Author: សឿន សំណាង

  • ករណីស្លាប់ដោយសារ Covid-19 នៅកម្ពុជា កើនឡើងដល់ 5នាក់ហើយ!

    ករណីស្លាប់ដោយសារ Covid-19 នៅកម្ពុជា កើនឡើងដល់ 5នាក់ហើយ!

    ស្ត្រី​អ្នកជំងឺ Covid-19 ម្នាក់​ដែលជា​ជនជាតិខ្មែរ មាន​អាយុ 62ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី នេះ​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួងសុខាភិបាល។

    ករណី​ស្លាប់​បាន​ខាងលើនេះ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី23 ខែមីនា ឆ្នាំ2021 នៅពេល​កំពុង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល។ នេះ​គឺជា​ករណី​ស្លាប់​ដោយសារ​វីរុស Covid-19 ទី5ហើយ ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 23មីនា 2021 កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 1,788នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 999នាក់ ខណៈ​អ្នក​ស្លាប់មាន​ចំនួន4នាក់ និង​កំពុង​ព្យាបាល​ចំនួន 783នាក់៕


    ប្រភព៖ ក្រសួងសុខាភិបាល​
    ដក​ស្រង់​ដោយ​៖ បុត្រា

  • ស្អាត​ដូច​តួកុន! ស្ត្រី​ចិន​អ្នកបកប្រែ ដណ្ដើមបាន​ចំណាប់អារម្មណ៍​អ្នកតាមដាន កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់ “ចិន-អាមេរិក”

    ស្អាត​ដូច​តួកុន! ស្ត្រី​ចិន​អ្នកបកប្រែ ដណ្ដើមបាន​ចំណាប់អារម្មណ៍​អ្នកតាមដាន កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់ “ចិន-អាមេរិក”

    កាលពី 8ឆ្នាំមុន កិច្ចប្រជុំ​ក្នុង​ប្រធានបទ​ដ៏​វែង​អន្លាយ​មួយ​ស្ដីពី “ខ្លឹមសារ​ដែល​ពាក់ព័ន្ធ និង​ចំណុច​ពិចារណា នៃ​ផែនការ​កែសម្រួល​ស្ថាប័ន និង​ការធ្វើការងារ​របស់​ស​ភា​នៃ​រដ្ឋ” របស់​សភា​ប្រជាជន​នៃ​ប្រជា​ជាតិចិន ដែលជា​កិច្ចប្រជុំ​សម័យ​ទី12 បាន​ក្លាយជា​ព័ត៌មាន និង​ទទួលបាន​ការចាប់អារម្មណ៍​ពី​សាធារណជន​យ៉ាងច្រើន​លើសលប់ និង​មិន​គួរឱ្យ​ជឿ។

    ប្រាកដ​ណាស់! មិនមែន​មកពី​ខ្លឹមសារ​របស់​កិច្ចប្រជុំ​នោះទេ តែ​ដោយសារតែ​អ្នកបកប្រែ​ស្រី​ស្អាត​ម្នាក់ ដែលមាន​ឈ្មោះថា ចាង​ជី​ង ហ្នឹងឯង ដែល​មកដល់​ថ្ងៃនេះ នាង​បាន​វិល​មក​ល្បីល្បាញ​ជាថ្មី​ម្ដង​ទៀតហើយ…។

    ចាង​ជី​ង ជា​អ្នកស្រុក​ហាំង​ចូ ចាប់​ផ្ដើមចេញ​ពន្លឺ​លេចធ្លោ​ឡើង ដោយសារ​ការរៀន​ផ្នែក​ភាសាបរទេស នៅ​មហាវិទ្យាល័យ ក្នុងស្រុក​កំណើត រហូត​ត្រូវបាន​ជ្រើសរើស ឱ្យទៅ​សិក្សា​បន្ត​នៅឯ​ស្ថាប័ន​ការសិក្សា​ដ៏​ល្បីល្បាញ​មួយ ជា​មហាវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ ស្ថិតនៅក្នុង​ទីក្រុង​ប៉េកាំង ដែល​តែងតែ​ជ្រើសរើស​ចម្រាញ់​យកតែ​និស្សិត​ណា ដែលមាន​ភាពលេច​ធ្លោ​ជាពិសេស​ផ្នែក​ភាសា ចំនួន 200នាក់ ពី​ទូទាំងប្រទេស ឱ្យមក​សិក្សា​បន្ត ដើម្បី​បំពេញ​តួនាទី​លើ​ផ្នែក​ការបរទេស​របស់​រដ្ឋ​បាល​ចិន ហើយ​ចាង​ជី​ង ក៏​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​នោះដែរ។

    លក្ខណសម្បត្តិ​ផ្ទាល់ខ្លួន របស់​ចាង​ជី​ង អាច​និយាយបានថា មាន​ភាព​លេចធ្លោ មក​តាំងពី​សម័យ​ជា​និស្សិត​ស្រាប់​ទៅហើយ និង​ក្លាយ​ជាទីគោរព​រាប់អាន​របស់​សិស្ស​ជំនាន់​ប្អូន​ជាច្រើន ហើយ​ថែមទាំង​ធ្លាប់បាន​ចូលរួម​ប្រកួតប្រជែង​ជំនាញ​ផ្នែក​ភាសា រហូត​ទទួលបាន​រង្វាន់​លំដាប់​ថ្នាក់ជាតិ​រួចមកហើយ​ជាច្រើន​ដង រួមទាំង​ការ​ដណ្ដើមបាន​រង្វាន់ ការ​ថ្លែង​សុន្ទរកថា ជា​ភាសា​អង់គ្លេស កាលពី​សម័យ​នៅ​ជា​និស្សិត​ទៀតផង។

    រហូត​នៅពេល​បានទទួល​ការដាក់បញ្ចូល​ឈ្មោះ​ជា​មន្ត្រី​របស់​រដ្ឋបាល​ចិន ចាង​ជី​ង ក៏បាន​បង្ហាញ​នូវ​ភាពលេច​ធ្លោ ក្នុងការ​បំពេញ​តួនាទី នៅក្នុង​កិច្ចប្រជុំ​ក្នុង​កម្រិត​អន្តរជាតិ រហូត​លេចចេញ​ជា​ព័ត៌មាន ទាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​ខ្លួនឯង និង​ក្នុង​សារព័ត៌មាន​អន្តរជាតិ​ទៀតផង។

    រហូតមកដល់​ថ្ងៃនេះ ឈ្មោះ​ចាង​ជី​ង បាន​វិល​ត្រឡប់មក​ក្លាយជា​ព័ត៌មាន​ល្បីល្បាញ​ជាថ្មី​ម្ដងទៀត ជាមួយ​ការបំពេញ​តួនាទី ជា​អ្នកបកប្រែ​នៅក្នុង​កិច្ចប្រជុំ​ពាណិជ្ជកម្ម​កំពូល រវាង​ចិន និង​សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ ឃ្លី​ប ដែល​ចាង​ជី​ង​បំពេញ​តួនាទី ដែលមាន​អ្នកទស្សនា​នៅក្នុង​ប្រទេស​ចិនដីគោក​រាប់សិប​លាន​ដង និង​រឿងរ៉ាវ ជាមួយ​រូបភាព​របស់​នាង ថែមទាំង​ត្រូវបាន​បង្ហាញឡើង​នៅក្នុង​ប្រ​ព្ធ័​ន្ធ​ផ្សព្វផ្សាយ​បរទេស​ជាច្រើន​ផងដែរ។

    នៅក្នុង​បទ​សម្ភាស​មួយ ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ចាង​ជី​ង បាន​ប្រាប់ថា នាង​គ្រាន់តែ​ជា​ជន​ជាតិចិនធម្មតាៗម្នាក់ ដែល​ចូលចិត្ត​អាន​វណ្ណ​កម្ម​របស់​ចិន និង​តាំងចិត្ត​រៀនសូត្រ​តាម​ប្រក្រតី​តែប៉ុណ្ណោះ។

    អ្នកយកព័ត៌មាន បាន​សួរថា តើ​ហេតុ​អី​បាន​អ្នកនាង មើលទៅ​មាន​ទឹកមុខ ហាក់ដូចជា​មាំ​ម៉ឺងម៉ាត់ ពេល​បំពេញការងារ? ចាង​ជី​ង​ប្រាប់ថា ទឹកមុខ​ដែល​នាង​ធ្វើ គឺ​ត្រូវ​ការបង្ហាញ​ភាព​គួរឱ្យ​គោរព​ជឿជាក់ ដូច្នេះហើយ​ទើប​នាង​មិនអាច​ញញឹមញញែម ឬ​សើច​លេង​អ្វី​បាន​ច្រើន​នោះទេ។

    កំលោះៗជន​ជាតិចិន​ជាច្រើន សុទ្ធតែ​ប្រាប់ថា ចាង​ជី​ង គឺជា​ស្ត្រី​ក្នុង​ក្ដី​សុបិន​របស់​ពួកគេ​យ៉ាងពិត​ប្រាកដ ចំណែកនារីៗជាច្រើន​នាក់​វិញ ប្រាប់ថា នេះ​គឺជា​កម្លាំង​ជំរុញ​ចិត្ត​របស់​ពួកគេ​ដូចគ្នា និង​ថែមទាំង​មាន​អ្នក​ប្រាប់ថា រូប​សម្ផស្ស​របស់​នាង មើលទៅ​ហាក់​ស្រដៀង​នឹង​តារា​ស៊ូ​ភើរ​ស្តារ​របស់​ចិនដីគោក​ម្នាក់ ឈ្មោះ ចៅ​វើ​យ មែនទែន៕

    ប្រភព៖ សា​ព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 35​នាក់​​ទៀត​ហើយ ត្រូវបាន​រកឃើញ​ក្នុង​ថ្ងៃទី22មីនា

    អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 35​នាក់​​ទៀត​ហើយ ត្រូវបាន​រកឃើញ​ក្នុង​ថ្ងៃទី22មីនា

    កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស Covid-19 ថ្មី ចំនួន 35នាក់​ទៀត នៅក្នុង​អំឡុង24ម៉ោង​នៃ​ថ្ងៃទី22 ខែមីនា 2021។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ខាងលើ មាន 2នាក់​គឺជា​ករណី​នាំចូល ដែល​មិនមែនជា​ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ។ ចំណែក 23នាក់​ទៀត ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ ក្នុង​ថ្ងៃ​ដដែល​នោះដែរ កម្ពុជា​ក៏មាន​អ្នកជា​សះស្បើយ​ចំនួន 32នាក់។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 23មីនា 2021 កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 1,788នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 999នាក់ ខណៈ​អ្នក​ស្លាប់មាន​ចំនួន4នាក់ និង​កំពុង​ព្យាបាល​ចំនួន 783នាក់៕

    ប្រភព​៖ ក្រសួង​សុខាភិបាល​
    ដកស្រង់​ដោយ​៖ បុត្រា

  • ថ្មី! វ៉ាក់សាំង​Covid-19 ប្រភេទ​គ្រាប់​សម្រាប់​លេប ត្រៀម​ធ្វើ​ការ​ពិសោធ​លើ​មនុស្ស​ហើយ!

    ថ្មី! វ៉ាក់សាំង​Covid-19 ប្រភេទ​គ្រាប់​សម្រាប់​លេប ត្រៀម​ធ្វើ​ការ​ពិសោធ​លើ​មនុស្ស​ហើយ!

    វ៉ាក់សាំង​បង្ការ Covid-19 ដែល​ត្រូវបាន​ផ្សំ​ឡើងជា​ប្រភេទ​គ្រាប់​សម្រាប់​លេប​ដែល​អាច​ប្រើប្រាស់​នៅតាម​ផ្ទះ នឹង​អាច​ត្រូវបានធ្វើ​ការពិសោធ​លើ​មនុស្ស​នាពេល​ដ៏​ខ្លី​ខាងមុខ។

    យោងតាម​សារព័ត៌មាន RT វ៉ាក់សាំង​ប្រភេទ​ថ្មី​ដំបូង​គេ​ដែលមាន​ឈ្មោះថា Oravax នេះ ត្រូវបាន​សហការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Oramed របស់​អាមេរិក-អ៊ីស្រាអែល និង​ក្រុមហ៊ុន​ជីវសាស្ត្រ Premas របស់​ឥណ្ឌា។ ក្រុមហ៊ុន​ទាំងពីរ​នេះ​បាន​ចាប់ដៃគ្នា​បង្កើត​ក្រុមហ៊ុន Oravax Medical ដើម្បី​អភិវឌ្ឍ និង​ផលិត​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ប្រភេទ​គ្រាប់​សម្រាប់​លេប ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់។

    ក្រោយពី​បានធ្វើ​ការពិសោធ​នៅលើ​សត្វ ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា វ៉ាក់សាំង​ប្រភេទ​គ្រាប់​នេះ​អាចជួយ​បង្កើត​អង្គ​ប​ដិ​ប្រាណ​ដែលមាន​ប្រសិទ្ធភាព​ទប់ស្កាត់​វីរុស Covid-19។ ចំណុច​ពិសេស នោះ​គឺ​វ៉ាក់សាំង Oravax តែមួយ​គ្រាប់​គត់ សត្វ​ដែល​ត្រូវធ្វើ​ការពិសោធ​អាច​ការពារ​ខ្លួន​ពី​ការឆ្លង​វីរុស Covid-19។ នេះ​គឺជា​ចំណុច​ខុសប្លែក និង​ត្រូវបាន​គេ​ចាត់ទុកថា​លេចធ្លោ​ជាង​បើ​ធៀប​ជាមួយនឹង​វ៉ាក់សាំង​បច្ចុប្បន្ន​ដែល​ត្រូវ​ការចាក់​រហូតដល់​ពី​រ​ម្ជុល។

    លោក Prabuddha Kundu ដែលជា​សហ​ស្ថាបនិក​របស់ Premas បាន​ថ្លែង​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ឥណ្ឌា​ថា ការ​លេប​វ៉ាក់សាំង​នេះ​នឹង «ដូច​ទៅនឹង​ការ​លេបថ្នាំ​វីតាមីន» ហើយ «យើង​ជឿជាក់100% ថា បច្ចេកវិទ្យា​នេះ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ក្ដីសង្ឃឹម»។ លោក​បន្ថែមថា លទ្ធផល​ដែល​បានមកពី​ការពិសោធ​បឋម​លើស​ត្វ​នឹងត្រូវ​បានប្រកាស​ឱ្យដឹង​នៅលើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​មួយ​នាពេលឆាប់ៗនេះ។

    Oravax ត្រូវបានសហការអភិវឌ្ឍដោយក្រុមហ៊ុន Oramed របស់អាមេរិក-អ៊ីស្រាអែល និងក្រុមហ៊ុនជីវសាស្ត្រ Premas របស់ឥណ្ឌា

    ចំណែក Nadav Kidron នាយក​ប្រតិបត្តិ​របស់ Oramed និយាយថា វ៉ាក់សាំង​ប្រភេទ​គ្រាប់​នេះ​នឹង​បំបាត់​បញ្ហា​នានា​ដែល​កើតឡើង​ពី​រដូវ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក។ ជាង​នេះ វា​ក៏​នឹង​អាច​ត្រូវបាន​ប្រើប្រាស់​នៅតាម​ផ្ទះ​យ៉ាង​ងាយស្រួល​ផងដែរ។

    គេ​អាច​រក្សាទុក​វ៉ាក់សាំង Oravax នេះ​នៅក្នុង​សីតុណ្ហភាព​របស់​បន្ទប់​ក្នុងផ្ទះ និង​ជួយ​កាត់បន្ថយ​បញ្ហា​រក្សាទុក​ក្នុងស្ថានភាព​ត្រជាក់​ដែល​វ៉ាក់សាំង «បុរាណ» នានា​កំពុង​ជួបប្រទះ។ នាយក Kedron ប្រកាសថា ការប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​គ្រាប់​នេះ​អាចជួយ​កាត់បន្ថយ​ផលប៉ះពាល់​ក្រោយពី​បាន​លេប ហើយ​វា​ក៏​នឹងមាន​ប្រយោជន៍​ច្រើន បើសិន​ក្លាយជា​វ៉ាក់សាំង​ដែល​ត្រូវ​លេប​ប្រចាំឆ្នាំ​ដូច​ទៅនឹង​វ៉ាក់សាំង​បង្ការ​វីរុស​ផ្ដាសាយ។

    Oravax Medical នឹងធ្វើ​ការពិសោធ​លើ​មនុស្ស​ក្នុងដំណាក់កាល​ដំបូង​នៅក្នុង​ប្រទេស​មួយចំនួន ក្នុងនោះ​មាន ​សហរដ្ឋ​អាមេរិក,​ អ៊ីស្រាអែល, ម៉ិ​ក​ស៊ិ​ក និង​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ផងដែរ។ ការពិសោធ​ដំបូង​អាច​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ខែកក្កដា​ឆ្នាំ2021៕

    ប្រភព​៖ BI
    ប្រែសម្រួល​៖ បុត្រា

  • កម្ពុជា​នឹង​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ជូន​មនុស្ស​ចាស់​ចាប់ពី​ថ្ងៃទី23 ខែមីនា ឆ្នាំ2021

    កម្ពុជា​នឹង​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ជូន​មនុស្ស​ចាស់​ចាប់ពី​ថ្ងៃទី23 ខែមីនា ឆ្នាំ2021

    ក្រសួងសុខាភិបាល​កម្ពុ​ជា​នឹង​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ដែលមាន​វ័យ​ចាប់ពី 60ឆ្នាំ​ឡើងទៅ ចាប់ពី​ថ្ងៃទី23 ខែមីនា ឆ្នាំ2021 នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ចំនួន 14ទីតាំង នៅ​ទីក្រុង​ភ្នំពេញ។

    យុទ្ធនា​ការចាក់​វ៉ាក់សាំង​ខាងលើនេះ​នឹង​ចាក់​ជូន​មនុស្ស​ចំនួន 55,700នាក់ នៅក្នុង​ខណ្ឌ​ចំនួន14 របស់​រាជ​ធានី​​ភ្នំពេញ នេះ​បើតាម​គណៈកម្មការ​គ្រប់គ្រង​កិច្ច​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រសួងសុខាភិបាល ដែល​បានប្រកាស​ឱ្យដឹង​នា​ថ្ងៃទី22មីនា​នេះ។

    សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ខាងលើ​ក៏បាន​បញ្ជាក់ថា ក្រុមមនុស្ស​ដែលមាន​វ័យ​ចំណាស់ មាន​ហានិភ័យ​ខ្ពស់ ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ឬ​បាត់​បង់ជីវិត​ក្នុង​អត្រា​ខ្ពស់ បើសិន​បាន​ឆ្លង​វីរុស Covid-19។ ដូច្នេះ ការចាក់​វ៉ាក់សាំង​នេះ​គឺជា​រឿង​សំខាន់​ខ្លាំងណាស់។

    គណៈកម្មការ​គ្រប់គ្រង​កិច្ច​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 ក៏បាន​សង្កត់ធ្ងន់ថា ពលរដ្ឋ​គ្រប់រូប បើទោះជា​បានទទួល​ការចាក់​វ៉ាក់សាំង​ហើយក៏​ដោយ ក៏ត្រូវ​តែ​បន្ត​អនុវត្តតាម​ការណែនាំ​ទាំងឡាយ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៃ​វីរុស​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ ក្នុងនោះ វិធានការ «3ការពារ» (ពាក់​ម៉ាក់ លាងដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព) និង «3កុំ» (កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ប៉ះពាល់​គ្នា) គួរ​តែ​អនុវត្ត​កុំបី​ខាន៕

    ប្រភព​៖ ក្រសួង​សុខាភិបាល​
    ដក​ស្រង់​ដោយ​៖ បុត្រា

  • Saudi Aramco បាត់បង់​តំណែង «ក្រុមហ៊ុន​រកបាន​ប្រាក់ចំណេញ​ច្រើនជាងគេ​ក្នុង​ពិភពលោក» ទៅលើ​ដៃ Apple

    Saudi Aramco បាត់បង់​តំណែង «ក្រុមហ៊ុន​រកបាន​ប្រាក់ចំណេញ​ច្រើនជាងគេ​ក្នុង​ពិភពលោក» ទៅលើ​ដៃ Apple

    Saudi Aramco ដែលជា​ក្រុមហ៊ុន​ប្រេង​ជាតិ​ដ៏​ធំ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត លែង​ជា​ក្រុមហ៊ុន​ដែល​រកបាន​ប្រាក់ចំណេញ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក​ទៀតហើយ ដោយ​តំណែង​នេះ​បាន​ធ្លាក់​ទៅលើ​ដៃ​ក្រុមហ៊ុន Apple។

    ក្រុមហ៊ុន Saudi Aramco បាន​ជួប​បញ្ហា​នេះ បន្ទាប់ពី Covid-19 បានធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ប្រេង​បាន​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ឆ្នាំ2020។ យោងតាម CNN Business កាលពី​ថ្ងៃទី21 មីនា 2021 ក្រុមហ៊ុន Aramco បានប្រកាស​​​លទ្ធផល​នៃ​ការរកស៊ី​ក្នុង​ឆ្នាំ2020 ឱ្យដឹងថា ប្រាក់ចំណេញ​បាន​ធ្លាក់ចុះ44% ពោលគឺ​ចំណេញ​បាន​តែ​49​ពាន់​​លាន​ដុល្លារ​អាមេរិក។

    តម្រូវការ​លើ​ការប្រើប្រាស់​ប្រេង​របស់​ពិភពលោក ទទួលរង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ2020 នៅពេលដែល​ប្រទេស​​នានា​បានដាក់​បំរាម​គោចរ​ដើម្បី​ទប់ស្កាត់ Covid-19 បណ្ដាលឱ្យ​សកម្មភាព​ចរាចរណ៍​ទូទាំង​ពិភពលោក​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន។ កាល​ពី​​ឆ្នាំ​2020 មានពេលខ្លះ​តម្លៃ​ប្រេង​បាន​ធ្លាក់​ដល់​ក្រោម​សូន្យ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដោយសារតែ​មិន​មាន​​តុល្យ​ភាព​​រវាង​តម្រូវការ​ជាមួយនឹង​ការផ្គត់ផ្គង់ នាំឱ្យ​ឃ្លាំង​ដាក់​ប្រេង​សល់ ស្ទើរតែ​អស់ពី​ទីផ្សារ។

    Aramco ឱ្យដឹងថា លទ្ធផល​ជំនួញ​ដែល​បាន​ធ្លាក់ចុះ​គឺ​កើតឡើង​ដោយសារ​កត្តា​ជាច្រើន រួមមាន តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ បរិមាណ​ប្រេង​ដែល​បាន​លក់​ចេញ​ថយចុះ ក៏ដូចជា​អត្រា​ចំណេញ​ថយចុះ​នៅតាម​ផ្នែក​ចម្រាញ់​គីមី​ប្រេង​ផង​ដែរ។

    បញ្ហា​ខាងលើនេះ​មានន័យថា ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក Apple ដណ្ដើមបាន​តំណែង​ជា​ក្រុមហ៊ុន​រកបាន​ប្រាក់ចំណេញ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក ពី​ក្រុមហ៊ុន​ប្រេង Aramco។ ពេញ​មួយឆ្នាំ2020 Apple រកបាន​ប្រាក់​ចំណេញ​​ចំនួន​59​ពាន់​លាន​ដុល្លារ។ ក៏ប៉ុន្តែ តំណែង​នេះ​ទំនងជា​មិនអាច​នៅ​ជាមួយ Apple បានយូរ​ឡើយ ព្រោះថា តម្លៃ​ប្រេង​ពិភពលោក​បានចាប់ផ្ដើម​ងើប​ឡើងវិញ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ឆ្នាំ2019 មុនពេល Covid-19 ក្លាយជា​មហា​រោគរាតត្បាត ក្រុមហ៊ុន​ប្រេង Aramco រកបាន​ប្រាក់ចំណេញ 88ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ៕

    ប្រភព៖ CNN Business
    ប្រែសម្រួល​៖ បុត្រា

  • Xiaomi ចាប់ផ្ដើម​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​ផ្ទាល់​ខ្លួន​

    Xiaomi ចាប់ផ្ដើម​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​ផ្ទាល់​ខ្លួន​

    ប្រភពព័ត៌មាន​ពី​ប្រទេស​ចិន​ដែល​ដកស្រង់​សំដី​របស់​ក្រុម​អ្នកវិនិយោគ​ដែល​ស្និទ្ធ​នឹង CEO Lei Jun បានឱ្យដឹងថា ក្រុមហ៊ុន Xiaomi កំពុង​ចាប់ផ្ដើម​ដំណើរការ​យ៉ាង​លឿន​នូវ​គម្រោង​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​របស់ខ្លួន។ គម្រោង​នេះ​នឹងត្រូវ​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​រយៈពេល​ពីមួយ​ទៅ​ពីរ​ខែ​ខាងមុខ។

    រថយន្ត​របស់ Xiaomi នឹងមាន​រូបរាង​ដូច​ទៅនឹង​រថយន្ត​យីហោ Xiaopeng (Xiaopeng P7) របស់​ចិន និង​ត្រូវបាន​ផ្ដោត​សំខាន់​ទៅលើ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត។ សហ​ស្ថាបនិក និង​ជា​អនុប្រធាន​ក្រុមហ៊ុន លោក Wang Chuan នឹង​ទទួលខុសត្រូវ​លើ​កិច្ចការ​អភិវឌ្ឍ​គម្រោង​នេះ។

    កាលពី​ចុងខែ​កុម្ភៈ CEO Lei Jun បាន​ជួបប្រជុំ​ជាមួយនឹង​លោក Li Bin ដែលជា​ស្ថាបនិក​របស់ Weilai Automobile ពិភាក្សាគ្នា​អំពី​បញ្ហា​ផលិត​រថយន្ត។ ក្រៅពីនេះ អនុប្រធាន Wang Chuan ក៏​កំពុងតែ​ស្វែងរក​កម្លាំង​សម្រាប់​វិស័យ​នេះដែរ រួមមាន​ទាំង​ការសិក្សា​ស្រាវជ្រាវ និង​ដំណើរការ​នៃ​ការផលិត។

    រថយន្តយីហោ Xiaopeng (Xiaopeng P7)

    ក៏ប៉ុន្តែ មុននេះ​មិនយូរប៉ុន្មាន Xiaomi បានប្រកាស​ជា​ផ្លូវការ បដិសេធ​រាល់​ដំណឹង​ចចាមអារ៉ាម​មុន​នោះ​ស្ដីអំពី​ការអភិវឌ្ឍ​រថយន្តរ​បស់​ក្រុមហ៊ុន​នេះ។ នៅក្នុង​សេចក្ដីប្រកាស​នោះ Xiaomi បញ្ជាក់ថា៖ «Xiaomi តែង​យកចិត្តទុកដាក់​លើ​ការរីកចម្រើន​នៃ​វិស័យ​រថយន្ត​អគ្គិសនី ដោយ​វាត​ម្លៃ និង​ស្រាវជ្រាវ​លើ​និន្នាការថ្មីៗទាក់ទង​នឹង​ការរីកចម្រើន។ ប៉ុន្តែ ដំណាក់កាល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់ Xiaomi ក្នុង​វិស័យ​រថយន្ត​អគ្គិសនី នៅតែ​មិនទាន់​ដើរ​ដល់​ដំណាក់កាល​ផ្លូវការ​នៅឡើយ»។

    Xiaomi ទំនងជា​មិន​ចង់​បង្ហើប​ឱ្យដឹង​អំពី​ព័ត៌មាន​ណាមួយ​របស់ខ្លួន​ទាក់ទិន​នឹង​ការអភិវឌ្ឍ​រថយន្ត​អគ្គិសនី នៅមុន​ពេល​ដើរ​ដល់​ដំណាក់កាល​ផលិត ឬ​ទទួលបាន​ជោគជ័យ​ជាក់លាក់​ណាមួយ ដែល​នេះ​គឺ​ប្រហាក់ប្រហែល​ទៅនឹង​គម្រោង​អភិវឌ្ឍ​រថយន្ត​របស់​ក្រុមហ៊ុន Apple ដូច្នោះ​ដែរ៕

    ប្រភព៖ Gizchina
    ប្រែ​សម្រួល៖ បុត្រា

  • ត្រូវ​តំណាងរាស្ត្រ​រិះគន់ថា «មាន​ហូ​សហេតុ» Elon Musk ថា «ខ្ញុំ​កំពុង​សន្សំ​ប្រាក់​ដើម្បី​ជួយ​ដល់​មនុស្សជាតិ»

    ត្រូវ​តំណាងរាស្ត្រ​រិះគន់ថា «មាន​ហូ​សហេតុ» Elon Musk ថា «ខ្ញុំ​កំពុង​សន្សំ​ប្រាក់​ដើម្បី​ជួយ​ដល់​មនុស្សជាតិ»

    ដោយមាន​ទ្រព្យ​សរុប​ចំនួន 170ពាន់​លាន​ដុល្លារ​អាមេរិក មហាសេដ្ឋី​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក លោក Elon Musk បាន​អះអាងថា ទ្រព្យ​ដែល​លោក​មាន​គឺ​ទុក​សម្រាប់ «ជួយ​ដល់​មនុស្សជាតិ» ដើម្បី​បានរស់នៅ​លើ «ពហុ​ភព»។

    ថ្មីៗនេះ CEO របស់ Tesla លោក Elon Musk បាន​ឆ្លើយតប​នឹង​ការរិះគន់​របស់​តំណាងរាស្ត្រ​អាមេរិក Bernie Sanders ទាក់ទិន​នឹង​ទ្រព្យសម្បត្តិ​របស់លោក។ លោក Musk ប្រាប់ថា លោក​នឹង​ប្រើប្រាស់​ប្រាក់​ទាំងនេះ​ដើម្បី​ជួយ​ដល់​មនុស្សជាតិ។ «ខ្ញុំ​កំពុង​សន្សំ​ប្រាក់​ពី​ប្រភព​មួយចំនួន​ដើម្បី​ជួយ​បង្កើត​ជីវភាព​រស់នៅ​នៅលើ​អន្តរ​ភព និង​ពង្រីក​ការយល់ដឹង​អំពី​តារា» លោក Musk បាន​សរសេរ​ឆ្លើយតប​ដូច្នេះ​នៅលើ Twitter។ យោងតាម​ស្ថិតិ​របស់ Bloomberg បច្ចុប្បន្ន​លោក Elon Musk កំពុង​កាន់កាប់​ទ្រព្យ​ក្នុង​ដៃ​ចំនួន 170ពាន់​លាន​ដុល្លារ និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី​មហាសេដ្ឋី Jeff Bezos។

    តំណាងរាស្ត្រ​មួយចំនួន​នៅ​សភា​អាមេរិក​តែងតែ​ស្នើឱ្យ​មានការ​យកពន្ធ​ច្រើន​ពី​ក្រុម​មហាសេដ្ឋី។ «យើង​កំពុង​ស្ថិតក្នុង​យុគសម័យ​ជា​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក ជា​កន្លែង​ដែល​មនុស្ស​ពីរ​នាក់ រួមមាន Elon Musk និង Jeff Bezos មានទ្រព្យ​ច្រើនជាង​អ្នកក្រ​បំផុត​ចំនួន​ជាង40% នៅ​សហរដ្ឋអាមេរិក​ទៅទៀត» Bernie Sanders ដែលជា​តំណាងរាស្ត្រ​នៅ​ព្រឹទ្ធសភា បាន​និយាយ​ដូច្នេះ។

    លោក Bernie Sanders បន្ថែមថា៖ «កម្រិត​នៃ​ការ​លោភលន់ និង​មិន​ស្មើភាព​គ្នា មិន​ត្រឹមតែ​មិន​ប្រកបដោយ​សីលធម៌​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​មិនអាច​ព្យាបាល​បាន​ទៀតផង»។

    ឆ្លើយតប​នឹង​បញ្ហា​នេះ លោក Musk បានឱ្យដឹងថា លោក​មាន​គម្រោង​ប្រើប្រាស់​ខ្ទង់​ប្រាក់​របស់ខ្លួន​ដើម្បី​បង្កបង្កើត​ជីវភាព​រស់នៅ​លើ​ពហុ​ភព។ កាលពី​ឆ្នាំមុន លោក Musk បាន​រៀប​គម្រោង​នាំ​មនុស្ស​ចំនួន1លាន​នាក់​ឡើងទៅ​រស់នៅ​លើ​ភព​ព្រះ​អង្គារ​នា​ឆ្នាំ2050 និង​បង្កើត​ការងារ​នៅលើ​ភព​ក្រហម​នេះ។ លោក Musk និយាយថា «មាន​ជំនឿ​យ៉ាង​មុតមាំ» ថា យានអវកាស Starship ដំបូង​របស់ SpaceX អាច​ចុះចត​នៅលើ​ភព​អង្គារ​ក្នុង​ឆ្នាំ2026។ ប៉ុន្តែ ក្រុម​អ្នកជំនាញ​ខាង​អវកាស​បាន​សំដែង​ការសង្ស័យ​ទៅលើ​ពេលវេលា​ដែល​លោក Musk បានលើកឡើង។

    លោក Musk និយាយថា «មានជំនឿយ៉ាងមុតមាំ» ថា យានអវកាស Starship ដំបូងរបស់ SpaceX អាចចុះចតនៅលើភពអង្គារក្នុងឆ្នាំ2026

    មហាសេដ្ឋី Elon Musk បានបញ្ជាក់យ៉ាងច្បាស់ៗថា លោក​កំពុង​ប្រឹងប្រែង​សន្សំទ្រព្យ​សម្រាប់​សម្រេច​គោលដៅ​ចុងក្រោយ នោះ​គឺ​ទៅ​រស់​នៅលើ​ភព​ព្រះ​អង្គារ។

    លោក Elon Musk និយាយថា «ខ្ញុំ​គិតថា ប្រការ​ដែល​សំខាន់​គឺ​មនុស្សជាតិ​ត្រូវតែ​ក្លាយជា​អរិយធម៌​ដែលមាន​សមត្ថភាព​ដើរទេស​ចរណ៍​នៅ​ទី​អវកាស ឬ​ជា​សត្វលោក​ដែល​រស់​នៅលើ​ពហុ​ភព។ ដើម្បី​កសាង​ទីក្រុង​មួយ​នៅលើ​ពិភព​អង្គារ​គឺ​ត្រូវការ​ប្រភពធនធាន​ច្រើន ហើយ​ខ្ញុំ​មានបំណង​ចូលរួមចំណែក​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន»។

    មហាសេដ្ឋី Elon Musk និង Jeff Bezos កំពុងតែ​ប្ដូរ​វេន​គ្នា​កាន់កាប់​តំណែង​ជា​អ្នកមាន​ជាងគេ​ក្នុង​ពិភព​លោក។ លោក Musk ធ្លាប់​ដណ្ដើមបាន​តំណែង​នេះ​ពី Bezos កាលពី​ខែមករា នៅពេល​ទ្រព្យ​របស់លោក​បាន​ឡើងដល់188ពាន់​លាន​ដុល្លារ​អាមេរិក។

    កាលពី​សប្ដាហ៍​មុន តំណាងរាស្ត្រ Sanders បានដាក់​សំណួរ​ជាច្រើន​អំពី​ទ្រព្យសម្បត្តិ​របស់ Bezos តាមរយៈ Twitter ហើយ​ក្រោយមក លោក​ក៏បាន​និយាយ​ដល់​ទ្រព្យ​របស់​មហាសេដ្ឋី​ទាំងពីរ​គឺ Musk និង Bezos នៅក្នុង​សវនាការ​មួយ​របស់​សភា​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ។

    តំណាងរាស្ត្រ Sanders និយាយថា៖ «Bezos និង Musk បច្ចុប្បន្ន​មានទ្រព្យ​ច្រើនជាង​ទ្រព្យ​របស់​អ្នកក្រ​បំផុត​ដែលមាន​ចំនួន40% នៅ​សហរដ្ឋអាមេរិក ក្នុង​គ្រា​ដែល​យើង​មើលឃើញថា មនុស្សម្នា​កំពុង​អត់ឃ្លាន​នៅ​សហរដ្ឋ​អាមេរិក​ច្រើនជាងពេលណាៗទាំងអស់»៕

    ប្រភព៖ BI
    ប្រែ​សម្រួល៖ បុត្រា

  • ចេះតែមាន​ហ្មង?!  បព្វជិត​ម្នាក់ ផោម​ដាក់​មុខ​អ្នក​មក​ទទួល​ពរ នឹង​នាំឱ្យមាន​សិរី​សួស្ដី និង​សំណាងល្អ

    ចេះតែមាន​ហ្មង?!  បព្វជិត​ម្នាក់ ផោម​ដាក់​មុខ​អ្នក​មក​ទទួល​ពរ នឹង​នាំឱ្យមាន​សិរី​សួស្ដី និង​សំណាងល្អ

    ជំនឿ​ដ៏​មហា​សែន​ប្លែក…ឱ្យ​បព្វជិត(អ្នកបួស) ផោម​ដាក់​មុខ គឺជា​ការឱ្យ​ពរ​ដ៏​សែន​ស័ក្តិសិទ្ធិ អ្នកណា​បានទទួល(ក្លិន​ផោម)ហើយ នឹងមាន​លាភសំណាងល្អៗ និង​ទ្រព្យសម្បត្តិ លុយកាក់ ហូរ​ចូលមក​មិន​ដាច់​រយៈ…មាន​មនុស្សម្នា​នាំគ្នា​មកឈរ​តម្រង់​ជួរ ចាំ​ទទួល​ក្លិន​ផោម យ៉ាងច្រើន​កុះករ។

    តើ​អ្នកណា​ទៅ​នឹកស្មាន​ដល់​ថា ការដែល​យើង​បញ្ចេញ​ខ្យល់​ផោម​ចេញមក នឹងធ្វើ​ឱ្យ​យើង​បានទទួល​នូវ​ការគោរព​ជឿជាក់ ពី​អ្នក​ឯទៀត​បាន​ដល់​ថ្នាក់​នេះ​សោះ?  ឧទាហរណ៍ បព្វជិត ជនជាតិ​អាហ្វ្រិក​ម្នាក់ ដែល​អះអាងថា ខ្លួន​មាន​ថាមពល​វិសេស អាចជួយ​សង្គ្រោះ​អ្នកដទៃ​បាន ដោយ​ការ​ផោម!។

    លោក គ្រី​ស ផេ​ណូ​ឡូ​ផេ បុព្វ​ជិត​របស់​លទ្ធិ SevenFold Holy Spirit មកពី​ទីក្រុង​លីម​ប៉ូ​ប៉ូ អាហ្វ្រិក​ខាងត្បូង កំពុង​ក្លាយជា​បុគ្គល​ម្នាក់ ដែល​ត្រូវបាន​គេ​គោរព​ជឿជាក់​យ៉ាងខ្លាំង ព្រោះ​មនុស្ស​ទាំងអស់នោះ សុទ្ធតែ​ជឿថា ខ្យល់ និង​ក្លិន​ផោម​របស់គាត់ មាន​ថាមពល​វិសេស អាច​បង្ហាញ​ម​ហិ​ឫទ្ធិ អភិ​និ​ហារ នាំ​លាភ​សំណាង និង​ភាព​ចម្រុងចម្រើន​មកឱ្យ​ពួកគេ។

    វិធី​ទទួលយក​ខ្យល់ និង​ក្លិន​ផោម​មហា​ស័ក្តិសិទ្ធិ​នោះ​គឺ អ្នក​មក​ទទួល ត្រូវ​ដេក​ផ្ងារ​នៅលើ​កម្រាល​ឥដ្ឋ ចំណែក​លោក​គ្រី​ស នឹង​អង្គុយ​ដាក់​គូទ ចំ​ពីលើ​ផ្ទៃមុខ​អ្នក​មក​ទទួល​ពរ​នោះ បន្ទាប់មក ទើប​បញ្ចេញ​ខ្យល់​ផោម​ដាក់​មុខ​អ្នក​មក​ទទួល​ពរ​នោះ ដោយ​ត្រូវ​ផោម​ឱ្យចំ​រន្ធ​ច្រមុះ ដែល​លោក​គ្រី​ស បាន​អះអាងថា វា​ជា​ការជួយ​រំដោះ​វិញ្ញាណ​ស័ក្តិសិទ្ធិ ដើម្បីឱ្យ​មនុស្ស​ទាំងឡាយ​បានទទួល​ពរពេញៗតែម្ដង។

    មនុស្ស​ជាច្រើន​យល់ឃើញថា វា​ជា​រឿង​មួយ​ប្លែក​ខ្លាំងណាស់ តែ លោកអ្នក​ជឿ​ដែរឬទេ? មាន​មនុស្ស​មកឈរ​តម្រង់​ជួរ​គ្នា រង់ចាំ​ទទួលយក​ក្លិន​ផោម​ស័ក្តិសិទ្ធិ​នោះ យ៉ាងជ្រើន​កុះករ។ គេ​ល្បី​ថា មានការ​កក់​ទុក​មុន​ជា​រៀងរាល់ថ្ងៃ ព្រោះ​មនុស្សម្នា​ទាំងអស់ សុទ្ធតែ​ជឿថា ខ្យល់ និង​ក្លិន​ផោម របស់លោក​គ្រី​ស នឹង​នាំមក​នូវ​សិរី​សួស្ដី ភាពមានបាន​ធូរធារ ជាពិសេស​ខាង​មុខរបរ​រកស៊ីផ្សេង…អ្នកខ្លះ​ត្រូវ​រង់ចាំ​វេន​របស់ខ្លួន​យូរ រហូតដល់​ទៅ 2ខែ​ឯណោះ។ អតីត​សមាជិក​របស់​លទ្ធិ​នេះ បាន​និយាយថា អ្នកខ្លះ​ជឿ​លើ​ផោម​ស័ក្តិសិទ្ធិ​នេះ​ខ្លាំងណាស់ ដល់​ថ្នាក់​យក​ដប មក​ច្រក​ក្លិន​ផោម​នោះ​ទុក ដើម្បី​ហិត មុនពេល​ចរចា​រឿង​មុខ​ជំនួញ ឬ​មុនពេល​ពិភាក្សា​រឿង​ការងារ​រកស៊ីផ្សេងៗទៀតផង។

    ក្រៅពី​ផោម​ដាក់​មុខ ផ្ដល់​លាភ​សំណាង​ហើយ​នោះ លោក​គ្រី​ស ថែមទាំង​បាន​អះអាង​ទៀតផង​ថា លោក​អាច​ព្យាបាល​ជំងឺ​បាន ដោយ​ការជាន់​លើ​ខ្លួន​អ្នកជំងឺ ដែល​លោក​មិនបាន​អធិប្បាយ​លម្អិត​ឱ្យបាន​ច្បាស់លាស់​ឡើយ​ថា តើ​ហេតុ​អី​ត្រូវធ្វើ​បែប​នោះឡើយ តែ​លោក​អះអាងថា វា​ពិតជា​អាច​ព្យាបាល​ជំងឺ​បាន​ប្រាកដ​មែន។ វា​មិនមែនជា​ការប្រើ​អំពើហិង្សា ឬ​ការ​ធ្វើបាប​លើ​រូបរាងកាយ​នោះឡើយ ព្រោះ​ពេលដែល​លោក​ជាន់​ទៅនោះ ព្រះ​ជា​ម្ចាស់ ទ្រង់​បាន​បណ្ដាលឱ្យ​រូបលោក​គ្មាន​ទម្ងន់​ខ្លួន​ឡើយ ទើប​មិន​ធ្វើឱ្យ​អ្នកណា​មាន​ក្ដី​ឈឺចាប់ យ៉ាងពិត​ប្រាកដ។

    ប្រភព៖ វេ​ប​សាយ ebaumsworld
    ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ជាង70នាក់​ទៀត ក្នុង​អំឡុង​24​ម៉ោង​​នៃ​​ថ្ងៃទី21មីនា

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ជាង70នាក់​ទៀត ក្នុង​អំឡុង​24​ម៉ោង​​នៃ​​ថ្ងៃទី21មីនា

    តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន​នឹង Covid-19 នៅ​ទូទាំងប្រទេស​បាន​កើន​ដល់ 1,753នាក់ ក្រោយពី​រកឃើញ​អ្នក​វិជ្ជ​មាន​​ថ្មី​ចំនួន​73​នាក់​​ទៀត​​នៅ​ក្នុង​ថ្ងៃទី21មីនា 2021។

    អ្នក​វិជ្ជមាន​ទាំង73នាក់​ខាងលើនេះ រួមមាន​អ្នក​មកពី​បរទេស​ដែល​មិនមែនជា​ពលករ​ខ្មែរ​ត្រលប់​ពី​ប្រ​ទស​ថៃ ចំនួន2ករណី និង​អ្នកជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ ចំនួន71នាក់។ ក្រៅពី​អ្នក​វិជ្ជមាន​ថ្មី ថ្ងៃទី21 កម្ពុជា​ក៏មាន​អ្នកជា​សះស្បើយ​ថ្មី​ចំនួន17នាក់​ផងដែរ។

    គិត​មកដល់​ថ្ងៃទី22មីនា 2021 កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន1,753នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន967នាក់, ស្លាប់1នាក់ និង​កំពុង​ព្យាបាល​ចំនួន781នាក់៕




    ប្រភព៖ ក្រសួងសុខាភិបាល
    ដកស្រង់​ដោយ៖ បុត្រា