Author: សឿន សំណាង

  • ការអនុញ្ញាតឱ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ Google នឹង​សំច័យ​បាន​ជាង 4លាន​លាន​រៀល ក្នុង​ឆ្នាំ2021

    ការអនុញ្ញាតឱ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ Google នឹង​សំច័យ​បាន​ជាង 4លាន​លាន​រៀល ក្នុង​ឆ្នាំ2021

    ការកាត់បន្ថយ​ចំណាយ​សម្រាប់​សកម្មភាព​ផ្សព្វផ្សាយ, ទេសចរណ៍ និង​កំសាន្ត អាចជួយ​ឱ្យ Google សន្សំសំច័យ​បាន​ជាង 1ពាន់​លាន​ដុល្លារ ក្នុងឆ្នាំនេះ។

    នៅពេលដែល​បំរាម​គោចរ​ត្រូវបាន​គេ​ដកចេញ​ជាបណ្ដើរៗ គេ​ឃើញថា មនុស្ស​កាន់តែច្រើនឡើងៗ បាន​កក់​សំបុត្រ​ធ្វើដំណើរ និង​សណ្ឋាគារ​តាម​អន​ឡាញ។ ប្រការនេះ​ល្អ​សម្រាប់​ផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់ Google។ ក៏ប៉ុន្តែ ការដែល​បុគ្គលិក​របស់​ក្រុមហ៊ុន​នេះ នៅតែ​បន្ត​ធ្វើការ​ពី​ផ្ទះ មិនត្រូវ​ធ្វើដំណើរ ក៏មាន​ប្រយោជន៍​ដល់​សកម្ម​ភាព​​ជំនួញ​របស់​ក្រុមហ៊ុន​នេះដែរ។

    នៅក្នុង​ត្រីមាស​ទីមួយ Alphabet ដែលជា​ក្រុមហ៊ុនមេ​របស់ Google សន្សំសំច័យ​បាន 268លាន​ដុល្លារ ពី​ខ្ទង់ចំណាយ​សម្រាប់​ការផ្សព្វផ្សាយ, ទេសចរណ៍ និង​កំសាន្ត បើ​ធៀប​នឹង​អំឡុងពេល​ដូចគ្នា​នៃ​ឆ្នាំ2020 ដែល​ភាគច្រើន​គឺ​ដោយសារ Covid-19។ ប្រសិនបើ​គិត​ជា​សរុប​ពេញ​មួយឆ្នាំ នោះ​តួលេខ​នេះ​នឹង​ឡើងដល់​ជាង 1.07ពាន់​លាន​ដុល្លារ​អាមេរិក (ជាង 4,361,150,000,000រៀល)។

    នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​នៃ​ត្រីមាស​ទីមួយ ឆ្នាំនេះ Alphabet ក៏បាន​ឱ្យដឹងថា ខ្ទង់ចំណាយ​សម្រាប់​ការផ្សព្វ​ផ្សាយ បាន​ថយចុះ 1.4ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2020 ខណៈដែល​ក្រុមហ៊ុន​ផ្អាក ឬ​ប្ដូរ​សកម្មភាព​ធ្វើ​ផ្ទាល់​មួយចំនួន ដោយ​ងាក​ទៅធ្វើ​តាម​រូបភាព​អំ​ឡាញ។ Alphabet ក៏​សន្សំសំច័យ​បាន 371លាន​ដុល្លារ​ពី​ខ្ទង់ចំណាយ​សម្រាប់​ទេសច​រណ៍ និង​កំសាន្ត​ផងដែរ។ ប្រាក់​ដែល​សន្សំសំច័យ​បាន​នេះ អាច​ប៉ះប៉ូវ​ទៅលើ​ការចំណាយ​សម្រាប់​ជួល​បុគ្គលិក​បន្ថែម​រាប់ពាន់នាក់។

    Google មានឈ្មោះ​ល្បី​ខ្លាំង ទាក់ទិន​នឹង​ការផ្ដល់​អត្ថប្រយោជន៍​ដល់​បុគ្គលិក មានដូចជា តុ​សម្រាប់ធ្វើ​សរសៃ, សេវា​ហូបចុក និង​សម្រាក​កំសាន្ត​នៅក្នុង​ក្រុមហ៊ុន។ ប៉ុន្តែ បុគ្គលិក​ស្ទើរតែ​ទាំងអស់​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​​មួយ​នេះ ត្រូវបាន​តម្រូវឱ្យ​ធ្វើការ​ពី​ផ្ទះ និង​មិន​បានទទួល​អត្ថប្រយោជន៍​ទាំងនេះ ចាប់តាំងពី​ខែមីនា ឆ្នាំ2020 មកម្ល៉េះ។

    យ៉ាងនេះ​ក្ដី Google នៅតែមាន​គម្រោង​សម្រាប់​ឱ្យ​បុគ្គលិក​ត្រលប់មក​ធ្វើការ​ក្នុង​ការិយាល័យ​វិញ នៅ​ចុងឆ្នាំ​2021។  ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ Ruth Porat បានឱ្យដឹងថា តាម​ផែនការ Google នឹង​បញ្ចេញ​រូបមន្ត «hybrid» ដែល​ក្នុងនោះ​នឹងមាន​ការកាត់បន្ថយ​បរិវេណ​សម្រាប់​បុគ្គលិក​ផងដែរ។

    នៅក្នុង​រយៈពេល 3ខែ​ដើមឆ្នាំ Google រកចំណូលបាន 55.3ពាន់​លាន​ដុល្លារ កើន 34% បើ​ធៀប​នឹង 3ខែ​ដើមឆ្នាំ2020។ ដូច្នេះ នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ2021 ក្រុមហ៊ុន​នេះ​ចំណេញ​បាន 18ពាន់​លាន​ដុល្លារ​អាមេរិក ខ្ពស់ជាង​ការ​ព្យាករ​របស់​ក្រុមអ្នកវិភាគ៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា

  • ធំ​អី​ធំ​ម្ល៉េះ លោក​ព្រះ!!?? នាំគ្នា​មក​មើល​សត្វធំៗទូទាំង​ពិភពលោក ដែល​យើង​មិនសូវ​បានឃើញ

    ធំ​អី​ធំ​ម្ល៉េះ លោក​ព្រះ!!?? នាំគ្នា​មក​មើល​សត្វធំៗទូទាំង​ពិភពលោក ដែល​យើង​មិនសូវ​បានឃើញ

    ថ្ងៃអាទិត្យ​នេះ យើង​នាំគ្នា​មក​មើល​សត្វ ខ្លួនធំៗទាំងឡាយ ដូចជា​សត្វ​ចង្រិត ខ្លួន​ធំ​ប៉ុន​មើម​ការ៉ុត រហូត​ទៅដល់​សត្វ​ក្រពើ ខ្លួន​ធំ​ប៉ុន​រថយន្តក្រុង ជាដើម ដែល​សត្វ​ទាំងអស់នេះ មើលទៅ​ហាក់ដូចជា​ចេញ​មកពី​យុគសម័យ​បុរាណ និង​ធ្វើឱ្យ​អ្នក​បាន​ជួប​ទាំងឡាយ ច្បាស់​ជា​យល់សប្ត​អាក្រក់​មិន​ខាន…។

    កាលពី​ថ្ងៃទី14 វិច្ឆិកា វេ​ប​សាយ The Sun បាន​ផ្សព្វផ្សាយ​ព៏័​ត៌មាន​មួយ​ថា កាលពី​សប្ដាហ៍​កន្លងទៅ មាន​សត្វ​ក្រពើ​ដ៏​ធំ ១ក្បាល​បានបង្ហាញ​ខ្លួន​ឡើង​នៅ​កណ្ដាល​រដ្ឋ​ហ្វ្ល​រី​ដា ធ្វើឱ្យ​ប្រជាជន នាំគ្នា​ភ័យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​វា​បាន​ចេញមក​ដើរលេង នៅ​ជុំវិញ​ទីលាន​វាយ​កូន​ហ្គោល ដែលមាន​ឈ្មោះថា បា​លេន​សៀ ហ្គោល អ៊ែន ខុន​ទ្រី ក្លិប រហូត​ធ្វើឱ្យ​បុគ្គលិក​នៅ​ទីនោះ ប្រញាប់​នាំគ្នា​ថតរូប​សត្វ​ក្រពើ 1ក្បាល​នោះ ហើយ​ផូ​ស្ត​ផ្សព្វផ្សាយ​នៅក្នុង​បណ្ដាញ​សង្គម ដែល​ធ្វើឱ្យ​អ្នក​បានឃើញ នាំគ្នា​ភ្ញាក់ផ្អើលដូចៗគ្នា។

    សត្វ​ក្រពើ​អាមេរិកាំង ដែល​គេ​បានដឹងថា មាន​ទំហំ​ធំ​បំផុត​នោះ ធ្លាប់​ត្រូវ​ចាប់បាន​នៅក្នុង​រដ្ឋ​ហ្វ្ល​រី​ដា មាន​ប្រវែង​បណ្ដោយ 5.1ម៉ែត្រ(វែង​ជាង​ទទឹង​ផ្ទះល្វែង) ហើយ​អា 1ក្បាល​ដែល​អ្នកស្រុក​ហ្វ្ល​រី​ដា បានឃើញ​នៅក្នុង​ទីលាន​វាយ​កូន​ហ្គោល​នោះ ក៏មាន​ទំហំ មិន​ខុសគ្នា​នឹង អា 1ក្បាល​ដែល​ធ្លាប់​ចាប់បាន កាលពីមុន​នោះ​ប៉ុន្មាន​ដែរ។

    សត្វយក្សៗ ដែល​រស់​នៅលើ​ពិភពលោក មាន​ទាំង​សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ សត្វ​លូន​វារ ដែល​ពេលខ្លះ​ក៏​ស្ថិតនៅក្នុង​ទីស្នាក់អាស្រ័យ​របស់​ពួកវា តែ​ពេលខ្លះ វា​ក៏​ចូលចិត្ត មក​នៅជិតៗមនុស្ស​យើង​ដែរ។

    គ្រប់​ទីកន្លែង​លើ​ពិភពលោក តែងតែមាន​សត្វធំៗស្នាក់អាស្រ័យ​នៅ គ្រាន់តែ​យើង​មិនបាន​ឃើញ​វា​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ញឹកញាប់​ប៉ុណ្ណោះ ដូច្នេះ​ថ្ងៃអាទិត្យ​នេះ យើង​សូម​បបួល​លោកអ្នក​ទៅ​មើលរូប​ភាព​សត្វយក្សៗនៅ​ទូទាំង​ពិភព​លោក​ទាំងអស់គ្នា នៅពេលនេះ​តែម្ដង…។

    សត្វ​ក្រពើ​ដែល​ប្រទះឃើញ​នៅក្នុង​រដ្ឋ​ហ្វ្ល​រី​ដា
    ក្រពើ​ទឹកប្រៃ ដែល​រស់​នៅតាម​ធម្មជាតិ នឹងមាន​ទំហំ​ធំ​ជាង​ក្រពើ​ទឹកប្រៃ ដែល​មិនបាន​រស់នៅ​តាម​ធម្មជាតិ
    អ្នក​មុជទឹក បាន​រកឃើញ​សត្វ​សារាយសមុទ្រ​ប្រភេទ​នេះ ហែល​នៅក្នុង​ផ្ទៃ​ទឹក ក្រៅ​តំបន់ Echizen របស់​ប្រទេស​ជប៉ុន កាលពី​ឆ្នាំ2002
    ត្រី​ឆ្លាម​គ្រោង ប្រវែង 6ម៉ែត្រ 1ក្បាល​នេះ ត្រូវ​ចាប់បាន​នៅក្រៅ​សមុទ្រ​អូស្ត្រាលី ដោយ​អ្នកនេសាទ
    ក្ដាម​ដូង (Robber Crabs) ដែល​ធំ រហូត​មាន​ទំហំ​ធំ ជិត​ប៉ុន​ធុងសំរាម
    សត្វ​ដែល​ស្រដៀង​នឹង​សត្វ​ចង្រិត មាន​ទម្ងន់ 71ក្រាម ត្រូវបាន​ប្រទះឃើញ នៅលើ​កោះ Little Barrer ក្នុងប្រទេស​នី​វ​ហ្ស៊ី​លែ​ន​ដ៍
    ត្រី​នាគ ប្រវែង 18ហ្វ៊ុ​ត ចាប់បាន​នៅក្នុង​ឈូង​សមុទ្រ Toyon លើ​កោះ Santa Catalina រដ្ឋ​ខា​លី​ហ្វ័​រនៀ
    គោ ដែលមាន​កម្ពស់​ជិត 2ម៉ែត្រ ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ប្រទេស​អង់គ្លេ
    ខ្យងហៀន​អាហ្វ្រិក ដែលមាន​ទំហំ​ធំ ជិត​ប៉ុន​សត្វ​ឆ្មា
    ទន្សាយ ដែលមាន​ទំហំ​ធំ​ប៉ុន​សត្វ​ឆ្កែ
    សត្វ សាឡា​មែន​ឌើ​រ យក្ស ដែល​ជិត​ផុត​ពូជ
    កង្កែប 1ក្បាល​នេះ មាន​ទម្ងន់​ដល់​ទៅ 2គីឡូក្រាម វា​ធ្លាប់​ស៊ី​សត្វ​ពស់​ជា​អាហារ​រួចមកហើយ
    សត្វ​លា 1ក្បាល​នេះ មាន​កម្ពស់ 1.7ម៉ែត្រ
    សត្វ​ភេ​សមុទ្រ ដែល​រស់នៅក្នុង​សារមន្ទីរ​សត្វ​សមុទ្រ អេ​ណូ​ឈិ​ម៉ាក់ ប្រទេស​ជប៉ុន
  • បុរស​ចិន​ម្នាក់ កំពុង​កាក់កប​នឹង​អាជីព “តាមរក​ប្ដី” និង “រៀបចំ​សាច់រឿង ឱ្យ​លែងលះ​ពី​ស្រី​ស្នេហ៍” ដោយ​រកប្រាក់​បាន​យ៉ាង​សន្ធឹក!

    បុរស​ចិន​ម្នាក់ កំពុង​កាក់កប​នឹង​អាជីព “តាមរក​ប្ដី” និង “រៀបចំ​សាច់រឿង ឱ្យ​លែងលះ​ពី​ស្រី​ស្នេហ៍” ដោយ​រកប្រាក់​បាន​យ៉ាង​សន្ធឹក!

    អាជីព​ថ្មី​មួយ កំពុង​ត្រូវបាន​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង៖  បុរស​ចិន​ម្នាក់ ស៊ីឈ្នួល​បង្កើត​ស្ថានការណ៍​ឱ្យលោកប្រុសៗ នឹង​ស្រី​ស្នេហ៍ លែងលះគ្នា ដើម្បី​បាន​វិលត្រឡប់​ទៅរក​ប្រពន្ធ​នៅឯ​ផ្ទះ​វិញ កំពុង​រកបាន​ចំណូល​ច្រើន ខ្ទង់ម៉ឺនៗដុល្លារ!

    អាច​និយាយបានថា ជា​អាជីព​មួយទៀត ដែល​កំពុង​ត្រូវបាន​គេ​កត់សម្គាល់​យ៉ាងខ្លាំង  គឺ​អាជីព “ផ្ដល់​ការប្រឹក្សា​ខាង​អារម្មណ៍” ដែលមាន​តួនាទី​រិះគិត វិភាគ និង​រៀប​ផែនការ និង​ធ្វើ​យ៉ាងម៉េច​ក៏បាន ឱ្យតែលោកប្រុសៗ ដែល​ក្បត់ចិត្ត​ភរិយា មាន​សតិ​ស្មារតី​ឡើងវិញ និង​នឹកឃើញ ហើយ​វិលត្រឡប់​មករក​ភរិយា និងកូនៗរបស់ខ្លួន​វិញ។

    សៀវ ស៊ឹង បុរស​វ័យ 31ឆ្នាំ មាន​អាជីព​ជា “អ្នកផ្ដល់​ការប្រឹក្សា​ខាង​អារម្មណ៍” ជាង 6ឆ្នាំ​មកហើយ បាន​រៀបរាប់​ប្រាប់​អំពី​ដើមកំណើត​នៃ​ការធ្វើការងារ​នេះ​ថា ពីមុន គាត់​គ្រាន់តែ​ជា​អ្នក​នាំ​ភ្ញៀវទេសចរ​ធម្មតា​ម្នាក់​ប៉ុណ្ណោះ តែ​លោក​តែងតែ​ផ្ដល់​ការប្រឹក្សា​ទៅ​ពួកម៉ាក​មិត្តភក្តិ ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា និង​ជីវិត​ស្វាមី-ភរិយា រហូតដល់​ពួកគេ​មាន​សម្ព័ន្ធ​គ្រួសារ​ល្អ​ដូច​មុន​ឡើងវិញ​ជាច្រើន​គូ។ មិត្តភក្តិ​នាំគ្នា​ហៅ​រូបគេ​ថា “បរមគ្រូ​ខាង​អារម្មណ៍” និង​ទោះជា​គ្រាន់តែ​ឈ្មោះ​ហៅលេងៗក៏ដោយ តែ​វា​បានធ្វើឱ្យ​រូបគេ​មើលឃើញ​ពី​សមត្ថភាព​ដែល​ខ្លួនឯង​មាន ទើប​សុំ​ឈប់​ពី​អាជីព​អ្នក​នាំ​ភ្ញៀវ ងាក​មក​ប្រកប​អាជីព​នេះ​យ៉ាង​ពេញទំហឹង​តែម្ដង។

    តាំងពី​អតីតកាល រហូតមកដល់​បច្ចុប្បន្ន សៀវ​ស៊ឹង មាន​ក្រុមការងារចម្បងៗ 8នាក់ នៅចាំ​ជួយ​ធ្វើការ​ងារ​នេះ ឱ្យសម្រេចបាន​ជោគជ័យ មានដូចជា អ្នកវិភាគ​ស្ថានការណ៍ អ្នកចាត់ការ​គ្រប់គ្រង​អតិថិជន ផ្នែក​ស៊ើបអង្កេត​រក​ព័ត៌មាន រួមទាំង​អ្នក​បន្លំ​ខ្លួន អ្នក​សម្ដែង អ្នក​សរសរ​សាច់រឿង និង​អ្នកដឹកនាំ​សម្ដែង នៅចាំ​បង្កើត​ស្ថានការណ៍​ទៀតផង។

    នៅពេល​មានការ​ជួល​ឱ្យធ្វើ​ការ កើតឡើង គ្រប់គ្នា​នឹងធ្វើ​ការជួបប្រជុំ ដើម្បី​រិះរក​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការកែ​បញ្ហា ដែល​ត្រូវបាន​គេ​ជួល​ឱ្យធ្វើ​នោះ។ ពេលខ្លះ ត្រូវ​ជួល​តួ​ក្លែងបន្លំ ឱ្យទៅ​ធ្វើជា​និយាយ​ជាមួយ​ស្រី​ស្នេហ៍​របស់លោក​ប្រុស និង​លួច​ថតរូប​ភាព​នោះ ផ្ញើ​ទៅឱ្យ​លោកប្រុស ហើយ​ប្រាប់ថា ស្រី​ស្នេហ៍​ក្មេង​កំពុង​ក្បត់ចិត្ត ឬ​ជួនកាល តាមដាន​ជីវិត​ស្នេហា​លួចលាក់​នោះ​យ៉ាង​ដិតដល់ ដើម្បី​រកមើល​ថា តើ​មានការ​សម្ងាត់​អ្វីខ្លះ ដែល​អាច​ប្រើ​ជា​ប្រយោជន៍​បាន និង​រឿងរ៉ាវផ្សេងៗទៀត​ជាច្រើន ដែល​តិច​និក​ទាំងអស់នេះ ហាក់ដូចជា​រាង​ស្មុគស្មាញ​ខ្លាំង ដូច្នេះហើយ​ទើប​តម្លៃ​សេវា ជា​មធ្យម​ស្ថិតក្នុង​ចំនួន​ប្រមាណ​ជា 200,000​ដុល្លារ​​អាមេរិក​ ចំណែក​ការប្រឹក្សា​តាម​អន​ឡាញ​វិញ ស្ថិតក្នុង​តម្លៃ 150ដុល្លារ ក្នុង 1ម៉ោង។

    សៀវ​ស៊ឹង បាន​លើក​ឧទាហរណ៍ ពី​វិធី​ចាត់ការ​ជាមួយ​ពួកគេ​ទាំងនោះ​ថា កាលពី​ឆ្នាំទៅ លោក​បានទទួល​ការជួល​ឱ្យធ្វើ​ការ​នេះ ពី​ស្ត្រី​ម្នាក់៖ ស្វាមី​របស់​នាង​មាន​ស្រី​ស្នេហ៍ ជា​នារី​ក្មេង​ម្នាក់ ទើប​ចង់ឱ្យ​លោក​ចាត់ការ​រិះរក​វិធី ធ្វើឱ្យ​ស្វាមី​លែងលះ​ដាច់ ពី​ស្ត្រី​ស្នេហ៍​នោះ និង​វិលត្រឡប់​មករក​នាង​វិញ​ឱ្យបាន។ លោក​ក៏​បន្លំ​ខ្លួន​ធ្វើជា​អ្នករៀបចំ​ផែនការ​កម្សាន្ត សម្រាប់​ថ្ងៃ​ឈប់សម្រាក រៀបចំ​ដំណើរ​កម្សាន្ត​ដល់​គូស្នេហ៍​ទាំងឡាយ ដោយ​ភរិយា​រូបនោះ នឹង​បន្លំ​ខ្លួន​ធ្វើជា​អតិថិជន​មកប្រើប្រាស់​សេវា​កម្មនេះ ឱ្យជួយ​រៀបចំ​ចាត់ចែង​ថ្ងៃ​ឈប់សម្រាក​លម្ហែ​រយៈពេល 10ថ្ងៃ ឱ្យ​រូបនាង និង​ស្វាមី។

    ក្នុងអំឡុង​ការសម្រាកលម្ហែ​កាយ​នោះ ស្វាមី​បានទទួល​សំបុត្រ 1ច្បាប់​ពី​អ្នកមាន​បំណងល្អ តែ​មិន​បង្ហាញ​ឈ្មោះ ដាស់តឿន​ឱ្យ​គាត់​ចាកចេញ​ឱ្យ​ឆ្ងាយ​ពី​ស្រី​ស្នេហ៍។ ស្វាមី គិតតែ​ពី​រិះគិត នឹក​ពិចារណា​ឡើងវិញ និង​ក្រោយមក ក៏​សម្រេចចិត្ត សុំ​បែក​គ្នា​ពី​ស្រី​ស្នេហ៍​ម្នាក់​នោះ ដោយ​មិនបាន​ដឹងថា ទាំងអស់នេះ គឺជា​ផែនការ​របស់​សៀវ​ស៊ឹង និង​ភរិយា​របស់ខ្លួន​ឡើយ។ ការរៀបចំ​រឿងរ៉ាវ​ទាំងអស់​ក្នុង​គ្រានោះ លោក​បានទទួល​តម្លៃ​ឈ្នួល​ដល់​ទៅ 29,850ដុល្លារ​អាមេរិក។

    មានរឿង 1ទៀត មាន​នារី​ម្នាក់ អាយុ 24ឆ្នាំ កើតក្ដី​សង្ស័យថា សង្សារ​របស់ខ្លួន ដែល​សេពគប់​មក​បាន 1ខែ​ហើយ​នោះ កំពុង​ក្បត់ចិត្ត​នាង។ អ្វីដែល​នាង​សង្កេត​ដឹង​នោះ​គឺ សង្សារ តែងតែមាន​អាការ​ព្រងើយកន្តើយ​ជាមួយ​រូបនាង មិនសូវ​និយាយស្ដី​ជាមួយ​នាង​ដូច​កាល​គ្រាកន្លងមក រួមទាំង​តែងតែ​ជាប់​និយាយ​ទូរស័ព្ទ​ញឹកញាប់ និង​លួច​ឆាត​ជាមួយ​អ្នកណា​ក៏​មិនដឹង នៅពេលយប់។

    សៀវ​ស៊ឹង ចាប់ផ្ដើម​ប្រតិបត្តិការ ដោយ​ការចូល​ទៅធ្វើជា​ស្និទ្ធស្នាល​ជាមួយ​មិត្តភក្តិ​របស់​សង្សារ របស់ស្ត្រី​ដែល​ជួល​រូបគេ​ឱ្យធ្វើ​ការ​នោះ ដើម្បី​លួច​ស៊ើប​អំពី​រឿងរ៉ាវ​នោះ។ នៅពេល​ស៊ើប និង​តាមដាន​បាន​មួយរយៈ គេ​ក៏​ត្រឡប់មក​រាយការណ៍​ប្រាប់​ស្ត្រី​ម្ចាស់​រឿង​វិញ​ថា សង្សារ​របស់​នាង មិនបាន​ក្បត់ចិត្ត​នាង​ទេ គ្រាន់តែ​ញៀន​លេង​ហ្គេម​ក្នុង​ទូរស័ព្ទ​ច្រើនពេក​ប៉ុណ្ណោះឯង  ចំណែក​អ្នក​ដែល​គេ​ឆាត​ជាមួយ​នោះ សុទ្ធតែ​មិត្តភក្តិ ដែល​លេង​ហ្គេម​ជាមួយគ្នា​ទាំងអស់ និង​ព្រមទាំង​បាន​ដាស់តឿន​នាង​ទៀតផង​ថា អាច​ដោយសារតែ​បុគ្គលិកលក្ខណៈ​របស់​នាង ជា​អ្នក​ម៉ឺងម៉ាត់​ច្បាស់លាស់​ពេក ទើប​ធ្វើឱ្យ​គូសង្សារ​រាង​រំខាន​ចិត្ត និង​ធ្វើខ្លួន​ព្រងើយកន្តើយ​ចំពោះ​រូបនាង។

    ទោះជា ការងារ​ភាគច្រើន​របស់​សៀវ​ស៊ឹង ជាការ​រៀបចំ​ឆាក បង្កើត​រឿង ឱ្យលោកប្រុសៗលែងលះ​ជាមួយ​ស្ត្រី​ស្នេហ៍​ក៏ពិតមែន តែ​វា​ក៏មាន​ពេលខ្លះ​ដែរ ដែល​សមាជិក​របស់​សៀ​វ​ស៊ឹង បាន​ចូល​ទៅរក​ស្រី​ស្នេហ៍​ទាំងនោះ​ដោយត្រង់ៗដែរ និង​និយាយ​ជាមួយ​ពួកនាង​ទាំងនោះ​យ៉ាង​ត្រង់​ទៅ​ត្រង់​មក​ថា គួរតែ​ផ្ដាច់​សម្ព័ន្ធភាព​ជាមួយ​បុរស​ដែលមាន​ប្រពន្ធ​រួចហើយនោះ​ទៅ ព្រោះ​វា​ខុស​នឹង​សីលធម៌​សង្គម តែ​ករណីនេះ វា​មានឱកាស​ជោគជ័យ​តិចតួច​ណាស់ និង​ប្រើ​ពេលវេលា​យូរ​ទៀតផង៕

    ប្រភព៖ odditycentral,page.om.qq.com
    ប្រែ និង​សម្រួល​ដោយ៖ ទិ​ទី​តំ​តា​តូ

  • Kattenstoet ពិធីបុណ្យ​ឆ្មា មហា​ចម្លែក

    Kattenstoet ពិធីបុណ្យ​ឆ្មា មហា​ចម្លែក

    Kattenstoet ពិធីបុណ្យ​សត្វ​ឆ្មា មហា​ចម្លែក ជា “រដូវ​កាល​ធ្វើបាប​សត្វ​ឆ្មា ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​បែលហ្ស៊ិក ដែលមាន​ប្រភព​កំណើត​យ៉ាង​ឃោរឃៅ”

    រដូវ​កាលដែល​មានរឿង​រ៉ាវ​ខ្លឹមសារ ពាក់ព័ន្ធ​នឹង​សត្វ​ឆ្មា នៅលើ​ពិភពលោក​នេះ មាន​ច្រើន​កន្លែង និង​បាន​ទាក់ទាញ​ភ្ញៀវទេសចរ ឱ្យមក​ទស្សនា​យ៉ាងច្រើន ដែល​មានន័យ​ស្មើនឹង​ចំនួន​ទឹកប្រាក់ ដែលជា​ចំណូល​របស់​អ្នក​នៅក្នុង​ទីក្រុង និង​អ្នករៀបចំ​ពិធី​នៅតាម​តំបន់​ទាំងនោះ។

    រដូវ​កាល ដែលមាន​ប្រភព​យ៉ាងច្បាស់​លាស់​មួយ​នេះ បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់ នោះ​គឺ​រដូវ​កាល​ធ្វើបាប​សត្វ​ឆ្មា ដែលមាន​ឈ្មោះថា Kattenstoet នៅក្នុង​ទីក្រុង Ypres ក្នុងប្រទេស​បែលហ្ស៊ិក ដែល​បាន​រៀបចំឡើង ជាង 60ឆ្នាំ​មកហើយ។

    ក្បួន​ដង្ហែ ត្រូវបាន​រៀបចំ​ឡើងជា​ផ្លូវការ​យ៉ាង​ស្រស់ស្អាត និង​ជា​លើកដំបូង នៅ​ឆ្នាំ1950 បន្ទាប់ពីនោះ ពួកគេ ក៏បាន​រៀបចំឡើង ជារឿយៗរហូតមក រៀងរាល់ 3ឆ្នាំ​ម្ដង និង​ទទួលបាន​ការពេញនិយម ជារឿយៗរហូតមក​ដែរ។

    ចំនួន​អ្នក​មក​ទស្សនា បាន​កើនឡើង​ច្រើនទៅៗ សាង​ភាព​អ៊ឹកធឹក​ហ៊ឹកហ៊ាក់ ដល់​ប្រជាជន​ក្នុងស្រុក​យ៉ាងខ្លាំង។

    ប៉ុន្តែ ចំណុច​ចាប់ផ្ដើម​របស់​ពិធីបុណ្យ​នេះ ពោរពេញ​ដោយ​ភាពកាចសាហាវ និង​ឃោរឃៅ និង​ចាប់កំណើត​ឡើង ដោយ ប្រុសកំលោះៗ 1ក្រុម ដែល​បានរៀបចំ​ការ​ដង្ហែ​សត្វ​ឆ្មា​ឡើង នៅ​ឆ្នាំ1938 ដោយម្នាក់ៗមាន​កាន់​តុក្កតា​រូប​ឆ្មា​នៅក្នុង​ដៃគ្រប់ៗគ្នា។

    នៅពេល​ពួកគេ​ទៅដល់​ព្រះវិហារ ដែល​បាន​ត្រៀម​ពិធី​ទុក​មុន​រួចហើយនោះ ក្មេងប្រុស​ម្នាក់​បាន​ឡើង​ទៅលើ​ប៉ម​ជួង របស់​ព្រះវិហារ ហើយ​បោះ​តុក្កតា​រូប​ឆ្មា​នោះ​ចុះមក​ក្រោម…។

    មាន​សំណួរ​កើតឡើង​ថា តើ​ហេតុអ្វី បានជា​ពួកគេ​ត្រូវធ្វើ​បែប​នោះ?  ដើម្បីឱ្យ​បានដឹង សូម​មិត្ត​អ្នកអាន ថយ​ត្រឡប់​ទៅក្រោយ​វិញ ជាមួយ​រឿងរ៉ាវ​ដ៏​ចម្លែក​មួយ​នេះ ជាមួយ​យើងទាំងអស់គ្នា។

    ចាប់ផ្ដើម​រឿងរ៉ាវ ពី​យុគសម័យ​កណ្ដាល​របស់​អឺរ៉ុប…ជា​ធម្មជាតិ​របស់​មនុស្ស​ក្នុងសម័យ​នោះ មិនបាន​ចិត្តល្អ​ជាមួយ​សត្វ ឬ​និយម​ចិញ្ចឹមសត្វ ដូច​មនុស្ស​សម័យ​បច្ចុប្បន្ន​ទេ ជាពិសេស​សត្វ​ឆ្មា​តែម្ដង ដោយសារតែ​ពួកគេ​គិតថា សត្វ​ឆ្មា ជា​សត្វ​ដែល​តំណាងឱ្យ​បិសាច និង​សភាវ​អាក្រក់។ នា​យុគសម័យ​ដែលមាន​ការតាមប្រមាញ់​មេ​ធ្មប់ សត្វ​ឆ្មា​ត្រូវបាន​ពួកគេ​តាម​ប្រមាញ់ និង​សម្លាប់​អស់​ជាច្រើន​ក្បាល។ សត្វ​ឆ្មា ត្រូវបាន​មនុស្ស​ចាប់​ឃុំឃាំង​នៅក្នុង​ទ្រុង ហើយ​បោះ​ចូលទៅក្នុង​ភ្នក់ភ្លើង។ អូ!!  មិនមែន​ជាការ​អាំង​សត្វ​ឆ្មា​ហូប​ទេ តែ​ជាការ​គំរាម បំភ័យ ឱ្យ​សត្វ​ឆ្មា​ខ្លាច ខណៈដែល​សត្វ​ឆ្មា​វិញ នាំគ្នា​ភ័យរន្ធត់ និង​ស្រែកយំ​យ៉ាង​គ្រលួច។

    នៅពេល​ភ្នក់ភ្លើង​រលត់​អស់ មនុស្សម្នា​ទាំងនោះ ក៏​នឹង​ប្រមូល​ផេះ​នៅក្នុង​ភ្នក់ភ្លើង​នោះ យកទៅ​ផ្ទះ ដែល​ពួកគេ​មានជំនឿថា ការរក្សា​ទុក​ផេះ​ទាំងនោះ គឺ​ដើម្បី​លាភ​សំណាង។

    គំនិត​ដ៏​សែន​មហា​ចម្លែក​នេះ នៅមាន​ទៀត ដូចជា​ពេលខ្លះ មានការ​ចាប់​សត្វ​ឆ្មា​ដាក់​ក្នុង​ថង់​សំណាញ់ ហើយ​ទម្លាក់​លើ​ពី​ទី​ខ្ពស់ ធ្វើឱ្យ​ឆ្មា​ភ័យខ្លាច ហើយ​ពួកគេ ក៏​នាំគ្នា​អស់សំណើច សើចចំអក​យ៉ាង​ក្អាកក្អាយ ដែល​គេ​ជឿថា ទាំងអស់នេះ គឺ​ដើម្បី​ជាការ​បណ្ដេញ​បិសាច​ចង្រៃ។

    ករណី​ដែល​កើតឡើង​នៅក្នុង​ទីក្រុង Ypres ក៏​ដូចគ្នា​ដែរ វា​ជា​ទំនៀមទម្លាប់​វប្បធម៌ ដែល​បន្សល់តៗគ្នា​មក​តាំងពី​យុគសម័យ​កណ្ដាល ក្នុង​រឿង​ជំនឿ​ដែល​ពាក់ព័ន្ធ​នឹង​សត្វ​ឆ្មា៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ និង​សម្រួល៖ ទិ​ទី​តំ​តា​តូ

  • ឥណ្ឌា​វិបត្តិ​កាន់តែ​ធ្ងន់! បងប្អូន​អ្នកជំងឺ​កូ​វីដ រោម​វាយ​គ្រូពេទ្យ មូលហេតុ​អ្នកជំងឺ​ស្លាប់​ពេល​កំពុង​រង់ចាំ​ការព្យាបាល

    ឥណ្ឌា​វិបត្តិ​កាន់តែ​ធ្ងន់! បងប្អូន​អ្នកជំងឺ​កូ​វីដ រោម​វាយ​គ្រូពេទ្យ មូលហេតុ​អ្នកជំងឺ​ស្លាប់​ពេល​កំពុង​រង់ចាំ​ការព្យាបាល

    ទីភ្នាក់ងារ​ព័ត៌មាន abplive បាន​រាយការណ៍​ថា មាន​ស្ត្រី​ឆ្លង​មេរោគ​កូ​វីដ វ័យ 62ឆ្នាំ​ម្នាក់ បាន​ចូល​ព្យាបាល​នៅឯ​មន្ទីរពេទ្យ ប៉ូល​ឡូ ក្នុង​ទីក្រុង​សា​រិ​តា​ហារ ក៏ប៉ុន្តែ គាត់​បែរជា​ដាច់ខ្យល់​ស្លាប់ មុន​ទៅ​ដល់ដៃ​គ្រូពេទ្យ ជាហេតុ​បណ្ដាលឱ្យ​ក្រុម​សាច់ញាតិ​អ្នកជំងឺ បាននាំគ្នា​ចោមរោម​វាយ​ក្រុមគ្រូពេទ្យ និង​ភ្នាក់ងារ​សន្តិសុខ ដោយ​ក្ដី​ខឹងសម្បា និង​សម្ដែង​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​សាច់​ញាត់​របស់​ពួកគេ បាន​ស្លាប់​ក្នុងអំឡុង​ការរង់ចាំ​ការព្យាបាល។

    «អ្នកជំងឺ ត្រូវបាន​នាំមក​ព្យាបាល និង​មាន​ភាពចាំបាច់​ក្នុងការ​ត្រូវ​ប្រើ​បន្ទប់សង្គ្រោះបន្ទាន់ តែ​ស្ថានការណ៍​នៅពេលនោះ ហាក់ដូចជា​យ៉ាប់យ៉ឺន​ខ្លាំងណាស់ យើង​មិនមាន​គ្រែ​គ្រប់គ្រាន់ សម្រាប់​អ្នកជំងឺ តែ​យើង បានធ្វើការ​ព្យាបាល​ដំណាក់កាល​ដំបូង និង​ដាក់​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន​ឱ្យ​អ្នកជំងឺ​ហើយ តែ​មិនយូរប៉ុន្មាន អ្នកជំងឺ​ក៏​ស្លាប់ ហើយ​សាច់ញាតិ​របស់​អ្នកស្លាប់ ក៏​ចោមរោម​វាយ​មន្ត្រី​របស់​យើង​ភ្លាម​តែម្ដង» អ្នកនាំពាក្យ​របស់​មន្ទី​រ​ពេទ្យ​ប៉ូល​ឡូ បាន​ថែ្ល​ង​បែបនេះ។

    ប្រព័ន្ធ​សុខភាព​សាធារណៈ​របស់​ប្រទេស​ឥណ្ឌា បាន​ចូលដល់​ដំណាក់កាល​វិបត្តិ​ធ្ងន់ តាំងពី​មានការ​ឆ្លង​រាតត្បាត​រលក​ទី2 ក្នុងអំឡុង​ខែ​កន្លងមក ដោយសារតែ​មេរោគ​វីរុស​ពូជ​ឥណ្ឌា ឬ B.1.617 អាច​ចម្លង​បាន​ងាយ​ជាមុន និង​ឆាប់រហ័ស​ទៀតផង។

    មន្ទីរពេទ្យ​ជាច្រើន​កន្លែង​ក្នុងប្រទេស​ឥណ្ឌា នៅតែ​ជួប​បញ្ហា​ខ្វះខាត​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន​យ៉ាងធ្ងន់ធ្ងរ​ដដែល ធ្វើឱ្យ​អុក​ស៊ី​ហ្ស៊ែ​ន មានតម្លៃ​កាន់តែ​ខ្ពស់​ឡើង​ទ្វេដង​នៅក្នុង​ទីផ្សារងងឹត។ ក្នុង​របាយការណ៍ ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី បាន​កើនឡើង​ជាង 3សែន​នាក់​ក្នុង 1ថ្ងៃ ជាប់ៗគ្នាច្រើន​ថ្ងៃ​មកហើយ និង​មាន​ចំនួន​អ្នកស្លាប់​សរុប​ច្រើនជាង 3,200នាក់ ក្នុង 1ថ្ងៃ៕

    ប្រភព៖ news.abplive
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • ក្រសួងសុខាភិបាល៖ អ្នក​​ស្ម័គ្រ​ចិត្ដ​​ចាក់​​វ៉ាក់​សាំង​បង្ការ​​ Covid-19​ ជាង​ 64,000​នាក់ ​ត្រូវ​បាន​​បដិសេធ​ ​ព្រោះ​​បញ្ហា​​សុខ​ភាព

    ក្រសួងសុខាភិបាល៖ អ្នក​​ស្ម័គ្រ​ចិត្ដ​​ចាក់​​វ៉ាក់​សាំង​បង្ការ​​ Covid-19​ ជាង​ 64,000​នាក់ ​ត្រូវ​បាន​​បដិសេធ​ ​ព្រោះ​​បញ្ហា​​សុខ​ភាព

    នា​ព្រឹក​ថ្ងៃទី1 ខែឧសភា ឆ្នាំ2021នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាស​ឱ្យដឹងថា ពលរដ្ឋ​ជាង 64,000​នាក់ ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ជាង 1,105,600នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ មិន​អនុញ្ញាត​ឱ្យទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 គិត​ត្រឹម​ថ្ងៃទី30 ខែមេសា ឆ្នាំ2021។

    រាប់​ចាប់ពី​ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2021 ដល់​ថ្ងៃទី30 ខែមេសា ឆ្នាំ2021 កម្ពុជា មាន​អ្នកស្ម័គ្រចិត្ត​មកចាក់​វ៉ាក់សាំង​​សរុប​ចំនួន 1,105,633នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន 493,663នាក់។

    អ្នកស្ម័គ្រចិត្ត ដែល​បាន​ចាក់​វ៉ាក់សាំង​លើកទីមួយ​រួច មាន​ចំនួន 1,045,023នាក់ ក្នុងនោះ​មាន 463,647នាក់​ជា​ស្ត្រី។ ចំណែក​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​ពីរ​រួច មាន​ចំនួន 694,334នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន 280,170​នាក់។ រីឯ​អ្នក​ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ​បដិសេធ​ការចាក់​វ៉ាក់សាំង ព្រោះតែ​បញ្ហា​សុខភាព មាន​ចំនួន 64,441នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន 34,056នាក់។

    គិត​មកដល់​ថ្ងៃទី30 ខែមេសា ឆ្នាំ2021 នៅ​ទូទាំងប្រទេស​កម្ពុជា អ្នក​ឆ្លង​Covid-19 សរុប​បាន​កើន​ដល់ 13,402នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 5,152នាក់, អ្នកស្លាប់​សរុប 93នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ មាន​ចំនួន 8,150នាក់៕

    ប្រភព​៖ ក្រសួង​សុខាភិបាល
    ដកស្រង់​៖ បុត្រា

  • WHO សម្រេច​ឱ្យ Moderna ក្លាយជា​វ៉ាក់សាំង​បង្ការ Covid-19 ដែល​ត្រូវ​ប្រើប្រាស់​បន្ទាន់! អាមេរិក និង​អឺរ៉ុប ជា​អ្នក​បញ្ជា​ទិញ​ច្រើន​ជាង​គេ​

    WHO សម្រេច​ឱ្យ Moderna ក្លាយជា​វ៉ាក់សាំង​បង្ការ Covid-19 ដែល​ត្រូវ​ប្រើប្រាស់​បន្ទាន់! អាមេរិក និង​អឺរ៉ុប ជា​អ្នក​បញ្ជា​ទិញ​ច្រើន​ជាង​គេ​

    កាលពី​ថ្ងៃទី30 ខែមេសា (ម៉ោង​នៅ​អឺរ៉ុប) អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ចូល​ឈ្មោះ Moderna ទៅក្នុង​បញ្ជី​វ៉ាក់សាំង​ដែល​ត្រូវ​ប្រើប្រាស់​បន្ទាន់ ដើម្បី​ទប់ស្កាត់ Covid-19 ក្នុង​គ្រា​ដែល​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក កំពុង​រង​ការវាយលុក​ពី​វីរុស​នេះ​យ៉ាងធ្ងន់ធ្ងរ។

    យោងតាម​សារព័ត៌មាន Reuters អង្គការ​សុខភាព​ពិភពលោក បានអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង Moderna របស់​សហរដ្ឋអាមេរិក ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Moderna. Inc ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​Covid-19 បន្ទាប់ពី​បាន​វាយតម្លៃ​អំពី​សុវត្ថិភាព និង​ប្រសិទ្ធភាព។

    ក្រោយ​សេចក្ដីសម្រេច​ខាងលើ វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ឈ្មោះ Moderna នេះ បាន​ក្លាយជា​វ៉ាក់សាំង​ទី5 ដែល​ត្រូវបាន WHO អនុម័ត និង​លើកទឹកចិត្ត​ឱ្យប្រើ​ប្រាស់ ដើម្បី​ចាក់​ជូន​ពលរដ្ឋ។

    ការអនុម័ត​នេះ​របស់ WHO ក៏​ជួយ​ឱ្យ​បណ្ដា​ប្រទេស​ដែល​មិនអាច​ផលិត​វ៉ាក់សាំង​បង្ការ Covid-19 ដោយ​ខ្លួនឯង មាន​ជម្រើស​បន្ថែម នៅក្នុង​ការបញ្ជាទិញ។ Moderna ក៏​នឹង​ត្រូវបាន​ផ្គត់ផ្គង់​ដល់​ប្រទេស​ក្រីក្រ តាមរយៈ COVAX ដែលជា​កម្មវិធី​បែងចែក​វ៉ាក់សាំង​ប្រកបដោយ​សមភាព​ជា​សក​ល នៃ​អង្គការ​សុខភាព​ពិភពលោក។

    វ៉ាក់សាំង Moderna ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ប្រើ​បច្ចេកវិទ្យា mNRA ត្រូវបាន​ស្ថាប័ន​ជំនាញ SAGE វាយតម្លៃថា មាន​ប្រសិទ្ធភាព 94.1% បន្ទាប់ពី​ដំណើរការ​តាមដាន​អស់​រយៈពេល​ប្រហែល 2ខែ។

    យោងតាម​ទ្រឹស្ដី វ៉ាក់សាំង Moderna ត្រូវបាន​រក្សាទុក​ជាទ​ម្រ​ង់​កក ច្រើន​ដូ​ស នៅក្នុង​ដបតូចៗ ជាមួយនឹង​សីតុណ្ហភាព​ចាប់ពី 25 ដល់ 15អង្សា​សេ តែ​ក៏​អាច​រក្សាទុក​ក្នុង​ទូទឹកកក រយៈពេល 30ថ្ងៃ ក្នុង​សីតុណ្ហភាព​ចាប់ពី 2 ដល់ 8អង្សា។

    កាលពី​ថ្ងៃទី19 ខែធ្នូ ឆ្នាំ2020 វ៉ាក់សាំង Moderna ត្រូវបាន​សហរដ្ឋអាមេរិក អនុញ្ញាតឱ្យ​ប្រើប្រាស់​បន្ទា​ន់ ដើម្បី​ទប់ទល់​នឹង​វីរុស​Covid-19។ ជាមួយនឹង​ការសម្រេច​នេះ វ៉ាក់សាំង Moderna ប្រមាណ​ជា 6លាន​ដូ​ស នឹងត្រូវ​បាន​ដឹក​ទៅកាន់​មូលដ្ឋាន​នានា​របស់​សហរដ្ឋអាមេរិក ដើម្បី​ចាក់​ជូន​ពលរដ្ឋ។

    នៅ​សហរដ្ឋអាមេរិក រដ្ឋាភិបាល បាន​យល់ព្រម​ទិញ​វ៉ាក់សាំង Moderna តម្លៃ 15ដុល្លារ/ដូ​ស ដើម្បី​ទទួលបាន​សិទ្ធិ​បញ្ជា​ទិញ 100លាន​ដូ​ស ដោយ​មិនមាន​ឧបសគ្គ។

    ចំណែក​គណៈ​កម្ម​អឺរ៉ុប (EC) ក៏បាន​បញ្ជា​ទិញ​វ៉ាក់សាំង​នេះ ចំនួន 80លាន​ដូ​ស​បន្ថែមទៀត ដូច្នេះ ជា​សរុប គិត​មកដល់​បច្ចុប្បន្ន EC បាន​បញ្ជា​ទិញ​វ៉ាក់សាំង Moderna នេះ ចំនួន 160លាន​ដូ​ស។ រីឯ​ប្រទេស​អង់គ្លេស​វិញ ក៏បាន​បញ្ជា​ទិញ​វ៉ាក់សាំង Moderna ចំនួន 10លាន​ដូ​ស​បន្ថែមទៀត​ដែរ ខណៈដែល​ប្រទេស​បារាំង ក៏បាន «បើកភ្លើង​ខៀវ» ឱ្យ Moderna កាលពីពេលថ្មីៗនេះ៕

    ប្រភព​៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • (វីដេអូ)-ផ្លូវថ្នល់​ក្នុង​ក្រុង​នៅ​ប្រទេស​ចិន ប្រែជា «ទន្លេ​ទឹកកក» ក្រោយ​ភ្លៀង​មួយ​មេ

    (វីដេអូ)-ផ្លូវថ្នល់​ក្នុង​ក្រុង​នៅ​ប្រទេស​ចិន ប្រែជា «ទន្លេ​ទឹកកក» ក្រោយ​ភ្លៀង​មួយ​មេ

    បន្ទាប់ពី​ព្យុះ​ផ្គរ​រន្ទះ រួម​នឹង​ភ្លៀង​ទឹកកក​មួយ​មេ​យ៉ាង​ធំ ដងផ្លូវ​នានា​ក្នុង​ទីប្រជុំជន Fenghuang នៃ​ទីក្រុង Wenshan (ប្រទេស​ចិន) ក៏​ប្រែ​ទៅជា «ទន្លេ​ទឹកកក» ដ៏​ត្រជាក់ បណ្ដាលឱ្យ​ពលរដ្ឋ និង​មធ្យោបាយ​ធ្វើដំណើរ​លើ​ដងផ្លូវ ត្រូវ​ស្ទះ និង​ពិបាក​ធ្វើដំណើរ។

    យោងតាម​ទំព័រ MSN វីដេអូ​ខ្លី​មួយ​ដែល​ត្រូវបាន​ថត​កាលពី​ថ្ងៃទី28 ខែមេសា បាន​បង្ហាញថា ដងផ្លូវ​នៃ​ទីក្រុង Wenshan ក្នុង​ខេត្ត Yunnan កំពុង​លិច​ក្នុង​ទឹកជំនន់​យ៉ាងជ្រៅ និង​ត្រូវ​គ្របដណ្ដប់​ដោយ​ស្រទាប់​ទឹកកក​សក្បុស។ រាល់​មធ្យោបាយ​ធ្វើដំណើរ​នៅទីនេះ សុទ្ធតែ​បង្ក​ជា​រលក ប្រៀបដូចជា​ទូក​បើកបរ​លើក​ផ្ទៃ​ទន្លេ។

    យានជំនិះ និង​អ្នក​ថ្មើរជើង​ជាច្រើន ត្រូវ​គាំងដំណើរ​ក្នុង​ជំនន់​ទឹកភ្លៀង និង​ត្រូវ​រង់ចាំ​ជំនួយ​ពី​ក្រុម​ពន្លត់​អគ្គិ​ស​ភ័យ ដែល​ប្រើប្រាស់​កូន​ទូក​មក​សង្គ្រោះ។

    ក្រុមមន្ត្រី​មូលដ្ឋាន បានចាប់ផ្ដើម​អនុវត្ត​ផែនការ​បន្ទាន់ ដើម្បី​រំដោះ​ទឹកជំនន់​នេះ។ ការខូចខាត​ដែល​កើតឡើង​ដោយសារ​គ្រោះធម្មជាតិ Wenshan កំពុង​ត្រូវបាន​ស្រង់​ស្ថិតិ៕

    ប្រភព៖ Yahoo, MSN
    ប្រែ​សម្រួល៖ បុត្រា

  • សហភាព​អឺរ៉ុប បន្ថែម​រយៈពេល​ទណ្ឌកម្ម​សេដ្ឋកិច្ច “មីន អង់​ឡាយ” បន្តទៀត​យ៉ាងតិច 1ឆ្នាំ

    សហភាព​អឺរ៉ុប បន្ថែម​រយៈពេល​ទណ្ឌកម្ម​សេដ្ឋកិច្ច “មីន អង់​ឡាយ” បន្តទៀត​យ៉ាងតិច 1ឆ្នាំ

    សហភាព​អឺរ៉ុប បាន​បន្ថែម​រយៈពេល​ទ​ណ្ឌ​កម្ម​សេដ្ឋកិច្ច លើ​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​រួមទាំង​លោក​ឧត្ដមសេនីយឯក មីន អង់​ឡាយ មេដឹកនាំ​រដ្ឋប្រហារ និង​អ្នក​ដទៃទៀត ដែលមាន​ចំណែក​ពាក់ព័ន្ធ​ក្នុង​ការធ្វើ​រដ្ឋប្រហារ កាលពី​ខែកុម្ភៈ យ៉ាងតិចណាស់ 1ឆ្នាំ​ទៅមុខទៀត។

    ទីស្នាក់ការ​ធំ​សហភាព​អឺរ៉ុប បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍ ថ្ងៃទី29 មេសា​ថា វិធានការ​ទណ្ឌកម្មសេដ្ឋកិច្ច ដែល​រួមទាំង​ការ​បង្កក​ទ្រព្យសម្បត្តិ ការធ្វើដំណើរ ការហាម​លក់​អាវុធ និង​ខ​កំណត់​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ឧបករណ៍ ដែល​អាច​នាំយក​ទៅប្រើ​ក្នុងការ​បង្ក្រាប​របស់​ក​ង​យោធា និង​ប៉ូលិស នឹង​នៅតែមាន​សុពលភាព យ៉ាងតិច​បំផុត រហូត​ទៅដល់​ថ្ងៃទី30 មេសា ឆ្នាំ2022។

    “វិធានការ​ទណ្ឌកម្មសេដ្ឋកិច្ច​នេះ មាន​គោលដៅ​ទៅលើ​មន្ត្រី​លំដាប់​ខ្ពស់​របស់​កងទ័ព​មី​យ៉ាន់​ម៉ា និង​ប៉ូលិស​ការពារ​ព្រំដែន រួមទាំង​សមាជិក​ក្រុម​ស៊ីវិល របស់​សភា​គ្រប់គ្រង​នៃ​រដ្ឋ (SAC) និង​ប្រធាន​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត ដោយ​សហភាព​អឺរ៉ុប នឹង​នៅតែ​ឈរ​ខាង​ប្រជាជន​មី​យ៉ាន់​ម៉ា និង​នៅតែ​ផ្ដល់​ការជួយ​សង្គ្រោះ ផ្នែក​មនុស្សធម៌ តទៅទៀត” សេចក្ដីថ្លែងការណ៍​បានបញ្ជាក់​បែបនេះ និង​បាន​បន្ថែមថា ក្នុងឆ្នាំនេះ សហភាព​អឺរ៉ុប បានផ្ដល់​ការជួយ​សង្គ្រោះ​ទៅដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​រួចហើយ សរុប​ទាំងអស់ 20.5លាន​អឺរ៉ូ។

    ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​មក មាន​ប្រជាជន​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​អស់​ច្រើនជាង 700នាក់​ហើយ នេះ​បើតាម​ការបញ្ជាក់​របស់​សមាគម​ជួយសង្គ្រោះ​អ្នកទោសនយោបាយ តែ​រដ្ឋបាល​យោធា បានផ្ដល់​តួលេខ​ចំនួន​អ្នកស្លាប់ ទាប​ជាង​នេះ​ច្រើន  ហើយ​ក្រៅពីនេះ ពួកគេ​ថែមទាំង​បាន​បដិសេធ​ការប្រើ​កម្លាំង​យ៉ាង​មិន​សមរម្យ ក្នុងការ​បង្ក្រាប​អ្វីដែល​ពួកគេ​ហៅថា ជាការ​បង្កចលាចល​នោះ​ទៀតផង៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AP
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • Covid-19 !! កម្ពុជា​ ​ទើប​តែ​រក​ឃើញ​​​អ្នក​​​វិជ្ជមាន​ថ្មី​ 761​​នាក់​​​ ខណៈ​ពិភព​លោក​រក​ឃើញ​​ 93,328​នាក់​ ក្នុង​ថ្ងៃទី​29​ ខែមេសា

    Covid-19 !! កម្ពុជា​ ​ទើប​តែ​រក​ឃើញ​​​អ្នក​​​វិជ្ជមាន​ថ្មី​ 761​​នាក់​​​ ខណៈ​ពិភព​លោក​រក​ឃើញ​​ 93,328​នាក់​ ក្នុង​ថ្ងៃទី​29​ ខែមេសា

    នា​​​​ថ្ងៃទី 30​មេសា ឆ្នាំ2021​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 761​​​នាក់​ និង​អ្នក​ជា​សះស្បើយ​ចំនួន 166​​នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 29 ខែ​មេសា ឆ្នាំ2021។

    ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ 761​នាក់​ខាងលើ​នេះ មាន​ 1​នាក់​ជាករណី​ធ្វើ​ដំណើរ​ពី​បរទេស​ និង​ឆ្លង​បន្ត​ក្នុង​ស្រុក​ និង​ 760​នាក់​ ​ជា​ករណី​​​​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ​។ ក្នុង​ថ្ងៃទី 2​9​ ខែ​មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 2​​​​​​នាក់​បាន​ស្លាប់។​

    គិត​មកដល់បច្ចុប្បន្ន​ (30​ ខែ​​​​មេសា) ទូទាំងប្រទេស​កម្ពុជា ​អ្នក​ឆ្លង​Covid-19 សរុប​​បាន​កើន​​​ដល់ 13,402​​​​​​​​​​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 5,152​​​នាក់, អ្នកស្លាប់សរុប​ 93​​​​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 8,150​​​​​​​​នាក់។

    នៅ​ទូទាំង​ពិភពលោក​ គិត​មក​ដល់​បច្ចុប្បន្ន​​ អ្នក​វិជ្ជមាន​នឹង​ Covid-19 បាន​កើន​ឡើង​ដល់​ 151,213,669​​​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​ 3,181,737​​​នាក់​, អ្នកជាសះស្បើយ​​ 128,630,152​​​នាក់​ និង​កំពុង​ព្យាបាល​ 19,401,780​​នាក់​៕

    ប្រភព​៖ ក្រសួង​សុខាភិបាល, Worldometers
    ដកស្រង់​៖ បុត្រា