Author: សឿន សំណាង

  • លោក Trump ឧទ្ទេសនាម​បណ្ដាញ​សង្គម​ថ្មី និង​ផ្ទាល់ខ្លួន

    លោក Trump ឧទ្ទេសនាម​បណ្ដាញ​សង្គម​ថ្មី និង​ផ្ទាល់ខ្លួន

    លោក Donald Trump មាន​គម្រោង​បង្ហាញ​វត្តមាន​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​នៅក្នុង​អំឡុង​ពី​ពីរ​ទៅ​បី​ខែ​ខាងមុខ ដែល​នេះ​គឺជា​ការអះអាង​របស់​ទីប្រឹក្សា​នៃ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក។

    Jason Miller ដែលជា​អ្នកនាំពាក្យ​សម្រាប់​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​របស់លោក Trump កាលពី​ឆ្នាំ 2020 បាន​ប្រាប់​សារព័ត៌មាន Fox News កាលពី​ថ្ងៃទី 21មីនា​ថា អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump នឹង​បង្ហាញ​វត្តមាន​នៅលើ​បណ្ដាញ​សង្គម​ជាថ្មី​ជាមួយនឹង​ថ្នាល​ដោយឡែក​របស់ខ្លួន​ដែល​អាច «កំណត់​ឡើងវិញ​ទាំងអស់​នូវ​អត្ថន័យ​នៃ​ការប្រកួតប្រជែង»។

    ចាប់តាំងពី​បាន​ចាក​ចេញពី​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន និង​ត្រលប់​ទៅ​រស់នៅក្នុង​តំបន់​លម្ហែកាយ Mar-a-Lago ក្នុង​រដ្ឋ Florida លោក Trump មិនបាន​បង្ហាញខ្លួន​ញឹកញាប់​នៅមុខ​សាធារណជន​ដូចមុនៗទៀត​ទេ ហើយ​លោក​តែង​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ជំនួស​វិញ។ ក៏ប៉ុន្តែ បើតាម លោក Miller លោក Trump បានធ្វើ​កិច្ចការ​យ៉ាង​យកចិត្តទុកដាក់។

    «គាត់​មាន​កិច្ចប្រជុំសំខាន់ៗជាច្រើន​នៅ Mar-a-Lago។ មាន​ក្រុមហ៊ុន​ជាច្រើន​បានមក​ជួបប្រជុំ​ជាមួយ​លោក» ទីប្រឹក្សា​របស់លោក Trump បានឱ្យដឹង​ដូច្នេះ។

    «ថ្នាល​ថ្មី​នេះ​នឹង​ធំ ហើយ​ខ្លាំង។ល។ គាត់​នឹង​នាំ​មនុស្ស​រាប់លាន រាប់លាន​នាក់ ឬ​រាប់សិប​លាន​នាក់​មកកាន់​ថ្នាល​ថ្មី​នេះ» Miller បាន​បន្ថែម​បែបនេះ ប៉ុន្តែ មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​អ្វីដែល​ទាក់ទង​នឹង​គម្រោង​ខាងលើនេះ​ទេ។

    សូម​រំលឹកថា Facebook, Twitter រួម​នឹង​បណ្ដាញ​សង្គម​ជាច្រើន​ផ្សេងទៀត បាន​រាំងខ្ទប់​គណនី​របស់លោក Trump ក្រោយពី​មាន​អំពើហិង្សា​នៅ​ភ្នំ Capitol កាលពី​ថ្ងៃទី6 មករា នៅពេលដែល​លោក​ត្រូវបាន​គេ​ចោទថា បាន​ញុះញង់​ឱ្យ​ក្រុមបាតុករ​សម្រុកចូល​អ​គារ​សភា​អាមេរិក។

    មុនពេល​ត្រូវបាន​រាំងខ្ទប់ លោក Trump តែងតែ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​រិះគន់​ដល់​ក្រុមមនុស្ស​ដែល​បាន​ថ្កោលទោស​លោក ឬ​ដើម្បី​ប្រកាស​អំពី​ការផ្លាស់ប្ដូរ​បុគ្គលិក ឬមួយ​ការកែប្រែ​គោលនយោបាយសំខាន់៕

    ប្រភព៖ CNA
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថាន​ភាព​ Covid-19 នៅ​ទូទាំង​ពិភពលោក​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី22 មីនា 2021

    ស្ថាន​ភាព​ Covid-19 នៅ​ទូទាំង​ពិភពលោក​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី22 មីនា 2021

    យោងតាម​សារព័ត៌មាន Worldometers ក្នុងអំឡុង 24ម៉ោង​កន្លងទៅ ពិភពលោក​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ជាង 409,000នាក់ និង​ជាង 5,600នាក់​បាន​ស្លាប់ នាំឱ្យ​តួលេខ​វិជ្ជមាន​សរុប​កើន​ដល់ 123.8លាន​នាក់ ក្នុងនោះ​មាន​ជាង 2.72លាន​នាក់​បាន​បាត់បង់​ជីវិត។

    ប្រទេស​ចំនួន3 ដែលមាន​ករណី​​ឆ្លង Covid-19 ច្រើនជាងគេ​ក្នុងអំឡុង24ម៉ោង​កន្លងទៅ រួម​មាន​​​​ប្រទេស​​ប្រេ​ស៊ី​ល​ (47,774​នាក់),​ ឥណ្ឌា​ (47,009នាក់) និង​សហរដ្ឋអាមេរិក (ជាង 37,000នាក់)។

    ប្រទេស​ចំនួន3 ដែលមាន​ករណី​ស្លាប់​ដោយសារ Covid-19 ច្រើនជាងគេ​ក្នុង​រយៈពេល24ម៉ោង​កន្លងទៅគឺ​មាន​ ប្រេ​ស៊ី​ល (1,186នាក់), ម៉ិ​ក​ស៊ិ​ក (608នាក់) និង​សហរដ្ឋអាមេរិក (437នាក់)។

    បច្ចុប្បន្ន ស្ថានភាព Covid-19 នៅ​ប្រេ​ស៊ី​ល មាន​ភាព​ធ្ងន់ធ្ងរ​ជាង​គេ​បង្អស់​ នៅពេល​តួលេខ​អ្នក​វិជ្ជមាន និង​អ្នក​​ស្លាប់​ប្រចាំថ្ងៃ​ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត​ក្នុង​ពិភពលោក។ ប្រទេស​នេះ​ក៏​តែងតែ​ឈរ​លំដាប់​ទី​ពីរ​ក្នុង​ពិភព​លោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក បើ​និយាយ​អំពី​តួលេខ​សរុប​នៃ​ករណី​ឆ្លង និង​ករណី​ស្លាប់​ដោយសារ Covid-19 រាប់​ចាប់តាំង​ពី Covid-19 បានបង្ហាញ​ខ្លួន៕

    ប្រភព​៖ Worldometers
    ប្រែសម្រួល​៖ បុត្រា

  • Cucci លក់​ស្បែកជើង​ស្រមោល​តម្លៃ​ចាប់ពី 9ដុល្លារ​អាមេរិក ដែល​ស្រដៀង​នឹង Bitcoin

    Cucci លក់​ស្បែកជើង​ស្រមោល​តម្លៃ​ចាប់ពី 9ដុល្លារ​អាមេរិក ដែល​ស្រដៀង​នឹង Bitcoin

    ស្បែកជើង​ឌីជីថល ឬ​ហៅថា​ស្បែកជើង​ស្រមោល​របស់​ក្រុមហ៊ុន Gucci មានតម្លៃ​ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ស្បែក​ជើង​​ពិត ក៏ប៉ុន្តែ​អ្វី​ដែលជា​រឿង​គួរឱ្យ​យកចិត្តទុកដាក់ នោះ​គឺថា ម្ចាស់​ស្បែក​នេះ​នឹងមិន​អាចយ​កវាម​កពាក់​បាន​នោះទេ។

    Gucci ដែលជា​យីហោ​សម្លៀកបំពាក់​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ពិភពលោក ទើបតែ​បានដាក់​លក់​ផលិតផល​មួយ​ដែល​ស្ថិតក្នុង​ប្រភេទ NFT (Non-fungible token) នោះ​គឺ​ស្បែកជើង​ស្រមោល ពោលគឺ​ស្បែកជើង​ដែល​មិនមាន​រូបរាង​អាច​ប៉ះពាល់​បាន។

    NFT គឺជា​កូដ​តំណាងឱ្យ​វត្ថុ​ជា​ផលិតផល​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា blockchain ដូច​ទៅនឹង​រូបិយវត្ថុ​ឌីជីថល Bitcoin។ ការកាន់កាប់ NFT ត្រូវបាន​ប្រៀបប្រដូច​ទៅនឹង​ការទិញ​ទំនិញ​កម្រ​មួយ​ប្រភេទ​ដែលមាន​តែមួយគត់​នៅក្នុង​លោក។ អ្នកវិនិយោគ​ទិញ NFT ដែល​ភ្ជាប់​ជាមួយនឹង​ផលិតផល​អ្វីមួយ​គឺមាន​បំណង​ក្លាយជា​ម្ចាស់​តែ​ម្នាក់​គត់ ឬ​រំពឹងថា ផលិតផល​ដែល​ខ្លួន​បាន​ទិញ​នោះ​នឹង​ឡើងថ្លៃ ហើយ​លក់​វា​ចេញ​ដើម្បី​បាន​ចំណេញ។ ទន្ទឹមនឹង​ការ​លេចធ្លោ​របស់​ប្រាក់​អេឡិចត្រូនិក​ដូចជា Bitcoin ជាដើម NFT ក៏​កំពុង​ក្លាយជា​ទំនិញ​ថ្មី​ដែល​ត្រូវបាន​ក្រុម​អ្នកវិនិយោគ​យកចិត្តទុកដាក់​ខ្ពស់​នាពេលថ្មីៗនេះដែរ។

    ដើម្បី​បង្កើតបាន​ផលិតផល​ស្រមោល​នេះ Gucci បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​សម្លៀកបំពាក់​ឈ្មោះ​ Wanna ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ប្រទេស​បេឡា​រុស។ ក្រុមហ៊ុន Wanna មានឈ្មោះ​ល្បីល្បាញ​ជា​មួយនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា AR (Augmented reality) ដើម្បី​បង្កើតបានជា​ម៉ូ​ដែល​ផលិតផល​ឌីជីថល 3D ដូចជា​ស្បែកជើង​កីឡា និង​នាឡិកា។ល។

    Wanna ធ្លាប់​សហការ​ជាមួយ Reebok, Puma និង Snapchat ដើម្បី​ពិនិត្យ​ទៅលើរ​រៀប​ដែល​អតិថិជន​ទទួល​យក​បទពិសោធន៍​ក្នុងការ​ល​សម្លៀកបំពាក់​ស្រមោល​នៅលើ​កម្មវិធី (App) របស់​ពួកគេ។ ក្រុមហ៊ុន​នេះ​ក៏​ធ្លាប់​សហការ​ជាមួយ Gucci ដើម្បី​ជួយ​ឱ្យ​អតិថិជន​លស​ក្បែ​កជើង​នៅលើ App ផងដែរ។

    ស្បែកជើង​ស្រមោល​របស់ Gucci នេះ​នឹងមាន​តម្លៃ 8.99ដុល្លារ​នៅលើ App របស់​ក្រុមហ៊ុន Wanna និង 11.99​ដុល្លារ​នៅលើ App របស់ Gucci។ ជាមួយនឹង​ផលិតផល​ស្រមោល​ខាងលើ Gucci កំពុង​តម្រង់​ទិសដៅ​ទៅរក​អតិថិ​ជន​ជំនាន់ Z (យុវវ័យ) ដែលមាន​ការយល់ដឹង​ច្រើន​អំពី​បច្ចេកវិទ្យា ជា​ក្រុមមនុស្ស​ដែល​អាច​មិនទាន់មាន​លទ្ធភាព​ទិញ​ផលិតផល​ពិត​របស់​យីហោ​នេះ៕

    ប្រភព៖ Hypebeast
    ប្រែ​សម្រួល៖ បុត្រា

  • តួលេខ​អ្នក​វិជ្ជមាន​នឹង Covid-19 នៅ​កម្ពុជា គិត​ត្រឹម 24​ម៉ោង​នៃ​ថ្ងៃទី 19​មីនា 2021

    តួលេខ​អ្នក​វិជ្ជមាន​នឹង Covid-19 នៅ​កម្ពុជា គិត​ត្រឹម 24​ម៉ោង​នៃ​ថ្ងៃទី 19​មីនា 2021

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 54នាក់ និង​ជាសះស្បើយ​ចំនួន 18នាក់ នៅក្នុង​ថ្ងៃទី19 ខែមីនា 2021 ទន្ទឹមនឹង​អ្នក​បានជា​សះស្បើយ​ចំនួន 18នាក់។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ខាងលើ មាន 1ករណី​ជា​អ្នកដំណើរ​ពី​បរទេស​ដែល​មិនមែនជា​ពលករ​ខ្មែរ​ត្រលប់​មកពី​ប្រទេស​ថៃ។ ក្រៅពីនេះ​គឺ​សុទ្ធតែជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 1,632នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 935​នាក់, ស្លាប់ 3​នាក់ និង​កំពុង​ព្យាបាល​ចំនួន 692នាក់៕








    ប្រភព៖ ក្រសួងសុខាភិបាល
    ដកស្រង់​ដោយ៖ បុត្រា

  • ស្ថិតិ​សង្ខេបនៃ Covid-19 នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 20មីនា 2021

    ស្ថិតិ​សង្ខេបនៃ Covid-19 នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 20មីនា 2021

    ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 122,868,566នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 99,027,110នាក់, ស្លាប់ 2,712,570នាក់ និង​កំពុង​ព្យាបាល​ចំនួន 21,128,869នាក់។

    ប្រទេស​ដែលមាន​អ្នកស្លាប់​ដោយសារ Covid-19 ច្រើនជាង 100,000នាក់ មាន 6ប្រទេស រួមមាន សហរដ្ឋ​អាមេរិក​ (554,040នាក់), ប្រេ​ស៊ី​ល (290,525នាក់), ម៉ិ​ក​ស៊ិ​ក (196,606នាក់), ឥណ្ឌា (159,594នាក់), អង់គ្លេស (123,026នាក់) និង​អ៊ីតាលី (104,241នាក់)។ ក្រៅពីនេះ តួលេខ​អ្នកស្លាប់​នៅ​ប្រទេស​បារាំង​ក៏​កើន​ជិត​ដល់​ខ្ទង់សែន​ផងដែរ។

    នៅ​ទូទាំង​ពិភពលោក ទ្វីបអាស៊ី​ទាំងមូល​មាន​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 26,720,499នាក់ ក្នុងនោះ​មាន   414,618នាក់​បាន​បាត់​បង់ជីវិត ខណៈ 1,407,000នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ Worldometers
    ប្រែ​សម្រួល៖ បុត្រា

  • រាប់រយ​នាក់​ត្រូវបាន​សម្លាប់​ដោយសារ​អំពើហិង្សា​នៅ​ភាគខាងត្បូង​ប្រទេស​កុង​ហ្គោ

    រាប់រយ​នាក់​ត្រូវបាន​សម្លាប់​ដោយសារ​អំពើហិង្សា​នៅ​ភាគខាងត្បូង​ប្រទេស​កុង​ហ្គោ

    ពលរដ្ឋ​ជិត 200នាក់​បាន​បាត់​បង់ជីវិត និង 40,000នាក់​ត្រូវ​ចាក​ចេញពីផ្ទះ​រាប់​ចាប់ពី​ខែមករា ក្រោយពី​ការវាយប្រហារ​របស់​ក​ង​កម្លាំងប្រដាប់អាវុធ​ប្រជាធិបតេយ្យ​សម្ព័ន្ធមិត្ត (Allied Democratic Forces/ADF) នៅ​ភាគ​ឦសាន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ។ នេះ​បើតាម​ប្រកាស​កាលពី​ថ្ងៃទី 19 មីនា 2021 របស់​ឧ​ត្ត​ម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR)។

    ក្នុង​របាយការណ៍​ខាងលើ UNHCR បាន​សំដែង​ការព្រួយបារម្ភ​ខ្លាំង​អំពី​ការកើនឡើង​នៃ​ករណី​វាយប្រហារ​របស់ ADF ដែលជា​កងកម្លាំងប្រដាប់អាវុធ​អ៊ីស្លាម Uganda មាន​វត្ត​មាននៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កុង​ហ្គោ​ចាប់តាំងពី​ឆ្នាំ 1995។

    ចាប់តាំងពី​ដើមឆ្នាំ 2021 មកដល់​បច្ចុប្បន្ន ការវាយប្រហារ​ប្រកបដោយ​ហិង្សា​នៅក្នុង​ទីក្រុង Beni នៃ​ខេត្ត Kivu ខាងជើង និង​ខេត្ត Ituri បានសម្លាប់​មនុស្ស​ជិត 200នាក់ និង​ជាច្រើន​នាក់​ត្រូវ​រងរបួស ខណៈដែល​មនុស្ស​ជាង 40,000នាក់​ត្រូវ​ជម្លៀស​ខ្លួន​ចេញពីផ្ទះ។ ក្នុងអំឡុង​ជិត 3ខែ​មកនេះ ADF ត្រូវបាន​ចោទប្រកាន់ថា បាន​វាយប្រហារ​ទៅលើ​ភូមិឋាន​ចំនួន 25 និង​ដុត​ផ្ទះសម្បែង​របស់​ប្រជាជន ព្រមទាំង​បាន​ចាប់ជំរិត​មនុស្ស​ជាង 70នាក់។

    ADF គឺជា​ឧទ្ទាម​ដែល​ប្រើ​អំពើហិង្សា​ជាងគេ​ក្នុងចំណោម​ឧទ្ទាម​ចំនួន 122ក្រុម ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ភាគ​ខាងកើត​កុង​ហ្គោ។ កាលពី​ឆ្នាំ 2020 ក្រុម​នេះ​បានសម្លាប់​មនុស្ស​ប្រមាណ 460នាក់។

    យោងតាម​អង្គការ​តាមដាន​សន្តិសុខ Kuvu (KST/Kivu Security Tracker) ចាប់ពី​ឆ្នាំ 2017 ដល់​បច្ចុប្បន្ន ADF បានសម្លាប់​ជន​ស៊ីវិល​ជាង 1,200នាក់​នៅ​ទីក្រុង Beni។

    បច្ចុប្បន្ន UNHCR ត្រូវការ​ប្រាក់ 2លាន​ដុល្លារ​ជាបន្ទាន់​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​នៅ​តំបន់ Beni និង​តំបន់ Irumu ក្នុង​ខេត្ត Ituri។ មកដល់ពេលនេះ UNHCR ទើបតែ​ទទួលបាន 5.5% ប៉ុណ្ណោះ ក្នុងចំណោម 33លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​ខេត្ត​នានា​នៅ​ភាគ​ខាងកើត​ប្រទេស​កុង​ហ្គោ​សម្រាប់​ឆ្នាំ 2021៕

    ប្រភព៖ AFP
    ប្រែសម្រួល​៖ បុត្រា

  • ក្រសួងសុខាភិបាល៖ មាន​ករណី​ស្លាប់​ដោយសារ Covid-19 ម្នាក់​ទៀតហើយ នៅ​ថ្ងៃទី19 មីនា 2021

    ក្រសួងសុខាភិបាល៖ មាន​ករណី​ស្លាប់​ដោយសារ Covid-19 ម្នាក់​ទៀតហើយ នៅ​ថ្ងៃទី19 មីនា 2021

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ថ្ងៃទី19 ខែមីនា ឆ្នាំ 2021 នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ឱ្យដឹងថា មាន​ករណី​អ្នកជំងឺ Covid-19 ម្នាក់​បាន​បាត់​បង់ជីវិត។

    ករណី​ស្លាប់​នេះ​កើតឡើង​ចំពោះ​ស្ត្រីជន​ជាតិខ្មែរ​អាយុ 62ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្នោ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។ អ្នក​ជំងឺ​នេះ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ នៅ​វេលា​ម៉ោង 11​និង​45​នាទី​ព្រឹក​ថ្ងៃទី 19​មីនា​ 2021​។ ​

    មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ករណី​ស្លាប់​នេះ​គឺ​ដោយ​សារ​សួត​របស់​អ្នក​ជំងឺ​​ត្រូវ​ខូច​ខាត​ធ្ងន់​ធ្ងរ​ និង​ស្ទះ​សរសៃ​ឈាម​បេះ​ដូង​ ព្រោះ​តែ​វីរុស​ Covid-19 បាន​វាយ​លុក​ខ្លាំង​។ ព័ត៌មាន​លម្អិត សូម​អាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម៖

    អ្នក​ជំងឺ​ដែល​បាន​បាត់​បង់ជីវិត​ដោយ​សារ​ Covid-19។ រូប​ថត​៖ ក្រសួង​ព័ត៌មាន

    ប្រភព៖ ក្រសួង​សុខាភិបាល​
    ដកស្រង់​ដោយ​៖ បុត្រា

  • រន្ទះបាញ់​អាចជា​អ្នក​ដែល​បាន​បង្កើត​ជីវិត​នៅលើ​ផែនដី

    រន្ទះបាញ់​អាចជា​អ្នក​ដែល​បាន​បង្កើត​ជីវិត​នៅលើ​ផែនដី

    ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា រន្ទះបាញ់​ដែល​បាញ់​ចុះមក​កាន់​ផ្ទៃដី​របស់​ភពផែនដី​កាលពី​យុគសម័យដំបូងៗ ទំនងជា​បានផ្ដល់​សារធាតុ​ផូស្វ័រ ( phosphorus) ចាំបាច់​ដើម្បី​បង្កបង្កើត​ជីវិត។

    ផូស្វ័រ​គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៅក្នុង​ម៉ូលេគុល​ដែល​បង្កបង្កើត​រចនាសម្ព័ន្ធ​របស់​កោសិកា​រាងកាយ និង​ម្នាស​របស់​កោសិកា ហើយ​ជាង​នេះ វា​ក៏បង្ក​បង្កើតបានជា​គ្រោង​សម្រាប់ DNA និង ARN ផងដែរ។ ប៉ុន្តែ ផូស្វ័រ​ពិតជា​ពិបាក​ត្រូវ​បាន​ចាប់​យក​​នៅលើ​ផែនដី​កាលពី​យុគសម័យ​ជាង 4ពាន់​លាន​ឆ្នាំមុន។

    «ផូស្វ័រ​ស្ទើរតែ​ទាំងអស់​នៅលើ​ផែនដី​កាលពី​យុគសម័យ​ដំបូង ត្រូវ​ជាប់គាំង​នៅក្នុង​រ៉ែ​មិន​រលាយ និង​មិន​ដំណើរការ​ មាន​ន័យ​ថា​ វា​មិនអាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្កើតជា​ម៉ូ​លី​គុល​ជីវសាស្ត្រ​ចាំបាច់​សម្រាប់​ជីវិត» នេះ​បើតាម​​ការ​ឱ្យ​ដឹង​ពី​អ្នកវិទ្យាសាស្ត្រ Benjamin Hess មកពី​សាកលវិទ្យាល័យ Yale នៃ​សហរដ្ឋអាមេរិក។

    កន្លងមក ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ថា អាចម៍ផ្កាយ​ដែល​ធ្លាក់​មកលើ​ផែនដី បាន​នាំមក​នូវ​កត្តាចាំបាច់​ស​ម្រា​ប់​ជីវិត​លើ​ពិភព​មួយ​នេះ។ ដុំថ្ម​អវកាស​ត្រូវបាន​គេ​ដឹងថា មាន​ផ្ទុក schreibersite ជា​សារធាតុ​ផូស្វ័រ​ដែល​អាច​រលាយ​ក្នុង​ទឹក។ បើសិន​ជាមាន​អាចម៍ផ្កាយ​ច្រើន​ធ្លាក់​មកលើ​ផែនដី នោះ​វា​គឺជា​ប្រភព​របស់​ផូស្វ័រ​ដ៏​សមស្រប​សម្រាប់​ការកកើត​ជីវិត។

    ក៏ប៉ុន្តែ ការសិក្សា​ស្រាវជ្រាវថ្មីៗនេះ បាន​បង្ហាញថា ជីវិត​ចាប់ផ្ដើម​កកើត​លើ​ផែនដី​របស់​យើង​តាំងពី 3.5 ដល់ 4.5ពាន់​លាន​ឆ្នាំមុន ហើយ​ក្នុង​យុគសម័យ​នោះ ផែនដី​មិនសូវ​ទទួល​ឥទ្ធិពល​ពី​អាចម៍ផ្កាយ។ ដូច្នេះ បរិមាណ​ផូស្វ័​យ​ដែល​គាំទ្រ​ដល់​ជីវិត អាចមាន​ប្រភពពី​យន្តការ​ដទៃ។

    រូប​ភាព​ឧទ្ទាហរណ៍​នៃ​រន្ទះបាញ់​​កាល​ពី​យុគ​សម័យ​ដំបូង​ៗ​របស់​ផែន​ដី​

    នៅក្នុង​របាយការណ៍​ថ្មី​មួយ​នៅលើ​ទស្សនាវដ្ដី Nature Communication ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 16 មីនា 2021 អ្នកវិទ្យាសាស្ត្រ Hess រួម​នឹង​សហការី​របស់ខ្លួន​បាន​រកឃើញ​ភ័ស្ដុតាង​ដែល​អាច​អះអាង​បាន​ថា រន្ទះ​ដែល​បាញ់​ចុះមក​ផែនដី​កាលពី​អតីតកាល ទំនងជា​បាន «បើក​សោ» ឱ្យ​ផូស្វ័រ​ដែល​កំពុង​ជាប់​នៅក្នុង​រ៉ែផ្សេងៗអាច​ចេញមកក្រៅ។

    កាលពី​ផែនដី​នៅ​ក្មេង រន្ទះបាញ់​កើតមាន​ច្រើនជាង​សព្វថ្ងៃ ព្រោះថា កាលណោះ​បរិយាកាស​មាន​ផ្ទុក​សារធាតុ carbon dioxide យ៉ាងច្រើន។ សព្វថ្ងៃ ផែនដី​មាន​រន្ទះបាញ់​ប្រមាណ 560លាន​ដង​ក្នុងមួយឆ្នាំ។ ក្នុង​យុគសម័យ​ដំបូង តួលេខ​នេះ​គឺ ចាប់ពី 1 ដល់ 5ពាន់​លាន​ដង ក្នុងនោះ​មាន​ចាប់ពី 100 ទៅ 1ពាន់​លាន​ដង បាន​បាញ់​មកលើ​ដី។ ប្រការនេះ​មានន័យថា រន្ទះបាញ់​អាច​ផ្គត់​ផ្គង​សារធាតុ​ផូស្វ័រ​ដល់​ផែនដី​បាន​យ៉ាងច្រើន។

    «ការយល់ដឹង​អំពី​តួនាទី​របស់​រន្ទះបាញ់​ដែល​ដូច​ទៅនឹង​យន្តការ​បង្កបង្កើត​ផូស្វ័រ​ដែល «អាច​ប្រតិកម្ម» គឺជា​រឿង​សំខាន់​ក្នុងការ​សិក្សា​ស្រាវជ្រាវ​រក​ប្រភព​នៃ​ជីវិត​នៅលើ​ផែនដី ក៏ដូចជា​ប្រភព​នៃ​ជីវិត​នៅក្រៅ​ផែនដី។ ការរកឃើញ​របស់​យើង អាចអនុវត្ត​​នៅ​លើ​​គ្រប់​​ពិភព​ទាំងអស់​ដែលមាន​បរិយាកាស​អាច​បង្កើត​រន្ទះបាញ់» អ្នកវិទ្យាសាស្ត្រ Hess អះអាង​ដូច្នេះ៕

    ប្រភព៖ CNN
    ប្រែ​សម្រួល៖ បុត្រា

  • គម្រោង​កសាង​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូនេស៊ី នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ 2024

    គម្រោង​កសាង​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូនេស៊ី នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ 2024

    រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​អភិវឌ្ឍ​ជាតិ​ឥណ្ឌូនេស៊ី លោក Suharso Monoarfa កាលពី​ថ្ងៃទី 17 មីនា បានឱ្យដឹងថា គម្រោង​កសាង​រដ្ឋធានី​ថ្មី​របស់​ប្រទេស​នេះ​នឹងត្រូវ​បន្ត​នៅក្នុង​ឆ្នាំ 2021 ជាមួយនឹង​គោលដៅ​សម្រេច​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ 2024។

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពីពេលថ្មីៗនេះ លោក Suharso Monoarfa ដែលជា​រដ្ឋមន្ត្រី និង​ជា​អ្នកទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​គម្រោង​កសាង​រដ្ឋធានី​ថ្មី បានឱ្យដឹងថា ថវិកា​ដែល​បាន​ប៉ាន់ប្រមាណ​ដំបូង​សម្រាប់​ការកសាង​រដ្ឋធានី​ថ្មី​នេះ មាន​ចំនួន 466 លាន​លាន​រូពី (32.3ពាន់​លាន​ដុល្លារ​អាមេរិក)។ ប៉ុន្តែ តួលេខ​នេះ​កំពុង​ត្រូវបាន​កែប្រែ​ទៅតាម​យុទ្ធសាស្ត្រ និង​ដំណាក់កាល​របស់​គម្រោង។

    ផែន​ទី​ទីតាំង​នៃ​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូនេស៊ី

    កាលពី​ខែសីហា ឆ្នាំ 2020 ឥណ្ឌូនេស៊ី បានសម្រេច​ផ្អាក​បណ្ដោះអាសន្ន​នូវ​គម្រោង​រើ​រដ្ឋធានី​ទៅកាន់​កោះ Borneo​ ដោយ​សារ​តែ​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា Covid-19។

    លោក​រដ្ឋមន្ត្រី Monoarfa ថ្លែងថា គម្រោង​សាងសង់​អគារ​នានា​របស់​រដ្ឋាភិបាល​នៅក្នុង​រដ្ឋធានី​ថ្មី​នឹងត្រូវ​ពន្យារពេល​រហូតដល់​ឥណ្ឌូនេស៊ី​មាន​លទ្ធផល​ល្អ​ក្នុងការ​ទប់ស្កាត់ Covid-19។ លោក Monoarfa បញ្ជាក់ថា ការចាប់ផ្ដើម​អនុវត្ត​គម្រោង​នេះ​អាច​ត្រូវបាន​ពន្យារពេល​ដល់​ឆ្នាំ 2022 ឬ 2023 ព្រោះថា រដ្ឋាភិបាល​កំពុង​ផ្ដោតលើ​ការស្រាវជ្រាវ ដើម្បី​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ Covid-19 ដល់​ពលរដ្ឋ​ជិត 270 លាន​នាក់។

    រដ្ឋធានី​ Jakarta របស់​ប្រទេស​ឥណ្ឌូនេស៊ី

    យោងតាម​ផែនការ​ដំបូង គម្រោង​នេះ​នឹងត្រូវ​បានចាប់ផ្ដើម​នៅ​ដើមឆ្នាំ 2021 ជាមួយនឹង​សកម្មភាព​សាងសង់​អគារ​រដ្ឋាភិបាល កែលម្អ​ព្រលានយន្តហោះ កំពង់ផែ​សមុទ្រ និង​ផ្លូវថ្នល់​នៅក្នុង​តំបន់​ព្រៃ​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​តាំង​រដ្ឋធានី​ឆ្លាត​វៃ​ថ្មី។ មកដល់​ឆ្នាំ 2024 ដែលជា​ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​ទី​ពីរ​របស់​ប្រធានាធិបតី Joko Widodo ក្រុមមន្ត្រី​រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​រើ​ទៅធ្វើ​ការ​នៅ​រដ្ឋធានី​ថ្មី។

    កាលពី​ឆ្នាំ 2019 ប្រធានាធិបតី Joko Widodo បានប្រកាស​អំពី​គម្រោង​រើ​រដ្ឋធានី​នេះ ដើម្បី​ជួយ​កាត់បន្ថយ​ទម្ងន់​របស់ Jakarta ជា​រដ្ឋធានី​ដែល​ស្ថិតនៅលើ​កោះ Java និង​មាន​ប្រជាជន 10លាន​នាក់​កំពុង​រស់នៅ។​ លោក​ Masayoshi Son នាយក​ប្រតិបត្តិ​របស់​ធនាគារ SoftBank, អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស Tony Blair និង​ព្រះអង្គម្ចាស់​ត្រៀម​ស្នង​រាជ Sheikh Mohammed Bin Zayed al Nahyan របស់​រដ្ឋធានី Abu Dhabi នៃ​ប្រទេស​អារ៉ាប់​រួម ត្រូវបាន​អញ្ជើញ និង​យាង​ឱ្យធ្វើជា​ទីប្រឹក្សា​សម្រាប់​គម្រោង​ខាងលើនេះ៕

    ប្រភព៖ AA
    ប្រែ​សម្រួល៖ បុត្រា

  • ចាន​បុរាណ​ចិន​ដែល​ទិញ​ពី​កន្លែង​លក់ទំនិញ​មួយ​ទឹក ពេលនេះ​លក់បាន​ជាង​ 700,000ដុល្លារ​អាមេរិក

    ចាន​បុរាណ​ចិន​ដែល​ទិញ​ពី​កន្លែង​លក់ទំនិញ​មួយ​ទឹក ពេលនេះ​លក់បាន​ជាង​ 700,000ដុល្លារ​អាមេរិក

    ចាន​ធ្វើ​អំពី​ប៉​សឺ​ឡែ​ន​ពណ៌​ស​ជំនាន់​រាជវង្ស​មីង​នៃ​ប្រទេស​ចិន ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​កន្លែង​លក់​វត្ថុ​មួយ​ទឹក​​ ដែល​មាន​ទី​តាំង​នៅ​សហរដ្ឋ​អាមេរិក ត្រូវបាន​លក់​ក្នុងតម្លៃ​ជាង 722,000ដុល្លារ​អាមេរិក ខ្ពស់ជាង​ការ​ព្យាករ​ទៅទៀត។

    ចាន​ពណ៌​ស​មួយ​ដែលមាន​រចនា​រូបភាព​ស្លឹកឈើ​ពណ៌​ទឹកសមុទ្រ​ដ៏​ស្រស់ស្អាត ស្ថិតក្នុង​ចំណោម​ស្នាដៃ​សិល្បៈ​ចិន ត្រូវបាន Sotheby’s ដាក់លក់​ដេញថ្លៃ​កាលពី​ថ្ងៃទី 17 មីនា 2021 នៅក្នុង​ព្រឹត្តិការណ៍ Asia Week។ Sotheby’s គឺជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ធំជាងគេ​មួយ​នៅលើ​ពិភពលោក ទាក់ទង​នឹង​សិល្បៈ​លម្អ គ្រឿងអលង្ការ អចលនទ្រព្យ និង​វត្ថុ​បុរាណ។ អត្តសញ្ញាណ​របស់​អ្នកលក់ និង​អ្នកទិញ​ចាន​បុរាណ​ខាងលើ មិនត្រូវ​បាន​គេ​បង្ហើប​ឱ្យដឹង​នោះទេ។

    ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា ចាន​បុរាណ​នេះ​ត្រូវបាន​ផលិតឡើង​សម្រាប់តែ​រាជវាំង​របស់​មហាក្សត្រ Yongle (ព្រះនាម​ផ្ទាល់ខ្លួន​គឺ Zhu Di) ដែលជា​ស្ដេច​ទី​បី​របស់​រាជវង្ស​មីង សោយរាជ​ចាប់ពី​ឆ្នាំ 1402 ដល់ 1424។ នេះ​គឺជា​ចាន​បុរាណ 1 ក្នុងចំណោម 7 ដែល​នៅមាន​នៅលើ​ពិភពលោក។ កាលពី​ខែ​មុន ចាន​បុរាណ​នេះ ត្រូវបាន​អ្នក​ស្រលាញ់​វត្ថុ​បុរាណ​ម្នាក់​ទិញ​ពី​កន្លែង​លក់ទំនិញចាស់ៗមួយកន្លែង​ដែល​ស្ថិតនៅក្នុង​រដ្ឋ Connecticut ភាគ​ឦសាន​នៃ​សហរដ្ឋអាមេរិក ក្នុងតម្លៃ 35ដុល្លារ។

    អ្នកទិញ​ខាងលើ ក្រោយមក​ក៏បាន​ផ្ញើ​ព័ត៌មាន និង​រូបថត​តាម​អ៊ី​មេ​ល​ទៅកាន់ Sotheby’s ដើម្បី​ស្នើ​ឱ្យជួយ​វាយតម្លៃ។ Sotheby’s បាន​បញ្ជាក់ថា ចាន​នេះ​មាន​តាំងពី​អំឡុង​ឆ្នាំ 1400 នៃ​គ្រិស្តសករាជ​មកម្ល៉េះ។

    បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា ហេតុអ្វី​បានជា​ចាន​បុរាណ​នេះ​អាចមាន​វត្តមាន​នៅក្នុង​តំបន់​លក់ទំនិញ​មួយ​ទឹក​នៅក្នុង​រដ្ឋ Connecticut នៅឡើយ។ Angela McAteer ដែលជា​អ្នកគ្រប់គ្រង​ផ្នែក​ស្នាដៃ​សិល្បៈ​ចិន​របស់​ក្រុមហ៊ុន Sotheby’s បានឱ្យដឹងថា ចាន​នេះ​ប្រហែលជា​ត្រូវបាន​គ្រួសារ​មួយ​រក្សាទុក​ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ ហើយ​​ពួកគេ​មិនបាន​ដឹង​អំពី​តម្លៃពិត​របស់​វា។

    កន្លងមក មុនពេល​ដាក់លក់​ដេញថ្លៃ Sotheby’s ព្យាករ​ថា ចាន​នេះ​មានតម្លៃ​ចាប់ពី 300,000 ដល់ 500,000​ដុល្លារ​អាមេរិក។ ប៉ុន្តែ ជាក់ស្ដែង​ពេលនេះ វា​ត្រូវបាន​គេ​ទិញ​ក្នុងតម្លៃ​ជាង 722,000ដុល្លារ​អាមេរិក។

    ចាន​ចំនួន 5 ក្នុងចំណោម​ចាន​ដែល​ត្រូវបាន​គេ​ស្គាល់ កំពុងស្ថិត​ក្នុង​សារមន្ទីរ រួមមាន៖ 2 នៅ​កោះ​តៃវ៉ាន់, 2 នៅ​​ក្រុង​ឡុង​ដ៍​នៃ​ប្រទេស​អង់គ្លេស និង 1 នៅ​ទីក្រុង​តេ​ហេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់៕

    ព័ត៌មាន​ទាក់​ទង​> ចាន​បុរាណ​ចិន​នៅ​អាមេរិក ត្រូវគេ​​ទិញ​​ក្នុង​តម្លៃ 35ដុល្លារ តែ​លក់​វិញ​តម្លៃ 500,000ដុល្លារ

    ប្រភព៖ AP, CNN
    ប្រែ​សម្រួល៖ បុត្រា