Author: សឿន សំណាង

  • AFC លុបចោល វគ្គជម្រុះ វិសាខា នៅ AFC CUP ដោយឱ្យឡើងទៅវគ្គចែកពូលតែម្តង

    AFC លុបចោល វគ្គជម្រុះ វិសាខា នៅ AFC CUP ដោយឱ្យឡើងទៅវគ្គចែកពូលតែម្តង

    ការប្រកួតវគ្គជម្រុះបឋម នៃពានរង្វាន់អាស៊ី AFC Cup 2021 រវាងក្លិបវិសាខា ជាមួយក្លិប Lalenok United របស់ប្រទេសទីម័រខាងកើត ដែលគ្រោងប្រកួតនាពេលខាងមុខនេះ ត្រូវបានលុបចោលហើយ។ នេះបើតាមការកែសម្រួលកម្មវិធីប្រកួត របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) កាលពីថ្មីៗ។

    ក្រោយលុបចោលការប្រកួតនេះ ក្រុមទាំង2 គឺ វិសាខា និង Lalenok FC ត្រូវបានដំឡើងឱ្យទៅចូលរួមជាមួយនឹងពូល I តែម្តង ដើម្បីបង្គ្រប់ក្រុមដែលនៅសល់ 2ក្រុមក្នុងពូលនេះ។

    ការដំឡើងនេះ ត្រូវបានគេដឹងថា ដោយសារតែក្រុមមកពីហ្វីលីពីនមួយក្នុងពូលនេះ បានឈ្នះវគ្គជម្រុះទៅលេងវគ្គចែកពូល ​AFC Champions League ម្យ៉ាងទៀត គឺដោយសារតែបញ្ហាកូវីដ-19 ដែលធ្វើ​ឱ្យពាននេះពិបាកក្នុងការរៀបចំប្រកួតវគ្គជម្រុះ៕

    ប្រភព ៖ afc

  • ចម្លែក! រលក​បោក​ខ្ទប់​ច្រាំង បង្ហាញ​រូបភាព ដូច មុខមាត់​របស់​អាទិទេព​សមុទ្រ

    ចម្លែក! រលក​បោក​ខ្ទប់​ច្រាំង បង្ហាញ​រូបភាព ដូច មុខមាត់​របស់​អាទិទេព​សមុទ្រ

    រលក​សមុទ្រ​ដែលមាន​រូបរាង​ដូច​ទៅនឹង​មុខមាត់​របស់​អាទិទេព​ស​មុ​ទ្រ Neptune នៅក្នុង​ទេវ​កថា រ៉ូ​ម៉ាំង បានបង្ហាញ​ខ្លួន នៅពេល​ព្យុះ​មួយ កំពុង​បោកបក់​ទៅលើ​ឆ្នេរសមុទ្រ​ស្រុក Sussex ខាងកើត នៃ​ចក្រភព​អង់គ្លេស។

    អ្នក​ថតរូប Jeff Overs របស់​ទីភ្នាក់ងារសារព័ត៌មាន BBC ថត​បាន​រូបភាព​នេះ នៅឯ​កំពង់ផែ Newhaven កាលពី​ថ្ងៃទី 6 ខែកក្កដា នៅពេលដែល​រលកធំៗ បង្កឡើង​ដោយ​ព្យុះ កំពុង​បោក​ខ្ទប់​ទៅលើ​ទំនប់​ឃាំង​រលក​សមុទ្រ។ រូបភាព​នេះ ត្រូវបាន​ថត​នៅពេល​ទឹកសមុទ្រ​ជោរ​ឡើង​ខ្ពស់ និង​ខ្យល់​មាន​ល្បឿន​ជាង 80គម/ម៉ោង។

    «ទីនេះ បាន​ក្លាយជា​កន្លែង​ដ៏​ពេញនិយម​សម្រាប់​ជាង​ថតរូប ព្រោះតែ​សមុទ្រ​មាន​ខ្យល់​ខ្លាំង និង​រលកធំៗ បោក​ខ្ទប់​ទំនប់​ស្កា​ត់រលក» Overs រៀបរាប់។ «រលក លាយឡំ​នឹង​ខ្យល់​ខ្លាំង បោក​ខ្ទប់​ចូល​ច្រាំង បង្កើតបានជា​រូបភាព​ស្រដៀង​នឹង​មុខមាត់ផ្សេងៗ យ៉ាង​ចម្លែក»។

    ការមើលឃើញ​មុខមាត់​របស់​អាទិទេព​ស​មុ​ទ្រ Neptune (អាទិទេព Poseidon នៅក្នុង​ទេវ​កថា របស់ ក្រិ​ក) គឺជា​ឧទាហរណ៍​ជាក់ស្ដែង​អំពី pareidolia ដែលជា​រោគសញ្ញា​នៃ​ការខ្លាច​មួយ​ប្រភេទ​របស់​ផ្លូវចិត្ត ទាក់ទិន​នឹង​មុខមាត់​នានា បណ្ដាលឱ្យ​មនុស្ស​មើលឃើញ​រូបភាព​ចៃដន្យ​មួយចំនួន​ថា​ជា រូបភាពផ្សេងៗ តាម​ការស្រមើស្រមៃ។

    អ្នក​ថតរូប​ខាងលើនេះ បាន​អះអាងថា៖ «នោះ​គឺជា​រូបភាព​ដែល​ថត​ត្រង់​ពីមុខ ហើយ​ខ្ញុំ​ក៏​មិនបាន​កែ​រូបថត​នេះ​សោះឡើយ»៕

    ប្រភព៖ BBC
    ប្រែ​សម្រួល៖ បុត្រា

  • ក្រុម​ប្រដាប់អាវុធ​ដែល​ធ្វើឃាត​ប្រធានាធិបតី ហៃ​ទី លាក់​ខ្លួន​​ក្នុង​ “ការិយាល័យ​តំណាង​តៃវ៉ាន់”

    ក្រុម​ប្រដាប់អាវុធ​ដែល​ធ្វើឃាត​ប្រធានាធិបតី ហៃ​ទី លាក់​ខ្លួន​​ក្នុង​ “ការិយាល័យ​តំណាង​តៃវ៉ាន់”

    ក្រុមមនុស្ស​ចំនួន 11 នាក់ ដែល​ត្រូវគេ​សង្ស័យថា​ជា ឃាតករ​បាញ់សម្លាប់​ប្រធានាធិបតី​នៃ​ប្រទេស ហៃ​ទី លោក Jovenel Moise បាន​ចូល​លាក់ខ្លួន​ក្នុង​ការិយាល័យ​តំណាង​កោះ​តៃវ៉ាន់ ប្រចាំ​រដ្ឋធានី Port-au-Prince ហើយក៏​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន។

    Joanne Ou អ្នកនាំពាក្យ​ក្រសួងការបរទេស​តៃវ៉ាន់ ថ្ងៃនេះ បានឱ្យដឹងថា ការិយាល័យ​តំណាង​របស់​កោះ​នេះ​ប្រចាំ​នៅ​រដ្ឋធានី​នៃ​ប្រទេស ហៃ​ទី បាន​បិទទ្វារ ដោយសារតែ​បញ្ហា​អសន្តិសុខ ក្រោយ​ប្រធានាធិបតី Moise ត្រូវគេ​ធ្វើឃាត។

    លោកស្រី Ou បានឱ្យដឹងថា បុគ្គលិក​សន្តិសុខ​រប​ស់​ការិយាល័យ​តំណាង​តៃវ៉ាន់ បានឃើញ​ជនប្រដាប់អាវុធ​មួយក្រុម សម្រុកចូល​ការិយាល័យ​នេះ។ បុគ្គលិក​សន្តិសុខ​ក៏បាន​រាយការណ៍​ប្រាប់​ប៉ូលីស ហៃ​ទី។ ការិយាល័យ​តំណាង​តៃវ៉ាន់ បានអនុញ្ញាត​ឱ្យ​ប៉ូលិស ហៃ​ទី ចូលទៅ​ខាងក្នុង ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនោះ ក្រោយ​មានការ​ស្នើ​ពី​រដ្ឋាភិបាល ហៃ​ទី។

    ក្នុង​សេចក្ដីប្រកាស​មួយ​ដែល​បង្ហោះ​នៅលើ​គេហទំព័រ ការិយាល័យ​តំណាង តៃវ៉ាន់ ប្រចាំ​ទីក្រុង Port-au-Prince សរសេរថា ក្រុម​ខ្មាន់កាំភ្លើង​នេះ​គឺជា «ទាហាន​ស៊ីឈ្នួល» និង​ជា​ក្រុម​ជនសង្ស័យ​ដែល​ទាក់ទិន​នឹង​អំពើ​ឃាតកម្ម​លើ​ប្រធានាធិបតី Moise។

    អតីត​ប្រធានាធិបតី​ ហៃទី លោក​ Jovenel Moise

    ប្រកាស​របស់​ការិយាល័យ​តំណាង តៃវ៉ាន់ ឱ្យដឹងថា «ប៉ូលិស​បានចាប់ផ្ដើម​ធ្វើ​ការ​នៅ​ម៉ោង​ប្រហែល 16 នៃ​ថ្ងៃទី 8 ខែកក្កដា និង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន 11នាក់។ ការចូលចាប់​ខ្លួន​នេះ ដំណើរការ​ដោយ​រលូន»។ ការិយាល័យ​នេះ អធិប្បាយ​ថា ករណី​ឃាតកម្ម​លើ​ប្រធានាធិបតី Moise គឺ​ពិតជា «ឃោរឃៅ និង​គួរឱ្យ​ភ័យខ្លាច»។

    ហៃ​ទី គឺជា​ប្រទេសមួយ ក្នុងចំណោម 15 ប្រទេស ដែល​នៅ​រក្សា​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់។ ការិយាល័យ​តំណាង​របស់ តៃវ៉ាន់ ស្ថិត​នៅក្បែរ​ភូមិគ្រឹះ​លើ​ជម្រាលភ្នំ របស់​ប្រធានាធិបតី ហៃ​ទី ជាទី​ដែល​លោក Moise ត្រូវគេ​ធ្វើឃាត។

    ប៉ូលិស ហៃ​ទី ឱ្យដឹងថា ជនជាតិ កូ​ឡុំ​ប៊ី ចំនួន 26 នាក់ រួម​នឹង​ជនជាតិ​អាមេរិក​ដើមកំណើត ហៃ​ទី ចំនួន 2 នាក់ គឺជា​អ្នក​នៅ​ពីក្រោយ​ករណី​ឃាតកម្ម​លើ​ប្រធានាធិបតី Moise។ «យើង​បាន​ចាប់ខ្លួន​ជនជាតិ កូ​ឡុំ​ប៊ី ចំនួន 15 នាក់ និង​ជនជាតិ​អាមេរិក ដើមកំណើត ហៃ​ទី ចំនួន 2 នាក់។ ជនជាតិ កូ​ឡុំ​ប៊ី ចំនួន 3 នាក់ ត្រូវបាន​សម្លាប់ ខណៈ 8 នាក់​ផ្សេងទៀត កំពុង​រត់គេចខ្លួន» នេះ​បើតាម​អគ្គស្នងការ​ប៉ូលិស​ជាតិ ហៃ​ទី លោក Leon Charles។

    ក្រសួងការបរទេសរ​បស់ សហរដ្ឋអាមេរិក បានឱ្យដឹងថា បច្ចុប្បន្ន មិនទាន់​អាច​បញ្ជាក់បាន​អំពី​ករណី​ពលរដ្ឋ​អាមេរិក​ណាខ្លះ ត្រូវបាន​ចាប់ខ្លួន ឬ​យ៉ាងណា​នៅឡើយ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • កសិករ​ចិន ឡាយ​លក់​កសិផល រកបាន​ប្រាក់​ខ្ទង់លាន​ដុល្លារ​អាមេរិក

    កសិករ​ចិន ឡាយ​លក់​កសិផល រកបាន​ប្រាក់​ខ្ទង់លាន​ដុល្លារ​អាមេរិក

    ឆ្នាំ 2018 Jin Guowei នៅ​ជំពាក់​បំណុល​គេ​វ័ណ្ឌក​នៅឡើយ និង​លក់​ផ្លែ​ឈើជូន​ភ្ញៀវ​ទេសចរណ៍​ដែល​មកលេង​ទីក្រុង Lijiang នៃ​ខេត្ត Yunnan ប្រទេស​ចិន ប៉ុន្តែ បច្ចុប្បន្ន​គាត់​បាន​ក្លាយជា​សេដ្ឋី​ប្រាក់​ដុល្លារ​ទៅហើយ។

    ជាមួយនឹង​រហ័ស​នាម​ថា Brother Pomegranate លោក Jin Guowei បច្ចុប្បន្ន គឺជា​បុគ្គល​ល្បីឈ្មោះ​នៅលើ​អ៊ីនធឺណិត ដោយមាន​អ្នកតាមដាន​ជាង 7.3 លាន​នាក់ និង​រកបាន 300 លាន​យុន (46 លាន​ដុល្លារ​អាមេរិក) កាលពី​ឆ្នាំ 2020។ Jin Guowei ធ្លាប់​រកបាន​ប្រាក់ 6 លាន​យុន ក្នុង​រយៈពេល 20 នាទី ដោយ​ការលក់​ផ្លែ​ទទឹម តាមរយៈ​ការ​ឡាយ (livestream) លើ​បណ្ដាញ​សង្គម។

    ខាងលើនេះ​គឺជា​ការពេញនិយម​ថ្មី​ដែល​កំពុង​ផ្ទុះឡើង​នៅ​ទីជនបទ​របស់​ប្រទេស​ចិន។ កសិករ និង​អ្នកជំនួញ​ផ្នែក​ផលិតផល​កសិកម្ម នៅតាម​បណ្ដា​ខេត្តឆ្ងាយៗ នៃ​ប្រទេស​ចិន កំពុង​នាំគ្នា​ឡាយ​លក់​ផលិតផល​ដោយផ្ទាល់ ឱ្យ​អតិថិជន​នៅ​ទីក្រុង។ ប្រាក់ចំណូល​ដែល​បានមកពី​វីដេអូ​ស្ដីអំពី​ជនបទ នៅលើ Douyin (កំណែ​ក្នុងស្រុក​របស់ TikTok) របស់ ByteDance បាន​កើន 15 ដង បើ​ធៀប​នឹង​ដំណាក់កាល​ដូចគ្នា កាលពី​ឆ្នាំ 2020។

    កសិករ​មួយរូប​ផ្សេងទៀត ដែលមាន​ឈ្មោះថា Guo Chengcheng «ទំនាក់ទំនង» ជាមួយនឹង​អ្នកគាំទ្រ Douyin ជាង 2.5 លាន​នាក់ ពី​ចំការ​របស់ខ្លួន។ នៅពេល​ផ្ទះ​របស់​នាង​កំពុង​ប្រមូល​ផល អ្នកទស្សនា​អាច​ចុច​ទៅលើ​តំណ​ភ្ជាប់​លើ​អេក្រង់ ដើម្បី​ទិញ​ផលិតផល។

    Guo លក់​កសិផល​គ្រប់មុខ តាំងពី​ល្ពៅ​ប្រភេទ​តូច រហូតដល់​ដើម​ផ្កា​អង្គាសីល ដែល​ផ្គត់ផ្គង់​ដោយ​ប្រជាជន​ក្នុងភូមិ។ កន្លងមក នាង​ធ្លាប់​លក់ទំនិញ​នៅលើ WeChat របស់ Tencent ហើយ​ទទួលបាន​ការបញ្ជាទិញ​ប្រហែល 100 លើក ជា​រៀងរាល់ថ្ងៃ។ បច្ចុប្បន្ន Guo អាច​រកបាន​អតិថិជន​រហូតដល់ 50,000 នាក់ រាល់ពេល​នាង​ឡាយ​លក់ ដែល​នេះ ជួយ​ឱ្យ​នាង​រកបាន​ប្រាក់​យ៉ាងតិច 9 លាន​យុន ជា​រៀងរាល់ខែ។

    Guo Chengcheng កំពុង​ឡាយ​លក់​ផ្លែឈើ

    Guo Chengcheng និង Brother Pomegranate គឺជា​ផ្នែក​មួយ​នៅក្នុង​ចំណោម​ពលរដ្ឋ​ទាំងឡាយ​ដែល​ត្រលប់​ទៅ​ស្រុកកំណើត ក្រោយពី​បានរស់នៅ និង​ធ្វើការ​នៅ​ទីក្រុង​អស់​ជាច្រើន​ទសវត្សរ៍។ បណ្ដាញ​សង្គម Douyin បានឱ្យដឹងថា 54% នៃ influencer (អ្នក​ដែលមាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម) នៅតាម​ជនបទ គឺជា ក្រុម​យុវវ័យ​ដែល​ត្រលប់​មកពី​ទីក្រុង។

    ការនិយម​ថ្មី​នេះ កាន់តែ​បង្ហាញ​យ៉ាងច្បាស់ ចាប់ពី​ប្រទេស​ចិន មាន​វិបត្តិ Covid-19។ ពលរដ្ឋ​ចំណាកស្រុក​ជាង 23 លាន​នាក់ បាន​ត្រលប់មក​ស្រុកកំណើត។ ពេល​ប្រព័ន្ធ​គមនាគមន៍​របស់​ជាតិ ផ្អាក​ដំណើរការ​បណ្ដោះ​អាសន្នកាល​ពី​ឆ្នាំទៅ កសិផល​នានា​ត្រូវ​ខូច​ក្នុង​ឃ្លាំង ចំណែក​អ្នកទិញ​ក៏ត្រូវ​ជាប់​ក្នុងផ្ទះ នាំឱ្យ​តម្រូវការ​នៃ​ការ​ចម្អិន​អាហារ​នៅផ្ទះ កើនឡើង​ខ្ពស់ជាងពេលណាៗទាំងអស់។ តម្រូវការ​ទំនិញស្រស់ៗដែល​លក់​តាម​អន​ឡាញ ក៏​កើនឡើង​ខ្ពស់ ខណៈ​បណ្ដាញ​សង្គម និង​ផ្សារ​អន​ឡាញ បង្ក​ភាពងាយស្រួល​ដល់​ការរកស៊ី​របស់​កសិក​រ។

    នៅលើ​ផ្សារ​អន​ឡាញ Taobao Live របស់ Alibaba មាន​កសិករ​ជាង 100,000 នាក់ បាន​ឡាយ​លក់​កសិផល​ប្រមាណ 2.52 លាន​លើក នៅក្នុង​ឆ្នាំសារពើពន្ធ​ដែល​បានបញ្ចប់​កាលពី​ខែមីនា​កន្លងទៅ។ ចំនួន​អ្នក​ឡាយ​ទាក់ទិន​នឹង​កសិកម្ម​ដែលមាន​មនុស្ស​តាមដាន​ជាង 10,000 នាក់ នៅលើ​បណ្ដាញ​សង្គម Douyin បាន​កើន 5 ដង រាប់​ចាប់ពី​ឆ្នាំ 2019-2020។

    ដើម្បី​ដឹកជញ្ជូន​ទំនិញ​ឱ្យ​អតិថិជន កសិករ​ចិន ប្រើប្រាស់​សេវាកម្ម​ដឹកជញ្ជូន​របស់​បណ្ដា​ក្រុមហ៊ុន​ផ្សារ​អន​ឡាញធំៗ ដូចជា JD Logistics ឬ Cainiao របស់ Alibaba ឬក៏​ប្រើ​សេវាកម្ម​របស់ SF Express។

    ក្រុម​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​អន​ឡាញ និង​ក្រុម​អ្នកមាន​បទពិសោធន៍​ច្រើន​ខាង​ការ​ឡាយ បានឱ្យដឹងថា អាថ៌កំបាំង​ដើម្បី​ជោគជ័យ​នៃ​ការ​ឡាយ​លក់​កសិផល​របស់​កសិករ​ចិន នោះ​គឺ ការរួម​ផ្សំ​រវាង​ការ​នឹករលឹក​ធម្មជាតិ​របស់​អ្នកក្រុង ការបាត់បង់​ជំនឿ​ទៅលើ​ផ្សារ​បុរាណ ព្រោះតែ​បញ្ហា​សុវត្ថិភាព​នៃ​ទំនិញ​ជា​កសិផល រួម​នឹង​ការចូល​ចិត្ត​ទស្សនា​ទិដ្ឋភាព​ស្រស់បំព្រង​នៃ​ជនបទ របស់​អ្នកទស្សនា៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា

  • តើ​ក្រុម​ណា មានប្រៀប​ជាង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Euro2020 ?

    តើ​ក្រុម​ណា មានប្រៀប​ជាង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Euro2020 ?

    ការប្រកួត​ពានរង្វាន់ Euro 2020 បាន​ឈាន​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ ក្រោយ​រកឃើញ​ជើង​ខ្លាំង 2ក្រុម មកពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ ដោយ​កាលពី​យប់​ថ្ងៃទី8 ខែកក្កដា ឆ្នាំ2021 កន្លងទៅនេះ ក្រុម​តោ​កំណាច​អង់គ្លេស បាន​យកឈ្នះ​ក្រុម​ដា​ណឺ​ម៉ាក ក្នុង​លទ្ធផល 2ទល់នឹង1 ក្នុង​វគ្គ​ថែម​ម៉ោង 15នាទី 2ដង ក្រោយ​ស្មើគ្នា 1ទល់នឹង1 នៅ​វគ្គ​ធម្មតា។

    ក្រោយ​យកឈ្នះ ដា​ណី​ម៉ាក ក្រុម​អង់គ្លេស​នឹងត្រូវ​ឡើងទៅ​ជួប​ក្រុម​ខ្លាំង អ៊ីតាលី ដែល​មិនដែល​ចាញ់​ទាល់តែសោះ តាំងពី​ចាប់ផ្តើម​ប្រកួត​មក។ ដោយ​ការប្រកួត នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ ទី12 ខែកក្កដា ឆ្នាំ2021 វេលា​ម៉ោង2 រំលងអធ្រាត្រ។

    គួរឱ្យ​ដឹង​ដែរ​ថា អង់គ្លេស​បាន​ខកខាន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ គ្រប់​ពានរង្វាន់​ទាំងអស់ តាំងពី​ឆ្នាំ1886មក។ ខណៈដែល​អ៊ីតាលី ហាក់​មានប្រៀប​ជាង​បន្តិច ក្នុង​កំណត់ត្រា​នេះ ដោយ​គេ​ធ្លាប់​ឈ្នះ World Cup ឆ្នាំ2006 ហើយ​ក្រុម​មួយ​នេះ មិនដែល​ចាញ់​ទាល់តែសោះ តាំងពី​ខែតុលា ឆ្នាំ2018មក៕

  • ប្រធានាធិបតី ហៃ​ទី ត្រូវ​រង​គ្រាប់កាំភ្លើង​ជាង 10 គ្រាប់! អង្គរក្ស​របស់​ប្រធានាធិបតី នឹង​ត្រូវបាន​សួរចម្លើយឆាប់ៗនេះ

    ប្រធានាធិបតី ហៃ​ទី ត្រូវ​រង​គ្រាប់កាំភ្លើង​ជាង 10 គ្រាប់! អង្គរក្ស​របស់​ប្រធានាធិបតី នឹង​ត្រូវបាន​សួរចម្លើយឆាប់ៗនេះ

    សាកសព​របស់​ប្រធានាធិបតី Jovenel Moise មាន​ស្នាម​គ្រាប់កាំភ្លើង​ចំនួន 12 គ្រាប់ នៅត្រង់​កន្លែង​គ្រោះថ្នាក់​ដល់​ជីវិត ខណៈ​បន្ទប់ធ្វើការ និង​បន្ទប់​គេង សុទ្ធតែ​ត្រូវ​ឆែកឆេរ។

    «យើង​បាន​រកឃើញ​ស្នាម​គ្រាប់កាំភ្លើង​ចំនួន 12 កន្លែង នៅលើ​រាងកាយ​របស់​ប្រធានាធិបតី» Carl Henry Destin អនុប្រធាន​តុលាការ នៅ Pétion-Ville ជាយក្រុង Port-au-Prince បាន​ប្រាប់​កាសែត ហៃ​ទី Le Nouvelliste ដូច្នេះ។ លោក Carl Henry Destin និយាយថា គ្រាប់កាំភ្លើង​ទាំងនេះ ត្រូវបាន​បាញ់​ចេញពី​អាវុធ​ធុន​ធ្ងន់»។

    «បន្ទប់ធ្វើការ និង​បន្ទប់​គេង​របស់​ប្រធានាធិបតី ត្រូវបាន​គេ​ឆែកឆេរ​គ្រប់កន្លែង។ យើង​ឃើញថា គាត់​ស្លាប់​ក្នុង​ឥរិយាបថ​ដេក​ផ្ងារ ស្លៀកខោ​ពណ៌​ខៀវ អាវ​សា​មិ​ពណ៌​ស​ធ្លុះធ្លាយ​ដោយ​គ្រាប់កាំភ្លើង និង​មាត់​ហា​ធំ» លោក Destin និយាយ​បន្ថែម។ គ្រាប់កាំភ្លើង​មួយគ្រា​ប់​បាញ់​ចំ​ថ្ងាស ពីរ​គ្រាប់​ត្រង់​ទ្រូង​ទាំងសងខាង បី​គ្រាប់​ត្រង់​ត្រគាក និង​មួយ​គ្រាប់​ត្រង់​ពោះ»។

    សម្បកគ្រាប់​កាំភ្លើង​ដែល​ប៉ូលិស ហៃទី​ បាន​រកឃើញ​

    ប្រធានាធិបតី Moise មាន​ក្រុម​អង្គរក្ស​ដោយឡែក រួមមាន​សមាជិក​មក​ពី​អង្គភាព​ជំនាញ​របស់​ប៉ូលិស ហៃ​ទី ប៉ុន្តែ ក្នុងករណី​ឃាតកម្ម​កាលពី​ថ្ងៃទី 7 ខែកក្កដា មានតែ​ប្រធានាធិបតី និង​ភរិយា​របស់លោក គឺ លោកស្រី Martine Moise ប៉ុណ្ណោះ ដែល​ត្រូវបាន​បាញ់ប្រហារ។

    ដូច​ទៅនឹង​គ្រាប់កាំភ្លើង​ដែល​បៀម​ជាប់​នៅក្នុង​សាកសព​ប្រធានាធិបតី «សម្បក​គ្រាប់កាំភ្លើង​ធុន 5.56 និង 7.62ម​ម ជាច្រើន​គ្រាប់ ត្រូវបាន​រកឃើញ​នៅ​កណ្ដាល​ខ្លោងទ្វារ និង​នៅក្នុង​ភូមិគ្រឹះ» លោក Destin បញ្ជាក់។

    អគ្គស្នងការ​ប៉ូលិស ហៃ​ទី លោក Leon Charles បានប្រកាសថា៖ «យើង​កំពុង​តាម​ចាប់ខ្លួន​ពួកវា (ក្រុម​ឃាតករ) ហើយ​យើង​នឹង​នៅតែ​បន្ត​តាមរក»។

    ក្រុម​អង្គរក្ស​​របស់​ប្រធានាធិបតី​ នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​សួរ​ចម្លើយ​ ឆាប់​ៗ​នេះ

    Bed-Ford Claude ប្រធានការិយាល័យ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​រដ្ឋធានី Port-au-Prince បានឱ្យដឹង​កាលពី​ថ្ងៃទី 8 កក្កដា ថា៖ «ខ្ញុំ​បានផ្ដល់​សិទ្ធិ​ដល់​ប៉ូលិស ដើម្បី​សួរចម្លើយ​រាល់​បុគ្គលិក​សន្តិសុខ​ដែល​ជិតស្និទ្ធ​នឹង​ប្រធានាធិបតី Jovenel Moise»។

    លោក Bed-Ford Claude ចោទ​សួរថា៖ «បើសិន​អ្នកទទួលខុសត្រូវ​ក្នុងការ​ការពារ​សន្តិសុខ​ជូន​ប្រធានាធិបតី តើ​អ្នក​នៅទីណា? អ្នក​បានធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ឱ្យ​ប្រធានាធិបតី​រួច​ផុតពី​ការស្លាប់​នេះ?»៕

    ប្រភព៖ NY Post, AFP
    ប្រែ​សម្រួល៖ បុត្រា

  • សកម្មភាព​ក្រុម​ប្រដាប់អាវុធ ឆ្មក់​ចូលធ្វើ​ឃាត​ប្រធានាធិបតី ហៃ​ទី នៅ​កណ្ដាលរាត្រី

    សកម្មភាព​ក្រុម​ប្រដាប់អាវុធ ឆ្មក់​ចូលធ្វើ​ឃាត​ប្រធានាធិបតី ហៃ​ទី នៅ​កណ្ដាលរាត្រី

    ស្នូរ​គ្រាប់កាំភ្លើង​ដំបូង បាន​លាន់​ឡើង​នៅវេលា​ម៉ោង​ប្រហែល 1 ទៀបភ្លឺ នៃ​ថ្ងៃទី 7 កក្កដា បានធ្វើឱ្យ​ភាពស្ងប់ស្ងាត់​ក្នុង​រាត្រី​នៅក្នុង​តំបន់​ដែលមាន​ភូមិគ្រឹះ​របស់​ប្រធានាធិបតី ហៃ​ទី លោក Jovenel Moise។

    នៅ​ពេលឮ​សំឡេង​ផ្ទុះ​នៅពេល​កំពុង​គេង ប្រជាជន​ដែល​រស់​នៅក្បែរនោះ សុទ្ធតែ​គិតថា​ជា​ព្រឹត្តិការណ៍​គួរឱ្យ​ភ័យខ្លាច ដែល​ពួកគេ​ជួប​ជា​ញឹកញាប់ នោះ​គឺ អំពើហិង្សា​រវាង​ក្រុមសង្គមងងឹត និង​គ្រោះ​រញ្ជួយ​ដី។ ប៉ុន្តែ នៅពេល​ថ្ងៃ​រះ ទើប​ការពិត​ត្រូវបាន​លាតត្រដាង ៖ «ប្រធានាធិបតី ត្រូវបាន​គេ​ធ្វើឃាត»។

    «ជនបរទេស» មួយក្រុម ដែល​និយាយ​ភាសា​អង់គ្លេស និង​ភាសា​អេ​ស្ប៉ា​ញ បាន​សម្រុកចូល​ផ្ទះ​របស់​ប្រធានាធិបតី Moise នៅ​តំបន់ Pelerin 5 នៃ​រដ្ឋធានី Port-au-Prince វេលា​ម៉ោង 1 ទៀបភ្លឺ។ នេះ​បើតាម​ប្រកាស​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី ហៃ​ទី Claude Joseph។

    វីដេអូ​ដែល​ត្រូវបាន​ថត​ដោយ​សាក្សី​ម្នាក់ បាន​បង្ហាញថា ក្បួន​រថយន្ត SUV ដែល​ដឹក​ក្រុម​ប្រដាប់អាវុធ បាន​បរ​យ៉ាង​លឿន​ចូលទៅ​ចត​ខាងមុខ​ខ្លោងទ្វារ​នៃ​ភូមិគ្រឹះ​ប្រធានាធិបតី។ មនុស្ស​ម្នាក់​ដែលមាន​សំឡេង​ដូច​ជនជាតិ​អាមេរិក ក្នុង​ក្រុម​ប្រដាប់អាវុធ បាន​និយាយ​តាម​ឧបករណ៍​បំពង​សំឡេង​ថា៖ «នេះ​ជា​យុទ្ធនាការ​របស់​កងក​ម្លាំ​ង​ប្រឆាំង​គ្រឿងញៀន​សហរដ្ឋអាមេរិក (DEA)។ គ្រប់គ្នា​ថយក្រោយ ចាក​ចេញពី​ទីតាំង»។

    ក្រុម​ប្រដាប់អាវុធ​នោះ បន្ទាប់មក​ក៏បាន​សម្រុកចូល​ភូមិគ្រឹះ​របស់​ប្រធានាធិបតី Moise។ ក្រោយមកទៀត​ក៏​ស្រាប់តែ​ឮ​សំឡេង​គ្រាប់កាំភ្លើង។

    ប្រធានាធិបតី​វ័យ 53 ឆ្នាំ ត្រូវបាន​បាញ់សម្លាប់​នៅនឹងកន្លែង ក្នុង​គ្រា​ដែល​ភរិយា​របស់លោក គឺ​លោកស្រី Martine វ័យ 47 ឆ្នាំ រងរបួស​ធ្ងន់។ លោកស្រី Martine ត្រូវបាន​បញ្ជូន​ទៅកាន់ Miami សហរដ្ឋអាមេរិក ដើម្បី​ព្យាបាល។ នាយករដ្ឋមន្ត្រី Joseph បាន​ហៅ​ករណី​ឃាត​កម្មនេះ​ថា​ជា «សកម្មភាព​គួរឱ្យ​ស្អប់ខ្ពើម អមនុស្សធម៌ និង​គួរឱ្យខ្លាច»។

    អនុរដ្ឋមន្ត្រី​សារព័ត៌មាន Frantz Exantus បានប្រកាសថា ក្រុម​ឃាតករ​ដែល​បាន​បាញ់សម្លាប់​ប្រធានាធិបតី ត្រូវបាន​ចាប់ខ្លួន​រួចហើយ។ ឯកអគ្គរដ្ឋទូត ហៃ​ទី ប្រចាំ សហរដ្ឋអាមេរិក Bocchit Edmond បានឱ្យដឹងថា ឃាតករ​ទាំងនេះ គឺជា ទាហាន​ស៊ីឈ្នួល ដែល​បន្លំ​ខ្លួន​ជា​កងកម្លាំង​ពិសេស​របស់​អាមេរិក (DEA)។ អង្គភាព​ប្រឆាំង​គ្រឿងញៀន​របស់ សហរដ្ឋ​អាមេរិក មាន​ការិយាល័យ​មួយ​នៅ​រដ្ឋធានី​របស់ ហៃ​ទី ដើម្បី​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​ប្រទេស​នេះ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន។

    ផ្លូវ​ចូល​ភូមិ​គ្រឹះ​របស់​ប្រធានាធិបតី​

    អគ្គស្នងការ​នគរបាល​ជាតិ ហៃ​ទី លោក Leon Charles បានប្រកាសថា ទាហាន​ស៊ីឈ្នួល​ចំនួន 4 នាក់ ដែល​បាន​ធ្វើឃាត​ប្រធានាធិបតី Moise ត្រូវបាន​សម្លាប់ និង 2 នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន ខណៈ​ជនសង្ស័យ​មួយចំនួន​ផ្សេងទៀត កំពុង​ត្រូវបាន​តាម​ប្រមាញ់។ ក៏ប៉ុន្តែ សមត្ថកិច្ច មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ ក៏ដូចជា​មិនទាន់​បង្ហាញ​ភ័ស្ដុតាង បញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​ក្រុម​ជនសង្ស័យ ជាមួយនឹង​ករណី​ឃាត​កម្មនេះ។

    មកដល់​បច្ចុប្បន្ន គេ​មិនទាន់​ដឹង​ច្បាស់​ថា ក្រុម​ប្រដាប់អាវុធ បាន​ប្រើប្រាស់​មធ្យោបាយ​អ្វី ដើម្បី​ឆ្លង​ផុត​កងកម្លាំង​ការពារ​ខាងក្រៅ​របស់​ភូមិគ្រឹះ​ប្រធានាធិបតី​នៅឡើយ។

    លោក Moise ធ្លាប់បាន​ប្រាប់​កាសែត អេ​ស្ប៉ា​ញ ថា «មាន​មនុស្ស​រាប់លាន​នាក់» ចង់​សម្លាប់​លោក «ព្រោះតែ​គោលនយោបាយ​របស់លោក ឬ​កំណែទម្រង់​ដែល​លោក​កំពុង​អនុវត្ត» នេះ​បើតាម​អគ្គរដ្ឋទូត Edmond៕

    ប្រភព៖ Mirror, NYTimes, Washington Post
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 954​​ នាក់​, អ្នក​ជា​ចំនួន​ 1,046 នាក់​ និង​អ្នកស្លាប់​ថ្មី​ចំនួន 27​​ នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 7​ ខែកក្កដា ឆ្នាំ 2021។

    ព័ត៌មាន​លម្អិត សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម​៖

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 185,854,795នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 170,101,654 ​នាក់​​បានជា, 4,017,843 នាក់​បាន​ស្លាប់ និង 11,735,298 នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • សំបុត្រ​ពី​ស្ត្រី​ជា​ម្ដាយ ជូន​ដល់​ស្ត្រី​ជា​ម្ដាយ​ទាំងអស់៖ “រឿងតូចៗ ដែល​អាច​សាង​អនាគត​កូន​បាន”

    សំបុត្រ​ពី​ស្ត្រី​ជា​ម្ដាយ ជូន​ដល់​ស្ត្រី​ជា​ម្ដាយ​ទាំងអស់៖ “រឿងតូចៗ ដែល​អាច​សាង​អនាគត​កូន​បាន”

    ជូន​ស្ត្រី​ជា​ម្ដាយ​គ្រប់រូប​លើ​ពិភពលោក​នេះ…

    «នាង​ខ្ញុំ​មាន​អាជីព​ជា​ម្ដាយ​គេ និង​ក៏​មិន​ខុសប្លែក​ពី​ស្ត្រី​ជា​ម្ដាយ​ដទៃទៀត​ដែរ យើង​ព្យាយាម​ក្នុងការ​សម្របសម្រួល​ជីវិត​ការធ្វើការងារ​របស់​យើង ជាមួយនឹង​ការធ្វើជា​ម្ដាយ​របស់គេ។ យើង​ត្រូវបាន​ធ្វើឱ្យ​ភ័យខ្លាច និង​មិនសូវមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ជាប់​ជានិច្ច​ថា តើ​យើង​បានធ្វើ​ខ្លួន​ជា​ម្ដាយ ដែល​ល្អ​គ្រប់គ្រាន់​ហើយ​ឬ​នៅ?។

    កំណត់ត្រា​ទាំងឡាយ រឹតតែ​ធ្វើឱ្យ​យើង​ញាប់​ញ័រ​ថែមទៀត មិនថាតែ “ជាង​ពាក់កណ្ដាល​នៃកុមារៗយើង សព្វថ្ងៃ​មាន​សៀវភៅអាន​មិន​ដល់ 3ក្បាល​ឡើយ”…”ឪពុកៗ ជិត​ពាក់កណ្ដាល គ្មាន​ពេលវេលា​លេង​ជាមួយ​កូន”…”40ភាគរយ​នៃ​ក្មេងតូចៗ ខកខានឱកាសល្អៗក្នុងការ​អភិវឌ្ឍ​ខ្លួន” និង “កុមារ​យើង​បច្ចុប្បន្ន មាន IQ ទាប​ជាង​កម្រិតស្តង់ដា”។ល។

    ព័ត៌មាន​ទាំងអស់នេះ ធ្វើឱ្យ​យើង​ត្រូវ​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការតស៊ូ ដើម្បី​ក្លាយជា​ម្ដាយ​ដ៏​ល្អ តែ ពេលខ្លះ​ក៏​ចង់​លើក​ទង់ជ័យ​ស សុំ​ចុះចាញ់​ម្ដងម្កាល​ដែរ ព្រោះ​មិនមាន​ជំនួយ…ឬមួយ​ក៏​ដល់ពេល​ត្រូវ​ទទួលស្គាល់​ការពិតហើយ​ថា ការចិញ្ចឹម​កូន​ក្នុងសង្គម​បែបនេះ ពិតជា​លំបាក​មែនទែន…។

    ខ្ញុំ​បានដឹង​ពី​លោកគ្រូ​ពេទ្យ​ជំនាញ​ម្នាក់ ដែល​តែងតែ​បញ្ជាក់ប្រាប់ដដែលៗថា ការចិញ្ចឹម​ក្មេង សំខាន់បំផុត​ក្នុងអំឡុងពេល 3ឆ្នាំ​ដំបូង។ ក្មេង​នឹង​សាង​ខ្លួនឯង និង​ជឿទុកចិត្ត​ពិភពលោក​មួយ​នេះ តាមរយៈ​ការទទួលបាន​សេចក្ដីស្រឡាញ់ និង​ការយកចិត្តទុកដាក់​យ៉ាង​គ្រប់គ្រាន់…ត្រូវ​ហើយ! ខ្ញុំ​ដឹង! អ្នក​ក៏​ដឹង! តែ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ បាន​រឹតរួត​យើង ឱ្យនៅ​ជាប់​នឹង​កៅអី​ធ្វើការ ហើយ​យើង​ត្រូវ​ជួល​មនុស្ស​ម្នាក់ មក​ចិញ្ចឹម​មើលថែទាំ​តំណក់ឈាម​របស់​ខ្លួនឯង…ពិភពលោក គឺ​ដូច្នេះ​ឯង ហើយ​តួនាទី​របស់​យើង គឺ​ត្រូវតែ​ទទួល​យកបែប​ហ្នឹង។

    ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយទៀត គឺ​អង្គ​ប្រកបផ្សេងៗរបស់​ស្ថានភាព​ជុំវិញខ្លួន មាន​ភាព​សំខាន់បំផុត គឺ​បើ​ឱ្យ​កុមារ​ធំធាត់​ឡើង​ដោយ​ខ្លួនឯង សក្ដានុពល​របស់គេ​នឹង​ថយចុះ 30ភាគរយ…តួលេខ​នេះ គឺជា​ភាព​ធ្ងន់ធ្ងរ​មួយ ដែល​អ្នក​ម្ដាយ​គ្រប់រូប ត្រូវ​ទទួលបន្ទុក​នេះ។

    ក្នុងឋានៈ​ជា​ម្ដាយ ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា ម្ដាយ​គ្រប់រូប​ចង់ឱ្យ​កូន “ពូកែ ល្អ ឆ្លាត” ពាក្យ 3ម៉ាត់​នេះ គឺ​ការសាកល្បង​សមត្ថភាព​យើង។ ទោះជា​ហត់នឿយ​ប៉ុនណា បើ​មិនបាន​អាន​រឿងនិទាន​មុនពេល​គេង ឱ្យ​កូន​ស្ដាប់ យើង​នឹង​ក្លាយជា​ម្ដាយ ដែល​មិនបានការ​ភ្លាម​តែម្ដង ព្រោះថា លុយកាក់ មិន​មានន័យ​ស្មើនឹង​ពេលវេលា និង​ការយកចិត្តទុកដាក់​ចំពោះកូនៗឡើយ។ ការចាប់​ផ្ដើមធ្វើ​ដោយ​ដៃ​ទាំង2 របស់​ម្ដាយ គឺជា​រឿង​តូច​មួយ ដែល​ជួយ​ជំរុញ​វិវឌ្ឍនាការ​របស់​កូន បានល្អ​បំផុត។ យើង​គ្រប់គ្នា គួរតែ​បានដឹង​ពី​វិធី​ការ​សាង​វិវឌ្ឍនាការ​ដល់​កូន។

    ចេះ​គិត ចេះ​ធ្វើការ ចេះ​រៀនសូត្រ ចេះ​ដោះស្រាយ​បញ្ហា ចេះ​រស់នៅ​ជាមួយ​អ្នកដទៃ និង​អ្វីដែល​សំខាន់បំផុត​គឺ “ចេះ​មាន​សេចក្តីសុខ” ពាក្យ​ចុងក្រោយ​គេ​នេះ ជា​ពាក្យ​ដែល​សំខាន់​ខ្លាំងណាស់​សម្រាប់​នាង​ខ្ញុំ ព្រោះ​នាង​ខ្ញុំ​ខ្លាច​ខ្លាំងណាស់ ខ្លាច​កូន​មិនដឹង​ពី​វិធី​មាន​សេចក្ដីសុខ ក្នុង​ពិភពលោក ដែល​កាន់តែ​ពិបាក​រស់នៅ​ទៅ ពិបាក​រស់នៅ​ទៅ ដូច​សព្វថ្ងៃ។

    មួយទៀត ការបន្ថែម​ជំនាញ​ផ្នែក​ភាសា ក៏​ជា​រឿង​មួយ ដែល​មិនគួរ​មើលរំលង​ដែរ ដូច្នេះ​អ្វីដែល​សំខាន់​គឺ “ការអាន​សៀវភៅ”។

    លោកគ្រូ​ពេទ្យ​ខាងលើ​បន្ថែមថា “រឿង​ចាំបាច់​ចំពោះ​ការជំរុញ​វិវឌ្ឍនាការ​របស់​កុមារ គឺ​សេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ ស្ថានភាព​ជុំវិញខ្លួន​ដែល​ល្អ អាន​សៀវភៅ និង​កន្លែង​ក្មេង​លេង” គាត់​បន្តថា របស់​លេង​នៅក្នុង​កន្លែង​ក្មេង​លេង ក៏​សំខាន់​ស្មើនឹង​សៀវភៅ​ដែរ។ ខួរក្បាល​របស់​កុមារ ជាមួយនឹង​ការអាន ក្នុងអំឡុង 3ដំណាក់កាល នឹង​អភិវឌ្ឍសន្សឹមៗតាម​លំដាប់។ ចាប់ផ្ដើម​ពី​ការរៀន​អាន ដើម្បី​ូ​ការរៀន​យល់ដឹង រៀន​យល់ដឹង​ពី​ជំនាញ​ការអាន រហូត​ទៅដល់​អាន​បាន​ដោយ​ខ្លួនឯង ដើម្បី​ការរៀន​យល់ដឹង​បន្ត។

    ការជ្រើសរើស​សៀវភៅ ដែលមាន​ពាក្យ​ចុង​ជួន មិនចាំបាច់​មាន​អត្ថន័យ​ខ្លឹមសារ​ឱ្យ​គិត​ច្រើន មាន​សំឡេង​ឡើង​ចុះ នឹង​ធ្វើឱ្យ​ខួរក្បាល​របស់​កុមារ បើក​ទទួលយក​កាន់​ងាយស្រួល​ឡើង…អ៊ីចឹង​តើ! បានជា​កូនតូច​របស់ខ្ញុំ សើច​ក្អាកក្អាយ​គ្រប់ពេល ដែល​ម្ដាយ​ធ្វើ​សំឡេង​ឡើង​ចុះ ឬ​អាន​រឿងនិទាន(ដែល​មើលទៅ​ដូចជា​គ្មាន​ន័យ​អ្វី​ទាំងអស់)ឱ្យគេ​ស្ដាប់។

    ការអភិវឌ្ឍ​ខួរក្បាល ជា​រឿង​សំខាន់​ក៏ពិតមែន តែ​ការ​សម្រាក​ខួរក្បាល ក៏​សំខាន់​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ ហើយ​ការណ៍​នេះ​អាចជា​លេស​មួយ ដែល​អាចឱ្យម្ដាយៗដូច​រូបយើង រក​ពេល​សម្រាក និង​បានធ្វើ​ការងារ​របស់ខ្លួន​ឯង​ខ្លះ ព្រោះ​វា​ប្រហែលជា​ដូចដែល​គេ​និយាយ​មែនហើយ​ថា ម្ដាយ​ដែលមាន​សេចក្ដីសុខ នឹង​សាង​កូន​ឱ្យមាន​សេចក្ដីសុខ បាន​ដូចគ្នា។

    សូមជួយ​ជា​កម្លាំងចិត្ត ដល់​អ្នក​ម្ដាយ​គ្រប់រូប​យ៉ាង​មុតមាំ ហើយ​យើង​នឹង​ឆ្លងកាត់​សមរភូមិ នៃ​ការចិញ្ចឹម​មើលថែ​កូន​ទៅ​ជាមួយគ្នា…»

    ពី​នាង​ខ្ញុំ ស្ត្រី​ជា​ម្ដាយ​ម្នាក់

    រៀបរៀង​ដោយ អ្នកគ្រូ ឆវី

  • មហាសេដ្ឋី​ទី 9 របស់​ពិភពលោក ក្លាយជា «សមាជិក​ថ្មី» នៃ​ក្រុមមនុស្ស​ដែលមាន​ទ្រព្យ​ច្រើនជាង 100 ពាន់​លាន​ដុល្លារ

    មហាសេដ្ឋី​ទី 9 របស់​ពិភពលោក ក្លាយជា «សមាជិក​ថ្មី» នៃ​ក្រុមមនុស្ស​ដែលមាន​ទ្រព្យ​ច្រើនជាង 100 ពាន់​លាន​ដុល្លារ

    លោក Steve Ballmer បច្ចុប្បន្ន មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន 100.5 ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី 9 នៅក្នុង​ពិភពលោក។

    Steve Ballmer ដែលជា​អតីត CEO របស់​ក្រុមហ៊ុន Microsoft ទើបតែ​បាន​ក្លាយជា​មហាសេដ្ឋី​ទី 9 ដែលមាន​ឈ្មោះ​នៅក្នុង​ក្លឹប​មហាសេដ្ឋី​ដែលមាន​ទ្រព្យ ខ្ទង់ 100,000,000,000 ដុល្លារ​អាមេរិក។ យោងតាម Bloomberg Billionaires Index លោក Ballmer បច្ចុប្បន្ន មានទ្រព្យ​សរុប​ចំនួន 100.5 ពាន់​លាន​ដុល្លារ​អាមេរិក តិចជាង 1 ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​អ្នកមាន​ជាងគេ​លំដាប់​ទី 8 លោក Warren Buffett។

    លោក Steve Ballmer បាន​ចូលធ្វើ​ការឱ្យ​ក្រុមហ៊ុន Microsoft ចាប់ពី​ឆ្នាំ 1980 និង​ជា​បុគ្គលិក​ទី 30 របស់​ក្រុមហ៊ុន​នេះ បន្ទាប់ពី​ត្រូវ​លោក Bill Gates បញ្ចុះបញ្ចូល​ឱ្យ​បោះបង់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Stanford។ លោក Steve Ballmer ក្រោយមក ក៏ត្រូវ​បានតែងតាំង​ជា​ប្រធាន ហើយ​បន្ទាប់មកទៀត​គឺជា CEO ជំនួស​លោក Gates កាលពី​ឆ្នាំ 2000។ ឆ្នាំ 2014 លោក Steve Ballmer បាន​ចាក​ចេញពី Microsoft បន្ទាប់ពី​បាន​នៅ​ជាមួយ​ក្រុមហ៊ុន​នេះ​អស់​រយៈពេល​ជាង 3 ទសវត្សរ៍។

    មហាសេដ្ឋី Bill Gates និងមហាសេដ្ឋី Steve Ballmer

    មហាសេដ្ឋី Steve Ballmer បច្ចុប្បន្ន​មាន​អាយុ 65 ឆ្នាំ និង​មាន​ក្លឹប​បាល់បោះ​មួយ​ដែលមាន​ឈ្មោះថា Los Angeles Clippers។ តាំងពី​ដើមឆ្នាំ 2021 មកដល់​បច្ចុប្បន្ន ទ្រព្យសម្បត្តិ​របស់លោក Ballmer បាន​កើន​ថែម 20.1ពាន់​លាន​ដុល្លារ។

    នៅក្នុង​ចំណោម​មហាសេដ្ឋី​ចំនួន 9 រូប ដែលមាន​ទ្រព្យ​ច្រើនជាង 100,000,000,000 ដុល្លារ គឺមាន​រហូតដល់ 7 រូប ដែល​រកស៊ី​មានបាន​ដោយសារ​វិស័យ​បច្ចេកវិទ្យា។ ក្នុងនោះ ស្ថាបនិក Amazon លោក Jeff Bezos នៅតែ​ជា​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​ចំនួន 212 ពាន់​លាន​ដុល្លារ។

    ទន្ទឹមនឹង​អតីត CEO របស់ Microsoft មហាសេដ្ឋី​បច្ចេកវិទ្យា​មួយរូប​ទៀត ក៏​នឹងមាន​ឈ្មោះ​នៅក្នុង​ក្លឹប​អ្នកមាន​ទ្រព្យ​ច្រើនជាង 100 ពាន់​លាន​ដុល្លារ ឆាប់ៗនេះ នោះ​គឺ​លោក Larry Ellison។ សហ​ស្ថាបនិក​របស់ Oracle រូបនេះ បច្ចុប្បន្ន​មានទ្រព្យ​ចំនួន 98.6 ពាន់​លាន​ដុល្លារ និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី 10 ក្នុង​ពិភពលោក៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា