Author: សឿន សំណាង

  • តួលេខ​អ្នក​ឆ្លង Covid-19 នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 19មីនា 2021

    តួលេខ​អ្នក​ឆ្លង Covid-19 នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 19មីនា 2021

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 37នាក់​ទៀត នៅក្នុង​អំឡុង 24ម៉ោង​នៃ​ថ្ងៃទី 18មីនា ទន្ទឹម​នឹងមាន​ករណី​ជាសះស្បើយ​ចំនួន 19នាក់។

    អ្នក​ដែល​បាន​ឆ្លង​វីរុស Covid-19 ចំនួន 37នាក់ និង​​អ្នក​បាន​ជាសះស្បើយ​ចំនួន 19នាក់​ខាងលើនេះ សុទ្ធតែ​ពាក់ព័ន្ធ​នឹង «ព្រឹត្តិការណ៍​សហគមន៍20កុម្ភៈ»។ ព័ត៌មាន​លម្អិត សូម​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដូចខាងក្រោម។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 1,578នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 917នាក់, ស្លាប់ 1នាក់ និង​កំពុង​ព្យាបាល​ចំនួន 658នាក់៕





    ប្រភព​៖ ក្រសួង​សុខាភិបាល​
    ដក​ស្រង់​ដោយ​៖ បុត្រា

  • ​ក្បួន​រថយន្ត​របស់​ប៉ូលិស​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​ក្រុម​ឧក្រិដ្ឋ​ជន​​វាយឆ្មក់ បណ្ដាលឱ្យ​មនុស្ស 13នាក់​បាត់​បង់ជីវិត

    ​ក្បួន​រថយន្ត​របស់​ប៉ូលិស​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​ក្រុម​ឧក្រិដ្ឋ​ជន​​វាយឆ្មក់ បណ្ដាលឱ្យ​មនុស្ស 13នាក់​បាត់​បង់ជីវិត

    ក្បួន​រថយន្ត​របស់​ប៉ូលិស​នៅក្នុង​រដ្ឋ​ភាគ​កណ្ដាល​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​ក្រុម​ខ្មាន់កាំភ្លើង​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន លួច​វាយប្រហារ​កាលពី​ថ្ងៃទី 18 មីនា នាំឱ្យមាន​មនុស្ស​យ៉ាងតិច 13 នាក់​បាន​ស្លាប់។

    ក្បួន​រថយន្ត​ល្បាត​របស់​ប៉ូលិស​ត្រូវ​រង​ការវាយប្រហារ​នៅ​ទីក្រុង Coatepec Harinas រដ្ឋ Mexico ក្នុង​គ្រា​ដែល​កំពុង​អនុវត្ត​ច្បាប់​សំដៅលើ​ក្រុម​ប្រដាប់អាវុធ​ខុសច្បាប់​នៅក្នុង​តំបន់។ ជនរងគ្រោះ រួមមាន ប៉ូលិស​ចំនួន 8 នាក់ និង​ក្រុម​អ្នកស៊ើប​អង្កេត​មកពី​ការិយាល័យ​រដ្ឋអាជ្ញា​ស្រុក​ចំនួន 5 នាក់។ នេះ​បើតាម​ស្ថាប័ន​សន្តិសុខ​របស់​រដ្ឋ Mexico។

    «ក្បួន​រថយន្ត​កំពុងធ្វើកា​រ​ល្បាត​ក្នុង​តំបន់ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ល្បើ​ស​ច្បាប់​ដែល​ធ្វើ​សកម្មភាព​ក្នុង​តំបន់។ នេះ​គឺជា​ការវាយប្រហារ​មក​លើ​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក។ យើង​នឹង​ឆ្លើយតប​ដោយ​កងកម្លាំង​គ្រប់​ប្រភេទ» លោក Rodrigo Martinez Celis មេដឹកនាំ​អង្គភាព​សុវត្ថិភាព​សាធារណៈ​របស់​រដ្ឋ ឱ្យដឹង​ដូច្នេះ។

    នេះ​គឺជា​ការវាយប្រហារ​ធំ​បំផុត​សំដៅលើ​កងកម្លាំង​អនុវត្ត​ច្បាប់​នៅ​ម៉ិ​ក​ស៊ិ​ក រាប់​ចាប់ពី​ខែតុលា 2019 ដែល​កាលណោះ មាន​ប៉ូលិស​ចំនួន 14 នាក់​បាន​ស្លាប់​នៅក្បែរ​រដ្ឋ Mexico បន្ទាប់ពី​ត្រូវបាន​ក្រុម​ខ្មាន់កាំភ្លើង​លួច​បាញ់ប្រហារ។

    ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​កាល​ពី​ថ្ងៃទី 18​ មីនា 2021

    បច្ចុប្បន្ន ក្រុម​ជនដៃដល់​ខាងលើ មិនទាន់​ត្រូវបាន​វែកមុខ​នៅឡើយ ខណៈ​សមត្ថកិច្ច​កំពុង​ស្វែងរក ដោយមាន​ជំនួយ​ពី​ទាហានជើងគោក ទាហាន​ម៉ា​រី​ន និង​កងកម្លាំង​ការពារជាតិ។

    រដ្ឋ Mexico ដែល​នៅជាប់​នឹង​រដ្ឋធានី ត្រូវបាន​គេ​ចាត់ទុកថា​ជា​កន្លែង​ដែលមាន​អំពើហិង្សា​ច្រើនជាងគេ​បំផុត​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដោយសារ​វត្តមាន​របស់​ក្រុម​ឧក្រិដ្ឋជន​ជាច្រើន​ក្រុម។

    ការវាយប្រហារ​ខាងលើ ទំនងជា​ត្រូវបាន​ធ្វើឡើង​ដើម្បី​រារាំង​កិច្ចការ​របស់​ប្រធានាធិបតី Andrés Manuel López Obrador ដែល​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ​បោសសម្អាត ដែល​ប្រឈមមុខ​នឹង​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ដោយផ្ទាល់ ដើម្បី​កាត់បន្ថយ​អំពើហិង្សា​នៅ​ប្រទេស​នេះ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថិតិ​សង្ខេប​ស្ដីពី Covid-19 គិត​ត្រឹម​ម៉ោង 6កន្លះ​ព្រឹក​ថ្ងៃទី 19មីនា 2021៖ ពិភពលោក​មាន​អ្នក​វិជ្ជមាន​ជាង 122​​លាន​​នាក់

    ស្ថិតិ​សង្ខេប​ស្ដីពី Covid-19 គិត​ត្រឹម​ម៉ោង 6កន្លះ​ព្រឹក​ថ្ងៃទី 19មីនា 2021៖ ពិភពលោក​មាន​អ្នក​វិជ្ជមាន​ជាង 122​​លាន​​នាក់

    យោងតាម​គេហទំព័រ Worldometers ក្នុង​រយៈពេល 24 ម៉ោង​នៃ​ថ្ងៃទី 18 មីនា 2021 ពិភពលោក​បាន​រកឃើញ​​ករណី​ឆ្លង Covid-19 ជាង 517,000 នាក់ និង​ស្លាប់​ជាង 9,690 នាក់ ខណៈ​តួលេខ​វិជ្ជមាន​សរុប​កើន​ឡើងដល់​ជាង 122,343,500 នាក់ ក្នុងនោះ​មាន​ជាង 2,702,000 នាក់​បាន​ស្លាប់ និង 21,008,244 នាក់ កំពុង​ព្យាបាល។

    ក្នុង​ថ្ងៃទី 18 មីនា មាន​ប្រទេស​ចំនួន 3 ដែល​បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ច្រើនជាងគេ រួមមាន ប្រេ​ស៊ី​ល (ជាង 80,380 នាក់), សហរដ្ឋអាមេរិក (ជាង 57,200 នាក់) និង​ឥណ្ឌា (ជាង 39,640 នាក់)។

    ចំណែក​ប្រទេស​ដែលមាន​អ្នកជំងឺ Covid-19 ស្លាប់​ច្រើនជាងគេ​ក្នុងអំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 18 មីនា រួមមាន ប្រទេស​ប្រេ​ស៊ី​ល (2,363 នាក់), សហរដ្ឋអាមេរិក (1,515 នាក់) និង​ម៉ិ​ក​ស៊ិ​ក (789 នាក់)៕

    ប្រភព៖ Worldometers
    ប្រែ​សម្រួល៖ បុត្រា

  • ប្រធានាធិបតី​ប្រទេស​តង់​សានី លោក John Pombe Magufuli ​ទទួល​មរណ​ភាព

    ប្រធានាធិបតី​ប្រទេស​តង់​សានី លោក John Pombe Magufuli ​ទទួល​មរណ​ភាព

    ប្រភពព័ត៌មាន​ពី​អាហ្វ្រិក បានឱ្យដឹងថា នា​ថ្ងៃទី 18 មីនា 2021 នេះ អនុ​ប្រធានាធិបតី​នៃ​ប្រទេស តង់​សានី (Tanzania) លោក Samia Suluhu Hassan បានប្រកាសថា ប្រធានាធិបតី John Pombe Magufuli នៃ​ប្រទេស​នេះ បានទទួល​មរណភាព​ទៅហើយ។

    អនុ​ប្រធានាធិបតី​បាន​បញ្ជាក់ថា លោក John Pombe Magufuli បានទទួល​មរណភាព​នៅវេលា​ម៉ោង 18 នៃ​ថ្ងៃទី 17 មីនា 2021 (ម៉ោង 21 ថ្ងៃទី 17 មីនា នៅ​កម្ពុជា) នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Dar es Salaam នៃ​ប្រទេស​តង់​សានី ដោយសារ​ជំងឺ​បេះដូង។

    លោក Samia Suluhu Hassan បានឱ្យដឹងថា ប្រទេស​នេះ​នឹង​បង្ហូតទង់ជាតិ​ពាក់កណ្ដាល​ដង​ក្នុង​រយៈពេល 14 ថ្ងៃ ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​សព​លោក​ប្រធានាធិបតី John Pombe Magufuli។

    ផែន​នៃ​ប្រទេស​តង់សានី

    លោក John Pombe Magufuli អាយុ 61 ឆ្នាំ គឺជា​ប្រធានាធិបតី​ទី 5 របស់​សហ​សាធារណ​⁠​រដ្ឋ​តង់​សានី (United Republic of Tanzania) ចាប់ពី​ឆ្នាំ 2015 ដល់​បច្ចុប្បន្ន៕

    ប្រភព៖ AP
    ប្រែ​សម្រួល៖ បុត្រា

  • មហា​សេដ្ឋី​​ Jack Ma ត្រូវ​អ្នកជំនាន់ក្រោយ «លោត​កាត់មុខ»! ​ក្រុម​ហ៊ុន​ Pinduoduo មាន​អាយុ​ទើបតែ 5ឆ្នាំ ប៉ុន្តែ មាន​អ្នកប្រើប្រាស់​ច្រើនជាង Alibaba ទៅទៀត

    មហា​សេដ្ឋី​​ Jack Ma ត្រូវ​អ្នកជំនាន់ក្រោយ «លោត​កាត់មុខ»! ​ក្រុម​ហ៊ុន​ Pinduoduo មាន​អាយុ​ទើបតែ 5ឆ្នាំ ប៉ុន្តែ មាន​អ្នកប្រើប្រាស់​ច្រើនជាង Alibaba ទៅទៀត

    ក្នុងពេលដែល Alibaba កំពុងតែ​រក​វិធី​ចាកចេញ​ឱ្យ​ផុតពី​បញ្ហា​ដែល​មហាសេដ្ឋី Jack Ma បាន​បង្កឡើង ពួកគេ​ក៏ត្រូវ​ក្រុមហ៊ុន​ជំនាន់​ថ្មី​យកឈ្នះ​ពេញ​មួយ​ទំហឹង នោះ​គឺ​ក្រុមហ៊ុន Pinduoduo។

    ប្រធាន​របស់​ក្រុមហ៊ុន Pinduoduo ទើបតែ​បានប្រកាសថា​នឹង​ចាក​ចេញពី​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​នេះ ដើម្បី​កាត់បន្ថយ​សិទ្ធិអំណាច​ក្នុងការ​គ្រប់គ្រង​នៅក្នុង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដែល​កំពុង​រីកចម្រើន​ឆាប់រហ័ស​ជាងគេ​នៅ​ប្រទេស​ចិន​នាបច្ចុប្បន្ន។ ប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​ស្របពេល​ដែល​ក្រុមហ៊ុន Pinduoduo ប្រកាសថា តួលេខ​អ្នកប្រើប្រាស់​របស់​ក្រុមហ៊ុន បាន​កើនឡើង​លើសពី Alibaba ទៅទៀត។

    តំណែង​ប្រធាន​ក្រុមហ៊ុន​របស់​ស្ថាបនិក Colin Huang នឹងត្រូវ​បាន​ជំនួស​ដោយ Lei Chen ជា​អ្នក​កំពុងកាន់​កាប់​តំណែង CEO របស់​ក្រុមហ៊ុន។ ដូច្នេះ លោក Huang ទំនងជា​ដកខ្លួន​ចេញពី​ក្រុមហ៊ុន​នេះ ជា​កន្លែង​ដែល​ជួយ​ឱ្យ​លោក​ក្លាយជា​អ្នកមាន​លំដាប់​ទី​បី​នៅ​ប្រទេស​ចិន។ កាលពី​ឆ្នាំទៅ លោក Huang ក៏បាន​ដកខ្លួន​ចេញពី​តំណែង CEO ផងដែរ។

    Huang បាន​ប្រឹងប្រែង​ក្នុងការ «បំប៉ន» ដល់​អ្នក​បន្តវេន​រប​ស់​ខ្លួន​គឺ​លោក Lei Chen ដោយ​កិច្ច​ការដែល​អាចឆ្លើយតប​នឹង​ល្បឿន​នៃ​ការរីកចម្រើន​របស់​ក្រុមហ៊ុន។ ចំណូល​នៅក្នុង​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ 2020 របស់​ពួកគេ បាន​កើន 146% និង​ឡើងដល់ 4.1 ពាន់​លាន​ដុល្លារ​អាមេរិក។ កំណើន​នេះ​គឺ​ខ្ពស់ជាង​ច្រើនដង​បើ​ធៀប​នឹង Alibaba និង JD.com ដោយសារតែ​តម្រូវការ​នៃ​ទីផ្សារ​បន្លែ​ផ្លែឈើ និង​កំណើន​នៃ​អ្នកប្រើប្រាស់​នៅក្នុង​បណ្ដា​ទីក្រុង​ដែល​មិនសូវមាន​ការអភិវឌ្ឍ​ខ្លាំង ចាប់ផ្ដើម​ចូលរួម​ទិញដូរ​តាម​អន​ឡាញ។

    CEO របស់​ក្រុម​ហ៊ុន​ Pinduoduo លោក​ Lei Chen

    លោក Huang បានធ្វើ​ឱ្យមាន​ចំណាប់អារម្មណ៍​ច្រើន​នៅ​ប្រទេស​ចិន ជាមួយនឹង​ការបង្កើតបាន​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ 57 ពាន់​លាន​ដុល្លារ​អាមេរិក រួម​នឹង​ក្រុមហ៊ុន​មួយ​ដែលមាន​តម្លៃ​មូលធន​ទីផ្សារ​ឡើងដល់ 180 ពាន់​លាន​ដុល្លារ។ មូល​ប​ត្រ Pinduoduo បាន​កើន​ជាង 4 ដង កាលពី​ឆ្នាំ 2020 និង​បាន​ឡើងដល់​ចំណុចកំពូល​កាលពី​ថ្ងៃទី 17 កុម្ភៈ 2021 បើទោះជា​ក្រោយ​មកវា​បាន​ថយចុះ​បន្តិច​ក៏ដោយ។

    ចំនួន​អ្នកប្រើប្រាស់​ប្រចាំឆ្នាំ​របស់ Pinduoduo បាន​កើន​ឡើងដល់ 788 លាន​នាក់ គិត​ត្រឹម​ខែធ្នូ 2020 ច្រើនជាង​បន្តិច​បើ​ធៀប​នឹង 779 លាន​នាក់​របស់ Alibaba។ នៅក្នុង​ពិធីបុណ្យ​និ​ទាឃ​រដូវ​កន្លងទៅ តួលេខ​អ្នក​ចូល​ប្រើប្រាស់​របស់​ក្រុម​ហ៊ុន​ Pinduoduo ពេលខ្លះ​បាន​កើនឡើង​ច្រើនជាង Taobao ទៅទៀត។

    អត្រាកំណើន​ប្រចាំត្រីមាស បាន​ឡើងដល់ 57% ខណៈ​តម្លៃ​សរុប​នៃ​ទំនិញ​ដែល​ត្រូវបាន​ជួញដូរ​ក្នុង​រយៈពេល 12 ខែ គិត​មកដល់​ត្រឹម​ចុងខែ​ធ្នូ 2020 របស់ Pinduoduo បាន​កើន 66% និង​មានតម្លៃ​សរុប 1.67 ពាន់​លាន​យន់ (256,828,000 ដុល្លារ​អាមេរិក)។ Pinduoduo កំពុងតែ​តម្រង់​ទិសដៅ​ក្លាយជា​អ្នកលក់​បន្លែ​ផ្លែឈើ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា

  • តៃវ៉ាន់​ធ្វើ​ទំនើបកម្ម​យន្តហោះ​ចម្បាំង F-16 ចំនួន 42គ្រឿង ឱ្យទៅជា F-16V

    តៃវ៉ាន់​ធ្វើ​ទំនើបកម្ម​យន្តហោះ​ចម្បាំង F-16 ចំនួន 42គ្រឿង ឱ្យទៅជា F-16V

    យន្តហោះ​ចម្បាំង F-16A/B របស់​កោះ​តៃវ៉ាន់​ចំនួន 42 គ្រឿង​ដែល​ត្រូវបាន​ដំឡើង​ឱ្យទៅជា F-16V តាម​គម្រោង​នឹងត្រូវ​ប្រគល់ឱ្យ​កងកម្លាំង​ការពារ​ដែន​កោះ​នេះ​នៅ​ចុងខែ​មីនា 2021។

    Huang Chih-wei មេបញ្ជាការ​ទ័ពអាកាស​តៃវ៉ាន់ កាលពី​ថ្ងៃទី 17 មីនា បានឱ្យដឹងថា យន្តហោះ​ចម្បាំង F-16A/B ដែល​ត្រូវបានធ្វើ​ទំនើបកម្ម​ឱ្យទៅជា F-16V មាន​សមត្ថភាព​អាច «រកឃើញ​សត្រូវ​បាន​លឿន​ជាង និង​អាច​វាយប្រហារ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង»។ យន្តហោះ​ចម្បាំង F-16V របស់​ទ័ពអាកាស​តៃវ៉ាន់ បច្ចុប្បន្ន មាន​សមត្ថភាព​វាយប្រហារ​គ្របដណ្ដប់​ទូទាំង​ដែនអាកាស​របស់​កោះ​នេះ។

    យន្តហោះ​ចម្បាំង F-16V ទាំងនេះ​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅក្នុង​ក្រុម​ហោះហើរ​យុទ្ធសាស្ត្រ​លេខ4 នាំឱ្យ​អង្គភាព​នេះ​ក្លាយជា​ស្ថាប័ន​ដំបូង​គេ​របស់​កងទ័ព​ការពារ​ដែនអាកាស​តៃវ៉ាន់ មាន​សុទ្ធតែ F-16V នេះ​បើតាម​លោក Huang Chih-wei។ ពិធី​ប្រគល់​យន្តហោះ​ចម្បាំង​ទាំងនេះ​នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ចុងខែ​មីនា ដែល​ក្នុង​ពិធី​នោះ​នឹងមាន​វត្តមាន​របស់​មេ​ដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai Ing-wen ផងដែរ។

    មេដឹកនាំ​កោះ​តៃវ៉ាន់ លោក​ស្រី Tsai Ing-wen

    ទ័ពអាកាស​តៃវ៉ាន់ កាលពី​ឆ្នាំ 2016 បានចាប់ផ្ដើម​ដំណើរការ​កម្មវិធី​ដំឡើង F-16A/B ទៅជា F-16V ប្រកបដោយ​ភាពទាន់សម័យ​បំផុត ជាមួយនឹង​ប្រព័ន្ធ​អេឡិចត្រូនិក​ស្ដង់ដា​ខ្ពស់​ជាងគេ រួម​នឹង​ប្រព័ន្ធគ្រប់គ្រង​ការហោះហើរ និង​ប្រយុទ្ធ​ទាន់សម័យ។ តាម​ផែនការ កម្មវិធី​ដែល​ត្រូវបាន​ដំណើរការ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ​ឧស្សាហកម្ម​អាកាសចរណ៍​តៃវ៉ាន់ (Aerospace Industrial Development Corporation/AIDC) សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​អាវុធ​Lockheed Martin របស់​អាមេរិក ដែល​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ 3.7 ពាន់​លាន​ដុល្លារ​ខាងលើនេះ នឹងត្រូវ​បញ្ចប់​នៅមុន​ដំណាច់ឆ្នាំ 2023។

    ក្រៅពី F-16A/B ដែល​ត្រូវបាន​ដំឡើង​ស្ដង់ដា​ថ្មី តៃវ៉ាន់​ក៏បាន​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង F-16V ថ្មី ពី​សហរដ្ឋអាមេរិក​ចំនួន 66 គ្រឿង ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ផងដែរ ដែល​កោះ​មួយ​នេះ​នឹង​ផ្ដើម​ទទួលបាន​ចាប់ពី​ឆ្នាំ 2022។ កាលពី​ឆ្នាំ 1992 កោះ​តៃវ៉ាន់​បាន​ទិញ​យន្តហោះ​ចម្បាំង F-16 ចំនួន 160 គ្រឿង ហើយ​បច្ចុប្បន្នកំពុង​គ្រប់គ្រង​ប្រមាណ 150 គ្រឿង។

    កោះ​តៃវ៉ាន់​កំពុងតែ​ស្វែងរក​វិធី​ដើម្បី​ធ្វើ​ទំនើបកម្ម​លើ​សព្វាវុធ​របស់ខ្លួន នៅក្នុង​គ្រា​ដែល​ប្រទេស​ចិនដីគោក កំពុង​បង្កើន​សម្ពាធ​លើ​កោះ​នេះ។ មួយរយៈ​ពេល​ចុង​ក្រោយនេះ ចិនដីគោក តែងតែ​បញ្ជូន​យន្តហោះ​ចម្បាំង​មក​កៀក​នឹង​កោះ​នេះ​ជា​រៀងរាល់ថ្ងៃ នាំឱ្យ​តៃវ៉ាន់​ត្រូវ​ពង្រាយ​យន្តហោះ​ចម្បាំង​ដើម្បី​ទប់ទល់។

    លោក​ស្រី​ Tsai Ing-wen ប្រធានាធិបតី​កោះ​តៃវ៉ាន់ និង​យន្ត​ហោះ​ចម្បាំង​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ AIDC

    ក្រុមមន្ត្រី តៃវ៉ាន់ បានឱ្យដឹងថា ក្នុង​ឆ្នាំ 2020 កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់​ខ្លួន​បាន​ចំណាយ​ប្រាក់​ជិត 1.1 ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទប់ស្កាត់​យន្តហោះ​យោធា​របស់​ចិនដីគោក ដែល​ហោះចូល​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ដែនអាកាស (ADIZ) របស់​កោះ​នេះ។ មេបញ្ជាការ​ទ័ពអាកាស​តៃវ៉ាន់ លោក Huang Chih-wei បាន​បញ្ជាក់ថា ប្រាក់​ចំណាយ​ក្នុង​មួយម៉ោងៗ សម្រាប់​យន្តហោះ​ចម្បាំង F-16 គឺ 5,300 ដុល្លារ​អាមេរិក, សម្រាប់ AIDC F-CK-1 គឺ 7,800 ដុល្លារ ហើយ​សម្រាប់​យន្តហោះ​ប្រមាញ់​នាវាមុជទឹក P-3C គឺ 7,000 ដុល្លារ។

    សាធារណរដ្ឋ​ប្រជាមានិត​ចិន (ចិនដីគោក) តែងតែ​ចាត់ទុកថា កោះ​តៃវ៉ាន់​គឺជា​ទឹកដី​មួយផ្នែក​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន ហើយ​ថា ការប្រកាស​ឯករាជ្យរ​បស់​កោះ​នេះ​គឺ «ស្មើនឹង​សង្គ្រាម»។ ប៉ុន្តែ សាធារណរដ្ឋ​ចិន (ចិនតៃវ៉ាន់) ឯណោះ​វិញ កំពុងតែ​ចាត់ទុកថា ខ្លួន​ជា​ប្រទេស​ឯករាជ្យ​ស្រាប់ មិនចាំបាច់​ប្រកាស​ឯករាជ្យ​ទៀតឡើយ៕

    ប្រភព៖ Focus Taiwan
    ប្រែ​សម្រួល៖ បុត្រា

  • តួលេខ​អ្នក​វិជ្ជមាន​នឹង Covid-19 ទាក់ទិន​នឹង «ព្រឹត្តិការណ៍​​សហគមន៍​ 20​កុម្ភៈ» កើន​​ដល់ 1,025នាក់

    តួលេខ​អ្នក​វិជ្ជមាន​នឹង Covid-19 ទាក់ទិន​នឹង «ព្រឹត្តិការណ៍​​សហគមន៍​ 20​កុម្ភៈ» កើន​​ដល់ 1,025នាក់

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 18 ខែមីនា​នេះ បានឱ្យដឹងថា ករណី​វិជ្ជមាន​នឹង Covid-19 ក្នុងអំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 17 មីនា 2021 មាន​ចំនួន 36 នាក់ និង​ជាសះស្បើយ​ចំនួន 58 នាក់។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ខាងលើ មាន 1 នាក់​ជា​ករណី​នាំចូល (ស្ត្រី​ជនជាតិ​ហ្វីលីពីន) ខណៈ​ក្រៅពីនេះ​គឺ​សុទ្ធតែជា​ករណី​ពាក់ព័ន្ធ​នឹង «ព្រឹត្តិការណ៍ 20មីនា»។

    គិត​មកដល់​ថ្ងៃទី 18 មីនា 2021 ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​វិជ្ជមាន​ទាក់ទិន​នឹង «ព្រឹត្តិការណ៍ 20កុម្ភៈ» ចំនួន 1,025 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 394 នាក់។

    ចំណែក​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន​នឹង Covid-19 នៅ​ទូទាំងប្រទេស បាន​កើន​ដល់ 1,541 នាក់ ក្នុងនោះ​មាន 898 នាក់​បានជា​សះស្បើយ, 640 នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណៈ1ករណី​បាន​បាត់បង់​ជីវិត​មាន​ចំនួន 1 នាក់៕


    ប្រភព៖ ក្រសួងសុខាភិបាល
    ដកស្រង់​ដោយ៖ បុត្រា

  • ភោជនីយដ្ឋាន​បម្រើ «ភេសជ្ជ​ដាក់​ក្នុង​ដប​ទឹក​គោ​កូនក្មេង» មានការ​ពេញនិយម​ក្នុង​តំបន់​ឈូ​ត​សមុទ្រ​ពែ​ក្ស ប៉ុន្តែ​រង​ការរិះគន់​ធ្ងន់ធ្ងរ

    ភោជនីយដ្ឋាន​បម្រើ «ភេសជ្ជ​ដាក់​ក្នុង​ដប​ទឹក​គោ​កូនក្មេង» មានការ​ពេញនិយម​ក្នុង​តំបន់​ឈូ​ត​សមុទ្រ​ពែ​ក្ស ប៉ុន្តែ​រង​ការរិះគន់​ធ្ងន់ធ្ងរ

    ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​ជាច្រើន​កន្លែង​នៅក្នុង​បណ្ដា​ប្រទេស​នៃ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស (Persian Gulf/Arabian Gulf) កំពុង​ប្រឈម​នឹង​ការរិះគន់​ពី​សាធារណជន ព្រោះតែ​យក​ដប​ទឹក​គោ​កូនក្មេង​មក​ដាក់​កាហ្វេ​សម្រាប់​បម្រើ​អតិថិជន។

    សារព័ត៌មាន AP របស់​សហរដ្ឋអាមេរិក បាន​ចុះផ្សាយ​ថា ការនិយម​ខាងលើ​បានកើត​ឡើង​ពី​យីហោ​កាហ្វេ​ដែលមាន​ឈ្មោះថា Einstein ដែលមាន​ភោជនីយដ្ឋាន​ជាច្រើន​នៅ​ពាសពេញ​តំបន់​នេះ ចាប់ពី​ទីក្រុង Dubai របស់​អារ៉ាប់​រួម រហូតដល់​ប្រទេស​គុយ​វ៉ែត និង​បា​រ៉ែ​ន។ ជំនួស​ឱ្យ​ការប្រើប្រាស់​កែវ​ក្រដាស​ធម្មតា ហាង​កាហ្វេ Einstein បែរជាយក​ដប​ទឹកដោះគោ​កូនក្មេង​មក​ដាក់​កាហ្វេ​ទៅវិញ។

    ភេសជ្ជៈ​របស់​ហាង​កាហ្វេ Einstein ក៏មាន​មុខ​ខ្លះ​មានឈ្មោះ​ទាក់ទង​នឹង​អាហារ​របស់​កូនក្មេង ដោយ​វា​មាន​លាយ​ទឹកដោះគោ​ក្រឡុក​ជាមួយ​ម្សៅ​បបរ​កូនក្មេង និង​ម្សៅ​អង្ករ។ល។ ទាំងនេះ​សុទ្ធតែ​បាន​ក្លាយជា​ភេសជ្ជ​ពេញនិយម​នៅ​បណ្ដា​ហាង​ខាងលើ។

    នាយក​ប្រតិបត្តិ​របស់ Einstein ប្រចាំ​អារ៉ាប់​រួម (UAE) នាង Younes Molla បានឱ្យដឹងថា៖ «គ្រប់គ្នា​សុទ្ធតែ​ចង់​ទិញ​ភេសជ្ជៈ​ដែល​ដាក់​នៅក្នុង​ដប​ទឹក​គោ​កូនក្មេង។ ពួកគេ​និយាយថា នឹង​មក​ហាង​របស់​យើង​ជាមួយនឹង​មិត្តភក្ដិ ឪពុកម្ដាយ។ Covid-19 កើតឡើង​ជាច្រើន​ខែ និង​បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន គ្រប់គ្នា​ក៏​ចង់​សប្បាយរីករាយ។ ពួកគេ​នាំគ្នា​ថតរូប និង​រំលឹក​អនុស្សាវរីយ៍​កាលពី​នៅ​វ័យ​កុមារ»។

    អតិថិជន​ជាច្រើន​បាន​សុខចិត្ត​ឈរ​តម្រង់​ជួរ​រង់ចាំ​នៅ​ហាង Einstein ដើម្បី​បាន​ញ៉ាំ​ទឹក​ផ្លែឈើ ឬ​កាហ្វេ​ដែល​ដាក់​ក្នុង​ដប​ទឹកដោះគោ​កូនក្មេង។ អតិថិជន​មួយចំនួនទៀត ថែមទាំង​យក​ដប​ទឹកដោះគោ​របស់កូនៗពួកគេ​មកកាន់​ភោជនីយដ្ឋាន​យើង។

    រូបភាព​ស្ដីអំពី​ដប​ទឹកដោះគោ​ដែលមាន​ពណ៌​ចម្រុះ​របស់​យីហោ Einstein ទទួលបាន​ការ​ចុច​ចូលចិត្ត​រាប់ម៉ឺន​នៅលើ​បណ្ដាញ​សង្គម Instagram និង TikTok។ល។

    ក៏ប៉ុន្តែ នៅ​មានមតិ​ជាច្រើន​រិះគន់ថា រូបភាព​ជំនួញ​នៃ​យីហោ Einstein ខាងលើ មិន​សមស្រប​ជាមួយនឹង​វប្បធម៌​របស់​អ៊ីស្លាម​សាសនា។ ជាង​នេះ នៅក្នុង​ខែមីនា 2021 អាជ្ញាធរ​នៃ​ទីក្រុង Dubai ថែមទាំង​បានមក​កាន់​ភោជនីយដ្ឋាន​ដើម្បី​ធ្វើករ​ពិន័យ​ផងដែរ។

    ប្រទេស​អារ៉ាប់​រួម (UAE) បានប្រកាសថា៖ «ការប្រើប្រាស់​ដប​ទឹក​គោ​កូនក្មេង មិន​ត្រឹមតែ​ផ្ទុយទៅនឹង​វប្បធម៌ និង​ទំនៀមទម្លាប់​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ធ្វើឱ្យមាន​ហានិភ័យ​ឆ្លង​រាលដាល​វីរុស Covid-19 ទៀតផង»។

    រដ្ឋាភិបាល​គុយ​វ៉ែត​ឯណោះ​វិញ ក៏បាន​បិទ​ភោជនីយដ្ឋាន Einstein ជា​បណ្ដោះអាសន្ន​ផងដែរ ខណៈដែល​ប៉ូលិស​នៃ​ប្រទេស​បា​រ៉ែ​ន​ប្រដាប់​ដោយ​កាមេរ៉ា បានមក​កាន់​ភោជនីយដ្ឋាន​ដែលមាន​បម្រើ​ភេសជ្ជៈ​ដាក់​ក្នុង​ដប​ទឹកដោះគោ​កូនក្មេង និង​បាន​ព្រមាន​អតិថិជន​ថា ពួកគេ «រំលោភ​លើ​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​បា​រ៉ែ​ន»។

    ប្រទេស​អូ​ម៉​ង់ ក៏​មិន​បន្ធូរដៃ​ដែរ ដោយបាន​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​រាយការណ៍​អំពី​ករណី​ភោជនីយដ្ឋាន​ណា​ដែល​បម្រើ​ភេសជ្ជៈ​ដាក់​ក្នុង​ដប​ទឹកដោះគោ​កូនក្មេង តាមរយៈ​ការហៅ​ទូរស័ព្ទ​ទៅកាន់​នាយកដ្ឋាន​គាំពារ​អ្នកប្រើប្រាស់៕

    ប្រភព៖ AP
    ប្រែ​សម្រួល៖ បុត្រា

  • ព្រឹទ្ធ​សភា​អាមេរិក​តែងតាំង​ស្ត្រី​​ដើម​កំណើត​​តៃវ៉ាន់ ជា​តំណាង​ពាណិជ្ជកម្ម​អាមេរិក ដើម្បី​ប្រឈមមុខ​នឹង​ចិន

    ព្រឹទ្ធ​សភា​អាមេរិក​តែងតាំង​ស្ត្រី​​ដើម​កំណើត​​តៃវ៉ាន់ ជា​តំណាង​ពាណិជ្ជកម្ម​អាមេរិក ដើម្បី​ប្រឈមមុខ​នឹង​ចិន

    កាលពី​ថ្ងៃទី 17 មីនា 2021 ព្រឹទ្ធសភា​អាមេរិក បានអនុម័ត​តែងតាំង​លោកស្រី Katherine Tai ជា​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​នៅក្នុង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Joe Biden។

    សារព័ត៌មាន AP និង​កាសែត The Hill បាន​រាយការណ៍​ថា លោកស្រី Katherine Tai ទទួលបាន​ការគាំទ្រ​ស្ទើរតែ​ដាច់ខាត​នៅក្នុង​ការបោះឆ្នោត​របស់​សភា ដោយមាន 98 សំឡេងគាំទ្រ និង​មិនមាន​សំឡេង​ជំទាស់។

    លទ្ធផល​ខាងលើនេះ ជួយ​ឱ្យ​លោកស្រី Katherine Tai ក្លាយជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ដំបូង​គេ និង​ជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូង​គេ​ដែល​កាន់កាប់​តំណែង​ជា​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក។ លោកស្រី​បាន​ក្លាយជា​សមាជិក​ទី 19 នៅក្នុង​គណៈរដ្ឋមន្ត្រីរ​បស់​ប្រ​ធានា​ធីប​តី Biden ដែល​ត្រូវបាន​សភា​ជាន់ខ្ពស់​គាំទ្រ។

    នៅពេល​កាន់កាប់​តំណែង​ជា​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក លោកស្រី Tai នឹងត្រូវ​ប្រឈម​មុខជា​មួយ​នឹង​ភារកិច្ច​យ៉ាងច្រើន​នៅក្នុង​គ្រា​ដែល​រដ្ឋាភិបាល​លោក Biden កំពុង​កំណត់​គោលនយោបាយ​ពាណិជ្ជកម្ម ក្នុងនោះ​ក៏មាន​កិច្ចការ​ដោះស្រាយ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ម៉ិ​ក​ស៊ិ​ក និង​កាណាដា រួម​នឹង​ការដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​ជាមួយនឹង​សហភាព​អឺរ៉ុប (EU)។ល។

    លោក​ស្រី ​Katherine Tai

    លោកស្រី Katherine Tai បច្ចុប្បន្ន​មាន​អាយុ 46 ឆ្នាំ គឺជា​កូន​នៃ​គ្រួសារ​មួយ​មកពី​កោះ​តៃវ៉ាន់។ លោកស្រី​ជា​អ្នកជំនាញ​ខាង​ចរចា​ផ្នែក​ពាណិជ្ជកម្ម និង​ជា​មេធាវី​ជើងចាស់​ម្នាក់​ផងដែរ។

    លោកស្រី Katherine Tai ត្រូវបាន​គេ​ស្គាល់​ថា​ជា​មេធាវី​លំដាប់​កំពូល​មួយរូប​ដែល​ធ្វើការ​នៅ​ការិយាល័យ​តំណាង​ពាណិជ្ជ​កម្ម​របស់​សហរ​ដ្ឋ​អាមេរិក អំពី​បញ្ហា​ជាមួយ​ប្រទេស​ចិន នៅក្នុង​អំឡុង​ឆ្នាំ 2007-1214 ដោយ​ចូលរួម​ដោះស្រាយ​ផ្ទាល់​រាល់​បញ្ហា​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)។

    មេធាវី​រូបនេះ​ក៏​ធ្លាប់បាន​ប្រកាសថា នឹងធ្វើ​ការ​ជាមួយ​ក្រុម​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដើម្បី​បង្កើត​សមរភូមិ​រួមមួយ សម្រាប់​ទប់ទល់​នឹង​ប្រទេស​ចិន​ដែល​សហរដ្ឋអាមេរិក​យល់​ឃើញថា កំពុង​ធ្វើ​សកម្មភាព​ប្រកបដោយ​ភាព​ដាច់ខាត៕

    ប្រភព៖ AP, The Hill
    ប្រែ​សម្រួល៖ បុត្រា

  • សមាគម​ព្រះពុទ្ធសាសនា​ធំ​បំផុត​នៅ​ភូមា ថ្កោលទោស​កងទ័ព និង​ត្រៀម​ចេញ​សេចក្ដីថ្លែងការណ៍

    សមាគម​ព្រះពុទ្ធសាសនា​ធំ​បំផុត​នៅ​ភូមា ថ្កោលទោស​កងទ័ព និង​ត្រៀម​ចេញ​សេចក្ដីថ្លែងការណ៍

    សមាគម​ព្រះពុទ្ធសាសនា​ដែលមាន «ទឹកមាត់ប្រៃ» បំផុត នៅ​ប្រទេស​ភូមា (មី​យ៉ាន​ម៉ា) បាន​ថ្កោលទោស​ចំពោះ​កា​រប​ង្រា​ប និង​សម្លាប់​បាតុករ​ដែល​កងទ័ព​ប្រទេស​នេះ​បាន​ធ្វើឡើង ទន្ទឹមនឹង​ការអំពាវនាវ​ឱ្យ​បញ្ចប់​អំពើហិង្សា។

    គណៈ​កម្ម​ធិ​ការ​ព្រះសង្ឃ​ពុទ្ធសាសនា Maha Nayaka ដែលជា​សមាគម​ព្រះពុទ្ធសាសនា​មានអំណាច​បំផុត​នៅ​ភូមា ថ្ងៃនេះ (17 មីនា 2021) បាន​ចោទប្រកាន់ «សមាជិក​មួយចំនួន​នៃ​កងកម្លាំងប្រដាប់អាវុធ» ថា បានធ្វើ​ទារុណកម្ម និង​សម្លាប់​ពលរដ្ឋ​សាមញ្ញ​ដែល​គ្មាន​ទោសពៃរ៍។

    តាម​គម្រោង សមាគម​ព្រះសង្ឃ​ខាងលើ​នឹង​ផ្អាក​រាល់​សកម្មភាព​នៃ​ព្រះពុទ្ធសាសនា​ដើម្បី​ជំទាស់​នឹង​ការប្រើ​អំពើហិង្សា​របស់​កងទ័ព​ទៅលើ​បាតុករ។ សមាគម​នេះ​នឹង​ចេញ​សេចក្ដីប្រកាស​ចុងក្រោយ បន្ទាប់ពី​បានទទួល​យោបល់​ពី​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា នៅ​ថ្ងៃទី 18 មីនា​ខាងមុខ។

    ក្រុម​អ្នកបួស​នៅ​មី​យ៉ាន​ម៉ា គឺជា​អ្នក​នាំមុខ​ក្នុង «ប​ដិ​វដ្ដ Saffron» កាលពី​ឆ្នាំ 2007 ក្នុងការ​ប្រឆាំងនឹងរ​បប​យោធា និង​បាន​ជួយ​បើកផ្លូវ​ឱ្យមាន​របប​ប្រជាធិបតេយ្យ​នៅ​ប្រទេស​នេះ។ ឥរិយាបថ​របស់ Maha Nayaka បានបង្ហាញ​អំពី​ការ​ប្រេះឆា​រវាង​កងទ័ព ជាមួយនឹង​សមាគម​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល។

    មី​យ៉ាន​ម៉ា បាន​ធ្លាក់​ចូលក្នុង​ភាពវឹកវរ​ចាប់តាំងពី​កងទ័ព​បានធ្វើ​រដ្ឋប្រហា​រ​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ និង​បាន​ចាប់ខ្លួន​លោកស្រី Aung San Suu Kyi កាលពី​ថ្ងៃទី 1 កុម្ភៈ 2021 ព្រមទាំង​បាន​ចាប់ខ្លួន​ក្រុមមន្ត្រី​ជាន់ខ្ពស់​ជាច្រើនរូប​របស់​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ នាំឱ្យមាន​បាតុកម្ម​កើតឡើង​ពាសពេញ​ប្រទេស។ យោងតាម​អង្គការ​គាំពារ​អ្នកទោសនយោបាយ បាតុករ​ជាង 180 នាក់ បាន​ស្លាប់​នៅពេល​ប៉ះទង្គិច​ជាមួយនឹង​កងកម្លាំងប្រដាប់អាវុធ។

    បើទោះជា​ត្រូវបាន​ប​ង្រា​ប​យ៉ាង​បង្ហូរឈាម​ក៏ដោយ ក្រុមបាតុករ​ភូមា​នៅតែ​មិន​ដកថយ។ ប៉ុន្តែ​ពួកគេ​កំពុង​ជួប​បញ្ហា​ជាច្រើន​ផ្សេងទៀត ក្នុងនោះ​ក៏មាន​បញ្ហា​គ្មាន​អ៊ី​ន​ធើ​ណិ​ត​ប្រើប្រាស់​ដើម្បី​ទាក់ទង​គ្នា​ផងដែរ ដោយសារ​អាជ្ញាធរ​បាន​កាត់ផ្ដាច់៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា