Author: សឿន សំណាង

  • (វីដេអូ)-បាក់​ស្ពាន​អាកាស​នៃ​ផ្លូវ​រថភ្លើង​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក! មនុស្ស​យ៉ាងតិច 15នាក់​បាន​ស្លាប់

    (វីដេអូ)-បាក់​ស្ពាន​អាកាស​នៃ​ផ្លូវ​រថភ្លើង​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក! មនុស្ស​យ៉ាងតិច 15នាក់​បាន​ស្លាប់

    យ៉ោ​ង​ហោចណាស់ មាន​មនុស្ស​ចំនួន 15នាក់ បាន​បាត់​បង់ជីវិត នៅក្នុង​ករណី​បាក់​ស្ពាន​អាកាស​នៃ​ផ្លូវ​រថភ្លើង​មួយកន្លែង​នៅ​ទីក្រុង Mexico City នា​ថ្ងៃទី5 ខែឧសភា​នេះ។

    អង្គភាព​ការពារ​ពលរដ្ឋ និង​គ្រប់គ្រង​ហានិភ័យ​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​បញ្ជាក់ថា ក្រៅពី​បានសម្លាប់​មនុស្ស​ចំនួន 15នាក់ គ្រោះថ្នាក់​នេះ ក៏បាន​បង្ក​របួសធ្ងន់​ស្រាល​ដល់​អ្នកដំណើរ​ចំនួន 70នាក់​ផ្សេងទៀត​ផងដែរ។ ករណីនេះ​បានកើត​ឡើង​នៅវេលា​ថ្ងៃត្រង់ នៃ​ថ្ងៃទី5 ខែឧសភា ឆ្នាំ2021 (ម៉ោង​នៅ​ភ្នំពេញ)។

    យោងតាម​សារព័ត៌មាន Reuters របស់​អង់គ្លេស គ្រោះថ្នាក់​នេះ​កើតឡើង​នៅពេល​កំណត់​ផ្លូវដែក​មួយ​នៅលើ​ទី​ខ្ពស់ នៅ​ភាគខាងត្បូង​ទីក្រុង បាន​បាក់ភ្លាមៗ និង​ធ្លាក់​ទៅលើ​ដងផ្លូវ​ខាងក្រោម ដែលមាន​រថយន្ត​ជាច្រើន​កំពុង​បរ​ឆ្លងកាត់។

    សារព័ត៌មាន​ក្នុងស្រុក បានចេញ​ផ្សាយ​រូបថត​នានា បង្ហាញ​អំពី​ទិដ្ឋភាព​បុគ្គលិក​ពន្លត់​អគ្គិភ័យ និង​ក្រុម​អ្នក​ជួយសង្គ្រោះ បាន​ទៅដល់​កន្លែងកើតហេតុ​យ៉ាង​ឆាប់រហ័ស និង​កំពុង​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​ជាប់​នៅក្រោម​គំនរ​បាក់បែក។

    https://www.youtube.com/watch?v=5tnhenVIHcs

    អភិបាលក្រុង Mexico City លោកស្រី Claudia Sheinbaum ក៏បាន​បង្ហាញខ្លួន​នៅ​កន្លែងកើតហេតុ និង​កំពុង​ដឹកនាំ​ការជួយ​សង្គ្រោះ​នេះ​ដោយផ្ទាល់៕

    ប្រភព​៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • កម្លាំងយោធា រវាងសហរដ្ឋអាមេរិក និងប្រទេសចិន តើប្រទេសណាខ្លាំងជាង?

    កម្លាំងយោធា រវាងសហរដ្ឋអាមេរិក និងប្រទេសចិន តើប្រទេសណាខ្លាំងជាង?

    កងទ័ព​សហរដ្ឋអាមេរិក មាន​ទាហាន និង​នាវាមុជទឹក​តិចជាង​ប្រទេស​ចិន ប៉ុន្តែ មាន​នាវា​ផ្ទុក​យន្តហោះ, យន្តហោះ និង​នាវាចម្បាំង​ច្រើនជាង។

    ខាងក្រោម​គឺជា​​ទិន្ន​ន័យ​នៃ​ការ​ប្រៀប​ធៀប​​​កម្លាំង​យោធា រវាង​​សហរដ្ឋ​អាមេរិក​ ទល់​នឹង​កម្លាំង​យោធា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​​៖
    ប្រភព​៖ Global Fire Power, ​Express
    ប្រែសម្រួល​៖ បុត្រា

  • Covid-19 !! កម្ពុជា ​រកឃើញអ្នកឆ្លងថ្មី 938​នាក់ទៀត​​​ ខណៈ​ពិភព​លោក​រក​ឃើញជាង​​​ 20,38​0​នាក់​

    Covid-19 !! កម្ពុជា ​រកឃើញអ្នកឆ្លងថ្មី 938​នាក់ទៀត​​​ ខណៈ​ពិភព​លោក​រក​ឃើញជាង​​​ 20,38​0​នាក់​

    នា​​​​ថ្ងៃទី04 ខែ​​ឧសភា​ ឆ្នាំ2021​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 938​នាក់​ និង​អ្នក​ជា​សះស្បើយ​ចំនួន 361​​​នាក់។

    ​អ្នក​វិជ្ជមាន​ថ្មីទាំងអស់​ សុទ្ធ​តែ​​​​​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ​។ ក្នុង​ថ្ងៃទី03​​ ខែ​ឧសភា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 01​​​​​​​នាក់​បាន​ស្លាប់។​

    គិត​មកដល់បច្ចុប្បន្ន​ (04 ខែ​​​ឧសភា​) ទូទាំងប្រទេស​កម្ពុជា ​អ្នក​ឆ្លង​Covid-19 សរុប​​បាន​កើន​​​ដល់ 16,299​​​​​​​​​​​​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 5,791​​​​​នាក់, អ្នកស្លាប់សរុប​ 107​​​​​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 10,394​នាក់។

    នៅ​ទូទាំង​ពិភពលោក​ គិត​មក​ដល់​បច្ចុប្បន្ន​​ អ្នក​វិជ្ជមាន​នឹង​ Covid-19 បាន​កើន​ឡើង​ដល់​ 154,195,608​​​​​នាក់​ ក្នុង​នោះ​មាន​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ 20,382​នាក់​, អ្នក​ស្លាប់​សរុប​ 3,227,188​​​​​​នាក់​, អ្នកជាសះស្បើយ​​សរុប​ 132,342,830នាក់​ និង​កំពុង​ព្យាបាលសរុប​​ 18,625,590​នាក់​៕

    ប្រភព​៖ ក្រសួង​សុខាភិបាល​, Worldometers
    ដកស្រង់​៖ បុត្រា

  • មហាសេដ្ឋី Bill Gates និង​ភរិយា លែងលះគ្នា​ហើយ!

    មហាសេដ្ឋី Bill Gates និង​ភរិយា លែងលះគ្នា​ហើយ!

    មហាសេដ្ឋី​អាមេរិក Bill Gates និង​អ្នកស្រី Melinda ដែលជា​ស្វាមី-ភរិយា​មួយ​គួ ក្នុងចំណោម​គូស្នេហ៍​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក បាន​លែងលះគ្នា បន្ទាប់ពី​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល 27ឆ្នាំ និង​មានកូន​បីនាក់។

    «ក្រោយពី​បានគិត ពិចារណា​យ៉ាង​ល្អិន​ល្អន់​អំពី​ទំនាក់ទំនង យើង​បានសម្រេច​បញ្ចប់​សម្ព័ន្ធ​ភាព​អាពាហ៍ពិពាហ៍​នឹង​គ្នា» នេះ​បើតាម​ការប្រកាស​កាលពី​ថ្ងៃទី3 ខែឧសភា ឆ្នាំ2021 នៅលើ​គណនី​បណ្ដាញ​សង្គម Twitter របស់​ប្ដី-ប្រពន្ធ​មហាសេដ្ឋី Bill Gates។ មហាសេដ្ឋី Bill Gates គឺជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា Microsoft។

    «ក្នុងអំឡុង 27ឆ្នាំកន្លងមក យើង​បាន​ចិញ្ចឹម​បីបាច់​កូន​ចំនួន​បីនាក់​ប្រកបដោយ​ភាព​អស្ចារ្យ និង​បង្កើតបាន​អង្គការ​មួយ​ដែល​ធ្វើ​សកម្មភាព​ទូទាំង​សកលលោក ដើម្បី​ជួយ​ឱ្យ​គ្រប់គ្នា​មាន​ជីវភាព​ល្អប្រសើរ។ យើង​នៅតែ​ជឿជាក់​លើ​បេសកកម្ម​នោះ និង​នៅតែ​បន្តធ្វើ​កិច្ចការ​ទាំងនោះ​រួមគ្នា ប៉ុន្តែ លែង​ជឿជាក់ថា នឹង​អាច​រស់នៅ​ជា​ប្ដី-ប្រពន្ធ​នឹង​គ្នា​ទៀតហើយ ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត» ការប្រកាស​របស់​គ្រួសារ Bill Gates បាន​សរសេរ​ដូច្នេះ។

    បច្ចុប្បន្ន គេ​មិនទាន់​ដឹង​លម្អិត​អំពី​ព័ត៌មាន​ទាក់ទង​នឹង​ហិរញ្ញវត្ថុ ក្រោយ​ការ​លែងលះ​របស់​អ្នក​ទាំងពីរ​នៅឡើយ។ ពួកគេ​គឺជា​គូស្នេហ៍​មួយគូ​ក្នុងចំណោម​គូស្នេហ៍​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​ប្រមាណ 130ពាន់​លាន​ដុល្លារ​អាមេរិក និង​មានកូន​ចំនួន​បីនាក់។ ការប្រកាស​បាន​បន្ថែម​ថា៖ «យើង​ស្នើ​ឱ្យមាន​បរិយាកាស និង​ភាព​ឯកជន​សម្រាប់​គ្រួសារ នៅពេល​ចាប់ផ្ដើម​កំណត់​គោលដៅ​ថ្មី​សម្រាប់​ជីវិត»។

    យោងតាម​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក ដែល​ត្រូវបាន​ទស្សនាវដ្ដី Forbes ប្រកាស​កាលពី​ដើមខែ​មុន Bill Gates បច្ចុប្បន្ន មានទ្រព្យ 124ពាន់​លាន​ដុល្លារ ដែល​ភាគច្រើន​បានមកពី​ភាគហ៊ុន​នៅ Microsoft។ លោក Gates រកបាន 26ពាន់​លាន​ដុល្លារ​បន្ថែមទៀត ប៉ុន្តែ​ចំណាត់ថ្នាក់​នៅតែ​ធ្លាក់ចុះ​ពីរ​ថ្នាក់ ដោយ​ឈរ​លំដាប់​ទី​បួន​ក្នុង​តារាង​ចំណាត់ថ្នាក់​នេះ។

    Bill និង Melinda គឺជា​សហប្រធាន និង​ជា​អ្នក​ដែល​ទទួលបាន​ទំនុកចិត្ត​បំផុត​របស់​អង្គការ​មនុស្សធម៌​ឯកជន​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក នោះ​គឺ​មូលនិធិ Bill and Melinda Gates មាន​ទីស្នាក់ការ​កណ្ដាល​​ស្ថិត​នៅ​​ក្នុង​ទី​ក្រុង​​ Seattle ក្នុង​រដ្ឋ Washington ដែល​ពួកគេ​បាន​បង្កើត​កាលពី​ឆ្នាំ2000។ ដំណាច់ឆ្នាំ2019 មូលនិធិ​នេះ​មានទ្រព្យ 43.3ពាន់​លាន​ដុល្លារ​អាមេរិក។

    គ្រួសារ​ Bill Gates

    លោក Bill Gates អាយុ65ឆ្នាំ និង​អ្នកស្រី Melinda Gates អាយុ56ឆ្នាំ បាន​បរិច្ចាគ​ទ្រព្យ​ដែលមាន​តម្លៃ​ប្រមាណ​ជាង 36ពាន់​លាន​ដុល្លារ​អាមេរិក​ទៅឱ្យ​មូលនិធិ​ខាងលើ រាប់​ចាប់ពី​ឆ្នាំ1994 ដល់​ឆ្នាំ2018។

    មូលនិធិ​ខាងលើ ផ្ដោត​សំខាន់​ទៅលើ​វិស័យ​សុខាភិបាល​សាធារណៈ អប់រំ និង​អាកាសធាតុ។ ប៉ុន្តែ មូលនិធិ​នេះ​មិនទាន់មាន​យោបល់​អ្វី​ចំពោះ​របៀប​ដំណើរការ​របស់ខ្លួន ក្រោយពី​ការលែង​លះ​របស់​ប្ដី-ប្រពន្ធ Bill Gates នៅឡើយ។

    ការលែង​លះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ កើតឡើង​បន្ទាប់ពី​ស្ថាបនិក​របស់ Amazon គឺ​លោក Jeff Bezos ប្រកាសថា លោក និង​ភរិយា MacKenzie បានសម្រេច «ចែកផ្លូវ​គ្នា»។

    លោក Bill Gates បាន​បោះបង់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Harvard ដើម្បី​បង្កើត​ក្រុមហ៊ុន Microsoft ជាមួយនឹង​មិត្ត​រួម​ថ្នាក់ Paul Allen កាលពី​ឆ្នាំ1975។ Gates កាន់កាប់​ភាគហ៊ុន 49% របស់ Microsoft ក្នុង​ឆ្នាំ1986 ធ្វើឱ្យ​លោក​ក្លាយជា​សេដ្ឋីភ្លាម។ ការរីកចម្រើន​ខ្លាំង​របស់ Microsoft បាន​ជួយ​ឱ្យ​លោក​ក្លាយជា​អ្នកមាន​ជាងគេ​ម្នាក់​ក្នុង​ពិភពលោក ដោយ​ប្រើពេល​យ៉ាងខ្លី។

    លោក Gates បាន​លាលែង​ពី​តំណែង​នាយក​ប្រតិបត្តិ​កាលពី​ឆ្នាំ2000 ដើម្បី​ផ្ដោតទៅលើ​កិច្ចការ​មនុស្សធម៌ ប៉ុន្តែ លោក​នៅតែ​កាន់កាប់​តំណែង​ប្រធាន​រហូតដល់​ឆ្នាំ2014 និង​បាន​ចាក​ចេញពី​ក្រុមប្រឹក្សាភិបាល​របស់ Microsoft កាលពី​ខែមីនា ឆ្នាំ2020។

    ច្រើន​ឆ្នាំ​ចុងក្រោយ​នេះ លោក Bill Gates ភាគច្រើន​លើកឡើង​អំពី​បញ្ហា​ក្រីក្រ សុខាភិបាល ក៏ដូចជា​បញ្ហា Covid-19។ កាលពី​ឆ្នាំមុន មូលនិធិ Bill and Melinda Gates បាន​សន្យា​ផ្ដល់ជំនួយ​ប្រមាណ 250លាន​ដុល្លារ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​វីរុស​Covid-19 ក្នុងនោះ​ក៏មាន​ជំនួយ​សម្រាប់​ចែករំលែក​វ៉ាក់សាំង​ទៅឱ្យ​តំបន់​អាហ្វ្រិក និង​អាស៊ី​ផងដែរ។

    Melinda Gates ថ្មីៗនេះ បាន​ហៅ​ខ្លួនឯង​ថា Melinda French Gates។ អ្នកស្រី​បានចាប់កំណើត​នៅក្នុង​ទីក្រុង Dallas នៃ​រដ្ឋ Texas សហរដ្ឋអាមេរិក និង​បាន​សិក្សា​ជំនាញ​ផ្នែក​កុំព្យូទ័រ និង​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ Duke។ អ្នកស្រី​បាន​ចូល​បម្រើការ​នៅក្នុង​ក្រុមហ៊ុន Microsoft និង​បាន​ជួប Gates កាលពី​ឆ្នាំ1987 ហើយ​បាន​រៀបការ​ជាមួយគ្នា​កាលពី​ឆ្នាំ1994។ ឆ្នាំ2015 អ្នកស្រី​បាន​បង្កើត Pivotal Ventures ជា​ក្រុមហ៊ុន​វិនិយោគ​មួយ​ដែល​ផ្ដោតទៅលើ​កិច្ចការ​ទាក់ទិន​នឹង​ស្ត្រី៕

    ប្រភព៖ Reuters, AFP
    ប្រែ​សម្រួល៖ បុត្រា

  • ប្រាសាទ Hurst «អណ្ដែត» ក្នុង​អាកាស លើ​ផ្ទៃ​ទឹកសមុទ្រ​អង់គ្លេស និង​អាថ៌កំបាំង​ដែល​នៅ​ពី​ក្រោយ​

    ប្រាសាទ Hurst «អណ្ដែត» ក្នុង​អាកាស លើ​ផ្ទៃ​ទឹកសមុទ្រ​អង់គ្លេស និង​អាថ៌កំបាំង​ដែល​នៅ​ពី​ក្រោយ​

    សីតុណ្ហភាព​នៃ​បរិយាកាស​មិន​ស្មើគ្នា បានធ្វើឱ្យ​រូបភាព​របស់​ប្រាសាទ​ដែលមាន​អាយុកាល​ជិត 500ឆ្នាំ នៅ​ចក្រ ភព​អង់គ្លេស មើលទៅ​ហាក់បីដូចជា​កំពុង​អណ្ដែត​ក្នុង​អាកាស លើ​ផ្ទៃ​ទឹកសមុទ្រ។

    អ្នក​ថតរូប​ម្នាក់​ឈ្មោះ Joss Mullinger ថត​បាន​រូបភាព​ប្រាសាទ Hurst «អណ្ដែត» នៅ​ខាងលើ​ឆ្នេរសមុទ្រ Lepe ដែល​ស្ថិតនៅ​ភាគ​ខាងលិច​តំបន់ Hampshire កាលពី​ថ្ងៃទី28 ខែមេសា ឆ្នាំ2021។ នេះ​បើតាម​សារព័ត៌មាន The Sun។ ប្រាសាទ Hurst ត្រូវបាន​សាងសង់ឡើង​ដោយ​ស្ដេច Henry ទី8 ចន្លោះ​ឆ្នាំ1541-1544 នៅ​តំបន់ Hurst។ ស្ថាបត្យកម្ម​នេះ ស្ថិតក្នុង​គម្រោងការ​ពា​រ​ឆ្នេរសមុទ្រ Device Forts របស់​មហាក្សត្រ ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​ពី​បារាំង និង​ចក្រភព​រ៉ូម។

    «នៅលើ​ដងផ្លូវ​ទៅកាន់​ចំណតរថយន្ត ខ្ញុំ​ស្រាប់តែ​បានឃើញ​ទិដ្ឋភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ។ ខ្ញុំ​ក៏​ប្រញាប់​លោត​ចេញពី​រថយន្ត ដើម្បី​ថត​យក​រូបភាព​នេះ ព្រោះថា វា​អាច​បាត់​ទៅវិញ​មួយ​រំពេច ដោយសារ​អាកាសធាតុ និង​ពន្លឺ។ ពិតជា​ដូច​ទៅនឹង​ការ​ស្មាន ពេល​យើង​ទៅដល់​ចំណតរថយន្ត និង​ដើរ​បាន​មួយ​ភ្លែត រូបភាព​នេះ ក៏បាន​បាត់​ខ្លួន» Joss Mullinger រៀបរាប់​ឡើងវិញ។

    ទិដ្ឋភាព​ខាងលើនេះ កើតឡើង​ដោយ​រូបភាព​ដែល​ទទួល​ឥទ្ធិពល​ពី​កាំរស្មី និង​សីតុណ្ហភាព។ បាតុភូត​ដែល​ត្រូវបាន​គេ​ហៅថា Fata Morgana នេះ កើតឡើង​នៅពេល​ព្រះអាទិត្យ​ជះ​កំដៅ​ទៅលើ​បរិយាកាស​នៃ​ផ្ទៃដី ឬ​ផ្ទៃ​ទឹកសមុទ្រ។ ស្រទាប់​​បរិយា​កាស​​ក្ដៅ សង្កត់​លើ​ស្រទាប់​បរិយាកាស​ត្រជាក់ បណ្ដាលឱ្យ​រស្មី​ត្រូវបាន​កាច់​ឱ្យ​កោង ធ្វើឱ្យ​ទិដ្ឋភាព​ដែល​នៅ​ឆ្ងាយ ត្រូវ​ប្រែប្រួល។

    Fata Morgana អាច​កើតឡើង​នៅលើ​ដីគោក ប៉ុន្តែ បាតុភូត​នេះ ភាគច្រើន​មាននៅ​លើ​ផ្ទៃ​ទឹកសមុទ្រ ព្រោះ​ទឹក​ជួយ​បង្កើត​បរិយាកាស​ត្រជាក់។ ឈ្មោះ​នៃ​បាតុភូត​នេះ មាន​ដើមកំណើត​មកពី​ពាក្យ Morgan le Fay ជា​ធ្មប់​ដែល​ប្រើប្រាស់​មន្តអាគម ដើម្បី​ទាក់ទាញ​ក្រុម​នាវិក​ឱ្យចូល​ទៅក្នុង​អន្ទាក់ នៅក្នុង​រឿងព្រេង​បុរាណ Arthur៕

    ប្រភព៖ Sun
    ប្រែ​សម្រួល៖ បុត្រា

  • សូ​ម៉ាលី ប្រទេស​ដែល ចោរ​គ្រង​ផែនដី

    សូ​ម៉ាលី ប្រទេស​ដែល ចោរ​គ្រង​ផែនដី

    តាមរយៈ​ការវាយតម្លៃ​របស់​ស្ថាប័ន​ហ៊ិ​រ៉ា​ល់ បានឱ្យដឹងថា ក្រុម​ប្រដាប់អាវុធ អាល់-ឆា​បាប់ មាន​ប្រាក់ចំណូល​ដែល​បានមកពី​ប្រមូល​ភាស៊ី ក្នុង 1ខែៗ មិនតិចជាង 15លាន​ដុល្លារ​អាមេរិក​ឡើយ។ ជា​ចំនួន​ដែល​មិនមែន​តិចតួច​ឡើយ សម្រាប់​ប្រទេស​ដែល​អង្គការសហប្រជាជាតិ និង​ធនាគារពិភពលោក ចាត់ទុកថា​ជា ប្រទេស​ដែល​ទ័លក្រ​បំផុត​ក្នុង​ពិភពលោក​មួយ​នេះ។

    ក្រុម​ភេរ​វករ​ប្រដាប់អាវុធ “អាល់-ឆា​បាប់” សម្ព័ន្ធមិត្ត​របស់​ក្រុម​អាល់-កៃ​ដា នៅក្នុង​ប្រទេស​សូ​ម៉ាលី បាន​ប្រើ​អំពើហិង្សា និង​ការ​សម្លុត​គំរាមកំហែង ទារ​យក “ភាស៊ី​ខុសច្បាប់” ទាំងពី​ប្រជាជន និង​មន្ត្រី​របស់​រដ្ឋ នៅក្នុង​តំបន់​ដែល​ពួកគេ​គ្រប់គ្រង បង្កើត​ប្រាក់ចំណូល​បាន​យ៉ាងច្រើន ស្មើៗ ឬ​អាច​ច្រើនជាង​រដ្ឋាភិបាល​ដែល​អន្តរជាតិ​ទទួលស្គាល់​ទៅទៀត។ នេះ​បើតាម​​របាយ​កាណ៍​ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ស្ថាប័ន​ហ៊ិ​រ៉ា​ល់ ក្នុង​ទីក្រុង ម៉ូ​កា​ឌិ​ឈូ ប្រទេស​សូ​ម៉ាលី។

    របាយការណ៍​ខាងលើ ទទួលបាន​ពី​ការសាកសួរ​ប្រជាជន​ទូទៅ អ្នក​ធុរកិច្ច មន្ត្រី​របស់​រដ្ឋ រួមទាំង​អតីត​សមាជិក​របស់​អាល់-ឆា​បាប់ និង​សមាជិក​បច្ចុប្បន្ន ដែលមាន​តួនាទី​ដើរ​ប្រមូល​ភាស៊ី​ខុសច្បាប់ ប្រកួត​ជាមួយ​រដ្ឋាភិបាល​របស់​ពួកគេ។

    តាមរយៈ​ការវាយតម្លៃ​របស់​ស្ថាប័ន​ហ៊ិ​រ៉ា​ល់ បានឱ្យដឹង​ទៀតថា ក្រុម​អាល់-ឆា​បាប់ ឬ​មានឈ្មោះ​ពេញ​ថា​ហា​រ៉ា​កាត់ អាល់-ឆា​បាប់ អាល់-មូ​ចា​ហ៊ី​ឌី​ន ឬ​ហេច​បូល​ឡា អាល់-ឆា​បាប់ ដែល​មានន័យថា គណបក្ស​យុវជន(Party of the Youth) មាន​ចំណូល​ពី​ការប្រមូល​ភាស៊ី​ខុសច្បាប់ ក្នុង 1ខែៗ មិនតិចជាង 15លាន​ដុល្លារ​អាមេរិក​ឡើយ។ ជា​ចំនួន​ដែល​មិនមែន​តិចតួច​ឡើយ សម្រាប់​ប្រទេស​ដែល​អង្គការសហប្រជាជាតិ និង​ធនាគារពិភពលោក ចាត់ទុកថា​ជា ប្រទេស​ដែល​ទ័លក្រ​បំផុត​ក្នុង​ពិភពលោក។

    អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ ជាង​ពាក់កណ្ដាល​នៃ​ប្រាក់ចំណូល​ប្រចាំខែ​ក្នុង 1ខែៗនោះ គឺ​បានមកពី​ការ​ជំរិត​ទារ នៅក្នុង​តំបន់​ទីក្រុង​ធំ ម៉ូ​កា​ឌិ​ឈូ ទោះជា​តំបន់​ដែល​គ្រប់គ្រង​របស់​អាល់-ឆា​បាប់ ស្ថិតនៅ​ភាគខាងត្បូង និង​ភាគ​កណ្ដាល​ក្ដី និង​ជុំវិញ​ទីក្រុង​ម៉ូ​កា​ឌិ​ឈូ​ក្ដី។

    តាមរយៈ​ទិន្នន័យ​របស់​ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​សូ​ម៉ាលី បានឱ្យដឹងថា ពេញ 1ឆ្នាំ2019 រដ្ឋាភិបាល មាន​ចំណូល​ពី​ការប្រមូល​ពន្ធ​ភាស៊ី និងផ្សេងៗក្នុងប្រទេស សរុប 230លាន​ដុល្លារ​អាមេរិក។

    ក្រុម​អាល់-ឆា​បាប់ បង្កើតឡើង​នៅ​ឆ្នាំ2006 ដោយមាន​គោលដៅ​ចម្បង គឺ​ប្រយុទ្ធ​ប្រឆាំងនឹង “សត្រូវ​របស់​សាសនា” ដែល​ពួកគេ​គោរព​ជឿជាក់ និង​ផ្ដួលរំលំ​រដ្ឋាភិបាល​សូ​ម៉ាលី ដើម្បី​បង្កើត​រដ្ឋ​សាសនា​ក្នុង​ឧត្ដមគតិ​របស់​ពួកគេ​ឡើង និង​នៅក្នុង​ឆ្នាំ2014 មេខ្លោង​ធំ​របស់​ក្រុម​ពួកគេ បានប្រកាស​ភក្ដីភាព​ជាមួយ​ក្រុម​អាល់-កៃ​ដា។

    ប្រទេស​ជាច្រើន រួមទាំង​សហរដ្ឋអាមេរិក សហ​រាជអាណាចក្រ អូស្ត្រាលី កាណាដា សហរដ្ឋអារ៉ាប់ អេ​មី​រេ​ត ឬ​សូម្បីតែ​ប្រទេស​ម៉ាឡេស៊ី បានប្រកាស​ដាក់​ក្រុម​អាល់-ឆា​បាប់ ចូលក្នុង​បញ្ជីខ្មៅ ថា​ជា “អង្គការ​បង្ក​ភេរវកម្ម” និង​កាលពី​ខែមេសា ឆ្នាំ2015 ក្រសួងការបរទេស​នៃ​សហរដ្ឋអាមេរិក បានប្រកាស​ដាក់​រង្វាន់​បង្ហាញ​តម្រុយ ក្នុងការ​ឈានទៅដល់​ការចាប់ខ្លួន​មេខ្លោង​លំដាប់​ខ្ពស់​ជាច្រើន​នាក់​របស់​អាល់-ឆា​បាប់ រួមទាំង​មេខ្លោង​ធំ​បំផុត​នាពេល​បច្ចុប្បន្ន គឺ​លោក​អា​ម៉ាត់ អ៊ូ​ម៉ា ក្នុងតម្លៃ 6លាន​ដុល្លារ​អាមេរិក។

    បច្ចុប្បន្ន អាល់-ឆា​បាប់ មាន​អ្នក​ប្រយុទ្ធ​នៅក្នុង​ក្រុម​ប្រមាណ​ជា 9,500នាក់ និង​ចំនួន​នោះ​កំពុង​កើនឡើងជារឿយៗ មាន​ទាំង​ជនជាតិ​សូ​ម៉ាលី និង​អ្នកស៊ីឈ្នួល​ប្រយុទ្ធ​ជនជាតិ​បរទេស ដែលមាន​ឧត្ដមគតិ​ដូចគ្នា ហើយ​ទិន្នន័យ​ដែល​ទទួលបាន​ពី​អង្គភាព​ស៊ើបការណ៍​អន្តរជាតិ​ជាច្រើន បាន​បញ្ជាក់ថា ក្រុម​អាល់-ឆា​បាប់ បានទទួល​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​អាវុធ រួមទាំង​អ្នក​ប្រយុទ្ធ​ជនជាតិ​បរទេស ពី​ប្រទេសធំៗ ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង យ៉ាងតិច 8ប្រទេស។

    ការចុះទៅ​ក្នុង​តំបន់ ត្រួតពិនិត្យ​ដោយផ្ទាល់ ដើម្បី​ស្វែងរក​ទិន្នន័យ​បែប​ស៊ីជម្រៅ របស់​ក្រុម​អ្នកស្រាវជ្រាវ​របស់​ស្ថាប័ន​ហ៊ិ​រ៉ា​ល់ បាន​រកឃើញថា មាន​ជនរងគ្រោះ​ចំនួន​ដ៏​ច្រើន ត្រូវ​បង់ថ្លៃ​ភាស៊ី​ត្រួតគ្នា ទៅឱ្យ​ទាំង​រដ្ឋាភិបាល និង​ក្រុម​អាល់-ឆា​បាប់។

    ក្រុមហ៊ុនធំៗ ទូទាំងប្រទេស​សូ​ម៉ាលី ត្រូវ​បង់ “ប្រចាំខែ” ឱ្យ​ក្រុម​អាល់-ឆា​បាប់ ច្រើន-តិច​ទៅតាម​ការវាយតម្លៃ​រប​ស់​អង្គភាព​ប្រមូល​ភាស៊ី​ខុសច្បាប់ ដែល​អាច​ស៊ើប​ដឹង​ពី​ទិន្នន័យ​របស់​ធុរកិច្ច ស្មើៗនឹង​មន្ត្រី​ពន្ធដារ​របស់​រដ្ឋបាល​ដែរ ក្រៅពីនោះ ថែមទាំង​ត្រូវ​បង់ “ប្រចាំឆ្នាំ” ក្នុង​រូប​បែប​ជា “សៈកាត” ឬ​ប្រាក់​បរិច្ចាគ​ទាន​ប្រចាំឆ្នាំ តែ​ជាការ​បរិច្ចាគ​បែប “បង្ខំ​ឱ្យ​បង់” ដោយ​គ្រប់​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​បង់ 2.5% នៃ​ចំណូល​របស់​ក្រុមហ៊ុន​ទាំងអស់​ក្នុង 1ឆ្នាំ។

    ប្រាក់ចំណូលចម្បងៗ 1ផ្នែក​របស់​អាល់-ឆា​បាប់ បានមកពី​កំពង់ផែ​ជាច្រើន​កន្លែង ដែល​ស្ថិតនៅតាម​បណ្ដោយ​ព្រំដែន​ខាង​សមុទ្រ​ឥណ្ឌា ភាគ​ខាងកើត​ប្រទេស រួមទាំង​កំពុងផែ​ធំ​ក្នុង​ទីក្រុង​ម៉ូ​កា​ឌិ​ឈូ ដោយ​ប្រមូល​ភាស៊ី ពីមុខ​ទំនិញ ទាំង​នាំចេញ និង​នាំចូល។

    នាយទាហាន​លំដាប់​ខ្ពស់​របស់​កងទ័ព​សូ​ម៉ាលី​ម្នាក់ ដែល​សុំ​មិន​ប្រាប់​ពី​ឋានន្តរស័ក្ដិ ដោយ​ប្រាប់​ត្រឹម​តែមាន​តំណែង​ជា​មេបញ្ជាការ បាន​បង្ហើប​ប្រាប់​ស្ថាប័ន​ហ៊ិ​រ៉ា​ល់​ថា សូម្បីតែ​រូបគាត់​ខ្លួនឯង ក៏​នៅតែ​ត្រូវ​បង់ប្រាក់​ទៅឱ្យ​ក្រុម​អាល់-ឆា​បាប់​ដែរ…ដូចជា នៅពេលដែល​លោក សង់ផ្ទះ 1ខ្នង​ថ្មី​ទៀត សុខៗស្រាប់តែ​អ្នកម៉ៅការ​កសាង​ដំបូង​គេ បាន​បោះបង់​ការងារ​ចោល ហើយ​រត់​បាត់ ដោយសារ​ត្រូវ​ក្រុម​អាល់-ឆា​បាប់ គំរាម ដោយ​ក្រុម​អាល់-ឆា​បាប់​នោះ​ប្រាប់ថា នាយទាហាន​ម្ចាស់ផ្ទះ មិន​ព្រម​បង់​ភាស៊ី​ឱ្យ​ពួកគេ។ អ្នកម៉ៅការ​ទី2 ក៏​បោះបង់​ការងារ​ចោល ហើយ​រត់គេច​បាត់ ដោយ​មូលហេតុ​ដូចគ្នា។ ទីបំផុត នាយទាហានជាន់ខ្ពស់​រូប​នោះ ត្រូវតែ​បង់ប្រាក់​ចំនួន​ស្មើនឹង 3,600ដុល្លារ ទើប​ផ្ទះ​សាងសង់​រួច ដោយ​អ្នកម៉ៅការ​ទី3៕

    ប្រភព៖ សា​ព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • តើ​មហាសេដ្ឋី​ពិភពលោក គេ​ជិះឡាន​អី​ទៅ​ហ្ន៎?

    តើ​មហាសេដ្ឋី​ពិភពលោក គេ​ជិះឡាន​អី​ទៅ​ហ្ន៎?

    មហាសេដ្ឋី​ក្នុង​ពិភពលោក​ជាច្រើន​នាក់ បើតាម​យើង​គិត​មើលទៅ ប្រហែល​ជាមាន​រស​និយម និង​មាន​Fashion ជាមួយនឹង​រថយន្ត​ប្រភេទ Super Car ស្អាតៗ Limited Edition ដែល​ក្នុង​ពិភពលោក មានតែ​ប៉ុន្មាន​គ្រឿង​ហើយ​មើលទៅ…តែ​ខុសស្រឡះ បណ្ដា​មហាសេដ្ឋី ដែលមាន​ទ្រព្យ​ច្រើន​បំផុត​ក្នុង​ពិភពលោក​ទាំងនោះ បែរជា​ប្រាប់ដូចៗគ្នា​ថា ពួកគេ​ចូលចិត្ត​រថយន្តធម្មតាៗច្រើនជាង ត្រឹមតែ​វា​អាច​នាំ​យើង​ទៅណា​មក​ណា​បាន គឺ​គ្រប់គ្រាន់​ណាស់​ទៅហើយ…(ហេសៗ ម្យ៉ាងដែរ!)។

    មហាសេដ្ឋី​លំដាប់​លេខ1 របស់​ពិភពលោក Jeffrey Preston Bezos ឬ Jeffrey Bezos ម្ចាស់​អាណាចក្រ Amazon ដែលជា​ស្ថាបនិក នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​របស់ អា​ម៉ា​ហ្សូ​ន ដ​ត់ ខម ដែល​មុនពេល​ក្លាយជា​អ្នកមាន លោក​រៀន​ចប់​ផ្នែក​វិស្វកម្ម​អគ្គិសនី និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ មុននឹង​ចូលទៅ​អង្គុយ​ធ្វើការ​នៅ Wall Street និង​កើតមាន​អៃ​ឌៀ រឿង​អា​ម៉ា​ហ្សូ​ន ឡើង​ក្នុងអំឡុងពេល​បើកឡាន​ពី​នី​វ​យ៉​ក ស៊ី​ធី ទៅ​ទីក្រុង ស៊ី​អ៊ែ​តថល។ លោក​ចេ​ហ្វ ប្រើ​រថយន្ត​យីហោ​តែមួយគត់​គឺ ហុងដា ដោយ​លោក​ប្រាប់ថា ចាប់ផ្ដើម​រៀន​បើក Honda Accord មក​តាំងពី​ឆ្នាំ2013  បន្ទាប់ពី​នោះមក លោក​ក៏​ប្រើ​វា​មករ​ហូត។ “ខ្ញុំ​ថា វា​ជា​ឡាន​មួយ​ដែល​ល្អឥតខ្ចោះ​មែនទែន។

    មហាសេដ្ឋី​លំដាប់​លេខ2 របស់​ពិភពលោក Bill Gates ស្ថាបនិក Microsoft ក៏​ចេញមក​ក្នុងខន់​សិប ដូចគ្នា​ដែរ​គឺ ទោះបីជា​ពួកគាត់​អាច​ធ្វើជា​ម្ចាស់​រថយន្ត​បែបណា​ក៏បាន​នៅលើ​ពិភពលោក​នេះ​ក៏ដោយ តែ​រថយន្ត​ដែល​លោក និង​ភរិយា Melinda Gates ចូលចិត្ត​ប្រើ​រៀងរាល់​ថ្ងៃនោះ​គឺ រថយន្ត​ម៉ាក Ford Focus ស៊េរី​ឆ្នាំ2008 ដែល​នៅតែ​រក្សាទុក​ប្រើ នៅក្នុង​ផ្ទះ​រហូតមក។

     

    អ្នក​វិយោគ​ទុន ដែល​ទទួលបាន​ជោគជ័យ​ខ្ពស់បំផុត រហូត​ក្លាយជា​ម្ចាស់​ទ្រឹស្ដី​របស់​ប្រទេស​អាមេរិក លោក Warren Buffett នាយក​ប្រតិបត្តិ ក្រុមហ៊ុន Berkshire Hathaway មហាសេដ្ឋី​លំដាប់​លេខ៣ របស់​ពិភពលោក ដែល​តាំងខ្លួន​ជា​គ្រូ​ណែនាំ​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​ទទួលបាន​ជោគជ័យ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ជាច្រើន​នាក់​នោះ បាន​ប្រាប់ថា លុយ​មិន​មែនមាន សម្រាប់​ឱ្យ​យើង​ចាយវាយ​ខ្ជះខ្ជាយ​នោះទេ សុខចិត្ត​យកទៅជួយ​មូលនិធិ​សប្បុរសធម៌​វិញ​ប្រសើរ​ជាង បើ​ចាយវាយ​ខ្ជះខ្ជាយ​ដដែល​នោះ។ ដូច្នេះហើយ​ទើប​លោក​បរិច្ចាគ 99% នៃ​ប្រាក់ចំណូល ឱ្យទៅ​មូលនិធិ Bill and Melinda Gates ខណៈដែល​កូនស្រី​របស់លោក ប្រាប់​ឱ្យ​ទិញ​រថយន្ត​ថ្មិ តែ​លោក វ៉ា​រេ​ន ប្រាប់ថា លោក​ពេញចិត្ត Cadillac DTS ស៊េរី​ឆ្នាំ2006 នេះហើយ ព្រោះ “ទើបនឹង​ជិះ​បាន​មិន​ប៉ុន្មាន​ម៉ា​យល៍​ប៉ុណ្ណោះឯង។

    ជាប់​លំដាប់​មហាសេដ្ឋី​ដែលមាន​ឥទ្ធិពល​ខ្លាំង​បំផុត​ម្នាក់​របស់​ពិភពលោក ដោយ​ប្លាត​ហ្វ៉​ម​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក ដែល​មនុស្ស​គ្រប់រូប​ជក់ចិត្ត លោក Mark Zuckerberg មហាសេដ្ឋី​អាយុ​តិចជាងគេ​បំផុត​ក្នុង Top 10 list និយម​ពេញចិត្ត​រថយន្ត​ស៊េរី​ថ្មី Honda Akura TSX ព្រោះថា “វា​ងាយស្រួល សុវត្ថិភាព និង​មើលទៅ មិន​ជ្រុល​ហួសហេតុ​ពេក​ទៀតផង”

    Lawrence Page និង Sergey Brin បុរស 2នាក់ ស្ថាបនិក Google ជា​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន Alphabet។ ពួកគេ​ជា​មហាសេដ្ឋី​លំដាប់​ទី9 និង​ទី10 របស់​ពិភពលោក ដែល​ជីវិត​តែងតែ​ផ្ដល់​ភាព​សំ​ខាន់ទៅ​រឿងតិច​ណូ​ឡូ​ជី ដែល​ទាន់សម័យ។ នោះ​គឺ 1ផ្នែក​នៃ​អ្វីដែល​ពួកគេ​ទាំង2 ជ្រើសរើស​ប្រើ​រថយន្ត Toyota Prius រថយន្ត​ដែលមាន​ភាពទំនើប​ទាន់សម័យ​ខាង​តិច​ណូ​ឡូ​ជី ថែមទាំង​សន្សំសំចៃ​ថាមពល​ទៀតផង។

    អ្នកនយោបាយ និង​ជា​អ្នក​ធុរកិច្ច​ល្បីឈ្មោះ Michel Blooberg ដែលមាន​ទ្រព្យសម្បត្តិ ជាប់​លំដាប់​ទី17 របស់​ពិភពលោក ម្ចាស់​ក្រុមហ៊ុន Blooberg ដែលជា​ទីប្រឹក្សា​ខាង​ហិរញ្ញវត្ថុ​ផង ជា​អ្នកសារព័ត៌មាន​ផង និង​ជា​អ្នក​អភិវឌ្ឍន៍​សូ​ហ្វ​វែ​រ តម្រា​ការវិនិយោគទុន​ផងដែរ។ ក្រៅពីនេះ លោក​ម៉ៃ​ឃើ​ល ថែមទាំង​ធ្លាប់​ធ្វើជា​អភិបាលក្រុង​នី​វ​យ៉​ក​ទៀតផង និង​តែងតែ​មានឈ្មោះ ចូលរួម​ប្រជែង​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ជា​ញឹកញាប់​ទៀតផង។ លោកនិយម​រថយន្ត ដែល​ធន់​នឹង​ការប្រើប្រាស់ គឺ Chevrolet Suberbun។

    មហាសេដ្ឋី​លំដាប់​លេខ1 របស់​ប្រទេស​ចិន ស្ថាបនិក​វេ​ប​សាយ អា​លី​បា​បា ដែល​តែងតែ​បង្ហាញ​ឈ្មោះ​ឡើង​ក្នុងឋានៈ អ្នកមាន​ឥទ្ធិពល​ខាង​សេដ្ឋកិច្ចពិភពលោក លោក​ជែក ម៉ា មិនមែន​គ្រាន់​ជា​មនុស្ស​សន្សំសំចៃ​នោះទេ តែ​ថែមទាំង​ជាតិនិយម​ទៀតផង លោក​ប្រើ​រថយន្ត​យីហោ​របស់​ប្រទេស​ចិន គឺ Roave RX 5 SUV។

    លោកស្រី Alice Louis Walton ទាយាទ Super Store Walmart របស់​អាមេរិក លោកស្រី​មានទ្រព្យ​ធន​ជាប់​លំដាប់​ទី18 របស់​ពិភពលោក និង​ជា​ស្ត្រី​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​លំដាប់​លេខ2 របស់​ពិភពលោក​ទៀតផង។ Alice ដើរ​តាម​គន្លង​របស់​ឪពុក លោក Sam Walton  ស្ថាបនិក វ៉​ល​ម៉ា​ត ក្នុងគ្រប់ៗផ្នែក រួមទាំង​ការស្រឡាញ់​រថយន្ត​ប្រភេទ Truck បែប​អាមេរិកាំង​ទៀតផង ខណៈដែល​ឪពុក​របស់​លោកស្រី ប្រើ​រថយន្ត​ម៉ាក Ford F-150 ស៊េរី​ឆ្នាំ1979 ឯ​លោកស្រី​ក៏​ប្រើ​រថយន្ត​ស៊េរី​ដូចគ្នា តែ​ឆ្នាំ2006 និង​នៅតែ​ប្រើ​រហូតដល់​សព្វថ្ងៃនេះ៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ៖ ទិ​ទី​តំ​តា​តូ

  • Covid-19! សហរដ្ឋអាមេរិក កំពុង​ប្រឈម​នឹង វិបត្តិ «សល់​វ៉ាក់សាំង» ក្នុង​គ្រា​ដែល​ពលរដ្ឋ​ជាង 100លាន​នាក់ បាន​ចាក់​រួចរាល់

    Covid-19! សហរដ្ឋអាមេរិក កំពុង​ប្រឈម​នឹង វិបត្តិ «សល់​វ៉ាក់សាំង» ក្នុង​គ្រា​ដែល​ពលរដ្ឋ​ជាង 100លាន​នាក់ បាន​ចាក់​រួចរាល់

    ក្រុមមន្ត្រី​ក្រសួងសុខាភិបាល​សហរ​ដ្ឋ​អាមេរិក បាន​បែងចែក​វ៉ាក់សាំង​បង្ការ Covid-19 ជាច្រើន​លាន​ដូ​ស ទៅឱ្យ​អាជ្ញាធរ​មូលដ្ឋាន ក្នុងនោះ ពលរដ្ឋ​ជិត 105លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​ពីរ​ដូ​ស​រួចរាល់​ហើយ។

    មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក (CDC) កាលពី​ម្សិលមិញ (02ឧសភា) បានប្រកាសថា ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ដល់​ពលរដ្ឋ សរុប 245,591,469នាក់ បន្ទាប់ពី​បាន​បែងចែក​វ៉ាក់សាំង​ចំនួន 312,509,575ដូ​ស ទៅឱ្យ​អាជ្ញាធរ​មូលដ្ឋាន។

    ក្នុងចំណោម​នោះ មាន​ពលរដ្ឋ​ជាង 147លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ដូ​ស ចំពោះ​វ៉ាក់សាំង​ប្រភេទ​ដែល​ត្រូវ​ចាក់​ពីរ​ដូ​ស និង​ជិត 104.8លាន​នាក់​បាន​ចាក់​រួចរាល់។ បច្ចុប្បន្ន អត្រា​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​នៅ​សហរដ្ឋអាមេរិក បាន​ឡើងដល់ 31.5% បើ​ធៀប​នឹង​ប្រជាជន​សរុប​ជាង 332,610,000នាក់។

    បណ្ដា​ប្រភេទ​វ៉ាក់សាំង​ប្រឆាំង Covid-19 ដែល​ត្រូវបាន CDC របស់​សហរដ្ឋអាមេរិក ជ្រើសរើស​សម្រាប់​ការប្រើប្រាស់ រួមមាន វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna និង​ក្រុមហ៊ុន Pfizer Inc/BioNTech ដែល​ត្រូវ​ចាក់​ពីរ​ដូ​ស រួម​នឹង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Johnson & Johnson ដែល​ត្រូវ​ចាក់​មួយ​ដូ​ស។

    សហរដ្ឋអាមេរិក គឺជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​ក្នុង​ពិភពលោក ដោយមាន​អ្នក​ឆ្លង​ជាង 33លាន​នាក់ និង​ស្លាប់​ជាង 591,000នាក់។ ក្រោយ​រយៈពេល​នៃ​ការឡើង​កាន់តំណែង​បាន 100ថ្ងៃ របស់​ប្រធានាធិបតី Joe Biden សហរដ្ឋអាមេរិក ពេលនេះ​ត្រូវ​ប្រឈម​នឹង «វិបត្តិ​សល់​វ៉ាក់សាំង» ដោយសារតែ​រដ្ឋ​ជាច្រើន​ប្រើប្រាស់​មិន​អស់ បន្ទាប់ពី​បានទទួល ខណៈដែល​ពលរដ្ឋ​ជាច្រើន មានការ​រារែក​ក្នុង​ការចាក់​វ៉ាក់សាំង ព្រោះតែ​ការទទួលបាន​ព័ត៌មាន​មិនបាន​គ្រប់​ជ្រុងជ្រោយ និង​ហត់នឿយ​ផ្លូវចិត្ត ក្រោយ​រងគ្រោះ​ពី «មហា​រោគរាតត្បាត» នេះ។

    បច្ចុប្បន្ន ក្រុមមន្ត្រី​សុខាភិបាល បាននាំគ្នា​រិះរក​វិធី​ដោះស្រាយ​បញ្ហា​ខាងលើ ក្នុងនោះ រួមមាន​ទាំង​ការបញ្ជូន​ក្រុម​វេជ្ជបណ្ឌិត និង​ក្រុមមនុស្ស​ដែលមាន​ឥទ្ធិពល ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បានដឹង​ច្បាស់​អំពី​ផលប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំង Covid-19 ផងដែរ៕

  • Covid-19 !! កម្ពុជា រកឃើញអ្នកឆ្លងថ្មី 841នាក់ទៀត ខណៈពិភពលោក​ រកឃើញជាង 18,000នាក់

    Covid-19 !! កម្ពុជា រកឃើញអ្នកឆ្លងថ្មី 841នាក់ទៀត ខណៈពិភពលោក​ រកឃើញជាង 18,000នាក់

    នា​​​​ថ្ងៃទី03 ខែ​​ឧសភា​ ឆ្នាំ2021​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 841​​​​នាក់​ និង​អ្នក​ជា​សះស្បើយ​ចំនួន 61​​នាក់​ទៀត និង​ស្លាប់​ចំនួន​ 4​នាក់​ នៅ​ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 02 ខែ​ឧសភា​ ឆ្នាំ2021។

    ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ 841​នាក់​ខាងលើ​នេះ សុទ្ធ​តែ​​​​​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ​។ ក្នុង​ថ្ងៃទី02​​ ខែ​ឧសភា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 04​​​​​​​នាក់​បាន​ស្លាប់។​

    គិត​មកដល់បច្ចុប្បន្ន​ (03​ ខែ​​​ឧសភា​) ទូទាំងប្រទេស​កម្ពុជា ​អ្នក​ឆ្លង​Covid-19 សរុប​​បាន​កើន​​​ដល់ 15,361​​​​​​​​​​​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 5,430​​​​នាក់, អ្នកស្លាប់សរុប​ 106​​​​​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 9,818​​​​​​​​​នាក់។

    នៅ​ទូទាំង​ពិភពលោក​ គិត​មក​ដល់​បច្ចុប្បន្ន​​ អ្នក​វិជ្ជមាន​នឹង​ Covid-19 បាន​កើន​ឡើង​ដល់​ 153,498,053​​​​នាក់​ ក្នុង​នោះ​មាន​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ 18,048​នាក់​, អ្នក​ស្លាប់​សរុប​ 3,216,383​​​​​នាក់​, អ្នកជាសះស្បើយ​​សរុប​ 130,833,944​​​​នាក់​ និង​កំពុង​ព្យាបាលសរុប​​ 18,751,089​​​នាក់​៕

    ប្រភព៖ ក្រសួង​សុខាភិបាល, Worldometers
    ដកស្រង់​៖ បុត្រា

  • ពលរដ្ឋ​ក្នុង​ខណ្ឌ​ចំនួន4 នៃ​រាជធានី​ភ្នំពេញ នឹង​មិនមាន​បញ្ហា​ខ្វះ​វ៉ាក់សាំង​Covid-19 នោះទេ!

    ពលរដ្ឋ​ក្នុង​ខណ្ឌ​ចំនួន4 នៃ​រាជធានី​ភ្នំពេញ នឹង​មិនមាន​បញ្ហា​ខ្វះ​វ៉ាក់សាំង​Covid-19 នោះទេ!

    «ប្រជាពលរដ្ឋ​ដែល​ស្ថិតក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ, ខណ្ឌមានជ័យ, ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល សូមកុំ​ព្រួយបារម្ភ​ពី​ការខ្វះ​វ៉ាក់សាំង Covid-19» នេះ​បើតាម​ការអំពាវនាវរ​បស់ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ។

    ទូរទស្សន៍​ជាតិ​កម្ពុជា បានឱ្យដឹងថា ឯកឧត្តម ឥត សារ៉ាត់ បាន​បញ្ជាក់ថា ជាគោលការណ៍ ប្រជាពលរដ្ឋ កម្មករ និ​យោ​ជិ​ក​ទាំងអស់ ដែលមាន​អាយុ​ចាប់ពី 18ឆ្នាំ​ឡើងទៅ និង​មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ចំនួន 4 ខាងលើ នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 គ្រប់ៗគ្នា ពី​រាជរដ្ឋាភិបាល។ ក៏ប៉ុន្តែ ដើម្បី​បង្ការ​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ ពលរដ្ឋ​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​ចាក់​មួយ​ភូមិម្ដងៗ ទៅតាម​ការកំណត់​រប​ស់​អាជ្ញាធរ​មូលដ្ឋាន។

    ពលរដ្ឋ​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យទៅ​ចាក់​វ៉ាក់សាំង​គឺ ត្រូវបំពេញ​ទម្រង់​ឯកសារ​របស់​ក្រសួងការពារជាតិ និង​ត្រូវមាន​អត្តសញ្ញាណប័ណ្ណ ឬ​សំបុត្រកំណើត ឬ​បណ្ណ ប.ស.ស។ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ, ខណ្ឌមានជ័យ, ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល សូមកុំ​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​ខ្វះ​វ៉ាក់សាំង ព្រោះថា រាជរដ្ឋាភិបាល បានផ្ដល់​វ៉ាក់សាំង​គ្រប់គ្រាន់​ដល់​ខណ្ឌ​ទាំងនេះ​រួចហើយ។

    យ៉ាងនេះ​ក្ដី ឯកឧត្តម បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​រួចហើយ ត្រូវ​រង់ចាំ​ដល់​វេន​របស់ខ្លួន និង​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យទាន់​ពេលវេលា ដែល​អាជ្ញាធរ​បានកំណត់។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 14,520​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 5,369​នាក់, អ្នកស្លាប់​សរុប 103នាក់ និង​កំពុង​ព្យាបាល​សរុប 9,040នាក់។ ក្នុង​រយៈពេល 24ម៉ោង​នៃ​ថ្ងៃទី1 ខែឧសភា នៅ​ទូទាំងប្រទេស មាន​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 730នាក់ និង​ស្លាប់​ថ្មី​ចំនួន 6នាក់៕

    ប្រភព៖ ទទក, ក្រសួង​សុខាភិបាល
    ដក​ស្រង់​៖ បុត្រា