Author: សឿន សំណាង

  • កម្ពុជា ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ជូន​ពលរដ្ឋ​​បាន​​ជិត​ 2,649,000​នាក់

    កម្ពុជា ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ជូន​ពលរដ្ឋ​​បាន​​ជិត​ 2,649,000​នាក់

    (ភ្នំពេញ)៖ គិត​ត្រឹម​យប់ ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស សរុប​ចំនួន 2,648,859នាក់ សម្រាប់​ម្ជុល (ដូ​ស) ទីមួយ។

    ចំណែក​តួលេខ​ពលរដ្ឋ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង Covid-19 ម្ជុល​ទី​ពីរ (រួចរាល់) មាន​ចំនួន 2,022,342​នាក់។

    ជា​សរុប គិត​មកដល់​បច្ចុប្បន្ន យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 នៅ​កម្ពុជា សម្រេចបាន 26.49% បើ​ធៀប​នឹង​គោលដៅ 10លាន​នាក់ របស់​រាជរដ្ឋាភិបាល​កម្ពុជា។

    ខាងក្រោម​នេះ​គឺជា​តារាង​បូកសរុប​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់​អនុគណៈកម្មការ​តាមដាន​និង​វាយតម្លៃ នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង Covid-19 (គ.វ.ក-១៩) នៅ​កម្ពុជា ៖

    ប្រភព​៖ ក្រសួង​សុខាភិបាល​
    ដកស្រង់​៖ បុត្រា

  • រដ្ឋបាល​ខណ្ឌទួលគោក ជូនដំណឹង​ស្ដីពី​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង COVID-19 ដូ​ស​ទីមួយ នៅ​មូលដ្ឋាន​

    រដ្ឋបាល​ខណ្ឌទួលគោក ជូនដំណឹង​ស្ដីពី​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង COVID-19 ដូ​ស​ទីមួយ នៅ​មូលដ្ឋាន​

    រដ្ឋបាល​ខណ្ឌទួលគោក បានឱ្យដឹងថា ពលរដ្ឋ​នៅក្នុង​សង្កាត់​ទឹកល្អក់1, សង្កាត់​បឹងកក់1 និង​សង្កាត់​បឹងកក់2 ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ដូ​ស​ទីមួយ សូម​ទៅ​ចុះឈ្មោះ ដើម្បី​ទទួលបាន​ការចាក់​វ៉ាក់សាំងគ្រប់ៗគ្នា។

    យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ នឹងត្រូវ​បន្ត​រហូតដល់​ថ្ងៃទី5 ខែមិថុនា ឆ្នាំ2021។ នេះ​បើតាម​ការបញ្ជាក់​ពី​រដ្ឋបាល​ខណ្ឌទួលគោក តាមរយៈ​ទំព័រ​បណ្ដាញ​សង្គម Facebook នា​ល្ងាច​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021។

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម៖
    ប្រភព៖ សាលាខណ្ឌ​ទួល​គោក
    ដកស្រង់​៖ បុត្រា

  • រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ៖ យុទ្ធនា​ការចាក់​វ៉ាក់សាំង Sinovac បង្ការ Covid-19 ដូ​ស​ទីមួយ នៅសល់ 7ថ្ងៃ​ទៀត​ប៉ុណ្ណោះ!

    រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ៖ យុទ្ធនា​ការចាក់​វ៉ាក់សាំង Sinovac បង្ការ Covid-19 ដូ​ស​ទីមួយ នៅសល់ 7ថ្ងៃ​ទៀត​ប៉ុណ្ណោះ!

    នា​ល្ងាច​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021នេះ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ បានចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅក្នុង​មូលដ្ឋាន​នៃ​ខណ្ឌ​នេះ។

    សេចក្ដីជូនដំណឹង បានឱ្យដឹងថា យុទ្ធនា​ការចាក់​វ៉ាក់សាំង Sinovac បង្ការ​វីរុស​Covid-19 ដូ​ស​ទីមួយ​របស់​ខណ្ឌ​ច្បារអំពៅ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី7 ខែមិថុនា ឆ្នាំ2021 ក្រោយពី​បាន​ផ្ដើម​ចាក់​ជូន​ពលរដ្ឋ ចាប់ពី​ថ្ងៃទី25 ខែឧសភា ឆ្នាំ2021។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ដែលមាន​ដូចខាងក្រោម៖

    ប្រភព​៖ សាលាខណ្ឌ​ច្បារ​អំពៅ
    ដកស្រង់​៖ បុត្រា

  • ឯកឧត្ដម ត្រាំ អ៊ី​វ​តឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​ទទួលមរណភាព!

    ឯកឧត្ដម ត្រាំ អ៊ី​វ​តឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​ទទួលមរណភាព!

    ឯកឧត្ដម ត្រាំ អ៊ីវ​​តឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​ទទួលមរណភាព​ហើយ នៅ​រសៀល​ថ្ងៃទី1 ខែមិថុនា ឆ្នាំ​2021​។ នេះ​យោងតាម​គណនី Facebook របស់​ លោកស្រី តឹក អមរា ជា​កូនបង្កើតរបស់​ ឯកឧត្តម ត្រាំ អ៊ីវតឹក។

    ឯកឧត្ដម ទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវ​តឹក គឺជា​ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​អតីត​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍៕

    ប្រភព៖ ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក

  • រូបមន្ត​គណនា ដើម្បី​ឱ្យដឹងថា តើ​កូន​ខ្ពស់​ប៉ុនណា​នាពេល​អនាគត?

    រូបមន្ត​គណនា ដើម្បី​ឱ្យដឹងថា តើ​កូន​ខ្ពស់​ប៉ុនណា​នាពេល​អនាគត?

    តើ​ដឹង​ឬទេ​ថា លោកអ្នក អាច​គណនា​កម្ពស់​រប​ស់​កូន នាពេល​អនាគត​បាន តាំងពី​ពេល​គេ​នៅ​ក្មេង​ម្ល៉េះ ដោយ​ប្រើ​រូបមន្ត​ការ​គណនា ដែល​គេ​នាំគ្នា​ធ្វើ​តាំងពី​យូរហើយ តាំងពី​ឆ្នាំ1970 មក និង​ថែមទាំង​បានទទួល​ការបោះពុម្ព ផ្សព្វផ្សាយ​នៅក្នុង​សារព័ត៌មាន ឌឹ នី​វ​យ៉​ក ថា​ម​ស៍ ទៀតផង​ថា រូបមន្ត​ដែល​ប្រើ​សម្រាប់​គណនា​នេះ មាន​ភាពត្រឹមត្រូវ និង​ច្បាស់លាស់​បំផុត។ វិធី​ការប៉ាន់ប្រមាណ​កម្ពស់​រាងកាយ​របស់​កូន នាពេល​អនាគត មាន​ដូចតទៅ៖

    • ការ​គណនា​កម្ពស់ របស់​ក្មេងប្រុស​នាពេល​អនាគត

    ចូរ​យក​កម្ពស់​របស់​ឪពុក និង​ម្តាយ មក​បូក​ចូលគ្នា និង​បូក​ថែម 13សង់ទីម៉ែត្រ​ទៀត បន្ទាប់មក យកទៅ​ចែក​នឹង 2។

    ឧទាហរណ៍៖  ឪពុក​កម្ពស់ 1,75ម៉ែត្រ  ម្តាយ​កម្ពស់ 1,65ម៉ែត្រ បូក​ចូលគ្នា​នឹង​បាន 175 + 165 + 13 = 353 យក​ផលបូក​នេះ ទៅ​ចែក​នឹង 2 យើង​នឹង​ឃើញ​ផលចែក 176,5 ដូច្នេះ​លទ្ធផល​ដែល​ទទួលបាន​នេះ គឺជា​ប្រវែង​កម្ពស់​របស់​កូនប្រុស នាពេល​អនាគត។

    • ការ​គណនា​កម្ពស់ របស់​ក្មេងស្រី​នាពេល​អនាគត

    ចូរ​យក​កម្ពស់​របស់​ឪពុក និង​ម្តាយ មក​បូក​ចូលគ្នា ហើយ​ដក 13សង់ទីម៉ែត្រ បន្ទាប់មក យកទៅ​ចែក​នឹង 2។

    ឧទាហរណ៍ ឪពុក​កម្ពស់ 1,75ម៉ែត្រ  ម្តាយ​កម្ពស់ 1,65ម៉ែត្រ បូក​ចូលគ្នា​នឹង​បាន 175 + 165 – 13 = 327 រួច​យក​ផលបូក​នេះ ទៅ​ចែក​នឹង2 យើង​នឹង​ឃើញ​ផលចែក 163,5 ដូច្នេះ​លទ្ធផល​ដែល​ទទួលបាន​នេះ គឺជា​ប្រវែង​កម្ពស់​របស់​កូនស្រី នាពេល​អនាគត។

    ការប៉ាន់ប្រមាណ​កម្ពស់​របស់​កូន​ខាងលើនេះ គឺ​កុមារ​ត្រូវតែ​បានទទួល​ភោជនាហារ​ដែល​ល្អ និង​ការហាត់​ប្រាណ ដែល​ល្មម​សមរម្យ នោះ​មានន័យថា ក្រៅពី​ហ្ស៊ែ​ន ឬ​ពូជ​របស់​ឪពុកម្តាយ​ហើយ បរិស្ថាន​ជុំវិញ ក៏មាន​ភាព​សំខាន់​ចំពោះ​កម្ពស់​របស់​កុមា​រដែរ។ យើង​អាច​សង្កេត​បាន តាមរយៈ​ក្មេង​ដែល​ខ្វះ​សារធាតុ​អាហារ និង​មាន​សុខភាព​មិនល្អ​តាំងពី​តូច នឹង​ហុច​ផល​ធ្វើឱ្យ​ក្មេង​មាន​រូបរាងកាយ​តូច​ល្អិត និង​ធ្វើឱ្យ​កម្ពស់ មិន​វិ​វ​ឌ្ឍ​ទៅតាម​វ័យ​ទៀតផង៕

  • បែកធ្លាយ​ព័ត៌មាន​ស្ដីពី «អ្នកជំងឺ​ទី 0» ដែល​ឆ្លង COVID-19 ដំបូង​គេ​ក្នុង​ពិភពលោក

    បែកធ្លាយ​ព័ត៌មាន​ស្ដីពី «អ្នកជំងឺ​ទី 0» ដែល​ឆ្លង COVID-19 ដំបូង​គេ​ក្នុង​ពិភពលោក

    មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​ប្រទេស​ចិន ប្រហែលជា​បាន​បង្ហើប​ឱ្យដឹង​អំពី​ឈ្មោះ អាសយដ្ឋាន និង​ព័ត៌មាន​លម្អិត ទាក់ទង​នឹង​មនុស្ស​ម្នាក់ ក្នុងចំណោម​មនុស្សដំបូងៗ ដែល​បាន​ឆ្លង​វីរុស​Covid-19 នៅ​ទីក្រុង Wuhan រយៈពេល 3ខែ មុនពេល​អាជ្ញាធរ​ប្រទេស​នេះ ប្រកាស​អំពី​ករណី​ឆ្លង​វីរុស​Covid-19 ដំបូង​គេ​បង្អស់។

    យោងតាម​សារព័ត៌មាន Daily Mail (អង់គ្លេស) កំហុសឆ្គង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ បាន​បង្ហើប​ឱ្យដឹង​នៅក្នុង​រូបភាព​ថត​អេក្រង់ ដែល​ត្រូវបាន​ផ្ញើ​ទៅកាន់​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ​ចិន។ រូបភាព​នេះ បានបង្ហាញ​អំពី​ស្ត្រី​ម្នាក់ មាន​វ័យ 61ឆ្នាំ ដែល​ត្រូវបាន​គេ​ហៅថា «អ្នកជំងឺ Su» មាន​ទីលំនៅ​ដែលមាន​ចម្ងាយ​ប្រមាណ ប្រមាណ 1.6គីឡូម៉ែត្រ ពី​ទីតាំង​ស្រាវជ្រាវ​វីរុស​សំខាន់​មួយ​របស់​ទីក្រុង Wuhan។

    ស្ត្រី​នេះ​ក៏​រស់នៅ​ក្បែរ​ចំណត​រថភ្លើង តាម​បណ្ដោយ​ផ្លូវដែក​ល្បឿន​លឿន ដែលជា​ផ្លូវ​ដ៏​មាន​ឥទ្ធិពល​ក្នុងការ​ចម្លង​វីរុស​ដល់ទី​ក្រុង​ដែលមាន​ប្រជាជន​ជាង 11លាន​នាក់​នេះ​ផងដែរ។

    ការរកឃើញ​ថ្មី​បំផុត​នេះ ត្រូវបាន​បង្ហើប​ឱ្យដឹង តាមរយៈ​កិច្ច​សម្ភាស​មួយ​របស់​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ ជាមួយនឹង​អ្នកវិទ្យា​សាស្ត្រ​ដែល​ទទួលខុសត្រូវ​ក្នុងការ​ប្រមូល​ទិន្នន័យ​ផ្លូវការ​របស់​ប្រទេស​ចិន ទាក់ទង​នឹង​អ្នកជំងឺ។

    នៅក្នុង​កិច្ច​សម្ភាស​ជាមួយនឹង Health Times លោក Yu Chuanhua សាស្ត្រាចារ្យ​ផ្នែក​ស្ថិតិ​ជីវសាស្ត្រ​ប្រចាំ​សាកលវិទ្យាល័យ Wuhan ឱ្យដឹងថា មាន 47,000ករណី នៅក្នុង​ទិន្នន័យ​ជាតិ ត្រូវបាន​បញ្ជាក់ និង​សង្ស័យថា បាន​ឆ្លង Covid-19 គិត​ត្រឹម​ចុងខែ​កុម្ភៈ ឆ្នាំ2020។ ក្នុងចំណោម​នោះ មាន​ករណី​ស្លាប់ 1នាក់ កាលពី​ចុងខែ​កញ្ញា ឆ្នាំ2019។

    លោក Yu Chuanhua និយាយថា៖ «មាន​ទិន្នន័យ​ស្ដីពី​អ្នកជំងឺ​ម្នាក់ ដែល​បាន​ឈឺ​កាលពី​ថ្ងៃទី29 ខែកញ្ញា (2019)។ ទិន្នន័យ​បង្ហាញថា អ្នកជំងឺ​នេះ​មិនត្រូវ​បាន​គេ​ធ្វើតេស្ត nucleic និង​ធ្វើ​រោគវិនិច្ឆ័យ។ នេះ ទំនងជា​ករណី​ឆ្លង Covid-19។ អ្នកជំងឺ​នេះ បាន​បាត់​បង់ជីវិត។ ទិន្នន័យ​នេះ​ក៏​មិនទាន់​ត្រូវបាន​ផ្ទៀងផ្ទាត់​នៅឡើយ»។

    ទិន្នន័យ​ក៏​បង្ហាញ​អំពី​ករណី​សង្ស័យ​ឆ្លង Covid-19 ចំនួន 2នាក់ ផ្សេងទៀត ដែល​ត្រូវបាន​រាយការណ៍​ដល់​ក្រុម​វេជ្ជបណ្ឌិត នៅ Wuhan កាលពី​ថ្ងៃទី14 និង 21 ខែវិច្ឆិកា ឆ្នាំ2019 រួមជាមួយ​នឹង​ករណី​មួយចំនួនទៀត មុន​ថ្ងៃទី8 ខែធ្នូ 2019 ជា​ពេលដែល​ចិន រាយការណ៍​ទៅកាន់​អង្គការ​សុខភាព​ពិភពលោក អំពី​ពី​ករណី​ឆ្លង​ជំងឺ​Covid-19 ដំបូង។

    អត្ថបទ​របស់ Health Times ដែល​បានបង្ហាញ​អំពី​រូបភាព​ថត​អេក្រង់​ព័ត៌មាន​របស់​អ្នកជំងឺ Covid-19 2ករណី​ដំបូង នៅក្នុង​ខែវិច្ឆិកា ឆ្នាំ2019 ដែល​បានមកពី​មូលដ្ឋាន​ទិន្នន័យ​របស់​សាស្ត្រាចារ្យ Yu Chuanhua បើ​ទោះ​ត្រូវបាន​ធ្វើឱ្យ​ស្រអាប់ ប៉ុន្តែ នៅតែ​មើលឃើញ​ព័ត៌មានខ្លះៗ រួមទាំង​ឈ្មោះ​មន្ទីរពេទ្យ និង​អាសយដ្ឋាន​របស់​អ្នកជំងឺ​ផងដែរ។

    ព័ត៌មាន​បង្ហាញថា អ្នកជំងឺ Su បានទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ Rongjun នាទី​ក្រុង Wuhan។ ចំណែក​អាសយដ្ឋាន​ទីលំនៅ និង​មន្ទីរពេទ្យ​របស់​អ្នកជំងឺ​នេះ​គឺ សុទ្ធតែ​ស្ថិតក្នុង​ខណ្ឌ Hongshan នៃ​ទីក្រុង Wuhan ជា​កន្លែង​ដែលមាន​បន្ទប់ពិសោធន៍​ជាច្រើន ដែល​ស្រាវជ្រាវ​អំពី​វីរុស SARS-CoV-2 ទាក់ទង​នឹង​សត្វ​ប្រចៀវ។

    តំបន់​មន្ទីរពិសោធន៍​ផ្នែក​វីរុសសាស្ត្រ​ នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​

    តំបន់​ដែល​អ្នកជំងឺ Su រស់នៅ និង​ព្យាបាល មាន​ចម្ងាយ​ជាង 20គីឡូម៉ែត្រ ពី​ផ្សា​របោះ​ដុំ​គ្រឿង​សមុទ្រ Huanan (Huanan Seafood Wholesale Market) ជា​កន្លែង​ដែល​ទីក្រុង​ប៉េកាំង​ចាត់ទុកថា​ជា ប្រភព​ចម្លង Covid-19 ដំបូង​គេ។ អ្នកជំងឺ​ទី​ពីរ ដែល​ត្រូវបាន​រកឃើញ​ឆ្លង​វីរុស​ក្នុង​ខែវិច្ឆិកា ឆ្នាំ2019 គឺជា​បុរស​វ័យ 62ឆ្នាំ ឈ្មោះ Wang ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ Hanyang។

    យ៉ាងនេះ​ក្ដី សាស្ត្រាចារ្យ Yu Chuanhua បានស្នើ​ឱ្យ​ដក​អត្ថបទ​ដែល​បាន​ចុះផ្សាយ​នៅលើ​ទំព័រ​ទស្សនាវដ្ដី ដោយ​បញ្ជាក់ថា ពេលវេលា​ដែល​បាន​សរសេរ​ក្នុង​អត្ថបទ មាន​កំហុសឆ្គង ហើយ​ករណី​សង្ស័យ​ផ្សេងទៀត នៅមុន​ថ្ងៃទី8 ខែធ្នូ ឆ្នាំ2019 ត្រូវការ​ផ្ទៀងផ្ទាត់​បន្ថែ​ម។

    សេចក្ដីលម្អិត ត្រូវបាន​រកឃើញ​ដោយ Gilles Demaneuf សមាជិក​ម្នាក់​របស់​ក្រុម​សកម្មជន​ឌីជីថល Drastic ដែល​បាន​រកឃើញ​ការពិតជា​ច្រើន​ដែល​ត្រូវបាន​ចាត់ទុកថា ផ្ទុយទៅនឹង​សម្មតិកម្ម​របស់​រដ្ឋាភិបាល​ចិន ដែលថា Covid-19 ជា​ជំងឺឆ្លង​ពីស​ត្វ។

    ក៏ប៉ុន្តែ ចិន បាន​ទាត់ចោល​ព័ត៌មាន​ខាងលើ​ទាំងស្រុង ដោយ​អះអាង​ទៅតាម​ក្រុម​ស្រាវជ្រាវ​របស់ WHO ដែល​បាន​សន្និដ្ឋានថា លទ្ធភាព​ដែល​វីរុស លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍ គឺ​ពិតជា «ពិបាក​កើតឡើង»៕

    ប្រភព៖ Daily Mail
    ប្រែសម្រួល​៖ បុត្រា

  • តួលេខ COVID-19 នៅ កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021

    តួលេខ COVID-19 នៅ កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021

    រហូតមកដល់​ព្រឹក​ថ្ងៃទី1 ខែមិថុនា​នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន ជាង 30,700​នាក់ ខណៈ​ពិភពលោក រកឃើញ​ជាង 171,468,000នាក់។

    នៅ កម្ពុជា ក្នុងអំឡុង​ថ្ងៃទី31 ខែឧសភា ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន 616នាក់ និង​ករណី​​ស្លាប់​ថ្មី​ចំនួន 6នាក់ ធ្វើឱ្យ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប ឡើងដល់ 30,710នាក់ និង​ស្លាប់​សរុប​ចំនួន 220នាក់។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល ដែល​មាននៅ​ខាងក្រោម។

    គិត​មកដល់​បច្ចុប្បន្ន នៅ​ទូទាំង​សកលលោក មាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 171,468,758នាក់ ក្នុងនោះ​​មាន​អ្នកស្លាប់ 3,565,021នាក់ និង​ជា​ចំនួន 153,766,652នាក់ ខណៈ​អ្នកជំងឺ 14,137,085នាក់ កំពុង​ទទួល​ការព្យាបាល។

  • WHO ដាក់ឈ្មោះ​បែប​ថ្មី ឱ្យ​បណ្ដា​វីរុស​COVID-19 ដែល​បាន​​ក្លាយ​ពូជ​ថ្មី

    WHO ដាក់ឈ្មោះ​បែប​ថ្មី ឱ្យ​បណ្ដា​វីរុស​COVID-19 ដែល​បាន​​ក្លាយ​ពូជ​ថ្មី

    អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​ដាក់ឈ្មោះ​ឱ្យ​បណ្ដា​វីរុស Covid-19 ក្លាយ​ពូជ​ថ្មី ទៅតាម​អក្ខរក្រម​ភាសា​ក្រិ​ក ជំនួស​ឱ្យ​ការហៅ​ឈ្មោះ​ទៅតាម​ទីកន្លែង​ដែល​ពួកវា​បង្ហាញ​វត្តមាន​ជា​លើកដំបូង។

    ពិភពលោក​ទាំងមូល គិត​មកដល់​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន​ 171,464,349​នាក់​ ក្នុងនោះ​មាន​អ្នកស្លាប់​ 3,564,976​នាក់​, អ្នកជា​សះស្បើយ​ចំនួន ​153,743,106​នាក់​ និង​​អ្នក​កំពុង​សម្រាក​ព្យាបាល​សរុប​ចំនួន​ 14,156,267​នាក់​។ នេះ​បើតាម​ទំព័​រ័​រ Worldometers។

    អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី31 ខែឧសភា បានប្រកាស​អំពី​វិធី​ដាក់ឈ្មោះ​ថ្មី សម្រាប់​បណ្ដា​វីរុស​Covid-19 ដែល​បាន​បំប្លែង​ខ្លួន ដោយ​ការប្រើប្រាស់​អក្ខរក្រម​របស់​ភាសា​ក្រិ​ក ជំនួស​ឱ្យ​ការហៅ​ទៅតាម​ទីតាំង​ដែល​ពួកវា​បានបង្ហាញ​វត្តមាន​ដំបូង។ «មិនមាន​ប្រទេស​ណាមួយ ដែល​ត្រូវ​រង​ការរើសអើង ដោយសារតែ​បាន​រកឃើញ និង​រាយការណ៍​អំពី​វីរុស​ក្លាយ​ពូជ​ថ្មី​នោះឡើយ» Maria Van Kerkhove ប្រធាន​ក្រុម​អ្នកបច្ចេកទេស​របស់ WHO ទទួលបន្ទុក Covid-19 បាន​បង្ហោះ​សារ​ដូច្នេះ​នៅលើ​ទំព័រ Twitters។

    យោង​តាមរបៀប​ដាក់ឈ្មោះ​ថ្មី វីរុស​ក្លាយ​ពូជ​ថ្មី ឬ​បំប្លែង​ខ្លួន ដែល​កើត​មាននៅ​ប្រទេស​អង់គ្លេស (B.1.1.7) ត្រូវបាន​ហៅថា «Alpha», Covid-19 បំប្លែង​ខ្លួន​ថ្មី​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង (B.1.351) ត្រូវ​ហៅថា «Beta», Covid-19 ក្លាយ​ពូជ​ថ្មី​នៅ ប្រេ​ស៊ី​វីរុស (P1) ត្រូវ​ហៅថា «Gamma»,

    B.1.617.2 នៅ ឥណ្ឌា ហៅថា «Delta»។ ចំណែក​បណ្ដា​វីរុស​Covid-19 ក្លាយ​ពូជ​ថ្មី​ដែល​គួរឱ្យ​យកចិត្តទុកដាក់​ផ្សេងទៀត នឹងត្រូវ​បានដាក់​ឈ្មោះ​ចាប់ពី «Epsilon» រហូតដល់ «Kappa»។

    ក្រុមប្រឹក្សា​ជំនាញ​របស់ WHO បានឱ្យដឹងថា វី​ធី​សាស្ត្រ​ដាក់ឈ្មោះ​តាមបែប​ថ្មី​នេះ មាន​ភាពងាយស្រួល​ក្នុង​ការ​ហៅ និង​ជាក់ស្ដែង​ជាង សម្រាប់​អ្នក​ដែល​មិន​ធ្វើការ​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ។ WHO បាន​បញ្ជាក់ថា វិធី​ដាក់ឈ្មោះ​​បែប​ថ្មី​នេះ ក៏​មិន​ជំនួស​ឱ្យឈ្មោះ​ដែល​ដាក់​តាមបែប​វិទ្យាសាស្ត្រ​នោះឡើយ និង​បានឱ្យដឹងថា ឈ្មោះ​តាមបែប​វិទ្យាសាស្ត្រ «នឹង​នៅតែ​បន្ត​ប្រើប្រាស់​នៅក្នុង​កិច្ចការ​សិក្សា​ស្រាវជ្រាវ​ដដែល»។

    នៅក្នុង​ពិធី​បិទ​សន្និបាត​នៃ​ក្រុមប្រឹក្សា​សុខភាព​ពិភពលោក លើក​ទី74 កាលពី​ថ្ងៃទី31 ខែឧសភា ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវធ្វើ ដើម្បី​បញ្ចប់​មហា​រោគរាតត្បាត Covid-19 ព្រមទាំង​បាន​ព្រមាន​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ។

    «យើង​មាន​អារម្មណ៍​ថា ត្រូវបាន​លើកទឹកចិត្ត នៅពេលដែល​ករណី​ឆ្លង និង​ស្លាប់​ថ្មី លើ​ពិភពលោក បន្ត​ថយចុះ ប៉ុន្តែ នឹង​ជា​រឿង​ខុសឆ្គង​ធំ បើសិន​ប្រទេស​ណាមួយ គិតថា គ្រោះអាសន្ន​បាន​កន្លងផុត​ទៅហើយ» លោក Tedros បាន​ថ្លែង​ដូច្នេះ៕

    ប្រភព​៖ CNN, Worldometers
    ប្រែសម្រួល​៖ បុត្រា

  • អគ្គនាយកដ្ឋាន​ពន្ធដា​រ ៖ ការប្រមូល​ពន្ធ​លើ​យានយន្ត​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ2021 នឹងត្រូវ​ចាប់ផ្ដើម​ពី​ខែមិថុនា​នេះ

    អគ្គនាយកដ្ឋាន​ពន្ធដា​រ ៖ ការប្រមូល​ពន្ធ​លើ​យានយន្ត​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ2021 នឹងត្រូវ​ចាប់ផ្ដើម​ពី​ខែមិថុនា​នេះ

    អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ជូនដំណឹង​ជា​សាធារណៈ ស្ដីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ2021 ដោយ​ចាប់ផ្ដើម​អនុវត្ត ពីថ្ងៃ​ទី1 ខែមិថុនា​នេះ រហូតដល់​ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2021។

    សេចក្ដីជូនដំណឹង ក៏បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី1 ខែមករា ឆ្នាំ2022 អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ពិន័យ​លើ​ម្ចាស់​យានយន្ត​ទាំងឡាយណា ដែល​មិនទាន់​ប្រកាស​បង់ពន្ធ​ក្នុង​ឆ្នាំ2021។

    ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែលមាន​ដូចខាងក្រោម៖
    ប្រភព​៖ អគ្គនាយកដ្ឋានពន្ធដារ
    ដកស្រង់​៖ បុត្រា

  • រឿង​ដ៏​អស្ចារ្យ 6បែប ពាក់ព័ន្ធ​នឹង​ស្នេហា

    រឿង​ដ៏​អស្ចារ្យ 6បែប ពាក់ព័ន្ធ​នឹង​ស្នេហា

    1. បុរស ងាយ​មាន​ស្នេហា​ជាង​នារី៖ យើង​ច្រើន​តែមាន​អារម្មណ៍ និង​គិតថា នារីៗច្រើនតែ​ប្រញាប់​ចង់បាន​ស្នេហា​ណាស់ តែ​ការពិត​វិញ គឺបុរសៗទៅវិញ​ទេ ដែលមាន​ចរិត​និស្ស័យ​បែប​ហ្នឹង​ច្រើនជាង​នារី ដោយសារតែ “ខួរក្បាល​របស់​បុរស មាន​បំពាក់​ប្រព័ន្ធ​ប្រសាទ​ទាក់ទង​នឹង​ការមើលឃើញ​ច្រើនជាង​នារី” ដូច្នេះហើយ​ទើបកំលោះៗ ពេល​បានឃើញ​ក្រមុំ​ណា​ម្នាក់ ដែល​ធ្វើ​ឱ្យគេ​មាន​អារម្មណ៍​ជាមួយ​នោះ នឹងមាន​កម្លាំង​ថាមពល​ម្យ៉ាង​ទៅ​ជំរុញ​កន្លែង​ពិសេស​មួយ​របស់​ខួរក្បាល ដែល​មានតែ​ក្នុង​មនុស្ស​ភេទ​ប្រុស​ប៉ុណ្ណោះ។
    2. (សម្រាប់នារី) មនុស្ស​ប្រុស​ដែល​យើង​ត្រូវចិត្ត មិនមែន​មានតែ​ម្នាក់​គត់​នោះទេ៖ ដូច្នេះ បើសិន​នារី​ណា​ម្នាក់​គិតថា អ្នក​បានធ្វើឱ្យ​គូស្នេហ៍ របូត​ពី​ដៃ​ទៅហើយនោះ ចូរ​កុំទៅ​សោកស្តាយ​ធ្វើ​អី ព្រោះ​ពិភពលោក​នេះ ពោរពេញ​ទៅដោយ​មនុស្ស​ប្រុស ដែល​អាចធ្វើឱ្យ​យើង​ត្រូវ​ចិត្តបាន មាន​ច្រើនណាស់។ ចូរ​កុំភ្លេចថា “មូល​ហេតុដែល​ធ្វើឱ្យ​នារី​យើង​កើតទុក្ខ​ព្រោះ​រឿង​ស្នេហា ដោយសារតែ​មកពី​ពួកនាង​គិតថា នៅលើ​ពិភពលោក​នេះ មាន​បុរស​តែ​ម្នាក់​គត់ ដែល​ទេវតា​សាង​ឡើងមក​ដើម្បី​រូបនាង” តែ​ការពិត មិនមែន​ទេ…។
    3. ស្នេហា ពេលខ្លះ​នៅ​ឆ្ងាយ​ពីគ្នា​ម្ដងម្កាល ក៏​ល្អ​ដែរ៖ ខណៈពេលដែល​អ្នក​កំពុងតែ​ឈ្លក់​នឹង​ស្នេហា​យ៉ាង​ងប់​ង​ល់​នោះ រឿង​ដែល​អ្នក​តែង​ចង់​ធ្វើ​បំផុត​នោះ​គឺ នៅ​នែបនិត្យ យកចិត្តយកថ្លើម​គេ និង​ចង់​នៅ​តោង​ស្អិត ជាប់​ជិត​នឹង​គេ រហូត​ទាំងយប់​ទាំង​ថ្ងៃ តែ​ការពិត​វិញ “ការ​នៅ​ឆ្ងាយ​ពីគ្នា​ខ្លះ វា​នឹង​ធ្វើឱ្យ​សារធាតុ​គីមី​នៃ​ស្នេហា ដែលមាន​ដូចជា ដូ​ផា​មីន និង​ណូ​រេ​ហ្វ​ហ្វ៊ី​ន នៅក្នុង​ខួរក្បាល​យើង រីកសាយ​ភាយ​ឡើង​ច្រើន ធ្វើឱ្យ​យើង​កាន់តែ​ស្រឡាញ់គ្នា​ឡើង។
    4. ស្នេហា​បែប ឃើញ​ភ្លាម ស្រឡាញ់​ភ្លែត មាន​ពិតប្រាកដ​មែន៖ វា​ជា​រឿង​មួយ ដែល​អាចទៅរួច​ពិតមែន ក្នុង​ការដែល​យើង​នឹក​ចង់​ស្រឡាញ់​មនុស្ស​ម្នាក់ ដែល​យើង​ទើបតែ​មើលឃើញ​មួយ​ភ្លែត​ដំបូង…។ “ខាង​កាយ​សាស្ត្រ សត្វ​ត្រូវ​ស្វែងរក​គូ​ឱ្យបាន មុនពេល​រដូវ​បង្កាត់​ពូជ​ត្រូវ​បញ្ចប់​ទៅវិញ ដូច្នេះហើយ​ទើប​ការ​ត្រូវ​ភ្នែក ត្រូវចិត្ត​គ្នា​ដោយ​ក្ដី​ស្នេហា វា​កើតឡើង​យ៉ាង​ឆាប់រហ័ស​នោះ។ នៅពេលដែល​ខួរក្បាល​យើង​បញ្ជូន​ព័ត៌មាន​មក​បែប​ហ្នឹង យើង​ក៏​អាច​តបស្នង​ទៅ​ប្រព័ន្ធ​ជំរុញ​ការស្រឡាញ់ ធ្វើឱ្យ​ភាសា​កាយ និង​ភាព​ត្រូវរ៉ូវ​គ្នា កើនឡើង​យ៉ាង​ឆាប់រហ័ស។
    5. ស្នេហា មិនមែនជា​រឿង​របស់​អារម្មណ៍​ទេ៖ សេចក្តីស្នេហា បាន​ទៅ​ជំរុញ​ខួរក្បាល ផ្នែក​ដែលមាន​សម្ព័ន្ធ​ជាមួយនឹង​ការ​ទន្ទឹង​ចាំ និង​ឆ្ពោះទៅរក​កម្លាំង​បណ្តាល​ចិត្ត និង​កម្លាំង​រុញច្រាន ដែល​ផ្ទុ​ញ​គ្នា​ស្រឡះ​ពី​ខួរក្បាល​ផ្នែក​អារម្មណ៍ ដែលមាន​ដូចជា​សេចក្តីសុខ ឬ​ភាព​សោកសៅ ជាដើម​នោះ ។ ដូច្នេះ ពេលនេះ​យើង​បានដឹងហើយថា ហេតុអ្វី​បាន​យើង​ចេះតែ​រសាប់រសល់​ក្នុង​ចិត្ត​យ៉ាង​ចម្លែក ជាមួយ​មនុស្ស​ម្នាក់ ដែល​ធ្វើឱ្យ​ជីពចរ​របស់​យើង​លោត​ញាប់ ដោយសារតែ​ត្រូវចិត្ត​គេ​នោះ។
    6. ស្នេហា គឺជា​គ្រឿងញៀន៖ ពេល​យើង​មើល​រូបថត​អតីត​គូស្នេហ៍ ផ្នែក​មួយ​របស់​ខួរក្បាល ដែល​ពាក់ព័ន្ធ​នឹង​ការជក់​ចិត្ត​ដិតអារម្មណ៍ បានធ្វើការ​ខ្លាំង​ជាពិសេស​តែម្តង…អ័រម៉ូន​ដូ​ផា​មីន ត្រូវបាន​បញ្ចេញ​មក ហើយ​យើង​ក៏មាន​អារម្មណ៍​រំភើប ដួងចិត្ត​ញាប់​ញ័រ អណ្តែតអណ្តូង​យ៉ាងខ្លាំង ដូចគ្នា​នឹង​ការប្រើប្រាស់​ថ្នាំញៀន​ដែរ នោះ​ហើយ គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​យើង​នឹក​ស្រមើស្រមៃ ទៅដល់​គូស្នេហ៍​សំណព្វចិត្ត​របស់​យើង​នោះ៕