Author: សឿន សំណាង

  • អតីតបវរកញ្ញារបស់មីយ៉ានម៉ា ចូលធ្វើទាហាននៃទ័ពព្រៃ ដើម្បី​ប្រឆាំង​របប​សឹក

    អតីតបវរកញ្ញារបស់មីយ៉ានម៉ា ចូលធ្វើទាហាននៃទ័ពព្រៃ ដើម្បី​ប្រឆាំង​របប​សឹក

    Htet ស្តី​ស្អា​តរបស់​ប្រទេស​ភូមា ដែល​ធ្លាប់បាន​ចូលរួម​ប្រលង​បវរកញ្ញា​អន្តរជាតិ បាន​បង្ហោះ​រូបថត​ស្ពាយ​កាំភ្លើង និង​ប្រកាស​ចូលរួម​ជាមួយ​កង​កម្លាំង​ឧទ្ទាម ដើម្បី​ប្រឆាំង​របប​សឹក​របស់​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing។

    Htar Htet Htet អតីត​បវរកញ្ញា វ័យ 32ឆ្នាំ របស់​ប្រទេស​ភូមា កាលពី​ថ្ងៃទី11 ខែឧសភា បាន​បង្ហោះ​រូបថត​របស់ខ្លួន​នៅលើ​បណ្ដាញ​សង្គម Facebook។ ក្នុង​រូបថត​នេះ នាង​ស្លៀក​ឯកសណ្ឋាន​ពណ៌​ខ្មៅ និង​ស្ពាយ​កាំភ្លើង​វែង​នៅលើ​ស្មា ជាមួយនឹង​សំនេរ​មួយ​ឃ្លា «ដល់​ពេលដែល​ត្រូវ​ប្រយុទ្ធ​ប្រឆាំងនឹង» របប​យោធា​ហើយ។

    «បើទោះជា​អ្នក កាន់​កាំភ្លើង កាន់​ប៊ិក ចុច​កុំព្យូទ័រ ឬ​ផ្ដល់ជំនួយ​ជា​ប្រាក់កាស​ដល់​ចលនា​ប្រជាធិបតេយ្យ យើងទាំងអស់គ្នា​ក៏​សុទ្ធតែ​ត្រូវ​ប្រឹងប្រែង​ឱ្យអស់​ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ដណ្ដើមបាន​ជោគជ័យ។ ខ្ញុំ​នឹង​ប្រយុទ្ធ​ឱ្យ​អស់ពី​សមត្ថភាព តាម​ដែល​អាចធ្វើ​ទៅបាន។ ខ្ញុំ​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​បោះបង់​គ្រប់យ៉ាង សូម្បីតែ​ជីវិត» នាង Htar Htet Htet បាន​សរសេរ​ដូច្នេះ។

    Htar Htet Htet អតីត​បវរកញ្ញា (វ័យ 32ឆ្នាំ) របស់​ប្រទេស​ភូមា

    ស្រី​ស្អាត​របស់​មី​យ៉ាន​ម៉ា រូបនេះ ធ្លាប់បាន​ធ្វើជា​តំណាង​របស់​ប្រទេស ទៅ​ចូលរួម​ប្រលង​បវរកញ្ញា​សន្តិភាព​អន្តរ ជាតិ នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំ2013។ នាង​ត្រូវបាន​គេ​ជឿថា បាន​ចូលរួម​ជាមួយ​ទ័ពព្រៃ និង​កំពុង​ស្ថិតនៅក្នុង​តំបន់​ព្រំដែន ដែល​គ្រប់គ្រង​ដោយ​ក្រុម​បះបោរ។

    គួររំលឹកថា ស្រី​ស្អាត Han Lay អាយុ 22ឆ្នាំ តំណាងឱ្យ​ប្រទេស​មី​យ៉ាន​ម៉ា នៅ​ព្រឹត្តិការណ៍​ប្រលង​បវរកញ្ញា​សន្តិភាព​អន្តរជាតិ​នា​ឆ្នាំនេះ កន្លងមក​ក៏បាន «អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ជួយ​ដល់​ប្រទេស​នេះ ក្នុង​គ្រា​ដែល​មនុស្ស​រាប់រយ​នាក់​បាន​ស្លាប់ ក្រោយ​រដ្ឋប្រហារ​យោធា របស់​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing។

    Htar Htet Htet អតីត​បវរកញ្ញារបស់​ប្រទេស​ភូមា

    សារព័ត៌មាន Global New Light ដែល​គ្រប់គ្រង​ដោយ​យោធា​មី​យ៉ាន​ម៉ា ក្រោយមក​ក៏បាន​ចុះផ្សាយ​ដំណឹង​តាម​ចាប់ខ្លួន Han Lay រួម​នឹង​បុគ្គល​ល្បីឈ្មោះ​ប្រហែល 100នាក់​ផ្សេងទៀត ដែល​បាន​បញ្ចេញមតិ​គាំទ្រ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ។ Han Lay ត្រូវបាន​គេ​ដឹងថា កំពុង​ស្ថិតនៅ​ប្រទេស​ថៃ ក្រោយ​ការប្រលង​បវរកញ្ញា។

    រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ភូមា បានកើត​ឡើង​ជាង 100ថ្ងៃ​មកហើយ ប៉ុន្តែ ស្ថានការណ៍​នៅតែ​តានតឹង​ដដែល។ សមាគម​គាំពារ​អ្នកទោសនយោបាយ (AAPP) បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធ​នៃ​របប​យោធា​ភូមា បាន​បាញ់សម្លាប់​បាតុករ​យ៉ាងតិច 781នាក់ ក្នុងនោះ​មាន 52នាក់​ជា​ក្មេងតូចៗ និង​បាន​ចាប់ឃុំខ្លួន​មនុស្ស​ប្រមាណ 3,843នាក់។ ក៏ប៉ុន្តែ ភាគី​របប​សឹក​ភូមា និយាយថា តួលេខ​អ្នកស្លាប់ ទាប​ជាង​នេះ​ឆ្ងាយ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • អ៊ីស្រាអែល រងការវាយប្រហារដោយរ៉ុក្កែត ជិត 900គ្រាប់ ពីក្រុមហាម៉ាស ក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ

    អ៊ីស្រាអែល រងការវាយប្រហារដោយរ៉ុក្កែត ជិត 900គ្រាប់ ពីក្រុមហាម៉ាស ក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ

    កងទ័ព​អ៊ីស្រាអែល បានឱ្យដឹងថា កងជីវពល​ហា​ម៉ាស (Hamas) នៅ​តំបន់​ហ្គា​ហ្សា (Gaza) បាន​បាញ់​ផ្លោង​រ៉ុក្កែត​ជាង 1,000គ្រាប់ ចាប់តាំងពី​ថ្ងៃទី10 ខែឧសភា ឆ្នាំ2021 ក្នុងនោះ​មាន 850គ្រាប់ បាន​ហោះចូល​ទឹកដី​របស់​អ៊ីស្រាអែល។

    វរសេនីយ៍ទោ Jonathan Conricus អ្នកនាំពាក្យ​នៃ​កងទ័ព​ការពារជាតិ​អ៊ីស្រាអែល (IDF) កាលពី​ថ្ងៃទី12 ខែឧសភា បាន​និយាយថា កងជីវពល​ហា​ម៉ាស ចាប់ផ្ដើម​បាញ់​ផ្លោង​រ៉ុក្កែត​សំដៅ​តំបន់​យេ​រូ​សា​ឡឹម (Jerusalem) តាំងពី​ម៉ោង18 នៃ​ថ្ងៃទី10 ខែឧសភា ឆ្នាំ2021 និង​បានធ្វើ​សកម្មភាព​វាយប្រហារ​នេះ​ក្នុង​រយៈពេល 2ថ្ងៃជាប់ៗគ្នា។

    ក្នុងអំឡុង​ពេលនោះ គ្រាប់​រ៉ុក្កែត​សរុប 850គ្រាប់ ដែល​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា បាន​ហោះចូល​ទឹកដី​អ៊ីស្រាអែល និង​ត្រូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស Iron Dome បាញ់​កម្ទេច ឬ​ធ្លាក់​លើទឹក​ដី​នេះ។ ចំណែក​រ៉ុក្កែត​ចំនួន 200គ្រាប់​ទៀត ដែល​បាន​ធ្លាក់​នៅក្នុង​តំបន់​ហ្គា​ហ្សា អាច​បណ្ដាលមកពី​មាន​បញ្ហា បន្ទាប់ពី​បាន​បាញ់។ IDF បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយគ្រឿង​របស់​ក្រុម​ហា​ម៉ាស កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី12 ខែឧសភា។

    ប្រទេស​អ៊ីស្រាអែល ក្រោយមក​ក៏បាន​សងសឹក ដោយ​យុទ្ធនាការ​យោធា​ដែលមាន​ឈ្មោះថា «អ្នកការពារ​ជញ្ជាំង» និង​បាន​វាយប្រហារ​តាមផ្លូវ​អាកាស​រាប់រយ​លើក ប្រឆាំងនឹង​កងជីវពល​ហា​ម៉ាស នៅ​តំបន់​ហ្គា​ហ្សា។

    ការវាយប្រហារ​ដោយ​រ៉ុក្កែត​ពី​សំណាក់​ក្រុម ហា​ម៉ាស បានសម្លាប់​ជនជាតិ​អ៊ីស្រាអែល​ចំនួន 5នាក់ ខណៈដែល​ការវាយប្រហារ​សងសឹក​របស់​អ៊ីស្រាអែល​វិញ បានសម្លាប់​ជនជាតិ​ប៉ា​លេ​ស្ទី​ន ចំនួន35នាក់ រាប់​ចាប់ពី​ថ្ងៃទី10 ខែឧសភា ឆ្នាំ2021។

    វរសេនីយ៍ទោ Jonathan Conricus និយាយថា អ៊ីស្រាអែល វាយប្រហារ​ទៅលើ​តែ​គោលដៅ​យោធា​ប៉ុណ្ណោះ ហើយ IDF «នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​ជន​ស៊ីវិល» ប៉ុន្តែ ដោយសារ​ក្រុម ហា​ម៉ាស បោះទីតាំង​នៅក្នុង​តំបន់​ប្រជាជន​រស់នៅ ដូច្នេះ ផលប៉ះពាល់​ដោយ​អ​ចេតនា ត្រូវបាន​គេ​ចាត់ទុកថា មិនអាច​គេច​រួច។

    កាលពី​ថ្ងៃទី11 ខែឧសភា IDF បាន​វាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង លើ​អគារ​កម្ពស់ 12ជាន់ ដែល​ស្ថិត​នៅក្បែរ​សមុទ្រ​នៅ​ទីក្រុង​ហ្គា​ហ្សា។ ហា​ម៉ាស បានឱ្យដឹងថា នេះ​គឺជា​អគារ​ស្នាក់នៅ​របស់​ជន​ស៊ីវិល។ ក៏ប៉ុន្តែ វរសេនីយ៍ទោ Conricus ថ្លែងថា កងជីវពល​ហា​ម៉ាស ប្រើប្រាស់​អគារ​នេះ «សម្រាប់​កិច្ចការ​យោធា ដូច្នេះ វា​មាន​លក្ខខណ្ឌ​គ្រប់​គ្រាប់ ដែល​ត្រូវ​ក្លាយជា​គោលដៅ»។

    IDF បាន​ប្រើប្រាស់​មធ្យោបាយ​ជាច្រើន ក្នុងនោះ​ក៏មាន​ការហៅ​ទូរស័ព្ទ ដើម្បី​ព្រមាន​ដល់​មនុស្ស​ដែល​កំពុង​ស្ថិតនៅក្នុង​អគារ​ខាងលើ អំពី​ការវាយប្រហារ​ដែល​ខ្លួន​ជិត​នឹងធ្វើ​ឡើង។ ក្រោយ​ការវាយប្រហារ ពុំមាន​ពលរដ្ឋ​ស៊ីវិល​ណា​ម្នា​ក់បាន​ស្លាប់​នោះឡើយ។

    ការវាយប្រហារ​សងសឹក​គ្នា រវាង​អ៊ីស្រាអែល និង​កងជីវពល​ហា​ម៉ាស របស់​ប៉ា​លេ​ស្ទី​ន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ត្រូវបាន​គេ​អះអាងថា មាន​ភាពខ្លាំង​ក្លា​បំផុត រាប់​ចាប់ពី​សង្គ្រាម​កាលពី​ឆ្នាំ2014 នៅ​តំបន់​ហ្គា​ហ្សា នាំឱ្យ​សហគមន៍​អន្តរជាតិ មានការ​បារម្ភ ខ្លាច​ឈានដល់​ការគ្រប់គ្រង​លែង​បាន។ Tor Wennesland ប្រេសិត​ពិសេស​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សន្តិភាព​នៅ​មជ្ឈិមបូព៌ា បាន​ព្រមាន​អំពី​លទ្ធភាព​នៃ​ការផ្ទុះ​សង្គ្រាម​គ្រប់​វិស័យ​រវាង​ភាគី​ទាំងពីរ។

    នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​ព្រមាន​ដល់​ក្រុម​ប្រដាប់អាវុធ​នានា​របស់​ប៉ា​លេ​ស្ទី​ន ថា នឹងត្រូវ «ទទួលផល​អាក្រក់​យ៉ាងធ្ងន់ធ្ងរ» ខណៈដែល​តំណាង​របស់​ក្រុម​ហា​ម៉ាស ក៏បាន​និយាយ​ស្រដៀង​គ្នា​នេះដែរ ដោយ​ចោទ​ទីក្រុង តែ​ល អា​វីវ ថា ជា​អ្នក​បង្កើតឱ្យមាន​ការប៉ះទង្គិច៕

    ប្រភព៖ AFP, Telegraph
    ប្រែ​សម្រួល៖ បុត្រា

  • វិធី​ទប់ទល់ ពេល​មាន​អារម្មណ៍​ប្រចណ្ឌ ហួងហែង​គូស្នេហ៍​ជ្រុល​ពេក

    វិធី​ទប់ទល់ ពេល​មាន​អារម្មណ៍​ប្រចណ្ឌ ហួងហែង​គូស្នេហ៍​ជ្រុល​ពេក

    នៅពេលដែល​សម្ព័ន្ធភាព​រវាង​មនុស្ស  2នាក់ ឈាន​ផុត​ពាក្យ​ថា មិត្តភាព និង​ក្លាយ​មកជា​មនុស្ស​ពិសេស សម្រាប់​គ្នា​ទៅវិញទៅមក​ហើយ​នោះ  វា​ប្រាកដ​ណាស់​ថា ទាំង​ពាក្យសម្ដី និង​ទង្វើ ពិតជា​ខុសប្លែក​ទៅតាម​នោះដែរ​មិន​ខាន។ ជាពិសេស​អាការ​ប្រចែប្រចណ្ឌ ហួងហែង​គូស្នេហ៍ ដែល​មិន​ថា​អ្នកណា ក៏​ធ្លាប់​កើតមាន​អារម្មណ៍​នេះដែរ  នៅ​ពេល​មាន​អ្នកផ្សេង ចូលមក​ពាក់ព័ន្ធ​ជាមួយ​គូស្នេហ៍​របស់ខ្លួន។  បើជា​ការ​ប្រចណ្ឌ ហួងហែង​យ៉ាង​មាន​ព្រំដែន ក៏​​ល្មម​អាច​ទទួលយកបាន តែបើ​សន​ជា​សម្តែង​អាការ​ប្រចែប្រចណ្ឌ​គូស្នេហ៍ ខ្លាំង​ជ្រុល​ហួសហេតុ​ពេក​នោះ វា​ច្បាស់​ជាមាន​បញ្ហា​កើតឡើង​មិន​ខាន  ដូច្នេះ​ជាដំបូង​នេះ អ្នក​គួរ​រៀន​យល់ដឹង​ពី​វិធី​ទប់​ទល់នឹង​ចិត្ត​ខ្លួនឯង នៅពេល​ណា ដែល​ខ្លួន​ចាប់ផ្តើម​មាន​អារម្មណ៍​ប្រចណ្ឌ​គូស្នេហ៍​ជ្រុល​ពេក ជាមុនសិន ល្អ​ជាង…។

    -ប្រឹក្សា​គ្នា និង​និយាយ​គ្នា​យ៉ាង​ត្រង់​ទៅ​ត្រង់​មក

    វា​ជា​រឿង​ធម្មតា​ទេ ដែល​អ្នកមាន​អារម្មណ៍​ហួងហែង ប្រចណ្ឌ​នឹង​គូស្នេហ៍ នៅពេល​មើលឃើញថា សម្ព័ន្ធភាព​ស្នេហ៍​របស់​អ្នក មាន​អ្នកផ្សេង​ចូលមក​ពាក់ព័ន្ធ  តែ​អារម្មណ៍​នេះ អាច​ចាត់ការ​បាន​យ៉ាង​ងាយ ដោយ​គ្រាន់តែ​យើង​ប្រឹក្សា​គ្នា និង​ជជែក​គ្នា​ជាមួយ​គូស្នេហ៍​របស់ខ្លួន យ៉ាង​ត្រង់​ទៅ​ត្រង់​មក​ប៉ុណ្ណោះ។ ព្រោះ​វិធី​នេះ គឺជា​វិធី​ដែល​ជួយ​ឱ្យគេ (ស្វាមី)បាន​យល់​ពី​មូលហេតុ​ដែលថា តើ​អ្នក​ប្រចណ្ឌ​រូបគេ ដោយសារ​រឿង​អ្វី? និង​តើ​ខ្លួនគេ​គួរតែ​ចាត់ការ ចំពោះ​ហេតុការណ៍​នេះ យ៉ាងម៉េច​តទៅទៀត?។ ខណ:ពេល​ជាមួយគ្នា វា​ក៏​ជា​វិធី​ដែល​ធ្វើឱ្យ​អ្នក បាន​យល់​ពី​ចិត្ត​របស់គេ កាន់តែ​ច្រើនឡើង​ដែរ។

    -មិនគួរ​គិត​ច្រើនតែ​ម្នាក់ឯង​ពេក​ទេ

    មាន​ច្រើនលើក​ណាស់ ដែល​គេ​សង្កេតឃើញថា  អាការ​ហួងហែង ប្រចណ្ឌ​គូស្នេហ៍​នេះ កើតឡើង​ដោយសារតែ​ការគិត​ច្រើន​តែឯង  ដោយ​ការនាំយក​ហេតុការណ៍ផ្សេងៗនោះ មក​ត​ភ្ជាប់​គ្នា រហូត​ក្លាយជា​រឿងរ៉ាវ ទាំង​ខ្លួនឯង​នៅ​មិនទាន់​ដឹង​ពី​ការពិត​សូម្បីតែ​បន្តិច​ផង​នៅឡើយ។  ការពិតទៅ​ការគិត​ច្រើនតែ​ម្នាក់ឯង គឺជា​អារម្មណ៍​ប្រក្រតី​របស់​មនុស្ស​ស្រី​ទូទៅ  គ្រាន់តែ​នៅពេលដែល​វា​កើតឡើង​ហើយ អ្នក​គួរតែ​កម្ចាត់​គំនិត​ទាំងអស់នោះ​ចោល ហើយ​បែរមក​ចាប់អារម្មណ៍​ពី​វិធី​ការ ដែល​នឹង​ធ្វើឱ្យ​ស្នេហា​របស់​អ្នក​ទាំង2 ល្អប្រសើរ​ឡើងវិញ ទើប​វា​ប្រសើរ​ជាង។

    -មិនគួរ​សង្ស័យ​លើ​គូស្នេហ៍

    អារម្មណ៍​ប្រចែប្រចណ្ឌ ច្រើនតែ​កើតឡើង នៅពេល​មាន​អ្នកដទៃ ព្យាយាម​ចូលមក​ស្និទ្ធស្នាល ជាមួយ​គូស្នេហ៍​របស់ខ្លួន ដែល​វា​ក៏​មិនមែនជា​រឿង​ចម្លែក​អ្វី​ដែរ បើសិនជា​អ្នក​កើតក្តី​សង្ស័យថា  តើ​ពួកគេ 2នាក់​នោះ មាន​អារម្មណ៍​អ្វី​ពិសេស​រវាង​គ្នា ឬក៏​អត់​នោះ  តែ​វា​ប្រហែលជា​រឹតតែ​ល្អ​ជាង​ទៅទៀត បើ​សឹ​ន​ជា​អ្នក​បញ្ឈប់​ការសង្ស័យ​លើ​ទង្វើ​នេះ ហើយ​សាក​សួរនាំ​រឿងរ៉ាវ​ទាំងនោះ អំពី​គូស្នេហ៍​របស់​អ្នក ដោយត្រង់ៗវិញ​នោះ។

    -ជឿជាក់​លើ​ខ្លួនឯង

    ចាប់ផ្តើម​ដោយ​ការនិយាយ​ជាមួយ​ខ្លួនឯង និង​ប្រាប់​ខ្លួនឯង​ថា ការ​ប្រចែប្រចណ្ឌ វា​គ្រាន់តែ​ជា​អារម្មណ៍​មួយ ដែល​គួរតែ​លុប​វា​ចោល​ទៅ និង​មិនគួរ​ឱ្យមាន​អារម្មណ៍​បែបនេះ កើតមានឡើង​ទៀតឡើយ។  វិធី​នេះ ក្រៅពី​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ជឿជាក់​លើ​ខ្លួនឯង​ថា ខ្លួន​អ្នកមាន​តម្លៃ​ចំពោះ​សេចក្តីស្នេហា ដែល​គេ (ស្វាមី)ប្រគល់ឱ្យ​ហើយ​នោះ នៅ​ជួយ​ឱ្យ​សម្ព័ន្ធភាព​ស្នេហ៍​របស់​អ្នកមាន​ភាពរឹងមាំ​ស្ថិតស្ថេរ និង​ផ្អែមល្ហែម​ឡើង​ទៀតផង។

    -បញ្ឈប់​អារម្មណ៍​ប្រចណ្ឌ​ហួងហែង

    ក្រៅពីនេះ អារម្មណ៍​ប្រចណ្ឌ ថែមទាំង​នាំមក​នូវ​ទង្វើ និង​ពាក្យសម្ដី​ក្រេវក្រោធ  ដែល​ចេញ​មកពី​អារម្មណ៍​ដែល​ពេញ​ដោយ​ទោស: និង​កំហឹង និង​មាន​ជាច្រើន​ដង​ណាស់ ដែល​វា​នឹង​ដឹកនាំ​យើង ឆ្ពោះទៅរក​ការឈ្លោះទាស់ទែង​គ្នា។ ដូច្នេះ បើសិនជា​អាចទៅរួច គួរ​បញ្ឈប់​អារម្មណ៍​នេះ តាំងពី​ដើមទី​តែម្ដង ទើប​ជាការ​ប្រសើរ។

    ឡា​រ៉ែ​ន ជឿថា មាន​មនុស្ស​ចំនួន​មិនតិច​ទេ ដែលមាន​អារម្មណ៍​សប្បាយចិត្ត នៅពេលដែល​បានដឹងថា គូស្នេហ៍​មាន​អារម្មណ៍​ប្រចណ្ឌ ហួងហែង​ចំពោះ​ខ្លួន​យើង  ព្រោះ​វា​ជាការ​សម្តែង​ឱ្យដឹងថា គេ​នៅតែ​ស្រឡាញ់​យើង​ជានិច្ច  តែអ្វីៗទាំងអស់នេះ ទាំង​ការគិត ទាំង​ទង្វើ និង​ពាក្យសម្ដី គួរតែ​ស្ថិតក្នុង​រង្វង់​នៃ​ភាព​សមល្មម  មិន​សម្តែង​អាការ​ហួងហែង ប្រចណ្ឌ​ជ្រុល​ហួសហេតុ​ពេក  រហូត​ធ្វើឱ្យ​គូស្នេហ៍​មាន​អារម្មណ៍​ថា ដូចជា​កំពុង​រង​សម្ពាធ ឬ​សាង​នូវ​ភាព​ទើសទាល់ ធុញទ្រាន់​ដល់​រូបគេ រហូតដល់​ក្លាយជា​រឿងរ៉ាវ​ធំដុំ លែង​អាច​ដោះស្រាយបាន​នោះឡើយ៕

  • ស្ថានភាពជំងឺ COVID-19 នៅកម្ពុជា ក្នុងថ្ងៃទី11 ខែឧសភា ឆ្នាំ2021

    ស្ថានភាពជំងឺ COVID-19 នៅកម្ពុជា ក្នុងថ្ងៃទី11 ខែឧសភា ឆ្នាំ2021

    គិត​មក​ដល់​ព្រឹក​ថ្ងៃទី​12 ខែ​ឧសភា ឆ្នាំ​2021​ នេះ កម្ពុជា​ មាន​អ្នកឆ្លង​វីរុស​Covid-19 សរុប​ចំនួន​ 20,695​នាក់។

    ក្នុង​​ថ្ងៃទី​11​ ខែ​ឧសភាដដែល កម្ពុជា​ ក៏​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​ ​​ចំនួន​ 5​នាក់ផងដែរ​ នាំ​ឱ្យ​តួលេខ​សរុប​នៃ​អ្នក​ស្លាប់​ដោយ​សារ​ Covid-19​ កើន​ឡើង​ដល់​ 136​នាក់។

  • តើ​ពណ៌ណា ត្រូវ​ធាតុ​គ្នា នឹង​ឆ្នាំ​កំណើត​របស់​អ្នក?

    តើ​ពណ៌ណា ត្រូវ​ធាតុ​គ្នា នឹង​ឆ្នាំ​កំណើត​របស់​អ្នក?

    ក្នុងការ​តុបតែង​ផ្ទះ រឿង​មួយទៀត ដែល​យើង​ត្រូវ​គិតដល់​បន្ទាប់ពី​ម៉ូដ​ឌី​ហ្សា​ញ​របស់​ផ្ទះ​ហើយ​នោះ គឺ​រឿង​ពណ៌​របស់​ផ្ទះ ព្រោះ​វា​ជា​រឿង​មួយ​ដែល​កំណត់​នូវ​អារម្មណ៍ របស់​បន្ទប់នីមួយៗបាន​យ៉ាង​ល្អ តែ​ក្រៅពី​ភាពស្រស់ស្អាត​របស់​ពណ៌​ហើយ​នោះ តើ​លោក​អ្នកដឹង​ទេ​ថា យើង​គួរតែ​គិតដល់​រឿង​ពណ៌ ដែល​ត្រូវ​ធាតុ​គ្នា​នឹង​ខ្លួន​យើង​ផង ព្រោះ​បើ​សឹ​ន​ជា​ជ្រើសរើស​ប្រើ​ពណ៌ ដែល​ត្រូវ​ធាតុ​គ្នា​នឹង​ម្ចាស់ផ្ទះ​ហើយ​នោះ វា​នឹង​ជួយ​ដំឡើង​ង​ជោគ​រាសី បង្កើន​ថាមពល ឈិ ឬ​ថាមពល​ជីវិត​របស់​ម្ចាស់ផ្ទះ​បាន​យ៉ាង​ល្អប្រសើ​ទៀតផង។

    តើ​ធ្វើ​ម្តេច​នឹង​ដឹង​ទៅ​ថា តើ​ពណ៌ណា​ត្រូវ​ធាតុ​នឹង​យើង​ខ្លះ​នោះ?  សូម​តាមដាន​អត្ថបទ​រឿង​ហុងស៊ុយ​ពណ៌​តាម​ឆ្នាំ​កំណើត​ទាំង 12 ដូចតទៅ៖

    1 .  ឆ្នាំជូត  ពណ៌​ដែល​ត្រូវ​ធាតុ​គ្នា គឺ​ពណ៌​មាស ប្រាក់ ស ផ្ទៃមេឃ ប្រផេះ និង​ខ្មៅ។

    2 .  ឆ្នាំឆ្លូវ   ពណ៌​ដែល​ត្រូវ​ធាតុ​គ្នា គឺ​ពណ៌​ក្រហម ស្វាយ ទឹកក្រូច លឿង និង​ស្ករ។

    3 .  ឆ្នាំខាល ពណ៌​ដែល​ត្រូវ​ធាតុ​គ្នា គឺ​ពណ៌​ផ្ទៃមេឃ ប្រផេះ ខ្មៅ បៃតង និង​លឿង​លាយ​បៃតង។

    4 . ឆ្នាំថោះ  ពណ៌​ដែល​ត្រូវ​ធាតុ​គ្នា គឺ​ពណ៌​ផ្ទៃមេឃ ប្រផេះ ខ្មៅ បៃតង និង​លឿង​លាយ​បៃតង។

    5 . ឆ្នាំរោង   ពណ៌​ដែល​ត្រូវ​ធាតុ​គ្នា គឺ​ពណ៌​ក្រហម ស្វាយ ទឹកក្រូច លឿង និង​ស្ករ។

    6 . ឆ្នាំម្សាញ់  ពណ៌​ដែល​ត្រូវ​ធាតុ​គ្នា គឺ​ពណ៌​បៃតង លឿង​លាយ​បៃតង ក្រហម ស្វាយ និង​ទឹកក្រូច។

    7 . ឆ្នាំមមី    ពណ៌​ដែល​ត្រូវ​ធាតុ​គ្នា គឺ​ពណ៌​បៃតង លឿង​លាយ​បៃតង ក្រហម ស្វាយ និង​ទឹកក្រូច។

    8 . ឆ្នាំមមែ   ពណ៌​ដែល​ត្រូវ​ធាតុ​គ្នា គឺ​ពណ៌​ក្រហម ស្វាយ ទឹកក្រូច លឿង និង​ស្ករ។

    9 . ឆ្នាំវក   ពណ៌​ដែល​ត្រូវ​ធាតុ​គ្នា គឺ​ពណ៌​លឿង ស្ករ មាស ប្រាក់ និង​ស។

    10 . ឆ្នាំរកា  ពណ៌​ដែល​ត្រូវ​ធាតុ​គ្នា គឺ​ពណ៌​លឿង ស្ករ មាស ប្រាក់ និង​ស។

    11 . ឆ្នាំច   ពណ៌​ដែល​ត្រូវ​ធាតុ​គ្នា គឺ​ពណ៌​ក្រហម ស្វាយ ទឹកក្រូច លឿង និង​ស្ករ។

    12 . ឆ្នាំកុរ   ពណ៌​ដែល​ត្រូវ​ធាតុ​គ្នា គឺ​ពណ៌​មាស ប្រាក់ ស ផ្ទៃមេឃ ប្រផេះ និង​ខ្មៅ។

    តែ​យ៉ាងណាក៏ដោយ ពណ៌​ដែល​ត្រូវ​ធាតុ​គ្នា​ខាងលើនេះ ម្ចាស់ផ្ទះ​មិនចាំបាច់​ត្រូវ​ម៉ឺងម៉ាត់ ក្នុងការ​ជ្រើសរើស​ពណ៌ ដែល​បង្ហាញឱ្យឃើញច្បាស់ៗ (ពណ៌​ចាស់ដិត) ពេក​ក៏បាន​ដែរ យក​ពណ៌​រាងខ្ចីៗ ក៏​អាច​ប្រើការ​បានដែរ មិន​ខុស​គោលការណ៍​ហុងស៊ុយ​ឡើយ តែ​មិន​ថា​ជ្រើស​យក​ពណ៌​ចាស់ ខ្ចី ឬ​យ៉ាងណា​នោះទេ ម្ចាស់ផ្ទះ​សូមកុំ​ភ្លេច​នឹក​ដល់​ភាពស្រស់ស្អាត និង​អារម្មណ៍​របស់​ពណ៌​ផង ដើម្បីឱ្យ​ផ្ទះ បាន​ក្លាយជា​កន្លែង​មួយ​ដែល​ម្ចាស់ផ្ទះ និង​សមាជិក​ដែល​រស់នៅ​ក្នុងផ្ទះ​ទាំងអស់ បាន​ស្នាក់នៅ​ហើយ សប្បាយ​ភ្នែក មាន​អារម្មណ៍​រីករាយ និង​សប្បាយ​ចិត្តខ្លាំង​បំផុត​ផង៕

  • “តំបន់​ក្រហម” “តំបន់​លឿងទុំ” និង “តំបន់​លឿង” នឹងត្រូវ​រក្សា​វិធានការ​ទប់ស្កាត់ Covid-19 រយៈពេល​មួយ​សប្ដាហ៍​ទៀត

    “តំបន់​ក្រហម” “តំបន់​លឿងទុំ” និង “តំបន់​លឿង” នឹងត្រូវ​រក្សា​វិធានការ​ទប់ស្កាត់ Covid-19 រយៈពេល​មួយ​សប្ដាហ៍​ទៀត

    ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​Covid-19 រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល រយៈពេល 7ថ្ងៃ​បន្ថែមទៀត សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​រួមទាំង​ការបែងចែក​ជា “តំបន់​ក្រហម” “តំបន់​លឿងទុំ” និង “តំបន់​លឿង។

    សេចក្ដីសម្រេច ដែល​នឹងមាន​សុពលភាព​រយៈពេល​មួយ​សប្ដាហ៍​នេះ នឹងត្រូវ​អនុវត្ត ចាប់ពី​ម៉ោង​សូន្យ នៃ​ថ្ងៃទី13 ខែឧសភា ឆ្នាំ2021 រហូតដល់​ថ្ងៃទី19 ខែឧសភា ឆ្នាំ2021។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីសម្រេច​របស់​សាលាក្រុង​ភ្នំពេញ ដែល​មាននៅ​ខាងក្រោម៖

  • (វីដេអូ)-សាសនិក​អ៊ីស្លាម​រាប់ពាន់នាក់ ប្រជ្រៀត​គ្នា ដង្ហែ​សព​អាចារ្យ​​ដ៏​ល្បី​ឈ្មោះ​​មួយ​រូប នៅ​​ឥណ្ឌា ដោយ​មិន​ខ្ចី​អើពើ​ដល់ COVID-19!

    (វីដេអូ)-សាសនិក​អ៊ីស្លាម​រាប់ពាន់នាក់ ប្រជ្រៀត​គ្នា ដង្ហែ​សព​អាចារ្យ​​ដ៏​ល្បី​ឈ្មោះ​​មួយ​រូប នៅ​​ឥណ្ឌា ដោយ​មិន​ខ្ចី​អើពើ​ដល់ COVID-19!

    បើទោះជា Covid-19 កំពុងតែ​រាតត្បាត​យ៉ាងខ្លាំង​ក្លា និង​យ៉ាង​ស្មុគស្មាញ​ក៏ដោយ ក៏​ក្រុម​ពលរដ្ឋ​នៅ​ប្រទេស​ឥណ្ឌា ចំនួន​រាប់ពាន់នាក់ នៅតែ​ទៅ​ចូលរួម​ពិធី​បុណ្យសព​របស់​អាចា​រ្យ​មួយរូប​នៃ​ប្រទេស​នេះ។

    ប៉ូលិស​ស្រុក Budaun នៃ​រដ្ឋ Uttar Pradesh បង្កើត​ក្រុម​ស្រាវជ្រាវ​មួយ​ដើម្បី​ស៊ើបអង្កេត​ករណី​មនុស្ស​រាប់ពាន់នាក់​ប្រមូលផ្ដុំ​គ្នា​នៅលើ​ដងផ្លូវ កាលពី​ថ្ងៃអាទិត្យ (9/ឧសភា) ដើម្បី​ធ្វើ​ពិធី​បុណ្យសព​ជូន​អាចារ្យ Abdul Hamid Mohammad Salimul Qadri ដែល​នេះ បាន​រំលោភ​លើ​វិធានការ​ទប់ស្កាត់ Covid-19 របស់​ប្រទេស​ឥណ្ឌា។

    វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម បានបង្ហាញ​ឱ្យឃើញថា អ្នកចូលរួម​ពិធីបុណ្យ​សព​នេះ ភាគច្រើន​មិនបាន​ពាក់​ម៉ាស​នោះទេ។ នៅពេល​មើល​ពីលើ​អាកាស ហ្វូងមនុស្ស​ប្រជ្រៀត​គ្នា ហើយ​ហាក់​មិនមាន​បរិយាកាស​ដែល​អាច​ដកដង្ហើម​បាន​ស្រួល។

    មន្ត្រីនគរបាល​មួយរូប ដែល​ស្ថិតក្នុង​ក្រុម​ស៊ើបអង្កេត បាន​និយាយថា៖ «ហ្វូងមនុស្ស​រាប់ពាន់នាក់ បាន​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ក្នុង​តំបន់ Budaun។ មនុស្ស​ជាច្រើន មិនបាន​ពាក់​ម៉ាស»។

    ពលរដ្ឋ​ម្នាក់​នៅក្នុង​តំបន់​ខាងលើ បាន​និយាយថា៖ «សមត្ថកិច្ច​ក្នុង​តំបន់ មិនបាន​ដាក់​របង​រាំងខ្ទប់​នោះទេ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។ បើសិនជា​មានការ​គ្រប់គ្រង​បានល្អ និង​ទាន់ពេល នោះ​ហេតុការណ៍​នេះ​នឹង​មិនអាច​កើតឡើង​បានឡើយ»។

    យោងតាម​សារព័ត៌មាន The Print (ឥណ្ឌា) Qadri ដែលជា​អាចារ្យ​មួយរូប​ដ៏​ល្បីឈ្មោះ​ប្រចាំ​តំបន់ Budaun បានទទួល​មរណភាព​កាលពី​ព្រឹក​ថ្ងៃទី6 ខែឧសភា បន្ទាប់ពី​បាន​ព្យាបាល​ជំងឺ​អស់​មួយ​រយៈពេល​យូរ។ មុនពេល​ពិធី​បុណ្យសព​ត្រូវបាន​ធ្វើឡើង សាកសព​របស់លោក​ត្រូវបាន​តម្កល់​នៅក្នុង​វិហារ​អ៊ីស្លាម​មួយកន្លែង។ ក្រោយពី​មាន​ដំណឹង​ស្ដីពី​មរណភាព​នេះ អ៊ីស្លាម​សាសនិក​ពី​តំបន់​ជាច្រើន​របស់ Budaun និង​តំបន់​ក្បែរ​ខាង បាននាំគ្នា​មក​ចូលរួម​ជូន​ដំណើរ​ជា​លើកចុងក្រោយ។

    មន្ត្រី​ស៊ើបអង្កេត​នៃ​ក្រុម​ស្រាវជ្រាវ​របស់​ប៉ូលិស​ឥណ្ឌា បានឱ្យដឹងថា បច្ចុប្បន្ន ក្រុម​ស្រាវជ្រាវ «កំពុង​ពិនិត្យមើល​វីដេអូ​បង្ហាញ​ពី​ពិធី​បុណ្យសព ដើម្បី​កំណត់​អត្តសញ្ញាណ​ក្រុមមនុស្ស​ដែល​បាន​ចូលរួម»។

    តួលេខ​អ្នក​វិជ្ជមាន​នឹង Covid-19 នៅក្នុង​រដ្ឋ Uttar Pradesh បាន​ថយចុះ​ក្នុងអំឡុង​ច្រើន​ថ្ងៃ​ចុង​ក្រោយនេះ ប៉ុន្តែ នៅតែមាន​កម្រិត​ខ្ពស់ ពោលគឺ​ជាង 20,000នាក់ ក្នុង​មួយថ្ងៃ។ ទូទាំងប្រទេស​ឥណ្ឌា បច្ចុប្បន្ន មាន​អ្នក​វិជ្ជមាន​នឹង​វីរុស​នេះ សរុប​ចំនួន 23,340,426នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 254,225នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល មាន​ចំនួន 3,709,551នាក់៕

    ប្រភព​៖ The Print
    ប្រែសម្រួល​៖ បុត្រា

  • វីដេអូ-ក្រុម ហា​ម៉ាស បាញ់ស្រោច​រ៉ុក្កែត 130គ្រាប់​បន្ថែមទៀត ដើម្បី​សងសឹក ក្រោយ​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល កម្ទេច​អគារ 13ជាន់

    វីដេអូ-ក្រុម ហា​ម៉ាស បាញ់ស្រោច​រ៉ុក្កែត 130គ្រាប់​បន្ថែមទៀត ដើម្បី​សងសឹក ក្រោយ​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល កម្ទេច​អគារ 13ជាន់

    សំឡេង​ស៊ី​រ៉ែ​ន ប្រកាសអាសន្ន បាន​បន្លឺឡើង​នៅ​ទីក្រុង តែ​ល អា​វីវ (Tel Aviv) នៅពេល​ក្រុម​ហា​ម៉ាស បាញ់​រ៉ុក្កែត 130គ្រាប់ សំដៅ​ទឹកដី​អ៊ីស្រាអែល ដើម្បី​ជាការ​សងសឹក​ទៅនឹង​ករណី​អគារ​កម្ពស់ 13ជាន់​របស់ខ្លួន​នៅ ហ្គា​ហ្សា (Gaza) ត្រូវបាន​បាញ់​កម្ទេច។

    សារព័ត៌មាន Al Jazeera បានឱ្យដឹងថា កងទ័ព​អ៊ីស្រាអែល បន្ត​វាយប្រហារ​តាមផ្លូវ​អាកាស សំដៅ​តំបន់​ហ្គា​ហ្សា ក្នុង​​ថ្ងៃ​ទី​11 ខែឧសភា។ អគារ​ដែលមាន​កម្ពស់ 13ជាន់ មួយកន្លែង បាន​ដួលរលំ បន្ទាប់ពី​ត្រូវ​គ្រាប់​រ៉ុក្កែត​ពី​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល។

    https://www.youtube.com/watch?v=dWyUeI4Kq4w

    ក្រុមមន្ត្រី​សុខាភិបាល​នៅ​តំបន់​ហ្គា​ហ្សា បានឱ្យដឹងថា យ៉ាងហោចណាស់ មាន​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ចំនួន 32នាក់ ក្នុងនោះ​មាន​កុមារ​ចំនួន 10នាក់ បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ​របស់​អ៊ីស្រាអែល នៅ​តំបន់​ហ្គា​ហ្សា ចាប់ពី​យប់​ថ្ងៃទី10 ខែឧសភា។

    ទីបញ្ជាការ​កងទ័ព​ហា​ម៉ាស បាន​ព្រមាន​អ៊ីស្រាអែល អំពី​លទ្ធភាព​នៃ​ការពង្រីក​ការវាយប្រហារ​សំដៅ​តំបន់ យេ​រូ​សា​ឡឹម​ខាងកើត (East Jerusalem) និង​ស្នើឱ្យ​អ៊ីស្រាអែល ដក​កម្លាំង​ចេញពី​វិហារ Al-Aqsa។ ហា​ម៉ាស ក៏បាន​ប្រកាសថា បាន​បាញ់ស្រោច​រ៉ុក្កែត 130គ្រាប់​ទៅលើ​ទឹកដី​អ៊ីស្រាអែល​ផងដែរ កាលពី​យប់​ថ្ងៃទី11 ខែឧសភា ដើម្បី​សងសឹក​ចំពោះ​ការវាយប្រហារ​តាមផ្លូវ​អាកាស​ពី​សំណាក់​អ៊ីស្រាអែល។

    នេះ​គឺជា​លើកដំបូង​ក្នុងអំឡុង 2ឆ្នាំ​កន្លង ដែល​ហា​ម៉ាស បើក​ការវាយប្រហារ​ដោយ​រ៉ុក្កែត សំដៅ​ទីក្រុង តែ​ល អា​វីវ ដែលជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់​អ៊ីស្រាអែល។ ក្រុម​ហា​ម៉ាស ក៏បាន​ឱ្យដឹងថា ខ្លួន​បាន​ប្រើប្រាស់​រ៉ុក្កែត​ថ្មី​មួយ​ប្រភេទ​ដែលមាន​ឈ្មោះថា Sijeel ដើម្បី​ឆ្លងកាត់​ប្រព័ន្ធ​ការពារ​ដែនអាកាស Iron Dome របស់​អ៊ីស្រាអែល។

    យោងតាម​សារព័ត៌មាន Al Jazeera រដ្ឋាភិបាល​អ៊ីស្រាអែល បានប្រកាស​អាសន្ន​នៅ​ទីក្រុង​ឡូដ (Lod) ភាគ​អាគ្នេយ៍​នៃ​ទីក្រុង តែ​ល អា​វីវ ក្នុង​គ្រា​អំពើហិង្សា​ផ្ទុះឡើង បន្ទាប់ពី​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ម្នាក់ ត្រូវបាន​ជនជាតិ​ជ្វី​ហ្វ​សម្លាប់។

    មុននេះ ក្រុមប៉ូលិស​អ៊ីស្រាអែល បាន​បង្ក្រាប​ការប្រមូល​ផ្ដុំគ្នា​នៅ​វិហារ Al Aqsa ក្នុង​ក្រុង​ចាស់ យេ​រូ​សា​ឡឹម ក្នុង​ថ្ងៃទី​បី ដោយ​ការបាញ់​គ្រាប់​ដែក​ស្រោប​ជ័រកៅស៊ូ និង​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក សំដៅ​អ្នក​ដែល​បាន​ចូលរួម​ពិធី​ហែ​ក្បួន​ប៉ា​លេ​ស្ទី​ន នៅ​ខាងក្នុង​វិហារ ក្នុងអំឡុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​បុណ្យ រ៉ា​ម៉ា​ដាន (Ramadan)។

    ជនជាតិ​ប៉ា​លេ​ស្ទី​ន​ជាង 700នាក់ បាន​រងរបួស​នៅ​តំបន់ យេ​រូ​សា​ឡឹម និង​តំបន់​វែ​ស បែង (West Bank) ក្នុងអំឡុងពេលថ្មីៗនេះ។

    នៅ​ចំពោះមុខ​អំពើហិង្សា ដែល​ចេះតែ​កើនឡើង រវាង​ជនជាតិ​អ៊ីស្រាអែល និង​ប៉ា​លេ​ស្ទី​ន ប្រទេស​ជាច្រើន រួម​នឹង​អង្គការ​អន្តរជាតិ​នានា បាន​បន្ត​អំពាវនាវ​ឱ្យ​គ្រប់ភាគី​អត់ធ្មត់ និង​ចៀសវាង​ការសម្លាប់​គ្នា ខណៈ​អង្គការសហប្រជាជាតិ កំពុង​ដោះស្រាយ​បញ្ហា​នេះ៕

    ប្រភព​៖ Reuters, AFP
    ប្រែសម្រួល​៖ បុត្រា

  • កម្ពុជា ចេញ​របាយការណ៍​ស្ដីពី​តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19

    កម្ពុជា ចេញ​របាយការណ៍​ស្ដីពី​តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19

    នា​ថ្ងៃទី11 ខែឧសភា ឆ្នាំ2021 នេះ កម្ពុជា បានបង្ហាញ​របាយការណ៍​មួយ​ស្ដីពី​តួលេខ​នៃ​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 នៅ​ទូទាំងប្រទេស ដោយ​រួមទាំង​ការចាក់​លើកទីមួយ និង​លើក​ទី​ពីរ។

    វ៉ាក់សាំង​ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា នាបច្ចុប្បន្ន រួមមាន វ៉ាក់សាំង Sinopharm ផលិត​នៅ​ប្រទេស​ចិន, វ៉ាក់សាំង Covishield ផលិត​នៅ​ប្រទេស​ឥណ្ឌា (AstraZeneca) និង​វ៉ាក់សាំង Sinovac ផលិត​នៅ​ប្រទេស​ចិន។

    ជារួម ចំនួន​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​លើកទីមួយ មាន 1,877,840នាក់ និង​ពលរដ្ឋ​ដែល​បាន​ចាក់​លើក​ទី​ពីរ មាន 1,123,726នាក់។ ព័ត៌មាន​លម្អិត សូម​អាន​របាយការណ៍​ខាងក្រោម៖

    ប្រភព៖ ក្រសួងសុខាភិបាល
    ដកស្រង់៖ បុត្រា

  • ក្រុមហ៊ុន NOVAVAX អភិវឌ្ឍ​វ៉ាក់សាំង​មួយ​ប្រភេទ ដែល​អាច​ទប់ស្កាត់​ទាំង​វីរុស​COVID-19 ទាំង​វីរុស​គ្រុន​​ផ្ដាសាយ

    ក្រុមហ៊ុន NOVAVAX អភិវឌ្ឍ​វ៉ាក់សាំង​មួយ​ប្រភេទ ដែល​អាច​ទប់ស្កាត់​ទាំង​វីរុស​COVID-19 ទាំង​វីរុស​គ្រុន​​ផ្ដាសាយ

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ Novavax របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី10 ខែឧសភា បានឱ្យដឹងថា ការពិសោធ​វ៉ាក់សាំង​បង្ការ​ទាំង​វីរុស​Covid-19 ទាំង​វីរុស​ផ្ដាសាយ នៅលើ​សត្វ បានទទួល​លទ្ធផល​ល្អ។

    យោងតាម​ក្រុមហ៊ុន Novavax ការស្រាវជ្រាវ​ខាងលើ​បង្ហាញថា វ៉ាក់សាំង​ប្រភេទ​រួមផ្សំ​នេះ បង្កើត​អង្គ​ប​ដិ​ប្រាណ​ខ្លាំងក្លា អាច​ទប់ស្កាត់​ការឆ្លង​វីរុស​ទាំងពីរ​ប្រភេទ​ដែល​បាន​និយាយ​ខាងដើម នៅពេល​អ្នកវិទ្យាសាស្ត្រ​ពិសោធ​នៅលើ​កណ្ដុរ និង​កញ្ជ្រោង។

    មន្ត្រីជាន់ខ្ពស់​ម្នាក់​រប​ស់ Novavax យល់ថា ក្នុង​វិបត្តិ Covid-19 បើទោះជា​អត្រា​នៃ​ការឆ្លង​វីរុស​ផ្ដាសាយ​មាន​កម្រិត​ទាប ប៉ុន្តែ​នេះ​នៅតែ​ជា​ហានិភ័យ​គួរឱ្យ​បារម្ភ សម្រាប់​ប្រព័ន្ធ​សុខាភិបាល​ពិភពលោក និង​តម្រូវការ​ស្ដីពី​វ៉ាក់សាំង​ដែល​មាន​​ប្រសិទ្ធ​ភាព​​ខ្ពស់​ជាង ​អាច​បង្ការ​វីរុស​ច្រើន​ប្រភេទ ក្នុងនោះ​មាន​វីរុស​ផ្ដាសាយ​ផងដែរ គឺជា​ប្រការ​សំខាន់​ជាងពេលណាៗទាំងអស់។

    វ៉ាក់សាំង​ដែល​កំពុង​ត្រូវបាន​ក្រុម​ហ៊ុន​ Novavax អភិវឌ្ឍ​នេះ​គឺជា​ប្រភេទ​វ៉ាក់សាំង​ដែល​រួមផ្សំ​រវាង​វ៉ាក់សាំង​បង្ការ​វីរុស​ផ្ដាសាយ NanoFlu និង​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19។ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ចាក់​វ៉ាក់សាំង​នេះ​ទៅលើ​សត្វ​កណ្ដុរ ហើយ​​ក្រោយ​មក​ ឱ្យ​ពួកវា​ប៉ះពាល់ Covid-19។ លទ្ធផល​បាន​បង្ហាញថា កណ្ដុរ​ទាំងនេះ​នៅតែ​រក្សាបាន​នូវ​ទម្ងន់​ដើម​របស់​ពួកវា បើ​ធៀប​នឹង​កណ្ដុរ​ដែល​ត្រូវបាន​ចាក់​ថ្នាំ placebo (ថ្នាំ​ដែល​មិនមាន​សារធាតុ​សកម្ម)។ ពេល​ពិនិត្យ​សំណាក​សួត​របស់​សត្វ​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ពួកវា​មិនបាន​ឆ្លង Covid-19 ឡើយ។

    Novavax អះអាងថា វ៉ាក់សាំង​ទប់ស្កាត់ Covid-19 ឈ្មោះ NVX-CoV2373 របស់​ពួកគេ មាន​ប្រសិទ្ធភាព 100% ក្នុងការ​ទប់ស្កាត់​មិនឱ្យ​មាន​ករណី​ឈឺ​ធ្ងន់ ក្នុងដំណាក់កាល​ទី​បី​នៃ​ការពិសោធ​លើ​មនុស្ស​នៅ​អង់គ្លេស និង​មាន​ប្រសិទ្ធភាព​ទូទៅ​ក្នុង​កម្រិត 89.7%។ ចំណែក NanoFlu វិញ​គឺជា​វ៉ាក់សាំង​បង្ការ​វីរុស​ផ្ដាសាយ ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Novavax ដូចគ្នា។ វ៉ាក់សាំង​ទាំងពីរ​នេះ សុទ្ធតែ​កំពុង​ត្រូវបាន​ពិសោធ​ដាច់ដោយឡែក នៅលើ​មនុស្ស ក្នុងដំណាក់កាល​ចុងក្រោយ និង​មិនទាន់​ត្រូវបាន​រដ្ឋាភិបាល​អនុម័ត​នៅឡើយ៕

    ប្រភព​៖ AFP, France24
    ប្រែសម្រួល​៖ បុត្រា