ចំនួន 5% របស់ Afterpay។ ប្រការនេះ បាន​ជួយ​ឱ្យ Afterpay ក្លាយជា​មូល​ប​ត្រ​មួយ​ដែល​លេចធ្លោ​ជាងគេ​បង្អស់​នៅ​អូស្ត្រាលី និង​បាន​នាំឱ្យ Molnar និង​សហ​ស្ថាបនិក Anthony Eisen (ម្នាក់ៗកាន់កាប់​ភាគហ៊ុន 7% របស់​ក្រុមហ៊ុន) ក្លាយជា​មហាសេដ្ឋី ដោយម្នាក់ៗមានទ្រព្យ​សរុប​ប្រមាណ 2ពាន់​លាន​ដុល្លារ​អាមេរិក។

    មហាសេដ្ឋី​វ័យ 30 ឆ្នាំ​ខាងលើ បានផ្ដល់​យោបល់​ថា៖ «មនុស្សម្នាក់ៗគួរតែមាន​ការងារ​ប​ន្ថែ​ម​មួយ​ផ្សេងទៀត​ដើម្បី​មាន​ចំណូល​បន្ថែម។ មិនមាន​អ្នកណា​ដឹង​ច្បាស់​ថា វា​នឹង​រីកចម្រើន​យ៉ាងណា​នោះឡើយ ឱ្យតែ​អ្នកមាន​ការព្យាយាម​ខ្ពស់។ កាលពីពេល​ទើប​បញ្ចប់​ការសិក្សា ខ្ញុំ​តែង​គិតថា “ត្រូវតែ​រក​ការងារ​ល្អ​មួយ​ដើម្បី​ធ្វើ” ពោលគឺ​មិនមែន “ធ្វើ​ជំនួញ​ដោយ​ខ្លួនឯង​ដើម្បី​រកប្រាក់​ឱ្យ​ខ្លួនឯង និង​អ្នកដទៃ​ទេ។ ចូរ​មាន​ភាពក្លាហាន​ដើម្បី​ដើរចេញ​ពី​តំបន់​សុវត្ថិភាព»៕

    ប្រភព៖ CNBC

  • ជាង 71លាន​នាក់​បាន​ឆ្លង Covid-19! WHO ព្រមាន​ថា បុណ្យ​ណូអែល​ឆ្នាំនេះ​អាច​ក្លាយជា​មហាទុក្ខ

    ជាង 71លាន​នាក់​បាន​ឆ្លង Covid-19! WHO ព្រមាន​ថា បុណ្យ​ណូអែល​ឆ្នាំនេះ​អាច​ក្លាយជា​មហាទុក្ខ

    ពិភពលោក​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ជាង 71លាន​នាក់ ខណៈដែល​បុណ្យ​ណូអែល​ជិត​ចូលមក​ដល់ នាំឱ្យ WHO ព្រមាន​អំពី​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​វីរុស​នេះ នៅ​ចុងឆ្នាំ។

    នៅ​ទូទាំង​ពិភពលោក មនុស្ស​ចំនួន 71,398,029 នាក់​បាន​ឆ្លង Covid-19 ក្នុងនោះ​មាន 1,600,194 នាក់​បាន​ស្លាប់ និង 49,585,375 នាក់​បានជា​សះស្បើយ ខណៈ 20,212,460 នាក់​កំពុង​សម្រាក​ព្យាបាល ក្នុងចំណោម​នេះដែរ ក៏មាន​អ្នកជំងឺ 106,566 នាក់​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការស្លាប់​ខ្ពស់។

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អំពាវនាវ​ឱ្យ​គ្រប់គ្នា​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​អំពី​គម្រោង​កំសាន្ត​នៅក្នុង​ឱកាស​បុណ្យ​ណូអែល​ខាងមុខ។ «ឱកាស​ឈប់សម្រាក​ថ្ងៃបុណ្យ​ដើម្បី​ជប់លៀង កំសាន្ត​សប្បាយ ប៉ុន្តែ វា​អាច​ក្លាយទៅជា​សោកនាដកម្ម​យ៉ាង​ឆាប់រហ័ស បើសិន​យើង​មិនមាន​វិធានការ​ទប់ស្កាត់​ត្រឹមត្រូវ» ប្រធាន​អង្គការ WHO លោក Tedros Adhanom Ghebreyesus មានប្រសាសន៍​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ម្សិលមិញ (11ធ្នូ 2020)។

    ប្រធាន​អង្គការ WHO លោក Tedros Adhanom Ghebreyesus

    លោក Tedros បន្ថែមថា «នៅពេល​លោកអ្នក​ជប់លៀង កំសាន្ត​សប្បាយ​នា​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ សូម​ពិចារណា​ឱ្យបាន​ល្អិត​ស្អ​ន់​អំពី​គម្រោង​នេះ។ បើសិន​អ្នក​រស់នៅក្នុង​តំបន់​ដែលមាន​ហានិភ័យ​ឆ្លង​វីរុស​កម្រិត​ខ្ពស់ ចូរ​អនុវត្ត​វិធានការ​ទប់ស្កាត់​ដើម្បី​រក្សា​សុវត្ថិភាព​សម្រាប់​ខ្លួនឯង និង​អ្នកដទៃ។ កាដូ​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​ជូន​ដល់​គ្រួសារ និង​អ្នកដទៃ (នៅក្នុង​ឱកាស​បុណ្យ​ណូអែល) នោះ​គឺ​កាដូ​សុខភាព»៕

    ប្រភព៖ AFP/Reuters

  • វ៉ាក់សាំងប្រឆាំង​ Covid-19 របស់​វៀត​ណាម នឹងត្រូវ​ផលិត​ជា​ផ្លូវការ​ចាប់ពី​ខែឧសភា2021 បើសិន​ពិសោធ​លើ​មនុ​ស្សបាន​ជោគជ័យ​ដូច​នៅលើ​សត្វ

    វ៉ាក់សាំងប្រឆាំង​ Covid-19 របស់​វៀត​ណាម នឹងត្រូវ​ផលិត​ជា​ផ្លូវការ​ចាប់ពី​ខែឧសភា2021 បើសិន​ពិសោធ​លើ​មនុ​ស្សបាន​ជោគជ័យ​ដូច​នៅលើ​សត្វ

    បន្ទាប់ពី​ដំណើរការ​កម្មវិធី​ពិសោធន៍​វ៉ាក់សាំង Covid-19 ដែលមាន​ឈ្មោះថា Nanocovax នៅលើ​មនុស្ស​ដំណាក់កាល​ទីមួយ វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​យោធា​របស់​វៀតណាម ទទួលបាន​ពាក្យ​ចុះឈ្មោះ​ចូលរួម​ពី​អ្នកស្ម័គ្រចិត្ត​ចំនួន​ជាង 100នាក់។

    ក្រោយពី​បាន​ចុះឈ្មោះ ក្រុម​អ្នក​ស្ម័គ្រ​នឹងត្រូវ​បាន​ចម្រាញ់ ដោយ​ការប្រើប្រាស់​លក្ខខណ្ឌ​ចំនួន 5 រួមមាន អាយុ និង​សុខភាព។ល។ ហើយ​បន្ទាប់មក នឹងត្រូវ​បាន​បែង​ចែកជា​ក្រុម និង​ចាក់​វ៉ាក់សាំង រួចហើយ​ធ្វើការ​តាមដាន​សុខភាព។

    បន្ទាប់ពី​ត្រូវបាន​ជ្រើសរើស អ្នកស្ម័គ្រចិត្ត​នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​នៅក្នុង​ថ្ងៃ​ជ្រើសរើស​នោះ​តែម្ដង។ តាម​គម្រោង ការចាក់​វ៉ាក់សាំង​ពិសោធន៍​ដំបូង​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 17 ខែធ្នូ​ខាងមុខ។

    អនុប្រធាននាយកដ្ឋាន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​បណ្ដុះបណ្ដាល នៃ​ក្រសួងសុខាភិបាល​វៀតណាម បានឱ្យដឹងថា ការពិសោធ​លើ​មនុស្ស​ដំណាក់កាល​ដំបូង​នឹងមាន​ការវាយតម្លៃ​លើ​សុវត្ថិភាព និង​ការវាយតម្លៃ​ជា​លើ​កបំ​បូ​ង​អំពី​សមត្ថភាព​នៃ​ការបង្កើត​អង្គ​ប​ដិ​ប្រាណ​របស់​វ៉ាក់សាំង។

    វ៉ាក់សាំង Covid-19 «made in Vietnam» នឹងត្រូវ​ផលិត​ជា​ផ្លូវការ​ចាប់ពី​ខែឧសភា2021 បើសិន​ពិសោធ​លើ​មនុ​ស្សបាន​ជោគជ័យ​ដូច​នៅលើ​សត្វនៅពេល​បានបញ្ចប់​ការធ្វើ​តេស្ត​វ៉ាក់សាំង​លើ​មនុស្ស​ក្នុងដំណាក់កាល​ទីមួយ ក្រុម​អ្នកវិទ្យាសាស្ត្រ​នឹង​អាច​វាយតម្លៃ​បាន​ថា បរិមាណ​ថ្នាំ​កម្រិតណា​មាន​សុវត្ថិភាព​បំផុត រួម​នឹង​សមត្ថភាព​នៃ​ការបង្កើត​អង់​ទី​ក័​រ ក៏ដូចជា​ការប្រមូល​ទិន្នន័យ​ដំបូង​ដើម្បី​ឈានដល់​ការពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​ពីរ។ ដំណាក់កាល​ទី​ពីរ​នឹងត្រូវ​ប្រើប្រាស់​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ដំណាក់កាល​ទីមួយ​ដើម្បី​អនុវត្ត និង​បន្ថែម​ក្រុម​គោលដៅ​ជា​កុមារ​អាយុ​ក្រោម 12ឆ្នាំ ឬ​មនុស្ស​ចាស់​អាយុ​ចាប់ពី 60ឆ្នាំ​ឡើងទៅ។

    លោក Ho Nhan អគ្គនាយក​នៃ​ក្រុមហ៊ុន​អភិវឌ្ឍ​ឱសថ Nanogen ដែលជា​អ្នកស្រាវជ្រាវ​រកឃើញ​វ៉ាក់សាំង Nanocovax បាន​និយាយថា លទ្ធផល​នៃ​ការពិសោធ​វ៉ាក់សាំង Covid-19 នៅលើ​សត្វ​កណ្ដុរ ស្វា និង​ទន្សាយ នៅឯ​វិទ្យាស្ថាន​ជាតិ​អនាម័យ​និង​រោគរាតត្បាត បានទទួល​លទ្ធផល​ល្អ។

    បើសិនជា​ការពិសោធ​នៅលើ​មនុស្ស ប្រព្រឹត្ត​ទៅដោយ​រលូន ដូច​ការពិសោធ​នៅលើ​សត្វ នោះ​ក្រុមហ៊ុន Nanogen នឹង​អាច​បញ្ចប់​ការពិសោធ​របស់ខ្លួន​នៅក្នុង​ខែឧសភា ឆ្នាំ2021 និង​ដាក់​ពាក្យសុំ​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ដើម្បី​ផលិត​វ៉ាក់សាំង​នេះ​ជាបន្ទាន់។

    វ៉ាក់សាំង Covid-19 «made in Vietnam» នឹងត្រូវ​ផលិត​ជា​ផ្លូវការ​ចាប់ពី​ខែឧសភា2021 បើសិន​ពិសោធ​លើ​មនុ​ស្សបាន​ជោគជ័យ​ដូច​នៅលើ​សត្វNanocovax គឺជា​វ៉ាក់សាំង​ប្រឆាំង Covid-19 ដំបូង​របស់​វៀតណាម ដែល​បាន​ពិសោធ​នៅលើ​មនុស្ស។ បច្ចុប្បន្ន ប្រទេស​នេះ​នៅមាន​បេក្ខភាព​វ៉ាក់សាំង Covid-19 ចំនួន 3 ទៀត ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ពិសោធន៍​នៅលើ​សត្វ៕

    ប្រភព៖ VNexpress

  • តំណាងរាស្ត្រ​របស់ Texas ចាប់ផ្ដើមមាន​​ផែនការ​បំបែក​រដ្ឋ​នេះ ចេញពី​សហរដ្ឋអាមេរិក

    តំណាងរាស្ត្រ​របស់ Texas ចាប់ផ្ដើមមាន​​ផែនការ​បំបែក​រដ្ឋ​នេះ ចេញពី​សហរដ្ឋអាមេរិក

    តំណាងរាស្ត្រ​សភា​ជាន់​ទាប Kyle Biedermann ស្នើឱ្យ​បំបែក​រដ្ឋ Texas ចេញពី​សហរដ្ឋអាមេរិក ដើម្បី​បង្កើតជា​ប្រទេស​ឯករាជ្យ ដោយសារតែ​រដ្ឋាភិបាល​កណ្ដាល​លែង​ជា​តំណាងឱ្យ​តម្លៃ​របស់​ប្រជាជន​នៃ​រដ្ឋ​នេះ។

    «រដ្ឋាភិបាលកណ្ដាល​បាន​បាត់បង់​ការគ្រប់គ្រង និង​លែង​ជា​តំណាង​នៃ​តម្លៃ​របស់​ប្រជាជន​ក្នុង​រដ្ឋ Texas។ នេះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​មាន​គម្រោង​ដាក់សំណើ​ផ្លូវច្បាប់​មួយ ឡើងទៅ​កាន់​ស្ថាប័ន​សភា​របស់​រដ្ឋ ដើម្បី​ធ្វើ​ប្រជាមតិ ក្នុង​បំណង​ឱ្យ​រដ្ឋ Texas ក្លាយជា​ប្រទេស​ឯករាជ្យ​មួយ» តំណាងរាស្ត្រ Biedermann បាន​បង្ហោះ​សារ​ដូច្នេះ​នៅលើ​ទំព័រ Twitter កាលពី​ថ្ងៃទី 8ធ្នូ 2020។

    ស្ថាប័ន​សភា​របស់​រដ្ឋ Texas នឹង​បើក​កិច្ចប្រជុំ​ឡើងវិញ នៅក្នុង​ខែមករា​ខាងមុខ។ ប៉ុន្តែ លោក Biedermann និយាយថា លោក​នឹង​ប្រើប្រាស់​មាត្រា​ទី1 ទី2 នៃ​ច្បាប់​ធម្មនុញ្ញ​របស់​រដ្ឋ Texas ដើម្បី​ដាក់សំណើ​ផ្លូវច្បាប់​របស់ខ្លួន។ មាត្រា​ទី1 និង​ទី2 នៃ​រដ្ឋធម្មនុញ្ញ​របស់ Texas បាន​ចែងថា ប្រជាជនមាន​សិទ្ធិ​ប្ដូរផ្លាស់ កែទម្រង់ ឬ​លុបចោល​អាជ្ញាធរ ទៅតាម​អ្វីដែល​ពួកគេ​យល់ថា​ត្រឹមត្រូវ និង​ជាក់ស្ដែង។

    តំណាងរាស្ត្ររបស់ Texas ចាប់ផ្ដើមមានផែនការបំបែករដ្ឋនេះ ចេញពីសហរដ្ឋអាមេរិក
    Texas ស្ថិត​នៅ​ភាគ​ខាង​ត្បូង​របស់​សហរដ្ឋ​អាមេរិក​

    ក្រុម​ជាច្រើន មានដូចជា​ចលនា​ពលរដ្ឋ Texas ជាដើម តាំងតែ​ពី​យូរណាស់​មកហើយ តែងតែ​គាំទ្រ​ឱ្យ​មានការ​បំបែក​ខ្លួន​ចេញពី​សហរដ្ឋអាមេរិក។ ស្ថាប័ន​សភា​របស់ Texas ក៏បាន​ទទួល​សំណើ​ដូចគ្នានេះ​ចំនួន​រាប់រយ​លើក​មកហើយ​ដែរ។

    រដ្ឋ Texas ធ្លាប់បាន​បំបែក​ចេញពី​សហរដ្ឋអាមេរិក​ម្ដង​រួចមកហើយ។ កាលពី​ឆ្នាំ 1845 Texas បាន​បំបែក​ចេញ​ពី​​សហរដ្ឋ​អាមេរិក​ និង​បាន​ក្លាយជា​រដ្ឋ​មួយ ហើយ​ក៏បាន​ចូលរួម​ក្នុង​សហភាព​ភាគខាងត្បូង​កាលពី​ឆ្នាំ 1860។ ក្រោយ​សង្គ្រាម​ផ្ទៃក្នុង Texas ក៏បាន​វិល​ត្រលប់​មកជា​រដ្ឋ​មួយ​របស់​សហរដ្ឋអាមេរិក​វិញ កាលពី​ឆ្នាំ 1870។

    ទង់ជ័យ​របស់​រដ្ឋ Texas
    ទង់ជ័យ​របស់​រដ្ឋ Texas

    Texas ក៏​ជា​រដ្ឋ​មួយ​ដែលថ្មីៗនេះ បានដាក់​ពាក្យបណ្ដឹង​ឡើង​តុលាការ ប្រឆាំងនឹង​រដ្ឋ​ចំនួន 4 គឺ Georgia, Michigan, Pennsylvania និង Wisconsin ដើម្បី​រារាំង​ក្រុម​តំណាង​ម្ចាស់ឆ្នោត​នៃ​រដ្ឋ​ទាំងនេះ ​មិន​ឱ្យ​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដោយ​ចោទថា រដ្ឋ​ទាំងនេះ បាន​ផ្លាស់ប្ដូរ​នីតិវិធី​ក្នុងការ​បោះឆ្នោត​ដោយ​អធម្មនុញ្ញភាព​ក្នុង​គ្រា​ប្រឈម​នឹង​វីរុស Covid-19 ដែល​ទង្វើ​នេះ បាន​នាំឱ្យ​សន្លឹកឆ្នោត​ដែល​បោះ​តាម​ប្រៃសណីយ៍​មានការ​កើនឡើង​ខ្ពស់ ធ្វើឱ្យ​ក្រុម​លោក Trump ត្រូវ​ប្រឈម​នឹង​ការ​ចាញ់ឆ្នោត៕

    ប្រភព៖ Fox News

  • លែង​បារម្ភ​នឹង​​បញ្ហា «​កាត់​​​លុយ​ទូរស័ព្ទ​ដោយ​មិនដឹង​ខ្លួន» ទៀត​ទៅ! អតិថិជន​នឹង​បាន​ប្រើ​លេខ​កូដ​ថ្មី ដើម្បី​ផ្តាច់​សេវាកម្ម​បន្ថែម​ទាំងឡាយណា​ដែល​មិនចាំបាច់

    លែង​បារម្ភ​នឹង​​បញ្ហា «​កាត់​​​លុយ​ទូរស័ព្ទ​ដោយ​មិនដឹង​ខ្លួន» ទៀត​ទៅ! អតិថិជន​នឹង​បាន​ប្រើ​លេខ​កូដ​ថ្មី ដើម្បី​ផ្តាច់​សេវាកម្ម​បន្ថែម​ទាំងឡាយណា​ដែល​មិនចាំបាច់

    ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បានប្រកាស​ជូនដំណឹង​ឱ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ទាំងអស់​នៅ​កម្ពុជា បង្កើត​លេខ​កូដ​ថ្មី​មួយ​ដើម្បី​ងាយស្រួល​ដល់​អតិថិជន​ក្នុងការ​ផ្ដាច់​សេវាកម្ម​បន្ថែម​ណាមួយ​នៅក្នុង​ស៊ីម​ដែល​ពួកគេ​មិន​ចង់​ប្រើ ក្នុង​បំណង​បញ្ចប់​បញ្ហា​កាត់ទឹក​ប្រាក់​ពី​ក្នុង​ស៊ីម​ដោយ​មិនដឹង​ខ្លួន។

    នៅក្នុង​សេចក្ដីជូនដំណឹង​ស្ដីអំពី​ការប្រើ​លេខ​កូដ *1200# ដើម្បី​ផ្ដាច់​សេវាកម្ម​ទូរស័ព្ទ​បន្ថែម ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​ថ្ងៃទី 11ធ្នូ​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​ណែនាំ​ឱ្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា សហការ​ជាមួយនឹង​ប្រតិបត្តិ​ករ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ទាំងអស់ បង្កើត​លេខ​កូដ *1200# សម្រាប់​អតិថិជន​ប្រើប្រាស់​ដើម្បី​ពិនិត្យ និង​ផ្ដាច់​រាល់​សេវាកម្ម​បន្ថែម​ដែល​ខ្លួន​មិនត្រូវ​ការ ចាប់ពី​ថ្ងៃ11ធ្នូ 2020 នេះ​តទៅ។

    សេចក្ដីណែនាំ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយពី​មាន​ករណី​ជាច្រើន​បាន​កើតមានឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ រួម​នឹង​ការ​ត្អូញត្អែរ​ជា​បន្ត​បន្ទាប់ពី​សំណាក់​អ្នកប្រើប្រាស់ ទាក់ទិន​នឹង​បញ្ហា​ត្រូវ​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ កាត់ទឹក​ប្រាក់​ក្នុង​ស៊ីម​ដោយ​មិនដឹង​មូលហេតុ។ ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ដូចខាងក្រោម៖
    លែង​បារម្ភ​នឹង​​បញ្ហា «​កាត់​​​លុយ​ទូរស័ព្ទ​ដោយ​មិនដឹង​ខ្លួន» ទៀត​ទៅ! អតិថិជន​នឹង​បាន​ប្រើ​លេខ​កូដ​ថ្មី ដើម្បី​ផ្តាច់​សេវាកម្ម​បន្ថែម​ទាំងឡាយណា​ដែល​មិនចាំបាច់