Author: សឿន សំណាង

  • វិធី​សាង​ភាពជឿជាក់​លើ​ខ្លួនឯង ដើម្បី​ភាពជោគជ័យ

    វិធី​សាង​ភាពជឿជាក់​លើ​ខ្លួនឯង ដើម្បី​ភាពជោគជ័យ

    ពេលដែល​យើង​មាន​គោលដៅ ឬ​ប្រាថ្នា​ចង់​ធ្វើ​រឿង​អ្វីមួយ​ក៏ដោយ រឿង​សំខាន់​មួយ ដែល​នឹង​ជួយ​ឱ្យ​យើង​ទទួលបាន​ជោគជ័យ​នោះ គឺ​ភាពជឿជាក់​លើ​ខ្លួនឯង ព្រោះ​ភាពជឿជាក់​លើ​ខ្លួនឯង ប្រៀបដូចជា​កម្លាំង​ជំរុញ​មួយ ធ្វើឱ្យ​យើង​មាន​ទឹកចិត្ត​ក្លៀវក្លា ធ្វើឱ្យមាន​កម្លាំង​ថាមពល ធ្វើ​នូវ​រឿង​ទាំងអស់នោះ ឱ្យបាន​សម្រេច​ដូច​ចិត្ត​ប្រាថ្នា។ ក្រៅពីនោះ ថែម​ជាការ​បង្កើន​គុណ​តម្លៃ​របស់​ខ្លួនឯង និង​ធ្វើឱ្យ​យើង​មាន​កម្លាំងចិត្ត និង​ក្លៀវក្លា​ស្វាហាប់​ទៀតផង។

    វិធី 5យ៉ាង ក្នុងការ​បង្កើន​ភាពជឿ​ជាក់​លើ​ខ្លួនឯង មាន​ដូចតទៅ៖

    សាង​ភាពជឿជាក់​ដល់​ខ្លួនឯង ដោយ​ការ​សម្លឹង​ឃើញ​ពី​ចំណុច​លេចធ្លោ ខ្លាំង​ជាង​ចំណុចខ្សោយ

    ចូរ​សម្លឹង​រកមើល​ចំណុច​ល្អ លេចធ្លោ​របស់​ខ្លួនឯង​ឱ្យឃើញ ព្រមទាំង​ហ្វឹកហាត់ ឬ​ធ្វើ​ការងារ​ណា ដែល​ជួយ​បង្កើន​ដល់​ចំណុច​ល្អ​នោះ ចៀសវាង​ការប្រៀបធៀប​ចំណុច​អន់​របស់​ខ្លួនឯង​ជាមួយ​អ្នកដទៃ។ គួរ​នឹក​នៅក្នុង​ចិត្តជា​និច្ច​ថា “មិនចាំបាច់​ត្រូវ​ដឹង​គ្រប់​តែ​រឿង​នោះទេ តែ​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ប្រាកដ តែ 1រឿង ក៏​អាច​ទទួលបាន​ជោគជ័យ​ដែរ”

    ធ្វើការ​ងារ​ណា ដែល​សាង​មោទនភាព ដល់​ខ្លួនឯង

    ដូចជា ការងារ​ជួយ​សង្គម​សាធារណ: ឬ​ធ្វើ​ការងារ​ក្រៅ​ម៉ោង​ណា​ដែល​ខ្លួន​ចូលចិត្ត ដែល​ទាំង​អស់ហ្នឹង សុទ្ធតែ​សាង​នូវ​ភាព​សប្បាយចិត្ត និង​ធ្វើឱ្យមាន​អារ​ម្ម​ណ៏​ថា ខ្លួនឯង​មានតម្លៃ ព្រោះ​បាន​បំពេញ​ប្រយោជន៍​ដល់​អ្នកដទៃ ឬ​មានឱកាស​បាន​បញ្ចេញ​សមត្ថភាព ឱ្យគេ​ទទួលស្គាល់ ជាដើម។

    ប្រាប់​ខ្លួនឯង​ជានិច្ច​ថា អាចធ្វើ​បាន!!

    គួរ​និយាយ​លើកទឹកចិត្ត​ខ្លួនឯង ឱ្យបាន​ជាប់​ជានិច្ច​ថា “ខ្ញុំ​ធ្វើបាន!” និង​ហាត់​នឹក​ស្រមៃ ឱ្យឃើញ​ពី​ភាពជោគជ័យ។

    កុំ​ខ្វល់ខ្វាយ​នឹង​សម្ដី​របស់​អ្នកដទៃ

    ភាព​មាន​កង្វល់​ខ្វល់ខ្វាយ ដែល​កើត​ពី​ពាក្យរិះគន់​ទិតៀន​របស់​អ្នកដទៃ អាចធ្វើឱ្យ​យើង​កើតក្តី​អស់សង្ឃឹម និង​បាក់​ទឹកចិត្ត​បាន ដូច្នេះ​គួរ​ពិចារណា​ពី​គោលបំណងរ​បស់សម្ដី​ទាំងអស់នោះ​ផង បើសិន​ដោយសារ​ការបារម្ភ យើង​គួរតែ​ទទួល​ស្តាប់ និង​កែសម្រួល​ខ្លួនឯង តែបើ​សិន​ដោយ​សារភាព​អគតិ​វិញ​នោះ ក៏​មិនបាច់​ទៅ​យកចិត្តទុកដាក់​ស្តាប់​ឡើយ។

    សុំ​ការលើកទឹកចិត្ត ពី​អ្នក​ដែល​នៅក្បែរ​ខ្លួន​យើង

    ព្រោះ​កម្លាំងចិត្ត ពី​ក្រុមគ្រួសារ ពី​មិត្តសម្លាញ់ និង​ពី​គូស្នេហ៍ អាចជួយ​សាង​នូវ​ភាពជឿជាក់​ដល់​ខ្លួនឯងបាន ធ្វើឱ្យ​យើង​ហ៊ាន​សម្រេចចិត្ត និង​គិត​ចាប់ផ្តើម​នូវ​គំនិតថ្មីៗ ដូច្នេះ​បើសិន​នៅពេលណា មាន​អារម្មណ៍​អស់សង្ឃឹម ឬ​មាន​បញ្ហា​អ្វីមួយ ចូរ​កុំ​ស្ទាក់ស្ទើរ ក្នុង​ការសុំ​ការប្រឹក្សា​យោបល់ និង​ការគាំទ្រ​ពី​ពួកគេ។

    នៅពេល​មាន​ភាពជឿជាក់​លើ​ខ្លួនឯង​យ៉ាង​ពេញទំហឹង​ហើយ​នោះ ភាពជោគជ័យ​នឹង​នៅក្បែរ​យើង​បង្កើយ…៕

  • ការស្ថាបនា​ផ្លូវជាតិ​លេខ3 ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ

    ការស្ថាបនា​ផ្លូវជាតិ​លេខ3 ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ

    គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ3 ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត សម្រេចបាន​ជាង 98% ហើយ​គ្រោង​នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ2021។ នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ក្រសួង​សាធារណការ បានឱ្យដឹងថា គិត​រហូតមកដល់​ប​ច្ចុ​ប្បន្ន ក្រសួង បាន និង​កំពុង​ព​ន្លឿ​ន​ការងារ​ចុងក្រោយ​មួយចំនួន ដូចជា ការបំពាក់​កាមេរ៉ា​ចាប់​ល្បឿន​យានយន្ត កាមេរ៉ា​សុវត្ថិភាព ជញ្ជីង​ថ្លឹង​ទម្ងន់​ក្រោម​ដី និង​ជញ្ជីង​ថ្លឹង​ទម្ងន់​នៅក្នុង​ស្ថានីយ។ល។ ខណៈដែល​ស្ពាន​អាកាស​ថ្មើរជើង​ដែលមាន​ទីតាំងនៅ​ត្រាំខ្នារ ក៏​នឹង​សាងសង់​រួចរាល់​នៅ​ចុងខែ​មិថុនា​ខាងមុខ។

    ជារួម គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ3 ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត បច្ចុប្បន្ន សម្រេចបាន 98.04% រួចហើយ។ នេះ​បើតាម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន។

    គម្រោង​ស្ថាបនា​ផ្លូវ​ប្រភេទ បេតុង​កៅស៊ូ (AC) ប្រវែង 134គីឡូម៉ែត្រ​នេះ ត្រូវបាន​ចាប់ផ្ដើម​សាងសង់ និង​ស្ដារឡើងវិញ កាលពី​ខែឧសភា ឆ្នាំ2018។ ការចំណាយ​ទៅលើ​ការស្ថាបនា និង​ស្ដារ​ផ្លូវ​នេះ គ្រោង​នឹង​ប្រើប្រាស់​ទឹកប្រាក់​ជាង 200លាន​ដុល្លារ​អាមេរិក ដែល​នេះ​គឺជា​ហិរញ្ញប្បទាន​សម្បទាន ពី​ប្រទេស​ចិន រួម​នឹង​ថវិកាបដិភាគ​មួយចំនួន​របស់ កម្ពុជា៕

    ប្រភព៖ ក្រសួង​សាធារណការ
    ដកស្រង់៖ បុត្រា

  • ចិន អនុញ្ញាតឱ្យ​ប្ដី-ប្រពន្ធ​គ្រប់​គូ អាច​យ​កកូន​បាន 3នាក់

    ចិន អនុញ្ញាតឱ្យ​ប្ដី-ប្រពន្ធ​គ្រប់​គូ អាច​យ​កកូន​បាន 3នាក់

    រដ្ឋាភិបាល​ចិន អនុញ្ញាតឱ្យ​គូ​ស្វាមី-ភរិយា​គ្រប់​គូ អាចបង្កើត​កូន​បាន 3នាក់ ក្រោយពី​ការសិក្សា​ស្រាវជ្រាវ​លើ​ចំនួន​ប្រជាជន បាន​បង្ហាញថា ពលរដ្ឋ​ប្រទេស​នេះ ចាស់​យ៉ាង​ឆាប់រហ័ស។

    «ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​ប្រជាជនមាន​វ័យ​ចំណាស់​កាន់តែច្រើន ប្ដី-ប្រពន្ធ​មួយគូ អាច​មានកូន​ចំនួន 3នាក់» នេះ​បើតាម​សេចក្ដីប្រកាស​នៅក្នុង​កិច្ចប្រជុំ​នា​ថ្ងៃនេះ របស់​ក្រសួង​នយោបាយ ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Xinhua។

    សេចក្ដីប្រកាស មាន​ឃ្លា​សរសេរថា៖ «គោលនយោបាយ​ស្ដីពី​ការបន្ត​ពូជ នឹង​ត្រូវបាន​កែលម្អ​ជាង​បច្ចុប្បន្ន។ គោលនយោបាយ​ដែល​អនុញ្ញាតឱ្យ​ប្ដី-ប្រពន្ធ 1គូ មានកូន 3នាក់ នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​រួម​ជាមួយនឹង​វិធានការ​គាំពារ​នានា។ ប្រការនេះ​នឹង​កែលម្អ​រចនាសម្ព័ន្ធ​ប្រជាជន​របស់​ប្រទេស​ចិន»។

    វិធានការផ្សេងៗដែល​ត្រូវបាន​ស្នើឡើង មានដូចជា ពន្យារពេល​លើ​អាយុ​ចូលនិវត្តន៍ ផ្ដោតទៅលើ​យុទ្ធនា​ការអប់រំ​លើ​តម្លៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ សម្រាប់​យុវវ័យ។ សេវាកម្ម​ថែទាំ​កុមារ ការឈប់​សម្រាក​ពី​ការងារ​ពេល​ឆ្លងទន្លេ និង​ធានារ៉ាប់រង​លើ​មាតុភាព ក៏​នឹង​ត្រូវបាន​កែលម្អ។

    ការសិក្សា​ស្រាវជ្រាវ​ដែល​ត្រូវបាន​ប្រកាស​កាលពីដើម​ខែ​នេះ បាន​បង្ហាញថា តួលេខ​នៃ​ការឆ្លង​ទន្លេ​ប្រចាំឆ្នាំ​របស់​ប្រទេស​ចិន បន្ត​ថយចុះ​ដល់​កម្រិត​ទាប​បំផុត បើទោះជា​មានការ​លើកទឹកចិត្ត​ឱ្យ​បង្កើត​កូនចៅ ពី​រដ្ឋាភិបាល​ក៏ដោយ។ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​របស់​ចិន (NBS) បានឱ្យដឹងថា អ្នក​ម្ដាយ​នានា​នៅ​ប្រទេស​ចិន កាលពី​ឆ្នាំមុន បង្កើតកូន​បាន 12លាន​នាក់ ថយចុះ 18% បើ​ធៀប​នឹង​ឆ្នាំ2020 និង​បន្ត​ថយចុះ​ទាប​បំផុត​ក្នុងអំឡុង​ជិត 6ទសវត្សរ៍​មកនេះ។

    អត្រា​ចាប់កំណើត​របស់​ទារក​នៅ​ប្រទេស​ចិន គឺ​ស្មើនឹង 1.3នាក់/ស្ត្រី​ម្នាក់ ទាប​ជាង​អត្រា 2.1 ដែល​ចិន​ត្រូវការ​ចាំបាច់ ដើម្បី​ធានា​ឱ្យ​កំណើន​ប្រជាពលរដ្ឋ មាន​ស្ថិរភាព។

    ជិត 40ឆ្នាំ​មកនេះ ប្រទេស​ចិន បាន​អនុវត្ត «គោលនយោបាយ​កូន​មួយ» ដែលនាំឱ្យ​មានការ​រិះគន់​ច្រើន ព្រោះ​វា​ជាការ​កំណត់​ដ៏​តឹងរ៉ឹង​បំផុត​ក្នុង​ពិភពលោក ស្ដីពី​ផែនការ​គ្រួសារ។ ប្រទេស​នេះ បាន​លុបចោល​គោលនយោបាយ​កូន​មួយ ចាប់ពី​ឆ្នាំ2016 ដោយសារ​មានការ​ព្រួយបារម្ភ ខ្លាច​កម្លាំង​ពលកម្ម​ត្រូវ​ប្រឈម​នឹង​ភាព​ចាស់ជរា​ច្រើន ដែលនាំឱ្យ​សេដ្ឋកិច្ច​ជួប​បញ្ហា៕

    ប្រភព៖ AFP, SCMP
    ប្រែ​សម្រួល៖ បុត្រា

  • សំណួរ – ចម្លើយ ដែល​យើង​គួរ​ដឹង​អំពី​សុខភាព​មាត់ – ធ្មេញ

    សំណួរ – ចម្លើយ ដែល​យើង​គួរ​ដឹង​អំពី​សុខភាព​មាត់ – ធ្មេញ

    មិន​ថា​ថ្ងៃណាៗឡើយ រៀងរាល់​ព្រឹក​នៃ​ការចាប់ផ្តើម​ភារកិច្ច រហូតដល់​អំឡុងពេល​ចុងក្រោយ មុនពេល​ចូល​គេង​សម្រាករឿង​សុខភាព​ក្នុង​ប្រអប់មាត់ អញ្ចាញ និង​ធ្មេញ នៅតែ​ជា​រឿង​សំខាន់ ដែល​យើង​ត្រូវតែ​យកចិត្តទុកដាក់ មើលថែទាំ​យ៉ាង​ជាប់​ជានិច្ច ដើម្បី​ការពារ​ទុកជាមុន មុននឹង​កើតរោគ​ភ័យផ្សេង។ ខាងក្រោម​នេះ គឺជា​សំណួរ-ចម្លើយ ដែល​យើង​គួរតែ​ដឹង អំពី​សុខភាព​មាត់-ធ្មេញ ដែលមាន​ចំណុច​ខ្លះ យើង​អាច​នៅ​មិនទាន់​ដឹង​នៅឡើយ…។

    -ធ្មេញ​ពី​ធម្មជាតិ​របស់​មនុស្ស មាន​ប៉ុន្មាន​ឈុត?

    *ឆ្លើយ៖ មាន 2ឈុត គឺ​ធ្មេញទឹកដោះ និង​ធ្មេញ​ពិតប្រាកដ

    -ធ្មេញទឹកដោះ ចាប់ផ្តើម​ដុះ​ឡើង ពេល​អាយុ​ប៉ុន្មាន?

    *ឆ្លើយ៖ ពេល​អាយុ​បាន 2ខួប ឬ 2ខួប​កន្លះ

    -ធ្មេញទឹកដោះ មាន​ប៉ុន្មាន​គ្រាប់?

    *ឆ្លើយ៖ 20គ្រាប់

    -ហេតុ​អី ទើបត្រូវ​មើលថែទាំ​ធ្មេញទឹកដោះ ឱ្យ​ល្អ?

    *ឆ្លើយ៖ ព្រោះ​វា​ប្រៀបដូចជា​ធ្មេញ​នាំមុខ​អ៊ីចឹង បើ​មើលថែទាំ​បានល្អ ធ្មេញ​ពិតប្រាកដ ដែល​ដុះ​ឡើងមក​ជំនួស​នោះ នឹងមាន​ភាពល្អ​ឥតខ្ចោះ និង​ស្ថិតក្នុង​សភាព​ល្អ​ដូចគ្នា

    -ធ្មេញ​ពិតប្រាកដ​មាន​ប៉ុន្មាន​គ្រាប់?

    *ឆ្លើយ៖ 32គ្រាប់

    -ធ្មេញ​ថ្គាម 4គ្រាប់​ចុងក្រោយ នឹង​ចាប់ផ្តើម​ដុះ​ឡើង​ពេលណា?

    *ឆ្លើយ៖ ពេល​អាយុ​បាន​ប្រមាណ 18ឆ្នាំ​ឡើងទៅ

    -ធ្មេញ​ពិតប្រាកដ នឹង​នៅបាន​យូរ​ប៉ុនណា?

    *ឆ្លើយ៖ បើ​មើលថែទាំ​បានល្អ ធ្មេញ​ពិតប្រាកដ អាច​នៅ​ជាមួយ​យើង អស់​មួយជីវិត

    -អ្វី​គឺ​មូលហេតុ​របស់​ជំងឺ​ធ្មេញ និង​អញ្ចាញ?

    *ឆ្លើយ៖ កំណក​អតិសុខុមប្រាណ

    -កំណក​អតិសុខុមប្រាណ គឺ​អ្វី?

    *ឆ្លើយ៖ កំណក​អតិសុខុមប្រាណ កើត​ពី​មេរោគ រួមជាមួយ​ស្ករ និង​ប្រូតេអ៊ីន នៅក្នុង​ស្ករ ច្រើនតែ​តោង​ជាប់​ស្អិត​នៅលើ​ស្រទាប់​ធ្មេញ

    -វិធី​កម្ចាត់​កំណក​អតិសុខុមប្រាណ​ដែល​ល្អ​បំផុត​គឺ…

    *ឆ្លើយ៖ ការ​ដុស​សម្អាត​ធ្មេញ គួបផ្សំ​ជាមួយ​ការប្រើ​ខ្សែ​អំបោះ​ខាត់​ធ្មេញ

    -បើ​កម្ចាត់​កំណក​អតិសុខុមប្រាណ​មិន​អស់ តើ​នឹងមាន​លទ្ធផល​យ៉ាងណា?

    *ឆ្លើយ៖ នឹង​កើតការ​ប្រមូល​សន្សំ និង​ក្លាយជា​កំណកកំបោរ នៅជាប់​ណែន​នឹង​ធ្មេញ

    -វិធី​កម្ចាត់​កំណកកំបោរ ដែល​ល្អ​បំផុត គឺ​ធ្វើយ៉ាងណា?

    *ឆ្លើយ៖ ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ (ទន្តពេទ្យ) ដើម្បី​កោស​កំណកកំបោរ​ទាំងនោះ​ចេញ

    -តើ​ត្រូវ​ទទួលទាន​យ៉ាងណា ដើម្បីឱ្យ​សុខភាព​ធ្មេញ​ល្អ?

    *ឆ្លើយ៖

    1.កាត់បន្ថយ​ចំណី​កំប៉ិកកំប៉ុក

    2.ជ្រើសរើស​ទទួលទាន​ស​ណ្តែ​ក និង​ផ្លែឈើ​ជំនួស​ម្សៅ និង​ស្ករ ក្នុង​អាហារ​ពេលទំនេរ

    3.កាត់បន្ថយ​បរិមាណ និង​ភាព​ញឹកញាប់​ក្នុងការ​ទទួលទាន​អាហារ ដែលមាន​ស្ករ ទឹកតែ និង​កាហ្វេ។

    4.ដុស​សម្អាត​ធ្មេញ គ្រប់ពេល​ញ៉ាំ​អាហារ​រួច

    -សារធាតុ​រ៉ែ ដែល​ជួយ​បង្កើន​ឆ្អឹង និង​ធ្មេញ​មាន​អ្វីខ្លះ?

    *ឆ្លើយ៖ កាល់ស្យូម និង​ផូស្វ័រ

    -អាហារ​ដែលមាន​កាល់ស្យូម​ខ្ពស់ មាន​អ្វីខ្លះ?

    *ឆ្លើយ៖ ទឹកដោះ ប៊័រ ស៊ុត​ក្រហម ត្រីតូចៗ បង្គា​ក្រៀម គ្រាប់​ល្ងខ្មៅ បន្លែ​ស្លឹក​បៃតង ជាដើម-ល-

    -ការ​ញ៉ាំ​ទឹក​ផ្លែឈើ​មាន​ផលប៉ះពាល់​ដល់​ធ្មេញ​ដែរឬទេ?

    *ឆ្លើយ៖ ទឹក​ផ្លែឈើ ធ្វើឱ្យ​ធ្មេញ​សឹក​រឹល​បាន ព្រោះ​ក្នុង​ទឹក​ផ្លែឈើ​មាន​អាស៊ីត ស៊ី​ទ្រិ​ក អាចរំលាយ​កាល់ស្យូម​ក្នុង​ស្រទាប់​ស្រោប​ធ្មេញបាន ដូច្នេះ​ពេល​ញ៉ាំ​ទឹក​ផ្លែឈើ​ហើយ គួរ​ញ៉ាំ​ទឹក​តាម​ក្រោយ ឬ​ខ្ពុរមាត់​គ្រប់ពេល។

    (នៅមាន​ត)

  • បរិភោគផ្លែឈើនៅពេលណាទើបល្អ?

    បរិភោគផ្លែឈើនៅពេលណាទើបល្អ?

    នៅក្នុងផ្លែឈើ មានទាំងសារធាតុ Fiber(កាកសរសៃ) ប៉ូតាស្យូម វីតាមីនC និងហ្វូលេត ជាច្រើន តែការបរិភោគ ដែលមិនត្រូវក្បួន ក៏អាចធ្វើឱ្យប្រព័ន្ធការរំលាយអាហារ មានបញ្ហាដែរ ដូច្នេះដើម្បីឱ្យទទួលបានប្រយោជន៏ ពីផ្លែឈើយ៉ាងពេញទំហឹងនោះ យើងគួរដឹងពីការបរិភោគ​ផ្លែឈើយ៉ាងត្រូវតាមក្បួន ទើបជាការប្រសើរ។

    ទោះជាការញ៉ាំផ្លែឈើតែ 1ប្រភេទ ឬញ៉ាំបែបរួមគ្នាច្រើនយ៉ាង គួរញ៉ាំនៅពេលពោះទំនេរ៖

    ព្រោះពេលបរិភោគចូលទៅហើយ កម្មវិធីរំលាយអាហារ នឹងធ្វើការយ៉ាងឆាប់រហ័ស ដោយរាងកាយនឹងផលិតអេន​ហ្សៃម៍ពិសេសម៉្យាង ចេញមកសម្រាប់ការកិនរំលាយផ្លែឈើ ធ្វើឱ្យរាងកាយអាចបឺតជ្រាបយកជាតិស្ករ និងសារធាតុអាហារបាន​យ៉ាងពេញទំហឹង។

    បរិភោគនៅចន្លោះពេលបាយចម្បងៗ៖

    ជាប្រក្រតីមនុស្សយើងតែងបរិភោគអាហារ 3ពេលក្នុង 1ថ្ងៃ​ ឯអំឡុងពេលចន្លោះពេលបាយនីមួយៗវិញ គឺជាពេល​របស់​​​ផ្លែឈើ ដោយជាប្រក្រតី គឺបន្ទាប់ពីពេលបាយ ប្រមាណជា 1–2​ម៉ោង តែបើសិនជាអាហារ ដែលត្រូវការប្រើពេល​​រំលាយ​​យូរ ដូចជា នំបឺហ្គ៊ើរ ឬដុំសាច់ ជាដើម គួរទុកចន្លោះពេលប្រមាណ 3–4ម៉ោង សឹមបរិភោគផ្លែឈើ។

    ល្អបំផុត គឺការបរិភោគផ្លែឈើ ជាអាហារដំបូងនៃថ្ងៃនីមួយៗ(ពេលព្រឹក) ពេលពោះនៅទំនេរ ឬចន្លោះរវាងពេលបាយ​ព្រឹក និងពេលបាយថ្ងៃ​​៖

    បើអាចជ្រើសរើសអាហារពេលព្រឹកបាន អ្នកគួរជ្រើសរើសបរិភោគមុខម្ហូប ធ្វើពីផ្លែឈើ រួមជាមួយគ្នាតែម្តង ដូចជា ហ្វ្រ៊ុតសាលាដ ផ្លែប៉ោម ឬក៏ទឹកផ្លែឈើកិន ហើយគួរចៀសវាងការញ៉ាំផ្លែឈើមុនពេលចូលគេង ព្រោះជាតិស្ករដែលបានពីផ្លែឈើ មានថាមពលខ្លាំង ធ្វើឱ្យរាងកាយស្វាហាប់រហូតអាចធ្វើឱ្យអ្នកគេងមិនលក់។

    បរិភោគក្នុងរូបភាពជាទឹកផ្លែឈើកិន៖

    ទឹកសណ្តែកលឿង ណាត់មៀលគ៍ ទឹកដូង ឬយ៉ាអួ គឺជាជម្រើសដ៏ល្អ សម្រាប់កិនលាយជាមួយផ្លែឈើ ព្រោះមិនធ្វើឱ្យលំបាកដល់ប្រព័ន្ធកិនរំលាយអាហារ ក្រៅពីនោះ អ្នកគួរជ្រើសរើសទទួលទានផ្លែឈើ ដែលមានជាតិស្ករតិច ដូចជាផ្លែប៉ោម​ពណ៌បៃតង ជាដើម វានឹងល្អចំពោះសុខភាពយើងខ្លាំងជាង។

    ឬបរិភោគក្នុងរូបភាពជាផ្លែឈើក្រៀម៖

    តែមិនគួរបរិភោគផ្លែឈើក្រៀមណា ដែលមានជាតិផ្អែមខ្លាំង និងក្នុងបរិមាណច្រើនជ្រុលពេកឡើយ គួរ​កំណត់​បរិមាណក្នុងការបរិភោគ ឬជ្រើសរើសទទួលទានតែក្នុងឱកាសណាពិសេសៗបានហើយ៕

  • Suarez គិតយ៉ាងណាពេល Barcelona នាំយកកីឡាករវ័យជ្រេចូលក្រុម?

    Suarez គិតយ៉ាងណាពេល Barcelona នាំយកកីឡាករវ័យជ្រេចូលក្រុម?

    Sergio Aguero ខ្សែប្រយុទ្ធ ManCity នឹង​ផុត​កុងត្រា​ជាមួយ​ក្លិប​អង់គ្លេស​មួយ​នេះ នៅ​ដំណាច់​ខែមិថុនា ខាងមុខ​នេះហើយ ដោយ​ភាគី​ទាំងសងខាង បាន​ព្រមព្រៀងគ្នា មិន​បន្ត​កុងត្រា​ថ្មី​ទៀតឡើយ។ ក្រោយពី​ចាកចេញ​ពី ManCity កីឡាករ Aguero ត្រូវបាន Barcelona កក់​ទុក​រួចជាស្រេច​ហើយ ដោយ​ត្រៀម​នឹងប្រកាស​កុងត្រា នៅឯ​ក្លិប​ដ៏​ល្បីល្បាញ​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ នៅពេលឆាប់ៗខាងមុខនេះ។

    ក្នុង​ព្រឹត្តិការណ៍​នេះដែរ Luiz Suarez អតីត​ខ្សែប្រយុទ្ធ  Barcelona បានបង្ហាញ​ចំណាប់អារម្មណ៍​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​អតីត​ក្លិប​របស់ខ្លួន ដែល​បានផ្តល់​ឱកាស​ដល់​កីឡាករ​វ័យ​ជ្រេ​ដូច Sergio Aguero បើទោះបីជា​គេ មាន​វ័យ 32ឆ្នាំ​ហើយ​ក្តី។

    គួរ​រំឭក​ដែរ​ថា គ្រា​ដែល Luiz Suarez ចាក​ចេញពី Barcelona កាលពីដើម​រដូវ​កាល​នេះ គឺ​ដោយសារ​លោក Koeman លើក​ពី​ហេតុផល​ថា រូបគេ​មាន​វ័យ​ច្រើន​ហើយ (33ឆ្នាំ) ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ទម្រង់កា​រ​ប្រយុទ្ធ​របស់​ក្រុម  តែ​ក្រោយពី​ទៅដល់ AT Madrid ភ្លាម គេ​បានធ្វើឱ្យ​ក្រុម​ថ្មី​របស់គេ​មួយ​នេះ​លើក​ពាន La Liga ភ្លែត​តែម្ដង៕

  • ក្លិប3 ដែល​អាច​នឹង​ក្លាយជា​ផ្ទះ​ថ្មី របស់ Ronaldo

    ក្លិប3 ដែល​អាច​នឹង​ក្លាយជា​ផ្ទះ​ថ្មី របស់ Ronaldo

    កីឡាករ​ខ្សែប្រយុទ្ធ Christiano Ronaldo ត្រូវបាន​គេ​ដឹងថា អាច​នឹង​ចាក​ចេញពី​ក្លិប Juventus ក្រោយ​បញ្ចប់​រដូវ​កាល​នេះ ដោយសារតែ​គេ​ឃើញ​កីឡាករ​រូបនេះ បាន​រើ​ឥ​វ៉ាន់​ចេញពីផ្ទះ។ ក្នុងនោះដែរ ប្រភព​ជី​ត​ស្និទ្ធ​បានប្រកាសថា កីឡាករ​រូបនេះ បាន​ប្រាប់​មិត្ត​រួម​ក្រុម រួចរាល់​ហើយ​ថា គេ​នឹង​ចាកចេញ នៅ​ចុង​ឆ្នាំនេះ។

    យ៉ាងណាមិញ អ្វីដែល​អ្នកតាមដាន​គ្រប់គ្នា ចង់ដឹង​ខ្លាំង​នោះ​គឺ ថា​តើ​កីឡាករ​រូបនេះ នឹង​ផ្លាស់​ទៅលេង​នៅទីណា​វិញ ក្រោយ​ចាក​ចេញពី Juventus។ មកទល់នឹង​ពេលនេះ មាន​ក្លិប 3ធំៗ ដែល​អាច​នឹង​ក្លាយទៅជា​ផ្ទះ​ថ្មី​របស់ Ronaldo គឺ PSG, ManU និង  Sporting។

    គួរឱ្យ​ដឹង​ដែរ​ថា កុងត្រា​របស់ Ronaldo នៅ Juventus នៅមាន​សុពលភាព​ដល់​ឆ្នាំ2022 ដូចនេះ​ប្រសិនបើ​ក្លិប​ណា​ចង់បាន ប្រហែលជា​ត្រូវ​ចំណាយលុយ​ខ្លះ នៅក្នុង​ការទិញ​ផ្តាច់​កុងត្រា​កីឡាករ​រូបនេះ ពី Juventus៕

    ប្រភព ៖ dailymail

  • អ្នកវិទ្យាសាស្ត្រ បាញ់​អគ្គិសនី​ចូល​ពពក ដើម្បី​បង្កើត​ទឹកភ្លៀង​សិប្បនិម្មិត

    អ្នកវិទ្យាសាស្ត្រ បាញ់​អគ្គិសនី​ចូល​ពពក ដើម្បី​បង្កើត​ទឹកភ្លៀង​សិប្បនិម្មិត

    អារ៉ាប់​រួម៖ ក្រុម​អ្នកវិទ្យាសាស្ត្រ កំពុង​ត្រៀម​សាកល្បង​បាញ់​អគ្គិសនី​ចូលទៅ​កាន់​ពពក ដើម្បី​ធ្វើឱ្យ​គ្រាប់​ទឹក​ក្នុង​ពពក​មាន​ទំហំ​ធំ​ជាង​មុន និង​ងាយស្រួល​ធ្លាក់​ជា​ភ្លៀង​ជាង​បច្ចុប្បន្ន។

    ដោយសារតែ​អាកាសធាតុ​ក្ដៅហែង និង​កម្រិត​ទឹកភ្លៀង​ជា​មធ្យម​ត្រឹមតែ 10សង់ទីម៉ែត្រ ប្រទេស​អារ៉ាប់​រួម (UAE) ត្រូវការ​ទឹកសាប​បន្ថែមទៀត។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល បាន​វិនិយោគ​ទៅលើ​គម្រោង​វិទ្យាសាស្ត្រ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ទាក់ទង​នឹង​ការបង្កើត​ទឹកភ្លៀង​សិប្បនិម្មិត ក្នុងនោះ​ក៏មាន​គម្រោង​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក (drone) ខ្នាតតូច បាញ់​អគ្គិសនី​ទៅក្នុង​ពពក​ផងដែរ។

    អ្នកវិទ្យាសាស្ត្រ​មួយក្រុម មកពី​សាកលវិទ្យាល័យ Reading នៃ​ចក្រភព​អង់គ្លេស ដំបូង​ឡើយ​បានស្នើ​គម្រោង​ខាងលើ ហើយ​បច្ចុប្បន្ន យន្តហោះ​គ្មាន​មនុស្ស​បើក​ទាំងនេះ កំពុង​ត្រៀមខ្លួន​សម្រាប់ធ្វើ​ការសាកល្បង​នៅក្បែរ​ទីក្រុង ឌូ​បៃ នាពេល​ដ៏​ខ្លី​ខាងមុខ។ គម្រោង​របស់​អ្នកវិទ្យាសាស្ត្រ​នេះ​គឺ ការបាញ់​អគ្គិសនី​ចូលទៅក្នុង​គ្រាប់​ទឹក​នៅក្នុង​ពពក បំណង​ធ្វើឱ្យ​វា​ងាយស្រួល​ធ្លាក់​មកលើ​ដី​ជាង​មុន និង​បង្កើតបានជា​ទឹកភ្លៀង។

    «មាន​ការគិត​ជាច្រើន​ទាក់ទង​នឹង​អគ្គិសនី​មាន​ឥទ្ធិពល​លើ​តំណក់ទឹក​ក្នុង​ពពក​នៅលើ​មេឃ ប៉ុន្តែ ហាក់​មិនទាន់មាន​ការសិក្សា​ស្រាវជ្រាវ​ណាមួយ​ត្រូវបាន​ធ្វើឡើង​ជាក់ស្ដែង និង​លម្អិត​នៅឡើយ» Keri Nicoll អ្នកវិទ្យាសាស្ត្រ​សំខាន់​មួយរូប នៃ​គម្រោង​ខាងលើ បានឱ្យដឹង​ដូច្នេះ និង​បន្ថែមទៀត គោលដៅ​របស់​ពួកគេ​គឺ ចង់​បញ្ជាក់់ថា បច្ចេកវិទ្យា​អាច​បង្កើន​បរិមាណ​ទឹក​ភ្លៀង​នៅក្នុង​តំបន់​ខ្វះ​ប្រភពទឹក។

    ក្រុម​របស់ Nicoll បាន​បង្កើត​ទ្រង់ទ្រាយ​របស់​ពពក ដើម្បី​ធ្វើការ​ពិសោធ។ ពួកគេ​បាន​ឃើញថា នៅពេល​តំណក់ទឹក​ក្នុង​ពពក ទទួលបាន​បន្ទុកអគ្គិសនី​វិជ្ជមាន ឬ​អវិជ្ជមាន ពួកវា​មានលទ្ធភាព​ប្រមូល​ផ្ដុំគ្នា និង​បង្កើតជា​គ្រាប់​ទឹកធំ​ជាង​មុន។ ដោយសារតែ​តំបន់​ក្ដៅហែង​ដូច​នៅ​អារ៉ាប់​រួម ពពក​តែងតែ​ស្ថិតនៅ​ខ្ពស់ជាង​តំបន់​ដែលមាន​អាកាសធាតុ​មិន​ក្ដៅ​ពេក ដូច្នេះ គ្រាប់​ភ្លៀង​ក៏​តែង​ហួត​ទៅវិញ នៅពេល​កំពុង​ធ្លាក់ចុះ។ អ្នកវិទ្យាសាស្ត្រ Nicoll បាន​និយាយថា៖ «យើង​កំពុង​ព្យាយាម​ធ្វើឱ្យ​គ្រាប់​ទឹក​នៅក្នុង​ពពក មាន​ទំហំ​ធំ​គ្រប់គ្រាន់ ដើម្បី​ធានាថា នៅ​ពេល​​ធ្លាក់​ពី​ពពក ពួកវា​នឹង​នៅតែ​រក្សា​រូបរាង​ដើម​បានល្អ មុនពេល​ធ្លាក់​ដល់​ដី»។

    គម្រោង​ខាងលើនេះ ទទួលបាន​ថវិកា​គាំទ្រ​ចំនួន 1.5លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល 3ឆ្នាំ។ ដើម្បី​ពិសោធ​លើ​គម្រោង​នេះ អ្នកស្រី Nicoll និង​សហការី បាន​បង្កើត​យន្តហោះ​ដែលមាន​ស្លាប​ប្រវែង 2ម៉ែត្រ ចំនួន 4គ្រឿង។ យន្តហោះ​ទាំងនេះ ត្រូវបាន​បាញ់​ចេញពី​ម៉ាស៊ីន​បាញ់​ថ្ម និង​បំពាក់​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ត ហើយ​អាច​ហោះហើរ​បាន​ប្រហែល 40នាទី។ គ្រាប់​យន្តហោះ ក៏មាន​អង្គ​ញាណ​ដែល​អាច​វាស់​កំដៅ ទំហំ និង​សំណើម ក៏ដូចជា​ឧបករណ៍​បាញ់​អគ្គិសនី​ដែល​អភិវឌ្ឍ​ដោយ​សាកលវិទ្យាល័យ Bath របស់​អង់គ្លេស។

    បច្ចុប្បន្ន ក្រុម​អ្នកជំនាញ ដែល​តំណាងឱ្យ​ក្រុម​វិទ្យាសាស្ត្រ​របស់​អ្នកស្រី Nicoll កំពុង​រង់ចាំ​អាកាសធាតុ​អំណោយ​ផល ដើម្បី​បង្ហើយ​ការពិសោធ​ខាងលើនេះ។

    នាយកដ្ឋាន​ឧតុនិយម​របស់ អារ៉ាប់​រួម បានឱ្យដឹងថា ក្នុង​ឆ្នាំ2017 ប្រទេស​នេះ បានធ្វើការ​បង្កើត​ភ្លៀង​សិប្បនិម្មិត​ចំនួន 242​លើក​​រួចមកហើយ។ អារ៉ាប់​រួម ក៏មាន​រោងចក្រ​ចម្រាញ់​ទឹកប្រៃ​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​ផងដែរ ប៉ុន្តែ អនុផល​នៃ​ការ​ច​ម្រ​ញ់​ទឹក​នេះ មាន​ផលប៉ះពាល់​ខ្លាំង​ដល់​ជីវចម្រុះ​ក្នុង​សមុទ្រ៕

    ប្រភព៖ CNN
    ប្រែ​សម្រួល៖ បុត្រា

  • វីដេអូថ្មី​​ស្ដីពី​ UFO បង្ក​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង មុន​ថ្ងៃ​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ ប្រកាស​ឯកសារ​សម្ងាត់​ជា​ផ្លូវ​ការ​

    វីដេអូថ្មី​​ស្ដីពី​ UFO បង្ក​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង មុន​ថ្ងៃ​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ ប្រកាស​ឯកសារ​សម្ងាត់​ជា​ផ្លូវ​ការ​

    មន្ទីរ​បញ្ច​កោណ (Pentagon) ធ្វើការ​បញ្ជាក់​អំពី​ខ្លឹមសារ​វីដេអូ ដែល​ត្រូវបាន​ថត​ពី​នាវាចម្បាំង USS Omaha កាលពី​ឆ្នាំ2019 ក្នុងនោះ​បង្ហាញថា UFO (Unidentified flying object / វត្ថុ​ហោះ មិន​ស្គាល់​អត្តសញ្ញាណ) ចំនួន 14គ្រឿង បាន​ឡោមព័ទ្ធ​នាវាចម្បាំង​របស់​សហរ​ដ្ឋ​អាមេរិក។

    «ខ្ញុំ​អាច​បញ្ជាក់បាន​ថា វីដេអូ​នេះ ត្រូវបាន​ថត​ដោយ​ទាហានជើងទឹក។ ក្រុមការងារ​ពិសេស​ទទួលបន្ទុក​ស្រាវជ្រាវ​បាតុភូត​អាកាស (Unknown Airborne Phenomena Task Force/UAPTF) បាន​បញ្ចូល​រូបភាព​ទាំងនេះ​ទៅក្នុង​បញ្ជី​ស៊ើបអង្កេត។ យើង​មិនមាន​ព័ត៌មាន​បន្ថែម​អ្វី​ផ្សេង​ក្រៅពីនេះ» អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ និយាយ​កាលពី​ថ្ងៃទី29 ខែឧសភា ឆ្នាំ2021។

    ការលើកឡើង​ខាងលើ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី Jeremy Corbell ផលិតករ​ភាពយន្ត​ស៊ើបអង្កេត បានប្រកាស​បង្ហាញ​រូបភាព​ដែល​ត្រូវបាន​ថត​ពី​នាវាចម្បាំង USS Omaha ពេល​វា​កំពុង​ផ្លាស់​ទី​នៅលើ​លម្ហ​សមុទ្រ California សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី15 ខែកក្កដា ឆ្នាំ2019។ «វីដេអូ ដែល​ត្រូវបាន​ថត​ពី​មជ្ឈមណ្ឌល​ព័ត៌មាន​ប្រយុទ្ធ​របស់ USS Omaha បង្ហាញថា រ៉ា​ដា រកឃើញ​ការប្រឈមមុខ​ដ៏​ធំ​មួយ ជាមួយនឹង UFO» Corbell និយាយ​ដូច្នេះ កាលពី​ថ្ងៃទី28 ខែឧសភា។

    នៅក្នុង​វីដេអូ​នោះ យ៉ាងហោចណាស់ មាន UFO ចំនួន 14គ្រឿង ផ្លាស់​ទី​ក្នុង​ល្បឿន​យ៉ាង​លឿន និង​ឡោមព័ទ្ធ​នាវាចម្បាំង​សហរដ្ឋអាមេរិក។ ក្រុម​នាវិក​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​រក​វិធី​កំណត់​ល្បឿន និង​ទិសដៅ​ហោះ​របស់​ពួកវា។ Corbell បានឱ្យដឹងថា UFO 1គ្រឿង ក្នុងចំណោម 14គ្រឿង បាន​ហោះចូល​ក្នុង​ទឹកសមុទ្រ ហើយ​នាវាមុជទឹក​ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​តាមរក​ដាន​របស់​វា ប៉ុន្តែ​មិនអាច​រកឃើញ។

    នេះ​គឺជា​វីដេអូ​ទី​ពីរ​ដែល​ត្រូវបាន Corbell ប្រកាស​បង្ហាញ នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។ ផលិតករ​ភាពយន្ត​នេះ បានឱ្យដឹងថា កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក បាន​ប្រឈមមុខ​នឹង UFO ជាង 100គ្រឿង នៅក្នុង​អំឡុង​ឆ្នាំ2019 ដោយ​យោងតាម​ទិន្នន័យ​ដែល​លោក​ប្រមូលបាន។

    សភា​អាមេរិក កាលពី​ខែមករា បានកំណត់​យក​ថ្ងៃទី1 ខែមិថុនា ជា​ថ្ងៃ​ដែល​អង្គភាព​ស៊ើបការណ៍​សម្ងាត់ និង​ក្រសួងការពារជាតិ ត្រូវ​ប្រកាស​ឯកសារ​ទាក់ទង​នឹង UFO និង​បាតុភូត​ដែល​មិនអាច​កំណត់​អត្តសញ្ញាណ​បាន។ ដូច្នេះ សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា។

    ប្រភព RT
    ប្រែ​សម្រួល៖ បុត្រា

  • លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ COVID-19 នៅ​កម្ពុជា គិត​ត្រឹម​​ថ្ងៃ​ទី​30​ ខែឧសភា ឆ្នាំ2021

    លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ COVID-19 នៅ​កម្ពុជា គិត​ត្រឹម​​ថ្ងៃ​ទី​30​ ខែឧសភា ឆ្នាំ2021

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​យប់​ថ្ងៃទី30 ខែឧសភា បានឱ្យដឹងថា អត្រា​នៃ​ពលរដ្ឋ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 បាន​កើន​ដល់ 25.67% បើ​ធៀប​នឹង​ពលរដ្ឋ​គោលដៅ​ចំនួន 10លាន​នាក់ ដែល​រាជរដ្ឋាភិបាល​បានកំណត់។

    ក្នុងចំណោម​ពលរដ្ឋ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង Covid-19 មាន 2,567,493នាក់ បាន​ចាក់​ម្ជុល (ដូ​ស) ទីមួយ និង 1,961,346 បាន​ចាក់​ម្ជុល​ទី​ពីរ (រួចរាល់)។

    កម្ពុជា បាន​ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ចាប់ពី​ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2021 ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន 3ប្រភេទ រួមមាន វ៉ាក់សាំង  Sinopharm របស់​ក្រុមហ៊ុន​រដ្ឋ​ចិន China National Pharmaceutical Group Corporation (ហៅ​កាត់​ថា Sinopharm) ផលិត​នៅ​ប្រទេស​ចិន, វ៉ាក់សាំង​ឥណ្ឌា Covishield ប្រើ​រូបមន្ត​របស់​ក្រុមហ៊ុន​អង់គ្លេស AstraZeneca និង​វ៉ាក់សាំង Sinovac (CoronaVac) របស់​ក្រុមហ៊ុន​ចិន Sinovac Biotech ផលិត​នៅ​ប្រទេស​ចិន។

    ព័ត៌មាន​លម្អិត សូម​អាន​របាយការណ៍​របស់ អនុគណៈកម្មការ​តាមដាន​និង​វាយតម្លៃ នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង Covid-19 ក្របខណ្ឌ​ទូទាំងប្រទេស (គ.វ.ក-១៩) ដែលមាន​ដូចខាងក្រោម៖
    ប្រភព​៖ ក្រសួង​សុខាភិបាល​
    ដកស្រង់​៖ បុត្រា