Author: សឿន សំណាង

  • តួលេខ​អ្នក​ឆ្លង​ COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2021

    តួលេខ​អ្នក​ឆ្លង​ COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2021

    ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 889​​ នាក់​, អ្នក​ជា​ចំនួន​ 849 នាក់​ និង​អ្នកស្លាប់​ចំនួន 27​​ នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 15​ ខែកក្កដា ឆ្នាំ 2021។

    គិតត្រឹមព្រឹក ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2021 កម្ពុជា​ មាន​អ្នកឆ្លងសរុប 65,500 នាក់ ក្នុង​នោះ​មាន​ អ្នកជាសះស្បើយ 57,027 នាក់ និង​ អ្នកស្លាប់ 1,052 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​ Covid-19 សរុប​ចំនួនជាង​ 189,745,510 នាក់ ​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន​ជាង​ 173,162,320 ​នាក់ ​​បានជា, ជាង​ 4,083,190 ​នាក់​ បាន​ស្លាប់ និងជាង 12,499,990 ​​​​នាក់ ​កំពុង​ព្យាបាល។

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • វ័យ​ផ្សេងគ្នា គិត​ផ្សេងគ្នា…តើ​មនុស្ស​ក្នុង​វ័យ​ជំនាន់នីមួយៗ សម្លឹងមើល “ស្នេហា” បែបណា?

    វ័យ​ផ្សេងគ្នា គិត​ផ្សេងគ្នា…តើ​មនុស្ស​ក្នុង​វ័យ​ជំនាន់នីមួយៗ សម្លឹងមើល “ស្នេហា” បែបណា?

    ទស្សនៈ​អំពី​ស្នេហា​របស់​មនុស្ស​ក្នុង​វ័យ​ជំនាន់នីមួយៗ មាន​ភាពខុសប្លែក​ពីគ្នា ទៅតាម​បទពិសោធ និង​សភាព​បរិស្ថាន​របស់​សង្គម និង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ មនុស្ស​ក្នុង​វ័យ​ជំនាន់នីមួយៗ មាន​ដំណោះស្រាយ​សម្រាប់​សេចក្ដីស្នេហា​របស់ខ្លួន​ឯង ខុសប្លែក​ពីគ្នា…ចុះ​អ្នក​វិញ ស្ថិតក្នុង​វ័យ​ជំនាន់​ណា​ដែរ? មាន​ទស្សនៈ​ចំពោះ​ស្នេហា ដូចដែល​អត្ថបទ​វិភាគ​ខាងក្រោម​នេះ ដែរឬទេ? ដូច្នេះ​យើង​នាំគ្នា​មក​ពិនិត្យមើល​ទាំងអស់គ្នា…។

    Baby Boomer ៖ មាន​ចម្ងល់​ចំពោះ​ស្នេហា តែ​នៅ​រក្សា​ទំនៀមទម្លាប់

    ស្នេហា​របស់​មនុស្ស​ក្នុង​វ័យ​ជំនាន់ Baby Boomer គឺ​មនុស្ស​ដែល​បច្ចុប្បន្ន មាន​អាយុ​ក្នុង​ចន្លោះ 55-70ឆ្នាំ។ Baby Boomer ភាគច្រើន នឹង​រៀបការ​មុន​អាយុ30 និង​ជាការ​រៀបការ​តាម​ទំនៀមទម្លាប់ ប្រពៃណី ទោះ​ជាមាន​សំណួរ​នៅក្នុង​ចិត្ត​អំពី​ការ​រៀបការ និង​ការកសាង​គ្រួសារ​ក៏ដោយ តែ​ពួកគេ ក៏​នៅតែ​ប្រតិបត្តិ​តាម​ទំនៀមទម្លាប់​បែបផែន​ប្រពៃណី​ដដែល។

    ដោយ​មិន​បានដឹង​ឡើយ​ថា នៅពេល​ក្រោយមក ការរៀប​ការ​ទាំង​នៅមាន​សំណួរ​នៅក្នុង​ចិត្ត ធ្វើឱ្យ​មនុស្ស​ក្នុង​វ័យ​ជំនាន់ Baby Boomer គឺជា​ក្រុម​ដែលមាន​ស្ថិតិ​ការ​លែងលះ​ខ្ពស់បំផុត ព្រោះ​ជាច្រើន​គូ រៀបការ​ដោយ​មិនបាន​ដឹងថា ពួកគេ​ស្រឡាញ់គ្នា​ពិតប្រាកដ​ប៉ុនណា​ឡើយ និង​ជាច្រើន​គូ​ទៀត ក៏​ប្រើ​វិធី​រស់នៅ​ដោយឡែក​ពីគ្នា ដោយ​មិន​ធ្វើលិខិត​លែងលះ និងម្នាក់ៗ ក៏​ទៅរក​មនុស្ស​ដែល​ខ្លួនឯង​ពេញចិត្ត ដោយ​មិនមាន​ការរៀប​ការ​ជាថ្មី​ម្ដង​ទៀតឡើយ ខណៈដែល​ជាច្រើន​គូ​ទៀត មិនមាន​នៅសល់​សេចក្ដីស្រឡាញ់​ចំពោះ​គ្នា​ទៀតឡើយ តែម្នាក់ៗរស់នៅ ដើម្បីឱ្យកូនៗសប្បាយចិត្ត​តែប៉ុណ្ណោះ។

    វ័យ​ជំនាន់ X ស្នេហា​ពិត ត្រូវតែ​សាង​ឡើង​ដោយ​ដៃ​យើង​ខ្លួនឯង

    មនុស្ស​វ័យ​ជំនាន់ X គឺ​ក្រុមមនុស្ស​ដែល​បច្ចុប្បន្ន​មាន​អាយុ​ក្នុងអំឡុង 39-50ឆ្នាំ។ មនុស្ស​ក្នុង​វ័យ​ជំនាន់​នេះ នឹង​ក្រ​រៀបការ ដោយមាន​លទ្ធផល​ពិនិត្យ​ជំរឿន​ឃើញថា មានតែ 1ភាគ3 ប៉ុណ្ណោះ ដែល​រៀបការ​ពេល​អាយុ 30ឆ្នាំ ដោយសារតែ​ពួកគេ​ត្រូវការ​ភាព​ពិតប្រាកដ​ច្បាស់លាស់​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ហើយ​មនុស្ស​ក្នុង​វ័យ​ជំនាន់ X នេះ ស៊ាំ​ធ្លាប់​នឹង​ការ​លែងលះ​យ៉ាងច្បាស់ ពួកគេ​មិនបាន​សម្លឹង​ឃើញថា វា​ជា​បញ្ហា​នោះទេ តែ​ពួកគេ​យល់ឃើញថា វា​គឺជា​ការរស់នៅ ដែល​ត្រូវតែ​ស្វែងរក​ចំណុច​ដែល​ត្រឹមត្រូវ​ឱ្យបាន ហើយ​រឿង​ហ្នឹងឯង ដែល​ធ្វើឱ្យ​មនុស្ស​ក្នុង​វ័យ​ជំនាន់​នេះ មាន​ស្ថិតិ​ការ​លែងលះ​តិច​បំផុត។

    ព្រោះ​ជាច្រើន​គូ បាន​សិក្សា​មើលចិត្ត​មើល​ថ្លើម​គ្នា​មុន​រៀបការ និង​នៅពេល​ពួកគេ​គិត​ចង់​រៀបការ នោះ​មានន័យថា ជាការ​រៀបការ​ដែល​កើតឡើង​ពី​សេចក្ដីស្នេហា មិនមែនជា​ការបំពេញ​តួនាទី​ទេ ហើយ​ពួកគេ​នឹងធ្វើ​គ្រប់យ៉ាង ក្នុងការ​ទប់​ប្រគង ឱ្យ​គ្រួសារ​របស់​ខ្លួនឯង មានជីវិត​ដែល​ល្អប្រសើរ ដើម្បី​មិនឱ្យ​កើតមាន​ការលែង​លះ។

    Millennials ៖ សេចក្ដីស្នេហា សាង​ប្រពៃណី​ថ្មី​មួយ​ឡើង

    មនុស្ស​ក្នុង​វ័យ​ជំនាន់ Y ឬ​មី​លលេ​ននៀល នេះ ជា​ក្រុម​ដែលមាន​អាយុ 25-38ឆ្នាំ។ អាច​រាប់បាន​ថា ជា​វ័យ​ជំនាន់ ដែល​សាង​ប្រពៃណី​ការរៀប​ការឡើង​ជា​រប​ស់​ខ្លួនឯង។ ជាច្រើន​គូ​ចូលទៅ​រស់នៅ​ជាមួយគ្នា​មុន​រៀបការ និង​មានការ​ប្រកាស​ឱ្យ​មិត្តភក្តិ​បានដឹង​ពី​ការចូលទៅ​រស់នៅ​ជាមួយគ្នានេះ​ទៀតផង។ ប្រៀបដូចជា​ការប្រកាស​ថា 1គូ​នេះ នឹង​ត្រូវរ៉ូវ​គ្នា​យ៉ាងពិត​ប្រាកដ។ គូ​ខ្លះ​ថែមទាំង​មានការ​រៀប​ផែនការ​ក្នុង​ការទិញ​កន្លែង​រស់​នៅ(ផ្ទះ) ឬ​គូ​ខ្លះ​ថែមទាំង​មានកូន​ជាមួយគ្នា​មុន​រៀបការ​ទៀតផង។

    ការពិតទៅ ក្រុមមនុស្ស​វ័យ​ជំនាន់ Y នេះ មិន​ជឿ​លើ​ប្រពៃណី​ការ​រៀបការ​ប៉ុន្មាន​ឡើយ ពួកគេ​អាច​រស់នៅ​ជាមួយគ្នា ដោយ​មិនបាច់​រៀបការ​បាន ដែល​នេះ​ក៏​អាច​រាប់​បានដែរ​ថា ជាការ​សាង​ប្រពៃណី​ក្នុងការ​មានគ្រួសារ​បែប​ថ្មី​ឡើង​ហ្នឹងឯង។

    តែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ មនុស្ស​វ័យ​ជំនាន់ Y នឹងមាន​សញ្ញា​ថា រស់នៅ​រួមជាមួយ​មនុស្ស​ក្នុង​គ្រួសារ ដែលមាន​ភាពខុសប្លែក​ខាង​វ័យ​ជំនាន់​បាន​ខ្លាំង​ជាង​មនុស្ស​ក្នុង​វ័យ​ជំនាន់ X។ ដែល​វា​ទៅជា​ដូច្នេះ ព្រោះ​មនុស្ស​ក្នុង​វ័យ​ជំនាន់ Y ជឿថា ការរស់នៅ​រួមគ្នា​ជា​គ្រួសារ​ធំ​មួយ នឹង​ធ្វើឱ្យ​អាចជួយ​មើលថែទាំ​រវាង​គ្នា និង​គ្នា​បាន។

    វ័យ​ជំនាន់ Z ស្នេហ៍​ឆ្លង​វេហាស៍

    វ័យ​ជំនាន់ Z គឺ​ក្រុមមនុស្ស​ដែល​ស្ថិត​ក្នុងអំឡុង​វ័យ 23ឆ្នាំ​ចុះក្រោម ជា​ក្រុមមនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​សង្គម​ដែល​មិន​ដែលមាន​ស្មា​ត​ហ្វូ​ន កុំព្យូទ័រ ឬ​វីដេអូ​ហ្គេម​ឡើយ និង​ជា​វ័យ​ជំនាន់ ដែលមាន​ភាពសម្បូរ​បែប​ខាង​សង្គម​ច្រើនឡើង។

    ស្នេហា​របស់​មនុស្ស​ក្នុង​វ័យ​ជំនាន់​នេះ នឹង​មិនបាន​ប្រកាន់ខ្ជាប់​ជាមួយ​មនុស្ស​សញ្ជាតិ​ដូចគ្នា​នឹង​ខ្លួនឯង​ទៀតឡើយ តែ​ជា​ស្នេហា​ដែល​អាច​កើតឡើង​បានជា​មួយ​មនុស្ស​គ្រប់រូប​លើ​ពិភពលោក​នេះ និង​គួរឱ្យ​ចាប់អារម្មណ៍​ថា ក្រុម​វ័យ​ជំនាន់ Z នេះ មាន​ស្ថិតិ​ការកើតឡើង ច្រើនជាង​មនុស្ស​ក្នុង​យុគសម័យ Baby Boomer ដែល​នេះ​មានន័យថា មនុស្ស​ក្នុង​វ័យ​ជំនាន់​នេះ នឹង​ក្លាយជា​មនុស្ស​ក្រុម​ធំ​បំផុត​របស់​ពិភពលោក​នាពេល​អនាគត និង​ប្រហែលជា​ត្រូវ​នាំគ្នា​មក​មើលថា តើ​ពួកគេ​នឹង​បន្តវេន​ស្នេហា​បែបណា រវាង​វ័យ​ជំនាន់ X ដែល​ថែរក្សា​សេចក្ដីស្នេហា​ឱ្យ​ស្ថិតស្ថេរ និង​វ័យ​ជំនាន់ Y ដែល​យល់ថា ការរៀប​ការ មិនមែនជា​សារៈសំខាន់​ក្នុង​ជីវិត​ត​ទៀតឡើយ តែ​ជាការ​មាន​ស្នេហា​ដ៏​ពិតប្រាកដ​ទៅវិញ​ទេ ទើប​ធ្វើឱ្យ​ជីវិត​គូ​រស់រាន​ទៅមុខ​បាន៕

    រៀបរៀង​ដោយ​អ្នកគ្រូ ឆវី

  • ក្រុមហ៊ុន Blue Origin របស់ Jeff Bezos ត្រៀម​បញ្ជូន​អតិថិជន​វ័យក្មេង​បំផុត ឡើងទៅ​ទី​អវកាស

    ក្រុមហ៊ុន Blue Origin របស់ Jeff Bezos ត្រៀម​បញ្ជូន​អតិថិជន​វ័យក្មេង​បំផុត ឡើងទៅ​ទី​អវកាស

    កាលពី​ថ្ងៃទី 15 កក្កដា នៅក្នុង​ប្រកាស​មួយ​របស់​ក្រុមហ៊ុន​អវកាស​ចរណ៍ Blue Origin ដែល​បង្កើតឡើង​កាលពី​ឆ្នាំ 2000 ដោយ​កំពូល​មហាសេដ្ឋី​ពិភពលោក ជនជាតិ អាមេរិក Jeff Bezos បានឱ្យដឹងថា អតិថិជន​ម្នាក់​ដែលមាន​វ័យ​ទើបតែ 18 ឆ្នាំ នឹងចូលរួម​ដំណើរ​នៅលើ​យានអវកាស New Shepard ហោះហើរ​ទៅកាន់​ទី​អវកាស នៅ​ថ្ងៃទី 20 កក្កដា ខាងមុខ។

    ប្រកាស​ខាងលើ​បានឱ្យដឹងថា អតិថិជន​ឈ្មោះ Oliver Daemon បានបញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ កាលពី​ឆ្នាំ 2020 នឹង​ក្លាយជា​អ្នក​អវកាស​វ័យក្មេង​បំផុត​ក្នុង​ពិភពលោក។ ការដែល​បាន​ហោះ​ទៅកាន់​ទី​អវកាស គឺជា ក្ដី​ស្រមៃ​ពេញ​មួយជីវិត​របស់ Daemon ចាប់តាំងពី​គាត់​មាន​អាយុ 4 ឆ្នាំ។ បច្ចុប្បន្ន គាត់​មាន​វិញ្ញ​បន​ប​ត្រ​បើកបរ​យន្តហោះ ដែល​ផ្ដល់ឱ្យ​ដោយ​ក្រុមហ៊ុន​ឯកជន។

    លោក Oliver Daemon

    ប្រធាន​ប្រតិបត្តិ​របស់ Blue Origin លោក Bob Smith និយាយថា «ព្រឹត្តិការណ៍​នេះ គឺជា ការចាប់ផ្ដើម​នៃ​ដំណើរ​ហោះហើរ​បែប​ពាណិជ្ជកម្ម​របស់ New Shepard ហើយ Oliver Daemon គឺជា​អ្នក​តំណាងឱ្យ​មនុស្ស​ជំនាន់​ថ្មី ជា​ក្រុមមនុស្ស​ដែល​នឹង​ជួយ​បើកផ្លូវ​ទៅកាន់​ទី​អវកាស»។

    ការ​ហោះ​ហើរ​នា​ពេល​កន្លង​ របស់ Blue Origin

    រួម​ដំណើរ​ជាមួយ Daemon នៅក្នុង​ការហោះហើរ​ទៅកាន់​ទី​អវកាស​នៅ​ថ្ងៃទី 20 កក្កដា ខាងមុខ ក៏​នឹងមាន​វត្តមាន​របស់​ម​ហា​សេដ្ឋី Jeff Bezos និង​ប្អូនប្រុស Mark Bezos រួម​នឹង​អ្នកត្រួសត្រាយ​ផ្លូវអាកាស Wally Funk វ័យ 82 ឆ្នាំ​ផងដែរ។ ដូច្នេះ ជើងហោះហើរ​ទៅកាន់​ទី​អវកាស​នេះ មាន​ទាំង​មនុស្ស​មាន​វ័យ​នៅ​ក្មេង​បំផុត និង​ចាស់​បំផុត ដែល​មិន​ធ្លាប់មាន​ពីមុនមក។

    លម្ហអាកាស​របស់​ផែន​ដី

    តាម​ផែនការ ដំណើរ​ទេសចរណ៍​ទី​អវកាស​នេះ នឹង​ប្រើពេល 10 នាទី ក្នុងនោះ អតិថិជន មាន 4 នាទី ដើម្បី «គយគន់​ទេសភាព​អវកាស» នៅតាម «ដងផ្លូវ» Karman ជា​លំហ​អាកាស​ដែល​ខណ្ឌ​ចែក​រវាង​បរិយាកាស​ផែនដី និង​ទី​អវកាស៕

    ប្រភព៖ Space
    ប្រែសម្រួល​៖ បុត្រា​

  • អាល្លឺម៉ង់ ឈ្នះ​ការដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ Euro 2024

    អាល្លឺម៉ង់ ឈ្នះ​ការដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ Euro 2024

    ការប្រកួត​ដណ្ដើម​ពានរង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប Euro 2020 បាន​បិទ​បញ្ចប់​ហើយ ដោយ​ម្ចាស់​ពាន​នេះ គឺ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី ខណៈដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស គឺជា​ក្រុម​ជើងឯក​រង ក្រោយ​ទាត់​បាល់​ប៉េ​ណា​ល់​ទី 11ម៉ែត្រ​កាត់សេចក្តី។

    ក្នុងនោះដែរ ចំពោះ​ម្ចាស់ផ្ទះ ដែល​នឹងត្រូវ​ទទួល​រៀបចំ​ការប្រកួត​ដណ្ដើមពាន​នេះ​លើក​ក្រោយ នៅ​ឆ្នាំ2024 នោះ​គឺ​ប្រទេស​អាល្លឺម៉ង់ បន្ទាប់ពី​ឈ្នះ​លើ​ប្រទេស​តួរ​គី ក្នុងការ​ដេញថ្លៃ​លើកចុងក្រោយ ដោយ​ប្រទេស​អាល្លឺម៉ង់ បាន​ត្រៀម​កីឡដ្ឋាន​ចំនួន ១០កន្លែង សម្រាប់​រៀបចំ​ការប្រកួត​ដ៏​ធំ​ប្រចាំ​ទ្វីបអឺរ៉ុប​មួយ​នេះ។

    គួរឱ្យ​ដឹង​ដែរ​ថា អាល្លឺម៉ង់ ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​ពាន Euro នេះ​ចំនួន 1ដង​រួចមកហើយ កាលពី​ឆ្នាំ198 ខណៈដែល​ក្រុមបាល់ទាត់​របស់​ប្រទេសមួយ​នេះ ធ្លាប់​គ្រង​ជើងឯក​ពាន​នេះ ដល់​ទៅ 3លើក គឺ​នៅ​ឆ្នាំ1972, 1980 និង​ចុងក្រោយ​នៅ​ឆ្នាំ1996៕

  • Ronaldo បើក​សណ្ឋាគារ​ថ្មី​មួយទៀត​ហើយ នៅ​អាមេរិក

    Ronaldo បើក​សណ្ឋាគារ​ថ្មី​មួយទៀត​ហើយ នៅ​អាមេរិក

    កីឡាករ​ខ្សែប្រយុទ្ធ Cristiano Ronaldo មិន​អាចជួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ឡើង​ផុត​វគ្គ ១៦ ក្រុម​ចុងក្រោយ​ឡើយ បន្ទាប់ពី​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៊ែ​ល​ហ្សិ​ក ក្នុង​លទ្ធផល ១ ទល់នឹង ០ ។

    ក្រោយ​ជ្រុះ​ចេញពី​ពាន​នេះ នៅ​ប៉ុន្មាន​ថ្ងៃ​មុននេះ គេ​បាន​ប្រទះឃើញ​វត្តមាន​កីឡាករ​របស់​ក្លិប Juventus រូបនេះ​ចូលរួម​ក្នុង​ការបើក​សម្ភោ​ធ​សណ្ឋាគារ​មួយកន្លែង មាន​ឈ្មោះថា PESTANA CR7 Hotel ដែលមាន​ទីតាំងនៅ​ចំ​កណ្តាល​ក្រុង​ញ៉ូ​វយ​ក សហរដ្ឋអាមេរិក ។

    ក្រៅពី​អាជីព​បាល់ទាត់ Cristiano Ronaldo ត្រូវបាន​គេ​ដឹងថា​មាន​ជំនួញ​ជាច្រើន​ដែល​កំពុងតែ​កាន់កាប់​នៅ​ក្នងដៃ ដែលមាន​ដូចជា​គ្រឿងសម្អាង​យីហោ CR7 និង សណ្ឋាគារ PESTANA ជាដើម ៕

  • WHO ព្រមាន​អំពី COVID-19 វ៉ា​រ្យ៉​ង់ ថ្មី ដ៏​គ្រោះថ្នាក់ អាច​ឆ្លង​រាលដាល​ទូទាំង​សកលលោក

    WHO ព្រមាន​អំពី COVID-19 វ៉ា​រ្យ៉​ង់ ថ្មី ដ៏​គ្រោះថ្នាក់ អាច​ឆ្លង​រាលដាល​ទូទាំង​សកលលោក

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​អំពី​លទ្ធភាព​ដែល​ក្រុម​វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី ប្រកបដោយ​គ្រោះថ្នាក់​ជាង និង​ងាយ​ឆ្លង​ជាង នឹង​អាច​បង្ហាញខ្លួន នៅ​ពាសពេញ​ពិភពលោក បណ្ដាលឱ្យ​ការទប់ស្កាត់ កាន់តែ​ជួប​ការលំបាក។

    «មហា​រោគរាតត្បាត មិនទាន់​អាច​បញ្ចប់» គណៈកម្មការ​គ្រាអាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី 15 កក្កដា បាន​ព្រមាន​ដូច្នេះ បន្ទាប់ពី​កិច្ចប្រជុំ​មួយ​នៅមុន​នោះ​មួយថ្ងៃ។

    Didier Houssin ប្រធាន​គណៈកម្មការ​ខាងលើ​បាន​ទទួលស្គាល់ថា «របត់​ថ្មី ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ពិតជា​គួរឱ្យ​ព្រួយបារម្ភ»។ លោក Didier Houssin និយាយថា មួយឆ្នាំ​កន្លះ បន្ទាប់ពី WHO បានប្រកាស​គ្រាអាសន្ន​ដំបូង​អំពី​សុខភាព​សាធារណៈ និង​កម្រិត​នៃ​ភាពអាសន្ន «យើង​នៅតែ​រត់តាម​វីរុស​នេះ ហើយ​វីរុស​នេះ​ក៏​កំពុងតែ​រត់តាម​យើង»។

    បច្ចុប្បន្ន វ៉ា​រ្យ៉​ង់ (វីរុស​បំប្លែង​ខ្លួន​ថ្មី) ចំនួន 4 របស់ COVID-19 កំពុងតែ​គ្រប់គ្រង​វិបត្តិ​សុខភាព​នៅ​ទូទាំង​សកលលោក រួមមាន Alpha, Beta, Gamma និង​ពិសេស​គឺ​វ៉ា​រ្យ៉​ង់ Delta ដែល​កំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស។ ក៏ប៉ុន្តែ គណៈកម្មការ​ខាងលើ បាន​ព្រមាន​ថា បញ្ហា​អាក្រក់​ជាង​បច្ចុប្បន្ន អាច​នៅខាងមុខ​នៅឡើយ ដោយ​លើកឡើង​អំពី «លទ្ធភាព​ខ្ពស់​ដែល វីរុស​បំប្លែង​ខ្លួន​ថ្មី អាច​បង្ហាញខ្លួន និង​ឆ្លង​រាលដាល​ពេញ​ពិភពលោក» ហើយ​បង្កើតបានជា​ឧបសគ្គ​ធំធេង​សម្រាប់​ការប្រយុទ្ធប្រឆាំង​របស់​មនុស្ស។

    បច្ចុប្បន្ន វ៉ា​រ្យ៉​ង់ (វីរុស​បំប្លែង​ខ្លួន​ថ្មី) ចំនួន 4 របស់ COVID-19 កំពុងតែ​គ្រប់គ្រង​វិបត្តិ​សុខភាព​នៅ​ទូទាំង​សកលលោក

    WHO ប្រកាសថា បណ្ដា​វីរុស​បំប្លែង​ខ្លួន ដែល «គួរឱ្យ​បារម្ភ» គឺ​នៅពេល​ពួកវា​ត្រូវបាន​គេ​ចាត់ទុកថា ងាយ​ឆ្លង​ជាង​វីរុស​ធម្មតា និង​បង្ក​ការស្លាប់​ច្រើនជាង​មុន ឬ​មានលទ្ធភាព​ទប់ទល់​នឹង​វ៉ាក់សាំង។

    WHO និយាយថា «ការពាក់​ម៉ាស់ ការរក្សា​គម្លាត រក្សា​អនាម័យ និង​កែលម្អ​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​ក្នុងផ្ទះ នៅតែ​ជា​គន្លឹះ​សំខាន់​ក្នុងការ​កាត់បន្ថយ​ការឆ្លង​រាលដាល»។ អង្គការ​នេះ​ក៏បាន​សង្កត់ធ្ងន់ថា ត្រូវ​ការចាក់​វ៉ាក់សាំង​ឱ្យបាន​យ៉ាងតិច 10% នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេសនីមួយៗ នៅត្រឹម​ខែកញ្ញា​ខាងមុខ រួម​នឹង​ការចែករំលែក​វ៉ាក់សាំង រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​អ្នកក្រ។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2021 ពិភពលោក​ទាំងមូល បាន​រកឃើញ​អ្នក​ឆ្លង​វីរុស COVID-19 សរុប​ចំនួន 189,702,247 នាក់ ក្នុងនោះ​មាន 4,082,637 នាក់​បាន​ស្លាប់, 173,130,284 នាក់ បានជា​សះស្បើយ និង 12,489,326 នាក់ កំពុង​ព្យាបាល ហើយ​ក្នុងចំណោម​នេះដែរ ក៏មាន​អ្នកជំងឺ​ជាង 79,220 នាក់ កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត ដោយសារតែ​អាការ​ធ្ងន់ធ្ងរ៕

    ប្រភព៖ CNN, AFP, Worldometers,
    ប្រែ​សម្រួល៖ បុត្រា

  • COVID-19 នៅ វៀតណាម ៖ វិជ្ជមាន​ជាង 1,400 នាក់ ក្នុង​មួយថ្ងៃ

    COVID-19 នៅ វៀតណាម ៖ វិជ្ជមាន​ជាង 1,400 នាក់ ក្នុង​មួយថ្ងៃ

    នា​ព្រឹក​ថ្ងៃទី 16 កក្កដា​នេះ ក្រសួងសុខាភិបាល វៀតណាម បានឱ្យដឹងថា ទើប​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 ថ្មី ចំនួន 1,438 នាក់ បន្ថែមទៀត ក្នុង​រយៈពេល 24 ម៉ោង​នៃ​ថ្ងៃទី 15 ខែកក្កដា។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង 1,438 នាក់​ខាងលើ គឺមាន 1,071 នាក់ នៅ​ទី ក្រុង​ហូជីមិញ ខណៈ​នៅ​រដ្ឋធានី ហាណូយ មាន​ត្រឹមតែ 3 ករណី​ប៉ុណ្ណោះ។ ទីក្រុង ហូជីមិញ មាន​អ្នក​ឆ្លង COVID-19 សរុប​ចំនួន 22,564 នាក់ ចំណែក រដ្ឋធានី ហាណូយ មាន​ចំនួន 567 នាក់។

    មកដល់​បច្ចុប្បន្ន វៀតណាម បាន​រកឃើញ​អ្នក​វិជ្ជមាន​សរុប ទូទាំងប្រទេស ចំនួន 38,675 នាក់ ក្នុងនោះ​មាន​ជាង 20,000 នាក់​កំពុង​ព្យាបាល, ជាង 200 នាក់ បាន​ស្លាប់ និង​ជាង 8,000 នាក់ បានជា​សះស្បើយ។

    គិត​មកដល់​ព្រឹក​នេះ វៀតណាម ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ចំនួន 4,185,623 ដូ​ស ក្នុងនោះ ពលរដ្ឋ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង 1 ដូ​ស មាន​ចំនួន 3,890,947 នាក់ និង​អ្នក​ដែល​បាន​ចាក់​រួចរាល់ មាន​ចំនួន 294,6767 នាក់៕

    ប្រភព៖ VNexpress
    ប្រែ​សម្រួល៖ បុត្រា

  • Britney Spears! រឿងរ៉ាវ 13 ឆ្នាំ មុនពេល​ស្នើ​តុលាការ​ស៊ើបអង្កេត​លើ​ឪពុក

    Britney Spears! រឿងរ៉ាវ 13 ឆ្នាំ មុនពេល​ស្នើ​តុលាការ​ស៊ើបអង្កេត​លើ​ឪពុក

    Britney Spears និយាយថា ការរស់នៅ​រយៈពេល 13 ឆ្នាំ​កន្លងទៅ​របស់​នាង ប្រៀបបាន​ទៅនឹង «ទាសករ» ព្រោះតែ​ត្រូវគេ​ដាក់​ក្រោម​សិទ្ធិ​អាណាព្យាបាល ដោយ​មិនដឹងថា ខ្លួន​អាចដាក់​ពាក្យ​ប្ដឹង​សុំ​សេរីភាព។

    កាលពី​ថ្ងៃទី 14 កក្កដា ឆ្នាំ 2021 តារាចម្រៀង​ល្បីឈ្មោះ Britney Spears បាន​ឡើង​តុលាការ​ជា​លើកដំបូង ជាមួយនឹង​មេធាវី​ដែល​នាង​បានជ្រើសរើស។ នាង​បានស្នើ​តុលាការ បើក​ការស៊ើបអង្កេត​លើ​ឪពុក​របស់​នាង គឺ លោក Jamie Spears។ ក្នុងឱកាស​នោះ សារព័ត៌មាន Billboard បាន​ចុះផ្សាយ​អំពី​ដំណើរ​ជីវិត​រយៈពេល 13 ឆ្នាំ ដែល​តារាចម្រៀង​វ័យ 40 ឆ្នាំ រូបនេះ ត្រូវ​រស់​ក្រោម​អាណាព្យាបាល​ដ៏​តឹងរ៉ឹង​របស់​ឪពុក និង​ក្រុមការងារ។

    ឆ្នាំ 2008

    ដើមឆ្នាំ Britney Spears បានបញ្ចប់​សំណុំលិខិត​លែងលះ​ជាមួយនឹង​ស្វាមី​ទី​ពីរ (Kevin Federline)។ នាង​បាន​ចាញ់ក្ដី ក្នុង​សវនាការ ចំពោះ​សិទ្ធិ​ចិញ្ចឹម​កូនប្រុស​ទាំងពីរ។ នាង Britney Spears ក៏បាន​ឃុំ​ខ្លួនឯង និងកូនៗនៅក្នុង​បន្ទប់ទឹក ព្រោះ​មិនអាច​ទទួលយក​ការពិត​នេះ​បាន។ ប៉ូលិស Los Angeles ក៏​ចូលធ្វើ​អន្តរាគមន៍។ Britney Spears ត្រូវបាន​ចាប់ខ្លួន​យកទៅ​ធ្វើតេស្ត​សុខភាព។ កាសែត​ជាច្រើន​ចុះផ្សាយ​ថា Britney Spears បាន​ក្លាយជា​មនុស្ស​បាត់​បង់​សតិ។

    Britney Spears ត្រូវ​បាន​គេ​យល់​ថា បាត់​បង់សតិ ក្រោយ​ការ​លែង​លះ​ស្វាមី

    ខែមករា គ្រួសារ បាន​យក Britney Spears ទៅកាន់​មន្ទីរពេទ្យ និង​ត្រូវបាន​ឃុំខ្លួន​បន្ទាន់​រយៈពេល 72 ម៉ោង ដើម្បី​ធានា​សុវត្ថិភាព។ ក្រោយមក តុលាការ​ក៏បាន​ប្រគល់​សិទ្ធិ​ជា​អាណាព្យាបាល​បណ្ដោះអាសន្ន​ដ​ល់​លោក Jamie Spears។ គាត់​មាន​សិទ្ធិ​សម្រេច​គ្រប់យ៉ាង​ជំនួស Britney Spears។ ចាប់ពី​ខែតុលា តុលាការ​ក៏​ចេញ​សាលក្រម​លើ​សិទ្ធិ​ជា​អាណាព្យាបាល​បណ្ដោះអាសន្ន​ខា​ង​លើ ទៅជា​អចិន្ត្រៃយ៍។

    ចាប់ពី​ឆ្នាំ 2009 ដល់ 2018

    ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ Britney Spears មិនបាន​លើកឡើង​អំពី​ការដែល​នាង​ត្រូវ​ស្ថិតក្រោម​អាណាព្យាបាល​នោះទេ។ នាង​បន្តសកម្មភាព​សិល្បៈ​របស់ខ្លួន។

    ឆ្នាំ 2012 ចៅក្រម Reva Goetz តែងតាំង Jason Trawick ដែលជា​មិត្ត​ប្រុស​របស់ Britney Spears ឱ្យធ្វើជា​អាណាព្យាបាល។ បុរស​នេះ មាន​សិទ្ធិ​សម្រេច​លើ​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​ជីវិត​ផ្ទាល់ខ្លួន និង​ហិរញ្ញវត្ថុ​របស់ Britney Spears។ ឆ្នាំ 2013 ពួកគេ​ក៏បាន​ចែកផ្លូវ​គ្នា។

    ឆ្នាំ 2016 Britney Spears បាន​រំលឹក​អំពី​បញ្ហា​ដែល​ខ្លួន​ត្រូវ​ស្ថិតក្រោម​អាណាព្យាបាល​អស់​ជាច្រើន​ឆ្នាំ។ NY Times បាន​ផ្សាយ​ថា នាង​បាន​ព្យាយាម​តវ៉ា​ជាច្រើនលើក​មកហើយ ដើម្បី​គេច​ពី​ការដែល​ត្រូវគេ​គ្រប់គ្រង​គ្រប់យ៉ាង។

    «បើទោះជា​រកបាន​ប្រាក់​ច្រើន​ពី​សកម្មភាព​សិល្បៈ ប៉ុន្តែ Britney ទទួលបាន​ប្រហែល​តែ 2,000 ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ចាយ​ក្នុង​មួយ​សប្ដាហ៍។ នាង​ត្រូវ​ធ្វើការ​ដើម្បី​បើកប្រាក់​ខែ​ឱ្យ​មនុស្ស​នៅ​ជុំវិញខ្លួន» នេះ​បើតាម បុគ្គលិក​ស៊ើបអង្កេត​ម្នាក់។

    ឆ្នាំ 2019

    ខែមីនា ឪពុក​របស់ Britney ក្លាយជា​អ្នកគ្រប់គ្រង​តែ​ម្នាក់​គត់​របស់​នាង បន្ទាប់ពី Andrew Wallet សុំ​ឈប់​ពី​តួនាទី​ជា​សហ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​របស់ Britney។ អំឡុង​ពេលនេះ ក៏មាន​ចលនា​ទាមទារ​ឱ្យ​ផ្ដល់​សេរីភាព​ដល់ Britney។ ទំនាក់ទំនង​រវាង​ឪពុក និង​កូន ប្រែជា​អាក្រក់ឡើងៗ បន្ទាប់ពី​មាន​សវនាការ​មួយចំនួន​នៅ​តុលាការ។

    ខែកញ្ញា Jamie Spears បានដាក់​ពាក្យសុំ​ផ្អាក​ការងារ​ជា​អាណាព្យាបាល​លើ​កូនស្រី​របស់ខ្លួន ព្រោះ​បញ្ហា​សុខភាព។ ចៅក្រម​ក៏បាន​តែងតាំង​បុគ្គលិក​ជំនាញ​ផ្នែក​គ្រប់គ្រង ឈ្មោះ Jodi Montgomery ចូលមក​ជំនួស។

    ឆ្នាំ 2020

    ខែតុលា Britney តវ៉ា មិន​ចង់ឱ្យ​ឪពុក​នាង​ត្រលប់មក​ធ្វើជា​អាណាព្យាបាល​តែឯង​ដូច​មុន។ ក្រោយមក តុលាការ​ក៏បាន​ចេញ​បទបញ្ជា អនុញ្ញាតឱ្យ​ក្រុមហ៊ុន Bessemer Trust Company ធ្វើជា​សហ​គ្រប់គ្រង​លើ​ទ្រព្យ​របស់​តារាចម្រៀង​រូបនេះ ​ជា​មួយ​នឹង​​លោក Jamie។

    ខែវិច្ឆិកា Britney ស្នើ​តុលាការ ដកសិទ្ធិ​ជា​អាណាព្យាបាល ពី​ឪពុក និង​ដកសិទ្ធិ​គ្រប់គ្រង​ហិរញ្ញវត្ថុ ពី​ក្រុមហ៊ុន Bessemer Trust Company។

    ឆ្នាំ 2021

    ខែមីនា «លោក Jamie Spears និយាយថា ខ្លួន​រំពឹងថា កូនស្រី​នឹង​ឆាប់​ទទួលបាន​សេរីភាព ប៉ុន្តែ វា​អាស្រ័យ​លើ Britney» មេធាវី Vivian L. Thoreen តំណាងឱ្យ Jamie បាន​ប្រាប់ CNN ដូច្នេះ។ ប៉ុន្មាន​សប្ដាហ៍​ក្រោយមក Britney បានដាក់​ពាក្យ​ស្នើឱ្យ​អ្នកស្រី Jodi Montgomery បន្តធ្វើ​ជា​សហ​គ្រប់គ្រង​ជាមួយនឹង​ឪពុក​នាង។

    ខែមិថុនា Britney Spears បាន​ឡើង​តុលាការ។ ក្នុង​សវនាការ នាង​និយាយថា ចង់​ដាក់ពន្ធនាគារ​ឪពុក​របស់​នាង និង​ក្រុមការងារ​គ្រប់គ្រង​របស់គាត់។ នាង​ថា ខ្លួន​ប្រៀបដូចជា​ទាសករ មិនមាន​សិទ្ធិ​យកប្ដី បង្កើតកូន និង​ត្រូវគេ​បង្ខំ​ឱ្យទៅ​សំដែង​ដើម្បី​រកប្រាក់។ Britney ក៏​រិះគន់​ចំពោះ​សមាជិកគ្រួសារ ដែល​នៅ​ស្ងៀម ព្រោះតែ​ទទួលបាន​ផលប្រយោជន៍​ពី​ការដែល​នាង​ត្រូវ​ស្ថិតក្រោម​សិទ្ធិ​អាណាព្យាបាល ឬ​ការគ្រប់គ្រង​របស់​ឪពុក និង​ក្រុមការងារ។

    ក្រោយ​សវនាការ​នេះ បុគ្គល​ជាច្រើន​នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ បានដាក់​ពាក្យសុំ​ឈប់​ពី​ការងារ​ជា​បន្តបន្ទាប់ ព្រោះ​​ខ្លាច​​ទទួល​រង​​ការរិះគន់​ពី​ចលនា #FreeBritney៕

    ប្រភព៖ Billboard
    ប្រែ​សម្រួល៖ បុត្រា

  • Britney Spears ស្នើ​តុលាការ ស៊ើបអង្កេត​លើ​ឪពុក

    Britney Spears ស្នើ​តុលាការ ស៊ើបអង្កេត​លើ​ឪពុក

    សហរដ្ឋអាមេរិក៖ តារាចម្រៀង​ស្រី នាង Britney Spears ចង់ឱ្យ​តុលា​ការបើក​ការស៊ើបអង្កេត​លើ​ឪពុក​របស់ខ្លួន​គឺ លោក Jamie Spears ដោយ​ចោទថា បាន​រំលោភសិទ្ធិ​អាណាព្យាបាល​ក្នុង​រយៈពេល 13 ឆ្នាំ​កន្លង។

    នៅក្នុង​សវនាការ​កាលពី​ថ្ងៃទី 14 ខែកក្កដា នៅ Los Angeles តារាចម្រៀង Britney Spears បន្ត​រិះគន់​លើ​លោក Jamie Spears ៖ «ថ្ងៃនេះ ខ្ញុំ​ស្នើឱ្យ​មានការ​ស៊ើបអង្កេត​លើ​ឪពុក​ខ្ញុំ អំ​ពីបទ​រំលោភសិទ្ធិ​អាណាព្យាបាល»។ នាង​ថែមទាំង​បាន​​រៀប​រាប់​​នូវ​ទង្វើ​អាក្រក់ ដែល​លោក Jamie ប្រើប្រាស់​ក្នុងការ​គ្រប់គ្រង​នាង។ សូម្បីតែ​កាហ្វេ ក៏​នាង​មិនមាន​សិទ្ធិ​ផឹក។ «បើ​​មិន​មែន​​ជា​ការ​ធ្វើបាប នោះ​ខ្ញុំ​មិន​ច្បាស់​ថា វា​ជា​អ្វី​ដែរ» Britney រៀបរាប់​តាម​ទូរស័ព្ទ​ដូច្នេះ។

    Britney អះអាងថា ខ្លួន​ពិតជា​ខ្លាច​ឪពុក និង​បាន​រិះគន់​ទៅលើ​សិទ្ធិ​អាណាព្យាបាល ដែល​បាន​អនុញ្ញាតឱ្យ​ឪពុក​នាង បំផ្លាញ​ជីវិត​របស់​នា​ង។ តារាចម្រៀង​ល្បីឈ្មោះ​រូបនេះ បាន​និយាយថា នាង​ត្រូវ​ឪពុក​គ្រប់គ្រង​ទាំង​ម៉ោង​ធ្វើការ ដោយ​បង្ខំ​ឱ្យចំ​ណាយ 70 ម៉ោង/សប្ដាហ៍ សម្រាប់​ការងារ។

    ក្នុង​សវនាការ ចៅក្រម​បាន​យល់ព្រម​លើ​សំណើ​របស់ Britney ដោយ​តែងតាំង​មេធាវី​ថ្មី ឈ្មោះ Mathew Rosengart បន្ទាប់ពី​លោក Samuel Ingham III បាន​លាលែង​ពី​តំណែង។ នេះ​គឺជា​លើកដំបូង​ហើយ ដែល Britney មាន​សិទ្ធិ​ជ្រើសរើស​អ្នកតំណាង​របស់ខ្លួន នៅ​ចំពោះមុខ​តុលាការ ក្នុង​រយៈពេល 13 ឆ្នាំ​កន្លង។ មុននេះ តុលាការ​បានតែងតាំង​លោក Ingham ជា​មេធាវី​របស់​នាង ចាប់ពី​ឆ្នាំ 2008 ដល់​បច្ចុប្បន្ន។ ការផ្លាស់ប្ដូរ​នេះ កើត​ឡើង​ដោយ​សារលិខិត​រប​ស់ Jodi Montgomery (ដែលជា​អ្នក​កាន់​តួនាទី​ជា​សហ​អាណាព្យាបាល​ជាមួយនឹង​ឪពុក​របស់ Britney) ដែល​បានស្នើ​តុលាការ ផ្ដល់​សិទ្ធិ​ជ្រើសរើស​មេធាវី ដល់ Britney។

    https://www.youtube.com/watch?v=OZvzAXae4HM

    លោក Jamie Spears មាន​តួនាទី​ជា​អាណាព្យាបាល​របស់ Britney Spears តាំងពី​ឆ្នាំ 2008 បន្ទាប់ពី​តារាចម្រៀង​រូបនេះ មាន​សតិ​មិន​ប្រក្រតី។ លោក Jamie Spears ទទួលបាន​ប្រាក់​ប្រហែល 130,000 ដុល្លារ ជា​រៀងរាល់ឆ្នាំ ពី​ការងារ​ជា​អាណាព្យាបាល។ ច្រើន​ឆ្នាំ​កន្លងទៅនេះ Britney បានស្នើ​ជា​បន្តបន្ទាប់ ដើម្បីឱ្យ​តុលាការ​លុបចោល​សិទ្ធិ​អាណាព្យាបាល​ពី​ឪពុក ប៉ុន្តែ មិនបាន​ជោគជ័យ។ នៅក្នុង​វ័យ 40 ឆ្នាំ Britney មិនមាន​សិទ្ធិ​បោះឆ្នោត ឬ​ជួបកូនៗដោយ​សេរី​នោះឡើយ។ នាង​ថែមទាំង ត្រូវគេ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​កា​រស​ម្ពា​ស។ល។

    ប្រភព៖ People
    ប្រែ​សម្រួល៖ បុត្រា

  • “ជ្រុ​ញ” នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព បើ​ប្រើប្រាស់ និង​ទុកដាក់​មិនត្រូវ​វិធី

    “ជ្រុ​ញ” នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព បើ​ប្រើប្រាស់ និង​ទុកដាក់​មិនត្រូវ​វិធី

    ខណៈដែល​ការយកចិត្តទុកដាក់​លើ​រឿង​សុខភាព​កំពុងតែ​ត្រូវបាន​ចាប់អារម្មណ៍​ខ្លាំង ហើយ​មនុស្ស​ជាច្រើន​បាន​ងាក​យកចិត្តទុកដាក់​លើ​ការធ្វើ​ម្ហូបអាហារ​ញ៉ាំ​ដោយ​ខ្លួនឯង​នៅក្នុង​ចង្ក្រាន​វិញ​ម្ដងនោះ ក្រៅពី​ឆ្នាំង ចាន ខ្ទះ វែក និង​កាំបិត​ធ្វើ​បន្លែ​សាច់​ហើយ​នោះ នៅមាន​វត្ថុ​សំខាន់​មួយទៀត និង​មិនអាច​ខ្វះ​បាន​នោះ​គឺ “ជ្រុ​ញ”។ តើ​នៅក្នុង​ផ្ទះ​របស់​អ្នក មាន​ជ្រុ​ញ​ប៉ុន្មាន​ដែរ? បើ​ឆ្លើយថា មានតែ 1 គត់! អ្នកគ្រូ ឆវី​ប្រហែលជា​ត្រូវ​ប្រាប់ថា នោះ​គឺជា​រឿង​គ្រោះថ្នាក់​ហើយ។

    ព្រោះ “ជ្រុ​ញ” ជា​ឧបករណ៍​ផ្ទះបាយ​ដ៏​សំខាន់​មួយ​ក្នុងការ​រៀបចំ​បន្លែ​ត្រី​សាច់​ដើម្បី​ត្រៀម​ចម្អិន ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​អាហារ​ទាំង​នៅ​ឆៅ និង​ឆ្អិន​អាច​ញ៉ាំ​បាន​ផង ដូច្នេះ​បើសិន​អ្នក​ត្រៀម​ម្ហូបអាហារ​មិនបាន​មើលថែទាំ សម្អាត​ជ្រុ​ញ​ឱ្យបាន​ស្អាត​ល្អ​ទេនោះ ជ្រុ​ញ​អាច​នឹង​កខ្វក់ រហូត​បង្កើតជា​មេរោគ​ឡើង និង​អាចធ្វើឱ្យ​អ្នក​បរិភោគ​ម្ហូបអាហារ​នោះ​កើត​អា​ការឈឺ​ថ្កាត់​បាន។

    “ជ្រុ​ញ” អាច​បង្ក​រោគ​បាន​មែនឬ?

    អ្នកជំនាញ​ក្នុង​ស្ថាប័ន​ភោជនាហារ​ក្នុងប្រទេស​ថៃ បាន​និយាយថា បន្ទះ​ជ្រុ​ញ​មិនបាន​បង្ក​ឱ្យ​កើត​មេរោគ​អ្វី​ដល់​រាងកាយ​ទេ តែ​វិធី​ការប្រើប្រាស់​ជ្រុ​ញ រួមទាំង​ការថែទាំ​រក្សាទុក​ដាក់​ជ្រុ​ញ​មិន​បានល្អ អាច​បង្ក​ឱ្យ​កើត​រោគាព្យាធិ​បាន។ វិធី​ដែល​អាច​បង្ក​ឱ្យ​កើតជា​ជំងឺ​គឺ ការ​ហាន់​សាច់សត្វឆៅៗនៅលើ​ជ្រុ​ញ​ជាមុន រួច​តាម​ដោយ​បន្លែ ឬ​ផ្លែឈើស្រស់ៗ អាចធ្វើឱ្យ​មេរោគ​ពី​សាច់សត្វ​ឆៅ(ដែល​មិនទាន់​ឆ្លងកាត់​ការ​ស្ងោរ​ឱ្យ​ឆ្អិន​សម្លាប់​មេរោគ)មក​ជាប់​នៅលើ​បន្លែ ឬ​ផ្លែឈើ​ស្រស់​ទាំងនោះ ហើយ​បើ​ទទួលទាន​បន្លែ​ផ្លែឈើ​ទាំងនោះ​ទាំង​ស្រស់ ដោយ​មិនបាន​ឆ្លងកាត់​កម្ដៅ​ដែល​ខ្លាំង​គ្រប់គ្រាន់​នោះ អាច​នឹងធ្វើ​ឱ្យ​យើង​បានទទួល​មេរោគ ឬ​អតិសុខុមប្រាណ​ទាំងនោះ​ចូលមកក្នុង​រាងកាយ​ដោយ​ងាយ។

    ក្រៅពីនេះ ជ្រុ​ញ​ដែល​ចាស់ និង​ប្រើ​មក​យូរ​ឆ្នាំ​ហើយ បើសិន​លាង​សម្អាត​មិនបាន​ស្អាត​ល្អ អាចមាន​ភាព​ប្រថុយប្រថាន​ក្នុង​ការជួប​មេរោគ​នៅតាម​កន្លុកកន្លៀត​សាច់​ឈើ​ដែល​ប្រេះ​បែក ឬ​តាម​ស្នាម​មុខកាំបិត​ដែល​មុត​នៅលើ​ជ្រុ​ញ​ប្លា​ស្ទិ​ក បើ​យើង​ញ៉ាំ​អាហារ​ដែល​ប្រឡាក់ប្រឡូស​មេរោគ​ពី​ជ្រុ​ញ​ចូលទៅក្នុង​រាងកាយ អាចធ្វើឱ្យ​យើង​មាន​អាការ​រាករូស ដូចជា ៈ

    – មេរោគ អ៊ី​ខូ​ឡៃ ដែល​មកពី​សាច់សត្វឆៅៗ ធ្វើឱ្យ​កើត​អាការ​រាករូស។

    – មេរោគ សាល់​ម៉ូ​នេ​ល​ឡា ដែល​មកពី​សាច់សត្វ​ស្លាប​ឆៅ ដូចជា សាច់មាន់ ស៊ុត រួមទាំង​សាច់គោ និង​បន្លែ​ផ្លែឈើ​ដែល​មិនបាន​លាង​សម្អាត អាច​បណ្ដាលឱ្យ​ចុកពោះ គ្រុនក្ដៅ ក្អួតចង្អោរ​បាន។

    – មេរោគ​ដែល​សាង​សារធាតុពុល ដូចជា អា​ហ្វ្លា​តុកស៊ីន និង​បើ​កើតមាន​ការប្រមូល​សន្សំ​នៅក្នុង​រាងកាយ​យូរ​ទៅ អាច​បង្ក​ឱ្យ​កើតរោគ​មហារីក​បាន។

    – មេរោគ លី​ស្ទី្​រៀ ម៉ូ​ណូ​សៃ​តូ​ជី​នេស ច្រើន​ប្រទះឃើញ​នៅក្នុង​អាហារ​ដែល​ប្រឡាក់ប្រឡូស​ក្នុង​ទឹក​កខ្វក់ ឬ​លាមក​មនុស្ស និង​សត្វ អាចធ្វើឱ្យ​ប្រថុយប្រថាន​ដល់​ការ​កើតរោគ Listeriosis លោហិត​មាន​ជាតិពុល និង​រលាក​សាច់​ភ្នាស​ខួរក្បាល និង​បំផ្លាញ​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ក្នុង​រាងកាយ។

    ជ្រុ​ញ​ឈើ និង​ជ្រុ​ញ​ប្លា​ស្ទិ​ក

    អ្នកជំនាញការ​បានបញ្ជាក់​ថា ជ្រុ​ញ​មាន​ទាំង​ធ្វើ​ពី​ប្លា​ស្ទិ​ក ឈើ និង​អាចធ្វើ​ពី​វត្ថុ​ផ្សេងទៀត​ផងដែរ។ ចំណុច​ល្អ​របស់​ជ្រុ​ញ​ប្លា​ស្ទិ​ក​គឺ មានតម្លៃ​ថោក ជាប់​បានយូរ តែ​ចំណុច​មិនល្អ​របស់​វា​គឺ មាន​ភាព​ប្រថុយ​ក្នុងការ​សឹក​ដាច់ និង​មានការ​លាយឡំ​សាច់​ប្លា​ស្ទិ​ក​ចូលទៅក្នុង​អាហារ។ ចំណែកឯ​ចំណុច​ល្អ​របស់​ជ្រុ​ញ​ឈើ​គឺ ជ្រុ​ញ​ឈើ​ជាវ​ត្ថុ​ពី​ធម្មជាតិ នៅពេល​មានការ​សឹក​ដាច់ ហើយ​លាយឡំ​ចូលទៅក្នុង​អាហារ ក៏​រាងកាយ​របស់​យើង​មិនមាន​គ្រោះថ្នាក់​អ្វី​ដែរ តែ​ចំណុច​មិនល្អ​របស់​ជ្រុ​ញ​ឈើ​គឺ ឆាប់​សឹក សាច់​ឈើ​មាន​ប្រហោង ឬ​រន្ធ​ច្រើន បៀម​សំណើ​មយូរ​ធ្វើឱ្យមាន​ការប្រមូល​សន្សំ​របស់​មេរោគ ឬ​អតិសុខុមប្រាណ​ច្រើនជាង​ជ្រុ​ញ​ប្លា​ស្ទិ​ក។

    វិធី​លាង​សម្អាត និង​ថែរក្សា​ទុកដាក់​ជ្រុ​ញ​យ៉ាង​ត្រឹមត្រូវ

    – គួរ​លាង​សម្អាត​ជ្រុ​ញ​ទាំង​មុន និង​ក្រោយពី​ប្រើការ​ហើយ។

    – ត្រូវ​កម្ចាត់​កំណកខ្លាញ់​នៅលើ​ជ្រុ​ញ​ដោយ​ទឹកសាប៊ូ​លាងចាន ហើយ​លាង​ចេញ​ដោយ​ទឹកស្អាត ឬ​ប្រើ​ទឹកខ្មេះ ទឹកក្រូច​ឆ្មារ​ក្នុងការ​សម្លាប់​មេរោគ​ដែល​តោង​ជាប់​នៅលើ​ជ្រុ​ញ តែ​មិន​គួរប្រើ​ដែក​ដុស​ឆ្នាំង​ដុស​សម្អាត​លើ​ជ្រុ​ញ​ឡើយ ព្រោះ​អាច​នឹង​ធ្វើឱ្យ​កើតមាន

    ស្នាម​ដាច់​ជ្រៅ​នៅលើ​សាច់​ជ្រុ​ញ​ដែល​អាច​ក្លាយជា​ប្រភព​ប្រមូល​សន្សំ​មេរោគ​បាន។

    – ហាម​ប្រើ​ក្រណាត់​កខ្វក់​ជូត ព្រោះ​អាច​នឹង​ក្លាយជា​ការនាំ​មេរោគ​មក​ប្រឡាក់​ជាប់​នឹង​អាហារ​បាន។

    – កុំ​ភ្លេច! ត្រូវ​ប្រើ​ជ្រុ​ញផ្សេងៗពីគ្នា​សម្រាប់​ហាន់សាច់​សត្វ​ឆៅ សម្រាប់​ហាន់​បន្លែ​ផ្លែឈើ និង​សម្រាប់​ហាន់​អាហារ​ដែល​ចម្អិន​ឆ្អិន​ហើយ។

    – ជ្រុ​ញ​ដែល​មិនបាន​ប្រើការ គួរ​មាន​គម្រប​គ្រប​ដើម្បី​ការពារ​សត្វ​រុញ​មក​រោម និង​ទុកដាក់​នៅលើ​កន្លែង​ដែល​ខ្ពស់។

    – បើជា​ជ្រុ​ញ​ឈើ ចូរ​យកទៅដាក់​ហាលថ្ងៃ​ឱ្យបាន​ញឹកញាប់ ដើម្បី​ការពារ​កុំឱ្យ​កើត​មេរោគ​ផ្សិត និង​យកទៅ​ទុក​នៅពេលដែល​ជ្រុ​ញ​ស្ងួត​ល្អ៕