Author: សឿន សំណាង

  • ស្ថានភាព COVID-19 នៅកម្ពុជា និងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី21 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅកម្ពុជា និងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី21 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី21 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 735​​នាក់​, អ្នក​ជា​ចំនួន​ 514នាក់​ និង​អ្នកស្លាប់​ថ្មី​ចំនួន 10​​នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី20​ ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 43,446នាក់ ក្នុងនោះ​មាន 441នាក់​បាន​បាត់​បង់ជីវិត,

    38,003នាក់​បានជា និង​ប្រមាណ​​ជា 4,700នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 179,258,244នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 163,826,590​នាក់​​បានជា, 3,882,091​នាក់​បាន​ស្លាប់ និង 11,549,563​​​​នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • ចិន ចាក់​វ៉ាក់សាំង Covid-19 បាន​ជាង 1ពាន់​លាន​ដូ​ស​រួចហើយ

    ចិន ចាក់​វ៉ាក់សាំង Covid-19 បាន​ជាង 1ពាន់​លាន​ដូ​ស​រួចហើយ

    ប្រទេស​ចិន បាន​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ម្ជុល​ទី 1ពាន់​លាន កាលពី​ថ្ងៃទី19 ខែមិថុនា ដែល​នេះ​គឺជា​របត់​សំខាន់​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ធំ​បំផុត​ក្នុង​ពិភពលោក។

    ព័ត៌មាន​ខាងលើនេះ ត្រូវបាន​គណៈកម្មការ​ជាតិ​សុខាភិបាល​របស់​ចិន (NHC) ប្រកាស​ឱ្យដឹង​កាលពី​ថ្ងៃទី20 ខែមិថុនា ឆ្នាំ2021។ NHC ឱ្យដឹងថា វ៉ាក់សាំង​ជាង 20លាន​ដូ​ស ត្រូវបាន​ចិន ចាក់​ជូន​ពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។ កាលពី​ថ្ងៃទី18 ខែមិថុនា ចិន ចាក់​ជូន​ប្រជាជន បាន​ជាង 23លាន​ដូ​ស នៅក្នុង​មួយថ្ងៃ។

    «នេះ​ពិតជា​ទ្រង់ទ្រាយ​ដ៏​ធំ​មួយ ទាំង​យុទ្ធនាការ​ចែកចាយ និង​ការផលិត​វ៉ាកសាំង» Zoltan Kis អ្នកជំនាញ​ប្រចាំ​មជ្ឈមណ្ឌល​ផលិត​វ៉ាក់សាំង​អនាគត នៃ​សាកលវិទ្យាល័យ Imperial College London របស់​ប្រទេស​អង់គ្លេស បញ្ចេញមតិ​ដូច្នេះ។

    យោងតាម Bloomberg ក្នុងចំណោម​វ៉ាក់សាំង Covid-19 ចំនួន 3ដូ​ស ដែល​ពិភពលោក​បាន​ប្រើប្រាស់ គឺមាន​ជាង 1ដូ​ស ត្រូវបាន​ចាក់​នៅ​ប្រទេស​ចិន។ NHC ឱ្យដឹងថា គិត​មកដល់​សប្ដាហ៍​ក​ន្ល​ង វ៉ាក់សាំង​សរុប ដែល​ពិភពលោក​បាន​ប្រើប្រាស់ បាន​កើន​ឡើងដល់ 2.5ពាន់​លាន​ដូ​ស ជាមួយនឹង​ល្បឿន​ជា​មធ្យម 37លាន​ដូ​ស/ថ្ងៃ ដោយ​គិត​ត្រឹម​ថ្ងៃទី18 ខែមិថុនា។

    ប្រទេស​ចិន បានកំណត់​គោលដៅ ចាក់​វ៉ាក់សាំង​រួចរាល់​ជូន​ពលរដ្ឋ​ចំនួន 40% នៅក្នុង​ចំណោម​ប្រជាជន​សរុប 1.4ពាន់​លាន​នាក់ ឱ្យបាន​មុន​ខែកក្កដា ឆ្នាំ2021 និង​ត្រូវ​ចាក់​ឱ្យបាន​យ៉ាងតិច 70% នៃ​ក្រុមមនុស្ស​ដែល​ត្រូវ​ការចាក់​វ៉ាក់សាំង នៅ​ចុងឆ្នាំ2021។

    សារព័ត៌មាន Xinhua កាលពី​ខែមេសា ឆ្នាំ2021 បាន​រាយការណ៍​ថា ប្រទេស​ចិន គ្រោង​នឹង​ផលិត​វ៉ាក់សាំង​បង្ការ Covid-19 ឱ្យបាន​ជាង 3ពាន់​លាន​ដូ​ស នៅក្នុង​ឆ្នាំនេះ៕

    ប្រភព៖ SCMP, AFP
    ប្រែ​សម្រួល៖ បុត្រា

  • រថយន្តបុក​បន្តកន្ទុយ​គ្នា​នៅ សហរដ្ឋ​អាមេរិក បណ្ដាលឱ្យ​ក្មេង​តូច 9នាក់​បាត់​បង់ជីវិត

    រថយន្តបុក​បន្តកន្ទុយ​គ្នា​នៅ សហរដ្ឋ​អាមេរិក បណ្ដាលឱ្យ​ក្មេង​តូច 9នាក់​បាត់​បង់ជីវិត

    រថយន្ត​ប្រហែល​ 15គ្រឿង បាន​បុក​បន្តកន្ទុយ​គ្នា​នៅលើ​ដងផ្លូវ​មួយ នៅពេល​សម្ពាធ​ទាប​​កំពុង​កើតមាន​នៅក្នុង​រដ្ឋ Alabama បណ្ដាលឱ្យ​មនុស្ស 10នាក់​បាត់​បង់ជីវិត ក្នុងនោះ​មាន​ក្មេង​តូច​ចំនួន 9នាក់។

    គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅលើ​ផ្លូវ I-65 នៅក្នុង​ស្រុក Butler កាលពី​ថ្ងៃទី19 ខែមិថុនា ដោយសារ​តែមាន​ភ្លៀង​ធំ​ដែល​កើត​ពី​សម្ពាធ​ទាប ក្រោយពី​មាន​ព្យុះ Claudette ក្នុង​រដ្ឋ Alabama។

    មេឃ​ភ្លៀង ធ្វើឱ្យ​ផ្លូវ​ប្រែជា​រអិល ត្រូវបាន​គេ​ចាត់ទុកថា​ជា​មូលហេតុ​ដែលនាំឱ្យ​រថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ។ ក្នុង​គ្រោះថ្នាក់​នេះ ក៏មាន​រថយន្ត​ជាច្រើន​គ្រឿង ត្រូវ​ផ្ទុះ​ឆេះ​ផងដែរ។

    https://www.youtube.com/watch?v=Z001opPbVBY

    ការិយាល័យ​របស់​អធិការ​ប៉ូលិស​ស្រុក Butler បាន​បង្ហោះ​សារ​នៅលើ Facebook ថា នេះ​គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ស្រុក​នេះ។

    គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​របស់​សហរ​ដ្ឋ​អាមេរិក កាលពី​ថ្ងៃទី20 ខែមិថុនា ប្រកាសថា បាន​បញ្ជូន​អ្នកជំនាញ​មួយក្រុម​ដែលមាន​សមាជិក 10នាក់ ទៅកាន់​កន្លែងកើតហេតុ ដើម្បី​ស៊ើបអង្កេត​លើ​ហេតុការណ៍​នេះ៕

    ប្រភព៖ NBC, CNN
    ប្រែ​សម្រួល៖ បុត្រា

  • គន្លឹះ 9យ៉ាង ដើម្បី​សុខភាព​ល្អ

    គន្លឹះ 9យ៉ាង ដើម្បី​សុខភាព​ល្អ

    បញ្ហា​សុខ​ភាពជា​រឿង​មួយ ដែល​មនុស្ស​យើង​គិតគូរ​ខ្លាំងណាស់​នាពេល​បច្ចុប្បន្ន​នេះ យើង​អាច​សង្កេតឃើញ​បាន តាមរយៈ​ពេលធ្វើ​បុណ្យ​សុំ​ពរ ឬក៏​ជូនពរ​គ្នា​ទៅវិញទៅមក​ជាដើម ពាក្យ​ថា “សូមឱ្យ​មាន​សុខភាព​រឹងមាំ” តែង​បានឮ​ជាប់​ជានិច្ច។ ថ្មីៗនេះ ទស្សនា​វ​ដ្តី​សុខភាព H to H Magazine របស់​សហរដ្ឋ អាមេរិក បាន​សរសេ​អត្ថបទ​សុខភាព​មួយ ដែលមាន​ចំណងជើង​ថា “គន្លឹះ 9យ៉ាង​ដើម្បី​សុខភាព​ល្អ” ដែល​យើង​សូម​នាំមក​ជម្រាបជូន​ប្រិយមិត្ត​អ្នកអាន​ជា​បន្ត ដើម្បី​សាកល្បង​អនុវត្តតាម ព្រោះ​មិនមែនជា​រឿង​ពិបាក​ឡើយ ដើម្បី​មាន​សុខភាព​ល្អ។

    1. ផ្លែ​ប៉ោម 1ថ្ងៃ 1ផ្លែ

    ពាក្យស្លោក​ដែលថា An apple a day , keeps doctor away គឺជា​រឿង​ត្រឹមត្រូវ​ជានិច្ច។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់​មហាវិទ្យាល័យ​ឡុ​ន​ដុន បាន​រកឃើញថា ការទទួល​ទាន​ផ្លែ​ប៉ោម 1ថ្ងៃ 1ផ្លែ នឹងធ្វើ​ឱ្យ​ការធ្វើការងារ​របស់​សួត កាន់តែ​ល្អប្រសើរ​ឡើង។ ដោយសារ អ៊ែន​ទី​អុក​ស៊ី​ឌែ​ន​ត៍ និង​សារធាតុ​ដែលមាន​នៅក្នុង​ផ្លែ​ប៉ោម ហៅថា Quercetin នឹង​ជួយ​ធ្វើឱ្យ​សួត​យើង​រឹងប៉ឹង និង​ធ្វើការ​បាន​យ៉ាង​ត្រឹមត្រូវ។

    2. ដកដង្ហើមវែងៗ

    យើង​គួរ​ដកដង្ហើម​ឱ្យបានវែងៗ ដើម្បី​ពង្រីក​ការធ្វើការងារ​របស់​សួត និង​ធ្វើឱ្យ​រាងកាយ​បានទទួល​អុក​ស៊ី​ហ្ស៊ែ​ន​យ៉ាង​គ្រប់គ្រាន់​ផង តែ​រៀងរាល់​ថ្ងៃនេះ យើង​ច្រើនតែ​ដកដង្ហើមខ្លីៗ ដោយសារតែ​ធ្វើការ​នៅក្នុង​កន្លែង​តូច ហប់ ឬ​អាចមកពី​មិនបាន​ដឹង ក៏​អាច​ថា​បានដែរ ដូច្នេះហើយ ក្នុង 1ថ្ងៃៗចូរ​សាកល្បង​ដកដង្ហើមវែងៗ ឱ្យបាន​យ៉ាងតិចណាស់ ក្នុង 1ថ្ងៃ 10ដង ដោយ​ត្រូវ​ដកដង្ហើម​ចូល​ឱ្យ​ពោះ​ឡើង​ប៉ោង និង​ដក​ដង្ហើមចេញ​វិញ ឱ្យ​ពោះ​ផត​ទៅវិញ ទើប​ត្រឹមត្រូវ​តាម​វិធី។

    3. ចៀសវាង​ការយក​បន្លែ ចូលទៅ​ដាក់​ចម្អិន​ក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ

    តាមរយៈ​ការស្រាវជ្រាវ​វិភាគ​របស់​ប្រទេស​អេ​ស្ប៉ា​ញ បាន​រកឃើញថា ការ​ចម្អិន​បន្លែ​ឱ្យ​ឆ្អិន​នៅក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ នឹង​ធ្វើឱ្យ​សារជាតិ​អាហារ​បាត់​បង់អស់ ដល់​ទៅ 97%  ដូច្នេះហើយ ពេលខ្លះ យើង​គួរ​ជ្រើសរើស​ទទួលទាន​បន្លែស្រស់​ខ្លះ ទើប​ជាការ​ប្រសើរ។

    4. កម្រើកខ្លួន​ជានិច្ច

    អ្នក​ដែល​កម្រើកខ្លួន ឬ​ធ្វើ​ចលនា​ជាប់​ជានិច្ច នឹងមាន​ប្រព័ន្ធ​រំលាយ​អាហារ​ល្អ​ជាង​អ្នក ដែល​គិតតែ​អង្គុយ​នៅ​មួយកន្លែង។ វិធី​នេះ​ជួយ​ការពារ​អាការ​ចុក​ឆ្អល់ពោះ រួមទាំង​រោគ​ពុក​ឆ្អឹង​ទៀតផង។

    5. ប្រយោជន៍​របស់​ទឹកដូង

    ទឹកដូង គឺជា​ទឹក​ផ្លែឈើ ដែល​ល្អ​បំផុត 1ប្រភេទ មាន​សារធាតុ​រ៉ែ ដែល​រាងកាយ​ត្រូវការ គ្រប់​ទាំងអស់ ដូចជា ប៉ូ​តា​ស្យូ​ម ដែក សូ​ដ្យូ​ម  កាល់ស្យូម ផូស្វ័រ អាស៊ីត​អា​មី​ណូ និង​វិ​តា​មីន​B ហើយ​ថែមទាំង​មាន​ជាតិ​ស្ករ​គ្លុយ​ខូ​ស ដែល​រាងកាយ​អាច​បឺត យកទៅ​ប្រើ​ជា​ថាមពល បាន​ភ្លាម​តែម្តង  មាន​សារធាតុ​ខ្លាញ់ ដែលមាន​ប្រយោជន៍​ដល់​រាងកាយ និង​មាន​ប្រយោជន៍​ក្នុងការ​បណ្តេញ​សារជាតិ​ពុល ចេញពី​រាងកាយ​ទៀតផង។

    6. ពេល​គ្រុន​ក្តៅខ្លួន មិនគួរ​ញ៉ាំ​ផ្លែ​ត្របែក​ទេ

    នៅក្នុង​ផ្លែ​ត្របែក​មាន រ៉ែ​ប៉ូ​តា​ស្យូ​ម​ខ្ពស់…នៅពេល​គ្រុន រាងកាយ​នឹងមាន​សីតុណ្ហភាព​ឡើង​ខ្ពស់ ការទទួល​ទាន​អាហារ​ដែលមាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់ អាច​នឹង​ហុច​ផល​ឱ្យ​កើត​អាការ​ប្រកាច់​បាន។

    7. ញ៉ាំ​ផ្លែក្រូច ជួយ​បំបាត់​អាការ​ធុញទ្រាន់ នឿយណាយ​ក្នុង​ចិត្តបាន

    ការ​ញ៉ាំ​ផ្លែក្រូច ដោយ​បកសម្បក​ខ្លួនឯង នឹង​បាន​ធុំក្លិន​ក្រូច ដែល​នឹង​ជួយ​ឱ្យមាន​អារម្មណ៍​ធូរស្រាល ហើយ​វិ​តា​មីន​C ដែល​រាងកាយ បានទទួល​ពី​ផ្លែក្រូច ក្នុង​បរិមាណ​ដែល​ច្រើន​គ្រប់គ្រាន់ នឹង​ជួយ​ជំ​រុញឱ្យ​ខួរក្បាល បញ្ចេញ​អ័រម៉ូន​ដែល​ធ្វើឱ្យ​បាត់​ភាព​ធុញថប់​តឹងតែង​ក្នុង​ចិត្ត​បានល្អ​ទៀតផង ។

    ៨. ការ​ញ៉ាំ​អាហារ​ពេលព្រឹក ជួយ​ការពារ​រោគ​ភ្លេចភ្លាំង

    អាហារ​ពេលព្រឹក ជួយ​ប្រឆាំង​ការ​បង្កក​ខ្លួន​របស់​ឈាម ព្រោះ​ឈាម​នៅពេល​ព្រឹក នឹង​ងាយ​បង្កក​ខ្លួន​ជាងពេល​ផ្សេងទៀត ដូច្នេះ​គួរ​ទទួលទាន​អាហារ​ពេលព្រឹក​ឱ្យបាន​ទៀងទាត់ ដើម្បីឱ្យ​ខួរក្បាល ត្រូវបាន​ឈាម​ហូរ​ទៅ​ចិញ្ចឹម​បាន​យ៉ាង​គ្រប់គ្រាន់ ខួរក្បាល​នឹង​បាន​ភ្លឺ​ថ្លា។

    9. សូកូឡា​ខ្មៅ ប្រឆាំង​សារធាតុ​រ៉ាឌីកាល់​សេរី

    តើ​មិត្ត​អ្នកអាន​ដឹង​ទេ​ថា សូកូឡា​ប្រភេទផ្សេងៗនោះ ស្ទើរតែ​គ្មាន​ចំណែក​ផ្សំ​របស់​កូ​កូ​ឡើយ មានតែ​សូកូឡា​ខ្មៅ​មួយ​ប៉ុណ្ណោះ ដែលជា​សូកូឡា​សុទ្ធ​ពិតប្រាកដ និង​ថែមទាំង​មាន​ប្រយោជន៍​ដល់​រាងកាយ​ទៀតផង ព្រោះ​មាន​សារធាតុ Flavonoid ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ឈាម​រត់​ឱ្យ​កាន់តែ​ល្អ​ឡើង។ គួរ​ញ៉ាំ​សូកូឡា​ខ្មៅ ក្នុង 1ថ្ងៃ ប្រមាណ កន្លះ​អន​ស៍៕

  • ជំនឿ 5យ៉ាង​ក្នុង​រឿង​អាហារ​ការហូបចុក របស់​ស្ត្រី​មានគភ៌

    ជំនឿ 5យ៉ាង​ក្នុង​រឿង​អាហារ​ការហូបចុក របស់​ស្ត្រី​មានគភ៌

    មាន​ជំនឿ​ជាច្រើន ពាក់ព័ន្ធ​នឹង​រឿង​អាហារ​ការហូបចុក ក្នុងអំឡុងពេល​មានគភ៌​ថា ញ៉ាំ​អានេះ​ទៅ វា​នឹង​ល្អ ឬ​ញ៉ាំ​អានោះ​ទៅ ណឹ​ង​ធ្វើឱ្យ​កូន​ខ្ពស់ កូន​ឆ្លាត កូន​ងាយ​កើត ឬ​ស្រួល​កើត ជាដើម-ល- តែ​ជំនឿ​ខ្លះ មិនមែន​ចេះតែ​ត្រូវ​ទាំងអស់​នោះទេ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​មក​ពិនិត្យ​មើលថា  តើ​រឿង ដែល​យើង​ជឿ​ទាំងអស់នោះ វា​ជា​ការពិត ឬ​យ៉ាងណា?

    ជំនឿ​ថា ញ៉ាំ​ហឹរ​ពេក នឹងធ្វើ​ឱ្យ​កូន មិនសូវមាន​សក់…

    ការពិត៖ សក់​របស់​កូន​តិច ឬ​ច្រើន​នោះ វា​ស្ថិតនៅលើ​ពូជ ឬ​ហ្ស៊ែ​ន របស់​មនុស្សម្នាក់ៗ ចំណែកឯ​ជំនឿ រឿង​ហាម​ញ៉ាំ​ហឹរ​នេះ ប្រហែលជា​មកពី​ខ្លាច​ស្ត្រី​មានគភ៌ ឈឺពោះ ពិបាក​បន្ទោបង់ ឬ​មិន​ទេ ក៏​ខ្លាច​រាករូស ដែលនាំឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ទៅវិញ​ទេ  ព្រោះ​នៅក្នុង​អំឡុងពេល​មានគភ៌ ប្រព័ន្ធ​រំលាយ​អាហារ​នឹង​ខុសពី​ពេលមុន​មានគភ៌ ដោយសារតែ​អ័រម៉ូន​ប្រែប្រួល ដែល​អាច​នឹងធ្វើ​ឱ្យមាន​បញ្ហា​ក្នុងការ​បន្ទោបង់ ឬ​អាចធ្វើឱ្យ​កើត​អាការ​ឆ្អល់ពោះ និង​រាករូស​បាន​ហ្នឹងឯង។

    ជំនឿ​ថា ញ៉ាំ​ទឹកដូង​ច្រើន នឹង​ជួយ​ឱ្យ​កូន​មាន​សាច់​ស្អាត និង​លាងជម្រះ​ជាតិ​ខ្លាញ់​តាម​ដងខ្លួន…

    ការពិត៖ ការពិតទៅ ការ​ដែលមាន​ខ្លាញ់ ជាប់​នៅតាម​ដងខ្លួន​ទារក​នោះ នឹង​ធ្វើឱ្យ​ងាយស្រួល​ប្រសូត ព្រោះ​វា​ប្រៀបដូចជា ជាតិ​ខ្លាញ់​រំអិល​ស្រោប​ពីលើ​ខ្លួន​ទារក ខណៈពេល​ប្រសូត​ចេញមក​ដូច្នោះ​ដែរ។ ជាតិ​ខ្លាញ់​មួយ​នេះ ផលិតឡើង​ដោយ​កោសិកា​ស្បែក​របស់​ទារក និង​ក្រពេញ​ជាតិ​ខ្លាញ់​នៅ​ខាងក្រោម​ស្បែក ពេល​អាយុ​គភ៌ រឹតតែ​ច្រើនឡើង ជាតិ​ខ្លាញ់​នោះ ក៏​នឹង​កើតឡើង​ច្រើន​តាម​នោះដែរ។ ក្រៅពីនេះ ក្រោយពេល​ប្រសូត​ហើយថ្មីៗ ជាតិ​ខ្លាញ់​ដែល​ស្រោប​ខ្លួនប្រាណ​ទារក​នោះ នឹង​ជួយ​គ្រប់គ្រង​សីតុណ្ហភាព​របស់​កូនតូច មិនឱ្យ​ធ្លាក់ចុះ​ទាប​ជ្រុល​ពេក​បាន​ទៀតផង ដូច្នេះហើយ​ទើប​គ្រូពេទ្យ​បណ្តោយឱ្យ​ជាតិ​ខ្លាញ់​ទាំងនោះ នៅជាប់​នឹង​ខ្លួន​ទារក​មួយរយៈ​សិន មុននឹង​លាង​ចេញ នៅពេល​ប្រាកដ​ក្នុង​ចិត្ត​ហើយ​ថា ទារក​ចាប់ផ្តើម​គ្រប់គ្រង​សីតុណ្ហភាព​ដោយ​ខ្លួនឯងបាន​ហើយ។ ការប្រញាប់​លាង​ជាតិ​ខ្លាញ់​នោះ​ចេញ​ពេក អាច​នឹង​ធ្វើឱ្យ​ខ្លួនប្រាណ​កូនតូច ត្រជាក់​ខុសធម្មតា និង​អាច​បង្កឱ្យមាន​បញ្ហា​បាន។

    ចំណែកឯ​ទឹកដូង​វិញ មាន​ជាតិ​ស្ករ និង​សារធាតុ​អាស៊ីត​ខ្លាញ់​កក​ច្រើន ពេល​ស្ត្រី​មានគភ៌​ញ៉ាំ​ច្រើន អាចធ្វើឱ្យ​កូន​មាន​មាឌធំ តែ​មិនសូវ​រឹងមាំ  ហើយ​អ្នក​ម្តាយ​ខ្លួនឯង ក៏​កាន់​តែមាន​ភាព​ប្រឈម​នឹង​ការកើតមាន​ខ្លាញ់​ញ៉ុ​ក​ណែន​ក្នុង​សរសៃឈាម​ខ្លាំង​ដែរ ដូច្នេះ​បើ​ទម្ងន់​ខ្លួន កើនឡើង​ច្រើន​ហើយ គួរតែ​តម​ញ៉ាំ​ទឹកដូង​មួយរយៈ។

    ជំនឿ​ថា ហាម​ញ៉ាំ​បន្លែ​ពពួក​វល្លិ៍ៗ ឬ​បន្លែ​ឡើងទ្រើង ព្រោះ​នឹងធ្វើ​ឱ្យ​ពិបាក​ប្រសូត…

    ការពិត​វិញ៖ វា​ជា​ជំនឿ​កាលពី​បុរាណ ដែលថា បន្លែ​ទាំងនោះ​មាន​លក្ខ​ណះ​ជា​ខ្សែ​សរសៃ រឹត​ចង​តោង ធ្វើឱ្យ​ទារក​ពិបាក​កើត​ចេញមក។  តែ​ការពិតទៅ ស្ត្រី​មានគភ៌ អាច​ទទួលទាន​បាន​ទាំងអស់ មិន​កំណត់​ប្រភេទ​បន្លែ​ឡើយ ជាពិសេស​ពពួក​បន្លែ​ស្លឹក​បៃតងផ្សេងៗ ដូចជា​ត្រកួន ស្លឹក​បាស  សណ្តែកកួរ ល្ពៅ ប៉េងប៉ោះ ខាត់ណា ជាដើម។ បើ​បាន​ទទួលទាន​បន្លែ​ទាំងអស់នោះ​ហើយ នឹងមាន​ប្រយោជន៍​ខ្លាំងណាស់ ព្រោះ​នឹងធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​ខ្លួនឯង ទទួលបាន​វិ​តា​មីន​ដែល​ចាំបាច់ និង​សំខាន់​ដល់​ការរីក​ធំធាត់​របស់​ភ្នាសស្តើងៗ នៃ​កែវភ្នែក និង​ក្រពេញ​ការធ្វើការងារ​រ​បស់​គ្រាប់ភ្នែក។

    ជំនឿ​ដែលថា ហាម​ញ៉ាំ​ទឹកតែ កាហ្វេ ព្រោះ​អាចធ្វើឱ្យ​រលូត​បុត្រ…

    តែ​ការពិត​វិញ…មានការ​សិក្សា​វិភាគ​ពី​ការ​ញ៉ាំ​កាហ្វេ ឬ​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​របស់​ស្ត្រី​មានគភ៌ ចំនួន 1,063នាក់ បាន​រកឃើញថា ស្ត្រី​មាន​ផ្ទៃពោះ ដែល​ទទួលទាន​បរិមាណ​កាហ្វេ​អ៊ី​ន លើសពី 200មី​ល្លី​ក្រាម​ក្នុង 1ថ្ងៃ (ប្រមាណ 2ពែង ក្នុង 1ថ្ងៃ) អាច​នឹង​បណ្ដាលឱ្យ​កើតការ​រលូត​បុត្រ​បាន ដល់​ទៅ 25ភាគរយ តែ​ក៏​មិនមែន​មានន័យថា ហាម​មិនឱ្យ​ញ៉ាំ​នោះដែរ គ្រាន់តែ​ត្រូវ​កំណត់ មិនឱ្យ​លើសពី 1កែវ ក្នុង​រយៈពេល 2-3ថ្ងៃ​ឡើយ អាច​គ្រាន់តែ​ក្រេបចឹបៗ ឱ្យ​បាត់​ចង់បាន​ហើយ។ ការ​ញ៉ាំ​ទឹកតែ ឬ​កាហ្វេ ច្រើន​ជ្រុល​ពេក នឹងធ្វើ​ឱ្យ​គេង​មិន​លក់ សំរាក​មិនបាន​គ្រប់គ្រាន់ ឬ​អ្នកខ្លះ​អាចធ្វើឱ្យ​ឆ្អល់ពោះ ដែល​នឹងមាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង និង​ប៉ះពាល់​ដល់​ការរីកចម្រើន​ធំធាត់ និង​ការវិវឌ្ឍ​របស់​ទារក​នៅក្នុង​ផ្ទៃ​បាន​ទៀតផង។

    ជំនឿ​ថា ញ៉ាំ​ថ្នាំ​ខ្លាញ់ត្រី ប្រភេទ​គ្រាប់ នឹងធ្វើ​ឱ្យ​ឈាម​បង្កក​ខ្លួន​យឺត…

    ការពិត​វិញ៖ ខ្លាញ់ត្រី ឬ Fish Oil នេះ  មិន​ដូច​ខ្លាញ់​ថ្លើម​ត្រី​ទេ តែ​ជា​ខ្លាញ់​របស់​ត្រី ដែលមាន​អាស៊ីត​ជាតិ​ខ្លាញ់​មិន​កក ដែល​ចាំបាច់​ចំពោះ​រាងកាយ គឺ​អាស៊ីត​ខ្លាញ់​នៅក្នុង​ក្រុម​អូ​មេ​ហ្កា3 ដែលជា​ចំណែក​សំខាន់​មួយ របស់​កោសិកា ឬ​សាច់​ភ្នាស​របស់​រាងកាយ រួមទាំង​ខួរក្បាល គ្រាប់​ឈាម​ប្រភេទផ្សេងៗ និង​ការបង្កើត​ភាពស៊ាំ ប្រឆាំងនឹង​ជំងឺ​របស់​រាងកាយ និង​ថែមទាំង​ជួយ​កាត់បន្ថយ​អាការ​រលាក​របស់​សន្លាក់​ឆ្អឹង ដែល​អ្នក​មានគភ៌​ច្រើនតែ​ជួបប្រទះ​ទៀតផង តែ​ស្ត្រី​មាន​ផ្ទៃពោះ ក៏​មិនគួរ​ទទួលទាន​ថ្នាំ​ខ្លាញ់ត្រី​ប្រភេទ​គ្រាប់​នេះ ច្រើនពេក​ដែរ តែ​គួរ​ទទួលទាន​ខ្លាញ់ត្រី ដែលមាន​នៅក្នុង​សាច់​ត្រីផ្សេងៗ ដូចជា សាច់​ត្រី​សាល់​ម៉ុ​ន ត្រី​ធូ​ណា ត្រី​ឆ្ពុង​ក្រហម ជាដើម​ជំនួស​វិញ ទើប​ជាការ​ល្អ។

    ក្រៅពីនេះ ស្ត្រី​មានគភ៌ គួរ​ឈប់​ទទួលទាន​អាហារ​បំប៉ន ប្រភេទ​ថ្នាំ​ខ្លាញ់ត្រី​បែប​គ្រាប់ ពេល​មាន​ផ្ទៃពោះ​បាន 6-7ខែ ព្រោះ​ទោះជា​វា​ជួយ​មិនឱ្យ​កើតមាន​ភាព​ញ៉ុ​ក​ណែន​ក្នុង​សរសៃឈាម​មែន តែ​វា​អាចធ្វើឱ្យ​ឈាម ក្រ​បង្កក​ខ្លួន​នៅពេល​កើតមាន​របួសស្នាម ឬ​ពេល​វះកាត់​ជាដើម។

    បន្ទាប់ពី​បានដឹង​ការពិត​របស់​ជំនឿ ក្នុង​រឿង​អាហារ​ការហូបចុក ដែល​យើង​បាន​នាំយកមក​ជម្រាបជូន​ហើយ​នោះ ស្ត្រី​មានគភ៌​ទាំងឡាយ​ប្រហែលជា​បាន​យល់ និង​អាច​ជ្រើសរើស​ទទួលទាន​អាហារ បាន​យ៉ាង​សប្បាយចិត្ត ដើម្បី​សុវត្ថិភាព​ទាំង​ខ្លួន​អ្នក និង​កូន​នៅក្នុង​ផ្ទៃ​ជាមិនខាន៕

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី19 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី19 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី19 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 471នាក់, អ្នកជា​ចំនួន 928នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 20នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី18 ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 42,052នាក់ ក្នុងនោះ​មាន 414នាក់​បាន​បាត់​បង់ជីវិត,

    36,868នាក់​បានជា និង​ប្រមាណ​ជា 5,460នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 178,603,212នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 163,123,858នាក់​បានជា, 3,866,947នាក់​បាន​ស្លាប់ និង 11,612,407នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • កូរ៉េខាងជើង៖ កាហ្វេ​មួយកញ្ចប់​តូច​ល្មម ឡើងថ្លៃ​ដល់ 100ដុល្លារ​អាមេរិក

    កូរ៉េខាងជើង៖ កាហ្វេ​មួយកញ្ចប់​តូច​ល្មម ឡើងថ្លៃ​ដល់ 100ដុល្លារ​អាមេរិក

    ទំនិញ​ជាច្រើន​មុខ ដូចជា ដំឡូងបារាំង ម្សៅ​មី កាហ្វេ និង​តែ​ជាដើម បាន​ឡើងថ្លៃ​ខ្ពស់​ជ្រុល នៅពេល កូរ៉េខាងជើង កំពុង​ធ្លាក់​ទៅក្នុង​ស្ថាន​ភាពខ្វះ​ស្បៀងអាហារ។

    នៅក្នុង​កិច្ចប្រជុំ​គណៈ​កម្ម​ធិ​ការប្រតិបត្តិ នៃ​គណបក្ស​ពលករ​កូរ៉េខាងជើង កាលពី​ថ្ងៃទី15 ខែមិថុនា មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong-un បានឱ្យដឹងថា ស្ថានភាព​ស្បៀងអាហារ​នៅ​ប្រទេស​នេះ កំពុង​ក្លាយជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ ដោយ​សារ​តែ វិស័យ​កសិកម្ម​ទទួល​បរាជ័យ​ក្នុងការ​បង្កបង្កើនផល​ធញ្ញជាតិ ព្រោះតែ​ព្យុះ​កាលពី​ឆ្នាំទៅ។

    ការផ្លាស់ប្ដូរ​ប្រភព​ផ្គត់ផ្គង់​អាហារ​ក្នុងប្រទេស ដោយ​ការនាំ​ចូល​ពី​បរទេស អាច​នឹងមាន​ការលំបាក ដោយសារតែ​ព្រំដែន ហាក់ដូច​នៅតែ​ត្រូវបាន​បិទ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង Covid-19។ នៅ​រដ្ឋធានី​ព្យុងយ៉ាង តម្លៃ​ទំនិញសំខាន់ៗមួយចំនួន បាន​កើនឡើង​យ៉ាងខ្ពស់។ ក្រុម​អ្នកជំនាញ បានឱ្យដឹងថា តម្លៃ​អង្ករ និង​ឥន្ធនៈ នៅមាន​លំនឹង​ល្អ ប៉ុន្តែ ដំឡូងបារាំង បាន​ឡើងថ្លៃ​ខ្ពស់ជាង​មុន 3ដង នៅក្នុង​ផ្សារ Tongil ជា​កន្លែង​ដែល​ពលរដ្ឋ​ក្នុងស្រុក និង​បរទេស អាចមក​ទិញ​ទំនិញ​បាន។

    ប្រជាជន​កូរ់េខាង​ជើង​ នៅ​ទីក្រុង​ព្យុង​យ៉ាង​ កាល​ពី​ខែ​ឧសភា​។ រូប​ថត​៖ Reuters

    តម្លៃ​របស់​ទំនិញសំខាន់ៗដែល​ត្រូវបាន​នាំចូល ដូចជា ស្ករ ប្រេងឆា និង​ម្សៅ​មី​ជាដើម ក៏បាន​កើនឡើង​ខ្ពស់។ អតិថិជន​ក្នុងស្រុក បង្ហើប​ឱ្យដឹងថា ទំនិញ​មិនចាំបាច់​ជាច្រើន ដូចជា តែ​ខ្មៅ​មួយកញ្ចប់ ត្រូវបាន​លក់​ក្នុងតម្លៃ​ប្រហែល 70ដុល្លារ​អាមេរិក ខណៈ កាហ្វេ​មួយកញ្ចប់ មានតម្លៃ​ប្រហែល​ជាង 100ដុល្លារ។

    លោក Kim Jong-un មិនបាន​លើកឡើង​អំពី​ទំហំ​នៃ​ការខ្វះ​ស្បៀងអាហារ​របស់​ប្រទេស​នេះ ប៉ុន្តែ អង្គការ​ស្បៀងអាហារ និង​កសិកម្ម នៃ​អង្គការសហប្រជាជាតិ (FAO) ថ្មីៗនេះ បាន​បញ្ជាក់ថា កូរ៉េខាងជើង កំពុង​ខ្វះ​ស្បៀង​ប្រមាណ​ជា 860,000 តោន សម្រាប់​រយៈពេល 2ខែ។

    កូរ៉េខាងជើង មិនទាន់​រកឃើញ​ករ​ណី​វិជ្ជមាន​នឹង Covid-19 ណាមួយ​នៅឡើយ ប៉ុន្តែ ប្រទេស​នេះ​នៅតែ​បន្ត​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​យ៉ាង​តឹងរ៉ឹង ក្នុងនោះ ក៏មាន​ការបិទ​ព្រំដែន និង​កាត់បន្ថយ​ការ​ដើរហើរ​ក្នុងប្រទេស​ផងដែរ៕

    ប្រភព៖ CNN
    ប្រែ​សម្រួល៖ បុត្រា

  • វេជ្ជបណ្ឌិត​កន្លះ​លាន​នាក់​នៅ ឥណ្ឌា នាំគ្នា​ធ្វើបាតុកម្ម

    វេជ្ជបណ្ឌិត​កន្លះ​លាន​នាក់​នៅ ឥណ្ឌា នាំគ្នា​ធ្វើបាតុកម្ម

    វេជ្ជបណ្ឌិត ប្រហែលជា​កន្លះ​លាន​នាក់ បាននាំគ្នា​ដង្ហែ​ក្បួន នៅ​ពាសពេញ​ប្រទេស ឥណ្ឌា កាលពី​ម្សិលមិញ ដើម្បី​ស្នើឱ្យ​មានការ​ការពារ នៅ​ចំពោះមុខ អំពើ​វាយប្រហារ ពី​សំណាក់​អ្នកជំងឺ និង​អ្នកផ្ទះ​របស់​អ្នកជំងឺ។

    «បើសិនជា​រដ្ឋាភិបាល មិន​ស្ដាប់​ពួកយើង នោះ សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌា (IMA) នឹងធ្វើ​ការសម្រេច ហើយ​ក្រុម​វេជ្ជបណ្ឌិត នឹងមិន​នាំ​អ្នកជំងឺ​ណា​ម្នាក់​ទៅ​សង្គ្រោះបន្ទាន់។ ខ្ញុំ​សង្ឃឹមថា រដ្ឋាភិបាល នឹង​ស្ដាប់​យើង» វេជ្ជបណ្ឌិត Jayalal ប្រធាន IMA បាន​និយាយ​ដូច្នេះ។

    IMA ឱ្យដឹងថា ក្នុង​រយៈពេល​ជាង 1ឆ្នាំ​កន្លង អំពើហិង្សា​លើ​វេជ្ជបណ្ឌិត ប្រហែល 400 ករណី បានកើត​ឡើង​នៅ ឥណ្ឌា។ IMA បាន​អះអាងថា នេះ​គ្រាន់តែ​ជា «ផ្នែក​អណ្ដែត នៃ​ផ្ទាំង​ទឹកកក» ប៉ុណ្ណោះ។ វេជ្ជបណ្ឌិត ឥណ្ឌា ត្រូវ​រង​ការវាយប្រហារ ទាំង​ផ្លូវការ និង​ផ្លូវចិត្ត តាំងពី​មណ្ឌល​សុខភាព​តូច ដល់​មន្ទីរពេទ្យធំ។

    វេជ្ជបណ្ឌិត Rohan Krishnan ថ្លែងថា៖ «នៅក្នុង​ប្រទេសមួយ​ដែល​ពលរដ្ឋ​មានការ​យល់ដឹង​ខ្ពស់​អំពី​អំពើហិង្សា​លើ​សត្វ​គោ ប៉ុន្តែ ហេតុអ្វី​ក្រុម​វេជ្ជបណ្ឌិត បែរជា​ត្រូវគេ​បោះបង់​នៅលើ​ដងផ្លូវ​រហូតដល់​ស្លាប់?»។

    កាលពី​ឆ្នាំ2019 សេចក្ដីព្រាងច្បាប់​មួយ​ត្រូវបាន​ក្រសួងសុខាភិបាល ឥណ្ឌា ស្នើឡើង ស្ដីពី​ការដាក់ទោស​លើ​ជន​ណា​ដែល​បាន​ប្រើ​អំពើហិង្សា​លើ​គ្រូពេទ្យ និង​អ្នកជំនាញ​ខាង​សុខាភិបាល ដែល​កំពុង​បំពេញការងារ។ ក៏​ប៉​ន្តែ សេចក្ដីព្រាងច្បាប់​នេះ ត្រូវបាន​បដិសេធ​ដោយ​ក្រសួងមហាផ្ទៃ ឥណ្ឌា។

    នៅក្នុង​ស្ថានភាព Covid-19 កំពុង​រាតត្បាត​ខ្លាំង មន្ទីរពេទ្យ​នានា មិនអាច​ទទួល​ព្យាបាល​អ្នកជំងឺ​បាន​គ្រប់គ្នា ដែល​ប្រការនេះ ធ្វើឱ្យ​ក្រុម​វេជ្ជបណ្ឌិត ឥណ្ឌា ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ ពី​សំណាក់​អ្នកជំងឺ និង​អ្នកផ្ទះ​របស់​អ្នកជំងឺ។ IMA ស្នើឱ្យ​រដ្ឋាភិបាល បង្កើន​ការយកចិត្តទុកដាក់​លើ​ផ្នែក​សន្តិសុខ​នៅតាម​មន្ទីរពេទ្យ ហើយ​បានប្រកាសថា នេះ​គឺជា «តំបន់​ដែល​ត្រូវការពារ»។

    IMA ក៏បាន​បញ្ជាក់ថា វេជ្ជបណ្ឌិត​ប្រមាណ 80% នៅ ឥណ្ឌា កំពុង​ទទួលរង​សម្ពាធ​ខ្លាំង​ក្នុង​ការងារ ខណៈដែល​វេជ្ជបណ្ឌិត ប្រមាណ 75% ធ្លាប់​រង​អំពើហិង្សា​ដោយ​សម្ដី ឬ​ដោយ​កម្លាំងបាយ៕

    ប្រភព៖ Spunik
    ប្រែ​សម្រួល៖ បុត្រា

  • អ៊ីស្រាអែល បន្ត វាយប្រហារ​លើ​តំបន់ ហ្គា​ហ្សា

    អ៊ីស្រាអែល បន្ត វាយប្រហារ​លើ​តំបន់ ហ្គា​ហ្សា

    យន្តហោះ​ចម្បាំង​របស់​កងទ័ព អ៊ីស្រាអែល បាន​វាយប្រហារ​គោលដៅ​នានា​នៅ​តំបន់ ហ្គា​ហ្សា កាលពី​យប់​ថ្ងៃទី17 ខែមិថុនា និង​ទៀបភ្លឺ​ថ្ងៃទី18 ខែមិថុនា បន្ទាប់ពី​កងជីវពល ហា​ម៉ាស បន្ត​បង្ហោះ​ប៉ោង​ប៉ោង​មាន​ធាតុគីមី​បង្ក​អគ្គិភ័យ ចូល​ទឹកដី​ភាគខាងត្បូង​របស់ អ៊ីស្រាអែល។

    «ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ ប៉ោង​ប៉ោង ត្រូវបាន​គេ​បង្ហោះ​ពី ហ្គា​ហ្សា ចូល​ទឹកដី អ៊ីស្រាអែល។ ឆ្លើយតប​នឹង​ទង្វើ​នេះ យន្តហោះ​ចម្បាំង បាន​វាយប្រហារ​លើ​តំបន់​យោធា និង​ទីតាំង​បាញ់​រ៉ុក្កែត​របស់​ក្រុម​ភេរវកម្ម ហា​ម៉ាស» កងទ័ព​អ៊ីស្រាអែល ប្រកាស​កាលពីពេលថ្មីៗនេះ។

    តំបន់​ដែល​រង​ការវាយប្រហារ​ពី អ៊ីស្រាអែល គឺ ទីក្រុង ហ្គា​ហ្សា និង ខាន យូ​និ​ស (Khan Yunis) នៅ​ភាគខាងត្បូង​នៃ​តំបន់ ហ្គា​ហ្សា ជា​កន្លែង​ដែលមាន​ប្រជាជន​ប្រមាណ 2លាន​នាក់​កំពុង​រស់នៅ។ អ្នកសារព័ត៌មាន​រប​ស់ AFP នៅ​ទឹកដី ប៉ា​លេ​ស្ទី​ន ក៏​បានឮ​សំឡេង​ផ្ទុះអាវុធ​នេះដែរ។

    ក្រោយពី​ទទួលរង​ការវាយប្រហារ ក្រុម​ខ្មាន់កាំភ្លើង ហា​ម៉ាស ក៏បាន​ប្រើប្រាស់​កាំភ្លើងយន្ត​ធុន​ធ្ងន់ បាញ់​សំដៅ​ទឹកដី អ៊ីស្រាអែល ខណៈដែល​សំឡេង​ស៊ី​រ៉ែ​ន​ព្រមាន​អំពី​ការវាយប្រហារ លាន់ឮ​គួរឱ្យខ្លាច។

    គិត​មកដល់​ថ្ងៃ17 ខែមិថុនា ក្រុម​ខ្មាន់កាំភ្លើង ប៉ា​លេ​ស្ទី​ន នៅ ហ្គា​ហ្សា បាន​បង្ហោះ​ប៉ោង​ប៉ោង​ភ្ជាប់​ធាតុ​បង្ក​អគ្គិភ័យ ចូល​ភាគខាងត្បូង​នៃ​ប្រទេស អ៊ីស្រាអែល ចំនួន 3ថ្ងៃជាប់ៗគ្នា។ នេះ​បើតាម​ក្រុម​ពន្លត់​អគ្គិភ័យ អ៊ីស្រាអែល ដែល​កំពុង​ពន្លត់ភ្លើង​នៅ​កន្លែងកើតហេតុ។ ក្រោយ​ការ​បង្ហោះ​ប៉ោង​ប៉ោង ទីតាំង​របស់ ហា​ម៉ាស នៅ ហ្គា​ហ្សា មួយចំនួន តែងតែ​ទទួលរង​ការវាយប្រហារ​ពី​យន្តហោះ​ចម្បាំង​របស់ អ៊ីស្រាអែល។

    នេះ​គឺជា​លើក​ទី​ពីរ​ហើយ ដែល អ៊ីស្រាអែល វាយប្រហារ​តាម​អាកាស​លើ​តំបន់ ហ្គា​ហ្សា រាប់​ចាប់ពី​មាន​កិច្ចព្រមព្រៀង​ថ្ងៃទី21 ខែឧសភា បញ្ចប់សង្គ្រាម 11ថ្ងៃ ដែល​បានសម្លាប់​ជនជាតិ ប៉ា​លេ​ស្ទី​ន 260នាក់ និង​ជនជាតិ អ៊ីស្រាអែល ចំនួន 13នាក់។

    កងទ័ព អ៊ីស្រាអែល កាលពី​ម្សិលមិញ បានចេញ​បទបញ្ជា​ឱ្យ​បង្កើន​ការ​ប្រុង​ជើងការ សម្រាប់​គ្រប់​កាលៈទេសៈ រួមទាំង​ការធ្វើ​សង្គ្រាម​ជាថ្មី​ផងដែរ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • (វីដេអូ)-ទិដ្ឋភាព​ច្របូកច្របល់ នៅក្នុង​ជំនួប​កំពូល​ដំបូង​របស់ Biden និង Putin

    (វីដេអូ)-ទិដ្ឋភាព​ច្របូកច្របល់ នៅក្នុង​ជំនួប​កំពូល​ដំបូង​របស់ Biden និង Putin

    ទិដ្ឋភាព​បើក​កិច្ចប្រជុំ​កំពូល Biden – Putin នៅ​ទីក្រុង ហ្សឺ​ណែវ ប្រទេស ស្វី​ស បាន​ប្រែជា​ច្របូកច្របល់ នៅពេល​ក្រុម​អ្នកយកព័ត៌មាន និង​ក្រុម​សន្តិសុខ​របស់ រុស្ស៊ី រុញច្រាន​គ្នា​នៅក្នុង​បន្ទប់​ប្រជុំ។

    នៅពេល​ប្រធានាធិបតី សហរដ្ឋអាមេរិក Joe Biden និង​ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ត្រៀមខ្លួន​សម្រាប់​កិច្ចប្រជុំ​កំពូល​ដំបូង នា​វិមាន Villa la Grange កាលពី​ថ្ងៃទី16 ខែមិថុនា គេ​ឃើញ​ក្រុម​អ្នកយកព័ត៌មាន និង​ក្រុម​សន្តិសុខ រុញច្រាន និង​ស្រែក​ដាក់គ្នា ប្រកបដោយ​ភាព​តានតឹង។

    ក្រោយមក​មិនយូរប៉ុន្មាន សន្តិសុខ​របស់ រុស្ស៊ី ក៏បាន​បន្តឹង​ខ្សែ​ពណ៌​ក្រហម​ដើម្បី​រារាំង​ក្រុម​អ្នកសារព័ត៌មាន ចូល​ទៅជិត​ថ្នាក់ដឹកនាំ ដែល​កំពុង​ត្រៀមខ្លួន​ប្ដូរ​យោបល់​គ្នា។

    នៅពេល​ស្ថានភាព​ច្របូកច្របល់​ខ្លាំង សន្តិសុខ​ក៏បាន​ស្រែក​ដាក់​អ្នកយកព័ត៌មាន ហើយ​ការ​រុញច្រាន​គ្នា​ក៏​ចាប់ផ្ដើម​កើតមាន ដើម្បី​កៀង​ពួកគេ​ចេញពី​បន្ទប់។ ក្រុម​អ្នកសារព័ត៌មាន និង​មន្ត្រី​សេត​វិមាន ក៏បាន​ស្រែក​ត្រលប់​មកវិញ ដោយ​ស្នើឱ្យ​ក្រុម​សន្តិសុខ ឈប់​ប៉ះ​ពួកគេ។ អ្នកយកព័ត៌មាន​ខ្លះ ត្រូវ​រុញច្រាន​ច្រើនដង និង​ស្ទើរតែ​ដួល​ទៀតផង។

    Anita Kumar ដែលជា​អ្នកយកព័ត៌មាន នៃ​សេត​វិមាន របស់​កាសែត Politico ដែល​រាយការណ៍​អំពី​ជំនួប​កំពូល​នៅ​ទីក្រុង ហ្សឺ​ណែវ បាន​អធិប្បាយ​ថា ទិដ្ឋភាព​នេះ​គឺជា ករណី​អ្នកយកព័ត៌មាន «ច្របូកច្របល់​បំផុត» ដែល​នាង​ទើបតែ​បាន​ជួបប្រទះ​នៅក្នុង​ព្រឹត្តិការណ៍​ដែលមាន​វត្តមាន​ប្រធានាធិបតី ក្នុង​រយៈពេល 9ឆ្នាំ​មកនេះ។

    «ប្រធានាធិបតី​ទាំងពីរ​រូប សុទ្ធតែ​យកចិត្តទុកដាក់​លើ​សក​ម្ម​ភាពច្របូកច្របល់រ​វាង​ក្រុម​សន្តិសុខ និង​ក្រុម​អ្នកយកព័ត៌មាន ដែល​នៅ​ចំពោះមុខ​ពួកគេ។ ពួកគេ​សម្ដែង​ការចាប់អារម្មណ៍​ចំពោះ​ទិដ្ឋភាព​នេះ។ មានពេលខ្លះ លោក Biden ថែមទាំង​ផ្អៀងខ្លួន និយាយ និង​ញញឹម​ជាមួយ​អ្នកបកប្រែ​ទៀតផង» Anita Kumar រៀបរាប់។

    លោក Biden និង​លោក Putin ក្រោយមក​ក៏បាន​ចាប់ផ្ដើម​ពិភាក្សា​លើ​របៀប​វារ​នៃ​កិច្ចប្រជុំ​កំពូល​នេះ។ ប្រធានាធិបតី​ទាំងពីរ បានបញ្ចប់​កិច្ចប្រជុំ ក្រោយ​រយៈពេល 3.5ម៉ោង និង​បានធ្វើ​សន្និសីទ​សារព័ត៌មាន​ដាច់ដោយឡែក​ពីគ្នា៕

    ប្រភព៖ Telegraph, Axios
    ប្រែ​សម្រួល៖ បុត្រា