Author: សឿន សំណាង

  • (វីដេអូ)-អ៊ីស្រាអែល សម្លាប់​បាន​មេបញ្ជាការ​កងជីវពល​របស់​ចលនា ប៉ា​លេ​ស្ទី​ន

    (វីដេអូ)-អ៊ីស្រាអែល សម្លាប់​បាន​មេបញ្ជាការ​កងជីវពល​របស់​ចលនា ប៉ា​លេ​ស្ទី​ន

    កងទ័ព អ៊ីស្រាអែល បានសម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​រប​ស់​កងជីវពល​នៃ​ចលនា​ប៉ា​លេ​ស្ទី​ន ក្នុងការ​វាយប្រហារ​តាមផ្លូវ​អាកាស​កាលពី​ម្សិលមិញ (17 ឧសភា) ខណៈដែល​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម បន្ត​បាញ់​រ៉ុក្កែត​ចូល​ទឹកដី អ៊ីស្រាអែល។

    ការសម្លាប់ Hussam Abu Harbeed ដែល​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​អ៊ីស្លាម Jihad នៅ​ភាគ​ខាងជើង​តំបន់ ហ្គា​ហ្សា ទំនងជា​បង្កឱ្យមាន​ប្រតិកម្ម​ខ្លាំងក្លា​ពី​សំណាក់​ក្រុម​ប្រដាប់អាវុធ​ដែល​កំពុង​ប្រកៀក​ស្មារ​ជាមួយនឹង ហា​ម៉ាស ជា​ចលនា​អ៊ីស្លាម​មួយ​កំពុង​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ។

    កងទ័ព អ៊ីស្រាអែល ឱ្យដឹងថា Hussam Abu Harbeed «ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​ភេរវកម្ម​ដោយ​រ៉ុក្កែត សំដៅលើ​ពលរដ្ឋ​ស៊ីវិល​របស់ អ៊ីស្រាអែល» ហើយ​ថា ប្រទេស​នេះ អាច​បន្ត​សង្គ្រាម «ជា​រៀងរហូត»។

    ក្រុម​សកម្មប្រយុទ្ធ​នៅ​តំបន់ ហ្គា​ហ្សា វិញ ក៏​មិនបាន​បង្ហាញ​សញ្ញាណ​ណាមួយ​បញ្ជាក់ថា ការប្រយុទ្ធ​ជិត​នឹង​បញ្ចប់​នោះដែរ។ បន្ទាប់ពី​ការស្លាប់​របស់ Hussam Abu Harbeed ក្រុម Jihad ក៏បាន​បាញ់​រ៉ុក្កែត ទៅលើ​ទីក្រុង Ashdod របស់​ប្រទេស​ អ៊ីស្រាអែល បណ្ដាលឱ្យ​មនុស្ស 7នាក់ រងរបួស។

    ជនជាតិ ប៉ា​លេ​ស្ទី​ន យ៉ាងតិច 7នាក់ បាន​ស្លាប់ ដោយសារ​ការវាយប្រហា​រ​ដោយ​យន្តហោះ​ចម្បាំង​របស់ អ៊ីស្រាអែល ទៅលើ ហ្គា​ហ្សា កាលពី​យប់​ម្សិលមិញ ក្នុងនោះ​ក៏មាន 2នាក់ បាន​ស្លាប់​នៅ​ក្នុងករណី​វាយប្រហារ​ដោយ​រ៉ុក្កែត សំដៅ​អគារ​ការិយាល័យ​កម្ពស់ 7ជាន់ នៅ​ទីក្រុង ហ្គា​ហ្សា។ នេះ​បើតាម​បុគ្គលិក​សុខាភិបាល។

    ការប្រយុទ្ធ​គ្នា​រវាង អ៊ីស្រាអែល និង ប៉ា​លេ​ស្ទី​ន នេះ បណ្ដាលមកពី​ភាព​តានតឹង​ក្នុង​រដូវ​បុណ្យ Ramadan របស់​សាសនិក​អ៊ីស្លាម បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយ​ការប្រមូល​ផ្ដុំគ្នា​នៅ​តំបន់​ក្រុង​ចាស់ យេ​រូ​សា​ឡឹម និង​គំរាម​បណ្ដេញ​គ្រួសារ​ជនជាតិ ប៉ា​លេ​ស្ទី​ន មួយចំនួន ចេញពី​តំបន់ យេ​រូ​សា​ឡឹម​ខាងកើត ដើម្បី​ទុក​កន្លែង​សម្រាប់​ជនជាតិ​ជ្វី​ហ្វ។

    អ៊ីស្រាអែល ឱ្យដឹងថា ក្រុម ហា​ម៉ាស បាន​បាញ់​រ៉ុក្កែត ជាង 3,100គ្រាប់ ចូល​ទឹកដី​ប្រទេស​នេះ ក្នុង​សប្ដាហ៍​កន្លង ដែល​នេះ​គឺជា​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • អ៊ីស្រាអែល «ទាត់​ចោល​» គំនិត​ស្ដីពី​បទ​ឈប់​បាញ់​ជាមួយ​នឹង​ ហាម៉ាស

    អ៊ីស្រាអែល «ទាត់​ចោល​» គំនិត​ស្ដីពី​បទ​ឈប់​បាញ់​ជាមួយ​នឹង​ ហាម៉ាស

    សហគមន៍​អន្តរ​ជាតិ មានការ​លំបាក​ខ្លាំង​ក្នុងការ​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​​សន្តិភាព​សម្រាប់​ អ៊ីស្រាអែល និង​ប៉ាលេស្ទីន​ ខណៈ​ដែល​រដ្ឋាភិបាល​របស់នាយក​រដ្ឋមន្ត្រី​ អ៊ីស្រាអែល Benjamin Netanyahu ដាក់​ផែន​ការ​កម្ទេច​កម្លាំង​រ៉ុក្កែត​ និង​កាំជ្រួច​ហ្វោង​ របស់​ចលនា​ប្រដាប់​អាវុធ​ ហាម៉ាស​ នៅ​តំបន់​ ហ្គាហ្សា​។

    នាយករដ្ឋ​មន្ត្រី​ អ៊ីស្រាអែល Netanyahu កាលពី​ថ្ងៃទី​16 ខែឧសភា បាន​ «ទាត់​ចោល» នូវ​ក្ដី​សង្ឃឹម​ក្នុងការ​អនុវត្ត​បទ​ឈប់​បាញ់​ថ្មី​ រវាង​ អ៊ីស្រាអែល និង​កង​ជីវពល​ ហាម៉ាស​។ លោក​ Netanyahu អះអាង​ថា កងទ័ព​អ៊ីស្រាអែល កំពុង​ប្រឹង​ប្រែង​ដើម្បី​កម្ទេច​ក្រុម​ ហាម៉ាស​ ក៏ដូច​ជា​កម្លាំង​កាំជ្រួច​ហ្វោង​ និង​រ៉ុក្កែត​ របស់​ចលនា​នេះ​។ យុទ្ធ​នាការ​យោធា​នឹង​ត្រូវ​បញ្ឈប់​ លុះ​ណា​តែ​គោល​ដៅ​ខាងលើ​ ទទួល​បាន​ជោគ​ជ័យ​។ លោក Netanyahu និយាយ​ថា​៖ «មាន​សម្ពាធ​ ប៉ុន្តែ​ អ៊ីស្រាអែល​ ក៏​មាន​ការ​គាំទ្រ​សំខាន់​ ពិសេស​គឺ​ពី​ភាគី​សហរដ្ឋ​អាមេរិក​»។

    ព្រឹក​ថ្ងៃទី​17 ខែ​ឧសភា​នេះ ទ័ព​អាកាស​របស់​ អ៊ីស្រាអែល​ បាន​បន្ត​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​តំបន់​ ហ្គាហ្សា​ និង​កម្ទេច​គោល​ដៅ​ ដែល​ អ៊ីស្រាអែល​ ជឿ​ថា ជា​ទីតាំង​លាក់​ខ្លួន​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ ហាម៉ាស​។ មក​ដល់​បច្ចុប្បន្ន​ ការ​វាយ​ប្រហារ​គ្នា​រវាង​ភាគីទាំង​ពីរ បាន​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​សរុប​ជាង​ 200​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ប៉ាលេស្ទីន​ 192​នាក់ និង​ជន​ជាតិ​អ៊ីស្រាអែល ចំនួន​ 10​នាក់​។

    នៅក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​បើកចំហ​លើកដំបូង​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC/​United Nations Security Council) រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi បានឱ្យដឹងថា ជំលោះ​រវាង អ៊ីស្រាអែល និង ប៉ា​លេ​ស្ទី​ន បាន​បង្ក​ការស្លាប់​យ៉ាងច្រើន ក្នុងនោះ​មាន​ទាំង​កុមារ និង​ស្ត្រី​ផងដែរ។ ស្ថានភាព​នេះ​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំងណាស់ និង​ចាំបាច់​ត្រូវតែមាន​បទ​ឈប់​បាញ់ និង​ផ្អាក​រាល់​សកម្មភាព​ហិ​ស្សា។

    ការ​ប្រកាស​របស់​ អ៊ីស្រាអែល​ នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​អន្តរ​ជាតិ​ រិះគន់​លើ​ការ​វាយ​ប្រហារ​គ្នា​នេះ​ និង​ស្នើ​ឱ្យ​មាន​ដំណោះ​ស្រាយ​សន្តិភាព​។ នៅពោះមុខ​ស្ថានការណ៍​តានតឹង​នាបច្ចុប្បន្ន ប្រទេស​ចិន បានលើកឡើង​នូវ​សំណើ​ចំណាត់ការ​ចំនួន 4ចំនុច រួមមាន បទ​ឈប់​បាញ់ និង​ផ្អាក​រាល់​អំពើហិង្សា, ជំនួយ​មនុស្សធម៌​ជា​រឿង​ចាំបាច់, ជំនួយ​ជា​អន្តរជាតិ​ជា​កាតព្វកិច្ច, និង «ដំណោះស្រាយ រដ្ឋ​ពីរ» គឺជា​ដំណោះស្រាយ​ឫសគល់៕

    ប្រភព៖ WSJ, Xinhua
    ប្រែសម្រួល​៖ បុត្រា

  • បេក្ខនារីមកពីម៉ិកស៊ិក ដណ្ដើមបានតំណែង «បវរកញ្ញាឯក» នៃ​ព្រឹត្តិ​ការណ៍​ប្រលង​ «បវរកញ្ញាចក្រវាល ឆ្នាំ2020»

    បេក្ខនារីមកពីម៉ិកស៊ិក ដណ្ដើមបានតំណែង «បវរកញ្ញាឯក» នៃ​ព្រឹត្តិ​ការណ៍​ប្រលង​ «បវរកញ្ញាចក្រវាល ឆ្នាំ2020»

    ព្រឹក​ថ្ងៃទី17 ខែឧសភា (ម៉ោង​នៅ​កម្ពុជា) វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រលង​ដណ្ដើម​ពានរង្វាន់​បវរ​កញ្ញា​ចក្រវាល​ឆ្នាំ2020 (Miss Universe 2020) ត្រូវបាន​ធ្វើឡើង​នៅ​តំបន់​លម្ហែកាយ Seminole Hard Rock ក្នុង​រដ្ឋ Florida នៃ​សហរដ្ឋ​អាមេរិក។

    បេ​ក្ខ​នារី Andrea Meza ដែលជា​ស្រី​ស្អាត​មកពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​ក្លាយជា បវរ​កញ្ញាឯក​ក្នុងការ​ប្រលង​ដណ្ដើម​ពានរង្វាន់​បវរ​កញ្ញា​ចក្រវាល​ឆ្នាំ2020។

    ខណៈ​លេខ​ពីរ ឬ​បវរ​កញ្ញាឯក​រង​ទី1 (1st runner-up) បាន​ទៅលើ​ស្រី​ស្អាត Julia Gama មកពី​ប្រទេស​ប្រេ​ស៊ី​ល, បវរកញ្ញា​ឯក​រង​ទី2 (2nd Runner up) បាន​ទៅលើ​ស្រី​ស្អាត Janick Macieta មកពី​ប្រទេស​ប៉េ​រូ, បវរកញ្ញា​ឯក​រង​ទី3 (3rd Runner up) បាន​ទៅលើ​ស្រី​ស្អាត Adline Castelino មកពី​ប្រទេស​ឥណ្ឌា និង​បវរ​កញ្ញាឯក​រង​ទី4 (4th Runner up) បាន​ទៅលើ​ស្រី​ស្អាត Kimberly Jimenez មកពី​ប្រទេស​ដូ​មី​នី​ក។

    ប្រធានបទ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំនេះ មាន​ភាព​សម្បូរបែប នៅពេលដែល​បេ​ក្ខ​នារី ត្រូវ​លើកឡើង​នូវ​ការយល់ឃើញ​លក្ខណៈ​បុគ្គល ចំពោះ​បញ្ហាធំៗនៅ​ទូទាំង​សកលលោក នាបច្ចុប្បន្ន ក្នុងនោះ​មានដូចជា បញ្ហា Covid-19, បញ្ហា​ប្រែប្រួល​អាកាសធាតុ, ស្ត្រី​ក្នុងការ​ដឹកនាំ, បញ្ហា​រំលោភបំពាន​ផ្លូវភេទ និង​អំពើហិង្សា​លើ​ស្ត្រី។ល។

    នៅក្នុង​ការអធិប្បាយ​អំពី​ការយល់ឃើញ​របស់ខ្លួន បេ​ក្ខ​នារី Andrea Meza ឱ្យដឹងថា ពុំមាន​វិធានការ​ណាមួយ​ដែល​ល្អឥតខ្ចោះ ដើម្បី​យកឈ្នះ​លើ Covid-19 ឡើយ ប៉ុន្តែ នាង​ជឿថា ការប្រញាប់​ចេញ​បទបញ្ជា​បិទ​ខ្ទប់ រួម​នឹង​ការរក្សា​គ​ន្លាត​សង្គម នឹង​ជួយ​កាត់បន្ថយ​តួលេខ​នៃ​ការស្លាប់​ដោយសារ​ឆ្លង​វីរុស​នេះ​បាន៕

    ប្រភព៖​ CNN, Yahoo
    ប្រែសម្រួល​៖ បុត្រា

  • វ៉ាក់សាំង COVID-19! កូរ៉េខាងត្បូង ផ្ដល់ជំនួយ 10លាន​វ៉ុ​ន/ម្នាក់ បើសិន​ពលរដ្ឋ​ជួប​បញ្ហា​ប្រតិកម្ម​ធ្ងន់ធ្ងរ ក្រោយ​ចាក់​វ៉ាក់សាំង

    វ៉ាក់សាំង COVID-19! កូរ៉េខាងត្បូង ផ្ដល់ជំនួយ 10លាន​វ៉ុ​ន/ម្នាក់ បើសិន​ពលរដ្ឋ​ជួប​បញ្ហា​ប្រតិកម្ម​ធ្ងន់ធ្ងរ ក្រោយ​ចាក់​វ៉ាក់សាំង

    ប្រភពព័ត៌មាន​ពី​រដ្ឋធានី សេ​អ៊ូ​ល បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី17 ខែឧសភា ប្រជាជន​កូរ៉េខាងត្បូង នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ផ្នែក​សុខាភិបាល​ច្រើន​បំផុត​ត្រឹម 10លាន​វ៉ុ​ន (8,820 ដុល្លារ​អាមេរិក) /ម្នាក់ បូល​រួមទាំង​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង Covid-19 មុន​ថ្ងៃទី 17 ខែឧសភា បើសិន​ជាមាន​អាការ​ធ្ងន់ធ្ងរ​ដែល​កើតឡើង​ដោយសារ​ប្រតិកម្ម​នឹង​វ៉ាក់សាំង។

    ជំនួយ​ខាងលើនេះ​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រួយបារម្ភ​របស់​ប្រជាជន ហើយ​តាមរយៈ​នេះ ក៏​នឹង​ជួយ​ឱ្យ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង អាច​សម្រេច​ផែនការ ក្នុងការ​ទទួលបាន​ភា​ព​ស៊ាំ​នៅក្នុង​សហគមន៍​ទូទាំងប្រទេស ចាប់ពី​ខែវិច្ឆិកា ឆ្នាំ2021។

    ក្រសួងសុខាភិបាល​កូរ៉េខាងត្បូង បានឱ្យដឹងថា បច្ចុប្បន្ន​ប្រទេស​នេះ មាន​ពលរដ្ឋ 3,733,000នាក់ បាន​ចាក់​វ៉ាក់សាំង​ម្ជុល​ទីមួយ គឺ​ស្មើនឹង 7.3% នៃ​ប្រជាជន​សរុប។ ចំណែក​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ម្ជុល​ទី​ពីរ មាន 935,000នាក់។ តាម​ផែនការ ចាប់ពី​ថ្ងៃទី22 ខែឧសភា កូរ៉េខាងត្បូង នឹង​ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង Pfizer ឡើងវិញ ក្រោយពី​បាន​ផ្អាក​មួយរយៈ ដោយសារតែ​បាត់បង់​តុល្យភាព​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​តម្រូវការ។

    មណ្ឌល​ចាក់​វ៉ាក់សាំង​បង្ការ​ Covid-19 មួយ​កន្លែង​ នៅ​កូរ៉េខាង​ត្បូង

    ក្នុង​រយៈពេល 3ខែ កន្លងទៅ កូរ៉េខាងត្បូង បាន​ប្រើ​អង្គ​ប​ដិ​ប្រាណ Regkirona Inj (960mg) ដើម្បី​ព្យាបាល​ដល់​អ្នកជំងឺ​ចំនួន​ជាង 3,000ករណី ហើយ​លទ្ធផល​ដំបូង​បង្ហាញថា មាន​ប្រសិទ្ធភាព​សម្រាប់​អ្នកជំងឺ​កម្រិត​ស្រាល។  Regkirona Inj. 960mg ឬ​ហៅថា Regdanvimab (លេខ​កូដ CT-P59) ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Celltrion គឺជា​ថ្នាំ​ព្យាបាល Covid-19 ដោយ​ប្រើ​អង្គ​ប​ដិ​ប្រាណ​ដែល​ត្រូវបាន​អភិវឌ្ឍ​នៅ​កូរ៉េខាងត្បូង​ដំបូង​គេ ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់។

    លទ្ធផល​នៃ​ការប្រើប្រាស់​ថ្នាំ​នេះ​សម្រាប់​ព្យាបាល​អ្នកជំងឺ Covid-19 វ័យ​ចំណាស់ និង​អ្នកជំងឺ Covid-19 ដែលមាន​ជំងឺ​ប្រចាំកាយ គឺមាន​តែមួយ​ករណី​ប៉ុណ្ណោះ​ដែល​ប្រែ​ជាមាន​អាការ​ធ្ងន់ធ្ងរ ប៉ុន្តែ ពុំមាន​ករណី​ស្លាប់​នោះទេ។ Regkirona Inj. ត្រូវបាន​ប្រើ​សម្រាប់​អ្នកជំងឺ​ដែល​ទើបតែ​ឆ្លង​វីរុស ខណៈដែល​អាការរោគ​នៅមានកម្រិត​ស្រាល ហើយ​ថ្នាំ​នេះ​នឹង​ត្រូវបាន​ចាក់ឱ្យ​អ្នកជំងឺ​នៅ​ថ្ងៃ​ចូល​ពេទ្យ​ដំបូង។

    ក្រសួងសុខាភិបាល​កូរ៉េខាងត្បូង ឱ្យដឹងថា ថ្នាំ Regkirona Inj. មាន​ប្រសិទ្ធភាព​ទៅលើ​វីរុស​ក្លាយ​ពូជ​ថ្មី​នៅ​សហរដ្ឋអាមេរិក, អង់គ្លេស និង​នី​ហ្សេ​រី​យ៉ា​ផងដែរ។ ក៏ប៉ុន្តែ ដោយសារ​ថ្នាំ​នេះ​ត្រូវបាន​អនុញ្ញាត​ដោយមាន​លក្ខខណ្ឌ​ភ្ជាប់​មកជា​មួយ ដូច្នេះ ក្រុមហ៊ុន​ផលិត ត្រូវតែ​ផ្ដល់​របាយការណ៍​លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស​ដំណាក់​ទី​បី ទើប​វា​ត្រូវការ​ការ​ផ្ទៀ​ត​ផ្ទាត់​សុវត្ថិភាព និង​ប្រសិទ្ធភាព​បន្តទៀត នាពេលខាងមុខ៕

    ប្រភព៖ tbs.seoul
    ប្រែសម្រួល​៖ បុត្រា

  • អ្នក​ម្ដាយ វ័យ40 មុខ​ក្មេង​អស្ចារ្យ ថតរូប​ជាមួយ​កូន​ពេលណា អ្នកណា​ក៏​ថា ជា​បងស្រី​ដែរ វ៉ា​វ!!

    អ្នក​ម្ដាយ វ័យ40 មុខ​ក្មេង​អស្ចារ្យ ថតរូប​ជាមួយ​កូន​ពេលណា អ្នកណា​ក៏​ថា ជា​បងស្រី​ដែរ វ៉ា​វ!!

    អ្នក​ម្ដាយ​ជនជាតិ​ជប៉ុន​ម្នាក់ មុខ​នៅ​ក្មេង​ល្ហក់ ទោះ​អាយុ​ឈានចូល​ដល់​លេខ 4នាំមុខ​ក្ដី តែ​មើលទៅ​នៅ​ក្មេង ថតរូប​ជាមួយ​កូនស្រី​ពេលណា ធ្វើឱ្យ​អ្នកឃើញ វិលវល់ ញែក​មិន​ដាច់ មិនដឹងថា ម្នាក់​ណា​ម្ដាយ ម្នាក់​ណា​កូន..។

    ក្លាយជា​រឿង​ល្បីល្បាញ​មួយ នៅពេលដែល​អ្នកស្រី “អា​យូ​មិ ខា​វ៉ា​បាតៈ” អ្នក​ម្ដាយ​នៅ​លីវ វ័យ 40ឆ្នាំ បាន​ផូ​ស្ត​រូបភាព​របស់ខ្លួន ដែល​ថត​ជាមួយ​កូនស្រី វ័យ 19ឆ្នាំ ធ្វើឱ្យ​កើតមាន​ការច្រឡំ​វិលវល់ ដល់​អ្នក​ដែល​បានឃើញ ក្នុង​បណ្ដាញ​សង្គម​យ៉ាងខ្លាំង ព្រោះ​ស្ទើរតែ​ញែក​មិន​ដាច់​ថា អ្នកណា​ជា​កូន អ្នកណា​ជា​ម្ដាយ។

    កាលពី​ឆ្នាំ2019 អា​យូ​មិ ធ្លាប់​ធ្វើឱ្យ​មនុស្សម្នា​ទាំងឡាយ ភ្ញាក់ផ្អើល​ក្នុង​រឿង​មុខ​ក្មេង​ជាង​វ័យ ម្ដង​រួចមកហើយ ក្រោយពី​បាន​ចូលរួម​ប្រកួត “National Beauty Witch Contest” ដែលជា​វេទិកា​ប្រកួត​ស្រី​ស្អាត​វ័យ​ចំណាស់ ប្រចាំ​ប្រទេស​ជប៉ុន និង​បានទទួល​រង្វាន់​លេខ2។

    ក្រៅពី​មាន​ផ្ទៃមុខ​នៅ​ក្មេង​ជាង​វ័យ​ហើយ​នោះ អា​យូ​មិ ថែមទាំង​ជា​អ្នក​ម្ដាយ ដែល​រឹងមាំ​ខ្លាំង​ទៀតផង ក្រោយពី​ការប្រកួត​ចប់ នាង​បានផ្ដល់​បទ​សម្ភាស​ថា នាង​មាន​ផ្ទៃពោះ ពេល​កំពុង​រៀន​មហាវិទ្យាល័យ ក៏​សម្រេចចិត្ត​ផ្អាក​ការរៀន និង​រៀបការ​ជាមួយ​ស្វាមី ក្លាយជា​អ្នក​ម្ដាយ Full time តែម្ដង​នៅពេលនោះ។

    ប៉ុន្តែ អា​យូ​មិ នៅតែ​ចង់​ត្រឡប់​ទៅ​បន្ត​ការសិក្សា​ជាថ្មី​ម្ដងទៀត នាង​ក៏​ចុះឈ្មោះ​រៀន​ក្រៅ​ម៉ោង និង​រក​ការងារ​ធ្វើ ដែល​អ្វី​ទាំងអស់នេះ វា​បាន​បង្កើតឱ្យមាន​បញ្ហា​ក្នុង​ជីវិត​គូ ព្រោះ​ស្វាមី​របស់​នាង មិនសូវ​ជា​ចូលចិត្ត​ប៉ុន្មាន​ឡើយ។ អ្នក​ទាំង2 ចាប់ផ្ដើម​ឈ្លោះ​គ្នា កាន់តែខ្លាំង​ឡើងជារឿយៗ និង​នាំ​ឆ្ពោះទៅរក​ការ​លែងលះគ្នា​នៅ​ទីបំផុត តែ​ទោះជា​យ៉ាងណា អា​យូ​មិ នៅតែ​មិន​ចុះចាញ់​ជីវិត ព្រមទាំង​ប្រាប់ថា ក្រៅពី​បំពេញ​តួនាទី​ជា​ម្ដាយ​ហើយ នាង​នៅមាន​តួនាទី​ជា​ឪពុក និង​ជា​បងស្រី​របស់​កូន​ទៀតផង។

    ទោះជា​អា​យូ​មិ ក្លាយជា​អ្នក​ម្ដាយ​នៅ​លីវ (កូន​មួយ) ក្ដី តែដោយសារ​តែ ការដែល​នាង​មានមុខមាត់​ស្រស់ស្អាត មាន​មន្ត​ស្នេហ៍ ធ្វើឱ្យមានបុរសៗជាច្រើន វិលវល់​ទៅមក ចូលមក​លក់​នំ​ញ៉ែ ចំពោះ​នាងជារឿយៗ ដែល​ធ្វើឱ្យ​នាង​មិនបាន​ចាប់អារម្មណ៍​អ្វី​ឡើយ។ ពេលនេះ នាង​មិនទាន់មាន​ផែនការ​ក្នុង​ការរៀប​មង្គលការ​ម្ដងទៀត​នៅឡើយ ព្រោះ​ត្រូវការ​មើលថែទាំ​កូនស្រី​របស់​នាង ឱ្យបាន​ល្អប្រសើរ​បំផុត​សិន។

    ចំណែក​គន្លឹះ​សម្ងាត់ ក្នុងការ​មាន​រូបរាង​មុខមាត់​នៅ​ក្មេង​ជាង​វ័យ​នោះ អា​យូ​មិ ផ្ដល់​ភាព​សំខាន់​ទៅលើ​ការហាត់​ប្រាណ និង​ការគ្រប់គ្រង​អាហារ​ការហូបចុក។ នាង​ហាត់​យ៉ូ​ហ្គា ដើម្បីឱ្យ​រូបរាង​នៅតែ​ស្រ​ឡូ​ន​ស្អាត​ជាប្រចាំ គ្រប់គ្រង​ជាតិ​ស្ករ ទទួលទាន​សណ្ដែក និង​ផ្លែឈើ​ចំហុយ​ស្ងួត ជំនួស​ឱ្យ​ការទទួល​ទាន​អាហារ​ចម្អាប៕

    ប្រភព៖ chinatimes
    ប្រែ​សម្រួល​ដោយ អ្នកគ្រូ ឆវី

  • ចិន លើកសំណើ 4ចំណុច ដើម្បី​ដោះស្រាយ​​ជម្លោះ​ ​រវាង អ៊ីស្រាអែល និង ​ប៉ា​លេ​ស្ទី​ន

    ចិន លើកសំណើ 4ចំណុច ដើម្បី​ដោះស្រាយ​​ជម្លោះ​ ​រវាង អ៊ីស្រាអែល និង ​ប៉ា​លេ​ស្ទី​ន

    រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi កាលពី​ថ្ងៃទី16 ខែឧសភា បានឱ្យដឹងថា ទីក្រុង​ប៉េកាំង បានលើកឡើង​នូវ​សំណើ​ចំនួន 4ចំណុច ទាក់ទិន​នឹង​ការកើនឡើង​នៃ​ភាព​តានតឹង​រវាង​ប្រទេស​អ៊ីស្រាអែល និង​ជនជាតិ​ប៉ា​លេ​ស្ទី​ន។

    នៅក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​បើកចំហ​លើកដំបូង​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC/United Nations Security Council) រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi បានឱ្យដឹងថា ជំលោះ​រវាង អ៊ីស្រាអែល និង ប៉ា​លេ​ស្ទី​ន បាន​បង្ក​ការស្លាប់​យ៉ាងច្រើន ក្នុងនោះ​មាន​ទាំង​កុមារ និង​ស្ត្រី​ផងដែរ។ ស្ថានភាព​នេះ​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំងណាស់ និង​ចាំបាច់​ត្រូវតែមាន​បទ​ឈប់​បាញ់ និង​ផ្អាក​រាល់​សកម្មភាព​ហិ​ស្សា។

    លោក Wang Yi បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ប្រញាប់​ទប់ស្កាត់​ស្ថានការណ៍ កុំឱ្យ​អាក្រា​ក់ជាង​នេះ ដើម្បី​ជួយ​ឱ្យ​តំបន់​នេះ ចៀសវាង​បាន​នូវ​ការធ្លាក់​ទៅក្នុង​ភាពវឹកវរ​ជាថ្មី និង​ការពារ​អាយុជីវិត​រប​ស់​ប្រជាជន។

    នៅ​ចំពោះមុខ​ស្ថានការណ៍​តានតឹង​នាបច្ចុប្បន្ន ប្រទេស​ចិន បានលើកឡើង​នូវ​សំណើ​ចំណាត់ការ​ចំនួន 4ចំនុច រួមមាន បទ​ឈប់​បាញ់ និង​ផ្អាក​រាល់​អំពើហិង្សា, ជំនួយ​មនុស្សធម៌​ជា​រឿង​ចាំបាច់, ជំនួយ​ជា​អន្តរជាតិ​ជា​កាតព្វកិច្ច, និង «ដំណោះស្រាយ រដ្ឋ​ពីរ» គឺជា​ដំណោះស្រាយ​ឫសគល់។

    លោក​ Wang Yi រដ្ឋមន្ត្រី​ការ​បរទេស​ចិន​

    យោងតាម​លោក Wang Yi ប៉ា​លេ​ស្ទី​ន តែងតែ​ជា​ចំណុច​ស្នូល​នៅក្នុង​បញ្ហា​មជ្ឈិមបូព៌ា។ លុះត្រា​បញ្ហា​ប៉ា​លេ​ស្ទី​ន ត្រូវបាន​ដោះស្រាយ​ទាំងស្រុង ដោយ​យុត្តិធម៌ និង​យូរអង្វែង ទើប​តំបន់​មជ្ឈិមបូព៌ា អាច​ទទួលបាន​សន្តិភាព និង​សន្តិសុខ​យូរអង្វែង។

    នៅក្នុង​កិច្ចប្រជុំ​ខាងលើ​នេះដែរ តំណាង​បណ្ដា​ប្រទេស​ដែល​បាន​ចូលរួម ក៏បាន​អំពាវនាវ​ឱ្យ​ឈប់​បាញ់​ជាបន្ទាន់ និង​ផ្អាក​សកម្មភាព​ហិង្សា រវាង អ៊ីស្រាអែល និង​ប៉ា​លេ​ស្ទី​ន, បន្ថយ​ភាព​តានតឹង​នៃ​ស្ថានការណ៍ ខណៈ​គោរព​ធ្វើតាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជា​ច្បាប់​អន្តរជាតិ។

    សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រទេស​ចិន កំពុងកាន់​កាប់​តំណែង​ជា​ប្រធាន​ប្ដូរ​វេន​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ សម្រាប់​ខែឧសភា​នេះ៕

    ប្រភព​៖ Xinhua
    ប្រែសម្រួល​៖ បុត្រា

  • ស្ថានភាពជំងឺCOVID-19 នៅ កម្ពុជា នាថ្ងៃទី16 ខែឧសភា ឆ្នាំ2021

    ស្ថានភាពជំងឺCOVID-19 នៅ កម្ពុជា នាថ្ងៃទី16 ខែឧសភា ឆ្នាំ2021

    នា​ព្រឹក​ថ្ងៃទី17 ខែឧសភា​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា ឱ្យដឹងថា កម្ពុជា បាន​រកឃើញ​ករណី​ឆ្លង​វីរុស​Covid-19 ចំនួន 360នាក់​បន្ថែមទៀត ក្នុង​ថ្ងៃទី16 ខែឧសភា នាំឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប កើនឡើង​ដល់ 22,544នាក់។

    កាលពី​ម្សិលមិញ អ្នកជំងឺ​Covid-19 នៅ កម្ពុជា ចំនួន 4នាក់ បាន​បាត់​បង់ជីវិត ធ្វើឱ្យ​តួលេខ​អ្នកស្លាប់​សរុប ឡើងដល់ 154នាក់។
    នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន មាន​មនុស្ស​ចំនួន 163,721,530នាក់ បាន​ឆ្លង​ ​Covid-19 ក្នុងនោះ​មាន 3,393,409​នាក់​​បាន​ស្លាប់, 142,188,055នាក់​បានជា​សះស្បើយ និង18,140,066នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួង​សុខាភិបាល​, Worldometers
    ដក​ស្រង់​៖ បុត្រា

  • ទីភ្នាក់ងារសារព័ត៌មាន​អាមេរិក AP ​អំពាវនាវ​​ឱ្យ​​ស៊ើបអង្កេត​លើ​ករណី អ៊ីស្រាអែល បាញ់​កម្ទេច​អគារ Jala នៅ​ហ្គា​ហ្សា

    ទីភ្នាក់ងារសារព័ត៌មាន​អាមេរិក AP ​អំពាវនាវ​​ឱ្យ​​ស៊ើបអង្កេត​លើ​ករណី អ៊ីស្រាអែល បាញ់​កម្ទេច​អគារ Jala នៅ​ហ្គា​ហ្សា

    និពន្ធ​នាយិកា​របស់​ទីភ្នាក់ងារសារព័ត៌មាន AP ចង់​បើក​ការស៊ើបអង្កេត​លើ​ករណី​វាយប្រហារ​លើ​អគារ Jala ជាទី​តាំង​ការិយាល័យ​របស់​សារព័ត៌មាន​អន្តរជាតិ​មួយចំនួន នៅ​តំបន់ ហ្គា​ហ្សា។

    «យើង​បានដឹងថា អ៊ីស្រាអែល ប្រកាស​បង្ហាញ​ភ័ស្ដុតាង។ យើង​មិនដឹងថា ជា​ភ័ស្ដុតាង​អ្វី​នោះទេ។ ខ្ញុំ​គិតថា នេះ​ជា​ពេល​ស្រប​ស្រប ដើម្បី​បើក​ការស៊ើបអង្កេត​ឯករាជ្យ​មួយ ទៅលើ​អ្វីដែល​បានកើត​ឡើង» Sally Buzbee និពន្ធ​នាយិកា​របស់​ទីភ្នាក់ងារសារព័ត៌មាន AP (Associated Press) បាន​ប្រាប់​ទូរទស្សន៍​កាលពី​ថ្ងៃទី16 ខែឧសភា។

    អ្នកស្រី Sally Buzbee ឱ្យដឹងថា បុគ្គលិក​របស់ខ្លួន មិនបាន​រងរបួស ហើយ​កំពុង​ប្រើប្រាស់​ការិយាល័យ​រួមជាមួយ​នឹង​គូប្រជែង AFP នៅ​តំបន់ ហ្គា​ហ្សា ប៉ុន្តែ ការវាយប្រហារ បាន​កម្ទេច​ទីតាំង​សំខាន់​សម្រាប់​ប្រមូល​ព័ត៌មាន​នៅ​តំបន់​នេះ។

    «យើ​ប​មិន​ជ្រើសរើស​បក្ខពួក ទាក់ទិន​នឹង​ការប្រយុទ្ធ​គ្នា​នេះ។ យើង​ជឿថា ត្រូវតែ​ការពារ​សិទ្ធិ​ដើម្បីឱ្យ​ពិភពលោក​បានដឹង​នូវអ្វីៗដែល​បាន​កើតឡើង​ក្នុងការ​ប្រយុទ្ធ​គ្នា​នេះ» អ្នកស្រី Sally Buzbee និយាយ​បន្ថែម។

    មតិ​របស់ Sally Buzbee ត្រូវបាន​លើកឡើង បន្ទាប់ពី​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​បក​ស្រ័យ​អំពី​មូល​ហេតុដែល​កងទ័ព​ប្រទេស​នេះ ធ្វើការ​វាយប្រហារ​កម្ទេច​អគារ Jala នៅ​តំបន់ ហ្គា​ហ្សា ជាទី​ដែលមាន​ការិយាល័យ​រប​ស់​សារព័ត៌មាន​អន្តរជាតិ AP និង Al Jazeera កាលពី​ថ្ងៃទី15 ខែឧសភា។

    លោក Benjamin Netanyahu ថ្លែងថា «ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​របស់​ក្រុម​ភេរវកម្ម​ប៉ា​លេ​ស្ទី​ន ដែលមាន​ទីតាំង​នៅក្នុង​អគារ​នោះ បានរៀបចំ​គម្រោង និង​ធ្វើការ​វាយប្រហារ​ភេរវកម្ម សំដៅលើ​ពលរដ្ឋ​ស៊ីវិល​អ៊ីស្រាអែល។ ដូច្នេះ វា​គឺជា​គោលដៅ​ស្របច្បាប់​ទាំងស្រុង។ ខ្ញុំ​ធានាថា យើង​បាន​អនុវត្ត​វិធានការ​គ្រប់យ៉ាង​ដើម្បី​មិន​បង្ក​របួស និង​ស្លាប់​ដល់​ជន​ស៊ីវិល។ ជាក់ស្ដែង ពុំមាន​អ្នកណាម្នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​នេះ​ទេ»

    អគារ Jala ដែលមាន​កម្ពស់ 12ជាន់ នៅ​តំបន់ ហ្គា​ហ្សា បាន​ដួលរលំ​ទាំងស្រុង បន្ទាប់ពី​ត្រូវ​គ្រាប់​រ៉ុក្កែត និង​គ្រាប់បែក​របស់​អ៊ីស្រាអែល។ មន្ត្រី​យោធា​ម្នាក់​របស់​អ៊ីស្រាអែល បាន​ហៅ​ទូរស័ព្ទ​ទៅកាន់​ម្ចាស់​អគារ ដោយ​ប្រកាស​អំពី​ការវាយប្រហារ​ដែល​នឹង​កើតឡើង ហើយ​បាន​ទុកពេល​មួយ​ម៉ោង​សម្រាប់​គ្រប់គ្នា​នៅ​ខាងក្នុង​អគារ រៀបចំ​ដើម្បី​ចាកចេញ។ មួយ​ម៉ោង​ក្រោយមក អគារ​នេះ​ក៏ត្រូវ​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល បាញ់​កម្ទេច។

    ប្រធាន​ទីភ្នាក់ងារសារព័ត៌មាន AP លោក Gary Pruitt និយាយថា៖ «យើង​ពិតជា​រន្ធត់​ខ្លាំងណាស់ និង​មានការ​ភ័យខ្លាច នៅពេល​មានការ​វាយប្រហារ​នេះ។ យើង​គេច​ផុតពី​ការស្លាប់​តែ​ប៉ុន្មាន​ជំហាន​ប៉ុណ្ណោះ»។

    អ្នកនាំពាក្យ​របស់​សេត​វិមាន បានឱ្យដឹងថា បាន​ទាក់ទង​ទៅកាន់​មន្ត្រី​អ៊ីស្រាអែល ដើម្បី​ស្នើឱ្យ​ទីក្រុង តែ​ល អា​វីវ ទទួលខុសត្រូវ​ក្នុងការ​ការពារ​សុវត្ថិភាព​របស់​ក្រុម​អ្នកសារព័ត៌មាន។ រដ្ឋមន្ត្រីការបរទេស​អាមេរិក Antony Blinken ក៏បាន​ហៅ​ទូរស័ព្ទ​ទៅកាន់​ប្រធាន AP ដើម្បី​សំដែង​ការគាំទ្រ។

    ការប្រយុទ្ធ​គ្នា​រវាង អ៊ីស្រាអែល និង​កងជីវពល ហា​ម៉ាស របស់​ប៉ា​លេ​ស្ទី​ន នៅ​តំបន់ ហ្គា​ហ្សា នៅតែ​បន្ត​កើតមាន និង​កាន់តែ​តានតឹងឡើង។ កងទ័ព​អ៊ីស្រាអែល ឱ្យដឹងថា ហា​ម៉ាស បាន​បាញ់​រ៉ុក្កែត​ជាង 3,000គ្រាប់ ចូល​ទឹកដី​អ៊ីស្រាអែល ក្នុង​មួយ​សប្ដាហ៍​កន្លង បណ្ដាលឱ្យ​ជនជាតិ​អ៊ីស្រាអែល យ៉ាងតិច 10នាក់ បាន​ស្លាប់។

    ចំណែក​កងទ័ព​អ៊ីស្រាអែល ក៏បាន​វាយបក​សងសឹក ទៅលើ​តំបន់ ហ្គា​ហ្សា បណ្ដាលឱ្យ​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ប្រមាណ 181នាក់ បាត់បង់​ជីវិត ក្នុងនោះ​មាន​កុមារ 52នាក់៕

    ប្រភព៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • អ៊ីស្រាអែល ថា ខ្លួន «មាន​មូលហេតុ​គ្រប់គ្រាន់» ដើម្បី​​​កម្ទេច​អគារ​សារព័ត៌មាន​អន្តរជាតិ នៅ​ហ្គា​ហ្សា

    អ៊ីស្រាអែល ថា ខ្លួន «មាន​មូលហេតុ​គ្រប់គ្រាន់» ដើម្បី​​​កម្ទេច​អគារ​សារព័ត៌មាន​អន្តរជាតិ នៅ​ហ្គា​ហ្សា

    នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល យល់ថា អគារ​ដែលមាន​ទីភ្នាក់ងា​រ​សារព័ត៌មាន​អន្តរជាតិ​គឺជា «គោលដៅ​ស្របច្បាប់» ព្រោះថា វា​មាន «ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​របស់​ក្រុម​ភេរវកម្ម​ប៉ា​លេ​ស្ទី​ន»។

    «ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​របស់​ក្រុម​ភេរវកម្ម​ប៉ា​លេ​ស្ទី​ន ដែលមាន​ទីតាំង​នៅក្នុង​អគារ​នោះ បានរៀបចំ​គម្រោង និង​ធ្វើការ​វាយប្រហារ​ភេរវកម្ម សំដៅលើ​ពលរដ្ឋ​ស៊ីវិល​អ៊ីស្រាអែល» នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បានប្រកាស​នា​ថ្ងៃទី16 ខែឧសភា ទាក់ទង​នឹង​ការវាយប្រហារ​កម្ទេច​អគារ Jala នៅ​តំបន់ ហ្គា​ហ្សា ជាទី​ដែលមាន​ការិយាល័យ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន AP របស់​អាមេរិក និង Al Jazeera របស់​ប្រទេស​កាតា កាលពី​ថ្ងៃទី15 ខែឧសភា។

    «ដូច្នេះ វា​គឺជា​គោលដៅ​ស្របច្បាប់​ទាំងស្រុង។ ខ្ញុំ​ធានាថា យើង​បាន​អនុវត្ត​វិធានការ​គ្រប់យ៉ាង​ដើម្បី​មិន​បង្ក​របួស និង​ស្លាប់​ដល់​ជន​ស៊ីវិល។ ជាក់ស្ដែង ពុំមាន​អ្នកណាម្នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​នេះ​ទេ» លោក Netanyahu និយាយ​បន្ថែម។

    សូមបញ្ជាក់ថា អគារ Jala ដែលមាន​កម្ពស់ 12ជាន់ នៅ​តំបន់ ហ្គា​ហ្សា បាន​ដួលរលំ​ទាំងស្រុង បន្ទាប់ពី​ត្រូវ​គ្រាប់​រ៉ុក្កែត និង​គ្រាប់បែក​របស់​អ៊ីស្រាអែល។ មន្ត្រី​យោធា​ម្នាក់​របស់​អ៊ីស្រាអែល បាន​ហៅ​ទូរស័ព្ទ​ទៅកាន់​ម្ចាស់​អគារ ដោយ​ប្រកាស​អំពី​ការវាយប្រហារ​ដែល​នឹង​កើតឡើង ហើយ​បាន​ទុកពេល​មួយ​ម៉ោង​សម្រាប់​គ្រប់គ្នា​នៅ​ខាងក្នុង​អគារ រៀបចំ​ដើម្បី​ចាកចេញ។ មួយ​ម៉ោង​ក្រោយមក អគារ​នេះ​ក៏ត្រូវ​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល បាញ់​កម្ទេច។

    ការប្រយុទ្ធ​គ្នា​រវាង អ៊ីស្រាអែល និង​កងជីវពល ហា​ម៉ាស នៅ​តំបន់ ហ្គា​ហ្សា នៅតែ​បន្ត​កើតមាន និង​កាន់តែ​តានតឹង​ជាង​មុន។ កងទ័ព​អ៊ីស្រាអែល ឱ្យដឹងថា ហា​ម៉ាស បាន​បាញ់​រ៉ុក្កែត​ជាង 3,000គ្រាប់ ចូល​ទឹកដី​អ៊ីស្រាអែល ក្នុង​មួយ​សប្ដាហ៍​កន្លង បណ្ដាលឱ្យ​ជនជាតិ​អ៊ីស្រាអែល យ៉ាងតិច 10នាក់ បាន​ស្លាប់។

    កងទ័ព​អ៊ីស្រាអែល ក៏បាន​វាយបក​សងសឹក ទៅលើ​តំបន់ ហ្គា​ហ្សា បណ្ដាលឱ្យ​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ប្រមាណ 181​នាក់​ បាត់​បង់​​ជីវិត​ ក្នុងនោះ​មាន​កុមារ 52នាក់។

    ភាព​តានតឹង​បាន​កើនឡើង បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយ​ការចូល​ទៅកាន់​តំបន់​ទីក្រុង​បុរាណ យេ​រូ​សា​ឡឹម ក្នុង​រដូវ​បុណ្យ Ramadan និង​គំរាម​បណ្ដេញ​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ចំនួន 4គ្រួសារ ដែល​កំពុង​រស់នៅ​ភាគខាងត្បូង​នៃ​តំបន់ យេ​រូ​សា​ឡឹម ដើម្បី​ទុក​កន្លែង​ឱ្យ​ជនជាតិ​ជ្វី​ហ្វ។

    បញ្ហា​ខាងលើ បាន​នាំឱ្យ​ប្រជាជន​ប៉ា​លេ​ស្ទី​ន ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា ហើយក៏​មានការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល អស់​ជាច្រើន​ថ្ងៃ នៅ​ខាងក្រៅ​វិហារ Al-Aqsa នៅ​តំបន់ យេ​រូ​សា​ឡឹម​ខាងត្បូង ដែលជា​កន្លែង​ពិសិដ្ឋ​របស់​សាសនិក​អ៊ីស្លាម បណ្ដាលឱ្យ​មនុស្ស​រាប់រយ​នាក់​ត្រូវ​រងរបួស។ តុលាការ អ៊ីស្រាអែល បាន​ផ្អាក​ការជំនុំជម្រះ​លើ​ការបណ្ដេញចេញ​ខាងលើ ប៉ុន្តែ នៅតែ​មិនអាច​កាត់បន្ថយ​ភាព​តានតឹង​បាន៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • (វីដេអូ)-ការប្រយុទ្ធ​គ្នា​រវាងប្រទេស​​ អ៊ីស្រាអែល​ និង ក្រុម​ ហា​ម៉ាស នា​ថ្ងៃនេះ មាន​ភាពខ្លាំង​ក្លា​បំផុត

    (វីដេអូ)-ការប្រយុទ្ធ​គ្នា​រវាងប្រទេស​​ អ៊ីស្រាអែល​ និង ក្រុម​ ហា​ម៉ាស នា​ថ្ងៃនេះ មាន​ភាពខ្លាំង​ក្លា​បំផុត

    ការវាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​របស់ អ៊ីស្រាអែល ទៅលើ​តំបន់ ហ្គា​ហ្សា នា​ថ្ងៃនេះ បានសម្លាប់​ជនជាតិ​ប៉ា​លេ​ស្ទី​ន ចំនួន 26នាក់​បន្ថែមទៀត ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​នៅ​តំបន់ឆ្នេរ​សមុទ្រ​នេះ កើនឡើង​ដល់ 174នាក់។

    ក្រសួងសុខាភិបាល​នៃ​តំបន់ ហ្គា​ហ្សា បានឱ្យដឹងថា ការវាយប្រហារ​តាមផ្លូវ​អាកាស​នៅវេលា​ទៀបភ្លឺ ពី​សំណាក់ អ៊ីស្រាអែល ទៅលើផ្ទះ​មួយចំនួន​នៅតាម​បណ្ដោយ​ផ្លូវ​សំខាន់​ទៅកាន់​មន្ទីរពេទ្យ Shiffa បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់​រហូតដល់ 26នាក់ ក្នុងនោះ​មាន​កុមារ​ចំនួន 8នាក់ និង​ស្ត្រី​ចំនួន 10នាក់ ខណៈដែល​តួលេខ​ប៉ាន់ស្មាន ត្រូវបាន​គេ​ជឿថា នឹង​កើន​ឡើងជា​បន្តបន្ទាប់។

    ក្រៅពី​អ្នកស្លាប់​ខាងលើ ការវាយប្រហារ​របស់ អ៊ីស្រាអែល ក៏បាន​ធ្វើឱ្យមាន​អ្នករបួស​ជាង 50នាក់​បន្ថែមទៀត​ផងដែ​រ។ ក្រុម​អ្នក​ជួយសង្គ្រោះ កំពុង​រត់ប្រណាំង​នឹង​ពេលវេលា ដើម្បី​សង្គ្រោះ​ជនរងគ្រោះ​ចេញពី​គំនរ​បាក់បែក។ នេះ​គឺជា​ថ្ងៃ​ដែល​កងជីវពល ហា​ម៉ាស រង​ការវាយប្រហារ​ធ្ងន់ធ្ងរ​បំផុត ចាប់តាំងពី ប៉ា​លេ​ស្ទី​ន និង អ៊ីស្រាអែល ផ្ដើម​ការប្រយុទ្ធ​គ្នា​កាលពីដើម​សប្ដាហ៍​នេះ។

    ចំណែក​ភាគី​ខាង អ៊ីស្រាអែល វិញ បានឱ្យដឹងថា ពលរដ្ឋ​របស់ខ្លួន​ចំនួន 10នាក់ បាន​បាត់​បង់ជីវិត ក្នុងនោះ​មាន​កុមារ​ម្នាក់​ផងដែរ បន្ទាប់ពី​គ្រាប់​រ៉ុក្កែត ជាច្រើន​រយ​គ្រាប់ ត្រូវបាន​បាញ់​ចេញពី​តំបន់ ហ្គា​ហ្សា។

    មូលហេតុ​នៃ​ការប៉ះទង្គិច​នេះ កើតឡើង បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយ​ការចូល​ទៅកាន់​តំបន់​ទីក្រុង​បុរាណ យេ​រូ​សា​ឡឹម ក្នុង​រដូវ​បុណ្យ Ramadan និង​គំរាម​បណ្ដេញ​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ចំនួន 4គ្រួសារ ដែល​កំពុង​រស់នៅ​ភាគខាងត្បូង​នៃ​តំបន់ យេ​រូ​សា​ឡឹម ដើម្បី​ទុក​កន្លែង​ឱ្យ​ជនជាតិ​ជ្វី​ហ្វ។

    បញ្ហា​ខាងលើ បាន​នាំឱ្យ​ប្រជាជន​ប៉ា​លេ​ស្ទី​ន ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា ហើយក៏​មានការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល អស់​ជាច្រើន​ថ្ងៃ នៅ​ខាងក្រៅ​វិហារ Al-Aqsa នៅ​តំបន់ យេ​រូ​សា​ឡឹម​ខាងត្បូង ដែលជា​កន្លែង​ពិសិដ្ឋ​របស់​សាសនិក​អ៊ីស្លាម បណ្ដាលឱ្យ​មនុស្ស​រាប់រយ​នាក់​ត្រូវ​រងរបួស។ តុលាការ អ៊ីស្រាអែល បាន​ផ្អាក​ការជំនុំជម្រះ​លើ​ការបណ្ដេញចេញ​ខាងលើ ប៉ុន្តែ នៅតែ​មិនអាច​កាត់បន្ថយ​ភាព​តានតឹង​បាន។

    ការប្រយុទ្ធ​គ្នា​នេះ បាន​នាំឱ្យ​អង្គការសហប្រជាជាតិ និង​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក សំដែង​ការព្រួយបារម្ភ និង​អំពាវនាវ​ឱ្យមាន​ការបន្ធូរបន្ថយ​ភាព​តានតឹង និង​ងាក​មករក​តុ​ចរចា។

    ក្រុម​រដ្ឋមន្ត្រីការបរទេស​របស់​សហភាព​អឺរ៉ុប (EU) គ្រោង​នឹង​បើក​កិច្ចប្រជុំ​តាម​វីដេអូ​បន្ទាន់​មួយ នៅ​ថ្ងៃទី18 ខែឧសភា​ខាងមុខ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​តានតឹង​រវាង អ៊ីស្រាអែល និង​ប៉ា​លេ​ស្ទី​ន៕

    ប្រភព​៖ AFP, Washington Post, AP
    ប្រែសម្រួល​៖ បុត្រា