Author: សឿន សំណាង

  • នាយករដ្ឋមន្ត្រី​ស្លូ​វ៉ា​គី Igor Matovic លាលែង​ពី​តំណែង​ជា​ផ្លូវការ​ ដោយ​សារ​បញ្ហា​Covid-19

    នាយករដ្ឋមន្ត្រី​ស្លូ​វ៉ា​គី Igor Matovic លាលែង​ពី​តំណែង​ជា​ផ្លូវការ​ ដោយ​សារ​បញ្ហា​Covid-19

    កាលពី​ថ្ងៃទី 30មីនា​កន្លងទៅ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ស្លូ​វ៉ា​គី លោក Igor Matovic បាន​លាលែង​ពី​តំណែង បើកផ្លូវ​ឱ្យមាន​ការបង្កើត​រដ្ឋាភិបាល​ថ្មី ក្រោយពី​វិបត្តិ​នយោបាយ និង​សុខភាព​ដែល​បានអូសបន្លាយ​ពេល​ពេញ​មួយខែ។

    ប្រធានាធិបតី​ស្លូ​វ៉ា​គី លោកស្រី Zuzana Caputova បានប្រគល់​ភារកិច្ច​ទៅឱ្យ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Eduard Heger ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី។ គណបក្ស​ចំនួន 4 ដែល​ស្ថិតក្នុង​សម្ព័ន្ធភាព​កាន់អំណាច បាន​យល់ព្រម​ចូលរួម​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី ជាមួយនឹង​លោក Heger ដើម្បី​បន្ត​ដឹកនាំ​ប្រទេស។

    លោក Eduard Heger វ័យ 44ឆ្នាំ ជា​អតីត​អ្នកជំនួញ និង​ធ្លាប់ជា​ទីប្រឹក្សា​របស់​ក្រសួងការពារជាតិ​នៃ​ប្រទេស​ស្លូ​វ៉ា​គី។ លោក Eduard Heger ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​កាលពី​ខែមីនា ឆ្នាំ2020 នៅពេល​បក្ស OĽaNO របស់លោក និង​នាយករដ្ឋមន្ត្រី Matovic ដណ្ដើមបាន​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត។ បច្ចុប្បន្ន លោក Heger ក៏​ជា​រដ្ឋមន្ត្រី​ស្ដីទី​នៃ​ក្រសួងសុខាភិបាល​ផងដែរ។

    លោក​ស្រី Zuzana Caputova

    កន្លងមក ការសម្រេចចិត្ត​របស់​លោក Matovic ក្នុង​ការទិញ​វ៉ាក់សាំង SputnikV ពី​ប្រទេស​រុស្ស៊ី បាន​នាំឱ្យមាន​ការខ្វែងគំនិត​គ្នា​ផ្នែក​នយោបាយ ក្នុងនោះ​អតីតរដ្ឋមន្ត្រី​ការបរទេស លោក Ivan Korcok បាន​ហៅ​វ៉ាក់សាំង​នេះ​ថា​ជា «ឧបករណ៍​សង្គ្រាម​កូនកាត់»។ ប្រព័ន្ធ​សុខាភិបាល​របស់​ស្លូ​វ៉ា​គី បាន និង​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ក្នុង​រលក​ទី​បី​នៃ​វិបត្តិ​សុខភាព Covid-19 ហើយ​ប្រទេស​នេះ​ក៏​កំពុងមាន​អត្រា​នៃ​ការស្លាប់​ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត​នៅក្នុង​ពិភពលោក ដោយសារ​វីរុស​នេះ បើ​គិត​តាម​ភាគរយ​នៃ​ចំនួន​ប្រជាជន។

    លោក Eduard Heger

    ចាប់តាំងពី​មាន​វិបត្តិ​មកដល់​បច្ចុប្បន្ន មាន​រដ្ឋមន្ត្រី​ចំនួន 6រូប​ហើយ បាន​ចាក​ចេញពី​គណៈរដ្ឋមន្ត្រី​ដែលមាន​សមាជិក​ចំនួន 16រូបនេះ។ ការលាលែង​ពី​តំណែង​នោះ​ក៏មាន​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ផងដែរ។

    ការស្ទង់មតិ​កាលពី​ថ្ងៃទី 21 មីនា បាន​បង្ហាញថា ជាង 80% នៃ​ប្រជាជន​ស្លូ​វ៉ា​គី បាន​ឯកភាព​ថា លោកនាយក​រដ្ឋមន្ត្រី Igor Matovic គួរតែ​ចុះ​ចេញពី​តំណែង៕

    ប្រភព៖ Euro News
    ប្រែសម្រួល​៖ បុត្រា

  • វ៉ាក់សាំង Sinopharm ចំនួន 7សែន​ដូ​សនឹង​មកដល់​កម្ពុជា​នៅថ្ងៃនេះ

    វ៉ាក់សាំង Sinopharm ចំនួន 7សែន​ដូ​សនឹង​មកដល់​កម្ពុជា​នៅថ្ងៃនេះ

    កម្ពុជា បាន និង​កំពុង​រៀបចំ​ពិធី​ត្រៀម​ទទួល​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ជា​ជំនួយ​លើក​ទី​ពីរ​របស់​ចិន ដែល​នឹង​មកដល់​កម្ពុជា​នៅថ្ងៃនេះ។

    រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ក្រសួង​ការពារ​ប្រទេស នៅ​ថ្ងៃទី 31 ខែមីនា ឆ្នាំ 2021 នេះ នឹង​ផ្តល់ជូន​ជា​លើក​ទី​ពីរ​នូវ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm) បង្ការ​ជំងឺ Covid-19 ចំនួន 7សែន​ដូ​ស ដល់​កម្ពុជា។ ជំនួយ​នេះ​នឹងត្រូវ​បាន​ដឹក​តាម​យន្តហោះ​របស់​កងទ័ពអាកាស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

    ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់​សម្តេច​ពិជ័យ​សេនា ទៀ​បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង លោក វ៉ាង វិ​ន​ធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

    វ៉ាក់សាំង Sinopharm របស់​ចិន ត្រូវបាន​ក្រុមហ៊ុន​ផលិត​ប្រកាសថា មាន​ប្រសិទ្ធភាព​ក្នុង​អត្រា 79.34% ក្នុងការ​សាកល្បង​ដំណាក់កាល​ទី​បី​លើ​មនុស្ស។

    លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អ្នកគ្រប់គ្រង​យុទ្ធនា​ការចាក់​វ៉ាក់សាំង កាលពីពេលថ្មីៗនេះ ក៏​ធ្លាប់មាន​ប្រសាសន៍ថា កន្លងមក វ៉ាក់សាំង Sinopharm របស់​ចិន មិនទាន់មាន​សេចក្ដីរាយការណ៍​ណា​បង្ហាញថា បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ដែល​បាន​ចាក់​នៅឡើយ។

    សូម​រំលឹក​ថា វ៉ាក់សាំង Sinopharm កញ្ចប់​ទី 1 ចំនួន 6សែន​ដូ​ស​ដែល​ត្រូវបាន​ផ្តល់​ដោយ​រដ្ឋាភិបាល​ចិន ​បាន​មកដល់​កម្ពុជា​ កាល​ពី​​ថ្ងៃទី7 ខែកុម្ភៈ ក្នុងនោះ វ៉ាក់សាំង​ចំនួន 3សែន​ដូ​ស​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ក្រសួងសុខាភិបាល និង 3សែន​ដូ​ស​ទៀត​សម្រាប់​ក្រសួងការពារជាតិ៕

    ប្រភព​៖ ក្រសួង​ព័ត៌មាន​
    ដកស្រង់៖ បុត្រា

  • ដោយ​ការកាន់កាប់ 1លាន Bitcoin​ បែប​នេះ​ តើ​ស្ថាបនិក​​​មហា​អាថ៌កំបាំង​​ Satoshi Nakamoto នឹង​ក្លាយជា​អ្នកមាន​ជាងគេ​បំផុត​ក្នុង​ពិភពលោក?

    ដោយ​ការកាន់កាប់ 1លាន Bitcoin​ បែប​នេះ​ តើ​ស្ថាបនិក​​​មហា​អាថ៌កំបាំង​​ Satoshi Nakamoto នឹង​ក្លាយជា​អ្នកមាន​ជាងគេ​បំផុត​ក្នុង​ពិភពលោក?

    យោងតាម​ការស្រាវជ្រាវ និង​ការ​គណនា អ្នកសរសេរ​កម្មវិធី​កុំព្យូទ័រ (Programmer) ដែលជា​ស្ថាបនិក​របស់​ប្រាក់​ឌីជីថល Bitcoin កំពុង​កាន់កាប់​ប្រាក់​នេះ​ចំនួន​រហូតដល់ 1លាន​ឯណោះ។

    កាលពី​សប្ដាហ៍​មុន ឯកសារ​មួយ​របស់​ផ្សារ​ហ៊ុន​ជួញដូរ​ប្រាក់​អេឡិចត្រូនិក Coinbase បានឱ្យដឹងថា ស្ថាបនិក​របស់ Bitcoin គឺ Satoshi Nakamoto (រហ័ស​នាម​អាថ៌កំបាំង​សំដៅលើ​អ្នកបង្កើត Bitcoin) បច្ចុប្បន្ន កាន់កាប់ Bitcoin ជាង 1លាន​ឯង​ណោះ ដែល​ក្នុង 1Bitcoin ស្មើនឹង 57,945ដុល្លារ​អាមេរិក (ថ្ងៃទី 30មីនា 2021)។

    យោងតាម Cointelegraph បើសិនជា​តម្លៃ Bitcoin ឡើងដល់ 182,000ដុល្លារ/Bitcoin នោះ Satoshi Nakamoto អាច​ក្លាយជា​អ្នកមាន​ជាងគេ​បំផុត​ក្នុង​ពិភពលោក។

    នាបច្ចុប្បន្ន ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផ្សារ​អន​ឡាញ Amazon លោក Jeff Bezos គឺជា​អ្នកមាន​ជាងគេ​បង្អស់​លើ​ពិភពលោក ដោយមាន​ទ្រព្យ​សរុប 181ពាន់​លាន​ដុល្លារ​អាមេរិក។ ចំណែក CEO របស់​ក្រុមហ៊ុន​ផលិត​រថយន្ត Tesla លោក Elon Musk ឈរ​លំដាប់​ទី​ពីរ ដោយមាន​ទ្រព្យ 163.7ពាន់​លាន​ដុល្លារ ខណៈ​លោក Bill Gates មាន 140ពាន់​លាន​ដុល្លារ ឈរ​លំដាប់​លេខ​បី។

    បើសិន​ថ្ងៃ​ណាមួយ តម្លៃ Bitcoin កើនឡើង​ដល់ 182,000ដុល្លារ/Bitcoin ខណៈដែល​ទ្រព្យ​របស់លោក Bezos នៅ​ដដែល នោះ Satoshi Nakamoto នឹង​ក្លាយជា​អ្នក​ដណ្ដើម​តំណែង​ជើងឯក​កំពូល​មហាសេដ្ឋី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ជាទីបំផុត។

    ខែតុលា ឆ្នាំ2008 ស្ថាបនិក​ដ៏​អាថ៌កំបាំង បាន​បង្ហោះ​សៀវភៅ​ស​ស្ដីអំពី Bitcoin។ ថ្ងៃទី 3មករា ឆ្នាំ2009 បណ្ដាញ Bitcoin ដំបូង​ត្រូវបាន Satoshi Nakamoto ចាប់ផ្ដើម​ទាញយក​នៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់ខ្លួន ដែល​នេះ​ក៏​ជាការ​បង្ហាញខ្លួន​លើកដំបូង​នៃ​បណ្ដាញ Bitcoin ក៏ដូចជា​ការចាប់ផ្ដើម​នៃ​ចលនា ឬ​និន្នាការ​ប្រាក់​ឌីជីថល (cryptocurrency) និង blockchain។

    Elon Musk (ឆ្វេង) និង​ Jeff Bezos

    បើទោះជា​ទិន្នន័យ​ពិត​មិនទាន់​ច្បាស់លាស់ ប៉ុន្តែ ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ2009 Satoshi Nakamoto ត្រូវបាន​គេ​គណនា​ឃើញថា រកបាន​ប្រមាណ 1លាន Bitcoin។ ឆ្នាំ 2010 Sergio Demian Lerner ដែលជា​អ្នកស្រាវជ្រាវ​អំពី​ប្រាក់​ឌីជីថល​ដ៏​ល្បីឈ្មោះ បានប្រកាស​អំពី​ការស្រាវជ្រាវ​មួយ​ដែល​គណនា​អំពី​ចំនួន Bitcoin ដែល Satoshi Nakamoto កំពុង​កាន់កាប់។

    ដោយ​ការវិភាគ​ទៅលើ​បណ្ដាញ​ដំបូង​ដែល Satoshi Nakamoto រកបាន Lerner គណនា​ឃើញថា ចំនួន Bitcoin ដែលជា​កម្មសិទ្ធិ​របស់​ស្ថាបនិក​នេះ មាន​រហូតដល់ 1លាន Bitcoin ឯណោះ។ «Satoshi Nakamoto មាន​បណ្ដុំ​ដែល​អាច​រកបាន Bitcoin ជិត 22,000 បណ្ដុំ នៅក្នុង​បណ្ដាញ​របស់ខ្លួន ហើយ​អ្នកសរសេរ​កូដ​ដ៏​អាថ៌កំបាំង​នេះ កំពុង​កាន់កាប់​ប្រហែល 1លាន Bitcoin»។

    កន្លងមកនេះ មាន​រូបមន្ត​ជាច្រើន​បាន​ព្យាករ​អំពី​តម្លៃ​របស់ Bitcoin ថា នឹង​កើន​ដល់ 200,000ដុល្លារ ដល់1លាន​ដុល្លារ​អាមេរិក​ក្នុង 1Bitcoin។ ក្នុងនោះ រូបមន្ត​ដែល​ល្បីល្បាញ​ជាងគេ​គឺ Stoc-to-Flow (S2F)។

    S2F ព្យាករ​ថា តម្លៃ​របស់ Bitcoin នឹង​កើន​ដល់ 100,000ដុល្លារ ហើយ​បន្ត​ឡើង​រហូតដល់ 288,000​ដុល្លារ​/​Bitcoin នៅ​ចុងឆ្នាំ2021។ ការ​ព្យាករ​នេះ​គឺ​យោងទៅតាម​ទំនាក់ទំនង​រវាង​តម្លៃ Bitcoin ជាមួយនឹង​មូល​ប​ត្រ​នានា​ដែល​កំពុងមាន ក៏ដូចជា​ចំនួន Bitcoin ដែល​នឹង​ត្រូវបាន​ទាញយក​ក្នុង​អនាគត។

    កាលពី​ខែវិច្ឆិកា ឆ្នាំ2020 PlanB ដែលជា​អ្នកបង្កើត​រូបមន្ត S2F បានឱ្យដឹងថា៖ «ខ្ញុំ​មិនមាន​ការសង្ស័យ​អ្វី​ឡើយ​អំពី​ការដែល Bitcoin ឡើងថ្លៃ​ដល់​ចាប់ពី 100,000ដុល្លារ រហូតដល់ 288,000ដុល្លារ​អាមេរិក មុន​ខែធ្នូ ឆ្នាំ2021»។

    លោក​ Bill Gates

    ប្រសិនបើ​តម្លៃ​របស់ Bitcoin ពិតជា​កើនឡើង​ដល់ 288,000ដុល្លារ/Bitcoin នោះ​ទ្រព្យ​របស់ Satoshi Nakamoto នឹងមាន​តម្លៃ​ដល់ 288ពាន់​លាន​ដុល្លារ​អាមេរិក (288,000,000,000) ច្រើនជាង​ឆ្ងាយ​បើ​ធៀប​នឹង​មហាសេដ្ឋី Bezos និង Musk។

    ជាង​នេះ តម្រូវការ​នៃ​ការទប់ស្កាត់​អតិផរណា​របស់​ស្ថាប័ន​នានា និង​ការធ្លាក់​ថ្លៃ​របស់​ប្រាក់​ដុល្លារ​អាមេរិក នឹង​ជួយ​ជំរុញ​ឱ្យ​តម្លៃ​របស់ Bitcoin ឡើងដល់ 400,000ដុល្លារ/Bitcoin។ នេះ​បើតាម​អ្នកគ្រប់គ្រង​យុទ្ធសាស្ត្រ​ជាន់ខ្ពស់​របស់ Bloomberg Intelligence។

    រហូតដល់​បច្ចុប្បន្ន អត្តសញ្ញាណ​របស់ Satoshi Nakamoto នៅតែ​ជា​រឿង​អាថ៌កំបាំង ហើយ​គេ​ក៏​មិនដឹង​ច្បាស់​ថា បុគ្គល​នេះ​នៅមាន​ជីវិត​ដែរ ឬ​យ៉ាងណា។ មតិ​មួយចំនួន​ជឿថា Satoshi Nakamoto អាចជា​មនុស្ស​មួយក្រុម។

    កាលពី​ខែ​មុន Coinbase យល់ថា «ការដែល Satoshi Nakamoto បង្ហាញខ្លួន នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​តម្លៃ​របស់ Bitcoin។ ដោយ​ការរក្សា​អាថ៌កំបាំង​នៃ​អត្ត​សញ្ញា​ដូច​បច្ចុប្បន្ន នោះ Satoshi Nakamoto ក៏​អាច​គេច​ផុតពី​លទ្ធផល​អាក្រក់​ទាក់ទិន​នឹង​ផ្លូវច្បាប់»៕

    ប្រភព៖ CoinTelegraph
    ប្រែ​សម្រួល៖ បុត្រា

  • ក្រុមហ៊ុនមេ​របស់ TikTok ត្រូវបាន​កំណត់​តម្លៃ​រហូតដល់ 250ពាន់​លាន​ដុល្លារ​អាមេរិក

    ក្រុមហ៊ុនមេ​របស់ TikTok ត្រូវបាន​កំណត់​តម្លៃ​រហូតដល់ 250ពាន់​លាន​ដុល្លារ​អាមេរិក

    ជាមួយនឹង​តម្លៃ 250ពាន់​លាន​ដុល្លារ​អាមេរិក ByteDance នឹង​ក្លាយជា​ក្រុមហ៊ុន​ធំជាងគេ​បណ្ដាល​ក្រុមហ៊ុន​ដែលមាន​អាយុចាស់ៗ ដូចជា Exxon Mobil និង Coca-Cola ទៅទៀត បើ​គិត​ទៅលើ​តម្លៃ​មូលធន​ទីផ្សារ។

    មូល​ប​ត្រ​របស់ ByteDance ដែលជា​ក្រុម​មេ​របស់​បណ្ដាញ​សង្គម​វីដេអូ TikTok កំពុង​ត្រូវ​ជួញដូរ​ជាមួយនឹង​តម្លៃ​មូលធន​របស់​ក្រុមហ៊ុន​ឡើងដល់​ជាង 250ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ទីផ្សារ​បន្ទាប់ (Secondary Market)។

    យោងតាម Bloomberg ការកំណត់​តម្លៃ​នៃ​ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ឡើងថ្លៃ​ខ្ពស់​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ដោយសារ​ក្រុម​អ្នកវិនិយោគ​សង្ឃឹមលើ TikTok ជាមួយនឹង​ការដែល​ស្ថាបនិក Zhang Yiming កំពុងធ្វើការ​ជ្រើសរើស​នានា​ដើម្បី​ធ្វើ IPO។ នៅក្នុង​ព្រឹត្តិការណ៍​ប្រមូល​ទុន​ចុងក្រោយបង្អស់ ByteDance ត្រូវបាន​កំណត់​តម្លៃ​ក​ត្រឹម 140ពាន់​លាន​ដុល្លារ​អាមេរិក។

    Zhang ដែលជា​អ្នកបង្កើត ByteDance កាលពី​ឆ្នាំ 2012 បានបង្ហាញ​ឱ្យឃើញ​អំពី​សមត្ថភាព​ដ៏​កំពូល​របស់ខ្លួន នៅក្នុង​ការបង្កើតបាន​ផលិតផល​ដែល​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ បើទោះជា​ត្រូវ​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ក្រុមហ៊ុនធំៗ ដូចជា Tencent និង Alibaba ជាដើម។ ជោគជ័យ​ដំបូង​របស់ Zhang គឺ Toutiao ដែលជា​កម្មវិធី (App) ព័ត៌មាន​ដ៏​ល្បីល្បាញ ប៉ុន្តែ​បច្ចុប្បន្ន​ក៏ត្រូវ​បាន TikTok លោត​កាត់មុខ។ កាលពី​ឆ្នាំទៅ ប្រាក់ចំណូល​របស់ ByteDance បាន​កើន​ទ្វេ​រដង ស្មើនឹង 35ពាន់​លាន​ដុល្លារ​អាមេរិក។

    Zhang Yiming ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ ByteDance

    ByteDance ធ្លាប់​ជួប​បញ្ហា​ជាមួយនឹង​រដ្ឋាភិបាល​អាមេរិក ជំនាន់​លោក Trump ដែល​កាលណោះ លោក Trump ធ្លាប់បាន​ប្រកាសថា នឹង​បង្ខំ​ឱ្យ​ក្រុមហ៊ុន​នេះ​លក់ TikTok ឱ្យ​ក្រុមហ៊ុន​ណាមួយ​របស់​អាមេរិក ដោយសារតែ​មានការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​ជាតិ។ ប៉ុន្តែ ថ្មីៗនេះ រដ្ឋាភិបាល​របស់លោក Biden បានឱ្យដឹងថា នឹង​វាយតម្លៃ​ស្ថានការណ៍​ឡើងវិញ ដែល​នេះ​ទំនងជា​បើកផ្លូវ​ឱ្យ ByteDance រក្សា​ផ្នែក​ពាណិជ្ជកម្ម​របស់ខ្លួន​នៅ​សហរដ្ឋអាមេរិក។

    Kuaishou Technology ដែលជា​គូប្រជែង «ទម្ងន់​ស្រាល» មួយ​របស់ ByteDance ទើបតែ​បានធ្វើ IPO នៅលើ​ផ្សារ​ហ៊ុន​ហុងកុង​កាលពី​ខែ​មុន។ មូល​ប​ត្រ​របស់ Kuaishou Technology បាន​កើនឡើង​ខ្ពស់ជាង​មុន​ទ្វេដង បើ​ធៀប​នឹង​តម្លៃ​ក្នុង​គ្រា IPO ដែល​ប្រការ​មួយ​ជួយ​ឱ្យ​តម្លៃ​មូលធន​របស់​ក្រុមហ៊ុន ByteDance ឡើងដល់ 140ពាន់​លាន​ដុល្លារ​អាមេរិក។ ក្រុមអ្នកវិភាគ​យល់ឃើញ​ថា នេះ​អាចជា​កត្តា​មួយ​ដែល​ជំរុញ​ឱ្យ​ក្រុម​អ្នកវិនិយោគ​វាយតម្លៃ​ឡើងវិញ​អំពី​សក្ដានុពល​ដែល​កាន់តែ​ធំឡើងៗរបស់ ByteDance។

    ទោះជា​យ៉ាងណាក៏ដោយ ByteDance កំពុងតែ​ប្រឈម​នឹង​ហានិភ័យ​ផ្នែក​ច្បាប់​មួយចំនួន។ ក្រៅពី​ហានិភ័យ​ត្រូវ​បង្ខំ​ឱ្យ​លក់ TikTok នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក ByteDance ក៏​កំពុង​ត្រូវបាន​រដ្ឋាភិបាល​ចិន​តាមដាន​យ៉ាង​ម៉ត​ចត់​ផងដែរ៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា

  • មុខរបរ​ថ្មី!  បុរស​ចិន​ម្នាក់ ​កំពុង​​កាក់​កប​​នឹង​​អាជីព “តាមរក​ប្ដី” និង “រៀបចំ​សាច់រឿង ឱ្យ​លែងលះ​ពី​ស្រី​ស្នេហ៍” ដោយ​រកប្រាក់​បាន​យ៉ាង​សន្ធឹក!

    មុខរបរ​ថ្មី!  បុរស​ចិន​ម្នាក់ ​កំពុង​​កាក់​កប​​នឹង​​អាជីព “តាមរក​ប្ដី” និង “រៀបចំ​សាច់រឿង ឱ្យ​លែងលះ​ពី​ស្រី​ស្នេហ៍” ដោយ​រកប្រាក់​បាន​យ៉ាង​សន្ធឹក!

    អាជីព​ថ្មី​មួយ កំពុង​ត្រូវបាន​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង៖  បុរស​ចិន​ម្នាក់ ស៊ីឈ្នួល​បង្កើត​ស្ថានការណ៍​ឱ្យលោកប្រុសៗ នឹង​ស្រី​ស្នេហ៍ លែងលះគ្នា ដើម្បី​បាន​វិលត្រឡប់​ទៅរក​ប្រពន្ធ​នៅឯ​ផ្ទះ​វិញ កំពុង​រកបាន​ចំណូល​ច្រើន ខ្ទង់ម៉ឺនៗដុល្លារ!

    អាច​និយាយបានថា ជា​អាជីព​មួយទៀត ដែល​កំពុង​ត្រូវបាន​គេ​កត់សម្គាល់​យ៉ាងខ្លាំង  គឺ​អាជីព “ផ្ដល់​ការប្រឹក្សា​ខាង​អារម្មណ៍” ដែលមាន​តួនាទី​រិះគិត វិភាគ និង​រៀប​ផែនការ និង​ធ្វើ​យ៉ាងម៉េច​ក៏បាន ឱ្យតែលោកប្រុសៗ ដែល​ក្បត់ចិត្ត​ភរិយា មាន​សតិ​ស្មារតី​ឡើងវិញ និង​នឹកឃើញ ហើយ​វិលត្រឡប់​មករក​ភរិយា និងកូនៗរបស់ខ្លួន​វិញ។

    សៀវ ស៊ឹង បុរស​វ័យ 31ឆ្នាំ មាន​អាជីព​ជា “អ្នកផ្ដល់​ការប្រឹក្សា​ខាង​អារម្មណ៍” ជាង 6ឆ្នាំ​មកហើយ បាន​រៀបរាប់​ប្រាប់​អំពី​ដើមកំណើត​នៃ​ការធ្វើការងារ​នេះ​ថា ពីមុន គាត់​គ្រាន់តែ​ជា​អ្នក​នាំ​ភ្ញៀវទេសចរ​ធម្មតា​ម្នាក់​ប៉ុណ្ណោះ តែ​លោក​តែងតែ​ផ្ដល់​ការប្រឹក្សា​ទៅ​ពួកម៉ាក​មិត្តភក្តិ ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា និង​ជីវិត​ស្វាមី-ភរិយា រហូតដល់​ពួកគេ​មាន​សម្ព័ន្ធ​គ្រួសារ​ល្អ​ដូច​មុន​ឡើងវិញ​ជាច្រើន​គូ។ មិត្តភក្តិ​នាំគ្នា​ហៅ​រូបគេ​ថា “បរមគ្រូ​ខាង​អារម្មណ៍” និង​ទោះជា​គ្រាន់តែ​ឈ្មោះ​ហៅលេងៗក៏ដោយ តែ​វា​បានធ្វើឱ្យ​រូបគេ​មើលឃើញ​ពី​សមត្ថភាព​ដែល​ខ្លួនឯង​មាន ទើប​សុំ​ឈប់​ពី​អាជីព​អ្នក​នាំ​ភ្ញៀវ ងាក​មក​ប្រកប​អាជីព​នេះ​យ៉ាង​ពេញទំហឹង​តែម្ដង។

    តាំងពី​អតីតកាល រហូតមកដល់​បច្ចុប្បន្ន សៀវ​ស៊ឹង មាន​ក្រុមការងារចម្បងៗ 8នាក់ នៅចាំ​ជួយ​ធ្វើការ​ងារ​នេះ ឱ្យសម្រេចបាន​ជោគជ័យ មានដូចជា អ្នកវិភាគ​ស្ថានការណ៍ អ្នកចាត់ការ​គ្រប់គ្រង​អតិថិជន ផ្នែក​ស៊ើបអង្កេត​រក​ព័ត៌មាន រួមទាំង​អ្នក​បន្លំ​ខ្លួន អ្នក​សម្ដែង អ្នក​សរសរ​សាច់រឿង និង​អ្នកដឹកនាំ​សម្ដែង នៅចាំ​បង្កើត​ស្ថានការណ៍​ទៀតផង។

    នៅពេល​មានការ​ជួល​ឱ្យធ្វើ​ការ កើតឡើង គ្រប់គ្នា​នឹងធ្វើ​ការជួបប្រជុំ ដើម្បី​រិះរក​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការកែ​បញ្ហា ដែល​ត្រូវបាន​គេ​ជួល​ឱ្យធ្វើ​នោះ។ ពេលខ្លះ ត្រូវ​ជួល​តួ​ក្លែងបន្លំ ឱ្យទៅ​ធ្វើជា​និយាយ​ជាមួយ​ស្រី​ស្នេហ៍​របស់លោក​ប្រុស និង​លួច​ថតរូប​ភាព​នោះ ផ្ញើ​ទៅឱ្យ​លោកប្រុស ហើយ​ប្រាប់ថា ស្រី​ស្នេហ៍​ក្មេង​កំពុង​ក្បត់ចិត្ត ឬ​ជួនកាល តាមដាន​ជីវិត​ស្នេហា​លួចលាក់​នោះ​យ៉ាង​ដិតដល់ ដើម្បី​រកមើល​ថា តើ​មានការ​សម្ងាត់​អ្វីខ្លះ ដែល​អាច​ប្រើ​ជា​ប្រយោជន៍​បាន និង​រឿងរ៉ាវផ្សេងៗទៀត​ជាច្រើន ដែល​តិច​និក​ទាំងអស់នេះ ហាក់ដូចជា​រាង​ស្មុគស្មាញ​ខ្លាំង ដូច្នេះហើយ​ទើប​តម្លៃ​សេវា ជា​មធ្យម​ស្ថិតក្នុង​ចំនួន​ប្រមាណ​​ជា​ 20,000​ដុល្លារ​​អាមេរិក ចំណែក​ការប្រឹក្សា​តាម​អន​ឡាញ​វិញ ស្ថិតក្នុង​តម្លៃ 150ដុល្លារ ក្នុង 1ម៉ោង។

    សៀវ​ស៊ឹង បាន​លើក​ឧទាហរណ៍ ពី​វិធី​ចាត់ការ​ជាមួយ​ពួកគេ​ទាំងនោះ​ថា កាលពី​ឆ្នាំទៅ លោក​បានទទួល​ការជួល​ឱ្យធ្វើ​ការ​នេះ ពី​ស្ត្រី​ម្នាក់៖ ស្វាមី​របស់​នាង​មាន​ស្រី​ស្នេហ៍ ជា​នារី​ក្មេង​ម្នាក់ ទើប​ចង់ឱ្យ​លោក​ចាត់ការ​រិះរក​វិធី ធ្វើឱ្យ​ស្វាមី​លែងលះ​ដាច់ ពី​ស្ត្រី​ស្នេហ៍​នោះ និង​វិលត្រឡប់​មករក​នាង​វិញ​ឱ្យបាន។ លោក​ក៏​បន្លំ​ខ្លួន​ធ្វើជា​អ្នករៀបចំ​ផែនការ​កម្សាន្ត សម្រាប់​ថ្ងៃ​ឈប់សម្រាក រៀបចំ​ដំណើរ​កម្សាន្ត​ដល់​គូស្នេហ៍​ទាំងឡាយ ដោយ​ភរិយា​រូបនោះ នឹង​បន្លំ​ខ្លួន​ធ្វើជា​អតិថិជន​មកប្រើប្រាស់​សេវា​កម្មនេះ ឱ្យជួយ​រៀបចំ​ចាត់ចែង​ថ្ងៃ​ឈប់សម្រាក​លម្ហែ​រយៈពេល 10ថ្ងៃ ឱ្យ​រូបនាង និង​ស្វាមី។

    ក្នុងអំឡុង​ការសម្រាកលម្ហែ​កាយ​នោះ ស្វាមី​បានទទួល​សំបុត្រ 1ច្បាប់​ពី​អ្នកមាន​បំណងល្អ តែ​មិន​បង្ហាញ​ឈ្មោះ ដាស់តឿន​ឱ្យ​គាត់​ចាកចេញ​ឱ្យ​ឆ្ងាយ​ពី​ស្រី​ស្នេហ៍។ ស្វាមី គិតតែ​ពី​រិះគិត នឹក​ពិចារណា​ឡើងវិញ និង​ក្រោយមក ក៏​សម្រេចចិត្ត សុំ​បែក​គ្នា​ពី​ស្រី​ស្នេហ៍​ម្នាក់​នោះ ដោយ​មិនបាន​ដឹងថា ទាំងអស់នេះ គឺជា​ផែនការ​របស់​សៀវ​ស៊ឹង និង​ភរិយា​របស់ខ្លួន​ឡើយ។ ការរៀបចំ​រឿងរ៉ាវ​ទាំងអស់​ក្នុង​គ្រានោះ លោក​បានទទួល​តម្លៃ​ឈ្នួល​ដល់​ទៅ 29, 850ដុល្លារ​អាមេរិក។

    មានរឿង 1ទៀត មាន​នារី​ម្នាក់ អាយុ 24ឆ្នាំ កើតក្ដី​សង្ស័យថា សង្សារ​របស់ខ្លួន ដែល​សេពគប់​មក​បាន 1ឆ្នាំ​ហើយ​នោះ កំពុង​ក្បត់ចិត្ត​នាង។ អ្វីដែល​នាង​សង្កេត​ដឹង​នោះ​គឺ សង្សារ តែងតែមាន​អាការ​ព្រងើយកន្តើយ​ជាមួយ​រូបនាង មិនសូវ​និយាយស្ដី​ជាមួយ​នាង​ដូច​កាល​គ្រាកន្លងមក រួមទាំង​តែងតែ​ជាប់​និយាយ​ទូរស័ព្ទ​ញឹកញាប់ និង​លួច​ឆាត​ជាមួយ​អ្នកណា​ក៏​មិនដឹង នៅពេលយប់។

    សៀវ​ស៊ឹង ចាប់ផ្ដើម​ប្រតិបត្តិការ ដោយ​ការចូល​ទៅធ្វើជា​ស្និទ្ធស្នាល​ជាមួយ​មិត្តភក្តិ​របស់​សង្សារ របស់​ស្ត្រី​ដែល​ជួល​រូបគេ​ឱ្យធ្វើ​ការ​នោះ ដើម្បី​លួច​ស៊ើប​អំពី​រឿងរ៉ាវ​នោះ។ នៅពេល​ស៊ើប និង​តាមដាន​បាន​មួយរយៈ គេ​ក៏​ត្រឡប់មក​រាយការណ៍​ប្រាប់​ស្ត្រី​ម្ចាស់​រឿង​វិញ​ថា សង្សារ​របស់​នាង មិនបាន​ក្បត់ចិត្ត​នាង​ទេ គ្រាន់តែ​ញៀន​លេង​ហ្គេម​ក្នុង​ទូរស័ព្ទ​ច្រើនពេក​ប៉ុណ្ណោះឯង  ចំណែក​អ្នក​ដែល​គេ​ឆាត​ជាមួយ​នោះ សុទ្ធតែ​មិត្តភក្តិ ដែល​លេង​ហ្គេម​ជាមួយគ្នា​ទាំងអស់ និង​ព្រមទាំង​បាន​ដាស់តឿន​នាង​ទៀតផង​ថា អាច​ដោយសារតែ​បុគ្គលិកលក្ខណៈ​របស់​នាង ជា​អ្នក​ម៉ឺងម៉ាត់​ច្បាស់លាស់​ពេក ទើប​ធ្វើឱ្យ​គូសង្សារ​រាង​រំខាន​ចិត្ត និង​ធ្វើខ្លួន​ព្រងើយកន្តើយ​ចំពោះ​រូបនាង។

    ទោះជា ការងារ​ភាគច្រើន​របស់​សៀវ​ស៊ឹង ជាការ​រៀបចំ​ឆាក បង្កើត​រឿង ឱ្យលោកប្រុសៗលែងលះ​ជាមួយ​ស្ត្រី​ស្នេហ៍​ក៏ពិតមែន តែ​វា​ក៏មាន​ពេលខ្លះ​ដែរ ដែល​សមាជិក​របស់​សៀ​វ​ស៊ឹង បាន​ចូល​ទៅរក​ស្រី​ស្នេហ៍​ទាំងនោះ​ដោយត្រង់ៗដែរ និង​និយាយ​ជាមួយ​ពួកនាង​ទាំងនោះ​យ៉ាង​ត្រង់​ទៅ​ត្រង់​មក​ថា គួរតែ​ផ្ដាច់​សម្ព័ន្ធភាព​ជាមួយ​បុរស​ដែលមាន​ប្រពន្ធ​រួចហើយនោះ​ទៅ ព្រោះ​វា​ខុស​នឹង​សីលធម៌​សង្គម តែ​ករណីនេះ វា​មានឱកាស​ជោគជ័យ​តិចតួច​ណាស់ និង​ប្រើ​ពេលវេលា​យូរ​ទៀតផង៕

    ប្រភព៖ odditycentral,page.om.qq.com
    ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • មនុស្ស​ជាង500នាក់​បាន​ស្លាប់​ក្នុងការ​បង្ក្រាប​បាតុកម្ម​នៅ​ប្រទេស​មី​យ៉ាន​ម៉ា

    មនុស្ស​ជាង500នាក់​បាន​ស្លាប់​ក្នុងការ​បង្ក្រាប​បាតុកម្ម​នៅ​ប្រទេស​មី​យ៉ាន​ម៉ា

    យ៉ាងហោចណាស់ មាន​មនុស្ស​ចំនួន 510នាក់​បាន​ស្លាប់​នៅក្នុង​បាតុក​កម្ម​ប្រឆាំង​រដ្ឋប្រហារ​យោធា​នៅ​ភូមា (មី​យ៉ាន​ម៉ា) ក្នុងអំឡុង​ជិត​ពីរ​ខែ​កន្លងទៅនេះ ខណៈដែល​មនុស្ស​រាប់ម៉ឺន​នាក់​នៅតែ​បន្ត​ចេញ​ធ្វើបាតុកម្ម។

    សមាគម​ជួយសង្គ្រោះ​អ្នកទោសនយោបាយ (AAPP) បានឱ្យដឹងថា មនុស្ស​ចំនួន 14នាក់​បាន​ស្លាប់​នៅក្នុង​បាតុកម្ម​កាលពី​ម្សិលមិញ (29មីនា) ក្នុងនោះ​មាន​យ៉ាងតិច 8នាក់ នៅ​ជាយក្រុង Yangon ដែលជា​ទីក្រុង​ធំជាងគេ​នៅ​មី​យ៉ាន​ម៉ា។

    យោងតាម​សាក្សី និង​វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម កងកម្លាំង​ប៉ូលិស​បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​ជាច្រើនលើក​ដើម្បី​បំបែក​លេណដ្ឋាន​ធ្វើ​អំពី​ការុង​ដាក់​ខ្យា​ច់រ​បស់​ក្រុមបាតុករ។ បច្ចុប្បន្ន មិនទាន់​ដឹងថា នេះ​គឺជា​អាវុធ​អ្វី​នៅឡើយ ប៉ុន្តែ ក្រុម​សហគមន៍​នៅលើ​បណ្ដាញ​សង្គម​មួយ​បាន​បង្ហោះ​រូបថត​ទាហាន​ម្នាក់​កាន់​កាំភ្លើង​បាញ់​ផ្លោង​គ្រាប់បែក។

    AAPP បាន​ចាត់ទុកថា ថ្ងៃទី 27មីនា គឺជា​ថ្ងៃ​បង្ហូរឈាម​បំផុត​រាប់​ចាប់ពី​មាន​បាតុកម្ម​កើតឡើង ដោយសារ​តែមាន​មនុស្ស​ស្លាប់​រហូតដល់ 141នាក់។ បើទោះជា​ត្រូវ​ប្រឈម​នឹង​សេចក្ដីស្លាប់ ប៉ុន្តែ​ក្រុមបាតុករ​នៅតែ​បន្ត​ចេញ​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី29មីនា​ដដែល។ បច្ចុប្បន្ន តួលេខ​ជន​ស៊ីវិល​ដែល​បាន​ស្លាប់​ក្នុងការ​ប​ង្រា​ប​បាតុកម្ម​នៅ​មី​យ៉ាន​ម៉ា ក្នុង​រយៈពេល​ជិត​ពីរ​ខែ​មកនេះ បាន​កើន​ឡើងដល់ 512នាក់។

    ក្រៅពី​ត្រូវ​ប​ង្រា​ប​បាតុករ​ដែលជា​គូប្រជែង​ផ្នែក​នយោបាយ​របស់ខ្លួន កងទ័ព​មី​យ៉ាន​ម៉ា បច្ចុប្បន្ន​ក៏ត្រូវ​ទប់ទល់​នឹង​កង​កម្លាំងប្រដាប់អាវុធរ​បស់​ក្រុម​ជនជាតិភាគតិច​ផងដែរ។ ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​មកនេះ ការផ្ទុះអាវុធ​ដាក់គ្នា​រវាង​កងទ័ព​មី​យ៉ាន​ម៉ា និង​កងកម្លាំងប្រដាប់អាវុធ​នៃ​សម្ព័ន្ធជាតិ​កា​រ៉ែ​ន (Karen National Union / KNU) បាន​កើតឡើង​នៅតាម​បន្ទាត់​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ថៃ។ ការប៉ះទង្គិច​គ្នា​នេះ​បាន​បណ្ដាលឱ្យ​មនុស្ស​ប្រមាណ 3,000នាក់ រត់​ភៀសខ្លួន​ចូល​ប្រទេស​ថៃ នៅពេល​យន្តហោះ​ទម្លាក់​គ្រាប់បែក​លើ​តំបន់​របស់​ក្រុម KNU បន្ទាប់ពី​ក្រុម​នេះ​សម្រុកចូល​ទៅកាន់​ប៉ុស្ដិ៍​យោធា​មួយ និង​បានសម្លាប់​មនុស្ស 10នាក់៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • ករណី​វិជ្ជមាន​នឹង​Covid-19 ​ថ្មី​ចំនួន 105នាក់​នៅ​កម្ពុជា ភាគច្រើន​​ជា​​ជន​ជាតិ​ខ្មែរ

    ករណី​វិជ្ជមាន​នឹង​Covid-19 ​ថ្មី​ចំនួន 105នាក់​នៅ​កម្ពុជា ភាគច្រើន​​ជា​​ជន​ជាតិ​ខ្មែរ

    ក្រសួងសុខាភិបាល​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី 30មីនា 2021 បានឱ្យដឹងថា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី ចំនួន 105នាក់ និង​ជាសះស្បើយ​ចំនួន 4នាក់។

    យោងតាម​ក្រសួងសុខាភិបាល ករណី​វិជ្ជមាន​ថ្មី​ចំនួន 105នាក់​នៅ​កម្ពុជា​ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 29មីនា ភាគច្រើន​ជា​ជនជាតិខ្មែរ។ ក្រៅពីនេះ​គឺជា​ជនជាតិ​ចិន​ចំនួន 11នាក់ និង​ជនជាតិ​វៀតណាម​ចំនួន 1នាក់។ ក្នុង​ចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង​នេះ មាន​ 1​នាក់​គឺជា​ករណី​នាំ​ចូល​ និង​ 104​នាក់​ជា​ករណី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​20​កុម្ភៈ។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 30មីនា ឆ្នាំ2021 អ្នក​វិជ្ជមាន​នឹង​វីរុស Covid-19 នៅ​កម្ពុជា​បាន​កើន​ឡើងដល់ 2,377នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 11នាក់, អ្នកជា​សះស្បើយ 1,176នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 1,186នាក់។

    នៅ​ទូទាំង​ពិភពលោក​ឯណោះ​វិញ គិត​ត្រឹម​ព្រឹក​ថ្ងៃទី 30មីនា 2021 មាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន​ជាង 128,231,000នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ប្រមាណ 2,803,900នាក់ និង​កំពុង​ព្យាបាល​ចំនួន​ជាង 21,987,800នាក់៕


    ប្រភព៖ ក្រសួងសុខាភិបាល
    ដកស្រង់៖ បុត្រា

  • កាណាដា​ផ្អាក​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់ AstraZeneca សម្រាប់​មនុស្ស​អាយុ​ក្រោម 55ឆ្នាំ

    កាណាដា​ផ្អាក​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់ AstraZeneca សម្រាប់​មនុស្ស​អាយុ​ក្រោម 55ឆ្នាំ

    យោងតាម​ប្រភពព័ត៌មាន​ពី​ទីក្រុង Ottawa ក្រុមមន្ត្រី​សុខាភិបាល​នៃ​ប្រទេស​កាណាដា កាលពី​ថ្ងៃទី 29មីនា បានឱ្យដឹងថា ប្រទេស​នេះ​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រុមហ៊ុន AstraZeneca សម្រាប់​មនុស្ស​វ័យ​ក្រោម 55ឆ្នាំ និង​ស្នើ​ឱ្យមាន​ការវិភាគ​ថ្មី​អំពី​ផលប្រយោជន៍ ក៏ដូចជា​ហានិភ័យ​ដែល​បង្កឡើង​ដោយ​វ៉ាក់សាំង​នេះ ដោយយោង​ទៅលើ​វ័យ និង​ភេទ។

    ឥរិយាបថ​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​ជាច្រើន​ពី​អឺរ៉ុប​ទាក់ទង​នឹង​ករណី​កកឈាម​ដ៏​កម្រ​ជួប ប៉ុន្តែ​មាន​ភាព​ធ្ងន់ធ្ងរ និង​ករណី​ស្លាប់​មួយចំនួន​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង AstraZeneca ដែល​ភាគច្រើន​កើត​ឡើងលើ​ស្ត្រី​វ័យក្មេង។ បច្ចុប្បន្ន មិនទាន់មាន​ករណី​ដូចនេះ​ត្រូវបាន​រាយការណ៍​នៅ​កាណាដា​នៅឡើយ ក្រោយពី​វ៉ាក់សាំង AstraZeneca ប្រមាណ 307,000ដូ​ស ត្រូវបាន​ប្រើប្រាស់។

    «យើង​កំពុង​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​របស់ AstraZeneca សម្រាប់​មនុស្ស​ដែលមាន​វ័យ​ក្រោម 55ឆ្នាំ ដើម្បី​រង់ចាំ​លទ្ធផល​នៃ​ការវិភាគ​អំពី​ផលប្រយោជន៍ និង​ហានិភ័យ​របស់​វ៉ាក់សាំង​នេះ» Haoard Njoo មន្ត្រី​សុខាភិបាល​មួយរូប​របស់​កាណាដា ឱ្យដឹង​ដូច្នេះ។ លោក Njoo សង្កត់ធ្ងន់ថា កាណាដា​សម្រេច​ធ្វើ​ដូច្នេះ​គឺ​ដោយសារ​មាន​វ៉ាក់សាំង​ផ្សេង​ពីនេះ​សម្រាប់​ជំនួស។ វ៉ាក់សាំង​បង្ការ Covid-19 ដែល​កាណាដា​កំពុង​ប្រើប្រាស់ ភាគច្រើន​គឺ​វ៉ាក់សាំង​របស់ Pfizer Inc និង Moderna Inc.។

    ក្រុមប្រឹក្សា​ជាតិ​ស្ដីអំពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង (National​ Advisory​ Committee​ on ​Immunization/​NACI) របស់​កាណាដា បានឱ្យដឹងថា អត្រា​នៃ​ការកើត​បញ្ហា​កកឈាម​ក្រោយ​ការចាក់​វ៉ាក់សាំង AstraZeneca នៅតែ​មិនទាន់​ច្បាស់លាស់។

    ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប បាន​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​របស់ AstraZeneca ក្នុង​រយៈពេល​ខ្លី​កាលពី​ដើមខែ​នេះ ដើម្បី​ស្រាវជ្រាវ​លើ​បញ្ហា​កកឈាម។ ប៉ុន្តែ ក្រោយមក ស្ទើរតែ​ទាំង​អស់នៃ​ប្រទេស​ទាំងនេះ បាន​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ឡើងវិញ។ ដោយឡែក ប្រទេស​បារាំង​យល់ថា គួរតែ​ចាក់​វ៉ាក់សាំង​របស់ AstraZeneca ដល់​មនុស្ស​ដែលមាន​វ័យ​ចាប់ពី 55ឆ្នាំ​ឡើងទៅ​តែប៉ុណ្ណោះ ដោយយោង​ទៅតាម​ភ័ស្ដុតាង​ដែល​បង្ហាញថា បញ្ហា​កកឈាម​មាន​ផលប៉ះពាល់​ដល់​មនុស្ស​ដែលមាន​វ័យ​នៅ​ក្មេង។

    គិត​ត្រឹម​ថ្ងៃទី 28មីនា មនុស្ស​យ៉ាងតិច 666,635នាក់​នៅ​កាណាដា បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់ ដែល​នេះ​គឺ​ស្មើនឹង 1.8% នៃ​ប្រជាជន​សរុប​របស់​ប្រទេស​នេះ។ បច្ចុប្បន្ន តួលេខ​អ្នក​វិជ្ជមាន​នឹង Covid-19 នៅ​កាណាដា បាន​ឡើងដល់​ជាង 971,700នាក់ ក្នុងនោះ​មាន 22,900នាក់​បាន​បាត់​បង់ជីវិត។

    នៅ​ទូទាំង​ពិភពលោក​ឯណោះ​វិញ គិត​ត្រឹម​ព្រឹក​ថ្ងៃទី 30មីនា 2021 មាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន​ជាង 128,231,000នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ប្រមាណ 2,803,900នាក់ និង​កំពុង​ព្យាបាល​ចំនួន​ជាង 21,987,800នាក់៕

    ប្រភព៖ CBC
    ប្រែ​សម្រួល៖ បុត្រា

  • មន្ត្រីប៉ូលិស​ដែល​បាន​សង្កត់ក Gorge Floyd រហូតដល់​ស្លាប់ ពេលនេះ​កំពុង​ត្រូវបាន​កាត់ទោស

    មន្ត្រីប៉ូលិស​ដែល​បាន​សង្កត់ក Gorge Floyd រហូតដល់​ស្លាប់ ពេលនេះ​កំពុង​ត្រូវបាន​កាត់ទោស

    សវនាការ​កាត់ទោស Derek Chauvin អតីតមន្ត្រី​ប៉ូលិស​ដែល​ត្រូវបាន​ចោទប្រកាន់​អំ​ពីបទ​មនុស្សឃាត​លើ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ George Floyd នៅ​ទីក្រុង Minneapolis (សហរដ្ឋអាមេរិក) កាលពី​ឆ្នាំ 2020 ត្រូវបាន​បើក​កាលពី​ថ្ងៃទី 29មីនា 2021 នៅក្នុង​សាល​តុលាការ​ទីក្រុង ដោយ​មានការ​យាមល្បាត​យ៉ាង​តឹងរ៉ឹង។

    នៅពេល​ថ្លែង​បើកសវនាការ រដ្ឋអាជ្ញា Jerry Blackwell ឱ្យដឹងថា អតីតមន្ត្រី​ប៉ូលិស​ឈ្មោះ Chauvin ត្រូវបាន​ចោទ​ពីបទ «ប្រើប្រាស់​កម្លាំង​ហួសហេតុ និង​មិន​សម​ហេតុផល» ទៅលើ​លោក George Floyd។

    ការកាត់ទោស Chauvin តាម​ផែនការ​នឹង​អូស​បន្លាយពេល​ប្រហែល​មួយខែ។ ជនជាប់ចោទ​នេះ អាច​ត្រូវ​ជាប់ពន្ធនាគារ 40ឆ្នាំ បើសិន​ត្រូវបាន​កាត់ទោស​ពីបទ​សម្លាប់​មនុស្ស​កម្រិត​ទី​ពីរ។ ប៉ុន្តែ មកដល់​បច្ចុប្បន្ន ជនជាប់ចោទ​មិនទាន់​សារភាព​ទោស​នៅឡើយ ដោយ​អះអាងថា គ្រាន់តែ​ធ្វើទៅ​តាម​អ្វីដែល​បាន​ហ្វឹកហាត់​ប៉ុណ្ណោះ។

    នៅមុន​ការបើក​សវនាការ សាច់ញាតិ និង​មេធាវី​របស់​គ្រួសារ​លោក Floyd បាននាំគ្នា​ធ្វើការ​ស្មឹង​ស្មាធិ៍​រយៈពេល 8នាទី និង46វិនាទី ដែល​ដូច​ទៅនឹង​រយៈពេល​ដែល​អតីត​ប៉ូលិស Chauvin បាន​យក​ជង្គង់​សង្កត់ក​របស់លោក Floyd រហូតដល់​ស្លាប់។

    សូម​រំលឹកថា កាលពី​ខែឧសភា 2020 George Floyd អាយុ 46ឆ្នាំ ត្រូវបាន​មន្ត្រីប៉ូលិស​ម្នាក់​ឈ្មោះ Derek Chau បាន​យក​ជង្គង់​សង្កត់ក បណ្ដាលឱ្យ​ថប់ដង្ហើម​រហូតដល់​បាត់បង់​ជីវិត។ ការស្លាប់​របស់ Floyd នាំឱ្យមាន​បាតុកម្ម​ជាច្រើន​កើតឡើង​នៅ​ពាសពេញ​សហរដ្ឋអាមេរិក ដើម្បី​ប្រឆាំងនឹង​ការប្រើប្រាស់​អំពើហិង្សា​រប​ស់​ប៉ូលិស និង​អំពើ​រើសអើង​ពូជសាសន៍​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​របស់​សហរ​ដ្ឋ​អាមេរិក។

    បាតុកម្ម​ខាងលើ ក្រោយមក​ក៏បាន​រាលដាល​ដល់​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក​ផងដែរ ពិសេស​គឺ​ចលនា «សិទ្ធិ​រស់រានមានជីវិត​របស់​ជនជាតិ​ស្បែក​ខ្មៅ» (Black Lives Matters)។ ប៉ូលិស Chauvin បន្ទាប់មក​ក៏ត្រូវ​បាន​បញ្ឈប់​ពី​តំណែង ហើយ​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​មនុស្សឃាត និង​មនុស្សឃាត​ដោយ​អ​ចេតនា៕

    ប្រភព​៖ BBC
    ប្រែសម្រួល​៖ បុត្រា

  • មហាសេដ្ឋី​លំដាប់​លេខ​មួយ​ប្រចាំ​សាធារណរដ្ឋ​ឆេ​ក បាត់បង់​ជីវិត​​ដោយ​សារ​​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​បរទេស

    មហាសេដ្ឋី​លំដាប់​លេខ​មួយ​ប្រចាំ​សាធារណរដ្ឋ​ឆេ​ក បាត់បង់​ជីវិត​​ដោយ​សារ​​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​បរទេស

    មហាសេដ្ឋី Petr Kellner អាយុ 56ឆ្នាំ ដែលជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​ប្រចាំ​សាធារណរដ្ឋ​ឆេ​ក បាន​បាត់បង់​ជិវិត​នៅក្នុង​ករណី​ធ្លាក់​យន្តហោះ​នៅក្នុង​រដ្ឋ Alaska សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 27មីនា ឆ្នាំ2021។

    «យើងខ្ញុំ​សូម​ប្រកាស​ដោយ​ក្ដី​សោកស្ដាយ​យ៉ាង​ក្រៃលែង​ថា នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​តំបន់ភ្នំ Alaska កាលពី​ថ្ងៃទី 27មីនា ស្ថាបនិក និង​ជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​នៅក្នុង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ PPF លោក Petr Kellner បានទទួល​មរណភាព» PPF បានឱ្យដឹង​នៅក្នុង​ប្រកាស​របស់ខ្លួន​នា​ថ្ងៃនេះ។

    Kellner គឺជា​អ្នកជំនួញ​ល្បីឈ្មោះ​នៅ​សាធារណរដ្ឋ​ឆេ​ក ចាប់ពី​ទសវត្សរ៍​ឆ្នាំ 1990។ យោងតាម​ទស្សនាវដ្ដី Forbes មហាសេដ្ឋី​រូបនេះ មានទ្រព្យ​ប្រមាណ 17.5ពាន់​លាន​ដុល្លារ​អាមេរិក។

    នៅលើ​បណ្ដាញ​សង្គម Twitter នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ឆេ​ក លោក Andrej Babis បានសរសេរថា៖ «ពិតជា​មិនគួរ​ឱ្យ​ជឿ​សោះ​ចំពោះ​សោកនាដកម្ម​នេះ។ ខ្ញុំ​ពិតជា​មានការ​សោកស្ដាយ​ខ្លាំងណាស់»។

    ប៉ូលិស​ក្នុង​រដ្ឋ Alaska បានឱ្យដឹងថា មនុស្ស​ចំនួន 5នាក់​បាន​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់​នៅក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ខាងលើនេះ។ អ្នក​ទាំងអស់​សុទ្ធតែជា​កីឡាករ​ជិះ​ស្គី​លើ​ព្រឹល​ដែល​កំពុង​ចូលរួម​ដើរទេស​ចរណ៍​នៅក្រៅ​ប្រទេស។

    មហាសេដ្ឋី Petr Kellner អាយុ 56ឆ្នាំ ដែលជាអ្នកមានទ្រព្យច្រើនជាងគេប្រចាំសាធារណរដ្ឋឆេក

    លោក Kellner បាន​បង្កើត PPF តាំងពី​ទសវត្សរ៍​ឆ្នាំ 1990 ដែល​ពេលនោះ PPF គឺជា​ក្រុមហ៊ុន​វិនិយោគ​ជាមួយ​ដៃគូ​នានា​ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម​លើ​ក្រុមហ៊ុន​ចំនួន​រាប់រយ​របស់​រដ្ឋ។ ក្រោយពី​បាន​កាន់កាប់​ភាគហ៊ុន​នៃ​អតីត​ក្រុមហ៊ុន​ធានារ៉ាប់រង​ជាតិ Ceska Pojistovna ក្រុមហ៊ុន PPF ក៏មាន​ឈ្នាន់​បន្ថែម​ដើម្បី​ពង្រីក​ខ្លួន។

    PPF បន្ត​រីកចម្រើន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ទូរគមនាគមន៍ ផលិតកម្ម សារព័ត៌មាន និង​បច្ចេកវិទ្យា​ជីវសាស្ត្រ ដោយមាន​ក្រុមហ៊ុនធំៗនៅ​អឺរ៉ុប អាស៊ី និង​អាមេរិក។ ទ្រព្យ​របស់ PPF បាន​កើន​ឡើងដល់ 51.8ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ 2020។

    PPF ក៏​ជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Home Credit ដែល​បច្ចុប្បន្ន​មាន​វត្ត​មាននៅ​ប្រទេស​ចិន និង​នៅតាម​បណ្ដា​ប្រទេស​ក្នុង​តំំ​បន់​អាស៊ីអាគ្នេយ៍។

    មហាសេដ្ឋី Kellner មិនសូវ​បង្ហាញខ្លួន​ជា​សាធារណៈ ប៉ុន្តែ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកជិះ​ស្គី​ដ៏​ពូកែ និង​មានបទពិសោធន៍​ច្រើន។ PPF ធ្លាប់បាន​ភ្ជាប់​រូបថត​របស់លោក​កំពុង​ជិះ​ស្គី នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន៕

    ប្រភព​៖ CNN, RT
    ប្រែសម្រួល​៖ បុត្រា