Author: សឿន សំណាង

  • ក្រសួងសុខាភិបាល​នឹង​ពិន័យ​ចាប់ពី 1លាន​រៀល រហូត​ដល់ 50លាន​រៀល ចំពោះ​អ្នក​​ដែល​គេចវេះ និង​អ្នក​នាំ​គេ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក

    ក្រសួងសុខាភិបាល​នឹង​ពិន័យ​ចាប់ពី 1លាន​រៀល រហូត​ដល់ 50លាន​រៀល ចំពោះ​អ្នក​​ដែល​គេចវេះ និង​អ្នក​នាំ​គេ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក

    ការពិន័យ​ចំពោះ​អ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ​ជួយ​សម្រួល​ដោយ​ចេតនា​ដល់​អ្នកដំណើរ ឬ​ការី​នៃ​យាន​ដឹកជញ្ជូន ឱ្យ​គេច​ចេញពី​ការត្រួតពិនិត្យ ឬ​គេចវេះ​ពី​ការអនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក ត្រូវបាន​បង្កើន​ទម្ងន់​បន្ថែមទៀត​នៅក្នុង​អនុក្រឹត្យ​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ទើប​បានចេញ​កាលពីពេលថ្មីៗនេះ។

    ក្នុងនោះ អ្នកដំណើរ ឬ​ការី​នៃ​យាន​ដឹកជញ្ជូន ដែល​គេចវេះ​មិនឱ្យ​មន្ត្រី​ច​ត្តា​ឡី​ស័ក​ធ្វើការ​ត្រួតពិនិត្យ ឬ​មិន​សហការ​ជាមួយនឹង​មន្ត្រី​ច​ត្តា​ឡី​ស័ក ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល ឬ​មិន​បំពេញ​តាម​បែបបទ ដែលមាន​កំណត់​ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2015 ស្ដីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ នៃ​ជំងឺ​នៅតាម​ច្រកព្រំដែន​របស់​​កម្ពុជា នឹងត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី 1 លាន​រៀល ទៅ 5 លាន​រៀល និង​តម្រូវឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល។

    អនុក្រឹត្យ​ថ្មី​បន្ថែមថា ចំពោះ​ជន​ណា​ដែល​ផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ ជួយ​សម្រួល​ដោយ ចេតនា​ដល់​អ្នកដំណើរ​ឬ​ការី​នៃ​យាន​ដឹកជញ្ជូន ឱ្យ​គេច​ចេញពី​ការត្រួតពិនិត្យ ឬ​គេច​ពី​ការអនុវត្ត​វិធានការ ច​ត្តា​ឡី​ស័ក ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី 10 លាន​រៀល ទៅ 50 លាន​រៀល។ ការពិន័យ​ទាំងនេះ​គឺជា​សមត្ថកិច្ច​របស់​ក្រសួងសុខាភិបាល។

    ក្រុមមន្ត្រី​ច​ត្តា​ឡី​ស័ក នឹង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​បដិសេធ​ការចេញ-ចូល​ប្រទេស​កម្ពុជា​របស់​អ្នកដំណើរ បើ​សិន​​ពួក​គេ​​មិន​ព្រម​អនុវត្តតាម​បទ​ប្បញ្ញត្តិ​របស់​អនុក្រឹត្យ​ខាងលើ។

    អនុក្រឹត្យ​ថ្មី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​ ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​សុខាភិបាល​ និង​ក្រសួងយុត្តិធម៌ ​រួម​នឹង​ក្រុមប្រឹក្សា​អ្នកច្បាប់​ឱ្យ​​ធ្វើ​វិសោធនកម្ម​«អនុក្រឹត្យ​លេខ​ 129 ​ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញ-ចូល​» របស់​កម្ពុជា​ ដែល​ការ​បញ្ជា​នេះ​ ធ្វើ​ឡើង​តាម​រយៈ​​ការ​ផ្ញើ​សារ​ជា​សំឡេង​​​ កាល​ពី​ថ្ងៃទី 15​ កុម្ភៈ ឆ្នាំ​ 2021៕


  • អង់គ្លេស​ជិត​ឱ្យ​អ្នកមាន​សុខភាព​ល្អ ប៉ះពាល់ Covid-19 ដើម្បី​ស្វែងយល់​បន្ថែម

    អង់គ្លេស​ជិត​ឱ្យ​អ្នកមាន​សុខភាព​ល្អ ប៉ះពាល់ Covid-19 ដើម្បី​ស្វែងយល់​បន្ថែម

    ប្រទេស​អង់គ្លេស​នឹង​អនុញ្ញាតឱ្យ​ក្រុម​អ្នកស្ម័គ្រចិត្ត ប៉ះពាល់​នឹង Covid-19 ដើម្បី​សិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​វីរុស បន្ទាប់ពី​នាយកដ្ឋាន​សិ​ល​ធម៌​ផ្នែក​វេជ្ជសាស្ត្រ​ប្រទេស​នេះ បើកភ្លើង​ខៀវ។

    កាលពី​ថ្ងៃទី 17 កុម្ភៈ អង់គ្លេស​បានក្លាយ​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ដែល​អនុញ្ញាតឱ្យ​អ្នកស្ម័គ្រចិត្ត ធ្វើ​សកម្មភាព​ប៉ះពាល់​នឹង Covid-19 ដើម្បី​ជួយ​ដល់​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​អំពី​រោគរាតត្បាត។ ការពិសោធ​នេះ​នឹងធ្វើ​ឡើង​នៅ​មួយខែ​ទៀត ក្នុងនោះ អ្នកស្ម័គ្រចិត្ត​ចំនួន 90 នាក់ ដែលមាន​សុខភាព​ល្អ និង​មាន​អាយុ​ចាប់ពី 18-30 ឆ្នាំ នឹង​ប៉ះពាល់​វីរុស Covid-19 នៅក្នុង​បរិស្ថាន​ដែល​ត្រូវបាន​គ្រប់គ្រង នេះ​បើតាម​សេចក្ដីប្រកាស​មួយ​ចុះផ្សាយ​កាលពី​ថ្ងៃទី 17 កុម្ភៈ របស់​នាយកដ្ឋាន​សម្រាប់​អាជីវកម្ម ថាមពល និង​យុទ្ធសាស្ត្រ​ឧស្សាហកម្ម​អង់គ្លេស (Department for Business, Energy and Industrial Strategy)។

    ការពិសោធ​ខាងលើនេះ​គឺ​ដើម្បី​ឱ្យដឹង​ច្បាស់​ថា វីរុស Covid-19 ត្រូវមាន​បរិមាណ​កម្រិតណា​ទើប​អាច​ចម្លង​បាន និង​ដើម្បី​ស្វែងយល់​អំពី​ប្រតិកម្ម​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ ក៏ដូចជា​វិធី​ដែល​វីរុស​អាច​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស។ ការសិក្សា​ស្រាវជ្រាវ​នេះ នឹង​រួមចំណែក​ជួយ​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​វ៉ាក់សាំង ក៏ដូចជា​វិធី​ព្យាបាល​ដ៏​សមស្រប។ នេះ​បើតាម Chris Chiu ប្រធាន​ក្រុម​ស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ​ក្រុង​ឡុង​ដ៍ (University of London) នៃ​ចក្រភព​អង់គ្លេស។

    ក្រុម​អ្នកស្ម័គ្រចិត្ត​នឹងត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​សំណាក់​ក្រុមគ្រូពេទ្យ និង​អ្នកវិទ្យាសាស្ត្រ។ ក្រុម​អ្នកទទួលខុសត្រូវ​លើ​ការពិសោធ​នេះ និយាយថា វីរុស Covid-19 ដែល​ពួកគេ​យកមក​ធ្វើ​ការពិសោធ​លើក​នេះ មិនមែនជា​វីរុស​ក្លាយ​ពូជ​ថ្មី​នៅ​អង់គ្លេស​នោះទេ ប៉ុន្តែ​វា​ជា​វីរុស Covid-19 ទម្រង់​ដើម​កាលពី​ឆ្នាំ 2020។ រដ្ឋាភិបាល​អង់គ្លេស ផ្ដល់ប្រាក់​ជំនួយ​ចំនួន 46.6 លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​កម្មវិធី​ពិសោធន៍​នេះ។ អ្នក​ដែល​ចង់​ចូលរួម​ធ្វើជា​អ្នកស្ម័គ្រចិត្ត អាច​ចុះឈ្មោះ​បាន​តាមរយៈ​គេហទំព័រ UK Covid Challenge

    នៅ​ប្រទេស​អង់គ្លេស គិត​មកដល់​ព្រឹក​ថ្ងៃទី 18 កុម្ភៈ ឆ្នាំ 2021 នេះ អ្នក​វិជ្ជមាន​នឹង Covid-19 បាន​កើន​ដល់ 4,071,185 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ដល់​ទៅ 118,933 នាក់ និង​អ្នក​កំពុង​ផ្ទុក​វីរុស ចំនួន 1,669,549 នាក់ ដែល​ក្នុង​នេះដែរ មាន 2,708 នាក់ អាច​នឹង​បាត់​បង់ជីវិត​ដោយសារ​មាន​អាការ​ធ្ងន់ធ្ងរ៕

    ប្រភព៖ AFP

  • ជប៉ុន ចាប់ផ្ដើម​ហើយ! ចាក់​វ៉ាក់សាំង​កូ​វីដ-19 បើកឆាក​ដោយ​បុគ្គលិក​សុខភាព​សាធារណៈ

    ជប៉ុន ចាប់ផ្ដើម​ហើយ! ចាក់​វ៉ាក់សាំង​កូ​វីដ-19 បើកឆាក​ដោយ​បុគ្គលិក​សុខភាព​សាធារណៈ

    ជប៉ុន ចាប់ផ្ដើម​គ្រោងការ​វ៉ាក់សាំង-19 ហើយ នៅ​ថ្ងៃ​ពុធ (ទី17កុម្ភៈ)ម្សិលមិញ ដោយ​ការចាក់​វ៉ាក់សាំង​របស់​ហ្វ៉ៃ​ហ្ស៊ើ​រ ឱ្យ​បណ្ដា​បុគ្គលិក​របស់​មន្ទីរពេទ្យ​តូ​ក្យូ ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី យ៉ូ​ឈិ​ហ៊ី​ដេ ស៊ូ​ង៉ៈ ព្យាយាម​យកឈ្នះ​លើ​ស្ថានការណ៍​ការឆ្លង​រាលដាល មុនពេល​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក ក្នុង​រដូវក្ដៅ​នេះ។

    ស្ថានីយទូរទស្សន៍​ក្នុង​តំបន់ បាន​ផ្សព្វផ្សាយ រូបភាព​បណ្ដា​បុគ្គលិក​របស់​មន្ទីរពេទ្យ ដែល​កំពុង​ចូល​ទទួល​ការចាក់​វ៉ាក់សាំង ដោយ​ពួកគេ គឺជា​មនុស្ស

    1ក្រុម ក្នុងចំណោម​ធនធានមនុស្ស​ផ្នែក​សុខាភិបាល 40,000នាក់ ដែលជា​គោលដៅ ក្នុងការ​បានទទួល​វ៉ាក់សាំង​កូ​វីដ-19 ដំបូងៗគេ។

    ការចាក់​វ៉ាក់សាំង​កូ​វីដ-19 ឱ្យ​ប្រជាជន 126លាន​នាក់ របស់​ប្រទេស​ជប៉ុន​យ៉ាង​ឆាប់រហ័ស បាន​ក្លាយជា​គោលដៅ​សំខាន់​ខ្លាំង​បំផុត របស់​រដ្ឋបាល​លោកនាយក​រដ្ឋមន្ត្រី ស៊ូ​ង៉ៈ ដោយសារតែ​ព្រឹត្តិការណ៍​អូឡាំពិក ហ្គេម​ស៍ ដែល​ទីក្រុង​តូ​ក្យូ ធ្វើជា​ម្ចាស់ផ្ទះ នឹងមាន​កំណត់​ចាប់​ផ្ដើមឡើង ក្នុងអំឡុង​ចុងខែ​កក្កដា ក្រោយពី​បាន​ពន្យារពេល​កាលពី​ឆ្នាំទៅ។

    ទោះជា​ដូច្នេះ​មែន ទម្រាំ​តែ​គ្រោង​ការចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន នឹង​រួចរាល់​ស្រេចបាច់ និង​ចប់​ជា​ស្ថាពរ គេ​សន្និដ្ឋានថា ប្រហែលជា​ត្រូវ​ប្រើពេល​វេលា​យូរ​ដល់​ទៅ​រាប់​ឆ្នាំ ដោយ​ក្នុង​រយៈពេលដំបូងៗ គឺជា​ការ​ចាក់ឱ្យ​ធនធានមនុស្ស​ខាង​សុខាភិបាល ប្រមាណ​ជា 3.7លាន​នាក់ និង​មនុស្ស​ចាស់ អាយុ 65ឆ្នាំ​ឡើងទៅ ប្រមាណ​ជា 36លាន​នាក់។

    តែ​យ៉ាងណាក៏ដោយ ប្រទេស​ជប៉ុន អាច​ជួបប្រទះ​នឹង​បញ្ហា​រអាក់រអួល​មួយចំនួន ដោយសារ​មាន​ក្ដីកង្វល់​ថា អាច​នឹង​ខាតបង់​ដោយ​ឥតប្រយោជន៍ នូវ​វ៉ាក់សាំង​របស់​ហ្វៃ​ហ្ស៊ើ​រ ចំនួន​ច្រើន​លាន​ដូ​ស ដោយសារតែ​ខ្វះខាត​សេ​រ៉ាំ​ង និង​ម្ជុលចាក់​ថ្នាំ ដែល​ចាំបាច់​សម្រាប់​ការបែងចែក​វ៉ាក់សាំង​ផ្ទុក​ក្នុង​ដប ចេញ​ជា​ដូ​សនីមួយ។

    កាលពី​អំឡុង​ចុងខែ​មករា មាន​របាយការណ៍​ថា ហ្វ៉ៃ​ហ្ស៊ើ​រ បាន​ពិចារណា​កែសម្រួល បរិមាត្រ​ការប្រើ​វ៉ាក់សាំង​ផ្ទុក​ក្នុង​ដប ដែល​ពីមុន ឱ្យ​ចាក់​បាន ក្នុង 1ដប 5ដូ​ស មកជា 6ដូ​ស និង​ចាំបាច់​ត្រូវ​ប្រើ​ម្ជុលចាក់​ថ្នាំ​ថ្មី ដើម្បីឱ្យ​ត្រូវ​គ្នា​ទៀតផង​ដែរ។

    កាលពីមុន​ពេលនេះ វ៉ាក់សាំង​ដែល​ហ្វ៉ៃ​ហ្ស៊ើ​រ អភិវឌ្ឍ​រួមជាមួយ បៃ​អូ​អេ​ន​ថេ​ក ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​ថា ចាក់​បាន 5ដូ​ស ក្នុង 1ដប ដោយ​នៅពេលដែល​ត្រូវ​ធ្វើឱ្យ​រលាយ​ហើយ ក្នុង​ដបនីមួយៗ នឹងត្រូវ​បន្សាប​ដោយ​ទឹក​សេរ៉ូម ក្នុង​បរិមាត្រ 1.8មី​ល្លី​លិ​ត្រ ធ្វើឱ្យ​វ៉ាក់សាំង ក្រោយពេល​ផ្សំ​រួច មាន​បរិមាត្រ 2.25មី​ល្លី​លិ​ត្រ និង​បែងចែក​ចាក់ ក្នុង 1ដូ​ស 0.3មី​ល្លី​លិ​ត្រ ដែល​ក្នុង​ខាង​ទ្រឹស្ដី​វិញ អាច​ចាក់​បាន​លើស 7ដូ​ស​ឯណោះ។

    តែ​ទ្រឹស្ដី ជាមួយ​ការប្រតិបត្តិ វា​ខុសប្លែក​ពីគ្នា ព្រោះ​បុគ្គលិក​សុខាភិបាល មិនអាច​គណនា​បរិមាត្រ​ថ្នាំ បាន​យ៉ាង​ត្រូវចំប៉ាច់ៗ ក្នុងការ​ធ្វើឱ្យ​គ្រប់ 7ដូ​ស​ដើម្បី​ចាក់​ឱ្យបាន​គ្រប់​ចំនួន​មនុស្ស​ឡើយ និង​ទោះជា​ដូច្នេះ​មែន បើសិន​ជាមាន​ឧបករណ៍​ដែល​ស័ក្តិសម ពួកគេ​អាច​ចាក់​បាន​ក្នុង​ចំនួន 6ដង ដោយ​បរិមាណ​ដែល​គួរឱ្យ​ជឿជាក់​បាន។

    ប្រទេស​ជប៉ុន បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យាផ្សេងៗ សម្រាប់​ការបញ្ជាទិញ​វ៉ាក់សាំង​កូ​វីដ-19 សរុប​ទាំងអស់​ជាង 314លាន​ដូ​ស ពី​ហ្វ៉ៃ​ហ្ស៊ើ​រ, អ៊ែ​ស្ត្រា​ហ្សេ​នេ​កា និង​ម៉ូ​ឌើ​ណា ដែល​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ចំនួន 157លាន​នាក់ ក្នុងខណៈដែល​រហូតមក​ដល់ពេលនេះ ជប៉ុន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-19 ប្រមាណ​ជា 451,000នាក់ ក្នុងនោះ​មាន​ស្លាប់ 7.013នាក់​រួចហើយ។

    ទោះជា​ករណី​អ្នក​ឆ្លង​មេរោគ​ប្រចាំថ្ងៃ បាន​ថយចុះ​ក្នុងអំឡុង​ច្រើន​សប្ដាហ៍​កន្លងមក ក្រោយពី​ហក់​ឡើង​ខ្ពស់បំផុត កាលពី​អំឡុង​ដើមខែ​មករា​ក្ដី តែ​ក្រុង​តូ​ក្យូ និង​ខេត្តផ្សេងៗ 9កន្លែង​ទៀត នៅតែ​ស្ថិតក្រោម​ការប្រកាស​ស្ថានការណ៍​អាសន្ន ដើម្បី​ការពារ​ការផ្ទុះ​ឡើងជា​ថ្មី​របស់​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ​ដដែល៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ/អេ​ជេន​ស៊ី
    ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 4ករណី​កាលពី​ថ្ងៃទី 17កុម្ភៈ

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 4ករណី​កាលពី​ថ្ងៃទី 17កុម្ភៈ

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 18 ខែកុម្ភៈ​នេះ បានឱ្យដឹងថា មាន​ករណី​វិជ្ជមាន​នឹង Covid-19 ចំនួន 4 នាក់ ត្រូវបាន​រកឃើញ​ក្នុងអំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 17 កុម្ភៈ ដែល​ទាំងអស់​សុទ្ធតែជា​ករណី​នាំចូល។

    ករណី​ឆ្លង​ថ្មី​ខាងលើនេះ មិនមែនជា​ពលក​រដែ​ល​ត្រលប់​មកពី​ប្រទេស​ថៃ​នោះទេ។ ក្នុងអំឡុងពេល​ខាងលើ កម្ពុជា​មិនមាន​ករណី​ជាសះស្បើយ។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល មាន​ដូចខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2021 កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 483 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 470 នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​មាន​ចំនួន 13 នាក់៕


  • តួលេខ​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង Covid-19 នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី 17កុម្ភៈ 2021

    តួលេខ​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង Covid-19 នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី 17កុម្ភៈ 2021

    ក្រសួងសុខាភិបាល​កម្ពុ​ជា កាលពី​យប់​ថ្ងៃទី 17 បានឱ្យដឹង​អំពី​ចំនួន​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង Covid-19 Sinopharm របស់​ចិន (Sinopharm Beijing Institute of Biological Products) ចាប់ពី​ថ្ងៃទី 10 ដល់​ថ្ងៃទី 17 ខែកុម្ភ:  ឆ្នាំ 2021។

    តួលេខ​ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង Sinopharm របស់​ចិន​នៅ​កម្ពុជា មាន​ដូចខាងក្រោម៖

    1. អ្នក​បានមក​ចាក់​វ៉ាក់សាំង សរុប៖ 3,962 នាក់  (ស្រី 1,428 នាក់)  ។
    2. អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច៖ 3,236 នាក់ (ស្រី  1,040 នាក់)។
    3. អ្នកស្ម័គ្រចិត្ត​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាតឱ្យ​ចាក់៖ 726 នាក់  (ស្រី 388 នាក់)
  • ទ្រព្យ​ចូលដល់​ក្នុង​មាត់! កំពុង​ហូប​ខ្យង ស្រាប់តែ​ក្លាយជា​អ្នកមាន​មួយ​រំពេច ដោយសារ​ខាំ​ចំ​ទ្រព្យ​​តម្លៃ​​រាប់​សែន​​ដុល្លារ​​អាមេរិក

    ទ្រព្យ​ចូលដល់​ក្នុង​មាត់! កំពុង​ហូប​ខ្យង ស្រាប់តែ​ក្លាយជា​អ្នកមាន​មួយ​រំពេច ដោយសារ​ខាំ​ចំ​ទ្រព្យ​​តម្លៃ​​រាប់​សែន​​ដុល្លារ​​អាមេរិក

    អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ម្នា​ក់នៅ​ប្រទេស​ថៃ បាន​ប្រទះឃើញ​ទ្រព្យ​ដ៏​មានតម្លៃ​មួយ ដែល​ជួយ​ឱ្យ​គាត់​រកបាន​រាប់សែន​ដុល្លារ​អាមេរិក នៅពេល​កំពុង​ហូប​ខ្យង​ស្ងោរ​ជាមួយ​ប្រពន្ធ និងកូន។

    សារព័ត៌មាន Daily Mail បានចេញ​ផ្សាយ​ថា បុរស​ឈ្មោះ Monthian Jansul អាយុ 40 ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​នៅ​ខេត្ត Chonburi ប្រទេស​ថៃ ទើបតែ​បាន​ប្រទះឃើញ «កំណប់» ដ៏​មានតម្លៃ​មួយ​នៅពេល​កំពុង​ទទួលទាន​អាហារ​ថ្ងៃត្រង់។

    ថ្ងៃទី 10 កុម្ភៈ លោក Monthian បាន​ទៅ​ផ្សារ​ទិញ​អាហារ​សមុទ្រ​មក​ធ្វើ​ម្ហូប ក្នុងនោះ​ក៏មាន​ខ្យល​ធំ​មួយ​ក្បាល​តម្លៃ 50 បាត (ប្រហែល 6,700 រៀល)។

    មកដល់​ផ្ទះ លោក Monthian និង​ភរិយា​ក៏បាន​នាំគ្នា​ធ្វើ​ម្ហូប។ ក្នុងពេល​កំពុង​ញ៉ាំ កូនប្រុស​របស់ Monthian ក៏​ខាំ​ចំ​វត្ថុ​រឹង​មួយ​គ្រាប់​ដែលមាន​រូបរាង​មូល​ដូច​ពងត្រី ប៉ុន្តែ​មាន​ទំហំ​ធំ។ គ្រាប់​ចម្លែក​នេះ​មាន​ពណ៌​ទឹកក្រូច​ដ៏​ស្រស់ស្អាត និង​មាន​ទម្ងន់​ជាង 7 ក្រាម។

    ដំបូង​ឡើយ ពួកគេ​គិតថា វា​គឺជា​ពង​របស់​ព្យ​ង និង​មិនបាន​ចាប់អារម្មណ៍​អ្វី​សោះ។ ប៉ុន្តែ មួយ​រំពេច​ក្រោយមក លោក Monthian ក៏​ចាប់ផ្ដើម​សង្ស័យ និង​គិតថា វា​អាចជា​គជ់ខ្យង។ គាត់​ក៏បាន​ដើរ​ស្វែងយល់ និង​សួរ​អ្នកជិតខាង ហើយ​ក៏បាន​សន្និដ្ឋានថា វា​អាចជា​គជ់ខ្យង Melo ជា​គជ់ខ្យង​ដ៏​កម្រ​មួយ​ប្រភេទ និង​មានតម្លៃ​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក។

    «នេះ​គឺជា​របស់​ដែល​ពួកយើង​មិន​ធ្លាប់​បានឃើញ​កន្លងមក។ ខ្ញុំ​ជឿថា យើង​អាច​រកបាន​ប្រាក់​ច្រើន​ពី​គ្រាប់​គជ់​នេះ និង​មាន​អារម្មណ៍​ថា ពិតជា​សំណាង» លោក Monthian ថ្លែង​ដូច្នេះ។

    គជ់ខ្យង Melo កកើតឡើង​នៅក្នុង​សម្បកខ្យង​សមុទ្រ​មួយ​ប្រភេទ​ដែល​គេ​ហៅថា Melo Melo។ គជ់​ប្រភេទ​នេះ​មិនអាច​ផលិត​បាន​ដោយ​បច្ចេកទេស​ចិញ្ចឹម​បែប​សិប្បនិម្មិត​នោះឡើយ ដោយ​វា​កកើត​តែ​ពី​ធម្មជាតិ និង​កម្រ​ត្រូវបាន​រកឃើញ​ខ្លាំងណាស់ ដូច្នេះហើយ​ទើប​វា​មានតម្លៃ​ថ្លៃ។ ខ្យង Melo Melo នេះ មាន​ច្រើន​នៅ​សមុទ្រ​ថៃ មី​យ៉ាន​ម៉ា កម្ពុជា និង​វៀតណាម។

    គជ់ខ្យង Melo មាន​ច្រើន​ពណ៌ ដូចជា ពណ៌​ទឹកក្រូច ពណ៌​លឿងទុំ និង​ពណ៌​ប្រផេះ។ ប៉ុន្តែ ពណ៌​ទឹកក្រូច​ដូច​ទៅនឹង​ពណ៌​គជ់​ដែល​លោក Monthian បាន​ប្រទះឃើញ​គឺមាន​តម្លៃ​ថ្លៃ​ជាងគេ ព្រោះ​ក្នុងចំណោម​រាប់ពាន់​ក្បាល​គឺមាន​តែមួយ​ក្បាល​ប៉ុណ្ណោះ​ដែលមាន​គជ់។

    នៅ​ប្រទេស​ថៃ កាលពី​ខែ​មុន អ្នកនេសាទ​ម្នាក់​ឈ្មោះ Hatchai Niyomdecha នៅ​ខេត្ត Nakhon Si Thammarat ក៏បាន​ប្រទះឃើញ​គជ់​ខ្យល់ Melo ពណ៌​ទឹកក្រូច​មួយគ្រា​ប់​ផងដែរ ដែល​វា​មាន​ទម្ងន់ 7.68 ក្រាម និង​លក់​ក្នុងតម្លៃ​ដល់​ទៅ 10 លាន​បាត (ស្មើនឹង 333,000 ដុល្លារ​អាមេរិក)៕

    ប្រភព៖ Daily Mail

  • រកឃើញ​ជីវិត​នៅក្នុង​ជម្រៅ 900ម៉ែត្រ ក្រោម​ស្រទាប់​ទឹកកក​នៅ​ប៉ូល​ខាងត្បូង

    រកឃើញ​ជីវិត​នៅក្នុង​ជម្រៅ 900ម៉ែត្រ ក្រោម​ស្រទាប់​ទឹកកក​នៅ​ប៉ូល​ខាងត្បូង

    ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ទម្រង់​ជីវិតចម្លែកៗដែល​ស្ថិតនៅ​ខាងក្រោម​នៃ​បាត​ទឹកកក​នៅ​ប៉ូល​ខាងត្បូង​របស់​ភពផែនដី និង​មាន​ចម្ងាយ​ប្រមាណ 260 គីឡូម៉ែត្រ​ពី​សមុទ្រ។

    ក្រុម​អ្នកស្រាវជ្រាវ​របស់​ប្រទេស​អង់គ្លេស​ប្រចាំ​នៅ​ប៉ូល​ខាងត្បូង​នៃ​ភពផែនដី បាន​រកឃើញ​សត្វ​ជាច្រើន​នៅពេល​ពួកគេ​កំពុង​ប្រមូល​សំណាក​នៃ​ស្នូល​ដីល្បាប់​ពី​ខាងក្រោម​ផ្ទាំង​ទឹកកក Filchner-Ronne។ ពេល​ខួង​ដល់​ជម្រៅ 900 ម៉ែត្រ​ក្រោម​ផ្ទាំង​ទឹកកក ក្បាល​ខួង​របស់​ពួកគេ​ក៏បាន​ប៉ះ​នឹង​ថ្ម pebble។ កាមេរ៉ា​ដែល​ភ្ជាប់​នៅលើ​ក្បាល​ខួង​បាន​បង្ហាញថា មាន​បណ្ដុំ​សត្វ​មាន​ជិវិត​កំពុងតែ​តោង​ជាប់​នឹង​ផ្ទៃ​របស់​ថ្ម។

    បណ្ដុំ​សត្វ​ទាំងនេះ​គឺជា​ប្រភេទ​មិន​ផ្លាស់​ទី ដូច​ទៅនឹង​ប្រភេទ sponges ប៉ុន្តែ ពួកវា​ទំនងជា​ប្រភេទ​ផ្សេង​ដទៃទៀត​ដែល​មនុស្ស​មិនទាន់បាន​ស្គាល់។ យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 15 កុម្ភៈ នៅលើ​ទស្សនាវដ្ដី Frontiers in Marine Science ការរកឃើញ​ខាងលើនេះ រួមចំណែក​ក្នុងការ​យល់ដឹង​របស់​មនុស្ស​អំពី​ជីវិត​នៅលើ​ផែនដី។

    ការរុករក​មុននេះ​ក៏​ធ្លាប់បាន​ប្រទះឃើញ​សត្វ​មួយចំនួន​ដែល​ស៊ី​ចំណីរ​លួច​ជា​អាហារ និង​សត្វ​ស៊ីសាច់​ប្រភេទតូចៗដែល​ផ្លាស់​ទី​ស្រដៀង​នឹង​ត្រី ជន្លេន និង​កំពឹស ឬ​លៀស។ ប៉ុន្តែ ការរកឃើញ​លើក​នេះ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល ព្រោះថា សត្វ​ទាំងនេះ​មិនអាច​ផ្លាស់​ទីនោះ​ទេ ពោលគឺ​ពួកវា​នៅ​មួយកន្លែង។ ក្រៅពីនេះ ពួកវា​ក៏​នៅ​សែនឆ្ងាយ​ពី​ផ្ទៃ​ទឹក និង​ពន្លឺព្រះអាទិត្យ។ ពួកវា​រស់នៅក្នុង​ភាព​ងងឹត​ទាំងស្រុង និង​មាន​សីតុណ្ហភាព -2.2 អង្សា​សេ។

    សត្វ​ sponges នៅ​បាត​សមុទ្រ

    ការស្រាវជ្រាវ​បង្ហាញថា សត្វ​ខាងលើ​រស់នៅ​ឆ្ងាយ​ពី​ប្រភព​រស្មី​សំយោគ​ដែល​នៅ​ជិត​បំផុត ប្រមាណ​ជា 1,500 គីឡូម៉ែត្រ។ ប្រការ​នេះហើយ ធ្វើឱ្យ​ក្រុម​អ្នកស្រាវជ្រាវ​ចោទ​ជា​សំណួរ​ថា «តើ​ពួកវា​ប្រមូល​ថាមពល​ពន្លឺ និង​សារធាតុ​បំប៉ន​បាន​ពី​ណា?»។

    បណ្ឌិត Huw Griffiths ប្រធាន​ក្រុម​ស្រាវជ្រាវ​ខាងលើ បានឱ្យដឹងថា៖ «ការរកឃើញ​នេះ​បង្ហាញថា ជីវិត​នៅ​ប៉ូល​ខាងត្បូង​ពិតជា​ពិសេស​អស្ចារ្យ និង​មាន​ភាពស៊ាំ​ដ៏​ល្អឥតខ្ចោះ​ជាមួយនឹង​ពិភព​ទឹកកក។

    ដើម្បី​បាន​យល់​អំពី​ដំណើរការ​នៃ​ការចិញ្ចឹម​ជីវិត​របស់​សត្វមានជីវិត​ទាំងនោះ ក្រុម​អ្នកស្រាវជ្រាវ​ត្រូវការ​ពេលវេលា​ច្រើន​ទៀត​ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម៕

    ប្រភព៖ Live Science

  • តម្លៃ Bitcoin ​​កើនឡើង​លើសពី 50,000ដុល្លារ ជា​កំណត់ត្រា​ថ្មី​មួយទៀត​ក្នុង​ប្រវត្តិសាស្ត្រ

    តម្លៃ Bitcoin ​​កើនឡើង​លើសពី 50,000ដុល្លារ ជា​កំណត់ត្រា​ថ្មី​មួយទៀត​ក្នុង​ប្រវត្តិសាស្ត្រ

    កាលពី​ខែធ្នូ ឆ្នាំ 2020 តម្លៃ​របស់ Bitcoin បាន​បំបែក​ឯតទគ្គ​កម្ម 20,000 ដុល្លារ​ជា​លើកដំបូង ក៏ប៉ុន្តែ ត្រឹមតែ​រយៈពេល 3 ខែក្រោយ​មក រូបិយប័ណ្ណ​អេឡិចត្រូនិក​នេះ បាន​ឡើងថ្លៃ​ជាង 100% និង​បន្ត​បង្កើត​កំណត់ត្រា​ថ្មី​មួយទៀត។

    យោងតាម​សារព័ត៌មាន CNN នេះ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​តម្លៃ​របស់​ប្រាក់​អេឡិចត្រូនិក Bitcoin ​បាន​​កើន​​លើស​ពី​​ខ្ទង់ 50,000 ដុល្លារ/Bitcoin។ នៅក្នុង​ការជួញដូរ​កា​លពី​ថ្ងៃទី 16 ​ខែ​កុម្ភៈ ឆ្នាំ 2021 កន្លង​ទៅ​ ប្រាក់ Bitcoin បាន​ឡើងថ្លៃ​ដល់ 50,602.53 ដុល្លារ​អាមេរិក ពោល​គឺ​ខ្ពស់ជាង 260% ធៀប​នឹង​តម្លៃ​កាលពីដើម​ខែវិច្ឆិកា ឆ្នាំ 2021។

    ការឡើង​ថ្លៃ​របស់ Bitcoin ត្រូវបាន​ក្រុមអ្នកវិភាគ​យល់ថា មកពី​ធនាគារកណ្ដាល​អាមេរិក (FED) បាន​បញ្ចុះ​អត្រា​ការប្រាក់​មក​នៅ​ជិត 0% និង​រក្សា​វា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ហើយ​ប្រការ​ទាំងនេះ បានធ្វើឱ្យ​តម្លៃ​របស់​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវ​ចុះថោក នាំឱ្យ​ក្រុម​អ្នកវិនិយោគ​ងាក​មក​ជ្រកកោន​នៅក្នុង​ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ដូចជា​ប្រាក់​ Bitcoin ជាដើម។

    ដោយសារតែ​បរិមាណ Bitcoin មានកំណត់ ដូច្នេះ ក្រុម​អ្នកវិនិយោគ​ជឿថា តម្លៃ​របស់​ប្រាក់​អេឡិចត្រូនិក​នេះ​នឹង​នៅតែ​ឡើងថ្លៃ។ ព្រោះតែ​តម្លៃ​របស់​ប្រាក់ Bitcoin ចេះតែ​បន្ត​បំបែក​ឯតទគ្គ​កម្មជាប​ន្ត​បន្ទាប់ ធ្វើឱ្យ​ក្រុម​អ្នកវិនិយោគធំៗ ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ នាំគ្នា​វិនិយោគ​ទៅលើ​រូបិយប័ណ្ណ​នេះ ដែល​ប្រការនេះ​ក៏​ជួយ​ឱ្យប្រាក់ Bitcoin បន្ត​ឡើងថ្លៃ។

    ក្រុមហ៊ុន MicroStrategy ដែល​ចូលចិត្ត​វិនិយោគ​ទៅលើ Bitcoin បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​នឹង​ខ្ចីប្រាក់​ធនាគារ​ចំនួន 600 លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​បណ្ដាក់ទុន​ទៅលើ​ប្រាក់​ឌីជីថល Bitcoin។

    ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ជាច្រើន​ក្នុង​ពិភពលោក ក៏​កំពុងតែ​នាំគ្នា​វិនិយោគ ប្រើប្រាស់ ឬ​គាំទ្រ​ដល់ Bitcoin ក្នុងនោះ​មានដូចជា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ក្រុមហ៊ុន​គ្រប់គ្រង Mastercard រួម​នឹង​ក្រុមហ៊ុន Square និង Paypal ជាដើម។

    ទោះជា​យ៉ាងណាក៏ដោយ សារព័ត៌មាន CNN ឱ្យដឹងថា ការឡើង​ថ្លៃ​ខ្លាំង​របស់ Bitcoin ក្នុង​មួយរយៈ​ពេល​ខ្លី​មកនេះ ក៏​បង្កប់​នូវ​ហានិភ័យ​ទាក់ទង​នឹង​ការធ្លាក់​ថ្លៃ នៅពេល​ក្រុម​អ្នកវិនិយោគ​រយៈពេល​ខ្លី សម្រេចចិត្ត​លក់​ចេញ​ដើម្បី​រក​ចំណេញ៕

    ប្រភព៖ CNN

  • ភរិយា​មេដឹកនាំ​កូរ៉េខាងជើង បង្ហាញខ្លួន​លើកដំបូង​ក្នុងអំឡុង​ជាង​មួយឆ្នាំ​មកនេះ

    ភរិយា​មេដឹកនាំ​កូរ៉េខាងជើង បង្ហាញខ្លួន​លើកដំបូង​ក្នុងអំឡុង​ជាង​មួយឆ្នាំ​មកនេះ

    ភរិយា​របស់លោក Kim Jong-un បង្ហាញខ្លួន​នៅក្នុង​រូបថត​ដែល​ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង​ចុះផ្សាយ កាលពីពេលថ្មីៗនេះ បន្ទាប់ពី​បាន​អវត្តមាន​នៅ​ចំពោះមុខ​សាធារណជន អស់​រយៈពេល​ជាង​មួយឆ្នាំ។

    សារព័ត៌មាន Rodong Sinmum ដែលជា​ស្ថាប័ន​នាំពាក្យ​ផ្លូវការ​របស់​បក្ស​ពលករ​កូរ៉េខាងជើង កាលពី​ម្សិលមិញ (16 កុម្ភៈ) បាន​ចុះផ្សាយ​រូបថត​ជាច្រើន​សន្លឹក​បង្ហាញ​អំពី​ព្រឹត្តិការណ៍​សម្ដែង​សិល្ប​​អប់អរ​ថ្ងៃ​ខួបកំណើត​របស់​អតីត​ប្រធាន​រដ្ឋ Kim Jong-il នា​រដ្ឋធានី​ព្យុង​ដែល​ត្រូវបាន​ប្រារព្ធ​លើង​កាលពី​ថ្ង​ស​ទី 15កុម្ភៈ។ ក្នុង​បណ្ដា​រូបថត​ទាំងនោះ គេ​ឃើញ​លោកស្រី Ri Sol-ju អង្គុយ​ក្បែរ និង​និយាយ​គ្នា​ជាមួយនឹង​ស្វាមី​ដែលជា​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong-un ពេល​កំពុង​ទស្សនាការ​សម្ដែង​សិល្ប។

    លោកស្រី Ri តែងតែ​បង្ហាញខ្លួន​ជាមួយ​ស្វាមី នៅក្នុង​ព្រឹត្តិការណ៍ធំៗរបស់​ប្រទេស​នេះ ប៉ុន្តែ មិន​ធ្លាប់​បានបង្ហាញ​វត្ត​មាននៅ​ចំពោះមុខ​សាធារណជន ចាប់តាំងពី​ក្រោយ​ពិធី​អំណរ​បុណ្យចូលឆ្នាំ​ចន្ទគតិ​កាលពី​ខែមករា ឆ្នាំ 2020។ ប្រការនេះ ធ្វើឱ្យមាន​ការសន្និដ្ឋាន​ថា លោកស្រី​ប្រហែលជា​ជួប​បញ្ហា​សុខភាព ឬ​កំពុងមាន​ផ្ទៃពោះ។

    អង្គភាព​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង (NIS) បានឱ្យដឹងថា លោកស្រី Ri Sol-ju ទំនងជា​កំពុង​គេចវេះ​ការបង្ហាញ​ខ្លួន​នៅ​ទី​ដែលមាន​មនុស្ស​ច្រើន ដើម្បី​កាន់​បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​វីរុស Covid-19 ហើយ​លោកស្រី​តែងតែ​ប្រលែង​លេង​ជាមួយកូន។ លោក Kim Jong-un និង​ភរិយា ត្រូវបាន​គេ​ជឿថា មានកូន​ជាមួយគ្នា​ចំនួន 3 នាក់ ប៉ុន្តែ មិនមាន​ព័ត៌មាន​ច្រើន​ស្ដីអំពីកូនៗរបស់​ពួកគេ​ទេ។

    លោកស្រី Ri Sol-ju កាល​ពី​ឆ្នាំ 2018

    កូរ៉េខាងជើង គិត​មកដល់​បច្ចុប្បន្ន មិនទាន់មាន​សេចក្ដីរាយការណ៍​អំពី​ករណី​ឆ្លង Covid-19 ប៉ុន្តែ NIS យល់ថា ប្រទេស​នេះ​អាចមាន​ការផ្ទុះ​ឆ្លង ដោយសារ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាច្រើន​ជាមួយនឹង​ចិន មុនពេល​បិទ​ច្រក​ព្រំដែន​កាលពីដើម​ឆ្នាំមុន៕

    ប្រភព៖ Reuters

  • Covid-19 បង្ហាញ​សញ្ញា​គួរឱ្យ​ត្រេកអរ កាលពី​សប្ដាហ៍​មុន ប៉ុន្តែ​វីរុស​ក្លាយ​ពូជ​ថ្មី កំពុង​រាតត្បាត​ខ្លាំង

    Covid-19 បង្ហាញ​សញ្ញា​គួរឱ្យ​ត្រេកអរ កាលពី​សប្ដាហ៍​មុន ប៉ុន្តែ​វីរុស​ក្លាយ​ពូជ​ថ្មី កំពុង​រាតត្បាត​ខ្លាំង

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​រាយការណ៍​ថា តួលេខ​នៃ​ករណី​ឆ្លង​ថ្មី​នៅ​ទូទាំង​ពិភពលោក​ក្នុង​សប្ដាហ៍​កន្លង បាន​ថយចុះ​រហូតដល់ 16% ដែល​ប្រហាក់ប្រហែល​នឹង​កន្លះ​លាន​នាក់ ខណៈ​តួលេខ​អ្នកស្លាប់​ក៏បាន​ថយចុះ​នៅ​គ្រប់​តំបន់​ក្នុង​ពិភពលោក។

    សារព័ត៌មាន CNN បាន​ដកស្រង់​របាយការណ៍រ​បស់​អង្គការ​សុខភាព​ពិភពលោក បង្ហាញថា តួលេខ​សរុប​នៃ​អ្នក​ឆ្លង Covid-19 ក្នុង​ពិភពលោក បាន​ថយចុះ 16% ក្នុង​សប្ដាហ៍​កន្លង​ដែល​បញ្ចប់​នៅ​ថ្ងៃទី 14 កុម្ភៈ ធៀប​នឹង​មួយ​សប្ដាហ៍​មុន​នោះ។

    ជារួម នៅក្នុង​សប្ដាហ៍​កន្លងទៅ មាន​ករណី​ស្លាប់​ចំនួន 81,000 នាក់ និង​ករណី​ឆ្លង​ថ្មី​ចំនួន 2.7 លាន​នាក់ ទាប​ជាង​ប្រហែល 500,000 ករណី បើ​ធៀប​នឹង​មួយ​សប្ដាហ៍​មុន​នោះ ដែល​បញ្ចប់​នៅ​ថ្ងៃទី 7 កុម្ភៈ។

    WHO បានឱ្យដឹងថា តួលេខ​អ្នក​ឆ្លង​ថ្មី ថយចុះ​ពីរ​ខ្ទង់ នៅក្នុង​តំបន់​ទាំងអស់​លើ​ពិភពលោក លើកលែងតែ​តំបន់ មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​ខាងកើត ចំណែក​តួលេខ​អ្នកស្លាប់​ថ្មី​ក៏​ថយចុះ​នៅ​គ្រប់​តំបន់​ក្នុង​ពិភពលោក។

    សហរដ្ឋអាមេរិក បច្ចុប្បន្ន រកឃើញ​ករណី​ឆ្លង​ថ្មី​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក បន្ទាប់មក​គឺ​ប្រទេស​ប្រេ​ស៊ី​ល បារាំង រុស្ស៊ី អង់គ្លេស និង​តំបន់​អៀរ​ឡង់​ខាងជើង (Northern Ireland) របស់​អង់គ្លេស។

    WHO ក៏បាន​សង្កត់ធ្ងន់ថា វីរុស​ក្លាយ​ពូជ​ថ្មី​នៅ​ប្រទេស​អង់គ្លេស បច្ចុប្បន្ន​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន 94 ចំណែក​វីរុស​ក្លាយ​ពូជ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង បានបង្ហាញ​ខ្លួន​នៅក្នុង​ប្រទេស​ចំនួន 46 ខណៈដែល​វីរុស​ក្លាយ​ពូជ​នៅ​ប្រេ​ស៊ី​ល បាន​ឆ្លងទៅ​ប្រទេស​ចំនួន 21 ក្នុង​ពិភពលោក៕

    ប្រភព៖ CNN