Author: សឿន សំណាង

  • Jack Ma បាត់​ខ្លួន

    Jack Ma បាត់​ខ្លួន

    មហាសេដ្ឋី​ដែល​នៅ​ពីក្រោយ​ក្រុមហ៊ុន Alibaba និង Ant Group មិនបាន​បង្ហាញខ្លួន​នៅលើ​ទំព័រសារព័ត៌មាន​ណាមួយ​នោះទេ បន្ទាប់ពី​បានធ្វើការ​អត្ថាធិប្បាយ​លើកចុងក្រោយ​កាលពី​ខែតុលា ឆ្នាំ 2020។

    បើទោះបី​ខ្លួន​ជា​សមាជិក​ម្នាក់​នៃ​បក្សកុម្មុយនិស្ត​ចិន លោក Jack Ma ក៏​តែងតែ​រិះគន់​យ៉ាង​ខ្លាំងក្លា​ទៅលើ​ការកំណត់​ទាក់ទង​នឹង​បច្ចេកវិទ្យា និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ។ ថ្មីៗនេះ លោក​បាន​ហៅ​ប្រព័ន្ធ​ធនាគារ​ដែល​ហួស​សម័យ​របស់​ចិន​ថា​ជា «ហាង​ទទួល​បញ្ចាំ​ទ្រព្យ»។ ជាង​នេះ លោក​ថែមទាំង​បានប្រកាសថា កិច្ចព្រមព្រៀង​ធនាគារ​សកល Basel ថា​ជា «ក្លឹប​សម្រាប់​មនុស្ស​ចាស់» ទៀតផង។

    យោងតាម​សារព័ត៌មាន​អង់គ្លេស Dailymail ការយល់ឃើញ​របស់​ម​ហា​សេដ្ឋី​រូបនេះ បានធ្វើឱ្យ​អាជ្ញាធរ​ចិន​មានការ​ខឹងសម្បា។ សកម្មភាព​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​បង្កបញ្ហា​ដល់​អាជ្ញាធរ​ចិន​នេះ បាន​នាំឱ្យមាន​ការស៊ើបអង្កេត​ខុសធម្មតា​ទៅលើ​សកម្មភាព​ជំនួញ​របស់​ក្រុមហ៊ុន Alibaba។

    កាលពី​ខែវិច្ឆិកា ឆ្នាំ 2020 រដ្ឋាភិបាល​ចិន​បានចាប់ផ្ដើម​ធ្វើ​សកម្មភាព​រឹតបន្តឹង​លើ​លោក Jack Ma ដោយ​ការផ្អាក​ការបោះ​ផ្សាយ​មូល​ប​ត្រ (IPO) ដែលមាន​តម្លៃ 37 ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ក្រុមហ៊ុន Ant Group ទៅតាម​បញ្ជា​ផ្ទាល់​របស់​ប្រធានាធិបតី​ចិន លោក Xi Jinping នេះ​បើតាម​សារព័ត៌មាន Wall Street Journal។

    ក្រោយមក ការស៊ើបអង្កេត​លើ​ការរកស៊ី​ផ្ដាច់មុខ​ទៅលើ​ក្រុមហ៊ុន Alibaba ក៏ត្រូវ​បានប្រកាស​កាល​ពី​យប់​ថ្ងៃបុណ្យ​ណូអែល នេះ​បើតាម​សារព័ត៌មាន Bloomberg។ ក្រុមមន្ត្រី​រដ្ឋាភិបាល​ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា Ant Group របស់លោក Jack Ma កាត់បន្ថយ​ទំហំ​នៃ​សកម្មភាព​ពាណិជ្ជកម្មរ​បស់​ខ្លួន។

    លោក Jack Ma ក៏​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង ពី​កម្មវិធី​ទូរទស្សន៍​ស្វែងរក​ជំនាញ​ដែលមាន​ឈ្មោះថា «អ្នកក្លាហាន​ក្នុង​វិស័យ​ជំនួញ​នៅ​អាហ្វ្រិក» ដែល​លោក​ជា​អ្នក​បង្កើតឡើង។ ជាក់ស្ដែង លោក Ma គួរតែមាន​វត្តមាន​ក្នុងនាម​ជា​គណកម្មការ​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​លោក​បែរជា​ត្រូវបាន​ជំនួស​ដោយ​នាយក​ប្រតិបត្តិ​ម្នាក់​ផ្សេងទៀត​របស់ Alibaba ដោយ​លើក​មូល​ហេតុថា «កាលបរិច្ឆេទ​ត្រូវបាន​រំខាន»។

    អាជ្ញាធរ​ចិន​ត្រូវបាន​គេ​មើលឃើញថា តែងតែ​ធ្វើការ​ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​អ្នក​ដែល​បាន​រិះគន់​បញ្ហា​ផ្ទៃក្នុង។ កាលពី​ខែមីនា ឆ្នាំ 2020 មហាសេដ្ឋី​ផ្នែក​អចលនទ្រព្យ Ren Zhiqiang ក៏បាន​បាត់​ខ្លួន ក្រោយពី​បាន​ហៅ​ប្រធានាធិបតី​ចិន​ថា​ជា «មេ​ត្លុក» ក្នុងការ​ដោះស្រាយ​វិបត្តិ Covid-19។ មិត្តភក្ដិ​របស់លោក Ren Zhiqiang បានឱ្យដឹងថា ពួកគេ​មិនអាច​ទាក់ទង​ទៅ​លោក Zhiqiang បាន ហើយ 6 ខែក្រោយ ស្រាប់តែ​លោក Zhiqiang ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល 18 ឆ្នាំ «ក្រោយពី​បាន​សារភាព​ដោយ​ស្ម័គ្រចិត្ត និង​ស្មោះត្រង់» អំពី​ទោសកំហុស​ជាច្រើន​ទាក់ទង​នឹង​បញ្ហា​ពុករលួយ។

    ការស៊ើបអង្កេត​ប្រឆាំងនឹង​ភាពផ្ដាច់មុខ រួម​ជាមួយនឹង​ការអធិប្បាយ​កាលពី​ខែតុលា ឆ្នាំ 2020 បានធ្វើឱ្យ​តម្លៃ​មូល​ប​ត្រ​របស់ Alibaba ធ្លាក់ចុះ 25% បើ​ធៀប​នឹង​តម្លៃ​ខ្ពស់បំផុត ដែល​ប្រការនេះ​ក៏បាន​នាំឱ្យ​ប្រាក់​ជាង 10 ពាន់​លាន​ដុល្លារ​អាមេរិក «បាត់​ខ្លួន» ពី​ទ្រព្យសម្បត្តិ​សុទ្ធ​របស់លោក Jack Ma។ យោងតាម Bloomberg បច្ចុប្បន្ន លោក Ma មានទ្រព្យ​សុទ្ធ​ប្រមាណ 63.1 ពាន់​លាន​ដុល្លារ​អាមេរិក ឈរ​លំដាប់​ទី​បី​នៅក្នុង​បញ្ជី​ឈ្មោះ​អ្នកមាន​ជាងគេ​នៅ​ប្រទេស​ចិន៕

    ប្រភព៖ DailyMail

  • SpaceX អាច​នឹង​បាញ់​បង្ហោះ​យានអវកាស Starship ពីរ​ប្រភេទ​ក្នុងពេល​តែមួយ

    SpaceX អាច​នឹង​បាញ់​បង្ហោះ​យានអវកាស Starship ពីរ​ប្រភេទ​ក្នុងពេល​តែមួយ

    បើសិន​មិនមាន​អ្វី​ប្រែប្រួល ក្រុមហ៊ុន SpaceX អាច​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើតេស្ត​កំណែ​ចំនួន​ពីរ​នៃ​យានអវកាស Starship នា​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។

    កាលពី​ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2020 នៅក្នុង​ការឆ្លើយតប​ទៅនឹង​រូប​ភាពមិន​ផ្លូវការ​មួយ​សន្លឹក​ដែល​បាន​ឆ្លងកាត់​ការកាត់ត បង្ហាញ​អំពី​យានអវកាស Starship ចំនួន​ពីរ​គ្រឿង​ដែល​ស្ថិតនៅលើ​ប្រព័ន្ធ​បាញ់​បង្ហោះ​របស់ SpaceX នៅក្នុង​រដ្ឋ South Texas លោក Elon Musk បានឱ្យដឹងថា រូបភាព​ប្រដូច​នេះ «នឹង​ក្លាយជា​ការពិត​ក្នុងពេលឆាប់»។

    ក្នុង​រយៈពេល 4 ខែ​ចុងឆ្នាំ 2020 ក្រុម​វិស្វករ​របស់ SpaceX បានចាប់ផ្ដើម​សាងសង់​បង្គោល​ទម្រ​បាញ់​បង្ហោះ​ថ្មី (ប្រព័ន្ធ​សម្រាប់​ទ្រ ចាក់​ប្រេង និង​បាញ់​បង្ហោះ​យានអវកាស Starship) ដើម្បី​បន្ថែម​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ស្រាប់​នាបច្ចុប្បន្ន។ ដំណើរការ​នៃ​ការសាងសង់​នេះ ត្រូវបាន​ធ្វើឡើង​មុនពេល​បាញ់​បង្ហោះ​យាន SN5 និង SN6 និង​ក្រោយ​ការផ្ទុះ​របស់​យាន Starship SN4 ដែល​បាន​បំផ្លាញ​ប្រព័ន្ធ​ទម្រ​មួយកន្លែង។

    តាម​គម្រោង ប្រព័ន្ធ​បាញ់​បង្ហោះ​នេះ​នឹង​ជួយ​ដល់​ការធ្វើ​តេស្ត​សាកល្បង​ជាមួយនឹង​អណ្ដាតភ្លើង​ថេរ​របស់​យាន Starship ដែល​ត្រូវធ្វើឡើង​នៅក្នុង​ថ្ងៃទី 4 ខែមករា ឆ្នាំ 2021 (ថ្ងៃទី 5 នៅ​កម្ពុជា) នេះ។

    យានអវកាស​សម្រាប់ធ្វើ​តេស្ត SN10 និង SN11 ត្រូវបាន​ដំឡើង​កាលពី​ថ្ងៃទី 2 មករា ឆ្នាំ 2021 ដូច្នេះ ការសាកល្បង​បាញ់​បង្ហោះ​យាន​ច្រើន​គ្រឿង​ក្នុងពេល​តែមួយ ពិតជា​អាចទៅរួច​ក្នុងអំឡុង​ខែមករា​នេះ៕

    ប្រភព៖ Teslarati

  • អង់គ្លេស​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស​ជាថ្មី

    អង់គ្លេស​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស​ជាថ្មី

    នាយករដ្ឋមន្ត្រី​អង់គ្លេស​បានចេញ​បទបញ្ជា​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស អំពាវនាវ​ឱ្យ​ប្រជាជន​នៅក្នុង​ផ្ទះ និង​បិទទ្វារ​សាលារៀន​ដើម្បី​ឈានទៅរក​ការគ្រប់គ្រង​ស្ថានភាព Covid-19 ក្លាយ​ពូជ។

    «មន្ទីរពេទ្យ​នានា​កាន់តែ​ទទួលរង​សម្ភា​ធ​ខ្លាំង​ដោយសារ Covid-19 បើ​ធៀប​នឹង​ដំណាក់កាល​ដំបូង​នៃ​ការ​រាតត្បាត​របស់​វីរុស​នេះ។ ភាគច្រើន ប្រទេស​យើង​កំពុង​អនុវត្ត​វិធានការ​តឹងរ៉ឹង ពិតណាស់ យើង​ត្រូវ​ការធ្វើ​ច្រើនជាង​នេះ​ដើម្បី​គ្រប់គ្រង​វីរុស​ក្លាយ​ពូជ​នេះ។ យើង​ត្រូវតែ​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស ហើយ​រដ្ឋាភិបាល ជាថ្មី​ម្ដងទៀត សូម​ណែនាំ​ឱ្យ​ពលរដ្ឋ​នៅក្នុង​ផ្ទះ» នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson មានប្រសាសន៍​លើ​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃទី 4 មករា។

    យោងតាម​បទបញ្ជា​បម្រាម​គោចរ​ថ្មី​នេះ ហាង​លក់ទំនិញ​មិនចាំបាច់​នៅ​ទូទាំងប្រទេស និង​ទីតាំង​ទទួលភ្ញៀវ​នានា​នឹងត្រូវ​បន្ត​បិទទ្វារ។ សាលា​បឋម និង​មធ្យមសិក្សា​នឹង​ចាប់ផ្ដើម​បិទទ្វារ​ចាប់ពី​ថ្ងៃទី 5 មករា ដោយ​ទទួល​តែ​សិស្ស​ងាយ​រងគ្រោះ ឬកូនៗរបស់​ក្រុម​ពលករ​ដែល​ធ្វើការ​ក្នុង​វិស័យ​ចាំបាច់​ក្នុងសង្គម។

    នាយករដ្ឋមន្ត្រី​បានឱ្យដឹងថា បទបញ្ជា​ខាងលើ​អាច​នឹង​ត្រូវបាន​បន្ធូរ​បន្ថយ​ច​ចាប់ពី​ពាក់កណ្ដាល​ខែកុម្ភៈ បើសិនជា​កម្មវិធី​ចាក់​វ៉ាក់សាំង​ដំណើរការ​រលូត​ដូច​បាន​គ្រោងទុក។

    បច្ចុប្បន្ន អង់គ្លេស​គឺជា​សម្បុក​វី​រុស​ធំជាងគេ​លំដាប់​ទី​ប្រាំ​ក្នុង​ពិភពលោក ដោយមាន​អ្នក​ឆ្លង Covid-19 សរុប​ជាង 2.7 លាន​នាក់ ក្នុងនោះ​មាន​ជាង 75,000 នាក់​បាន​បាត់​បង់ជីវិត៕

    ប្រភព៖ Reuters

  • ស្ថានភាព Covid-19 នៅ​កម្ពុជា​និង​ពិភពលោក នា​ថ្ងៃទី 5មករា

    ស្ថានភាព Covid-19 នៅ​កម្ពុជា​និង​ពិភពលោក នា​ថ្ងៃទី 5មករា

    ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ កម្ពុជា​មិនមាន​អ្នក​ឆ្លង Covid-19 និង​អ្នកជា​សះស្បើយ​ពី​ជំងឺ​នេះ​ទេ ខណៈ​ករណី​ឆ្លង Covid-19 នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់ 86,078,724 នាក់។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 5 ខែមករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 382 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 362 នាក់ ខណៈ​អ្នកជំងឺ​ចំនួន 20 នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​ទិន្នន័យ​ក្នុង​តារាង​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក​ឯណោះ​វិញ អ្នក​ដែល​បាន​ឆ្លង​វីរុស Covid-19 សរុប មាន​ចំនួន 86,078,724 នាក់ ក្នុងនោះ អ្នកជំងឺ​ដែល​បានជា​សះស្បើយ​មាន​ចំនួន 61,021,418 នាក់ អ្នក​កំពុង​ទទួល​ការព្យាបាល​មាន​ចំនួន 23,197,547 នាក់។ ក្នុងចំណោម​អ្នក​ដែល​កំពុង​ព្យាបាល មាន 107,848 ករណី​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ដល់​ជីវិត៕

  • សំឡេង​នៃ​ករណី​ផ្ទុះ​ផ្កាយ​លំដាប់ «យក្ស» ក្នុង​ចក្រវាល​ដែល​មនុស្ស​រកឃើញ

    សំឡេង​នៃ​ករណី​ផ្ទុះ​ផ្កាយ​លំដាប់ «យក្ស» ក្នុង​ចក្រវាល​ដែល​មនុស្ស​រកឃើញ

    NASA បាន​ចែករំលែក​វីដេអូ​បង្កើត​ឡើងវិញ​មួយ​ដែល​បង្ហាញ​អំពី​សំឡេង​នៃ​ការផ្ទុះ​ផ្កាយ​យក្ស (supernova) មួយ​ដែលមាន​ចម្ងាយ 168,000 ឆ្នាំ​ពន្លឺ​ពី​ផែនដី ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​នៃ​កម្ម​វិធ​បំប្លែង​ទិន្នន័យ​ពិសេស។

    ជាមួយនឹង​កម្មវិធី «បំប្លែង​សំឡេង​ចេញពី​ទិន្នន័យ» អង្គការ​អវកាស​អាមេរិកាំង (NASA) បានបង្ហាញ​អំពី​បាតុភូត​ពិសេស​នានា​ក្នុង​ចក្រវាល ដោយ​ប្រើ​ឧបករណ៍​តន្ត្រី​នៅលើ​ផែនដី ដោយយោង​ទៅតាម​ទិន្នន័យ​ពី​ស្ថានីយ​សង្កេត​កាំរស្មីអ៊ិច Chandra ដែលជា​ឧបករណ៍​សង្កេតមើល​កាឡាក់ស៊ី​នៅឆ្ងាយ។

    NASA បាន​ចែករំលែក​វីដេអូ​មួយ​ដែល​ថត​បាន​នូវ​រូបភាព​នៃ​ការផ្ទុះ​ផ្កាយ​យក្ស 1987A ដែល​ដាក់ឈ្មោះ​ទៅតាម​ចំនួន​ឆ្នាំ​ពន្លឺ​ដែល​រត់​ចេញពី​តំបន់​ផ្ទុះ​ស្ថិតក្នុង​បណ្ដុំ​ពពក​អវកាស Magellan ដែលមាន​ចម្ងាយ​ពី​ផែនដី 168,000 ឆ្នាំ​ពន្លឺ។

    វីដេអូ​នេះ​ត្រូវបាន​បំប្លែង​ដោយ​កម្មវិធី time-lapse។ នៅពេល​សញ្ញា​ជើងក្អែក​ក្នុង​រង្វង់​មូល​រត់​ជុំវិញ​ជាយ​របស់​កាំរស្មី​ដែល​បង្កើតឡើង​ពី​ឧស្ម័ន​នៃ​ការផ្ទុះ​ផ្កាយ រូបភាព​ក៏បាន​ផ្លាស់ប្ដូរ​ជាសន្សឹមៗ និង​បង្ហាញ​អំពី​ការវិវត្ត​នៃ​ការផ្ទុះ​ចាប់ពី​ឆ្នាំ 1999 ដល់​ឆ្នាំ 2013។ កាំរស្មី​កាន់តែ​ជះ​ពន្លឺ សំឡេង​ក៏​កាន់តែ​លាន់ឮ​ខ្លាំង​ជាង​មុន។ រង្វង់​នៃ​ពន្លឺ​ឧស្ម័ន​បាន​កើន​ឡើងដល់​កម្រិត​កំពូល​នៅពេល​រលក shockwave នៃ​ការផ្ទុះ​ផ្កាយ​ជះ​មក​ខ្លាំង នាំឱ្យមាន​សំឡេង​ឡើង​ខ្ពស់ និង​លាន់ឮ​ខ្លាំង​នៅ​ខាងចុង​វីដេអូ៕

    ប្រភព៖ Space

  • នាយករដ្ឋមន្ត្រី​ថៃ​ស្នើឱ្យ​ពលរដ្ឋ​នៅក្នុង​ផ្ទះ ក្នុង​គ្រា​ករណី​វិជ្ជមាន​នឹង Covid-19 កំពុង​កើនឡើង​យ៉ាងខ្ពស់

    នាយករដ្ឋមន្ត្រី​ថៃ​ស្នើឱ្យ​ពលរដ្ឋ​នៅក្នុង​ផ្ទះ ក្នុង​គ្រា​ករណី​វិជ្ជមាន​នឹង Covid-19 កំពុង​កើនឡើង​យ៉ាងខ្ពស់

    នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន​នៅក្នុង​ផ្ទះ​ដើម្បី​ទប់ស្កាត់ «រលក​ធំ​បំផុត» នៃ​ការឆ្លង​រាលដាល​របស់​វីរុស Covid-19 បន្ទាប់ពី​ក្រុមមន្ត្រី​បញ្ជាក់​អំពី​ការកើនឡើង​ខ្ពស់​នៃ​ករណី​ឆ្លង​ថ្មី​ដល់​ទៅ 745 នាក់​ក្នុងថ្ងៃនេះ។

    រដ្ឋាភិបាល​ថៃ ថ្ងៃនេះ​បានប្រកាសថា ខេត្ត​ក្រុង​ចំនួន 28 រួមមាន​ទាំង​រាជធានី​បាងកក​ផងដែរ គឺជា​តំបន់​ដែល​កំពុងមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង Covid-19 ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ធ្វើការ​ក្នុងផ្ទះ ចៀសវាង​ការជួប​ជុំគ្នា ឬ​ចាក​ចេញពី​ខេត្ត​របស់ខ្លួន​ក្នុង​គ្រា​ដែលមាន​ការផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង ក្រោយ​ការរកឃើញ​ករណី​ឆ្លង​នៅក្នុង​ផ្សារ​ត្រី​ក្បែរ​ទីក្រុង​បាងកក​កាលពីពេលថ្មីៗនេះ។

    នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-ocha បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា៖ «យើង​មិន​ចង់​បិទទ្វារ​ប្រទេស​ទាំងមូល​នោះទេ ព្រោះ​យើង​ដឹង​ច្បាស់​អំពី​បញ្ហា ដូច្នេះ​តើ​គ្រប់គ្នា​អាច​បិទទ្វារ​ដោយ​ខ្លួនឯង​បានទេ?។ ប្រការនេះ​អាស្រ័យ​លើ​អ្នក​គ្រប់គ្នា ហើយ​បើសិនជា​មិន​ចង់​ឆ្លង​វីរុស គ្រប់គ្នា​គ្រាន់តែ​នៅផ្ទះ​ក្នុង​រយៈពេល​ពី 14-15 ថ្ងៃ។ បើសិន​អ្នក​គិត​ដូច្នេះ នោះ​គ្រប់យ៉ាង​នឹងមាន​សុវត្ថិភាព ហើយ​ងាយស្រួល​ក្នុងការ​គ្រប់គ្រង»។

    សម្រាប់​ថ្ងៃនេះ ប្រទេស​ថៃ​មាន​អ្នកស្លាប់​ថ្មី​ចំនួន 1 ករណី និង​បាន​រកឃើញ​ករណី​វិជ្ជមាន​ថ្មី​ចំនួន 745 នាក់ ដែល​នេះ​គឺជា​កម្រិត​ខ្ពស់បំផុត​រាប់​ចាប់ពី​ថ្ងៃ​ដែល​ប្រទេស​នេះ​រកឃើញ​ករណី​ដំបូង។ គិត​ត្រឹម​ថ្ងៃនេះ ប្រទេស​ថៃ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 8,439 នាក់ និង​អ្នកស្លាប់​សរុប​ចំនួន 65 នាក់។ យ៉ាងនេះ​ក្ដី ប្រទេស​ថៃ​នៅតែ​ស្ថិត​ក្នុងចំណោម​បណ្ដា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ទាប​ជាងគេ​នៅ​អាស៊ី។

    ករណី​ឆ្លង​ថ្មី​ភាគច្រើន​គឺ​ជាប់ទាក់ទង​នឹង​ក្រុម​ពលរដ្ឋ​បរទេស​ដែល​ចាប់ផ្ដើម​ឆ្លង​រាលដាល​នៅ​ខេត្ត Samut Sakhon នៅ​ភាគ​និរតី​ក្រុង​បាងកក និង​បាន​រាលដាល​ទៅកាន់​ខេត្ត​នានា​ជាង​ពាក់កណ្ដាល​របស់​ប្រទេស​នេះ។ រដ្ឋាភិបាល​ថៃ​បានចេញ​បញ្ជា​ឱ្យ​ហាង​នានា និង​អ្នកលក់​អាហារ​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ចាប់ពី​ម៉ោង 19 យប់ ដល់​ម៉ោង 6 ព្រឹក​ថ្ងៃ​បន្ទាប់ ដោយ​ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី 5 ខែមករា ដើម្បី​ទប់ទល់​នឹង​ការឆ្លង​វីរុស។

    ការលក់​គ្រឿង​ស្រវឹង​នៅក្នុង​ហាង និង​បារ ក៏ដូចជា​ទីតាំង​កម្សាន្ត​នានា​នៅក្នុង​បណ្ដា​ខេត្ត​ដែលមាន​ហានិភ័យ​ខ្ពស់​ក៏ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន។ អភិបាលខេត្ត-ក្រុង​នានា ទទួលបាន​សិទ្ធិ​ក្នុង​ការចេញ​បទបញ្ជា​ដោយឡែក​ដើម្បី​ចូលរួម​ទប់ស្កាត់ Covid-19។

    ចំណែក​សាលារៀន និង​មជ្ឈមណ្ឌល​អប់រំ​នៅ​ទូទាំងប្រទេស ក៏ត្រូវ​បិទទ្វារ ផ្អាក​ដំណើរការ​រយៈពេល​ពេញ​មួយខែ​ផងដែរ៕

    ប្រភព៖ Reuters

  • Tesla របស់​ Elon Musk លក់​រថយន្ត​អគ្គិសនី​បាន​ជិត​កន្លះ​លាន​គ្រឿង ​ក្នុង​ឆ្នាំ 2020

    Tesla របស់​ Elon Musk លក់​រថយន្ត​អគ្គិសនី​បាន​ជិត​កន្លះ​លាន​គ្រឿង ​ក្នុង​ឆ្នាំ 2020

    បរិមាណ​ផលិត​ដែល​បាន​លក់​ចេញ​របស់​ក្រុមហ៊ុន Tesla ក្នុង​ឆ្នាំ 2020 នេះ បាន​កើន 36% បើ​ធៀប​ជាមួយនឹង​ឆ្នាំ 2019 ប៉ុន្តែ នៅតែ​មិនទាន់​ដល់​គោលដៅ​ដែល​ក្រុមហ៊ុន​នេះ​បាន​ដាក់ចេញ។

    ក្នុង​ឆ្នាំ 2020 ក្រុមហ៊ុន Tesla បានប្រគល់​រថយន្ត​អគ្គិសនី​ដល់ដៃ​អតិថិជន​ចំនួន 499,550 គ្រឿង ជាមួយនឹង​បរិមាណ 180,570 គ្រឿង​ដែល​បាន​លក់​ចេញ​នៅក្នុង​ត្រីមាស​ចុងក្រោយ។ តួលេខ​សរុប​នេះ​ខ្ពស់ជាង 36% បើ​ធៀប​នឹង​ឆ្នាំ 2018។ ចំណែក​ផលិតផល​សម្រេច​ក្នុង​ឆ្នាំ 2020 គឺ 509,737 គ្រឿង ដូច្នេះ នៅសល់​ជាង 10,000 គ្រឿង​ទៀត​ដែល​មិនទាន់​ត្រូវបាន​ប្រគល់ដល់ដៃ​អតិថិជន។

    ថ្វីបើ​ក្រុមហ៊ុន​របស់​មហាសេដ្ឋី Elon Musk បរាជ័យ​ក្នុង​ការលក់​ឱ្យបាន 500,000 គ្រឿងក្នុង​ឆ្នាំ 2020 ប៉ុន្តែ ពួក​គេ​នៅតែ​ទទួលបាន​ជោគជ័យ​ច្រើន ក្រោយ​រយៈពេល​មួយឆ្នាំ​ដែល​រង​ផលប៉ះពាល់​ដោយសារ Covid-19។

    រថយន្ត​អគ្គិសនី​ទំនើប​របស់​ Tesla ដែល​កំពុង​អភិវឌ្ឍ​

    នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla លោក Elon Musk បាន​សរសេរ​នៅលើ​ទំព័រ Twitter ថា៖ «មាន​មោទកភាព​ចំពោះ​ក្រុម​បុគ្គលិក Tesla ព្រោះ​បាន​ឈានដល់​ដំណាក់កាល​សំខាន់​នេះ»។

    នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla លោក Elon Musk

    ក្រុមហ៊ុន Tesla បាន​បញ្ចេញ​របាយការណ៍​មួយ​បង្ហាញថា ខ្លួន​បាន​ចំណេញ​បន្តបន្ទាប់​រហូតដល់​ត្រីមាស​ទី​ប្រាំ។ បច្ចុប្បន្ន តម្លៃ​មូល​ប​ត្រ​របស់ Tesla បាន​កើនឡើង​ជាង 700% បើ​ធៀប​នឹង​ឆ្នាំមុន។ Tesla ក៏​ក្លាយជា​សមាជិក​មួយ​នៅក្នុង​បញ្ជី S&P 500 ដែលជា​បណ្ដុំ​នៃ​ក្រុមហ៊ុន​ចំនួន 500 ដែលមាន​តម្លៃ​ទុន​ខ្ពស់​ជាងគេ​ក្នុង​ពិភព​លោក​៕

    ប្រភព៖ Engadget

  • សម្រស់​ដ៏​ស្រស់​សោភា​នៃ​កូនស្រី​ពៅ​រប​ស់មេ Huawei៖ ល្បីឈ្មោះ និង​បានបញ្ចប់​ការសិក្សា​នៅ Harvard

    សម្រស់​ដ៏​ស្រស់​សោភា​នៃ​កូនស្រី​ពៅ​រប​ស់មេ Huawei៖ ល្បីឈ្មោះ និង​បានបញ្ចប់​ការសិក្សា​នៅ Harvard

    Annabel Yao មិន​ត្រឹមតែ​ល្បីឈ្មោះ​ដោយសារតែ​ជា​កូនអ្នកមាន​នោះទេ ប៉ុន្តែ​នាង​គឺជា​ក្រមុំ​ដែលមាន​សម្រស់​ស្រស់​សោភា និង​មានចំណេះដឹង​ខ្ពស់​ខ្ពស់ ជា​សិស្ស​ពូកែ និង​មាន​ទេពកោសល្យ​ផ្នែក​សិល្ប​ផងដែរ។

    នាង Annabel Yao ដែលជា​កូនស្រី​ពៅ​របស់​ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន Huawei លោក Ren Zhengfei ថ្មីៗនេះ​បាន​បង្ហាញខ្លួន​នៅលើ​ក្រប​មុខ​នៃ​ទស្សនាវដ្ដី Harper’s Bazaar ភាសា​ចិន ចេញផ្សាយ​សម្រាប់​ខែមករា ឆ្នាំ 2021។

    Annabel Yao បង្ហាញ​អំពី​សមត្ថភាព​ក្នុងការ​រាំ​បា​ឡេ ជា​របាំ​ដែល​នាង​ចាប់យក​តាំងតែ​ពី​មាន​អាយុ 5 ឆ្នាំ។ Annabel Yao បញ្ជាក់ថា «ពួកគេ​ហៅ​ជើង​របស់ខ្ញុំ​ថា​ជា​សិល្ប​នៃ​ការពត់​កោង»។

    នៅក្នុង​កម្រង​រូបថត​ដែល​បង្ហាញ​ទៅតាម​លក្ខណ​ប្រណិត និង​សភាព​អាថ៌កំបាំង នាង Annabel Yao លេង​ស្ទីល​ប្រកបដោយ​ជំនាញ ជាមួយនឹង​ទឹកមុខ​ម៉ឺងម៉ាត់ និង​ទាក់ទាញ។

    Annabel Yao កើត​ឆ្នាំ 1998 និង​ទើបតែ​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Harvard ផ្នែក​វិស្វកម្ម​កុំព្យូទ័រ។ ប៉ុន្តែ កូនស្រី​សំណព្វ​នៃ CEO របស់​ក្រុមហ៊ុន Huawei នេះ បែរជា​ចូលចិត្ត​ផ្នែក​បង្ហាញ​ម៉ូដ និង​កម្សាន្ត​ទៅវិញ។

    នាង​តែងតែ​បង្ហាញខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​នានា​របស់​បណ្ដា​ក្រុមហ៊ុន​បរទេសល្បីៗ ជាមួយនឹង​សម្លៀកបំពាក់​ប្រកបដោយ​ភាពថ្លៃថ្នូរ ឆើតឆាយ និង​ទាន់សម័យ។

    ឆ្នាំ 2018 នាង Annabel Yao ទទួលបាន​ចំណាប់អារម្មណ៍​ខ្លាំង​នៅពេល​បាន​ចូលរួម​ព្រឹត្តិការណ៍ Le Bal នៅ​ប្រទេស​បារាំង ដែលជា​ពី​ធី «ជប់លៀង» ផ្នែក​ម៉ូ​ដែល​សម្លៀកបំពាក់​ដ៏​ល្បីឈ្មោះ​បំផុត​មួយ​ក្នុង​ពិភពលោក​សម្រាប់​កូនស្រី​អ្នកមាន​ដែលមាន​អាយុ​ចាប់ពី 19 ដល់ 21 ឆ្នាំ។

    កើត​នៅក្នុង​គ្រួសារ​អ្នកមាន ប៉ុន្តែ Annabel Yao មិន​ចូលចិត្ត​រស់នៅ​ដោយ​ការ​សម្ញែង​ទ្រព្យ​នោះទេ។ នាង​ឱ្យដឹងថា តែងតែ​ប្រើប្រាស់​ផលិតផល «ប្រែន» ក៏ប៉ុន្តែ នាង​ជ្រើសរើស​តែ​ទំនិញ​ដែល​មិនសូវ​លេចធ្លោ និង​មិនសូវមាន​ឡូ​ហ្គូល្បី។

    កូនក្រមុំ​វ័យ 22 ឆ្នាំ របស់​ស្ថាបនិក Huawei នេះ អះអាងថា ខ្លួន​ចូល​ចិត្តការ​សន្សំសំច័យ បើ​ទោះ​នាង​មាន​ប្រាក់​ច្រើន និង​ចូលចិត្ត​អ្វីដែលល្អៗ ប៉ុន្តែ ភាគច្រើន​នាង​អាច​ទប់​អារម្មណ៍​បាន​នៅពេល​ចង់​ទិញ​អ្វីមួយ​ដែលមាន​តម្លៃ​ថ្លៃ។ Annabel Yao និយាយ​នៅលើ Sohu ថា៖ «មិត្តភក្ដិ​សួរថា ហេតុអ្វី​មាន​ប្រាក់​ច្រើន​បែរជា​មិន​ទិញ ខ្ញុំ​ឆ្លើយថា ខ្លួនឯង​មិនទាន់​រកលុយ​បាន​ផង ដូច្នេះ​មិនមាន​ហេតុផល​ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ទិញ​របស់​ដែល​មិនសូវ​ចាំបាច់​នោះដែរ។ អាវយឺត​ប្រភេទ Sweater បច្ចុប្បន្ន​មានតម្លៃ​ដល់​ទៅ​ខ្ទង់ពាន់​ដុល្លារ​អាមេរិក។ ខ្ញុំ​យល់ថា​ថ្លៃ​ណាស់ មិនគួរ​ឱ្យ​ទិញ»។

    នាពេល​អនាគត Annabel Yao ចង់​ធ្វើការ​ក្នុង​វិស័យ​ជំនួញ​ផ្នែក​បច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ នាង​ក៏​ចង់​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌​ឱ្យបាន​ច្រើន ដើម្បី​ជួយ​ដល់​អ្នក​ទីទាល់ក្រ។

    សម្រស់​ដ៏​ស្រស់ត្រកាល​នៃ​កូនស្រី​ពៅ​កើត​ឆ្នាំ 1998 របស់​ប្រធាន​ក្រុមហ៊ុន Huawei នៃ​ប្រទេស​ចិន។

  • ករណី​វិជ្ជមាន​នឹង Covid-19 ក្នុង​ពិភពលោក កើន​លើស 85លាន​នាក់! អាមេរិក​ព្រួយបារម្ភ​ពី​ការផ្ទុះ​ឆ្លង​ក្រោយ​ថ្ងៃបុណ្យ

    ករណី​វិជ្ជមាន​នឹង Covid-19 ក្នុង​ពិភពលោក កើន​លើស 85លាន​នាក់! អាមេរិក​ព្រួយបារម្ភ​ពី​ការផ្ទុះ​ឆ្លង​ក្រោយ​ថ្ងៃបុណ្យ

    ពិភពលោក​បាន​រកឃើញ​មនុស្ស​ជាង 85.4លាន​នាក់ វិជ្ជមាន​នឹង Covid-19 ក្នុងនោះ​មាន​ជាង 1.85លាន​នាក់​បាន​ស្លាប់។ ក្រុមមន្ត្រី​សហរដ្ឋអាមេរិក កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង​អំពី​ហានិភ័យ​នៃ​ការផ្ទុះ​ឆ្លង​រាលដាល​ថ្មី​នៅក្រោយ​ការឈប់​សម្រាក​ថ្ងៃបុណ្យ។

    ក្នុង​រយៈពេល 24ម៉ោង​ចុង​ក្រោយនេះ ពិភពលោក​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី ចំនួន 538,797​ នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 7,715​ នាក់ ធ្វើឱ្យ​អ្នក​វិជ្ជមាន​នឹង​វីរុស​នេះ​សរុប​កើន​ដល់ 85,455,471នាក់ និង​អ្នកស្លាប់​សរុប​កើន​ដល់ 1,850,112នាក់។ អ្នកជំងឺ​ដែល​បានជា​សះស្បើយ​មាន​ចំនួន 60,387,163នាក់។ នេះ​បើតាម​គេហទំព័រ Worldometers។

    សហរដ្ឋអាមេរិក​គឺជា​សម្បុក​វីរុស Covid-19 ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​អ្នក​វិជ្ជមាន​សរុប​​ 21,080,684នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន 360,027នាក់ បន្ទាប់ពី​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​ថ្មី​ចំនួន 161,493នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 1,336នាក់ ក្នុងអំឡុង 24ម៉ោង​កន្លងទៅនេះ។ ក្នុង​ខែ​ចុងក្រោយ​នៃ​ឆ្នាំ 2020 ប្រទេស​នេះ មាន​អ្នក​ឆ្លង​វីរុស​ដល់​ទៅ​ជាង 6.4លាន​នាក់ និង​អ្នកស្លាប់​ជាង 77,000នាក់។

    ក្រុមមន្ត្រី​សុខាភិបាល កាលពី​ថ្ងៃទី 3មករា ឆ្នាំ2021 បាន​ព្រមាន​ថា ថ្ងៃខែ​ដ៏​អាក្រក់​នៅតែ​ស្ថិតនៅ​ខាងមុខ នៅពេលដែល​ករណី​ឆ្លង​ថ្មី​អាច​បន្ត​កើនឡើង ទាក់ទិន​នឹង​សកម្មភាព​ជួបជុំគ្នា​ក្នុង​រដូវ​បុណ្យ។

    វេជ្ជបណ្ឌិត Anthony S. Fauci ដែលជា​អ្នកជំនួញ​លំដាប់​កំពូល​ផ្នែក​រោគ​ឆ្លង​នៅ​សហរដ្ឋអាមេរិក បានឱ្យដឹងថា៖ «នោះ​គឺជា​ទិដ្ឋភាព និង​សំណាងអាក្រក់​បំផុត ប៉ុន្តែ ត្រូវបាន​ព្យាករ​ជាមុន​រួចហើយ»។

    ប្រភព៖ AFP, Reuters

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 1ករណី​ទៀត​ក្នុង​រយៈពេល 24ម៉ោង​ចុង​ក្រោយនេះ

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 1ករណី​ទៀត​ក្នុង​រយៈពេល 24ម៉ោង​ចុង​ក្រោយនេះ

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 4 ខែមករា ឆ្នាំ 2021 នេះ បានឱ្យដឹងថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 1នាក់​ទៀត ដែលជា​ករណី​នាំចូល។

    អ្នក​វិជ្ជមាន​នឹង Covid-19 នេះ​គឺជា​ពល​ការិនី​ជនជាតិខ្មែរ អាយុ 21ឆ្នាំ នៅ​ខេត្ត​ប៉ៃលិន។ ស្ត្រី​រូបនេះ​ទើបតែ​ត្រលប់​មកពី​ប្រទេស​ថៃ​កាលពី​ថ្ងៃទី 1មករា ឆ្នាំ2021។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 4មករា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 382នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 362នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 20នាក់។