Author: សឿន សំណាង

  • ក្នុង​គ្រា​បិទ​ខ្ទប់​ការធ្វើដំណើរ​​ដោយ​សារ​ Covid-19 អ្នក​ដឹកជញ្ជូន​អាហារ ត្រូវបាន​អនុញ្ញាត​ឱ្យបំពេញ​ការងារ​ធម្មតា បើ​ទោះ​មិនមាន​អាហារ​ក្នុង​ធុង

    ក្នុង​គ្រា​បិទ​ខ្ទប់​ការធ្វើដំណើរ​​ដោយ​សារ​ Covid-19 អ្នក​ដឹកជញ្ជូន​អាហារ ត្រូវបាន​អនុញ្ញាត​ឱ្យបំពេញ​ការងារ​ធម្មតា បើ​ទោះ​មិនមាន​អាហារ​ក្នុង​ធុង

    អាជ្ញាធរ​ដែល​កំពុង​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ មិនត្រូវ​រារាំង​ដំណើរ​មន្ត្រី​សុខាភិបាល អ្នកលក់​ឱសថ និង​ម៉ូតូ​ដឹកជញ្ជូន​អាហារ​នោះឡើយ ដើម្បី​ចៀសវាង​បញ្ហា​ប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​កំពុង​ត្រូវបាន​បិទ​ខ្ទប់​ដោយសារ Covid-19។

    ការលើកឡើង​ដូចខាងលើ​នេះ ក៏​ព្រោះតែ​ពួកគេ​គឺជា​អ្នក​សម្រួល​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ។ នេះ​បើតាម​លោក លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ។ ទាក់ទង​នឹង​ការផ្គត់ផ្គង់​អាហារ លោក​អភិបាលរង បាន​បញ្ជាក់ថា កន្លងមក លោក​បានទទួល​ព័ត៌មាន​ថា ក្រុម​ម៉ូតូ​ដែល​ដឹកជញ្ជូន​អាហារ​ត្រូវបាន​សមត្ថកិច្ច​មួយចំនួន​រារាំង ព្រោះតែ​មិនឃើញ​មាន​អាហារ​នៅក្នុង​ធុង​អាហារ។ អភិបាលរង​រាជធានី​ភ្នំពេញ​រូបនេះ បញ្ជាក់ថា កាលណា​ពួកគេ​ទម្លាក់​អាហារ​ទៅឱ្យ​អ្នកទិញ​រួចហើយ នោះ​ពួកគេ​នឹង​ជិះ​ម៉ូតូ​ទទេ​ត្រលប់​មកវិញ ដូច្នេះ «សូមមេត្តា​លើកលែង និង​ចៀសវាង​ការខុសឆ្គង​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ»ដែលមាន​តម្រូវការ​អាហារ​ហូបចុក។

    រាជរដ្ឋាភិបាល​កម្ពុជា កាលពី​សប្ដាហ៍​មុន បានចាប់ផ្ដើម​អនុវត្ត​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល​ក្នុង​រយៈពេល14ថ្ងៃ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​Covid-19។ បទបញ្ជា​ដែលមាន​សុពលភាព​ចាប់ពី​ថ្ងៃទី15 ដល់​ថ្ងៃទី28 ខែមេសា ឆ្នាំ2021នេះ ក៏មាន​ករណី​លើកលែង​មួយចំនួន​ផងដែរ ពិសេស​គឺពាក់ព័ន្ធ​នឹង​អាហារ​ហូបចុក សុខភាព រួម​នឹង​ករណី​ចាំបាច់​បន្ទាន់​ជាច្រើន​ផ្សេងទៀត​៕

    ប្រភព​៖ វិទ្យុជាតិកម្ពុជា
    ដក​ស្រង់​៖ បុត្រា

  • ធនាគារជាតិចិន លើកទឹកចិត្តពលរដ្ឋក្នុងការបង្កើតកូនចៅ ដើម្បីប្រជែងផ្នែកសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក និងឥណ្ឌា

    ធនាគារជាតិចិន លើកទឹកចិត្តពលរដ្ឋក្នុងការបង្កើតកូនចៅ ដើម្បីប្រជែងផ្នែកសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក និងឥណ្ឌា

    ធនាគារ​ប្រជាជន​ចិន (PBOC/People’s Bank of China) យល់ថា ប្រទេស​នេះ​គួរតែ «ផ្ដល់​សេរីភាព​ទាំងស្រុង និង​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​បង្កើត​កូនចៅ» ដើម្បី​បង្កើន​កម្លាំង​ពលកម្ម ដែល​នឹង​ជួយ​ទីក្រុង​ប៉េកាំង ក្នុងការ​ប្រ​កូត​ប្រជែង​បាន​ជោគជ័យ​ជាមួយនឹង​បណ្ដា​ប្រទេស ក្នុងនោះ​រួមមាន​ទាំង​សហរដ្ឋអាមេរិក និង​ឥណ្ឌា នៅក្នុង​វិស័យសេដ្ឋកិច្ច។

    យោងតាម​លទ្ធផល​នៃ​ការស្ទង់មតិ​ដែល​ត្រូវបាន​ប្រកាស​កាលពីដើម​សប្ដាហ៍​កន្លង ទីភ្នាក់ងារសារព័ត៌មាន Sputnik បាន​រាយការណ៍​ថា PBOC ព្យាករ​ថា នៅក្នុង​រយៈពេល 30ឆ្នាំ​ខាងមុខ ចំនួន​ប្រជាជន​ចិន​អាច​ថយចុះ​ប្រមាណ 32លាន​នាក់ ខណៈដែល​តួលេខ​ពលរដ្ឋ​នៅ​សហរដ្ឋអាមេរិក អាច​កើន​បន្ថែម 50លាន​នាក់ នៅមុន​ដំណាច់ឆ្នាំ2049 ក្នុងនោះ​ក៏មាន​ពលរដ្ឋ​អន្តោប្រវេសន៍​ដ៏​ច្រើនសន្ធឹក​សន្ធាប់។

    ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​ព្រមាន​ថា កម្លាំង​ពលកម្ម​នៅ​ប្រទេស​ចិន​នឹងត្រូវ​ថយចុះ​ក្នុងអំឡុង​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ ក្នុង​គ្រា​ដែល​សហរដ្ឋអាមេរិក នឹង​បានឃើញ​ការកើនឡើង​នៃ​កម្លាំង​ពលកម្ម​នេះ។

    នៅក្នុង​លទ្ធផល​នៃ​ការស្រាវជ្រាវ ក្រុម​អ្នកជំនាញ​បាន​បញ្ជាក់ថា៖ «ដើម្បី​កាត់បន្ថយ​គម្លាត​ជាមួយនឹង​សហរដ្ឋអាមេរិក នៅក្នុង​អំឡុង​បួន​ទសវត្សរ៍​កន្លងទៅ ប្រទេស​ចិន​ពឹងផ្អែក​ទៅលើ​កម្លាំង​ពលកម្ម​ដែលមាន​តម្លៃ​ទាប និង​ចំនួន​ប្រជាជន​ដ៏​ច្រើន​សម្បើម។ យើង​នឹងត្រូវ​ផ្អែកទៅលើ​អ្វីខ្លះ​ក្នុង​រយៈពេល 30ឆ្នាំ​ខាងមុខ? ប្រការនេះ​គួរឱ្យ​យើង​យកមក​ពិចារណា»។

    ពួកគេ​បាន​ព្យាករ​ថា នៅ​ឆ្នាំ2030 ចំនួន​ប្រជាជន​ចិន អាច​កើន​ដល់​ចំណុចកំពូល​បំផុត ប្រមាណ 1.46ពាន់​លាន​នាក់ ហើយ​ក្រោយមក​នឹង​ថយចុះ​នៅត្រឹម 1.40ពាន់​លាន​នាក់​នៅ​ឆ្នាំ2050។

    PBOC ព្យាករថា នៅក្នុងរយៈពេល 30ឆ្នាំខាងមុខ ចំនួនប្រជាជនចិនអាចថយចុះប្រមាណ 32លាននាក់

    ក្នុង​គ្រា​នោះដែរ ប្រទេស​ឥណ្ឌា នឹងមាន​ការកើនឡើង​ទាំង​ចំនួន​ប្រជាជន ទាំង​កម្លាំង​ពលកម្ម។ ការស្រាវជ្រាវ​បានបង្ហាញ​ថា មហា​យក្ស​នៅ​អាស៊ី​ខាងត្បូង​នេះ​អាច​ក្លាយជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក​នៅ​ឆ្នាំ2027។

    ក្រុម​អ្នកស្រាវជ្រាវ​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​ចិន «ស្វែងយល់​អំពី​ការប្ដូរ​ផ្លាស់​ច្បាស់ក្រឡែត​នៅ​ចំពោះមុខ​ស្ថានការណ៍» និង​ប្រញាប់​កែប្រែ​គោលនយោបាយ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ផែនការ​គ្រួសារ ដោយ​ការអនុញ្ញាតឱ្យ​គ្រួសារនីមួយៗ អាច «បង្កើតកូន​ចាប់ពី​បីនាក់​ឡើងទៅ» រួម​នឹង​គំនិត​ផ្ដួចផ្ដើម​ដទៃទៀត។

    ចិន បច្ចុប្បន្ន​នៅតែ​ជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក ដោយមាន 1.43ពាន់​លាន​នាក់។ ក្នុងអំឡុង​ច្រើន​ទសវត្សរ៍​មកនេះ រដ្ឋាភិបាល​បាន​អនុវត្ត​គោលនយោបាយ​គ្រប់គ្រង​ការបង្កើត​កូនចៅ​យ៉ាង​តឹងរ៉ឹង។ កាលពី​ឆ្នាំ2013 គោលនយោបាយ​ខាងលើ ត្រូវបាន​បន្ធូរបន្ថយ ដោយ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​គ្រួសារនីមួយៗ អាចយ​កកូន​ច្រើន​បំផុត​ត្រឹម​ពីរ​នាក់។

    កាលពី​ខែកុម្ភៈ​កន្លងទៅ ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​ប្រទេស​ចិន (Ministry of Public Security of China) បាន​រាយការណ៍​ថា តួលេខ​នៃ​ទារក​ដែល​កើត​នៅ​ប្រទេស​នេះ បាន​ថយចុះ​យ៉ាងតិច15% នៅក្នុង​ឆ្នាំ2020 ក្នុង​គ្រា​ដែល​វិបត្តិ Covid-19 និង​ឱនភាព​សេដ្ឋកិច្ច​កំពុង​កើតឡើង៕

    ប្រភព៖ SCMP
    ប្រែ​សម្រួល៖ បុត្រា

  • ​រាជធានី​ភ្នំ​ពេញ​ មាន​អ្នកស្លាប់​ដោយ​សារ​​ ​Covid-19 ចំនួន​ 2​នាក់​​​ នា​ថ្ងៃទី​​18​មេសា​ 

    ​រាជធានី​ភ្នំ​ពេញ​ មាន​អ្នកស្លាប់​ដោយ​សារ​​ ​Covid-19 ចំនួន​ 2​នាក់​​​ នា​ថ្ងៃទី​​18​មេសា​ 

    អ្នកជំងឺ​Covid-19 ទាំង 2នាក់ ដែល​បាន​ស្លាប់​នេះ គឺជា​បុរស​ជនជាតិខ្មែរ ក្នុងនោះ​មាន​ម្នាក់​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ និង​ម្នាក់​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ នាទី​ក្រុងភ្នំពេញ។

    អ្នកជំងឺ​ដែល​បាន​ស្លាប់​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ គឺជា​បុរស​អាយុ 49ឆ្នាំ ចំណែក​ករណី​ស្លាប់​នៅ​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ ជា​បុរស​វ័យ 55ឆ្នាំ។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របាយការណ៍​ខាងក្រោម៖

    ប្រភព៖ ក្រសួង​សុខាភិបាល​
    ដក​ស្រង់​៖ បុត្រា

  • សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា បន្ត​បញ្ចុះតម្លៃ​អង្ករ​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​Covid-19

    សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា បន្ត​បញ្ចុះតម្លៃ​អង្ករ​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​Covid-19

    សហព័ន្ធ​ស្រូវ អង្ករ កម្ពុជា ដែលមាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Cambodian Rice Federation បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការបញ្ចុះ​តម្លៃ​អង្ករ នៅក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការឆ្លង​វាល​ដាល​នៃ​វីរុស​Covid-19។

    សេចក្ដីប្រកាស​ព័ត៌មាន​បានឱ្យដឹងថា អង្ករ​ក្នុង1បេ​ដែលមាន​ទម្ងន់ 50គីឡូក្រាម នឹងត្រូវ​បញ្ចុះតម្លៃ​ចាប់ពី 10,000រៀល រហូតដល់ 20,000រៀល ដោយយោង​ទៅតាម​ប្រភេទ និង​ស្ដង់ដា​បទដ្ឋាន​គុណភាព​របស់​អង្ករ​ដែលមាន​នៅក្នុង​ស្តុក។

    សហព័ន្ធ Cambodian Rice Federation បាន​បញ្ជាក់ថា ការបញ្ចុះ​តម្លៃ​ខាងលើនេះ​នឹង​ផ្ដើម​អនុវត្ត​ចាប់ពីពេលនេះ រហូតដល់​ស្ថានការណ៍ Covid-19 បាន​ធូរស្បើយ​ឡើងវិញ។

    ប្រភព៖ CRF
    ដកស្រង់៖ បុត្រា

  • ពលរដ្ឋ​កម្ពុជា​នឹងត្រូវ​បានធ្វើ​តេស្ត​រហ័ស​​ដើម្បី​រក Covid-19 ដោយ​ប្រើ​ឧបករណ៍ RapidTest ដែល​ស៊ីពេល​តែ15នាទី​ដឹង​លទ្ធផល

    ពលរដ្ឋ​កម្ពុជា​នឹងត្រូវ​បានធ្វើ​តេស្ត​រហ័ស​​ដើម្បី​រក Covid-19 ដោយ​ប្រើ​ឧបករណ៍ RapidTest ដែល​ស៊ីពេល​តែ15នាទី​ដឹង​លទ្ធផល

    ក្រសួងសុខាភិបាល​កម្ពុជា​ នឹង​អនុវត្ដ​យុទ្ធនាការ​ធ្វើតេស្ដ​រហ័ស​រក​វីរុស​Covid-19 ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស RapidTest ដែល​ត្រូវបាន​ក្រសួង​អះអាងថា ប្រើពេល​ត្រឹមតែ15នាទី​ប៉ុណ្ណោះ នឹង​ដឹង​លទ្ធផល​ភ្លាម។

    នៅ​គ្រប់​ទីតាំង​ដែលមាន​ការសង្ស័យ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្ដាល​ខេត្ត ក្រុង ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​វីរុស Covid-19 នឹងត្រូវ​ប្រើ​ឧបករណ៍​ធ្វើតេស្ដ​រហ័ស​រក​វីរុស Covid-19 ដែលមាន​ឈ្មោះថា « COVID-19 Ag RAPID TEST DEVICE » នេះ​បើតាម​ប្រសាសន៍​របស់ លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល។

    លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល

    ការសម្រេចចិត្ត​ខាងលើ​របស់​ក្រសួងសុខាភិបាល ក៏​ព្រោះតែ​ឧបករណ៍​តេស្ត​រហ័ស RapidTest នេះ បង្ហាញ​លទ្ធផល​បាន​លឿន ដោយ​ប្រើពេល​ត្រឹមតែ15នាទី ព្រមទាំង​មានគុណ​ភាព និង​ប្រសិទ្ធភាព​ក្នុងការ​ធ្វើតេស្តរ​កវី​រុស Covid-19។ ការលើកឡើង​នេះ​ត្រូវបាន​លោកជំទាវ យក់ សម្បត្ដិ បញ្ជាក់ថា គឺធ្វើឡើង​បន្ទាប់ពី​បានឃើញ​ប្រសិទ្ធិភាព​នៃ​ឧបករណ៍​តេស្ដ​រហ័ស​នេះ កាលពី​ថ្ងៃទី17មេសា នៅពេលដែល​ក្រសួង​បាន​យក​ឧបករណ៍​នេះ​ទៅធ្វើ​តេស្ដ​លើ​អ្នក​សង្ស័យថា​មាន​ផ្ទុក Covid-19 នៅ​ផ្សារ​ដើម​គរ។

    រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​អះអាង​ដែរ​ថា ឧបករណ៍ RapidTest និង​ម៉ាស៊ីន​ធំ​ប្រចាំ​វិទ្យាស្ថាន​ប៉ាស្ទ័រ បានបង្ហាញ​លទ្ធផល​ដូចគ្នា ពោលគឺ​បាន​រកឃើញ 91នាក់​មាន​ផ្ទុក Covid-19 នៅក្នុង​ចំណោម​អ្នក​ជាប់​សង្ស័យ​ជាង 940នាក់​ដែល​បានធ្វើ​តេស្ត៕

    ប្រភព៖ ក្រសួង​ព័ត៌មាន
    ដកស្រង់៖ បុត្រា

  • អ្នក​ជួប​បញ្ហា​ខ្វះខាត​ស្បៀងអាហារ​បន្ទាន់​ក្នុងអំឡុង​ជាប់​ក្នុង​ការបិទ​ខ្ទប់ អាច​ស្នើ​​សុំ​ជំនួយ​ទៅ​កាន់​ “គ.ប.ខ.” តាម​បណ្ដាញ​សង្គម​ Telegram

    អ្នក​ជួប​បញ្ហា​ខ្វះខាត​ស្បៀងអាហារ​បន្ទាន់​ក្នុងអំឡុង​ជាប់​ក្នុង​ការបិទ​ខ្ទប់ អាច​ស្នើ​​សុំ​ជំនួយ​ទៅ​កាន់​ “គ.ប.ខ.” តាម​បណ្ដាញ​សង្គម​ Telegram

    គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​ដឹកនាំ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ “គ.ប.ខ.” បានចេញ​សេចក្ដីជូនដំណឹង​ថ្មី​មួយ​ដល់​សាធារណជន ទាក់ទង​នឹង​ការផ្ដល់​ជំនួយ​ជា​ស្បៀងអាហារ​ដល់​ពលរដ្ឋ​ដែលមាន​តម្រូវការ​បន្ទាន់។

    ការជូនដំណឹង​នេះ បាន​បញ្ជាក់ថា ប្រសិន ប្រសិន​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ជួបប្រទះ​បញ្ហា​ខ្វះខាត​ស្បៀងអាហារ​ប្រចាំថ្ងៃ​ចាំបាច់​ជាបន្ទាន់ នៅក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់​ដោយសារ Covid-19 សូម​បងប្អូន​ជូនដំណឹង​មក​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​ដឹកនាំ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ “គ.ប.ខ.” តាមរយៈ​ក្រុម​តេ​ឡេ​ក្រាម (Telegram) ដែលមាន​ឈ្មោះថា “តម្រូវការ​បន្ទាន់​នូវ​ជំនួយ​ស្បៀង​ចាំបាច់(គ.ប.ខ.)” ដោយ​បញ្ជាក់​អោយបាន​ច្បាស់លាស់​អំពី៖

    1.ចំនួន​គ្រួសារ និង​សមាជិកគ្រួសារ (សូម​ភ្ជាប់​ទាំង​រូបថត​ផងដែរ)

    2.ទីតាំង​ស្នាក់នៅ៖ ផ្ទះ….. ផ្លូវ…. សង្កាត់…. ខ័​ណ្ឌ…..

    3.លេខ​ទូរស័ព្ទ​ទំនាក់ទំនង………………. ។

    សូម​ចុច​ចូលក្នុង link Group Telegram “តម្រូវការ​បន្ទាន់​នូវ​ជំនួយ​ស្បៀង​ចាំបាច់(គ.ប.ខ.)” ខាងក្រោម៖

    ​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​ដឹកនាំ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ “គ.ប.ខ.”

    ប្រភព​៖ ក្រសួង​ព័ត៌មាន
    ដកស្រង់​៖ បុត្រា

  • រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ ​Group​ លើ​​បណ្ដាញ​សង្គម Telegram ដើម្បី​ទទួល​ពាក្យស្នើសុំ​លិខិត​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ដែលមាន​តម្រូវការ​ចាំបាច់​បំផុត

    រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ ​Group​ លើ​​បណ្ដាញ​សង្គម Telegram ដើម្បី​ទទួល​ពាក្យស្នើសុំ​លិខិត​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ដែលមាន​តម្រូវការ​ចាំបាច់​បំផុត

    Group នៅលើ​បណ្ដាញ​សង្គម Telegram (Group Telegram) ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​នេះ មាន​ឈ្មោះថា “ក្រុមការងារ​ចេញ​លិខិតអនុញ្ញាត​ធ្វើដំណើរ”។ ក្រុម​នេះ​បម្រើ​ដល់​គោលបំណង​ផ្តល់​សិទ្ធិ​ក្នុងការ​ធ្វើដំណើរ​ជូន​ដល់​អ្នក​ដែលមាន​ភារកិច្ច​ចំ​បាច់​បំផុត ដូច​ចែង​ក្នុងករណី​លើកលែង​នៃ​ប្រកា2ថ្មី និង​ប្រកា3ថ្មី នៃ​សេចក្តីសម្រេច​លេខ 50 ចុះ​ថ្ងៃទី17 ខែមេសា ឆ្នាំ2021 ស្តីពី​ការអនុវត្ត​វិធានការ​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល។

    អ្នក​ដែលមាន​ភារកិច្ច​ចាំបាច់​បំផុត និង​មានចែង​ក្នុងករណី​លើកលែង ដែល​មានបំណង​ស្នើសុំ​លិខិតអនុញ្ញាត​ធ្វើដំណើរ អាច​សាកសួរ​ព័ត៌មាន​បន្ថែម និង​បំពេញ​ពាក្យស្នើសុំ​តាម​ក្រុម Telegram ប្រចាំ​ខណ្ឌ​ទាំង14 ដែលមាន​តំណ​ភ្ជាប់​ដូចខាងក្រោម៖

    -រដ្ឋបាល​រាជធានី​ភ្នំពេញ៖ https://t.me/ppenhcityhall

    -រដ្ឋបាល​ខណ្ឌចំការមន https://t.me/ppchamkarmon

    -រដ្ឋបាល​ខណ្ឌដូនពេញ https://t.me/ppdaunpenh

    -រដ្ឋបាល​ខណ្ឌ៧មករា https://t.me/pp7makara

    -រដ្ឋបាល​ខណ្ឌទួលគោក https://t.me/pptoulkork

    -រដ្ឋបាល​ខណ្ឌដង្កោ https://t.me/ppdangkour

    -រដ្ឋបាល​ខណ្ឌមានជ័យ https://t.me/ppmeanchey

    -រដ្ឋបាល​ខណ្ឌឫស្សីកែវ https://t.me/pprussiekeo

    -រដ្ឋបាល​ខណ្ឌ​សែន​សុខ https://t.me/ppsensok

    -រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ https://t.me/ppsenchey

    -រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ https://t.me/ppchroychongva

    -រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ https://t.me/ppprekpnov

    -រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ https://t.me/ppchbarompov

    -ខណ្ឌ​បឹង​កេងកង https://t.me/ppbkk1

    -ខណ្ឌ​កំបូល https://t.me/ppkamboul

  • បើក​អាថ៌កំបាំង បាល់ទាត់​ពិភពលោក​កាតា​រ៍ សម្លាប់​ជីវិត “ពលករ” អស់ 6,500នាក់​ហើយ

    បើក​អាថ៌កំបាំង បាល់ទាត់​ពិភពលោក​កាតា​រ៍ សម្លាប់​ជីវិត “ពលករ” អស់ 6,500នាក់​ហើយ

    សារព័ត៌មាន​នៃ​ប្រទេស​អង់គ្លេស បាន​បើក​កកាយ​អាថ៌កំបាំង ស្ដីពី​ជីវិត​ពលករ​ចំណាកស្រុក​នៅក្នុង​ប្រទេស​កាតា​រ៍ ដែល​ធ្វើ​ការងារ ពាក់ព័ន្ធ​នឹង​ភាព​ត្រៀម​រួចជាស្រេច ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក2022 ឬ World Cup 2022 ដែល​បាន​យក​ជីវិត​ទៅ​ចោល នៅក្នុង​ដែនដី​មជ្ឈិមបូព៌ា អស់​រួចហើយ​ជាង 6,500នាក់ ជាពិសេស​ពលករ​ដែល​ទៅ​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង ដោយ​ឯកសារ​ផ្លូវការ បាន​បញ្ជាក់ថា ភាគច្រើន​បណ្ដាលមកពី​មូលហេតុ​ខាង​ធម្មជាតិ។

    សារព័ត៌មាន “ដឹ ហ្គា​ដៀ​ន” ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​អង់គ្លេស បានបង្ហាញ​ពី​លទ្ធផល​នៃ​ការស្រាវជ្រាវ ដែល​បាន​រកឃើញថា គិត​ចាប់តាំងពី ប្រទេស​កាតា​រ៍ បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​​ពិភព​លោក​2022​ កាលពី​ឆ្នាំ2011 រហូតមកដល់​អំឡុង​ចុងឆ្នាំ2020 កន្លងមក មាន​ពលករ​ចំណាកស្រុក ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​នេះ មិនថាតែ​ការកសាង​កីឡដ្ឋាន,  ទីលាន​បាល់ទាត់ ឬ​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនោះទេ បានសម្លាប់​ជីវិត​មនុស្ស​រួចហើយ អស់​ជាង 6,500នាក់ នេះ​រាប់​ចំពោះតែ​ពលករ ដែល​ទៅ​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​ប៉ុណ្ណោះ ឬ​គិត​ជា​មធ្យម គឺ​ស្លាប់​ក្នុង 1សប្ដាហ៍​ដល់​ទៅ 12នាក់​ឯណោះ។

    របាយការណ៍​របស់​ដឹ ហ្គា​ដៀ​ន បាន​យោងតាម​តួលេខ​ផ្លូវការ​របស់​ប្រទេស​កាតា​រ៍ ដែល​បាន​បញ្ជាក់ថា ក្នុង​ចំនួន​ពលករ​មកពី​អាស៊ី​ខាងត្បូង​ជាង 6,500នាក់​ដែល​បាន​ស្លាប់ ក្នុងអំឡុង​ជិត 1ទសវត្សរ៍​កន្លង​ទៅនោះ ចែកចេញជា ពលករ​ទៅ​ពី​ប្រទេស​ឥណ្ឌា 2,711នាក់ ពី​នេ​ប៉ាល់ 1,461នាក់ ពី​បង់​ក្លា​ដែ​ស 1,018នាក់ ពី​ប៉ា​គី​ស្ថាន 824នាក់ និង​ទៅ​ពី​ស្រីលង្កា 557នាក់ ដោយ​ការរកឃើញ​នេះ នៅ​មិនទាន់​រួមជាមួយ​ពលករ ទៅ​ពី​ភូមិភាគ​ផ្សេងទៀត ដូចជា​ពលករ​ទៅ​ពី​ទ្វីបអាហ្វ្រិក ជាពិសេស​ប្រទេស​ឃេ​ន​យ៉ា រួមទាំង​ភូមិភាគផ្សេងៗរបស់​ទ្វីបអាស៊ី ដូចជា​ពលករ​ហ្វ៊ី​លី​ពី​ន ដែលមាន​ចំនួន​ដ៏​ច្រើន​មហាសាល​ដូចគ្នា។ តែ​យ៉ាងណាក៏ដោយ រដ្ឋបាល​នៃ​ប្រទេស​កាតា​រ៍ បាន​បញ្ជាក់ថា ចំនួន​ពលករ​ដែល​ស្លា​ប់​នេះ ត្រូវបាន​ចាត់ទុកថា ជា​ចំណែក​មួយ​ដែល​ប្រក្រតី បើ​ប្រៀបធៀប​នឹង​អំឡុងពេល 1ឆ្នាំៗនៃ​ចំនួន​ពលករ​បរ​ទេស​ដែល​ចូលមក​ធ្វើការ​នៅក្នុង​ប្រទេសមួយ​នេះ។

    ក្រៅពីនេះ សារព័ត៌មាន​ល្បី​របស់​ប្រទេស​អង់គ្លេស​មួយ​នេះ ថែមទាំង​បានបញ្ជាក់​ទៀតផង​ថា តាម​ដែល​អាច​ស្រាវជ្រាវ​រកឃើញ​នោះ មាន 37នាក់ បាន​ស្លាប់​ក្នុងខណៈ​ប្រតិបត្តិ​ការងារ ក្នុង​ការកសាង​ទីលាន​បាល់ទាត់​ថ្មី​ទាំង 7កន្លែង ដែល​ម្ចាស់ផ្ទះ ត្រៀម​ទុក​សម្រាប់​រៀបចំ​ការប្រកួត World Cup 2022 ផ្ទាល់​តែម្ដង ខណៈដែល​អ្នកស្លាប់​ភាគច្រើន គឺជា​ពលករ​ដែល​ធ្វើការ​ក្នុង​គ្រោង​ការដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ខណៈដែល​មូលហេតុ​នៃ​ការស្លាប់​ទាំងអស់នោះ មាន​តាំងពី ការ​ត្រូវ​វត្ថុ​រឹង​បុក​ប៉ះ ការខ្វះ​ខ្យល់​ដកដង្ហើម រហូតដល់​ការចងក​សម្លាប់ខ្លួន តែ​មូលហេតុ​ភាគច្រើន ដែល​បានបញ្ជាក់​នៅក្នុង​ឯកសារ​ផ្លូវការ​នោះ​គឺ ការស្លាប់​ដោយសារ​មូលហេតុ​ធម្មជាតិ​ភាគច្រើន មិនថាតែ​គាំងបេះដូង ឬ​មូលហេតុ​បណ្ដាលមកពី សភាព​ធាតុអាកាស ដែល​ក្ដៅ​ខ្លាំង​របស់​ប្រទេស​កាតារ។

    ទាំងអស់នេះ ប្រទេស​កាតា​រ៍ រួមទាំង​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​ភូមិភាគ​មជ្ឈិមបូព៌ា ត្រូវបាន​ចាត់ទុកថា ជា​ប្រទេស​ដែល​ពឹងពាក់​លើ​ពលករ​បរទេស​ជា​ចម្បង ក្នុង​ចំនួន​ប្រជាជន 2.6លាន​នាក់​នោះ មាន​អ្នក​ដែលមាន​សញ្ជាតិ​កាតា​រ៍ តែ​ប្រមាណ​ជា 313,000នាក់​ប៉ុណ្ណោះ ចំណែក 2.3លាន​នាក់​ទៀត ជា​ពលករ​ចំណាកស្រុក​បរទេស ដោយ​កាលពីពេល​មុននេះ ប្រទេស​នៅ​ពី​ដែនដី​មជ្ឈិមបូព៌ា​មួយ​នេះ តែងតែ​ត្រូវបាន​គេ​សង្ស័យ ពី​រឿង​ការប្រតិបត្តិ​ចំពោះ​ពលករ​ចំណាកស្រុក​បរទេស រួមទាំង​រឿង​សិទ្ធិមនុស្ស​ជា​បន្តបន្ទាប់​ផងដែរ៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • អ្នក​ស្លាប់​ដោយ​សារ​Covid-19 នៅ​កម្ពុជា​ កើន​ដល់​43​​​នាក់​ ខណៈ​​អ្នក​វិជ្ជមាន​​សរុប​ឡើង​ដល់6,389​នាក់

    អ្នក​ស្លាប់​ដោយ​សារ​Covid-19 នៅ​កម្ពុជា​ កើន​ដល់​43​​​នាក់​ ខណៈ​​អ្នក​វិជ្ជមាន​​សរុប​ឡើង​ដល់6,389​នាក់

    នា​ព្រឹក​ថ្ងៃទី 18មេសា ឆ្នាំ2021 ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 618​​នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 17​មេសា ឆ្នាំ2021។

    អ្នក​វិជ្ជមាន​ថ្មី​ទាំង 618​​​នាក់​ខាងលើ​នេះ ​សុទ្ធ​តែ​ជា​​​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ ក្នុង​ថ្ងៃទី 17​មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 60​​​នាក់​បានជា​សះស្បើយ និង​មាន​អ្នកស្លាប់​ថ្មី​ចំនួន 4​នាក់​​​។

    គិត​មកដល់​ព្រឹក​នេះ (18​​មេសា) ទូទាំងប្រទេស​កម្ពុជា ​អ្នក​ឆ្លង​Covid-19 សរុប​ឡើង​ដល់​ 6,389​​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 2,476​​នាក់, អ្នកស្លាប់ 43​​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 3,865​​​នាក់៕

  • WHO ៖ កូ​វីដ​ឥណ្ឌា ក្លាយ​ពូជ 2ជាន់ អាច​ចម្លង​រាលដាល​លឿន…

    WHO ៖ កូ​វីដ​ឥណ្ឌា ក្លាយ​ពូជ 2ជាន់ អាច​ចម្លង​រាលដាល​លឿន…

    នៅ​ថ្ងៃទី17 មេសា ម្សិលមិញ ទីភ្នាក់ងារ​ព័ត៌មាន Reuters  បាន​រាយការណ៍​ថា លោកនាយក​រដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី មេដឹកនាំ​នៃ​ប្រទេស​ឥណ្ឌា បាន​សំណូមពរ​ដល់​អ្នកបួស និង​ប្រជាជន​ហិណ្ឌូ​ជាច្រើន​សែន​នាក់ ដែល​មកជួបជុំ​ប្រមូល​ផ្ដុំគ្នា ងូតទឹក​នៅឯ​ដង​ទន្លេ​គង្គា ភាគ​ខាងជើង​នៃ​ប្រទេស ដើម្បី​លាងជម្រះ​បាប នៅក្នុង​ពិធី​មហា​គុ​ម្ភៈ​មេ​ឡា តាម​ជំនឿ​សាសនា​ព្រា​ហ្ម-ហិណ្ឌូ សូមឱ្យ​ផ្អាក​ធ្វើ​ពិធី​នេះ​សិន។

    ក្រោម​ស្ថានការណ៍​មាន​អ្នក​ឆ្លង​មេរោគ​ប្រចាំថ្ងៃ លើស 200,000នាក់ ជាប់ៗគ្នា រយៈពេល 3ថ្ងៃ​មកហើយ​នោះ មាន​អ្នក​ឆ្លង​មេរោគ​ថ្មី​ក្នុង​ជុំ 24ម៉ោង​ចុងក្រោយ ស្ថិតក្នុង​ចំនួន 234,692នាក់ ធ្វើឱ្យ​ចំនួន​សរុប កើនឡើង​ដល់​ជិត 14.5លាន​នាក់ តាម​ក្រោយ​តែ​សហរដ្ឋអាមេរិក​មួយ​ប៉ុណ្ណោះ ចំណែក​ចំនួន​អ្នកស្លាប់​វិញ កើនឡើង​ដល់ 175,649នាក់។

    លោកនាយក​រដ្ឋមន្ត្រី ម៉ូ​ឌី បាន​ធ្វី​ត​ធើរ​សំណេរ​ថា ពិធី​នេះ ពេលនេះ គួរ​ធ្វើជា​លក្ខណៈ​និមិត្តរូប​វិញ​ប្រសើរ​ជាង ខណៈ​មេដឹកនាំ​សាសនា បាន​ឯកភាព​ចំពោះ​សំណើ​នេះ និង​អំពាវនាវ​ឱ្យ​ប្រជាជន កុំមក​ប្រមូល​ផ្ដុំគ្នា។

    ទាំងអស់នេះ រដ្ឋបាល​ឥណ្ឌា ធ្លាប់​ត្រូវ​រង​ការរិះគន់ ពាក់ព័ន្ធ​នឹង​ការចាត់ការ​លើ​វិបត្តិ​សុខភាព​សាធារណៈ ដោយសារតែ​រដូវ​កាល​សាសនា និង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដែល​នៅតែ​បន្ត​ដំណើរការ បើទោះជា​មាន​របាយការណ៍ អំពី​ការខ្វះខាត​គ្រែ​អ្នកជំងឺ ធុង​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន និង​វ៉ាក់សាំង​ការពារ​កូ​វីដ-19ក៏ដោយ។

    ជាពិសេស ការឃោសនា​រក​សំឡេងឆ្នោត របស់លោក​នាយករដ្ឋមន្ត្រី ម៉ូ​ឌី​ខ្លួនឯង 2លើក នៅក្នុង​រដ្ឋ​បេង​ហ្គា​ល​ខាងលិច ដែល​នឹងមាន​ការបោះឆ្នោត​ថ្នាក់​រដ្ឋ ដែលមាន​អ្នកគាំទ្រ​ចូលរួម​ជាច្រើន​ពាន់​នាក់ តែមាន​មនុស្ស​ចំនួន​តិចតួច​បំផុត ដែល​ប្រតិបត្តិ​តាម​វិធានការ​សុវត្ថិភាព​ពី​កូ​វីដ-19។

    នៅ​ថ្ងៃ​ជាមួយគ្នា ទីភ្នាក់ងារ​ព័ត៌មាន ប្ល៊ូ​ម​ប៊ើ​ក បាន​រាយការណ៍​ថា អង្គការ​សុខភាព​ពិភពលោក ឬ WHO បាន​បញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​កូ​វីដ-19 ប្រភេទ​ក្លាយ​ពូជ B.1.617 ដែល​ចាប់កំណើត​ឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា អាចមាន​សមត្ថភាព​ក្នុងការ​ចម្លង​រាលដាល​បាន​យ៉ាង​លឿន និង​ឆាប់រហ័ស។

    លោកស្រី ម៉ា​រៀ វែ​ន ឃើ​ខូ​ហ្វ ប្រធាន​ផ្នែក​តិច​និក​កូ​វីដ-19 របស់ WHO បាន​ថ្លែងថា ក្រុម​អ្នកស្រាវជ្រាវ ជី​ណូ​ម​កូ​វីដ-19 នៃ​ប្រទេស​ឥណ្ឌា (INSACOG) បាន​បង្ហើប​ឱ្យដឹងថា B.1.617 បានបង្ហាញ​ខ្លួន​លើកដំបូង​ក្នុងប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី7 ធ្នូ ឆ្នាំ2020 មានការ​ក្លាយ​ពូជ​លក្ខណៈពិសេស​ដោយឡែក 2ជាន់ មាន E484Q និង L452R ជា​រូប​បែប ដែល​រកឃើញ​នៅក្នុង​ប្រភេទ​វីរុស ដែល​កំពុង​ឆ្លង​រាលដាល​ដ៏​ធំ និង​បានដាក់​ការសង្កេតឃើញថា B.1.617 កំពុង​សាយភាយ​ទៅក្នុង​ប្រទេស​ជាច្រើន និង​មាន​របាយការណ៍ អំពី​ការពិនិត្យ​រកឃើញ​នៅ​ទូទាំង​ទ្វីបអាស៊ី និង​អាមេរិក​ខាងជើង​ទៀតផង។

    យ៉ាងណាក្ដី WHO បានចាត់ទុក​វីរុស​ក្លាយ​ពូជ 2ជាន់​នេះ ជា​មេរោគ​ដែល​ត្រូវតែ​តាម​ស៊ើបអង្កេត ឬ​ជា​មេរោគ​ដែល​មិនទាន់​អាច​ពិសោធ​បាន​យ៉ាងច្បាស់​លាស់​នៅឡើយ តែ​ត្រូវ​ចាប់ផ្ដើម​ប្រុងប្រយ័ត្ន​យ៉ាង​ដិតដល់ និង​មិនទាន់​អាច​បញ្ជាក់​អំពី​ភាពចាំបាច់ ត្រូវ​លើកកម្ពស់​កម្រិត​ការ​ដំណើរការ ខាង​សុខភាព​សាធារណៈ ដែរឬទេ​នៅឡើយ។

    ខណៈដែល​ក្រសួងសុខាភិបាល​នៃ​ប្រទេស​ឥណ្ឌា ចេញ​សេចក្ដីថ្លែងការណ៍​ជា​ផ្លូវការ​ថា B.1.617 អាច​បង្កើន​អត្រា​ការឆ្លង​មេរោគ និង​អាច​បែកធ្លាយ​ចេញពី​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​របស់​រាងកាយ​បាន​នោះ ក្រសួងសុខាភិបាល​រប​ស់​ប្រទេស​អ៊ីស្រាអែល ក៏បាន​ថ្លែង​ពី​ការរកឃើញ B.1.617 លើកដំបូង​ក្នុងប្រទេស​ដែរ ដោយមាន​អ្នក​ឆ្លង​មេរោគ​ថ្មី​នេះ ជា​ជនជាតិ​អ៊ីស្រាអែល ចំនួន 7នាក់ ធ្វើដំណើរ​មកពី​ក្រៅប្រទេស ហើយ​ទាំងអស់នោះ សុទ្ធតែ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ទាំងអស់៕

    ប្រភព៖ សា​ព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា