Author: សឿន សំណាង

  • ធ្លាយ​ព័ត៌មាន «នាវាមុជទឹក​សហរដ្ឋ​អាមេរិក ប្រទះឃើញ UFO ហោះហើរ និង​មុជទឹក​ក្រោម​ទឹកសមុទ្រ ក្នុង​ល្បឿន​មហា​លឿន

    ធ្លាយ​ព័ត៌មាន «នាវាមុជទឹក​សហរដ្ឋ​អាមេរិក ប្រទះឃើញ UFO ហោះហើរ និង​មុជទឹក​ក្រោម​ទឹកសមុទ្រ ក្នុង​ល្បឿន​មហា​លឿន

    អ្នកយកព័ត៌មាន​មួយរូប​របស់​ទស្សនាវដ្ដី Washington Examiner ទើបតែ​បាន​បង្ហើប​ឱ្យដឹងថា កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក បាន​ប្រទះឃើញ​វត្ថុ​ចម្លែក​មួយចំនួន​ដែល​ផ្លាស់​ទី​ក្នុង​ល្បឿន​យ៉ាង​លឿន​នៅ​ខាងក្រោម​ផ្ទៃ​ទឹកសមុទ្រ សង្ស័យថា​ជា យានអវកាស​របស់​ម​នុស្ស​ពិភព​ផ្កាយ។

    យោងតាម​សារព័ត៌មាន Sputnik អ្នក​កែ​សែត​ឈ្មោះ Tom Rogan ដែល​ធ្វើ​ការឱ្យ​ទស្សនាវដ្ដី Washington Examiner បាន​ចែករំលែក​ឱ្យដឹងពី​ហេតុការណ៍​ខាងលើ ជាមួយនឹង​ពិធីករ Tucker Carlson របស់​ទូរទស្សន៍ Fox News ក្នុងពេល​កំពុង​ជជែក​គ្នា​អំពី​វីដេអូ​ខ្លី​មួយ​ដែល​ត្រូវបាន​ថត​ពី​នាវាចម្បាំង USS Omaha កាលពី​ខែកក្កដា ឆ្នាំ2019។ វីដេអូ​ខ្លី​មួយ​នេះ បង្ហាញ​ពី​វត្ថុ​ចម្លែក​មួយ​ដែលមាន​រូបរាង​តូច និង​សណ្ឋាន​មូល ហោះ​ក្បែរ​ផ្ទៃ​ទឹកសមុទ្រ រួច​ក៏​មុជ​ចូលក្នុង​ទឹក។

    អ្នកសារព័ត៌មាន Rogan និយាយថា ក្រៅពី​វីដេអូ​បង្ហាញ​ពី​វត្ថុ​ហោះ និង​មុជទឹក​ដ៏​ចម្លែក ដែល​ត្រូវបាន​គេ​សង្ស័យថា​មកពី​ពិភព​ខាងក្រៅ នាវាមុជទឹក​វាយប្រហា​រ និង​នាវាមុជទឹក​នុយ​ក្លេ​អែរ របស់​សហរដ្ឋអាមេរិក ក៏​ចាប់បាន​រលកសញ្ញា​រប​ស់​វត្ថុ​ចម្លែក​មួយចំនួន ដែល​ផ្លាស់​ទី​ក្នុង​ល្បឿន​រាប់រយ knot (1 knot ប្រហែល​នឹង 1.85 គីឡូម៉ែត្រ/ម៉ោង) ក្រោម​ទឹកសមុទ្រ​ផងដែរ។

    Rogan ថ្លែងថា លោក​ទទួលបាន​ព័ត៌មាន​នេះ ពី​ប្រភព​មួយចំនួន​ដ៏​គួរ​ជាទី​ទុកចិត្ត និង​បាន​អះអាងថា កងទ័ពជើងទឹក​រប​ស់ សហរដ្ឋអាមេរិក ក៏មាន​ទិន្នន័យ​ទាក់ទិន​នឹង​ហេតុការណ៍​នេះដែរ។

    ទូរទស្សន៍ RT របស់​រុស្ស៊ី បានឱ្យដឹងថា នៅក្នុង​អំឡុង​ពេលដែល​វីដេអូ​ខាងលើ​ត្រូវបាន​ថត​កាលពី​ខែកក្កដា ឆ្នាំ​2019 មាន​នាវាចម្បាំង​សហរដ្ឋអាមេរិក ចំនួន 3គ្រឿង រួមមាន USS Kidd, USS Rafael Peralta និង USS John Finn ដែល​កំពុង​បំពេញបេសកកម្ម​នៅក្នុង​តំបន់ San Diego ត្រូវបាន​យាន​ហោះហើរ​ចម្លែក​ចំនួន 6​គ្រឿង ហោះ​មក​ក្បែរ ក្នុង​ល្បឿន 64គម/ម៉ោង អស់​រយៈពេល​ជាច្រើន​ថ្ងៃ។ យាន​ចម្លែក​ទាំងនេះ ត្រូវបាន​គេ​ជឿថា មាន​សមត្ថភាព​អស្ចារ្យ​ជាង​យន្តហោះ​គ្មាន​មនុស្ស​បើក របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ទៅទៀត៕

    ប្រភព៖ Fox News, Sputnik
    ប្រែ​សម្រួល៖ បុត្រា

  • រដ្ឋ​នៅ​ឥណ្ឌា ផ្ដល់​ឱសថ​បុរាណ​របស់​អាចារ្យ​សាសនា ដល់​អ្នកជំងឺ​COVID-19

    រដ្ឋ​នៅ​ឥណ្ឌា ផ្ដល់​ឱសថ​បុរាណ​របស់​អាចារ្យ​សាសនា ដល់​អ្នកជំងឺ​COVID-19

    ក្រុមប្រឹក្សាភិបាល​នៃ​រដ្ឋ Haryana សម្រេច​ផ្ដល់​ឱសថ​បុរាណ​របស់លោក​អាចារ្យ​ម្នាក់ ជូន​ដល់​អ្នកជំងឺ​Covid-19 ប៉ុន្តែ ត្រូវបាន​ក្រុម​វេជ្ជបណ្ឌិត ប្រតិកម្ម​ជំទាស់​យ៉ាងខ្លាំង​ក្លា។

    រដ្ឋ Haryana នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​គណៈបក្ស Bharatiya Janata របស់​នាយករដ្ឋមន្ត្រី Narendra Modi ក្នុង​សប្ដាហ៍​នេះ បានប្រកាសថា នឹង​ចែក​ឱសថ​បុរាណ Coronil ដល់​អ្នកជំងឺ​Covid-19។ ឱសថ​នេះ ត្រូវបាន​ក្រុមហ៊ុន Patanjali Ayurved របស់​អាចារ្យ Baba Ramdev ឧទ្ទេសនាម​កាលពី​ឆ្នាំទៅ និង​ត្រូវបាន​ឃោសនា​យ៉ាង​គគ្រឹកគគ្រេង​ថា​ជា «ឱសថ​ព្យាបាល​ជំងឺ​Covid-19»។

    ក្រោយមក អាជ្ញាធរ​បានប្រកាសថា Ramdev ដែលជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ខាងលើ មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ឃោសនា​ថា​ជា ថ្នាំ​ព្យាបាល​ជំងឺ​នោះទេ តែ​អាច​ឃោសនា​ថា​ជា ថ្នាំ​បង្កើន​កម្លាំង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ប៉ុណ្ណោះ។

    សេចក្ដីសម្រេច​ចែក​ថ្នាំ Coronil របស់​រដ្ឋ Haryana នេះ បាន​ជួបនឹង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​សហគមន៍​អ្នក​វេជ្ជសាស្ត្រ​ឥណ្ឌា។ ពួកគេ​ក៏បាន​រិះគន់ Ramdev ផងដែរ ព្រោះតែ​អាចារ្យ​រូបនេះ ធ្លាប់បាន​ប្រកាសថា វេជ្ជសាស្ត្រ​ទំនើប បណ្ដាលឱ្យ​ជនជាតិ​ឥណ្ឌា​ជាច្រើន​ត្រូវស្លាប់​ដោយសារ Covid-19។

    «បើសិនជា​អាជ្ញាធរ Haryana សម្រេច​ចែក​ថ្នាំ​នេះ​ពិតមែន នោះ​នឹង​ជា​បរាជ័យ​របស់​ពួកគេ» នេះ​បើតាម​សម្ដី​របស់ Ajay Khanna ប្រធាន​សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌា (IMA) ប្រចាំ​រដ្ឋ Uttarakhand ដែល​បាន​ព្រមាន​កាលពី​ថ្ងៃទី26 ខែឧសភា។

    Uttarakhand គឺជា​ទី​ដែល​ក្រុមហ៊ុន Patanjali របស់​អាចារ្យ Ramdev តាំងនៅ។ Khanna យល់ថា ពុំមាន​មូលដ្ឋាន​ផ្នែក​វិទ្យាសាស្ត្រ​ណាមួយ​បញ្ជាក់​អំពី​ការប្រើប្រាស់​ថ្នាំ Coronil នៅក្នុង​ការព្យាបាល​ជំងឺ​Covid-19 នោះឡើយ។ IMA ក៏បាន​ដាក់ពាក្យ​បណ្ដឹង ប្រឆាំងនឹង​អាចារ្យ Ramdev ផងដែរ ព្រោះតែ​បុគ្គល​នេះ​បានប្រកាសថា ការព្យាបាល Covid-19 ដោយ​ផ្អែកលើ​វិទ្យាសាស្ត្រ បាន​បណ្ដាលឱ្យ​អ្នកជំងឺ​Covid-19 រាប់ពាន់នាក់​ត្រូវស្លាប់។

    គិត​មកដល់​ថ្ងៃទី27 ខែឧសភា​នេះ ប្រទេស​ឥណ្ឌា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 169,097,775នាក់ ក្នុងនោះ​មាន 3,512,593នាក់​បាន​ស្លាប់, 7150,734,575 បានជា​សះស្បើយ និង 14,850,607នាក់ កំពុង​ទទួល​ការព្យាបាល៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • តួលេខ​អ្នក​ឆ្លង COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី27 ខែឧសភា ឆ្នាំ2021

    តួលេខ​អ្នក​ឆ្លង COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី27 ខែឧសភា ឆ្នាំ2021

    ក្រសួងសុខាភិបាល​កម្ពុ​ជា ព្រឹក​នេះ (27 ឧសភា) បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 649​នាក់​បន្ថែមទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី26 ខែឧសភា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុ​ជា មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប ចំនួន 27,638​នាក់។ ព័ត៌មាន​បន្ថែម សូម​អានរ​វាយ​ការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់ពេលនេះ មាន​អ្នក​ឆ្លង Covid-19 សរុប​ចំ​នួ 169,093,368 ​នាក់ ក្នុងនោះ​មាន 3,512,497​​នាក់​បាន​ស្លាប់, 150,722,266​​នាក់​បានជា​សះស្បើយ និង 14,858,605​នាក់ កំពុង​ទទួល​ការព្យាបាល៕

    ប្រភព​៖ ក្រសួងសុខាភិបាល​, Worldometers
    ដកស្រង់​៖ បុត្រា

  • រៀបចំ​បន្ទប់​គេង ឱ្យមាន​សេចក្តីសុខ​ដោយក្លិនក្រអូបៗ

    រៀបចំ​បន្ទប់​គេង ឱ្យមាន​សេចក្តីសុខ​ដោយក្លិនក្រអូបៗ

    បន្ទប់​គេង​មាន​សារៈសំខាន់​ក្នុង​ជីវិត​បំផុត ព្រោះថា ក្នុង 1ថ្ងៃ ដែលមាន​រយៈពេល 24ម៉ោង យើង​បាន​ស្នាក់​នៅក្នុង​បន្ទប់​គេង ប្រមាណ​ជា 1ភាគ3 ឬ 2ភាគ3 នៃ​រយៈពេល​ទាំងអស់នោះ​ទៅហើយ គឺ​ដើម្បី​គេង​សម្រាក​យក​កម្លាំង ក្រោយពេល​បំពេញការងារ អស់​ពេញ 1ថ្ងៃ​រួចមក។

    ដូច្នេះ​បរិយាកាស​នៅក្នុង​បន្ទប់​គេង យើង​គួរតែរៀបចំ ឱ្យមាន​ភាព​ទាក់ទាញ ដើម្បីឱ្យ​គេង​បាន​លង់លក់​ស្រួល រៀងរាល់​រាត្រី ឬ​ពេលណា​ដែល​យើង​ចូល​សម្រាក។

    អ្នក​អាច​រៀបចំ​បរិយាកាស​ក្នុង​បន្ទប់​គេង ឱ្យមាន​ទាំង​សោភណភាព និង​ផាសុកភាព តាម​ពាក្យ​ណែនាំ​របស់​អ្នកជំនាញ​ដូចខាងក្រោម៖

    អ្នក​អាច​ប្រើក្លិនក្រអូបៗ ដើម្បី​ជួយ​ឱ្យ​អារម្មណ៍​បាន​ធូរស្រាល ក្នុងនោះ​មាន​ក្លិនក្រអូប​បែប​ធម្មជាតិ ចេញពី​ផ្កា​ស្រស់ (តែ​គួរ​ចាំ​ទុក​ថា ត្រូវយក​វា​ចេញភ្លាមៗ ក្រោយ​ពេលដែល​វា​ស្វិត​ស្រពោន)។ ក្រៅពីនេះ គេ​អាច​ប្រើ​ទៀន​ក្រអូប ប្រេង​ក្រអូប ឬ​ប្រភេទ​ផ្កា​ក្រៀម​ក៏បាន​ដែរ។

    ការប្រើ​ក្លិនក្រអូប វា​មាន​ប្រសិទ្ធភាព​ជួយ​ព្យាបាល​ផ្លូវចិត្ត  អាចធ្វើឱ្យ​ផ្លូវចិត្ត​ស្ងប់ស្ងាត់​បាន  កាត់បន្ថយ​អារម្មណ៍​ធុញថប់​តប់ប្រមល់ និង​ធ្វើឱ្យ​ប្រព័ន្ធ​ឈាម​រត់ ដំណើរការបាន​ស្រួល​ទៀតផង  ជាពិសេស ក្លិន​ផ្កា​ឡា​វេន​ដឺ ជួយ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា ស្រឡះ​ល្អ និង​ស្រណុក​នៅក្នុង​អារម្មណ៍​បំផុត។ ចំណែកឯ​ប្រភេទ​ប្រេង​ក្រអូប​វិញ ក៏មាន​ប្រយោជន៍​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ ព្រោះ​ក្លិន​របស់​វា ក្រៅពី​ជួយ​សម្រួល​អារម្មណ៍​ហើយ​នោះ នៅ​ជួយ​ទាំង Spa នៅក្នុង​រាងកាយ​មនុស្ស​យើង បាន​ទៀតផង។

    ដូច្នេះ​អាច​និយាយបានថា សុខភាព​របស់លោក​អ្នក​នឹង​រឹងប៉ឹង​មាំមួន​ឡើង ព្រោះតែ​ទទួលទានដំណេក​បា​នល​ក់​ស្កប់ស្កល់ ដោយសារ​បរិយាកាស​នៅក្នុង​បន្ទប់​គេង ដែល​រៀបចំ​បានល្អ មាន​ក្លិនក្រអូប ធូរស្រាល​អារម្មណ៍ គួបផ្សំ​នឹង​ឧបករណ៍​ដំណេក​ដ៏​មាន​គុណភាព និង​មាន​អនាម័យ​ល្អ​ទៀតផង​នោះ។

    តែ​ប៉ុណ្ណឹង លោក​អ្នកនឹង​លែងមាន​ក្តី​ព្រួយបារម្ភ​ថា គេង​មិនសូវ​លក់​តទៅ​ទៀតហើយ…៕

  • Agüero ចាកចេញ​មែន តែ​គេ​ជា​កីឡាករ​រក​គ្រាប់​បាល់ បាន​ច្រើន​បំផុត ឱ្យ ManCity

    Agüero ចាកចេញ​មែន តែ​គេ​ជា​កីឡាករ​រក​គ្រាប់​បាល់ បាន​ច្រើន​បំផុត ឱ្យ ManCity

    កីឡាករ​ខ្សែប្រយុទ្ធ Sergio Agüero របស់​ក្លិប Manchester City នឹងត្រូវ​ដើរចេញ​ពី​ក្លិប នៅពេល​បញ្ចប់​រដូវ​កាល 2021នេះហើយ ក្រោយ​ផុត​កុងត្រា ហើយ​ភាគី​ទាំងសងខាង រវាង​ក្លិប និង​កីឡាករ ក៏​សម្រេចចិត្ត​មិន​បន្ត​នៅ​ជាមួយគ្នា​ទៀត​ដែរ។

    តែ​អ្វី ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ក្លិប​មេឃ​ខៀវ​មួយ​នេះ សោកស្តាយ​បំផុត​នោះ គឺ Agüero ជា​កីឡាករ​ប្រយុទ្ធ​ដ៏​ល្អ​មួយ​របស់​ក្លិប ទោះជា​មាន​វ័យ 32ឆ្នាំ​ក៏ដោយ ហើយ​រូបគេ បាន​ជាប់​ជា​កីឡាករ តែ​ម្នាក់​គត់​របស់​ក្លិប ManCity ដែល​រកបាន​គ្រាប់​បាល់​ច្រើន​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ទៀតផង។ គ្រាប់​បាល់​ទាំង 260គ្រាប់ ដែល​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​រកបាន នឹង​ក្លាយជា​ការចងចាំ​របស់​ក្លិប​មួយ​នេះ​ជា​រៀងរហូត។

    គួរឱ្យ​ដឹង​ដែរ​ថា Sergio Agüero បាន​ជួយ​ឱ្យ​ក្លិប Manchester City ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​ចំនួន3 នា​រដូវ​កាល​នេះ ហើយ​ឈ្នះ​បាន​ពាន2  គឺ FA Cup និង Premier Legue ខណៈដែល​ពាន​ធំ​បំផុត​របស់​អឺរ៉ុប UEFA Champions League គេ​គ្រោង​នឹង​យក​ឱ្យបាន​នៅ​ចុងខែ​ឧសភា ខាងមុខនេះ៕

  • Maguire ប្រាប់​មូលហេតុ ដែល​សុខចិត្ត​មក​នៅ ManU កាលពី​ឆ្នាំ2019

    Maguire ប្រាប់​មូលហេតុ ដែល​សុខចិត្ត​មក​នៅ ManU កាលពី​ឆ្នាំ2019

    Harry Maguire ខ្សែការពារ​កណ្តាល​រប​ស់​ក្លិប​បាល់ទាត់ Manchester United បាន​បង្ហើប​ឱ្យដឹង ពី​ការសម្រេចចិត្ត​របស់ខ្លួន កាលពី​នៅ​ក្លិប Leicester City មុននឹង​ផ្ទេរ​ជា​ផ្លូវការ មកកាន់​ក្លិប​បិសាច​ក្រហម​នេះ កាលពី​ឆ្នាំ2019។

    កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ បាន​និយាយថា គ្រានោះ គេ​ត្រូវបាន​ក្លិបធំ2 ទាក់ទង​មកដំណាលៗគ្នា គឺ ManU និង ManCity នេះឯង។ គ្រានោះ លោក Pep Guardiola របស់ ManCity បាន​ជួប​ជាមួយ Maguire មុនគេ ក៏ប៉ុន្តែ រូបគេ​បានសម្រេច​ចិត្ត​បដិសេធ ទោះបីជា​យល់ថា ក្លិប​នេះ ជា​ក្លិប​មួយ​ខ្លាំង​ក៏ដោយ។

    កីឡាករ​វ័យ 28ឆ្នាំ​រូបនេះ បាន​បញ្ជាក់ថា ចុងក្រោយ គេ​សម្រេចចិត្ត​មក​នៅ ManU ព្រោះតែ​គេ​ស្រឡាញ់ ManU ហើយ​ក្លិប​មួយ​នេះឯង ដែល​ធ្វើ​ឱ្យគេ​ចង់​លេង​បាល់ និង​ស្រឡាញ់​បាល់ទាត់ រហូតមក​ទល់នឹង​សព្វថ្ងៃនេះ។ គួរឱ្យ​ដឹង​ដែរ​ថា គ្រា​ដែល Maguire បាន​ផ្ទេរ​មក ManU នោះ គឺជា​ពេលវេលា​ដែល ManU ធ្លាក់​ជើង​យ៉ាងខ្លាំង៕

  • សហគមន៍​អ្នកគាំទ្រ​លុយ​ឌីជីថល ចាប់ផ្ដើម​ចេញមុខ​ប្រឆាំងនឹង Elon Musk

    សហគមន៍​អ្នកគាំទ្រ​លុយ​ឌីជីថល ចាប់ផ្ដើម​ចេញមុខ​ប្រឆាំងនឹង Elon Musk

    សហគមន៍​អ្នក​និយម​លុយ​ឌីជីថល (Cryptocurrency) ក្នុង​ចំនួន​ដ៏​ច្រើន​លើ​ប​លុប បាន​បញ្ចេញ​លុយ​ថ្មី មាន​ឈ្មោះថា $StopElon ដើម្បី​ប្រឆាំងនឹង​មហាសេដ្ឋី Elon Musk ដែល​តែងតែ​ក្រឡុក​ទីផ្សារ Crypto ធ្វើឱ្យ​តម្លៃ​រូបិយ​បណ្ណ​ឌីជីថល ផ្លាស់ប្ដូរ​តម្លៃ ឡើង ឬ​ចុះ​ស្រេច​តែ​ចិត្ត។

    លុយ​ឌីជីថល ដែល​ផលិតឡើង ដើម្បី​ប្រឆាំង ដោយ​ការ​ស្អប់​លោក Elon Musk មានការ​គាំទ្រ​កាន់តែខ្លាំង​ឡើង ក៏ដូចជា​ការបញ្ជាក់​ផងដែរ​ថា ពួកគេ​មិន​ចូលចិត្ត​មហាសេដ្ឋី​រូបនេះ​កាន់តែខ្លាំង​ឡើង​ហើយ។

    លុយ​ឌីជីថល​ថ្មី​នេះ មាន​ចេតនា​ឈប់​គាំទ្រ និង​ចង់​កាត់បន្ថយ​ឥទ្ធិពល​របស់ ស្ថាបនិក និង​ជា CEO ក្រុមហ៊ុន Tesla និង SpaceX ដែល​តាំងពី​ដើមឆ្នាំ2021 មកនេះ សឹងតែ​គ្រប់​សារខ្លីៗលើ​គណនី Twitter របស់ លោក Elon Musk បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ទៅលើ​តម្លៃ​របស់ Bitcoin និង Dogecoin ដែល​ធ្វើឱ្យ​វា​ឡើង-ចុះ ដល់​ថ្នាក់​បំបែក​កំណត់ត្រា និង​ធ្លាក់​ថ្លៃ​យ៉ាង​លឿន ដែល​មិន​ធ្លាប់មាន។ $StopElon ទើបតែ​បង្កើតឡើង កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅ​នេះឯង នៅលើ​ប្រព័ន្ធ blockchain Binance Smart Chain និង​មានតម្លៃ​មូលធន​ទីផ្សារ​ជិត 30លាន​ដុល្លារ។

    លុយ​ឌីជីថល​នេះ ធ្លាប់​ឡើងថ្លៃ​ដល់​ទៅ 4874% ត្រឹម​រយៈពេល​តែ 24ម៉ោង​ប៉ុណ្ណោះ ឡើង​ពី​តម្លៃ ០.០ ០០០ ០19 ដុល្លារ ដល់​ទៅ ០.០០០០៩៤៥០ដុល្លារ នេះ​បើ​យោងទៅតាម តារាង​តម្លៃ​ទីផ្សារ Poocoin៕

    ប្រភព៖ interestingengineering

  • លោក Elon Musk ថា Tesla មិនដែល​លួច​យក​ទិន្នន័យ ទៅឱ្យ​រដ្ឋាភិបាល​អាមេរិក​ទេ

    លោក Elon Musk ថា Tesla មិនដែល​លួច​យក​ទិន្នន័យ ទៅឱ្យ​រដ្ឋាភិបាល​អាមេរិក​ទេ

    លោក Elon Musk នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla បាន​និយាយ​យ៉ាងម៉ឺងម៉ាត់​ថា៖ “ក្រុមហ៊ុន​ហ៊ាន​សន្យាថា គ្មាន​ថ្ងៃ​ដែល Tesla ចែករំលែក ឬ​យក​ទិន្នន័យ​អ្នកប្រើប្រាស់​រថយន្ត​នៅ​ចិន ឬ​នៅតាម​បណ្ដា​ប្រទេស​នានា ទៅឱ្យ​រដ្ឋាភិបាល​អាមេរិក​ឡើយ”

    លោក Elon Musk បាន​និយាយ​បន្ថែមទៀតថា ប្រសិនបើ Tesla ប្រើប្រាស់​រថយន្ត ដើម្បី​ទៅធ្វើ​ចារកម្ម​នៅ​ស្រុក​ចិន ម្ល៉េះ​សម ក្រុមហ៊ុន​របស់លោក​ត្រូវគេ​បិទ​ចោល​តាំងពី​យូរណាស់​មកហើយ…។ នេះ​ជាការ​និយាយ​ដោយ​ភាពជឿជាក់ បន្ទាប់ពី​ទទួលបាន​សំណួរ​ដ៏​ចាក់​ដោត ពី​អ្នកសារព័ត៌មាន​ចិន ជា​ភាសា​អង់គ្លេស CGTN ក្នុង​កម្មវិធី CD Forum 2021។ សូម​រំឭក​បន្តិច​ផងដែរ​ថា រឿងរ៉ាវ​ចម្រូងចម្រាស ទាក់ទិន​នឹង​ទិន្នន័យ​អ្នកប្រើប្រាស់ តែងតែ​ជា​ប្រធានបទ​ក្ដៅ រវាង​ចិន និង​អាមេរិក។

    ជាក់ស្ដែង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Xiaomi ទើបនឹង​រួចផុត​ពី​ការចោទប្រកាន់ ដោយ​ក្រសួងការពារជាតិ​អាមេរិក ​និង​​ដោយ​ឡែក​​មួយទៀត ជាការ​ការពារ​ខ្លួន ដោយសារ​ត្រូវបាន​រកឃើញថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​លួច​ទិន្នន័យ​អ្នកប្រើប្រាស់​នៅ​ប្រទេស​ចិន​នោះ  Facebook ក៏​ធ្លាប់​ត្រូវបាន​រដ្ឋាភិបាល​ចិន សម្រេច​បិទ​ចោល មិនឱ្យ​បើក​បានឡើយ តាំង​ពាក់កណ្ដាល​ពី​ឆ្នាំ2009 រហូតមក​ទល់នឹង​បច្ចុប្បន្ន៕

    ប្រភព៖ CGTN

  • បាញ់រះ​ដោយ​កាំភ្លើង​ លើ​មនុស្ស 80នាក់ ក្នុង​ចំណត​រថភ្លើង​មួយ នៅ សហរដ្ឋ​អាមេរិក! 9នាក់​បាន​ស្លាប់

    បាញ់រះ​ដោយ​កាំភ្លើង​ លើ​មនុស្ស 80នាក់ ក្នុង​ចំណត​រថភ្លើង​មួយ នៅ សហរដ្ឋ​អាមេរិក! 9នាក់​បាន​ស្លាប់

    សហរដ្ឋអាមេរិក៖ បុគ្គលិក​ផ្នែក​ដឹកជញ្ជូន​ម្នាក់ បាន​យក​កាំភ្លើង​បាញ់រះ សម្លាប់​មិត្ត​រួម​ការងារ​ចំនួន 8នាក់ មុនពេល​ធ្វើអត្តឃាត នៅឯ​ចំណត​រថភ្លើង​មួយកន្លែង​ក្នុង​រដ្ឋ California កាលពី​ថ្ងៃទី26 ខែឧសភា 2021។

    ក្រុមមន្ត្រី​សហរដ្ឋអាមេរិក នៅ​មូលដ្ឋាន បានឱ្យដឹងថា ករណី​បាញ់រះ​នេះ​កើតឡើង​នៅវេលា​ម៉ោង 6និង30នាទី នៃ​ថ្ងៃទី26 ខែឧសភា ឆ្នាំ2021 (ម៉ោង​នៅ​ភ្នំពេញ) នៅក្នុង​កិច្ចប្រជុំ​មួយ​ដែលមាន​វត្តមាន​មនុស្ស​យ៉ាងតិច 80នាក់។ ជនរងគ្រោះ 8នាក់​ដែល​ត្រូវបាន​បាញ់សម្លាប់ និង​ម្នាក់​រួចផុត​ពី​ការស្លាប់​ក្នុងស្ថានភាព​អាច​គ្រោះថ្នាក់​ដល់​ជីវិត សុទ្ធតែជា​បុគ្គលិក​របស់​ស្ថាប័ន​ដឹកជញ្ជូន​មួយ ដែលមាន​ទីតាំង​នៅក្បែរ​ព្រលានយន្តហោះ​នៃ​ទីក្រុង San Jose ភាគខាងត្បូង​ទីក្រុង San Francisco នៃ​រដ្ឋ California។

    «ក្រៅពីនេះ ហេតុការណ៍​ក៏មាន​ជនរងគ្រោះ​ជាច្រើន​នាក់​ត្រូវ​រងរបួស​ផងដែរ។ ភ្លាមៗនៅពេល​ករណី​បាញ់រះ​កំពុង​កើតឡើង ក្រុមប៉ូលិស​ក៏បាន​ទៅដល់​កន្លែងកើតហេតុ» នេះ​បើតាម Russell Davis ស្នងការរង​ប៉ូលិស​ប្រចាំ​តំបន់ Santa Clara។

    ទីតាំងកើត​ហេតុ

    Laurie Smith ស្នងការ​ប៉ូលិស​តំបន់ Santa Clara និយាយថា «ខ្ញុំ​ជឿជាក់ថា នៅពេល​ដឹងថា កម្លាំង​ប៉ូលិស​បាន​ទៅដល់ ជន​នោះ​ក៏បាន​ធ្វើអត្តឃាត។ កងកម្លាំង​របស់​យើង បាន​ទៅដល់​កន្លែងកើតហេតុភ្លាម»។

    ក្រុម​ដោះ​គ្រាប់បែក ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ ក្នុងនោះ សុនក​ជំនាញ បាន​រកឃើញ «វត្ថុ​ធាតុ​នៃ​គ្រឿងផ្ទុះ​មួយចំនួន​នៅក្នុង​កន្លែងកើតហេតុ» និង​កំពុង​បន្ត​ស្វែងរក​នៅ​បរិវេណ​ជុំវិញ​ចំណត​រថភ្លើង កាលពី​ល្ងាច​ថ្ងៃទី26 ខែឧសភា។

    ជនដៃដល់​ត្រូវបាន​គេ​ដឹងថា ឈ្មោះ Samuel Cassidy ជា​បុគ្គលិក​នៅ​ស្ថាប័ន​ដឹកជញ្ជូន​ក្នុង​តំបន់ Santa Clara ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​រថយន្ត​ដឹក​អ្នកដំណើរ និង​រថភ្លើង​សម្រាប់​តំបន់ San Jose។

    Laurie Smith ស្នងការប៉ូលិសតំបន់ Santa Clara

    ករណី​ខាងលើនេះ ក៏មាន​វត្តមាន​របស់​ក្រុមប៉ូលិស FBI និង​ក្រុមហ៊ុន​ពន្លត់​អគ្គិភ័យ​ផងដែរ។ ប៉ូលិស​ក៏​ស៊ើបអង្កេត​លើ​ករណី​អគ្គិភ័យ​មួយ​ដែល​ត្រូវបាន​គេ​ជឿថា ជាប់​ទាក់ទិន​នឹង​ជនដៃដល់​ក្នុងករណី​បាញ់រះ​នេះ។

    ថ្មីៗនេះ អំពើ​បាញ់ប្រហារ​នៅ​សហរដ្ឋអាមេរិក បាន និង​កំពុង​កើតមាន​ជា​បន្តបន្ទាប់។ ករណី​ជាច្រើន​បានកើត​ឡើង​នៅ​ឯក​រិ​យា​ល័យ​នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន FedEx នៅ​តំបន់ Indianapolis, អគារ​ក​រិ​យា​ល័យ​មួយ​នៅ California, ហាង​ទំនិញ​មួយ​នៅ Colorado និង​ហាង​ម៉ាស្សា​មួយចំនួន​នៅ Atlanta។

    កាលពី​ខែ​មុន ប្រធានាធិបតី​អាមេរិក បាន​ហៅ​អំពើ​បាញ់ប្រហារ​ដោយ​កាំភ្លើង​នៅ​សហរដ្ឋអាមេរិក ថា​ជា «ជំងឺឆ្លង» និង​ជា «អំពើ​គួរឱ្យ​អៀនខ្មាស​នៅ​ចំពោះមុខ​ពិភពលោក»។ កាលពី​ឆ្នាំ2020 ករណី​បាញ់ប្រហារ​ដោយ​កាំភ្លើង​នានា​នៅ​សហរដ្ឋ​អាមេរិក បានសម្លាប់​មនុស្ស​ជាង 43,000នាក់៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • មហាសេដ្ឋី​លេខ​មួយ​របស់​ពិភពលោក ប្រកាស​លាលែង​ជា​ផ្លូវការ ពី​តំណែង CEO របស់ AMAZON

    មហាសេដ្ឋី​លេខ​មួយ​របស់​ពិភពលោក ប្រកាស​លាលែង​ជា​ផ្លូវការ ពី​តំណែង CEO របស់ AMAZON

    ថ្ងៃទី26 ខែឧសភា​កន្លងទៅ Jeff Bezos ដែលជា​មហាសេដ្ឋី​លំដាប់​លេខ​មួយ​របស់​ពិភពលោក បានប្រកាស​លាលែង​ពី​តំណែង​នាយក​ប្រតិបត្តិ (CEO) នៃ​ក្រុមហ៊ុន Amazon ចាប់ពី​ដើមខែ​កក្កដា​ឆ្នាំ2021នេះ។

    សារព័ត៌មាន Texas Times ដកស្រង់​សេចក្ដីថ្លែងការណ៍​របស់​មហាសេដ្ឋី​អាមេរិក Jeff Bezos នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភាគ​ហ៊ុ​និក​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Amazon កាលពី​ថ្ងៃទី26 ខែឧសភា បានឱ្យដឹងថា លោក​នឹង​ដកខ្លួន​ចេញពី​តួនាទី​ជា CEO របស់ Amazon ចាប់ពី​ថ្ងៃទី5 ខែកក្កដា​ខាងមុខ។

    លោក​ Andy Jassy នាយកប្រតិបត្តិរបស់ Amazon Web Services ដែល​ជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​នៃ​ក្រុម​ហ៊ុន​ Amazon

    អ្នក​ដែល​នឹង​ចូលមក​កាន់តំណែង​នេះ​ជំនួស​លោក នោះ​គឺ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Amazon Web Services ឈ្មោះ Andy Jassy។

    បើទោះជា​លាលែង​ពី​តំណែង CEO ប៉ុន្តែ មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ចំនួន 190ពាន់​លាន​ដុល្លារ​នេះ នឹង​នៅតែ​កាន់កាប់​តំណែង​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Amazon ដដែល៕

    ប្រភព​៖ Texas Times, Bloomberg
    ប្រែសម្រួល​៖ បុត្រា