Author: សឿន សំណាង

  • កវីនិពន្ធ​ប្រឆាំង​កងទ័ព​ភូមា ត្រូវគេ​សម្លាប់ និង​យក​គ្រឿងក្នុង​ទៅ​បាត់!

    កវីនិពន្ធ​ប្រឆាំង​កងទ័ព​ភូមា ត្រូវគេ​សម្លាប់ និង​យក​គ្រឿងក្នុង​ទៅ​បាត់!

    ភរិយា​របស់លោក Khet Thi ដែលជា​អ្នកនិពន្ធ​ប្រឆាំងនឹង​របប​យោធា​ភូមា បាន​អះអាងថា សាកសព​ស្វាមី​របស់​អ្នកស្រី ត្រូវគេ​យក​គ្រឿងក្នុង នៅពេល​ត្រូវ​កងទ័ព​ចាប់ឃុំខ្លួន។

    ភរិយា​របស់ Khet Thi បានឱ្យដឹងថា ស្វាមី​របស់​អ្នកស្រី ត្រូវ​ក្រុម​ទាហាន និង​ប៉ូលិស ចាប់ខ្លួន​ទៅ​សួរនាំ​កាលពី​ថ្ងៃទី8 ខែឧសភា 2021។ Khet Thi អាយុ 45ឆ្នាំ គឺជា​ម្ចាស់​កំណាព្យ​មួយ​ដែលមាន​ចំណងជើង​ថា «ពួកគេ​បាញ់​តម្រង់​ក្បាល ប៉ុន្តែ​មិនបាន​ដឹងថា បដិវត្ត​ស្ថិតនៅក្នុង​បេះដូង»។

    «ខ្ញុំ​ត្រូវគេ​សួរនាំ។ គាត់ (ស្វាមី) ក៏​ដូច្នេះ។ ពួកគេ​បាន​ប្រាប់ថា គាត់​កំពុង​នៅក្នុង​អង្គភាព​សួរចម្លើយ ប៉ុន្តែ គាត់​មិនបាន​វិល​ត្រលប់​ជា​រៀងរហូត គឺ​នៅសល់តែ​សាកសព​ប៉ុណ្ណោះ» អ្នកស្រី Chaw Su ភរិយា​របស់លោក Khet Thi បានឱ្យដឹង​កាលពី​ម្សិលមិញ (09 ឧសភា)។

    គ្រួសារ​របស់​ជនរងគ្រោះ រស់នៅក្នុង​ទីរួមស្រុក​មួយ​នៃ​តំបន់ Sagaing ភាគ​កណ្ដាល​ប្រទេស ដែលជា​តំបន់​ប្រឆាំង​យ៉ាងខ្លាំង​ក្លាយ​ទៅនឹង​រដ្ឋប្រហារ​របស់​កងទ័ព​ភូមា។

    «ពួកគេ​បាន​ហៅ​ទូរស័ព្ទ​មក​ខ្ញុំ​នៅពេល​ព្រឹក ប្រាប់​ថាឱ្យ​ទៅកាន់​មន្ទីរពេទ្យ​នៅ Monywa ដើម្បី​ជួប​គាត់។ ខ្ញុំ​គិតថា គាត់​គ្រាន់តែ​ត្រូវ​បាក់ដៃ ឬ​ប្រហាក់ប្រហែល​នេះ។ ប៉ុន្តែ នៅពេល​ទៅដល់ រាងកាយ​របស់គាត់​បា​ន​ស្ថិតនៅក្នុង​សាល​ដាក់​សាកសព ហើយ​គ្រឿងក្នុង​របស់គាត់​ក៏ត្រូវ​គេ​យកទៅ​បាត់» អ្នកស្រី Chaw Su បាន​និយាយ​ទាំង​ទឹកភ្នែក នៅ​ទីកន្លែង​ដែលមាន​ចម្ងាយ​ប្រហែល 100គម ពី​ផ្ទះ។

    ខាង​មន្ទីរពេទ្យ បាន​ប្រាប់​អ្នកស្រី Chaw Su ថា Khet Thi មាន​ជំងឺ​បេះដូង ប៉ុន្តែ អ្នកស្រី មិន​ខ្ចី​អាន​លិខិតបញ្ជាក់​មរណភាព​នេះ​ទេ ព្រោះ​យល់ថា នេះ​មិនមែនជា​ការពិត។ អ្នកស្រី ឱ្យដឹងថា កងទ័ព​ប្រុង​យក​សាកសព Khet Thi ទៅ​កប់ ប៉ុន្តែ អ្នកស្រី​បាន​សុំ​យក​សព​ត្រលប់មក​ផ្ទះ។ អ្នកស្រី​មិនបាន​និយាយ​អំពី​វិធី​ដែល​ស្វាមី​របស់ខ្លួន​ត្រូវគេ​យក​គ្រឿងក្នុង​នោះទេ។

    លោក Khet Thi

    អ្នកនាំពាក្យ​របស់​កង​ទ័ព​មី​យ៉ាន​ម៉ា មិនបាន​ឆ្លើយតប​នឹង​ការ​ស្នើឱ្យ​បកស្រាយ​អំពី​ការស្លាប់​របស់លោក Khet Thi ជា​កវី​ទី​បី ដែល​បាន​ស្លាប់​នៅក្នុង​បាតុកម្ម​ដែល​អូសបន្លាយ​ពេល​ជាង​បី​ខែ​កន្លងមកនេះ។

    Khet Thi គឺជា​មិត្ត​របស់ K Za Win អាយុ 39ឆ្នាំ ជា​អ្នកនិពន្ធ​មួយរូប ដែល​ត្រូវបាន​បាញ់សម្លាប់​ក្នុង​បាតុកម្ម​នៅ Monywa កាលពីដើម​ខែមីនា។ សកម្មជន​សង្គម វប្បធម៌ សិល្បៈ ជាច្រើនរូប ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​មានមតិ​ប្រឆាំងនឹង​កងទ័ព​ភូមា។

    Khet Thi ធ្លាប់ជា​វិស្វករ​ម្នាក់ មុនពេល​បាន​ឈប់​ធ្វើការ​កាលពី​ឆ្នាំ2012 ដើម្បី​ផ្ដោតលើ​ការសរសេរ​កំណាព្យ និង​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​របរ​ធ្វើកា​រ៉ែ​ម និង​នំ​ផ្អែម។

    «ខ្ញុំ​មិន​ចង់​ធ្វើជា​អ្នកក្លាហាន មិន​ចង់​ក្លាយជា​អ្នកស្លាប់​ដោយសារ​ជំនឿ មិន​ចង់​ក្លាយជា​មនុស្ស​កំសាក មិន​ចង់​ក្លាយជា​មនុស្ស​ឆោតល្ងង់» លោក Khet Thi សរសេរ​ក្រោយ​រដ្ឋប្រហារ​បាន​ពីរ​សប្ដាហ៍។ «ខ្ញុំ​មិន​ចង់​គាំទ្រ​អយុត្តិធម៌។ បើសិនជា​នៅសល់​មួយ​នាទី​ដើម្បី​រស់ ខ្ញុំ​ចង់​រក្សា​មនសិការ​ឱ្យនៅ​ស្អាតស្អំ​រហូតដល់​ទីបំផុត»។

    ក្រុមអ្នកតាមដាន​ក្នុងស្រុក បានឱ្យដឹងថា ជន​ស៊ីវិល​ប្រមាណ 776នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​បាតុកម្ម​ប្រឆាំង​កងទ័ព​ភូមា និង 3,778នាក់​ផ្សេងទៀត កំពុង​ជាប់ឃុំ។ ភាគី​កងទ័ព បាន​ច្រានចោល​របាយការណ៍​នេះ និង​ថា បុគ្គលិក​សន្តិសុខ​យ៉ាងតិច 20នាក់​របស់ខ្លួន បាន​ស្លាប់​នៅ​ក្នុងករណី​ប៉ះទង្គិច​ជាមួយ​ក្រុមបាតុករ៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • Covid-19 ​នៅ​​តំបន់​អាស៊ីអាគ្នេយ៍ គិត​ត្រឹម​ព្រឹក​ថ្ងៃទី10 ខែឧសភា ​2021​៖ អ្នក​ស្លាប់​​សរុប​ ជិត ​71,000នាក់

    Covid-19 ​នៅ​​តំបន់​អាស៊ីអាគ្នេយ៍ គិត​ត្រឹម​ព្រឹក​ថ្ងៃទី10 ខែឧសភា ​2021​៖ អ្នក​ស្លាប់​​សរុប​ ជិត ​71,000នាក់

    នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល តួលេខ​អ្នក​ឆ្លង​វីរុស​Covid-19 ថ្មី ក្នុង​ថ្ងៃទី09 ខែឧសភា ឆ្នាំ​2021 មាន​ចំនួន 17,778​នាក់ ក្នុងនោះ កម្ពុជា មាន​ចំនួន 520នាក់។

    អ្នកស្លាប់​សរុប ដោយសារ Covid-19 ក្នុង​តំបន់​នេះ កើន​ដល់ ចំនួន 70,971​នាក់ នៅក្នុង​ថ្ងៃ​ដ​ដៃ​នេះ ខណៈ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 3,571,360នាក់៕

    ប្រភព៖ Worldometers
    ប្រែសម្រួល និង​រៀប​​រៀង​ដោយ​៖ បុត្រា

  • គ្រួសារ​ប្រេះឆា​តាំងតែ​ពី​យូរ ប៉ុន្តែ ហេតុអ្វី​មកដល់ពេលនេះ ទើប​ប្ដី-ប្រពន្ធ Bill Gates ប្រកាស​ពី​ការ​លែងលះ?

    គ្រួសារ​ប្រេះឆា​តាំងតែ​ពី​យូរ ប៉ុន្តែ ហេតុអ្វី​មកដល់ពេលនេះ ទើប​ប្ដី-ប្រពន្ធ Bill Gates ប្រកាស​ពី​ការ​លែងលះ?

    ដើម​សប្ដាហ៍​នេះ លោក Bill Gates និង​អ្នកស្រី Melinda Gates បានប្រកាស​អំពី​ការ​លែងលះ ដោយសារ​វិបត្តិ​គ្រួសារ​កើតឡើង​តាំងពី​យូរ​មកហើយ ប៉ុន្តែ សំណួរ សួរថា «ហេតុអ្វី មកដល់ពេលនេះ ទើប​ពួកគេ​ធ្វើការ​សម្រេចចិត្ត?»។

    ទស្សនាវដ្ដី People ដកស្រង់​ព័ត៌មាន​ពី​ប្រភព​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា ការសម្រេចចិត្ត​នេះ​មិនមែនជា​រឿង​ចម្លែក​នោះទេ សម្រាប់​លោក Bill Gates និង​ភរិយា ដោយសារ​ថា ពួកគេ​បាន​ឆ្លងកាត់​បញ្ហា​ជីវិត​ប្ដី-ប្រពន្ធ ជា​យូរ​មកហើយ ធ្វើឱ្យ​អាពាហ៍ពិពាហ៍​នេះ ពិបាក «ស្រោចស្រង់»។ មូល​ហេតុដែល​ពេលនេះ ទើប​ពួកគេ​ធ្វើការ​សម្រេចចិត្ត​គឺ មកពីកូនៗទាំងបី សុទ្ធតែ​ពេញវ័យ នៅពេលដែល​កូនស្រី​ពៅ Phoebe នឹងមាន​អាយុ​ពេញ 18ឆ្នាំ នៅ​ខែកញ្ញា​ខាងមុខ។

    ប្រភពព័ត៌មាន បានឱ្យដឹងថា៖ «មូលហេតុ​ពិត​គឺ​ដោយសារ​កូនស្រី​ពៅ នៅ​រៀន​មធ្យមសិក្សា​នៅឡើយ។ លោក Bill Gates និង​ភរិយា បាន​មូលមតិ​គ្នា​ក្នុង​ការរស់នៅ​ជាមួយគ្នា​រហូតដល់កូនៗទាំងអស់ បាន​ឆ្លង​ផុត​វ័យ 18ឆ្នាំ។ ពួកគេ​យល់ព្រម​ទទួលយក​ជីវភាព​រស់នៅ​យ៉ាងធ្ងន់ធ្ងរ រហូតដល់​ដល់កូនៗពេញវ័យ ដូច​ទៅនឹង​មនុស្ស​ជាច្រើន​ផ្សេងទៀត​បានធ្វើ»។

    នៅក្នុង​លិខិត​លែងលះ ត្រូវ​បានដាក់​ឡើងទៅ​កាន់​តុលាការ កាលពី​ថ្ងៃទី3 ខែឧសភា ដែល​ទស្សនាវដ្ដី People បានដឹង បង្ហាញថា អ្នកស្រី Melinda និយាយថា ចំណងអាពាហ៍ពិពាហ៍រ​បស់​អ្នកស្រី និង​សហ​ស្ថាបនិក​របស់ Microsoft បាន «ប្រេះស្រាំ រហូតដល់​ថ្នាក់​មិនអាច​សង្គ្រោះបាន»។ ពួកគេ​បាន​បកស្រាយ​នៅក្នុង​លិខិត​រួម​ថា៖ «យើង​លែង​ជឿជាក់ថា នឹង​អាច​បន្ត​រស់នៅ​ជាមួយគ្នា​ជា​ប្ដី-ប្រពន្ធ​ទៀតហើយ នៅក្នុង​ដំណាក់កាល​បន្ទា​ប់​របស់​ជីវិត»។

    ចំណែក ប្រភពព័ត៌មាន​របស់ TMZ (អាមេរិក) បានឱ្យដឹងថា សមាជិក​ស្ទើរតែ​ទាំងអស់​របស់​គ្រួសារ​នេះ ខឹង​នឹង​លោក Bill Gates។ អ្នកស្រី Melinda មាន​ផែនការ​ប្រកាស​អំពី​ការ​លែងលះ​នេះ​កាលពី​ខែមីនា​មកម្ល៉េះ និង​មាន​គម្រោង​ទៅ​រស់​នៅលើ​កោះ​ឯកជន​មួយ នៅ Grenada ជាមួយនឹងកូនៗ ដើម្បី​គេច​ពី​ក្រុម​អ្នកយកព័ត៌មាន នៅពេល​សម្រេចចិត្ត​ប្រកាស​ពី​ការ​លែងលះ។

    ប៉ុន្តែ ពេលនោះ មេធាវី​មិនទាន់​រៀបចំ​កិច្ចព្រមព្រៀង​រួចរាល់ ទើប​ធ្វើឱ្យ​ការប្រកាស​លែងលះ ត្រូវ​ពន្យារពេល​រហូតដល់​ដើមខែ​ឧសភា។ អ្នកស្រី Melinda និងកូនៗ មានបំណង​សង្គ្រោះ​គ្រួសារ​នេះ ប៉ុន្តែ លោក Bill Gates បានបង្ហាញ​ការមិនយល់ស្រប ដែល​នេះ​គឺជា​មូលហេតុ​បណ្ដាលឱ្យ​អ្នកស្រី Melinda និងកូនៗ មិន​ពេញចិត្ត៕

    ប្រភព៖ Sputnik
    ប្រែ​សម្រួល៖ បុត្រា

  • តើ​ផ្ទះ​ដែល​នៅ​ហើយ​មានបាន  នៅ​ហើយ​មាន​សេចក្ដីសុខ​នោះ មាន​រូបរាង​លក្ខណ:បែបណា​ទៅ?

    តើ​ផ្ទះ​ដែល​នៅ​ហើយ​មានបាន  នៅ​ហើយ​មាន​សេចក្ដីសុខ​នោះ មាន​រូបរាង​លក្ខណ:បែបណា​ទៅ?

    ការរៀបចំ​តុបតែង​ផ្ទះ​តាម​គោលការណ៍​ហុងស៊ុយ ជួយ​បង្កើន​លាភ​សំណាង និង​បង្កើន​រាសី សិរី​មង្គល​ដល់​អ្នក​ដែល​រស់នៅ​ក្នុងផ្ទះ  ជួយ​ឱ្យ​រស់នៅ​ហើយ​មានបាន និង​ចម្រុងចម្រើន​រុងរឿង​ឡើង  ថ្ងៃនេះ​យើង​សូម​នាំយក​រូបរាង​លក្ខណៈ​របស់​ផ្ទះ ដែល​ចូល​នៅ​ហើយ​ចម្រើន​រុងរឿង​មានបាន​នោះ មក​ជម្រាបជូន​ដូចតទៅ ៖

    លក្ខណៈ​ទី1. នៅ​ហើយ​រុងរឿង

    ផ្ទះ​ដែលមាន​រូបរាង​លក្ខណៈ​ជា​រាង​មូល វែង​ជ្រៅ​ទៅក្នុង ឬ​មាន​រូបរាង 4ជ្រុង គឺជា​ផ្ទះ​ដែលមាន​ហុងស៊ុយ​ល្អ​ណាស់។ ជា​ផ្ទះ​នៃ​ភាពជា​សិរី​មង្គល  លើកតម្កើង​ឱ្យ​អ្នក​ស្នាក់អាស្រ័យ​នៅ គិត​ចង់​ធ្វើ​អ្វី ក៏​រីកចម្រើន​ទៅមុខ  រីកធំឡើង មានតែ​សេចក្តីសុខ និង​ភាពកក់ក្តៅ។

    លក្ខណៈ​ទី2. ទ្វារផ្ទះ បង្កើន​ជោគ​សំណាង

    ផ្ទះ​ដែលមាន​ទ្វារ​ចូល​នៅ​ខាងឆ្វេង​នៃ​តួ​ផ្ទះ  តាម​គោលការណ៍​ហុងស៊ុយ គេ​ហៅថា ជាទី​តាំង​សត្វ​នាគ​បៃតង ជា​លក្ខណៈ​ដែល​ល្អ​ខ្លាំងណាស់​សម្រាប់​កន្លែង​មាត់ទ្វារ ដែល​បើក​ចូល-ចេញ​ជាប់​រហូត  ព្រោះ​ទីតាំង​ដែលថា​នេះ​បើ​បាន​កម្រើក​ហើយ នឹង​លើកតម្កើង​ឱ្យ​ផ្ទះ​មាន​លាភ​សំណាង​ហូរ​ចូលមក​ជាប់​ជានិច្ច។

    លក្ខណៈ​ទី3. ជណ្តើរ​ផ្ទះ​ដែល​ល្អ

    ជណ្តើរ​ផ្ទះ​ដែល​ល្អ ត្រូវមាន​ចំនួន​កាំ​ជា​លេខ​សេស ទើប​ជា​លេខ​មង្គល  ទីតាំង​របស់​ជណ្តើរ​ផ្ទះ​ដែល​ល្អ គួរស្ថិតនៅ​ជាប់​នឹង​ជញ្ជាំង​ខាង​ណាមួយ​របស់​ផ្ទះ  ព្រោះ​ជណ្តើរ​ផ្ទះ​ដែលមាន​លក្ខណៈ​បែបនេះ នឹង​ធ្វើឱ្យ​មានជោគ​សំណាងល្អ ហុច​ផល​ឱ្យ​អ្នករស់នៅ​ក្នុងផ្ទះ មាន​ភាពមានបាន និង​ចម្រុងចម្រើន​ល្អ​ទៅមុខ​ជានិច្ច។

    លក្ខណៈ​ទី4. ទិស​ដែលជា​មង្គល​របស់​ផ្ទះ

    ផ្ទះ​ដែល​ចូល​នៅ​ហើយ មាន​សិរី​មង្គល​តាម​ក្បួន​ហុងស៊ុយ​នោះ គឺ​ផ្ទះ​ដែលមាន​ទីតាំង បែរមុខ​ទៅរក​ទិស​ខាងត្បូង ដែល​ជាទី​ទំនេរ  ព្រោះ​នឹងមាន​ក្រសែ​ខ្យល់​ដែល​ល្អ បក់​នាំ​តែ​ថាមពល​ដែលជា​សិរី​មង្គល​ចូលមក​ក្នុងផ្ទះ ហុច​ផល​ឱ្យ​អ្នក​ដែល​ស្នាក់អាស្រ័យ​នៅ បានទទួល​តែ​លាភ​សំណាង និង​រស់នៅ​ប្រកបដោយ​សេចក្តីសុខ។

    លក្ខណៈ​ទី5. ផ្ទះ​ដែល​ចូល​នៅ​ហើយ មានតែ​ភាពសម្បូរ​សប្បាយ

    រូបរាង​លក្ខណៈ​របស់​ទីស្នាក់អាស្រ័យ ដែលមាន​រូប​ទម្រង់​ផ្នែក​ខាងក្រោយ ធំ​ទូលាយ ជាង​ផ្នែក​ខាងមុខ  តាម​ក្បួន​ហុងស៊ុយ គេ​ហៅ​លក្ខណៈ​នេះ​ថា ជា​រូប​ទម្រង់​ថង់​មាស ដែលជា​លក្ខណៈ​ដ៏​ល្អ​មួយ  អ្នករស់នៅ​ក្នុងផ្ទះ​ដែលមាន​លក្ខណៈ​បែបនេះ នឹង​បានទទួល​តែ​លាភ​សំណាង និង​ថាមពល​ដែល​ល្អ នៅចាំ​លើកតម្កើង​ឱ្យ​មានតែ​សេចក្តីសុខ  ក្តី​សម្បូរ​សប្បាយ​ជាប់​ជានិច្ច៕

  • អាសន្ន! អង់គ្លេស ណែ​នាំឱ្យ​មនុស្ស​ក្រោម​វ័យ 40ឆ្នាំ «កុំ​ចាក់​វ៉ាក់សាំង AstraZeneca»

    អាសន្ន! អង់គ្លេស ណែ​នាំឱ្យ​មនុស្ស​ក្រោម​វ័យ 40ឆ្នាំ «កុំ​ចាក់​វ៉ាក់សាំង AstraZeneca»

    គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​អង់គ្លេស (JCVI) កាលពី​ថ្ងៃទី7 ខែឧសភា បានឱ្យដឹងថា ពលរដ្ឋ​ក្រោម​វ័យ 40ឆ្នាំ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ផ្សេង ជំនួស​ឱ្យ​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុន​ AstraZeneca។

    ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា អត្រា​នៃ​ការឆ្លង Covid-19 នៅ​អង់គ្លេស បាន​ថយចុះ ដែល​នេះ​គឺ​មានន័យថា ហានិភ័យ​នៃ​ការ​ប្រឈម​នឹង​បញ្ហា​ដែល​កើតឡើង​ដោយសារ​ការចាក់​វ៉ាក់សាំង អាច​ធំ​ជាង​ហានិភ័យ​នៃ​ការឆ្លង​វីរុស។ យោងតាម​ការវិភាគរ​បស់​ស្ថាប័ន​គ្រប់គ្រង បាន​បង្ហាញថា អត្រា​កកឈាម​ដ៏​កម្រ (និយាយ​រួម) បន្ទាប់ពី​ចាក់​វ៉ាក់សាំង AstraZeneca គឺ​ប្រមាណ 1/100,000នាក់, អត្រា​នេះ​កើនឡើង​ប្រហែល 1/60,000នាក់ ចំពោះ​មនុស្ស​វ័យ 30ឆ្នាំ។ អត្រា​ស្លាប់​ក្រោយ​ការចាក់​វ៉ាក់សាំង​នេះ និយាយ​រួម​គឺ ប្រហែល 2/1000,000នាក់ ខណៈ​វ័យ​ចាប់ពី 30 ដល់ 39 គឺ 4.5/1,000,000នាក់។

    ទិន្នន័យ​របស់​រដ្ឋាភិបាល ដែល​បានប្រកាស​កាលពី​ថ្ងៃទី6 ខែឧសភា បានឱ្យដឹងថា គិត​មកដល់​អំឡុង​ពេលនេះ ប្រទេស​អង់គ្លេស រកឃើញ​ករណី​កកឈាម​ដ៏​កម្រ ចំនួន 242នាក់ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ដែល​នេះ​គឺ កើន 33ករណី បើ​ធៀប​នឹង​សប្ដាហ៍​មុន ក្នុងនោះ មាន 49នាក់​បាន​ស្លាប់។ 2/3 នៃ​អ្នក​ស្ថិតក្រោម​វ័យ 60ឆ្នាំ បាន​ជួប​ផលវិបាក បន្ទាប់ពី​បាន​ចាកក់​វ៉ាក់សាំង។

    ការណែនាំ​ថ្មី​របស់​ប្រទេស​អង់គ្លេស ដែលថា ក្រុមមនុស្ស​ក្រោម​វ័យ 40ឆ្នាំ «កុំ​ចាក់​វ៉ាក់សាំង AstraZeneca» គឺជា​សម្ពាធ​មួយ​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​សាកលវិទ្យាល័យ Oxford និង​ដៃគូ​សហការ​របស់ខ្លួន គឺ​ក្រុមហ៊ុន AstraZeneca។ ប្រទេស​ដា​ណឺ​ម៉ាក កាលពី​ខែមេសា ឆ្នាំ2021 បាន​បញ្ឈប់​ការប្រើប្រាស់​វ៉ាក់សាំង AstraZeneca។ ចំណែក​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅ​អឺរ៉ុប ក៏បាន​កាត់បន្ថយ​ការចាក់​វ៉ាក់សាំង AstraZeneca សម្រាប់​យុវវ័យ ដោយសារ​ភ័ស្ដុតាង​នានា បង្ហាញថា បញ្ហា​កកឈាម ភាគច្រើន​កើតឡើង​នៅលើ​អ្នក​ដែលមាន​វ័យ​នៅ​ក្មេង។

    ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Cambridge បាន​អះអាងថា ចំពោះ​មនុស្ស​ក្រោម​វ័យ 30ឆ្នាំ ហានិភ័យ​នៃ​ការឆ្លង​វីរុស​Covid-19 និង​ហានិភ័យ​ដែល​កើតឡើង​ដោយសារ​ការចាក់​វ៉ាក់សាំង​គឺ​ប្រហាក់ប្រហែលគ្នា អាស្រ័យ​លើ​អត្រា​នៃ​ការឆ្លង​នៅក្នុង​សហគមន៍ ក្នុងអំឡុងពេលនីមួយ។

    អង់គ្លេស​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​បានធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង ប្រកបដោយ​ប្រសិទ្ធភាព​ជាងគេ​ក្នុង​ពិភពលោក ដោយសារ​វ៉ាក់សាំង AstraZeneca។ បច្ចុប្បន្ន យុវវ័យ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការឆ្លង​វីរុស​Covid-19 មាន​កម្រិត​ទាប​ជាង​ឆ្ងាយ បើ​ធៀប​នឹង​មួយ​រយៈពេល​កន្លងទៅ៕

    ប្រភព៖ Financial Times
    ប្រែ​សម្រួល៖ បុត្រា

  • វ៉ាក់សាំង Covid-19! វៀតណាម៖ បុគ្គលិក​សុខាភិបាល​ម្នាក់ បាន​ស្លាប់ ក្រោយ​ការចាក់​វ៉ាក់សាំង Covid-19

    វ៉ាក់សាំង Covid-19! វៀតណាម៖ បុគ្គលិក​សុខាភិបាល​ម្នាក់ បាន​ស្លាប់ ក្រោយ​ការចាក់​វ៉ាក់សាំង Covid-19

    ក្រសួងសុខាភិបាល​វៀត​ណា​ម កាលពី​យប់​ថ្ងៃទី7 ខែឧសភា បានប្រកាសថា បុគ្គលិក​សុខាភិបាល​ភេទ​ស្រី​ម្នាក់ អាយុ 35ឆ្នាំ ធ្វើការ​នៅ​មន្ទីរពេទ្យ​ខេត្ត An Giang ភាគខាងត្បូង​ប្រទេស​នេះ បាន​បាត់​បង់ជីវិត បន្ទាប់ពី​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19។

    មូលហេតុ​នៃ​ការស្លាប់​នេះ ត្រូវបាន​ក្រុមប្រឹក្សា​ជំនាញ​នៃ​នាយកដ្ឋាន​សុខាភិបាល​របស់​ខេត្ត An Giang បញ្ជាក់ថា ដោយសារ «ប្រតិកម្ម​នឹង​ប្រភេទ​ថ្នាំ non steroid (បន្ថយ​ការឈឺចាប់ និង​ប្រឆាំង​រលាក) ដែលជា​ករណី​កម្រ​ជួប នៅពេល​ចាក់​វ៉ាក់សាំង​បង្ការ Covid-19»។

    នេះ​គឺជា​ករណី​ស្លាប់​ដំបូង​ក្រោយ​ការចាក់​វ៉ាក់សាំង Covid-19 នៅ​ប្រទេស​វៀតណាម។ ជនរងគ្រោះ​ខាងលើ ត្រូវបាន​ចាក់​វ៉ាក់សាំង Covid-19 កាលពី​ព្រឹក​ថ្ងៃទី6 ខែឧសភា ឆ្នាំ2021។

    វៀតណាម បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រុមហ៊ុន AstraZeneca តាំងពី​ថ្ងៃទី8 ខែមីនា ឆ្នាំ2021។ បច្ចុប្បន្ន ប្រទេស​នេះ បាន​ចាក់​ជូន​ពលរដ្ឋ​ចំនួន 747,827នាក់​រួចហើយ។ អ្នក​ដែល​ទទួលបាន​អាទិភាព​ក្នុង​ការចាក់​វ៉ាក់សាំង រួមមាន​មន្ត្រី និង​បុគ្គលិក​ពេទ្យ​ជួរមុខ, សមាជិក​នៃ​សហគមន៍ Covid-19, គណៈកម្មការ​គ្រប់គ្រង​វីរុស, ប៉ូលិស និង​ទាហាន។

    គិត​មកដល់​បច្ចុប្បន្ន វៀតណាម បានទទួល​វ៉ាក់សាំង AstraZeneca ពីរលើក​មកហើយ ក្នុងនោះ លើកទីមួយ មាន 117,600ដូ​ស នាំចូល​ដោយ​ក្រុមហ៊ុន VNVC និង​លើក​ទី​ពីរ ជាង 800,000ដូ​ស ដែល​ផ្ដល់​ដោយ​យន្តការ Covax ដែល​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ។

    យោងតាម​ការវិភាគរ​បស់​ស្ថាប័ន​គ្រប់គ្រង បាន​បង្ហាញថា អត្រា​កកឈាម​ដ៏​កម្រ (និយាយ​រួម) បន្ទាប់ពី​ចាក់​វ៉ាក់សាំង AstraZeneca គឺ​ប្រមាណ 1/100,000នាក់, អត្រា​នេះ​កើនឡើង​ប្រហែល 1/60,000នាក់ ចំពោះ​មនុស្ស​វ័យ 30ឆ្នាំ។ អត្រា​ស្លាប់​ក្រោយ​ការចាក់​វ៉ាក់សាំង​នេះ និយាយ​រួម​គឺ ប្រហែល 2/1000,000នាក់ ខណៈ​វ័យ​ចាប់ពី 30 ដល់ 39 គឺ 4.5/1,000,000នាក់។

    ហ្វីលីពីន ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង AstraZeneca សម្រាប់​មនុស្ស​ក្រោម​អាយុ 60ឆ្នាំ។ ចំណែក​អូស្ត្រាលី​វិញ បាន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ក្រោម​វ័យ 50ឆ្នាំ ប្រើប្រាស់​វ៉ាក់សាំង​របស់ Pfizer ខណៈដែល​អ៊ីតាលី, បារាំង, ហូ​ឡង់, អាល្លឺម៉ង់ និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​ក្នុង​សហភាព​អឺរ៉ុប បានស្នើ​ឱ្យ​ចាក់​វ៉ាក់សាំង​នេះ សម្រាប់​មនុស្ស​ដែលមាន​វ័យ​នៅ​ក្មេង៕

    ប្រភព៖ VNE, Reuters
    ប្រែ​សម្រួល៖ បុត្រា

  • ដំណឹង​ល្អ! វ៉ាក់សាំង Sinopharm របស់​ចិន ទទួលបាន​ការអនុម័ត​ពី WHO រួចហើយ!

    ដំណឹង​ល្អ! វ៉ាក់សាំង Sinopharm របស់​ចិន ទទួលបាន​ការអនុម័ត​ពី WHO រួចហើយ!

    អង្គការ​សុខភាព​ពិភពលោក (WHO) បានអនុម័ត​លើ​វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រុមហ៊ុន​ចិន Sinopharm ដើម្បី​ប្រើប្រាស់​ក្នុងករណី​ចាំបាច់​បន្ទាន់។

    «WHO ដាក់បញ្ចូល​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 របស់ Sinopharm ដែល​ផលិត​នៅ​រដ្ឋធានី ប៉េកាំង នៃ​ប្រទេស​ចិន ទៅក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​របស់ខ្លួន​រួចហើយ។ នេះ​គឺជា​វ៉ាក់សាំង Covid-19 ទី6 ក្នុង​ពិភពលោក ដែល​ត្រូវបាន WHO ទទួលស្គាល់​ផ្នែក​សុវត្ថិភាព ប្រសិទ្ធភាព និង​គុណភាព» ប្រធាន WHO លោក Tedros Adhanom Ghebreyesu ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី7 ខែឧសភា។

    លោក Tedros បាន​បន្តថា៖ «ក្រុមប្រឹក្សា​យុទ្ធសាស្ត្រ រួមមាន​ក្រុម​អ្នកជំនាញ​ផ្នែក​ចាក់​វ៉ាក់សាំង (SASGE) បាន​ពិនិត្យ​លើ​ទិន្នន័យ និង​ស្នើឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​ពីរ​ដូ​ស​នេះ សម្រាប់​មនុស្ស​ដែលមាន​វ័យ​ចាប់ពី 18ឆ្នាំ​ឡើងទៅ»។

    ប្រអប់​របស់​វ៉ាកសាំង​ Sinopharm

    ដូច្នេះ នៅក្នុង​បញ្ជី​ឈ្មោះ​វ៉ាក់សាំង Covid-19 ដែល​ត្រូវ​ប្រើប្រាស់​បន្ទាន់ របស់ WHO រួមមាន វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech, Moderna, Johnson & Johnson, AstraZeneca និង​ក្រុមហ៊ុន Sinopharm។ ចំពោះ​វ៉ាក់សាំង AstraZeneca ដែល​ត្រូវបាន WHO អនុម័ត​ឱ្យប្រើ​ប្រាស់ នោះ​គឺ​ប្រភេទ​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា និង​កូរ៉េខាងត្បូង។

    ការបន្ថែម​វ៉ាក់សាំង Sinopharm ទៅក្នុង​បញ្ជី​ឈ្មោះ​ខាងលើ របស់ WHO នឹង​ជួយ​ឱ្យ​បណ្ដា​ប្រទេស មាន​មូលដ្ឋាន​គ្រប់គ្រាន់​ដើម្បី​អនុម័ត​ក្នុង​ការបញ្ជាទិញ យកទៅ​ប្រើប្រាស់ ពិសេស​គឺ​បណ្ដា​ប្រទេស​ដែល​មិនទាន់មាន​ស្ថាប័ន​គ្រប់គ្រង​ស្ដង់ដា​អន្តរជាតិ​ដោយឡែក​របស់ខ្លួន។

    វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រុមហ៊ុន​ចិន Sinopharm បច្ចុប្បន្ន ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស និង​ដែនដី​ចំនួន 42 ក្នុង​ពិភពលោក ឈរ​បន្ទាប់ពី AstraZeneca (166 ប្រទេស), Pfizer-BioNTech (94 ប្រទេស) និង Moderna (46 ប្រទេស)៕

    ប្រភព៖ AFP
    ប្រែសម្រួល​៖ បុត្រា

  • Covid-19! ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង យ៉ាងយូរបំផុត​ក្នុងអំឡុង​ខែមិថុនា ឆ្នាំ2021

    Covid-19! ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង យ៉ាងយូរបំផុត​ក្នុងអំឡុង​ខែមិថុនា ឆ្នាំ2021

    ដើម្បី​ប្រយុទ្ធប្រឆាំង និង​ឈានដល់​ការបិទ​បញ្ចប់​ការ​រាតត្បាត​របស់​វីរុស​Covid-19 នៅ​កម្ពុជា រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ «យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង» បង្ការ​វីរុស​Covid-19 ដោយ​ប្រើប្រាស់​កម្លាំង​សរុប​របស់​ជាតិ។

    ខាងលើនេះ​គឺជា​ខ្លឹមសារ​ខ្លះ​នៃ​សេចក្ដីជូនដំណឹង​ស្ដីពី ការរក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​ការអនុវត្ត​វិធានការ​សុខា​ភិបាល ក្នុង «យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង» ជូន​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ចុះ​នៅ​ថ្ងៃទី7 ខែឧសភា ឆ្នាំ2021 ដោយ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង។

    នៅក្នុង​សេចក្ដីជូនដំណឹង​នេះ រដ្ឋបាល​រាជធានី បាន​បញ្ជាក់ថា ពលរដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 គ្រប់ៗគ្នា ទៅតាម​ជំហាននីមួយៗ និង​យ៉ាងយូរ​ត្រឹម​ខែមិថុនា ឆ្នាំ2021។

    រដ្ឋបាល​រាជធានី ក៏បាន​ស្នើឱ្យ​ពលរដ្ឋ មានការ​អត់ធ្មត់​ក្នុងការ​រង់ចាំ និង​ចៀសវាង​ការចំណាយ​ប្រាក់​ទិញ​លិខិតអញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង តាម​កលល្បិច​របស់​ជ​ន​ឱកាសនិយម​ផងដែរ។

    ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីជូនដំណឹង​ដែល​មាននៅ​ខាងក្រោម៖
    ប្រភព៖ ក្រសួង​ព័ត៌មាន​
    ដកស្រង់​៖ បុត្រា

  • Covid-19! កម្ពុជា ដាក់​ផែនការ​ស្វែង​រក​​វ៉ាក់សាំង​​ចាក់​ជូន​ពលរដ្ឋ ឱ្យ​រួចរាល់​នៅ​ឆ្នាំ2022 ខណៈ​អ្នក​ឆ្លង​វីរុស​នេះ បច្ចុប្បន្ន កើន​ដល់​ជាង 18,170នាក់

    Covid-19! កម្ពុជា ដាក់​ផែនការ​ស្វែង​រក​​វ៉ាក់សាំង​​ចាក់​ជូន​ពលរដ្ឋ ឱ្យ​រួចរាល់​នៅ​ឆ្នាំ2022 ខណៈ​អ្នក​ឆ្លង​វីរុស​នេះ បច្ចុប្បន្ន កើន​ដល់​ជាង 18,170នាក់

    រាជរដ្ឋាភិបាល​កម្ពុជា ដាក់​ផែនការ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ ឱ្យបាន​រួចរាល់​នៅ​ឆ្នាំ2022 នេះ​បើ​យោងតាម​ផែនការ​យុទ្ធសាស្ត្រ យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 សំដៅ​បង្កើត​ឱ្យបាន​នូវ​ភាពស៊ាំ​នៃ​សង្គម សេដ្ឋកិច្ច​នៅ​ទូទាំងប្រទេស នា​ឆ្នាំ2021។

    កម្ពុជា​បាន និង​កំពុង​ស្វែង​ជំនួយ ក៏ដូចជា​ទិញ​វ៉ាក់សាំង​Covid-19 ពី​បណ្ដា​ប្រទេស​អ្នក​ផលិត និង​ស្ថាប័ន អង្គការ​អន្តរជាតិ​នានា។ ជា​លទ្ធផល កម្ពុជា បាន​ក្លាយជា​ប្រទេស​ទីមួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង​ពី​កម្មវិធី COVAX ដែល​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ និង​វ៉ាក់សាំង Sinopharm ពី​ប្រទេស​ចិន។

    យោងតាម​ផែនការ​រៀបចំ​សម្រាប់​ការទិញ​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល នៅក្នុង​ខែឧសភា ឆ្នាំ2021 នេះ កម្ពុជា គ្រោង​នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន 3លាន​ដូ​ស, ខែមិថុនា 3លាន​ដូ​ស, ខែកក្កដា 1លាន​ដូ​ស, ខែសីហា 1លាន​ដូ​ស និង​ខែកញ្ញា ឆ្នាំ2021 នឹង​ទទួលបាន 1.5លាន​ដូ​ស។ សម្រាប់​ឆ្នាំ2022 កម្ពុជា គ្រោង​នឹង​ទទួលបាន​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 សរុប​ចំនួន 10,430,600ដូ​ស។
    ទាក់ទង​នឹង​ការបញ្ជាទិញ ក៏ដូចជា​ជំនួយ​ជា​វ៉ាក់សាំង​នេះដែរ គិត​មកដល់​បច្ចុប្បន្ន (ថ្ងៃទី7 ខែឧសភា ឆ្នាំ2021) កម្ពុជា បានទទួល​វ៉ាក់សាំង​សរុប​ចំនួន 4,024,000ដូ​ស​រួចហើយ។

    សូម​រំលឹកថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ធ្លាប់បាន​មានប្រសាសន៍ថា វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 0.5លាន​ដូ​ស នឹង​មកដល់​កម្ពុជា នៅ​ថ្ងៃទី11 ខែឧសភា​ខាងមុខនេះ ខណៈ 0.5លាន​ដូ​ស​ទៀត​ក៏​នឹង​មកដល់​កម្ពុជា នៅ​ថ្ងៃទី15 ខែឧសភា ឆ្នាំ2021នេះ​ផងដែរ។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 18,179នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 114នាក់, អ្នកជា​សះស្បើយ 6,884នាក់។ ក្នុងអំឡុង​ថ្ងៃទី6 ខែឧសភា ឆ្នាំ2021 កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 558នាក់ ប៉ុន្តែ ពុំមាន​ករណី​ស្លាប់​ដោយសារ Covid-19 នោះទេ៕

    ប្រភព​៖ ក្រសួង​សុខាភិបាល​/ក្រសួង​ព័ត៌មាន
    ដកស្រង់​៖ បុត្រា

  • ​អតីត​ប្រធានាធិបតី និង​​ជា​​ប្រធាន​សភា​ នៃ​​ប្រទេស ម៉ា​ល់​ឌី​វ ត្រូវគេ​លួច​ធ្វើឃាត

    ​អតីត​ប្រធានាធិបតី និង​​ជា​​ប្រធាន​សភា​ នៃ​​ប្រទេស ម៉ា​ល់​ឌី​វ ត្រូវគេ​លួច​ធ្វើឃាត

    អតីត​ប្រធានាធិបតី នៃ​ប្រទេស​ម៉ា​ល់​ឌី​វ (Maldives) ដែល​បច្ចុប្បន្ន​ជា ប្រធានសភា ត្រូវ​រងរបួស​ធ្ងន់ និង​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពី​អ្វីដែល​ក្រុមមន្ត្រី​និយាយថា​ជា ការ​លួច​ធ្វើឃាត នៅក្នុង​រដ្ឋធានី។

    ក្រុមមន្ត្រី​ឱ្យដឹងថា អតីត​ប្រធានាធិបតី Mohamed Nasheed អាយុ 53ឆ្នាំ កំពុង​ត្រៀម​ឈាន​ជើង​ឡើង​រថយន្ត​របស់ខ្លួន នៅឯ​រដ្ឋធានី Male កាលពី​ថ្ងៃទី06 ឧសភា ក៏​ស្រាប់តែ​គ្រាប់បែក​មួយ​គ្រាប់​ដែល​ត្រូវ​បង្កៃ​នៅលើ​ម៉ូតូ​ក្បែរ​នោះ បាន​ផ្ទុះ។

    «Mohamed Nasheed បាន​រួច​ផុតពី​អំពើ​ឃាតកម្ម​មួយ។ គាត់​ត្រូវរបួស ប៉ុន្តែ សុខភាព​បាន​ប្រសើរ​ឡើងវិញ​ហើយ» នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ។

    អង្គភាព​ប៉ូលិស​ប្រដាប់អាវុធ និង​កម្លាំង​សន្តិសុខ បាន​ឡោមព័ទ្ធ និង​ដាក់​បំរាម​គោចរ​នៅ​តំបន់​ជុំវិញ​កន្លែងកើតហេតុ។ ប៉ូលិស​បាន​បញ្ជាក់ថា Mohamed Nasheed រងរបួស និង​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ ADK ប៉ុន្តែ មិនបាន​និយាយ​លម្អិត​នោះទេ។

    ហេតុការណ៍​នេះ បាន​កើតឡើង​នៅមុន​ពេល​បំរាម​គោចរ​ពេលយប់​នៅ​រដ្ឋធានី ដើម្បី​ទប់ស្កាត់ Covid-19 ចាប់ផ្ដើម​មាន​សុពលភាព។ ប្រទេស​ដែលមាន​ប្រជុំ​កោះ​ចំនួន 26 នេះ កំពុង​រង​ការវាយលុក​ខ្លាំង​ពី Covid-19 ពិសេស​គឺ​នៅ​រដ្ឋធានី Male។

    លោក Nasheed គឺជា​អតីត​អ្នកទោសនយោបាយ​ម្នាក់ ដែល​បាន​ក្លាយជា​ប្រធានាធិបតី​ដែល​កើតឡើង​ដោយ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ដំបូង​គេ​នៅ​ប្រទេស​ម៉ា​ល់​ឌី​វ កាលពីដើមឆ្នាំ2008។ លោក​ត្រូវបាន​ទម្លាក់​ពី​តំណែង​ដោយ​រដ្ឋប្រហារ​កាលពី​ឆ្នាំ2012 និង​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ 13ឆ្នាំ កាលពី​ឆ្នាំ2015 ក្រោម​​បទ​ចោទ ភេរវកម្ម ដែល​នេះ ត្រូវបាន​ក្រុម​ការពារ​សិទ្ធិមនុស្ស​ចាត់ទុកថា​ជា រឿង​នយោបាយ។

    ប្រធានាធិបតី Abdulla Yameen បានអនុញ្ញាត​ឱ្យ​លោក Nasheed ធ្វើដំណើរ​ទៅ​ព្យាបាល​ជំងឺ និង​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​អង់គ្លេស ប៉ុន្តែ បាន​ត្រលប់មក​ប្រទេស​វិញ​កាលពី​ឆ្នាំ2018។ Nasheed បាន​ក្លាយជា​ប្រធានសភា ជា​តំណែង​ដែលមាន​អំណាច​ធំជាងគេ​ទី​ពីរ​របស់​ប្រទេស​នេះ ក្រោយ​ការបោះឆ្នោត​កាលពី​ឆ្នាំ2019។

    Mohamed Nasheed ប្រឆាំងនឹង​ការដែល​រដ្ឋាភិបាល​រប​ស់លោក Abdulla Yameen ទទួលបាន​ប្រាក់កម្ចី​ដែល​មានការ​ខ្ពស់​យ៉ាងច្រើន​សន្ធឹក​ពី​ប្រទេស​ចិន និង​បាន​ចោទប្រកាន់ថា ប្រធានាធិបតី​បច្ចុប្បន្ន យក​កោះ​ទាំងនេះ​ដាក់បញ្ចាំ​ឱ្យ​ប្រទេស​ចិន ដើម្បី​យកប្រាក់​មក​អនុវត្ត​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា