Author: សឿន សំណាង

  • ក្រសួងសុខាភិបាល​វៀត​ណា​ម ត្រៀម​​សេណា​​រី​យ៉ោ សម្រាប់​​ “លិខិត​ឆ្លង​ដែន​​វ៉ាក់​សាំង”

    ក្រសួងសុខាភិបាល​វៀត​ណា​ម ត្រៀម​​សេណា​​រី​យ៉ោ សម្រាប់​​ “លិខិត​ឆ្លង​ដែន​​វ៉ាក់​សាំង”

    ក្រសួងសុខាភិបាល​វៀត​ណា​ម កំពុង​ត្រៀម​សិក្សា​ស្រាវជ្រាវ​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​សមស្រប​សម្រាប់​អ្នកដំណើរ​មកពី​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ទន្ទឹមនឹង​ការត្រៀម​សេណា​រី​យ៉ោ​សម្រាប់​ការប្រើប្រាស់ «លិខិតឆ្លងដែន​វ៉ាក់សាំង» នាពេលខាងមុខ។

    គិត​មកដល់​ថ្ងៃទី 31មីនា 2021 នៅ​ប្រទេស​វៀតណាម មនុស្ស​ចំនួន 49,743នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​Covid-19 រួចរាល់​ហើយ ក្នុងនោះ​មាន​មន្ត្រី​ក្រសួងសុខាភិបាល បុគ្គលិក​សុខាភិបាល​ដែល​កំពុង​ព្យាបាល​អ្នកជំងឺ​Covid-19, បុគ្គលិក​សុខាភិបាល​ផ្នែក​យក​សំណាក ផ្នែក​ធ្វើតេស្ត​សំណាក និង​អ្នក​តាមរក​អ្នកជំងឺ, សមាជិក​អង្គភាព​គ្រប់គ្រង​សហគមន៍​Covid-19 និង​គណៈកម្មការ​ទប់ស្កាត់​Covid-19។

    វៀតណាម បច្ចុប្បន្ន​មាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 2,603នាក់ ក្នុងនោះ​មាន 35នាក់​បាន​ស្លាប់ និង 209នាក់​កំពុង​សម្រាក​ព្យាបាល។

    ទាក់ទង​នឹង​បញ្ហា «លិខិតឆ្លងដែន​វ៉ាក់សាំង» អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម ឱ្យដឹងថា ក្រសួង​កំពុងធ្វើការ​ជាមួយ​ក្រុមមន្ត្រី​ជំនួញ និង​វិស័យ​សិក្សា​ស្រាវជ្រាវ ពិនិត្យ​របាយការណ៍រ​បស់​គណៈកម្មការ​ទប់ស្កាត់ Covid-19 និង​របាយការណ៍​រប​ស់​រដ្ឋាភិបាល ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាជន​នៅពេល​បើកទ្វារ​សេដ្ឋកិច្ច និង​ទទួល​អ្នកដំណើរ​បរទេស។

    ផែនការ​ដំបូង​របស់​វៀតណាម គឺ​ការប្រើប្រាស់​វិធីសាស្ត្រ​ធ្វើ​ច​ត្តា​ឡី​ស័ក​ប្រកបដោយ​ភាពសមស្រប​ចំពោះ​អ្នកដំណើរ​ពី​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់។ ទន្ទឹមនឹងនេះ ក្រសួង​ក៏​កំពុងតែ​ត្រៀម​សេណា​រី​យ៉ោ​សម្រាប់​ការប្រើប្រាស់ «លិខិតឆ្លងដែន​វ៉ាក់សាំង» នាពេលខាងមុខ​ផងដែរ។

    យ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម បាន​បញ្ជាក់ថា បញ្ហា «លិខិតឆ្លងដែន​វ៉ាក់សាំង» ត្រូវតែមាន​ការពិនិត្យ ពិចារណា​ឱ្យបាន​ម៉ត់ចត់​រវាង​ផលប្រយោជន៍​នឹង​ហានិភ័យ៕

    ប្រភព៖ TP
    ប្រែសម្រួល​៖ បុត្រា

  • (វីដេអូ)-ប្រភព​នៃ​ផ្ទាំង​ថ្ម «យក្ស» ដ៏​អាថ៌កំបាំង​ចំនួន​ពីរ នៅក្រោម​សម្បក​ផែនដី

    (វីដេអូ)-ប្រភព​នៃ​ផ្ទាំង​ថ្ម «យក្ស» ដ៏​អាថ៌កំបាំង​ចំនួន​ពីរ នៅក្រោម​សម្បក​ផែនដី

    ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ផ្ទាំង​ថ្មធំៗចំនួន​ពីរ​ដែល​កំពុង​ស្ថិតនៅ​ខាងក្រោម​សម្បក​ផែនដី​នា​តំបន់​អាហ្វ្រិក​ខាងលិច និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក អាចជា​បំណែក​របស់​ពិភព​ដទៃ​ដែល​បាន​បន្សល់ទុក​កាលពី​អតីតកាល។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ជឿថា ការកកើត​នៃ​ឋាន​ព្រះ​ចន្ទ​គឺ​បណ្ដាលមកពី​ភព​មួយ​ដែលមាន​ទំហំ​ប៉ុន​ភព​ព្រះ​អង្គារ ដែល​គេ​ដាក់ឈ្មោះថា Theia បាន​ហោះ​មក​បុក​ផែនដី​កាលពី 4.5ពាន់​លាន​ដុល្លារ​មុន។ នៅក្នុង​របាយការណ៍​មួយ​របស់​សាកលវិទ្យាល័យ Arizona នៃ​សហរដ្ឋអាមេរិក ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា បំណែក​នានា​របស់​ភព Theia ទំនង​បាន​ក្លាយជា​ថ្ម​ដ៏​មហិមា​ចំនួន​ពីរ​ផ្ទាំង​ដែលមាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ទ្វីប​មួយ កំពុង​លាក់ខ្លួន​យ៉ាងជ្រៅ​នៅក្នុង​សម្បក​ផែនដី។ ផ្ទាំង​ថ្ម​នេះ មួយ​ផ្ទាំង​ស្ថិតនៅ​ខាងក្រោម​នៃ​តំបន់​ភាគ​ខាងលិច​របស់​ទ្វីបអាហ្វ្រិក និង​មួយ​ផ្ទាំង​ទៀត​ស្ថិតនៅក្រោម​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

    អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ព្យាយាម​ស្វែងរក​ចម្លើយ​ស្ដីអំពី​ប្រភព​របស់​ផ្ទាំង​ថ្ម​ចំនួន​ពីរ​នេះ។ ពួកវា​មាន​កម្ពស់​ដល់ 1,000គីឡូម៉ែត្រ និង​លាតសន្ធឹង​រាប់ពាន់​គីឡូម៉ែត្រ។ ទាំងនេះ​គឺជា​វត្ថុ​ធំជាងគេ​បំផុត​នៅក្នុង​សម្បក​ផែនដី។

    រលកសញ្ញា​ដែល​កើតចេញពី​គ្រោះ​រញ្ជួយ​ដី បាន​បង្អង់​ល្បឿនភ្លាមៗនៅពេល​វា​ឆ្លងកាត់​ផ្ទាំង​ថ្ម​ទាំងនេះ។ ប្រការនេះ​បង្ហាញថា ពួកវា​មាន​សភាព​ក្រាស់​ជាង និង​មាន​ធាតុគីមី​ខុសប្លែក​ឆ្ងាយ បើ​ធៀប​នឹង​ស្រទាប់​ថ្ម mantle ដែល​នៅ​ជុំវិញ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ មុននេះ​យល់ថា ផ្ទាំង​ថ្ម​ចំនួន​ពីរ​នេះ​គ្រាន់តែ​ជា​លទ្ធផល​ដែល​កើតចេញពី​សមុទ្រ​កំ​អែ​ភ្នំភ្លើង​កាលពី​យុគសម័យ​ដំបូង​នៃ​ផែនដី​តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ យោងតាម​រូបមន្ត​នៃ​ការ​គណនា​ថ្មី ក្រុម​អ្នកស្រាវជ្រាវ​ជឿថា ពួកវា​គឺជា​បំណែក​បុរាណ​នានា​នៃ​ស្រទាប់​ដ៏​ក្រាស់ និង​សម្បូរ​ធាតុដែក​របស់​ភព Theia ដែល​បាន​បន្សល់ទុក ក្រោយពី​បាន​ហោះ​មក​បុក​នឹង​ផែនដី។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើ ត្រូវបាន​ប្រកាស​តាមរយៈ​ទស្សនាវដ្ដី Geophysical Research Letters នៃ​សមាគម​ភូគព្ភសាស្ត្រ​អាមេរិក (American Geophysical Union)៕

    ប្រភព​៖ Next, Dailymail
    ប្រែសម្រួល​៖ បុត្រា

  • បេសកកម្ម​សង្គ្រោះ​កប៉ាល់ Ever Given ដែល​ជាប់គាំង​នៅឯ​ព្រែកជីក Suez ត្រូវ​ចំណាយ​ប្រាក់​អស់​មិនតិច​ឡើយ

    បេសកកម្ម​សង្គ្រោះ​កប៉ាល់ Ever Given ដែល​ជាប់គាំង​នៅឯ​ព្រែកជីក Suez ត្រូវ​ចំណាយ​ប្រាក់​អស់​មិនតិច​ឡើយ

    ស្ថាប័ន​គ្រប់គ្រង​ព្រែកជីក Suez របស់​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃទី 31មីនា ឆ្នាំ2021 បានឱ្យដឹងថា បញ្ហា​ជាប់គាំង​របស់​កប៉ាល់​ដឹក​កុងតឺន័រ Ever Given បាន​បណ្ដាលឱ្យ​ចរាចរណ៍​ផ្លូវទឹក​នៃ​ព្រែក​នេះ​ត្រូវ​ស្ទះ​អស់​រយៈពេល 6ថ្ងៃ ហើយ​ការចំណាយ​សម្រាប់​សកម្ម​ភាព​ជួយសង្គ្រោះ អាច​កើន​ដល់ 1ពាន់​លាន​ដុល្លារ​អាមេរិក។

    «យើង​នឹង​បន្ត​គណនា​ទៅលើ​ការចំណាយ​ទាំងអស់​ដែល​ត្រូវបាន​ប្រើប្រាស់​ចាប់ពី​ថ្ងៃ​ដំបូង​នៃ​ហេតុការណ៍​ជាប់គាំង។ល។ តួលេខ​សរុប​គឺ​ប្រហែល 1ពាន់​លាន​ដុល្លារ​អាមេរិក» នេះ​បើតាម​សម្ដី​របស់លោក Osama Rabia ប្រធាន​ស្ថាប័ន​គ្រប់គ្រង​ព្រែក​ជី Suez ដែល​បាន​ប្រាប់​ទូរទស្សន៍ Sada el-Balad TV របស់​ប្រទេស​អេ​ហ្ស៊ី​ប។

    ក្រៅពីនេះ លោក Rabia កន្លងមក​ក៏​ធ្លាប់បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​បាន​ខាតបង់​ប្រាក់​ដែល​ត្រូវ​ប្រមូលបាន​ពី​ថ្លៃ​ប្រើប្រាស់​ព្រែក Suez ចំនួន 14លាន​ដុល្លារ/ថ្ងៃ ដោយសារតែ​បញ្ហា​ស្ទះផ្លូវ​ទឹក​ដ៏​សំខាន់​នេះ។

    ព្រែក​ជីក Suez តភ្ជាប់សមុទ្រ​​មេឌី​ទែរ៉ាណេ​​ ទៅ​កាន់​សមុទ្រ​ក្រហម​ ដោយ​ឆ្លង​កាត់​តំបន់​ Isthmus of Suez និង​បែង​ចែក​ទ្វីប​អាហ្វ្រិក​ និង​ទ្វីប​អាស៊ី​

    បច្ចុប្បន្ន កប៉ាល់ Ever Given ដែលជា​កម្មសិទ្ធិ​របស់​ប្រទេស​ជប៉ុន គ្រប់គ្រង​ដោយ​តៃវ៉ាន់ និង​ដោត​ទង់ជាតិ Panama នេះ ត្រូវបាន​សង្គ្រោះ និង​អូស​ទៅកាន់​បឹង Great Bitter។ កប៉ាល់​នេះ​នឹងត្រូវ​នៅលើ​បឹង រហូតដល់​ការស៊ើបអង្កេត​រក​មូល​ហេតុ​ត្រូវ​បានបញ្ចប់។

    លោក Rabia បន្តថា ក្រុម​នាវិក​របស់​កប៉ាល់ Ever Given នៅ​មិនទាន់​ប្រគល់​ប្រអប់​ខ្មៅ​របស់​កប៉ាល់ រួម​នឹង​លិខិតផ្សេងៗមកឱ្យ​សមត្ថកិច្ច​អេ​ហ្ស៊ី​ប​ដើម្បី​ត្រួតពិនិត្យ​នៅឡើយ។

    កប៉ាល់ Ever Given បាន​ជាប់គាំង និង​រាំងស្ទះ​ផ្លូវទឹក​របស់​ព្រែកជីក Suez កាលពី​ថ្ងៃទី 23មីនា 2021។ យោងតាម​ការស្រាវជ្រាវ ការដឹកជញ្ជូន​តាម​សមុទ្រ​នៅ​ទូទាំង​ពិភពលោក ប្រហែលជា​ត្រូវ​ចំណាយពេល 6ខែ​ទៀត ទើប​អាច​ត្រលប់​មករក​ភាព​ដើម​វិញ​បាន។

    លោក Ferdinand de Lesseps ជា​ជាតិ​បារាំង និង​​ជា​អ្នក​បង្កើត​ក្រុមហ៊ុន Suez Canal Company ហើយ​​​​ព្រែកជីក​​ Suez ក៏​​ត្រូវបាន​ជីក​ចាប់ពី​ឆ្នាំ1859 ដល់​ឆ្នាំ1869 និង​ដាក់ឱ្យ​ប្រើប្រាស់​ចាប់ពី​ឆ្នាំ1869៕

    ប្រភព​៖ ABC
    ប្រែសម្រួល​៖ បុត្រា

  • វៀតណាម​ចាប់ផ្ដើម​ធ្វើជា​ប្រធាន​បន្ត​វេន​​នៃ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ

    វៀតណាម​ចាប់ផ្ដើម​ធ្វើជា​ប្រធាន​បន្ត​វេន​​នៃ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ

    ប្រទេស​វៀតណាម ថ្ងៃនេះ (1មេសា 2021) ចាប់​ផ្ដើមឡើង​ដឹកនាំ​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ ក្នុងឋានៈ​ជា​ប្រធាន​បន្តវេន​ក្នុង​រយៈពេល 4ខែ ជាមួយនឹង​ការសន្យា​ថា នឹង​ធ្វើជា «ដៃគូ​សហការ​ដើម្បី​សន្តិភាព​យូរអង្វែង» និង​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៃ​ជម្លោះ​រវាង​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក។

    ស្រាប​ពេលដែល​វៀតណាម​ឡើង​ធ្វើជា​ប្រធាន​បន្តវេន​នៃ​ក្រុមប្រឹក្សាសន្តិសុខ (UNSC/United Nations Security​ Council) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម លោក Pham Binh Minh បានឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​មួយនា​ថ្ងៃនេះ​ថា៖ «ការសន្យា​របស់​វៀតណាម នោះ​គឺ ការស្វែងរក​ដំណោះស្រាយ​ជាទី​ពេញចិត្ត និង​យូរអង្វែង​សម្រាប់​ជម្លោះ​នានា ការជំរុញ​កិច្ចសន្ទនា និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី»។

    នេះ​គឺជា​ឆ្នាំ​ទី​ពីរ​ហើយ​ដែល​វៀតណាម​មាន​វត្តមាន​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ ហើយក៏​ជា​លើក​ទី​ពីរ​ដែល​វៀតណាម​បាន​ក្លាយជា​ប្រធាន​នៃ​ស្ថាប័ន​មួយ​នេះ។ ក្នុងឋានៈ​ជា​ប្រធាន វៀតណាម​នឹងត្រូវ​ប្រារព្ធ ដឹកនាំ និង​គ្រប់គ្រង​កិច្ចប្រជុំ​ប្រមាណ 30លើក​របស់​ក្រុមប្រឹក្សាសន្តិសុខ តំណាង​ក្រុមប្រឹក្សាសន្តិសុខ ជាមួយនឹង​បណ្ដា​ប្រទេស​ជា​សមាជិក រួម​នឹង​ស្ថាប័ន​នានា​របស់​អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ និង​ស្ថាប័ន​សារព័ត៌មាន។

    ក្នុងចំណោម​នោះ ប្រធាន​បន្តវេន​របស់ UNSC នឹង​ដឹកនាំ​កិច្ចប្រជុំសំខាន់ៗចំនួន​បី នៅក្នុង​អាណត្តិ​របស់ខ្លួន ជាមួយនឹង​ការផ្ដោត​ទៅលើ​ការពិភាក្សា​បើកចំហ​ជាន់ខ្ពស់​ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 19មេសា ឆ្នាំ2021 ជាមួយនឹង​ប្រធានបទ «បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការសហប្រជាជាតិ និង​អង្គការ​ក្នុង​តំបន់ ដើម្បី​ជំរុញ​ជំនឿ​ទុកចិត្ត និង​កិច្ចសន្ទនា​ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​ទប់ស្កាត់ ក៏ដូចជា​ដោះស្រាយ​ជម្លោះ​នានា»។

    កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​

    «យើង​ពិត​ជាមាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា វៀតណាម​នឹង​ទទួលបាន​ជោគជ័យ​ក្នុងតួនាទី​ជា​ប្រធាន UNSC នៅក្នុង​អាណត្តិ​ខែមេសា/2021 ជាមួយនឹង​ការរួមចំណែក និង​លទ្ធផល​ថ្មី​ដែល​នឹង​ទទួលបាន» លោក Pham Binh Minh អះអាង​ដូច្នេះ។

    សូម​រំលឹក UNSC ដែលជា​ស្ថាប័ន​សំខាន់​មួយ​ក្នុងចំណោម​ស្ថាប័ន​សំខាន់​ចំនួន 6 របស់​អង្គការសហប្រជាជាតិ ត្រូវបាន​បង្កើតឡើង​ដើម្បី​រក្សា​សន្តិភាព និង​សន្តិសុខ​របស់​ពិភពលោក។ UNSC មាន​សមាជិក​ចំនួន 15 ក្នុងនោះ​មាន 5ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍ និង 10ប្រទេស​ជា​សមាជិក​ដែល​ត្រូវបាន​បោះឆ្នោត​ជា​អាណត្តិ​កាលពីរ​ឆ្នាំ។

    យោងតាម​ការកំណត់ ប្រទេស​ដែល​នឹង​ក្លាយជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់ UNSC គឺ​ត្រូវតែ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ចាប់ពី 70% (ស្មើនឹង​សន្លឹកឆ្នោត​ប្រមាណ ពី 128-129សំឡេង) ឡើងទៅ ពី​បណ្ដា​សមាជិក​ក្នុង​អង្គការសហប្រជាជាតិ ដោយ​មិន​រាប់​សន្លឹកឆ្នោត​មិនបានការ ឬ​ប្រទេស​ដែល​បាន​បាត់បង់​សិទ្ធិ​បោះឆ្នោត។

    វៀតណាម​ធ្លាប់ជា​សមាជិក​មិន​អចិន្ត្រយ៍​របស់ UNSC ក្នុង​អាណត្តិ​ឆ្នាំ 2008-2009 និង​ធ្វើជា​ប្រធាន ក.ស.ស ក្នុង​ខែកក្កដា/2008 និង​ខែតុលា/2009។ ថ្ងៃទី 7មិថុនា/2019 វៀតណាម​ត្រូវបាន​បោះឆ្នោត​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់ UNSC ជា​លើក​ទី​ពីរ សម្រាប់​អាណត្តិ​ឆ្នាំ 2020-2021 ដោយ​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​ចំនួន 192/193សំឡេង។

    តំណែង​ប្រធាន​នៃ UNSC ត្រូវបាន​ផ្ទេរ​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ រវាង​ប្រទេស​ជា​សមាជិក​ចំនួន 15 ទៅតាម​លេខ​រៀង​នៃ​តួអក្សរ ហើយ​ប្រទេសនីមួយៗកាន់កាប់​តំណែង​កំពូល​នេះ​បាន​ពីរលើក​ក្នុង​មួយ​អាណត្តិ៕

    ប្រភព៖ VE
    ប្រែសម្រួល​៖ បុត្រា

  • កម្ពុជា រកឃើញ 39នាក់​មាន​ផ្ទុក​វីរុស​Covid-19 ក្នុងអំឡុង​ថ្ងៃទី31មីនា ខណៈ​​ករណី​​​ស្លាប់​​សរុប​ បាន​កើន​ដល់​14​នាក់​

    កម្ពុជា រកឃើញ 39នាក់​មាន​ផ្ទុក​វីរុស​Covid-19 ក្នុងអំឡុង​ថ្ងៃទី31មីនា ខណៈ​​ករណី​​​ស្លាប់​​សរុប​ បាន​កើន​ដល់​14​នាក់​

    ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 31មីនា ឆ្នាំ2021 ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 ថ្មី ចំនួន 37​នាក់​ និង​អ្នកជា​សះស្បើយ​ចំនួន 49នាក់។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ខាងលើ មាន 2នាក់​ជា​ករណី​នាំចូល ប៉ុន្តែ​មិនមែនជា​ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ និង 35នាក់​ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ អ្នក​វិជ្ជមាន​ថ្មី​ទាំងនេះ រួមមាន ជនជាតិ​ចិន 3នាក់, ជនជាតិ​ឥណ្ឌូនេស៊ី 2នាក់ និង​ជនជាតិ​កូរ៉េ 1នាក់ ក្រៅពីនេះ​គឺជា​ជនជាតិខ្មែរ។

    ក្នុង​ថ្ងៃទី 31មីនានេះ​ដែរ​ កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 49នាក់ បានជា​សះស្បើយ និង​​មាន​អ្នកជំងឺ​ចំនួន​ 3​នាក់​បាន​បាត់​បង់​ជីវិត​ដោយ​សារ​វីរុស​នេះ​។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 1មេសា ឆ្នាំ2021 កម្ពុ​ជាមាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 2,477នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ ​14​នាក់, អ្នកជា​សះស្បើយ 1,240​នាក់ និង​កំពុង​ព្យាបាល​ចំនួន 1,219​នាក់៕

  • ជំនួយ​ជា​វ៉ាក់សាំង​បង្ការ Covid-19 របស់​ចិន ត្រូវបាន​ប្រគល់ដល់ដៃ​កម្ពុជា​រួចហើយ

    ជំនួយ​ជា​វ៉ាក់សាំង​បង្ការ Covid-19 របស់​ចិន ត្រូវបាន​ប្រគល់ដល់ដៃ​កម្ពុជា​រួចហើយ

    ដូចដែល​បានគ្រោង​ទុក វ៉ាក់សាំង​បង្ការ Covid-19 ឈ្មោះ Sinopharm ដែល​ផលិត​ដោយ​ប្រទេស​ចិន និង​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានមក​ដល់ និង​ត្រូវបាន​ប្រគល់ជូន​កម្ពុជា​រួចរាល់​ហើយ។

    ពិធី​ប្រគល់ និង​ទទួល​ជំនួយ​ជា​វ៉ាក់សាំង ដែល​ត្រូវ​បានរៀបចំ​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោម​អធិបតីភាព​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា។

    កញ្ចប់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ Covid-19 លើក​ទី​ពីរ​នេះ មាន​ចំនួន 7សែន​ដូ​ស ដូច្នេះ បច្ចុប្បន្ន កម្ពុជា​បានទទួល​ជំនួយ​ជា​វ៉ាក់សាំង​ពី​ប្រទេស​ចិន សរុប​ចំនួន 1.3លាន​ដូ​ស។ កញ្ចប់​ជំនួយ​ថ្មី​នេះ​នឹងត្រូវ​បែងចែក​ទៅឱ្យ​ក្រសួងសុខាភិបាល​ចំនួន 4សែន​ដូ​ស និង​ក្រសួងការពារជាតិ​ចំនួន 3សែន​ដូ​ស៕

  • AstraZeneca ប្ដូរ​ឈ្មោះ​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 របស់ខ្លួន ​បន្ទាប់​​ពី​ជួប​ឧបសគ្គ​ក្នុង​ទីផ្សារ

    AstraZeneca ប្ដូរ​ឈ្មោះ​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 របស់ខ្លួន ​បន្ទាប់​​ពី​ជួប​ឧបសគ្គ​ក្នុង​ទីផ្សារ

    ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca បាន​ប្ដូរ​ឈ្មោះ​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 របស់ខ្លួន ពី “AstraZeneca Covid-19 Vaccine” ទៅជា “Vaxzevria”។

    យោងតាម Russia Today ការផ្លាស់ប្ដូរ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល​ក្រុមហ៊ុន​ត្រូវ​ជួប​ការលំបាក​ក្នុងការ​ស្ដារ និង​ធានា​ទំនុកចិត្ត​ថា វ៉ាក់សាំង​បង្ការ Covid-19 របស់ខ្លួន​ពិតជា​មាន​សុវត្ថិភាព។ ដំណឹង​ទាក់ទិន​នឹង​បញ្ហា​ប៉ះពាល់​មួយចំនួន ដូចជា​ការបង្ក​ឱ្យមាន​កំណក​ឈាម​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់ ជាដើម បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​នេះ។

    នៅក្នុង​ប្រកាស​របស់ខ្លួន AstraZeneca ឱ្យដឹងថា ការប្ដូរឈ្មោះ​នេះ​មិន​ទាក់ទង​នឹង​ការផ្លាស់ប្ដូរ​វ៉ាក់សាំង។ ក្រុមហ៊ុន​ឱ្យដឹងថា បុគ្គលិក​សុខាភិបាល​គួរតែ​យកចិត្តទុកដាក់​ទៅលើ​ស្លាក​សញ្ញា​ថ្មី ព្រោះថា ស្លាក​សញ្ញា និង​ការ​វេច​ខ្ចប់​នឹង​ខុសពី​មុន។

    ស្ថាប័ន​វិទ្យាសាស្ត្រ​អឺរ៉ុប បាន​យល់ព្រម​ជាមួយនឹង​ការប្ដូរឈ្មោះ​ថ្មី​របស់​វ៉ាក់សាំង AstraZeneca កាលពី​សប្ដាហ៍​កន្លងទៅ។

    ចំណែក Covishield ដែលជា​វ៉ាក់សាំង​បង្ការ Covid-19 មួយ​ផ្សេងទៀត​ដែល​ប្រើប្រាស់​រូបមន្ត​ដូចគ្នា ប៉ុន្តែ​ត្រូវបាន​អភិវឌ្ឍ​ទៅតាម​កិច្ចសហការ​រវាង AstraZeneca និង​វិទ្យាស្ថាន Serum ឥណ្ឌា នឹង​នៅតែ​រក្សា​ឈ្មោះ (Covishield) ដដែល។

    ឈ្មោះ Vaxzevria បង្ហាញខ្លួន​នៅក្នុង​គ្រា​ដែល​ក្រុមហ៊ុន AstraZeneca ត្រូវ​ទប់ទល់​នឹង​បញ្ហា​ជាច្រើន​ជុំវិញ​វ៉ាក់សាំង​នេះ។ ប្រទេស​ជាង 10 នៅ​អឺរ៉ុប​បាន​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​របស់ AstraZeneca ជា​បណ្ដោះអាសន្ន ក្រោយពី​មាន​ករណី​កកឈាម។ កាលពី​ថ្ងៃទី 29មីនា 2021 ប្រទេស​កាណាដា​ក៏បាន​ផ្អាក​បណ្ដោះអាសន្ន​លើ​ចាក់​វ៉ាក់សាំង​របស់ AstraZeneca សម្រាប់​មនុស្ស​ក្រោម​អាយុ 55ឆ្នាំ ព្រោះតែ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព។

    ផ្ទុយទៅវិញ អង្គការ​សុខភាព​ពិភពលោក (WHO), ក្រុមមន្ត្រី​នៅ​សហភាព​អឺរ៉ុប និង​ក្រុមហ៊ុន AstraZeneca សុទ្ធតែ​បាន​​អះអាងថា វ៉ាក់សាំង AstraZeneca មាន​សុវត្ថិភាព និង​មិន​ទាក់ទង​ជាមួយនឹង​បញ្ហា​កំណក​ឈាម​នោះឡើយ។

    ក្រៅពី​បញ្ហា​នៅក្នុង​ប្រទេស​មួយចំនួន AstraZeneca ក៏​ពើបប្រទះ​នឹង​ឧបសគ្គ​មួយទៀត ក្រោយពី​ក្រុម​មេដឹកនាំ​ស្ថាប័ន​សុខាភិបាល​អាមេរិក​មានការ​ព្រួយបារម្ភ​ថា ទិន្នន័យ​នៃ​ការពិសោធ​របស់ AstraZeneca ដើម្បី​គណនា​អំពី​កម្រិត​សុវត្ថិភាព បាន​ហួស​សម័យ និង​បង្កឱ្យមាន​ការយល់ច្រឡំ។ ជាង​នេះ សហរដ្ឋអាមេរិក​ក៏​មិនទាន់បាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​បន្ទាន់​ចំពោះ​វ៉ាក់សាំង​របស់ AstraZeneca នេះដែរ៕

    ប្រភព៖ RT
    ប្រែសម្រួល​៖ បុត្រា

  • Nike ប្ដឹង​ក្រុមហ៊ុន​ផលិត​ស្បែកជើង​ដែលមាន​ផ្ទុក​ឈាម​មនុស្ស

    Nike ប្ដឹង​ក្រុមហ៊ុន​ផលិត​ស្បែកជើង​ដែលមាន​ផ្ទុក​ឈាម​មនុស្ស

    Nike ដាក់ពាក្យ​ប្ដឹង​ប្រឆាំងនឹង​ក្រុមហ៊ុន MSCHF ដោយសារតែ​បាន​រំលោភ​លើ​ពាណិជ្ជ​សញ្ញា​នៅពេល​បញ្ចេញ​ម៉ូ​ដែល​ស្បែកជើង Satan Shoes (ស្បែកជើង​បី​សាច​សា​តាន)។

    ក្រុមហ៊ុន​ស្បែកជើង​អាមេរិក Nike បានសម្រេច​ចិត្ត​ដាក់ពាក្យ​ប្ដឹង MSCHF ពីព្រោះ​តែ​រួម​ដៃ​ជាមួយ​អ្នកចម្រៀង​រ៉ែ​ប Lil Nas X បញ្ចេញ​ម៉ូ​ដែល​ស្បែកជើង Satan Shoes។ នៅក្នុង​ពាក្យបណ្ដឹង​នេះ Nike បាន​និយាយថា MSCHF បាន​បំពាន​លើ​យីហោ​របស់ខ្លួន នៅពេល​កែទម្រង់​រចនា​របស់​ស្បែកជើង Nike Air Max 97 ពណ៌​ខ្មៅ ទៅតាម​ប្រធានបទ​បី​សាច ជា​មួយ​នឹង​​ការបំពេញ​ប្រហោង​របស់​បាត​ស្បែកជើង​ដោយ​ប្រើ​ទឹក​ប៊ិក​ពណ៌​ក្រហម ហើយ​ក្នុងមួយគូៗ សុទ្ធ​តែមាន​ផ្ទុក​ឈាម​មនុស្ស​ចំនួន 1តំណក់។

    ការដែល MSCHF បញ្ចេញ​ស្បែកជើង​ដែល​យកតាម​លំនាំ​ស្បែកជើង​របស់ Nike និង​នៅតែ​ប្រើប្រាស់​​ពាណិជ្ជ​​សញ្ញា​«swoosh» បែបនេះ នាំឱ្យ​អ្នកប្រើប្រាស់​យល់ច្រឡំ​ថា Nike គឺជា​អ្នក​ផលិត Satan Shoes។ ប្រការនេះ​បាន​បណ្ដាលឱ្យមាន​ការអំពាវនាវ​ឱ្យ​ឈប់​ប្រើប្រាស់​ផលិតផល​របស់ Nike ដើម្បី​ប្រឆាំងនឹង​ម៉ូ​ដែល​ស្បែកជើង Satan។

    «Nike ដាក់ពាក្យ​បណ្ដឹង​នេះ​គឺ​ដើម្បី​រក្សា​សិទ្ធិ​គ្រប់គ្រង​​ពាណិជ្ជ​សញ្ញា​​ និង​ការពារ​បញ្ញា​ទ្រព្យ​របស់​ក្រុមហ៊ុន និង​ដើម្បី​លុបបំបាត់​រាល់​ការយល់ច្រឡំ​នានា ដោយ​ការប្រកាស​យ៉ាងច្បាស់​លាស់​ថា៖ Nike មិនបាន​ផ្ដល់​សិទ្ធិ និង​មិនបាន​ផ្ដល់​ការអនុញ្ញាតឱ្យ​ផលិត​ស្បែកជើង​ដែលមាន​លក្ខណៈ​ដូច Satan របស់ MSCHF នោះឡើយ» នេះ​បើតាម​ខ្លឹមសារ​ខ្លះ​នៃ​ពាក្យបណ្ដឹង។

    ស្បែក​ជើង​ Satan Shoes

    ចំណែក​ភាគី​ក្រុមហ៊ុន MSCHF វិញ មិនទាន់បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ឡើយ ទាក់ទិន​នឹង​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន Nike។

    ក្រុមហ៊ុន Nike ស្នើឱ្យ​តុលាការ​ប្រញាប់​រារាំង​ក្រុមហ៊ុន MSCHF បន្ត​ចាត់ការ​លើ​ការបញ្ជាទិញ​ចំពោះ​ម៉ូ​ដែល​ស្បែកជើង​នេះ ព្រមទាំង​ទាមទារ​ឱ្យ MSCHF សង​ការខូចខាត​ផងដែរ។ ជាក់ស្ដែង MSCHF ត្រូវ​ទូទាត់​រាល់​ការចំណាយ​លើ​រឿងក្ដី ក៏ដូចជា​ការខូចខាត​ដែល​កើតឡើង​ដោយ​អំពើ​រំលោភ​ពាណិជ្ជ​សញ្ញា​ នាំឱ្យមាន​ការខាតបង់​ដែល «ប្រាក់​មិនអាច​ប៉ះប៉ូវ​បាន» សម្រាប់​កេរ្តិ៍ឈ្មោះ​របស់ Nike។

    យោងតាម​ការប្រកាស​ពី MSCHF ម៉ូ​ដែល​ស្បែកជើង Satan Shoe បាន​អស់ពី​ឃ្លាំង​បន្ទាប់ពី​ដាក់​លក់បាន 1នាទី។ MSCHF ផលិត​ស្បែកជើង​នេះ​ត្រឹមតែ 666គូ​ប៉ុណ្ណោះ ហើយ​ក្នុង 1គូ មានតម្លៃ 1,018ដុល្លារ។ តួលេខ​ទាំងពីរ (666 និង 1,018) នេះ ផ្សារភ្ជាប់​ទៅនឹង​រឿងព្រេង​ស្ដីអំពី​បី​សាច Satan។ ដងខ្លួន​របស់​ស្បែកជើង និង​ប្រអប់​ស្បែកជើង ត្រូវបាន​បោះ​ពុ​ម្ភ​គាថា Luke 10:18 ដែល​និយាយ​អំពី​រឿងរ៉ាវ Satan ត្រូវបាន​បណ្ដេញ​ឱ្យ​ចុះ​ពី​ឋានសួគ៌៖ «ខ្ញុំ​មើលឃើញ Satan ធ្លាក់ចុះ ដូច​ទៅនឹងរ​ន្ធះ​ពី​សួគ៌ា»។

    Lil Nas X និង​ស្បែក​ជើង​ Satan Shoes

    នៅក្នុង​ប្រកាស​មួយ​ដែល​បាន​ផ្ញើ​ទៅកាន់ The New York Times ក្រុមហ៊ុន Nike បាន​បញ្ជាក់ថា៖ «Nike មិនមាន​ទំនាក់ទំនង​អ្វី​ជាមួយនឹង​តារាចម្រៀង​រ៉ែ​ប Little Nas X ឬ​ក្រុមហ៊ុន MSCHF។ Nike មិនបាន​រចនា មិនបាន​ផលិត និង​មិនបាន​ផ្ដល់​សិទ្ធិ​ឱ្យ​ផលិត​ម៉ូ​ដែល​ស្បែកជើង​នេះ»។

    មុន​នោះ MSCHF បាន​កែច្នៃ​គំរូ​ស្បែកជើង Nike Air Max 97s ទៅជា Jesus Shoes (ស្បែកជើង​របស់​ព្រះ​យេស៊ូ) ដោយ​នៅត្រង់​បាត​កែងជើង​មាន​ផ្ទុក​ទឹក​ដែល​យក​ពី​ទន្លេ Jordan និង​ត្រូវបាន​អាចារ្យ​មួយរូប​ជូនពរ។ ស្បែក​របស់​ព្រះ​នេះ ត្រូវបាន​លក់​ក្នុងតម្លៃ 3,000ដុល្លារ​អាមេរិក/គូ។

    អំពី​តារាចម្រៀង Lil Nas X វិញ ក៏បាន​បង្ហោះ​រូបភាព meme មួយ​នៅលើ​បណ្ដាញ​សង្គម បន្ទាប់ពី​បានដឹងថា Nike ដាក់ពាក្យ​ប្ដឹង។ ការ​បង្ហោះ​រូបភាព​នេះ ត្រូវបាន​ធ្វើឡើង​ទៅតាម​ទម្លាប់​របស់ Lil Nas X ដែល​តែងតែ​ធ្វើ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរិះគន់​ពី​សំណាក់​អ្នក​ស្ដាប់ ចំពោះ​ផលិតផល​តន្ត្រី​របស់ខ្លួន៕

    ប្រភព​៖ BI
    ប្រែសម្រួល​៖ បុត្រា

  • សហរដ្ឋអាមេរិកនឹងបង្កភាពងាយស្រួលច្រើនជាងមុន ដល់មន្ត្រីរបស់ខ្លួន ក្នុងការប្រស្រ័យទាក់ទងនឹងមន្ត្រីកោះតៃវ៉ាន់

    សហរដ្ឋអាមេរិកនឹងបង្កភាពងាយស្រួលច្រើនជាងមុន ដល់មន្ត្រីរបស់ខ្លួន ក្នុងការប្រស្រ័យទាក់ទងនឹងមន្ត្រីកោះតៃវ៉ាន់

    រដ្ឋាភិបាល​របស់លោក Joe Biden ត្រៀម​ចេញ​សេចក្ដីប្រកាស​លុបចោល​ឧបសគ្គ​នានា និង​បង្ក​ភាពងាយស្រួល​ដល់​ក្រុមមន្ត្រី​ការបរទេស​អាមេរិក ក្នុងការ​ប្រស្រ័យ​ទាក់ទង និង​ជួបប្រជុំ​ជាមួយ​ក្រុមមន្ត្រី​កោះ​តៃវ៉ាន់។

    ក្នុងអំឡុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នៅ​សេត​វិមាន ប្រធានាធិបតី Donald Trump បានធ្វើការ​សម្រេចចិត្ត​លើ​បញ្ហា​មួយចំនួន​ទាក់ទិន​នឹង​ការកាត់បន្ថយ​ការ​រឹតត្បិត​លើ​ទំនាក់ទំនង​រវាង​អាមេរិក និង​តៃវ៉ាន់។ ក្រុមអ្នកវិភាគ​កំពុង​រង់ចាំ​លោក Biden ធ្វើការ​សម្រេចចិត្ត​បញ្ច្រាស​នឹង​ដំណើរការ​របស់លោក Trump នៅពេល​បាន​ឡើងកាន់​អំណាច។

    មេដឹក​នាំ​កោះ​តៃវ៉ាន់ លោក​ស្រី Tsai Ing-wen (ស្ដាំ) និង​លោក​ Alex Azar ជំនួយ​ការ​ផ្នែក​សុខាភិបាល​របស់​លោក​ Trump ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទីក្រុង​តៃប៉ិ​កាល​ពី​ខែ​សីហា​ 2020

    ក៏ប៉ុន្តែ ការពិនិត្យ​ឡើងវិញ​បាន​បង្ហាញថា ការផ្លាស់ប្ដូរ​នៅក្នុង​សម័យ​របស់លោក Trump ទាក់ទង​នឹង​គោលនយោបាយ​ខាងលើ​នឹងត្រូវ​រក្សាទុក​ដូចដើម។ សារព័ត៌មាន Financial Times ដកស្រង់​ប្រភពព័ត៌មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា ការសម្រេចចិត្ត​ថ្មី​នឹង​លើកទឹកចិត្ត​ឱ្យ​ក្រុមមន្ត្រី​សហរដ្ឋអាមេរិក ជួប​ប្រស្រ័យ​ទាក់ទង​ជាមួយនឹង​ក្រុមមន្ត្រី​តៃវ៉ាន់ ជំនួស​ឱ្យ​ការហាមឃាត់ ឬ​រឹតត្បិត។

    មាត្រា​ច្បាប់​ស្ដីអំពី​ការកាត់បន្ថយ​ទំនាក់ទំនង​រវាង​ក្រុមមន្ត្រី​អាមេរិក ជាមួយនឹង​ក្រុមមន្ត្រី​តៃវ៉ាន់ ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 1979 បន្ទាប់ពី​សហរដ្ឋអាមេរិក​ទទួលស្គាល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ប៉ុន្តែ មកដល់​ខែមករា ឆ្នាំ2021 រដ្ឋមន្ត្រីការបរទេស​អាមេរិក កាលណោះ​គឺ​លោក Mike Pompeo បាន​ដក​ការ​រឹតត្បិត​មួយចំនួន​ចេញពី​មាត្រា​នេះ។

    លោក Antony Blinken រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ធ្លាប់​បាន​ថ្លែង​ថា លោក​ចង់​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ប្រស្រ័យ​ទាក់​ទង​នឹង​មន្ត្រី​កោះ​តៃវ៉ាន់

    កាលពី​ថ្ងៃទី 28មីនា នៅក្នុង​ឥរិយាបថ​ដោយ​ខុស​ប្រក្រតី​មួយ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស ផៅ​ឡូ (Palau) លោក John Hennessey-Niland បានធ្វើ​ដំណើរ​ទៅកាន់​កោះ​តៃវ៉ាន់ ក្នុងនាម​ជា​អ្នករួមដំណើរ​ជាមួយ​ប្រធានាធិបតី​របស់ ផៅ​ឡូ (ផៅ​ឡូ គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន 15ដែល​គាំទ្រ​តៃវ៉ាន់ និង​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​កោះ​នេះ)។ ភ្លាមនោះ ប្រទេស​ចិន​ក៏បាន​ប្រតិកម្ម ដោយបាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន 10គ្រឿង​ទៅកាន់​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់​តៃវ៉ាន់៕

    ប្រភព​៖ Finnacial Times
    ប្រែសម្រួល​៖ បុត្រា

  • (វីដេអូ)-ស្ត្រី​ដើមកំណើត​អាស៊ី​ម្នាក់​ទៀតហើយ ត្រូវគេ​វាយ​រហូតដល់​ដេក​ដួល​លើ​ដងផ្លូវ​ដែលមាន​មនុស្ស​ច្រើន

    (វីដេអូ)-ស្ត្រី​ដើមកំណើត​អាស៊ី​ម្នាក់​ទៀតហើយ ត្រូវគេ​វាយ​រហូតដល់​ដេក​ដួល​លើ​ដងផ្លូវ​ដែលមាន​មនុស្ស​ច្រើន

    ស្ត្រី​ដើមកំណើត​អាស៊ី​ម្នាក់ អាយុ 65ឆ្នាំ ត្រូវបាន​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ទាត់​ធាក់​ចំពោះ និង​ចំក្បាល នៅលើ​ដងផ្លូវ​ដែលមាន​មនុស្ស​ច្រើន ប៉ុន្តែ​ពុំមាន​អ្នកណាម្នាក់​ចូល​ជួយ​សោះឡើយ។

    កម្លាំង​ពិសេស​ប្រឆាំង​បទល្មើស​ស្អប់ខ្ពើម និង​រើសអើង​នៃ​ការិយាល័យ​ប៉ូលិស​ក្រុង New York កាលពី​ថ្ងៃទី 30មីនា បានឱ្យដឹងថា ស្ត្រី​ដើមកំណើត​អាស៊ី វ័យ 65ឆ្នាំ​ខាងលើ ត្រូវបាន​គេ​វាយប្រហារ​ដោយ​មិនមាន​ហេតុផល​នៅវេលា​ម៉ោង​ប្រហែល 11 និង40នាទី ថ្ងៃទី 29មីនា ឆ្នាំ2021 នៅលើ​ដងផ្លូវ​ក្នុង​តំបន់ Manhattan នៃ​ទីក្រុង New York សហរដ្ឋអាមេរិក។

    ប៉ូលិស​ក្រុង New York បន្ទាប់មក​ក៏បាន​បញ្ចេញ​វីដេអូ​បង្ហាញ​អំពី​សកម្មភាព​ខាងលើ ក្នុង​នោះគេ​ឃើញ​បុរស​ស្បែក​ខ្មៅ​ម្នាក់ មាន​មាឌធំ ខ្ពស់ បាន​ធាក់​ទៅលើ​ពោះ បណ្ដាលឱ្យ​ស្ត្រី​ដើមកំណើត​អាស៊ី​ត្រូវ​ដួល​ទៅលើ​ដី។ ជនដៃដល់​នេះ​ក៏​បន្ត​ទាត់​ទៅលើ​ក្បាល​ស្ត្រី​រង​គ្រោះជា​បន្តបន្ទាប់ និង​បាន​ជេរប្រមាថ​ជនជាតិ​អាស៊ី​ទៀតផង។

    នៅពេល​កើតហេតុ មាន​មនុស្ស​យ៉ាងតិច​ចំនួន 3នាក់​កំពុង​នៅក្បែរនោះ ប៉ុន្តែ​ពុំមាន​អ្នកណា​ចូល​ជួយ​ឡើយ។ ជាង​នេះ មាន​អ្នកខ្លះ​ប្រញាប់​បិទទ្វារ នៅពេល​ជនដៃដល់​បាន​ចាកចេញ បើ​ទោះ​ស្ត្រី​រងគ្រោះ​នៅ​ដេក​ដួល​លើដី។

    ស្ត្រី​រងគ្រោះ បន្ទាប់មក​ក៏ «ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ NYU Langone» នេះ​បើតាម​ការិយាល័យ​ប៉ូលិស​ក្រុង New York។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​តាមរក​ជនដៃដល់។

    ក្រុមហ៊ុន Brodsky ដែលជា​អ្នកគ្រប់គ្រង​អគារ​កើតហេតុ​ខាងលើ បានប្រកាស​ថ្កោលទោស​ចំពោះ​អំពើហិង្សា ការរើសអើង​ពូជសាសន៍ និង​ការ​ស្អប់ខ្ពើម​ជនជាតិ​អាស៊ី។ ក្រុមហ៊ុន​ក៏បាន​ផ្អាក​ការងារ​ចំពោះ​បុគ្គលិក​មួយចំនួន​ដែល​បានឃើញ​ហេតុការណ៍​ប៉ុន្តែ​មិនបាន​ចូល​ជួយ​ស្ត្រី​រងគ្រោះ។

    ហេតុការណ៍​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី 29មីនា​នេះ គឺជា​ករណី​វាយប្រហារ​ថ្មី​បំផុត​សំដៅលើ​ជនជាតិ​អាស៊ី​នៅ​សហរដ្ឋអាមេរិក។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ទៅលើ​ទិន្នន័យ​របស់​ការិយាល័យ​ប៉ូលិស​ក្រុង New York បាន​បង្ហាញថា បទល្មើស​ស្អប់ខ្ពើម និង​ប្រឆាំង​ចំពោះ​ជនជាតិ​ដើមកំណើត​អាស៊ី បាន​កើនឡើង​ច្រើន​នៅក្នុង​ទីក្រុង​ចំនួន 16 របស់​សហរដ្ឋអាមេរិក ក្នុងអំឡុង​ឆ្នាំ 2020។

    មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​ការ​ស្អប់ខ្ពើម និង​ជ្រុលនិយម ប្រចាំ​សាកលវិទ្យាល័យ​រដ្ឋ California ក៏បាន​បញ្ចេញ​របាយការណ៍​ឱ្យដឹងថា បទល្មើស​ប្រឆាំង​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាស៊ី​នៅ​សហរដ្ឋអាមេរិក បាន​កើន​ឡើងដល់ 150% កាលពី​ឆ្នាំមុន៕

    ប្រភព៖ NBC
    ប្រែ​សម្រួល៖ បុត្រា