Author: សឿន សំណាង

  • រដ្ឋបាល​រាជធានី​ភ្នំពេញ ៖ ផ្សារ​រដ្ឋ​ទាំងអស់ ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ

    រដ្ឋបាល​រាជធានី​ភ្នំពេញ ៖ ផ្សារ​រដ្ឋ​ទាំងអស់ ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ

    នា​ថ្ងៃទី15 ខែមិថុនា ឆ្នាំ2021 នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីសម្រេច ស្តីពី ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​គ្រប់​អាជីវកម្ម ការលក់ដូរ ជា​ប្រក្រតី​ឡើងវិញ ក្នុង​ក្របខ័ណ្ឌ​ផ្សារ​រដ្ឋ​ទាំងអស់ សម្រាប់​ភូមិសាស្ត្រ​នៅ រាជធានី​ភ្នំពេញ។

    ខាងក្រោម​នេះ​គឺជា សេចក្តីសម្រេច លេខ 153/21 សសរ. ចុះ​ថ្ងៃទី14 ខែមិថុនា ឆ្នាំ2021 របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ៖
    ប្រភព​៖ រដ្ឋបាល​រាជធានីភ្នំពេញ
    ដកស្រង់​៖ បុត្រា

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី15 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី15 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី15 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន -​495​នាក់​, អ្នក​ជា​ចំនួន​ 604នាក់​ និង​អ្នកស្លាប់​ថ្មី​ចំនួន 13​​​នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី14​ ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 39,464​​នាក់ ក្នុងនោះ​មាន 361​នាក់​បាន​បាត់​បង់ជីវិត,33,571​នាក់​បានជា និង​ប្រមាណ​​ជា 5,600​​​​នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 177,033,919នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 161,226,410​​នាក់​​បានជា, 3,827,748​នាក់​បាន​ស្លាប់ និង 11,979,761​នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • រោគសញ្ញា​នៃ Covid-19 ប្រភេទ Delta (ឥណ្ឌា) អាច​ច្រឡំ​នឹង​ជំងឺ​ផ្ដាសាយ

    រោគសញ្ញា​នៃ Covid-19 ប្រភេទ Delta (ឥណ្ឌា) អាច​ច្រឡំ​នឹង​ជំងឺ​ផ្ដាសាយ

    ក្រុម​អ្នកស្រាវជ្រាវ​នៅ​ប្រទេស អង់គ្លេស បាន​ព្រមាន​ថា អ្នក​ដែល​បាន​ឆ្លង​វីរុស​Covid-19 បំប្លែង​ខ្លួន​ប្រភេទ SARS-CoV-2 Delta (B.1.617) ដែល​រកឃើញ​ដំបូង​នៅ​ប្រទេស ឥណ្ឌា អាចធ្វើ​ឱ្យគេ​ច្រឡំ​នឹង​រោគសញ្ញា​នៃ​ជំងឺ​គ្រុនផ្ដាសាយ។

    សារព័ត៌មាន​របស់ អង់គ្លេស Guardian បានចេញ​ផ្សាយ​ថា ការឈឺ​ក្បាល ក្រហាយ​បំពង់ក និង​ហៀរ​សម្បោរ គឺជា​រោគសញ្ញា​ដែល​គេ​ជួបប្រទះ​ច្រើន​បំផុត ទាក់ទង​នឹង​វីរុស​ក្លាយ​ពូជ​ថ្មី​ប្រភេទ Delta។

    សាស្ត្រាចារ្យ Tim Spector មកពី​សាកលវិទ្យាល័យ King’s College London ដែលជា​ប្រធាន​ក្រុម​ស្រាវជ្រាវ បានឱ្យដឹងថា យោងទៅតាម​ទិន្នន័យ​ប្រមូលបាន អ្នក​ដែល​បាន​ឆ្លង Covid-19 ប្រភេទ Delta នឹងមាន​អារម្មណ៍​ថា ដូច​កំពុងមាន​ជំងឺ​ផ្ដាសាយ។

    «គ្រប់គ្នា​គិតថា ខ្លួនគេ​គ្រាន់តែ​ផ្ដាសាយ​តាម​រដូវ ដូច្នេះ ពួកគេ​នៅតែ​ទៅ​ជប់លៀង។ ប្រការនេះ​នឹង​នាំឱ្យមាន​បញ្ហា​ច្រើន។ អាការ​ចម្បង​ជាងគេ​បង្អស់ នោះ​គឺ ឈឺក្បាល បន្ទាប់មក​គឺ​ក្រហាយ​បំពង់ក ក្រោយមកទៀត​គឺ ហៀរ​សម្បោរ និង​ក្ដៅខ្លួន» សាស្ត្រាចារ្យ Tim Spector បន្ថែម។

    សាស្ត្រាចារ្យ Tim Spector ផ្ដល់យោបល់​ថា៖ «បើសិនជា អ្នក​នៅ​ក្មេង និង​មាន​រោគសញ្ញា​ស្រាល ដូចជា​ផ្ដាសាយ ល្អ​បំផុត​គឺ​គួរតែ​នៅផ្ទះ និង​ធ្វើតេស្ត Covid-19»។

    យោងតាម​ក្រសួងសុខាភិបាល អង់គ្លេស (NHS) រោគសញ្ញាសំខាន់ៗរបស់ Covid-19 គឺ ក្ដៅខ្លួន ក្អក និង​បាត់បង់​រសជាតិ។ ចំណែក​សាស្ត្រាចារ្យ Spector និយាយថា នៅពេល​ឆ្លង Delta អាការ​បាត់បង់​រសជាតិ មិន​ស្ថិតក្នុង​ក្រុម​រោគសញ្ញា​ចម្បង​ទាំង10 របស់​អ្នកជំងឺ​នោះឡើយ។

    ទិន្នន័យ​របស់ អង់គ្លេស និយាយថា វីរុស​បំប្លែង​ខ្លួន Delta (B.1.617) ដែល​រកឃើញ​ដំបូង​នៅ ឥណ្ឌា ធ្វើឱ្យ​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ​ក្នុង​អត្រា​ខ្ពស់ជាង​ច្រើន បើ​ធៀប​នឹង​វីរុស​បំប្លែង​ខ្លួន Alpha (B.1.1.7) ដែល​ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅ​ប្រទេស អង់គ្លេស។

    សារព័ត៌មាន Guardian កាលពី​ថ្ងៃទី14 ខែមិថុនា បាន​រាយការណ៍​ថា Covid-19 ប្រភេទ Delta បច្ចុប្បន្ន បាន​ឆ្លង​​រាល​ដាល​​ដល់​​ប្រទេស​​ចំនួន 74 ក្នុង​ពិភពលោក៕

    ប្រភព​៖ Guardian
    ប្រែសម្រួល​៖ បុត្រា

  • ធ្លាក់​យន្តហោះ 3គ្រឿង នៅ​ប្រទេស ស្វី​ស និង អាមេរិក! មនុស្ស​ច្រើន​នាក់​បាន​ស្លាប់

    ធ្លាក់​យន្តហោះ 3គ្រឿង នៅ​ប្រទេស ស្វី​ស និង អាមេរិក! មនុស្ស​ច្រើន​នាក់​បាន​ស្លាប់

    កាលពី​ថ្ងៃទី14 ខែមិថុនា ប៉ូលិស​ក្នុងស្រុក​បានឱ្យដឹងថា មនុស្ស​ចំនួន 5នាក់ បាន​ស្លាប់ នៅក្នុង​ករណី​ធ្លាក់​យន្តហោះ​ធុន​តូច 1គ្រឿង និង​ឧបករណ៍​ហោះហើរ​ប្រភេទ glider 1គ្រឿង នៅ​ជួរ​ភ្នំ Alps របស់​ប្រទេស​ស្វី​ស កាលពី​ចុង​សប្ដាហ៍​កន្លង។ ប៉ូលិស​កំពុង​ស្រាវជ្រាវ​ដើម្បី​ឱ្យដឹងថា តើ​ករណី​គ្រោះថ្នាក់​ទាំងពីរ​នេះ មាន​ជាប់​ទាក់ទិន​នឹង​គ្នា​ដែរ ឬ​អត់។

    យន្តហោះ​ធុន​តូច 1គ្រឿង ដែលមាន​អ្នកជិះ​ចំនួន 4នាក់ រួមមាន​ទាំង​កុមារ​ម្នាក់​ផង បាន​ធ្លាក់​នៅលើ​ភ្នំ Piz Neir នៅ​ភាគ​ខាងកើត​ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី12 ខែមិថុនា បណ្ដាលឱ្យ​មនុស្ស​ទាំងអស់ ត្រូវ​បាត់បង់​ជីវិត។ សមត្ថកិច្ច​បាន​រកឃើញ​បំណែក​យន្តហោះ​ខាងលើ​កាលពី​ថ្ងៃទី13 ខែមិថុនា នៅពេល​កំពុង​ស្វែងរក​យន្តហោះ​ប្រភេទ​កំសាន្ត (glider) ដែល​បាន​ធ្លាក់​ក្នុង​ថ្ងៃ​ជាមួយគ្នា បណ្ដាលឱ្យ​អ្នកបើកបរ​ម្នាក់ បាត់បង់​ជីវិត។

    យន្ត​ហោះ​ដែល​ធ្លាក់​នៅ​ អាមេរិក​

    យន្តហោះ​ប្រភេទ​កំសាន្ត​ខាងលើ បាន​ធ្លាក់​នៅក្បែរ​ទីតាំង​ដែល​គេ​រកឃើញ​បំណែក​យន្តហោះ​ធុន​តូច ប្រមាណ 1គីឡូម៉ែត្រ នៅលើ​កម្ពស់ 2,700ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ។

    យន្ត​ហោះ​ប្រភេទ​កំសាន្ត​ (glider) ធ្លាក់​នៅ​ប្រទេស​ ស្វីស

    ដោយឡែក នៅ សហរដ្ឋអាមេរិក ក៏មាន​ករណី​ធ្លាក់​យន្តហោះ​ធុន​តូច 1គ្រឿង​ដែរ នៅក្នុង​រដ្ឋ Texas កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី14 ខែមិថុនា (ម៉ោង​ក្នុងស្រុក) នាំឱ្យ​មនុស្សម្នា​ក់បាន​ស្លាប់ និង 5នាក់​ផ្សេងទៀត រងរបួស។

    កូន​យន្ត​ហោះ​ ដែល​ធ្លាក់​នៅ​ប្រទេស​ ស្វីស

    ក្រុមមន្ត្រី​បានឱ្យដឹងថា យន្តហោះ​នេះ​បាន​ធ្លាក់​នៅពេល​កំពុង​ព្យាបាល​ចុះចត​នៅឯ​ព្រលានយន្តហោះ Madisonville កាលពី​វេលា​ម៉ោង 1 ទៀបភ្លឺ នៃ​ថ្ងៃទី14 ខែមិថុនា។ អ្នកស្លាប់​នៅក្នុង​ករណីនេះ គឺជា អ្នកបើកបរ ចំណែក​មនុស្ស 5នាក់​ទៀត ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ៕

    ប្រភព​៖ Xinhuanet, ABC13, Switzerland.in-24
    ប្រែសម្រួល​៖ បុត្រា

  • (វីដេអូ)-ផ្ទុះ​ឆេះ​រោងចក្រ​ដ៏​ធំ​មួយ​នៅ សហរដ្ឋអាមេរិក! ពលរដ្ឋ​នៅ​ជុំវិញ​រោងចក្រ ត្រូវ​ជម្លៀស​ខ្លួន​ដោយ​បង្ខំ

    (វីដេអូ)-ផ្ទុះ​ឆេះ​រោងចក្រ​ដ៏​ធំ​មួយ​នៅ សហរដ្ឋអាមេរិក! ពលរដ្ឋ​នៅ​ជុំវិញ​រោងចក្រ ត្រូវ​ជម្លៀស​ខ្លួន​ដោយ​បង្ខំ

    ប្រភពព័ត៌មាន​ពី សហរដ្ឋអាមេរិក នៅវេលា​ទៀបភ្លឺ ថ្ងៃទី15 ខែមិថុនា (ថ្ងៃទី14 ខែមិថុនា នៅ​អាមេរិក) បានឱ្យដឹងថា មាន​ករណី​ផ្ទុះ​រោងចក្រ​គីមី​ដ៏​ធំ​មួយ​នៅក្នុង​រដ្ឋ Illinois ដែល​ស្ថិតនៅក្នុង​តំបន់ Midwest នៃ សហរដ្ឋអាមេរិក។

    ករណី​ផ្ទុះ បានធ្វើ​ឱ្យមាន​អគ្គិភ័យ​យ៉ាង​ធំ នៅក្នុង​រោងចក្រ​គីមី របស់​ក្រុមហ៊ុន Chemtool Incorporated ចាប់ពី​ម៉ោង 7ព្រឹក ថ្ងៃទី14 ខែមិថុនា (ម៉ោង​ក្នុងស្រុក)។

    រោងចក្រ​នេះ​ស្ថិត​នៅក្បែរ​ដងផ្លូវ Prairie Hill ក្នុង​តំបន់ Rockton ស្រុក Winnebago នៃ​រដ្ឋ Illinois។ រោងចក្រ​នេះ មាន​ជំនាញ​ខាង​ផលិត​ប្រេងម៉ាស៊ីន ប្រេងម៉ាស៊ូត ដែល​នាំចេញ​ទៅកាន់​ពិភពលោក។

    កងកម្លាំង​ប្រតិកម្ម​រហ័ស និង​ក្រុម​អ្នក​ជួយសង្គ្រោះ​បន្ទាន់ បាន​ទៅដល់​កន្លែងកើតហេតុ។ ក្រុមមន្ត្រី​ក្នុង​តំបន់ កំពុង​ជម្លៀស​ដោយ​បង្ខំ ចំពោះ​ពលរដ្ឋ​ដែលមាន​ទីលំនៅ នៅ​ជុំវិញ​រោងចក្រ នៅពេល​អគ្គិភ័យ​ឆាប់ឆេះ និង​មាន​ផ្សែ​ខ្មៅ​ខ្មួលខ្មាញ់។

    បច្ចុប្បន្ន មិនទាន់មាន​សេចក្ដីរាយការណ៍​អំពី​ការខូចខាត ក៏ដូចជា​ការបាត់បង់​ជីវិត​នៅក្នុង​ហេតុការណ៍​នេះ​នៅឡើយ ប៉ុន្តែ សារព័ត៌មាន​ក្នុងស្រុក WTVO បានឱ្យដឹងថា កម្មករ​រោងចក្រ​យ៉ាងតិច 70នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​ទី​សុវត្ថិភាព៕

    NBC News, AP

  • បុរស​មាន​ប្រព័ន្ធ​ច្រើនជាងគេ​ក្នុង​ពិភពលោក ទទួលមរណភាព!

    បុរស​មាន​ប្រព័ន្ធ​ច្រើនជាងគេ​ក្នុង​ពិភពលោក ទទួលមរណភាព!

    ឥណ្ឌា៖ Ziona Chana ដែលជា​ស្វាមី​របស់​ស្ត្រី​ចំនួន 38នាក់ និង​ជា​ឪពុក​របស់កូនៗចំនួន 89នាក់ បានទទួល​មរណភាព​ក្នុង​វ័យ 76ឆ្នាំ នៅក្នុង​រដ្ឋ Mizoram។

    «ជាមួយនឹង​បេះដូង​ដ៏​ក្ដុកក្ដួល​បំផុត រដ្ឋ Mizoram ត្រូវ​និយាយ​ពាក្យ​ថា ‘លា’ ចំពោះ​លោក Ziona វ័យ 76ឆ្នាំ ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា មេ​គ្រួសារ​ដែលមាន​សមាជិក​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក ព្រោះ​មាន​ប្រព័ន្ធ​ចំនួន 38នាក់ និង​កូន​ចំនួន 89នាក់។ សូម​លោក​បាន​ទៅកាន់​សុគតិភព» អភិបាលរដ្ឋ Mizoram បង្ហោះ​សារ​នៅលើ Twitter កាលពី​ថ្ងៃទី13 ខែមិថុនា។

    លោក​ Ziona Chana (ស្ដាំ) ថត​កាល​ពី​ឆ្នាំ​ 2011

    លោក Zoramthanga អភិបាលរដ្ឋ បាន​បន្ថែមថា ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង ដោយមាន​គ្រួសារ​របស់​លោក Ziona Chana ភូមិ Baktawng Tlangnuam (ជា​កន្លែង​ដែល​គ្រួសារ​នេះ​កំពុង​រស់នៅ) បានក្លាយ​ជាទី​តាំង​ទេសចរណ៍ ដែល​ទាក់ទាញ​ភ្ញៀវ​បាន​យ៉ាងច្រើន សម្រាប់​រដ្ឋ Mizoram នេះ។

    នាយក​មន្ទីរពេទ្យ Trinity វេជ្ជបណ្ឌិត Lalrintluanga Zahau បាន​បញ្ជាក់ថា លោក Ziona បាន​បាត់​បង់ជីវិត​បន្ទាប់ពី​ទទួល​ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម និង​សម្ពាធ​ឈាម​ខ្ពស់។

    លោក Ziona Chana កើត​ឆ្នាំ1945 គឺជា​មេដឹកនាំ​នៃ​និកាយ​សាសនា Chana (Chana Pawl or Chhuanthar) នៅក្នុង​ភូមិ Baktawng Tlangnuam។ និកាយ​នេះ​រួមមាន​ប្រហែល 400គ្រួសារ ក្នុងនោះ សមាជិក​ជា​បុរស ត្រូវបាន​អនុញ្ញាតឱ្យ​យកប្រពន្ធ​ច្រើន។

    ថ្វីបើ​មាន​ប្រព័ន្ធ​ចំនួន 38នាក់ និង​កូន​ចំនួន 89នាក់ ប៉ុន្តែ គ្រួសារ​នេះ​រស់នៅ​ជុំគ្នា​នៅក្នុង​ផ្ទះមួយ​ខ្នង មាន​កម្ពស់ 4ជាន់ និង​មាន​បន្ទប់​ជាង 100 ដែលមាន​ឈ្មោះថា «ផ្ទះ​ជំនាន់​ថ្មី»៕

    ប្រភព៖ BBC
    ប្រែសម្រួល​៖ បុត្រា​

  • មហាសេដ្ឋី Elon Musk និយាយថា Tesla អាចទទួលយក Bitcoin ជាថ្មី ធ្វើឱ្យអ្នកវិនិយោគ «ភ័យ-អរ» ម្ដងទៀត

    មហាសេដ្ឋី Elon Musk និយាយថា Tesla អាចទទួលយក Bitcoin ជាថ្មី ធ្វើឱ្យអ្នកវិនិយោគ «ភ័យ-អរ» ម្ដងទៀត

    បន្ទាប់ពី​ធ្វើឱ្យ Bitcoin ធ្លាក់​ថ្លៃ​ខ្លាំង ដោយសារតែ​បាន «បែរខ្នង» ដាក់ កាលពី​ពាក់កណ្ដាល​ខែឧសភា ពេលនេះ មហាសេដ្ឋី Elon Musk ក៏​បែរជា​បង្ហើប​ឱ្យដឹងថា ក្រុមហ៊ុន Tesla អាច​ងាក​មក​ទទួលយក​ការទូទាត់​ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល នេះ ឡើងវិញ។

    នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk បានឱ្យដឹងថា ក្រុមហ៊ុន Tesla អាច​នឹង​អនុញ្ញាតឱ្យ​អតិថិជន​របស់ខ្លួន ប្រើប្រាស់ Bitcoin ដើម្បី​ទូទាត់​នៅក្នុង​ការទិញ​រថយន្ត នៅពេល​ក្រុម​អ្នករុករក Bitcoin (Bitcoin Miners) ប្រើប្រាស់​ថាមពល​ស្អាត និង​សមស្រប។ «នៅពេល​មានការ​បញ្ជាក់​អំពី​ការប្រើប្រាស់​ថាមពល​ស្អាត សមស្រប (ប្រហែល 50%) Tesla នឹង​ទទួលយក​ការទូទាត់​ដោយ​ប្រើ Bitcoin» លោក Musk សរសេរ​នៅលើ​ទំព័រ Twitter កាលពី​ថ្ងៃទី13 ខែមិថុនា។

    យោងតាម Coinmarketcap តម្លៃ​របស់ Bitcoin បាន​កើន​ជាង 9% នៅក្នុង​ថ្ងៃទី13 ខែមិថុនា ពោលគឺ​ឡើងដល់​ជិត 39,000ដុល្លារ/Bitcoin។

    ការលើកឡើង​របស់​ម​ហា​សេដ្ឋី Elon Musk ខាងលើនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​មតិ​របស់ Magda Wierzycka នាយិកា​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ Sygnian។ អ្នកស្រី​យល់ថា សារ​ដែល​លោក Musk បាន​បង្ហោះ​អំពី​តម្លៃ​របស់ Bitcoin គឺជា​ការ «ប្រើ​ល្បិចកល​ក្នុង​ទីផ្សារ» ហើយ​ថា គណៈ​កម្ម​មូល​ប​ត្រ របស់ សហរដ្ឋអាមេរិក (SEC) គួរ​ណាស់​តែ​ធ្វើការ​ស៊ើបអង្កេត។

    មហា​សេដ្ឋី Elon Musk

    នៅក្នុង​ឯកសារ​ដែល​បញ្ជូន​ទៅកាន់ SEC កាលពី​ខែកុម្ភៈ Tesla ឱ្យដឹងថា ខ្លួន​បាន​ទិញ Bitcoin ក្នុងតម្លៃ 1.5ពាន់​លាន​ដុល្លារ។ ក្រោយមក ក្រុមហ៊ុន​នេះ​ក៏បាន​អនុញ្ញាតឱ្យ​អតិថិជន ទូទាត់​ថ្លៃ​ទិញ​រថយន្ត Tesla ដោយ​រូបិយវត្ថុ Bitcoin។

    ប៉ុន្តែ មិនយូរប៉ុន្មាន Elon Musk ក៏បាន​បែរខ្នង​ដាក់ Bitcoin ដោយ​ប្រកាសថា ផ្អាក​ទទួលយក​ការទូទាត់​ដោយ Bitcoin ព្រោះថា ប្រតិបត្តិការ​នៅក្នុង​ការជួញដូរ ឬ​ផ្ទេរ Bitcoin គឺ​ស៊ី​ភ្លើង​ខ្លាំង ដែល​នេះ ប៉ះពាល់​ដល់​បរិស្ថាន រួមចំណែក​ធ្វើឱ្យ​អាកាសធាតុ​ប្រែប្រួល។

    លោក Musk កាលពី​ម្សិលមិញ ក៏បាន​ច្រានចោល​ការចោទប្រកាន់រ​បស់ Wierzycka ទាក់ទិន​នឹង​ទីផ្សារ Bitcoin។ លោក Musk និយាយថា «Tesla បាន​លក់​ប្រហែល 10% ប៉ុណ្ណោះ នៅក្នុង​ចំណោម Bitcoin ដែល​ក្រុមហ៊ុន​នេះ​កំពុង​កាន់កាប់» ដើម្បី​បញ្ជាក់​អំពី​ភាពងាយស្រួល​ក្នុងការ​ជួញដូរ នៃ​រូបិយវត្ថុ​ឌីជីថល​នេះ។

    ថ្មីៗនេះ អ្នកលេង Bitcoin ជាច្រើន មានការ​ព្រួយបារម្ភ ខ្លាច​លោក Musk ចូលមក​កកូរ​តម្លៃរ​បស់ Bitcoin ជាថ្មី ក្រោយពី​ការ​បង្ហោះ​សារ​ច្រើនលើក អំពី​រូបិយវត្ថុ​នេះ។ ចាប់ពី​ដើមឆ្នាំ លោក Musk បាន​បញ្ចេញមតិ​ជា​បន្តបន្ទាប់​អំពី Bitcoin, Dogecoin ធ្វើឱ្យ​តម្លៃ​របស់​បណ្ដា​រូបិយវត្ថុ​ឌីជីថល​ទាំងនេះ ត្រូវ​ឡើង-ចុះ ប្រែប្រួល​យ៉ាងខ្លាំង​ក្លា៕

    ប្រភព៖ CNBC
    ប្រែ​សម្រួល៖ បុត្រា

  • រដ្ឋធានី​របស់ រុស្ស៊ី ត្រៀម​រង្វាន់ធំៗជាច្រើន ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ទៅ​ចាក់​វ៉ាក់សាំង​Covid-19 

    រដ្ឋធានី​របស់ រុស្ស៊ី ត្រៀម​រង្វាន់ធំៗជាច្រើន ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ទៅ​ចាក់​វ៉ាក់សាំង​Covid-19 

    អភិបាលក្រុង មូ​ស្គូ លោក Sergei Sobyanin កាលពី​ថ្ងៃទី13 ខែមិថុនា បានប្រកាសថា ពលរដ្ឋ​នៃ​រដ្ឋធានី ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ម្ជុល​ទីមួយ នឹងមាន​ឱកាស​ត្រូវ​ឆ្នោត​ដែលមាន​រង្វាន់ធំៗជាច្រើន ក្នុងនោះ​ក៏មាន​រថយន្ត​ច្រើន​គ្រឿង​ផងដែរ។

    សារព័ត៌​មានបារាំង AFP បានចេញ​ផ្សាយ​ថា ប្រកាស​ខាងលើ​ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​អាជ្ញាធរ មានបំណង​បង្កើនល្បឿន​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 ខណៈដែល​ករណី​ឆ្លង​វីរុស​នៅ​រដ្ឋធានី​មូ​ស្គូ និង​ទូទាំងប្រទេស កំពុង​កើនឡើង។

    «ចាប់ពី​ថ្ងៃទី14 ខែមិថុនា ដល់​ថ្ងៃទី11 ខែកក្កដា ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទីមួយ នឹង​បាន​ចូលរួម​កម្មវិធី​ចាប់ឆ្នោត​ឈ្នះ​រង្វាន់​រថយន្ត» លោក Sergei Sobyanin ប្រកាស​នៅលើ​គេហទំព័រ​របស់ខ្លួន​ដូច្នេះ។

    លោក Sergei Sobyanin បញ្ជាក់ថា អ្នក​ទាំងឡាយ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង មានឱកាស​ឈ្នះ​រង្វាន់​រថយន្ត រហូតដល់ 5គ្រឿង ជា​រៀងរាល់​សប្ដាហ៍ ហើយ​ក្នុង 1គ្រឿងៗ មានតម្លៃ 1លាន​រូប​រុស្ស៊ី (ស្មើនឹង 13,884 ដុល្លារ​អាមេរិក)។

    «ក៏ប៉ុន្តែ ពិតណាស់ ផលប្រយោជន៍​ចម្បង​ដែល​ពលរដ្ឋ​ទទួលបាន​ពី​ការចាក់​វ៉ាក់សាំង គឺ​មិនអាច​ប្រៀបប្រដូច​ជាមួយនឹងរ​ថយ​ន្ត​ទាំងនេះ​បានឡើយ នោះ​គឺ​សុខភាព និង​ទំនុកចិត្ត​របស់​ពួកគេ» អភិបាលក្រុង​មូ​ស្គូ រៀបរាប់។

    លោក Sobyanin ឱ្យដឹងថា លោក​បានទទួល​ការចាក់​វ៉ាក់សាំង Sputnik V របស់ រុស្ស៊ី កាលពី​ឆ្នាំទៅ និង​បាន​ចាក់​រំលឹក​ឡើងវិញ កាលពី 2ថ្ងៃមុន។ លោក Sobyanin បន្ថែមថា លោក​មាន​មាន​អារម្មណ៍​ថា មាន​សុខ​ភាពល្អ​ណាស់។

    កាលពី​ថ្ងៃទី13 ខែមិថុនា អាជ្ញាធរ​ក្រុង​មូ​ស្គូ ក៏បាន​ប្រកាសថា នឹង​ចាប់ឆ្នោត​ដែលមាន​រង្វាន់​ជា​ផ្ទះ 1ខ្នង មាន​បន្ទប់​គេង​ចំនួន3 សម្រាប់​ក្រុម​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ម្ជុល​ដំបូង ចាប់ពី​ថ្ងៃទី15 ខែមិថុនា ដល់​ថ្ងៃទី25 ខែមិថុនា។

    ប្រទេស​រុស្ស៊ី មកដល់​បច្ចុប្បន្ន ចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ជូន​ពលរដ្ឋ​បាន​ប្រមាណ 12% នៃ​ប្រជាជន​សរុប ខណៈដែល​ការស្ទង់មតិ​នានា បាន​បង្ហាញថា ពលរដ្ឋ​ភាគច្រើន មិនមាន​បំណង​ចាក់​វ៉ាក់សាំង។

    នៅ​ទូទាំងប្រទេស​រុស្ស៊ី គិត​មកដល់​ព្រឹក​ថ្ងៃទី14 ខែមិថុនា ឆ្នាំ2021 នេះ បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 5,208,687នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 126,430នាក់, អ្នកជា​ចំនួន 4,801,335នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 280,922នាក់៕

    ប្រភព​៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី14 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី14 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី14 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 542​​នាក់​, អ្នក​ជា​ចំនួន​ 1,109​នាក់​ និង​អ្នកស្លាប់​ថ្មី​ចំនួន 13​​នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី13​ ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 38,969​នាក់ ក្នុងនោះ​មាន 348​​​​នាក់​បាន​បាត់​បង់ជីវិត,

    32,967​​​​​នាក់​បានជា និង​ប្រមាណ​​ជា 6,000​​​នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 176,722,290​​​​នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 160,767,466​នាក់​​បានជា, 3,819,621​នាក់​បាន​ស្លាប់ និង 12,135,203​​​​នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • ថ្នាំ​ព្យាបាល​ជំងឺ COVID-19 របស់ កូរ៉េខាងត្បូង មាន​ប្រសិទ្ធភាព នៅក្នុង​ការពិសោធ​លើ​មនុស្ស ដំណាក់កាល​ទី​បី

    ថ្នាំ​ព្យាបាល​ជំងឺ COVID-19 របស់ កូរ៉េខាងត្បូង មាន​ប្រសិទ្ធភាព នៅក្នុង​ការពិសោធ​លើ​មនុស្ស ដំណាក់កាល​ទី​បី

    ប្រភពព័ត៌មាន​ពី​រដ្ឋធានី សេ​អ៊ូ​ល បានឱ្យដឹងថា Celltrion Inc. ដែលជា​ក្រុមហ៊ុន​ផលិត​ឱសថ​ធំ​មួយ​របស់ កូរ៉េខាងត្បូង នា​ថ្ងៃទី14 ខែមិថុនា​នេះ បានប្រកាស​លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស ដំណាក់កាល​ទី​បី​នៅ​ទូទាំង​ពិភពលោក ចំពោះ Rekirona ដែលជា​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ដោយ​ប្រើប្រាស់​អង្គ​ប​ដិ​ប្រាណ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​នេះ​ផ្ទាល់។

    ការពិសោធ​នេះ គឺជា ផ្នែក​ដ៏​សំខាន់​មួយ នៅក្នុង​ការស្រាវជ្រាវ​ដើម្បី​បញ្ជាក់​អំពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ទាំងស្រុង​របស់​ថ្នាំ Rekirona។ លទ្ធផល​នៃ​ការពិសោធ បាន​បង្ហាញថា ថ្នាំ Rekirona នេះ បាន​កាត់បន្ថយ​ពេលវេលា​នៃ​ការព្យាបាល និង​ហានិភ័យ​នៃ​ការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ របស់​អ្នកជំងឺ Covid-19។

    ជាក់ស្ដែង ថ្នាំ Rekirona កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូតដល់ 54% បើ​ធៀប​អ្នកជំងឺ​ដែល​មិនបាន​ប្រើ​ថ្នាំ​នេះ។ ចំណែក​រយៈពេល​នៃ​ការព្យាបាល​ជាសះស្បើយ ក៏​ត្រូវបាន​កាត់បន្ថយ​ជា​មធ្យម 4.9ថ្ងៃ ចំពោះ​អ្នកជំងឺ Covid-19 ទាំងអស់ និង 4.7 ចំពោះ​អ្នកជំងឺ Covid-19 ធ្ងន់ធ្ងរ។

    ក្រុម​ហ៊ុន​ Celltrion

    ថ្នាំ​ Rekirona ត្រូវបាន​នាយកដ្ឋាន​គ្រប់គ្រង​ឱសថ​របស់ កូរ៉េខាងត្បូង ផ្ដល់​ការអនុញ្ញាតឱ្យ​ធ្វើចរាច​រណ៍ កាលពី​ខែកុម្ភៈ​ ឆ្នាំ​2021។ ប្រការនេះ នាំឱ្យ Rekirona ក្លាយជា​ថ្នាំ​ព្យាបាល​ជំងឺ Covid-19 ដំបូង ដែល​ត្រូវបាន​ផលិត​នៅ​ប្រទេស កូរ៉េខាងត្បូង។

    Rekirona គឺជា​អង្គ​ប​ដិ​ប្រាណ​ម៉ូ​ណូ​ក្លូន (monoclonal antibodies) ដែលមាន​សារធាតុ​ប្រឆាំងនឹង​វីរុស Covid-19។ អង្គ​ប​ដិ​ប្រាណ​ម៉ូ​ណូ​ក្លូន គឺជា ប្រូតេអ៊ីន មួយ​ប្រភេទ ដែល​ត្រូវបាន​រាងកាយ​ផលិតឡើង ដើម្បី​ជ្រៀតចូល​កោសិកា​ដែល​បាន​ឆ្លង​វីរុស។ ថ្នាំ​នេះ កន្លងមក ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​បន្ទាន់​រួចហើយ នៅក្នុង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក។

    ក្រុមហ៊ុន Celltrion មាន​គម្រោង​ដាក់ពាក្យ​សុំច្បាប់​ធ្វើ​ចរាចរណ៍​ថ្នាំ​នេះ ទៅកាន់​ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ឱសថ សហរដ្ឋ​អាមេរិក (FDA) និង​ស្ថាប័ន​គ្រប់គ្រង​ឱសថ អឺរ៉ុប (EMA) នៅក្នុង​ឆ្នាំនេះ៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា