Author: សឿន សំណាង

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភព​លោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភព​លោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2021

    ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 790​​ នាក់​, អ្នក​ជា​ចំនួន​ 1,087 នាក់​ និង​អ្នកស្លាប់​ចំនួន 22​​ នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 18​ ខែកក្កដា ឆ្នាំ 2021។

    គិតត្រឹមព្រឹក ថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2021 កម្ពុជា​ មាន​អ្នកឆ្លង COVID-19 សរុប 67,971 នាក់ ក្នុង​នោះ​មាន​ អ្នកជាសះស្បើយ 60,017 នាក់ និង​ អ្នកស្លាប់ 1,128 នាក់ ខណៈ​អ្នក​ជំងឺ​កំពុងព្យាបាល​ មាន​ចំនួន​ប្រហែល​ 7,000។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​ Covid-19 សរុប​ចំនួនជាង​ 191,229,700 នាក់ ​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន​ជាង​ 174,181,900​ ​នាក់ ​​បានជា, ជាង​ 4,105,820 ​នាក់​ បាន​ស្លាប់ និងជាង 12,941,970 ​​​​នាក់ ​កំពុង​ព្យាបាល។

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • “អន្ទាក់” ទំហំ​លំដាប់ nano សម្រាប់​កម្ចាត់​វីរុស COVID-19

    “អន្ទាក់” ទំហំ​លំដាប់ nano សម្រាប់​កម្ចាត់​វីរុស COVID-19

    អន្ទាក់​ប្រភេទ​នេះ ត្រូវបាន​បញ្ចូល​ទៅក្នុង​រាងកាយ ដើម្បី «ចាប់» វីរុស​បង្ក​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង​បណ្ដា​វីរុស​បង្ក​ជំងឺ​ផ្លូវដង្ហើម ឬ ត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ​ដឹកជញ្ជូន​ថ្នាំ ចូលទៅ​កាន់​រាងកាយ។

    ក្រុម​អ្នកស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ​បច្ចេកទេស Munich នៃ​ប្រទេស អាល្លឺម៉ង់ ចាប់តាំងពី​ឆ្នាំ 2019 បាន និង​កំពុង​អភិវឌ្ឍ​អន្ទាក់​មួយ​ប្រភេទ​ដែលមាន​ទំហំ​លំដាប់ nano ដែលមាន​រូបរាង​ដូច​ទៅនឹង​រន្ធ​មហា​សែន​តូច ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើ​វិធីសាស្ត្រ DNA orgami (បត់​កំណាត់ DNA ទៅជា​រាង 2D, 3D ផ្សេងគ្នា)។

    យោងតាម​ក្រុម​អ្នកស្រាវជ្រាវ ការជ្រើសរើស​ទីតាំង​បត់​ត្រឹមត្រូវ និង​ស្វែងរក​ទំហំ​អន្ទាក់​ដែល​អាច​ចាប់បាន​វីរុស​ដ៏​តូច គឺជា​កត្តា​សំខាន់។ នេះ​បើតាម Hendrik Dietz ប្រធាន​ក្រុម​ស្រាវជ្រាវ​ខាងលើ។

    អន្ទាក់​នេះ ត្រូវបាន​រចនា​ទៅតាម​រូបរាង icosahedron ដែល​បង្កើតឡើង​ពី​ផ្ទៃ​នៃ​រាង​ត្រីកោណ​ចំនួន 20 ហើយ​នៅ​ខាងក្នុង គឺជា​ប្រហោង ដែល​អាច​ទាក់ទាញ​វីរុស។ Hendrik Dietz បានឱ្យដឹងថា តាមរយៈ​វិធី​នេះ ក្រុម​អ្នកស្រាវជ្រាវ អាច​ផ្លាស់ប្ដូរ​ផ្ទៃ​នៃ​រាង​ត្រីកោណ​នី​ម័យៗ ដើម្បី​សម្រប​ខ្លួន​ទៅតាម​ប្រភេទ​វីរុស។ វីរុស​ដែលមាន​ទំហំ​អតិបរមា ត្រឹម 180 អនុ​ឯក​តា​នៃ​ប្រូ​តេ​អ៊ី (protein subunit) គឺ​ងាយ​នឹង​ជាប់អន្ទាក់​នាក់។

    ដើម្បី​ទប់ស្កាត់ មិនឱ្យ​អន្ទាក់​នេះ ត្រូវ​រលាយ​នៅក្នុង​រាងកាយ ក្រុម​អ្នកស្រាវជ្រាវ​បានធ្វើ​ការពិសោធ ដោយ​ប្រើប្រាស់​កាំរស្មី UV ជះ​ទៅលើ​ម៉ូលេគុល​ប្រូតេអ៊ីន​នៅ​ខាងក្នុង និង​ប្រើ polyethylene glycol និង oligolysine ដើម្បី​ដោះស្រាយ​បញ្ហា​ពី​ខាងក្រៅ។ លទ្ធផល​បង្ហាញថា អន្ទាក់ nano នេះ នៅពេល​ត្រូវ​បានដាក់​ចូលក្នុង​សរសៃឈាម​របស់​សត្វ​កណ្ដុរ វា​អាច​ស្ថិតនៅក្នុង​ស្ថិរ​ភាពល្អ​រយៈពេល 24 ម៉ោង។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បញ្ជាក់ថា វ៉ាក់សាំង​នាពេល​បច្ចុប្បន្ន ត្រូវបាន​ពេល​ច្រើន​ដើម្បី​អភិវឌ្ឍ ខណៈដែល​ល្បឿន​នៃ​ការឆ្លង​រាលដាល​របស់​វីរុស លឿន​ជាង​ឆ្ងាយ។

    បច្ចុប្បន្ន ក្រុម​អ្នកស្រាវជ្រាវ កំពុង​បន្ត​ពិសោធ​លើស​ត្វ​កណ្ដុរ ដើម្បី​វាយតម្លៃ​លើ​លទ្ធភាព​នៃ​ការទទួលយក​របស់​វា​ង​កាយ។ ក្រៅពី​ប្រើ​សម្រាប់​កម្ចាត់​វីរុស​ចម្លងរោគ អន្ទាក់​នេះ​ក៏​អាច​ត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ​ដឹកជញ្ជូន​អង់​ទី​ហ្សែ​ន (antigens) និង​ថ្នាំ ចូលទៅក្នុង​រាងកាយ​ផងដែរ៕

    ប្រភព៖ Science Daily
    ប្រែ​សម្រួល៖ បុត្រា

  • ពលរដ្ឋ​ថៃ​រាប់ពាន់នាក់ ធ្វើបាតុកម្ម ក្នុង​គ្រា COVID-19 កំពុង​ឆ្លង​រាលដាល​ខ្លាំង

    ពលរដ្ឋ​ថៃ​រាប់ពាន់នាក់ ធ្វើបាតុកម្ម ក្នុង​គ្រា COVID-19 កំពុង​ឆ្លង​រាលដាល​ខ្លាំង

    ប្រជាជន​ថៃ ជាង 1,000 នាក់ កាលពី​ថ្ងៃទី 18 កក្កដា បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម ស្នើឱ្យ​នាយករដ្ឋមន្ត្រី ចុះ​ចេញពី​តំណែង នៅពេល​រលក COVID-19 កំពុងតែ​វាយប្រហារ​ប្រទេស​នេះ​យ៉ាងធ្ងន់ធ្ងរ។

    សមត្ថកិច្ច ត្រូវ​ប្រើប្រាស់​ផ្សែង​បង្ហូរទឹកភ្នែក រថយន្ត​បាញ់​ទឹក និង​គ្រាប់កាំភ្លើង​ជ័រ ដើម្បី​រំសាយ​ក្រុមបាតុករ ដែល​ហែ​ក្បួន​ទៅកាន់​ការិយាល័យ​នាយករដ្ឋមន្ត្រី Prayuth Chan-ocha។ បាតុករ​ជាច្រើន ថែមទាំង​នាំយក​ថង់​ដាក់​សាកសព​ក្លែងក្លាយ​ទៅជា​មួយ ដើម្បី​ជា​តំណាងឱ្យ​អ្នកស្លាប់​ដោយសារ COVID-19។ ក្រុមបាតុករ បាន​ទម្លាក់កំហុស​លើ​រដ្ឋាភិបាល​របស់លោក Pryuth ដែល​ធ្វើ​ការមិន​បានល្អ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 បណ្ដាលឱ្យមាន​ការឆ្លង​រាលដាល​ខ្លាំង។

    បាតុករ​ម្នាក់ ឈ្មោះ Kanyaporn Veeratat វ័យ 34 ឆ្នាំ បានឱ្យដឹងថា «រដ្ឋាភិបាល គ្រប់គ្រង​ស្ថានការណ៍​មិនបាន​ល្អ ហើយ​បើសិនជា​យើង​មិន​ធ្វើ​អ្វី​សោះ នោះ​នឹងមិន​មានការ​ប្ដូរផ្លាស់​ណាមួយ​ឡើយ»។

    ក្រុមប៉ូលិស ក៏បាន​ចាត់វិធានការ​ក្ដៅ បន្ទាប់ពី​បាតុករ​មួយចំនួន ព្យាយាម​ដោះ​របង​បន្លា​លួស ដែល​សមត្ថកិច្ច​ដាក់ពង្រាយ​ដើម្បី​បិទផ្លូវ​ពី​រូបសំណាក​ប្រជាធិបតេយ្យ ទៅកាន់​វិមាន​រដ្ឋាភិបាល ជា​កន្លែងធ្វើការ​របស់​នាយករដ្ឋមន្ត្រី។

    ប៉ូលិស បានស្នើ​ពលរដ្ឋ កុំ​ចូលរួម​ធ្វើបាតុកម្ម ក្នុង​បំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​កាន់តែខ្លាំង នៃ​វី​រូស COVID-19 ព្រមទាំង​បាន​ព្រមាន​ថា នឹងដាក់​ទោស​ជន​ទាំងឡាយណា​ដែល​បង្ក​ចលា​ច័ល​ទៀតផង។

    គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ថៃ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 សរុប​ចំនួន 415,170 នាក់ ក្នុងនោះ​មាន 3,422 នាក់​បាន​ស្លាប់, 289,651 នាក់​បានជា និង 122,097 នាក់​កំពុង​ព្យាបាល។

    រាជធានី បាងកក និង​ខេត្ត​ចំនួន 12 ផ្សេងទៀត​របស់​ប្រទេស​ថៃ បាន​រឹតបន្តឹង​វិធានការ​ទប់ទល់​នឹង COVID-19 ក្នុងនោះ​ក៏មាន​ការកាត់បន្ថយ​ការធ្វើដំណើរ បិទ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​បម្រាម​គោចរ​ពេលយប់​ផងដែរ៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភព​លោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភព​លោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2021

    ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 836​​ នាក់​, អ្នក​ជា​ចំនួន​ 928 នាក់​ និង​អ្នកស្លាប់​ចំនួន 24​​ នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 16​ ខែកក្កដា ឆ្នាំ 2021។

    គិតត្រឹមព្រឹក ថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2021 កម្ពុជា​ មាន​អ្នកឆ្លងសរុប 66,336 នាក់ ក្នុង​នោះ​មាន​ អ្នកជាសះស្បើយ 57,955 នាក់ និង​ អ្នកស្លាប់ 1,076 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​ Covid-19 សរុប​ចំនួនជាង​ 190,310,300 នាក់ ​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន​ជាង​ 173,509,970 ​នាក់ ​​បានជា, ជាង​ 4,092,030 ​នាក់​ បាន​ស្លាប់ និងជាង 12,708,360 ​​​​នាក់ ​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

     

  • ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្រោម​ដី ឆ្លងកាត់​សមុទ្រ ប្រវែង 277 គីឡូម៉ែត្រ បាន​ខួង​រួចរាល់​ហើយ (វីដេអូ)

    ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្រោម​ដី ឆ្លងកាត់​សមុទ្រ ប្រវែង 277 គីឡូម៉ែត្រ បាន​ខួង​រួចរាល់​ហើយ (វីដេអូ)

    ប្រទេស​ចិន បាន​ខួង​រួចរាល់​ផ្លូវ​រូង​ក្រោម​ដី​ទាំងអស់​ដែល​ស្ថិតនៅក្នុង​ប្រព័ន្ធ​ផ្លូវដែក​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ​ដំបូង​របស់​ប្រទេស​នេះ ដែល​ស្ថិតក្នុង​ខេត្ត Fujian នៅ​ភាគ​អាគ្នេយ៍។

    ផ្លូវ​រូង​ក្រោម​ដី​ទាំងអស់ ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវដែក​ល្បឿន​លឿន​ប្រវែង 277 គីឡូម៉ែត្រ ពី Fuzhou ទៅ Xiamen ត្រូវបាន​ខួង​ភ្ជាប់​ចូលគ្នា​រួចរាល់​ហើយ កាលពី​ថ្ងៃទី 12 កក្កដា។ នេះ​គឺជា​គម្រោង​ផ្លូវដែក​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ​ដំបូង​របស់​ប្រទេស ចិន ដែល​អនុញ្ញាតឱ្យ​រថភ្លើង​ធ្វើដំណើរ​បាន​ក្នុង​ល្បឿន 350 គម/ម៉ោង។

    តាម​ផែនការ គម្រោង​ដែល​នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ ចាប់ពី​ឆ្នាំ 2023 នេះ នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ដំណើរ ពី​ទីក្រុង Fuzhou ទៅកាន់ Xieman មក​នៅត្រឹមតែ 1 ម៉ោង​ប៉ុណ្ណោះ៕

    ប្រភព​៖ CGTN
    ប្រែសម្រួល​៖ បុត្រា

  • ឈុត​ហោះហើរ​លក្ខណៈ​បុគ្គលដូច Iron Man ដើរ​ដោយ​ថាមពល​អគ្គិសនី

    ឈុត​ហោះហើរ​លក្ខណៈ​បុគ្គលដូច Iron Man ដើរ​ដោយ​ថាមពល​អគ្គិសនី

    ក្រុមហ៊ុន អង់គ្លេស បង្ហាញ​កំណែ​ដើរ​ដោយ​ថាមពល​អគ្គិសនី នៃ​ឈុត​ហោះហើរ​លក្ខណៈ​បុគ្គល ដូច​ទៅនឹង Iron Man (មនុស្ស​ដែក) និង​មិន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន។

    Richard Browning គឺជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Gravity Industries និង​ជា​អ្នក​អភិវឌ្ឍ​ឈុត​ហោះហើរ​លក្ខណៈ ដែល​ប្រៀបបាន​ទៅនឹង «មនុស្ស​ដែក» នេះ។

    លោក Richard Browning

    ឈុត​ហោះហើរ​ថ្មី ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​នេះ មាន​ឈ្មោះថា E-suit។ លោក Richard Browning បានឱ្យដឹងថា កំណែ​ដើរ​ដោយ​ថាមពល​អគ្គិសនី​នេះ បានបង្ហាញ​អំពី​មហិច្ឆតា​របស់​ពួកយើង ដោយ​ដែន​កំណត់​របស់​វា ត្រូវបាន​លុបបំបាត់​ជា​បន្តបន្ទាប់។

    លោក Richard Browning បន្តថា «តាមពិត កាលពី 24 ម៉ោង​មុន វា​មិនទាន់​បង្ហាញ​បាន​អំពី​អ្វីដែល​យើង​ត្រូវការ។ ប៉ុន្តែ យើង​ចង់បង្ហាញ​សកម្មភាព​ជាក់ស្ដែង ជាជាង​ការនិយាយ ហើយ​យើង​ក៏​សំដែង​នៅ​ចំពោះមុខ​សាធារណជន។

    កំណែ​នៃ​ឈុត​ហោះហើរ ដែល​ដើរ​ដោយ​ថាមពល​ឧស្ម័ន ត្រូវបាន​គេ​បង្ហាញ និង​ទទួលស្គាល់​រួចហើយ នៅក្នុង​បេសកកម្ម​ស្វែងរក ជួយសង្គ្រោះ និង​នៅក្នុង​វិស័យ​យោធា។ កំណែ​ដើរ​ដោយ​ថាមពល​ឧស្ម័ន​នេះ អាចមាន​ល្បឿន​ដល់ 130 គម/ម៉ោង ហើយ​បើតាម​ទ្រឹស្ដី វា​អាច​ហោះ​ឡើងដល់​កម្ពស់​ជាង 3.650 ម៉ែត្រ។

    ដូច្នេះ កំណែ​អគ្គិសនី ត្រូវការ​កែលម្អ​ឱ្យបាន​ច្រើនជាង​បច្ចុប្បន្ន។ Richard Browning ថ្លែងថា ប្រការនេះ អាស្រ័យ​លើ​អាគុយ។ ពិតជា​គួរឱ្យភ្ញាក់ផ្អើល នៅពេល​ដឹងថា ត្រូវការ​ថាមពល​ប៉ុន្មាន​ដែល​អាច​ផ្ទុក​ក្នុង​ឧបករណ៍​តូច​បែបនេះ ដើម្បី​អាច​នាំ​មនុស្ស ហោះ​ផុតពី​ដី។ វា​នៅត្រង់​ដែន​កំណត់ ដោយសារតែ​កម្រិត​នៃ​ថាមពល​ដែល​អាច​ផ្ទុក​បាន​នៅក្នុង​អាគុយ។

    «ក៏ប៉ុន្តែ ថ្ងៃនេះ យើង​បាន​ជោគជ័យ ដោយ​អាចធ្វើឱ្យ​ឈុត​ហោះហើរ​នេះ ដំណើរការបាន» ស្ថាបនិក​របស់​ក្រុមហ៊ុន Gravity Industries បញ្ជាក់បន្ថែម​ដូច្នេះ៕

    ប្រភព​៖ Amaze Lab
    ប្រែសម្រួល​៖ បុត្រា

  • តួលេខ​អ្នក​ឆ្លង COVID-19 នៅ វៀតណាម កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស

    តួលេខ​អ្នក​ឆ្លង COVID-19 នៅ វៀតណាម កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស

    នា​ព្រឹក​ថ្ងៃទី 17 កក្កដា នេះ ក្រសួងសុខាភិបាល វៀតណាម បានឱ្យដឹងថា អ្នក​ផ្ទុក​វីរុស COVID-19 ចំនួន 2,106 នាក់ ក្នុងនោះ​មាន 2,105 នាក់ ជា​ករណី​ឆ្លង​ក្នុងស្រុក ត្រូវបាន​រកឃើញ កាលពី​ម្សិលមិញ។

    តួលេខ​អ្នក​វិជ្ជមាន​ថ្មី​ដែល​ត្រូវ​បានប្រកាស​នៅព្រឹក​​នេះ ច្រើនជាង​ជិត​ទ្វេដង ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ដែល​មានតែ​ជាង 1,438 នាក់។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ខាងលើ មាន 1,769 នាក់ នៅ​ទីក្រុង ហូជីមិញ, 124 នាក់ នៅ​ខេត្ត ប៊ិ​ញ​ហ្សឿ​ង ខណៈ 2 ករណី​នៅ​រដ្ឋធានី ហាណូយ។ល។

    ករណី​ឆ្លង​ថ្មី​នេះ ធ្វើឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន នៅ​ទីក្រុង ហូជីមិញ កើនឡើង​ដល់ 25,682 នាក់ ខណៈ រដ្ឋធានី ហាណូយ កើន​ដល់ 572 នាក់។

    មកដល់​ព្រឹក​នេះ វៀតណាម បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 សរុប ចំនួន​ជាង 42,600 នាក់។ ខេត្ត​ចំនួន 58 ក្នុងចំណោម​ខេត្ត​ទាំង 63 របស់​ប្រទេស​នេះ ត្រូវបាន​រកឃើញថា មាន​ករណី​ឆ្លង​វីរុស៕

    ប្រភព​៖ ក្រសួង​សុខាភិបាល​វៀតណាម
    ប្រែសម្រួល​៖ បុត្រា​

  • «ព្រះអាទិត្យ​សិប្បនិម្មិត» បញ្ចេញ​កំដៅ 100 លាន​អង្សា​សេ របស់​ អង់គ្លេស​ អាច​ផ្គត់​ផ្គង់​អគ្គិសនី​ដល់​ទីក្រុង​ប៉ុន Oxford

    «ព្រះអាទិត្យ​សិប្បនិម្មិត» បញ្ចេញ​កំដៅ 100 លាន​អង្សា​សេ របស់​ អង់គ្លេស​ អាច​ផ្គត់​ផ្គង់​អគ្គិសនី​ដល់​ទីក្រុង​ប៉ុន Oxford

    ឧបករណ៍​ប្រមូលផ្ដុំ​ថាមពល​នុយ​ក្លេ​អែរ ឬ ថាមពល​ដែល​កើត​ពី​ប្រតិកម្ម​នុយ​ក្លេ​អែរ (Nuclear fusion) ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Tokamak Energy មាន​សក្ដានុពលធំធេង​​ផ្នែក​ពាណិជ្ជកម្ម។

    ខុសពី​រោងចក្រ​នុយ​ក្លេ​អែរ​ធម្មតា (nuclear fission reactor) ដែល​ក្នុងនោះ ថាមពល​ត្រូវបាន​បញ្ចេញ​តាមរយៈ​ដំណើរការ​​បំបែក​អាតូម​អ៊ុយ​រ៉ា​ញ៉ូ​ម រោងចក្រ​ថាមពល​នុយក្លេអែរ​ របស់​​​ក្រុមហ៊ុន Tokamak Energy បង្កើត​ថាម​ពល​ដោយ​ការ​​ប្រមូលផ្ដុំ​អាតូម (fusion power reactor) និង​​មិនអាច​ក្ដៅ​រហូតដល់​រលាយខ្លួន​ឯង​នោះទេ។

    រោងចក្រ fusion power reactor របស់ អង់គ្លេស នេះ​ គឺ​យោងទៅលើ​ប្រតិកម្ម​នៃ​ការប្រមូលផ្ដុំ​រវាង​អាតូម​អ៊ីដ្រូសែន​ចំនួន 2 ផ្សេងគ្នា បង្កើតបានជា អាតូម​អេ​ល្យូ​ម ហើយក៏​បញ្ចេញ​ជា​ថាមពល​ដ៏​មហិមា។ វត្ថុធាតុដើម​របស់​រោង​ចក្រ​ប្រតិកម្ម​នុយ​ក្លេ​អែរ​នេះ មិន​បំ​ភាយ​ឧស្ម័ន ព្រមទាំង​មានតម្លៃ​ទាប ព្រោះ​វត្ថុធាតុដើម​ដែលជា អ៊ីដ្រូសែន អាច​រកបាន​ពី​ទឹកសមុទ្រ។

    កំណែ​ប្រភេទ​តូច​ចល័ត​របស់​រោងចក្រ​នេះ អាច​ផ្ដល់​ថាមពល​ដល់​យន្តហោះ និង​កប៉ាល់ធំៗ ជួយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក​បាន​យ៉ាងច្រើន។ ថាមពល​ដែល​កើតឡើង​ពី​រ៉េ​អា​ក់ទ័រ​ខាងលើ អាច​ទាញ​យកបាន​តាមរយៈ​ឧបករណ៍​ដែល​ផលិត​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​របស់​អង្គភាព​ថាមពល​នុយ​ក្លេ​អែរ អង់គ្លេស នៅ Oxfordshire។ ថាមពល​នេះ នឹងត្រូវ​បាន​ប្រើ​ដើម្បី​កំដៅ​ចំហាយ​ទឹក សម្រាប់​ជួយ​ឱ្យ​កង្ហារ​ទួ​រ​ប៊ី​ន​វិល និង​បញ្ចេញ​ជា​អគ្គិសនី។

    យោងតាម​បណ្ឌិត David Kingham សហ​ស្ថាបនិក និង​ជា​អនុប្រធាន នៃ​ក្រុមហ៊ុន Tokamak Energy ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ រ៉េ​អា​ក់ទ័រ ST 40 នឹង​ឆ្លង​ផុតចំណុច​សំខាន់ នៅពេល កំដៅ​ផ្លា​ស្មា ឡើងដល់ 100 លាន​អង្សា​សេ ក្ដៅ​ជាង 6 ដង ធៀប​នឹង​ស្នូល​របស់​ព្រះអាទិត្យ (15 លាន​អង្សា​សេ)។

    ក្រុមហ៊ុន កំពុង​ឆ្ពោះទៅរក​គោលដៅ​ផ្គត់ផ្គង់​រ៉េ​អា​ក់ទ័រ បែប​ពាណិជ្ជកម្ម ដំបូង នៅ​ចុង​ទសវត្សរ៍ 2030។ រោងចក្រ​​ជាច្រើន​នឹងត្រូវ​បាន​បើក​នៅ​ពាសពេញ​ពិភពលោក ដោយ​ប្រើប្រាស់​ឧបករណ៍​របស់ អង់គ្លេស ដែល​រ៉េ​អា​ក់ទ័រ​នីមួយៗ បញ្ចេញ​ថាមពល 150 MW គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​ដល់ទី​ក្រុង​មួយ​ដែលមាន​ប្រជាជន​ជាង​ 150,000 នាក់ ដូចជា Oxford ជាដើម។

    រោងចក្រ​រ៉េ​អា​ក់ទ័រ របស់ Tokamak Energy ដែល​ទាក់ទាញ​ទុន​បាន 207.6 លាន​ដុល្លារ ពី​អ្នកវិនិយោគ រួម​នឹង​ថវិកា 13.8 លាន​ដុល្លារ​ពី​រដ្ឋាភិបាល​នេះ បច្ចុប្បន្ន មាន​គូប្រជែង​មួយចំនួន​ ដែល​កំពុង​ញាប់ដៃ ញាប់ជើង ក្នុងការ​អភិវឌ្ឍ ក្នុងនោះ​មាន​ទាំង​ក្រុមហ៊ុន Lockheed Martin នៅ អាមេរិក និង មហាសេដ្ឋី Jeff Bezos ផងដែរ។

    ក្រៅពីនេះ ITER ដែលជា​រោងចក្រ​ថាមពល​នុយ​ក្លេ​អែរ ដែល​បង្កើតឡើង​ដោយ​ប្រទេស​ចំនួន 35 និង​ស្ថិតនៅលើ​ទឹកដី បារាំង ក៏​គ្រោង​នឹង​ដំណើរការ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ 2020។ ITER មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ទីលាន​បាល់ទាត់​ចំនួន 60 ខណៈដែល​រោងចក្រ​របស់ Tokamak Energy មាន​ទំហំ​ប៉ុន​ផ្ទះ​ធម្មតា​មួយ​ខ្នង​ប៉ុណ្ណោះ៕

    ប្រភព៖ Mail
    ប្រែ​សម្រួល៖ បុត្រា

  • រុស្ស៊ី គ្រោង​សាងសង់​រោងចក្រ​អគ្គិសនី​នុយ​ក្លេ​អែរ នៅលើ​ភព​អង្គារ

    រុស្ស៊ី គ្រោង​សាងសង់​រោងចក្រ​អគ្គិសនី​នុយ​ក្លេ​អែរ នៅលើ​ភព​អង្គារ

    ទីភ្នាក់ងារ​អវកាស រុស្ស៊ី (Roscosmos) ដាក់សំណើ​សាងសង់​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ នៅលើ​ពិភព​ព្រះ​អង្គារ ក្នុង​កិច្ចខិតខំ ដើម្បី​ប្រកួតប្រជែង​នៅ​ទី​អវកាស ជាមួយនឹង សហរដ្ឋអាមេរិក និង ចិន។

    ការសាងសង់​រោងចក្រ​អគ្គិសនី​នុយ​ក្លេ​អែរ នៅលើ​ភព​ព្រះ​អង្គារ​នេះ ត្រូវបាន​ស្នើឡើង​ដោយ​សាខា​មួយ​របស់ Roscosmos គឺ​ការិយាល័យ Arsenal មាន​ជំនាញ​ខាង​ផលិត​យានអវកាស ផ្កាយរណប និង​ឧបករណ៍​បច្ចេកវិទ្យា​ដ​ទៃទៀត ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​តំបន់ St. Petersburg។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី Sputnik។

    ក្រុម​វិ​ស្វាករ​របស់ Arsenal បង្ហើប​ឱ្យដឹងថា រោងចក្រ​នេះ នឹងត្រូវ​បាន​នាំទៅ​កាន់​ភព​អង្គារ តាមរយៈ Zeus ជា​យាន​អូស​អវកាស ដើរ​ដោយ​នុយ​ក្លេ​អែរ ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ហោះហើរ​សាកល្បង​នៅ​ឆ្នាំ 2030។

    ក្រោយពីត្រូវបានដំឡើង រោងចក្រនេះនឹងត្រូវដំណើរការ ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនី ដល់មូលដ្ឋានរបស់រុស្ស៊ី ដែលស្ថិតនៅលើដីភពអង្គារ។

    សារព័ត៌មាន Sputnik សង្កត់ធ្ងន់ថា «យោងតាម​សំណើ​របស់ Arsenal រោងចក្រ​នុយ​ក្លេ​អែរ នេះ នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​ភព​ក្រហម ដោយ​យានអវកាស Zeus ហើយ​ត្រូវ​ទម្លាក់​ចុះទៅ​កាន់​ភព​នេះ​ដោយ​ប្រព័ន្ធ​ឆត្រយោង។ ក្រោយពី​ត្រូវបាន​ដំឡើង រោងចក្រ​នេះ​នឹងត្រូវ​ដំណើរការ ដើម្បី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ដល់​មូលដ្ឋាន​របស់​រុស្ស៊ី ដែល​ស្ថិតនៅ​លើដី​ភព​អង្គារ។

    នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​អភិវឌ្ឍ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ប្រចាំ Roscosmos លោក Alexander Bloshenko ឱ្យដឹងថា ពួកគេ​ក៏មាន​ផែនការ​នាំយក​យានអវកាស Zeus ទៅកាន់​ឋាន​ព្រះ​ចន្ទ ភព​ព្រហស្បតិ៍ និង​ភព​សុក្រ​ផងដែរ។

    បើទោះជា​ត្រូវបាន​កត់ត្រា​ថា មាន​ផ្កាយរណប មនុស្ស ស្ថានីយ​អវកាស ការចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ និង​ភព​អង្គារ​ដំបូង​គេ​ក្នុង​ពិភពលោក ប៉ុន្តែ រុស្ស៊ី ចំណាយ​ប្រាក់​ត្រឹមតែ 3.58 ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​កម្មវិធី​អវកាស នៅក្នុង​ឆ្នាំ 2020។ តួលេខ​នេះ ច្រើនជាង ជប៉ុន (260 លាន​ដុល្លារ) ប៉ុន្តែ តិចជាង​ឆ្ងាយ បើ​ធៀប​នឹង បារាំង (4.04 ពាន់​លាន​ដុល្លារ) ចិន (8.85 ពាន់​លាន​ដុល្លារ) និង សហរដ្ឋអាមេរិក (47.69 ពាន់​លាន​ដុល្លារ) ក្នុងដំណាក់កាល​ដូចគ្នា៕

    ប្រភព៖ Sputnik, Sun
    ប្រែ​សម្រួល៖ បុត្រា

  • មហាសេដ្ឋី កូរ៉េខាងត្បូង ដែល​នៅ​ពីក្រោយ​ក្រុម​ចម្រៀង BTS

    មហាសេដ្ឋី កូរ៉េខាងត្បូង ដែល​នៅ​ពីក្រោយ​ក្រុម​ចម្រៀង BTS

    ទ្រព្យសម្បត្តិ​របស់ Bang Si-hyuk ដែលជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​នៅ​ពីក្រោយ​ក្រុម​ចម្រៀង K-pop BTS កើនឡើង​ជាង​ទ្វេដង ដោយ​ប្រើពេល​ត្រឹមតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។

    យោងតាម​ទំព័រ Bloomberg Billionaires Index លោក Bang Si-hyuk មានទ្រព្យ​សុទ្ធ​ប្រមាណ 3.2 ពាន់​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​មូល​ប​ត្រ​ក្រុមហ៊ុន Hybe របស់លោក កើន​បន្ថែម 131% រាប់​ចាប់ពី​ពេល​ត្រូវបាន​បោះផ្សាយ​មូល​ប​ត្រ (IPO) នៅ​ប្រទេស កូរ៉េខាងត្បូង កាលពី​ខែតុលា។ ក្នុងអំឡុង​ធ្វើ IPO ទ្រព្យសម្បត្តិ​របស់លោក Bang មានតម្លៃ​ស្មើនឹង 1.5 ពាន់​លាន​ដុល្លារ​អាមេរិក។

    មហា​សេដ្ឋី Bang Si-hyuk

    នោះ​គឺជា​ភ័ស្ដុតាង​បង្ហាញ​អំពី​ភាពល្បីល្បាញ​របស់​ក្រុម​ចម្រៀង BTS ដែលមាន​កម្រង​ចម្រៀង​មួយចំនួន ទទួលបាន​ការគាំទ្រ​បំផុត​ក្នុង​ពិភពលោក។ ទន្ទឹមនឹងនេះ ក្រុម​អ្នកវិនិយោគ​ក៏មាន​ការជឿជាក់​លើ​មហិច្ឆតា​ក្ដោប​ក្ដាប់​ពិភព​តន្ត្រី​របស់​ក្រុមហ៊ុន Hybe ក្រោយពី​ទិញ​បាន​ក្រុមហ៊ុន​ដែល​នៅ​ពីក្រោយ​តារាចម្រៀង​អន្តរជាតិ​ពីររូប គឺ Justin Bieber និង Ariana Grande។

    លោក Bang កាន់កាប់​ភាគហ៊ុន​ចំនួន 34% របស់​ក្រុមហ៊ុន Hybe និង​ត្រូវបាន​គេ​ហៅថា «Hitman» នៅ កូរ៉េខាងត្បូង ទៀតផង។

    តារាចម្រៀង Bieber និង Grande

    កាលពី​ខែមេសា ក្រុមហ៊ុន Hybe ប្រកាសថា បាន​ចំណាយ​ប្រាក់ 1.05 ពាន់​លាន​ដុល្លារ សម្រាប់ Ithaca Holding ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​នៅ​ពីក្រោយ​តារាចម្រៀង Bieber និង Grande។ Scooter Braun ដែលជា​អ្នកដឹកនាំ​ក្រុមហ៊ុន Ithaca ក្លាយជា​សហ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Hybe America ក្រោយ​ការទិញ​ដូរ​នេះ។

    លោក Braun កាន់កាប់​ភាគហ៊ុន​ចំនួន 1% របស់ Hybe ដែលមាន​តម្លៃ​ស្មើនឹង 124.8 លាន​ដុល្លារ​អាមេរិក។ សមាជិក​របស់​ក្រុមហ៊ុន BTS ដែល​សុទ្ធ​តែមាន​វ័យ 20 ឆ្នាំ កាន់កាប់​ភាគហ៊ុន​ដែលមាន​តម្លៃ 18.5 លាន​ដុល្លារស្មើៗគ្នា ខណៈដែល Bieber និង Grande ម្នាក់ៗកាន់កាប់​ភាគហ៊ុន​ដែលមាន​តម្លៃ 14.5 លាន​ដុល្លារ។

    Bang Si-hyuk បាន​បង្កើត Big Hit Entertainment ដែលជា​ឈ្មោះ​ដើម​របស់ Hybe កាលពី​ឆ្នាំ 2005។ ដំបូង​ឡើយ ក្រុមហ៊ុន​នេះ មិនសូវមាន​សកម្មភាព​នោះទេ ហើយ​វា​ស្ទើរតែ​ដួលរលំ នៅក្នុង​ដំណាក់កាល​ដំបូង មុនពេល BTS ចេញ​អាល់​ប៊ុ​ម ដំបូង​កាលពី​ឆ្នាំ 2013។

    បទ​ចម្រៀង​ថ្មី ល្បី​បំផុត​របស់ BTS គឺ Butter ធ្លាប់​ស្ថិតនៅលើ​កំពូល​តារាង​ចំណាត់ថ្នាក់ Billboard Hot 100 អស់​ជាច្រើន​សប្ដាហ៍។ ក្រុមហ៊ុន Hybe ឱ្យដឹង​កាលពី​ឆ្នាំ 2020 ថា ប្រាក់ចំណូល​ជិត 88% នៅក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ 2020 គឺ​បានមកពី BTS។

    ក្រុមអ្នកវិភាគ​យល់ថា Hybe ត្រូវការ​ស្វែងរក «BTS បន្ទាប់» ហើយ​មហាសេដ្ឋី Bang Si-hyuk ក៏​យល់ឃើញ​បែបនេះ​ដែរ។ «ពួកគេ​កំពុងកាន់​បន្ថយ​ការពឹង​ផ្អែកទៅលើ​ក្រុម​ចម្រៀង BTS។ ក្រុម​ចម្រៀង​ប្រុស​ផ្សេងទៀត​របស់ Hybe បាន​ប្រែជា​ល្បីឈ្មោះ​ជាង​មុន ហើយ​ក្រុមហ៊ុន​ក៏មាន​តារាចម្រៀង​អន្តរជាតិ​បន្ថែមទៀត» Gina An អ្នកវិភាគ​របស់​ក្រុមហ៊ុន eBest Investment & Securities វាយតម្លៃ​ដូច្នេះ៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា