Author: សឿន សំណាង

  • ប៉ូលិស​មី​យ៉ាន​ម៉ា ឡោមព័ទ្ធ​ក្រុមបាតុករ​ទាំងយប់៖ មនុស្ស 3នាក់​ត្រូវបាន​បាញ់សម្លាប់

    ប៉ូលិស​មី​យ៉ាន​ម៉ា ឡោមព័ទ្ធ​ក្រុមបាតុករ​ទាំងយប់៖ មនុស្ស 3នាក់​ត្រូវបាន​បាញ់សម្លាប់

    ក្រុម​សន្តិសុខ​នៃ​របប​សឹក​មី​យ៉ាន​ម៉ា បាន​ឡោមព័ទ្ធ​បាតុករ​រាប់រយ​នាក់​ដែល​នាំគ្នា​ធ្វើបាតុកម្ម​នៅ​ទីក្រុង Yangon និង​បាន​គំរាម​ដល់​ពលរដ្ឋ​ណា​ដែល​លាក់​បំពួន​បាតុករ។

    សកម្មភាព​ខាងលើ​ត្រូវបាន​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី 8 មីនា ឆ្នាំ 2021 នៅក្នុង​សង្កាត់ Sanchuang នៃ​ទីក្រុង Yangon។ Stephane Dujarric អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា អគ្គលេខាធិការ Antonio Guterres បាន​អំពាវនាវ​ឱ្យ «អត់ធ្មត់​ជា​អតិបរមា និង​ដោះលែង​គ្រប់គ្នា​ដោយ​សុវត្ថិភាព»។ ការិយាល័យ​អង្គការសហប្រជាជាតិ​នៅ​មី​យ៉ាន​ម៉ា រួម​នឹង​ស្ថានទូត​អាមេរិក និង​អង់គ្លេស ក៏បាន​ស្នើឱ្យ​ប៉ូលិស​ទុក​ផ្លូវ​ឱ្យ​បាតុករ​ចាកចេញ។

    ក៏ប៉ុន្តែ ពុំមាន​សញ្ញា​ណាមួយ​បង្ហាញថា ប៉ូលិស​មី​យ៉ាន​ម៉ា​នឹង​បង្អង់​ដៃ​នោះទេ។ សារព័ត៌មាន​ក្នុងស្រុក និង​​ក្រុម​អ្នក​លេង​ Facebook បានឱ្យដឹងថា មនុស្ស​ចំនួន 20 នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​សង្កាត់ Sanchuang បន្ទាប់ពី​ក្រុមប៉ូលិស​បាន​ឆែកឆេរ​ផ្ទះ​របស់​ពលរដ្ឋ។

    នៅ​តំបន់ផ្សេងៗក្នុង​ទីក្រុង Yangon មនុស្ស​រាប់ពាន់នាក់​បាន​ចេញ​ធ្វើបាតុកម្ម និង​ស្នើឱ្យ​ដោះលែង​បាតុករ​ដែល​ប៉ូលិស​បាន​ចាប់ខ្លួន។ ប៉ូលិស​បាន​ផ្ទុះអាវុធ និង​បាញ់​គ្រាប់បែក​សម្ល​ត់​ស្មារតី ដើម្បី​បំបែកហ្វូង​បាតុករ។

    អ្នកនាំពាក្យ​របប​យោធា​មី​យ៉ាន​ម៉ា មិនទាន់​ធ្វើការ​អធិប្បាយ​អ្វី​អំពី​ហេតុការណ៍​ខាងលើ​នៅឡើយ។

    សារព័ត៌មាន​ក្នុងស្រុក កាលពី​ថ្ងៃទី 8 មីនា បានឱ្យដឹងថា បាតុករ 3 នាក់ ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​បាតុកម្ម​នៅ​ភាគ​ខាងជើង​ប្រទេស និង​តំបន់​វាលរាប​ទន្លេ Irrawaddy។ យោងតាម​អង្គការសហប្រជាជាតិ សកម្មភាព​របស់​ប៉ូលិស និង​កងទ័ព​មី​យ៉ាន​ម៉ា បាន​បណ្ដាលឱ្យ​មនុស្ស​ជាង 50 នាក់ ត្រូវ​បាត់បង់​ជីវិត រាប់​ចាប់ពី​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​កើតឡើង។

    មី​យ៉ាន​ម៉ា បាន​ធ្លាក់​ចូលក្នុង​ភាពវឹកវរ​ក្រោយពី​កងទ័ព​ប្រទេស​នេះ​បានធ្វើ​រដ្ឋប្រហារ និង​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ Aung San Suu Kyi រួម​នឹង​ក្រុមមន្ត្រី​ជាន់ខ្ពស់​ជាច្រើនរូប​កាលពី​ថ្ងៃទី 1 កុម្ភៈ ឆ្នាំ 2021។ បាតុកម្ម​ដែល​បាន​កើតឡើង​រយៈពេល​ជាង 1 ខែ​មកនេះ​គឺ​ដើម្បី​ស្នើឱ្យ​ដោះលែង​មនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន និង​ស្នើឱ្យ​មានការ​គោរព​លទ្ធ​ផល​នៃ​ការបោះឆ្នោត​​កាល​ពី​​ខែ​វិច្ឆិកា​ 2020 ​ដែល​កងទ័ព​ចោទថា​មាន​ការលួចបន្លំ​សន្លឹកឆ្នោត៕

    ប្រភព​៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • វៀតណាមចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 នៅថ្ងៃនេះ

    វៀតណាមចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 នៅថ្ងៃនេះ

    ព្រឹក​ថ្ងៃទី 8 មីនា​នេះ វៀតណាម​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​ក្រុមមនុស្ស​អាទិភាព​របស់​ខ្លួន​ដែល​ស្ថិតនៅក្នុង​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ រួម​មាននៅ​រដ្ឋធានី​ហាណូយ ទីក្រុង​ហូជីមិញ និង​ខេត្ត​ហៃ​ហ្សឿ​ង។

    ក្រុមមនុស្ស​ដែល​ស្ថិតក្នុង​អាទិភាព​ដំបូង​គេ មានដូចជា​ក្រុមគ្រូពេទ្យ និង​ក្រុមមនុស្ស​ដែល​ធ្វើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស Covid-19 ជាដើម។

    វៀតណាម បច្ចុប្បន្ន​មាន​វ៉ាក់សាំង​បង្ការ Covid-19 AstraZeneca ចំនួន 117,500 ដូ​ស ត្រូវបាន​ផ្គត់ផ្គង់​ដល់​ខេត្ត​ចំនួន 13 ដែល​កំពុង​រង​ផលវិបាក​ដោយសារ Covid-19 ច្រើនជាងគេ។ ក្រៅពីនេះ មាន 600 ដូ​ស ត្រូវបាន​ប្រើប្រាស់​ដើម្បី​ពិនិត្យ​គុណភាព។

    ក្រុម​អ្នក​ត្រូវ​ចាក់វ៉ាក់សាំង​ នៅ​ខេត្ត​ហៃហ្សឿង

    តាម​គម្រោង នៅក្នុង​ខែមីនា​នេះ វៀតណាម​នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន 1.3លាន​ដូ​ស​ទៀត​នៅក្នុង​កម្មវិធី Covax Facility។ ចំនួន​នេះ​នឹង​កើន​ឡើងជា​បន្តបន្ទាប់ រហូតដល់​គម្រប់ 100 លាន​ដូ​ស។

    គិត​មកដល់​បច្ចុប្បន្ន វៀតណាម មាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 2,512 នាក់ ក្នុងនោះ​មាន 1,920 នាក់​បានជា​សះស្បើយ និង 35 នាក់​បាន​បាត់​បង់ជីវិត ខណៈ 553 នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ VE
    ប្រែ​សម្រួល៖ បុត្រា

  • អ្នក​វិជ្ជមាន​ថ្មី​នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 8មីនា បាន​កើន​ឡើងដល់​ជាង 1,000នាក់ ខណៈ​ពិភព​លោក​កើន​ដល់​​ជាង​ 117​លាន​នាក់​

    អ្នក​វិជ្ជមាន​ថ្មី​នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 8មីនា បាន​កើន​ឡើងដល់​ជាង 1,000នាក់ ខណៈ​ពិភព​លោក​កើន​ដល់​​ជាង​ 117​លាន​នាក់​

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ក្នុងអំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 7 មីនា ចំនួន 24 នាក់ ដែល​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ 20កុម្ភៈ។

    ករណី​វិជ្ជមាន​ខាងលើ​រួមមាន 7 នាក់​ជា​ជនជាតិខ្មែរ និង 5 នាក់​ជា​ជនជាតិ​វៀតណាម ក្រៅពីនេះ​គឺ​សុទ្ធតែជា​ជនជាតិ​ចិន។ ក្នុង​ថ្ងៃ​ដដែល កម្ពុជា​ក៏មាន​អ្នកជា​សះស្បើយ​ថ្មី​ចំនួន 7 នាក់​ផងដែរ។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 8 ខែមីនា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 1,011 នាក់ ក្នុងនោះ​មាន 517 នាក់ បានជា​សះស្បើយ និង 493 នាក់ កំពុង​ព្យាបាល។

    នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 117,434,469 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 2,604,818 នាក់, អ្នកជា​សះស្បើយ​ចំនួន 92,941,718 នាក់ ខណៈ​អ្នក​កំពុង​ព្យាបាល មាន​ចំនួន 21,887,933 នាក់៕

    ប្រភព​៖ ក្រសួង​សុខាភិបាល​
    ដក​ស្រង់​ដោយ​៖ បុត្រា

  • អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 34នាក់​ទៀត ត្រូវបាន​រកឃើញ​ក្នុងអំឡុង 24ម៉ោង​មុននេះ

    អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 34នាក់​ទៀត ត្រូវបាន​រកឃើញ​ក្នុងអំឡុង 24ម៉ោង​មុននេះ

    កម្ពុជា​ទើបតែ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស Covid-19 ថ្មី​ចំនួន 34 នាក់​ទៀត ទន្ទឹមនឹង​ករណី​ជាសះស្បើយ​ចំនួន 19 នាក់ កាលពី​ថ្ងៃទី 6 មីនា​កន្លងទៅ។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ខាងលើ មាន 3 នាក់​ជា​ករណី​នាំចូល និង 31 នាក់​ជា​ករណី​ទាក់ទង​នឹង​ព្រឹត្តិការណ៍ 20កុម្ភៈ។ អ្នក​វិជ្ជមាន​ថ្មី​ទាំងនេះ មាន​ជនជាតិខ្មែរ 12 នាក់ និង​ជនជាតិ​វៀតណាម 2 នាក់ ក្រៅពីនេះ​គឺ​សុទ្ធតែជា​ជនជាតិ​ចិន។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 987 នាក់ ក្នុងនោះ​មាន 510 នាក់​បានជា​សះស្បើយ និង 476 នាក់​កំពុង​ព្យាបាល៕

    ប្រភព​៖ ក្រសួង​សុខាភិបាល​
    ដកស្រង់៖ បុត្រា

  • នំ​វ៉ាក់សាំង​មួយ​ប្រភេទ​ទទួល​បាន​ចំណាប់អារម្មណ៍​ច្រើន​នៅ​ហាង​មួយ​នៃ​ទីក្រុង Prague

    នំ​វ៉ាក់សាំង​មួយ​ប្រភេទ​ទទួល​បាន​ចំណាប់អារម្មណ៍​ច្រើន​នៅ​ហាង​មួយ​នៃ​ទីក្រុង Prague

    ហាង​កាហ្វេ​ឈ្មោះ Black Madonna មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​ប្រវត្តិសាស្ត្រ​របស់​រដ្ឋធានី Prague នៃ​សាធារណរដ្ឋ​ឆេ​ក កំពុង​លក់​នំ​ជាច្រើន​ប្រភេទ ក្នុងនោះ​មាន​ទាំង​នំ cake ដែលមាន​រូបរាង​ដូច​វីរុស Covid-19 និង​វ៉ាក់សាំង​ផងដែរ។

    ហាង​ខាងលើនេះ ធ្លាប់ជា​កន្លែង​មួយ​ដែល​បាន​ឧទ្ទេសនាម​នំ cake ដែលមាន​រូបរាង​ដូច​វីរុស Corona កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​នា​ឆ្នាំ 2020។ បច្ចុប្បន្ន ហាង​នេះ​មាន​លក់ «ថ្នាំ​ព្យាបាល​ជំងឺ​ឃ្លាន» ដ៏​គួរឱ្យ​ចាប់អារម្មណ៍ នោះ​គឺ​បង្អែម​លាង​មាត់​ដែលមាន​រស់ជាតិ​ស្ត្រូ​បូរី និង​ចេក និង​មាន​រូបរាង​ជា​វ៉ាក់សាំង​គួរឱ្យ​ចង់​ទទួលទាន។

    បង្អែម​នេះ​មាន​ឈ្មោះថា Vaccine Cake។ Olga Budnik ដែលជា​អ្នកធ្វើ​នំ​នេះ និយាយថា៖ «នេះ​គឺជា​បង្អែម​លាង​មាត់​ធ្វើ​អំពី​ស្រទាប់​នំ​ពង​ទា​ទន់​ស្ដើង និង​ស្នូល​ធ្វើ​អំពី​ស្ត្រូ​បូរី និង​ចេក»។

    ចំណែក​អតិថិជន​ម្នាក់​មាន​ឈ្មោះថា Tatiana Rysko និយាយថា៖ «ខ្ញុំ​បាន​ទិញ​នំ​ទាំងពីរ​ប្រភេទ នោះ​គឺ វីរុស និង​វ៉ាក់សាំង។ ខ្ញុំ​បាន​ភ្លក់​នំ​វីរុស​ហើយ ខ្ញុំ​ចូលចិត្ត​វា​ណាស់។ ខ្ញុំ​ក៏​ចង់​ភ្លក់​នំ​វ៉ាក់សាំង​វិញ​ម្ដង ខ្ញុំ​កំពុង​រង់ចាំ»៕

    ប្រភព៖ RT, Yahoo
    ប្រែសម្រួល​៖ បុត្រា

  • ទិដ្ឋភាព​បាតុកម្ម​នៅ​មី​យ៉ាន​ម៉ា ពេល​មើល​ពីលើ​មេឃ

    ទិដ្ឋភាព​បាតុកម្ម​នៅ​មី​យ៉ាន​ម៉ា ពេល​មើល​ពីលើ​មេឃ

    បណ្ដា​រូបថត​ពី​ផ្កាយរណប​បង្ហាញថា បាតុកម្ម​ប្រឆាំង​កងទ័ព​នៅ​ប្រទេស​ភូមា (មី​យ៉ាន​ម៉ា) នៅតែ​មិនទាន់​ចុះខ្សោយ​នៅឡើយ ក្រោយ​រដ្ឋប្រហារ​យោធា​ជាង​មួយខែ​មកនេះ។

    (រូប​ភាព​ខាងលើ)-បាតុករ​ប្រមូល​ផ្ដុំគ្នា​កាលពី​ថ្ងៃទី 4 មីនា នៅ​ឧទ្យាន City Park នាទី​ក្រុង Mandalay ដើម្បី​ប្រឆាំងនឹង​កងទ័ព និង​ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ Kyal Sin អាយុ 19 ឆ្នាំ ដែល​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​មុន​នោះ​មួយថ្ងៃ នៅពេល​កំពុង​ចូលរួម​ធ្វើបាតុកម្ម​នៅ Mandalay។

    អក្សរ​ពីរ​បន្ទាត់​ដែល​សរសេរថា «ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា» និង «ដោះលែង​មេដឹកនាំ​របស់​យើង» ត្រូវបាន​គេ​មើលឃើញ​យ៉ាងច្បាស់​ពី​ផ្កាយរណប​ដែល​បាន​ថត​ដងផ្លូវ​ក្នុង​ទីក្រុង Mandalay កាលពី​ថ្ងៃទី 4 មីនា។

    រូបភាព​ពី​ផ្កាយរណប​ដែល​ហ្ស៊ូ​ម​ឆ្ងាយ​ជាង​រូប​ខាងលើ​បន្តិច នៅតែ​អាច​មើលឃើញ​អក្សរ​ពីរ​បន្ទាត់​យ៉ាងច្បាស់។

    អក្សរ​មួយ​បន្ទាត់​ពណ៌​ស «សង្គ្រោះ​មី​យ៉ាន​ម៉ា​ផង» (ផ្នែក​លើ​គេ និង​នៅ​ចំ​កណ្ដាល) ត្រូវបាន​សរសេរ​នៅលើ​ឆ្នេរ​ខ្សាច់​តាម​បណ្ដោយ​ទន្លេ Irrawaddy នៅ Mandalay កាលពី​ថ្ងៃទី 4 មីនា។

    «ដោះលែង​ក្រុម​មេដឹកនាំ​របស់​យើងខ្ញុំ» គឺជា​ឃ្លា​ដែល​ត្រូវបាន​ក្រុមបាតុករ​បាញ់ថ្នាំ​នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង Yangon កាលពី​ខែកុម្ភៈ។

    រូបភាព​ពី​ផ្កាយរណប​ដែល​បានមកពី​ក្រុមហ៊ុន Maxar Technologies បង្ហាញថា មាន​ទាហាន​រាប់ពាន់នាក់ និង​រថយន្ត​ដឹក​ទាហាន​ជិត 400 គ្រឿង ត្រូវបាន​ដាក់ពង្រាយ​នៅក្បែរ​មូលដ្ឋានទ័ព​នៅ​ភាគខាងត្បូង​នៃ​រដ្ឋធានី​ណៃ​ពិដោ កាលពី​ថ្ងៃទី 4 មីនា។

    កងទ័ព​មី​យ៉ាន​ម៉ា នៅតែ​បន្ត​ដាក់ពង្រាយ​ទាហាន​ទៅកាន់​ទីក្រុងធំៗរបស់​ប្រទេស​នេះ ដើម្បី​ទប់ស្កាត់​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ។ ក្រុមបាតុករ​មី​យ៉ាន​ម៉ា ក៏​នៅតែ​ប្ដេជ្ញាចិត្ត ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលយោធា​ដដែល បើទោះជា​មាន​បាតុករ​ជាច្រើន​សិប​នាក់​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់។

    ក្រុមបាតុករ​បាន និង​កំពុង​អំពាវនាវ​ឱ្យ​កងទ័ព​ដោះលែង​ទីប្រឹក្សា​រដ្ឋ លោក Aung San Suu Kyi និង​ស្ដារ​រដ្ឋាភិបាល​ស៊ីវិល​ឡើង​វី​ញ៕

    ប្រភព៖ AFP/ Reuters/ AP
    ប្រែ​សម្រួល៖ បុត្រា

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី ចំនួន 21នាក់​ទៀត ភាគច្រើន​ជា​ជនជាតិ​ចិន

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី ចំនួន 21នាក់​ទៀត ភាគច្រើន​ជា​ជនជាតិ​ចិន

    ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 21នាក់​ទៀត ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ 20កុម្ភៈ ត្រូវបាន​រកឃើញ​អំឡុង 24 ម៉ោង​កន្លងទៅនេះ។

    ក្នុងចំណោម​អ្នកជំងឺ​ថ្មី មាន 4 នាក់​ជា​ជនជាតិខ្មែរ, 1 នាក់​ជា​ជនជាតិ​ម៉ាឡេស៊ី និង 3 នាក់​ជា​ជនជាតិ​វៀតណាម ក្រៅពីនេះ​គឺ​សុទ្ធតែជា​ជនជាតិ​ចិន។ ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅ​ក៏មាន​អ្នកជា​សះស្បើយ​ចំនួន 2 នាក់​ផងដែរ ដែលជា​ករណី​នាំចូល។ ព័ត៌មាន​លម្អិត​សូម​បន្ត​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដូចខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 6 មីនា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 953 នាក់ ក្នុងនោះ​មាន 491 នាក់​បានជា​សះស្បើយ និង 461 នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

  • សេចក្ដីព្រាងច្បាប់​ដែល​អនុញ្ញាតឱ្យ​ដាក់ពន្ធនាគារ​ចំពោះ​ជនល្មើស​ពាក់ព័ន្ធ​នឹង Covid-19 ត្រូវបាន​បញ្ជូន​ទៅកាន់​ព្រឹទ្ធសភា​រួចហើយ

    សេចក្ដីព្រាងច្បាប់​ដែល​អនុញ្ញាតឱ្យ​ដាក់ពន្ធនាគារ​ចំពោះ​ជនល្មើស​ពាក់ព័ន្ធ​នឹង Covid-19 ត្រូវបាន​បញ្ជូន​ទៅកាន់​ព្រឹទ្ធសភា​រួចហើយ

    សេចក្ដីព្រាងច្បាប់​ស្តីពី «វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត» ដែលមាន​ចែង​អំពី​ការពិន័យ​ជា​ប្រាក់ និង​ដាក់ពន្ធនាគារ​ចំពោះ​ជនល្មើស ត្រូវបាន​បញ្ជូន​ទៅកាន់​ព្រឹទ្ធសភាភ្លាមៗដើម្បី​ពិនិត្យ និង​អនុម័ត បន្ទាប់ពី​រដ្ឋសភា​បានអនុម័ត​រួចរាល់​ដោយ​ពុំមាន​សំឡេង​ជំទាស់។

    ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋសភា បានឱ្យដឹង​កាលពី​ម្សិលមិញ (5 មីនា) ថា សេចក្តីព្រាងច្បាប់​ខាងលើ ដែល​រដ្ឋសភា​ទទួលបាន​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋសភា​បានសម្រេច​អនុម័ត​ទាំងស្រុង ដោយ​សំឡេងគាំទ្រ «83 លើ 83» នៃ​សមាជិកសភា​ដែល​ចូលរួម​ប្រជុំ កាលពី​ថ្ងៃទី 5 មីនា ឆ្នាំ 2021។

    ខ្លឹមសារសំខាន់ៗនៃ​សេចក្ដីព្រាងច្បាប់​នេះ រួមមាន មាត្រា7, 8, 9 និង​មាត្រា13 ដោយបាន​ចែងថា បើ​បុគ្គល​ដែល​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចាប់ពី 6 ខែ ទៅ 3 ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី 2 លាន​រៀល​ទៅ 10 លាន​រៀល។ បើ​គេចវេះ​ពី​កន្លែង​ព្យាបាល ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចប់​ពី 1 ឆ្នាំទៅ 5 ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី 5 លាន​ទៅ 20 លាន​រៀល។ បើ​គេចវេះ​ពី​កន្លែង​ព្យាបាល ហើយ​ទៅ​ចម្លង​ដល់​អ្នកដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចាប់ពី 5 ឆ្នាំទៅ 10 ឆ្នាំ ប៉ុន្តែ​បើ​រៀបចំ​ចម្លង​តាមរយៈ​ជា​ក្រុម ឬ​អង្គការ​ចាត់តាំង ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចាប់ពី 10 ឆ្នាំទៅ 20 ឆ្នាំ។

    ក្រោយពី​រដ្ឋសភា​បានអនុម័ត​កាលពី​ថ្ងៃទី 5 មីនា សេចក្តីព្រាងច្បាប់​នេះ​ក៏បាន​បញ្ជូនទៅ​ព្រឹទ្ធសភា​រួចហើយ ដើម្បី​ពិនិត្យ និង​អនុម័ត​បន្ត។ បើសិនជា​មិនមាន​ការជំទាស់​ពី​ព្រឹទ្ធសភា នោះ​ព្រឹទ្ធសភា​នឹង​បញ្ជូន​ទៅកាន់​ព្រះមហាក្សត្រ​ពិនិត្យ និង​ឡាយព្រះហស្តលេខា​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេលឆាប់ៗខាងមុខ នេះ​បើតាម​ឯកឧត្ដម ឡេង ប៉េងឡុង៕

  • កូរ៉េខាងត្បូង៖ មនុស្ស 3នាក់​ទៀត​បាន​ស្លាប់ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19

    កូរ៉េខាងត្បូង៖ មនុស្ស 3នាក់​ទៀត​បាន​ស្លាប់ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19

    កាលពី​ថ្ងៃទី 4 ខែមីនា ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា មាន​មនុស្ស​ចំនួន 3 នាក់​ទៀត​បាន​ស្លាប់ ក្រោយ​ពី​​បាន​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca នាំឱ្យ​អ្នកស្លាប់​ក្នុងករណីនេះ​ឡើងដល់ 5 នាក់។

    ចំនួន​អ្នកស្លាប់​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​នៅ​កូរ៉េខាងត្បូង បាន​កើន​ដល់ 5 នាក់​ហើយ នេះ​បើតាម​មន្ត្រី​សុខាភិបាល​​ម្នាក់​នៅ​ខេត្ត Jeolla ខាងជើង។ មនុស្ស​ដំបូង​គេ​ក្នុងចំណោម​អ្នកស្លាប់​នេះ មាន​អាយុ 52 ឆ្នាំ ជា​អ្នកជំងឺ​ដែល​បាន​ព្យាបាល​រយៈពេល​វែង​នៅ​មន្ទីរពេទ្យ Jeonju ចម្ងាយ​ពី​ទីក្រុង​សេ​អ៊ូ​ល 243 គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង។ បុរស​ដែល​ធ្លាប់មាន​ជំងឺ​បេះដូង សរសៃឈាម​ខួរក្បាល និង​ធ្លាប់​ដាច់​សរសៃឈាម​ខួរក្បាល​នេះ បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី 4មីនា ក្រោយ​ការចាក់​វ៉ាក់សាំង​បាន​ពីរ​ថ្ងៃ។

    មនុស្ស​ទី​ពីរ​មាន​អាយុ 58 ឆ្នាំ បាន​ស្លាប់​ក្នុង​ថ្ងៃទី 4មីនា ក្រោយពី​ចាក់​វ៉ាក់សាំង​មិនទាន់បាន​មួយថ្ងៃ​ផង។ អ្នក​ទី​ពីរ​នេះ​ធ្លាប់មាន​បញ្ហា​គាំងបេះដូង និង​ជំងឺ​ទឹកនោមផ្អែម។ ចំណែក​អ្នក​ទី​បី​គឺ​នារី​វ័យ 20 ឆ្នាំ បាន​ស្លាប់​នៅក្នុង​ទីក្រុង Daejeon បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​កាលពី​ថ្ងៃទី 2 ខែមីនា។

    «ពួកគេ​ពុំមាន​ប្រតិកម្ម​អវិជ្ជមាន​នឹង​វ៉ាក់សាំង​នោះទេ» នេះ​បើតាម​មន្ត្រី​សុខាភិបាល​ម្នាក់​នៅ​ខេត្ត Jeolla ខាងជើង។ ប៉ុន្តែ​បាន​បញ្ជាក់ថា នឹង​បន្ត​សហការ​ជាមួយ​ក្រុម​អ្នកជំនាញ​អំពី​រោគ​ឆ្លង​ដើម្បី​ស្វែងយល់​អំពី​ទំនាក់ទំនង​រវាង​ករ​ណី​ស្លាប់​ជាមួយនឹង​វ៉ាក់សាំង​នេះ។

    មុន​នោះ កូរ៉េខាងត្បូង​ក៏មាន​អ្នកស្លាប់​ពីរ​នាក់ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង​របស់ AstraZeneca ក្នុងនោះ​មាន​បុរស​អាយុ 62 ឆ្នាំ​ម្នាក់​ដែលមាន​ជំងឺ​សរសៃឈាម​ខួរក្បាល និង​ស្លាប់​នៅ​ថ្ងៃទី 2 មីនា។ ចំណែក​ម្នាក់ទៀត​មាន​អាយុ 50 ឆ្នាំ ធ្លាប់មាន​ជំងឺ​បេះដូង និង​ទឹកនោមផ្អែម និង​បាន​ស្លាប់​នៅ​ថ្ងៃទី 3 មីនា។

    កូរ៉េខាងត្បូង កាលពី​សប្ដាហ៍​មុន បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19។ គិត​មកដល់​ថ្ងៃទី​បី​នៃ​យុទ្ធនាការ មាន​មនុស្ស​ជាង 85,000 នាក់ បាន​ចាក់​វ៉ាក់សាំង AstraZeneca និង​ជាង 1,500 នាក់ បាន​ចាក់​វ៉ាក់សាំង Pfizer៕

    ប្រភព៖ Yonhap
    ប្រែ​សម្រួល៖ បុត្រា

  • ធនាគារ​មួយ​នៅ​វៀតណាម អនុញ្ញាត​ឱ្យ​​អតិថិជន​យក​លេខ​ទូរស័ព្ទ​ធ្វើជា​លេខ​គណនី

    ធនាគារ​មួយ​នៅ​វៀតណាម អនុញ្ញាត​ឱ្យ​​អតិថិជន​យក​លេខ​ទូរស័ព្ទ​ធ្វើជា​លេខ​គណនី

    លេខ​គណនី​ធនាគារ​ដែល​ដូច​ទៅនឹង​លេខ​ទូរស័ព្ទដៃ ត្រូវបាន​គេ​យល់ថា មាន​ភាពងាយស្រួល​ក្នុងការ​ចងចាំ និង​មិន​បង្ក​ការលំបាក​ក្នុងការ​វេរ​លុយម្ដង។

    យោងតាម​ប្រភពព័ត៌មាន​ពី​ធនាគារ​របស់​កងទ័ព​វៀតណាម MB Bank (Vietnam’s Military Commercial Joint-Stock Bank) នៅ​ប្រទេស​វៀតណាម ក្នុង​ខែមីនា​នេះ ធនាគារ​នឹង​អនុញ្ញាតឱ្យ​អតិថិជន​ជ្រើសរើស​លេខ​គណនី​ដូច​ទៅនឹង​លេខ​ទូរស័ព្ទដៃ​របស់​ពួកគេ។

    ដូច្នេះ អតិថិជន​នឹងមិន​ចាំបាច់​ចងចាំ​លេខ​គណនី​ដ៏​វែង (13លេខ) ដូច​មុន​ទៀតហើយ ដោយ​គ្រាន់តែ​យក​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ធ្វើជា​លេខ​គណនី។ អតិថិជន​ក៏​មិនចាំបាច់​ទៅកាន់​ធនាគារ​នេះ​ដោយផ្ទាល់ ព្រោះ​អាច​ប្រើប្រាស់​កម្មវិធី (App) របស់​ធនាគារ​នេះ​នៅលើ​ទូរស័ព្ទដៃ។

    កន្លងមក ធនាគារ​របស់​កងទ័ព​វៀតណាម​មួយ​នេះ​ក៏​ធ្លាប់បាន​អនុវត្ត​កម្មវិធី​ជាច្រើន​ទាក់ទង​នឹង​លេខ​គណនីល្អៗផងដែរ​ដើម្បី​ទាក់ទាញ​អតិថិ​ច​ន។

    យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់ MB ប្រាក់​បញ្ញើ​របស់​អតិថិជន​នៅ​ធនាគារ​នេះ​កាលពី​ថ្ងៃទី 31 ខែធ្នូ 2020 មាន​ចំនួន 310,960 ពាន់​លាន​ដុង (13,392,021,032 ដុល្លារ​អាមេរិក) កើន 14% ធៀប​នឹង​ដើមឆ្នាំ។ MB Bank ចំណេញ​បាន 310,960 ពាន់​លាន​ដុង (460,296,889 ដុល្លារ​អាមេរិក) កើន 6.5% ធៀប​នឹង​ឆ្នាំ 2019៕

    ប្រភព៖ CB