Author: សឿន សំណាង

  • ​ប្រធានាធិបតី ហៃ​ទី ​ត្រូវគេ​ធ្វើឃាត! អ្នក​ត្រូវស្នង​តំណែង ក៏​បាន​ស្លាប់​ដោយ​សារ​ Covid-19

    ​ប្រធានាធិបតី ហៃ​ទី ​ត្រូវគេ​ធ្វើឃាត! អ្នក​ត្រូវស្នង​តំណែង ក៏​បាន​ស្លាប់​ដោយ​សារ​ Covid-19

    ប្រធាន​តុលាការ​កំពូល​របស់​ប្រទេស ហៃ​ទី នឹងត្រូវ​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី ជំនួស​លោក Moise ដែល​ទើប​ត្រូវបាន​គេ​ធ្វើឃាត ប៉ុន្តែ​មន្ត្រី​រូបនេះ បានទទួល​មរណភាព​រួចហើយ ដោយសារតែ​ឆ្លង Covid-19។

    ប្រធាន​តុលាការ​កំពូល​របស់​ប្រទេស ហៃ​ទី លោក Haiti René Sylvestre បាន​ស្លាប់​ដោយសារ Covid-19 កាលពី​ថ្ងៃទី 23 ខែឧសភា ឆ្នាំ 2021។

    យោងតាម​រដ្ឋធម្មនុញ​របស់ ហៃ​ទី ប្រធាន​តុលាការ​កំពូល នឹង​ឡើងកាន់តំណែង​ប្រធានាធិបតី នៅក្នុង​ករណី​ចាំបាច់​បន្ទាន់។ Jean Wilner Morin ប្រធាន​សមាគមជាតិ​ចៅក្រម​របស់ ហៃ​ទី បានឱ្យដឹងថា បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា អ្នកណា​នឹងត្រូវ​ឡើងកាន់តំណែង​ជំនួស​ប្រធានាធិបតី Jovenel Moise ដែល​ទើប​ត្រូវបាន​គេ​ធ្វើឃាត​កាលពី​ព្រឹក ថ្ងៃទី 7 ខែកក្កដា នៅឡើយ។

    លោក Morin និយាយថា នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន Claude Joseph ត្រូវការ​សភា​អនុម័ត ទើប​អាច​ឡើងកាន់តំណែង​ប្រធានាធិបតី​បាន។ ប៉ុន្តែ​ដោយសារតែ​មិនមាន​ការបោះឆ្នោត​នាពេល​កន្លង សភា​ប្រទេស​នេះ លែង​នៅ​ជា​ធរមាន​ទៀតហើយ «ដូច្នេះ បើ​ផ្អែក​តាម​រដ្ឋធម្មនុញ គាត់​មិនអាច​ជំនួស​ប្រធានាធិបតី» បានឡើយ។

    Morin បានឱ្យដឹងថា មាន​ករណី​ផ្សេង​មួយ កាលពី​ឆ្នាំ 2015 នៅពេល​ប្រធានសភា ក្លាយជា​ប្រធានាធិបតី។ ប៉ុន្តែ បច្ចុប្បន្ន ពុំមាន​អ្នកណា​កាន់កាប់​តួនាទី​នេះ។ Morin មាន​យោបល់​ថា 1/3 នៃ​សមាជិកសភា​ជាន់ខ្ពស់ នៅតែមាន​សុពលភាព ដូច្នេះ ប្រធាន​សភាព​ជាន់ខ្ពស់ Joseph Lambert អាចជា​ជម្រើស​មួយ។

    សូម​រំលឹកថា ប្រធានាធិបតី ហៃ​ទី លោក Jovenel Moise អាយុ 53 ឆ្នាំ ត្រូវបាន​ខ្មាន់កាំភ្លើង​មួយក្រុម លួច​ធ្វើឃាត​នៅឯ​ផ្ទះ​របស់លោក ស្ថិតក្នុង​រដ្ឋធានី​Port-au-Prince។ ភរិយា​របស់លោក គឺ លោកស្រី Martine Moise កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ដល់​ជីវិត និង​ត្រូវបាន​បញ្ជូន​ទៅកាន់ សហរដ្ឋអាមេរិក ដើម្បី​ព្យ​បាលរ​បួស។

    អនុរដ្ឋមន្ត្រី​សារព័ត៌មាន Frantz Exantus បានប្រកាសថា ក្រុម​ឃាតករ​ដែល​បាន​បាញ់សម្លាប់​ប្រធានាធិបតី ត្រូវបាន​ចាប់ខ្លួន​រួចហើយ។ ឯកអគ្គរដ្ឋទូត ហៃ​ទី ប្រចាំ សហរដ្ឋអាមេរិក Bocchit Edmond បានឱ្យដឹងថា ឃាតករ​ទាំងនេះ គឺជា ទាហាន​ស៊ីឈ្នួល ដែល​បន្លំ​ខ្លួន​ជា​កងកម្លាំង​ពិសេស​របស់​អាមេរិក៕

    ប្រភព៖ CNN
    ប្រែ​សម្រួល៖ បុត្រា

  • នាវាផ្ទុកយន្តហោះចម្បាំងទីបីរបស់ ចិន ស្ថិតក្នុងដំណាក់កាលដំឡើងបញ្ជាការដ្ឋាន

    នាវាផ្ទុកយន្តហោះចម្បាំងទីបីរបស់ ចិន ស្ថិតក្នុងដំណាក់កាលដំឡើងបញ្ជាការដ្ឋាន

    នាវា​ផ្ទុក​យន្តហោះ Type-003 កំពុង​ត្រូវបាន​ដំឡើង​ទីបញ្ជាការ ហើយ​វា​មាន​ទំហំ​តូច​ជាង​បន្តិច បើ​ធៀប​នឹង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ថ្នាក់ Ford របស់ សហរដ្ឋអាមេរិក។

    រូបថត​ស្ដីអំពី Type-003 របស់​ប្រទេស​ចិន នៅក្នុង​រោងចក្រ Jiangnan Shipyard ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី 6 កក្កដា បង្ហាញថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​នេះ កំពុង​ត្រូវបាន​ដំឡើង​បញ្ជាការដ្ឋាន។ Type-003 គឺជា​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី Ford របស់​កងទ័ពជើងទឹក សហរដ្ឋអាមេរិក។

    រូបភាព​ដែល​ថត​បាន​ដោយ​ផ្កាយរណប Kompsat កាលពី​ថ្ងៃទី 22 ខែមិថុនា បង្ហាញថា Type-003 មាន​បណ្ដោយ​ប្រវែង​ប្រហែល 320 ម៉ែត្រ ខ្លី​ជាង 13 ម៉ែត្រ ធៀប​នឹង​នាវា​ថ្នាក់ Ford របស់ អាមេរិក។

    ទីលាន​សម្រាប់​យន្តហោះ​ចុះចត​នៅលើ Type-003 មាន​ទទឹង​ប្រហែល 73 ម៉ែត្រ ខ្លី​ជាង​នាវា​ថ្នាក់ Ford និង​ប្រហាក់ប្រហែល​នឹង​នាវា Liaoning និង Shandong របស់​ចិន។

    តាម​ផែនការ Type-003 នឹង​ត្រូវបាន​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​បាញ់​បង្ហោះ (EMALS) ដែល​អនុញ្ញាតឱ្យ​យន្តហោះ​ចម្បាំង​ដែល​ហោះ​ចេញពី​នាវា​នេះ នាំយក​អាវុធ និង​ឥន្ធនៈ​ច្រើនជាង​ការប្រើប្រាស់​ស្ពាន​សម្រាប់​ហោះ​ឡើង​ដូច​នៅលើ​នាវា Liaoning និង Shandong។ Type-003 នឹងមាន​ប្រព័ន្ធ EMALS ចំនួន​ពីរ​នៅ​ផ្នែក​ខាងមុខ និង​មួយទៀត​នៅ​កណ្ដាល​នាវា ដែល​ចំនួន​នេះ តិចជាង​មួយ​ប្រព័ន្ធ បើ​ធៀប​នឹង​នាវា​ថ្នាក់ Ford និង Nimitz។

    ផ្ទៃក្រឡា​នៃ​ទីលាន​ចុះចត​របស់​នាវា​ផ្ទុក​យន្តហោះ Type-003 ប្រហាក់ប្រហែល​នឹង 19,500 ម៉ែត្រការ៉េ ធំ​ជាង​បន្តិច ធៀប​នឹង​ប្រព័ន្ធ​របស់ Ford នៃ​សហរដ្ឋអាមេរិក។

    បញ្ជាការដ្ឋាន​របស់ Type-003 ទំនងជា​ទាប​ជាង​បន្តិច បើ​ធៀប​នឹង​នាវា Liaoning និង Shandong។ ទីបញ្ជាការ​របស់ Type-003 ត្រូវបាន​ដាក់​នៅ​កណ្ដាល​នាវា ខុសពី​នាវា​ផ្ទុក​យន្តហោះ​ថ្នាក់ Ford ដែល​ត្រូវ​បានដាក់​នៅ​ផ្នែក​ខាងក្រោយ​បន្តិច៕

    ប្រភព៖ Naval News
    ប្រែ​សម្រួល៖ បុត្រា

  • ម៉ាស៊ីន​បង្កើត​ចង្វាក់បេះដូង​ដំបូង​គេ ដែល​អាចរំលាយ​ខ្លួនឯងក្នុង​រាងកាយ​មនុស្ស ដោយ​ប្រើពេល​ខ្លី​បំផុត

    ម៉ាស៊ីន​បង្កើត​ចង្វាក់បេះដូង​ដំបូង​គេ ដែល​អាចរំលាយ​ខ្លួនឯងក្នុង​រាងកាយ​មនុស្ស ដោយ​ប្រើពេល​ខ្លី​បំផុត

    ក្រុម​អ្នកវិទ្យាសាស្ត្រ អភិវឌ្ឍ​ម៉ាស៊ីន​បង្កើត​ចង្វាក់បេះដូង​មួយ​ប្រភេទ សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ខ្លី ដោយ​វា​អាចរំលាយ​ខ្លួនឯង ក្រោយ​រយៈពេល​ចាប់ពី 5 ដល់ 7 សប្ដាហ៍។

    ម៉ាស៊ីន​ខាងលើនេះ ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុម​អ្នកឯកទេស ប្រចាំ​សាកលវិទ្យាល័យ Northwestern និង សាកលវិទ្យាល័យ George Washington នៃ សហរដ្ឋអាមេរិក។

    ការសិក្សា​ស្រាវជ្រាវ​ថ្មី​នេះ ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី Nature Biotechnology កាលពី​ថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2021។

    ក្រុម​អ្នកស្រាវជ្រាវ ឱ្យដឹងថា នេះ​គឺជា​ម៉ាស៊ីន​បង្កើត​ចង្វាក់បេះដូង​ប្រើប្រាស់​បណ្ដោះអាសន្ន​រយៈពេល​ខ្លី និង​រលាយ​ដោយ​ឯកឯង​ដំបូង​គេ​ក្នុង​ពិភពលោក។ ម៉ាស៊ីន​នេះ ប្រើ​សម្រាប់​អ្នកជំងឺ​ដែល​ត្រូវការ​ចង្វាក់បេះដូង​សិប្បនិម្មិត ក្នុង​រយៈពេល​ខ្លី។

    ឧបករណ៍​នេះ មាន​រូបរាង​ស្ដើង​ខ្លាំង ស្រាល​ខ្លាំង និង​មិនមាន​ខ្សែ​ត​ភ្ជាប់ ឬ​ថ្ម។ គ្រឿង​ម៉ាស៊ីន​របស់​វា អាច​រលាយ​ដោយ​ឯកឯង ក្នុង​រយៈពេល​ពី 5-7 សប្ដាហ៍។

    ម៉ាស៊ីន​នេះ ដំណើរការ​ដោយ​ថាមពល​ដែល​បញ្ជូន​ពី​អង់​តែ​ន​មួយ​ដែល​នៅ​ឆ្ងាយ និង​ប្រើ​បច្ចេកវិទ្យា​ដូច​ទៅនឹង​ការទូទាត់​ប្រាក់ តាមរយៈ​ទូរស័ព្ទ​ឆ្លាត​វៃ។ ប្រការនេះ​មានន័យថា ម៉ាស៊ីន​នេះ​មិនត្រូវ​ការ​ថ្ម និង​ផ្នែក​រឹង ដូចជា​ខ្សែ​កាប ឬ​សំណ​ជាដើម។ ដូច្នេះ វា​មិន​បង្ក​ហានិភ័យ​ដល់​រាងកាយ ឬ​សុខភាព​របស់​អ្នកជំងឺ៕

    ប្រភព៖ Mashable
    ប្រែ​សម្រួល៖ បុត្រា

  • Barcelona ប្រកាសថា Messi នឹង​នៅ​បន្ត​ជាមួយ​ខ្លួន

    Barcelona ប្រកាសថា Messi នឹង​នៅ​បន្ត​ជាមួយ​ខ្លួន

    ក្លិប​បាល់ទាត់ Barcelona បាន​ផុត​កុងត្រា​ជាមួយនឹង​កីឡាករ​ខ្សែប្រយុទ្ធ​ជួរមុខ​របស់ខ្លួន Lionel Messi ហើយ កាលពី​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ។ ថ្វីបើ​កុងត្រា​ចាស់​ផុត​ក៏ពិតមែន ក៏ប៉ុន្តែ​កីឡាករ​រូបនេះ មិនទាន់​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​របស់គេ​នៅឡើយ​ទេ ។

    ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ក្លិប FC Barcelona បាន​ចេញមុខ​បកស្រាយ ថា​ក្លិប និង Messi កំពុងដំណើរការ​រឿងនេះ​ហើយ គ្រាន់តែ​មិនទាន់​សម្រេច​ជា​ផ្លូវការ ។ លោក​បាន​បន្តថា Messi នឹងមិន​ទៅណា​ឡើយ តែ​គ្រាន់តែ​វា​មិនទាន់​អាច​ប្រកាស​ជា​ផ្លូវការ​បាន ។ លោក​ក៏បាន​អំពាវនាវ​ទៅដល់​អ្នកគាំទ្រ​ក្លិប និង កីឡាករ​រូបនេះ​ថា សូមកុំ​ភ័យ​ថា​ក្លិប​នឹង​បាត់បង់ Messi  ។

    Lionel Messi គឺជា​កីឡាករ​លេង​បានយូរ​បំផុត​របស់​ក្លិប Barcelona ដែល​កំពុងតែ​លេង​ឱ្យ​ក្លិប​មួយ​នេះ ដោយ​គេ​បាន​ចូល​មកលេង​នៅទីនេះ​តាំងពី​ឆ្នាំ ២០០០ ដែល​គិត​មកដល់ពេលនេះ គឺមាន​រយៈពេល ២១ ឆ្នាំ​ពេញ​ហើយ  ៕

    ប្រភព ៖ dailymail

  • ស្ថានភាព Covid-19 នៅ កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ល្ងាច​ថ្ងៃទី 7 កក្កដា 2021

    ស្ថានភាព Covid-19 នៅ កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ល្ងាច​ថ្ងៃទី 7 កក្កដា 2021

    ក្រសួងសុខាភិបាល នា​ថ្ងៃទី 7 កក្កដា ឆ្នាំ 2021 នេះ បានឱ្យដឹងថា «អ្នក​បាន​ឆ្លង​វីរុស​Covid-19 សរុប នៅ កម្ពុជា បាន​កើន​ដល់​ជាង 57,000 នាក់» ក្នុងពេលដែល​តួលេខ​នេះ បាន​កើន​ដល់​ជាង 185,393,000 នាក់ នៅ​ទូទាំង​សកលលោក។

    មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​សរុប​ចំនួន 57,103 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 798 នាក់, អ្នកជា​សះស្បើយ​សរុប 48,974 នាក់។ ក្នុង​ថ្ងៃទី 6 កក្កដា មាន​អ្នកជំងឺ​ថ្មី​ចំនួន 981 នាក់ និង អ្នកស្លាប់​ថ្មី​ចំនួន 19 នាក់។ ក្នុងចំណោម​អ្នក​វិជ្ជមាន​សរុប មាន​អ្នកជំងឺ​ជិត 4,000 នាក់ ជា​ករណី​នាំចូល​ពី​បរទេស។

    ដោយឡែក នៅ​ទូទាំង​សកលលោក បច្ចុប្បន្ន​បាន​រកឃើញ​អ្នកជំងឺ​Covid-19 សរុប​ចំនួន ជាង 185,393,000 នាក់, អ្នកស្លាប់​ជាង 4,009,000 នាក់, អ្នកជា​ជិត 169,737,000 នាក់។ ក្នុងចំណោម​អ្នកជំងឺ​សរុប មាន 11,647,503 នាក់ កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ព្រោះតែ​អាការ​ធ្ងន់ធ្ងរ៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់ និង​ប្រែ​សម្រួល៖ បុត្រា

  • “អាណាចក្រ​ពាណិជ្ជកម្ម” របស់​មហាសេដ្ឋី Jeff Bezos

    “អាណាចក្រ​ពាណិជ្ជកម្ម” របស់​មហាសេដ្ឋី Jeff Bezos

    នៅពេល Jeff Bezos ចាក​ចេញពី​តំណែង CEO កាលពី​ថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2021 ក្រុមហ៊ុន​យក្ស Amazon ដែល​លោក​បាន​កសាងឡើង កំពុងតែ​រីក​មាឌ​លឿន​ជាងពេលណាៗទាំងអស់។

    ក្នុងអំឡុង 27 ឆ្នាំ លោក Jeff Bezos បានប្រែក្លាយ Amazon ទៅជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក ដែលមាន​អំណាច និង​ឥទ្ធិពល​យ៉ាង​សម្បើម នៅក្នុង​វិស័យ​ជាច្រើន។ ទ្រព្យសម្បត្តិ​របស់ Jeff Bezos និង​ក្រុមហ៊ុន Amazon ក៏បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅថ្មីៗនេះ។

    ក្រៅពី​ការដណ្ដើម​បាន​ជោគជ័យ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន​ឡាយ ក្រុមហ៊ុន Amazon ក៏​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​វិស័យ​ជាច្រើន​ទៀត ក្នុងនោះ​មានដូចជា​សេវាកម្ម កុំព្យូទ័រ​ពពក (cloud computing) កម្សាន្ត និង​សេវា​ផ្សាយពាណិជ្ជកម្ម។

    ចាប់ពី​ថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2021 ក្រោយពី​បានប្រគល់​តំណាង CEO ឱ្យ Andy Jassy ដើម្បី​ក្លាយជា​ប្រធាន​ក្រុមហ៊ុន មហាសេដ្ឋី Jeff Bezos នឹង​ឈាន​ចូលដល់​ជីវភាព​ថ្មី ហើយ​លោក​នឹង​ចំណាយ​ពេលវេលា​ច្រើនជាង​មុន ទៅលើ​កិច្ចការ​ស្រាវជ្រាវ​អវកាស កិច្ចការ​មនុស្សធម៌ ទិញ​អចលនទ្រព្យ និង​នាវា​ទេសចរណ៍។

    ធ្វើ​ជំនួញ​ក្នុង​វិស័យ​ជាច្រើន

    ក្រុមហ៊ុន​ស្រាវជ្រាវ eMarketer បានឱ្យដឹងថា Amazon គ្រប់គ្រង​ផ្នែក​លក់រាយ​អន​ឡាញ ប្រមាណ 41% ក្នុងចំណោម​ផលិតផល​លក់រាយ​តាម​អន​ឡាញ​សរុប​របស់ សហរដ្ឋអាមេរិក។ ប៉ុន្តែ Amazon ក៏បាន​នាំមុខគេ​ក្នុង​វិស័យ​សេវាកម្ម​កុំព្យូទ័រ​ពពក និង​ជា «មហាអំណាច» មួយ​ក្នុង​វិស័យ​ផ្សាយពាណិជ្ជកម្ម ដែល​ប្រកួតប្រជែង​នឹង Google និង Facebook ផងដែរ។ Amazon ក៏​វាយលុក​ទៅក្នុង​វិស័យ​ផ្ដល់​សេវាកម្ម​អន​ឡាញ និង​ផលិតផល​ឆ្លាត​វៃ។

    ការជ្រើសរើស​បុគ្គលិក

    Amazon បានជ្រើសរើស​បុគ្គលិក​បន្ថែម ជាង 500,000 នាក់ នៅ​ជុំវិញ​ពិភពលោក នា​ឆ្នាំ 2020 ហើយ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត ក្រុមហ៊ុន​នេះ អាច​យកឈ្នះ Walmart ដើម្បី​ក្លាយជា​អ្នក​ជ្រើសរើស​បុគ្គលិក​ច្រើនជាងគេបង្អស់​នៅ សហរដ្ឋអាមេរិក។

    ដើមឆ្នាំ 2021 នេះ Amazon បានជ្រើសរើស​បុគ្គលិក​បន្ថែម​ជិត 4,000 នាក់​ទៀត។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ មាន​បុគ្គលិក​ការិយាល័យ​ចំនួន​ជាង 130,000នាក់ ក្នុងចំណោម 950,000 នាក់ របស់ខ្លួន ដែល​កំពុងធ្វើការ​នៅ សហរដ្ឋអាមេរិក។

    ជោគជ័យ​នៅ Hollywood

    Amazon បានចាប់ផ្ដើម​ចូលប្រលូក​ក្នុង​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កាលពី​ឆ្នាំ 2010 តាមរយៈ Amazon Studios។ បច្ចុប្បន្ន ពួកគេ​គឺជា​ផលិតកម្ម និង​ជា​អ្នកផ្គត់ផ្គង់​ភាពយន្ត​ដែលមាន​ឈ្មោះ​ល្បីល្បាញ។ ខ្សែភាពយន្ត​របស់ Amazon ដែល​ទទួលបាន​ជោគជ័យ​ច្រើនជាងគេ មានដូចជា រឿង “The Marvelous Mrs. Maisel”, “Manchester by the Sea” និង “Sound of Metal” ជាដើម។

    គម្រោង​វិនិយោគ​ដទៃ

    មហាសេដ្ឋី Bezos មាន​គម្រោង​ហោះ​ទៅកាន់​ទី​អវកាស នៅ​ថ្ងៃទី 20 ខែកក្កដា ខាងមុខ។ លោក ក៏​នឹង​ផ្ដោតទៅលើ​កិច្ចការ​មនុស្សធម៌ អាកាសធាតុ​ច្រើនជាង​មុន​ផងដែរ។ លោក Bezos គឺជា​មហាសេដ្ឋី​លំដាប់​ទីមួយ​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​ប្រមាណ 200 ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម Bloomberg Billionaires Index៕

    ប្រភព ៖ WSJ
    ប្រែ​សម្រួល ៖ បុត្រា

  • Kylian Mbappe ប្រកាស​ដើរចេញ​ពី PSG ហើយ

    Kylian Mbappe ប្រកាស​ដើរចេញ​ពី PSG ហើយ

    មកទល់ពេលនេះ ខ្សែប្រយុទ្ធ Kylian Mbappe បានប្រកាសថា គេ​លែង​ចង់​លេង​ឱ្យ​ក្លិប​នៅក្នុង​ប្រទេស​បារាំង​ទៀតហើយ។ កីឡាករ​ដ៏​ល្អ ដែល​បាន​ជួយ​ឱ្យ​បារាំង​ឈ្នះ​ពាន World Cup កាលពី​ឆ្នាំ2018 នេះ ថែមទាំង​បាន​និយាយ​ផងដែរ​ថា រូបគេ​មិន​ចង់​បន្ត​កុងត្រា​ថ្មី ជាមួយ PSG ទៀតឡើយ។

    ប៉ុន្តែ មកដល់ពេលនេះ PSG មិនទាន់​សម្រេចចិត្ត​ល​ក់ Mbappe នៅឡើយ ដោយសារតែ​ក្លិប​នេះ នឹង​ប្រថុយ ចំណាយពេល 6ខែ ទៅមុខទៀត ដើម្បី​បន្ត​បញ្ចុះបញ្ចូល ឱ្យ​កីឡាករ​រូបនេះ ចុះ​កុងត្រា​ថ្មី​បន្តទៀត។

    កីឡាករ Kylian Mbappe បាន​រង​សម្ពាធ​ជាច្រើន ក្រោយពី​មិនអាច​ជួយ ឱ្យ​ក្រុម​ជម្រើសជាតិ​បារាំង​ឡើងទៅ​កាន់​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ Euro 2020 ក្រោយ​ចាញ់​បាល់​ប៉េ​ណា​ល់​ទី ក្រុម​ស្វ៊ី​ស ខណៈដែល Mbappe គឺជា​អ្នក​ដែល​ស៊ុត​បាល់​ចុងក្រោយ មិន​ចូល៕

  • ManU នាំយក​ខ្សែបម្រើ​ចាស់វស្សា​មកវិញ ក្រោយពី​ចាកចេញ​ទៅ បានតែ​ប៉ុន្មាន​ថ្ងៃ

    ManU នាំយក​ខ្សែបម្រើ​ចាស់វស្សា​មកវិញ ក្រោយពី​ចាកចេញ​ទៅ បានតែ​ប៉ុន្មាន​ថ្ងៃ

    Juan Manuel Mata García កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្លិប​បាល់ទាត់​បិសាច​ក្រហម Manchester United ត្រូវបាន​ក្លិប​ប្រកាស​ចុះ​កុងត្រា​ទទួល​មកវិញ រយៈពេល 1រដូវ​កាល ពោលគឺ​នឹង​គិតគូរ​កុងត្រា​ឡើងវិញ នៅ​ខែមិថុនា ឆ្នាំ2022ខាងមុខ។

    កីឡាករ​រូបនេះ ធ្លាប់​ត្រូវបាន​ក្លិប ManU ប្រកាសថា នឹងមិន​បន្ត​កុងត្រា​ថ្មី​ទេ ក្រោយពី​កុងត្រា​ចាស់ បាន​ផុត​កាលពី​ចុងខែ​មិថុនា ឆ្នាំ2021 ក្រោយពី​លេង​ឱ្យ​ក្លិប​ខ្លាំង​របស់​អង់គ្លេស​មួយ​នេះ​បាន 8រដូវ​កាល ដោយបាន​ចូល​លេង 189ប្រកួត នឹង​រកបាន 34គ្រាប់។

    អតីត​កីឡាករ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Juan Mata រូបនេះ ធ្លាប់មាន​ប្រវត្តិ​ល្អ​មិន​ណ​យ​ឡើយ ដោយ​ធ្លាប់​លេង​ឱ្យ​ក្លិបខ្លាំងៗ នៅ​អេ​ស្ប៉ា​ញ​ដល់​ទៅ 2ក្លិប គឺ Real Madrid Castilla និង Valencia មុននឹង​ត្រូវបាន Chelsea នាំមក​អង់គ្លេស​កាលពី​ឆ្នាំ2011 ហើយ​បន្ត​មក ManU នៅ​ឆ្នាំ2014៕

  • ការសាកល្បង​ធ្វើការ តែ 4 ថ្ងៃ ក្នុង 1 សប្ដាហ៍ នៅ អ៊ី​ស្លង់ ទទួលបាន​ជោគជ័យ!

    ការសាកល្បង​ធ្វើការ តែ 4 ថ្ងៃ ក្នុង 1 សប្ដាហ៍ នៅ អ៊ី​ស្លង់ ទទួលបាន​ជោគជ័យ!

    ក្រុម​អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា «រូបមន្ត​ធ្វើការ 4 ថ្ងៃ ក្នុង 1 សប្ដាហ៍ នៅ​ប្រទេស អ៊ី​ស្លង់ ទទួលបាន «ជោគជ័យ​យ៉ាង​ត្រចះត្រចង់» ក្រោយ​ការសាកល្បង​រយៈពេល 4 ឆ្នាំ។

    ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សមាគម​ដើម្បី​ប្រជាធិបតេយ្យ​ប្រកបដោយ​និរន្តរភាព (Association for Sustainability and Democracy / Alda) ប្រចាំ​ប្រទេស អ៊ី​ស្លង់ និង​អង្គការ​ប្រឹក្សា​គោលនយោបាយ Autonomy របស់ អង់គ្លេស នេះ ត្រូវបាន​ធ្វើឡើង​ចាប់ពី​ឆ្នាំ 2015 ដល់​ឆ្នាំ 2019។

    កម្មវិធី​សាកល្បង​ខាងលើ ត្រូវបាន​ធ្វើឡើង​ចំពោះ​ពលករ / កម្មករ ចំនួន 2.500 នាក់ ដែល​ប្រហាក់ប្រហែល​នឹង 1% បើ​ធៀប​នឹង​ចំនួន​ប្រជាជន​ពេញវ័យ​សរុប​នៅ​ប្រទេស អ៊ី​ស្លង់។ ក្នុង​កម្មវិធី​នេះ ពលករ​ត្រូវបាន​អនុញ្ញាតឱ្យ​ធ្វើការ​តែ 4 ថ្ងៃ​ប៉ុណ្ណោះ ក្នុង 1 សប្ដាហ៍ តែ​ទទួលបាន​ប្រាក់ខែ​ពេញលេញ​ដដែល។

    នៅក្នុង​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី 4 ខែកក្កដា Will Strong ដែលជា​នាយក​ផ្នែក​ស្រាវជ្រាវ របស់ Autonomy បានឱ្យដឹងថា ៖ «ការសិក្សា​បានបង្ហាញ​ថា វិស័យ​ការងារ​សាធារណៈ (ការងារ​រដ្ឋ) មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដែល​អាច​នាំមុខគេ នៅក្នុង​ការធ្វើការ 4 ថ្ងៃ ក្នុង 1 សប្ដាហ៍»។

    ប្រទេស​ អ៊ីស្លង់

    កម្លាំង​ពលកម្ម​ដែល​បាន​ចូលរួម​ក្នុងការ​សាកល្បង​ខាងលើ ធ្វើការ​ចាប់ពី 35 ដល់ 36 ម៉ោង ក្នុង 1 សប្ដាហ៍។ Alda បាន​អះអាងថា ជីវភាព​រស់នៅ​របស់​ពលករ ត្រូវបាន​កែលម្អ​មួយ​ភាគ​ធំ នៅ​គ្រប់​ស្ថានភាព រាប់​ចាប់ពី​ការ​ប្រឈម​នឹង​សម្ពាធ​នានា រហូតដល់​សុខភាព ការ​ហត់នឿយ និង​តុល្យភាព​រវាង​ការងារ និង​ជីវិត​ប្រចាំថ្ងៃ ខណៈដែល​ការងារ​ដែលជា​តួនាទី​របស់​ពួកគេ នៅតែ​ត្រូវបាន​ធានា​ដដែល ហើយក៏​មានការ​រីកចម្រើន​ខ្លាំង​នៅក្នុង​បរិស្ថាន​នៃ​ការងារ​មួយចំនួន​ផងដែរ។

    កម្មវិធី​សាកល្បង​ដែលមាន​រយៈពេល 5 ឆ្នាំនេះ ត្រូវបាន​ផ្ដួចផ្ដើម​ដោយ​ក្រុមប្រឹក្សាភិបាល​នៃ​ទីក្រុង Reykjavik និង​រដ្ឋាភិបាល អ៊ី​ស្លង់ បន្ទាប់ពី​មានការ​អំពាវនាវ​ពី​សំណាក់​ក្រុម​សហជីព និង​បណ្ដា​អង្គការ​សង្គម​ស៊ីវិល។

    របាយការណ៍​របស់ Alda និង Autonomy បាន​រៀបរាប់ថា លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​រយៈពេល​ច្រើន​ឆ្នាំ​កន្លងទៅនេះ គឺជា «គំរូ» សម្រាប់​ការសាកល្បងផ្សេងៗទៀត​នាពេលខាងមុខ៕

    ប្រភព ៖ CBS
    ប្រែ​សម្រួល ៖ បុត្រា

  • បុគ្គល 10 រូប ដែល​រកបាន​ប្រាក់​ច្រើនជាងគេបង្អស់ ពី​ការ​បង្ហោះ​សារនីមួយៗ នៅលើ Instagram

    បុគ្គល 10 រូប ដែល​រកបាន​ប្រាក់​ច្រើនជាងគេបង្អស់ ពី​ការ​បង្ហោះ​សារនីមួយៗ នៅលើ Instagram

    កំពូល​កីឡាករ​បាល់ទាត់ Cristiano Ronaldo នាំមុខគេ ក្នុង​បញ្ជី​ចំណាត់ថ្នាក់​នេះ ដោយ​រកបាន 1.6 លាន ដុល្លារ​អាមេរិក សម្រាប់​ការ​បង្ហោះ​សារ 1 អត្ថបទ លើ​ទំព័រ Instagram របស់ខ្លួន។

    1. Kendall Jenner

    -ចំនួន​អ្នកតាមដាន ៖ 172 លាន​នាក់
    -តម្លៃ​សម្រាប់ 1 អត្ថបទ ៖ 1.05 លាន​ដុល្លារ​អាមេរិក

    Kendall Jenner ត្រូវបាន​គេ​ចាត់ទុកថា​ជា តារា​បង្ហាញ​ម៉ូដ ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក និង​មានទ្រព្យ​ប្រមាណ 45 លាន​ដុល្លារ​អាមេរិក នា​ឆ្នាំ 2021។

    1. Justin Bieber

    -ចំនួន​អ្នកតាមដាន ៖ 180 លាន​នាក់
    -តម្លៃ​សម្រាប់ 1 អត្ថបទ ៖ 1.1 លាន​ដុល្លារ​អាមេរិក

    គិត​ត្រឹម​ឆ្នាំ 2021 តម្លៃ​ទ្រព្យ​សុទ្ធ​របស់​តារាចម្រៀង​រូបនេះ គឺ​ប្រហែល 280 លាន​ដុល្លារ​អាមេរិក។ Justin Bieber រកចំណូលបាន​ពី​តន្ត្រី ជំនួញ សកម្មភាព​ច្រៀង​តាម​កម្មវិធី​តន្ត្រី​ទេសចរណ៍ និង​អចលនទ្រព្យ។ Justin Bieber ទទួលបាន​ការគាំទ្រ​ច្រើន​ពី Walmart, Adidas និង Calvin Klein។

    1. Beyoncé Knowles

    -ចំនួន​អ្នកតាមដាន ៖ 189 លាន​នាក់
    -តម្លៃ​សម្រាប់ 1 អត្ថបទ ៖ 1.14 លាន​ដុល្លារ​អាមេរិក

    Beyoncé Knowles បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ Netflix សម្រាប់​គម្រោង​ចំនួន 3 ដែលមាន​តម្លៃ​សរុប ប្រមាណ 60 លាន​ដុល្លារ ក្នុងនោះ​ក៏មាន​ទាំង “Homecoming” ជា​ខ្សែភាពយន្ត​មួយ​ដែលមាន​វត្តមាន​របស់ Coachella ផងដែរ។

    1. Lionel Messi

    -ចំនួន​អ្នកតាមដាន ៖ 224 លាន​នាក់
    -តម្លៃ​សម្រាប់ 1 អត្ថបទ ៖ 1.16 លាន​ដុល្លារ​អាមេរិក

    ប្រាក់ចំណូល​របស់ Messi នៅលើ​បណ្ដាញ​សង្គម Instagram ភាគច្រើន​បានមកពី​ការ​បង្ហោះ​អត្ថបទ​ពាណិជ្ជកម្ម ឱ្យ Pepsi, Gillette និង Turkish Airlines។ គិត​ត្រឹម​ឆ្នាំ 2021 នេះ តម្លៃ​នៃ​ទ្រព្យ​សុទ្ធ​របស់​កីឡាករ​បាល់ទាត់ Lionel Messi បាន​ឡើងដល់​ប្រហែល 400 លាន​ដុល្លារ​អាមេរិក។

    1. Kim Kardashian

    -ចំនួន​អ្នកតាមដាន ៖ 232 លាន​នាក់
    -តម្លៃ​សម្រាប់ 1 អត្ថបទ ៖ 1.41 លាន​ដុល្លារ​អាមេរិក

    តារា​សំដែង និង​បង្ហាញ​ម៉ូដ ជនជាតិ​អាមេរិកាំង នាង Kim Kardashian បច្ចុប្បន្ន មានទ្រព្យ​ចំនួន 1 ពាន់​លាន​ដុល្លារ​អាមេរិក។ ការរក​ប្រាក់​ពី​បណ្ដាញ​សង្គម Instagram របស់​នាង ភាគច្រើន​បានមកពី​ការផ្សាយ​អត្ថបទ​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន KKW Beauty និង Skims។

    1. Selena Gomez

    -ចំនួន​អ្នកតាមដាន ៖ 240 លាន​នាក់
    -តម្លៃ​សម្រាប់ 1 អត្ថបទ ៖ 1.46 លាន​ដុល្លារ​អាមេរិក

    តារាចម្រៀង​រូបនេះ បានចាប់ផ្ដើម​អាជីព​របស់ខ្លួន ដោយ​ការសំដែង​នៅក្នុង​ខ្សែភាពយន្ត​ទូរទស្សន៍​សម្រាប់​កុមារ “Barney & Friends”។ Selena Gomez ធ្លាប់មាន​វត្តមាន​នៅក្នុង​តារាង​ចំណាត់ថ្នាក់ “30 Under 30” របស់ Forbes ផងដែរ កាលពី​ឆ្នាំ 2016។

    1. Kylie Jenner

    -ចំនួន​អ្នកតាមដាន ៖ 244 លាន​នាក់
    -តម្លៃ​សម្រាប់ 1 អត្ថបទ ៖ 1.49 លាន​ដុល្លារ​អាមេរិក

    Kylie Jenner ទំនងជា​បាន​បាត់បង់​តំណែង​ជា «មហាសេដ្ឋី​វ័យក្មេង​បំផុត» របស់​ពិភពលោក ប៉ុន្តែ នាង​នៅតែ​ជា​កំពូល​អ្នក​រកលុយ នៅក្នុង​វិស័យ​គ្រឿងសំអាង។

    1. Ariana Grande

    -ចំនួន​អ្នកតាមដាន ៖ 247 លាន​នាក់
    -តម្លៃ​សម្រាប់ 1 អត្ថបទ ៖ 1.51 លាន​ដុល្លារ​អាមេរិក

    ក្រៅពី Instagram នាង Ariana Grande ក៏មាន​អ្នកតាមដាន​ប្រហែល 25 លាន​នាក់ នៅលើ TikTok, 80 លាន​នាក់​នៅលើ Twitter និង 48 លាន​នាក់​នៅលើ Youtube។ ចាប់ពី​ខែមិថុនា ឆ្នាំ 2019 ដល់​ខែមិថុនា ឆ្នាំ 2020 នាង Ariana Grande រកបាន 70 លាន​ដុល្លារ ពី​សកម្មភាពផ្សេងៗរបស់ខ្លួន។

    1. Dwayne Johnson

    -ចំនួន​អ្នកតាមដាន ៖ 250 លាន​នាក់
    -តម្លៃ​សម្រាប់ 1 អត្ថបទ ៖ 1.52 លាន​ដុល្លារ​អាមេរិក

    Dwayne Johnson គឺជា​សេដ្ឋី​ម្នាក់​ដែលមាន​ទ្រព្យ​ប្រមាណ 400 លាន​ដុល្លារ​អាមេរិក។ លោក​គឺជា​តារា​សម្ដែង​ប្រុស ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក និង​រកបាន​ជាង 100 លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ ក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

    1. Cristiano Ronaldo

    -ចំនួន​អ្នកតាមដាន ៖ 307លាន​នាក់
    -តម្លៃ​សម្រាប់ 1 អត្ថបទ ៖ 1.6 លាន​ដុល្លារ​អាមេរិក

    កំពូល​តារាបាល់ទាត់ Cristiano Ronaldo របស់​ក្លឹប Juventus គឺជា​អ្នក​នាំមុខគេ នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់ “Instagram Rich List 2021” ដែល​ទើប​ត្រូវបាន Hopperhq ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។ ដោយមាន​អ្នកតាមដាន​ចំនួន 307 លាន​នាក់ នៅលើ Instagram លោក Cristiano Ronaldo រកបាន 1.6 លាន​ដុល្លារ​អាមេរិក ពី​ការ​បង្ហោះ​សារ​ពាណិជ្ជកម្ម 1 អត្ថបទ។ Cristiano Ronaldo គឺជា​អ្នក​ដែល​ត្រូវបាន​តាមដាន​ច្រើនជាងគេបង្អស់ នៅលើ​បណ្ដាញ​សង្គម Instagram និង​ជា​កីឡាករ​បាល់ទាត់​ដំបូង​គេ ដែល​ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​របស់ Instagram Rich List។ ជា​សរុប នៅ​គ្រប់​បណ្ដាញ​សង្គម លោក Cristiano Ronaldo មាន​អ្នកតាមដាន​ជាង 550 លាន​នាក់៕

    ប្រភព ៖ SCMP
    ប្រែ​សម្រួល ៖ បុត្រា