Author: សឿន សំណាង

  • (វីដេអូ)-អគារ​កម្ពស់ 355ម៉ែត្រ នៅ​ប្រទេស​ចិន រង្គើ​ញាប់​ញ័រ បើ​ទោះ​មិនមាន​ការរញ្ជួយ​ដី និង​មូលហេតុ​​​ដែល​អាច​កើតមាន

    (វីដេអូ)-អគារ​កម្ពស់ 355ម៉ែត្រ នៅ​ប្រទេស​ចិន រង្គើ​ញាប់​ញ័រ បើ​ទោះ​មិនមាន​ការរញ្ជួយ​ដី និង​មូលហេតុ​​​ដែល​អាច​កើតមាន

    អ្នក​ថ្មើរជើង​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង Shenzhen ប្រទេស​ចិន នាំគ្នារ​ត់រក​កន្លែង​សុវត្ថិភាព នៅពេល​អគារ​កម្ពស់ 355ម៉ែត្រ កំពុង​ញាប់​ញ័រ បើទោះបីជា​មិនមាន​ហេតុការណ៍​រញ្ជួយ​ដី​ក៏ដោយ។

    អគារ SEG Plaza ដែលជា​និមិត្តរូប​របស់​ទីក្រុង Shenzhen នៃ​ខេត្ត Guangdong បានចាប់ផ្ដើម​ញាប់​ញ័រ​នៅវេលា​ម៉ោង​ប្រហែល 13 ថ្ងៃ18 ខែឧសភា (ម៉ោង​នៅ​កម្ពុជា) បណ្ដាលឱ្យ​មនុស្ស​រាប់ពាន់នាក់ ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ទៅរក​កន្លែង​សុវត្ថិភាព។

    ទាក់ទិន​នឹង​បញ្ហា​នេះ វិស្វករ Lu Jianxin យល់ថា ឥទ្ធិពល​រ៉េ​សូ​ណង់ (resonance effect) ទំនងជា​បាន​បណ្ដាលឱ្យ​អគារ SEG Plaza នៅ​ទីក្រុង Shenzhen ត្រូវ​រង្គើ​ញាប់​ញ័រ ទោះជា​មិនមាន​ករណី​រញ្ជួយ​ដី។

    «បើសិនជា​មិនមាន​ការរញ្ជួយ​ដី ការ​ញាប់​ញ័រ​របស់​អគារ SEG Plaza គឺ​មិនមែនជា​បញ្ហា​ធម្មតា​នោះទេ។ យោងតាម​ការវាយតម្លៃ​លើ​ព័ត៌មាន​បច្ចុប្បន្ន នេះ​អាច​ជាការ​ចៃដន្យ​នៃ​ប្រេកង់ ពោលគឺ ឥទ្ធិពល​របស់​រ៉េ​សូ​ណង់» នេះ​បើតាម​ការយល់ឃើញ​រប​ស់ Lu Jianxin ប្រធាន​វិស្វករ​នៃ​ក្រុមហ៊ុន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​សំណង់​របស់​ចិន។

    អង្គភាព​គ្រប់គ្រង​ស្ថានការណ៍​អាសន្ន​នៃ​ទីក្រុង Shenzhen ឱ្យដឹងថា ពុំមាន​ការរញ្ជួយ​ដី​កើតឡើង​នៅក្នុង​ទីក្រុង​នេះ ក្នុង​គ្រា​ដែលមាន​បាតុភូត​ខាងលើ​នោះទេ។ ចំណែក​កម្លាំង​ខ្យល់​វិញ ក៏​ត្រូវបាន​រាយការណ៍​ថា មាន​ល្បឿន​ប្រហែល 27គម/ម៉ោង ដែល​នេះ​មិនអាច​ធ្វើឱ្យ​អគារខ្ពស់ៗ ត្រូវ​ញាប់​ញ័រ​ឡើយ។

    មនុស្ស​ម្នា​ នាំ​គ្នា​រក​កន្លែង​សុវត្ថិ​ភាព​

    វិស្វករ Lu Jianxin បន្ថែមថា គេ​ត្រូវធ្វើ​ការស៊ើបអង្កេត​ជា​ផ្លូវការ ទើប​អាច​រកឃើញ​មូលហេតុ​នៃ​បាតុភូត​នេះ។ រីឯ​ក្រុម​អ្នកជំនាញ​វិញ បានឱ្យដឹងថា កម្រ​នឹងមាន​បញ្ហា​អគារ​ញាប់​ញ័រ​រហូតដល់​អាចឱ្យ​គេ​ដឹងបាន​យ៉ាង​ដូច្នេះ។

    Chen Wei អ្នកផ្គត់ផ្គង់​ផ្នែក​រឹង (hardware) ដែល​ធ្វើការ​នៅ SEG Plaza ប្រាប់ថា គាត់​មិន​បានដឹង​អំពី​បញ្ហា​អគារ​ញាប់​ញ័រ​នេះ ប៉ុន្តែ ត្រូវបាន​គេ​ស្នើឱ្យ​ចាកចេញ​ពី​អគារ ដើម្បី​សុវត្ថិភាព។ ក៏ប៉ុន្តែ «មិត្ត​ម្នាក់​របស់ខ្ញុំ​ដែល​ស្ថិតនៅក្នុង​អគារ បានឃើញ​ដប​ទឹក​ញាប់​ញ័រ»។

    SEG Plaza ដែលជា​ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក Shenzhen (SEG) មាន​កម្ពស់ 355ម៉ែត្រ និង​មាន 79ជាន់ ត្រូវបាន​សាងសង់​រួចរាល់​កាលពី​ឆ្នាំ2020។ នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ស្ដីពី​កម្ពស់​នៃ​អគារ​នៅ​ទូទាំង​ពិភពលោក របស់ skyscrapercenter.com អគារ SEG Plaza ខ្ពស់​ជាងគេ​លំដាប់​ទី104 នៅ​ប្រទេស​ចិន និង​លំដាប់​ទី212 នៅលើ​ពិភពលោក។

    «បាតុភូត​ញាប់​ញ័រ​នេះ កំពុង​ត្រូវបាន​ស្រាវជ្រាវ​ដោយ​ស្ថាប័នរដ្ឋ​មួយចំនួន ដើម្បី​ស្វែងរក​មូលហេតុ​ឱ្យបាន​ច្បាស់លាស់» នេះ​បើតាម​អង្គភាព​គ្រប់គ្រង​ស្ថានការណ៍​អាសន្ន៕

    ប្រភព៖ SCMP
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក​ គិត​មក​ដល់​​ថ្ងៃទី19 ខែឧសភា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក​ គិត​មក​ដល់​​ថ្ងៃទី19 ខែឧសភា ឆ្នាំ2021

    ក្រសួងសុខាភិបាល​កម្ពុ​ជា ឱ្យដឹងថា អ្នកជំងឺ​Covid-19 ថ្មី ចំនួន 393នាក់ ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី18 ខែឧសភា នាំឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​នៅ​កម្ពុជា កើន​ដល់ 23,282នាក់។

    ចំណែក​នៅ​ទូទាំង​ពិភពលោក​វិញ អ្នក​វិជ្ជមាន​នឹង Covid-19 សរុប កើន​ដល់ 164,901,667នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 3,418,730នាក់, ជាសះស្បើយ 143,862,822នាក់ និង​កំពុង​ព្យាបាល​ចំនួន 17,620,115​នាក់។

  • ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ រកឃើញ “វិធី​កម្ចាត់​វីរុស​COVID-19” ក្នុង​សួត បាន​រហូតដល់ 99.9%

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ រកឃើញ “វិធី​កម្ចាត់​វីរុស​COVID-19” ក្នុង​សួត បាន​រហូតដល់ 99.9%

    ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​អូស្ត្រាលី និង​សហរដ្ឋអាមេរិក អភិវឌ្ឍ​វិធីសាស្ត្រ​ថ្មី ប្រឆាំងនឹង​វីរុស ដែល​ជួយ​កម្ចាត់ Covid-19 នៅក្នុង​សត្វ​កណ្ដុរ បាន​រហូតដល់ 99.9% ដែល​នេះ​ជាការ​បើកផ្លូវ​សម្រាប់​ការព្យាបាល​ជំងឺ​Covid-19 នៅលើ​មនុស្ស ប្រកប​ដោយ​​ប្រសិទ្ធភាព។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​សុខាភិបាល Menzies ក្នុង​រដ្ឋ Queensland នៃ​ប្រទេស​អូស្ត្រាលី និង​វិទ្យាស្ថាន​ស្រាវជ្រាវ City of Hope របស់​សហរដ្ឋអាមេរិក បាន​សហការគ្នា ស្រាវជ្រាវ និង​អភិវឌ្ឍ​វិធីសាស្ត្រ​ព្យាបាល​នេះ ចាប់ពី​ខែមេសា ឆ្នាំ​2020។

    Nigel McMillan សាស្ត្រាចារ្យ​ប្រចាំ​សាកលវិទ្យាល័យ Griffith របស់​អូស្ត្រាលី និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ បាន​ហៅ​វិធីសាស្ត្រ​ដែល​ពួកគេ​កំពុង​អភិវឌ្ឍ​នេះ​ថា​ជា «ភារកិច្ច​ស្វែងរក និង​កម្ចាត់» ពោលគឺ វាយប្រហារ​ផ្ទាល់​ទៅលើ Covid-19។ នេះ​បើតាម​សារព័ត៌មាន​អូស្ត្រាលី ដែល​បាន​ចុះផ្សាយ​កាលពីដើម​សប្ដាហ៍​នេះ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ ប្រើប្រាស់​វិធីសាស្ត្រ វីរុស «ជំនាន់​បន្ទាប់» ជាមួយនឹង​បច្ចេកវិទ្យា​អសកម្ម​ហ្សែ​ន RNA (Ribonucleic acid) ដើម្បី​វាយប្រហារ​ផ្ទាល់​ទៅលើ​ប្រព័ន្ធ​ហ្សែ​ន​របស់​វីរុស ធ្វើឱ្យ​ពួកវា​មិនអាច​ឆ្លង​រាលដាល​បាន។ «វា​បំផ្លាញ​ប្រព័ន្ធ​ហ្សែ​ន និង​ធ្វើឱ្យ​វីរុស មិនអាច​រីកចម្រើន​បាន» McMillan អធិប្បាយ​ដូច្នេះ និង​បន្ថែមថា នេះ​គឺជា​លើកទីមួយ​ហើយ ដែល​ពួកគេ​បាន​អភិវឌ្ឍ​ដោយ​ជោគជ័យ​នូវ​គ្រាប់ nano និង​បញ្ចូល​ទៅក្នុង​រាងកាយ​តាមរយៈ​សរសៃឈាម ដើម្បីឱ្យ​ពួកវា វាយប្រហារ​វីរុស។

    លោក McMillan និយាយថា៖ «ពួកវា (គ្រាប់ nano) ស្វែងរក និង​កម្ចាត់​វីរុស ដូច​ទៅនឹង​យន្តការ​នៃ​មី​ស៊ី​ល​ស្វែងរក​កម្ដៅ (heat-seeking missile/Infrared homing)»។

    ក្រុម​អ្នក​ស្រាវ​ជ្រាវ

    «គ្រាប់ nano ធ្វើដំណើរ​ទៅកាន់​សួត ហើយ​ចូល​ទៅកាន់​កោសិកា​ទាំងអស់​របស់​សួត ប៉ុន្តែ ពួកវា​កម្ចាត់​តែ​វីរុស​ដែល​មាន​នៅក្នុង​កោសិកា​ប៉ុណ្ណោះ។ ចំណែក​កោសិកា​ដែល​ធម្មតា (មិនមាន​វីរុស) នឹងមិន​រង​ផលប៉ះពាល់​ពី​វិធី​ព្យាបាល​នេះឡើយ» លោក McMillan បញ្ជាក់។

    សាស្ត្រាចារ្យ McMillan បន្តថា៖ «បើ​ទោះ​មិនមែនជា​វិធី​ព្យាបាល ប៉ុន្តែ​វិធីសាស្ត្រ​នេះ អាចជួយ​កម្ចាត់​វីរុស​ក្នុង​សួត​បាន​រហូតដល់ 99.9% ឯណោះ។ ដូច្នេះ វា​មាន​ប្រសិទ្ធភាព​ស្ទើរ​ដូច​ទៅនឹង​វិធី​ព្យាបាល និង​សម្រាប់​អ្នកជំងឺ​ដែល​កំពុង​ស្ថិតក្នុង​បន្ទាប់​សង្គ្រោះបន្ទាន់ (ICU) ក្នុងករណី​ហួសពេល​ក្នុង​ការចាក់​វ៉ាក់សាំង»។

    «នេះ​ពិតជា​វិធី​សាស្ត្រា​ដំបូងបង្អស់​មួយ ទាក់ទង​នឹង​ការព្យាបាល​ផ្ទាល់ ដូច្នេះហើយ យើង​ពិតជា​មានការ​ត្រេកអ​រណាស់» លោក​សាស្ត្រាចារ្យ​ថ្លែង​ដូច្នេះ។

    យោងតាម​វិធីសាស្ត្រ​ថ្មី​នេះ អ្នកជំងឺ​Covid-19 ដែល​កំពុង​ស្ថិតក្នុង​បន្ទាប់ ICU នឹងត្រូវ​បាន​ចាក់ 1ម្ជុល​ជា​រៀងរាល់ថ្ងៃ ក្នុង​រង្វង់​ពី 4-5ថ្ងៃ ឬ​តែ 1ម្ជុល​គត់ សម្រាប់​អ្នក​ដែល​ទើបតែ​ឆ្លង Covid-19។ លោក McMillan ឱ្យដឹងថា វិធីសាស្ត្រ​នេះ អាច​បង្ហាញខ្លួន​ជា​ផ្លូវការ​យ៉ាង​ឆាប់​បំផុត​ត្រឹម​ឆ្នាំ2023 អាស្រ័យទៅលើ​លទ្ធផល​នៃ​ដំណាក់កាល​ពិសោធ​លើ​មនុស្ស។

    «សូម​ចងចាំ​ថា វីរុស​នេះ​ (Covid-19) ​នឹងមិន​បាត់​ទៅណា​ឡើយ។ យើង​នឹងត្រូវ​រស់នៅ​ជាមួយ​ពួកវា ជា​រៀងរហូត» ​នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​សាស្ត្រាចារ្យ McMillan៕

    ប្រភព៖ ABC
    ប្រែ​សម្រួល៖ បុត្រា

  • កំពូល​អ្នកបោក​ប្រាស់​ក្នុង​វិស័យ​ប្រាក់​អេឡិចត្រូនិក៖ កាន់កាប់ Bitcoin តម្លៃ 1ម៉ឺន​លាន​ដុល្លារ ដោយសារ​បោក​អ្នកវិនិយោគ​នៅ OneCoin រួច​គេចខ្លួន​បាត់ស្រមោល ជាមួយនឹង​ខ្ទង់​ប្រាក់​ដ៏​ធំ​សម្បើម!

    កំពូល​អ្នកបោក​ប្រាស់​ក្នុង​វិស័យ​ប្រាក់​អេឡិចត្រូនិក៖ កាន់កាប់ Bitcoin តម្លៃ 1ម៉ឺន​លាន​ដុល្លារ ដោយសារ​បោក​អ្នកវិនិយោគ​នៅ OneCoin រួច​គេចខ្លួន​បាត់ស្រមោល ជាមួយនឹង​ខ្ទង់​ប្រាក់​ដ៏​ធំ​សម្បើម!

    ដំបូង​ឡើយ Ruja Ignatova បាន​អះអាងថា OneCoin នឹង​ក្លាយជា​រូបិយវត្ថុ​អេឡិចត្រូនិក​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ ក្រោយ​រយៈពេល​តែមួយ​ឆ្នាំ​សោះ អ្នកស្រី​បាន​បាត់​ខ្លួន​សូន្យឈឹង ជាមួយនឹង​ខ្ទង់​ប្រាក់​ដ៏​ច្រើន​សម្បើម ដែល​បោក​បាន​ពី​ក្រុម​អ្នកវិនិយោគ។

    នៅក្នុង​ពាក្យបណ្ដឹង នាពេលថ្មីៗនេះ របស់​ក្រុម​អ្នកវិនិយោគ OneCoin (គម្រោង​ប្រាក់​អេឡិចត្រូនិក ដែល​ដំណើរការ​តាម​ទម្រង់ «បណ្ដាញ​ទីផ្សារ» (Multi-level marketing (MLM)/ Network marketing / Pyramid selling) បានឱ្យដឹងថា ស្ថាបនិក​របស់ OneCoin គឺ​អ្នកស្រី Ruja Ignatova កំពុង​កាន់កាប់​រូបិយវត្ថុ​អេឡិចត្រូនិក Bitcoin ចំនួន 230,000 bitcoin ដែល​បច្ចុប្បន្ន មានតម្លៃ​ជាង 1ម៉ឺន​លាន​ដុល្លារ​អាមេរិក។

    ជាក់ស្ដែង កាលពី​ឆ្នាំ2015 Ruja Ignatova គឺជា​តួអង្គ​សំខាន់​ជាងគេ​នៃ​ការជួញដូរ Bitcoin ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ នៅក្នុង​ការជួញដូរ​មួយ អ្នកស្រី Ruja Ignatova ត្រូវបាន Sheikh Al Qassimi (សមាជិក​ម្នាក់​របស់​រា​ជ​វង្ស Dubai) ប្រគល់ Bitcoin ចំនួន 230,000 ដែលមាន​តម្លៃ​ប្រហែល 50លាន​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន (18 ខែឧសភា ឆ្នាំ2021) Bitcoin នេះ មានតម្លៃ​សរុប​ជាង 1ម៉ឺន​លាន​ដុល្លារ។

    Sheikh Al Qassimi ប្រគល់ Bitcoin ទាំងនេះ​ទៅឱ្យ Ignatova គឺ​ដើម្បី​ទទួលបាន​គណនី​ធនាគារ OneCoin (បច្ចុប្បន្ន ត្រូវបាន​បង្កក), អចលនទ្រព្យ​នៅ UAE និង​ទ្រព្យ​មួយចំនួនទៀត។ នេះ​បើតាម Finance Feeds។

    ក្នុង​ពាក្យបណ្ដឹង​ប្រឆាំងនឹង OneCoin ជនរងគ្រោះ​បាន​បង្ហើប​ឱ្យដឹងថា ក្រៅពី​ចំនួន Bitcoin ដ៏​ច្រើន​ខាងលើ Ignatova ក៏​កំពុង​កាន់កាប់​ប្រាក់​ប្រហែល 500លាន​ដុល្លារ នៅក្នុង​គណនី​ធនាគារ​មួយ​នៅ Dubai រួម​ជាមួយនឹង​ទ្រព្យ​ជាច្រើន​ផ្សេងទៀត​ដែលមាន​តម្លៃ 1ពាន់​លាន​ដុល្លារ​អាមេរិក។ ទ្រព្យ​ទាំងនោះ ត្រូវបាន Sebastian Greenwood និង​សហការី​មួយចំនួន​ផ្សេងទៀត​របស់ Ignatova នៅក្នុង​ក្រុមហ៊ុន OneCoin ឈរឈ្មោះ។

    OneCoin គឺជា​កម្មវិធី​ទីផ្សារ​បណ្ដាញ (Network Marketing) ដែល​ត្រូវបាន​គេ​ឃោសនា​ក្រោមរូបភាព​រូបិយវត្ថុ​អេឡិច​ត្រូនិក ដោយ​ក្រុមហ៊ុន OneCoin (ចុះឈ្មោះ​នៅ Dubai) និង OneLife Network (ចុះឈ្មោះ​នៅ Belize)។ ក្រុមហ៊ុន​ទាំងពីរ​នេះ សុទ្ធតែ​ត្រូវបាន​បង្កើត និង​អភិវឌ្ឍ​ឡើង​ដោយ Ruja Ignatova និង Sebastian Greenwood។

    នៅពេល OneCoin បង្ហាញខ្លួន អ្នកស្រី Ignatova បាន​អះអាងថា នេះ​នឹង​ក្លាយជា​រូបិយវត្ថុ​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក និង​ថែមទាំង​អាច​ដណ្ដើមបាន​តំណែង​លេខ​មួយ​ពី Bitcoin។ ក៏ប៉ុន្តែ មួយឆ្នាំ​ក្រោយមក (2017) Ignatova ក៏បាន​បាត់​ខ្លួន​សូន្យឈឹង ជាមួយនឹង​ខ្ទង់​ដ៏​ច្រើន​សម្បើម​ដែល​បានមកពី​ក្រុម​អ្នកវិនិយោគ។ មកដល់ពេលនេះ សមត្ថកិច្ច​មិនទាន់​រកឃើញ​ដំណឹង​អំពី​កំពូល​អ្នកបោក​ប្រាស់​នេះ​នៅឡើយ។

    ក្រុម​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក បាន​គណនា​ឃើញថា ខ្ទង់​ប្រាក់​វិនិយោគ​សរុប ទៅលើ OneCoin គឺ​ប្រហែល 4ពាន់​លាន​ដុល្លារ​អាមេរិក។ គម្រោង OneCoin រកបាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ទៅឱ្យ​ធនាគារ​នានា និង​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​នៅ Dubai ជា​កន្លែង​ដែល​ត្រូវបាន​គេ​ជឿថា មានការ​គាំទ្រ​ដោយ Sheikh Al Qassimi ដែលជា​កូនប្រុស​របស់​បុរស​អ្នកមាន​ជាងគេ​មួយរូប​នៅ អារ៉ាប់​រួម (UAE) និង​អតីត​បុគ្គលិក​ផ្នែក​អចលនទ្រព្យ​ម្នាក់។

    ជនសង្ស័យ​ឈ្មោះ Ignatova ត្រូវបាន​គេ​ចាត់ទុកថា​ជា​កំពូល​អ្នកបោក​ប្រាស់​ធំជាងគេ​មួយរូប​ក្នុង​ពិភពលោក នៅក្នុង​វិស័យ​រូបិយវត្ថុ​អេឡិចត្រូនិក។ ក្រៅពីនេះ អ្នកស្រី Ignatova ក៏​ជាប់​ទាក់ទិន​នឹង​ករណី​បោកប្រាស់ BigCoin និង​ត្រូវ​ទទួលទោស​រយៈពេល 14ខែ ដោយ​នៅក្រៅ​ឃុំ ក្នុងប្រទេស​អាល្លឺម៉ង់​ផងដែរ។

    មកដល់​បច្ចុប្បន្ន គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា Ignatova បាន​លក់ Bitcoin ចំនួន 230,000 នេះហើយ ឬ​នៅ ​ដោយ​សារ​តែ​​គោល​ការណ៍​​មិន​បញ្ចេញ​អត្តសញ្ញាណ​ក្នុងពេល​ជួញដូរ របស់​រូបិយវត្ថុ​អេឡិចត្រូនិក​មួយ​នេះ៕

    ប្រភព៖ Finance Feeds
    ប្រែ​សម្រួល៖ បុត្រា

  • ហុងស៊ុយ​បន្ទប់ផ្សេងៗក្នុងផ្ទះ  បើ​រៀបចំ​ត្រូវ នឹងមានហេង!

    ហុងស៊ុយ​បន្ទប់ផ្សេងៗក្នុងផ្ទះ  បើ​រៀបចំ​ត្រូវ នឹងមានហេង!

    មនុស្ស​ជាច្រើន​គិតថា ការរៀបចំ​ផ្ទះ​ឱ្យមាន​ហុងស៊ុយ គឺជា​រឿង​មួយ ដែល​ហាក់ដូចជា​ស្មុគស្មាញ និង​ច្របូកច្របល់​ណាស់ ទើបបាន​ត្រឹមតែ​ស្តាប់ ហើយក៏​បណ្តោយឱ្យ​រំលង​ចោល​ទៅ ទាំង​នៅក្នុង​ចិត្ត​វិញ ក៏​នឹក​ចង់​សាកល្បង​ផ្លាស់ប្តូរ​ស្ទីល​ការរៀបចំ​ផ្ទះ ឱ្យ​ត្រូវ​តាម​ក្បួន​ហុងស៊ុយ​នឹង​គេ​ដូចគ្នា​ដែរ ។ ការពិត​ការរៀបចំ​ហុងស៊ុយ​ផ្ទះ មិនមែន​សុទ្ធតែ​ពិបាក​ទាំងអស់​នោះទេ ថ្ងៃនេះ​យើង​មាន​វិធីងាយៗក្នុងការ​រៀបចំ​បន្ទប់ផ្សេងៗនៅក្នុង​ផ្ទះ ឱ្យ​ត្រឹមត្រូវ​តាម​ក្បួន​ហុងស៊ុយ មក​ជម្រាបជូន​មិត្ត​អ្នកអាន​ដូចតទៅ៖

    ហុងស៊ុយ​បន្ទប់​គេង

    ក្នុង​បន្ទប់​គេង គួររៀបចំ​ដាក់​គ្រែ​ឱ្យ​ឆ្ងាយ​ពី​ជញ្ជាំង​ទាំងសងខាង និង​មិនគួរ​ដាក់​គ្រែ​នៅ​កន្លែង​ដែល​ជិត​មាត់​បង្អួច និង​ថែមទាំង​មិនគួរ​ដាក់​គ្រែ​ឱ្យចំ​ទ្វារ​ចូល​ដែរ មិនគួរ​ព្យួរ​រូបភាពធំៗ ឬ​របស់ធ្ងន់ៗនៅលើ​ក្បាល​ដំណេក​ឡើយ។ រៀងរាល់​លើក មុនពេល​គេង ត្រូវ​បិទទ្វារ​ទូ​ដាក់​សម្លៀកបំពាក់ និង​ទ្វារ​បន្ទប់ទឹក​ឱ្យ​ជិត និង​ដែល​សំខាន់​នោះ គួរ​រក​ដើមឈើផ្សេងៗ ដូច​ជាដើម​ប្រទាល​សេដ្ឋី ដើម​អណ្តាត​នាគ ឬ​កូនដើម​ដូង​លឿង មក​ដាក់​ក្នុង​បន្ទប់​គេង​ផង  ដើម្បីឱ្យ​បន្ទប់​គេង​មើលទៅ​មានជីវិត​ជីវ៉ា ហើយ​ដើមឈើ​ទាំងនេះ ថែមទាំង​ជួយ​បឺត​យក​សារធាតុពុល និង​សម្រួល​ធាតុអាកាស​ក្នុង​បន្ទប់​គេង ឱ្យបាន​កាន់តែ​ស្អាត​បរិសុទ្ធ​ឡើង​ទៀតផង។

    ហុងស៊ុយ​បន្ទប់ធ្វើការ​ក្នុងផ្ទះ

    បើ​នៅ​ក្នុងផ្ទះ មាន​បន្ទប់ធ្វើការ ហើយ​អ្នក​ក៏មាន​ឱកាស​បាន​ប្រើប្រាស់​វា​ញឹកញាប់​ផងដែរ​នោះ ក៏​គួរតែរៀបចំ​បន្ទប់ធ្វើកា​រ តាម​ក្បួន​ហុងស៊ុយ​ផង ដោយ​ព្យាយាម​កុំ​ដាក់​តុ​ធ្វើការ​ឱ្យចំ​ទ្វារ ផ្លូវចេញចូលចំៗពេក។ រៀបចំ​សណ្តាប់ធ្នាប់​តុ​ធ្វើការ​ឱ្យបាន​ស្អាត​ជានិច្ច និង​តុបតែង​តុ​ធ្វើការ ដោយ​ពណ៌​ស្វាយ ឬ​ខ្មៅ  ដើម្បី​ឱ្យជួយ​ជំរុញ​កម្លាំងចិត្ត និង​ភាពស្វាហាប់ និង​ដែល​សំខាន់​នោះ សូមកុំ​ភ្លេច​រក​ថូផ្កា​មក​ដាក់​លម្អ​ផង ដើម្បី​សម្រួល​តុល្យភាព​ថាមពល​ការងារ មិនឱ្យ​តានតឹង ធុញថប់​ជ្រុល​ពេក និង​ជួយ​ឱ្យ​លោក​អ្នកមាន​ថាមពល​ក្នុងការ​ធ្វើការ បាន​ច្រើនឡើង​ទៀតផង។

    ហុងស៊ុយ​បន្ទប់ទទួលភ្ញៀវ

    បន្ទប់ទទួលភ្ញៀវ គួររៀបចំ​តុបតែង​ឱ្យមាន​បរិយាកាស​កក់ក្តៅ លោកអ្នក​អាច​តុបតែង​តាម​ស្ទីល​របស់ខ្លួន​អ្នក​ក៏បាន តែ​គួរ​យក​ផ្ទាំង​រូបថត​ក្រុមគ្រួសារ រូបថត​ពេល​រៀបការ ឬ​រូប​ណា​ដែល​មើលឃើញ​ហើយ ផ្តល់នូវ​អារម្មណ៍​កក់ក្តៅ មក​តុបតែង​លម្អ​ផង។ ក្រៅពីនេះ គួរ​បើក​វាំងនន​ឱ្យ​ពន្លឺ​ពី​ធម្មជាតិ​បាន​ចាំង​ចូលមកក្នុង​បន្ទប់ទទួលភ្ញៀវ​ឱ្យបាន​ច្រើន​បំផុត ចៀសវាង​ការបើក​ភ្លើងអគ្គិសនី​គ្រប់ពេល​រហូត ព្រោះ​វា​នឹង​រឹតតែ​ធ្វើឱ្យ​ថាមពល “ស៊ី” មាន​ភាពស្មុគស្មាញ អាច​នឹង​នាំ​ជីវិត​ឱ្យ​រញ៉េរញ៉ៃ​ទៅ​ដែរ។

    ហុងស៊ុយ​បន្ទប់​ចង្ក្រាន​បាយ

    គ្រប់​ចំណែក​នៅក្នុង​ផ្ទះ គួរតែ​ស្អាតបាត​រៀបរយ​ជានិច្ច សូម្បីតែ​ចង្ក្រាន​បាយ​ក៏ដោយ ជាពិសេស​ថតតុ ថតទូ​ដែល​ទុកដាក់​អីវ៉ាន់ និង​របស់​ប្រើប្រាស់​ក្នុង​ចង្ក្រាន​គ្រប់​ប្រភេទ ចំណែក​តុ​ត្រៀម​រៀបចំ​អាហារ ក៏​ត្រូវតែ​ស្អាត​រៀបរយ​ដូចគ្នា​ដែរ។ ក្រៅពីនេះ គួរ​តុបតែង​បន្ទប់​ចង្ក្រាន​បាយ​ដោយ​ពណ៌​បៃតង ជា​ពណ៌​គោល ឬក៏​ចង់យក​ដើមឈើ​ពណ៌​បៃតងខ្ចី​មក​ដាក់​លម្អ​ក្នុង​បន្ទប់​ចង្ក្រាន​បាយ ក៏​រឹតតែ​ល្អ​ដែរ។ តុ​រៀបចំ​ធ្វើ​ម្ហូប គួរ​បែរមុខ​ទៅរក​មាត់ទ្វារ ដើម្បី​ទទួលយក​ថាមពល “ស៊ី” បាន​យ៉ាង​ពេញទំហឹង តែ​បើសិនជា​មិនអាច​បែរមុខ ទៅរក​មាត់ទ្វារ​បានទេ​នោះ ក៏​គួរ​រក​កញ្ចក់​មក​ដាក់​ជាប់​ជញ្ជាំង​មួយ​ផ្ទាំង ឱ្យ​ឆ្លុះ​ទៅ​មើលឃើញ​មាត់ទ្វារ​ចេញចូល​បន្ទប់​ចង្ក្រាន​បាយ​បាន ក៏បាន​ដែរ។

    ហុងស៊ុយ​បន្ទប់ទឹក

    យើង​ប្រើប្រាស់​បន្ទប់ទឹក​ក្នុងការ​សម្អាត​ខ្លួនប្រាណ និង​បន្ធូរ​អារម្មណ៍​ក្នុងពេល​ជាមួយគ្នា ដូច្នេះ​នៅក្នុង​ចំណែក​នេះ គួរតែ​ត្រូវបាន​សម្អាត​ឱ្យបាន​ស្អាត​រៀបរយ​ជានិច្ច និង​គួរ​តុបតែង​ដោយ​ពណ៌​ផ្ទៃមេឃ​ជា​ពណ៌​គោល ដើម្បីឱ្យ​ពេល​យើង​ចូលទៅ​ប្រើការ ឬ​នៅក្នុង​បន្ទប់ទឹក នឹងមាន​អារម្មណ៍​ធូរស្រាល និង​ត្រជាក់​ស្រួល​ទាំង​កាយ និង​ចិត្ត។

    ហុងស៊ុយ​ទូ​ដាក់​សម្លៀកបំពាក់

    បើ​លោក​អ្នកមាន​អារម្មណ៍​ថា សម្រាន្ត​មិនសូវ​លក់ ឬ​ដូចជា​មិន​ចង់​នៅក្នុង​បន្ទប់​គេង​ប៉ុន្មាន​នោះ ចូរ​សាកល្បង​បើក​ទូ​ដាក់​ខោអាវ ហើយ​រក​ពេលវេលា​រៀបចំ​សម្អាត​ទូ​សម្លៀកបំពាក់ ឱ្យមាន​របៀបរៀបរយ​ម្តង​មើល៍ ដូចជា សម្លៀកបំពាក់​ណា​លែង​ពាក់​ហើយ ក៏​គួរតែ​យក​ចេញពី​ក្នុង​ទូ ទុក​យកទៅ​បរិច្ចាគ​ក៏បាន និង​ព្យាយាម​រៀបចំ​ឱ្យ​ក្នុង​ទូ​ដាក់​សម្លៀកបំពាក់ មាន​ទីកន្លែង​ទំនេរ​ខ្លះ​ផង ដើម្បីឱ្យ​ថាមពល “ស៊ី” ហូរ​វិល​ចូលមក​បាន​ស្រួល​ឡើង។

    ឃើញ​ទេ ថា ការរៀបចំ​ផ្ទះ តាម​ក្បួន​ហុងស៊ុយ មិនមាន​លំបាកលំបិន​ត្រង់ណា​ឡើយ គ្រាន់តែ​រំកិល​ឧបករណ៍ប្រើប្រាស់ ទៅ​ដាក់​ឱ្យចំ​កន្លែង​ដែល​ត្រឹមត្រូវ និង​តុបតែង​លម្អ​ដោយ​ពណ៌​ដែល​សក្តិសម រួមទាំង​បន្ថែម​របស់​លម្អផ្សេងៗបន្តិចបន្តួច​ប៉ុណ្ណោះឯង និង​ដែល​សំខាន់​នោះ គឺ​គួរ​មើលថែទាំ​ផ្ទះសំបែង​ឱ្យបាន​ស្អាត​ជាប់​ជានិច្ច ព្រោះ​ភាព​ស្អាត មាន​អនាម័យ គឺជា​សិរី​មង្គល​ខ្លាំងណាស់ សម្រាប់​ផ្ទះ​របស់​យើង៕

  • លោកតា​អូស្ត្រាលី អាយុ 111ឆ្នាំ ប្រាប់​គន្លឹះ​អាយុ​វែង ថែមទាំង​ខួរក្បាល​ល្អ នៅចាំ​គ្មាន​ភ្លេច​ទៀតផង

    លោកតា​អូស្ត្រាលី អាយុ 111ឆ្នាំ ប្រាប់​គន្លឹះ​អាយុ​វែង ថែមទាំង​ខួរក្បាល​ល្អ នៅចាំ​គ្មាន​ភ្លេច​ទៀតផង

    កាលពី​ថ្ងៃទី17 ឧសភា ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា លោកតា ដេក​ស្ទ័​រ ឃ្រូ​គើ​រ ជនជាតិ​អូស្ត្រាលី អ្នក​ដែលមាន​អាយុ 111ឆ្នាំ ច្រើនជាងគេ​បំផុត​ក្នុងប្រទេស​អូស្ត្រាលី បាន​បង្ហើប​ឱ្យដឹងពី​ការរស់នៅ ដែល​ធ្វើឱ្យ​លោកតា​មាន​អាយុ​វែង និង​ការចងចាំ​នៅ​ល្អ គ្មាន​ភ្លេច​អ្វី​ទាំងអស់​ទៀតផង។

    លោកតា ឃ្រូ​គើ​រ ជា​ពេទ្យសត្វ ដែល​ចូលនិវត្តន៍​យូរហើយ បច្ចុប្បន្ន​អាយុ 111ឆ្នាំ និង 124ថ្ងៃ គឺជា​បុគ្គល​ដែលមាន​អាយុ​ច្រើន ជាង​លោកតា ជែក ឡុ​កកេ​ត​ត៍ ទាហាន​ចូលនិវត្តន៍ ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី1 ចំនួន 1ថ្ងៃ ដែល​បានទទួល​អនិច្ចកម្ម កាលពី​ឆ្នាំ2012។

    លោកតា ឃ្រូ​គើ​រ បានផ្ដល់​បទ​សម្ភាស​ពិសេស ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន ABC News របស់​អូស្ត្រាលី នៅឯ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា ក្នុង​រដ្ឋ​ឃ្វី​ន​ស្លែ​ន​ដ៍ ដោយបាន​បង្ហើប​ឱ្យដឹង​អំពី គន្លឹះ​សម្ងាត់ ដែល​ធ្វើឱ្យ​លោកតា មាន​អាយុ​វែង និង​ខួរក្បាល​នៅតែ​រហ័សរហួន​ភ្លឺ​ថ្លា​នោះ​ថា មកពី​ការ​ទទួលទាន​អាហារ​បំប៉ន​រាងកាយ​រៀងរាល់​សប្ដាហ៍។

    លោកតា​ឃ្រូ​គើ​រ ថ្លែងថា “ខួរ​មាន់​ហ្នឹងឯង គឺមាន់​វា​មាន​ក្បាល ហើយ​នៅក្នុង​ក្បាល​ពួកវា មាន​ខួរ ដុំតូចៗ រសជាតិ​ឆ្ងាញ់​ខ្លាំងណាស់ ល្មមៗ 1ម៉ាត់​តែម្ដង”

    ចំណែក​លោកតា ក្រេ​ក ឃ្រូ​គើ​រ កូនប្រុស អាយុ 74ឆ្នាំ បាន​រៀបរាប់​ពី​ឪពុក ដែលមាន​អាយុ​វែង​នេះ​ថា អាច​នឹង​មកពី​អាជីព​ជា​គ្រូពេទ្យ​បសុសត្វ ព្រោះ​ត្រូវ​បញ្ចេញ​កម្លាំងកាយ ធ្វើ​ការងារ​ជាប់​រហូត ទើប​ធ្វើឱ្យ​រាងកាយ​រឹងមាំ​ហ្នឹងឯង។

    លោកស្រី មេ​ឡា​នី ខាល់​វើត ជំនួយការ​វេជ្ជបណ្ឌិត​អាជីព និង​ជា​អ្នកចាត់ការ​ទូទៅ​មណ្ឌល​ថែទាំ​ជន​ចាស់ជរា បាន​ថ្លែងថា លោកតា ឃ្រូ​គើ​រ ជា​សមាជិក​ម្នាក់​របស់​មណ្ឌល​ថែទាំ​ជន​ចាស់ជរា ដែល​ឆ្លាត​វាងវៃ​បំផុត ព្រោះ​មានការ​ចងចាំ​ដ៏​ល្អ​អស្ចារ្យ សម្រាប់​មនុស្ស​ដែលមាន​អាយុ​ដល់ 111ឆ្នាំ​ហើយ​នោះ។

    ទាំងអស់នេះ លោក ច​ន ថេ​លើរ ស្ថាបនិក​កំណត់ត្រា​ស្ថិតិ​នៃ​ប្រទេស​អូស្ត្រាលី បាន​អះអាងថា  លោកតា​ឃ្រូ​គើ​រ ជា​ពលរដ្ឋ​ម្នាក់ ដែលមាន​អាយុ​ច្រើន​បំផុត និង​នៅមាន​ជីវិត​របស់​ប្រទេស​អូស្ត្រាលី​នាពេល​បច្ចុប្បន្ន ចំណែក​ស្ថិតិ​ខ្ពស់បំផុត​វិញ​នោះ នៅតែ​ជា​របស់​លោកយាយ គ្រិ​ស្ទី​ណា ឃុ​ក ដែល​បានទទួល​អនិច្ចកម្ម កាលពី​ឆ្នាំ2012  ក្នុង​អាយុ 114ឆ្នាំ និង 148ថ្ងៃ៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • COVID-19 នៅ​កម្ពុជា និង​​នៅ​ទូទាំង​ពិភព​លោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី18 ខែឧសភា ឆ្នាំ2021

    COVID-19 នៅ​កម្ពុជា និង​​នៅ​ទូទាំង​ពិភព​លោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី18 ខែឧសភា ឆ្នាំ2021

    នា​ព្រឹក​នេះ (18 ឧសភា) ក្រសួងសុខាភិបាល​កម្ពុ​ជា បានឱ្យដឹងថា អ្នក​វិជ្ជមាន​នឹង Covid-19 នៅ​កម្ពុជា ចំនួន 345នាក់​បន្ថែមទៀត ត្រូវបាន​រកឃើញ​នៅក្នុង​អំឡុង​ថ្ងៃទី17 ខែឧសភា ឆ្នាំ2021។

    ក្នុង​ថ្ងៃទី17 ឧសភា កម្ពុជា ក៏មាន​អ្នកស្លាប់​ដោយសារ​វីរុស​Covid-19 ថ្មី ចំនួន 2នាក់​ទៀត នាំឱ្យ​តួលេខ​អ្នកស្លាប់​សរុប​កើន​ដល់​ជាង 150នាក់។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 22,889នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 156នាក់​នាក់, ជាសះស្បើយ 14,343នាក់ និង​កំពុង​ព្យាបាល ប្រមាណ​ជាជាង 8,000នាក់។

    នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 164,279,345នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន​ 3,404,457នាក់, ជាសះស្បើយ 143,004,248នាក់ និង​កំពុង​ព្យាបាល​ចំនួន 17,870,640​នាក់៕

    ប្រភព៖ ក្រសួងសុខាភិបាល, worldometers
    ដកស្រង់៖ បុត្រា

     

  • កម្ពុជា ចាប់ផ្ដើម​រឹតបន្តឹង​លើ​ការគ្រប់គ្រង​ក្រុម​ឧ​កញ៉ា

    កម្ពុជា ចាប់ផ្ដើម​រឹតបន្តឹង​លើ​ការគ្រប់គ្រង​ក្រុម​ឧ​កញ៉ា

    រាជរដ្ឋាភិបាល កម្ពុជា បានចេញ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​សិក្សា រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត សម្រាប់​ការគ្រប់គ្រង​ក្រុម​ឧកញ៉ា ឱ្យមាន​ប្រសិទ្ធភាព​ជាង​បច្ចុប្បន្ន។

    ក្រុមការងារ​អន្តរក្រសួង​នេះ មាន​សមាសភាព​ចំនួន 12រូប ដែលមាន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន និង​មាន​អនុប្រធាន និង​សមាជិក 11រូប​ផ្សេងទៀត មកពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធផ្សេង។ នេះ​បើតាម​សេចក្ដីសម្រេច​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា។

    ក្រុមការងារ​ខាងលើនេះ មាន​ភារកិច្ច សិក្សា​ស្រាវជ្រាវ ផ្តួចផ្តើម​ក្នុងការ​បង្កើត​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់​បម្រើ​ដល់​ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា។ ក្រុមការងារ​អន្តរក្រសួង​នេះ ក៏ត្រូវ​សិក្សា​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ឧកញ៉ា ក្នុងការ​ចូលរួម​កិច្ចការ​សង្គម ធ្វើការ​ពិគ្រោះ​យោបល់ ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន អាជ្ញាធរ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ព័ត៌មាន​បម្រើឱ្យ​ការរៀបចំ។

    ក្រុម​ការ​ងារ​ថ្មី​នេះ​ ក៏​នឹង​ត្រូវ​ធ្វើ​របាយការណ៍​អំពី​វឌ្ឍនភាព នៃ​ការងារ​ជូន សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ សម្រេច និង​ផ្តល់យោបល់​ដឹកនាំ រួម​នឹង​ការ​​រៀបចំ​ឯកសារ​ពាក់ព័ន្ធ ជូន​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ សម្រេច និង បំពេញភារកិច្ចផ្សេងៗទៀត តាម​ការចាំបាច់។

    អនុប្រធាន និង​សមាជិក​ក្រុមការងារ​អន្តរក្រសួង​នេះ ត្រូវ​ចូលរួម​ប្រជុំ​តាម ការកោះអញ្ជើញ និង​ទទួល​ភារកិច្ច​តាម​ការចាត់ចែង របស់​ប្រធាន​ក្រុមការងារ។ ក្រុមការងារ​នេះ មាន​សិទ្ធិ ប្រើប្រាស់​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ដើម្បី​ជួយ​ការងារ​តាម​តម្រូវការ​ចាំបាច់ និង​អាច​ប្រើប្រាស់​ត្រា របស់​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ចែង​ការងារ​របស់ខ្លួន។ នេះ​បើតាម​សេចក្តីសម្រេច​របស់ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា៕

    ប្រភព៖ ក្រសួង​ព័ត៌មាន
    ដកស្រង់​៖ បុត្រា

  • ក្រសួង​ប្រៃសណីយ៍ ជូនដំណឹង​ពី​មូលហេតុ​ដែល Youtube ផ្អាក​មិនឱ្យ​មានការ​ផ្សាយពាណិជ្ជកម្ម នៅ​កម្ពុជា

    ក្រសួង​ប្រៃសណីយ៍ ជូនដំណឹង​ពី​មូលហេតុ​ដែល Youtube ផ្អាក​មិនឱ្យ​មានការ​ផ្សាយពាណិជ្ជកម្ម នៅ​កម្ពុជា

    នា​ព្រឹក​ថ្ងៃទី18 ខែឧសភា ឆ្នាំ2021 នេះ ក្រសួង​ប្រៃសណីយ៍​កម្ពុជា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ទាក់ទង​នឹង​បញ្ហា​ដែល Youtube ផ្អាក​មិនឱ្យ​មានការ​ផ្សាយពាណិជ្ជកម្ម នៅ​កម្ពុជា ។

    នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ ក្រសួង​បាន​បញ្ជាក់ថា Youtube កំពុងតែ​កែសម្រួល​គោលការណ៍​ផ្សាយពាណិជ្ជកម្ម សម្រាប់​ដៃគូ​សហការ (អ្នក​ផលិត​វីដេអូ) របស់ខ្លួន។

    ទន្ទឹមនឹងនេះ ក្រសួង​ប្រៃសណីយ៍ កម្ពុជា ក៏បាន​លើកទឹកចិត្ត​ដល់​ក្រុម​អ្នក​ផលិត​វីដេអូ ឱ្យ​បន្ត​ផលិត​មាតិការ​ល្អ ប្រកបដោយ​វិជ្ជាជីវៈ ច្នៃប្រឌិត និង​គោរព​ទៅតាម​គោលការណ៍​កម្មសិទ្ធិ​បញ្ហា។

    ក្រសួង​ប្រៃសណីយ៍​ក៏បាន​ឱ្យដឹងថា ក្រសួង​កំពុង​ដោះស្រាយ​បញ្ហា​នៃ​ការផ្អាក​មិនឱ្យ​មានការ​ផ្សាយពាណិជ្ជកម្ម នៅ​កម្ពុជា នេះ​ផងដែរ។ ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីប្រកាស​ខាងក្រោម។

    ប្រភព៖ ក្រសួង​ប្រៃសណីយ៍​
    ដកស្រង់​៖ បុត្រា

  • ហ្គា​ហ្សា នឹង​គ្មាន​អគ្គិសនី​ប្រើប្រាស់ ចាប់ពី​ចុង​សប្ដាហ៍​នេះ បន្ទាប់ពី​បំពង់​បង្ហូរ​ប្រេង ត្រូវ អ៊ីស្រាអែល កម្ទេច!

    ហ្គា​ហ្សា នឹង​គ្មាន​អគ្គិសនី​ប្រើប្រាស់ ចាប់ពី​ចុង​សប្ដាហ៍​នេះ បន្ទាប់ពី​បំពង់​បង្ហូរ​ប្រេង ត្រូវ អ៊ីស្រាអែល កម្ទេច!

    កងទ័ព អ៊ីស្រាអែល បាន​បើក​ការវាយប្រហារ​យ៉ាង​សន្ធាប់ ទៅលើ​តំបន់ ហ្គា​ហ្សា និង​បាន​កម្ទេច​បណ្ដាញ​ផ្លូវ​រូង​ក្រោម​ដី រួម​នឹង​ផ្ទះ​របស់​ក្រុម​មេបញ្ជាការ​នៃ​កងជីវពល ហា​ម៉ាស បណ្ដាលឱ្យ​តំបន់​នេះ ប្រឈម​នឹង​បញ្ហា​គ្មាន​អគ្គិសនី​ប្រើប្រាស់។

    កងទ័ព អ៊ីស្រាអែល កាលពី​ម្សិលមិញ (17 ខែឧសភា) បានប្រកាសថា ខ្លួន​បាន​បាញ់​កម្ទេច​ផ្លូវ​ក្រោម​ដី​ប្រវែង 15គីឡូម៉ែត្រ របស់​កងជីវពលរ​បស់ ប៉ា​លេ​ស្ទី​ន រួមទាំង​ផ្ទះ​ផ្ទាល់ខ្លួន​របស់​មេបញ្ជាកា​រ​ជាន់ខ្ពស់​ចំនួន 9នាក់ នៃ​ចលនា ហា​ម៉ាស។ អគារ​កម្ពស់ 3ជាន់​មួយកន្លែង​ក្នុង​ទីក្រុង ហ្គា​ហ្សា ត្រូវ​រង​ការខូចខាត​ធ្ងន់ធ្ងរ ប៉ុន្តែ មិនមាន​ករណី​ស្លាប់​នោះទេ ដោយសារ​កងទ័ព អ៊ីស្រាអែល បានផ្ដល់​ដំណឹង 10នាទី មុន​ការវាយប្រហារ​របស់ខ្លួន ដែល​នេះ​បាន​ជួយ​ឱ្យ​ប្រជាជន​ចាកចេញ​ទាន់ពេល។

    អ៊ីស្រាអែល ថ្មីៗនេះ បានចាប់ផ្ដើម​តម្រង់​គោលដៅ​លើផ្ទះ​ផ្ទាល់ខ្លួន​របស់​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​នៃ​កងជីវពល ហា​ម៉ាស ក្នុងនោះ​ក៏មាន​ទាំង​មេបញ្ជាការ​នៅ​តំបន់ ហ្គា​ហ្សា Yehiyel Sinwar ផងដែរ។ ប៉ុន្តែ ក្រុម​មេដឹកនាំ​ទាំងនេះ ទំនងជា​បាន​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​រួចហើយ នៅមុន​ការវាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​របស់ អ៊ីស្រាអែល។

    អភិបាលក្រុង ហ្គា​ហ្សា Yahya Sarraj បានឱ្យដឹងថា ផ្លូវថ្នល់់ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​តំបន់ ត្រូវ​រង​ការខូចខាត​ធ្ងន់ធ្ងរ។ «ស្ថានភាព​នឹង​អាក្រក់​ជាង​នេះ បើសិនជា​ការប្រយុទ្ធ​គ្នា​នៅតែ​បន្ត​កើតឡើង»។

    អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា រោងចក្រ​អគ្គិសនី​តែមួយគត់​នៅ​តំបន់ ហ្គា​ហ្សា កំពុង​ប្រឈម​នឹង​ហានិភ័យ​អស់​ឥ​ទ្ធ​នៈ​ដើម្បី​ដំណើរការ។ តំបន់​នេះ បាន​ស្គាល់​បញ្ហា​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ និង​អូសបន្លាយ​ចាប់ពី 8-12ម៉ោង ជា​រៀងរាល់ថ្ងៃ ខណៈដែល​ប្រភពទឹក មិនអាច​ឱ្យគេ​ផឹក​បាន។ តំណាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ប្រចាំ​តំបន់ ហ្គា​ហ្សា និយាយថា ពួកគេ​អាច​ដំណើរការបាន​ប្រហែល​ពី 2-3ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រោះតែ​ការវាយប្រហារ​តាមផ្លូវ​អាកាស បាន​បំផ្លាញ​បំពង់​បង្ហូរ​ប្រេង ហើយ​ក្រុមបច្ចេកទេស ក៏​មិនអាច​ទៅកាន់​ទីតាំង​នោះ ដោយសារ​ការវាយប្រហា​រ​ពី​កងទ័ព អ៊ីស្រាអែល។

    នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu ព្រមាន​ថា ការវាយប្រហារ​នៅ​តំបន់ ហ្គា​ហ្សា នឹងត្រូវ «ប្រើពេល​យូរ» ព្រោះ​ប្រទេស​នេះ ចង់​ធ្វើឱ្យ​កងជីវពល ហា​ម៉ាស ចុះខ្សោយ។ ចំណែក មេបញ្ជាការ​ក្រុម ហា​ម៉ាស Ismail Haniyeh ក៏បាន​ប្រកាសថា សហរដ្ឋអាមេរិក រុស្ស៊ី អេ​ហ្ស៊ី​ប និង​កាតា បាន​ទាក់ទង​មកកាន់​ចលនា​នេះ ដើម្បី​ស្នើ​ឱ្យមាន​ការឈប់​បាញ់ ប៉ុន្តែ បញ្ជាការ​រូបនេះ អះអាងថា នឹង «មិន​ទទួលយក​ដំណោះស្រាយ​ដែល​បោះបង់​ចោលការ​ពលី​ជីវិត​របស់​ប្រជាជន ប៉ា​លេ​ស្ទី​ន ជា​ដាច់​ខាង»។

    មូលហេតុ​ដែលនាំឱ្យ​ផ្ទុះ​ការប្រយុទ្ធ​គ្នា​រវាង អ៊ីស្រាអែល និង ប៉ា​លេ​ស្ទី​ន នេះ បណ្ដាលមកពី​ភាព​តានតឹង​ក្នុង​រដូវ​បុណ្យ Ramadan របស់​សាសនិក​អ៊ីស្លាម បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយ​ការប្រមូល​ផ្ដុំគ្នា​នៅ​តំបន់​ក្រុង​ចាស់ យេ​រូ​សា​ឡឹម និង​គំរាម​បណ្ដេញ​គ្រួសារ​ជនជាតិ ប៉ា​លេ​ស្ទី​ន មួយចំនួន ចេញពី​តំបន់ យេ​រូ​សា​ឡឹម​ខាងកើត ដើម្បី​ទុក​កន្លែង​សម្រាប់​ជនជាតិ​ជ្វី​ហ្វ។

    ភាគី​ខាង អ៊ីស្រាអែល ឱ្យដឹងថា ក្រុម ហា​ម៉ាស បាន​បាញ់​រ៉ុក្កែត ជាង 3,100គ្រាប់ ចូល​ទឹកដី​ប្រទេស​នេះ ក្នុង​សប្ដាហ៍​កន្លង ដែល​នេះ​គឺជា​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក៕

    ប្រភព៖ AP
    ប្រែសម្រួល​៖ បុត្រា