Author: សឿន សំណាង

  • ហុងស៊ុយ ចង្ក្រាន​បាយ​ផ្ទះល្វែង ដើម្បី​សុខភាព និង​ទ្រព្យសម្បត្តិ

    ហុងស៊ុយ ចង្ក្រាន​បាយ​ផ្ទះល្វែង ដើម្បី​សុខភាព និង​ទ្រព្យសម្បត្តិ

    ក្រៅពី​បន្ទប់​ចង្ក្រាន​បាយ ជា​ចំណែក​មួយ​ដែលមាន​ភាព​សំខាន់បំផុត​នៅក្នុង​ផ្ទះ​ហើយ ក្នុង​ក្បួន​សាស្ត្រា​របស់​ហុងស៊ុយ  ផ្ទះបាយ​ថែមទាំង​ជា​បន្ទប់​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​មានទ្រព្យ​សម្បត្តិ និង​ជា​ចំណែក​សំខាន់​មួយ ក្នុង​ចំណែក​សំខាន់​ទាំង3 របស់​ផ្ទះ ដែល​នឹង​ជួយ​បង្កើន​ក្នុង​រឿង​សុខភាព ដល់​អ្នក​ស្នាក់អាស្រ័យ​ទៀតផង។ តែ​សម្រាប់​ផ្ទះល្វែង ដែលមាន​ទីកន្លែង​តូច មានកំណត់ និង​មិនដឹង​ជា​រៀបចំ​បន្ទប់​ផ្ទះបាយ​ដ៏​តូច​របស់ខ្លួន ឱ្យ​ត្រឹមត្រូវ​តាម​ក្បួន​សាស្ត្រា​របស់​ហុងស៊ុយ​យ៉ាងដូចម្តេច​បាន​នោះ ពេលនេះ​សូម​សាកល្បង​តាមដាន​អត្ថបទ​វិធី​រៀបចំ​ហុងស៊ុយ សម្រាប់​បន្ទប់​ចង្ក្រាន​បាយតូចៗដូចខាងក្រោម៖

    រៀបចំ​របស់របរ​ឱ្យមាន​របៀប

    ហុងស៊ុយ​ដែល​ល្អ ត្រូវតែមាន​ប្រឡោះ​ទុកឱ្យ​ថាមពល «ស៊ី» ហូរ​វិល​ចូល និង​ចេញ​បាន​ងាយស្រួល ដែល​មានន័យថា បន្ទប់​ចង្ក្រាន​បាយ​របស់​អ្នក ត្រូវតែមាន​របៀបរៀបរយ  គ្មាន​របស់របរ​ទុកចោលរ​កេករ​កាក រញ៉េរញ៉ៃ សូម្បីតែ​ក្នុង​ថតទូ​ដាក់​ឥ​វ៉ាន់ ក៏​ត្រូវតែ​រៀបចំ​ទុកដាក់​ឱ្យមាន​របៀប​ដែរ ដើម្បី​ងាយស្រួល​ក្នុងការ​ចាប់យក​របស់​របរ​មកប្រើប្រាស់ និង​បើ​អាចទៅរួច គួរ​យក​វត្ថុ​ដែល​មិនចាំបាច់​ក្នុង​កិច្ចការងារ​ចង្ក្រាន​ជើង​ឆ្នាំង​ចេញ​ឱ្យអស់ ដើម្បី​អំណោយផល​ដល់​ថាមពលល្អៗ ឲ្យ​វិល​ចូលមកក្នុង​បន្ទប់ចង្ក្រាន​បាយ​បាន​យ៉ាង​ពេញទំហឹង និង​ជួយ​បង្កើន​ឱ្យមាន​មាសប្រាក់ លុយកាក់​ហូរ​ចូល​ផ្ទះ​មិន​ជំពប់​អាក់​ទៀតផង។

    បន្ថែម​ពន្លឺ

    បន្ទប់​ចង្ក្រាន​បាយតូចៗ មិនសូវមាន​ភាព​ល្អិតល្អន់​ក្នុង​ការរៀបចំ​ហុងស៊ុយ​ប៉ុន្មាន​ទេ  តែ​អាច​ប្រើ​វិធី​តុបតែង​លម្អ​បាន ដោយ​ការ​លាប​ពណ៌​លម្អ នៅតាម​ទ្វារ​បន្ទប់​បាយ  ទូ​ថត​ដាក់​ឥ​វ៉ាន់​ផ្ទះបាយ និង​ទូ​ទុកដាក់​របស់​ប្រើប្រាស់ ឱ្យ​មើលទៅ​ឃើញ​រាង​ភ្លឺ​ឡើង ដូចជា​បើ​ពេលនេះ ទ្វារ​បន្ទប់​បាយ ទ្វារ​ទូថ​តរបស់​អ្នកមាន​ពណ៌​ស្ករ ក៏​រក​ពណ៌​ស ឬ​ពណ៌​ពងមាន់​មក​លាប​ជាន់​ពីលើ ចង់​ថែម​ក្បូរក្បាច់​រូប​ផ្កាតូចស្អាតៗក៏បាន​ដែរ  ដើម្បីឱ្យ​បន្ទប់​ចង្ក្រាន​បាយ មើលទៅ​ឃើញ​ភ្លឺស្វាង បើកទទួល​ថាមពល​វិជ្ជមាន​ឱ្យបាន​កាន់តែ​ច្រើនឡើង។

    ពណ៌​ពិតាន​បន្ទប់

    ក្នុង​បន្ទប់​ចង្ក្រាន​បាយ គួរ​មាន​ពន្លឺ​ដែល​គ្រប់គ្រាន់ ព្រោះ​ក្រៅពី​ជួយ​បង្កើន​ឱ្យ​ថាមពល «ស៊ី» ហូរ​វិល​ចូល​បាន​ងាយស្រួល​ហើយ នៅមាន​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​របស់​មនុស្ស​នៅក្នុង​ផ្ទះ​ទៀតផង ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​នឹង​ការបន្ថែម​ពន្លឺ​នៅក្នុង​ចង្ក្រាន​បាយ​ឱ្យបាន​ច្រើន ដូចជា​នៅលើ​ពិតាន​ដែលមាន​ពណ៌​ស​តែមួយគត់​នោះ បើ​អាចទៅរួច គួរតែ​លេង​លំដាប់​ពណ៌​ឱ្យ​មើលទៅ​ឃើញ​ប្លែក និង​គួរឱ្យ​ចាប់អារម្មណ៍​បន្តិច ដើម្បីឱ្យ​បន្ទប់​ចង្ក្រាន​បាយ មើលទៅ​មាន​ពណ៌ស្អាតៗច្រើនឡើង​បន្តិច​ហ្នឹងឯង។

    តុបតែង​បន្ថែម

    រៀបចំ​សម្រួល​ចំណុចធំៗរបស់​បន្ទប់់​ចង្ក្រាន​បាយ​រួចរាល់​ហើយ ឥលូវ​នេះ​ដល់ពេល​ត្រូវ​បន្ថែម​ក្បាច់ក្បូរ​បន្តិចបន្តួច ដើម្បីឱ្យ​បន្ទប់​ចង្ក្រាន​បាយ កាន់តែ​សម្បូរបែប​ឡើង ដោយ​ចាត់ចែង​រក​ថូផ្កាស្អាតៗមក​ដាក់​ក្នុង​បន្ទប់​ខ្លះ ឬក៏​រក​រូបភាព​បន្លែ ផ្លែឈើ​ណា ដែល​មើលទៅ​ស្រស់ស្អាត​មក​ព្យួរ​ជញ្ជាំង​ក៏បាន  ហើយ​និង ដែល​ខ្វះ​មិនបាន​សោះ​នោះ គឺ​កញ្ចក់…នៅក្នុង​បន្ទប់​ផ្ទះបាយ គួរ​មាន​កញ្ចក់តូច1ផ្ទាំង ដើម្បី​ឱ្យជួយ​នាំ​ចំណាំង​ពន្លឺ ចូលមកក្នុង​ចង្ក្រាន និង​ដែល​សំខាន់ គឺ​ជួយ​បញ្ចាំង​ថាមពល​មិនល្អ និង​កម្ដៅ​ពេល​ចម្អិន​អាហារ​ចេញពី​ចង្ក្រាន​ផងដែរ។

    ពេល​រៀបចំ​បន្ទប់​ចង្ក្រាន​បាយ តាម​គោលការណ៍​ហុងស៊ុយ​រួចហើយ ចូរ​កុំ​ភ្លេច​បោស​ជូត​សម្អាត​វា ឱ្យនៅ​ស្អាត មើលទៅ​ឃើញ​នៅ​ថ្មី​សន្លាង​ជានិច្ច​ផង ដើម្បី​ឱ្យមាន​អនាម័យ​ល្អ និង​ជា​សិរី​មង្គល​ដល់ផ្ទះ​សំបែង​ផង៕

  • បន្ត​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ

    បន្ត​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ

    រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល 7ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នៃ​ថ្ងៃទី8 ខែឧសភា ឆ្នាំ2021 ដល់​ថ្ងៃទី14 ខែឧសភា ឆ្នាំ2021។

    សេចក្ដីសម្រេច ចុះ​នៅ​ថ្ងៃទី6 ខែឧសភា ឆ្នាំ2021 ដោយ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង នេះ គឺ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​Covid-19 នៅក្នុង​សហគមន៍។

    ព័ត៌មាន​លម្អិត​បន្ថែម សូម​អាន​សេចក្ដីសម្រេច​ខាងក្រោម៖
    ប្រភព៖ រដ្ឋបាន​រាជធានី​ភ្នំពេញ
    ដកស្រង់​៖ បុត្រា

     

  • ក្រសួងសុខាភិបាល ចេញ​របាយការណ៍​ស្ដីពី​តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​COVID-19

    ក្រសួងសុខាភិបាល ចេញ​របាយការណ៍​ស្ដីពី​តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​COVID-19

    កាលពី​យប់​ថ្ងៃទី06 ខែឧសភា ឆ្នាំ2021 ក្រសួងសុខាភិបាល​កម្ពុ​ជា បានឱ្យដឹងថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ជូន​ប្រជាពលរដ្ឋ របស់​រដ្ឋាភិបាល​កម្ពុ​ជា សម្រេចបាន​ចំនួន 1,606,007នាក់។

    លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​ខាងលើនេះ ត្រូវបាន​រាប់​ចាប់ពី​ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2021 មកដល់​ថ្ងៃទី06 ខែឧសភា ឆ្នាំ2021។

    របាយការណ៍​របស់​ក្រសួងសុខាភិបាល ស្ដីពី​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង មាន​ដូចខាងក្រោម៖

    ប្រភព​៖ AKP
    ដកស្រង់​៖ បុត្រា

     

  • (វីដេអូ)-ជនជាតិ​ឥណ្ឌា​រាប់ពាន់នាក់ ចូលរួម​ធម្ម​យាត្រា នាំ​ទឹក​ពិសិដ្ឋ​ទៅ​ថ្វាយ​អាទិទេព ដើម្បី​ទប់ស្កាត់ Covid-19

    (វីដេអូ)-ជនជាតិ​ឥណ្ឌា​រាប់ពាន់នាក់ ចូលរួម​ធម្ម​យាត្រា នាំ​ទឹក​ពិសិដ្ឋ​ទៅ​ថ្វាយ​អាទិទេព ដើម្បី​ទប់ស្កាត់ Covid-19

    ស្ត្រី​ជនជាតិ​ឥណ្ឌា រាប់ពាន់នាក់ នៅក្នុង​រដ្ឋ Gufarat មិន​ខ្ចី​អើពើ​ចំពោះ​បំរាម​គោចរ​ទប់ស្កាត់ Covid-19 ដោយ​ពួកគេ​ប្រមូល​ផ្ដុំគ្នា បួងសួង ក្រោយពី​អ្នកបួស​មួយរូប បានប្រកាសថា Covid-19 កើតឡើង​ដោយសារ​ការ​ក្រោធ​ខឹង​របស់​អាទិទេព។

    ហ្វូងមនុស្ស​ដែល​ស្ទើរតែ​ទាំងអស់​ជា​ស្ត្រី បាន​ហែ​ក្បួន​តាម​ដងផ្លូវ ពី​ភូមិ Navapara ទៅកាន់​ប្រាសាទ Baliyadev នៅក្នុង​ភូមិ Nidradh ស្រុក Ahmedabad កាលពី​ថ្ងៃទី4 ខែឧសភា ដោយ​នៅលើ​ក្បាល​របស់​ពួកគេ មាន​ក្អម​ទឹក​ពិសិដ្ឋ សម្រាប់​ថ្វាយ​ចំពោះ​អាទិទេព។ ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​នេះ គេ​ហាក់​មិន​បានឃើញ​អ្នកណាម្នាក់​ពាក់​ម៉ាស ហើយក៏​មិនមាន​ការរក្សា​គម្លាត​សុវត្ថិភាព បើ​ទោះ រដ្ឋ Gujarat កំពុងមាន​ករណី​ឆ្លង Covid-19 យ៉ាងច្រើន​ក៏ដោយ។

    ធម្ម​យាត្រា​នេះ បានកើត​ឡើង បន្ទាប់ពី​អ្នកបួស​ម្នាក់​បានប្រកាស​ថា ការផ្ទុះ​ឡើង​របស់ Covid-19 គឺ ដោយសារ «ការ​ក្រោធ​ខឹង​របស់​ពួក​អាទិទេព»។ អ្នកបួស​នោះ​ក៏បាន​ស្នើ​ឱ្យមាន​ធម្ម​យាត្រា​មួយ​ដើម្បី​នាំយក​ទឹក​ពិសិដ្ឋ​ទៅ​ថ្វាយ​អាទិទេព ដើម្បី «ទប់ស្កាត់ Covid-19»។

    ប៉ូលិស​ជាន់ខ្ពស់​មួយរូប ឈ្មោះ Kamaria បានឱ្យដឹងថា មនុស្ស​ចំនួន 23នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​សារបាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ក្នុងនោះ​ក៏មាន​មេភូមិ​ផងដែរ។

    ប៉ូលិស​និយាយថា ក្រុម​អ្នកភូមិ​ប្រារព្ធ​ពិធី​នេះ​គឺ​ដោយសារ​មានជំនឿថា នឹង​គេច​ផុតពី​រោគរាតត្បាត។ សមត្ថកិច្ច និង​ក្រុម​អ្នកជំនាញ កំពុង​ចុះទៅ​កាន់​កន្លែងកើតហេតុ ដើម្បី​ពន្យល់​អ្នកភូមិ​អំពី​ហានិភ័យ​ទាក់ទង​នឹង​ការប្រមូល​ផ្ដុំគ្នា​នេះ។

    រដ្ឋ Gujarat កំពុង​អនុវត្ត​វិធានការ​ទប់ស្កាត់ Covid-19 ក្នុងនោះ ក៏មាន​ការហាម​ទីតាំង​សាសនា ធ្វើ​សកម្មភាព ខណៈដែល​បំរាម​គោចរ​នៅពេល​យប់​ក៏ត្រូវ​បានដាក់​ចេញ​នៅ​តំបន់​មួយចំនួន​ផងដែរ។

    យ៉ាងនេះ​ក្ដី ពលរដ្ឋ​ឥណ្ឌា​ភាគច្រើន ហាក់​មិនទាន់​យល់ដឹង​អំពី​ហានិភ័យ​នៃ​ការប្រមូល​ផ្ដុំគ្នា នៅ​ចំពោះមុខ​វិបត្តិ Covid-19។ មនុស្ស​រាប់លាន​នាក់ នៅតែ​ចូលរួម​ធ្វើ​ធម្ម​យាត្រា យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ឬ​ទៅ​បោះឆ្នោត ដោយ​វិធានការ​ទប់ស្កាត់​ការឆ្លង​វីរុស​ជាច្រើន​មិនត្រូវ​បាន​អើពើ។

    ប្រទេស​ឥណ្ឌា បច្ចុប្បន្ន គឺជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី​សហរដ្ឋ​អាមេរិក ដោយមាន​អ្នក​វិជ្ជមាន​សរុប 21,077,410នាក់ ក្នុងនោះ​មាន 230,168នាក់​បាន​ស្លាប់, 17,280,844​នាក់​បានជា​សះស្បើយ និង 3,566,398នាក់​កំពុង​ព្យាបាល៕

    ប្រភព​៖ ANI, Global Times, Indian Express
    ប្រែសម្រួល​៖ បុត្រា

  • ហុងស៊ុយ​ជណ្តើរ​ផ្ទះ

    ហុងស៊ុយ​ជណ្តើរ​ផ្ទះ

    នៅក្នុង​ការសាងសង់ ឬ​តុបតែង​ផ្ទះ រឿង​ហុងស៊ុយ គឺជា​រឿង​មួយ ដែល​ម្ចាស់ផ្ទះ ត្រូវតែ​យកចិត្តទុកដាក់ ដើម្បី​ជួយ​បង្កើន ឱ្យ​ម្ចាស់ផ្ទះ និង​អ្នកស្នាក់នៅ​ទាំងអស់ មាន​អារម្មណ៍​សប្បាយ​កាយ សប្បាយចិត្ត ដែល​បានរស់នៅ​ក្នុងផ្ទះ​ដែល​ត្រឹមត្រូវ​តាម​គាល​ការ​ណ៏​របស់​ហុងស៊ុយ និង​បង្កើន​ថាមពល​បូក ឱ្យ​មានជោគ​សំណាង មាន​លាភសក្ការៈ និង​មាន​ភាព​គង់វង្ស  មាន​សេចក្តីសុខ​ក្នុងការ​ស្នាក់អាស្រ័យ​នៅក្នុង​ផ្ទះ​របស់​ខ្លួនឯង។ ខាងក្រោម​នេះ គឺជា​រឿង​របស់​ហុងស៊ុយ​ជណ្តើរ​ផ្ទះ ដែលមាន​សេចក្ដីលម្អិត​ដូចតទៅ៖

    1.ជណ្តើរ​ផ្ទះ​មិនគួរ​នៅ​ចំ​នឹង​ទ្វា​ចូល​ផ្ទះ​ឡើយ ព្រោះ​នឹងធ្វើ​ឱ្យ​ក្រសែ​ថាមពល «ឈី» ហូរ​ចូល​ផ្ទះ​មិនបាន​ស្រួល ធ្វើឱ្យ​ទុកដាក់​លុយកាក់​មិន​គង់។ ក្រៅពីនេះ ថែមទាំង​ជាការ​បើកទទួល​ថាមពល​មិនល្អ ឱ្យ​ហូរ​ឡើងទៅ​ដល់​ជាន់​លើ​របស់​ផ្ទះ ដែលជា​បន្ទប់​គេង ធ្វើឱ្យ​រសាប់រសល់ សម្រាន្ត​លក់​មិន​ស្រួល នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទៀតផង  ។

    2.ហាម​ធ្វើ​ជណ្តើរ​ផ្ទះ​ឱ្យមាន​ផ្លូវ​ឡើង 2ខាង ព្រោះ​វា​នឹងមាន​លក្ខណៈ​ដូច​ប​ច្ឆា​សម្រាប់​ដុត​ខ្មោច ដែលមាន​ផ្លូវ​ឡើង និង​ចុះ​ទល់មុខ​គ្នា គឺជា​លក្ខណៈ​របស់​ជណ្តើ​រ ដែល​អពមង្គល​ខ្លាំងណាស់។

    3.កុំឱ្យ​ជណ្តើរ​ស្ថិតនៅ​ចំ​កណ្តាល​ផ្ទះ ព្រោះ​ចំណុចកណ្តាល​ផ្ទះ គឺជា​បេះដូង​របស់​ផ្ទះ…ការ​សាង​ជណ្តើរ​នៅត្រង់ចំណុច​នេះ នឹង​ធ្វើឱ្យ​ម្ចាស់ផ្ទះ នៅផ្ទះ​មិនបាន​យូរ  និង​អាចធ្វើ​ឱ្យមាន​ជំងឺ​ពាក់ព័ន្ធ​នឹង​បេះដូង​ទៀតផង។

    4.ការ​បែរ​ទីតាំង​ផ្លូវ​ឡើងជណ្តើរ សូម​ណែនាំ​ឱ្យ​បែរ​ទៅ​ទិស​បញ្ឆិត មិនគួរ​បែរ​ទៅ​ចំ​ទិសគោលៗ ដូចជា លិច កើត ជើង ត្បូង​ឡើយ  ព្រោះ​អាច​នឹង​សង្កត់ពីលើ​ដួង​រាសី​ស្នេហា​របស់​សមាជិក​នៅក្នុង​ផ្ទះ បិទបាំង​ថាមពល​បូកផ្សេងៗ  តែបើ​បែរ​ទៅ​ទិសបញ្ឆិតៗ ដូចជា ខាងកើត​ឆៀង​ខាងជើង ជាដើម នឹង​ជួយ​បើកផ្លូវ​កាន់តែខ្លាំង​ឡើង។

    5.ចំណោត​របស់​ជណ្តើរ ត្រូវ​ស្ថិតនៅក្នុង​កម្រិត​ប្រមាណ​ជា 45អង្សា មិន​ចោត​ពេក ឬ​ចង្អៀត​ជ្រុល​ពេក  ទាំងអស់នេះ ក្រៅពី​ជួយ​បង្កើន ឱ្យ​ថាមពល «ឈី» ហូរ​ចូល​បាន​សព្វ​ទីកន្លែង​ហើយ នៅ​អាច​ដើរ​ឡើង​បាន​ស្រួល មិន​ប្រថុយ​នឹង​ឧប្បត្តិហេតុ​ទៀតផង។

    6.ចំនួន​កាំ​របស់​ជណ្តើរ ដែល​ត្រឹមត្រូវ​គួរតែ​ជា​ចំនួនសេស  ព្រោះ​គេ​មានជំនឿថា លេខ​សេស គឺជា​លេខ​របស់​មនុ​ស្សរស់ ឯ​លេខ​គូ មានន័យថា មនុស្ស​ស្លាប់។

    7.ទីតាំង​ដ៏​ត្រឹមត្រូវ​របស់​ជណ្តើរ គួរ​នៅ​ផ្ទុយ​នឹង​មាត់ទ្វារ​ចូល​ផ្ទះ  ដូចជា បើ​ទ្វារផ្ទះ​នៅ​ខាងឆ្វេង ជណ្តើរ​គួរ​នៅ​ខាងស្តាំ ដោយ​មិនគួរ​បែរ​ផ្លូវ​ឡើងជណ្តើរ ទៅ​ទល់មុខ​នឹង​ទ្វារផ្ទះចំៗឡើយ។

    8.ជណ្តើរ​ផ្ទះ មិនគួរ​នៅ​ខាងក្រៅ​ផ្ទះ​ឡើយ  ទោះជា​មើលទៅ​ឃើញ​ស្អាត​យ៉ាងណាក៏ដោយ ព្រោះ គឺជា​ជណ្តើរ​ចោរ ដែល​ក្រៅពី​ធ្វើឱ្យ​អ្នក​ស្នាក់អាស្រ័យ បាត់បង់​លុយកាក់​ហើយ ថែមទាំង​ជាការ​បើកផ្លូវ​ឱ្យ​ជនពាល ចូលក្នុង​ផ្ទះ​បាន​កាន់តែ​ងាយស្រួល​ទៀតផង។

    9.សម្រាប់​ផ្ទះ​ម៉ូដ​បុរាណ ឬ​ផ្ទះ​លើក​ខ្ពស់​ពី​ដី បើ​មាន​ជណ្តើរ​ចេញមក​ខាងក្រៅ​ផ្ទះ សូម​ណែនាំ​ឱ្យធ្វើ​ជណ្តើរ​នៅ​ខាងឆ្វេង ឬ​ខាងស្តាំ​របស់​ផ្ទះ នឹងធ្វើ​ឱ្យ​សន្សំ​លុយ បាន​គង់វង្ស​ល្អ។

    នៅពេល​បានដឹង​ពី​ហុងស៊ុយ​ជណ្តើរ​ផ្ទះ​ហើយ សូមកុំ​ភ្លេច​យកទៅ​ធ្វើការ​ពិចារណា​ក្នុងការ​តុបតែង​ផ្ទះ​របស់​លោកអ្នក​ឱ្យបាន​ត្រឹមត្រូវ​តាម​គោលការណ៍​ហុងស៊ុយ ដើម្បី​បង្កើន​យីអ៊ុន និង​បង្កើន​ថាមពល​បូក​ឱ្យ​រឹតតែ​ល្អ​ឡើង។

  • ក្រសួង​អប់រំ ដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​សិក្សា​តាម​អន​ឡាញ សម្រាប់​សិ​ក្ស​ចាប់​ថ្នាក់​ទី1 ដល់ទី12

    ក្រសួង​អប់រំ ដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​សិក្សា​តាម​អន​ឡាញ សម្រាប់​សិ​ក្ស​ចាប់​ថ្នាក់​ទី1 ដល់ទី12

    កម្មវិធី​ទូរ​សព្ទ​ដៃ​ឆ្លាត​វៃ ដែលមាន​ឈ្មោះថា «កម្មវិធី​ស្វ័យ​សិក្សា MoEYS E-Leaming» នឹងត្រូវ​បាន ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ថ្ងៃស្អែក​នេះ​តទៅ សម្រាប់​ឱ្យ​សិស្សានុសិស្ស សិក្សា​តាម​ប្រពន្ធ​អ៊ី​ន​ធើ​ណិ​ត។

    ក្រសួង​អប់រំ សហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ផលិតកម្ម​វិធី​ទូរ​សព្ទ​ដៃ​ឆ្លាត​វៃ​មួយ​ដែលមាន​ឈ្មោះថា «កម្មវិធី​ស្វ័យ​សិក្សា MoEYS E-Leaming» ដែល​បង្កើតឡើង​ដោយយោង​ទៅតាម​ចក្ខុវិស័យ​របស់​ក្រសួង​អប់រំ និង​បរិបទ​ឧស្សាហ​កម្ម 4.0 ព្រមទាំង​ជា ការឆ្លើយតប​ទៅនឹង​បញ្ហា​Covid-19ផងដែរ។ នេះ​បើតាម​សេចក្ដី​ជំរាបជូន ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី-ខេត្ត របស់​រដ្ឋមន្ត្រី​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ  ហង់ជួន ណា​រ៉ុ​ន ចុះ​ថ្ងៃទី5 ខែឧសភា ឆ្នាំ2021។

    ក្រសួង​អប់រំ បានឱ្យដឹងថា «កម្មវិធី​ស្វ័យ​សិក្សា MoEYS E-Leaming» សម្រាប់​សិស្សានុសិស្ស ចាប់ពី​ថ្នាក់​ទី1 ដល់ទី12 នេះ មាន​សៀវភៅ​សិក្សា​អេឡិចត្រូនិក សៀវភៅ​សិក្សា​គោល សៀវភៅ​កំណែ​អំ​ណាន​ទូទៅ ចំណេះដឹង​សកល រឿងនិទាន កម្មវិធី​តេស្ត​សមត្ថភាព​សិស្ស និង​មាន​ទំព័រ​ព័ត៌មាន​អប់រំ​ផងដែរ។

    «កម្មវិធី​ស្វ័យ​សិក្សា MoEYS E-Leaming» នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ថ្ងៃទី7 ខែឧសភា ឆ្នាំ2021។ អាណា​ព្យាបាល​ សិស្សានុសិស្ស និង​សាធារណជន អាច​ទាញយក​កម្មវិធី​ MoEYS E-Leaming ដោយ​គ្រាន់តែ​ចូលទៅ​កាន់​គេហទំព័រ http://onelink.to/moeysapp , កម្មវិធី PlayStore, AppStore និង App Gallery នៅលើ​ទូរស័ព្ទដៃ៕

    ប្រភព​៖ ក្រសួង​អប់រំ
    ដកស្រង់​៖ បុត្រា

  • អាមេរិក​គាំទ្រ​ដល់​ការលុបបំបាត់ «កម្មសិទ្ធិបញ្ញា​សម្រាប់​វ៉ាក់សាំង COVID-19»

    អាមេរិក​គាំទ្រ​ដល់​ការលុបបំបាត់ «កម្មសិទ្ធិបញ្ញា​សម្រាប់​វ៉ាក់សាំង COVID-19»

    រដ្ឋបាល​របស់លោក Joe Biden គាំទ្រ​ដល់​ការដក​ការ​គាំពារ​ចំពោះ​កម្មសិទ្ធិបញ្ញា​ទាក់ទិន​នឹង​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ដែល​នេះ​នាំមក​នូវ​ក្ដីសង្ឃឹម​ថ្មី​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​ដែល​កំពុងមាន​ការលំបាក​ក្នុង​ការបញ្ជាទិញ​វ៉ាក់សាំង​នេះ។

    ប្រទេស​ឥណ្ឌា ជាទី​ដែល Covid-19 កំពុង​រាតត្បាត​ខ្លាំង បាន​នាំមុខ​ក្នុងការ​តស៊ូ​មតិ​នៅឯ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​ជាច្រើន​ផ្សេងទៀត អាច​ផលិត​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 បាន​ច្រើនជាង​មុន ប៉ុន្តែ​មតិ​នេះ​ត្រូវបាន​ជំទាស់​ដោយ​បណ្ដា​ក្រុមហ៊ុន​ផលិត​ឱសថធំ។

    លោក​ស្រី​ Katherine Tai អ្នកតំណាង​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក កាលពី​ថ្ងៃទី5 ខែឧសភា ឆ្នាំ2021 បានប្រកាសថា បើទោះជា​សិទ្ធិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​គឺជា​រឿង​សំខាន់​សម្រាប់​ក្រុមហ៊ុន​នានា ប៉ុន្តែ ទីក្រុង​វ៉ា​ស៊ី​ង​តោន «គាំទ្រ​ដល់​ការដក​វិធាន​ការការពារ​កម្មសិទ្ធិ​បញ្ញា សម្រាប់​វ៉ាក់សាំង​Covid-19» ដើម្បី​លុបបំបាត់​មហា​រោគរាត​ត្បាត​​នេះ។

    លោកស្រី Katherine Tai ថ្លែងថា៖ «នេះ​គឺជា​វិបត្តិ​សុខាភិបាល​សកល ហើយ​ភាពមិនធម្មតា​របស់ Covid-19 ទាមទារ​ឱ្យមាន​វិធានការ​ពិសេស»។ ការលើកឡើង​នេះ កើតមាន​បន្ទាប់ពី​លោកស្រី Katherine Tai បាន​ជួបពិភាក្សា​លើ​បញ្ហា​នេះ​ជាមួយ​មេដឹកនាំ​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំងធំៗទាំងអស់​របស់​សហរ​ដ្ឋ​អាមេរិក រួមមាន ​ក្រុម​ហ៊ុន​ Pfizer, Moderna និង Johnson & Johnson។

    លោក​ស្រី​ Katherine Tai និង​លោក​ Joe Biden

    ប្រធានាធិបតី Joe Biden កំពុង​ទទួលរង​សម្ពាធ​យ៉ាង​ធ្ងន់ នៅពេល​ភាគី​ជាច្រើន បាន និង​កំពុង​ជំ​រុញឱ្យ​បោះបង់​វិធានការ​ការពារ​ចំពោះ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ពិសេស​គឺ​នៅក្នុង​គ្រា​ដែល​សហរដ្ឋអាមេរិក ត្រូវបាន​គេ​រិះគន់ថា រក្សាទុក​វ៉ាក់សាំង​Covid-19 ច្រើន​ហួសហេតុ ខណៈដែល​បណ្ដា​ប្រទេស​ក្រីក្រ កំពុង​ជួប​បញ្ហា​អាសន្ន​ធំ។

    លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ហៅ​ការសម្រេច​របស់​សហរ​ដ្ឋ​អាមេរិក​ថា​ជា «ប្រវត្តិសាស្ត្រ» និង​ជា​របត់​ថ្មី​ដ៏​ធំ​សម្បើម នៅក្នុង​ការប្រយុទ្ធប្រឆាំង​វីរុស​Covid-19»។ ប៉ុន្តែ លោកស្រី Katherine Tai បាន​ព្រមាន​ថា ការចរចា «នឹងត្រូវ​ចំណាយពេល​យូរ ដោយសារតែ WTO ចេញ​សេចក្ដីសម្រេច​ដោយយោង​ទៅតាម​ការព្រមព្រៀង»។

    ពិភពលោក បច្ចុប្បន្ន មាន​អ្នកជំងឺ​Covid-19 ជាង 3.2លាន​នាក់​បាន​ស្លាប់ ប៉ុន្តែ ប្រទេស​អ្នកមាន​ជាច្រើន បានទទួល​ជោគជ័យ​មួយចំនួនធំ​នៅក្នុង​ការទប់ស្កាត់​វីរុស​Covid-19 ដោយសារ​យុទ្ធនា​ការចាក់​វ៉ាក់សាំង។ គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​បាន​ចាក់​វ៉ាក់សាំង​ជាង 1.2ពាន់​លាន​ដូ​ស ប៉ុន្តែ ការចាក់​វ៉ាក់សាំង​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ​បំផុត មាន​មិន​ដល់ 1% នៅឡើយ។

    សហរដ្ឋអាមេរិក មិន​ខ្វះ​វ៉ាក់សាំង​ដូច​ឥណ្ឌា និង​បណ្ដា​ប្រទេស​ដទៃទៀត​នោះទេ។ ពួកគេ​នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន 300លាន​ដូ​ស​បន្ថែមទៀត​នាពេល​ដ៏​ខ្លី​ខាងមុខ ដែល​តួលេខ​នៃ​វ៉ាក់សាំង​នេះ ប្រហាក់ប្រហែល​នឹង​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​នេះ។

    ចំណែក​នៅ​ប្រទេស​ឥណ្ឌា​វិញ បញ្ហា​ខ្វះ​វ៉ាក់សាំង កំពុងតែ​រារាំង​កិច្ចប្រឹងប្រែង​ក្នុងការ​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​នេះ។ កាលពី​សប្ដាហ៍​មុន រដ្ឋាភិបាល​ឥណ្ឌា បានប្រកាស​អនុញ្ញាតឱ្យ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 18ឆ្នាំ​ឡើងទៅ ប៉ុន្តែ មាន​រដ្ឋ​ចំនួន12 ប៉ុណ្ណោះ នៅក្នុង​ចំណោម​រដ្ឋ និង​ដែនដី​ទាំង 36របស់​ឥណ្ឌា មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដើម្បី​ចាក់៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ស្ដីពី «លិខិតអនុញ្ញាត​ធ្វើដំណើរ​ឆ្លងកាត់ «តំបន់​ក្រហម» និង «តំបន់​លឿងទុំ»

    រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ស្ដីពី «លិខិតអនុញ្ញាត​ធ្វើដំណើរ​ឆ្លងកាត់ «តំបន់​ក្រហម» និង «តំបន់​លឿងទុំ»

    «លិខិតអនុញ្ញាត​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​ក្រហម និង​លឿងទុំ បាន​អស់​សុពលភាព​ចាប់ពី​ថ្ងៃទី6 ខែឧសភា ឆ្នាំ​2021» នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី5 ខែឧសភា ឆ្នាំ2021។

    រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ម្ចាស់​ក្រុមហ៊ុន​ដែល​ត្រូវការ​ចាំបាច់​នូវ​លិខិត​ធ្វើដំណើរ​ឆ្លងកាត់ «តំបន់​ក្រហម» និង «តំបន់​លឿងទុំ» អាចដាក់​ពាក្យស្នើសុំ នៅ​រដ្ឋបាល​រាជធានី និង​រដ្ឋបាល​ខណ្ឌ​ទាំង14 ចាប់ពី​ថ្ង​ស​ទី6 ខែឧសភា ឆ្នាំ2021 តទៅ។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​មាននៅ​ខាងក្រោម៖
    ប្រភព៖ រដ្ឋបាល​រាជធានី​ភ្នំ​ពេញ
    ដកស្រង់​៖ បុត្រា

  • វ៉ាក់សាំង​Covid-19 នៅ​កម្ពុជា! តួលេខ​ពលរដ្ឋ​ដែល​បាន​ចាក់​រួចរាល់ នឹង​កើន​ដល់​ជាង2លាន​នាក់ បន្ទាប់ពី​បញ្ចប់​ការចាក់​នៅ​តំបន់​ក្រហម

    វ៉ាក់សាំង​Covid-19 នៅ​កម្ពុជា! តួលេខ​ពលរដ្ឋ​ដែល​បាន​ចាក់​រួចរាល់ នឹង​កើន​ដល់​ជាង2លាន​នាក់ បន្ទាប់ពី​បញ្ចប់​ការចាក់​នៅ​តំបន់​ក្រហម

    នៅពេលដែល​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 នៅ​តំបន់​ក្រហម​ត្រូវ​បានបញ្ចប់ នោះ​តួលេខ​នៃ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ នឹង​កើន​ដល់​ជាង 2លាន​នាក់ ស្មើនឹង​ជាង 20% នៃ​ពលរដ្ឋ​ចំនួន 10លាន​នាក់​ដែល​គ្រោង​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង។

    នៅ​ព្រឹក​ថ្ងៃទី05 ខែឧសភា ឆ្នាំ2021 សម្ដេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​មានប្រសាសន៍ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅក្នុង​តំបន់​ក្រហម ប្រព្រឹត្តិទៅបាន​យ៉ាង​ល្អប្រសើរ និង​នាំឱ្យ​តួលេខ​អ្នក​បានទទួល​ការចាក់​វ៉ាក់សាំង​សរុប​ទូទាំងប្រទេស កើនឡើង​ដល់​ជាង 1.5លាន​នាក់ ស្មើនឹង​ជាង 15% នៃ​ចំនួន​ប្រជាជន​ដែល​ត្រូវ​ចាក់។

    កន្លងមក វ៉ាក់សាំង​ចំនួន 9សែន​ដូ​ស​ហើយ​ដែល​ត្រូវបាន​គណៈកម្មការ​ចំពោះ​កិច្ច បញ្ជូនទៅឱ្យ​កងទ័ព ដើម្បី​ចូលរួម​ជួយ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​នៅក្នុង​តំបន់​ក្រហម។ ក៏ប៉ុន្តែ ពលរដ្ឋ​ដែល​ត្រូវ​ការចាក់​វ៉ាក់សាំង​គឺមាន​រហូត​ទៅដល់​ជាង 5.2សែន​នាក់ ខណៈ​រដ្ឋាភិបាល​មានតែ 9សែន​ដូ​ស​ប៉ុណ្ណោះ ក្នុងនោះ​ពលរដ្ឋ​ម្នាក់​ត្រូវ​ចាក់​ពីរ​ដូ​ស។

    យ៉ាងនេះ​ក្ដី ប្រមុខ​រដ្ឋាភិបាល បាន​ថ្លែង​បញ្ជាក់ថា នៅក្នុង​តំបន់​ក្រហម​នេះ ដរាបណា​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​មិនទាន់​គ្រប់គ្រាន់ រដ្ឋាភិបាល​នឹងមិន​ដើរចេញ​ចោល​ប្រជា​ជនណាម្នាក់​នោះទេ។ នេះ​បើតាម​ប្រសាសន៍​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន៕

    ប្រភព​៖ AKP
    ដកស្រង់​៖ បុត្រា

  • វ៉ាក់សាំង​បង្ការ​ Covid-19 ចំនួន​ 1​លាន​​​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា នៅ​សប្ដាហ៍​ក្រោយ

    វ៉ាក់សាំង​បង្ការ​ Covid-19 ចំនួន​ 1​លាន​​​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា នៅ​សប្ដាហ៍​ក្រោយ

    យុទ្ធ​ការចាក់​វ៉ាក់សាំង​ទូទាំង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នឹង​ត្រូវបាន​ដំណើរការ បន្ទាប់ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅក្នុង​តំបន់​ក្រហម ដើម្បី​កាត់ផ្ដាច់​ជំងឺ​Covid-19 នៅពេល​វ៉ាក់សាំង 1លាន​ដូ​ស​មកដល់​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ។

    នៅ​ព្រឹក​ថ្ងៃទី5 ខែឧសភា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​ក្នុង​តំបន់​ក្រហម​រួចហើយ រាជរដ្ឋាភិបាល​នឹង​បន្ត​ចាក់​វ៉ាក់សាំង នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ក្នុង​បំណង​ឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​នេះ បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្នា។

    វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 1លាន​ដូ​ស​ទៀត​នឹង​មកដល់​កម្ពុជា នាពេល​ដ៏​ខ្លី​ខាងមុខ ក្នុងនោះ​មាន 5សែន​ដូ​ស នឹង​មកដល់​នៅ​ថ្ងៃទី11 ខែឧសភា និង 5សែន​ដូ​ស​ទៀត មកដល់​នៅ​ថ្ងៃទី15 ខែឧសភា ដូច្នេះ កម្ពុជា នឹងមិន​ខ្វះ​វ៉ាក់សាំង​នោះទេ។ នេះ​បើតាម​ការ​ឱ្យដឹងពី​ប្រមុខ​រដ្ឋាភិបាល។

    សម្ដេច ហ៊ុន សែន តាមរយៈ​សារ​ជា​សំឡេង បាន​មានប្រសាសន៍ថា៖ «យើង​នឹង​ស្រោច​ទីក្រុង​ភ្នំពេញ​និង​ខេត្តកណ្តាល​ឱ្យ​ជន់​លិច​ទៅដោយ​វ៉ាក់សាំង ប៉ុន្តែ​ដំបូង​នេះ យើង​ធ្វើ​នៅក្នុង​ក្របខណ្ឌ​តំបន់​ក្រហម ហើយ​គ្រាន់តែ​តំបន់​ក្រហម​នេះ ប្រជាជនមាន​ទៅដល់​ជាង 50ម៉ឺន​នាក់​រួចទៅហើយ ដូច្នេះ​វា​មិនយូរប៉ុន្មាន ទីក្រុង​ភ្នំពេញ និង​ខេត្តកណ្តាល នឹង​ជោគជាំ​ទៅដោយ​វ៉ាក់សាំង ដែល​យើង​ខិតខំ​រក ហើយ​ដែលមាន​ការជួយ​ផ្គត់ផ្គង់​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដែលជា​ប្រភព​ផ្តល់ជំនួយ​មិនចេះ​រីងស្ងួត​សម្រាប់​យើង ទាំង​ជំនួយ​ក៏ដូចជា​ការផ្គត់ផ្គង់​តាមរយៈ​ការទិញ​របស់​យើង​ផងដែរ»៕

    ប្រភព៖ ទទក
    ដកស្រង់​៖ បុត្រា