Author: សឿន សំណាង

  • ញី​ភ្នែក​មើល​ឱ្យច្បាស់!  ក្រមុំ​ចិន​រៀប​មង្គលការ មាន​អ្នក​កំដរស្អាតៗ តែ​មើល​មែនទែន បានដឹងថា…

    ញី​ភ្នែក​មើល​ឱ្យច្បាស់!  ក្រមុំ​ចិន​រៀប​មង្គលការ មាន​អ្នក​កំដរស្អាតៗ តែ​មើល​មែនទែន បានដឹងថា…

    ក្រមុំ​ចិន រៀបចំ​ពិធីមង្គលការ តែ​មិន​បបួល​ពួកម៉ាក​ស្រី មក​ធ្វើជា​អ្នក​កំដរ​ទេ បែរជា​បបួល​មិត្តភក្តិប្រុសៗមក​ធ្វើ​តួនាទី​នេះ​ទៅវិញ  ពេល​តុបតែង​មុខមាត់ ធ្វើ​សក់​រួចហើយ ស្អាតៗយ៉ាង​នឹកស្មាន​មិន​ដល់…

    កាលពីពេលថ្មីៗនេះ មាន​ឃ្លី​ប​វីដេអូ​មួយ ត្រូវបាន​គេ​ចាប់អារម្មណ៍ និង​និយាយ​ដល់​រឿងនេះ យ៉ាងច្រើន​សន្ធឹក​នៅក្នុង​បណ្ដាញ​សង្គម។ ជា​ឃ្លី​ប​វីដេអូ​របស់​ក្រុម​មិត្តភក្តិ អ្នក​កំដរ​កូនក្រមុំ​ទាំង 3នាក់ ដែល​ស្លៀក​ឈុត​ទទួលភ្ញៀវ តុបតែង​មុខមាត់ និង​ធ្វើ​សក់​យ៉ាង​ស្អាត​ប្រិមប្រិយ៍ មាន​កាយវិការ​អៀនប្រៀន​បន្តិចបន្តួច តែ​ពេល​អ្នកទស្សនា​សម្លឹងមើល​ឱ្យ​ច្បាស់​មែនទែនទៅ ទើប​ជា​ដឹងថា ការពិត​អ្នក​កំដរ​កូនក្រមុំ​ទាំង 3នាក់​នោះ សុទ្ធតែជា​មនុស្ស​ប្រុស​ទាំងអស់…អូ ម៉ា​យ​ហ្គ​ដ!!

    ពិធីមង្គលការ​នោះ ត្រូវបាន​រៀបចំឡើង កាលពី​ថ្ងៃទី29 មេសា​កន្លងទៅ នៅឯ​ទីក្រុង​ភីង​ទីង​សាន មណ្ឌល​ហ៊ើ​ណាន ដោយ​កូនក្រមុំ​ម្នាក់នេះ មានគំនិត​ខុសប្លែក​ពី​អ្នកដទៃ គឺ ជំនួស​ឱ្យ​ការដែល​នាង​ទៅ​បបួល​មិត្តភក្តិ ដែលជា​ស្រី ឬ​បង​ប្អូនស្រី​ដូចគ្នា មក​ធ្វើជា​អ្នក​កំដរ តែ នាង​បែរជា​ទៅ​ជ្រើស​រើសយក​មិត្តភក្តិប្រុសៗ ដែល​ជិតដិត​គ្នា​តាំងពីក្មេង​មក ឱ្យមក​បំពេញ​តួនាទី​នេះ​ទៅវិញ។

    អ្នក​កំដរ​កូនក្រមុំ​ទាំង 3នាក់ ស្លៀក​ឈុត​ដ្រេ​ស ពណ៌​ផ្កាឈូក​ស្រស់​ដ៏​ផ្អែមល្ហែម ពាក់​សក់​ក្លែងក្លាយ​វែង រួញតិចៗ ពាក់​ស្បែកជើងបាតា ជំនួស​ឱ្យ​ស្បែកជើងកែងចោត ព្រោះ​ខ្លាច​ស្អាត​លេចធ្លោ​ជាង​កូនក្រមុំ ឈរ​នៅក្បែរ​កូនក្រមុំ​ដោយ​ឫកពារ​អឹមអៀន ផ្ទុយគ្នា​ស្រឡះ​ពី​ស្នាម​សាក់​នៅលើ​ដៃ ដ៏​គួរឱ្យ​ញញើត។

    ភ្ញៀវ​ដែល​មក​ចូលរួម​ពិធី នាំគ្នា​នឹក​ចម្លែក​ចិត្ត ដែល​ឃើញ​អ្នក​កំដរ​កូនក្រមុំ​បែបនេះ ម្នាក់ៗនាំគ្នា​ទាញ​ទួ​រ​ស័ព្ទ ចេញមក​ថតរូបគ្រប់ៗគ្នា។

    ទោះជា​មិនមាន​ការបញ្ជាក់​ពី​មូលហេតុ​ពិត នៃ​ការយក​មនុស្ស​ប្រុស មក​ធ្វើជា​អ្នក​កំដរ​កូនក្រមុំ​ក៏ដោយ តែ​អ្នក​ដែល​បានឃើញ​ជាច្រើន​នាក់ យល់ឃើញថា ជួនកាល​កូនក្រមុំ​ម្នាក់នេះ អាច​មិនមាន​បងស្រី ឬ​ប្អូនស្រី ឬ​មិត្តភក្តិ ដែល​នឹង​មក​បំពេញ​តួនាទី​ត្រង់នេះ។ ចំណែក​អ្នកខ្លះ យល់ឃើញថា អាចជា​ការការពារ​ប​ញ្ហា​អ្វី​ម្យ៉ាង ដែល​អាច​នឹង​កើតឡើង​ចំពោះ​កូនក្រមុំ ព្រោះ​នៅក្នុង​ទំនៀមទម្លាប់​ការរៀប​មង្គលការ​នៅ​កន្លែង​ខ្លះ​របស់​អ្នកស្រុក​ចិន អ្នក​កំដរ​កូនក្រមុំ មាន​តួនាទី​ថែទាំ​ការពារ​កូនក្រមុំ ដែល​អាច​ហៅ​បាន​ថា មាន​ចំណែក​រួម ស្ទើរតែ​គ្រប់យ៉ាង​ក្នុង​ពិធី​នេះ ដូចជា ការផឹក​ស្រា​ជំនួស​កូនក្រមុំ លេង​ហ្គេមផ្សេងៗ ដែល​បង្កើតឡើង ដើម្បី​ចម្អន់​លេង​ជា​មួយគូ​ស្វាមីភរិយា​ថ្មោងថ្មី ដែល​ជួនកាល​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ជាយថាហេតុ​បាន។

    តែ​យ៉ាងណាក្ដី អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ជាច្រើន បាន​បញ្ចេញយោបល់ កោតសរសើរ​អ្នក​កំដរ​កូនក្រមុំ​ទាំង 3នាក់​នោះ ដែលមាន​មិត្តភាព​នឹង​គ្នា​ដ៏​សែន​ស្អិតរ​មួ​ត ដល់​ថ្នាក់​សុខចិត្ត​តែងខ្លួន​ជា​ស្រី ដើម្បី​ជួយ​មិត្តភក្តិ ព្រមទាំង​និយាយទៀតថា ប្រហែលជា​គ្មាន​អ្នកណា​ធ្វើ​ដូច​អ្នក​កំដរ​កូនក្រមុំ 1ក្រុម​នេះ​បានទេ មើលទៅ…៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ អ្នកគ្រូ ឆវី

  • អំបិល ថ្នាំ​វិសេស​នៅក្នុង​ផ្ទះបាយ

    អំបិល ថ្នាំ​វិសេស​នៅក្នុង​ផ្ទះបាយ

    1. ក្អក​ដោយសារ​ជំងឺ​ផ្តាសាយ

    គ្រាន់តែ​យក​ទឹក​ពិសា 1ពែង​មក ហើយ​ដាក់​អំបិល​ចូលទៅ 1ស្លាបព្រា​កាហ្វេ កូរតិចៗ រហូត​ទាល់តែ​អំបិល​រលាយ​អស់  សឹម​យកមក​ខ្ពុរមាត់ និង​ខ្ពុរ​លាង​បំពង់ក​ឱ្យបាន​ច្រើនដង។  ភាព​ប្រៃ​របស់​អំបិល នឹង​ចូលទៅ​រំលាយ​ស្លេស្ម៍​ក្នុង​បំពង់ក ធ្វើឱ្យ​លែង​ក្អក រំខាន​អ្នក​នៅក្បែរ​ខ្លួន​ទៀតហើយ។

    1. តឹង​ខួរក្បាល គិត​អ្វី​មិនសូវ​ឃើញ

    នារីៗអ្នកធ្វើការ​ណា ដែល​ជួប​បញ្ហា​បែបនេះ កុំ​ដំអក់​យូរ  ចូរ​លាយ​ទឹ​ក្តៅឧណ្ហៗឱ្យ​ពេញ 1ធុង រួច​ដាក់​អំបិល​ចូលទៅ 2-3ស្លាបព្រា​កាហ្វេ រួចហើយ​យកមក​ងូត  ធានាថា ខួរក្បាល​នឹង​ភ្លឺ​ថ្លា​ឡើង រក​នឹក ឬ​គិត​ការងារ​អ្វី បាន​ឆាប់រហ័ស​មិន​ខាន  ព្រោះ​អំបិល​ជួយ​ជំរុញ ឱ្យ​ឈាម​ហូរ​វិល​មក​ក្នុង​ខួរក្បាល​បានល្អ។

    1. ជំរុញ​ឱ្យ​ក្អួត

    បើសិន​ចៃដន្យ ច្រឡំ​បរិភោគ​សារធាតុពុល​ចូលទៅក្នុង​ពោះ ឬ​បរិភោគ​អាហារ​ឆ្អែត ឡើង​ហល់ ក្រពះ​រំលាយ​មិនទាន់ រហូតដល់​ត្រូវតែ​ធ្វើឱ្យ​ក្អួត​ចេញមក ទើប​ធូរស្រាល​នោះ  ចូរ​ផឹកទឹក​អំបិល​ប្រៃ​ខ្លាំង 1កែវ​ធំ​ចូលទៅ  មិនយូរប៉ុន្មាន នឹង​បាន​ក្អួត​ចេញមក សម​ដូច​បំណង​មិន​ខាន។

    1. តឹង​ច្រមុះ ហូរ​សំបោរ

    ចង់​ត្រឹមតែ​តឹង​ច្រមុះ ហៀរ​សំបោរ ឬក៏​រាលដាល​ខ្លាំង រហូត​ក្លាយជា​រោគ​រលាក​ច្រមុះ​ក៏ដោយ  ចូរ​យក​ទឹកអំបិល​ប្រៃ​លែមៗ មក​បន្តក់​ចូលទៅក្នុង​រន្ធ​ច្រមុះ​ទាំងសងខាង។  អំបិល​នឹង​ជួយ​សម្លាប់​មេរោគ នៅក្នុង​ប្រហោង​ច្រមុះ ធ្វើឱ្យ​បាត់​អាការ​ឈី​ត​ឈូ​ត ជូត​ទឹកសំបោរ​ជាមិនខាន។

    1. រមាស់​នៅតាម​ស្បែក

    លាប​នៅលើ​បរិវេណ​ដែល​រមាស់ ដោយ​ទឹកអំបិល  មេរោគ​រមាស់​នៅ​ម្តុំ​នោះ នឹង​អស់ឫទ្ធិ​មិន​ខាន។

    1. រោគ​ភ្នែក​ក្រហម

    ជំងឺ​នេះ មាន​មេរោគ​ដែល​បង្កបញ្ហា ស្ថិតនៅ​ពីក្រោយ  តែ​យើង​អាចធ្វើ​ការ​បឋម​ព្យាបាល​ខ្លួនឯងបាន មុននឹង​ទៅ​មន្ទីរពេទ្យ  ដោយ​ការយក​កន្សែងពោះគោ​ស្អាត (បើ​បាន​ស្ងោ​សម្លាប់​មេរោគ​ហើយ​ផង រឹតតែ​ប្រសើរ) ជ្រលក់​ទឹកអំបិល រួច​យកមក​ជូត​ភ្នែក  អាច​នឹង​រាងផ្សាៗបន្តិច តែ​ហ្នឹងហើយ​ជា​ថ្នាំ​វិសេស​នោះ  ព្រោះ​បន្ទាប់ពី​អំបិល​ចូលទៅ​សម្លាប់​មេរោគ​នៅក្នុង​ភ្នែក​ហើយ  សូម​លាង​ភ្នែក​ឱ្យបាន​ច្រើន​ដងដោយ​ទឹកស្អាត  អាការ​ហើម​ក្រហម មាន​អាច​ម៏​ភ្នែក​ចេញមក​ច្រើន​របស់​អ្នក នឹង​បាន​ធូរស្រាល​មិន​ខាន។

    1. ស្នាម​មូស​ខាំ

    បើ​អ្នកណា​ត្រូវ​សត្វ​មូស​កំណាច មកសុំ​បរិច្ចាគ​ឈាម ហើយ​ថែមទាំង​ត្រូវ​វា​បន្សល់ទុក​នូវ​ស្នាម​កន្ទួល​រមាស​ជា​អនុស្សាវរីយ៍​ផង​នោះ  សូមកុំ​រវល់​តែ​អេះ នាំឱ្យ​ខូច​សាច់ ខូច​ឈាម​ធ្វើ​អី  ចូរ​ប្រញាប់​យក​ទឹកអំបិល មក​លាប​លើ​ស្នាម​មូស​ខាំ​នោះ​ភ្លាម មិនយូរប៉ុន្មាន​ភាពរ​មា​ស់នឹង​បាត់អស់ ហើយ​ស្នាម​កន្ទួល ក៏​រលប់​បាត់អស់​ដែរ៕

  • វិធី​ព្យាបាល​បន្ទាន់  ពេល​រលាក​ទឹក​ក្តៅ

    វិធី​ព្យាបាល​បន្ទាន់  ពេល​រលាក​ទឹក​ក្តៅ

    ស្ត្រី​មេផ្ទះ​ដែល​ចូល​ចង្ក្រាន​ដាំ​ស្ល អាច​នឹងមាន​ពេលខ្លះ​ភ្លាត់ភ្លាំង ឬ​ធ្វើ​ទឹក​ក្តៅ​កំពប់ បណ្តាលឱ្យ​រលា​កដៃ​ខ្លួនឯង ឬ​ច្រឡំ​លូកដៃ​ទៅ​ប៉ះ​នឹង​ឆ្នាំង ដែល​កំពុង​ក្តៅ​ខ្លាំង នាំឱ្យ​រលាក​ក្តៅក្រហាយ​ផ្សា…ខាងក្រោម​នេះ គឺជា​វិធី​ព្យាបាល​បន្ទាន់ភ្លាមៗ នៅពេល​លោកអ្នក ឬ​សមាជិកគ្រួសារ​ណា​ម្នាក់​រលាក​ទឹក​ក្តៅ ឬ​ត្រូវ​រលាក​ដោយ​របស់​ដែល​ក្តៅ​ខ្លាំង។

    យក​ស៊ុត​មក​គោះ​បំបែក យកតែ​ស៊ុត-ស មក​លាប​នៅលើ​កន្លែង​ដែល​រលាក ហើយ​ទុកចោល​រហូត​ស្ងួត​ដោយ​ខ្លួនឯង និង​រង់ចាំ​មួយស្របក់​ធំ​ទៀត សឹម​លាង​ចេញ​ដោយ​ទឹកស្អាត កន្លែង​ដែល​រលាក​នោះ នឹង​មិនមាន​ស្លាកស្នាម​កន្ទួល​ក្រហម ឬ​ឡើង​ពងបែក​ឡើយ…តែ​ចំណុច​សំខាន់​គឺ មុនពេល​លាប​ស៊ុត-ស ចូរ​កុំឱ្យ​កន្លែង​រលាក ប៉ះ​ទឹក​ត្រជាក់ ឬ​របស់​អ្វី​មុន​ឱ្យសោះ និង​កុំ​កេះ ឬ​អេះ ពេលដែល​ស៊ុត-ស​ជិត​ស្ងួត ព្រោះ​អាចធ្វើឱ្យ​របកស្បែក​មក​ជាមួយ​បាន៕

  • (វីដេអូ) – អ៊ីស្រាអែល បាញ់​រ៉ុក្កែត ចំ​អគារ​ការិយាល័យ​របស់ AP និង​ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ​ជាច្រើន​ទៀត នៅ​តំបន់ ហ្គា​ហ្សា

    (វីដេអូ) – អ៊ីស្រាអែល បាញ់​រ៉ុក្កែត ចំ​អគារ​ការិយាល័យ​របស់ AP និង​ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ​ជាច្រើន​ទៀត នៅ​តំបន់ ហ្គា​ហ្សា

    ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល ក្នុង​ថ្ងៃទី15 ខែឧសភា នេះ បាន​បណ្ដាលឱ្យ​អគារ​មួយកន្លែង ដែលជា​ទីតាំង​ការិយាល័យ​របស់​ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ​ជាច្រើន នៅ​តំបន់ ហ្គា​ហ្សា ក្នុងនោះ​មាន​ទាំង AP (Associated Press)​ និង Al Jazeera ផងដែរ។

    សារព័ត៌មាន Al Jazeera ដកស្រង់​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា រ៉ុក្កែត​យ៉ាងតិច​ចំនួន 3គ្រាប់ បាន​បាញ់​ចំ​អគារ al Jalaa ដែលមាន​កម្ពស់ 11ជាន់ ប៉ុន្តែ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​អំពី​ការបាត់​បង់ជីវិត​មនុស្ស​នៅឡើយ។ រូបភាព​ពី​កន្លែងកើតហេតុ បង្ហាញថា អគារ​បាន​ដួលរលំ រចនាសម្ព័ន្ធ​សំណង់​ត្រូវកម្ទេច​ទាំងស្រុង និង​មាន​ផ្សែង ធូលី រួម​នឹង​បំណែក​នានា ខ្ទាត​ឡើងទៅ​លើ បន្ទាប់ពី​ត្រូវ​រង​ការវាយប្រហារ​តាម​អាកាស ពី​សំណាក់​កងទ័ព​អ៊ីស្រាអែល។

    ប្រហែល​មួយ​ម៉ោង​មុន​ការវាយប្រហារ អ៊ីស្រាអែល បាន​ព្រមាន​ដល់​អ្នក​ដែល​រស់នៅក្នុង​អគារ​ខាងលើ ឱ្យ​ចាកចេញ​ទៅរក​កន្លែង​សុវត្ថិភាព ដោយ​ថា នឹងមាន​ការវាយប្រហា​រ​តាមផ្លូវ​អាកាស។ អគារ​នេះ​គឺជា​ទីតាំង​ចម្រុះ ដោយមាន​កន្លែង​ស្នាក់នៅ និង​ការិយាល័យ នៅ​លាយឡំ​គ្នា។

    ព្រឹក​ព្រលឹម​ថ្ងៃទី15 ខែឧសភា កងទ័ព​អ៊ីស្រាអែល ក៏បាន​បាញ់​ចំ​អគារ​មួយ​ដែលមាន​កម្ពស់ 3ជាន់ នៅ​តំបន់​ដែលមាន​ជំរំ​របស់​ជនភៀសខ្លួន Shati នៅ​ទីក្រុង ហ្គា​ហ្សា បណ្ដាលឱ្យ​មនុស្ស​ចំនួន 10នាក់​នៃ​គ្រួសារ​មួយ បាន​បាត់​បង់ជីវិត ក្នុងនោះ​មាន​កុមារ​ចំនួន 8នាក់។

    ក្រោយ​ការប្រយុទ្ធ​គ្នា​អស់​រយៈពេល 5ថ្ងៃ រវាង​កងទ័ព​អ៊ីស្រាអែល និង​កងជីវពល​ហា​ម៉ាស របស់​ប៉ា​លេ​ស្ទី​ន ដែល​កំពុង​កាន់កាប់​តំបន់ ហ្គា​ហ្សា គេ​ឃើញ​មាន​មនុស្ស​យ៉ាងតិច 140នាក់​នៅ​តំបន់ ហ្គា​ហ្សា បាន​ស្លាប់ ក្នុងនោះ​មាន​កុមារ​ចំនួន 39នាក់ និង​ស្ត្រី​ចំនួន 22នាក់។ ចំណែក​ភាគី​អ៊ីស្រាអែល​វិញ ក៏មាន​មនុស្ស​ចំនួន 7នាក់ បាន​បាត់​បង់ជីវិត​ផងដែរ៕

    ប្រភព៖ Al Jazeera, Reuters
    ប្រែ​សម្រួល៖ បុត្រា

  • មហា​កំពូល​រឹងមាំ!! លោកយាយ វ័យ 90 ប្រែក្លាយ​ខ្លួនឯង​ជា គ្រូបង្វឹក​ហ្វ៊ី​ត​នេស ទោះ​ក្បាច់​ពិបាក​ប៉ុនណា ក៏​មិន​ខ្លាច!

    មហា​កំពូល​រឹងមាំ!! លោកយាយ វ័យ 90 ប្រែក្លាយ​ខ្លួនឯង​ជា គ្រូបង្វឹក​ហ្វ៊ី​ត​នេស ទោះ​ក្បាច់​ពិបាក​ប៉ុនណា ក៏​មិន​ខ្លាច!

    យើង​នាំគ្នា​មក​ស្គាល់ លោកយាយ «ថា​ឃិ​ឈិ​ម៉ាក់ មិ​កៈ» គ្រូបង្វឹក​ហ្វ៊ី​ត​នេស ដ៏​រឹងមាំ ទោះជា​អាយុ 90ឆ្នាំ​ហើយក៏​ដោយ តែ​នោ​តែ​មាំមួន បង្ហាត់​ក្បាច់​ហាត់ប្រាណ បាន​យ៉ាងសប្បាយៗ ចង់​ក្បាច់​ពិបាក​ប៉ុនណា ក៏​មិន​ខ្លាច​ដែរ!

    អាច​និយាយបានថា អាយុ​មិនមែនជា​ឧបសគ្គ​សោះឡើយ​សម្រាប់ «ថា​ឃិ​ឈិ​ម៉ាក់ មិ​កៈ» លោកយាយ វ័យ 90ឆ្នាំ ដែល​ទោះជា​អាយុ​ច្រើន​ហើយក៏​ដោយ តែ​ក៏​នៅតែ​មាំមួន ជា​គ្រូបង្វឹក​ហាត់ប្រាណ និង​ថែមទាំង​ប្រាប់ថា នឹងធ្វើ​ការងារ​នេះ រហូតដល់​អាយុ​គ្រប់ 100ឆ្នាំ​ទៀតផង។

    លោកយាយ ថា​ឃិ​ឈិ​ម៉ាក់ កើត​នៅ​ថ្ងៃទី15 ខែមករា ឆ្នាំ1931 បាន​និយាយ​រៀបរាប់​អំពី​ការ​ក្លាយជា​គ្រូបង្វឹក​ហាត់ប្រាណ​នេះ​ថា លោកយាយ​រៀបការ​តាំងពី​អាយុ 29ឆ្នាំ បន្ទាប់ពីនោះ ក៏​បំពេញ​តួនាទី​ជា​មេផ្ទះ​រហូតមក ធ្វើឱ្យ​មិនសូវមាន​ពេលវេលា​មើលថែទាំ​ខ្លួនឯង​ប៉ុន្មាន​ឡើយ និង​ត្រូវគេ​សួរនាំ​រឿង​ទម្ងន់​ខ្លួន(ធាត់)ជាប្រចាំ។ រហូតដល់​អាយុ 65ឆ្នាំ ទើប​សម្រេចចិត្ត​ធ្វើការ​ហាត់ប្រាណ​យ៉ាងពិត​ប្រាកដ។

    តម​ក ពេល​លោកយាយ​ថា​ឃិ​ឈិ​ម៉ាក់ អាយុ 79ឆ្នាំ ក៏​ចាប់ផ្ដើម​ជួល​គ្រូបង្វឹក​មក​បង្ហាត់​ក្បាច់​ហាត់ប្រាណ។ ច្រើន​ឆ្នាំ​ក្រោយមក គ្រូបង្វឹក​ក៏​មើលឃើញ​ទេពកោសល្យ និង​ក្ដី​ព្យាយាម​របស់លោក​យាយ ក៏​សាកល្បង​ស្នើឱ្យ​លោកយាយ​មក​ធ្វើជា​គ្រូបង្វឹក​ម្ដង។ លោកយាយ ក៏​ឆ្លើយ​យល់ព្រម និង​ក្លាយជា​គ្រូបង្វឹក​ហ្វ៊ី​ត​នេស នៅពេល​អាយុ 87ឆ្នាំ។

    «ខ្ញុំ​ចូល​ក្លិប​ហ្វ៊ី​ត​នេស​ហាត់ប្រាណ ព្រោះ​ត្រូវការ​សម្រក​ទម្ងន់​តែប៉ុណ្ណោះ ពេល​សម្រក​បានសម្រេច​ហើយ តម​ក ខ្ញុំ​ក៏​ចង់បាន​រាងកាយ​ផ្នែក​ខាងក្រោម​ឱ្យ​រឹងប៉ឹង និង​តាម​ដោយ​ការចង់បាន​ស្មា​បើក​ធំ និង​ចង្កេះ​រៀវ ហើយ​នៅពេល​ដឹងខ្លួន​ម្ដងទៀត ខ្ញុំ​ក៏​កំពុង​បង្ហាត់​ក្បាច់​ហាត់ប្រាណ​ដល់​អ្នក​ឯទៀត​ទៅហើយ»

    ចំណែក​គន្លឹះ​ក្នុងការ​មើលថែទាំ​សុខភាព លោកយាយ​ថា​ឃិ​ឈិ​ម៉ាក់ ប្រាប់ថា មិនដែល​គ្រប់គ្រង​ការហូបចុក​ទេ គ្រាន់តែ​ប្រយ័ត្ន​អ្វីដែល​យើង​ញ៉ាំ​ចូលទៅ​ប៉ុណ្ណោះ។ លោកយាយ​ចូលចិត្ត​ទទួលទាន​អាហារ ពពួក​ជ្រក់​ត្រាំ គិ​ម​ឈី ណាត់​តូ មិ​សូ ចំណែក​បន្លែ និង​អាហារ​ពពួក​ប្រូតេអ៊ីន​ក៏​សំខាន់​ដែរ គួររៀបចំ​ឱ្យមាន​តុល្យភាព តាម​ដោយ​ការ​ក្រេប​ស្រាក្រហមស្រាលៗ និង​ប្រកាន់​ទស្សនៈ “ហាត់ប្រាណ​ឱ្យ​ស្មើគ្នា​នឹង​ញ៉ាំ។

    ឧទាហរណ៍​ដូចជា អាហារ​ពេលព្រឹក លោកយាយ​នឹង​ទទួលទាន ណាត់​តូ ស៊ុត​ឆៅ បន្លែ​ជ្រក់ ស៊ុប​មី​សូ និងផ្សេងៗទៀត ដែល​ល្អ​ចំពោះ​ពោះវៀន និង​ប្រព័ន្ធ​រំលាយ​អាហារ។ អាហារ​ថ្ងៃត្រង់ នឹង​ទទួលទាន​បែបស្រាលៗដូចជា ផ្លែ​ចេក យ៉ា​អួ ចំណែក​អាហារ​ពេល​ល្ងាច មាន​បន្លែ​ភាគច្រើន និង​ញ៉ាំ​ស្រាក្រហម 1កែវ​ពេញ។

    លោកយាយ ថា​ឃិ​ឈិ​ម៉ាក់ ចំណាយពេល​គេង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដោយ​ចូលសម្រាន្ត​តាំងពី​ម៉ោង 23.00 និង​ភ្ញាក់​នៅ​អំឡុង​ម៉ោង 03.00-05.00ម៉ោង ដើម្បី​ហាត់ប្រាណ​នៅពេល​ព្រឹក​ព្រលឹម ដោយ​ការដើរ និង​រត់​យ៉ាងតិច 2ម៉ោង ឬ​បើ​រាប់​ជំហាន ត្រូវ​ដើរ ឬ​រត់​យ៉ាងតិច 15,000ជំហាន និង​មុន​ចូលសម្រាន្ត តែង​ធ្វើ​ម៉ាស្សា​ជើង ជាប្រចាំ ដើម្បី​ជាការ​ជំរុញ​ចលនា​ម្រាមជើង និង​បាតជើង។

    ការ​ក្លាយ​មកជា​គ្រូបង្វឹក​ហ្វ៊ី​ត​នេស ឬ​គ្រូបង្វឹក​ហាត់ប្រាណ​នៅពេលដែល​អាយុ​ច្រើន​បែបនេះ មិនមែនជា​រឿង​ងាយ​ឡើយ តេ​ក៏​មិនមែនជា​រឿង​ពិបាក​ដែរ ដោយ​លោកយាយ​ថា​ឃិ​ឈិ​ម៉ាក់ យល់ឃើញថា បើ​យើង​ធ្វើ​បានល្អ​បំផុត ព្យា​យម​ឱ្យដល់​ទីបំផុត យើង​ក៏​អាច​ទទួលបាន​ជោគជ័យ​ដែរ និង​ដែល​សំខាន់​អាយុ គ្រាន់តែ​ជា​តួលេខ គ្មាន​នរណា​ចាស់​ហួស​នឹង​ចាប់ផ្ដើម​អ្វីមួយ​នោះឡើយ៕

    ប្រភព៖ Nippon,be-story
    ប្រែ​សម្រួល​ដោយ អ្នកគ្រូ ឆវី

  • ស្ថានភាពជំងឺCOVID-19 នៅកម្ពុជា និងពិភពលោក ក្នុងថ្ងៃទី14 ខែឧសភា ឆ្នាំ2021

    ស្ថានភាពជំងឺCOVID-19 នៅកម្ពុជា និងពិភពលោក ក្នុងថ្ងៃទី14 ខែឧសភា ឆ្នាំ2021

    នៅ​ទូទាំង​ពិភពលោក ក្នុង​ថ្ងៃទី14 ខែឧសភា ឆ្នាំ2021 បាន​រកឃើញ​ករណី​វិជ្ជមាន​ថ្មី​នឹង Covid-19 ចំនួន 22,344នាក់ ក្នុងនោះ កម្ពុជា ទើប​រកឃើញ 335នាក់​បន្ថែមទៀត។

    ពិភពលោក​ទាំងមូល គិត​មកដល់​បច្ចុប្បន្ន មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 162,550,085នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 3,371,856នាក់, ជាសះស្បើយ 140,436,790នាក់ និង​កំពុង​ព្យាបាល​សរុប​ចំនួន 18,741,439នាក់។

    ចំណែក កម្ពុជា វិញ គិត​មកដល់​បច្ចុប្បន្ន អ្នកស្លាប់​ដោយសារ Covid-19 សរុប​ចំនួន 147នាក់។ ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី14 ខែឧសភា កម្ពុជា មិនមាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ទេ។ ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម៖

    ប្រភព៖ Worldometers, ក្រសួងសុខាភិបាល
    ដកស្រង់​៖ បុត្រា

  • យន្តហោះ​ពីរ​គ្រឿង​បុក​គ្នា​លើ​អាកាស! មួយគ្រឿង​ស្ទើរ​ដាច់​ជា​ពីរ​កំណាត់ ប៉ុន្តែ​ជា​រឿង​អស្ចារ្យ ព្រោះ​ពុំមាន​អ្នកស្លាប់!

    យន្តហោះ​ពីរ​គ្រឿង​បុក​គ្នា​លើ​អាកាស! មួយគ្រឿង​ស្ទើរ​ដាច់​ជា​ពីរ​កំណាត់ ប៉ុន្តែ​ជា​រឿង​អស្ចារ្យ ព្រោះ​ពុំមាន​អ្នកស្លាប់!

    សហរដ្ឋអាមេរិក៖ អ្នកដំណើរ និង​អ្នកបើកបរ​យន្តហោះ​ទាំងពីរ​គ្រឿង ដែល​ជួប​គ្រោះថ្នាក់​នេះ បាន​រួច​ពី​ការស្លាប់​ប្រកបដោយ​ភាព​អស្ចារ្យ នឹកស្មាន​មិន​ដល់ នៅពេល​យន្តហោះ​បាន​ប៉ះទង្គិច​គ្នា​លើ​អាកាស នៃ​ទីក្រុង Denver បណ្ដាលឱ្យ​យន្តហោះ​មួយគ្រឿង ស្ទើរ​ដាច់​ជា​ពីរ​កំណាត់។

    សារព័ត៌មាន AP ដកស្រង់​ប្រភពព័ត៌មាន​ពី​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍ និង​ដឹកជញ្ជូន​អាមេរិក (NTSB) និង​ក្រុម​ពន្លត់​អគ្គិភ័យ South Metro ឱ្យដឹងថា ករណី​ខាងលើនេះ បាន​កើតឡើង​នៅពេល​យន្តហោះ​កំពុង​ហោះហើរ​ទៅកាន់​ព្រមាន​យន្តហោះ Centennial ជាយក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក។ ប្រការ​ដ៏​អស្ចារ្យ នោះ​គឺថា ពុំមាន​អ្នកណាម្នាក់​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះនោះ​ទេ។

    អ្នកបើកបរ ដែលជា​មនុស្ស​តែ​ម្នាក់​គត់​នៅលើ​យន្តហោះ​ដឹកទំនិញ របស់​ក្រុមហ៊ុន Key Lime បាន​បញ្ជា​ឱ្យ​យន្តហោះ​ចុះចត​ដោយ​សុវត្ថិភាព នៅឯ​ព្រលានយន្តហោះ Centennial ក្នុងស្ថានភាព​យន្តហោះ​ត្រូវ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយ​ដំបូល​យន្តហោះ​ត្រូវ​ដាច់​ជា​ពីរ ចេញពី​តួ​យន្តហោះ។

    «ទំនងជា ម៉ាស៊ីន​ខាងស្ដាំ​បាន​ខូច ទើប​ខ្ញុំ​ចុះចត​នៅទីនេះ» សំឡេង​របស់​អ្នកបើកបរ ដែល​ត្រូវបាន​ថត​ដោយ​ម៉ាស៊ីន​របស់​អង្គភាព​គ្រប់គ្រង​ដែនអាកាស។

    ចំណែក​យន្តហោះ​មួយគ្រឿង​ផ្សេងទៀត ដែល​ដឹក​អ្នកដំណើរ​ម្នាក់ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Cirrus Aircraft និង​ត្រូ​វា​បាន​ជួល​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Independence Aviation ត្រូវ​ខូច​ម៉ាស៊ីន មិនអាច​ដំណើរការ​បន្តទៀត​បាន។ នៅពេល​ជួប​គ្រោះថ្នាក់ អ្នកបើកបរ​បាន​ចុច​ប៊ូ​តុង​ដំណើរការ​ប្រព័ន្ធ​ឆត្រ​សង្គ្រោះបន្ទាន់​ដែល​បំពាក់​នៅលើ​តួ​យន្តហោះ ដើម្បី​បន្ថយល្បឿន និង​ធ្វើការ​ចុះចត​លើ​ឧទ្យាន​សាធារណៈ Cherry Creek។

    បច្ចុប្បន្ន គណៈកម្មការ​ជាតិ​សុវត្ថិភាព និង​ដឹកជញ្ជូន កំពុង​ស្រាវជ្រាវ​លើ​ករណី​គ្រោះថ្នាក់​យន្តហោះ​បុក​គ្នា​នេះ។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ស្ថាប័ន​គ្រប់គ្រង​ចរាចរណ៍។

    «ដោយសារ​ការដោះស្រាយ​បញ្ហា​ប្រកបដោយ​ភាព​លឿន​រហ័ស អ្នកដំណើរ និង​អ្នកបើកបរ សុទ្ធតែ​បាន​រួច​ផុតពី​ការស្លាប់ និង​មិនមាន​បញ្ហា​រងរបួស​ធ្ងន់​ធ្ង​រ​កើតឡើង។ ករណី​គ្រោះថ្នាក់​យន្តហោះ​ដែល​មិនមាន​អ្នកស្លាប់​គឺជា​ប្រការ​ដ៏​គួរឱ្យភ្ញាក់ផ្អើល។ យើង​កំពុង​ស្វែងយល់ថា តើ​ធ្វើយ៉ាងណា និង​មូល​ហេតុអ្វី បាន​នាំឱ្យ​យន្តហោះ​ទាំងនេះ​ប៉ះទង្គិច​គ្នា​យ៉ាង​ដូច្នេះ» លោក John Bartmann អធិការរង​ប៉ូលិស​ស្រុក Arapahoe បាន​និយាយ​ដូច្នេះ។

    យន្តហោះ Cirrus ដឹក​អ្នកដំណើរ​ពី​ព្រលានយន្តហោះ Centennial ក្នុង​រដ្ឋ Colorado កាលពី​ព្រឹក​ថ្ងៃទី12 ខែឧសភា ឆ្ពោះទៅ​ភាគ​ខាងជើង ក្បែរ Fort Collins និង​កំពុងធ្វើដំណើរ​ត្រលប់​មកកាន់​ព្រលានយន្តហោះ Centennial ក៏​ស្រាប់តែ​បុក​នឹង​យន្តហោះ​មួយគ្រឿង​ទៀត។

    រីឯ​យន្តហោះ​ដឹកទំនិញ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Key Lime ដែល​ចេញដំណើរ​ពី​ទីក្រុង Salia មាន​ចម្ងាយ​ទី​ទីក្រុង Denver ប្រហែល 161គម ទៅ​ទិស​ខាងត្បូង និង​មាន​គម្រោង​ចុះចត​នៅឯ​ព្រលានយន្តហោះ Centennial។

    June Cvelbar ដែលជា​អ្នកស្រុក​ម្នាក់ បានឱ្យដឹងថា នាង​បានឃើញ​យន្តហោះ​ទាំងពីរ​គ្រឿង​ខាងលើ ប៉ះគ្នា​នៅលើ​អាកាស នៅពេល​នាង​កំពុង​ដើរលេង​ក្នុង​ឧទ្យាន​របស់​រដ្ឋ។

    ឯកសារ​របស់​នាយក​ដ្ឋា​ន​អាកាសចរណ៍​សហរដ្ឋអាមេរិក បង្ហាញថា យន្តហោះ​របស់​ក្រុមហ៊ុន Key Lime ធ្លាប់បាន​ជួប​គ្រោះថ្នាក់​ស្លាប់​មនុស្ស ចំនួន3ករណី​មកហើយ ក្នុងនោះ​​រួម​មាន 1ករណី ធ្លាក់​នៅក្នុង​ឆ្នាំ2016, 1ករណី​ធ្លាក់​ក្នុង​ឆ្នាំ2001 និង 1​ករណី​​ទៀត ធ្លាក់​នៅក្នុង​ឆ្នាំ2000៕

    ប្រភព៖ AP
    ប្រែសម្រួល​៖ បុត្រា

  • មហា​សែនស្ដាយ! សន្លឹកឆ្នោត​ដែល​ត្រូវ 26លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​​ម៉ាស៊ីន​​បោកគក់ «ស៊ី​ខ្ទេច»!

    មហា​សែនស្ដាយ! សន្លឹកឆ្នោត​ដែល​ត្រូវ 26លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​​ម៉ាស៊ីន​​បោកគក់ «ស៊ី​ខ្ទេច»!

    សហរដ្ឋអាមេរិក៖ ស្ត្រី​ម្នាក់​នៅ​រដ្ឋ California សហរដ្ឋអាមេរិក បានឱ្យដឹងថា នាង​គឺជា​ម្ចាស់​រង្វាន់ 26លាន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ សន្លឹកឆ្នោត​របស់​នាង ត្រូវបាន​ខ្ទេចខ្ទី ដោយសារតែ​ត្រូវ​ច្រឡំ​ដៃ ដាក់ចូល​ក្នុង​ម៉ាស៊ីនបោកខោអាវ។

    ថ្ងៃទី13 ខែឧសភា គឺជា​ថ្ងៃទី​ចុងក្រោយ​សម្រាប់​ម្ចាស់​សន្លឹកឆ្នោត​ដែល​ត្រូវ​រង្វាន់​តម្លៃ 26លាន​ដុល្លារ​អាមេរិក មក​ទទួល​ប្រាក់ ក៏ប៉ុន្តែ ពុំមាន​ម្ចាស់​រង្វាន់​ណា​ម្នាក់​បង្ហាញខ្លួន​នោះទេ។ សន្លឹកឆ្នោត​នេះ មុន​នោះ​ត្រូវបាន​លក់​នៅឯ​ហាង​ទំនើប​មួយកន្លែង នៅ​ជាយក្រុង Los Angeles រដ្ឋ California។

    ប៉ុន្តែ Esperanza Hernandez ដែលជា​បុគ្គលិក​ប្រចាំ​ហាង​ខាងលើ បានឱ្យដឹងថា មួយថ្ងៃ​មុន​នោះ មាន​ស្ត្រី​ម្នាក់​មក​រាយការណ៍​ថា នាង​គឺជា​ម្ចាស់​រង្វាន់​ដែលមាន​តម្លៃ 26លាន​ដុល្លារ​នេះ តែ​នាង​បាន​ច្រឡំ​ដៃ ដាក់​សន្លឹកឆ្នោត​នេះ​ក្នុង​ខោ ហើយ​វា​ក៏បាន​ខ្ទេចខ្ទី​បន្ទាប់ពី​ត្រូវ​បោកគក់។

    ក្រុម​មន្ត្រី​នៃ​ក្រុម​ហ៊ុន​ឆ្នោត​របស់​រដ្ឋ​ California បាន​និយាយ​ថា​ ពួក​គេ​កំពុង​ស៊ើប​អង្កេត​លើ​ពាក្យ​បណ្ដឹង​របស់​ម្ចាស់​សន្លឹក​ឆ្នោត​

    ស្ត្រី​រូបនេះ​កំពុង​ដាក់ពាក្យ​ប្ដឹង​ទៅកាន់​ក្រុមមន្ត្រី​នៅ​ស្ថាប័ន​ចេញ​ឆ្លោ​តរបស់​រដ្ឋ California។ អ្នកគ្រប់គ្រង​ហាង បានឱ្យដឹងថា កាមេរ៉ា​សុវត្ថិភាព​របស់​ហាង ក៏​ថត​បាន​សកម្មភាព​ស្ត្រី​រូបនេះ ទិញ​សន្លឹកឆ្នោត​ដែល​ត្រូវ​នេះដែរ។

    យោងតាម​គោលការណ៍​ក្នុង​តំបន់ បើសិន​អ្នក​ត្រូវ​ឆ្នោត​បាន​បាត់​សន្លឹកឆ្នោត ពួកគេ​ត្រូវតែ​ផ្ដល់​ភ័ស្ដុតាង​ដែល​បញ្ជាក់ថា ខ្លួន​ជា​ម្ចាស់​សន្លឹកឆ្នោត​នេះ។ បើសិន​ពុំមាន​អ្នក​មក​ទទួល​រង្វាន់ នោះ​ប្រាក់រង្វាន់​នឹងត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​សាលារៀន​សាធារណៈ​នានា​របស់​រដ្ឋ California ខណៈ​ហាង​ដែល​បាន​លក់​ឆ្នោត​នោះ​ក៏​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ចំនួន 130,000ដុល្លារ​ផងដែរ។

    ក្រុមមន្ត្រី​នៅ​មូលដ្ឋាន បានឱ្យដឹងថា កម្រ​នឹងមាន​រង្វាន់​ពិសេសធំៗណាមួយ ដែល​រក​មិនឃើញ​ម្ចាស់។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ឆ្នោត Jorge De La Cruz ឱ្យដឹងថា រង្វាន់​ចំនួន 4 ដែលមាន​តម្លៃ​ចាប់ពី 20លាន​ដុល្លារ​ឡើងទៅ មិនទាន់មាន​អ្នក​ត្រូវ​នៅឡើយ រាប់​ចាប់ពី​ឆ្នាំ1997៕

    ប្រភព៖ Sky News
    ប្រែ​សម្រួល៖ បុត្រា

  • យានអវកាស​ចិន ចុះចត​ដោយ​​ជោគ​ជ័យ​ជា​ប្រវត្តិសាស្ត្រ លើ​ពិភព​ព្រះ​អង្គារ

    យានអវកាស​ចិន ចុះចត​ដោយ​​ជោគ​ជ័យ​ជា​ប្រវត្តិសាស្ត្រ លើ​ពិភព​ព្រះ​អង្គារ

    យាន​ស្រាវជ្រាវ Tianwen-1 របស់​ប្រទេស​ចិន នា​ថ្ងៃទី15 ខែ​ឧសា​នេះ បានទទួល​ជោគជ័យ​ក្នុងការ​ចុះចត​លើដី​ភព​អង្គារ ដែល​នេះ​គឺជា​ប្រវត្តិសាស្ត្រ​ក៏​អស្ចារ្យ​មួយទៀត ក្នុង​បេសកកម្ម​គ្រប់គ្រង​អវកាស​របស់​ប្រទេស​នេះ។

    យោងតាម​ទំព័រ RT (រុស្ស៊ី) យាន Tianwen-1 របស់​ទីភ្នាក់ងារ​អវកាស​ជាតិចិន (CNSA) ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ ពី​មូលដ្ឋាន​បាញ់​បង្ហោះ​យានអវកាស Wenchang កាលពី​ថ្ងៃទី23 ខែកក្កដា ឆ្នាំ2020 និង​បាន​គោចរ​ជុំវិញ​ភព​ព្រះ​អង្គារ ចាប់ពី​ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2021។ នេះ​គឺជា​បេសកកម្ម​ទី​ពីរ​របស់​ចិន ក្នុងការ​ឡើងទៅ​គោចរ​ជុំវិញ​ភព​អង្គារ បន្ទាប់ពី​បេសកកម្ម​ដំបូង​កាលពី​ឆ្នាំ2021 របស់​យាន​ស្រាវជ្រាវ Yinghuo-1។

    របាយការណ៍​ដែល​មិនទាន់​ត្រូវបាន​បញ្ជាក់ និង​ត្រូវបាន​ដកស្រង់​ពី​ប្រភពព័ត៌មាន CNSA នៅលើ​បណ្ដាញ​សង្គម Sina Weibo បានឱ្យដឹងថា នៅ​ថ្ងៃទី15 ខែឧសភា យាន Tianwen បាន​ចុះចត​លើដី​ភព​អង្គារ​ដោយ​ជោគជ័យ។

    នៅ​ព្រឹក​ថ្ងៃទី15 ខែឧសភា​នេះ CNSA ឱ្យដឹងថា៖ «យាន​ស្រាវជ្រាវ Tianwen-1 បាន​ដំណើរ​ការធម្មតា ចាប់ពី​ពេល​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃទី23 ខែកក្កដា ឆ្នាំ2020»។

    CNSA បញ្ជាក់ថា យាន​នេះ បាន​ចុះចត​លើ​តំបន់ Utopia ដែលជា​តំបន់​បាតខ្ទះ ត្រូវបានគេទទួលស្គាល់​ថា មាន​ទំហំ​ធំ​បំផុត​នៅលើ​ភព​អង្គារ ដោយមាន​អង្កត់ផ្ចិត​ប្រមាណ 3,300គីឡូម៉ែត្រ។

    យោងតាម​ទំព័រ The Verge បានឱ្យដឹងថា តាម​ផែនការ ចិន​នឹង​បញ្ជូន​យាន​រ៉ូ​បូត​មួយគ្រឿង ឱ្យធ្វើ​ការ​នៅលើ​ដី​ភព​អង្គារ ដែល​នេះ​នឹង​ជួយ​ឱ្យ​ចិន​ក្លាយជា​ប្រទេស​ទី​ពីរ​ដែលមាន​យាន​ចុះចត និង​ដំណើរការ​កិច្ចការ​ស្រាវជ្រាវ​នៅលើ​ភព​នេះ បន្ទាប់ពី​សហរដ្ឋអាមេរិក (បាន​ហោះហើរ ទៅកាន់​ភព​អង្គារ 8លើក​មកហើយ)។

    សូម​រំលឹកថា ចិន បាន​បាញ់​បង្ហោះ​យានអវកាស​គ្មាន​មនុស្ស​បើក Tianwen-1 ពី​កោះ Hainan ភាគខាងត្បូង​ប្រទេស កាលពី​ខែកក្កដា ឆ្នាំ2020 ដើម្បី​នាំយក​យាន​ស្រាវជ្រាវ​ចុះចត​លើ​ភព​អង្គារ ក្នុង​បំណង​ប្រមូល​ទិន្នន័យ​ស្ដីពី​ប្រភពទឹក​ក្នុង​ដី និង​ស្វែងរក​សញ្ញាណ​ដែល​អាច​បញ្ជាក់​អំពី​ជីវិត កាលពី​អតីតកាល​នៅ​ទីនោះ។

    ក្រោយ​ការធ្វើដំណើរ​ជិត 7ខែ យាន Tianwen-1 ក៏បាន​គោចរ​ជុំវិញ​ភព​ក្រហម​នេះ ចាប់ពី​ថ្ងៃទី10 ខែកុម្ភៈ ហើយ​ក្រោយមក​ក៏បាន​បញ្ជូន​រូបភាព​យ៉ាងច្បាស់​ជាច្រើន មកកាន់​ផែនដី៕

    ប្រភព៖ AFP, RT
    ប្រែសម្រួល​៖ បុត្រា

  • ​បាតុករ​ប៉ា​លេ​ស្ទី​ន 4នាក់​បាន​ស្លាប់​ ខណៈ ​អ៊ីស្រាអែល​ រង​គ្រាប់​រ៉ុក្កែត​ជា​បន្ត​បន្ទាប់ ​ពី​កង​ជីវ​ពល​ហាម៉ាស

    ​បាតុករ​ប៉ា​លេ​ស្ទី​ន 4នាក់​បាន​ស្លាប់​ ខណៈ ​អ៊ីស្រាអែល​ រង​គ្រាប់​រ៉ុក្កែត​ជា​បន្ត​បន្ទាប់ ​ពី​កង​ជីវ​ពល​ហាម៉ាស

    បាតុករ​ជនជាតិ​ប៉ា​លេ​ស្ទី​ន យ៉ាង​តិច​​ចំនួន 4នាក់ ត្រូវបាន​ទាហាន​អ៊ីស្រាអែល បាញ់សម្លាប់​នា​ថ្ងៃនេះ ខណៈដែល​ការប៉ះទង្គិច​ជាច្រើន​ផ្សេងទៀត បាន​បណ្ដាលឱ្យមាន​អ្នករងរបួស​ចំនួន 150នាក់។

    កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល (IDF) បានឱ្យដឹងថា ខ្លួន​បាន​បាញ់ប្រហារ​ទៅលើ «មេដឹកនាំ​សំខាន់» នៅក្នុង​បាតុកម្មហិង្សា​មួយនា​ថ្ងៃទី14 ខែឧសភា នៅ Yaabad ដែលជា​ភូមិ​មួយ​ស្ថិត​នៅក្បែរ​ទីក្រុង Jenin ភាគ​ខាងជើង​តំបន់ West Bank។

    ក្នុង​ថ្ងៃ​ដដែល IDF ក៏បាន​ប្រកាសថា ខ្លួន​ «បាន​រារាំង» ជន​ម្នាក់ ដែល​ព្យាយាម​ចាក់​សម្លាប់​ទាហាន​ម្នាក់​របស់​អ៊ីស្រាអែល នៅ​បន្ទាយ​មួយ​ក្នុង​តំបន់ Ofra ភាគ​ខាងជើង​ទីក្រុង Ramallah។

    ចំណែក​ក្រសួងសុខាភិបាល​ប៉ា​លេ​ស្ទី​ន​វិញ បានឱ្យដឹងថា បុរស​ពីរ​នាក់ ត្រូវបាន​ទាហាន​អ៊ីស្រាអែល បាញ់សម្លាប់ នៅក្បែរ​ទីក្រុង Jennin ខណៈ​ពីរ​នាក់​ទៀត​រងរបួស នៅពេល​ក្រុម​ទាហាន​អ៊ីស្រាអែល ផ្ទុះអាវុធ​ដើម្បី​ទប់​ទល់នឹង​បាតុករ​ហិង្សា នៅ​ភាគ​ខាងជើង​តំបន់ West Bank ហើយ​ក្រោយមក​ក៏បាន​បាត់បង់​ជីវិត។

    រថយន្តកំពុងឆាប់ឆេះ បន្ទាប់ពីត្រូវគ្រាប់រ៉ុក្កែត របស់កងជីវពលហាម៉ាស នៃប្រទេសប៉ាលេស្ទីន

    ការប៉ះទង្គិច​គ្នា​ដូចខាងលើ បាន និង​កំពុង​កើត​ឡើងជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃទី10 ខែឧសភា ខណៈដែល​ការវាយប្រហារ​នៅ​តំបន់​ហ្គា​ហ្សា កាន់តែ​ធ្ងន់ធ្ងរឡើងៗ ដោយមាន​ការបាញ់​រ៉ុក្កែត​​ទៅលើ​ទឹកដី​អ៊ីស្រាអែល ពី​សំណាក់​ក្រុម ហា​ម៉ាស និង​ការវាយប្រហារ​សងសឹក​តាមផ្លូវ​អាកាស​ពី​សំណាក់​កងទ័ព​អ៊ីស្រាអែល។

    ស្ថាប័ន​សុខាភិបាល​នៅ​តំបន់​ហ្គា​ហ្សា បានប្រកាសថា ជនជាតិ​ប៉ា​លេ​ស្ទី​ន 109នាក់ បាន​ស្លាប់ ក្នុងនោះ​មាន​ទាំង​កុមារ​ចំនួន 28នាក់ និង​ស្ត្រី​ចំនួន 15នាក់ ខណៈដែល​មនុស្ស​ចំនួន 621នាក់​ផ្សេងទៀត បាន​រងរបួស បន្ទាប់ពី​អ៊ីស្រាអែល បាន​វាយប្រហារ​តាម​អាកាស និង​កាំភ្លើងត្បាល់ តម្រង់​គោលដៅ​ជាង 600 ក្នុង​តំបន់​នេះ។ ក្រុម​ហា​ម៉ាស និង​ក្រុម​មួយចំនួន​ដែល​ស្ថិតក្នុង​ចលនា​អ៊ីស្លាម Jihad បាន​បញ្ជាក់ថា ទាហាន​ចំនួន 20នាក់​របស់​ពួកគេ​បាន​ស្លាប់ ប៉ុន្តែ អ៊ីស្រាអែល​ថា មាន​ច្រើនជាង​នេះ។

    IDF បានឱ្យដឹងថា កងជីវពល​ហា​ម៉ាស របស់​ប្រទេស​ប៉ា​លេ​ស្ទី​ន បាន​បាញ់​រ៉ុក្កែត​ជាង 1,800គ្រាប់ ចូល​ទឹកដី​អ៊ីស្រាអែល រាប់​ចាប់ពី​ដើម​សប្ដាហ៍​នេះ។ ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស Iron Dome របស់​អ៊ីស្រាអែល បាន​បាញ់​កម្ទេច​រ៉ុក្កែត​ភាគច្រើន​របស់​ក្រុម​នេះ ប៉ុន្តែ នៅតែមាន​ច្រើន​គ្រាប់​បាន​ទម្លុះ​ប្រព័ន្ធ​នេះ បណ្ដាលឱ្យ​ជនជាតិ​អ៊ីស្រាអែល យ៉ាងតិច 7នាក់​បាន​បាត់​បង់ជីវិត។

    មូលហេតុ​នៃ​ការប៉ះទង្គិច​នេះ កើតឡើង បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយ​ការចូល​ទៅកាន់​តំបន់​ទីក្រុង​បុរាណ យេ​រូ​សា​ឡឹម ក្នុង​រដូវ​បុណ្យ Ramadan និង​គំរាម​បណ្ដេញ​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ចំនួន 4គ្រួសារ ដែល​កំពុង​រស់នៅ​ភាគខាងត្បូង​នៃ​តំបន់ យេ​រូ​សា​ឡឹម ដើម្បី​ទុក​កន្លែង​ឱ្យ​ជនជាតិ​ជ្វី​ហ្វ។

    បញ្ហា​ខាងលើ បាន​នាំឱ្យ​ប្រជាជន​ប៉ា​លេ​ស្ទី​ន ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា ហើយក៏​មានការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល អស់​ជាច្រើន​ថ្ងៃ នៅ​ខាងក្រៅ​វិហារ Al-Aqsa នៅ​តំបន់ យេ​រូ​សា​ឡឹម​ខាងត្បូង ដែលជា​កន្លែង​ពិសិដ្ឋ​របស់​សាសនិក​អ៊ីស្លាម បណ្ដាលឱ្យ​មនុស្ស​រាប់រយ​នាក់​ត្រូវ​រងរបួស។ តុលាការ អ៊ីស្រាអែល បាន​ផ្អាក​ការជំនុំជម្រះ​លើ​ការបណ្ដេញចេញ​ខាងលើ ប៉ុន្តែ នៅតែ​មិនអាច​កាត់បន្ថយ​ភាព​តានតឹង​បាន៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា