Author: សឿន សំណាង

  • ក្រោយ​ការ​បិទគ​ណី​របស់ Trump សហភាព​អឺរ៉ុប​បាន​ថ្កោលទោស និង​ត្រៀម​ចេញ​ច្បាប់​ទប់ទល់​នឹង​អំណាច​របស់​បណ្ដាញ​សង្គម

    ក្រោយ​ការ​បិទគ​ណី​របស់ Trump សហភាព​អឺរ៉ុប​បាន​ថ្កោលទោស និង​ត្រៀម​ចេញ​ច្បាប់​ទប់ទល់​នឹង​អំណាច​របស់​បណ្ដាញ​សង្គម

    ក្នុងពេលដែល​មតិសាធារណ​ជន​នៅ​សហរដ្ឋអាមេរិក កំពុង​ជជែក​តតាំង​គ្នា​អំពី​ទង្វើ​របស់ Twitter ក៏ដូចជា​បណ្ដាញ​សង្គម​ដទៃទៀត ដែល​បានធ្វើ​ចំពោះ​ប្រធានាធិបតី​អាមេរិក សហភាព​អឺរ៉ុប​ឯណោះ​វិញ​កំពុងតែ​ត្រៀម​បញ្ចេញ​ច្បាប់​ចំនួន​ពីរ​ដើម្បី​បង្កើន​កម្លាំង និង​វិសាលភាព​ក្នុងការ​គ្រប់គ្រង​បច្ចេកវិទ្យា ដែល​សំដៅលើ​បណ្ដាញ​សង្គម​ទាំងនោះ។

    ការបិទ​គណនី​បណ្ដាញ​សង្គម​របស់លោក Trump ក្រោយពី​មាន​អំពើហិង្សា​នៅ Capitol Hill កាលពី​ថ្ងៃទី 6 មករា បានធ្វើឱ្យ​មានប្រតិកម្ម​ខុសគ្នា​ទាំងស្រុង​រវាង​តំបន់​នៃ​ត្រើយ​ទាំងសងខាង​របស់​មហា​សមុទ្រ​អា​ត្ល​ង់​ទិ​ក។

    មុននេះ បណ្ដា​បណ្ដាញ​សង្គម រួម​នឹង​ក្រុមហ៊ុនធំៗជាច្រើន​នៅ​សហរដ្ឋអាមេរិក បាន​បិទ​គណនី​របស់លោក Trump ជា​បន្តបន្ទាប់ ក្រោយពី​មាន​អំពើហិង្សា​នៅ​វិមាន​សភាជាតិ​ក្នុង​តំបន់ Capitol Hill ដោយ​អះអាងថា បាន​រំលោភ​គោលការណ៍​របស់​ក្រុមហ៊ុន។ ទង្វើ​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យប៉ះពាល់​ដល់​ក្រុម​អ្នកគាំទ្រ​របស់លោក Trump ប​ណ្ណោះ​ទេ តែ​ក៏​កំពុង​ធ្វើឱ្យមាន​ការសង្ស័យ​ពី​សំណាក់​ក្រុម​អ្នក​លើកកម្ពស់​សិទ្ធិសេរីភាព​បញ្ចេញមតិ​ផងដែរ ពិសេស​គឺ​នៅក្នុង​ប្រទេស​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា «បិតា​ប្រជាធិបតេយ្យ» ដូច​សហរដ្ឋអាមេរិក។

    បញ្ហា​នេះ​បានធ្វើឱ្យ CEO របស់​ក្រុមហ៊ុន Tesla លោក Elon Musk ដែល​កំពុង​កាន់កាប់​តំណែង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក សរសេរ​នៅលើ Twitter ថា បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​ត្រើយ​ខាងលិច​នៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក កំពុង​ក្លាយជា «អាជ្ញាកណ្ដាល» ស្ដីអំពី​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ។ មុននេះ CEO របស់ SpaceX ក៏បាន​រិះគន់​ទៅលើ​ប្រព័ន្ធ​ត្រួតពិនិត្យ​របស់ Amazon និង Facebook ហើយ​ចាត់ទុកថា​នេះ​គឺជា​បញ្ហា​ផ្ដាច់មុខ និង​ជា​ទង្វើ​មិន​ត្រឹមត្រូវ។

    ចំណែក​នៅឯ​ត្រើយម្ខាង​នៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​វិញ មិន​ដូច​ទៅនឹង​សហរដ្ឋអាមេរិក​នោះ សារព័ត៌មាន​អឺរ៉ុប និង​តួអង្គ​របស់​សាធារណជន កម្រ​នឹង​ផ្ដោត​សំខាន់​ទៅលើ​និយមន័យ​នៃ​សេរីភាព​ក្នុងការ​បញ្ចេញមតិ។ ក៏ប៉ុន្តែ យោងតាម​ការយល់ឃើញ​របស់​អឺរ៉ុប ការ​រាំងខ្ទប់​លោក Trump ដោយ​បណ្ដាញ​សង្គម​ដែល Twitter ជា​អ្នក​នាំមុខ​គឺជា​ការប្រើប្រាស់​អំណាច​មិន​សម​ហេតុផល​ដើម្បី​កាត់បន្ថយ​សេរីភាព​បញ្ចេញមតិ។ ជាក់ច្បាស់​ណាស់ បណ្ដាញ​សង្គម​ទាំងនោះ មិនបាន​លើកឡើង​ឱ្យបាន​ច្បាស់លាស់​ថា តើ​គោលការណ៍​ណាមួយ​ត្រូវបាន​រំលោភបំពាន។ ការសម្រេច​បិទ​គណនី​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​គឺជា​អំណាច​រវើរវាយ​របស់​ក្រុម​មេដឹកនាំ​នៃ​បណ្ដាញ​សង្គម។

    សហភាព​អឺរ៉ុប (EU) បាន​អះអាងថា ជា​ក្រុមហ៊ុន​ធម្មតា បណ្ដាញ​សង្គម​ត្រូវតែកំណត់​ឱ្យបាន​ច្បាស់​អំពី​សិទ្ធិ និង​ទំនួល​ខុសត្រូវ។ អ្នកនាំពាក្យ​របស់​អធិការបតី​អាល្លឺម៉ង់ បាន​ថ្លែង​កាលពី​ថ្ងៃទី 11 មករា​ថា លោកស្រី Merkel មាន​យោបល់​ថា ការបិទ​របស់ Twitter ចំពោះ​គណនី​របស់លោក Trump គឺ «មាន​បញ្ហា»។

    អំពើហិង្សានៅវិមានសភាជាតិក្នុងតំបន់ Capitol Hill នៃសហរដ្ឋអាមេរិក ត្រូវបានបណ្ដាញសង្គម យកធ្វើជាលេសដើម្បីរាំងខ្ទប់សិទ្ធិបញ្ចេញមតិ

    កាលពី​ថ្ងៃទី 10 មករា សមាជិក​នៃ​គណៈ​កម្ម​ធិ​ការ​ទីផ្សារ​ក្នុងស្រុក​របស់​គណៈ​កម្ម​ធិ​ការ​អឺរ៉ុប លោក Thierry Breton ក៏បាន​បញ្ចេញមតិ​ទាក់ទង​នឹង​បញ្ហា​ខាងលើ។ លោក Thierry Breton បាន​ហៅ​បញ្ហា​នៅឯ​តំបន់ Capitol Hill ថា​ជា «ព្រឹត្តិការណ៍ 11 កញ្ញា» នៅលើ​បណ្ដាញ​សង្គម និង​បាន​រិះគន់​បណ្ដាញ​សង្គម​ទាំងនោះ​ថា អាច​បង្កឱ្យមាន​ការគំរាមកំហែង​ចំពោះ​ខឿន​ប្រជាធិបតេយ្យ។ លោក Thierry Breton បន្តថា មុន​ព្រឹត្តិការណ៍​នៅ Capitol Hill បណ្ដាញ​សង្គម​ទាំងនេះ​មិនអាច​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​នូវ​ព័ត៌មាន​មិន​ពិត និង​វោហា​សាស្ត្រ​បង្ក​អរិភាព​នោះទេ។ ជំនួស​មកវិញ ពួកគេ​បានដាក់​ចេញ​នូវ​គោលការណ៍​សម្រាប់​លេង​ដើម្បី​គ្រប់គ្នា​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់​ទៅវិញ។

    Steffen Seibert អ្នកនាំពាក្យ​របស់​នាយ​ក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ សង្កត់ធ្ងន់ថា៖ «ក្រុម​អ្នកដឹកនាំ (បណ្ដាញ​សង្គម) មាន​តួនាទី​ធំធេង​ក្នុង​ការធានា​ឱ្យបាន​ប្រាកដថា សារព័ត៌មាន​ផ្នែក​នយោបាយ​មិនត្រូវ​បាន​គេ​បំពុល​ដោយ​អរិភាព ការ​កុហក និង​អំពើហិង្សា។ សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​អាច​ត្រូវបានធ្វើ​អន្តរាគមន៍ ប៉ុន្តែ​ត្រូវតែ​ធ្វើឡើង​ទៅតាម​ច្បាប់ ពោលគឺ​មិនត្រូវ​គោរព​តាម​យោបល់​របស់​អ្នកគ្រប់គ្រង​បណ្ដាញ​សង្គម»។

    យោបល់​ទាំងឡាយ​ដែល​លោកស្រី Merkel ជា​អ្នកតំណាង ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​នៅ​អឺរ៉ុប។ នៅ​ប្រទេស​បារាំង មិនថាតែ​ក្រុម​អ្នកនយោបាយ​ដែល​លំអៀង​ទៅរក​លោក Trump នោះទេ សូម្បីតែ​ក្រុម​ដែល​ធ្លាប់​រិះគន់​លោក Trump ក៏មាន​យល់​ប្រឆាំង​ទៅនឹង​ការដែល Twitter «គ្រប់គ្រង​សេរីភាព​ក្នុងការ​បញ្ចេញមតិ» នេះដែរ។

    ក្នុងពេលដែល​មតិសាធារណ​ជន​នៅ​សហរដ្ឋអាមេរិក កំពុង​នាំគ្នា​ជជែក​តតាំង​អំពី​ទង្វើ​របស់ Twitter ក៏ដូចជា​បណ្ដាញ​សង្គម​ដទៃទៀត ដែល​បានធ្វើ​ចំពោះ​ប្រធានាធិបតី​អាមេរិក សហភាព​អឺរ៉ុប​ឯណោះ​វិញ​កំពុងតែ​ត្រៀម​បញ្ចេញ​ច្បាប់​ចំនួន​ពីរ​ដើម្បី​បង្កើន​អំណាច និង​វិសាលភាព​ក្នុងការ​គ្រប់គ្រង​បច្ចេកវិទ្យា ដែល​សំដៅលើ​បណ្ដាញ​សង្គម​ទាំងនោះ រួមមាន​ច្បាប់​សេវាកម្ម​បច្ចេកវិទ្យា និង​ច្បាប់​ទីផ្សារ​បច្ចេកវិទ្យា។ ច្បាប់​ទាំងនេះ ភាគច្រើន​សំដៅ​ទៅលើ​ក្រុមហ៊ុន​លំដាប់​យក្ស​ក្នុង​វិស័យ​អ៊ី​ន​ធើ​ណិ​ត និង​បណ្ដាញ​សង្គម៕

    ប្រភព៖ Bloomberg

  • «បិទ​គណនី​របស់ Trump រៀងរហូត» Facebook និង Twitter ខាតបង់ 51 ពាន់​លាន​ដុល្លារ​ពី​ខ្ទង់​តម្លៃ​មូលធន​ទីផ្សារ

    «បិទ​គណនី​របស់ Trump រៀងរហូត» Facebook និង Twitter ខាតបង់ 51 ពាន់​លាន​ដុល្លារ​ពី​ខ្ទង់​តម្លៃ​មូលធន​ទីផ្សារ

    ក្នុងអំឡុង​បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី 12 មករា តម្លៃ​មូលធន​ទីផ្សារ (Market Capitalization) សរុប​របស់​បណ្ដាញ​សង្គម​ដែលមាន​អ្នកប្រើប្រាស់​រាប់ពាន់​លាន​នាក់​នេះ បាន​ថយចុះ 47.6 ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ថ្ងៃទី 9 មករា។

    នៅក្នុង​ការជួញដូរ​ពីរលើក​កន្លងទៅ ទឹកប្រាក់​ចំនួន 41.2 ពាន់​លាន​ដុល្លារ​នៃ​តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន Facebook និង Twitter ត្រូវបាន​បាត់បង់។ នេះ​គឺជា​បណ្ដាញ​សង្គម​ខ្នាត​យក្ស​ចំនួន​ពីរ ក្នុងចំណោម​បណ្ដាញ​សង្គម​ជាច្រើន​ដែល​បាន​សម្រេចចិត្ត​បិទ​គណនី​របស់​ប្រធានាធិបតី Donald Trump ជា​រៀងរហូត ដោយសារតែ​ចាត់ទុកថា លោក Trump នៅ​ពីក្រោយ​អំពើហិង្សា​នៅ​វិមាន​សភា​អាមេរិក កាលពី​សប្ដាហ៍​មុន។ ក្រុមហ៊ុន​ទាំងពីរ​នេះ​យល់ថា គណនី​របស់លោក Trump អាច​បង្ក​ហានិភ័យ​ទាក់ទិន​នឹង​ការប្រើប្រាស់​អំពើហិង្សា​នាពេលខាងមុខ។

    មិនយូរប៉ុន្មាន​បន្ទាប់​ពី​បានសម្រេច​បិទ​គណនី​របស់ Trump តម្លៃ​មូល​ប​ត្រ​របស់ Facebook បាន​ធ្លាក់ចុះ 4% នៅក្នុង​ថ្ងៃទី 11 មករា និង 2.2% នៅក្នុង​ថ្ងៃទី 12 មករា។ មូលហេតុ​ដែលនាំឱ្យ​តម្លៃ​មូល​ប​ត្រ​ត្រូវ​ធ្លាក់​ថ្លៃ​បែបនេះ​គឺ ព្រោះតែ​អ្នកវិនិយោគ​មួយចំនួន​យល់ថា ការបិទ​គណនី​របស់​លោក Trump នឹង​ធ្វើឱ្យ​មនុស្ស​មួយចំនួន​ចាកចេញ​ពី Facebook។ ក្នុងអំឡុង​បិទ​ការជួញដូរ​មូល​ប​ត្រ​កាលពី​ថ្ងៃទី 12 មករា តម្លៃ​មូលធន​ទីផ្សារ​របស់ Facebook បាន​ថយចុះ 47.6 ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ថ្ងៃទី 9 មករា។

    ចំណែក Twitter វិញ ក៏​ស្ថិតក្នុង​ស្ថានភាព​ប្រហាក់ប្រហែលគ្នា​នេះដែរ ខណៈដែល​តម្លៃ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​នេះ បាន​ថយចុះ 6.4% ក្នុង​ថ្ងៃទី 11 មករា និង 2.4% ក្នុង​ថ្ងៃទី 12 មករា។ ការធ្លាក់​ថ្លៃ​នេះ បណ្ដាលឱ្យ​តម្លៃ​មូលធន​ទីផ្សារ​របស់ Twitter ត្រូវ​បាត់បង់ 3.5 ពាន់​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ ក្នុង​ថ្ងៃទី 13 មករា កំណើន​នៃ​តម្លៃ​មូល​ប​ត្រ​របស់ Twitter បាន​ស្ថិត​នៅត្រឹម 2.9%។

    ក្រៅពី Facebook និង Twitter បណ្ដាញ​សង្គម Youtube ក៏បាន​បិទ​ដំណើរការ​គណនី​របស់​លោក Trump រយៈពេល​យ៉ាងតិច​មួយ​សប្ដាហ៍ ព្រោះតែ​បាន​រំលោភ​លើ​គោលការណ៍​របស់​ក្រុមហ៊ុន​ទាក់ទង​នឹង​ការ​ញុះញង់​ឱ្យមាន​អំពើហិង្សា។ Snapchat, Reddit និង TikTok ក៏​ជា​បណ្ដាញ​សង្គម​ខ្នាត​យក្ស​ដែល​សម្រេចចិត្ត​បិទ​គណនី​របស់លោក Trump និង​បាន​លុប​ខ្លឹមសារ​ដែលមាន​លក្ខណ​ញុះញង់។

    គណនីរបស់លោក Donald Trump ត្រូវបាន Twitter បិទដោយគ្មានកាលកំណត់

    Google និង Apple ក៏បាន​ធ្វើ​សកម្មភាព​ប្រហាក់ប្រហែល​នេះ​ទាក់ទិន​នឹង​អំពើហិង្សា​កន្លងមក។ Google បាន​លុប Parler  (កម្មវិធី​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មជ្ឈមណ្ឌល​នៃ​បាតុកម្ម​បែប​អភិរក្សនិយម​ក្នុងពេល​កន្លង​នៅ​សហរដ្ឋអាមេរិក) ចេញពី​ផ្សារ​កម្មវិធី​របស់ខ្លួន​កាលពី​ថ្ងៃទី 17 មករា ដើម្បី​ការពារ​អ្នកប្រើប្រាស់​នៅលើ Google Play។

    ក្នុង​គ្រា​នោះដែរ មុនពេល​លុបចេញ​ពី App Store ក្រុមហ៊ុន Apple បានស្នើ​ឱ្យ Parler លុប​សារ​ដែល​បាន​បំពាន​គោលការណ៍​ក៏ដូចជា​លើកឡើង​អំពី​វិធីសាស្ត្រ​ត្រួតពិនិត្យ​ខ្លឹមសារ​ក្នុង​អនាគត ប៉ុន្តែ Parler មិន​ធ្វើតាម។ បន្ទាប់មក កាលពី​ថ្ងៃទី 9 មករា Parler ក៏ត្រូវ​បាន​លុប​ចេញពី App Store។

    ទាក់ទង​នឹង Parler នេះដែរ សេវាកម្ម Amazon Web Services នៃ​ក្រុមហ៊ុន Amazon កាលពី​ថ្ងៃទី 10 មករា ក៏បាន​ប្រកាស​ឈប់​ជួល​ម៉ាស៊ីន​មេ (server) ទៅឱ្យ​កម្មវិធី​នេះ ព្រោះ​បាន​រំលោភ​លើ​គោលការណ៍​របស់​ក្រុមហ៊ុន។

    តម្លៃ​មូល​ប​ត្រ​របស់ Apple និង Google សុទ្ធតែ​បាន​កើនឡើង​ក្នុង​អត្រា​ទាប ក្រោយពី​បានប្រកាស​លុប Parler ខណៈ​មូល​ប​ត្រ Amazon បាន​កើន 1.6%។

    CNN កាលពី​ថ្ងៃទី 11 មករា បានចេញ​ផ្សាយ​ថា លោក Trump អាច​នឹង​សងសឹក​ចំពោះ​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​បាន​លុប​គណនី​របស់លោក​នៅក្នុង​សប្ដាហ៍​ចុងក្រោយ​នៃ​អាណត្តិ​របស់ខ្លួន។ ប៉ុន្តែ​មកដល់​បច្ចុប្បន្ន គេ​មិនទាន់​ដឹង​ច្បាប់​អំពី​ចំណាត់ការ​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ យ៉ាងណា​នៅឡើយ៕

    ប្រភព៖ Business Insider

  • ប៉ូលិស​ដើមកំណើត​វៀតណាម ចូលរួម​បាតុកម្មហិង្សា​នៅ​វិមាន​សភា​អាមេរិក កំពុង​ប្រឈម​នឹងផ្លូវ​​ច្បាប់​

    ប៉ូលិស​ដើមកំណើត​វៀតណាម ចូលរួម​បាតុកម្មហិង្សា​នៅ​វិមាន​សភា​អាមេរិក កំពុង​ប្រឈម​នឹងផ្លូវ​​ច្បាប់​

    Tam Dinh Pham ដែលជា​មន្ត្រីប៉ូលិស​អាមេរិកាំង​ដើមកំណើត​វៀតណាម​ម្នាក់ ត្រូវបាន​ផ្អាក​ពី​ការងារ ក្រោយពី​បាន​ចូលរួម​ធ្វើបាតុកម្ម​គាំទ្រ​លោក Trump និង​រំលោភ​ចូលកាន់​កាប់​វិមាន​សភា​អាមេរិក​កាលពី​សប្ដាហ៍​មុន។

    ប្រធាន​ស្នងការដ្ឋាន​ប៉ូលិស​ក្រុង Houston លោក Art Acevedo កាលពី​ថ្ងៃទី 13 មករា បាន​បញ្ជាក់ថា មន្ត្រីប៉ូលិស​ម្នាក់​របស់​ស្នងការដ្ឋាន​នេះ​ត្រូវបាន​ផ្អាក​ពី​ការងារ ព្រោះតែ​បាន​ចូលរួម​ធ្វើបាតុកម្ម​ហិង្សា​នៅ​វ៉ា​ស៊ី​ង​តោន ដែល​ក្រោយមក​បាន​ចូល «លុកលុយ» តំបន់ Capitol Hill កាលពី​ថ្ងៃទី 6 មករា។ មន្ត្រីប៉ូលិស​ឈ្មោះ Tam Dinh Pham កំពុង​ត្រូវបាន​ស៊ើ​ង​អង្កេត ហើយ​លោក Acevedo ជឿថា ប៉ូលិស​រូបនេះ​នឹងត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ពី​អាជ្ញាធរ​ថ្នាក់ជាតិ។

    លោក Acevedo ថ្លែងថា៖ «ពុំមាន​អ្វីដែល​ត្រូវ​និយាយ​ការពារ​ទង្វើ​ល្មើសច្បាប់ ពិសេស​នៅពេល​ជនល្មើស​ជា​មន្ត្រីប៉ូលិស។ នៅ​តំបន់ Houston យើង​តែងតែ​ដើរ​តាម​គន្លង​ច្បាប់​ជានិច្ច»។

    Acevedo ឱ្យដឹងថា នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី 10 មករា ពេល​កំពុង​សម្រាក ស្រាប់តែ​លោក​ទទួលបាន​អ៊ី​មេ​លពី​ពលរដ្ឋ​ម្នាក់ ក្នុងនោះ​មាន​រូបថត​មួយ​សន្លឹក​បង្ហាញថា មាន​ប៉ូលិស​ម្នាក់​បិទមុខ កំពុងកាន់​ទង់​របស់ Trump នៅឯ​វិមាន​សភាជាតិ។ លោក Acevedo ក៏បាន​ចូល​មើល Facebook របស់​មន្ត្រីនគរបាល​ខាងលើ​ដើម្បី​ស្វែងយល់ ហើយក៏​រកឃើញថា កូនចៅ​របស់ខ្លួន​ពិតជា​មាន​វត្ត​មាននៅ​ទីនោះ​ពិតមែន។

    «គ្រប់គ្នា​មាន​សិទ្ធិ និង​សេរីភាព​ក្នុង​ការធ្វើសកម្មភាព​ទៅតាម​ច្បាប់​វិសោធនកម្ម​ទីមួយ ប៉ុន្តែ ដំបូង​ខ្ញុំ​ចង់​ធានាថា ពួកគេ​មិន​ធ្វើ​អ្វី​ឱ្យ​លើសពី​ដែន​កំណត់ និង​ប្រព្រឹត្ត​អំពើ​ខុសច្បាប់» លោក Acevedo បន្ថែម។

    ទូរទស្សន៍ KPRC 2 នៅ Houston បាន​ផ្សាយ​ថា មន្ត្រីប៉ូលិស​ខាងលើ​ដែលមាន​ឈ្មោះថា Tam Dinh Pham ត្រូវបាន​ផ្អាក​ពី​ការងារ​ចាប់ពី​ព្រឹក​ថ្ងៃទី 13 មករា។ លោក Acevedo ឱ្យដឹងថា Pham បាន​ចូល​បម្រើការ​ក្នុង​ជួរ​ប៉ូលិស​នៅ​ស្នងការដ្ឋាន​នគរបាល​ក្រុង​អស់​រយៈពេល 18 ឆ្នាំ​មកហើយ និង​មិន​ធ្លាប់បាន​បំពាន​ច្បាប់​អ្វី​នោះទេ។ Pham បានធ្វើ​ដំណើរ​ទៅកាន់​ក្រុង​វ៉ា​ស៊ី​ង​តោន​តែម្នាក់ឯង​ដើម្បី​ចូលរួម​ធ្វើបាតុកម្ម។

    សូម​រំលឹកថា ក្រុមបាតុករ​ដែល​គាំទ្រ​លោក Trump បាន​សម្រុកចូល​កាន់កា​ប់​វិមាន​សភា​អាមេរិក​កាលពី​ថ្ងៃទី 6 ខែមករា ក្នុងពេលដែល​ក្រុមតំណាងរាស្ត្រ​កំពុង​ប្រជុំ​ដើម្បី​ពិចារណា​លើ​ការទទួលស្គាល់​លទ្ធផល​បោះឆ្នោត។ ការរំលោភ​ចូល​នេះ បាន​នាំឱ្យមាន​អំពើហិង្សា​កើតឡើង និង​បានសម្លាប់​មនុស្ស​យ៉ាងតិច 5 នាក់។ អាជ្ញាធរ​បាន​ចាប់ខ្លួន​បាតុករ​មួយចំនួន​ដែល​បាន​ចូលរួម​ប្រើ​ហិង្សា និង​កំពុង​ស៊ើបអង្កេត​លើ​ក្រុមមន្ត្រី​ប៉ូលិស​ជាច្រើន​នាក់​ដែល​ប្រចាំការ​នៅ​វិមាន​សភា ដោយ​សង្ស័យថា បាន​គាំទ្រ​ដល់​ក្រុមបាតុករ៕

    ប្រភព៖ Click2houston

  • ព័រ​ទុយ​ហ្គា​ល និង​ស្វីស​ ដាក់​បម្រាម​គោចរ​ជាថ្មី​ដោយសារ Covid-19

    ព័រ​ទុយ​ហ្គា​ល និង​ស្វីស​ ដាក់​បម្រាម​គោចរ​ជាថ្មី​ដោយសារ Covid-19

    កាលពី​ថ្ងៃទី 13 មករា នាយករដ្ឋមន្ត្រី​ព័រ​ទុយ​ហ្គា​ល Antonio Costa បានប្រកាសថា ប្រទេស​នេះ​នឹងដាក់​បម្រាម​គោចរ​ជាថ្មី​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​ដែល​បង្ក​ជំងឺ​រលាក​សួត Covid-19។

    នៅក្នុង​កិច្ចប្រជុំ​ពិសេស​នៃ​គណៈរដ្ឋមន្ត្រី លោក Antonio Costa ថ្លែងថា បទបញ្ជា​បម្រាម​គោចរ​ថ្មី​នេះ​នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី 15 ខែមករា ឆ្នាំ 2021 ក្នុងនោះ​នឹង​រួមមាន​ទាំង​វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ​ដូចដែល​បានធ្វើ​ឡើង​កាលពី​ខែមីនា និង​ខែមេសា ឆ្នាំទៅ។ ហាង​ទំនិញ​មិនចាំបាច់ ហាង​កាហ្វេ ភោជនីយដ្ឋាន​ជាដើម ត្រូវតែ​បិទទ្វារ​ផ្អាក​ដំណើរការ​​ជា​បណ្ដោះអាសន្ន លើកលែងតែ​សាលារៀន។ ទន្ទឹមនឹងនេះ ពលរដ្ឋ​ក៏ត្រូវ​បានស្នើ​ឱ្យនៅ​ក្នុងផ្ទះ ប៉ុន្តែ​អាច​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជុំ​ដំបូង ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 24 មករា​ខាងក្នុង។ លោក Costa បញ្ជាក់ថា ចាប់ពី​ថ្ងៃទី 17 មករា ពលរដ្ឋ​ប្រទេស​នេះ​អាច​ទៅ​បោះឆ្នោត​មុន​កាលកំណត់​បាន។

    នៅក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅ ព័រ​ទុយ​ហ្គា​ល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន 10,556 នាក់ និង​ស្លាប់​ចំនួន 156 នាក់ នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន​កើន​ដល់​ជាង 500,000 នាក់ និង​ស្លាប់​ជាង 8,000 នាក់។

    ទន្ទឹមនឹង​ព័រ​ទុយ​ហ្គា​ល រដ្ឋាភិបាល​ស្វី​ស​ក៏បាន​ប្រកាសថា​នឹងដាក់​បម្រាម​គោចរ ហើយ​វិធានការ​តឹងរ៉ឹង​នឹងត្រូវ​បាន​អនុវត្ត​ចាប់ពី​ថ្ងៃទី 18 មករា ខាងមុខ។ ប្រទេស​នេះ ក្នុង​រយៈពេល​មួយថ្ងៃ​និង​មួយ​យប់​កន្លងទៅ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 3,001 នាក់ ធ្វើឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន​ឡើងដល់​ជាង 490,000​ នាក់ និង​ស្លាប់​ជាង 8,500 នាក់៕

    ប្រភព៖ RT

  • ប្រធានាធិបតី Trump «ឯកោ» នៅក្នុង​វីដេអូ​ដំបូង ក្រោយពី​ត្រូវ​សភា​ជាន់​ទាប​ចោទ​ប្រកាន់​​ជា​ផ្លូវការ

    ប្រធានាធិបតី Trump «ឯកោ» នៅក្នុង​វីដេអូ​ដំបូង ក្រោយពី​ត្រូវ​សភា​ជាន់​ទាប​ចោទ​ប្រកាន់​​ជា​ផ្លូវការ

    លោក Donald Trump បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​ដែល​ត្រូវបាន​ថ្កោលទោស និង​ចោទ​ប្រកាន់​​រហូតដល់​ពីរលើក។ សារព័ត៌មាន AP (អាមេរិក) ឱ្យដឹងថា ក្នុងការ​ចោទប្រកាន់​លើក​ទី​ពីរ​នេះ លោក Trump នៅ​ស្ងប់ស្ងាត់​តែម្នាក់ឯង។

    រសៀល​ថ្ងៃទី 13 មករា (ម៉ោង​ក្នុងស្រុក) សភា​ជាន់​ទាប​អាមេរិក បានអនុម័ត​សម្រេច​ចោទ​ប្រកាន់​​លោក​ Donald Trump​ ជា​ផ្លូវ​ការ​។ ក្នុងចំណោម​អ្នក​ដែល​បាន​បោះឆ្នោត​ចោទប្រកាន់​លោក Trump ក៏មាន​តំណាងរាស្ត្រ​បក្ស​កាន់អំណាច​បច្ចុប្បន្ន​ដល់​ទៅ 10 រូប រួមមាន Adam Kinzinger, Liz Cheney, John Katko, Fred Upton, Jaime Herrera Beutler, Dan Newhouse, Peter Meijer, Anthony Gonzalez, Tom Rice និង David Valadao។

    ដូច្នេះ ប្រធានាធិបតី Trump ត្រូវបាន​សមាជិក​បក្ស​របស់ខ្លួន​បែរ​ខ្លង​ជា​ផ្លូវការ​ហើយ។ មេដឹកនាំ​អាមេរិក​រូបនេះ មិនអាច​ធ្វើ​អ្វី​បាន ក្រៅពី​ការតាមដាន​ព្រឹត្តិការណ៍​នៅលើ​ទូរទស្សន៍។ Liz Cheney តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ​ប្រចាំ​សភា​ជាន់​ទាប បាន​និយាយថា «មិន​ធ្លាប់មាន​អំពើ​ក្បត់​ដ៏​ធំ​បែបនេះ​ឡើយ» ចំពោះ​ប្រធានាធិបតី​មួយរូប។

    សមាជិក​មួយចំនួនរ​បស់​បក្ស​សាធារណរដ្ឋ បាន​សំដែង​ការគាំទ្រ​ប្រធានាធិបតី Trump នៅក្នុង​ការជជែក​តវ៉ា​គ្នា​កាលពី​ថ្ងៃទី 13 មករា ប៉ុន្តែ​ចុងក្រោយ​ក៏​នៅតែមាន​តំណាងរាស្ត្រ​ចំនួន 10 នាក់​របស់​បក្ស​នេះ បោះឆ្នោត​ថ្កោលទោស​មេដឹកនាំ​កំពូល​របស់​សហរដ្ឋអាមេរិក។ នេះ​គឺជា​ប្រការ​មួយ​ដែល​មិន​ដូច​ទៅនឹង​ការ​ថ្កោលទោស​លើកដំបូង​ចំពោះ​ប្រធានាធិបតី Trump។

    នៅក្នុង​ការបោះឆ្នោត​កាលពី​ខែធ្នូ 2019 នៅ​សភា​ជាន់​ទាប ស្ដីអំពី​ការ​ថ្កោលទោស​ចោទ​លោក Trump ទាក់ទិន​នឹង​ការប្រើប្រាស់​អំណាច​កៀបសង្កត់​ដើម្បីឱ្យ​អ៊ុយ​ក្រែ​ន​ធ្វើការ​ស៊ើបអង្កេត​លើ​អនុ​ប្រធានាធិបតី Joe Biden ក្រុម​សម្ព័ន្ធមិត្ត​របស់លោក Trump គឺជា​អ្នកធ្វើ​យុទ្ធនាការ​ជំទាស់​ដោយ​ការធ្វើ​សន្និសីទ​សារព័ត៌មាន។ល។ ឆ្នាំ 2020 សភា​ជាន់ខ្ពស់​អាមេរិក​ដែល​ពេលនោះ​ត្រូវបាន​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ បានសម្រេច​ថា លោក Trump គ្មាន​កំហុស។

    ប្រធានសភាជាន់ទាបអាមេរិក Nancy Pelosi ថ្លែង​នៅមុន​ការ​បោះ​ឆ្នោត​ស្ដីអំពី​ការ​ថ្កោល​ទោស​លោក Trump

    កាលពី​ថ្ងៃទី 13 មករា សេត​វិមាន​បាន​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម Twitter បង្ហាញ​អំពី​សេចក្ដីថ្លែងការណ៍​របស់​លោក Trump។ លោក Trump បាន​រិះគន់​លើ​អំពើហិង្សា​នៅ​វិមាន​សភា ប៉ុន្តែ​មិនបាន​និយាយ​ដល់​ការដែល​ត្រូវ​ថ្កោលទោស​នោះទេ។ ក្រុមអ្នកវិភាគ​យល់ថា ក្នុង​វីដេអូ​នេះ មេដឹកនាំ​អាមេរិក​និយាយ​យឺត​ជាង​ធម្មតា និង​មើលទៅ​ដូចជា​ឯកោ​ខ្លាំងណាស់។

    ការ​ថ្កោលទោស​ដោយ​ការ​ចោទ​ប្រកាន់​ខាងលើ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមបាតុករ​គាំទ្រ​លោក Trump កាលពី​ថ្ងៃទី 6 មករា បាន​បង្កឱ្យមាន​អំពើហិង្សា​នៅ​វិមាន​សភាជាតិ​នៅ Capitol Hill ក្នុង​គ្រា​ដែល​សភា​កំពុងតែ​រាប់​សន្លឹកឆ្នោត​ដើម្បី​បញ្ជាក់​អំពី​ការទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​សកល​ដែលថា​លោក Joe Biden ជា​អ្នកឈ្នះ។ អំពើហិង្សា​នៅ​វិមាន​សភា​នេះ បាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច 5 នាក់ ក្នុងនោះ​ក៏មាន​មន្ត្រីប៉ូលិស​ម្នាក់​ប្រចាំការ​នៅ​វិមាន​សភា​ផងដែរ។

    ក្នុងករណី​ដែល​ត្រូវបាន​សភា​ជាន់ខ្ពស់ អនុម័ត​យល់ព្រម​ទៅលើ​ការ​ថ្កោលទោស​ពី​សំណាក់​សភា​ជាន់​ទាប លោក Trump នឹងត្រូវ​បាត់បង់​ឱកាស​ក្នុងការ​ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ 2024។

    លោក Donald Trump គឺជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​បី​ដែល​ត្រូវបានសភា​​ថ្កោលទោស និង​ចោទ​ប្រកាន់​។ មុននេះ លោក Bill Clinton និង Andrew Johnson ក៏បាន​ស្ថិតក្នុង​បញ្ជី​នេះដែរ។ ចំណែក​អតីត​ប្រធានាធិបតី Richard Nixon បាន​រួច​ផុតពី​ការ​ថ្កោលទោស​ព្រោះ​រឿងអាស្រូវ Watergate ដោយសារ​ថា លោក​បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង៕

    ប្រភព៖ BBC, NYTimes

  • បន្ទាប់ពី Youtube, Twitter និង Facebook បណ្ដាញ​​ទំនាក់​ទំនង​ Snapchat​ ក៏​បិទ​គណនី​របស់ Trump ក្រោយ​អំពើហិង្សា​នៅ​វិមាន​សភា​អាមេរិក

    បន្ទាប់ពី Youtube, Twitter និង Facebook បណ្ដាញ​​ទំនាក់​ទំនង​ Snapchat​ ក៏​បិទ​គណនី​របស់ Trump ក្រោយ​អំពើហិង្សា​នៅ​វិមាន​សភា​អាមេរិក

    ក្រុមហ៊ុន​បច្ចេកវិទ្យា Snap Inc បានប្រកាសថា នឹង​បិទ​គណនី​របស់លោក Donald Trump នៅលើ​កម្មវិធី​ទំនាក់ទំនង Snapchat ជា​រៀងរហូត ដោយសារ​ព្រួយបារម្ភ ក្រោយពី​មាន​ករណី​ហិង្សា​នៅ Capitol Hill កាលពី​សប្ដាហ៍​មុន។

    អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Snap Inc កាលពី​ថ្ងៃទី 13 មករា បានឱ្យដឹងថា ទង្វើ​នេះ​ត្រូវបាន​ធ្វើឡើង​ព្រោះតែ​ប្រធានាធិបតី Donald Trump បាន «ព្យាយាម​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ថ្លែង​សារ​ដែល​បង្កឱ្យមាន​កំហឹង និង​អំពើហិង្សា ដែល​ទង្វើ​នេះ ពិតជា​រំលោភ​លើ​ការ​គោលការណ៍​របស់​យើង»។

    អ្នកនាំពាក្យ​ខាងលើ​អះអាងថា ការបិទ​ចោល​គណនី Snapchat របស់លោក Trump គឺ «ដើម្បី​សុវត្ថិភាព​សាធារណៈ» និង «ដើម្បី​ផលប្រយោជន៍​ល្អ​បំផុត​សម្រាប់​ពិភព Snapchat»។

    ការសម្រេច​ខាងលើនេះ ត្រូវបាន​លើកឡើង​ក្រោយពី Snap Inc កាលពី​សប្ដាហ៍​មុន​បានប្រកាស​ផ្អាក​ដោយ​មិនមាន​កាលកំណត់​ចំពោះ​គណនី Snapchat របស់លោក Trump បន្ទាប់ពី​ករណី​វឹកវរ​ដែល​បង្កឡើង​ដោយ​ក្រុមបាតុករ​គាំទ្រ​លោក Trump នៅ​វិមាន​សភា​អាមេរិក ដែល​បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 5 នាក់​បាន​បាត់​បង់ជីវិត។

    Snapchat គឺជា​បណ្ដាញ​សង្គម​ថ្មី​បំផុត​ដែល​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ក្នុងការ «ដាក់ទណ្ឌកម្ម» ទៅលើ​លោក Trump។ មុននេះ Facebook ក៏បាន​ប្រកាស​បិទ​បណ្ដោះអាសន្ន​ដោយ​គ្មាន​កាលកំណត់​ទៅលើ​គណនីរ​ប​ស់លោក Trump ផងដែរ ខណៈ Twitter ក៏បាន​បិទ​គណនី​របស់លោក Trump ជា​រៀងរហូត «ដោយសារ​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​នៃ​ការ​បញ្ឆេះ​អំពើហិង្សា»។

    ក្រៅពីនេះ កាលពី​ថ្ងៃទី 12 មករា Youtube ក៏បាន​ប្រកាស​បិទ​គណ​នី​របស់លោក Trump ក្នុង​រយៈពេល​យ៉ាងតិច​មួយ​សប្ដាហ៍ ឬ​អាច​យូរ​ជាង​នេះ ដោយសារតែ​មានការ​រំលោភ​លើ​គោលការណ៍​របស់​បណ្ដាញ​សង្គម​នេះ៕

    ប្រភព៖ Reuters, Yahoo

  • កម្ពុជា​រកឃើញ​មនុស្ស 13នាក់​វិជ្ជមាន​នឹង Covid-19 ខណៈ​ពិភពលោក​រកឃើញ 741,895នាក់ ក្នុងអំឡុង 24​​​ម៉ោង​​មុននេះ

    កម្ពុជា​រកឃើញ​មនុស្ស 13នាក់​វិជ្ជមាន​នឹង Covid-19 ខណៈ​ពិភពលោក​រកឃើញ 741,895នាក់ ក្នុងអំឡុង 24​​​ម៉ោង​​មុននេះ

    ក្រសួងសុខាភិបាល​កម្ពុ​ជា ព្រឹក​នេះ បានឱ្យដឹងថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស Covid-19 សរុប​ចំនួន 13 នាក់​បន្ថែមទៀត ធ្វើឱ្យ​តួលេខ​សរុប​បាន​កើនឡើង​ដល់ 411 នាក់។

    សម្រាប់​ព័ត៌មាន​លម្អិត​ស្ដីអំពី​ករណី​វិជ្ជមាន​ទាំង 13 នាក់​ខាងលើនេះ សូម​បន្ត​អាច​តារាង​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 14 មករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 411 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 377 នាក់ និង 34 នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

    ដោយឡែក​នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 92,747,904 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 1,985,405 នាក់ អ្នកជា​សះស្បើយ​ចំនួន 66,276,344 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 24,486,155 នាក់ ដែល​ក្នុង​នេះដែរ មាន​អ្នកជំងឺ​ចំនួន 110,673 នាក់​កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត​ដោយសារ​អាការ​ធ្ងន់ធ្ងរ៕


  • រុស្ស៊ី​រកឃើញ​វីរុស Covid-19 ក្លាយ​ពូជ​ចំនួន 18 ប្រភេទ នៅក្នុង​រាងកាយ​អ្នកជំងឺ​ម្នាក់

    រុស្ស៊ី​រកឃើញ​វីរុស Covid-19 ក្លាយ​ពូជ​ចំនួន 18 ប្រភេទ នៅក្នុង​រាងកាយ​អ្នកជំងឺ​ម្នាក់

    ក្រុម​អ្នកស្រាវជ្រាវ​របស់​ប្រទេស​រុស្ស៊ី បាន​រកឃើញ​វីរុស Covid-19 ក្លាយ​ពូជ​ចំនួន 18 ប្រភេទ នៅក្នុង​រាងកាយ​របស់​ស្ត្រី​អ្នកជំងឺ​ម្នាក់​ដែល​បាន​ឆ្លង Covid-19 កាលពី​ជាង 4 ខែ​មុន។

    សារព័ត៌មាន Sputnik បានឱ្យដឹងថា លទ្ធផល​នៃ​​​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ត្រូវបាន​ប្រកាស​នៅ​ដើមខែ​មករា​នៅលើ​ទំព័រ virological.org បង្ហាញ​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា Skolkovo រួម​នឹង​​បណ្ឌិតសភា​វិទ្យាសាស្ត្រ​រុស្ស៊ី សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Pavlov First State ប្រចាំ St.Petersburg វិទ្យាស្ថាន​ស្រាវជ្រាវ​វីរុស​ផ្ដាសាយ Smorodintsev និង​​មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង St.Petersburg បានឱ្យដឹងថា៖ «យើង​បាន​កត់ត្រា​ការវិភាគ​ហ្សែ​ន​នៃ​វីរុស SARS-CoV-2 (Covid-19) ពី​អ្នកជំងឺ Covid-19 ម្នាក់​ដែលមាន​ជំងឺមហារីក។ ប្រព័ន្ធ​ហ្សែ​ន​បានបង្ហាញ​អំពី​ការកើនឡើង​ដោយ​ឯកឯង​របស់​វីរុស​ក្លាយ​ពូជ​ថ្មី​ចំនួន 18 ប្រភេទ នៅក្នុង​រយៈពេល​ជាង 4 ខែ​នៃ​ការឆ្លង​វីរុស​ Covid-19។ ពួកវា​រួមមាន​បណ្ដា​ប្រភេទ​វីរុស​ក្លាយ​ពូជក្នុង​​ក្រុម S ៖ Y453F និង Δ69-70HV ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​សម្បុក​វីរុស​ដែលមាន​ទាក់​ទាក់ទង​នឹង​សត្វ​កញ្ជ្រោង»។

    វីរុស​ក្លាយ​ពូជ​នានា​ដែល​បាន​រីកចម្រើន​នៅលើ​រាងកាយ​របស់​ស្ត្រី​អ្នកជំងឺ​វ័យ​ 47 ឆ្នាំ​ខាងលើ ត្រូវបាន​គេ​ហៅថា អ្នកជំងឺ S។ អ្នកជំងឺ​នេះ ទំនងជា​បាន​ឆ្លង​វីរុស​នៅពេល​កំពុង​ព្យាបាល​ជំងឺមហារីក​នៅ​មន្ទីរពេទ្យ។ «អ្នកជំងឺ​នេះ ធ្លាប់បាន​ប៉ះពាល់​ផ្ទាល់​នឹង​អ្នកជំងឺ​វ័យ​ចំណាស់​ម្នាក់ ជា​អ្នកជំងឺ​ប្រភេទ A ដែល​​បាន​ស្លាប់​ដោយសារ​បាន​ឆ្លង Covid-19» នេះ​បើតាម​កំណត់ត្រា​នៃ​របាយការណ៍​ស្រាវជ្រាវ។

    ថ្ងៃទី 17 មេសា 2020 អ្នកជំងឺ S បាន​ចេញពី​មន្ទីរពេទ្យ។ ថ្ងៃទី 30 មេសា 2020 អ្នកជំងឺ​នេះ​វិជ្ជមាន​នឹង Covid-19។

    ការស្រាវជ្រាវ​បន្ត​ឱ្យដឹងថា៖ «លទ្ធផល​នៃ​ការធ្វើ​តេស្ត​ក្នុង​ថ្ងៃទី 14ឧសភា 19ឧសភា 9មិថុនា និង​ថ្ងៃទី 14 កក្កដា សុទ្ធតែ​បង្ហាញថា អវិជ្ជមាន​នឹង Covid-19។ ប៉ុន្តែ​អ្នកជំងឺ S នេះ មាន​អាការ​នៃ​ជំងឺ Covid-19 យ៉ាងធ្ងន់ធ្ងរ​ចាប់ពី​ថ្ងៃទី 25 ឧសភា ដល់​ថ្ងៃទី 21 សីហា។ បន្ទាប់មក​ អ្នកជំងឺ​នេះ​ក៏​វិជ្ជមាន​ជាថ្មី​នៅ​ថ្ងៃទី 3សីហា 8សីហា 17សីហា និង 20សីហា។ ចុងក្រោយ អ្នកជំងឺ​នេះ​ក៏​អវិជ្ជមាន​នៅក្នុង​ថ្ងៃទី 12កញ្ញា 2020 និង​ថ្ងៃទី 10វិច្ឆិកា និង 16ធ្នូ»។

    យោងតាម​អ្នកវិទ្យាសាស្ត្រ Nikolai Kryuchkov ការ​ក្លាយ​ពូជ​របស់​វីរុស Covid-19 បាន​កើតឡើង​ញឹកញាប់​ជាង​មុន​ចំពោះ​អ្នកជំងឺ​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ បើ​ធៀប​នឹង​អ្នកជំងឺ​ដែលមាន​សុខភាព​ធម្មតា។

    ការស្រាវជ្រាវ​ខាងលើ​បានបង្ហាញ​ទៀតថា វីរុស​ក្លាយ​ពូជ​ទាំងឡាយ​នៅលើ​រាងកាយ​អ្នកជំងឺ​ខាងលើ មាន​ចំណុច​ជាច្រើន​ដែល​ដូច​ទៅនឹង​វីរុស​ក្លាយ​ពូជ​ដែល​រកឃើញ​នៅ​ប្រទេស​អង់គ្លេស។

    ប៉ុន្តែ កាលពី​ថ្ងៃទី 11 មករា 2021 លោក Alexander Gintsburg ប្រធាន​មជ្ឈមណ្ឌល Gamaleya ដែលជា​កន្លែង​អភិវឌ្ឍ​វ៉ាក់សាំង Covid-19 Sputnik V របស់​រុស្ស៊ី បានបញ្ជាក់ថា លទ្ធភាព​ដែលថា រុស្ស៊ី​មាន​វីរុស Covid-19 ប្រភេទ​​ថ្មី​​ដោយ​ឡែក​​គឺជា​រឿង​ដែល​អាច​កើតមាន​ក្នុង​កម្រិត​ខ្ពស់៕

    ប្រភព​៖ Sputnik

  • ខេត្ត Heilongjiang ដែលមាន​ប្រជាជន 37 លាន​នាក់​របស់​ប្រទេស​ចិន ត្រូវ​បាន​​​ប្រកាស​អាសន្ន ដោយសារតែករណី​វិជ្ជមាន Covid-19 ថ្មី​

    ខេត្ត Heilongjiang ដែលមាន​ប្រជាជន 37 លាន​នាក់​របស់​ប្រទេស​ចិន ត្រូវ​បាន​​​ប្រកាស​អាសន្ន ដោយសារតែករណី​វិជ្ជមាន Covid-19 ថ្មី​

    ខេត្ត Heilongjiang របស់​ប្រទេស​ចិន​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​ភាពប្រកាស​អាសន្ន​ចាប់ពី​ថ្ងៃទី 13 មករា​នេះ ក្រោយពី​បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ជាច្រើន​នាក់ដែល​មិន​មាន​រោគ​សញ្ញា​។

    សារព័ត៌មាន AFP ឱ្យដឹងថា ប្រទេស​ចិន​បាន​គ្រប់គ្រង​ការឆ្លង​រាលដាល​វីរុស Covid-19 បាន​យ៉ាង​ល្អ បន្ទាប់ពី​វីរុស​នេះ​បាន​រាតត្បាត​ពេញទី​ក្រុង Wuhan កាលពី​ចុងឆ្នាំ 2019។ ប៉ុន្តែ ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ចិន​បាន​រកឃើញ​ករណី​វិជ្ជមាន​ជាច្រើន​នាក់​ដែលជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ បញ្ហា​នេះ​បានធ្វើឱ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត ដាក់​បម្រាម​គោចរ កាត់បន្ថយ​ការធ្វើដំណើរ លុប​ចោល​ការ​ជួប​ជុំ រួម​នឹង​ការធ្វើ​តេស្ត​បន្ថែមទៀត។

    ក្នុងចំណោម​ខេត្ត​ដែល​បានចាប់ផ្ដើម​រឹតបន្តឹង​ការធ្វើដំណើរ ឬ​ការជួបជុំ Heilongjiang ដែលជា​ខេត្ត​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​ចិន ក៏​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​ស្ថានភាព​ប្រកាសអាសន្ន ដោយ​ស្នើឱ្យ​ពលរដ្ឋ​​មិន​ចាក​ចេញពី​តំបន់​មូលដ្ឋាន បើសិន​មិនមាន​កិច្ចការ​សំខាន់​ខ្លាំង ក៏ដូចជា​ការលុបចោល​ព្រឹត្តិការណ៍​ជួបជុំ​នានា​ផងដែរ។ វិធានការ​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ទប់​ទល់នឹង​ការកើនឡើង​នៃ​ករណី​ឆ្លង Covid-19 ថ្មី ដោយសារ​ថា ខេត្ត​នេះ​ទើបតែ​បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 28 នាក់ ក្នុងនោះ​មាន 12 នាក់​​មិនមាន​រោគសញ្ញា។

    មុននេះ ទីក្រុង Suihua របស់​ខេត្ត Heilongjiang ដែលមាន​ប្រជាជន​ជាង 5.2 លាន​នាក់ ក៏ត្រូវ​បានដាក់​បម្រាម​គោចរ​កាលពី​ថ្ងៃទី 11 មករា បន្ទាប់ពី​រកឃើញ​មនុស្ស​ជាង 40 នាក់​វិជ្ជមាន​នឹង Covid-19 ក្នុងនោះ​មាន 45 នាក់​មិនមាន​រោគសញ្ញា។ ចាប់ពី​ថ្ងៃទី 13 មករា​នេះ ទីក្រុង​មួយចំនួន​នៅក្បែរ Suihua ក៏បាន​ចាប់ផ្ដើម​ដាក់​ប​ម្រាម​គោចរ ឬ​រឹតបន្តឹង​ការធ្វើដំណើរ​ផងដែរ។

    ប្រទេស​ចិន​បានឱ្យដឹងថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 115 នាក់​ ​ក្នុង​ថ្ងៃទី 13 ខែមករា​នេះ ក្នុងនោះ​មាន​ជាង 90 ករណី​នៅក្នុង​ខេត្ត Hebei។ អាជ្ញាធរ​ចិន កាលពី​សប្ដាហ៍​មុន​បានចាប់ផ្ដើម​យុទ្ធនាការ​ធ្វើតេស្ត Covid-19 ជាថ្មី និង​បាន​បិទ​ប្រព័ន្ធ​គមនាគមន៍​សាធារណៈ សាលារៀន និង​ហាង​នានា​នៅ​ទីក្រុង Shijiazhuang ខេត្ត Hebei ដែលជា​សម្បុក​វីរុស Covid-19 ថ្មី​បំផុត។

    គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ចិន បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 87,706 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 4,634 នាក់ និង​អ្នក​កំពុង​ព្យាបាល 784 នាក់ ខណៈ​ជា​អ្នក​បានជា​សះស្បើយ​មាន​ចំនួន 82,288 នាក់៕

    ប្រភព​៖ France24

  • ក្រុមហ៊ុន​អាកាសចរណ៍ ត្រូវ​ដោះ​កៅអី​ទាំងអស់​ក្នុង​យន្តហោះ​​មួយ​គ្រឿង​ ព្រោះតែ​ចិញ្ចៀនពេជ្រ​របស់​អ្នកដំណើរ

    ក្រុមហ៊ុន​អាកាសចរណ៍ ត្រូវ​ដោះ​កៅអី​ទាំងអស់​ក្នុង​យន្តហោះ​​មួយ​គ្រឿង​ ព្រោះតែ​ចិញ្ចៀនពេជ្រ​របស់​អ្នកដំណើរ

    ផ្នែក​បច្ចេកទេស​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​របស់​វៀតណាម បាននាំគ្នា​ដោះ​កៅអី​ទាំងអស់​នៅក្នុង​យន្តហោះ​មួយគ្រឿង​ដើម្បី​ស្វែងរក​ចិញ្ចៀនពេជ្រ​មួយ​វង់​ដែលមាន​តម្លៃ​ខ្ពស់ ក្រោយពី​អ្នកដំណើរ​ម្នាក់​បាន​ជ្រុះ​នៅក្នុង​កាប៊ីន​សម្រាប់​អ្នកជំនួញ។

    កាលពី​ថ្ងៃទី 12 មករា តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines បាន​បញ្ជាក់ថា ក្រុមហ៊ុន​នេះ កាលពី​ថ្ងៃទី 11 មករា បាន​ប្រគល់ជូន​ចិញ្ចៀនពេជ្រ​មួយ​វង់​ដែល​បាន​ជ្រុះ​បាត់​នៅក្នុង​យន្តហោះ​នៃ​ក្រុមហ៊ុន​នេះ​កាលពី​ថ្ងៃទី 8 មករា នៅក្នុង​ជើងហោះហើរ​ក្នុងស្រុក ទៅឱ្យ​អ្នកដំណើរ​របស់ខ្លួន​វិញ​ហើយ។

    អតិថិជន​ដែល​បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ប្រភេទ​ពាណិជ្ជកម្ម បាន​ហោះ​ពី​ទីក្រុង​ហូជីមិញ ទៅកាន់​រដ្ឋធានី​ហាណូយ​នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី 8 ខែមករា និង​បាន​ចុះចត​នៅវេលា​ម៉ោង 15 និង 10 នាទី។ ក្នុងពេល​យន្តហោះ​ត្រៀម​ចុះចត ស្ត្រី​ជា​អ្នកដំណើរ​ម្នាក់​ក៏បាន​ជ្រុះ​បាត់​ចិញ្ចៀនពេជ្រ​មួយ​វង់​នៅក្នុង​យន្តហោះ​នេះ។

    តំណាង​របស់​ក្រុមហ៊ុន Vietnam Airlines បានឱ្យដឹងថា ផ្នែក​បច្ចេកទេស​របស់​ខ្លួន ក្រោយមក​ក៏បាន​ដោះ​កៅអី​ទាំងអស់​ដែលមាន​នៅលើ​យន្តហោះ ដើម្បី​ស្វែងរក​ចិញ្ចៀន។ ប៉ុន្តែ មិនបាន​រកឃើញ​នោះទេ ដោយសារ​វា​មាន​ទំហំ​តូច​ពេក។ ផ្នែក​បច្ចេកទេស​ក៏បាន​រាយការណ៍​ហេតុការណ៍​នេះ​ដល់​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​បន្ត​រុករក។

    បន្ទាប់មក យន្តហោះ​នេះ​ក៏បាន​ហោះ​ត្រលប់​មកកាន់​ទីក្រុង​ហូជីមិញ​វិញ នៅវេលា​ម៉ោង 18 ថ្ងៃទី 8 មករា ជាមួយនឹង​លេខ​សម្គាល់​ជើងហោះហើរ VN275។

    ក្រោយមក សំណាងល្អ​ក៏បាន​កើតឡើង​ចំពោះ​ក្រុម​បុគ្គលិក​នៅលើ​យន្តហោះ​នេះ នៅពេលដែល​អ្នកបម្រើ​បាន​រកឃើញ​ចិញ្ចៀនពេជ្រ​ក្នុងពេល​ពិនិត្យមើល​ក្នុង​កាប៊ីន​អ្នកដំណើរ។ ពួកគេ​ក៏បាន​ប្រគល់​មកឱ្យ​អង្គភាព Lost & Found នៅ​ព្រលានយន្តហោះ Tan Son Nhat នាទី​ក្រុង​ហូជីមិញ ហើយ​វា​ក៏​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​ដើម​នៅ​រសៀល​ថ្ងៃទី 11មករា៕

    ប្រភព៖ DNTT