Author: សឿន សំណាង

  • Kim Jong-un សន្យា​បង្កើន​ចំនួន​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ​ និង​ឃ្លាំង​អាវុធ​របស់​កូរ៉េខាងជើង

    Kim Jong-un សន្យា​បង្កើន​ចំនួន​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ​ និង​ឃ្លាំង​អាវុធ​របស់​កូរ៉េខាងជើង

    មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង បានប្រកាសថា នឹង​បង្កើន​កម្លាំង​អាវុធ​នុយ​ក្លេ​អែរ​របស់​ប្រទេស​នេះ ក្នុង​គ្រា​ដែល​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក Joe Biden ជិត​មកដល់។

    «ក្នុងពេល​កំពុង​លើកកម្ពស់​សមត្ថភាព​ផ្នែក​អាវុធ​នុយ​ក្លេ​អែរ យើង​ក៏ត្រូវ​ការធ្វើ​គ្រប់យ៉ាង​ដើម្បី​កសាង​កងទ័ព​ឱ្យមាន​ឥទ្ធិពល​បំផុត» ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ថ្ងៃនេះ​បាន​ដកស្រង់ និង​ចុះផ្សាយ​សម្ដី​របស់​មេដឹកនាំ Kim Jong-un ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​បញ្ចប់​មហាសន្និបាត​លើក​ទី 8 របស់​បក្ស​ពលករ។

    មុននេះ ក្នុងអំឡុង​មហាសន្និបាត​ដែល​អូស​បន្លាយពេល 8 ថ្ងៃ លោក Kim Jong-un បាន​ហៅ​សហរដ្ឋអាមេរិក​ថា​ជា «ឧបសគ្គ​ចម្បង​ចំពោះ​ការអភិវឌ្ឍ​របស់​កូរ៉េខាងជើង និង​ជា «សត្រូវ​ធំ​បំផុត»។ លោក Kim ថ្លែងថា «គោលបំណង​ពិត​ក្នុង​គោលនយោបាយ​របស់​ពួកគេ​សម្រាប់​កូរ៉េខាងជើង នឹងមិន​ដែលមាន​ការ​ប្ដូរផ្លាស់​អ្វី​នោះឡើយ បើទោះជា​អ្នក​ឡើងកាន់​អំណាច​ក៏ដោយ»។

    យោងតាម​ក្រុមអ្នកវិភាគ លោក Kim ទំនងជា​កំពុង​ស្វែងរក​វិធី​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​រដ្ឋាភិបាល​របស់លោក Biden នៅក្នុង​គ្រា​ដែល​កូរ៉េខាងជើង​កំពុង​ត្រូវ​បានដាក់​ឱ្យនៅ​ឯកា​ជាងពេលណាៗទាំងអស់ បន្ទាប់ពី​បាន​បិទ​ព្រំដែន​ដើម្បី​ទប់ស្កាត់ Covid-19។

    មេដឹកនាំ​កូរ៉េខាងជើង​ក៏បាន​ប្រកាសថា ប្រទេស​នេះ​សម្រេចបាន​ផែនការ​អភិវឌ្ឍ​នាវាមុជទឹក​ដំណើរការ​ដោយ​ថាមពល​នុយ​ក្លេ​អែរ ទន្ទឹមនឹងនេះ​ក៏បាន​លើកឡើង​នូវ​បញ្ជី​អាវុធ​ដែល​ទីក្រុង​ព្យុងយ៉ាង​ចង់​ចាប់យក រួមមាន ក្បាល​គ្រាប់​សម្រាប់​កាំជ្រួច​ល្បឿន​លឿន​ជាង​សំឡេង ផ្កាយរណប​ឈ្លបយកការណ៍​ផ្នែក​យោធា និង​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ដែល​ប្រើ​ឥន្ធនៈ​រឹង។

    កម្មវិធី​អភិវឌ្ឍ​អាវុធ​របស់​កូរ៉េខាងជើង បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្រោម​ការដឹកនាំ​របស់លោក Kim Jong-un។ ទីក្រុង​ព្យុងយ៉ាង​ក៏បាន​ធ្វើការ​សាកល្បង​អាវុធ​នុយ​ក្លេ​អែរ​ធំ​បំផុត​ដែល​ប្រទេស​នេះ​មិន​ធ្លាប់មាន​ពីមុនមក និង​បាន​ផលិត​កាំជ្រួច​ដែលមាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​ទាំងមូល​របស់​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ​អ្វីដែល​ប្រទេស​នេះ​ទទួលបាន​មកវិញ នោះ​គឺ​ការដាក់ទណ្ឌកម្ម​ពី​អន្តរជាតិ​កាន់តែ​ធ្ងន់ឡើង៕

    ប្រភព៖ AFP

  • កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី 6នាក់​បន្ថែមទៀត ខណៈ​ពិភព​លោក​រក​ឃើញ​ 16,000 នាក់​

    កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី 6នាក់​បន្ថែមទៀត ខណៈ​ពិភព​លោក​រក​ឃើញ​ 16,000 នាក់​

    ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាសថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 6 នាក់​បន្ថែមទៀត នាំឱ្យ​តួលេខ​សរុប​កើន​ដល់ 398 នាក់។

    ករណី​ឆ្លង​ថ្មី​ខាងលើនេះ សុទ្ធតែ​បានកើត​ឡើង​ចំពោះ​ពល​ការិនី​ជនជាតិខ្មែរ​ដែល​ទើប​ត្រលប់​មកពី​ប្រទេស​ថៃ។ ព័ត៌មាន​លម្អិត​នៃ​ករណី​ឆ្លង​វីរុស​ថ្មី​នេះ សូម​អាន​តារាង​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 13 មករា​នេះ កម្ពុ​ជាមាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 398 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 376 នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន 22 នាក់។

    នៅ​ទូទាំង​ពិភពលោក មាន​មនុស្ស​ជាង 91,968,000 នាក់​បាន​ឆ្លង​វីរុស Covid-19 ខណៈ​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​កើន​ដល់​ជាង 1,968,000 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន​ជាង 24,219,400 នាក់។ អ្នកជំងឺ​ដែល​បានជា​សះស្បើយ មាន​ចំនួន​ជាង 65,780,000 នាក់។ ក្នុង​រយៈ​ពេល​ 24​ ម៉ោង​កន្លង​ទៅ​នេះ ពិភព​លោក​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​​ចំនួន​ 16,595​ នាក់់​៕

  • ឥណ្ឌូនេស៊ី​បានទទួល​វ៉ាក់សាំង Covid-​19 Sinovac ចំនួន 15លាន​ដូ​ស​បន្ថែមទៀត

    ឥណ្ឌូនេស៊ី​បានទទួល​វ៉ាក់សាំង Covid-​19 Sinovac ចំនួន 15លាន​ដូ​ស​បន្ថែមទៀត

    ឥណ្ឌូនេស៊ី​បានទទួល​វ៉ាក់សាំង Covid-19 វគ្គ​ទី​បី ពី​ក្រុមហ៊ុន Sinovac Biotech របស់​ប្រទេស​ចិន បន្ទាប់ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​ចាប់ផ្ដើម​ធ្វើ​ឡើង​បាន​មួយថ្ងៃ។

    វ៉ាក់សាំង Sinovac វគ្គ​ទី​បី ដែលមាន 15 លាន​ដូ​ស​នេះ ត្រូវបាន​ដឹក​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ Soekarno-Hatta ជាយក្រុង Jakarta កាលពី​ថ្ងៃទី 12 មករា​កន្លងទៅ។ មុននេះ ឥណ្ឌូនេស៊ី​ក៏បាន​ទទួល​វ៉ាក់សាំង​ចំនួន 1.2 លាន​ដូ​ស​កាលពី​ថ្ងៃទី 6 ធ្នូ 2020 និង 1.8 លាន​ដូ​ស​ទៀត​កាលពី​ថ្ងៃទី 31 ខែធ្នូ 2020។

    ក្រសួងសុខាភិបាល​ប្រទេស​ឥណ្ឌូនេស៊ី​បានឱ្យដឹងថា បច្ចុប្បន្ន​មាន​អ្នកជំងឺ Covid-19 ចំនួន​ជាង 123,000 នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ។

    មុននេះ កាលពី​ថ្ងៃទី 11 មករា ការិយាល័យ​គ្រប់គ្រង​អាហារ និង​ឱសថ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី (BPOM) បានផ្ដល់​វិញ្ញ​ប​នប​ត្រ​អនុញ្ញាតឱ្យ​ប្រើប្រាស់​បន្ទាន់​ចំពោះ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac។ ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​លទ្ធផល​នៃ​ការប្រើប្រាស់​សាកល្បង​ក្នុងដំណាក់កាល​ចុងក្រោយ​នៅក្នុង​ស្រុក Bandung ខេត្ត Java ខាងលិច​នៃ​ប្រទេស​នេះ បង្ហាញថា វ៉ាក់សាំង Sinovac មាន​ប្រសិទ្ធភាព 65.3% ទាប​ជាង​បើ​ធៀប​នឹង 91.24% និង 78% ដែល​ត្រូវបាន​ប្រទេស​ទួរគី និង​ប្រេ​ស៊ី​ល​លើកឡើង ប៉ុន្តែ​ក៏​នៅតែ​ខ្ពស់ជាង​បើ​ធៀប​នឹង 50% របស់​អង្គការ​សុខភាព​ពិភពលោក។

    កាលពី​ថ្ងៃទី 11 មករា ក្រុមប្រឹក្សា​អ៊ីស្លាម​សាសនា Ulema Indonesia (MUI) ក៏បាន​ទួល​ស្គាល់​ថា វ៉ាក់សាំង Sinovac បាន​ឆ្លើយតប​នឹង​ស្ដង់ដា halal និង​បាន​អនុញ្ញាតឱ្យ​អ៊ីស្លាម​សាសនិក​ប្រើប្រាស់។ EUA របស់ BPOM និង fatwa របស់ MUI បាន​បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ចាប់ផ្ដើម​ដំណើរការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ​នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី 13 មករា​នេះ។

    តាម​គម្រោង ប្រធានាធិបតី Joko Widodo នឹង​ជា​អ្នក​ដំបូង​គេ​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង Sinovac នៅក្នុង​ពិធី​មួយ​ដែល​ត្រូវបាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ ក្នុង​បំណង​លើកទឹកចិត្ត​ដល់​ប្រជាជន​ក្នុងការ​ទទួលយក​វ៉ាក់សាំង​នេះ។ បន្ទាប់ពី​លោក Joko Widodo បុគ្គលិក​សុខាភិបាល​ចំនួន 1.3 លាន​នាក់​នឹង​ទទួលបាន​អាទិភាព​ក្នុង​ការចាក់​វ៉ាក់សាំង Covid-19 ក្នុងដំណាក់កាល​ដំបូង។ ដំណាក់កាល​ទី​ពីរ​នឹង​ត្រូវបាន​ចាក់​ជូន​បុគ្គលិក​ជួរមុខ​ចំនួន 21.5 លាន​នាក់​ផ្សេងទៀត រួម​នឹង​ក្រុមមនុស្ស​ដែលមាន​វ័យ​ចាប់ពី 60 ឆ្នាំ​ឡើងទៅ។ បន្ទាប់មកទៀត ពលរដ្ឋ 63.9 លាន​នាក់​នៅ​តំបន់​ងាយ​រងគ្រោះ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​ក្នុង​ដំណាក់​ទី​បី៕

    ប្រភព៖ Jakartapost

  • អតីតមន្ត្រី​យោធា​ដែល​ធ្វើឱ្យ​កក្រើក​តំបន់ Capitol Hill ត្រូវ​អតីត​ភរិយា​ធ្វើ​ឱ្យចេញ​សារភាព

    អតីតមន្ត្រី​យោធា​ដែល​ធ្វើឱ្យ​កក្រើក​តំបន់ Capitol Hill ត្រូវ​អតីត​ភរិយា​ធ្វើ​ឱ្យចេញ​សារភាព

    អតីត​វរសេនីយ៍ទោ​នៃ​ទ័ពអាកាស ឈ្មោះ Larry Rendell Brock ដែល​បាន​ចូលរួម​ក្នុងការ​សម្រុក​ចូលកាន់​កាប់​វិមាន​សភា​នៅ Capitol Hill បាន​ចេញមុខ​សារភាព​កំហុស ក្រោយពី​ត្រូវ​អតីត​ភរិយា «បង្ហាញផ្លូវ» ដល់ FBI។

    ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​អាមេរិក (FBI) នៅ​ចុង​សប្ដាហ៍​មុន​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ផ្ដល់ព័ត៌មាន​អំពី​ក្រុមមនុស្ស​ជ្រុលនិយម​ដែល​បាន​ប្រើ​អំពើហិង្សា​នៅ Capitol Hill កាលពី​ថ្ងៃទី 6 មករា ដោយយោង​ទៅតាម​រូបភាព​ដែល​ត្រូវបាន​ចែករំលែក​នៅលើ​បណ្ដាញ​សង្គម។

    ស្ត្រី​ម្នាក់ ក្រោយមក​ក៏បាន​ហៅ​ទូរស័ព្ទ​ទៅកាន់​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​ជាតិ​របស់ FBI និង​បាន​ចោទប្រកាន់​អតីត​ស្វាមី​ឈ្មោះ Larry Rendell Brock រស់នៅក្នុង​ទីក្រុង Grapevine នៃ​រដ្ឋ Texas ថា​ជា​បុរស​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ទាហាន និង​កាន់​ខ្សែ​ចង​ប្រភេទ​រឹត​មួយ​ដុំ​ក្នុង​ដៃ​នៅពេល​ស្ថិតក្នុង​អគារ​សភាជាតិ។

    «ពេល​បានឃើញ​ករណី​ហិង្សា ខ្ញុំ​ព្រួយបារម្ភ​ថា​គាត់​នឹង​នៅ​ទីនោះ។ ខ្ញុំ​ដឹង​ច្បាស់​ថា​គាត់​នៅ​ទីនោះ។ នោះ​គឺជា​រូបថត​ច្បាស់ ហើយ​ខ្ញុំ​ស្គាល់​រូប​សញ្ញា​នៅលើ​ខ្លួន​គាត់» ស្ត្រី​ជា​អតីត​ភរិយា​ដែល​បានរស់នៅ 18 ឆ្នាំ​ជាមួយនឹង Brock បាន​ប្រាប់​បុគ្គលិក FBI។

    ក្រោយពេល​ត្រូវបាន​ចោទប្រកាន់ ថ្ងៃទី 10 មករា Brock ក៏បាន​ទៅកាន់​ទីស្នាក់ការ FBI ដើម្បី​សារភាព។ អតីត​វរសេនីយ៍ទោ​នៃ​ទ័ពអាកាស​អាមេរិក​ដែលមាន​អាយុ 53 ឆ្នាំ​រូបនេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ចូល​អគារ​របស់​រដ្ឋ​ដោយ​ខុសច្បាប់ រំលោភ​ចូល​ដោយ​ប្រើ​អំពើហិង្សា និង​បង្ក​អស្ថេរភាព។

    FBI បាន​រកឃើញថា Brock បាន​ចូលក្នុង​សាលប្រជុំ​របស់​សភា​ជាន់​ទាប និង​នៅ​ខាងក្រៅ​ការិយាល័យ​របស់​ប្រធានសភា Nancy Pelosi។

    Larry Rendell Brock

    Brock បានទទួល​ស្គាល់​កំហុស​របស់ខ្លួន។ «ប្រធានាធិបតី​បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​បង្ហាញ​វត្តមាន ហើយ​ខ្ញុំ​ក៏បាន​ចូលរួម ខ្ញុំ​គិតថា ប្រការនេះ​ពិតជា​មាន​សារសំខាន់ ព្រោះ​ខ្ញុំ​ស្រលាញ់​ទឹកដី​នេះ​ខ្លាំងណាស់ ហើយ​ខ្ញុំ​ក៏មាន​វត្ត​មាននៅ​ទីនោះ» Brock បាន​ប្រាប់​សារព័ត៌មាន New Yorker ដូច្នេះ។

    សូម​រំលឹកថា ក្រុមបាតុករ​ដែល​គាំទ្រ​លោក Trump បាន​សម្រុកចូល​កាន់កា​ប់​វិមាន​សភា​អាមេរិក​កាលពី​ថ្ងៃទី 6 ខែមករា ក្នុងពេលដែល​ក្រុមតំណាងរាស្ត្រ​កំពុង​ប្រជុំ​ដើម្បី​ពិចារណា​លើ​ការទទួលស្គាល់​លទ្ធផល​បោះឆ្នោត។ ការរំលោភ​ចូល​នេះ បាន​នាំឱ្យមាន​អំពើហិង្សា​កើតឡើង និង​បានសម្លាប់​មនុស្ស​យ៉ាងតិច 5 នាក់។ អាជ្ញាធរ​បាន​ចាប់ខ្លួន​បាតុករ​មួយចំនួន​ដែល​បាន​ចូលរួម​ប្រើ​ហិង្សា និង​កំពុង​ស៊ើបអង្កេត​លើ​ក្រុមមន្ត្រី​ប៉ូលិស​ជាច្រើន​នាក់​ដែល​ប្រចាំការ​នៅ​វិមាន​សភា ដោយ​សង្ស័យថា បាន​គាំទ្រ​ដល់​ក្រុមបាតុករ៕

    ប្រភព៖ Fox News

  • សុនក​របស់ Joe Biden នឹងមាន «ពិធី​ស្បថ​ចូលកាន់​តំណែង» ដោយ​​ឡែក

    សុនក​របស់ Joe Biden នឹងមាន «ពិធី​ស្បថ​ចូលកាន់​តំណែង» ដោយ​​ឡែក

    Major ជា​សុនក​ដែល​ត្រូវបាន​ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden ទទួល​យកមក​ចិញ្ចឹម​ពី​ក្រុម​អ្នក​ជួយសង្គ្រោះ​សត្វ នឹងមាន​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា «សុនក​ទីមួយ» ដោយមាន​ការផ្សាយ​ផ្ទាល់​ទៀតផង។

    អង្គការ​មនុស្សធម៌ Delaware (DHA) ដែលជា​អ្នក​បាន​ជួយសង្គ្រោះ Major មុនពេល​ត្រូវបាន​គ្រួសារ​របស់លោក Biden ទទួល​យកទៅ​ចិញ្ចឹម​កាលពី​ឆ្នាំ 2018 បានប្រកាស​កាលពី​ថ្ងៃទី 10 ខែមករា​ថា នឹង​សហការ​ជាមួយ​មូលនិធិ​សង្គ្រោះ​សត្វ Pumpkin ប្រារព្ធ «ពិធី​ឡើងកាន់តំណែង» នៅ​ថ្ងៃទី 17 មករា ឱ្យ​សុនក​ដំបូង​របស់​សេត​វិមាន​ដែល​មកពី​ប​ណ្ឌ​ល​សង្គ្រោះ​សត្វ​អនាថា។

    «ពិធី​ទទួល​តំណែង​ជា​សុនក​ទីមួយ» ដែល​នឹង​ត្រូវបាន​ដឹកនាំ​ធ្វើឡើង​ដោយ​អ្នកកាសែត Jill Martin មកពី​អង្គភាព NBC នៅមុន​ការស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden រយៈពេល 3 ថ្ងៃនេះ ក៏​នឹងមាន​ការផ្សាយ​ផ្ទាល់​តាម​កម្មវិធី Zoom ផងដែរ។ គ្រប់គ្នា​ត្រូវ​បង់​វិភាគទាន​យ៉ាងតិច 10 ដុល្លារ​ដើម្បី​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ។ ខ្ទង់​ប្រាក់​ដែល​រៃអង្គាស​បាន​នឹងត្រូវ​បាន​វេរ​ទៅកាន់ DHA ដើម្បី​បន្តសកម្មភាព​ការពារ​សត្វ។

    លោក​ស្រី Jill Biden ជាមួយ​នឹង​សុនក Major (ឆ្វេង) និង​ Champ

    ក្រៅពី Major គ្រួសារ​របស់លោក Biden ក៏​នៅមាន​សុនក ប៊ែកហ្សេ​អាល្លឺម៉ង់ (German Shepherd) មួយ​ក្បាល​ផ្សេងទៀត​ដែលមាន​ឈ្មោះថា Champ ប៉ុន្តែ Major ទទួលបាន​ចំណាប់អារម្មណ៍​ច្រើនជាង ដោយសារ​តែមាន​ប្រវត្តិ​ជា​សុនក​អនាថា។

    បន្ទាប់ពី Biden បាន​ឡើងកាន់​អំណាច Major និង Champ នឹង​ក្លាយជា​សុនក​ដំបូង​គេ​ដែល​បង្ហាញខ្លួន​នៅ​សេត​វិមាន ក្រោយ​អវត្តមាន​សុនក​អស់​រយៈពេល 4 ឆ្នាំ ព្រោះតែ​លោក Trump មិនបាន​ចិញ្ចឹមសត្វ​អ្វីមួយ​នៅ​សេត​វិមាន៕

    ប្រភព៖ CNN

  • ផ្ទុះ​អណ្ដូងរ៉ែ​មាស​នៅ​ប្រទេស​ចិន! កម្មករ 22 នាក់​ជាប់​នៅក្រោម​ដី

    ផ្ទុះ​អណ្ដូងរ៉ែ​មាស​នៅ​ប្រទេស​ចិន! កម្មករ 22 នាក់​ជាប់​នៅក្រោម​ដី

    នៅ​ព្រលប់​ថ្ងៃទី 11 ខែមករា មន្ត្រី​នៃ​ខេត្ត Shandong ភាគ​ខាងកើត​ប្រទេស​ចិន បានឱ្យដឹងថា មានការ​ផ្ទុះ​មួយ​បានកើត​ឡើង​នៅ​អណ្ដូងរ៉ែ​មាស​ដែល​កំពុង​ត្រូវបាន​សាងសង់​នៅក្នុង​ខេត្ត​នេះ បណ្ដាលឱ្យ​បុគ្គលិក​ចំនួន 20 នាក់​ត្រូវ​ជាប់​នៅក្រោម​ដី។

    គ្រោះថ្នាក់​ការងារ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង 14 ថ្ងៃទី 10 ខែមករា នៅឯ​អណ្ដូងរ៉ែ​មាស​ក្នុង​ទីរួមស្រុក Xicheng ក្រុង Yantai ខេត្ត Shandong។ ក្រុមមន្ត្រី​ចិន​បាន​បញ្ជូន​កម្លាំង​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ជួយសង្គ្រោះ។ ប៉ុន្តែ ការផ្ទុះ​នេះ​បាន​បំផ្លាញ​ជណ្ដើរ​សង្គ្រោះបន្ទាន់ ក៏ដូចជា​ប្រព័ន្ធ​ទាក់ទង​ខាងក្នុង​អណ្ដូង ទើប​ក្រុម​នៅ​លើដី​មិនអាច​ទាក់ទង​ទៅកាន់​ជនរងគ្រោះ​នៅក្រោម​ដី​បាន។ បច្ចុប្បន្ន អាជ្ញាធរ​កំពុង​បញ្ជូន​កម្លាំង​ជំនួយ​បន្ថែម​ទៅកាន់​កន្លែងកើតហេតុ។

    អណ្ដូងរ៉ែ​មាស​ខាងលើ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​វិនិយោគ Shandong Wucailong Investment Co. Ltd ដែលមាន​ទំនាក់ទំនង​នឹង Zhaojin ដែលជា​ក្រុមហ៊ុន​រុករក​រ៉ែ​មាសធំ​ជាងគេ​លំដាប់​ទី​បួន​នៅ​ប្រទេស​ចិន។

    គ្រោះ​ថ្នាក់នៅ​ក្នុង​អណ្ដូង​រ៉ែ​នៅ​ប្រទេស​ចិន​ កើត​ឡើង​ជា​ញឹក​ញាប់​

    ករណី​គ្រោះថ្នាក់​នៅឯ​អណ្ដូងរ៉ែ កើត​ឡើងជា​ញឹកញាប់​នៅ​ប្រទេស​ចិន ដោយសារតែ​លក្ខខណ្ឌ​ការងារ​ផ្នែក​ពលកម្ម​នៅមានកម្រិត។ គ្រោះថ្នាក់​អណ្ដូងរ៉ែ​ចុងក្រោយ​នៅ​ប្រទេស​ចិន បាន​កើតឡើង​កាលពី​ខែធ្នូ ឆ្នាំ 2020 នៅក្នុង​ទីក្រុង Chongqing ភាគ​និរតី​ប្រទេស​ចិន បណ្ដាលឱ្យ​កម្មករ​ដែល​ជាប់​ក្រោម​ដី​ចំនួន 23 នាក់​ត្រូវ​បាត់បង់​ជីវិត៕

    ប្រភព៖ RT

  • ក្រុមប៉ូលិស​ដែល​ជាប់​សង្ស័យថា បាន​ដឹកនាំ​បាតុករ សម្រុកចូល​គ្រប់គ្រង​វិមាន​សភា​អាមេរិក​នៅ Capitol Hill កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​

    ក្រុមប៉ូលិស​ដែល​ជាប់​សង្ស័យថា បាន​ដឹកនាំ​បាតុករ សម្រុកចូល​គ្រប់គ្រង​វិមាន​សភា​អាមេរិក​នៅ Capitol Hill កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​

    មន្ត្រីប៉ូលិស​ចំនួន​ពីរ​នាក់ ត្រូវបាន​ផ្អាក​ពីមុខ​តំណែង និង​យ៉ាងតិច 10 នាក់​ទៀត​ត្រូវបាន​ស៊ើបអង្កេត​ទាក់ទង​នឹង​ព្រឹត្តិការណ៍​បាតុករ​សម្រុកចូល​គ្រប់គ្រង និង​ប្រើ​ហិង្សា​នៅក្នុង​វិមាន​សភា​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី 6មករា។

    ម្នាក់​ក្នុងចំណោម​មន្ត្រីប៉ូលិស​ពីររូប​ដែល​ប្រចាំការ​នៅ​វិមាន​សភាជាតិ​អាមេរិក បាន​ថតរូប​សែ​ល​ហ្វី​ជាមួយនឹង​បាតុករ​ម្នាក់​ដែល​ចូលរួម​ធ្វើបាតុកម្ម​នៅ​វិមាន​សភា ខណៈ​មន្ត្រីប៉ូលិស​ម្នាក់ទៀត ពាក់មួក​ដែលមាន​អក្សរ​ថា «ធ្វើឱ្យ​អាមេរិក​មហស្ចារ្យ​ឡើងវិញ» និង​ដឹកនាំ​ក្រុមបាតុករ​នៅ​ជុំវិញ​វិមាន​សភា​នៅ Capitol Hill។ នេះ​បើតាម​សម្ដី​របស់​តំណាងរាស្ត្រ​សភា​ជាន់​ទាប Tim Ryan ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 11 ខែវិច្ឆិកា។

    លោក Ryan និយាយថា មន្ត្រីប៉ូលិស​ប្រមាណ​ពី 10 ទៅ 15 នាក់ កំពុង​ត្រូវបាន​ស៊ើបអង្កេត ដោយសារតែ​ទង្វើ​របស់​ពួកគេ​នៅក្នុង​ព្រឹត្តិការណ៍​បាតុកម្មហិង្សា​កាលពី​ថ្ងៃទី 6 មករា ប៉ុន្តែ​មិនបាន​បញ្ជាក់​អំពី​តួលេខ និង​មូលហេតុ​ជាក់លាក់​នោះទេ។ Ryan បន្តថា មន្ត្រីប៉ូលិស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ​ក្រោយមក អ្នកនាំពាក្យ​របស់លោក​បញ្ជាក់ថា លោក Ryan ច្រឡំ និង​ថា មិនទាន់មាន​មន្ត្រីប៉ូលិស​ណា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ។ ចំណែក​ជំនួយការ​ម្នាក់​នៅ​សភា​ជាន់​ទាប បានឱ្យដឹងថា មន្ត្រីប៉ូលិស​ដល់​ទៅ 17 នាក់ ត្រូវបាន​ស៊ើបអង្កេត។

    ក្រុមមន្ត្រី​អាមេរិក​ឱ្យដឹងថា ការស៊ើបអង្កេត​លើ​ទំនាក់ទំនង​រវាង​ក្រុមបាតុករ​ហិង្សា និង​សមាជិក​នៃ​ស្ថាប័ន​អនុវត្ត​​ច្បាប់​គឺជា​រឿង​អាទិភាព ដោយសារ​ថា សមត្ថភាព​ក្នុងការ​បំពេញភារកិច្ច​ដែល​ក្រុមមន្ត្រី​ទាំងនេះ​ទទួលបាន​ក្នុងការ​បណ្ដុះបណ្ដាល អាចជួយ​ផ្ដល់​ផលប្រយោជន៍​ដល់​ក្រុម​ជ្រុលនិយម។

    សូម​រំលឹកថា ព្រឹត្តិការណ៍​បាតុករ​ហិង្សា​សម្រុកចូល​គ្រប់គ្រង​វិមាន​សភា​អាមេរិក​កាលពី​ថ្ងៃទី 6 ខែមករា បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 5 នាក់​បាត់​បង់ជីវិត និង​មាន​មន្ត្រីប៉ូលិស​ប្រចាំ​វិមាន​សភាជាតិ និង បុគ្គលិក​អនុវត្ត​ច្បាប់​ប្រចាំ​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន​ជាង 50 នាក់ បាន​រងរបួស ក្នុងនោះ​មាន​អ្នកខ្លះ​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ៕

    ប្រភព៖ CNN

  • FBI ព្រមាន​ថា​ «បាតុកម្ម​ប្រដាប់អាវុធ» នៅ​ទូទាំង​សហរដ្ឋអាមេរិក នឹង​អាច​កើត​ឡើង​មុន​ថ្ងៃ​​ចូល​កាន់​តំណែង​របស់​លោក​ Biden

    FBI ព្រមាន​ថា​ «បាតុកម្ម​ប្រដាប់អាវុធ» នៅ​ទូទាំង​សហរដ្ឋអាមេរិក នឹង​អាច​កើត​ឡើង​មុន​ថ្ងៃ​​ចូល​កាន់​តំណែង​របស់​លោក​ Biden

    FBI ព្រមាន​ថា ផែនការ​បាតុកម្ម​ប្រដាប់អាវុធ​កំពុង​ត្រូវបាន​រៀប ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​អាច​ត្រូវបាន​ធ្វើឡើង​នៅឯ​វិមាន​សភា​របស់​រដ្ឋ​ចំនួន 50 រួម​នឹង​វិមាន​សភាជាតិ​នៃ​សហរដ្ឋអាមេរិក មុន​ថ្ងៃទី 20 មករា 2021។

    ផែនការ​បាតុកម្ម​ទាំងនេះ​កំពុង​ត្រូវ​រៀបចំ ហើយនឹង​អាចធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី 16 ខែមករា រហូតដល់​យ៉ាងហោច​ថ្ងៃទី 20 មករា នៅឯ​វិមាន​សភា​របស់​រដ្ឋ​ចំនួន 50 និង​ថ្ងៃទី 17 ខែមករា ដល់​ថ្ងៃទី 20 ខែ​ដដែល​នៅឯ​វិមាន​សភាជាតិ នេះ​បើតាម​ការព្រមាន​ពី FBI ដែល​បានប្រកាស​ឱ្យដឹង​កាលពី​ថ្ងៃទី 11 ខែមករា។ FBIព្រមាន​ថា អាច​នឹងមាន «ការ​ងើប​ប្រឆាំង» បើសិនជា​ប្រធានាធិបតី Donald Trump ត្រូវបាន​ដកហូត​តំណែង​ទៅតាម​ច្បាប់​វិសោធនកម្ម​លើក​ទី 25 មុន​ការចូល​កាន់តំណែង​នៅ​ថ្ងៃទី 20 មករា របស់លោក Joe Biden។

    FBI បានឱ្យដឹងថា ចាប់តាំងពី​ថ្ងៃទី 8 មករា ពួកគេ​ទទួលបាន​ព័ត៌មាន​សម្ងាត់​ថា មាន​ក្រុម​មួយ​កំពុង​អំពាវនាវ​ឱ្យធ្វើ​បាតុកម្ម​នៅឯ​វិមាន​តុលាការ និង​ទីស្នាក់ការ​កណ្ដាល​របស់​រដ្ឋបាល​ថ្នាក់​រដ្ឋ រួម​នឹង​ថ្នាក់ជាតិ នៅក្នុង​ករណី​ដែល​ប្រធានាធិបតី Donald Trump ត្រូវបាន​ដកហូត​តំណែង​មុន​ថ្ងៃទី 20 មករា។ ក្រុម​នេះ​ក៏មាន​គម្រោង «បង្ក​ព្យុះ​ភ្លើង» នៅ​តំបន់ Capitol Hill និង​នៅតាម​វិមាន​សភា​ទាំង 50 រដ្ឋ​ផងដែរ។

    បច្ចុប្បន្ន FBI កំពុងតែ​តាមដាន​ព័ត៌មាន​អំពី «ប្រភព​នៃ​ការគំរាមកំហែង» ជាច្រើន​ផ្សេងទៀត នៅមុន​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden រួមទាំង​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត លោកស្រី Kamala Harris និង​ប្រធានសភា​ជាន់​ទាប លោកស្រី Nancy Pelosi៕

    ប្រភព៖ CNN

  • WHO ថា​អាច​ចាក់​វ៉ាក់សាំង Covid-19 ដល់​ពលរដ្ឋ​ប្រទេស​ក្រីក្រ​ចាប់ពី​ខែកុម្ភៈ ខណៈ​អ្នកស្លាប់​កើន​ដល់​ជាង 1,952,000​នាក់​

    WHO ថា​អាច​ចាក់​វ៉ាក់សាំង Covid-19 ដល់​ពលរដ្ឋ​ប្រទេស​ក្រីក្រ​ចាប់ពី​ខែកុម្ភៈ ខណៈ​អ្នកស្លាប់​កើន​ដល់​ជាង 1,952,000​នាក់​

    គិត​មកដល់​ថ្ងៃទី 12 ខែមករា ឆ្នាំ 2021 នេះ ពិភពលោក​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 91,298,896 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ដល់​ទៅ 1,952,119 នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន 65,268,706 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 24,078,071 នាក់ ហើយ​ក្នុង​តួលេខ​នេះ​មាន​អ្នកជំងឺ 108,754 នាក់ អាច​បាត់បង់​ជីវិត​ព្រោះ​កំពុងមាន​អាការ​ធ្ងន់ធ្ងរ។

    អង្គការ​សុខភាព​ពិភពលោក (WHO) កំពុង​បន្ត​ជំរុញ​ការអំពាវនាវ​បន្ថែមទៀត​ដើម្បី​ស្វែងរក​ប្រភព​វ៉ាក់សាំង Covid-19 សម្រាប់​ជួយ​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​ក្នុង​កម្មវិធី Covax។ WHO សង្ឃឹមថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​ទាំងនេះ​នឹង​អាច​ចាប់ផ្ដើម​ពី​ខែកុម្ភៈ ឆ្នាំ 2021។ កម្មវិធី Covax ត្រូវបាន​ដឹកនាំ​ដោយ WHO ក្នុង​បំណង​ចែក​ចាយ​​វ៉ាក់​សាំង​​ប្រកប​ដោយ​​យុត្តិធម៌​នៅលើ​ពិភពលោក។ កម្មវិធី​នេះ​ប្រមូល​ថវិកា​បាន 6 ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង Covid-19 ចំនួន 2 ពាន់​លាន​ដូ​ស រួម​នឹង​ជម្រើស​បម្រុង​ក្នុង​ការទិញ 1 ពាន់​លាន​ដូ​ស​ថែមទៀត​នាពេលខាងមុខ។

    WHO មានការ​ព្រួយបារម្ភ​ខ្លាច​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់ និង​មធ្យម ប្រមូល​ទិញ​វ៉ាក់សាំង​ទាំងអស់ បណ្ដាលឱ្យ​ប្រទេស​ចំនួន 92 ដែលមាន​ប្រាក់ចំណូល​ទាប មិនមាន​វ៉ាក់សាំង​ប្រើប្រាស់​ដើម្បី​ចាក់ឱ្យ​ក្រុម​បុគ្គលិក​សុខាភិបាល។

    ទីប្រឹក្សា​ជាន់ខ្ពស់​របស់ WHO លោក Bruce Aylward បាន​និយាយ​កាលពី​ម្សិលមិញ​ថា៖ «យើង​មានការ​ជឿជាក់ថា អាច​ផ្ដើម​ការចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​ទាំងនោះ (ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប) ចាប់ពី​ខែកុម្ភៈ ប៉ុន្តែ យើង​មិនអាច​ធ្វើបាន​តែឯង​នោះទេ។ យើង​ត្រូវការ​កិច្ចសហការ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ដើម្បី​ផ្ដល់​អាទិភាព​លើ​ប្រភព​ទំនិញ​សម្រាប់ Covax ហើយ​ត្រូវ​ការនាំយក​វ៉ាក់សាំង​ទៅ​ប្រគល់ដល់ដៃ​ក្រុមមនុស្ស​ដែលមាន​ចំណូល​ទាប ឬ​មធ្យម»៕

    ប្រភព៖ RT

  • កម្ពុជា​មិនមាន​អ្នក​ឆ្លង Covid-19 នោះទេ​ក្នុងអំឡុង 24ម៉ោង​ចុង​ក្រោយនេះ

    កម្ពុជា​មិនមាន​អ្នក​ឆ្លង Covid-19 នោះទេ​ក្នុងអំឡុង 24ម៉ោង​ចុង​ក្រោយនេះ

    ក្រសួងសុខាភិបាល​កម្ពុ​ជានា​ព្រឹក​នេះ​បានឱ្យដឹងថា មិនមាន​អ្នក​វិជ្ជមាន​នឹង Covid-19 នោះទេ ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅនេះ ប៉ុន្តែ​មាន​អ្នកជា​សះស្បើយ​ចំនួន 2 នាក់។

    សម្រាប់​ព័ត៌មាន​ស្ដីអំពី​អ្នកជំងឺ Covid-19 ដែល​បានជា​សះស្បើយ សូម​អាន​តារាង​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 12 ខែមករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 392 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 376 នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 16 នាក់។