Author: សឿន សំណាង

  • ទ្រព្យ​របស់ Elon Musk បន្ត​កើនឡើង​លើសពី 200 ពាន់​លាន​ដុល្លារ

    ទ្រព្យ​របស់ Elon Musk បន្ត​កើនឡើង​លើសពី 200 ពាន់​លាន​ដុល្លារ

    មហាសេដ្ឋី Elon Musk បន្ត​បង្កើត​កំណត់ត្រា​ថ្មី​អំពី​ទំហំ​ទ្រព្យសម្បត្តិ​ដែល​លោក​កំពុង​កាន់កាប់ ក្រោយពី​បាន​ដណ្ដើមបាន​តំណែង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក ពី​មហាសេដ្ឋី Jeff Bezos។

    បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី 8 មករា មូល​ប​ត្រ Tesla បាន​កើនឡើង​ខ្ពស់ ជួយ​ឱ្យទ្រព្យរបស់​លោក Elon Musk កើន​លើសពី 200 ពាន់​លាន​ (200,000,000,000) ​ដុល្លារ​អា​មេ​មេ​រិ​ក​ជា​លើកដំបូង។

    យោងតាម Bloomberg Billionaires Index បច្ចុប្បន្ន មហាសេដ្ឋី​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ កាន់កាប់​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​សរុប​ចំនួន 209 ពាន់​លាន​ដុល្លារ​អាមេរិក ច្រើនជាង 23 ពាន់​លាន​ដុល្លារ​បើ​ធៀប​នឹង​មហាសេដ្ឋី Jeff Bezos។ រាប់​ចាប់ពី​ដើមឆ្នាំ 2021 មកដល់​បច្ចុប្បន្ន CEO របស់ Tesla រក​បាន​​ប្រាក់​បន្ថែមចំនួន 39.6 ពាន់​លាន​ដុល្លារ។

    កាលពី​ខែសីហា ឆ្នាំ 2020 អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon លោក Jeff Bezos បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែលមាន​ទ្រព្យ​ចំនួន 200 ពាន់​លាន​ដុល្លារ។ ប៉ុន្តែ មិនយូរប៉ុន្មាន តួលេខ​នេះ​បាន​ធ្លាក់ចុះ ដោយសារ​មូល​ប​ត្រ Amazon ធ្លាក់​ថ្លៃ។ ក្រោយមក ទ្រព្យ​របស់លោក Bezos ជាថ្មី​ម្ដងទៀត បាន​កើនឡើង​លើស​ពី 200 ពាន់​លាន​ដុល្លារ​កាលពី​ខែតុលា ឆ្នាំ 2020។

    បច្ចុប្បន្ន ពិភពលោក​ទាំងមូល មាន​មហាសេដ្ឋី​ចំនួន 5 រូប ដែលមាន​ទ្រព្យ​ចាប់ពី 100 ពាន់​លាន​ដុល្លារ​អាមេរិក​ឡើងទៅ។ ក្រៅពី Elon Musk និង Jeff Bezos ក៏មាន​លោក Bill Gates សហ​ស្ថាបនិក​របស់ Microsoft (134 ពាន់​លាន​ដុល្លារ) លោក Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH (117 ពាន់​លាន​ដុល្លារ) និង​លោក Mark Zuckerberg CEO របស់ Facebook  (101 ពាន់​លាន​ដុល្លារ)។

    មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​នៅ​អាស៊ី Zhong Shanshan (អ្នកជំនួញ​ចិន) និង​កំពុង​កាន់កាប់​​ទ្រព្យ​ដែលមាន​តម្លៃ​សរុប 95.1 ពាន់​លាន​ដុល្លារ​អាមេរិក នឹង​អាចមាន​ឈ្មោះ​ក្នុង​ក្រុម​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​លើសពី 100 ពាន់​លាន​ដុល្លារ​នាពេល​ដ៏​ខ្លី​ខាងមុខ៕

    ប្រភព៖ Bloomberg

  • ផ្ទុះ​ធំ​នៅ​អ៊ីតាលី មន្ទីរពេទ្យ​ព្យាបាល Covid-19 ត្រូវ​ជម្លៀស​អ្នកជំងឺ

    ផ្ទុះ​ធំ​នៅ​អ៊ីតាលី មន្ទីរពេទ្យ​ព្យាបាល Covid-19 ត្រូវ​ជម្លៀស​អ្នកជំងឺ

    «រណ្ដៅ​យក្ស» មួយ​បាន​បង្ហាញខ្លួន​ក្រោយពី​មាន​ករណី​ផ្ទុះ​ដ៏​ធំ​មួយ​នៅក្បែរ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Naples ប្រទេស​អ៊ីតាលី បណ្ដាលឱ្យមាន​ការជម្លៀស​អ្នកជំងឺ Covid-19 ចេញ​ទៅរក​កន្លែង​សុវត្ថិភាព។

    រណ្ដៅ​យក្ស​មួយ​ដែលមាន​ទំហំ​ប្រហែល 50ម និង​ជម្រៅ​ប្រហែល 15ម បានបង្ហាញ​ខ្លួនភ្លាមៗនៅក្នុង​ទីលាន​ចត​រថយន្ត​ក្បែរ​មន្ទីរពេទ្យ Ponticelli កាលពី​ថ្ងៃទី 8 មករា បន្ទាប់ពី​មាន​សំឡេង​ផ្ទុះ​មួយ​យ៉ាង​ធំ។ ករណីនេះ​បានធ្វើឱ្យ​រថយន្ត​ជាច្រើន​គ្រឿង​ត្រូវ «លេប​ត្របាក់» ចូលក្នុង​ដី ប៉ុន្តែ​មិនទាន់មាន​របាយការណ៍​ស្ដីអំពី​ការស្លាប់​នៅឡើយ។

    កងកម្លាំង​ជួយសង្គ្រោះ​ត្រូវបាន​បញ្ជូន​ទៅដល់​កន្លែង​កើតហេតុ ខណៈ​ការស៊ើបអង្កេត​រក​មូល​ហេតុ​កំពុង​ចាប់ផ្ដើម។

    មន្ទីរពេទ្យ Ponticelli ដែលជា​កន្លែង​ព្យាបាល​អ្នកជំងឺ Covid-19 កំពុង​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​ស្ថានភាព​អាសន្ន បន្ទាប់ពី​មាន​រណ្ដៅ​យក្ស​នេះ​បង្ហាញខ្លួន។ មន្ទីរពេទ្យ​ក៏ត្រូវ​ប្រើប្រាស់​ម៉ាស៊ីនភ្លើង ដោយសារតែ​ខ្សែភ្លើង​រដ្ឋ​បាន​ដាច់​ក្រោយ​ការផ្ទុះ។

    ការិយាល័យ​រដ្ឋអាជ្ញា​នៃ​ទីក្រុង Naples នឹងធ្វើ​ការស្រាវជ្រាវ​លើ​ហេតុការណ៍​នេះ បើ​ទោះ​ពួកគេ​មិនបាន​គិតដល់​សម្មតិកម្ម​ដែលថា​មានការ​វាយប្រហារ​ភេរវកម្ម។ ព័ត៌មាន​ដំបូង​បានឱ្យដឹងថា បំពង់​នាំ​អុកស៊ីសែន​ក្រោម​ដី​របស់​មន្ទីរពេទ្យ​ទំនងជា​បាន​លេច​ធ្លាយ បង្កឱ្យមាន​ការប្រមូល​ផ្ដុំ​ឧស្ម័ន និង​នាំឱ្យមាន​ការផ្ទុះ​នេះ៕

    ប្រភព៖ RT

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 1ករណី ខណៈ​​ពិភព​លោក​​រកឃើញ​ជាង 811,290 ករណី

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 1ករណី ខណៈ​​ពិភព​លោក​​រកឃើញ​ជាង 811,290 ករណី

    ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 387 នាក់ ក្នុងនោះ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន 1 ករណី។

    អ្នក​វិជ្ជមាន​ថ្មី​ខាងលើ​គឺជា​ពលករ​ដែល​ទើបតែ​ត្រលប់​មកពី​ប្រទេស​ថៃ មាន​អាយុ 24 ឆ្នាំ ស្នាក់នៅ​ក្នុងស្រុក​មង្គល​បុរី ខេត្តបន្ទាយមានជ័យ។ ព័ត៌មាន​បន្ថែម សូម​អាន​តារាង​ខាងក្រោម។ ក្រៅពី​អ្នក​វិជ្ជមាន​ថ្មី​ខាងលើ ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅនេះ កម្ពុជា​ក៏មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ Covid-19 ចំនួន 3 នាក់​ទៀតផង​ដែរ ដែលជា​ករណី​នាំចូល ក្នុងនោះ​មាន 2 នាក់​ជាព​លក​រិ​នី​ត្រលប់​មកពី​ប្រទេស​ថៃ និង​ម្នាក់ទៀត​ជា​ជនជាតិខ្មែរ-អាមេរិកាំង។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 9 ខែមករា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 387 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 364 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 22 នាក់។

    នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ឡើងដល់ 89,322,699 នាក់ ក្នុងនោះ​មាន 63,990,133 បានជា​សះស្បើយ 1,920,754 នាក់​បាន​ស្លាប់ និង 23,411,824 នាក់​កំពុង​ព្យាបាល ប៉ុន្តែ​ក្នុងចំណោម​នេះ មាន​អ្នក​ជំងឺ​ 108,858 នាក់​កំពុងមាន​អាការ​ធ្ងន់ធ្ងរ៕

  • FBI ប្រកាស​ផ្ដល់​រង្វាន់ 50,000 ដុល្លារ​ដើម្បី​រកមុខ​អ្នក​ដាក់​គ្រាប់បែក​នៅ​វ៉ា​ស៊ី​ង​តោន

    FBI ប្រកាស​ផ្ដល់​រង្វាន់ 50,000 ដុល្លារ​ដើម្បី​រកមុខ​អ្នក​ដាក់​គ្រាប់បែក​នៅ​វ៉ា​ស៊ី​ង​តោន

    FBI បានប្រកាស​បង្ហាញ​រូបថត និង​រង្វាន់ 50,000ដុល្លារ​អាមេរិក​ដើម្បី​ស្វែងរក​ជនសង្ស័យ​ដែល​បាន​ឆ្លៀតឱកាស​លើ​ករណី​វឹកវរ​ដោយសារ​បាតុកម្ម​នៅ​វិមាន​សភា​ដើម្បី​បង្កៃ​គ្រាប់បែក។

    រូបថត​ដែល​ត្រូវបាន​ការិយាល័យ​ជាតិ​ស៊ើបអង្កេត (FBI) ប្រកាស​កាលពី​យប់​ថ្ងៃទី 7 ខែមករា បង្ហាញថា ជនសង្ស័យ​គឺជា​បុរស​ម្នាក់ ពាក់​ម៉ាស ពាក់អាវ​យឺត​ធំ​មាន​មួក និង​ពាក់​ស្រោមដៃ។ បុរស​នេះ​ត្រូវបាន​គេ​ជឿថា ជាប់ទាក់ទង​នឹង​ករណី​ដាក់​គ្រាប់បែក​បំពង់​ដែល​កែច្នៃ​ដោយ​ខ្លួនឯង​នៅ​ខាងក្រៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណៈកម្មការ​ជាតិ​នៃ​បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី 6 ខែមករា។ ទីស្នាក់ការ​របស់​គណៈ​កម្ម​ជាតិ​នៃ​បក្ស​ទាំងពីរ​មាន​ចម្ងាយ​ពី​វិមាន​សភា​តែ​ប៉ុន្មាន​ជួរ​ផ្ទះ​ប៉ុណ្ណោះ។

    FBI នឹង​ផ្ដល់​រង្វាន់​ចំនួន 50,000ដុល្លារ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ផ្ដល់ព័ត៌មាន​នាំទៅរក​ការកំណត់​អត្តសញ្ញាណ ចាប់ខ្លួន និង​ដាក់ទោស​ដល់​អ្នក​ដែល​ទទួលខុសត្រូវ​ក្នុងករណី​ដាក់​គ្រាប់បែក​នេះ។ ជនសង្ស័យ​បាន​ឆ្លៀតឱកាស​នៃ​ភាពច្របូកច្របល់​ដែល​កើតឡើង​ដោយសារ​បាតុករ​សម្រុក​ចូល​វិមាន​សភា​អាមេរិក ដើម្បី​ដាក់​បង្កៃ​គ្រាប់បែក។

    ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ឱ្យដឹងថា គ្រាប់បែក​ទាំងពីរ​គ្រាប់​នេះ​សុទ្ធតែ​អាច​ផ្ទុះ និង​បង្ក​ការខូចខាត​ធំធេង​ដល់​ជីវិត បើសិន​ត្រូវបាន​បំផ្ទុះ។ ក្រុម​បុគ្គលិក​ផ្នែក​រាវ​មីន បន្ទាប់មក​ក៏បាន​ប្រើប្រាស់​ឧបករណ៍​បច្ចេកទេស​ដើម្បី​បំបែក​ផ្នែកនីមួយៗរបស់​គ្រាប់​បែកចេញ​ពីគ្នា មុនពេល​បិទ​មិនឱ្យ​ផ្ទុះ នៅ​ចំ​ពេលដែល​ក្រុមបាតុករ​គាំទ្រ​លោក Trump សម្រុកចូល​វិមាន​សភា។ FBI ក៏​កំពុង​ប្រមូល​តម្រុយ​នានា​ដែល​អាចពាក់ព័ន្ធ​នឹង​ករណី​ដាក់​គ្រាប់បែក​នេះ។

    សូម​រំលឹកថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន 5 នាក់​បាន​ស្លាប់ បន្ទាប់ពី​បាតុករ​រាប់រយ​នាក់​ដែល​គាំទ្រ​លោក Donald Trump បាន​សម្រុកចូល​តំបន់ Capitol Hill កាលពី​ថ្ងៃទី 6 ខែមករា ដើម្បី​រារាំង​សភា​អាមេរិក​មិនឱ្យ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​បញ្ជាក់ថា លោក Joe Biden ជា​អ្នកទទួលបាន​ជ័យជំនះ។ ក្នុងចំណោម​ជនរងគ្រោះ​ក៏មាន​ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់ និង​ប៉ូលិស​ម្នាក់​ប្រចាំ​នៅ​តំបន់ Capitol Hill ផងដែរ។

    មនុស្ស​រាប់សិប​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទ​ចោទថា បាន​កាន់កាប់​កាំភ្លើង​ខុសច្បាប់ និង​ប្រើប្រាស់​អាវុធ​ដែល​ត្រូវបាន​ហាមឃាត់ រំលោភ​លើ​បទបញ្ជា​បម្រាម​គោចរ​របស់​ទីក្រុង និង​សម្រុកចូល​វិមាន​សភា​ដោយ​ខុសច្បាប់។

    បន្ទាប់ពី​មាន​អំពើហិង្សា​នៅ​វិមាន​សភា ប្រធានាធិបតី Donald Trump ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ក្រុមបាតុករ​ដែល​បានធ្វើ​ឱ្យមាន​ភាពវឹកវ​រ​នេះដែរ៕

    ប្រភព៖ USA Today

  • Elon Musk ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក

    Elon Musk ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក

    មហាសេដ្ឋី Elon Musk ដែលជា CEO របស់​ក្រុមហ៊ុន Tesla និង​ជា CEO របស់ SpaceX ទើបតែ​បាន​បង្កើត​កំណត់ត្រា​ថ្មី​ប្រកបដោយ​ភាពមិនធម្មតា។

    យោងតាម​ទិន្នន័យ​របស់ Bloomberg អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk បច្ចុប្បន្ន​មានទ្រព្យ​នៅក្នុង​ដៃ​ដែលមាន​តម្លៃ 194.8 ពាន់​លាន​ដុល្លារ​អាមេរិក ច្រើនជាង 9.5 ពាន់​លាន​ដុល្លារ​បើ​ធៀប​ជាមួយនឹង​លោក Jeff Bezos ដែលជា​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon និង​ជា​អ្នក​ដែល​ធ្លាប់បាន​កាន់កាប់​តំណែង​អ្នកមាន​ជាងគេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក ចាប់ពី​ខែតុលា ឆ្នាំ 2017។

    នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បរិបទ «មិនធម្មតា» សម្រាប់​លោក Elon Musk និង​ជា​ប្រការ​មួយ​ដែល​ជួយ​ឱ្យ​ជោគជ័យ​របស់​មហាសេដ្ឋី​រូបនេះ អូសបន្លាយ​បន្ត​ទៅមុខទៀត។ ក្នុង​ឆ្នាំ 2020 មូល​ប​ត្រ​របស់ Tesla បាន​កើនឡើង​ជាង 740% ដែល​ក្នុង​កម្រិត​នេះ ក្រុម​អ្នក​ដែល​ឈប់​ជឿជាក់​លើ Tesla បាន​ខាតបង់​ជាង 38 ពាន់​លាន​ដុល្លារ ដោយសារ​បាន​លក់​មូល​ប​ត្រ​របស់​ពួកគេ។

    បច្ចុប្បន្ន Tesla គឺជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ទុន​ខ្ពស់​ជាងគេ​បង្អស់​បើ​ធៀប​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​ដទៃ។ កាលពី​ឆ្នាំ 2020 Tesla បានប្រគល់​រថយន្ត​ជូន​ដល់ដៃ​អតិថិជន​ចំនួន 499,550 គ្រឿង ក្នុងនោះ​មាន 180,570 គ្រឿង​ត្រូវបាន​លក់​ក្នុង​ត្រីមាស​ទី​បួន។

    កំណើន​មិន​ឈប់ឈរ​នៃ​មូល​ប​ត្រ​របស់ Tesla បាននិងកំពុង​នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​មហាសេដ្ឋី​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ។ ព្រោះថា ក្រៅពី​កាន់កាប់​មូល​ប​ត្រ 20% លោក Musk ក៏​កំពុង​កាន់កាប់​ប្រាក់ចំណេញ​ប្រមាណ 40 ពាន់​លាន​ដុល្លារ​ដែល​បានមកពី​សិទ្ធិ​ជ្រើសរើស​មូល​ប​ត្រ​ដែលជា​រង្វាន់​របស់​ក្រុមហ៊ុន​សម្រាប់​រូបលោក។ តួលេខ​មូល​ប​ត្រ​ទាំងនេះ​បានមកពី​ខ្ទង់​រង្វាន់​ចំនួន​ពីរ​នៅ​ឆ្នាំ 2021 និង​ឆ្នាំ 2018 ហើយ​នេះ​គឺជា​ខ្ទង់​រង្វាន់​ដែល​ធំ​មិន​ធ្លាប់​បានឃើញ​ពីមុនមក​សម្រាប់ CEO ម្នាក់ និង​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន។

    ក្រុមអ្នកវិភាគ​អះអាងថា Elon Musk ប្រៀបដូចជា​កូន Nicola Tesla ដែលជា​អ្នកប្រាជ្ញ​ជនជាតិ​អាមេរិកាំង​ដើមកំណើត​ស៊ែ​ប៊ី ដែល​បាន​រកឃើញ​អគ្គិសនី​ចរន្តឆ្លាស់ Alternating Current (AC) រួម​នឹង​ប័ណ្ណ​ប៉ាតង់​ចំនួន 300 និង​របក​គំ​ឃើញ​ជាច្រើន​ផ្សេងទៀត។ លោក Musk គឺជា​មនុស្ស​ម្នាក់​ដែល​ហាក់​មានអំណាច​ដ៏​អាថ៌កំបាំង​ដែល​មិនទាន់មាន​អ្នកណា​ដឹង។ មហាសេដ្ឋី​រូបនេះ​មានការ​ច្នៃប្រឌិត​ឥត​ដែន​កំណត់​របស់ NicolaTesla ឬ Leonardo da Vinci។

    មនុស្ស​មួយចំនួន​បានចាត់ទុក​លោក Elon Musk ដូច​ទៅនឹង​មនុស្ស​ដែលមាន​ចក្ខុវិស័យ​កម្រិត​កំពូល។ ចំណែក​អ្នកខ្លះ​ថា លោក​ជាម​នុស្ស​បោកប្រាស់ កំពូល​អ្នក​អង់អាច និង​ប្រកបដោយ​គ្រោះថ្នាក់។ ប៉ុន្តែ អ្នកជំនួញ វិស្វករ សប្បុរសជន និង​ជា​កំពូល​អ្នក​ចូលចិត្ត​ធ្វើ​ឱ្យគេ​រងរបួស​ផ្លូវចិត្ត​ដោយ​សម្ដី​រូបនេះ គឺ​ពិតជា «ពូជ​កម្រ» របស់​មនុស្ស​នៅក្នុង​សហស្ស​វត្សរ៍​ទី 21៕

  • សញ្ញា​បែងចែក «សត្រូវ និង​មិត្ត» លើ​កាំភ្លើងខ្លី​របស់​ប៉ូលិស​មួយចំនួន​ក្នុង​អំពើហិង្សា​នៅ​សភា​អាមេរិក

    សញ្ញា​បែងចែក «សត្រូវ និង​មិត្ត» លើ​កាំភ្លើងខ្លី​របស់​ប៉ូលិស​មួយចំនួន​ក្នុង​អំពើហិង្សា​នៅ​សភា​អាមេរិក

    ក្រុមប៉ូលិស​ដែល​ស្លៀកពាក់​ស៊ីវិល​ប្រចាំការ​នៅ​វិមាន​សភា​សហរដ្ឋអាមេរិក បាន​បិទ​បង់​ចាំង​ពន្លឺ​លើ​កាំភ្លើងខ្លី​ដើម្បី​ជា​សញ្ញា​បែក​ចែក​ថា «អ្នកណា​ជាស​ត្រូវ និង​អ្នកណា​ជា​មិត្ត» នៅ​ក្នុងករណី​បាតុកម្មហិង្សា​ដែល​បាន​កើតឡើង​នៅឯ​វិមាន​សភា​សហរដ្ឋអាមេរិក។

    ក្នុងពេលដែល​ក្រុមបាតុករ​គាំទ្រ​លោក Donald Trump កំពុង​សម្រុកចូល​អគា​រ​សភាជាតិ​នៅ​តំបន់ Capitol Hill កាលពី​ថ្ងៃត្រង់ ទី 6 ខែមករា ក្រុមមន្ត្រី​ប៉ូលិស​ប្រចាំ​នៅ​សភា​ដែល​ស្លៀកពាក់​ស៊ីវិល នាំគ្នា​តម្រង់​ជួរ​នៅ​ខាងក្រោយ​ទ្វារ​បន្ទប់​ប្រជុំ និង​ដក​កាំភ្លើងខ្លី Glock ដើម្បី​បិទ​តែម​សម្គាល់ ក្នុង​បំណង​គំរាម​ដល់​ក្រុមបាតុករ​ដែលមាន «ឈាមរាវ»។ កំ​ភ្លើង​ខ្លី​ដែល​ក្រុមប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ប្រើប្រាស់ បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​ខ្លាំង ដោយសារ​នៅលើ​កាំភ្លើង​មាន​តែម ឬ​បង់​ឆ្នូត​ក្រហម-ស ដែល​ចាំង​ប្លាត​ពន្លឺ។

    Tomer Israeli អតីត​ប្រធាន​សន្តិសុខ​នៃ​អង្គភាព​ស៊ើបការណ៍​សម្ងាត់​របស់​អ៊ីស្រាអែល (Shin Bet) បាន​អះអាង​ថា ការដែល​មន្ត្រីប៉ូលិស​ស​ភា​អាមេរិក​បិទ​តែម​ចាំង​ប្លាត​ពន្លឺ​នៅលើ​កាំភ្លើងខ្លី «មិនមែនជា​រឿង​ខុស​ប្រក្រតី​នោះទេ»។ Tomer Israeli និយាយថា៖ «បង់​នេះ​ត្រូវបាន​ប្រើ​ដើម្បី​បែងចែក​មិត្ត​និង​សត្រូវ នៅក្នុង​ស្ថានការណ៍​ដែលមាន​មនុស្ស​ច្រើន ដែល​នេះ​អាចជួយ​ឱ្យ​ក្រុមមន្ត្រី​ធ្វើការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ថា ត្រូវ​វាយប្រហារ​លើ​គោលដៅ ឬ​អត់ នៅក្នុង​មួយប៉ប្រិចភ្នែក»។

    ព្រឹត្តិការណ៍​ថ្ងៃទី 6​ មករា​ នៅ​សភា​អាមេរិក

    កងកម្លាំង​សន្តិសុខ​ក៏​ប្រើប្រាស់​សញ្ញា​ពិសេស​នៅលើ​កាំភ្លើង ដើម្បី​កំណត់​អត្តសញ្ញាណ​ក្រុម​របស់ខ្លួន និង​ដើម្បី​ជៀសវាង​ការភាន់ច្រលំ​នៅក្នុង​ស្ថានភាព​ច្របូកច្របល់ ពិសេស​នៅពេល​មាន​ខ្មាន់កាំភ្លើង​ម្នាក់ ឬ​ច្រើន​នាក់​ដែល​ប្រើប្រាស់​កាំភ្លើង​ដូច​ពួកគេ។

    និពន្ធ​នាយក Joseph Trevithick និង Tyler Rogoway របស់​សារព័ត៌មាន The Drive បាន​អះអាងថា៖ «បង់​ចាំង​ពន្លឺ​ក៏​ជា​វិធី​ដើម្បី​កំណត់​អត្ត​សញ្ញា​បាន​ឆាប់រហ័ស​ថា វា​ជា​កាំភ្លើង​របស់​ប៉ូលិស​ប្រចាំការ​នៅ​សភា ពោលគឺ​មិនមែនជា​កាំភ្លើង​សម្រាប់​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ណាមួយ​នោះឡើយ»។ កាលពីពេល​កន្លងទៅនេះ មន្ត្រីប៉ូលិស​ប្រចាំ​នៅ​សភា​អាមេរិក​ក៏​ធ្លាប់បាន​ភ្លេច​កាំភ្លើង​នៅក្នុង​បន្ទប់ទឹក​ជាច្រើន​ករណី​ផងដែរ។

    ក្រុមមន្ត្រី​ប៉ូលិស​នៅ​សភា​អាមេរិក ចាប់តាំងពី​ឆ្នាំ 2019 ត្រូវបាន​បំពាក់​កាំភ្លើងខ្លី ម៉ាក Glock 22។ ប៉ុន្តែ នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយ​ក្រុមបាតុករ​នៅ​សភា​កាលពី​ថ្ងៃទី 6 មករា គេ​មិនទាន់​ដឹង​ច្បាស់​ថា កាំភ្លើង​ដែល​ក្រុមប៉ូលិស​បាន​ប្រើ​នោះ​ជា​ប្រភេទ​អ្វី​នៅឡើយ។

    កង​កម្លាំង​សន្តិសុខពិសេស​ Shin Bet របស់​អ៊ីស្រាអែល

    នៅក្នុង​ការប៉ះទង្គិច​នៅ​សភា គេ​ឃើញ​មាន​មន្ត្រីប៉ូលិស​យ៉ាងតិច 2 នាក់ កាន់​កាំភ្លើង​ដែលមាន​សញ្ញា​ខាងលើ ខណៈ​មន្ត្រី​ផ្សេង​ពីនេះ​មិនមាន​សញ្ញា​នេះ​ទេ។ ប៉ុន្តែ​គេ​មិនបាន​ដឹងថា ក្នុងចំណោម​ពួកគេ មាន​មន្ត្រី​រូប​ណា​ជា​សមាជិក​របស់​កម្លាំង​សម្ងាត់​នៅទេ។

    នៅពេល​ហេតុការណ៍​កំពុង​កើតឡើង ក្រុមមន្ត្រី​ប៉ូលិស និង​កងកម្លាំង​ពិសេស​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​វ៉ា​ស៊ី​ង​តោន អង្គភាព​ស៊ើបការណ៍​ជាតិ (FBI) ស្ថាប័ន​គ្រប់គ្រង​ស្រា បារី អាវុធជាតិផ្ទុះ រួម​នឹង​នគរបាល​យុត្តិធម៌​ជាដើម ត្រូវបាន​បញ្ជូន​ទៅកាន់​វិមាន​សភា​ដើម្បី​ជួយ​ដល់​កងកម្លាំង​ដែល​នៅ​ខាងក្នុង។ កងកម្លាំង​ការពារជាតិ​នៃ​តំបន់​ពិសេស Columbia និង Virginia ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ទប់​ទល់នឹង​បាតុករ ខណៈ​រដ្ឋ​មួយចំនួន​ក៏បាន​បញ្ជូន​កងកម្លាំង​ប្រដាប់អាវុធ​របស់ខ្លួន ទៅកាន់​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន៕

    ប្រភព៖ Drive

  • អំពើហិង្សា​នៅ​សភា​ជាន់ខ្ពស់​អាមេរិក បណ្ដាលឱ្យ​ប៉ូលិស​ម្នាក់​ស្លាប់! ប៉ុន្តែ អាជ្ញាធរ​បាន​បដិសេធ​ដំណឹង​នេះ

    អំពើហិង្សា​នៅ​សភា​ជាន់ខ្ពស់​អាមេរិក បណ្ដាលឱ្យ​ប៉ូលិស​ម្នាក់​ស្លាប់! ប៉ុន្តែ អាជ្ញាធរ​បាន​បដិសេធ​ដំណឹង​នេះ

    សមត្ថកិច្ច​នៅ​តំបន់ Capitol Hill បានឱ្យដឹងថា ព័ត៌មាន​ដែលថា មាន​មន្ត្រីប៉ូលិស​ម្នាក់​បាន​ស្លាប់​នៅក្នុង​ករណី​ប្រើ​អំពើហិង្សា​នៅ​វិមាន​សភា​អាមេរិក​គឺជា​រឿង​មិន​ពិត។

    នៅក្នុង​សេចក្ដីប្រកាស​មួយ​កាលពី​ថ្ងៃទី 7 មករា ប៉ូលិស​ប្រចាំ​តំបន់ Capitol Hill បានឱ្យដឹងថា មន្ត្រីនគរបាល​ជាច្រើនរូប​បាន​រងរបួស និង​ត្រូវបញ្ជូន​ចូល​ពេទ្យ ក្រោយពី​ក្រុមបាតុករ​គាំទ្រ​លោក Trump បាន​បង្កឱ្យមាន​អំពើហិង្សា​នៅ​វិមាន​សភា។ ប៉ុន្តែ បច្ចុប្បន្ន​មិនមាន​មន្ត្រីប៉ូលិស​ណា​ម្នា​ក់បាន​បាត់បង់​ជីវិត​នោះទេ។

    មុននេះ ប្រភពព័ត៌មាន​ជាច្រើន​បានឱ្យដឹងថា មន្ត្រីប៉ូលិស​ម្នា​ក់នៅ Capitol Hill បាន​ស្លាប់​ដោយសារ​ក្រុមបាតុករ​បាន​យក​ធុង​ពន្លត់​អគ្គិ​ស​ភ័យ​វាយ​ចំក្បាល។ សារព័ត៌មាន NewsNation បាន​ចុះផ្សាយ​ថា មន្ត្រីប៉ូលិស​ខាងលើ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​បាន​ដក​ឧបករណ៍​ជំនួយ​ដង្ហើម ដោយ​ដឹងថា មន្ត្រី​រូបនេះ​ដាច់ខ្យល់​ទៅហើយ។

    សូម​រំលឹកថា មនុស្ស​រាប់រយ​នាក់​ដែលជា​អ្នកគាំទ្រ​របស់​ប្រធានាធិបតី Donald Trump កាលពី​ថ្ងៃទី 6 ខែមករា បាន​បំផ្លាញ​របង​សន្តិសុខ និង​សម្រុកចូល​នៅ​ខាងក្នុង​តំបន់ Capitol Hill នៅពេលដែល​សភា​អាមេរិកាំង​កំពុងបើក​កិច្ចប្រជុំ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត។ ក្រុមបាតុករ​បាន​ប្រឈមមុខ​ដាក់គ្នា​នឹង​ក្រុមប៉ូលិស​ប្រដាប់អាវុធ និង​បាន​វាយបំផ្លាញ​ឧបករណ៍​មួយចំនួន។ ការប៉ះទង្គិច​គ្នា​នេះ​បាន​នាំឱ្យ​កិច្ចប្រជុំ​របស់​សភា​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន ខណៈ​ក្រុមតំណាងរាស្ត្រ​ខ្លះ​នាំគ្នា​រត់​ពូន​យករួចខ្លួន ខ្លះ​ត្រូវបាន​ជម្លៀស​ចេញពី​កន្លែងកើតហេតុ។

    ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​នៅ Capitol Hill បាញ់សម្លាប់​នៅនឹងកន្លែង និង 3 នាក់​ទៀត​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ក្រោយពី​ការជួយ​សង្គ្រោះបន្ទាន់។ ប៉ូលិស​នៅ Capitol Hill និង​វ៉ា​ស៊ី​ង​តោន​ជាង 50 នាក់ បាន​រងរបួស ក្នុងនោះ​មាន​ម្នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

    នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​អំពី​អំពើហិង្សា​ខាងលើ ប្រធាន​អធិការដ្ឋាន​នគរបាល​តំបន់ Capitol Hill លោក Steven Sund បាន​ថ្កោលទោស​ក្រុមបាតុករ​ថា បាន​បញ្ចេញ «ភាពកាចសាហាវ» ដាក់​ក្រុមប៉ូលិស​ដែល​កំពុង​ការពារ​វិមាន​សភា និង​ក្រុមមន្ត្រី​អនុវត្ត​ច្បាប់ ដោយ​ពួកគេ​បាន​ប្រើប្រាស់​បំពង់​ដែក ជាតិគីមី និង​អាវុធ​ជាច្រើន​ផ្សេងទៀត។

    ក្រុមតំណាងរាស្ត្រ​យល់ថា កងកម្លាំង​សន្តិសុខ​ខ្វះ​ការប្រុងប្រៀប​ឱ្យបាន​ល្អ បើ​ទោះ​កាលពី​ច្រើន​សប្ដាហ៍​កន្លងទៅ លោក Trump បាន​អំពាវនាវ​ឱ្យមាន​បាតុកម្ម​ធំ​មួយ​ដើម្បី​រារាំង​សភា​មិនឱ្យ​ទទួលស្គាល់​ជ័យជំនះ​របស់លោក Joe Biden។

    ប៉ុន្តែ លោក Sund បាន​បកស្រាយ​ថា ក្រុមប៉ូលិស​បាន​ត្រៀមកម្លាំង​រួចរាល់​សម្រាប់​បាតុកម្ម​ដែល​បង្ហាញ​អំពី​សេរីភាព​បញ្ចេញមតិ ដោយ​មិនបាន​គិតដល់​ការវាយប្រហារ និង​អំពើហិង្សា​យ៉ាង​ដូច្នេះ។ លោក​ថា នេះ​គឺជា​អំពើហិង្សា​ដែល​មិន​ដូច​ទៅនឹង​ព្រឹត្តិការណ៍​ណាមួយ​ដែល​ខ្លួន​ធ្លាប់បាន​ជួបប្រទះ​នៅក្នុង​រយៈពេល 30 ឆ្នាំ​នៃ​ការចូល​បម្រើ​ការងារ​ក្នុង​វិស័យ​អនុវត្ត​ច្បាប់។

    លោក Steven Sund បានប្រកាសថា នឹង​លា​លាំង​ពី​តំណែង​នៅ​ថ្ងៃទី 16 ខែមករា ទៅតាម​ការស្នើ​របស់​ប្រធាន​សភា​​ជាន់​ទាប Nancy Pelosi៕

    ប្រភព៖ CNN, Abc27

  • Trump ថ្លែងការណ៍​ជា​លើកដំបូង​ក្រោយ​មាន​អំពើហិង្សា​នៅ​សភា

    Trump ថ្លែងការណ៍​ជា​លើកដំបូង​ក្រោយ​មាន​អំពើហិង្សា​នៅ​សភា

    លោក Donald Trump បាន​ថ្កោលទោស​អំពើហិង្សា និង​សន្យាថា​នឹង​ប្រគល់​អំណាច​ដោយ​រលូន​ដល់​រដ្ឋបាល​លោក Biden នៅក្នុង​ការធ្វើ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ​ដំបូង ក្រោយពី​មាន​អំពើហិង្សា​នៅ​សភា។

    «យើង​ទើបតែ​បាន​ឆ្លងកាត់​ការបោះឆ្នោត​ប្រកបដោយ​ភាព​តានតឹង។ ប៉ុន្តែ ពេលនេះ ក្បាល​ដែល​កំពុង​ក្ដៅ ត្រូវការ​ត្រជាក់​មកវិញ និង​កែលម្អ​អស្ថិរភាព» លោក Trump ថ្លែង​ដូច្នេះ​នៅក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ Twitter កាលពី​យប់​ថ្ងៃទី 7 មករា (ព្រឹក​ថ្ងៃទី 8 មករា នៅ​ភ្នំពេញ)។

    នេះ​គឺជា​សេចក្ដីថ្លែងការណ៍​ដំបូង​របស់​ប្រធានាធិបតី​អាមេរិក ក្រោយពី​មាន​ក្រុម​អ្នកគាំទ្រ​រាប់រយ​នាក់​របស់លោក បាននាំគ្នា​សម្រុកចូល​វិមាន​សភា នាំឱ្យមាន​ភាពវឹកវរ​កើតឡើង។

    លោក Trump ថ្លែងថា៖ «រដ្ឋាភិបាល​ថ្មី​មួយ​នឹង​ស្បថ​ចូលកាន់​អំណាច​នៅ​ថ្ងៃទី 20 មករា។ អាទិភាព​របស់ខ្ញុំ​ពេលនេះ​គឺ​ការ​ងាក​ទៅ​ធានា​ដល់​ការប្រគល់អំណាច​ប្រកបដោយ​ភាពរលូន។ នេះ​ជា​ដំណាក់​កាលដែល​ត្រូវ​អំពាវនាវ​ឱ្យមាន​ការផ្សះផ្សា​ជាតិ»។

    សេចក្ដីថ្លែងការណ៍​នេះ ត្រូវបាន​គេ​ជឿថា ជាការ​ទទួលស្គាល់​ដំបូង​របស់លោក Trump ចំពោះ​បរាជ័យ​ក្នុងការ​បោះឆ្នោត។ លោក Trump ក៏បាន​និយាយថា រយៈពេល 4 ឆ្នាំ​នៃ​ការ​កាន់អំណាច​គឺជា «កិត្តិយស​នៃ​ជីវិត​របស់ខ្ញុំ»។ យោងតាម​សារព័ត៌មាន​អាមេរិក សំឡេង​របស់លោក Trump បាន​ប្ដូរផ្លាស់​ទាំងស្រុង​ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅនេះ។

    «ក្រុមបាតុករ​ដែល​បាន​រំលោភ​ចូល​ភ្នំ Capitol ធ្វើឱ្យ​ល្អក់កករ​ដល់ទី​ឋាន​នៃ​ខឿន​ប្រជាធិបតេយ្យ​អាមេរិក។ ក្រុម​អ្នក​ដែល​បាន​ចូលរួម​ប្រើ​អំពើហិង្សា និង​បំផ្លិចបំផ្លាញ មិន​តំណាងឱ្យ​ប្រទេសជាតិ​យើង​ឡើយ។ ក្រុម​អ្នក​បំពាន​ច្បាប់ នឹង​ត្រូវតែ​ទទួលទោស» លោក Trump បញ្ជាក់​យ៉ាង​ដូច្នេះ។

    ក្រោយពី​សភា​អាមេរិកាំង​បានទទួល​ស្គាល់​ជ័យជំនះ​របស់លោក Joe Biden លោក Trump តាមរយៈ​ជំនួយការ ក៏បាន​ឱ្យដឹងថា លោក​នឹង «ប្រគល់​អំណាច​ដោយ​រលូន» ទៅឱ្យ​រដ្ឋាភិបាល​ថ្មី៕

    ប្រភព៖ AFP, Hill

  • ពិភពលោក​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ជាង 88,459,000នាក់ ខណៈ​កម្ពុជា​កើន​ជិត​ដល់ 390នាក់

    ពិភពលោក​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ជាង 88,459,000នាក់ ខណៈ​កម្ពុជា​កើន​ជិត​ដល់ 390នាក់

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 8 ខែមករា​នេះ បានឱ្យដឹងថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 1 នាក់​ទៀត​ដែលជា​ពល​ការិនី​ទើបតែ​ត្រលប់​មកពី​ប្រទេស​ថៃ។

    ករណី​ខាងលើនេះ​កើតឡើង​ចំពោះ​ស្ត្រីជន​ជាតិខ្មែរ អាយុ 33 ឆ្នាំ នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង។ ព័ត៌មាន​លម្អិត​សូម​អាន​តារាង​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 8 ខែមករា ឆ្នាំ 2021 នេះ តួលេខ​សរុប​នៃ​អ្នក​ឆ្លង​វីរុស Covid-19 នៅ​កម្ពុជា បាន​ឡើងដល់ 386 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 362 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 24 នាក់។

    នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 88,459,051 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 1,905,209 នាក់ និង 63,595,615 នាក់​បានជា​សះស្បើយ ខណៈ 22,958,227 នាក់​កំពុង​ទទួល​ការព្យាបាល ដែល​ក្នុងនេះ​មាន 108,292 នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ដល់​ជីវិត៕

  • កម្ពុ​ជាមាន​អ្នក​ឆ្លង Covid-19 ចំនួន 2 ករណី​ទៀត ខណៈ​ពិភពលោក​រកឃើញករណីថ្មី 779,691 នាក់​

    កម្ពុ​ជាមាន​អ្នក​ឆ្លង Covid-19 ចំនួន 2 ករណី​ទៀត ខណៈ​ពិភពលោក​រកឃើញករណីថ្មី 779,691 នាក់​

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី  7 មករា ឆ្នាំ 2021 នេះ បានប្រកាសថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 2 ករណី​បន្ថែម នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​ឆ្លង​វីរុស​ឡើងដល់ 385 នាក់។

    ករណី​វិជ្ជមាន​ទាំង 2 នាក់​ខាងលើ រួមមាន៖ ទីមួយ​គឺ​បុរស​ជនជាតិខ្មែរ អាយុ 26 ឆ្នាំ នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជា​ពលករ​ទើបតែ​ត្រលប់​មកពី​ប្រទេស​ថៃ និង​ទី​ពីរ​គឺ​បុរស​ជនជាតិខ្មែរ អាយុ 25 ឆ្នាំ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ជា​ពលករ​ទើប​ត្រលប់​មកពី​ប្រទេស​ថៃ​ដូចគ្នា។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 7 ខែមករា​នេះ កម្ពុជា​បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 385 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 362 នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​ចំនួន 23 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មក​ពេលនេះ មាន​អ្នក​ឆ្លង​វីរុស​សរុប 87,618,339 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 1,889,524 នាក់ និង​អ្នក​បានជា​សះស្បើយ​ចំនួន 63,119,308 នាក់។ ក្នុងចំណោម​អ្នក​កំពុង​ព្យាបាល​ចំនួន 22,609,507 នាក់ មាន 108,922 នាក់​អាច​បាត់​បង់ជីវិត​ដោយសារ​មាន​អាការ​ធ្ងន់ធ្ងរ។ ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ ពិភពលោក​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន 779,691 នាក់៕