Author: សឿន សំណាង

  • Joe Biden ព្រមាន​ថា​នឹងដាក់​ទណ្ឌកម្ម​មី​យ៉ាន​ម៉ា ក្រោយ​រដ្ឋប្រហារ​​យោធា​​កាលពី​ម្សិលមិញ

    Joe Biden ព្រមាន​ថា​នឹងដាក់​ទណ្ឌកម្ម​មី​យ៉ាន​ម៉ា ក្រោយ​រដ្ឋប្រហារ​​យោធា​​កាលពី​ម្សិលមិញ

    ប្រធានាធិបតី​អាមេរិក​បាន​ព្រមាន​ថា​នឹងដាក់​ទណ្ឌកម្ម​ឡើងវិញ​ចំពោះ​ប្រទេស​មី​យ៉ាន​ម៉ា បន្ទាប់ពី​មានការ​ចាប់ខ្លួន​លោកស្រី Aung San Suu Kyi ព្រមទាំង​អំពាវនាវ​ឱ្យ​មានការ​ប្រតិកម្ម​រួម​ពី​សហគមន៍​អន្តរជាតិ។

    «សហគមន៍​អន្តរជាតិ រួមគ្នា​ដាក់​សម្ពាធ បង្ខំ​ឱ្យ​កងទ័ព​មី​យ៉ាន​ម៉ា​បោះបង់​អំណាច​ដែល​ពួកគេ​បាន​រំលោភ​យក និង​ដោះលែង​ក្រុមមនុស្ស​ដែល​ពួកគេ​បាន​ចាប់ខ្លួន​ជាបន្ទាន់។ អាមេរិក​បាន​ដក​ទណ្ឌកម្ម​ពី​មី​យ៉ាន​ម៉ា​អស់​រយៈពេល 10 ឆ្នាំ​កន្លងមកនេះ ដោយយោង​ទៅលើ​ដំណើរ​ឆ្ពោះទៅរក​ប្រជាធិបតេយ្យ។ ការដើរបញ្ច្រាស​ដំណើរការ​នេះ​នឹងធ្វើ​ឱ្យ​យើង​ត្រូវ​ពិនិត្យឡើងវិញ​នូវ​ការដាក់ទណ្ឌកម្ម ជាមួយនឹង​សកម្មភាព​សមស្រប» ប្រធានាធិបតី​អាមេរិក Joe Biden បានចេញ​សេចក្ដីប្រកាស​មួយ​កាលពី​ថ្ងៃទី 1 កុម្ភៈ។

    លោក Biden ក៏បាន​ថ្កោលទោស​កងទ័ព​មី​យ៉ាន​ម៉ា ដែល​បាន​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi រួម​នឹង​ប្រធានាធិបតី Win Myint និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​ជាច្រើនរូប​របស់​បក្ស​កាន់អំណាច។ ប្រធានាធិបតី​អាមេរិក​យល់ថា នេះ​គឺជា «ការវាយប្រហារ​ផ្ទាល់​ទៅលើ​ដំណើរ​ងាក​ទៅរក​ប្រជាធិបតេយ្យ និង​ការគោរព​ច្បាប់​របស់​មី​យ៉ាន​ម៉ា»។

    លោក Biden បាន​អំពាវនាវ​ដល់​កងទ័ព​មី​យ៉ាន​ម៉ា ដក​ការ​រឹតបន្តឹង​លើ​ព័ត៌មាន ទំនាក់ទំនង និង​ចៀសវាង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ផងដែរ។ «សហរដ្ឋអាមេរិក​កំពុង​តាមដាន​ក្រុមមនុស្ស​ដែល​ឈរ​នៅក្បែរ​ប្រជាជន​មី​យ៉ាន​ម៉ា នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ។ យើង​នឹង​សហការ​ជាមួយ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ ក៏ដូចជា​បង្ខំ​ឱ្យ​អ្នក​រារាំង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​នេះ ទទួលខុសត្រូវ» សេចក្ដីប្រកាស​ព័ត៌មាន​របស់លោក Biden មាន​ឃ្លា​សរសេរ​ដូច្នេះ។

    គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដែល​កំពុង​កាន់អំណាច​របស់លោក​ស្រី Suu Kyi ដណ្ដើមបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​កាលពី​ចុងឆ្នាំ 2020 ដោយ​ទទួលបាន 346 ក្នុងចំណោម 412 អាសនៈ​នៅ​សភា​មី​យ៉ាន​ម៉ា។ ប៉ុន្តែ​កងទ័ព​ប្រទេស​នេះ​ប្រកាសថា បាន​រកឃើញ​ការលួចបន្លំ​សន្លឹកឆ្នោត​ជាង 10 លាន​ករណី និង​បាន​តវ៉ា​ទៅកាន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត ដើម្បីឱ្យ​បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ប៉ុន្តែ​មិន​ទទួលបាន​ការយល់ព្រម។

    សូមបញ្ជាក់ថា កងទ័ព​មី​យ៉ាន​ម៉ា នា​វេលា​ទៀបភ្លឺ ថ្ងៃទី 1 មករា​នេះ បាន​ឆ្មក់​ចូលចាប់​ខ្លួន​លោកស្រី Aung San Suu Kyi ដែល​ជាទី​ប្រឹក្សាជាតិ រួម​នឹង​ប្រធានាធិបតី Win Myint និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​មួយចំនួន​នៃ​បក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មី​យ៉ាន​ម៉ា (NLD) ដែល​កំពុង​កាន់អំណាច ដើម្បី​ប្រឆាំងនឹង​ការបោះឆ្នោត​ដែល​ភាគី​ខាង​កងទ័ព​យល់ថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020។

    ក្រោយ​ការធ្វើ​រដ្ឋប្រហារ​ខាងលើ កងទ័ព​មី​យ៉ាន​ម៉ា​ក៏បាន​ដកហូត​តំណែង​របស់​រដ្ឋមន្ត្រី និង​អនុរដ្ឋមន្ត្រី​ចំនួន 24 រូប ព្រមទាំង​បានប្រកាស​បញ្ជី​ឈ្មោះ​មនុស្ស​ចំនួន 11 នាក់ ដែល​ត្រូវបានតែងតាំង​ជា​មេដឹកនាំ​នៃ​ក្រសួង​នានា រួមមាន ក្រសួង​ហិរញ្ញវត្ថុ សុខាភិបាល ព័ត៌មាន ការបរទេស ការពារជាតិ និង​ក្រសួងមហាផ្ទៃ​និង​ការពារ​ព្រំដែន​ផងដែរ។

    ប្រទេស និង​ស្ថាប័ន​ជាច្រើន​ក្នុង​ពិភពលោក កំពុងធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ចំពោះ​ទង្វើ​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន​ម៉ា ក្នុងនោះ​ក៏មាន​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក អូស្ត្រាលី។ល។

    ប្រភព៖ Reuters

  • ជនជាតិ​មី​យ៉ាន​ម៉ា រាប់រយ​នាក់​នៅ​ប្រទេស​ជប៉ុន ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​របស់​កង​ទ័ព

    ជនជាតិ​មី​យ៉ាន​ម៉ា រាប់រយ​នាក់​នៅ​ប្រទេស​ជប៉ុន ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​របស់​កង​ទ័ព

    ជនជាតិ​មី​យ៉ាន​ម៉ា​រាប់រយ​នាក់ នាំគ្នា​កាន់​បដា​ដែលមាន​រូបថត​របស់​លោកស្រី Aung San Suu Kyi ប្រមូលផ្ដុំ​គ្នា​នៅ​ទីក្រុង​តូ​ខ្យូ ប្រទេស​ជប៉ុន ដើម្បី​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​មី​យ៉ាន​ម៉ា។

    ក្រុមបាតុករ​ពាក់​ម៉ាស កាន់​ទង់ជាតិ ប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅ​សាកលវិទ្យាល័យ​អង្គការសហប្រជាជាតិ នៅ​កណ្ដាល​រាជធានី​តូ​ខ្យូ​របស់​ប្រទេស​ជប៉ុន​នា​ថ្ងៃនេះ និង​បាន​អំពាវនាវ​ឱ្យ​អង្គការ​អន្តរជាតិ​មួយ​នេះ ថ្កោលទោស​ខ្លាំងក្លា​ចំពោះ​សកម្មភាព​របស់​កងទ័ព​មី​យ៉ាន​ម៉ា​ជា​បន្តទៀត។

    «ខ្ញុំ​ព្រួយបារម្ភ​ចំពោះ​គ្រួសារ​ខ្ញុំ ប៉ុន្តែ​ជាង​នេះ ខ្ញុំ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់លោក​ស្រី Aung San Suu Kyi» Tin Htway ជនជាតិ​មី​យ៉ាន​ម៉ា អាយុ 22 ឆ្នាំ ជា​បុគ្គលិក​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​ជប៉ុន បាន​និយាយ​ដូច្នេះ។

    Than Swe ប្រធាន​សមាគម​ជនជាតិ​មី​យ៉ាន​ម៉ា​នៅ​ជប៉ុន បានឱ្យដឹងថា លោក​ចង់ឱ្យ​កងទ័ព​ដោះលែង​លោកស្រី Suu Kyi និង​ក្រុម​មេដឹកនាំ​ដែល​ត្រូវបាន​បោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ ត្រូវបាន​ដោះលែង​ជាបន្ទាន់។

    លោក Swe អាយុ 58 ឆ្នាំ និយាយថា «កងទ័ព​ត្រូវតែទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ឆ្នាំ 2020 និង​បញ្ឈប់​រាល់​សកម្មភាព​ដែល​ពួកគេ​កំពុង​ធ្វើ»។

    ក្រុម​អ្នកចាត់ចែង​បាតុកម្ម​នេះ​បានឱ្យដឹងថា មនុស្ស​ជិត 800 នាក់​បាន​ចូលរួម​ធ្វើបាតុកម្ម​នៅ​ទីក្រុង​តូ​ខ្យូ​នា​ថ្ងៃទី 1 មករា​នេះ។

    សូមបញ្ជាក់ថា កងទ័ព​មី​យ៉ាន​ម៉ា នា​វេលា​ទៀបភ្លឺ ថ្ងៃទី 1 មករា​នេះ បាន​ឆ្មក់​ចូលចាប់​ខ្លួន​លោកស្រី Aung San Suu Kyi ដែល​ជាទី​ប្រឹក្សាជាតិ រួម​នឹង​ប្រធានាធិបតី Win Myint និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​មួយចំនួន​នៃ​បក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មី​យ៉ាន​ម៉ា (NLD) ដែល​កំពុង​កាន់អំណាច ដើម្បី​ប្រឆាំងនឹង​ការបោះឆ្នោត​ដែល​ភាគី​ខាង​កងទ័ព​យល់ថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020។

    គណនី​បណ្ដាញ​សង្គម​របស់​បក្ស​កាន់អំណាច NLD ក៏បាន​ឱ្យដឹងថា លោកស្រី Suu Kyi បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មី​យ៉ាន​ម៉ា កុំ​ទទួលយក​ការធ្វើ «រដ្ឋប្រហារ» និង​ស្នើឱ្យ​គ្រប់គ្នា​ចេញ​ធ្វើ​ចេញ​បាតុកម្ម។

    ចំណែក​ប្រ​ទស​ជាច្រើន​ក្នុង​ពិភពលោក ក៏​កំពុង​ថ្កោលទោស​ចំពោះ​សកម្មភាព​ធ្វើ​រដ្ឋប្រហារ​ពី​សំណាក់​កងទ័ព​នៃ​ប្រទេស​មី​យ៉ាន​ម៉ា​នេះ​ផងដែរ ខណៈដែល​រដ្ឋាភិបាល​ជ​ប៉ុន​បាន​អំពាវនាវ​ឱ្យ​កងទ័ព​មី​យ៉ាន​ម៉ា ដោះលែង​ក្រុម​មេដឹកនាំ​ដែល​ត្រូវបាន​ចាប់ខ្លួន។ ជប៉ុន​ក៏បាន​បញ្ជាក់ថា ប្រទេស​នេះ តាំងពី​យូរ​មកហើយ តែងតែ​គាំទ្រ​ដល់​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន​ម៉ា ព្រមទាំង​បានស្នើ​ឱ្យ​ស្ដារ​ស្ថានភាព​នេះ​ឡើងវិញ​ជាបន្ទាន់៕

    ប្រភព៖ Reuters

  • Aung San Suu Kyi អំពាវនាវ​ឱ្យ​ប្រជាជន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​កងទ័ព

    Aung San Suu Kyi អំពាវនាវ​ឱ្យ​ប្រជាជន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​កងទ័ព

    គណនី​បណ្ដាញ​សង្គម​របស់​បក្ស​កាន់អំណាច NLD បានឱ្យដឹងថា លោកស្រី Suu Kyi បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មី​យ៉ាន​ម៉ា កុំ​ទទួលយក​ការធ្វើ «រដ្ឋប្រហារ» និង​នាំគ្នា​ធ្វើ​ចេញ​បាតុកម្ម។

    «សកម្មភាព​របស់​កង​ទ័ព​កំពុង​នាំ​ប្រទេសជាតិ​វិល​ទៅកាន់​សម័យ​យោធានិយម។ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ប្រជាជន កុំ​ទទួលស្គាល់​ប្រការនេះ និង​ធ្វើការ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា ដោយ​ការធ្វើ​បាតុកម្ម» គណនី Facebook ផ្លូវការ​របស់​គណបក្ស​កាន់អំណាច សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​មី​យ៉ាន​ម៉ា (NLD) បានឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​មួយ​ដែល​ត្រូវបាន​បង្ហោះ​ក្នុង​ថ្ងៃទី 1 មករា​នេះ។

    អត្ថបទ​ដែល​បាន​បង្ហោះ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ក្នុងនាម​ជាទី​ប្រឹក្សាជាតិ​មី​យ៉ាន​ម៉ា Aung San Suu Kyi ប៉ុន្តែ​មិនមាន​ហត្ថលេខា​របស់លោក​ស្រី​នោះទេ។ ខ្លឹមសារ​នៃ​សេចក្ដីប្រកាស​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​ប្រធាន​បក្ស NLD លោក Win Htein។ នៅ​ទីបញ្ចប់​នៃ​សេចក្ដីប្រកាស​នេះ លោក Win Htein សរសេរថា «ខ្ញុំ​ស្បថ​ដាក់​ជីវិត នេះ​គឺជា​ប្រសាសន៍​ពិត​របស់​លោកស្រី Aung San Suu Kyi»។

    កងទ័ព​មី​យ៉ាន​ម៉ា នា​វេលា​ទៀបភ្លឺ ថ្ងៃទី 1 មករា​នេះ បាន​ឆ្មក់​ចូលចាប់​ខ្លួន​លោកស្រី Aung San Suu Kyi ដែល​ជាទី​ប្រឹក្សាជាតិ រួម​នឹង​ប្រធានាធិបតី Win Myint និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​មួយចំនួន​នៃ​បក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មី​យ៉ាន​ម៉ា (NLD) ដែល​កំពុង​កាន់អំណាច ដើម្បី​ប្រឆាំងនឹង​ការបោះឆ្នោត​ដែល​ភាគី​ខាង​កងទ័ព​យល់ថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020។

    សហគមន៍​អន្តរជាតិ​កំពុងតែ​តាមដាន​ការវិវត្ត​នៅ​ប្រទេស​មី​យ៉ាន​ម៉ា ទាក់ទិន​នឹង​រដ្ឋប្រហារ​ដោយ​កងទ័ព។ ប្រទេស​ជាច្រើន​បាន​រិះគន់ ថ្កោលទោស និង​អំពាវនាវ​ឱ្យ​កងទ័ព​មី​យ៉ាន​ម៉ា វិល​ទៅរក​សភាព​ដើម មុន​រដ្ឋប្រហារ​នេះ៕

    ប្រភព៖ Reuters

  • កងទ័ព​មី​យ៉ាន​ម៉ា សន្យាថា​នឹងធ្វើ​ការបោះឆ្នោត​ឡើងវិញ ក្រោយ​រយៈពេល​មួយឆ្នាំ​ទៀត

    កងទ័ព​មី​យ៉ាន​ម៉ា សន្យាថា​នឹងធ្វើ​ការបោះឆ្នោត​ឡើងវិញ ក្រោយ​រយៈពេល​មួយឆ្នាំ​ទៀត

    កងទ័ព​មី​យ៉ាន​ម៉ា បានឱ្យដឹងថា នឹង​ប្រគល់​អំណាច​ទៅឱ្យ​គណបក្ស​ជាប់ឆ្នោត​ន​ក្នុងការ​បោះឆ្នោត​មួយ​ដែល​នឹង​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ស្ថានភាព​អាសន្ន​ដែល​កងទ័ព​បានដាក់​ចេញ ត្រូវបាន​បញ្ចប់។

    «យើង​នឹង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ជាមួយនឹង​តុល្យភាព និង​យុត្តិធម៌​ពេញលេញ» កងទ័ព​មី​យ៉ាន​ម៉ា​បានប្រកាស​នៅលើ​បណ្ដាញ​សង្គម Facebook នា​ថ្ងៃទី 1 មករា ឆ្នាំ 2021 នេះ។ «អំណាច​នឹងត្រូវ​បាន​ផ្ទេរ​ជូន បន្ទាប់ពី​មានការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​បញ្ចប់​ដំណាក់កាល​អនុវត្ត​បទ​បញ្ជា​ភាពអាសន្ន»។

    សូម​រំលឹកថា កងទ័ព​មី​យ៉ាន​ម៉ា នា​វេលា​ទៀបភ្លឺ ថ្ងៃទី 1 មករា​នេះ បាន​ឆ្មក់​ចូលចាប់​ខ្លួន​លោកស្រី Aung San Suu Kyi ដែល​ជាទី​ប្រឹក្សាជាតិ រួម​នឹង​ប្រធានាធិបតី Win Myint និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​មួយចំនួន​នៃ​បក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មី​យ៉ាន​ម៉ា (NLD) ដែល​កំពុង​កាន់អំណាច ដើម្បី​ប្រឆាំងនឹង​ការបោះឆ្នោត​ដែល​ភាគី​ខាង​កងទ័ព​យល់ថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020។

    ទូរទស្សន៍​កងទ័ព​មី​យ៉ាន​ម៉ា ក្រោយមក​ក៏បាន​ប្រកាសថា អំណាច​នៅ​ប្រទេស​នេះ​ត្រូវបាន​ប្រគល់ជូន​លោក Min Aung Hlaing ដែលជា​អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន​ម៉ា។ ពួកគេ​និយាយថា ត្រូវតែមាន​ការដាក់​ប្រទេស​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​អាសន្ន​រយៈពេល​មួយឆ្នាំ ដោយសារ​ថា​បញ្ហា «លួច​បន្លំ​សន្លឹកឆ្នោត» មិន​ត្រូវបាន​ដោះស្រាយ។

    ការធ្វើ​រដ្ឋប្រហារ​នេះ ត្រូវបាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​អំពាវនាវ​ឱ្យ​កងទ័ព​មី​យ៉ាន​ម៉ា វិល​ទៅរក​សភាព​ដើម មុន​ការធ្វើ​រដ្ឋប្រហារ​ក្នុង​ថ្ងៃ​ទីនេះ៕

    ប្រភព៖ AFP

  • វិវឌ្ឍន៍​​​រយៈពេល 10 នៃ​នយោបាយ​មី​យ៉ាន​ម៉ា មុន​កងទ័ព​វិល​ចូលកាន់​អំណាចនៅ​ថ្ងៃ​នេះ​

    វិវឌ្ឍន៍​​​រយៈពេល 10 នៃ​នយោបាយ​មី​យ៉ាន​ម៉ា មុន​កងទ័ព​វិល​ចូលកាន់​អំណាចនៅ​ថ្ងៃ​នេះ​

    កងទ័ព​ភូមា ឬ​មី​យ៉ាន​ម៉ា បាន​ចាប់ខ្លួន​ទីប្រឹក្សា​ជាតិ លោកស្រី Suu Kyi និង​បានធ្វើ​រដ្ឋប្រហារ ក្រោយពី​បាន​បោះបង់​អំណាច​ផ្ដាច់ការ​អស់​រយៈពេល​ជិត 5 ទសវត្សរ៍​នៅ​ប្រទេស​នេះ។

    ឆ្នាំ 2010 រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​មី​យ៉ាន​ម៉ា បានធ្វើការ​បោះឆ្នោត​នៅ​ដើមខែ​វិច្ឆិកា ក្នុងនោះ គណបក្ស​សាមគ្គីភាព​និង​អភិវឌ្ឍន៍​សហភាព​មី​យ៉ាន់​ម៉ា (USDP) ដែល​គាំទ្រ​ដោយ​កងទ័ព​បានប្រកាស​ជ័យជំនះ។ ប៉ុន្តែ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មី​យ៉ាន​ម៉ា (NLD) និង​បក្សផ្សេងៗទៀត បានប្រកាស​មិន​ចូលរួម។ ក្រុម​អ្នកសង្កេតការ​បោះឆ្នោត​ចាត់ទុកថា នេះ​គឺជា​ការបោះឆ្នោត​អយុត្តិធម៌។

    ជិត​មួយ​សប្ដាហ៍​ក្រោយ​ការបោះឆ្នោត លោកស្រី Aung San Suu Kyi ត្រូវបាន​ដោះលែង បន្ទាប់ពី​ត្រូវ​ជាប់ឃុំ​ក្នុងផ្ទះ​រយៈពេល 16 ឆ្នាំ។

    ឆ្នាំ 2011 រដ្ឋាភិបាល​បាន​ផ្ទេរអំណាច​ទៅឱ្យ​រដ្ឋាភិបាល​ពាក់កណ្ដាល​ស៊ីវិល​មួយ​របស់​អតីត​ឧ​ត្ត​ម​សេនីយ៍ Thein Sein ដែលជា​អ្នក​មានបំណង​ធ្វើ​កំណែ​ទម្រង់។ សិទ្ធិ​ជា​មូលដ្ឋាន​មួយចំនួន​ត្រូវបាន​ស្ដារឡើងវិញ ក្នុងនោះ​មានដូចជា ការដក​ការ​រឹតបន្តឹង​ក្នុងការ​ជួបជុំ និង​សំដែង​មតិ​ជាដើម។

    ឆ្នាំ 2012 បក្ស NLD ដណ្ដើមបាន 43 ក្នុងចំណោម 45 កៅអី​នៅ​សភា​ក្នុងការ​បោះឆ្នោត​ខែមេសា ហើយ​លោកស្រី Suu Kyi ក៏បាន​ក្លាយជា​តំណាងរាស្ត្រ​នៅ​សភា។ អាមេរិក និង​អឺរ៉ុប​បានចាប់ផ្ដើម​ដក​ការដាក់ទណ្ឌកម្ម​លើ​មី​យ៉ាន​ម៉ា ភ្លាមនោះ បណ្ដា​ក្រុមហ៊ុន​អឺរ៉ុប​ក៏បាន​ចាប់ផ្ដើម​សម្រុកចូល​រកស៊ី​ក្នុងប្រទេស​នេះ។ Barack Obama បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​ដែល​បានមក​ធ្វើ​ទស្សនកិច្ច​ប្រទេស​មី​យ៉ាន​ម៉ា។

    ឆ្នាំ 2015 NLD ទទួលបាន​ជ័យជំនះ​ច្រើន​លើសលុប​ក្នុងការ​បោះឆ្នោតជាតិ។ អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន​ម៉ា លោក Min Aung Hlaing បាន​ជូនពរ​លោកស្រី Suu Kyi និង​បក្ស​របស់​លោកស្រី។

    ឆ្នាំ 2016 NLD ចូល​ដឹកនាំ​ប្រទេស ហើយ​លោកស្រី Suu Kyi ក៏​ធ្វើ​ជាទី​ប្រឹក្សាជាតិ ដែល​តាមពិត​វា​គ្រាន់តែ​ជា​តំណែង​មួយ​ដើម្បី​ធ្វើ​ឱ្យស្រប​រដ្ឋធម្មនុញ្ញ​ដែល​ហាម​លោកស្រី​ឡើងកាន់តំណែង​ប្រធានាធិបតីតែ​ប៉ុណ្ណោះ​។

    ឆ្នាំ 2017 មេធាវី​កាន់សាសនា​អ៊ីស្លាម ឈ្មោះ Ko Ni ដែលជា​អ្នក​រិះគន់​មិន​សំច័យមាត់​ទៅលើ​កងទ័ព និង​ជាទី​ប្រឹក្សា​របស់លោក​ស្រី Suu Kyi ត្រូវបាន​គេ​ធ្វើឃាត​នៅក្នុង​ទីក្រុង Yangon។ មនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​ពិធី​បុណ្យសព​របស់លោក។

    លោក​ស្រី Sun Suu Kyi

    ថ្ងៃទី 25 សីហា កងទ័ព​មី​យ៉ាន​ម៉ា​បានធ្វើការ​កៀបសង្កត់​ព​ល​រដ្ឋ​នៅក្នុង​រដ្ឋ Rakhine ដើម្បី​ឆ្លើយតប​នឹងក្រុម​​ឧទ្ទាម បណ្ដាលឱ្យ​ក្រុម​ជនជាតិភាគតិច Rohingya ត្រូវ​ភៀសខ្លួន​ទៅ​តាម​បន្ទាប់​ព្រំដែន​ជាមួយនឹង​បង់​ក្លា​ដែ​ស។

    ឆ្នាំ 2018 អ្នកយកព័ត៌មាន​រប​ស់ Reuters 2 រូប ត្រូវបាន​ចាប់ឃុំខ្លួន ក្រោម​បទ​ចោទថា បាន​រំលោភ​លើ​កិច្ចការ​សម្ងាត់​របស់​ប្រទេស​មី​យ៉ាន​ម៉ា នៅពេល​ពួកគេ​រាយការណ៍​អំពី​ករណី​សម្លាប់​រង្គាល​លើ​ជនជាតិ Rohingya។ អ្នកយកព័ត៌មាន​ទាំងនេះ​ត្រូវ​ឃុំខ្លួន​រយៈពេល 500 ថ្ងៃ មុនពេល​ត្រូវបាន​ដោះលែង​ទៅតាម​បទបញ្ជា​របស់​ប្រធានាធិបតី។

    ឆ្នាំ 2019 សហរដ្ឋអាមេរិក​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ចំពោះ​មេបញ្ជាការ​កងទ័ព និង​មន្ត្រី​យោធា​ចំនួន 3 រូប​ផ្សេងទៀត។ Gambia បានដាក់​ពាក្យ​ប្ដឹង​ឡើងទៅ​កាន់​តុលាការ​យុត្តិធម៌​របស់​អង្គការសហប្រជាជាតិ ដោយ​ចោទ​មី​យ៉ាន​ម៉ា​ពីបទ​ប្រល័យពូជសាសន៍។ លោកស្រី Suu Kyi បានធ្វើ​ការការពារ​ភាគី​មី​យ៉ាន​ម៉ា​នៅ​តុលាការ​ក្នុង​ទីក្រុង The Hague នៃ​ប្រទេស​ហូ​ឡង់។

    បណ្ដឹង​ចំនួន 2 ផ្សេងទៀត​ក៏ត្រូវ​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​មី​យ៉ាន​ម៉ា រួមមាន​ទាំង​ការស៊ើបអង្កេត​របស់​តុលា​ព្រហ្មទណ្ឌ​អន្តរជាតិ (ICJ) ផងដែរ។

    ឆ្នាំ 2020 ICJ បាន​ទាត់ចោល​ការបង្ហាញ​អំពី​ភាពត្រឹមត្រូវ​ពី​សំណាក់​លោក​ស្រី Suu Kyi និង​ចេញ​បញ្ជា​ឱ្យ​មី​យ៉ាន​ម៉ា​អនុវត្ត​វិធានការ​ដើម្បី​ចៀសវាង​ការចោទប្រកាន់​អំពី​បទ​ប្រល័យពូជសាសន៍។

    ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​របស់​ប្រទេស​នេះ ត្រូវបាន Covid-19 បំផ្លិចបំផ្លាញ បណ្ដាលឱ្យមាន​មនុស្ស​ជាង 140,000 នាក់​បាន​ឆ្លង Covid-19 ក្នុងនោះ​មាន​ជាង 3,000 នាក់​បាន​ស្លាប់។

    មី​យ៉ាន​ម៉ា​បោះឆ្នោត​ប្រជាធិបតេយ្យ​លើក​ទី​ពីរ ប៉ុន្តែ​តំបន់​មួយចំនួន​ដែល​សម្បូរ​ជនជាតិភាគតិច មិនបាន​ចូលរួម​បោះឆ្នោត ដោយសារ​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា រវាង​ក្រុម​ឧទ្ទាម​ និង​កង​ទ័ព​។ NLD ត្រូវបាន​គេ​ព្យាករ​ថា នឹង​ទទួល​ជ័យជំនះ។

    ឆ្នាំ 2021 ក្រោយពី​បាន​ចោទប្រកាន់ថា មាន​បញ្ហា​មិន​ប្រក្រតី​មួយចំនួន​កើតឡើង​នៅក្នុង​ការបោះឆ្នោត ប៉ុន្តែ​ត្រូវបាន​បដិសេធ​ដោយ​អាជ្ញាធរ កងទ័ព​មី​យ៉ាន​ម៉ា​ក៏​បាន​សម្រេច​ចាប់ខ្លួន​លោកស្រី Suu Kyi រួម​នឹង​​ប្រធានាធិបតី Win Myint និង​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​របស់​បក្ស NLD នៅវេលា​ទៀបភ្លឺ​នា​ថ្ងៃទី 1 មករា ក្នុង​គ្រា​ដែល​សភា​កំពុង​ត្រៀម​​​បើក​កិច្ចប្រជុំ​លើកដំបូង។

    បន្ទាប់មក កងទ័ព​មី​យ៉ាន​ម៉ា​ក៏បាន​ដាក់​ប្រទេស​ឱ្យ​ស្ថិតក្នុង​ស្ថាន​ភាព​អាសន្ន​រយៈពេល​មួយឆ្នាំ និង​បានតែងតាំង​អតីត​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​ឱ្យធ្វើជា​ប្រធានាធិបតី​ស្ដីទី ដើម្បី​រក្សា​ស្ថិរភាព។

    អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ប្រឆាំងនឹង​ការដែល​កងទ័ព​មី​យ៉ាន​ម៉ា​ចាប់ខ្លួន​ទីប្រឹក្សា​ជាតិ លោកស្រី Suu Kyi ដោយ​យល់ថា នេះ​គឺជា​ការ​សំពង​ទៅលើ​ដំណើរការ​នៃ​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ។

    រដ្ឋាភិបាល​ប្រធានាធិបតី Joe Biden ក៏បាន​ព្រមាន​មី​យ៉ាន​ម៉ា​ថា មិនត្រូវ​ព្យា​យាម​កែប្រែ​លទ្ធផល​បោះឆ្នោត ហើយ​ថា នឹងធ្វើ​សកម្មភាព​បើសិន​ដំណើរ​​ទៅរក​ប្រជាធិបតេយ្យ​ត្រូវ​បាន​រាំងខ្ទប់។

    ក្រៅពីនេះ ប្រទេស​​ជប៉ុន អូស្ត្រាលី និង​ចិន ជាដើម ក៏​បាន​​ថ្កោលទោស ឬ​អំពាវនាវ​ឱ្យ​មី​យ៉ាន​ម៉ា​វិល​ទៅរក​គន្លង​ផ្លូវ​​មុនការ​​រដ្ឋប្រហារ​​នេះ​ផងដែរ៕

    ប្រភព៖ AFP

  • មូលហេតុ​ដែលនាំឱ្យ​កងទ័ព​មី​យ៉ាន​ម៉ា ឈានដល់​ការធ្វើ «រដ្ឋប្រហារ» ដើម្បី​ឡើងកាន់​អំណាច​ជាថ្មី

    មូលហេតុ​ដែលនាំឱ្យ​កងទ័ព​មី​យ៉ាន​ម៉ា ឈានដល់​ការធ្វើ «រដ្ឋប្រហារ» ដើម្បី​ឡើងកាន់​អំណាច​ជាថ្មី

    កងទ័ព​មី​យ៉ាន​ម៉ា​បាន​បង្ហើប​ឱ្យដឹង​អំពី​សញ្ញា​ដំបូង​នៃ​ការធ្វើ​រដ្ឋប្រហារ​របស់​ខ្លួន​កាលពី​សប្ដាហ៍​មុន ក្រោយពី​បាន​ចោទប្រកាន់ថា មាន​ការលួចបន្លំ​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020។

    មេដឹកនាំ​មី​យ៉ាន​ម៉ា លោកស្រី Aung San Suu Kyi និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​របស់​ប​ក្ស​កាន់អំណាច ត្រូវបាន​កងទ័ព​ប្រទេស​នេះ​ឆ្មក់​ចូលចាប់​ខ្លួន​កាលពី​វេលា​ទៀបភ្លឺ​នៃ​ថ្ងៃទី 1 ខែកុម្ភៈ។ សកម្មភាព​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​មានការ​ព្រមាន​កាល​ពីស​ប្ដា​ហ៍​មុន​ថា ពួកគេ​អាច​នឹងធ្វើ​រដ្ឋប្រហារ បន្ទាប់ពី​បាន​ចោទប្រកាន់ថា​មាន​ការលួចបន្លំ​សន្លឹកឆ្នោត។

    គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ (National League ​for ​Democracy​/​NLD)​​ របស់​លោក​​ស្រី​ Suu ​Kyi ​ដែល​ជា​អតីត​អ្នកទោសនយោបាយ និង​ជា​អ្នក​នាំមុខគេ​ក្នុងការ​តស៊ូ​ដ៏​យូរអង្វែង​ប្រឆាំងនឹង​របប​ផ្ដាច់ការ ដណ្ដើមបាន 85% នៃ​កៅអី​សភា នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី 8 វិច្ឆិកា ឆ្នាំ 2020។

    លោកស្រី Suu Kyi អាយុ 75 ឆ្នាំ ដែល​ធ្លាប់​ទទួលបាន​ពានរង្វាន់ Nobel សន្តិភាព​កាលពី​ឆ្នាំ 1991 បាន​ឡើង​កាន់អំណាច​បន្ទាប់ពី​ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​កាលពី​ឆ្នាំ 2015 ក្រោយពី​ត្រូវបាន​ជាប់ឃុំ​ក្នុងផ្ទះ​អស់​ជាច្រើន​ទសវត្សរ៍ ក្នុង​ការតស៊ូ​ដើម្បី​ប្រជាធិបតេយ្យ។

    កងទ័ព​មី​យ៉ាន​ម៉ា ដែល​ត្រូវបាន​គេ​ហៅថា Tatmadaw យល់ថា ខ្លួន​គឺជា​ក្រុម​អ្នកការពារ​ឯកភាព​ជា​តិ និង​រដ្ឋធម្មនុញ្ញ។ ពួកគេ​មាន​តួនាទី​ធំ​ក្នុង​ប្រព័ន្ធ​នយោបាយ។

    កងទ័ព​មី​យ៉ាន​ម៉ា​ទទួលបាន​កៅអី​សភា​ចំនួន 25% ដោយ​មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត និង​គ្រប់គ្រង​ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និង​ព្រំដែន។ ប្រការ​នេះហើយ ធ្វើឱ្យ​ការចែករំលែក​អំណាច​ជាមួយនឹង​បក្ស​របស់​លោកស្រី Suu Kyi មានការ​លំបាក ដោយសារតែ​សមាជិក​ជាច្រើនរូប​របស់​បក្ស​ប្រជាធិបតេយ្យ​មួយ​នេះ​ធ្លាប់​ជាប់ពន្ធនាគារ​ក្រោម​របប​របស់​រដ្ឋាភិបាល​យោធា​ចាស់។

    ក្រោយ​ការបោះឆ្នោត កងទ័ព​មី​យ៉ាន​ម៉ា​បាន​ចោទប្រកាន់ថា ការបោះឆ្នោត​ឆ្នាំ 2020 មាន​អំពើ​លួច​បន្លំ​សន្លឹកឆ្នោត ដោយ​លើកឡើង​អំពី​ភាពមិនប្រក្រតី​មួយចំនួន ដូចជា មានឈ្មោះ​ស្ទួន និង​មិន​ពេញចិត្ត​នឹង​ការ​ប្រតិកម្ម​របស់​គជប​នៃ​ប្រទេស​នេះ ចំពោះ​ការតវ៉ា​របស់​ពួកគេ។ ភាគី​កងទ័ព​មិនបាន​បង្ហាញ​ឱ្យដឹងថា ការលួចបន្លំ​សន្លឹក​នោះ​មាន​ទំហំ​កម្រិតណា​នោះទេ។

    គណបក្ស​សាមគ្គីភាព​និង​អភិវឌ្ឍន៍​សហភាព​មី​យ៉ាន់​ម៉ា (USDP) ជា​បក្ស​កាន់អំណាច​មុននេះ និង​ជា​បក្ស​ដែល​ត្រូវបាន​កងទ័ព​បង្កើតឡើង​មុនពេល​ផ្ទេរអំណាច​កាលពី​ឆ្នាំ 2011 ក៏បាន​តវ៉ា​អំពី​បញ្ហា​ស្រដៀង​គ្នា​នេះដែរ​អំពី​ការបោះឆ្នោត។ បក្ស USDP ត្រូវបាន​គេ​ចាត់ទុកថា ជា​បក្ស​តំណាងឱ្យ​កងទ័ព ទទួលបាន​ត្រឹមតែ 33 កៅអី​ប៉ុណ្ណោះ ក្នុងចំណោម 476 កៅអី​នៅ​សភា។

    Suu Kyi មិនទាន់មាន​ការអធិប្បាយ​អ្វី​អំពី​ជ័យជំនះ​របស់ NLD ក៏ដូចជា​ការតវ៉ា​រប​ស់​កងទ័ព ប៉ុន្តែ NLD យល់​ថា ការចោទប្រកាន់​របស់​កងទ័ព​គឺជា​រឿង​ដែល​គ្មាន​មូលដ្ឋាន។

    ក្រុម​អ្នកសង្កេតការ​បោះឆ្នោត​បា​ន​ឱ្យដឹងថា ពុំមាន​បញ្ហា​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នោះទេ។ គជប​ប្រទេស​មី​យ៉ាន​ម៉ា កាល​ពី​ថ្ងៃទី 28 មករា ក៏បាន​និយាយថា មិនមាន​កំហុសឆ្គង​ណាមួយ​ដែល​អាច​ត្រូវបាន​ចាត់ទុកថា​ជា​ការលួចបន្លំ​សន្លឹកឆ្នោត ឬ​បណ្ដាលឱ្យ​ការបោះឆ្នោត​ត្រូវ​បាត់បង់​ទំនុកចិត្ត​នោះដែរ។

    ជា​សរុប ការធ្វើ​រដ្ឋប្រហារ​រប​ស់​កងទ័ព​មី​យ៉ាន​ម៉ា គឺមាន​មូលហេតុ​មិន​សមរម្យ នោះ​គឺ ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោតជាតិ កាលពី​ខែវិច្ឆិកា ឆ្នាំ 2020៕

    ប្រភព៖ Reuters

  • ពលរដ្ឋ​មី​យ៉ាន​ម៉ា នាំគ្នា​សម្រុក​ទៅ​ដក​ប្រាក់​ពី ATM ក្រោយ «រដ្ឋប្រហារ» របស់​កង​ទ័ព​

    ពលរដ្ឋ​មី​យ៉ាន​ម៉ា នាំគ្នា​សម្រុក​ទៅ​ដក​ប្រាក់​ពី ATM ក្រោយ «រដ្ឋប្រហារ» របស់​កង​ទ័ព​

    ផ្លូវ​នានា​ក្នុង​ទីក្រុង Yangon មាន​សភាព​ស្ងប់ស្ងាត់ ក្រោយពី​កងទ័ព​បាន​ចាប់ខ្លួន​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល​រប​ស់លោក​ស្រី Aung San Suu Kyi ខណៈដែល​ប្រជាជន​ជាច្រើន​នាំគ្នា​សម្រុក​ទៅ​ដក​ប្រាក់​ពី​ទូ ATM មុនពេល​ធនាគារ​ផ្អាក​ដំណើរការ។

    «ផ្លូវ​ក្នុង​រដ្ឋធានី Yangon នៅ​រៀងរាល់​ព្រឹក​ដើម​សប្ដាហ៍ តែងតែមាន​មនុស្ស​អ៊ូអរ ប៉ុន្តែ​ពេលនេះ​មាន​សភាព​ស្ងាត់ជ្រងំ ដោយ​សារ​​មនុស្សម្នា​ខ្លាច មិន​ហ៊ាន​ចេញពីផ្ទះ ក៏ប៉ុន្តែ នៅតែមាន​ពលរដ្ឋ​ជាច្រើន​នាំគ្នា​ចេញទៅ​កាន់​ទូ ATM ដើម្បី​ដក​ប្រាក់»​ ​អ្នក​យក​ព័ត៌មាន​ May Wong របស់​ទីភ្នាក់ងារសារព័ត៌មាន CNA បានឱ្យដឹង​ដូច្នេះ​នា​ព្រឹក​ថ្ងៃទី 1 ខែកុម្ភៈ​នេះ។

    សកម្មភាព​ខាងលើនេះ​បាន​កើតឡើង​បន្ទាប់ពី​កងទ័ព​មី​យ៉ាន​ម៉ា ប្រកាសថា បាន​ចាប់ខ្លួន​ទីប្រឹក្សា​ជាតិ លោកស្រី Aung San Suu Kyi និង​ប្រធានាធិបតី Win Myint រួម​នឹង​មេដឹកនាំ​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​របស់​បក្ស​កាន់អំណាច។ កងទ័ព​ក៏បាន​ប្រកាស​ដាក់​ប្រទេស​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​អាសន្ន ដើម្បី​ដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​មួយឆ្នាំ។

    ពលរដ្ឋមីយ៉ានម៉ា នាំគ្នាសម្រុកទៅដកប្រាក់ពី ATM ក្រោយ «រដ្ឋប្រហារ»

    ក្រោយពី​ការចាប់ខ្លួន​ខាងលើ សហគមន៍​អន្តរជាតិ ពិសេស​គឺ​ក្រុម​ប្រទេស​លោកខាងលិច បាន​ហៅ​ទង្វើ​នេះ​ថា​ជាការ​ខិតខំ​ដើម្បី​ធ្វើ​រដ្ឋប្រហារ​របស់​កង​ទ័ព ហើយ​បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​យោធា​ប្រទេស​នេះ ត្រលប់​មករក​ស្ថានភាព​ដើម។

    បន្ទាប់មក សមាគម​ធនាគារ​មី​យ៉ាន​ម៉ា បានចេញ​សេចក្ដីប្រកាស​មួយ​បញ្ជាក់ថា ធនាគារ​ទាំងអស់​នឹង​ផ្អាក​ដំណើរ​ការ​​បណ្ដោះ​អាសន្ន​ ដោយ​មិនបាន​លើកឡើង​អំពី​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការ​ដំណើរការ​ឡើងវិញ​នោះទេ៕

    ប្រភព៖ CNA

  • ក្រោយ​​ចាប់ខ្លួន​មេដឹកនាំ​រដ្ឋាភិបាល កងទ័ព​មី​យ៉ាន​ម៉ា​ប្រកាស​ដាក់​ប្រទេស​ស្ថិតក្នុង​ភាពអាសន្ន​រយៈពេល​មួយឆ្នាំ ខណៈ​សហគមន៍​អន្តរជាតិ​កំពុង​ថ្កោលទោស

    ក្រោយ​​ចាប់ខ្លួន​មេដឹកនាំ​រដ្ឋាភិបាល កងទ័ព​មី​យ៉ាន​ម៉ា​ប្រកាស​ដាក់​ប្រទេស​ស្ថិតក្នុង​ភាពអាសន្ន​រយៈពេល​មួយឆ្នាំ ខណៈ​សហគមន៍​អន្តរជាតិ​កំពុង​ថ្កោលទោស

    ក្នុង​ថ្ងៃទី 1 ខែកុម្ភៈ​នេះ ស្ថានីយទូរទស្សន៍​រប​ស់​កងទ័ព​មី​យ៉ាន​ម៉ា​បានចេញ​ផ្សាយ​ថា កងទ័ព​ប្រទេស​នេះ​បាន «ប្រកាស​ដាក់​ប្រទេស​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​អាសន្ន​រយៈពេល​មួយឆ្នាំ» ក្រោយពី​បាន​ចាប់​ឃាត់ខ្លួន​ក្រុម​មេដឹកនាំ​ក្នុង​រដ្ឋាភិបាល​របស់លោក​ស្រី Aung San Suu Kyi។

    Xinhua ដកស្រង់​ប្រភពព័ត៌មាន​ខាងលើ ឱ្យដឹងថា កងទ័ព​មី​យ៉ាន​ម៉ា​ប្រកាសថា បច្ចុប្បន្ន​អំណាច​​ទាំង​ស្រុង​​ត្រូវ​បាន​​ប្រគល់​ជូន​​អគ្គ​មេបញ្ជាការ​កងទ័ព​មី​យ៉ាន​ម៉ា ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing។

    Myo Nyunt អ្នកនាំពាក្យ​របស់​បក្ស NLD ដែលជា​បក្ស​កាន់អំណាច​នៃ​ប្រទេស​ភូមា ថ្ងៃនេះ​បានឱ្យដឹងថា មេដឹកនាំ Aung San Suu Kyi និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​របស់​ប​ក្ស​កាន់អំណាច ក្នុងនោះ​ក៏មាន​ប្រធានាធិបតី Win Myint ផងដែរ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការ​ឆ្មក់​ចូល​ពី​សំណាក់​កងទ័ព​កាលពី​វេលា​ទៀបភ្លឺ​នៃ​ថ្ងៃទី 1 កុម្ភៈ​នេះ។

    ប្រភពព័ត៌មាន​មួយចំនួន​បានចេញ​ផ្សាយ​ថា គិត​មកដល់​បច្ចុប្បន្ន អ្នកនាំពាក្យ Myo Nyunt ក៏​ទំនងជា​ត្រូវបាន​ចាប់ខ្លួន​រួចទៅហើយ ដោយសារតែ​មិនអាច​ទាក់ទង​បាន។

    ព្រឹក​នេះដែរ ស្ថានីយទូរទស្សន៍​ជាតិ​មី​យ៉ាន​ម៉ា MRTV ក៏បាន​ប្រកាសថា មិនអាច​ផ្សាយបាន​ដូច​សព្វមួយដង ដោយសារ​បញ្ហា​បច្ចេកទេស។

    ទាក់ទិន​នឹង​បញ្ហា​នៅ​មី​យ៉ាន​ម៉ា ជប៉ុន នាព្រឹក​នេះ​ក៏​បាន​ប្រកាស​ស្នើ​ឱ្យ​ប្រទេស​នេះ​ងាក​មក​រក​ស្ថាន​ភាព​ដើម​ និង​អំពាវ​នាវ​ឱ្យ​មាន​ការ​ចរចា​តាម​សន្តិ​វិធី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​។

    សហ​រដ្ឋ​អាមេរិក អូស្ត្រាលី និង​អង្គការសហប្រជាជាតិ ក៏បាន​ធ្វើការ​ប្រតិកម្ម​ខ្លាំងក្លា​ចំពោះ​ទង្វើ​របស់​កងទ័ព​មី​យ៉ាន​ម៉ា។ យ៉ាងនេះ​ក្ដី​ភាគី​កងទ័ព​មី​យ៉ាន​ម៉ា​បាន​រិះគន់​ចំពោះ​ការ​ប្រតិកម្ម​ខាងលើ​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។

    នៅក្នុង​សេចក្ដីប្រកាស​មួយ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ Facebook កងទ័ព​មី​យ៉ាន​ម៉ា​បាន «ប្ដេជ្ញា​ទាត់ចោល» រាល់​ការចោទប្រកាន់​ដែលថា កងទ័ព​ប្រទេស​នេះ​រារាំង​ដំណើរការ​ទៅរក​ប្រជាធិបតេយ្យ ទន្ទឹមនឹងនេះ​ក៏បាន​ព្រមាន​ដល់​សហគមន៍​ការបរទេស​ថា «មិនត្រូវ​លើកឡើង​នូវ​ការសន្និដ្ឋាន​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​អំពី​ស្ថានការណ៍» នៅ​ប្រទេស​នេះឡើយ៕

    ប្រភព៖ Xinhua

  • ​វ៉ាក់សាំង​ Covid-19 ​នាំចូល​​វៀត​ណាម​​ក្នុង​​ខែកុម្ភៈ​នេះ មានតម្លៃ​ប៉ុន្មាន និង​ក្រុមមនុស្ស​ណាខ្លះ​នឹង​ទទួលបាន​អាទិភាព?

    ​វ៉ាក់សាំង​ Covid-19 ​នាំចូល​​វៀត​ណាម​​ក្នុង​​ខែកុម្ភៈ​នេះ មានតម្លៃ​ប៉ុន្មាន និង​ក្រុមមនុស្ស​ណាខ្លះ​នឹង​ទទួលបាន​អាទិភាព?

    មន្ត្រី​រដ្ឋាភិបាល​ល​វៀតណាម​បានឱ្យដឹងថា​ ក្រុម​គោលដៅ​ដែលមាន​ហានិភ័យ​ខ្ពស់ មាន​ក្រុម ក្រុម​នៅក្បែរ​ប្រ​ក្រុម​អ្នកទន់ខ្សោយ​ក្នុងសង្គម​ជាង​សង្គម​ជា​​ដើម នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង Covid-19 មុនគេ ហើយ​​ថ្ងៃនេះ (1កុម្ភៈ) បែបបទ​នាំចូល​វ៉ាក់សាំង​នឹងត្រូវ​បានធ្វើ​ឡើង​រួចរាល់​ជា​ស្ថាពរ។

    សារព័ត៌មាន​វៀតណាម ថ្ងៃទី 30 មករា បាន​បញ្ជាក់ថា បានធ្វើការ​អនុម័ត​លើ​ការ​នាំចូល​វ៉ាក់សាំង Covid-19 ដែល​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន AstraZeneca និង​សាកលវិទ្យាល័យ Oxford។

    ប្រភពព័ត៌មាន​ឱ្យដឹងថា​ក្នុង​ថ្ងៃទី​ទី 1 ខែកុម្ភៈ​នេះ ឯកសារ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​វ៉ាក់សាំង Covid-19 នឹងត្រូវ​បាន​បំពេញរ​បរិមាណ​នៃ​វ៉ាក់សាំង​នាំចូល​គ្រា​ដំបូង​នេះ​នឹង​ច្រើនជាង​ការគ្រោង​ទុក​កន្លង​​​​មក (មុននេះ វៀតណាម​គ្រោង​នឹង​នាំចូល 50,400 ដូ​ស សម្រាប់​ដំណាក់កាល​ដំបូង)។

    អនុ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម​ លោក Nguyen Truong Son បានឱ្យដឹង​ដែរ​ថា ក្រសួង​បាន​ត្រៀម​គម្រោង​ចាក់​វ៉ាក់សាំង Covid-19 រួចហើយ។ «ក្រុម​គោលដៅ​ដែលមាន​ហានិភ័យ​ខ្ពស់ រួមមាន ក្រុម​ដែល​នៅក្បែរ​ប្រភព​វីរុស និង​ក្រុម​អ្នកទន់ខ្សោយ​ក្នុងសង្គម នឹងត្រូវ​បានផ្ដល់​អាទិភាព​ក្នុង​ការចាក់​វ៉ាក់សាំង»។ ក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់​គឺ​ក្រុម​គ្រូ​ពេ​ទ​និង​ក្រុមមន្ត្រី​យោធា​នៅ​ព្រំដែន​ជួរ​មុ​ខួរ​ ហើយ​ប្រាក់​ចំណាយ​សម្រាប់​ពួកគេ​គឺជា​បន្ទុក​របស់​​​រដ្ឋាភិបាល។

    អនុរដ្ឋមន្ត្រី​ខាងលើ​បញ្ជាក់ថា៖ «អាជ្ញាធរ​នឹង​យោងទៅតាម​តម្រូវការ​របស់​ពលរ​ដ្ឋ ដើម្បី​នាំចូល និង​ផលិត​វ៉ាក់សាំង​សម្រាប់​ផ្គត់ផ្គង់​តាម​តម្រូវការ​ជាក់ស្ដែង​សម្រាប់​តម្លៃ​របស់​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ហ៊ុន AstraZeneca និង​សាកលវិទ្យាល័យ Oxford ដែល​លក់​មកឱ្យ​វៀតណាម​ដំណាក់កាល​ដំបូង​នេះ​គឺមាន​តម្លៃ​ក្រោម 10 ដុល្លារ​អាមេរិក/2 ម្ជុល ដោយ​ធ្វើតាម​គោលការណ៍​មិន​យកចំណេញ។ តាម​ផែនការ វ៉ាក់សាំង​នេះ​នឹង​ត្រូវបាន​នាំចូល​វៀតណាម​នៅក្នុង​ខែកុម្ភៈ ឆ្នាំ 2021។

    អនុ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល វៀតណាម Nguyen Truong Son

    ក្រៅពីនេះ​ វៀត​ណា​​ម​ក៏​បាននិងកំពុង​ចរចា​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ដែលមាន​វ៉ាក់សាំង Covid-19 មួយចំនួន មានដូចជា Pfizer និង Moderna ជ​ដើម្បី​នាំចូល​វ៉ា​​ក់​សាំង​ទាំងនេះ​មកវៀត​ត​ណា​ម​នាពេលខាងមុខ។

    ចំណែក​វ៉ាក់សាំង Covid-19 «made in Vietnam បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំ​នួ​នួន 4 កំពុង​ស្រាវជ្រាវ​ផលិត ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំ​នួ​ស្ថិតក្នុង​ដំណាក់កាល​ពិសោធ​លើ​មនុស្ស។ស្ស។ ក្រោយ​បុណ្យចូលឆ្នាំ​ចិន វ៉ាក់សាំង​Nanocovax របស់​​ក្រុម​ហ៊ុន​ Nano នៅ​វៀត​​ណា​ម នឹង​ចាប់ផ្ដើម​ពិសោធន៍​លើ​មនុស្ស​ចំនួន 560 នាក់ នៅក្នុង​ដំណាក់កាលទី​ 2 ហើយ​​បើសិន​​ដំណើរ​ការ​រលូន​ និង​​​​ត្រូវបាន​អនុម័ត​​បន្ទាន់ វ៉ាក់សាំង​នេះ​អាច​នឹង​បង្ហាញខ្លួន​នៅ​ពាក់កណ្ដាល​ឆ្នាំ 2021។

    វ៉ាក់សាំង​ដែល​ត្រូវបាន​គេ​យកចិត្តទុកដាក់​ជាងគេ នោះ​គឺ​វ៉ាក់សាំង​ដែល​ត្រូវបាន​​អភិវឌ្ឍ​ឡើង​ដោយមាន​កិច្ចសហការ​រវាង​វិទ្យាស្ថាន​ជាតិ​អនាម័យ​និង​រោគរាតត្បាត​ ​និង​វិទ្យាស្ថាន​វ៉ាក់សាំង​ជីវ​វេជ្ជសាស្ត្រ​ (IVAC) រួម​ជាមួយនឹង​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ហាណូយ និង​អង្គការ​អន្តរជាតិ​មួយចំនួនទៀត ដោយយោង​ទៅតាម​វីរុស Covid-19 ក្លាយ​ពូជ​ថ្មី៕

    ប្រភព៖ IN

  • តួលេខ​អ្នក​ឆ្លង Covid-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 1​ ខែ​មករា 2021

    តួលេខ​អ្នក​ឆ្លង Covid-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 1​ ខែ​មករា 2021

    ក្នុងអំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 31 ខែមករា ឆ្នាំ 2021 កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី​ចំនួន 1 ករណី ខណៈ​​ទូទាំង​ពិភពលោក​រកឃើញ​ជិត 4 សែន​ករណី​បន្ថែមទៀត។

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 1 កុម្ភៈ​នេះ បានឱ្យដឹងថា បាន​រកឃើញ​ករណី​ឆ្លង Covid-19 ថ្មី​ចំនួន 1 នាក់​បន្ថែមទៀត ដែលជា​ពល​ការិនី​ខ្មែរ​ធ្វើដំណើរ​ពី​ប្រទេស​ថៃ។ អ្នកជំងឺ​រូបនេះ មាន​អាយុ 20 ឆ្នាំ ជា​ពលរដ្ឋ​របស់​ខេត្តពោធិ៍សាត់។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របាយការណ៍​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 466 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 443 នាក់ និង 23 នាក់​ទៀត​កំពុង​ទទួល​ការព្យាបាល

    នៅ​ទូទាំង​ពិភពលោក អ្នក​ឆ្លង Covid-19 សរុប បាន​កើន​ដល់ 103,507,287 នាក់ និង​អ្នកស្លាប់​កើន​ដល់ 2,236,975 នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន 75,113,139 នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​មាន​ចំនួន 26,157,173 នាក់៕