Author: សឿន សំណាង

  • តួលេខ​អ្នក​ឆ្លង Covid-19 នៅ​កម្ពុជា និង​ពិភពលោក សម្រាប់​​ព្រឹក​​ថ្ងៃ​ទី​17​កុម្ភៈ

    តួលេខ​អ្នក​ឆ្លង Covid-19 នៅ​កម្ពុជា និង​ពិភពលោក សម្រាប់​​ព្រឹក​​ថ្ងៃ​ទី​17​កុម្ភៈ

    កម្ពុជា​មិនមាន​អ្នក​វិជ្ជមាន​ថ្មី​ជាមួយនឹង​វីរុស Covid-19 នោះទេ ប៉ុន្តែ​មាន​អ្នកជា​សះស្បើយ​ចំនួន 1 នាក់ នៅក្នុង​រយៈពេល 24 ម៉ោង​នៃ​ថ្ងៃទី 16 កុម្ភៈ ឆ្នាំ 2021។

    ក្រសួងសុខាភិបាល​បានឱ្យដឹងថា ករណី​ជាសះស្បើយ​នេះ​កើតឡើង​ចំពោះ​ពលករ​ខ្មែរ​ដែល​បានធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របាយការណ៍​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2021 កម្ពុ​ជាមាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 479 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 470 នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​មាន​ចំនួន 9 នាក់។

    នៅ​ទូទាំង​ពិភពលោក Covid-19 បាន​ឆ្លងទៅ​មនុស្ស​សរុប​ចំនួន 110,015,844 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ដល់​ទៅ 2,428,091 នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​ចំនួន 22,753,796 នាក់៕

  • បើសិន​ប្រមូលយក​វីរុស ​Covid-19 ​​ទាំងអស់​នៅលើ​ពិភពលោក មក​ដាក់​មួយកន្លែង តើ​ពួកវា​មាន​ទំហំ​ប៉ុនណា?

    បើសិន​ប្រមូលយក​វីរុស ​Covid-19 ​​ទាំងអស់​នៅលើ​ពិភពលោក មក​ដាក់​មួយកន្លែង តើ​ពួកវា​មាន​ទំហំ​ប៉ុនណា?

    លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​គណិត​វិទូ​ជនជាតិ​អង់គ្លេស បាន​បង្ហាញថា «គេ​អាចយ​កវី​រុស Covid-19 ទាំងអស់​ដែល​កំពុងមាន​វត្តមាន​នៅ​ទូទាំង​ពិភពលោក មក​ដាក់ចូល​គ្នា​បាន​មួយ​កំប៉ុង​ទឹកក្រូច​មាន​ហ្កា​ស ចំណុះ 330 មិ​ល្លី​លីត្រ»។

    យោងតាម​សារព័ត៌មាន Independent បណ្ឌិត Kit Yates សាស្ត្រាចារ្យ​ផ្នែក​គណិតវិទ្យា​ប្រចាំ​សាកលវិទ្យាល័យ Bath (អង់គ្លេស) ត្រូវបាន​ស្នើឱ្យ​គណនា​លើ​ទំហំ​សរុប​នៃ​វីរុស Covid-19 ដែល​កំពុងមាន​វត្តមាន​នៅលើ​ពិភពលោក​ទាំងមូល។ សាស្ត្រាចារ្យ​រូបនេះ ឱ្យដឹងថា វីរុស Covid-19 ចំនួន​ប្រហែល ពីរលាន​លាន​លាន/ពីរ​រយ​កោដិ​កោដិ (2,000,000,000,000,000,000) កូន កំពុង «រស់» នៅលើ​ភពផែនដី។

    ដើម្បី​ជា​ឧទាហរណ៍ លោក​បណ្ឌិត Yates បាន​បកស្រាយ​ថា លោក​បាន​រកឃើញ​ប្រវែង​អង្កត់ផ្ចិត​មធ្យម​របស់​វីរុស Covid-19 មួយ​គ្រាប់ ដោយមាន​ប្រវែង​ប្រហែល 100 nanomet ពោលគឺ​ស្មើនឹង 1/100 ពាន់​លាន​ម៉ែត្រ។ ក្រោយមក លោក​បន្ត​គណនា​លើ​ទំហំ​របស់​គ្រាប់​វីរុស​ក្នុង​ទម្រង់​ជា​រាង​មូល។

    លោក​សាស្ត្រាចារ្យ​បន្ថែមថា សូម្បីតែ​គណនា​ទាំង​ប្រូតេអ៊ីន​ដែល​ស្ថិតនៅ​ចន្លោះ​នៃ​បណ្ដា​គ្រាប់​វីរុស Covid-19 (ជាក់ស្ដែង​គឺថា បណ្ដា​គ្រាប់​វីរុស​រាង​មូល​នឹង​បន្សល់ទុក​ចន្លោះប្រហោង​ពេល​ត្រូវ​បានដាក់​លើ​គ្នា) ក៏​ទំហំ​សរុប​របស់​វីរុស​ទាំងអស់នោះ នៅតែ​តូច ឬ​តិចជាង​ភេសជ្ជ​មាន​ហ្គាស​មួយ​កំប៉ុង​ដែលមាន​ចំណុះ 330 មិ​ល្លី​លីត្រ។

    ទំហំ​របស់​វីរុស​ Covid-19 ធៀប​នឹង​សរសៃ​សក់​របស់​មនុស្ស​

    លោក​បណ្ឌិត​ថ្លែងថា៖ «ពិតជា​គួរឱ្យភ្ញាក់ផ្អើល នៅពេល​គេ​គិតថា រាល់​ការខូចខាត និង​ការបាត់​បង់ជីវិត​មនុស្ស ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ​កន្លងទៅ​ដោយសារតែ Covid-19 គឺអាច​ដាក់​បានតែ​មួយ​កំប៉ុង​យ៉ាង​ដូច្នេះ​សោះ។ ប្រាកដ​ណាស់ វា​នឹង​ក្លាយជា​ភេសជ្ជ​ដ៏​មហា​សែន​អាក្រក់​ជាទីបំផុត​ក្នុង​ប្រវត្តិសាស្ត្រ»។

    លទ្ធផល​នៃ​ការ​គណនា​របស់លោក Yates បាន​បញ្ជាក់ថា បើទោះជា​វីរុស Covid-19 មាន​ទំហំ​មហា​សែន​តូច​ក៏ពិតមែន ប៉ុន្តែ ពួកវា​មានអំណាច​យ៉ាងខ្លាំង​ក្លា អាច​បង្ក​វិនាសកម្ម​មហា​ធំធេង​នៅ​ទូទាំង​ពិភពលោក។

    គិត​មកដល់​រសៀល​ថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2021 វីរុស Covid-19 បានសម្លាប់​មនុស្ស​ជាង 2,420,000 នាក់ និង​កំពុង​បង្ក​ជំងឺ​ដល់​មនុស្ស​ចំនួន​ជាង 22,866,000 នាក់​ផ្សេងទៀត នៅក្នុង​ចំណោម​មនុស្ស​ជាង 109,715,000 ​នាក់ ដែល​បាន​ឆ្លង​វីរុស​នេះ៕

    ប្រភព៖ Independent

  • ហ្វីលីពីន​រិះគន់ថា «ជំនួយ​ផ្នែក​យោធា​របស់​អាមេរិក ប្រៀប​បាន​ទៅ​នឹង​​​ខ្ទង់​ប្រា​ក់រាយ»

    ហ្វីលីពីន​រិះគន់ថា «ជំនួយ​ផ្នែក​យោធា​របស់​អាមេរិក ប្រៀប​បាន​ទៅ​នឹង​​​ខ្ទង់​ប្រា​ក់រាយ»

    រដ្ឋាភិបាល​ហ្វីលីពីន យល់ថា ជំនួយ​ផ្នែក​យោធា​ដែល​ប្រទេស​នេះ​ទទួលបាន​ពី​សហរដ្ឋអាមេរិក ប្រៀប​ស្មើនឹង «ខ្ទង់​ប្រា​ក់រាយ» និង​បាន​អំពាវនាវ​ឱ្យ​ទីក្រុង​វ៉ា​ស៊ី​ង​តោន បង្កើន​ទំហំ​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​មកឱ្យ​ទីក្រុង​ម៉ានីល។

    «បើសិនជា​យើង​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយនឹង​សម្ព័ន្ធមិត្ត​ដែលមាន​អំណាច​ខ្លាំង ខ្ញុំ​គិតថា វា​គួរតែ​អម​ជាមួយនឹង​ជំនួយ​ហិរញ្ញវត្ថុ​ខ្នាត​ធំ។ យើង​ទទួលបាន 3.9 ពាន់​លាន​ដុល្លារ តើ​នេះ​គឺជា​ខ្ទង់​ប្រាក់​ដ៏​ធំ ឬ​យ៉ាងណា? វា​គ្រាន់តែ​ជា​ខ្ទង់​ប្រាក់​រាយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ជំនួយ (របស់​អាមេរិក) សម្រាប់​ប្រទេសផ្សេង» លោក Harry Roque អ្នកនាំពាក្យ​របស់​លោក​​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ថ្លែង​កាលពី​ថ្ងៃទី 15 កុម្ភៈ។

    អ្នកនាំពាក្យ​ខាងលើ បាន​ដកស្រង់​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល Stimson ដែលមាន​មូលដ្ឋាន​នៅ​​សហរដ្ឋ​អាមេរិក​ បាន​បង្ហាញថា ប្រទេស​ហ្វីលីពីន ទទួលបាន​ប្រាក់​ជំនួយ 3.9 ពាន់​លាន​ដុល្លារ​ពី​សហរដ្ឋអាមេរិក សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវកម្ម ដំណាក់កាល​ឆ្នាំ 2000-2017 ដែល​វា​តិចជាង​ឆ្ងាយ​បើ​ធៀប​នឹង 16.4 ពាន់​លាន​ដុល្លារ​ដែល​​សហរដ្ឋ​អាមេរិក​បាន​ជួយ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន នៅក្នុង​ដំណាក់កាល​ដូចគ្នា។

    ស្ថានទូត​អាមេរិក​ប្រចាំ​រដ្ឋធានី​ម៉ានីល មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ទៅនឹង​ការលើកឡើង​នេះ​នៅឡើយ។ កាលពី​ខែធ្នូ 2020 ស្ថានទូត​អាមេរិក​បានឱ្យដឹងថា ហ្វីលីពីន កំពុង​ទទួលបាន​ជំនួយ​ច្រើនជាងគេបង្អស់​ពី​សហរដ្ឋអាមេរិក នៅក្នុង​តំបន់​ឥណ្ឌា-ប៉ាស៊ីហ្វិក ជាមួយនឹង​សព្វាវុធ​ដែលមាន​តម្លៃ​ឡើងដល់ 689 លាន​ដុល្លារ។

    លោក Harry Roque អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte

    ប្រធានាធិបតី​ហ្វីលីពីន ធ្លាប់បាន​រអ៊ូរទាំ​ថា រដ្ឋាភិបាល​អាមេរិក មិនបាន​អនុវត្ត​ទៅតាម​កិច្ចសន្យា​ដែល​បានធ្វើ​ជាមួយ​កងទ័ព​ប្រទេស​នេះ ដូចជា​ករណី​ដែល​ទីក្រុង​ម៉ានីល​យល់ព្រម​ចំណាយ​ប្រាក់​ដើម្បី​ទិញ​កាំជ្រួច​នាំ​ផ្លូវ ពី​រដ្ឋាភិបាល​របស់​អតីត​ប្រធានាធិបតី Donald Trump ប៉ុន្តែ មិន​ទទួលបាន​ចម្លើយ។ លោក Duterte កាលពី​សប្ដាហ៍​មុន ក៏បាន​ស្នើឱ្យ​អាមេរិក​សង​ប្រាក់​មកវិញ បើសិនជា​ចង់​រក្សា «កិច្ចព្រមព្រៀង​ទស្សនកិច្ច​ប្រដាប់អាវុធ VFA» (Philippines–United States Visiting Forces Agreement) ដែល​អនុញ្ញាតឱ្យ​ទីក្រុង​វ៉ា​ស៊ី​ង​តោន ដាក់ពង្រាយ​កងកម្លាំង​ប្រដាប់អាវុធ​នៅ​ប្រទេស​នេះ។

    VFA គឺជា​កិច្ចព្រមព្រៀង​មួយ​ដែល​ត្រូវបាន​ហ្វីលីពីន និង​សហរដ្ឋអាមេរិក​បង្កើត​ឡើង​កាលពី​ឆ្នាំ 1998 ដើម្បី​ជា​មូលដ្ឋាន​ច្បាប់ អនុញ្ញាត​ឱ្យមាន​វត្តមាន​កងទ័ព​អាមេរិក​នៅលើ​ទឹកដី​ហ្វីលីពីន និង​គាំទ្រ​ដល់​កិច្ចព្រមព្រៀង​ការពារ​រួម ដែល​ធានាថា ប្រទេស​ទាំងពីរ​នឹង​ជួយ​គាំទ្រ​ផ្នែក​យោធា​ដល់​គ្នា នៅក្នុង​ករណី​ដែល​ទឹកដី​របស់​ពួកគេ​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ត្រូវ​រង​ការវាយប្រហារ។

    ប្រធានាធិបតី Duterte កាលពី​ឆ្នាំទៅ ក៏​ធ្លាប់​បានប្រកាស​រំលាយ​កិច្ចព្រមព្រៀង VFA ផងដែរ ក្រោយពី​សមាជិក​​ព្រឹទ្ធសភា​ហ្វីលីពីន Ronald “Bato” dela Rosa ត្រូវ​សហរដ្ឋអាមេរិក​បដិសេធ​ការផ្ដល់​ទិដ្ឋាការ ព្រោះតែ​រង​ការចោទប្រកាន់ថា បានសម្លាប់​មនុស្ស​ដោយ​គ្មាន​ការកាត់ទោស ក្នុង​គ្រា​កំពុងកាន់​កាប់​តំណែង​ជា​មេបញ្ជាការ​ប៉ូលិស​ជាតិ​ហ្វីលីពីន ទាក់ទង​នឹង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជួញដូរ​គ្រឿងញៀន។

    លោក Duterte បាន​ផ្អាក​បណ្ដោះអាសន្ន​នូវ​ការរំលាយ​កិច្ចព្រមព្រៀង VFA នៅក្នុង​ស្ថានការណ៍ Covid-19 កំពុង​​ឆ្លង​រាលដាល។ ប៉ុន្តែ កាលពី​ខែធ្នូ ឆ្នាំ 2020 លោក​បាន​បន្ត​គំរាមថា នឹង​បញ្ចប់​កិច្ចព្រមព្រៀង​នេះ បើសិន​អាមេរិក​មិន​ផ្ដល់​វ៉ាក់សាំង Covid-19 យ៉ាងតិច 20 លាន​ដូ​ស មកឱ្យ​ហ្វីលីពីន៕

    ប្រភព៖ Reuters

  • ការងារ​បូម​ប្រេង​ឆៅ​នៅ​តំបន់​អប្សរា ប្លុក A ក្នុង​ខេត្ត​ព្រះសីហនុ កំពុង​តែ​ដំណើរការ​យ៉ាង​ល្អ

    ការងារ​បូម​ប្រេង​ឆៅ​នៅ​តំបន់​អប្សរា ប្លុក A ក្នុង​ខេត្ត​ព្រះសីហនុ កំពុង​តែ​ដំណើរការ​យ៉ាង​ល្អ

    បច្ចុប្បន្ននេះ ការងារ​បូម​ប្រេង​ឆៅ របស់​ក្រុមហ៊ុន Kris Energy នៅ​តំបន់​អប្សរា ប្លុក A ក្នុង​ដែនសមុទ្រ​កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ កំពុងដំណើរការ​យ៉ាង​ល្អ ដែល​នេះ​គឺជា​ប្រសាសន៍​របស់​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ។

    កាលពី​ថ្ងៃ​ចន្ទ ទី 15 ខែកុម្ភៈ ឆ្នាំ 2021 ប្រតិភូ​គណៈកម្មការ​ទី 9 នៃ​រដ្ឋសភា​កម្ពុជា បាន​ចុះ​ពិនិត្យ និង​ស្វែងយល់​ពី​ដំណើរការ​នៃ​ការងារ​បូម​ប្រេង​ឆៅ​របស់​ក្រុមហ៊ុន Kris Energy នៅ​តំបន់​អប្សរា ប្លុក A ក្នុង​ដែនសមុទ្រ​របស់​ខេត្ត​ព្រះសីហនុ។

    ប្រតិភូ​ខាងលើ​ដែល​រួមមាន លោក កែប ជុតិមា អនុប្រធាន​គណៈកម្មកា​រ , លោក តាក វណ្ណ​ថា និង​លោក នង វាសនា សមាជិក​គណៈកម្មការ​ទី 9 នៃ​រដ្ឋសភាជាតិ រួមជាមួយ​តំណាង​ក្រសួង​រ៉ែ​និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​តំណាង​ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត​ព្រះសីហនុ​ផងដែរ។

    ក្នុងនាម​ជា​ប្រតិភូ​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ និង​ជា​សមាជិក​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ឯកឧត្តម តាក វណ្ណ​ថា បាន​ទូរទស្សន៍ និង​សារ​ព័ត៌មាន​​ក្នុងស្រុក​ថា៖ «អ្នកធ្វើការងារ​នៅក្នុង​កន្លែង​បូម​ប្រេង​នេះ ក្រៅពី​ជនបរទេស ក៍មាន​ជនជាតិខ្មែរ​យើង​ដែរ»។

    តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ​រូបនេះ​បញ្ជាក់ថា៖ «បច្ចុប្បន្ននេះ ការងារ​បូម​ប្រេង​ឆៅ របស់​ក្រុមហ៊ុន Kris Energy នៅ​តំបន់​អប្សរា ប្លុក A ក្នុង​ដែនសមុទ្រ កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ កំពុងដំណើរការ​យ៉ាង​ល្អ ដែលជា​លទ្ធផល​ល្អ​សម្រាប់​ព្រះរាជា ណា​ចក្រ​កម្ពុជា​យើង ក្រោម​គោលនយោបាយ ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បន្ទាប់ពី​វឌ្ឍនភាព​ការងារ​បូម​ប្រេង​នៅ​កម្ពុជា​សម្រេច​លទ្ធផល ទទួលយកបាន​ដំណក់​ប្រេង​ជា​លើកដំបូង កាលពី​ថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2020»៕

  • Elon Musk អញ្ជើញ​ប្រធានាធិបតី Putin ជជែក​គ្នា​នៅលើ​កម្មវិធី​ថ្មី​មួយ​ដែល​សំឡេង​មិនអាច​ត្រូវបាន​រក្សាទុក ឬ​ថតចម្លង

    Elon Musk អញ្ជើញ​ប្រធានាធិបតី Putin ជជែក​គ្នា​នៅលើ​កម្មវិធី​ថ្មី​មួយ​ដែល​សំឡេង​មិនអាច​ត្រូវបាន​រក្សាទុក ឬ​ថតចម្លង

    ការជជែក​គ្នា​រវាង​មហាសេដ្ឋី​អាមេរិក Elon Musk និង​កំពូល​មេដឹកនាំ​រុស្ស៊ី លោក Vladimir Putin នឹង​កើតឡើង​ដែរ ឬទេ?

    សារព័ត៌មាន CNN បាន​រាយការណ៍​ថា លោក Elon Musk បានបង្ហាញ​ពី​បំណង​អញ្ជើញ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ដើម្បី​និយាយ​គ្នា​លេង​នៅលើ​កម្មវិធី​មួយ​របស់​បណ្ដាញ​សង្គម​ថ្មី​ដែល​លោក Musk ចូលចិត្ត នោះ​គឺ Clubhouse។

    កាលពី​ថ្ងៃទី 7 កុម្ភៈ CEO របស់​ក្រុមហ៊ុន Tesla បាន​រំលឹក​ដល់​គណនី​ផ្លូវការ​របស់​វិមាន​ក្រិ​ម​ឡាំង (Kremlin) ដើម្បី​សាកសួរ​ថា តើ​ប្រធានាធិបតី​រុស្ស៊ី លោក Putin ចង់​ចូលរួម​ក្នុងការ​ជជែក​គ្នា​ជាមួយ​លោក នៅលើ​កម្មវិធី Clubhouse ដែរ ឬទេ។

    «តើ​លោក​មានបំណង​ចូលរួម​ក្នុង​ការជជែក​គ្នា​ជាមួយ​ខ្ញុំ នៅលើ Clubhouse ដែរ ឬ​យ៉ាងណា?» លោក Musk សរសេរ​ដូច្នេះ និង​បាន​បង្ហោះ​សារ​មួយ​ឃ្លា​ដែល​ត្រូវបាន​សរសេរ​ជា​ភាសា​រុស្ស៊ី ដែលមាន​ខ្លឹមសារ​ថា៖ «ពិត​ជាមាន​កិត្តិយស​ខ្លាំងណាស់ បើសិនជា​បាន​ជជែក​ជាមួយ​លោក»។

    ឆ្លើយតប​នឹង​ការអញ្ជើញ​របស់​មហាសេដ្ឋី​អាមេរិក​ដើមកំណើត​អាហ្វ្រិក​នេះ តំណាង​របស់​វិមាន​ក្រិ​ម​ឡាំង និយាយថា៖ «ការអញ្ជើញ» របស់លោក Elon Musk ពិតជា​គួរឱ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​ពួកគេ​ត្រូវការ​ស្វែងយល់​លម្អិត​ជាង​នេះ។ «យើង​នឹង​ពិនិត្យមើល មុននឹង​មានការ​ឆ្លើយ​តប​នាពេល​ក្រោយ» Dmitry Peskov តំណាង​របស់លោក Putin បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅក្នុង​ថ្ងៃនេះ។

    ជាក់ស្ដែង ប្រធានាធិបតី Putin មិនមែនជា​បុគ្គល​ល្បីឈ្មោះ​តែ​ម្នាក់​គត់​ដែល​លោក Musk បាន​អញ្ជើញ​ឱ្យ​ចូលរួម​ពិភាក្សាគ្នា​នោះទេ ថ្មីៗនេះ CEO របស់ Tesla និង SpaceX រូបនេះ ក៏បាន​បង្ហើប​ឱ្យដឹងថា លោក និង​អ្នកចម្រៀង​រ៉ែ​ប Kanye West អតីត​បេក្ខភាព​ប្រធានាធិបតី​អាមេរិក ក៏​ធ្លាប់បាន​និយាយ​គ្នា​លេង​នៅលើ​កម្មវិធី Clubhouse នេះ​ផងដែរ។

    លោក Musk ក៏​ធ្លាប់បាន​បង្ហោះ​សារ​មួយ​ឃ្លា​នៅលើ Twitter ប្រាប់ថា៖ «ផ្អាក​ការប្រើប្រាស់ Twitter មួយរយៈ» ប្រការនេះ​ធ្វើឱ្យ​អ្នកវិភាគ​យល់ថា លោក​ចង់​ប្រាប់ថា នឹង​ប្ដូរ​ទៅប្រើ​ប្រាស់ Clubhouse ជំនួស​ឱ្យ Twitter វិញ​ម្ដង។

    លោក Kanye West (មហា​សេដ្ឋី និង​ជា​អ្នក​ចម្រៀង​រ៉ែបអាមេរិក​) និង​ភរិយា នាង​ Kim Kardashian

    Clubhouse គឺជា​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​យោងទៅលើ​សំឡេង។ ក្រុមហ៊ុន​គ្រប់គ្រង Clubhouse បាន​និយាយថា Clubhouse គឺជា «ប្រភេទ​បណ្ដាញ​សង្គម​ថ្មី​ដែល​ប្រើប្រាស់​សំឡេង អនុញ្ញាតឱ្យ​គ្រប់គ្នា​នៅលើ​ពិភពលោក ជជែក​គ្នា​លេង អភិវឌ្ឍ​គំនិត ធ្វើឱ្យ​មិត្តភាព​កាន់តែ​ប្រសើរឡើង ហើយ​អ្នកលេង​នឹង​អាច​ជួប​មនុស្ស​ថ្មី​គួរឱ្យ​ចាប់អារម្មណ៍​នៅ​ជុំវិញ​ពិភពលោក»។

    ជា​មូលដ្ឋាន អ្នក​អាច​ចូលរួម និង​ចាក​ចេញពី «បន្ទប់» ជជែក​គ្នា​នានា ដែលមាន​ប្រធានបទខុសៗគ្នា ពោលគឺ​វា​ស្រដៀង​នឹង podcast ផ្សាយ​ផ្ទាល់ និង​ដោយ​សេរី។ អ្នក​អាច​គ្រាន់តែ​ចាំ​ស្ដាប់ ឬ​ជ្រើសរើស​ចូលរួម​បញ្ចេញមតិ​ទៅក្នុង​បន្ទប់​ជជែក​គ្នា​ណាមួយ​នោះ​ក៏បាន។

    ចំណុច​ពិសេស​របស់ Clubhouse នោះ​គឺ សំឡេង​នៃ​ការជជែក​គ្នា​នឹងមិន​អាច​យក​ចេញពី​កម្មវិធី​នេះឡើយ។ នេះ​គឺជា​គោលការណ៍​ចម្បង៖ មិនអាច​ថត​សំឡេង​នៃ​ការជជែក​គ្នា ហើយ​វា​នឹង​មិនអាច​ត្រូវបាន​រក្សាទុក៕

    ប្រភព៖ CNN

  • ពលរដ្ឋ​អូទ្រីស ទទួលបាន​ឧបករណ៍​ធ្វើតេស្ត​វីរុស ដោយ​មិន​គិតថ្លៃ ទុក​សម្រាប់​ស្វែងរក Covid-19 នៅឯ​ផ្ទះ

    ពលរដ្ឋ​អូទ្រីស ទទួលបាន​ឧបករណ៍​ធ្វើតេស្ត​វីរុស ដោយ​មិន​គិតថ្លៃ ទុក​សម្រាប់​ស្វែងរក Covid-19 នៅឯ​ផ្ទះ

    ការផ្ដល់ជូន​ដោយ​មិន​គិតថ្លៃ​នូវ​ឧបករណ៍​ធ្វើតេស្តរ​កវី​រុស Covid-19 នេះ នឹង​ជួយ​ឱ្យ​ពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើតេស្ត​ដោយ​ខ្លួនឯង និង​មិនបាច់​ព្រួយចិត្ត​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​មណ្ឌល​សុខភាព ក៏ដូចជា​ការបារម្ភ​អំពី​ហានិភ័យ​នៃ​ការឆ្លង​វីរុស​នៅក្នុង​សហគមន៍ ពិសេស​គឺ​ចំពោះ​មនុស្ស​វ័យ​ចំណាស់។

    រដ្ឋាភិបាល​ប្រទេស​អូទ្រីស បានឱ្យដឹងថា ការចែកជូន​ឧបករណ៍​ធ្វើតេស្ត​នេះ​នឹង​ចាប់ផ្ដើម​ពី​ខែមីនា​ខាងមុខ ពោលគឺ​ចាប់ពី​ថ្ងៃទី 1 ខែមីនា ពលរដ្ឋ​គ្រប់រូប​នៅ​ប្រទេស​នេះ​នឹង​ទទួលបាន​ឧបករណ៍​ធ្វើតេស្ត PCR ចំនួន 5 ឈុត ឬ​អង់​ទី​ក័​រ ជា​រៀងរាល់ខែ ដើម្បី​ទុក​សម្រាប់​ធ្វើតេស្តរ​កវី​រុស Covid-19 ដោយ​ខ្លួនឯង។

    បច្ចុប្បន្ន កម្មវិធី​ខាងលើនេះ ទើបតែ​ចាប់ផ្ដើម​អនុវត្ត​ចំពោះតែ​មនុស្សពេញវ័យ​ប៉ុណ្ណោះ ប៉ុន្តែ រដ្ឋាភិបាល​ក៏​កំពុង​តែ​​ពិចារណា​អំពី​លទ្ធភាព​ផ្ដល់ជូន​ដល់​ក្រុម​គោលដៅ​ជា​កុមារ​ផងដែរ។

    រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ​ប្រទេស​អូទ្រីស លោក Rudolf Anschober បា​ម​ឱ្យដឹងថា ការធ្វើ​តេស្ត​គឺជា​វិធានការ​សំខាន់បំផុត​ដើម្បី​ទប់ស្កាត់​ការឆ្លង​របស់​វីរុស។

    ក្នុង​សប្ដាហ៍​កន្លងទៅ ការធ្វើ​តេស្ត PCR ចំនួន​ជាង 3 លាន​ដង និង​ការផ្ដល់ជូន​អង់​ទី​ក័​រ​ប្រមាណ 520,000 លើក​ ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​អូទ្រីស។ ក្រៅពី​ព​ន្លឿ​ន​ការធ្វើ​តេស្តរ​កវី​រុស Covid-19 ប្រទេស​អូទ្រីស​ក៏​កំពុង​តែ​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ផងដែរ។ បច្ចុប្បន្ន ពលរដ្ឋ​នៃ​ប្រទេស​នេះ​ប្រមាណ​ជា 387,000 នាក់ ត្រូវបាន​ចាក់​វ៉ាក់សាំង ក្នុងនោះ​មាន​ប្រមាណ​ជា 150,000 នាក់ បាន​ចាក់​វ៉ាក់សាំង​លើក​ទី​ពីរ៕

  • លោកស្រី Aung San Suu Kyi បង្ហាញខ្លួន​នៅ​តុលាការ

    លោកស្រី Aung San Suu Kyi បង្ហាញខ្លួន​នៅ​តុលាការ

    ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន​ម៉ា លោកស្រី Aung San Suu Kyi បង្ហាញខ្លួន​នៅ​ចំពោះមុខ​តុលាការ​តាម​អន​ឡាញ ទាក់ទង​នឹង​ការចោទប្រកាន់​ពី​សំណាក់​កងទ័ព ប្រឆាំងនឹង​លោកស្រី។

    Khin Maung Zaw ដែលជា​មេធាវី​របស់លោក​ស្រី Suu Kyi បានឱ្យដឹងថា លោកស្រី Suu Kyi និង​ប្រធានាធិបតី Win Myint នឹងត្រូវ​ឡើង​តុលាការ​នា​ថ្ងៃទី 16 កុម្ភៈ និង 17 កុម្ភៈ ឆ្នាំ 2021 ក្រោយពី​ត្រូវបាន​ចាប់ខ្លួន​ដោយ​កងទ័ព នៅក្នុង​រដ្ឋប្រហារ​យោធា​កាលពី​ដើមខែ។ លោក Khin Maung Zaw ក្រោយពី​មាន​កិច្ចប្រជុំ​ជាមួយ​ចៅក្រម បាន​ថ្លែង​នៅ​ខាងក្រៅ​តុលាការ នា​រដ្ឋធានី ណៃ​ពី​ដោ ថា «ការបង្ហាញ​ខ្លួន​នៅ​ចំពោះមុខ​តុលាការ​នេះ​នឹង​ធ្វើឡើង​ក្រោមរូបភាព​វីដេអូ​អន​ឡាញ»។

    កងទ័ព​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី 1 កុម្ភៈ បាន​ចាប់ខ្លួន​លោកស្រី Suu Kyi រួម​នឹង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​របស់​រដ្ឋាភិបាល​ស៊ីវិល ដោយ​ត្រូវបាន​ចោទប្រកាន់ថា មាន​អំពើ​លួច​បន្លំ​សន្លឹកឆ្នោត នៅក្នុង​ការបោះឆ្នោតជាតិ​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020។ ពីរ​ថ្ងៃ​បន្ទាប់មក លោកស្រី Suu Kyi ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​នាំចូល​ខុសច្បាប់ នៅពេល​ក្រុមប៉ូលិស​បាន​រកឃើញ​វិទ្យុទាក់ទង​ចំនួន 6 គ្រឿង ដែល​ត្រូវបាន​នាំចូល និង​ប្រើប្រាស់​នៅក្នុង​គេហដ្ឋាន​របស់លោក​ស្រី នា​រដ្ឋធានី ណៃ​ពី​ដោ។

    ចំណែក​ប្រធានាធិបតី Win Myint ដែល​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​លោកស្រី Suu Kyi កាលពី​ថ្ងៃទី 1 កុម្ភៈ ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​បទបញ្ជា​ហាម​ការជួបជុំ​ក្នុងការ​ទប់ស្កាត់ Covid-19 នៅពេល​លោក​បាន​ចូលរួម​ព្រឹត្តិការណ៍​ឃោសនា​រក​សំឡេងឆ្នោត​ដែលមាន​មនុស្ស​រាប់រយ​នាក់​បាន​ចូលរួម​កាលពី​ខែកញ្ញា ឆ្នាំ 2020។

    មេដឹកនាំ​បក្ស​កាន់អំណាច​ស្របច្បាប់​ទាំង​ពីររូប​ខាងលើ មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ​ចាប់តាំងពី​ក្រោយ​រដ្ឋប្រហា​រ ប៉ុន្តែ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ត្រូវបាន​ប្រកាស​ឱ្យដឹងថា លោកស្រី Suu Kyi នៅមាន​សុខភាព​ល្អ​នៅឡើយ។ មេធាវី Khin Maung Zaw ឱ្យដឹងថា ការឃុំខ្លួន​មេដឹកនាំ​ខាងលើ​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី 17 កុម្ភៈ​ខាងមុខ។ ប៉ុន្តែ មកដល់​ថ្ងៃទី 16 កុម្ភៈ លោក Zaw មិនទាន់បាន​ជួប​កូនក្ដី​របស់លោក​នៅឡើយ។

    ចាប់ពី​រដ្ឋប្រហារ​កាល​ពីថ្ងៃ​ទី 1 កុម្ភៈ មនុស្ស​ប្រមាណ 400 នាក់ ត្រូវបាន​ចាប់ខ្លួន ខណៈ​បាតុកម្ម​នៅ​មី​យ៉ាន​ម៉ា បាន​ឈាន​ចូលដល់​ថ្ងៃទី 11។ កងទ័ព​មី​យ៉ាន​ម៉ា បានដាក់​ពង្រាយ​រថពាសដែក​ជាច្រើន​គ្រឿង​នៅតាម​ទីក្រុងធំៗ ដើម្បី​ទប់ទល់​នឹង​ក្រុមបាតុករ ព្រមទាំង​បាន​កាត់ផ្ដាច់​សេវា​អ៊ី​ន​ធើ​ណិ​ត​ផងដែរ៕

    ប្រភព៖ AFP

  • របាយការណ៍​ស្ថានភាព Covid-19 នៅ​កម្ពុជា និង​ពិភពលោក សម្រាប់​ថ្ងៃទី 16កុម្ភៈ

    របាយការណ៍​ស្ថានភាព Covid-19 នៅ​កម្ពុជា និង​ពិភពលោក សម្រាប់​ថ្ងៃទី 16កុម្ភៈ

    ក្រសួងសុខាភិបាល បានប្រកាស​នា​ព្រឹក​ថ្ងៃទី 16 កុម្ភៈ ឆ្នាំ 2021 នេះ​ថា កម្ពុជា​មិនមាន​ករណី​វិជ្ជមាន​ថ្មី​នឹង Covid-19 និង​ករណី​ជាសះស្បើយ​នោះទេ ខណៈ​ពិភពលោក​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​ជាង 259,078 នាក់ នៅក្នុង​អំឡុង 24 ម៉ោង​កន្លងទៅនេះ។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 479 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 469 នាក់ ខណៈ​អ្នក​កំពុង​ព្យាបាល​ចំនួន 10 នាក់។ ព័ត៌មាន​បន្ថែម សូម​បន្ត​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដូចខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក Covid-19 បាន​ឆ្លងទៅ​មនុស្ស​ចំនួន 109,665,710 នាក់ ក្នុងនោះ​មាន 2,418,025 នាក់ បាន​ស្លាប់ និង 84,195,584

    នាក់ បានជា​សះស្បើយ ចំណែក​អ្នក​កំពុង​ផ្ទុក​វីរុស​នេះ​មាន​ចំនួន 22,899,499 នាក់ ក្នុងនោះ​ក៏មាន 259,078 នាក់ ទើបតែ​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ៕

  • គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នៅ​មណ្ឌល​គី​រី នឹងត្រូវ​ព​ន្លឿ​ន​ដោយ​គណៈកម្មការ​អន្តរក្រសួង

    គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នៅ​មណ្ឌល​គី​រី នឹងត្រូវ​ព​ន្លឿ​ន​ដោយ​គណៈកម្មការ​អន្តរក្រសួង

    គណៈកម្មការ​អន្តរក្រសួង​ថ្មី​មួយ​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើតឡើង ក្នុង​បំណង​សម្របសម្រួល និង​ព​ន្លឿ​ន​ដំណើរការ​នៃ​គម្រោង និង​ការសាងសង់​អាកាសយាន​ដ្ឋា​ន​ថ្មី ខ្នាត​តំបន់​នៅ​ខេត្ត​មណ្ឌល​គី​រី ដែលជា​ការវិនិយោគ និង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន។

    សេចក្ដីសម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់ថា លោក​ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​​អាកាសចរ​​ស៊ីវិល​​កម្ពុជា ត្រូវបានចាត់តាំង​ជា​ប្រធាន​នៃ​គណៈកម្មការ​អន្តរក្រសួង ដែលមាន​សមាជិក​ជាន់​ខ្ពស់​ចំនួន 13 រូប។

    គណៈកម្មការ​អន្តរក្រសួង​នេះ​មាន​ភារកិច្ច​រៀបចំ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​សាងសង់ និង​សម្របសម្រួល ផ្ដល់​អនុសាសន៍ ព​ន្លឿ​ន​ការអនុវត្ត ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​លើ​គម្រោង ក៏ដូចជា​ការសាងសង់​ប្រ​លាន​យន្តហោះ នេះ​បើតាម​សេចក្ដីសម្រេច​មួយ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​សប្ដាហ៍​មុន។

    សូម​រំលឹកថា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ជា​ផ្លូវការ អនុញ្ញាតឱ្យ​រៀបចំ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​មួយ​នៅលើ​ផ្ទៃដី​ប្រមាណ 600 ហិកតា ដែល​ស្ថិតនៅក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌល​គី​រី។

    សេចក្ដីប្រកាស​របស់​ទីស្ដីការគណរដ្ឋមន្ត្រី ចុះ​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 បាន​បញ្ជាក់ថា ក្រុមហ៊ុន​ចិន​ឈ្មោះ Powerchina International Group គឺជា​អ្នកវិនិយោគ និង​សាងសង់​អាកាសយានដ្ឋាន​នេះ៕

  • ភ្នំភ្លើង Hawaii «ពាក់មួក​ព្រឹល» ពេល​មើល​ពីលើ​មេឃ

    ភ្នំភ្លើង Hawaii «ពាក់មួក​ព្រឹល» ពេល​មើល​ពីលើ​មេឃ

    រូបភាព​យ៉ាងច្បាស់​ដែល​ត្រូវបាន​ថត​ដោយ​ផ្កាយរណប​កាលពី​ថ្ងៃទី 6 កុម្ភៈ បង្ហាញឱ្យឃើញ​នូវ​ទិដ្ឋភាព​ព្រឹល​សក្បុស​កំពុង​គ្របដណ្ដប់​លើ​កំពូល​ភ្នំភ្លើង​ចំនួន​ពីរ​នៅលើ​កោះធំ​ជាងគេ​របស់ Hawaii នៃ​សហរដ្ឋអាមេរិក។

    រូបភាព​ដែល​ថត​ដោយ​កាមេរ៉ា Operational Land Imager (OLI) នៅលើ​ផ្កាយរណប Landsat-8 បានបង្ហាញ​យ៉ាងច្បាស់​នូវ​ទិដ្ឋភាព​ព្រឹល​លើ​កំពូលភ្នំ Mauna Kea និង Mauna Loa និង​មាន​ទិដ្ឋភាព​ថ្មភ្នំ​ភ្លើង​ព័ទ្ធជុំវិញ។ OLI គឺជា​គម្រោង​សហការ​រវាង​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA និង​នាយកដ្ឋាន​ស្រាវជ្រាវ​ដីធ្លី​អាមេរិក។ រូបថត​នេះ​ត្រូវបាន​ចែករំលែក​ដោយ​ស្ថានីយ​សង្កេត​ផែនដី​របស់ NASA។

    ព្រឹល​ត្រូវបាន​គេ​សម្គាល់​ឃើញថា មិនសូវ​កើតមាន​នៅ​តំបន់​ត្រូ​ពិ​ក​ដូចជា Hawaii នេះ​ទេ ប៉ុន្តែ ជាក់ស្ដែង ព្រឹល​បាន​ធ្លាក់​នៅទីនេះ​យ៉ាង​ក្រាស់។ កំពូលភ្នំ​ភ្លើង Mauna Kea កំពុងតែ​អសកម្ម ខណៈដែល​កំពូល​ភ្នំភ្លើង Mauna Loa ​កំពុង​​ធ្វើ​​សកម្ម​ភាព​​ខ្លាំង​ក្លា និង​ទៀងទាត់​នៅលើ​កម្ពស់​ជាង 4,200 ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ។ ភ្នំ Mauna Kea ខ្ពស់ជាង 38 ម៉ែត្រ ធៀប​នឹង Mauna Loa និង​តែងតែ​ត្រូវ​គ្របដណ្ដប់​ដោយ​ព្រឹលស្ដើងៗយ៉ាងតិច​មួយដង​ក្នុង​មួយឆ្នាំ។

    ឆ្នាំនេះ ដោយសារ​តែមាន​ព្យុះ​ខ្លាំង ទើប​កំពូលភ្នំ​ទាំងនេះ​មាន​ព្រឹល​ដល់​ទៅ 3 ដង​ក្នុង​រយៈពេល 3 សប្ដាហ៍​កន្លងទៅនេះ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី 18 មករា។ ដោយឡែក ភ្នំភ្លើង​អសកម្ម Haleakala ដែលមាន​កម្ពស់ 3,000 ម៉ែត្រ និង​ស្ថិតនៅលើ​កោះ Maui ក៏មាន​ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់​កាលពី​ថ្ងៃទី 3 ខែកុម្ភៈ​ផងដែរ។

    ព្រឹល​ធ្លាក់​នៅលើ​កោះ Hawaii ក៏​មានន័យថា រដ្ឋ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក លើកលែងតែ Florida សុទ្ធ​តែមាន​ព្រឹល​ធ្លាក់​នៅក្នុង​រដូវរងា​ឆ្នាំ 2021 នេះ​បើតាម​គេហទំព័រ Weather Channel។ មូលហេតុ​នៃ​បាតុភូត​នេះ​គឺ​ដោយសារ​ការប្ដូរ​ទិស​របស់​ខ្យល់​ដែល​កើតឡើង​ដោយសារ​ព្យុះ Kona។

    ការស្រាវជ្រាវ​កាលពី​ឆ្នាំ 2017 របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ប៉ាស៊ីហ្វិក​អន្តរជាតិ (IPRC) នៃ​សាកលវិទ្យាល័យ Hawaii នៅ Manoa តាមរយៈ​ទិន្នន័យ​ពី​ផ្កាយរណប និង​គំរូ​នៅលើ​កុំព្យូទ័រ បាន​ព្យាករ​ថា ព្រឹល​ធ្លាក់​នៅលើ​ភ្នំភ្លើង​នឹងត្រូវ​ថយចុះ​បន្តិចម្ដងៗនៅ​ចុង​សតវត្សរ៍​ទី 21 ដោយសារតែ​ការឡើង​កម្ដៅ​ផែនដី ក្រោម​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាស​ធាតុ៕

    ប្រភព៖ Live Science