Author: សឿន សំណាង

  • បន្ទាន់! ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់​នា​ថ្ងៃទី14មីនា​នេះ នៅពេល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក! រដ្ឋបាលខេត្ត​ព្រះសីហនុ​ថា ដោយសារ​បញ្ហា​សួត លំពែង និង​ឡើង​ជាតិ​ស្ករ

    បន្ទាន់! ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់​នា​ថ្ងៃទី14មីនា​នេះ នៅពេល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក! រដ្ឋបាលខេត្ត​ព្រះសីហនុ​ថា ដោយសារ​បញ្ហា​សួត លំពែង និង​ឡើង​ជាតិ​ស្ករ

    «នៅ​ថ្ងៃទី 14 មីនា 2021 វេលា​ម៉ោង 13:43នាទី​រសៀល មាន​ជនជាតិ​ចិន​ម្នាក់​បាន​បាត់​បង់ជីវិត​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ» នេះ​បើតាម​ប្រកាស​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ។

    សេចក្ដីប្រកាស​បានឱ្យដឹង​ថា ជនជាតិ​ចិន​ខាងលើ​មាន​ឈ្មោះថា RAO SHAOXING ភេទ​ប្រុស អាយុ 27 ឆ្នាំ បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី 30 ធ្នូ 2020។ បុរស​នេះ​បាន​ផ្ដើមធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​កាស៊ីណូ​មួយកន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី 26 កុម្ភៈ 2021។ បុរស​នេះ​បាន​ស្លាប់​នៅក្នុង​អំឡុងពេល និង​ទីកន្លែង​ដូចដែល​បាន​រៀបរាប់​ខាងលើ។

    តាម​ការពិនិត្យ​វាយតម្លៃ​របស់​ក្រុម​វេជ្ជបណ្ឌិត បុរស​នេះ​មាន​ជំងឺ​រលាក​លំពែង និង​សួត​រ៉ាំរ៉ៃ និង​មាន​បញ្ហា​ឡើង​ជាតិ​ស្ករ​ខ្លាំង​ផងដែរ។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​សេចក្ដីប្រកាស​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ ដែលមាន​ដូចខាងក្រោម។

    ប្រភព៖ ក្រសួង​ព័ត៌មាន​
    ដក​ស្រង់​៖ បុត្រា

  • តួលេខ​អ្នក​ឆ្លង Covid-19 នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 14មីនា 2021

    តួលេខ​អ្នក​ឆ្លង Covid-19 នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 14មីនា 2021

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 41 នាក់​ទៀត នៅក្នុង​រយៈពេល 24 ម៉ោង​នៃ​ថ្ងៃទី 13 មីនា 2021។

    អ្នក​ឆ្លង​វីរុស Covid-19 ទាំង 41 នាក់​ខាងលើ សុទ្ធតែជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ 20មីនា ក្នុងចំណោម​នេះដែរ មាន​ជនជាតិខ្មែរ 12 នាក់, ជនជាតិ​វៀតណាម 4 នាក់, ជនជាតិ​ថៃ 2 នាក់។ ក្រៅពីនេះ​គឺ​សុទ្ធតែជា​ជនជាតិ​ចិន។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏មាន​អ្នកជា​សះស្បើយ​ថ្មី​ចំនួន 24 នាក់​ផងដែរ។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 14 មីនា ឆ្នាំ 2021 នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 3,305 នាក់ ក្នុងនោះ​មាន 647 នាក់ បានជា​សះស្បើយ ខណៈ 656 នាក់​កំពុង​សម្រាក​ព្យាបាល និង 1 នាក់​បាន​ស្លាប់៕

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 39នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​​នៃ​ថ្ងៃ​ទី​12​មីនា​

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 39នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​​នៃ​ថ្ងៃ​ទី​12​មីនា​

    ជាមួយនឹង 39 នាក់​ថ្មី​នេះ កម្ពុជា បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 1,264 នាក់ ក្នុងនោះ​មាន 623 នាក់​បានជា​សះស្បើយ និង 1 នាក់​បាន​ស្លាប់ ខណៈ 639 នាក់ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ។

    39 នាក់​ដែល​ទើប​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក Covid-19 នេះដែរ ក៏​សុទ្ធតែជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ 20មីនា។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​លម្អិត​របស់​ក្រសួងសុខាភិបាល​ដែលមាន​ដូចខាងក្រោម។ ទន្ទឹមនឹង​អ្នក​ឆ្លង កម្ពុជា កាលពី​ថ្ងៃទី 12 មីនា ក៏មាន​អ្នកជា​សះស្បើយ​ចំនួន 4 នាក់​ផងដែរ។

    ដោយឡែក នៅ​ទូទាំង​ពិភពលោក តួលេខ​អ្នកស្លាប់​ដោយសារ​វីរុស​នេះ បាន​កើន​ដល់ 2,651,640 នាក់, អ្នកជា​សះស្បើយ​ចំនួន 96,253,618 នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 20,700,323 នាក់ ក្នុងចំណោម​អ្នក​វិជ្ជមាន​សរុប​ចំនួន 119,605,581 នាក់៕

  • ក្រុមហ៊ុនចិនជាច្រើន ដាក់លក់បដិមា Donald Trump ជាមួយនឹងគាថាយ័ន្ត ‘Make Your Company Great Again’

    ក្រុមហ៊ុនចិនជាច្រើន ដាក់លក់បដិមា Donald Trump ជាមួយនឹងគាថាយ័ន្ត ‘Make Your Company Great Again’

    នៅក្នុង​សប្ដាហ៍​នេះ ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ចិន បាន​បង្កឱ្យមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​នៅពេល​ដាក់លក់​ផលិតផល​ជា​រូបសំណាក Donald Trump ដែលជា​និន្នាការ​ជំនួញ «ស៊ី​ដោយសារ​គេ» ថ្មី​បំផុត ទាក់ទង​នឹង​អតីត​ប្រធានាធិបតី​អាមេរិក។

    តាមរយៈ​ទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក Taobao ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Alibaba អតិថិជន​អាច​បញ្ជា​ទិញ​រូបសំណាក​ប្រធានាធិបតី​ទី 45 របស់​សហរដ្ឋអាមេរិក​កំពុង​តាំងសមាធិ ជាមួយនឹង​តម្លៃ​ចាប់ពី 150 ដុល្លារ​អាមេរិក។ ផលិត​ផល​​នេះ​​មាន​​ពីរ​ប្រភេទ ក្នុងនោះ​មាន​មួយ​ប្រភេទ​មាន​កម្ពស់ 4.6 ម៉ែត្រ និង​មួយទៀត​កម្ពស់ 1.5 ម៉ែត្រ។

    ក្រុមហ៊ុន​ផលិត​សម្ភារ​ធ្វើ​អំពី​ឈើ Buduo ដែល​ទទួលបាន​ការវាយតម្លៃ​ផ្កាយ 5 នៅលើ​ផ្សារ​អន​ឡាញ Taobao ដាក់លក់​រូបសំណាក​នេះ​អស់​ចំនួន 36 រូប​មកហើយ ក្នុងនោះ​មាន 2 រូប​ជា​ប្រភេទ​ធំ ដែល​បង្ហាញ​ឥរិយាបថ លោក Trump គ្រង​ឈុត​អ្នកបួស ដែល​ត្រូវបាន​លក់​ក្នុងតម្លៃ​ឡើងដល់ 615 ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​សន្យាថា​នឹង​ប្រគល់ដល់ដៃ​អតិថិជន​នៅក្នុង​ខែមេសា​ខាងមុខ។ បណ្ដាញសារព័ត៌មាន Global Times ដកស្រង់​ប្រភពព័ត៌មាន​ពី​អ្នកគ្រប់គ្រង​ក្រុមហ៊ុន Buduo ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា អតិថិជន​ដែល​បាន​ជាវ​រូបសំណាក​នេះ ភាគច្រើន​ក្នុង​បំណង​កម្សាន្ត។

    រូបសំណាក​​នេះ​ត្រូវបាន​ផលិតឡើង​អំពី​វត្ថុ​ធាតុ​សេ​រ៉ា​មិ​ក ឬ​ជ័រ resin។ អម​ជាមួយនឹង​រូបសំណាក ក៏មាន​អក្សរ​មួយ​ឃ្លា​ដែល​សរសេរថា «នាំ​ក្រុមហ៊ុន​របស់​អ្នក​ត្រលប់​ទៅរក​ភាព​មហាអស្ចារ្យ​ឡើងវិញ» (‘Make Your Company Great Again’) ដែល​នេះ​គឺជា​ឃ្លា​ដែល «កែច្នៃ» ពី​ជ័យ​ឃោស​ន៍​ដ៏​ល្បីឈ្មោះ​របស់​អតីត​ប្រធានាធិបតី​អាមេរិក Donald Trump «នាំ​​សហរដ្ឋ​អាមេរិក​​ទៅរក​ភាព​មហាអស្ចារ្យ​ឡើងវិញ» (“Make America Great Again”)។

    ផលិតផល «ស៊ី​កេរ» លោក Trump ទំនងជា​នឹងមាន​ទីផ្សារ​ធំ​ទូលាយ​នៅ​ប្រទេស​ចិន។ ក្រុមហ៊ុន​ជាច្រើន កន្លង​មក​​ក៏បាន​នាំគ្នា​ដាក់លក់​ផលិតផល​ដែលមាន​អត្ថន័យ​ប្រហាក់ប្រហែល​នឹង​រូបសំណាក Donald Trump របស់ Buduo នេះដែរ។ មុននេះ ក៏មាន​ក្រុមហ៊ុន​មិនតិច​នោះទេ​ដែល​បាន​ប្រើប្រាស់​ឈ្មោះ​ដែល​ទាក់ទង​នឹង​លោក Trump នៅពេល​ពួកគេ​​​បាន​ចាប់​ផ្ដើម​​ផលិត​ និង​ដាក់លក់​ផលិតផល​ច្រើន​ប្រភេទ មាន​តាំងពី​អាវយឺត ក្រដាសអនាម័យ ឬ​អំបោស​ដែលមាន​បោះ​ពុ​ម្ភ​រូបលោក Trump ។ល។

    ប្រភព៖ SCMP
    ប្រែ​សម្រួល៖ បុត្រា

  • Biden ប្រកាសថា អាមេរិក​នឹង​​ត្រលប់​មក​​ធម្មតា​វិញ​ចាប់ពី​ខែកក្កដា

    Biden ប្រកាសថា អាមេរិក​នឹង​​ត្រលប់​មក​​ធម្មតា​វិញ​ចាប់ពី​ខែកក្កដា

    ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​ណែនាំ​ឱ្យ​បណ្ដា​រដ្ឋ ប្រញាប់​ជំរុញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 ដើម្បី​អាចឱ្យ​ប្រទេស​នេះ ត្រលប់​មករក «ប្រហាក់ប្រហែល​ធម្មតា» វិញ ចាប់ពី​ខែកក្កដា 2021។

    «មុន​ថ្ងៃទី 4 កក្កដា គ្រួសារ និង​មិត្តភក្ដិ​របស់​គ្រប់គ្នា អាច​នឹង​មានឱកាស​ជួបជុំគ្នា​នៅ​ខាងក្រោយ​សួន ឬ​ទីតាំង​ណាមួយ​ដើម្បី​ចម្អិន​អាហារ ជប់លៀង និង​ប្រារព្ធ​ពិធី​រំលឹក​ថ្ងៃ​ឯករាជ្យ» ប្រធានាធិបតី Joe Biden បាន​ថ្លែង​ដូច្នេះ​នៅ​សេត​វិមាន​កាលពី​ថ្ងៃទី 11 មីនា។

    លោក Biden អះអាងថា សហរដ្ឋអាមេរិក​អាច​ឆ្លងកាត់​ខួប​ទិវា​ឯករាជ្យ​ដូច​ធម្មតា​បាន ឬ​មិនបាន​គឺ​អាស្រ័យ​លើ​ការដែល​ពលរដ្ឋ​ភ្ញាក់រលឹក​ទៅ​ចាក់​វ៉ាក់សាំង​នៅពេល​ដល់​វេន និង​បន្ត​អនុវត្តតាម​ការណែនាំរ​បស់​ស្ថាប័ន​សុខាភិបាល​ស្ដីអំពី​ការពាក់​ម៉ាស់ ក៏ដូចជា​រក្សា​គម្លាត​សង្គម។

    លោក Biden បន្តថា ពលរដ្ឋ​អាមេរិកាំង​អាយុ​លើសពី 65 ឆ្នាំ​ជាង 70% បាន​ចាក់​វ៉ាក់សាំង​លើកទីមួយ។ លោក​ថា រដ្ឋាភិបាល​កំពុង​ដើរ​ត្រង់​ទិសដៅ ក្នុងការ​ចែកចាយ​វ៉ាក់សាំង​ចំនួន 100 លាន​ដូ​ស ក្នុងអំឡុង 60 ថ្ងៃ​ដំបូង​នៃ​ការឡើង​កាន់តំណែង​រប​ស់លោក។

    «ពុំទាន់​មាន​ប្រទេស​ណា​អាច​ធ្វើបាន​ដូច្នេះ» លោក Biden សង្កាត់​ធ្ងន់​យ៉ាងនេះ។ លោក Biden ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អាមេរិកាំង ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបានគ្រប់ៗគ្នា ដើម្បី​ឆាប់​ឱ្យ​ប្រទេសជាតិ​វិល​ប្រ​លប់​មករក​សភាព​ធម្ម​តា។

    កាលពី​ថ្ងៃទី 11 មីនា លោក Biden ក៏បាន​ចុះហត្ថលេខា​បញ្ចេញ​កញ្ចប់​ថវិកា «គម្រោង​រំដោះ​ពលរដ្ឋ​អាមេរិក» តម្លៃ 1.9 លាន​លាន​ដុល្លារ ដែល​លោក​ជា​អ្នកស្នើ ដើម្បី​ជួយ​ដល់​ប្រជាជន និង​ជំរុញ​កំណើនសេដ្ឋកិច្ច។

    យោងតាម​ទំព័រ Worldometers សហរដ្ឋអាមេរិក​បច្ចុប្បន្ន​គឺជា​សម្បុក​វីរុស Covid-19 ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​អ្នក​ឆ្លង​វីរុស​ជាង 29,990,000 នាក់ និង​ជាង 540,000 បាន​បាត់​បង់ជីវិត៕

    ប្រភព៖ Fox News
    ប្រែ​សម្រួល៖ បុត្រា

  • WHO ៖ ពុំមាន​មូលហេតុ​ដែល​ត្រូវ​ផ្អាក​ចាក់​វ៉ាក់សាំង AstraZeneca

    WHO ៖ ពុំមាន​មូលហេតុ​ដែល​ត្រូវ​ផ្អាក​ចាក់​វ៉ាក់សាំង AstraZeneca

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អះអាងថា មិនមាន​មូលហេតុ​អ្វីដែល​នាំឱ្យ​ពិភពលោក​ត្រូវ​ផ្អាក​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 របស់​ក្រុមហ៊ុន AstraZeneca (អង់គ្លេស-ស៊ុយអែដ) នោះទេ ក្រោយពី​មាន​ប្រទេសមួយ​ចំនួន​បាន​ផ្អាក​ប្រើប្រាស់​វ៉ាក់សាំង​នេះ។

    ខាងលើនេះ​គឺជា​ការលើកឡើង​របស់​លោកស្រី Margaret Harris អ្នកនាំពាក្យ​នៃ​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ថ្លែង​កាលពី​ថ្ងៃទី 12 មីនា 2021។

    ការលើកឡើង​របស់ WHO ត្រូវបាន​ធ្វើឡើង ក្រោយពី​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក ដូចជា ដា​ណឺ​ម៉ាក, ន័​រ​វែ​ស, អ៊ី​ស្លង់ ជាដើម បានប្រកាស​ផ្អាក​ការចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ដោយសារ​តែមាន​បញ្ហា​កកឈាម​លើ​មនុស្ស​មួយចំនួន​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​នេះ។ ប្រទេស​ថៃ កាលពី​ម្សិលមិញ​ក៏បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​ដែល​ផ្អាក​ការចាក់​វ៉ាក់សាំង​នេះដែរ។

    លោកស្រី Margaret Harris អ្នកនាំពាក្យនៃអង្គការសុខភាពពិភពលោក

    ក៏ប៉ុន្តែ រដ្ឋាភិបាល​នៃ​ប្រទេស​ជាច្រើន នៅតែ​បន្ត​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca ដោយ​យល់ថា ផលប្រយោជន៍​ដែល​វ៉ាក់សាំង​នេះ​នាំមក​គឺ​ធំធេង​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ហានិភ័យ។

    យោងតាម​ស្ថិតិ​ពី​អង្គភាព​ចាក់​វ៉ាក់សាំង​នានា​នៅ​អឺរ៉ុប នៅក្នុង​ចំណោម​មនុស្ស​ប្រមាណ​ជា 5 លាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង AstraZeneca មាន​មនុស្ស​ប្រហែល 30 នាក់​ប៉ុណ្ណោះ​ដែល​ជួប​បញ្ហា​កកឈាម។ អត្រា​នេះ​មិន​ស្ថិត​នៅក្រៅ​ការ​ព្យាករ​អំពី​ហានិភ័យ​នោះទេ។

    វ៉ាក់សាំង​បង្ការ Covid-19 ដែល​ត្រូវបាន​ក្រុមហ៊ុន AstraZeneca សហការ​អភិវឌ្ឍ​ជាមួយនឹង​សាកលវិទ្យាល័យ Oxford ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​ជាបន្ទាន់ និង​ប្រើប្រាស់​នៅក្នុង​ប្រទេស​ជាង 50 ក្នុងនោះ​មាន​ទាំង​អង់គ្លេស និង​សហភាព​អឺរ៉ុប (EU) ផងដែរ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • ព្រះមហាក្សត្រ​កម្ពុជា ប្រោស​ព្រះរាជទាន 200,000ដុល្លារ​អាមេរិក​ សម្រាប់​សកម្មភាព​ទប់​ស្កាត់ Covid-19

    ព្រះមហាក្សត្រ​កម្ពុជា ប្រោស​ព្រះរាជទាន 200,000ដុល្លារ​អាមេរិក​ សម្រាប់​សកម្មភាព​ទប់​ស្កាត់ Covid-19

    ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន ព្រះរាជ​ទ្រព្យ ចំនួន 200,000 ដុល្លារ​អាមេរិក ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ចូលរួម​សកម្មភាព​ទប់ស្កាត់​ការឆ្លង​រាលដាល់​នៃ​វីរុស Covid-19 នៅ​កម្ពុជា។

    ព័ត៌មាន​ខាងលើនេះ ត្រូវបាន​ចុះផ្សាយ​ដោយ​ក្រសួង​ព័ត៌មាន​​នៃ​ព្រះ​រាជាណា​ចក្រ​​កម្ពុជា នា​រសៀល​ថ្ងៃទី 12 ខែ​មីនា ឆ្នាំ​ 2021។

    ព្រះមហាក្សត្រ​កម្ពុជា កាលពី​ឆ្នាំ 2020 ក៏​ធ្លាប់បាន​ប្រទាន​ព្រះរាជ​ទ្រព្យ​ចំនួន 100,000 ដុល្លារ​អាមេរិក​ម្ដង​រួចហើយ​ដែរ ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់ធ្វើ​សកម្មភាព​ទប់ស្កាត់​បញ្ហា Covid-19។ នេះ​បើតាម​សារលិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ចុះ​ថ្ងៃទី19 ខែមីនា ឆ្នាំ2020៕

  • ផ្សារ​វិហារ​សួគ៌​នៃ​ខេត្តកណ្ដាល ត្រូវបាន​បិទ​បណ្ដោះអាសន្ន បន្ទាប់ពី​អ្នក​ផ្ទុក Covid-19 ម្នាក់ បាន​ចូលក្នុង​ផ្សារ​នេះ

    ផ្សារ​វិហារ​សួគ៌​នៃ​ខេត្តកណ្ដាល ត្រូវបាន​បិទ​បណ្ដោះអាសន្ន បន្ទាប់ពី​អ្នក​ផ្ទុក Covid-19 ម្នាក់ បាន​ចូលក្នុង​ផ្សារ​នេះ

    ផ្សារ​វិហារ​សួគ៌​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន ដោយសារ​អ្នក​វិជ្ជមាន​នឹង Covid-19 ម្នាក់​បាន​ចូល​មកលេង​បងប្អូន​ក្នុង​ផ្សារ​នេះ។

    ដំណឹង​ខាងលើនេះ ត្រូវបាន​លោក ប៊ុន ផេង អភិបាល​នៃ​គណ:អភិបាលស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ឱ្យដឹង​នៅ​ថ្ងៃទី 12 មីនា 2021 នេះ។ លោក​ចៅ​ហ្វា​ល​ស្រុក​រូបនេះ​ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​ខាងលើ សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​បង្ការ​ប​ញ្ហា​ឆ្លង​រាលដាល​ឱ្យទាន់ពេល​ផងដែរ។

    គិត​ត្រឹម​ថ្ងៃទី 12 មីនា 2021 នេះ ខេត្តកណ្ដាល មាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 73 នាក់ ក្នុងនោះ​មាន 69 នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ និង 4 នាក់ បានជា​សះស្បើយ។

    នៅ​ទូទាំងប្រទេស មាន​អ្នក​វិជ្ជមាន​នឹង​វីរុស​នេះ​សរុប​ចំនួន 1,225 នាក់ ក្នុងនោះ​មាន 619 នាក់​បានជា​សះស្បើយ ខណៈ 1 នាក់​បាន​ស្លាប់ និង 604 នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

  • ករណី​កុមារ​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់ ត្រូវ​មិត្ត​រួម​ថ្នាក់​គំរាម​ឱ្យ​ផឹកទឹក​នោម កំពុង​ត្រូវបាន​ស៊ើបអង្កេត

    ករណី​កុមារ​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់ ត្រូវ​មិត្ត​រួម​ថ្នាក់​គំរាម​ឱ្យ​ផឹកទឹក​នោម កំពុង​ត្រូវបាន​ស៊ើបអង្កេត

    ប៉ូលិស​រដ្ឋ Texas នៃ​សហរដ្ឋអាមេរិក បាន​បើក​ការស៊ើបអង្កេត​លើ​បណ្ដឹង​ចោទប្រកាន់​មួយ​ករណី​ស្ដីអំពី​កុមារ​ស្បែក​ខ្មៅ​ម្នាក់​ដែល​រៀន​នៅ​សាលា​មធ្យមសិក្សា ត្រូវបាន​មិត្ត​រួម​ថ្នាក់​ធ្វើបាប​យ៉ាង​ព្រៃផ្សៃ ព្រមទាំង​បង្ខំ​ឱ្យ​ផឹក​ទឹកនោម​ទៀតផង ទាក់ទង​នឹង​បញ្ហា «ប្រកាន់ពូជសាសន៍»។

    យោងតាម​សារព័ត៌មាន​អង់គ្លេស Daily Mail កាលពី​ថ្ងៃទី 10 មីនា 2021 ប៉ូលិស​ក្រុង Plano នៃ​រដ្ឋ Texas ឱ្យដឹងថា ពួកគេ​កំពុង «ញាប់ដៃ ញាប់ជើង» ស៊ើបអង្កេត​ករណី​សិស្ស​ថ្នាក់​ទី 8 ម្នាក់ ឈ្មោះ SeMarion Humphrey ត្រូវ​សង្ស័យថា ត្រូវបាន​មិត្ត​រួម​ថ្នាក់​ធ្វើបាប​យ៉ាង​អាណោចអាធម្ម។

    ការស៊ើបអង្កេត​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​នាង Summer Smith ដែលជា​ម្ដាយ​របស់​កុមារ SeMarion បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ខាងក្រៅ​សាលា​មធ្យមសិក្សា Haggard ដោយ​ស្នើឱ្យ​ក្រុម​អាណាព្យាបាល និង​សិស្ស​ដែល​ពាក់ព័ន្ធ​នឹង​ករណីនេះ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​អំពើហិង្សា​របស់កូនៗពួកគេ។

    Smith ឱ្យដឹងថា កូនប្រុស​របស់​នាង ត្រូវបាន​គេ​សម្លុត​គំរាម និង​រំខាន​នៅឯ​សាលា Haggard ក្នុងអំឡុង 2 ឆ្នាំ​កន្លងទៅនេះ។ ប៉ុន្តែ ហេតុការណ៍​បាន​ធ្ងន់ធ្ងរ​ដល់​ចំណុចកំពូល​កាលពី​ថ្ងៃទី 12 កុម្ភៈ 2021 នៅពេល SeMarion ត្រូវបាន​មិត្ត​រួម​ថ្នាក់​ម្នាក់​អញ្ជើញ​ឱ្យចូល​រួម​ពិធីជប់លៀង និង​គេង​នៅ​ទីនោះ។ កុមារ​រងគ្រោះ​នេះ មិន​បានដឹង​ទាល់តែសោះ​ថា មិត្ត​រួម​ថ្នាក់​មួយចំនួន​ដែល​ធ្លាប់បាន​ធ្វើបាប​ខ្លួន នឹងចូលរួម​ពិធី​នោះ។

    ក្នុង​យប់នោះ Smith និយាយថា កូនប្រុស​របស់​នាង​ត្រូវគេ​បង្អាប់​ដោយ​ពាក្យ​គ្រោតគ្រាត​បំផុត។ សិស្ស​មួយចំនួន​ថែមទាំង​បាន​យក​កាំភ្លើង​ជ័រ បាញ់​ទៅលើ SeMarion។ ក្នុង​វីដេអូ​មួយ​បាន​បង្ហាញថា កុមារ​រូបនេះ ថែមទាំង​ត្រូវ​ទះកំផ្លៀង​ទៀតផង។

    អ្វីដែល​សាហាវ​ជាងគេ នោះ​គឺ​សកម្មភាព​នៅក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​ចែករំលែក​នៅលើ​បណ្ដាញ​សង្គម បង្ហាញថា SeMarion ត្រូវបាន​បង្ខំ​ឱ្យ​ផឹកទឹក​មួយ​ប្រភេទ ដែល​វា​ទំនងជា​ទឹកនោម ដែល​ដាក់​នៅក្នុង​កែវ​ក្រដាស​មួយ ខណៈដែល​នៅ​ជុំវិញ មាន​សំឡេង​សើច​កងរំពង។

    ដំបូង​ឡើយ SeMarion មិន​ហ៊ាន​និយាយប្រាប់​អ្នកណា​អំពី​អ្វីដែល​បានកើត​ឡើង​កាលពី​យប់នោះ ដោយសារ​តែមាន​គេ​គំរាមថា​នឹង​វាយ​ធ្វើបាប។

    SeMarion មិនបាន​ត្រលប់​ទៅ​សាលា​អស់​រយៈពេល​ជាង​មួយ​សប្ដាហ៍ ដោយសារតែ​ព្រឹល​ធ្លាក់​ខ្លាំង។ ប៉ុន្តែ វីដេអូ​ដែល​បង្ហាញថា SeMarion ត្រូវ​មិត្ត​រួម​ថ្នាក់​បង្ខំ​ឱ្យ​ផឹក​ទឹកនោម ត្រូវបាន​គេ​ចែករំលែកតៗគ្នា​ពេញ​បណ្ដាញ​សង្គម​នៅក្នុង​អំឡុង​ពេលនោះ។

    ក្រោយពី​ត្រលប់មក​សាលា​វិញ សិស្ស​ម្នាក់​បាន​សួរ SeMarion ថា តើ​ត្រូវគេ​បង្ខំ​ឱ្យ​ផឹកទឹក​នោម​មែន ឬទេ។ ពេលនេះ SeMarion គ្រាន់តែ​ឆ្លើយថា មិន​ចាំ​ហេតុការណ៍​នោះទេ។ មកដល់​សប្ដាហ៍​កន្លង​ទៅ ទើប SeMarion រៀបរាប់​ហេតុការណ៍​គ្រប់យ៉ាង ប្រាប់​នាយក​សាលា​របស់ខ្លួន បន្ទាប់ពី​ក្រុមមន្ត្រី​នៅ​សាលារៀន​បានដឹង​អំពី​វីដេអូ​នោះ។

    កុមារារងគ្រោះ

    នៅក្នុង​សេចក្ដីប្រកាស​មួយ​កាលពី​ថ្ងៃទី 5 មីនា Sara Bonser ដែលជា​អ្នកគ្រប់គ្រង​សាលា​នៃ​តំបន់ Plano បានឱ្យដឹងថា ភ្លាមៗនោះ ពួកគេ​បាន​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ។

    «ហេតុការណ៍​យ៉ាង​ដូច្នេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ស​ហគ​មន៍​របស់​យើង។ ខ្ញុំ​ចង់ឱ្យ​សហគមន៍​របស់​យើង​ដឹងថា Plano នឹងមិន​អត់ឱន​ឱ្យ​ទង្វើ​គំរាមកំហែង ឬ​រំខាន​នានា​ជាដាច់ខាត» Bonser បញ្ជាក់។

    ក្រុមមន្ត្រី​អប់រំ​របស់​សាលា​បានឱ្យដឹងថា ពួកគេ​កំពុងធ្វើការ​ជាមួយ «សិក្សា​នុ​សិស្ស​ដែល​ពាក់ព័ន្ធ រួម​នឹង​អាណាព្យាបាល​របស់​ពួកគេ​ផងដែរ» ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

    មេធាវី Cole តំណាងឱ្យ​គ្រួសារ SeMarion បានឱ្យដឹងថា គ្រួសារ​ជនរងគ្រោះ​មានបំណង​ប្ដឹង​ពីបទ​ព្រហ្មទណ្ឌ​ចំពោះ​សិស្ស​ទាំងឡាយ​ដែល​បាន​ប្រើ​អំពើហិង្សា​មកលើ SeMarion។

    «នេះ​មិនមែនជា​ទោស​ស្រាល​នោះទេ តែ​វា​មាន​លក្ខណ​ធ្ងន់ធ្ងរ។ ដែល​ហៅ​វា​ថា​ជា​សកម្មភាព​សម្លុត​គំរាម​គឺ​គ្រាន់តែ​ដើម្បី​កាត់បន្ថយ​ទម្ងន់ទោស​នៃ​អំពើហិង្សា​នេះ​តែប៉ុណ្ណោះ»៕

    ប្រភព៖ Daily Mail
    ប្រែ​សម្រួល៖ បុត្រា

  • អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ពន្យល់​បន្ថែម​អំពី​ករណី​ស្លាប់​ដំបូង​ដោយសារ Covid-19 នៅ​កម្ពុជា

    អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ពន្យល់​បន្ថែម​អំពី​ករណី​ស្លាប់​ដំបូង​ដោយសារ Covid-19 នៅ​កម្ពុជា

    លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ថ្លែងថា ករណី​ស្លាប់​ដោយសារ Covid-19 ជា​លើកដំបូង​នៅ​កម្ពុជា គឺ​បណ្ដាលមកពី​សួត​ត្រូវ​រង​ការខូចខាត​ធ្ងន់ធ្ងរ។

    រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល​កម្ពុជា លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន មានប្រសាសន៍កាល​ពី​ថ្ងៃទី 11​ មីនា​ថា អ្នកជំងឺ Covid-19 ខាងលើ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ព្យាបាល​អស់ពី​លទ្ធភាព​ហើយ មុននឹង​បាត់បង់​ជីវិត។ ការថត​សួត​មុនពេល​ស្លាប់​បាន​បង្ហាញថា សួត​ទាំងសងខាង​របស់​អ្នកជំងឺ​នេះ ត្រូវ​ខូចខាត​ធ្ងន់​ធ្ងន់ បណ្ដាលឱ្យ​ខ្វះ​អុកស៊ីហ្សែន ព្រោះតែ​វីរុស​វាយលុក​ខ្លាំង។

    លោកជំទាវ​បន្តថា អាការ​របស់​អ្នកជំងឺ​នេះ តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម ជា​ឧបករណ៍​ទំនើប​ដែល​អាចជួយ​អូសបន្លាយ​អាយុជីវិត​របស់​អ្នកជំងឺ ក្នុងអំឡុងពេល​ព្យាបាល។ ក៏ប៉ុន្តែ ដោយសារ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ អ្នកជំងឺ​ក៏បាន​បាត់បង់​ជីវិត។

    សូម​រំលឹកថា អ្នកស្លាប់​ដោយសារ​វីរុស Covid-19 ដំបូង​គេ​នៅ​កម្ពុជា គឺជា​បុរស​ម្នាក់​ស្នាក់​នៅក្នុង​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ។ អ្នកជំងឺ​នេះ​បាន​ស្លាប់​កាលពី​ថ្ងៃទី 11 មីនា 2021 នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត៕

    ប្រភព៖ ក្រសួង​ព័ត៌មាន
    ដកស្រង់​ដោយ៖ បុត្រា