Author: សឿន សំណាង

  • COVID-19 នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2021

    ក្នុងអំឡុង​​ថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2021 ក្រសួងសុខាភិបាល កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 996​​ នាក់​, អ្នក​ជា​ចំនួន​ 813 នាក់​ និង​អ្នកស្លាប់​ចំនួន 39​​ នាក់​​បន្ថែមទៀត។

    គិតត្រឹមព្រឹក ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2021 នេះ​ កម្ពុជា​ បាន​រកឃើញ​អ្នក​វិជ្ជមាន​នៅទូទាំង​ប្រទេស​ សរុប​ចំនួន​ 64,611 នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​ 1,025​ នាក់​ និង​ជា​សះស្បើយ​ចំនួន​ 56,178 នាក់ ខណៈ​អ្នក​កំពុង​ទទួល​ការ​ព្យាបាល​មាន​ចំនួន​ប្រហែល​ 7,000 នាក់​។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នក​វិជ្ជមាន​នឹង​​ Covid-19 សរុប​ចំនួនជាង​ 189,178,280 នាក់​​ ​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន​ជាង​ 4,074,550 ​នាក់ ​​បាន​ស្លាប់​, ជាង​ 172,805,140 ​នាក់​ បាន​ជា និងជាង 12,298,584​ ​​​​នាក់ ​កំពុង​ព្យាបាល។

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • (វីដេអូ)-នារី​ពីរ​នាក់ ធ្លាក់​ពី​ភ្នំ ពេល​លេង​យោលទោង ប្រកបដោយ​គ្រោះថ្នាក់

    (វីដេអូ)-នារី​ពីរ​នាក់ ធ្លាក់​ពី​ភ្នំ ពេល​លេង​យោលទោង ប្រកបដោយ​គ្រោះថ្នាក់

    រុស្ស៊ី៖ វីដេអូ​ខ្លី​មួយ ថត​បាន​សកម្មភាព​ដ៏​សែន​រន្ធត់ ស្ដីពី​នារី 2 នាក់ កំពុង​លេង​យោលទោង ក៏​ស្រាប់តែ​ធ្លាក់​ពី​ភ្នំ​ដែលមាន​កម្ពស់​ជាង 1,920 ម៉ែត្រ។

    ហេតុការណ៍​រន្ធត់​នេះ បានកើត​ឡើង​នៅឯ​ទីតាំង​លេង​យោលទោង​ដ៏​គ្រោះថ្នាក់​មួយ នៅលើ​ភ្នំ Sulak របស់​សាធារណរដ្ឋ Dagestan នៃ​ប្រទេស​រុស្ស៊ី។ ក្នុង​វីដេអូ គេ​ឃើញ​នារី​វ័យក្មេង 2 នាក់ អង្គុយ​លើ​ទោង​ដែល​ត្រូវគេ​យោល​ទៅ-មក លើ​ចង្កេះភ្នំ​ដែលមាន​កម្ពស់ 1,920 ម៉ែត្រ។ ល្បែង​កំសាន្ត​នេះ​គឺជា​សកម្មភាព​ដែល​ក្រុម​អ្នក​ទេសចរណ៍​ចូលចិត្ត​ជាខ្លាំង នៅពេល​បានមក​ដល់ទី​នេះ។

    វីដេអូ​បាន​បង្ហាញថា នៅពេល​ទោង​កំពុង​ត្រូវគេ​យោល​ទៅមុខ ក៏​ស្រាប់តែ​ខ្សែ​ម្ខាង​របស់​វា បាន​ដាច់ បណ្ដាលឱ្យ​នារី​ទាំង 2 នាក់​ដែល​នៅលើ​ទោង​នេះ ត្រូវ​ខ្ទាត​ចេញ និង​ធ្លាក់​ចុះក្រោម។ ប៉ុន្តែ សំណាងល្អ ពួកនាង​បាន​ទើរ​ជាប់​នឹង​ផ្ទាំង​ថ្ម ហើយក៏​បាន​រួច​ពី​ការស្លាប់ ដោយ​គ្រាន់តែ​រងរបួស​តិចតួច។

    នាយកដ្ឋាន​ទេសចរណ៍ Dagestan បានឱ្យដឹងថា ទោង​ជាច្រើន​នៅលើ​ភ្នំ «មិនមាន​ស្ដង់ដា​ត្រឹមត្រូវ» ខណៈ​ប៉ូលិស កំពុងបើក​ការស៊ើបអង្កេត​លើ​កម្រិត​នៃ​សុវត្ថិភាព​របស់​ទោង​ទាំងនេះ៕

    ប្រភព៖ Mail
    ប្រែ​សម្រួល៖ បុត្រា

  • Net idol ចិន មុខស្រស់ រាង​ស្រាវ ស្អាត​រហូត​ត្រូវគេ​យល់ច្រឡំ គិតថា ជា​មនុស្ស​ប្រុស​កែ​ភេទ

    Net idol ចិន មុខស្រស់ រាង​ស្រាវ ស្អាត​រហូត​ត្រូវគេ​យល់ច្រឡំ គិតថា ជា​មនុស្ស​ប្រុស​កែ​ភេទ

    Net idol ស្ត្រីជន​ជាតិចិន​ម្នាក់ ត្រូវបាន​បណ្ដា​ហ្វ៊ែនៗ លើក​ឱ្យ​ក្លាយជា​មនុស្ស​ស្រី ដែល​ស្អាត​បំផុត​នៅក្នុង​បណ្ដាញ​សង្គម TikTok តែ ក៏​នៅតែ​កើតមាន​ដ្រា​ម៉ា​ទាល់តែ​បាន ក្រោយពី​បណ្ដា​អ្នកតាមដាន​អ៊ី​ន​ធើ​ណិ​ត​ទាំងឡាយ នាំគ្នា​ល្បី​ថា ជា​បុរស​ក្លែងភេទ…។

    “អា​ថេ​មី​ស” ឬ​ដែល​ជនជាតិ​ចិន​ស្គាល់​ក្នុង​ឈ្មោះថា “尔忒弥斯美” ជា Net idol ក្រមុំ​ម្នាក់ ដែលមាន​ទម្រង់​ផ្ទៃ​មុខកំពូល​ស្រស់ស្អាត ទាំង​កែវភ្នែក​ធំ​មូលក្លំ ច្រមុះ​ស្រួច​ខ្ពស់ និង​បបូរមាត់​ស្ដើង​កញ្ចុំ​ស្រស់ ស្អាត​រហូតដល់​ត្រូវ​លើក​ឱ្យ​ក្លាយជា មនុស្ស​ស្រី​ដែលមាន​រូប​សម្ផស្ស លំដាប់​លេខ1 នៅក្នុង​បណ្ដាញ​ទិ​ក​តុ​ករ​បស់​ប្រទេស​ចិន តែ ភាពស្រស់ស្អាត​នេះ បែរជា​បង្ក​រឿងរ៉ាវ​រំខាន​ចិត្ត​ឡើង ក្រោយពី​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា ការពិត នាង គឺជា​មនុស្ស​ប្រុស​ដែល​បន្លំ​ខ្លួន​មក!!។

    ដោយ​អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ទាំងឡាយ បាននាំគ្នា​វិភាគ​ដូចតទៅ​នេះ ទី1 នាង​មាន​ផ្ទៃមុខ​ស្អាត​មុត​ជ្រុល​ពេក បើ​សម្លឹងមើល​ពី​ជ្រុង​ខ្លះ អាច​ស្រដៀង​នឹង​ផ្ទៃមុខ​របស់​មនុស្ស​ប្រុស និង​ពេល​សង្កេតមើល​ពី​រូបរាង​វិញ ឃើញថា នាង​មាន​គ្រោង​រាងកាយ ហាក់ដូចជា​ធំដំបង។

    ទី2 រូប​បែប​នៃ​ការ​ឡៃ​ហ្វ៍​ផ្ទាល់​រូបភាព​វីដេអូ ក៏​ហាក់ដូចជា​ចម្លែក​ដែរ ព្រោះ​នាង​មិនសូវ​មាត់ក ឬ​បញ្ចេញ​សំឡេង​ប៉ុន្មាន​ឡើយ អាស្រ័យ​លើ​ការបើក​សំឡេង​ភ្លេង ឬ​បទ​ចម្រៀងឮៗ និង​បង្ហាញ​រូបឆោម​តាមរយៈ​កាមេរ៉ា​តែប៉ុណ្ណោះ។ អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ទាំងនោះ នាំគ្នា​ជឿថា មូលហេតុ​នៃ​ការ​ឡៃ​ហ្វ៍​ផ្ទាល់​បែបនេះ ព្រោះ​នាង​ជា​មនុស្ស​ប្រុស ដែល​ពិបាក​ក្នុងការ​ពត់​សំឡេង ឱ្យ​ដូច​មនុស្ស​ស្រី ទើប​ជ្រើសរើស​ក្នុងការ​ស្ងាត់ស្ងៀម ពេល​ឡៃ​ហ្វ​ផ្ទាល់។

    តម​ក នាង​បាន​ចេញមក​ឡៃ​ហ្វ៍​ផ្ទាល់ ឆ្លើយតប​ជាមួយ​បណ្ដា​ហ្វ៊ែនៗអ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ដ៏​ច្រើន ដែល​គិតតែ​ពី​ផ្ញើ​សំណេរ​មក​ក្នុង​ទំនង​តវ៉ា​ថា “សម្រេច​ថា តើ​នាង​ជា​មនុស្ស​ប្រុស ឬ​មនុស្ស​ស្រី​ពិតប្រាកដ?” នាង​ក៏​ឆ្លើយតប​ទៅវិញ​យ៉ាង​ចិត្តត្រជាក់ៗថា “នាង​ជាម​នុស្ស​ស្រី…។

    តែ វា​នៅតែមាន​សំណួរ​ប្រភេទ​នេះ ផ្ញើ​ចូលមកជារឿយៗ ទើប​ធ្វើឱ្យ​នាង ត្រូវ​ពន្លះ​ទៅវិញ​បែបស្លូតៗថា “វា​ពិបាក​ខ្លាំងណាស់​ទៅ​ឬ? ក្នុងការ​ប្រាប់ថា ខ្ញុំ​ជាម​នុស្ស​ប្រុស ឬ​ស្រី​នោះ? តើ​អ្នក​បានឮ​សំឡេង ឬ​ឃើញ​មុខ​របស់ខ្ញុំ មិនទាន់​ច្បាស់​ឬ? ហេតុ​អី​បាន​ចូលចិត្ត​សួរ​ជាប់​រហូត​ថា តើ​ខ្ញុំ​ជា​ប្រុស ឬ​ស្រី​អ៊ីចឹង?”៕

    ប្រភព៖ www.news.seehua.com
    ប្រែ​សម្រួល​ដោយ​អ្នកគ្រូ ឆវី

  • Barcelona កាន់តែ​ធ្ងន់​ករ រឿង​បំណុល

    Barcelona កាន់តែ​ធ្ងន់​ករ រឿង​បំណុល

    ក្លិប​បាល់ទាត់ Barcelona កំពុង​តែមាន​បំណុល​នៅក្នុង​ដៃ​ប្រមាន​ជាជាង ១៥០០ លាន​ដុល្លារ ដែល​ធ្វើឱ្យ​ក្លិប​បាល់ទាត់​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ ប្រឈមមុខ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខឆាប់ៗនេះ ។

    បញ្ហា​ធំចំបង​របស់​ក្លិប​ក្នុង​ពេលនេះ គឺ​រឿង​ប្រាក់ខែ​កីឡាករ ដោយ​ក្លិប​មួយ​នេះ នឹងត្រូវ​កាត់​ប្រាក់ខែ​កីឡាករ​ដល់​ទៅ ៦០% ដើម្បី​ទ្រទ្រង់​ដង្ហើម​ក្លិប​ក្នុង​រដូវ​កាល​ថ្មី ។ ម្យ៉ាងវិញទៀត កីឡាករថ្មីៗ ២ រូប​ដែល​ក្លិប​បាន​ចុះ​កុងត្រា​ថ្មី គឺ Sergio Ramos និង Memphis Depay ដែលមាន​ថ្លៃឈ្នួល​ក្នុង​កុងត្រា​ខ្ពស់​នោះ ប្រហែលជា​មិន​ព្រម​ឡើយ​ក្រោយ​ពេលដែល​ទើបតែ​ចុះ​កុងត្រាក្តៅៗមិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ ។

    គួរឱ្យ​ដឹង​ដែរ​ថា បញ្ហា​ហិរញ្ញវត្ថុ​នេះហើយ ដែល​ធ្វើឱ្យ​ក្លិប​មួយ​នេះ នៅ​មិនទាន់​ហ៊ាន​ប្រកាស​អំពី​កុងត្រា​ថ្មី​ជា​មួយនឹង​ Lionel Messi ព្រោះ​ត្រូវ​យ៉ាង​លុយ​មិនតិច​លាន​ដុល្លារ​ទៀតឡើយ ៕

  • Salah មិន​អាចជួយ​ក្រុម​ជម្រើសជាតិ​បានឡើយ ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក

    Salah មិន​អាចជួយ​ក្រុម​ជម្រើសជាតិ​បានឡើយ ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក

    ព្រឹត្តិការណ៍​អូឡាំពិក ឆ្នាំ ២០២០ ដែល​ត្រូវបាន​លើក​មក​ធ្វើ​នៅ​ឆ្នាំ ២០២១ ចាប់ពី​ថ្ងៃទី ២៣ ខែកក្កដា រហូតដល់​ថ្ងៃទី ០៨ សីហា ឆ្នាំ ២០២១ នេះ ។ ក្នុងនោះដែរ ការប្រកួត​បាល់ទាត់ ត្រូវបាន​គេ​រំពឹងថា​គឺជា​ការប្រកួត​ដែល​នឹងមាន​អ្នកតាមដាន​ច្រើនជាងគេ​បំផុត ដោយ​តម្រូវឱ្យ​ក្រុមបាល់ទាត់ខ្លាំងៗ ចំនួន ១៦ ចូលរួម​ប្រកួត ។

    ចំពោះ​ក្រុម​ប្រកួត​គឺ​គេ​យក​ឈុត​យុវជន​អាយុ​ក្រោម ២១ ឆ្នាំ តែ​កីឡាករ​លើស​អាយុ​ចំនួន ៣ រូប ត្រូវបាន​អនុញ្ញាតិ​ឱ្យ​បញ្ចូល​ក្នុង​ឈុត​នេះ​ដើម្បី​ជួយ​ក្រុម  ។ កីឡាករ Mohamed Salah ត្រូវបាន​អេ​ហ្ស៊ី​ប​កោះហៅ​ចូលក្នុង​ក្រុម ក្នុងនាម​ជា​កីឡាករ​លើស​អាយុ​ដើម្បី​ជួយ​ក្រុម ។

    តែ​ក្តីសង្ឃឹម​របស់​អេ​ហ្ស៊ី​ប​ត្រូវបាន​រលាយ​ដូច​ផ្សែង ក្រោយ​ពេលដែល​ក្លិប Liverpool ប្រកាស​ដាច់ខាត​មិន​អនុញ្ញាតិ​ឱ្យ​ខ្សែប្រយុទ្ធ​ដ៏​មានតម្លៃ​រូបនេះ ចូលរួម​ឡើយ ក្រោម​ហេតុផល​ខ្លាច​កូ​វីដ ១៩ និង ក្លិប​កំពុងតែ​មមាញឹក​ប្រកួត​ផង​នោះ ៕

    ប្រភព ៖ skysport

  • ប្រធានាធិបតី​ប្រេ​ស៊ី​ល ត្រូវ​ចូល​ពេទ្យ​វះកាត់​បន្ទាន់ ព្រោះតែ​ត្អើក​ជាង 10 ថ្ងៃ

    ប្រធានាធិបតី​ប្រេ​ស៊ី​ល ត្រូវ​ចូល​ពេទ្យ​វះកាត់​បន្ទាន់ ព្រោះតែ​ត្អើក​ជាង 10 ថ្ងៃ

    ប្រធានាធិបតី​របស់ ប្រេ​ស៊ី​ល លោក Jair Bolsonaro ត្រូវ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​មាន​អាការ​ត្អើក​ជា​បន្តបន្ទាប់​រយៈពេល 10 ថ្ងៃ ហើយ​អាច​ត្រូវធ្វើ​ការវះកាត់​ជាបន្ទាន់។

    សារព័ត៌មាន RT (រុស្ស៊ី) កាលពី​ថ្ងៃទី 14 កក្កដា បានចេញ​ផ្សាយ​ថា ការិយាល័យ​របស់លោក Bolsonaro បាន​បញ្ជាក់ថា ប្រធានាធិបតី​រូបនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មួយ​នៅ Brasilia ក្នុង​ថ្ងៃ​ដដែល​នោះ។ នៅ​ទីនោះ លោក​នឹង​ត្រូវបាន​តាមដាន​សុខភាព​ចាប់ពី 24 ដល់ 48 ម៉ោង។ ក្នុង​ប្រកាស​ថ្មី ការិយាល័យ​ប្រធានាធិបតី ឱ្យដឹងថា លោក Bolsonaro ត្រូវបាន​បញ្ជូន​ទៅកាន់ Sao Paulo ដើម្បី​វាយតម្លៃ​សម្រាប់​ការវះកាត់​បន្ទាន់។

    សារព័ត៌មាន​នៃ​ប្រទេស​ប្រេ​ស៊ី​ល បាន​ផ្សាយ​ដែរ​ថា លោក Bolsonaro មាន​អាការ​ឈឺពោះ និង​ត្អើក នៅពេល​បង្ហាញខ្លួន​នៅ​ចំពោះមុខ​សាធារណជន។ ប្រធានាធិបតី​រូបនេះ ធ្លាប់បាន​និយាយថា អាការ​ត្អើក​នេះ គឺ​មកពី​ថ្នាំ​ដែល​លោក​ត្រូវ​លេប នៅក្នុង​ការវះកាត់​ព្យាបាល​ធ្មេញ កាលពី​មួយខែ​មុន។

    លោក Bolsonaro ធ្លាប់បាន​ចូល​ពេទ្យ​សង្គ្រោះបន្ទាន់​ជាច្រើនលើក ដោយសារតែ​ត្រូវគេ​ចាក់​នឹង​កាំបិត ការឆ្លង COVID-19 និង​ត្រូវ​សត្វព្រៃ​វាយប្រហារ។

    កាលពី​ឆ្នាំ 2018 ក្នុងពេល​កំពុង​ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត លោក Bolsonaro ត្រូវគេ​ចាក់​ចាំ​ពោះ និង​ក្រោយមក​ក៏ត្រូវ​វះកាត់​ជាច្រើនលើក។

    លោក Bolsonaro ត្រូវគេ​រកឃើញថា វិជ្ជមាន​នឹង COVID-19 ជាច្រើនលើក កាលពី​រដូវក្ដៅ​ឆ្នាំមុន។ នៅពេល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ប្រធានាធិបតី​រូបនេះ ក៏ត្រូវ​សត្វ​អូ​ទ្រិ​ស​ធំ​មួយ​ក្បាល ខាំ​ផងដែរ។

    ការចូល​ពេទ្យ​លើក​នេះ ទំនង​ជាមាន​សភាព​ធ្ងន់ធ្ងរ​ជាងមុន។ ក្រុម​វេជ្ជបណ្ឌិត បាន​ប្រាប់​សារព័ត៌មាន ប្រេ​ស៊ី​ល ថា អាការ​ត្អើក​ជា​បន្តបន្ទាប់​របស់លោក​ប្រធានាធិបតី Bolsonaro អាចជា​រោគសញ្ញា​ធ្ងន់ធ្ងរ​ជាង​ផលប៉ះពាល់​ពី​ការវះកាត់​ព្យាបាល​ធ្មេញ៕

    ប្រភព៖ BBC
    ប្រែ​សម្រួល៖ បុត្រា

  • ពលរដ្ឋ 19,000 នាក់ ធ្វើបាតុកម្ម​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​របស់ បារាំង

    ពលរដ្ឋ 19,000 នាក់ ធ្វើបាតុកម្ម​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​របស់ បារាំង

    បារាំង៖ មនុស្ស​ប្រហែល 19,000 នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម​នៅក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​របស់ បារាំង នៅ​ពាសពេញ​ផ្ទៃ​ប្រទេស ដើម្បី​ប្រឆាំងនឹង​ការ​រឹតបន្តឹង​ថ្មី​ក្នុង​បំណង​គ្រប់គ្រង​ស្ថានការណ៍ COVID-19 របស់​រដ្ឋាភិបាល។

    បាតុកម្ម​ដាច់ដោយឡែក​ជាច្រើន​ក្រុម ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី 14 ខែកក្កដា នៅ​ពាសពេញ​ផ្ទៃ​ប្រទេស ក្នុងនោះ​ក៏មាន ទីក្រុង Paris, Toulouse, Bordeaux, Montpelier, Nantes រួម​នឹង​តំបន់ផ្សេងៗមួយចំនួនទៀត។ ក្រុមមន្ត្រី​រដ្ឋាភិបាល បារាំង ឱ្យដឹងថា មនុស្ស​ប្រមាណ 19,000 នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម។ ក្រសួងមហាផ្ទៃ បារាំង បានប្រកាសថា បាតុកម្ម​តូច-ធំ ចំនួន 53 ត្រូវបាន​ធ្វើឡើង​នៅ​តំបន់សំខាន់ៗនៃ​ប្រទេស​នេះ។

    បាតុកម្ម​មួយចំនួន​នៅ Paris បានចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃទី 14 ខែកក្កដា ក្នុង​គ្រា​ដែល​ក្បួនព្យុហយាត្រា​ប្រចាំឆ្នាំ អបអរ​ថ្ងៃបុណ្យ​ឯករាជ្យ​បារាំង ត្រូវបាន​ធ្វើឡើង​តាម​បណ្ដោយ​មហាវិថី Champs-Elysees ក្រោម​អធិបតីភាព​របស់​ប្រធានាធិបតី Emmanuel Macron។

    មូលហេតុ​នៃ​បាតុកម្ម​នេះ កើតឡើង​ដោយសារ​ក្រុមបាតុករ​មិន​ពេញ​ចិត្តនឹង​សេចក្ដីសម្រេច​មួយ​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 12 កក្កដា ស្ដីពី​ការបង្ខំ​ឱ្យ​បុគ្គលិក​សុខាភិបាល ទទួល​ការចាក់​វ៉ាក់សាំង ក៏ដូចជា​ការតម្រូវ​ឱ្យ​ពលរដ្ឋ​ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ទើប​អាច​ចេញ-ចូល​ទីសាធារណៈ ឬ​តម្រូវឱ្យ​ពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ត្រូវ​បង្ហាញ​លទ្ធផល​អវិជ្ជមាន ទើប​អាច​ចូល​ភោជនីយដ្ឋាន​បាន។

    យោងតាម​ការស្រាវជ្រាវ​មួយ​របស់ Elabe ដែល​បានប្រកាស​កាលពី​ថ្ងៃទី 13 កក្កដា វិធានការ​ថ្មី​ខាងលើនេះ ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ពលរដ្ឋ​បារាំង។ ពលរដ្ឋ​ប្រមាណ 35.5 លាន​នាក់ (ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​សរុប​របស់​បារាំង) បាន​ចាក់​វ៉ាក់សាំង COVID-19 យ៉ាងតិច 1 ដូ​ស​រួចហើយ។

    គិត​មកដល់​បច្ចុប្បន្ន បារាំង បាន​រកឃើញ​អ្នក​ឆ្លង COVID-19 សរុប​ចំនួន 5,829,724 នាក់ ក្នុងនោះ​​ក៏​មាន​ករណី​ស្លាប់ 111,413 នាក់, ជាសះស្បើយ 5,162,757 នាក់ និង​កំពុង​ព្យាបាល​ចំនួន 555,554 នាក់៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • ស្រី​ស្អាត​នៅ​ពីក្រោយ​ឆា​នែ​ល Review រថយន្ត​ទំនើប រកបាន 17 លាន​ដុល្លារ​ក្នុង​រយៈពេល​តែ 3 ឆ្នាំ

    ស្រី​ស្អាត​នៅ​ពីក្រោយ​ឆា​នែ​ល Review រថយន្ត​ទំនើប រកបាន 17 លាន​ដុល្លារ​ក្នុង​រយៈពេល​តែ 3 ឆ្នាំ

    សេដ្ឋិនី Alexandra Mary “Alex” Hirschi (Alex Hirschi) គឺជា vlogger ផ្នែក​រថយន្ត ដែលមាន​អ្នកតាមដាន​ជាង 50 លាន​នាក់​នៅលើ​បណ្ដាញ​សង្គម និង​រកបាន​ប្រាក់​រាប់លាន​ដុល្លារ​ក្នុងមួយឆ្នាំ។

    Alex Hirschi វ័យ 35 ឆ្នាំ ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា “Supercar Blondie”។ នាង​បាន​តស៊ូ​ជាមួយនឹង​បណ្ដាញ​ផ្សព្វ​ផ្សាយ​សង្គម​អស់​រយៈពេល​ជាង 1 ទសវត្សរ៍​មកហើយ តាមរយៈ​ការងារ​ជា​អ្នក​ផ្សាយ​សំឡេង ហើយ​បច្ចុប្បន្ន នាង​គឺជា​អ្នកជំនាញ​ផ្នែក អធិប្បាយ (review) ប្រភេទ​រថយន្តទំនើប។ ច្រើន​ឆ្នាំ​មកនេះ  Alex Hirschi បាន​ក្លាយជា​បុគ្គល​ល្បីឈ្មោះ​លំដាប់​អន្តរជាតិ​មួយរូប ដោយសារ​ការ review រថយន្ត​របស់​នាង។

    ខាងក្រោម​នេះ​គឺជា​រឿងរ៉ាវ​ជោគជ័យ​ខ្លះ របស់ Alex Hirschi ៖

    Alex Hirschi ចាប់កំណើត និង​ធំ​ឡើង​នៅក្នុង​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី។ នាង​បាន​ទៅ​រស់នៅក្នុង​ទីក្រុង ឌូ​បៃ នៃ​ប្រទេស​អារ៉ាប់​រួម (United Arab Emirates) ចាប់ពី​ឆ្នាំ 2008 ជា​កន្លែង​ដែល​នាង​ធ្វើការ​ជា​អ្នកអាន​ព័ត៌មាន និង​ពិធី​ការិនី នៅ​ស្ថានីយ​វិទ្យុ Dubai Eye 103.8។

    ពេលនោះ នាង​មានឈ្មោះ​ល្បី​ថា​ជា “Radio Blondie” និង​ធ្លាប់បាន​សម្ភាស​តារាល្បីៗ អំពី​ការចូល​ចិត្ត​រថយន្ត​ផ្ទាល់ខ្លួន​របស់​ពួកគេ ក្នុងនោះ​មាន​ទាំង​តារា​សម្ដែង​ប្រុស Jake Gyllenhaal និង John Travolta ផងដែរ។

    នាង Alex បាន​រៀបការ​ជាមួយ Nik Hirschi ដែលជា​អ្នកគ្រប់គ្រង និង​ជា​ជំនួយការ​របស់​នាង។ Nik ទទួលខុសត្រូវ​លើ​ការថត​វីដេអូ។ បុរស​នេះ​ធ្លាប់ជា​បុគ្គលិក​ធនាគារ ប៉ុន្តែ គាត់​បាន​បោះបង់​ការងារ​នេះ ដើម្បី​ងាក​មក​ផ្ដោតលើ​កិច្ចការងារ​របស់​ភរិយា ចាប់ពី​ឆ្នាំ 2018។ អាច​និយាយបានថា Alex គឺជា​បុគ្គល​សំខាន់​មួយរូប​ដែល​រួមចំណែក​ជួយ​ឱ្យ Alex បានទទួល​ជោគជ័យ​ក្នុង​ការងារ។

    ដោយសារ​បង្កើតបាន​ខ្លឹមសារ​ដែល​ខ្លួន​ចូលចិត្តផង​ និង​ប្រកបដោយ​ភាព​ទាក់ទាញ Alex រកបាន​ប្រាក់​ជិត 20 លាន​ដុល្លារ​អាមេរិក។ នៅ​ឆ្នាំ 2018 នាង​បាន​ចាក​ចេញពី​វិទ្យុ ដើម្បី​ថត​វីដេអូ review រថយន្ត។ ការស្រាវជ្រាវ​កាលពី​ឆ្នាំ 2020 របស់ GoCompare (គេហទំព័រ ប្រៀបធៀប​សេវា​ហិរញ្ញវត្ថុ​របស់ អង់គ្លេស) បាន​ផ្សាយ​ថា Alex រកបាន​ប្រហែល 1.4 លាន​ដុល្លារ​អាមេរិក ជា​រៀងរាល់ឆ្នាំ ពី​ការ​បង្ហោះ​អត្ថបទ​ដែលមាន​ម្ចាស់​ឧបត្ថម្ភ នៅលើ​បណ្ដាញ​សង្គម។

    គិត​មកដល់​បច្ចុប្បន្ន តាម​ការ​គណនា Alex មានទ្រព្យ​ដែលមាន​តម្លៃ​ជាង 17 លាន​ដុល្លារ​អាមេរិក។ តួលេខ​នេះ ទំនងជា​មិនអាក្រក់​នោះទេ សម្រាប់​អ្នក​ដែល​ទើបតែ​ចូលប្រលូក​ក្នុង​មុខរបរ​ជា​អ្នក review រថយន្ត បាន 3 ឆ្នាំ។ Alex ក៏​ជា​ស្ត្រី​មួយរូប នៅក្នុង​ចំណោម​ស្ត្រី​ដែលមាន​អ្នកតាមដាន​ច្រើនជាងគេ​ក្នុង​ពិភពលោក។

    Alex ចាប់ផ្ដើម​បង្ហោះ​ខ្លឹមសារ​ស្ដីពី​រថយន្ត នៅលើ​ទំព័រ Instagram ដែលមាន​អ្នកតាមដាន​ចំនួន 300 នាក់ កាលពី​ឆ្នាំ 2015។ បច្ចុប្បន្ន នាង​មាន​អ្នកតាមដាន​ជាង 9 លាន​នាក់ នៅលើ​បណ្ដាញ​សង្គម​នេះ។ នៅលើ Youtube វិញ នាង​មាន​តាមដាន​ជាង 6.5 លាន​នាក់ និង នៅលើ Facebook មាន​ជាង 40 លាន​នាក់។

    ដោយសារ​មាន​ប្រាក់ និង​មាន​ចំណូលចិត្ត​ចំពោះ​រថយន្ត​ទំនើប ដូច្នេះ Alex ក៏មាន​រថយន្តទំនើបៗជាច្រើន​គ្រឿង។ ឆ្នាំ 2020 នាង​បាន​លក់ Lamborghini Huracan មួយគ្រឿង​ដែល​នាង​ចូលចិត្ត នៅមុន​ការមកដល់​របស់ COVID-19។

    នាង Alex បាន​និយាយថា៖ «ខ្ញុំ​ទើបតែ​ទទួលបាន​រថយន្ត Rolls-Royce ថ្មី​មួយគ្រឿង និង McLaren ថ្មី​មួយគ្រឿង។ ក្រៅពីនេះ ខ្ញុំ​បាន​បញ្ជា​ទិញ​រថយន្ត Tesla Cybertruck មួយគ្រឿង​ផងដែរ»៕

    ប្រភព៖ SCMP
    ប្រែ​សម្រួល៖ បុត្រា

  • ប្រទេស​ថៃ ផ្ដល់ជំនួយ​ជិត 1.3 ពាន់​លាន​ដុល្លារ ដល់​ពលរដ្ឋ និង​អាជីវករ ដែល​រងគ្រោះ​ដោយសារ​បម្រាម​គោចរ

    ប្រទេស​ថៃ ផ្ដល់ជំនួយ​ជិត 1.3 ពាន់​លាន​ដុល្លារ ដល់​ពលរដ្ឋ និង​អាជីវករ ដែល​រងគ្រោះ​ដោយសារ​បម្រាម​គោចរ

    គណៈរដ្ឋមន្ត្រី​ថៃ ទើបតែ​បានប្រកាស​អំពី​កញ្ចប់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដែលមាន​តម្លៃ 42 ពាន់​លាន​បាត (ជិត 1.3 ពាន់​លាន​ដុល្លារ​អាមេរិក) សម្រាប់​ប្រជាជន និង​ក្រុមហ៊ុន ដែល​រងគ្រោះ​ដោយសារ​ការដាក់​បម្រាម​គោចរ​តាម​ដំណាក់កាល ដែល​ត្រូវបាន​ធ្វើឡើង​កាលពីដើម​សប្ដាហ៍​នេះ នៅ​ទី​រាជធានី​បាងកក និង​ខេត្ត​ចំនួន 9 ផ្សេងទៀត។

    យោងតាម​សារព័ត៌មាន​នានា​នៅ​ទីក្រុង​បាងកក កញ្ចប់​ជំនួយ​ខាងលើនេះ ត្រូវបាន​អនុម័ត បន្ទាប់​រាជរដ្ឋាភិបាល​ថៃ អនុវត្ត​វិធានការ​តឹងរ៉ឹង ដើម្បី​គ្រប់គ្រង COVID-19 ក្នុងនោះ​មាន​ទាំង​បម្រាម​គោចរ​នៅពេល​យប់ ចាប់ពី​ម៉ោង 21 ថ្ងៃមុន រហូតដល់​ម៉ោង 4 ទៀបភ្លឺ​នៃ​ថ្ងៃ​បន្ទាប់ នៅ​រាជធានី​បាងកក និង​ខេត្ត​ក្បែរ​ខាង​មួយចំនួន រួមមាន ខេត្ត Nakhon Pathom, Nonthaburi, Pathum Thani, Samut Prakan, Samut Sakhon និង 4 ខេត្ត​ផ្សេងទៀត​ដែល​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​នេះ រួមមាន ខេត្ត Narathiwat, Pattani, Yala និង ខេត្ត Songkhla។

    នាយករដ្ឋមន្ត្រី​ថៃ លោក Prayut Chan-o-cha បាន​បង្ហោះ​សារ​នៅលើ​ទំព័រ Facebook ផ្ទាល់ខ្លួន​ថា គណៈរដ្ឋមន្ត្រី​ប្រទេស​នេះ បានអនុម័ត​លើ​វិធានការ​សង្គ្រោះ​ថ្មី ដែល​លើកឡើង​ដោយ​ក្រុម​អ្នកសេដ្ឋកិច្ច​របស់​រដ្ឋា​ភិ​បាល ក្នុង​បំណង​ប៉ះប៉ូវ​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន សម្រាប់​ពលរដ្ឋ​ទាំងឡាយណា​ដែល​រង​ផលប៉ះពាល់​ដោយសារ​បម្រាម​គោចរ។

    ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​នេះ នឹង​ផ្ដល់ឱ្យ​ទាំង​អ្នកគ្រប់គ្រង​អាជីវកម្ម ទាំង​បុគ្គលិក​ស៊ីឈ្នួល នៅក្នុង​រដ្ឋធានី និង​ខេត្ត​ដែល​រង​ផលប៉ះពាល់។ វិស័យ​ជំនួញ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ត្រូវ​ទទួលបាន​របប​ខាងលើ រួមមាន វិស័យ​សំណង់ សណ្ឋាគារ សេវាកម្ម​ហូបចុក សិល្បៈ និង​កម្សាន្ត។

    ពលរដ្ឋ ថៃ ក៏​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​អគ្គិសនី និង​ទឹក​ប្រើប្រាស់​សម្រាប់​ខែកក្កដា និង​សីហា។ ជាង​នេះ រដ្ឋាភិបាល​ថៃ ក៏​សម្រេច​បញ្ចុះតម្លៃ​សិក្សា និង​ខ្ទង់ចំណាយផ្សេងៗសម្រាប់​ឆមាស​ដំបូង​នៃ​ឆ្នាំ​សិក្សា​នេះ ព្រមទាំង​បានស្នើ​ឱ្យ​ធនាគារជាតិ ធនាគារពាណិជ្ជ និង​ស្ថាប័នហិរញ្ញវត្ថុ​នានា បន្ធូរបន្ថយ​ការកំណត់​នៅក្នុង​ការទូទាត់​បំណុល​ផងដែរ។

    ប្រទេស​ថៃ នា​ថ្ងៃទី 14 កក្កដា ឆ្នាំ 2021 នេះ ប្រកាសថា បាន​រកឃើញ​ករណី​វិជ្ជមាន​ថ្មី​ចំនួន 9,317 នាក់ និង​ស្លាប់​ចំនួន 87 នាក់​ដោយសារ COVID-19។ គិត​មកដល់​បច្ចុប្បន្ន ប្រទេស​នេះ បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​សរុប 363,029 នាក់ ក្នុងនោះ​មាន 3,934 នាក់​បាន​ស្លាប់៕

    ប្រភព៖ bangkokpost
    ប្រែ​សម្រួល៖ បុត្រា

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភព​លោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភព​លោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2021

    ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 915 នាក់, អ្នកជា​ចំនួន 876 នាក់ និង​អ្នកស្លាប់​ចំនួន 33 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2021។

    គិតត្រឹមព្រឹក ថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2021 កម្ពុជា​ បាន​រកឃើញ​អ្នក​វិជ្ជមាន​សរុប​ 63,615 នាក់, អ្នក​ជាសរុប​ 55,365 នាក់ និង​ស្លាប់សរុប​ 986 នាក់ និង​ជាង​ 7,000​ នាក់​ កំពុង​ទទួល​ការ​ព្យាបាល។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 188,616,090 នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មាន​ជាង 172,435,940 នាក់ បានជា, ជាង 4,065,800 នាក់ បាន​ស្លាប់ និង​ជាង 12,114,340 នាក់ កំពុង​ព្យាបាល។

    ប្រទេស​ចំនួន 10 ដែលមាន​អ្នកស្លាប់​ដោយសារ COVID-19 ច្រើនជាង 100,000 នាក់ រួមមាន សហរដ្ឋអាមេរិក, ប្រេ​ស៊ី​ល, ឥណ្ឌា, ម៉ិ​ក​ស៊ិ​ក, ប៉េ​រូ។ល។

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា