Author: សឿន សំណាង

  • នាវាចម្បាំងអាមេរិកបីគ្រឿង តាមពីក្រោយនាវាផ្ទុកយន្តហោះចម្បាំងចិន នៅលើសមុទ្រចិនខាងត្បូង

    នាវាចម្បាំងអាមេរិកបីគ្រឿង តាមពីក្រោយនាវាផ្ទុកយន្តហោះចម្បាំងចិន នៅលើសមុទ្រចិនខាងត្បូង

    នាវិក​អាមេរិក​បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញ​អំពី​យន្តហោះ​ចម្បាំង​កំពុង​ចុះចត​លើ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Liaoning របស់​ចិន ខណៈដែល​រូបភាព​ពី​ផ្កាយរណប​បង្ហាញថា នាវាចម្បាំង​អាមេរិក​ចំនួន​បី​គ្រឿង ដេញតាម​ពីក្រោយ​នាវា​ផ្ទុក​យន្តហោះ​ចិន។

    យោងតាម​វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​នៅលើ​បណ្ដាញ​សង្គម Twitter កាលពី​ថ្ងៃទី17មេសា ក្រុម​ប្រយុទ្ធ​នាវាចម្បាំង​ចិន Liaoning ធ្វើដំណើរ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង ដែល​វីដេអូ​នេះ​ទំនងជា​ត្រូវបាន​ថត​ពីលើ​នាវាចម្បាំង​របស់​សហរ​ដ្ឋ​អាមេរិក។

    នៅក្នុង​វីដេអូ គេ​ឃើញ​មាន​យន្តហោះ​ចម្បាំង J-15 ចុះចត​លើ​នាវា​ផ្ទុក​យន្តហោះ Liaoning ធ្វើឱ្យ​ក្រុម​នាវិក​មានការ​ភ្ជា​ក់​ផ្អើល។ នៅ​ជុំវិញ​នាវា​ផ្ទុក​យន្តហោះ​ចិន គឺជា​ក្រុម​នាវា​អមដំណើរ​ដែលមាន​នាវាចម្បាំង​ការពារ​ដែនអាកាស Type-052D យ៉ាងតិច​មួយគ្រឿង និង​នាវាចម្បាំង​ធុន​ធ្ងន់ Type-055 មួយគ្រឿង។

    រូបភាព​ដែល​ត្រូវបាន​ថត​ដោយ​ផ្កាយរណប​កាលពី​ថ្ងៃទី16មេសា បង្ហាញថា ក្រុម​ប្រយុទ្ធ​នាវាចម្បាំង Liaoning របស់​ចិន ធ្វើដំណើរ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង ចម្ងាយ​ជិត500គីឡូម៉ែត្រ​ទៅ​ទិសអាគ្នេយ៍​នៃ​មូលដ្ឋានទ័ព Yulin Naval នៅលើ​កោះ​ហៃ​ណាន​នៃ​ប្រទេស​ចិន។

    ក្រុម​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ចិន រួមមាន នាវា​ផ្ទុក​យន្តហោះ Liaoning, នាវាចម្បាំង Type-055 មួយគ្រឿង, នាវាចម្បាំង​ការពារ​ដែនអាកាស Type-052D មួយគ្រឿង, នាវាចម្បាំង Type-054A មួយគ្រឿង និង​នាវា Type-901 មួយគ្រឿង។ ក្រុម​នាវាចម្បាំង​ដែល​ផ្លាស់​ទី​ក្បែរ​ក្រុម​ប្រយុទ្ធ​របស់​ចិន​ទាំងបី​ទិស​គឺ​ក្រុម​នាវាចម្បាំង Arleigh Burke របស់​សហរដ្ឋអាមេរិក។

    ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក និង​ចិន មិនទាន់មាន​ការអធិប្បាយ​អ្វី​អំពី​ព័ត៌មាន​នេះ​នៅឡើយ។

    នាវា​ចម្បាំង​ចិន​ (លេខ​ 1-5) និង​នាវា​សហរដ្ឋ​អាមេរិក​ នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ថ្ងៃទី​16​មេសា​ 2021។ រូប​ភាព​៖ Twitter/OSINT-1

    ព្រឹត្តិការណ៍​ខាងលើនេះ បាន​កើតឡើង​បន្ទាប់ពី​ក្រុម​ចម្បាំង​នាវា​ផ្ទុក​យន្តហោះ​អាមេរិក USS Theodore Roosevelt និង​ក្រុម​នាវា​វាយ​ឡើង​ច្រាំង USS Makin Island បាន​ចាក​ចេញពី​សមុទ្រ​ចិន​ខាងត្បូង។ ក្នុង​ព្រឹត្តិការណ៍​នេះ គេ​មិន​បានដឹង​ច្បាស់​ថា មាន​នាវាចម្បាំង​អាមេរិក​តាម​ពីក្រោយ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ចិន​ដែរ ឬ​អត់​នោះទេ។ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក ធ្លាប់បាន​បញ្ជា​ឱ្យ​នាវា USS Mustin ដេញតាម​ពីក្រោយ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ចិន Liaoning កាល​ពី​​ថ្ងៃ​ទី​10​មេសា​ នៅពេល​វា​ចូល​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង។

    ភាព​តានតឹង​ខាងលើ​បានកើត​ឡើង​ចាប់តាំងពី​ថ្ងៃទី7មីនា នៅពេលដែល​កប៉ាល់​នេសាទ​ចិន​រាប់រយ​គ្រឿង​នាំគ្នា​ចត​នៅក្បែរ​ថ្ម​ប៉ប្រះ​ទឹក Whitsun ដែល​ប្រទេស​ចិន ហ្វីលីពីន និង​វៀតណាម អះអាងថា​ជា​របស់ខ្លួន៕

    ប្រភព៖ Express, SCMP
    ប្រែសម្រួល​៖ បុត្រា

  • សេចក្តីណែនាំអំពីការចាក់វ៉ាក់សាំងបង្ការ Covid-19 ក្នុងបរិបទនៃការអនុវត្តន៍វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នាថ្ងៃទី17មេសា 2021

    សេចក្តីណែនាំអំពីការចាក់វ៉ាក់សាំងបង្ការ Covid-19 ក្នុងបរិបទនៃការអនុវត្តន៍វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នាថ្ងៃទី17មេសា 2021

    នា​ព្រឹក​ថ្ងៃទី17 ខែមេសា ឆ្នាំ2021នេះ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​Covid-19 បានចេញ​សេចក្ដីណែនាំ​មួយ​ជូន​ដល់​សាធារណជន ពិសេស​គឺ​ពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល ដែល​កំពុង​ជាប់​ក្នុង​ការបិទ​ខ្ទប់​ដើម្បី​បង្ការ​ការឆ្លង​រាលដាល​នៃ​វីរុស​Covid-19។

    សេចក្ដីណែនាំ​នេះ​គឺ​ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 លើក​ទី​ពីរ​របស់​ពលរដ្ឋ​ដែល​បាន​ចាក់​លើកទីមួយ​រួចហើយ។ ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​មាន​ដូចខាងក្រោម៖


    ប្រភព៖ ក្រសួង​សុខាភិបាល
    ដកស្រង់​៖ បុត្រា

  • អ្នក​ស្លាប់​ដោយ​សារ​Covid-19 នៅ​កម្ពុជា​ កើន​ដល់​39​​នាក់​ ខណៈ​​អ្នក​វិជ្ជមាន​​សរុប​ឡើង​ដល់5,771​នាក់

    អ្នក​ស្លាប់​ដោយ​សារ​Covid-19 នៅ​កម្ពុជា​ កើន​ដល់​39​​នាក់​ ខណៈ​​អ្នក​វិជ្ជមាន​​សរុប​ឡើង​ដល់5,771​នាក់

    នា​ព្រឹក​ថ្ងៃទី 17មេសា ឆ្នាំ2021 ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 291​​នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 16​មេសា ឆ្នាំ2021។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង 291​​នាក់​ខាងលើ មាន​1​នាក់​ជា​ករណី​នាំ​ចូលដែល​មិន​មែនជា​ពលករ​ខ្មែរ​មក​ពី​ថៃ និង​ 290​​នាក់​​ទៀត​ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ ក្នុង​ថ្ងៃទី 16​មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 23​​នាក់​បានជា​សះស្បើយ និង​មាន​អ្នកស្លាប់​ថ្មី​ចំនួន 1​​។

    គិត​មកដល់​ព្រឹក​នេះ (17​មេសា) ទូទាំងប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​Covid-19 សរុប​ចំនួន 5,771​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 2,416​នាក់, អ្នកស្លាប់ 39​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 3,311​​នាក់។

    ប្រភព៖ ក្រសួង​សុខាភិបាល
    ដក​ស្រង់​៖ បុត្រា

  • Pfizer ៖ អ្នក​ដែល​បានទទួល​វ៉ាក់សាំង​គ្រប់​ហើយ អាច​ត្រូវ​ចាក់ “ដូ​ស​ទី3” ទៀត​ក្នុង​រយៈពេល 6-12ខែ

    Pfizer ៖ អ្នក​ដែល​បានទទួល​វ៉ាក់សាំង​គ្រប់​ហើយ អាច​ត្រូវ​ចាក់ “ដូ​ស​ទី3” ទៀត​ក្នុង​រយៈពេល 6-12ខែ

    គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ផលិត​ឱសថ Pfizer បានឱ្យដឹងថា អ្នក​ដែល​បានទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ-19 គ្រប់​ទាំង 2ដូ​ស​ហើយ អាចមាន​ភាពចាំបាច់ ត្រូវ​ចាក់​ដូ​ស​ទី3 បន្ថែមទៀត ដើម្បី​ជំរុញ​ប្រព័ន្ធ​ប្រឆាំង​ជំងឺ ក្នុង​រយៈពេល 6-12ខែ​ទៀត។

    នៅ​ថ្ងៃទី15 ខែមេសា វេ​ប​សាយ​ព័ត៌មាន CNBC បាន​ផ្សព្វផ្សាយ​បទ​សម្ភាស​របស់លោក អាល់​ប៊ើ​ត បួ​ឡា នាយក​ប្រតិបត្តិ​របស់ ហ្វ៉ៃ​ហ្ស៊ើ​រ ដែល​បានបញ្ជាក់​ផងដែរ​ថា មាន​ភាព​អាចទៅរួច​ខ្លាំង ដែល​មនុស្ស​ទាំងអស់ អាច​នឹងត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូ​រ៉ូ​ណា ជាប្រចាំ​រៀងរាល់ឆ្នាំ។

    “យើង​នៅ​ត្រូវ​រង់​ចាំមើល​ទាំងអស់គ្នា​ថា តើ​វា​មាន​ភាពចាំបាច់ ក្នុងការ​ត្រូវតែ​ចាក់ដដែលៗឡើងវិញ​ញឹកញាប់​ប៉ុនណា?…តែ វា​អាចទៅរួច ក្នុងការ​ត្រូវតែ​ចាក់​ដូ​ស​ទី3 ក្នុងអំឡុងពេល 6-12ខែ និង​បន្ទាប់ពីនោះ ក៏​អាច​នឹងត្រូវ​ចាក់​ឡើងវិញ​រៀងរាល់ឆ្នាំ​ទៀតផង ប៉ុន្តែ​ទិន្នន័យ​ទាំងអស់នេះ នៅ​ត្រូវ​ការរង់ចាំ​ការអះអាង​ពី​អ្នកជំនាញការ​ជាមុនសិន” លោក​បួ​ឡា បាន​ថ្លែង​បែបនេះ ព្រមទាំង​បន្ថែមថា ការ​ក្លាយ​ពូជ​របស់​មេរោគ​វីរុស ក៏​ជា “កត្តា​ប្រែប្រួល​សំខាន់” មួយទៀត​ដែរ។

    អ្នកស្រាវជ្រាវ​ទូទាំង​ពិភពលោក មិនទាន់​អាច​ប្រកាស​បាន​នៅឡើយ​ថា តើ​វ៉ាក់សាំង​ប្រភេទផ្សេងៗ ដែល​កំពុងមាន​នាពេល​បច្ចុប្បន្ននេះ នឹង​អាច​ការពារ​ការឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា បានយូរ​ប៉ុនណា​ឡើយ។

    លទ្ធផល​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​របស់​ហ្វ៉ៃ​ហ្ស៊ើ​រ បាន​អះអាងថា វ៉ា​ក់​វ៉ាក់សាំង​របស់ខ្លួន មាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​វីរុស​កូ​រ៉ូ​ណា​បាន 91% និង​ទប់ស្កាត់​ការធ្លាក់​ខ្លួន​ឈឺ​ដោយ​កូ​វីដ-19 កម្រិត​ធ្ងន់ធ្ងរ បាន​ច្រើនជាង 95% រយៈពេល​យូរ​បំផុត 6ខែ បន្ទាប់ពី​ចាក់​ដូ​ស​ទី2 រួច។

    តែ​យ៉ាងណាក្ដី អ្នកវិទ្យាសាស្ត្រ បាន​បញ្ជាក់ថា នៅ​ត្រូវ​សិក្សា​ពី​ទិន្នន័យ​បន្ថែមទៀតថា តើ​វ៉ាក់សាំង​នឹង​ហុច​លទ្ធផល​ក្នុងការ​ការពារ ក្រោយពេល 6ខែ​កន្លងផុតទៅ ដែរឬទេ?៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • កម្ពុជា​សម្រេច​បិទ​រាជធានី និង​ក្រុង​តាខ្មៅ​ជា​បណ្ដោះអាសន្ន​ រយៈ​ពេល​14ថ្ងៃ ដើម្បី​ទប់​ស្កាត់​Covid-19

    កម្ពុជា​សម្រេច​បិទ​រាជធានី និង​ក្រុង​តាខ្មៅ​ជា​បណ្ដោះអាសន្ន​ រយៈ​ពេល​14ថ្ងៃ ដើម្បី​ទប់​ស្កាត់​Covid-19

    រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ធ្វើការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល​ជា​បណ្ដោះអាសន្ន​រយៈពេល14ថ្ងៃ រាប់​ចាប់​ម៉ោង​សូន្យ​នៃ​ថ្ងៃទី15 ខែមេសា ឆ្នាំ2021 ដល់​ថ្ងៃទី28មេសា ឆ្នាំ2021 ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​​​រាល​ដាល​​នៃ​​វីរុស​​Covid-19។

    សេចក្ដីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល ក៏បាន​បញ្ជាក់ថា រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ ត្រូវ​ចាត់ទុកជា​ភូមិសាស្ត្រ​តែមួយ​ដែល​ត្រូវបាន​បិទ​ខ្ទប់។

    យោងតាម​សេចក្ដីសម្រេច​ខាងលើ បុគ្គល​គ្រប់រូប​ត្រូវបាន​ហាម​មិនឱ្យ​ចេញពីផ្ទះ ឬ​ពី​លំនៅឋាន​បច្ចុប្បន្ន បើសិនជា​មិនមាន​កិច្ចការ​ចាំបាច់។

    ព័ត៌មាន​លម្អិត សូម​បន្ត​អាន​សេចក្ដីសម្រេច​ខាងក្រោម៖


    ប្រភព​៖ ក្រសួង​ព័ត៌មាន​
    ដក​ស្រង់​ដោយ​៖ បុត្រា

  • អ្នក​វិជ្ជមាន​នឹង​Covid-19 ធ្លាប់​ទៅ​ធនាគារ ABA សាខា​ជិត​ស្ថានីយ​រថភ្លើង និង​សាខា​ស្ដាត​ចាស់​! អ្នក​សង្ស័យ​សូម​ទៅពិនិត្យ​សំណាក​ជាបន្ទាន់

    អ្នក​វិជ្ជមាន​នឹង​Covid-19 ធ្លាប់​ទៅ​ធនាគារ ABA សាខា​ជិត​ស្ថានីយ​រថភ្លើង និង​សាខា​ស្ដាត​ចាស់​! អ្នក​សង្ស័យ​សូម​ទៅពិនិត្យ​សំណាក​ជាបន្ទាន់

    “អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក Covid-19” នា​ព្រឹក​នេះ បាន​ជូនដំណឹង​ថា មាន​អ្នក​ឆ្លង​វីរុស​Covid-19 ធ្លាប់បាន​ទៅកាន់​ធនាគារ ABA សាខា​ជិត​ស្ថានីយ​រថភ្លើង ក្បែរ​វិមាន​សន្តិភាព និង​សាខា​ស្ដាត​ចាស់​ នៅថ្ងៃទី31 ខែមីនា ឆ្នាំ2021។

    អនុគណៈកម្មការ​ខាងលើ បាន​អំពាវនាវ​ឱ្យដល់​ពលរដ្ឋ​ដែល​ធ្លាប់បាន​ទៅកាន់​ធនាគារ ABA ដែល​បាន​រៀបរាប់​ខាងលើ នៅវេលា​ម៉ោង 3និង21នាទី ដល់​ម៉ោង3និង37នាទី នៅ​ថ្ងៃទី31មីនា 2021 ប្រញាប់​ទៅធ្វើ​តេស្តរ​កវី​រុស​ជា​បន្ទាប់ បើសិន​មាន​អា​ការមិន​ស្រួលខ្លួន ដូចជា ក្ដៅខ្លួន ក្អក កណ្ដាស់ ឈឺបំពង់ក ហៀរ​សម្បោរ ពិបាក​ដកដង្ហើម​ជាដើម។

    ទន្ទឹម​នឹង​នេះ ធនាគារ​ ABA សាខា​ស្ដាត​ចាស់​​ក៏​មាន​ករណី​ដូច​គ្នា​នេះ​​​នៅ​ថ្ងៃទី​31​មីនា​ 2021 ប៉ុន្តែ​​ នៅ​វេលា​ម៉ោង​11និង​39​នាទី​ ដល់​ម៉ោង​12​និង​11នាទី​។

    អនុគណៈកម្មការ​នេះ​ក៏បាន​បញ្ជាក់ថា បុគ្គល​សង្ស័យថា​មាន​ផ្ទុក Covid-19 អាច​ទៅធ្វើ​តេស្ត​នៅ​មណ្ឌល​មួយចំនួន រួមមាន វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​បឹងត្របែក មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត សាលាបឋមសិក្សា​សុភមង្គល និង​មន្ទីរពេទ្យបង្អែក​នៅតាម​បណ្ដា​ខេត្ត។

    ប្រភព៖ ក្រសួង​ព័ត៌មាន, អនុគណៈកម្មការ​ស្រាវជ្រាវCovid-19
    ដកស្រង់៖ បុត្រា

  • ទ្រព្យសម្បត្តិ​របស់​សហ​ស្ថាបនិក​ពីររូប​នៃ​ក្រុមហ៊ុន Google កើនឡើង​លើស 100ពាន់​លាន​ដុល្លារ

    ទ្រព្យសម្បត្តិ​របស់​សហ​ស្ថាបនិក​ពីររូប​នៃ​ក្រុមហ៊ុន Google កើនឡើង​លើស 100ពាន់​លាន​ដុល្លារ

    «មូល​ប​ត្រ​បច្ចេកវិទ្យា​បាន​ឡើងថ្លៃ ជួយ​ឱ្យ Larry Page និង Sergey Brin មានឈ្មោះ​នៅក្នុង​ក្រុម​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​លើសពី 100ពាន់​លាន​ដុល្លារ​អាមេរិក» នេះ​បើតាម Bloomberg Billionaires Index។

    Larry Page បច្ចុប្បន្ន​មានទ្រព្យ​ចំនួន 104ពាន់​លាន​ដុល្លារ ខណៈដែល Sergey Brin មាន 100ពាន់​លាន​ដុល្លារ។ ចាប់ពី​ដើមឆ្នាំ​មកនេះ ពួកគេម្នាក់ៗរកបាន​ជាង 20ពាន់​លាន​ដុល្លារ​ឯណោះ។

    មូល​ប​ត្រ​អាមេរិក នៅក្នុង​ការជួញដូរ​កា​ល​ពីថ្ងៃ​សុក្រ​សប្ដាហ៍​មុន បាន​បង្កើត​កំណត់ត្រា​ថ្មី ដោយសារតែ​ក្រុម​អ្នកវិនិយោគ​ជឿជាក់​លើ​ល្បឿន​នៃ​ការ​ងើបឡើង​របស់​សេដ្ឋកិច្ច។ ស​ន្ទ​ស្សន៍ Nasdaq 100 បាន​កើន​ជាង 7% ក្នុងឆ្នាំនេះ។ មូល​ប​ត្រ Alphabet ដែលជា​ក្រុមហ៊ុនមេ​របស់ Google ក៏បាន​កើនឡើង​ពេញ​ពីរ​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​ដណ្ដើមបាន​ជ័យជំនះ​ក្នុង​រឿងក្ដី​នៅ​តុលាការ ទាក់ទង​នឹង​បញ្ហា​កម្មសិទ្ធិ​បញ្ហា។

    Sergey Brin

    សមាជិក​នៃ​ក្លឹប​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​សែន​លាន​ដុល្លារ​អាមេរិក​របស់​ពិភពលោក បច្ចុប្បន្ន​មាន​ចំនួន 8រូប ដែល​ស្ទើរតែ​ទាំងអស់​សុទ្ធតែជា​មហាសេដ្ឋី​បច្ចេកវិទ្យា​អាមេរិក។ ក្រុម​នេះ​កាន់កាប់​ទ្រព្យ​ជាង 1លាន​លាន (1,000,000,000,000) ដុល្លារ​អាមេរិក និង​រកបាន 110ពាន់​លាន​ដុល្លារ​បន្ថែមទៀត​នៅក្នុង​ឆ្នាំនេះ។

    ឆ្នាំ2017 Jeff Bezos ដែលជា​ស្ថាបនិក​របស់ Amazon គឺជា​បុគ្គល​ដំបូង​គេ​ដែលមាន​ទ្រព្យ​ចំនួន 100ពាន់​លាន​ដុល្លារ រាប់​ចាប់ពី​ពេលដែល​ទ្រព្យ​របស់ Bill Gates បាន​ឡើងដល់​ចំណុចកំពូល​នេះ​កាលពី​ឆ្នាំ1999។ ទ្រព្យសម្បត្តិ​របស់​ហស​ស្ថាបនិក​នៃ​ក្រុមហ៊ុន Microsoft នេះ បាន​ធ្លាក់ចុះ​បន្ទាប់ពី​យុគសម័យ dotcom ប៉ុន្តែ​ក៏បាន​ងើប​ឡើងដល់​ចំណុច 100ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ2019។ លោក Elon Musk ដែលជា CEO របស់ Tesla និង​លោក Mark Zuckerberg ជា​សហ​ស្ថាបនិក​របស់ Facebook បាន​ក្លាយជា​សមាជិក​នៃ​ក្លឹប​មហាសេដ្ឋី​សែន​លាន​ដុល្លារ​នេះ​ជា​បន្តបន្ទាប់​កាលពី​ឆ្នាំ2020 នៅពេល​វិស័យ​បច្ចេកវិទ្យា​រីកចម្រើន​ខ្លាំង​ក្នុងសម័យ​Covid-19។

    Larry Page

    កំពូល​អ្នកវិនិយោគ Warren Buffett បច្ចុប្បន្ន​ក៏មាន​ទ្រព្យ​ចំនួន 101ពាន់​លាន​ដុល្លារ​អាមេរិក។ អ្នកជំនួញ​ក្នុង​វិស័យ​សម្លៀកបំពាក់ លោក Bernard Arnault ដែលជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន LVMH ក៏មាន​ឈ្មោះ​នៅក្នុង​ក្លឹប​ខាងលើ ដោយមាន​ទ្រព្យ​សរុប 132ពាន់​លាន​ដុល្លារ​អាមេរិក៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា

  • អ្នក​ស្លាប់​ដោយ​សារ​Covid-19 នៅ​កម្ពុជា​ កើន​ដល់​33​នាក់​ ខណៈ​​អ្នក​វិជ្ជមាន​​សរុប​ឡើង​ដល់​ជាង​​​4,690​នាក់

    អ្នក​ស្លាប់​ដោយ​សារ​Covid-19 នៅ​កម្ពុជា​ កើន​ដល់​33​នាក់​ ខណៈ​​អ្នក​វិជ្ជមាន​​សរុប​ឡើង​ដល់​ជាង​​​4,690​នាក់

    នា​ព្រឹក​ថ្ងៃទី 13មេសា ឆ្នាំ2021 ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 181​នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 12មេសា ឆ្នាំ2021។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង 181​នាក់​ខាងលើ មាន​2​នាក់​ជា​ករណី​នាំ​ចូលដែល​មិន​មែនជា​ពលករ​ខ្មែរ​មក​ពី​ថៃ, 1​នាក់​ជា​ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ​ និង​178​នាក់​​ទៀត​ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ ក្នុង​ថ្ងៃទី 12មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន40​នាក់​បានជា​សះស្បើយ និង​មាន​អ្នកស្លាប់​ថ្មី​ចំនួន3​នាក់​។

    ​​​ករណី​ស្លាប់​ថ្មី​​ចំនួន​3​នាក់​កាល​ពី​ថ្ងៃទី​12​មេសា​កន្លង​ទៅ​ កើតឡើង​ចំពោះ ស្ត្រីជន​ជាតិខ្មែរ​អាយុ79ឆ្នាំ, ស្ត្រីជន​ជាតិខ្មែរ​អាយុ59ឆ្នាំ និង​បុរស​ជនជាតិខ្មែរ​អាយុ57ឆ្នាំ។

    គិត​មកដល់​ព្រឹក​នេះ (13មេសា) ទូទាំងប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​Covid-19 សរុប​ចំនួន 4,696​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 2,252នាក់, អ្នកស្លាប់​សរុប​ 33នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 2,406​នាក់។

    ប្រភព៖ ក្រសួង​សុខាភិបាល​
    ដកស្រង់​​ដោយ​៖ បុត្រា

  • អេស្ប៉ាញ​៖ ថ្នាក់រៀន​ពិសេស​នៅលើ​ឆ្នេរសមុទ្រ​ ​ជួយ​ឱ្យ​សិស្សានុសិស្ស​មាន​អារម្មណ៍ល្អ និង​សប្បាយរីករាយ​ក្នុង​សម័យ​Covid-19

    អេស្ប៉ាញ​៖ ថ្នាក់រៀន​ពិសេស​នៅលើ​ឆ្នេរសមុទ្រ​ ​ជួយ​ឱ្យ​សិស្សានុសិស្ស​មាន​អារម្មណ៍ល្អ និង​សប្បាយរីករាយ​ក្នុង​សម័យ​Covid-19

    បើសិនជា​ការសិក្សា​នៅលើ​ឆ្នេរសមុទ្រ​គឺជា​ក្ដី​ស្រមៃ នោះ​ក្ដី​ស្រមៃ​នេះ​បាន​ក្លាយជា​ការពិតហើយ​សម្រាប់​សិស្ស​ជាច្រើនរូប​នៅ​តំបន់ Murcia នៃ​ប្រទេស​អេ​ស្ប៉ា​ញ។

    ក្រោយ​រយៈពេល​មួយឆ្នាំ​ដែល​ត្រូវ​រៀន​ពី​ចម្ងាយ ដោយសារ​បំរាម​គោចរ និង​គម្លាត​សង្គម​ដើម្បី​បង្ការ​Covid-19 សាលា Felix Rodriguez de la Fuente នៅ​តំបន់ Murcia បាន​បង្កើត​ថ្នាក់រៀន​នៅលើ​ឆ្នេរសមុទ្រ​ដើម្បី​ប្រើប្រាស់​​បរិយាកាស​​ប្រកប​ដោយ​​ខ្យល់​​បរិសុទ្ធ​​ដែល​ត្រូវគេ​ជឿថា កម្រ​មាន​ហានិភ័យ​នៃ​ការឆ្លង​វីរុស​Covid-19។

    ប៉ុន្តែ សិស្ស​ដែល​មកកាន់ «សាលារៀន» នៅលើ​ឆ្នេរសមុទ្រ Playa de los Nietos នេះ នៅតែ​ត្រូវ​ពាក់​ម៉ាស់ និង​អង្គុយ​លើ​កៅអី​ដែល​ត្រូវបាន​គេ​រៀបចំ​ទៅតាម​ការកំណត់​ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព។ គ្រូបង្រៀន​ម្នាក់ ឈ្មោះ Juan Francisco Martinez បានឱ្យដឹងថា សិស្ស​ទាំងអស់ សុទ្ធ​តែមាន​អារម្មណ៍​សប្បាយរីករាយ ហើយ​នឹងមាន​អនុស្សាវរីយ៍​ពិបាក​បំភ្លេចបាន។

    សាលារៀន​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​មួយ​ដែលមាន​ឈ្មោះថា «Fresh Air» (ខ្យល់​បរិសុទ្ធ) ក្នុង​បំណង​នាំមក​នូវ​ខ្យល់​ល្អ​បរិសុទ្ធ​សម្រាប់ក្មេងៗនៅក្នុង​សម័យ​Covid-19។ ក្រុម​គ្រូបង្រៀន​នឹងត្រូវ​បង្រៀន​សិស្ស​នៅលើ​ឆ្នេរ​ខ្សាច់​សមុទ្រ ចាប់ពី​ម៉ោង8ព្រឹក​ជា​រៀងរាល់ថ្ងៃ។

    គម្រោង​ខាងលើនេះ មាន​ថ្នាក់រៀន​ចំនួន8 ហើយ​សិស្ស​មាន​អាយុ​ចាប់ពី3-12ឆ្នាំ។ ថ្នាក់រៀន​ទាំងនេះ នៅតែ​សិក្សា​ទៅតាម​ថ្នាក់​ដែល​ពួកគេ​ធ្លាប់បាន​រៀន​កន្លងមក។ មកដល់​បច្ចុប្បន្ន ពុំមាន​ករណី​ឆ្លង Covid-19 ណាមួយ​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ថ្នាក់រៀន​ទាំងនេះ​ទេ។ សិស្ស​ទាំងឡាយ សុទ្ធតែ​ពេញចិត្ត​នឹង​របៀប​សិក្សា​នេះ ព្រោះ​ពួកគេ​បាន​នៅ​ខាងក្រៅ បាន​ជួប​មិត្ត​ភ័ក្ដិ មាន​អារម្មណ៍​ស្រស់ស្រាយ​ជាង​ការរៀន​តាម​កុំព្យូទ័រ​នៅឯ​ផ្ទះ។

    ដើម្បី​រួមចំណែក​ជួយ​ឱ្យ​សកម្មភាព​សិក្សា​កាន់តែ​រស់​រវើក និង​កាន់តែ​អស្ចារ្យ ពលរដ្ឋ​ក្នុង​តំបន់​ថែមទាំង​បាន​តុបតែង​ខ្លួន​ជា​ទាហាន ឬ​ជា​អ្នកនេសាទ ដើម្បី​ណែនាំប្អូនៗអំពី​ប្រវត្តិសាស្ត្រ, របរ​នេសាទ និង​មុខរបរ​ចិញ្ចឹមជីវិត​ផ្សេងទៀត​របស់​ប្រជាជន​ក្នុង​តំបន់។ គ្រូបង្រៀន​ឈ្មោះ Alfonso Vera ឱ្យដឹងថា អ្នកស្រុក​ក្នុងភូមិ​បាន​បង្រៀនក្មេងៗអំពី​វិធី​ស្ទូចត្រី និង​ចែករំលែក​អំពី​របៀប​ដែល​ពួកគេ​ស្វែងរក​អាហារ​នៅក្នុង​គ្រា​លំបាក​បំផុត ដូចជា​សម័យ​Covid-19 នេះ​ជាដើម៕

    ប្រភព​៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • ធ្វើ​ជំនួញ​ក្នុង​វិស័យ​ណាខ្លះ​ដែល​ងាយ​ឱ្យ​យើង​​ក្លាយជា​មហាសេដ្ឋី​បំផុត​ក្នុង​ពិភពលោក?

    ធ្វើ​ជំនួញ​ក្នុង​វិស័យ​ណាខ្លះ​ដែល​ងាយ​ឱ្យ​យើង​​ក្លាយជា​មហាសេដ្ឋី​បំផុត​ក្នុង​ពិភពលោក?

    វិស័យ​ហិរញ្ញវត្ថុ-វិនិយោគ បច្ចុប្បន្ន​កាន់កាប់​មូលធន​ដល់​ទៅ 371ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ទូទាំង​ពិភពលោក ហើយ​បុគ្គល​ដែល​លេចធ្លោ​ជាងគេ នោះ​គឺ កំពូល​មហាសេដ្ឋី Warren Buffett។

    ក្នុង​សប្ដាហ៍​កន្លង ទស្សនាវដ្ដី​ហិរញ្ញវត្ថុ Forbes របស់​សហរដ្ឋអាមេរិក បានចេញ​ផ្សាយ​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក​សម្រាប់​ឆ្នាំ2021។ ឆ្នាំនេះ ពិភពលោក​ទាំងមូល​មាន​មហាសេដ្ឋី​សរុប​ចំនួន 2,755រូប ដែលមាន​ទ្រព្យ​ចាប់ពី 1ពាន់​ដុល្លារ​អាមេរិក​ឡើងទៅ។ អ្នកមាន​ទាំងនេះ រកស៊ី​ក្នុង​វិស័យផ្សេងៗគ្នា ក៏ប៉ុន្តែ បើ​យោងតាម Forbes មហាសេដ្ឋី​ភាគច្រើន​ធ្វើ​ជំនួញ​ក្នុង​វិស័យ​ចំនួន10 ដែលមាន​ដូចខាងក្រោម៖

    1.វិស័យ៖ ហិរញ្ញវត្ថុ-វិនិយោគ

    -ចំនួន​មហាសេដ្ឋី៖ 371នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 13%
    -អ្នកមាន​ជាងគេ៖ Warren Buffett (96ពាន់​លាន​ដុល្លារ) គឺជា​ប្រធាន​ប្រតិបត្តិ​របស់ Berkshire Hathaway។ ក្រុមហ៊ុន​នេះ មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ជាង60 ក្នុងនោះ​ក៏មាន Duracell និង Dairy Queen ផងដែរ។

    2.វិស័យ៖ បច្ចេកវិទ្យា

    -ចំនួន​មហាសេដ្ឋី៖ 365នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 13%
    -អ្នកមាន​ជាងគេ៖ Jeff Bezos (177ពាន់​លាន​ដុល្លារ) គឺជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon។ ក្រុមហ៊ុន​នេះ​ក៏​គ្រប់គ្រង​កាសែត Washington Post និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អវកាស Blue Origin ផងដែរ។

    3.វិស័យ៖ ផលិតកម្ម

    -ចំនួន​មហាសេដ្ឋី៖ 331នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 12%
    -អ្នកមាន​ជាងគេ៖ He Xiangjian (35ពាន់​លាន​ដុល្លារ) គឺជា​ស្ថាបនិក​របស់ Midea Group។ ក្រុមហ៊ុន​នេះ​មាន​សាខា​ជាង200 ឯណោះ។

    4.វិស័យ៖ សម្លៀកបំពាក់ និង​លក់រាយ

    -ចំនួន​មហាសេដ្ឋី៖ 273នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 10%
    -អ្នកមាន​ជាងគេ៖ Bernard Arnault (150ពាន់​លាន​ដុល្លារ) គឺជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់ LVMH។ បច្ចុប្បន្ន លោក Bernard គ្រប់គ្រង​ពាណិជ្ជសញ្ញា​ជាង70 ក្នុងនោះ​មាន Louis Vuitton, Tiffany & Co និង Sephora ជាដើម។

    5.វិស័យ៖ ថែទាំ​សុខភាព

    -ចំនួន​មហាសេដ្ឋី៖ 221នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 8%
    -អ្នកមាន​ជាងគេ៖ Jiang Rensheng (24.4ពាន់​លាន​ដុល្លារ) ជា​ប្រធាន​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Chogqing ZFSW Biological Products។ ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍ​វ៉ាក់សាំង​សម្រាប់​ទប់ស្កាត់​ជំងឺរបេង។

    6.វិស័យ៖ អាហារ & ភេសជ្ជៈ

    -ចំនួន​មហាសេដ្ឋី៖ 219នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 8%
    -អ្នកមាន​ជាងគេ៖ Zhong Shanshan (68.9 ពាន់​លាន​ដុល្លារ) ជា​ប្រធាន​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ Nongfu Spring។ បច្ចុប្បន្ន លោក Nongfu ក៏​កាន់កាប់​ក្រុមហ៊ុន​ផលិត​ឱសថ Beijing Wantai Biological Pharmacy។

    7.វិស័យ៖ អចលនទ្រព្យ

    -ចំនួន​មហាសេដ្ឋី៖ 215នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 8%
    -អ្នកមាន​ជាងគេ៖ Lee Shau Kee (31.7ពាន់​លាន​ដុល្លារ) គឺជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Sun Hung Kai។ ឆ្នាំ1976 លោក Lee ក៏បាន​បង្កើត​ក្រុមហ៊ុន Henderson Land Development ដែល​នាំមក​នូវ​ប្រាក់ចំណូល​ខ្ពស់​ផងដែរ។

    8.វិស័យ៖ ពហុ​វិស័យ

    -ចំនួន​មហាសេដ្ឋី៖ 188នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 7%
    -អ្នកមាន​ជាងគេ៖ Mukesh Ambani (84.5ពាន់​លាន​ដុល្លារ) ជា​ប្រធាន​ក្រុមហ៊ុន Reliance Industries ដែល​រកស៊ី​ក្នុង​វិស័យ​គីមី​ប្រេង, ឧស្ម័ន, លក់រាយ និង​ទូរគមនាគមន៍។

    9.វិស័យ៖ ថាមពល

    -ចំនួន​មហាសេដ្ឋី៖ 100នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 4%
    -អ្នកមាន​ជាងគេ៖ Zeng Yuqun ឬ​ហៅថា Robin Zeng (28.4ពាន់​លាន​ដុល្លារ) គឺជា​ស្ថាបនិក និង​ប្រធាន​របស់​ក្រុមហ៊ុន Contemporary Amperex Technology (CATL) ដែល​ផលិត​អាគុយ​សម្រាប់​រថយន្ត​អគ្គិសនី។ អតិថិជន​របស់​ក្រុមហ៊ុន​នេះ​គឺ BMW, Volkswagen និង Geely។

    10.វិស័យ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ-កំសាន្ត

    -ចំនួន​មហាសេដ្ឋី៖ 95នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 3%
    -អ្នកមាន​ជាងគេ៖ Michael Bloomberg (59ពាន់​លាន​ដុល្លារ) គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Bloomberg។ កាលពី​ឆ្នាំទៅ លោក Michael ធ្លាប់បាន​ចំណាយ​ប្រាក់​ជិត1ពាន់​លាន​ដុល្លារ​សម្រាប់​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ដើម្បី​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក៕

    ប្រភព៖ Forbes
    ប្រែ​សម្រួល៖ បុត្រា