Author: សឿន សំណាង

  • អាមេរិក​៖ បាតុករ​ជនជាតិ​ស្បែ​កស ប៉ះទង្គិច​នឹង​បាតុករ​​ជនជាតិ​ស្បែក​ខ្មៅ នាំ​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​​ត្រូវ​ចាប់​ខ្លួន​

    អាមេរិក​៖ បាតុករ​ជនជាតិ​ស្បែ​កស ប៉ះទង្គិច​នឹង​បាតុករ​​ជនជាតិ​ស្បែក​ខ្មៅ នាំ​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​​ត្រូវ​ចាប់​ខ្លួន​

    មនុស្ស​មួយក្រុម​បាននាំគ្នា​ធ្វើបាតុកម្ម​មួយ​ដែល​ត្រូវគេ​ដាក់ឈ្មោះថា «ជីវិត​របស់​ជន​ស្បែក​ស​សំខាន់» នៅ​តំបន់ Huntington Beach នៃ​រដ្ឋ California ក៏ប៉ុន្តែ មិន​បានយូរ​ប៉ុន្មាន​ក៏​ក្លាយជា​បាតុកម្មហិង្សា។

    បាតុកម្ម «ជីវិត​ជន​ស្បែក​ស​សំខាន់» ដើម្បី​ប្រឆាំងនឹង​ចលនា «ជីវិត​ជន​ស្បែក​ខ្មៅ​សំខាន់» ត្រូវបាន​ធ្វើឡើង​នៅ​កំពង់ផែ Huntington Beach ក្នុង​រដ្ឋ California រសៀល​ថ្ងៃទី11មេសា។ ព្រឹត្តិការណ៍​នេះ​បាន​ក្លាយជា​បាតុកម្មហិង្សា នៅពេល​ក្រុមបាតុករ និង​ក្រុមប្រឆាំង​បាតុករ​បាន​ប្រឈមមុខ​ដាក់គ្នា និង​ឈានដល់​ការវ៉ៃតប់​គ្នា។

    ប្រមាណ​ជា 90នាទី បន្ទាប់ពី​បាតុកម្ម​ត្រូវបាន​ធ្វើឡើង កងកម្លាំង​ប៉ូលិស​បានស្នើ​ឱ្យ​ក្រុមបាតុករ «ប្រឆាំង​ការរើសអើង​លើ​ជន​ស្បែ​កស» រំសាយ​គ្នា និង​បាន​ចាត់ទុកថា ជា​សកម្មភាព​ប្រមូលផ្ដុំ​ដោយ​ខុសច្បាប់ និង «មិន​សម​ហេតុផល»។

    ក្រុមបាតុករ​ជនជាតិ​ស្បែក​សភាគ​ច្រើន​ហែ​ក្បួន​ដោយ​ដៃទទេ និង​ស្រែក​ជ័យ​ឃោស​ន៍​គាំទ្រ​សហគមន៍​នេះ។ ក្រុមមន្ត្រី​ឱ្យដឹងថា បាន​ចាប់ខ្លួន​បុគ្គល​មួយចំនួន​ដែល​យក​កាំបិត និង​បំពង់​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​តា​ម​ខ្លួន។

    ក្រុមប៉ូលិស​ក៏បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​ដែល​ប្រឆាំងនឹង​បាតុកម្ម​ខាងលើ ក្នុងនោះ​ក៏មាន​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ដោយ​ចោទថា «រំលោភ​លើ​គោលការណ៍​ហាម​បង្ក​សំឡេង​រំខាន​នៅ​ទីសាធារណៈ»។ ស្នងការ​ប៉ូលិស​ក្រុង Hungton Beach លោក Brian Smith ក្រោយមក​ក៏បាន​បញ្ជាក់ថា បាន​ចាប់ខ្លួន​មនុស្ស​ទី​ពីរ ដោយសារ​ព្យាបាល​រារាំង​មិនឱ្យ​ក្រុមប៉ូលិស​ចាប់ខ្លួន​បុរស​ស្បែក​ខ្មៅ​ដំបូង។

    មុន​បាតុកម្ម​ខាងលើ​កើតឡើង គេ​ឃើញ​មាន​ក្រុម​មួយ​ដែលមាន​ឈ្មោះថា «Loyal White Knights» បាន​បង្ហោះ​សារ​នៅលើ Telegram អំពាវនាវ​ឱ្យធ្វើ​បាតុកម្ម​ដើម្បី «ស្ដារឡើងវិញ​នូវ​ស្មារតី​ជាតិ​សាសន៍​ស្បែ​កស និង​បង្រួបបង្រួម​ជនជាតិ​ស្បែ​កស ប្រឆាំងនឹង​អំពើ​រើសអើង​សហគមន៍​នេះ។

    បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​តាមឃ្លាំមើល​រាល់​សកម្មភាព​របស់​ក្រុមបាតុករ​នានា ដែល​អាច​ប្រមូល​ផ្ដុំគ្នា​ធ្វើបាតុកម្ម​ជាថ្មី​នៅពេល​ខាងមុខ៕

    ប្រភព៖ News Week, LA Times
    ប្រែ​សម្រួល៖ បុត្រា

  • អ្នកទោសរាប់ម៉ឺននាក់​នៅ​សហរដ្ឋ​អាមេរិក​ ដែល​បាន​រួចខ្លួន​ដោយ​សារ ​Covid-19 ពេលនេះអាចត្រូវវិលចូលពន្ធនាគារវិញ ក៏ព្រោះតែ Covid-19

    អ្នកទោសរាប់ម៉ឺននាក់​នៅ​សហរដ្ឋ​អាមេរិក​ ដែល​បាន​រួចខ្លួន​ដោយ​សារ ​Covid-19 ពេលនេះអាចត្រូវវិលចូលពន្ធនាគារវិញ ក៏ព្រោះតែ Covid-19

    គោលនយោបាយ​នៃ​អតីត​រដ្ឋាភិបាល​របស់​លោក Donald Trump អាច​នាំឱ្យ​អ្នកទោស​រាប់ពាន់នាក់​ដែល​មុននេះ​ត្រូវបាន​ព្យួរទោស​ដោយសារ Covid-19 ត្រូវ​ត្រលប់​ចូល​ពន្ធនាគារ​វិញ​នាពេលខាងមុខ។

    អ្នកទោស​ម្នាក់ ឈ្មោះ Kendrick Fulton ត្រូវបាន Covid-19 បើកផ្លូវ​ឱ្យ​ចាប់ផ្ដើម​ជីវិត​ថ្មី​នៅ Round Rock (រដ្ឋ Texas សហរដ្ឋអាមេរិក) បន្ទាប់ពី​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល17ឆ្នាំ ដោយសារ​ជួញដូរ​គ្រឿងញៀន។

    យោងតាម​សារព័ត៌មាន Reuters ព្រោះតែ​មានការ​លំបាក​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​Covid-19 នៅក្នុង​ពន្ធនាគារ ក្រសួងយុត្តិធម៌​អាមេរិក កាលពី​ឆ្នាំ2020 បានសម្រេច​ឱ្យ Fulton រួម​នឹង​អ្នកទោស​ជាង 23,800នាក់ អនុវត្ត​ទោស​របស់ខ្លួន​ដោយ​ការព្យួរ​នៅក្រៅ​ឃុំ។

    ប៉ុន្តែ បច្ចុប្បន្ន នៅពេល​មនុស្ស​ជាច្រើន​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់ អ្នកទោស​រាប់ម៉ឺន​នាក់​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ កំពុង​ប្រឈម​នឹង​ការប្រមូល​ចូល​ពន្ធនាគារ​វិញ ដើម្បី​បន្ត​អនុវត្ត​ទោស​ដែល​នៅសល់ ដែល​ក្រសួងយុត្តិធម៌​បានដាក់​ចេញ​កាលពី​ដំណាក់កាល​ចុងក្រោយ​នៃ​រដ្ឋាភិបាល​របស់​អតីត​ប្រធានាធិបតី Donald Trump។

    តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​ក្រុម​សកម្មជន​គាំទ្រ​វិសោធនកម្ម​ច្បាប់ បាន​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​អាមេរិក លោក Joe Biden និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ Merrick Garland ធ្វើ​បញ្ច្រាស​គោលនយោបាយ​ខាងលើ។ ប៉ុន្តែ មកដល់ពេលនេះ រដ្ឋាភិបាល​ថ្មី​នៅតែ​មិនទាន់មាន​សកម្មភាព​ណាមួយ​ឡើង ទាក់ទិន​នឹង​បញ្ហា​នេះ។

    យោងតាម​សេចក្ដីសម្រេចចិត្ត​របស់​អតីត​រដ្ឋាភិបាល​នៃ​លោក Trump នៅពេលដែល​បទបញ្ជា​លើ​ស្ថានភាព​អាសន្ន​ត្រូវបាន​ដកចេញ នាយកដ្ឋាន​ជាតិ​គ្រប់គ្រង​ពន្ធនាគារ ត្រូវតែ​នាំខ្លួន​អ្នកទោស​ដែល​ត្រូវបាន​ដាក់ឱ្យ​នៅក្រៅ​ឃុំ ត្រលប់​ចូល​ពន្ធនាគារ​វិញ បើសិន​ពួកគេ​មិនមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​នៅផ្ទះ។ ប្រការនេះ​អាច​ប៉ះពាល់​ដល់​អ្នកទោស​ចំនួន 7,399នាក់ ដែល​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុងផ្ទះ ព្រោះថា ពួកគេ​នៅមាន​ពេល​អនុវត្ត​ទោស​នៅឡើយ។

    កន្លែង​សម្រាក​របស់​អ្នក​ទោស​មួយ​កន្លែង​ នៅ​ California សហរដ្ឋ​អាមេរិក​ កាល​ពី​ឆ្នាំ​ 2011

    នៅ​ចំពោះមុខ​ហានិភ័យ​ត្រូវ​ត្រលប់​ចូល​ពន្ធនាគារ​វិញ Fulton អាយុ47ឆ្នាំ ត្រូវ​ប្រឈម​នឹង​ស្ថានភាព​បាត់បង់​ជីវភាព​ថ្មី​ដែល​ទើបតែ​បានចាប់ផ្ដើម។ Fulton ឱ្យដឹង ខ្លួន​អាច​ទទួលបាន​ការវះកាត់​ក្បាលជង្គង់ និង​មាន​ការងារ​មួយ​នៅ​ក្រុមហ៊ុន​លក់​កញ្ចក់​រថយន្ត បើសិន​មិន​ត្រលប់​ចូល​ពន្ធនាគារ។

    «ពុំមាន​ពាក្យ​អ្វីដែល​អាច​អធិប្បាយ​បាន​អំពី​អារម្មណ៍​របស់ខ្ញុំ នៅពេល​ត្រលប់មក​ផ្ទះ​បាន​ឆាប់​ជាង11ឆ្នាំ។ ខ្ញុំ​បាន​អនុវត្ត​ទោស​ជាង17ឆ្នាំ​មកហើយ។ ខ្ញុំ​គួរ​ត្រូវ​ត្រលប់​ទៅ​ចំណាយពេល11ឆ្នាំ​ទៀត ដោយ​គ្រាន់តែ​ដើម្បី​អង្គុយ ឬ​អត់» Fulton សំដែង​ការព្រួយបារម្ភ។

    ក្រុម​អ្នកគាំទ្រ​កំណែទម្រង់​ច្បាប់ បានឱ្យដឹងថា បើសិនជា​សេត​វិមាន បន្ត​អនុវត្ត​គោលនយោបាយ​ខាងលើ នោះ​នឹង​នាំឱ្យមាន​ការបំផ្លាញ​ជីវភាព​របស់​មនុ​ស្សរា​ប់​ម៉ឺន​នាក់​ដែល​ទំនងជា​មិនមាន​លទ្ធភាព​បំពាន​ច្បាប់​ជាថ្មី និង​កំពុង​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​ស្ថិរភាព បន្ទាប់ពី​បានចេញ​ពី​ពន្ធនាគារ។

    «ការរក្សា​គោលនយោបាយ​នេះ នឹង​ដើរ​បញ្ច្រាស​ទៅនឹង​ការប្ដេជ្ញា​ធ្វើកំណែទម្រង់​ច្បាប់​ដែល​រដ្ឋាភិបាល​ថ្មី​ធ្លាប់បាន​សន្យា» Inimai Chettiar នាយក​នៃ​អង្គការ​បណ្ដាញ​សកម្មភាព​ដើម្បី​យុត្តិធម៌ បាន​ថ្លែង​ដូច្នេះ។

    មន្ត្រី​នៃ​សហជីព​តំណាង​បុគ្គលិក​នៅ​មន្ទីរ​កែប្រែ​មួយ យល់ថា ការប្រមូល​អ្នកទោស​ចូល​ពន្ធនាគារ​វិញ នឹងមិន​អាចទៅរួច​នោះទេ បើ​គិត​អំពី​ស្ថានភាព​ភ័ស្ដុភារ។ ចំណែក​អ្នកនាំពាក្យ​មួយរូប​របស់​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក មិនបាន​ឆ្លើយ​នឹង​សំណួរ​ស្ដីអំពី​គោលនយោបាយ​ប្រមូល​អ្នកទោស​ចូល​ពន្ធនាគារ​វិញ​នោះទេ ប៉ុន្តែ បែរជា​លើកសរសើរ​អំពី​ជោគជ័យ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ឱ្យ​បុគ្គលិក​នៅ​មន្ទីរ​កែប្រែ និង​អ្នកទោស​ទៅវិញ៕

    ប្រភព​៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 ចំនួន​ 277​នាក់​ ក្នុង​ថ្ងៃទី​11​មេសា​

    កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 ចំនួន​ 277​នាក់​ ក្នុង​ថ្ងៃទី​11​មេសា​

    នា​ព្រឹក​ថ្ងៃទី 12មេសា ឆ្នាំ2021 ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 277​​​នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 11​មេសា ឆ្នាំ2021។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង 277​នាក់​ខាងលើ សុទ្ធ​តែ​​ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ ក្នុង​ថ្ងៃទី 11​មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 60​​នាក់ បានជា​សះស្បើយ និង​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​ 1​នាក់​​។

    គិត​មកដល់​ព្រឹក​នេះ (12មេសា) ទូទាំងប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​Covid-19 សរុប​ចំនួន 4,515​​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 2,212​នាក់, អ្នកស្លាប់ 30​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 2,268​នាក់។

    ប្រភព​៖ ក្រសួង​សុខាភិបាល​
    ដក​ស្រង់​៖ បុត្រា

  • អាមេរិក រិះគន់ថា ចិន​ធ្វើឱ្យ Covid-19 កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ខណៈ​ពិភពលោក​មាន​អ្នក​ឆ្លង​Covid-19 ជិត137លាន​នាក់

    អាមេរិក រិះគន់ថា ចិន​ធ្វើឱ្យ Covid-19 កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ខណៈ​ពិភពលោក​មាន​អ្នក​ឆ្លង​Covid-19 ជិត137លាន​នាក់

    ពិភពលោក​ទាំងមូល ​បច្ចុប្បន្ន​ មាន​អ្នក​ឆ្លង​វីរុស​Covid-19 ជិត 137លាន​នាក់ និង​ជាង 2.9លាន​នាក់​បាន​ស្លាប់ ធ្វើឱ្យ​សហរដ្ឋ​អាមេរិក រិះគន់​ចិន និង​ជំរុញ​ឱ្យ​ស្វែងរក​ប្រភព​ពិត​របស់​វីរុស​នេះ។

    គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​Covid-19 សរុប​ចំនួន 136,613,721នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 2,948,824នាក់, អ្នកជា​សះស្បើយ 109,840,495នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 23,824,402នាក់។ នេះ​បើតាម​ទំព័រ Worldometers។

    ទាក់ទិន​នឹង​បញ្ហា Covid-19 រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក Antony Blinken កាលពី​ថ្ងៃទី11មេសា បាន​រិះគន់​ចិន​ថា មិនបាន​ផ្ដល់​សិទ្ធិ​ដល់​ក្រុម​អ្នកជំនាញ​អន្តរជាតិ និង​មិន​ព្រម​ចែករំលែក​ទិន្នន័យ​ទៅតាម​ពេលវេលា​ទាន់​ហេតុការណ៍។ «ជា​លទ្ធផល​គឺថា បាន​បាត់បង់​ការគ្រប់គ្រង​លើ​វីរុស​យ៉ាង​ឆាប់រហ័ស និង​កាន់តែ​ធ្ងន់ធ្ងរ» លោក Antony Blinken ថ្លែង​ដូច្នេះ។

    ពលរដ្ឋ​រង់​ចាំ​ចាក់​វ៉ាក់សាំង​ នៅ​ប្រទេស​ចិន​

    ការ​ថ្លែង​របស់លោក Blinken បាន​សង្កត់ធ្ងន់​ទៅលើ​ការរិះគន់​ពី​សំណាក់​ក្រុមមន្ត្រី​របស់លោក Joe Biden សំដៅលើ​ទៅ​ក្រុង​ប៉េកាំង នាពេលថ្មីៗនេះ ក្នុងនោះ​ក៏មាន​ការយល់ឃើញថា ចិន​ខ្វះ​តម្លាភាព​ក្នុង​គ្រា​ដំបូង​នៃ​វិបត្តិ​សុខភាព។

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពី​ថ្ងៃទី30មីនា បានឱ្យដឹងថា ទិន្នន័យ​ជាច្រើន​មិនត្រូវ​បានផ្ដល់​ដល់​ក្រុម​អ្នកជំនាញ​របស់ WHO នៅក្នុង​ដំណើរ​ស្វែងរក​ប្រភព​វីរុស​Covid-19 នៅ​ប្រទេស​ចិន ហើយ​ថា បញ្ហា​ជាច្រើន​ទៀត​ត្រូវការ​ការស្រាវជ្រាវ​បន្ថែម។

    «ប្រការ​សំខាន់​គឺ​ត្រូវតែមាន​លទ្ធផល​ចុងក្រោយ​ដែល​ប្រាកដប្រជា​អំពី​របៀប​ដែល​វីរុស​ផ្ទុះ​ឆ្លង​រាលដាល។ យើង​ត្រូវ​ការធ្វើ​ដូច្នេះ​ដើម្បី​យល់ច្បាស់​អំពី​អ្វីដែល​បានកើត​ឡើង និង​ទប់ស្កាត់​ការកើតឡើង​ជាថ្មី។ នោះ​គឺជា​មូលហេតុ​ដែល​យើង​ត្រូវការ​ស្វែងយល់​រហូតដល់​ទីបញ្ចប់» លោក BlinKen ថ្លែង​ដូច្នេះ និង​បាន​បន្តថា ចិន​ត្រូវតែ​ចូលរួម​កែសម្រួល​ប្រព័ន្ធ​សន្តិសុខ​សុខាភិបាល​ជាស​កល ដើម្បី​ធានា​នូវ​តម្លាភាព និង​ការចែករំលែក​ព័ត៌មាន​ពិត។

    ពលរដ្ឋ​អាមេរិកាំង​ កំពុង​រង់​ចាំ​ចាក់​វ៉ាក់សាំង​

    សហរដ្ឋអាមេរិក គឺជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​ក្នុង​ពិភពលោក ដោយបាន​រកឃើញ​អ្នក​វិជ្ជមាន 31,918,591នាក់ និង​ស្លាប់ 575,829នាក់។ វ៉ាក់សាំង​ជិត 175លាន​ដូ​សត្រូវ​បាន​ចាក់​នៅ​ប្រទេស​នេះ រាប់​ចាប់ពី​ដើមខែ​ធ្នូ ឆ្នាំ2020។ ពលរដ្ឋ​​ជាង 112លាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ម្ជុល ស្មើនឹង​ជាង 1/3 នៃ​ចំនួន​ប្រជាជន​សរុប​របស់​សហ​រដ្ឋ​អាមេរិក។

    គិត​មកដល់​ថ្ងៃទី8មេសា ឆ្នាំ​2021​ ពលរដ្ឋ​អាមេរិកាំង​ជិត 20% បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់។ ក្រុមហ៊ុន Pfizer កាលពី​ថ្ងៃទី9 ខែមេសា បានឱ្យដឹងថា កំពុង​សុំច្បាប់​ពី​រដ្ឋាភិបាល​ដើម្បី​ប្រើប្រាស់​វ៉ាក់សាំង សម្រាប់​កុមារ​ចាប់ពី​អាយុ12-15ឆ្នាំ ហើយ​ក្រុមហ៊ុន​ក៏​នឹង​ដាក់សំណើ​ដូចគ្នានេះ​ទៅកាន់​ស្ថាប័ន​ដទៃទៀត​នៅ​ទូទាំង​ពិភពលោក នាពេលខាងមុខ៕

    ប្រភព៖ CNN
    ប្រែសម្រួល​៖ បុត្រា

  • អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​ឱ្យ​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន

    អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​ឱ្យ​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន

    រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី10មេសា ឆ្នាំ2021 បានចេញ​សេចក្ដីប្រកាស​ណែនាំ​ឱ្យ​ផ្អាក​ការលក់​គ្រឿង​ស្រវឹង និង​ហាម​មិន​ឱ្យទទួល​អតិថិជន​ចូលមក​ទទួលទាន​ក្នុង​បរិវេណ​អាជីវកម្ម​របស់ខ្លួន ជា​បណ្ដោះអាសន្ន រយៈពេល2សប្ដាហ៍។

    បំរាម​បណ្ដោះអាសន្ន​ដែល​ត្រូវបាន​រដ្ឋបាល​រាជធានី​ធ្វើឡើង មាន​ចំនួន 3ប្រការ រួមមាន​ដូចខាងក្រោម៖

    ទីមួយ៖ គ្រប់​ផ្សារ​រដ្ឋ ផ្សារ​ទំនើប ផ្សារ​ម៉ា​ត ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូច​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ រយៈពេល 2សប្ដាហ៍ រាប់​ចាប់ពី​ថ្ងៃទី11មេសា ឆ្នាំ2021 ដល់​ថ្ងៃទី24មេសា ឆ្នាំ2021។

    ទី​ពីរ៖ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​ចំពោះ​ការទទួល​អតិថិជន​ចូលមក​ទទួលទាន​ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​របស់ខ្លួន ប៉ុន្តែ អាច​ប្រកប​អាជីវកម្ម​លក់ដូរ​ជា​លក្ខណៈ​វេច​ខ្ចប់​បាន។

    ទី​បី៖ ដើម្បី​ធានា​ឱ្យ​សេចក្ដីណែនាំ​ខាងលើ ត្រូវបាន​អនុវត្ត​ពេញលេញ រដ្ឋបាល​រាជធានី​បានស្នើ​ឱ្យ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ សហការគ្នា​ដើម្បី​ត្រួតពិនិត្យ និង​អនុវត្តតាម​ការណែនាំ​នេះ។ ប្រសិន​មាន​ករណី​មិន​ព្រម​ធ្វើតាម​បំរាម សមត្ថកិច្ច​នឹងធ្វើ​កិច្ចសន្យា​ណែនាំ​លើកទីមួយ ប៉ុន្តែ នឹង​ចាត់វិធានការ​រដ្ឋបាល​ទៅតាម​ច្បាប់ បើសិន​នៅតែ​បំពាន​ជា​លើក​ទី​ពីរ។ នេះ​បើតាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​ថ្ងៃទី10មេសា ឆ្នាំ2021៕

    ប្រភព៖ សាលា​ក្រុង​ភ្នំ​ពេញ
    ដក​ស្រង់ដោយ​៖ បុត្រា

  • បញ្ជី​ឈ្មោះ​អ្នកជំងឺ​Covid-19 ថ្មី ​ចំនួន​56​នាក់​ ដែល​ក្រុមគ្រូពេទ្យ​ពុំទាន់​រកឃើញ​ទីតាំង

    បញ្ជី​ឈ្មោះ​អ្នកជំងឺ​Covid-19 ថ្មី ​ចំនួន​56​នាក់​ ដែល​ក្រុមគ្រូពេទ្យ​ពុំទាន់​រកឃើញ​ទីតាំង

    រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី10 ខែមេសា ឆ្នាំ2021 បានចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​មួយ​ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​អ្នកជំងឺ​Covid-19 ថ្មី​ចំនួន56នាក់ ដែល​ក្រុមគ្រូពេទ្យ​ពុំទាន់​រកឃើញ​ទីកន្លែង​ស្នាក់នៅ​របស់​ពួកគេ​នៅឡើយ។

    ការបង្ហាញ​អត្តសញ្ញាណ​នេះ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ អះអាងថា គឺ​ដើម្បី​ផ្តល់​ជា​ព័ត៌មាន​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល អាច​ទៅធ្វើ​តេស្តរ​កវី​រុស​Covid-19 និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាន់ពេលវេលា។ ប្រការនេះ​ក៏​ដើម្បី​បង្ការ​ការចម្លង​វីរុស​ដល់​អ្នកដទៃ​ដោយ​អ​ចេតនា និង​ចៀសវាង​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​ធ្ងន់ធ្ងរ​ដែល​អាច​បាត់បង់​ជីវិត។

    ព័ត៌មាន​លម្អិត​អំពី​អត្តសញ្ញាណ​របស់​អ្នកជំងឺ​ថ្មី​ទាំង56នាក់​នេះ សូម​បន្ត​អាន​បញ្ជី​ឈ្មោះ​ខាងក្រោម៖

    ប្រភព៖ រដ្ឋបាល​រាជធានី​ភ្នំពេញ
    ដកស្រង់​ដោយ៖ បុត្រា

  • ខ្លឹមសារ​សំខាន់​មួយចំនួន​នៃ​ការ​ថ្លែង​សារ​ពិសេស​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ថ្លែង​នា​ព្រឹក​ថ្ងៃទី10មេសា​នេះ

    ខ្លឹមសារ​សំខាន់​មួយចំនួន​នៃ​ការ​ថ្លែង​សារ​ពិសេស​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ថ្លែង​នា​ព្រឹក​ថ្ងៃទី10មេសា​នេះ

    នា​ព្រឹក​ថ្ងៃទី10 ខែមេសា ឆ្នាំ2021នេះ ពី​ភូមិគ្រឹះ​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​Covid-19 នៅ​កម្ពុជា។

    នៅក្នុង​ការ​ថ្លែង​សារ​ពិសេស​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​មានប្រសាសន៍​អំពី​ចំណុច​សំខាន់​មួយចំនួន មាន​ដូចខាងក្រោម៖

    *អ្នក​ដើរលេង​ទាំងឡាយណា​ដែល​ធ្វើដំណើរ​ដោយ​រំលោភ​លើ​បទបញ្ជា​បំរាម​គោចរ យានជំនិះ​របស់​ពួកគេ​នឹង​ត្រូវបាន​ឃាត់ទុក​រយៈពេល14ថ្ងៃ និង​អនុញ្ញាតឱ្យ​ត្រលប់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅឯ​ផ្ទះ។ នៅពេល​បានធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់14ថ្ងៃ អ្នក​ដែល​បាន​រំលោភ​លើ​បំរាម​គោចរ អាច​ទៅយក​យានជំនិះ​វិញ​បាន។

    *សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​ស្ថិតក្នុង​តំបន់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ការបិទ​ខ្ទប់ នឹងមិន​ត្រូវបាន​ទុកចោល​នោះឡើយ ពោលគឺ​នឹង​ទទួលបាន​ជំនួយ​សមស្រប៖ ពលរដ្ឋ​ទាំងឡាយ​ដែល​ស្ថិតក្នុង​តំបន់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជា​កញ្ចប់ ចំនួន300,000រៀល។ សម្រាប់​តំបន់​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នឹង​ទទួលបាន​កញ្ចប់​ថវិកា​ជំនួយ​សរុប ចំនួន 5000,000,000រៀល។ ចំណែក​គ្រួសារ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រដ្ឋ​នឹង​លើកលែង​ថ្លៃ​ទឹក និង​ថ្លៃ​ភ្លើង រយៈពេល2ខែ​ពេញ។

    *នៅក្នុង​ការ​ថ្លែង​សារ​នេះដែរ ប្រមុខ​រដ្ឋាភិបាល​ក៏បានផ្ដល់​អនុសាសន៍​ដ​ល់​ថ្នាក់ដឹកនាំ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​លើ​បញ្ហា​មួយចំនួន​ដើម្បី​ទប់​កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដោយ​ការបិទ​ខ្ទប់ ឬ​ដាក់​បំរាម​គោចរ។ សម្ដេច បញ្ជាក់ថា ពលរដ្ឋ​ក្នុង​តំបន់ ឬ​ភូមិ​ដែល​ត្រូវ​បិទ​ខ្ទប់​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក អាច​ចេញ-ចូល​តំបន់​នោះបាន ប៉ុន្តែ​ត្រូវមាន​មូលហេតុ​សមស្រប ក្នុងនោះ​មានដូចជា ការ​ទៅកាន់​មន្ទីរពេទ្យ​ជាដើម។

    *កម្មវិធី​ជួបជុំ មានដូចជា ពិធីមង្គលការ ពិធីជប់លៀង ឬ​ពិធីបុណ្យ​ជាដើម ក៏ត្រូវ​ហាមឃាត់​ជា​បណ្ដោះអាសន្ន​ផងដែរ។

    *សម្ដេច ក៏បាន​រំលឹក​ឱ្យ​គោរព​វិធាន​បង្ការ​វីរុស​Covid-19៖ «3ការពារ (ពាក់​ម៉ាស, លាងដៃ, រក្សា​គម្លាត​សុវត្ថិ​ភាព​​សង្គម/បុគ្គល)» និង «3កុំ (កុំទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល, កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន, កុំ​ប៉ះពាល់​គ្នា)»៕

    ប្រភព៖ ទទក
    ដកស្រង់​ដោយ​៖ បុត្រា

  • ស្វាមី​របស់​មហាក្សត្រី​អង់គ្លេស Elizabeth ទី​ពីរ សោយ​ទិវង្គត

    ស្វាមី​របស់​មហាក្សត្រី​អង់គ្លេស Elizabeth ទី​ពីរ សោយ​ទិវង្គត

    ព្រះរាជវាំង Buckingham បានប្រកាស​ឱ្យដឹងថា ព្រះអង្គម្ចាស់ Philip ដែលជា​ព្រះ​ស្វាមី​របស់​ព្រះមហាក្សត្រី Elizabeth ទី​ពីរ នៃ​ចក្រភព​អង់គ្លេស បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃទី9មេសា ក្នុង​ព្រះ​ជន្មាយុ 99វង្សា ដោយ​រោគាពាធ។

    សេចក្ដីប្រកាស​ព័ត៌មាន​របស់​រាជវាំង Buckingham បាន​បញ្ជាក់ថា៖ «ព្រះអង្គម្ចាស់​បាន​សោយ​ទិវង្គត​នៅវេលា​ព្រឹក​នេះ នា​វិមាន Windsor» និង​បានឱ្យដឹងថា នឹង​ប្រកាស​ព័ត៌មាន​បន្ទាប់​នៅពេល​វេលា​សមស្រប។

    យោងតាម​រាជវាំង Buckingham ក្សត្រា Philip និង​មហាក្សត្រី Elizabeth ទី​ពីរ បាន​រៀប​អភិសេក​ជាមួយគ្នា​កាលពី​ឆ្នាំ1947 និង​ជា​គូ​ក្សត្រា-ក្ស​ត្រី​ដែល​បាន​ដឹកនាំ​រាជវង្ស​បានយូរ​អង្វែង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​អង់គ្លេស។ ព្រះអង្គម្ចាស់ Philip បាន​ឈប់​បំពេញ​រាជកិច្ច​តាំងពី​ឆ្នាំ2017។

    ព្រះអង្គ​ម្ចាស់​ Philip និង​មហា​ក្សត្រី Elizabeth ទីពីរ​ នៃ​ចក្រ​ភព​អង់​គ្លេស​

    ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ សុខភាព​របស់​ក្សត្រា Philip បាន​ចុះ​ទ្រុឌទ្រោម​ជាង​មុន ក្នុងនោះ កាលពី​ឆ្នាំ2019 ទ្រង់​ធ្លាប់​ត្រូវ​យាង​ចូល​មន្ទីរពេទ្យ​រយៈពេល4យប់​ទៀតផង ដើម្បី​តាមដាន និង​ព្យាបាល​ព្រះរោគ។ ថ្មីៗនេះ ព្រះអង្គ​ក៏​ធ្លាប់​ទទួល​ការវះកាត់​ព្យាបាល​បេះដូង​ដោយ​ជោគជ័យ​ផងដែរ៕

    ប្រភព​៖ BBC
    ប្រែសម្រួល​៖ បុត្រា

  • អ្នកជំងឺ​Covid-19 ដំបូង​គេ​ដែល​ត្រូវបាន​វះកាត់​ប្ដូរ​សួត​ពី​ស្វាមី និង​កូន

    ជប៉ុន៖ ស្ត្រី​ម្នា​ក់នៅ​តំបន់ Kansai ដែល​ទើប​ត្រូវបាន​វះកាត់​ដាក់​សួត​របស់​ស្វាមី និង​កូនប្រុស បាន​ក្លាយជា​អ្នកជំងឺ​Covid-19 ដំបូង​គេ​ក្នុង​ពិភពលោក ដែល​ត្រូវបាន​ប្ដូរ​សួត​ពី​អ្នក​បរិច្ចាគ​ដែល​នៅរស់។

    មន្ទីរពេទ្យ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Kyoto កាលពី​ថ្ងៃទី8 ខែមេសា បានប្រកាសថា បានទទួល​ជោគជ័យ​ក្នុងការ​វះកាត់​ប្ដូរ និង​ភ្ជាប់​សួត​ជូន​អ្នកជំងឺ​Covid-19 ម្នាក់។ ការវះកាត់​នេះ​ត្រូវ​ចំណាយពេល​អស់11ម៉ោង និង​មានការ​ចូលរួម​ពី​វេជ្ជបណ្ឌិត និង​ក្រុមគ្រូពេទ្យ​រហូតដល់ 30នាក់។

    ការវះកាត់​ខាងលើ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី7មេសា ហើយ​អ្នកជំងឺ​នេះ​ត្រូវបាន​វះកាត់​ភ្ជាប់​សួត​ដែល​បានមក​ពី​​ស្វាមី និង​កូនប្រុស​របស់គាត់។ មន្ទីរពេទ្យ​ខាងលើ​បាន​អះអាងថា នេះ​គឺជា​អ្នកជំងឺ​Covid-19 ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​ត្រូវបាន​ប្ដូរ​សួត​ពី​មនុស្ស​នៅរស់។

    តំបន់​ Kansai នៃ​ប្រទេស​ជប៉ុន

    វេជ្ជបណ្ឌិត Hiroshi Date ដែលជា​អ្នកទទួលខុសត្រូវ​លើ​ការវះកាត់ បានឱ្យដឹងថា ជោគជ័យ​នេះ​បាន​នាំមក​នូវ​ក្ដីសង្ឃឹម​សម្រាប់​អ្នកជំងឺ​ដែល​រងរបួស​សួត​ធ្ងន់ធ្ងរ​ដោយសារ Covid-19។

    ស្ត្រី​អ្នកជំងឺ មិនត្រូវ​បាន​គេ​ឱ្យដឹង​អំពី​អត្តសញ្ញាណ​នោះទេ ប៉ុន្តែ ជា​ពលរដ្ឋ​រស់នៅក្នុង​តំបន់ Kansai ភាគ​ខាង​លិច​​ប្រទេស​ជប៉ុន។ សួត​របស់​អ្នកជំងឺ​នេះ ត្រូវ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​បាន​ឆ្លង​វីរុស​Covid-19 កាលពី​ចុងឆ្នាំ2020 និង​ត្រូវតែ​វះកាត់​ប្ដូរ​សួត​ដើម្បី​រក្សា​ជីវិត។

    ស្វាមី និង​កូនប្រុស​របស់​អ្នកជំងឺ សុទ្ធតែ​កំពុងស្ថិត​ក្នុងស្ថានភាព​សុខ​ភាពល្អ​បន្ទាប់ពី​បាន​បរិច្ចាគ​សួត។ ភាគី​ខាង​មន្ទីរពេទ្យ​ឱ្យដឹងថា ស្ត្រី​ជា​អ្នកជំងឺ​នេះ នឹង​អាច​ចាក​ចេញពី​ពេទ្យ ក្រោយ​រយៈពេល​ប្រហែល​ពីរ​ខែ​ទៀត៕

    ប្រភព៖ CNN
    ប្រែ​សម្រួល៖ បុត្រា

  • (វេដេអូ)-បាតុកម្ម​នៅ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន បន្ទាប់​ពី​​នារី​ក្រមុំ​ម្នាក់​ត្រូវគេ​សម្លាប់ ក្រោយពី​ត្រូវ​ចាប់ជំរិត​តាម «ទម្លាប់​បុរាណ» ដើម្បី​យកទៅ​រៀបការ

    (វេដេអូ)-បាតុកម្ម​នៅ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន បន្ទាប់​ពី​​នារី​ក្រមុំ​ម្នាក់​ត្រូវគេ​សម្លាប់ ក្រោយពី​ត្រូវ​ចាប់ជំរិត​តាម «ទម្លាប់​បុរាណ» ដើម្បី​យកទៅ​រៀបការ

    នារី​វ័យក្មេង​ម្នាក់ ត្រូវគេ​ច្របាច់ក​រហូតដល់​ស្លាប់ បន្ទាប់ពី​នាង​ប្រតិកម្ម​តបត​នឹង​បុរស​មួយក្រុម​ដែល​បាន​ចាប់ជំរិត និង​បង្ខំ​ឱ្យ​នាង​រៀបការ ដែល​ទង្វើ​នេះ ត្រូវបាន​ចាត់ទុកថា ជា​ទម្លាប់​អាក្រក់​ដែល​បន្សល់​ពី​មនុស្ស​សម័យបុរាណ​នៃ​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន។

    សកម្មភាព​ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញថា នាង Aizada Kanatbekova អាយុ 27ឆ្នាំ ត្រូវបាន​បុរស​មួយក្រុម​ស្ទាក់ផ្លូវ និង​ចាប់ខ្លួន​នៅលើ​ដងផ្លូវ​ក្នុង​រដ្ឋធានី Bishkek នៃ​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន (Kyrgyzstan)​ នៅពេល​នាង​កំពុង​បើកបរ​រថយន្ត​ត្រលប់មក​ផ្ទះ កាលពី​ថ្ងៃទី5មីនា។

    ដំបូង​ឡើយ បុរស​ម្នាក់​បាន​ព្យាយាម​ទាញ​នាង​ទៅកាន់​រថយន្ត​ពណ៌​ក្រហម​របស់​ពួកគេ ប៉ុន្តែ ដោយសារ​នាង​មិន​ព្រម ក៏​ស្រាប់​តែមាន​បុរស​ម្នាក់ទៀត​បាន​ចូលមក​ក្បែរ ជួយ​លើក និង​រុញ​នាង​ចូល​ឡាន។ ក្រុម​នេះ​នៅមាន​បុរស​ម្នាក់ទៀត ដែល​ទំនងជា​អ្នក​ចាំមើល​ស្ថានភាព​ជុំវិញ។ ជន​ម្នាក់នេះ​ក៏បាន​ជួយ​បើកទ្វារ​រថយន្ត​ដើម្បីឱ្យ​ជន​ពីរ​នាក់​ទៀត រុញ​នារី​រងគ្រោះ​ចូលក្នុង​ឡាន​ពណ៌​ក្រហម។

    នារី​រង​គ្រោះ Aizada Kanatbekova (ស្ដាំ)

    នាង Aizada Kanatbekova ត្រូវបាន​គេ​ជឿថា ជា​ជនរងគ្រោះ​នៃ​អំពើ «ចាប់ជំរិត​បង្ខំ​ឱ្យ​រៀបការ»។ ពីរ​ថ្ងៃ​ក្រោយមក សាកសព​របស់​នាង​ក៏​ត្រូវគេ​រកឃើញ​នៅ​ជាយក្រុង Bishkek។ ប៉ូលិស​បានឱ្យដឹងថា នាង​ត្រូវគេ​សម្លាប់​ដោយ​ការ​ច្របាច់ក។

    ជនដៃដល់​នាំមុខគេ​ក្នុងការ​ចាប់ខ្លួន និង​សម្លាប់​នាង Kanatbekova នោះ​គឺជា​បុរស​វ​វ័យ 36ឆ្នាំ​ម្នាក់ ដែល​ត្រូវគេ​រកឃើញថា​បាន​ស្លាប់​ផងដែរ។ ចំណែក​ជនដៃដល់​មួយចំនួនទៀត ក៏​ត្រូវបាន​ចាប់ខ្លួន និង​កំពុង​រង់ចាំ​ឡើង​តុលាការ។ នេះ​បើតាម​ទូរទស្សន៍​ជាតិ កៀ​ហ្ស៊ី​ស៊ី​ស្ថាន។

    ករណី​ខាងលើនេះ បាន​នាំឱ្យមាន​ការក្ដៅក្រហាយ​ពី​ប្រជាជន​នៅ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ផងដែរ។ មនុស្ស​ប្រមាណ​ជាង 500នាក់ បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​នៅក្នុង​រដ្ឋធានី Bishkek កាលពី​ថ្ងៃទី8មេសា ដោយ​ទាមទារ​រក​យុត្តិធម៌​ជូន​នាង Kanatbekova ព្រមទាំង​បានស្នើ​ឱ្យ​ស្នងការ​ប៉ូលិស ចុះ​ចេញពី​តំណែង​ទៀតផង។

    ការធ្វើ​បាតុកម្ម​ទាមទា​រ​ខាងលើនេះ ក៏​ព្រោះតែ​ប៉ូលិស​មិនបាន​ជួយ​នារី​រងគ្រោះ​ឱ្យទាន់ពេល បើទោះជា​សកម្មភាព​ចាប់ជំរិត​ត្រូវបាន​កាមេរ៉ា​សុវត្ថិភាព​ថត​ជាប់​យ៉ាងច្បាស់​ក៏ដោយ។

    អំពើ​ចាប់​កូនក្រមុំ​គេ​មក​រៀបការ ឬ​ភាសា​ក្នុងស្រុក​ហៅថា Ala Kachuu គឺជា​ទម្លាប់​មួយ​ដែលមាន​តាំងពី​យូរយារ​មកហើយ​នៅ​ប្រទេស កៀ​ហ្ស៊ី​ស៊ី​ស្ថាន ហើយ​វា​បានអូសបន្លាយ​ដល់​សព្វថ្ងៃ បើទោះជា​ស្ថិតក្នុង​ទ្រង់ទ្រាយ​តូចក្ដី។ ទម្លាប់​នេះ អនុញ្ញាតឱ្យ​ពួក​បុរស​ចាប់​នារី​ណា​ម្នាក់​ដែល​ខ្លួន​ពេញចិត្ត យកមក​ផ្ទះ និង​បង្ខំ​ឱ្យ​នាង​យល់ព្រម​រៀបការ​ជា​លាយលក្ខណ៍អក្សរ៕

    ប្រភព៖ Daily Mail
    ប្រែ​សម្រួល៖ បុត្រា