Author: សឿន សំណាង

  • ភាពយន្ត​ស្ដីពី​ការប្រយុទ្ធ​នឹង COVID-19 នៅ Wuhan រកបាន​ចំណូល​បាន 154 លាន​ដុល្លារ​អាមេរិក

    ភាពយន្ត​ស្ដីពី​ការប្រយុទ្ធ​នឹង COVID-19 នៅ Wuhan រកបាន​ចំណូល​បាន 154 លាន​ដុល្លារ​អាមេរិក

    (ប្រទេស​ចិន)៖ «Chinese Doctors» ដែលជា​ខ្សែភាពយន្ត​ចិន និយាយ​អំពី​ការប្រយុទ្ធ​ប្រឆាំងនឹង​រោគរាតត្បាត COVID-19 នៅ​ទីក្រុង Wuhan រកបាន​ប្រាក់ចំណូល 1 ពាន់​លាន​យុន (ជាង 154 លាន​ដុល្លារ​អាមេរិក)។

    យោងតាម​សារព័ត៌មាន Sina ខ្សែភាពយន្ត​ដែល​បានធ្វើឱ្យ​កក្រើក​បន្ទប់​លក់​សំបុត្រ​ក្នុង​រដូវក្ដៅ​ឆ្នាំនេះ កំពុងតែ​នាំមុខគេ​លើ​ប្រាក់ចំណូល បើ​ធៀប​នឹង​ខ្សែភាពយន្ត​ដែល​ចេញ​ដំណាលគ្នា មានដូចជា រឿង 1921 ឬ Realm of Terracotta ជាដើម។ ក្រុម​អ្នកជំនាញ បាន​ព្យាករ​ថា Chinese Doctors នឹង​រកបាន​ចំណូល​ប្រហែល 1.6 ពាន់​លាន​យុន ដែល​ស្មើនឹង 247 លាន​ដុល្លារ​អាមេរិក។

    Chinese Doctors ដែល​បាន​ថត​កាលពី​ចុងឆ្នាំ 2020 គឺជា​ភាពយន្ត​មួយ យោងទៅតាម​ទិដ្ឋភាព​នៅឯ​មន្ទីរពេទ្យ​នានា​ក្នុង​ទីក្រុង Wuhan ចាប់តាំងពី COVID-19 បានបង្ហាញ​ខ្លួន រហូតដល់​ត្រូវបាន​គ្រប់គ្រង។ ស្នាដៃ​និពន្ធ​នេះ បង្ហាញ​ឡើងវិញ​នូវ​ទិដ្ឋភាព​នៃ​ប្រការ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 រួម​នឹង​ការតស៊ូ​ដើម្បី​រស់​របស់​ក្រុម​វេជ្ជបណ្ឌិត និង​បុគ្គលិក​សុខាភិបាល។ Chinese Doctors មានការ​ចូលរួម​សំដែង​ពី​តារាល្បីៗមួយចំនួន ដូចជា Zhang Hanyu (ដើរតួ​ជា Zhang Jingyu), Yuan Quan (Wen Ting), Zhu Yawen (Tao Jun), Li Chen (Wu Chenguang), Jackson Yee (Yang Xiaoyang), Oho Ou (Jin Zai) និង Zhou Ye (Xiao Wen)។ល។

    ទោះជា​ជោគជ័យ​ក៏ដោយ ប៉ុន្តែ Chinese Doctors ក៏​ទទួលបាន​ការរិះគន់​មួយចំនួន ដូចជា​ថា ភាពយន្ត​នេះ មាន​កន្លែង​ខ្លះ​ខ្វះ​ភាពត្រឹមត្រូវ មិន​ដូច​ជាក់ស្ដែង។ អ្នកខ្លះ​ថា «រោគរាតត្បាត​មិនទាន់បាន​បញ្ចប់​ផង ប៉ុន្តែ សាច់​រឿងនេះ មើលទៅ​ដូច​បាន​កើតឡើង​តាំងពី​សតវត្សរ៍​មុន»។

     

    Chinese Doctors គឺជា​ខ្សែភាពយន្ត​ដ៏​កម្រ ដែល​រកបាន​ចំណូល​ច្រើន​គួរសម​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ។ យោងតាម Mtime គិត​មកដល់​ថ្ងៃទី 21 កក្កដា ចំណូល​សរុប​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ មាន​ចំនូ​ន​ជាង 4.2 ពាន់​លាន​យុន ស្មើនឹង 648.6 លាន​ដុល្លារ​អាមេរិក ថយចុះ​ពាក់កណ្ដាល បើ​ធៀប​នឹង​អំឡុងពេល​ដូចគ្នា ក្នុង​ឆ្នាំ 2018 និង 2019៕

    ប្រភព៖ Xinhuanet
    ប្រែ​សម្រួល៖ បុត្រា

  • អ្នករាំ​របាំ វ័យ 26 ឆ្នាំ គ្រង​មកុដ​បវរ​កញ្ញាឯក​ភពផែនដី Miss Earth Japan របស់ ជប៉ុន ឆ្នាំ 2021

    អ្នករាំ​របាំ វ័យ 26 ឆ្នាំ គ្រង​មកុដ​បវរ​កញ្ញាឯក​ភពផែនដី Miss Earth Japan របស់ ជប៉ុន ឆ្នាំ 2021

    បេ​ក្ខ​នារី Konatsu Yoshida តំណាងឱ្យ​ខេត្ត Hokkaido បាន​គ្រង​មកុដ​បវរ​កញ្ញាឯក​ផែនដី​ជប៉ុន ឆ្នាំ 2021 បន្ទាប់ពី​បាន​យកឈ្នះ​លើ​បេ​ក្ខ​នារី​ចំនួន 26 នាក់ មកពី​តំបន់​នានា ក្នុងប្រទេស​នេះ។

    នៅក្នុង​រាត្រី​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃទី 20 ខែកក្កដា នៅ​រាជធានី តូ​ខ្យូ នាង Konatsu Yoshida ត្រូវបាន​ប្រគល់​មកុដ​ពី Anna Tode ដែលជា​បវរ​កញ្ញាឯក​ផែនដី​ជប៉ុន ឆ្នាំ 2020 (Miss Earth Japan 2020)។ បវរ​កញ្ញាឯក​ថ្មី​នេះ មាន​កម្ពស់ 1.7 ម៉ែត្រ គឺជា​អ្នករាំ​របាំ​បា​ឡេ និង​ជា​អ្នកលេង​ព្យ៉ា​ណូ​ផងដែរ។ នាង​ធ្លាប់បាន​រៀន​នៅ​វិទ្យាស្ថាន​របាំ​អន្តរជាតិ​ក្នុង​ទីក្រុង ប៊ែ​កឡាំង និង​បានរស់នៅ​ក្នុងប្រទេស អាល្លឺម៉ង់ អស់​មួយ​រយៈពេល​ផងដែរ។ នេះ​បើតាម​សារព័ត៌មាន Missosology។

    បវរកញ្ញាឯកភពផែនដី​របស់​ជប៉ុន ឆ្នាំ​ 2021 (Miss Earth Japan 2021)

    បវរកញ្ញា​ភពផែនដី Konatsu Yoshida នឹង​ធ្វើជា​តំណាង​របស់ ជប៉ុន ទៅ​ចូលរួម​ប្រលង​បវរកញ្ញា​ភពផែនដី​ឆ្នាំ 2021 ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ប្រទេស ហ្វីលីពីន នៅ​ចុង​ឆ្នាំនេះ។

    គណៈកម្មការ​ក៏​បានផ្ដល់​រង្វាន់ បវរកញ្ញា​ឯក​រង ក្នុងនាម​ជា Miss Air ដល់ Haruka Miura (តំណាងឱ្យ Aomori), Miss Water ដល់ Mari Fujita (Osaka) និង Miss Fire ដល់ Rina Takehara (តំណាងឱ្យ​រាជធានី)។

    Miss Earth Japan គឺជា​ព្រឹត្តិការណ៍​ប្រលង​បវរកញ្ញា​ប្រចាំឆ្នាំ​របស់​ប្រទេស ជប៉ុន ដើម្បី​ជ្រើសរើស​បេក្ខភាព​ទៅ​ចូលរួម​ប្រកួតប្រជែង​នៅ Miss Earth អន្តរជាតិ៕

    ប្រភព៖ Missosology
    ប្រែ​សម្រួល៖ បុត្រា

  • តារាចម្រៀង Britney Spears មាន​សុភមង្គល​យ៉ាងខ្លាំង ពេល​បាន​បើកបរ​រថយន្ត

    តារាចម្រៀង Britney Spears មាន​សុភមង្គល​យ៉ាងខ្លាំង ពេល​បាន​បើកបរ​រថយន្ត

    តារាចម្រៀង​អាមេរិកាំង នាង Britney Spears បាន​បើកបរ​រថយន្ត​ជា​លើកដំបូង បន្ទាប់ពី​ត្រូវ​តុ​លាក​ហាមឃាត់​អស់​រយៈពេល 13 ឆ្នាំ ដោយ​ឱ្យ​រស់នៅ​ក្រោម​ការគ្រប់គ្រង​ទាំងស្រុង​ដូច​កូនតូច ពី​សំណាក់​ឪពុក។

    យោងតាម​សារព័ត៌មាន People កាលពី​ថ្ងៃទី 21 កក្កដា ប្រភពព័ត៌មាន​ដែល​ស្និទ្ធ​នឹង Britney Spears បានឱ្យដឹងថា «តារាចម្រៀង​រូបនេះ រីករាយ​ខ្លាំងណាស់ នៅពេល​មាន​សិទ្ធិ​បើកបរ​រថយន្ត​ឡើងវិញ។ នាង​សប្បាយ​ចិត្តខ្លាំង និង​ដឹងគុណ​ចំពោះ​អ្នក​ដែល​បាន​ជួយ​ដល់​នាង​នាពេលថ្មីៗនេះ។ Britney Spears ក៏​ពេញ​ចិត្តនឹង​សវនាការ​របស់​តុលាការ​នាពេល​កន្លង​ផងដែរ។ នាង​សង្ឃឹមថា មេធាវី​ថ្មី អាចជួយ​នាង​ឱ្យ​រួច​ផុតពី​ការគ្រប់គ្រង (ដែលជា​បញ្ជា​របស់​តុលាការ)»។

    Britney Spears ធ្លាប់​ត្រូវបាន​រិះគន់ នៅពេល​បណ្ដោយឱ្យ​កូនតូច​អង្គុយ​លើ​ភ្លៅ ដោយ​មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឱ្យ​កូន ក្នុងពេល​បើកបរ​រថ​យន្ត កាលពី​ឆ្នាំ 2006។ ក្រោយពី​ត្រូវបាន​តុលា​ការចេញ​សាលក្រម​ឆ្នាំ 2008 តារាចម្រៀង​រូបនេះ ក៏ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ឪពុក ហើយ​មិនមាន​សិទ្ធិ​បើកបរ​នោះទេ បើសិន​មិនមាន​ការអនុញ្ញាត​ពី​ឪពុក។ បងប្រុស​របស់​នាង ធ្លាប់បាន​និយាយថា Britney Spears គឺជា​អ្នកបើកបរ​មិនល្អ ហើយ​ថា ការហាម​មិនឱ្យ​នាង​បើកបរ​រថយន្ត គឺជា រឿង​ត្រឹមត្រូវ។

    Britney Spears (ស្ដាំ)

    នៅក្នុង​សវនាការ​កាលពី​ថ្ងៃទី 14 កក្កដា ចៅក្រម​បាន​យល់ព្រម​តាម​ការស្នើ​របស់ Britney Spears ដោយ​តែងតាំង​មេធាវី​ថ្មី ឈ្មោះ Mathew Rosengart បន្ទាប់ពី​លោក Samuel Ingham II បាន​សុំ​ឈប់​ពី​ការងារ។ នេះ​ជា​លើកដំបូង​ហើយ​ដែល​នាង​មាន​សិទ្ធិ​ជ្រើសរើស​មេធាវី​ផ្ទាល់ខ្លួន ក្រោយ​រយៈពេល 13 ឆ្នាំ​ដែល​ត្រូវ​តុលាការ​ហាមឃាត់។

    នៅក្នុង​សវនាការ​ខាងលើ​នេះដែរ Britney Spears ក៏បាន​ចោទ​ឪពុក​របស់ខ្លួន​អំ​ពីបទ​រំលោភ​លើ​សិទ្ធិ​ជា​អាណាព្យាបាល។ នាង​ឱ្យដឹងថា ខ្លួន​ត្រូវបាន​គ្រប់គ្រង​យ៉ាង​ឃោរឃៅ។ តារាចម្រៀង​រូបនេះ ចង់ឱ្យ​តុលា​ការបើក​ការស៊ើបអង្កេត​លើ​ឪពុក​​ទៀត​ផង។​

    លោក Jamie Spears ដែលជា​ឪពុក​របស់ Britney Spears ត្រូវបាន​តុលាការ​សម្រេច​ឱ្យធ្វើជា​អ្នកគ្រប់គ្រង​លើ Britney Spears ចាប់ពី​ឆ្នាំ 2018 ក្រោយពី​នាង​បាន​ឃុំ​ខ្លួនឯង និងកូនៗនៅក្នុង​បន្ទប់ បន្ទាប់ពី​ចាញ់ក្ដី​នៅ​តុលាការ ទាក់ទិន​នឹង​សិទ្ធិ​ចិញ្ចឹម​កូន​ក្រោយ​ការ​លែងលះ​ស្វាមី។ លោក Jamie Spears ទទួលបាន​ប្រាក់បៀវត្ស​ប្រចាំឆ្នាំ​ប្រហែល 130,000 ដុល្លារ សម្រាប់​តួនាទី​នេះ។ ប៉ុន្មាន​ឆ្នាំ​កន្លងទៅថ្មីៗនេះ Britney Spears បានស្នើ​តុលាការ ដក​បទបញ្ជា​ទាក់ទង​នឹង​សិទ្ធិ​ជា​អាណាព្យាបាល​លើ​រូបនាង​ពី​សំណាក់​ឪពុក ប៉ុន្តែ​មិនបាន​សម្រេច។ នៅក្នុង​វ័យ 40 ឆ្នាំ Britney Spears ពុំមាន​សិទ្ធិ​បោះឆ្នោត និង​ជួបកូនៗដោយ​សេរី​នោះឡើយ ហើយ​នាង​ថែមទាំង​ត្រូវ​គ្រប់គ្រង​លើ​បញ្ហា​ហិរញ្ញវត្ថុ ការឆ្លើយ​នឹង​កិច្ច​សម្ភាស។ល។

    ប្រភព៖ People
    ប្រែ​សម្រួល៖ បុត្រា

  • ក្រុមហ៊ុន​ស៊ុយអែត អភិវឌ្ឍ​យន្តហោះ ប្រើ​ម៉ាស៊ីន​អគ្គិសនី​តម្លៃ​ទាប​ជាង 20 ដង ធៀប​នឹង​ម៉ាស៊ីន​ទួ​រ​ប៊ី​ន​កង្ហារ​ធម្មតា

    ក្រុមហ៊ុន​ស៊ុយអែត អភិវឌ្ឍ​យន្តហោះ ប្រើ​ម៉ាស៊ីន​អគ្គិសនី​តម្លៃ​ទាប​ជាង 20 ដង ធៀប​នឹង​ម៉ាស៊ីន​ទួ​រ​ប៊ី​ន​កង្ហារ​ធម្មតា

    (ស៊ុយអែត)-យន្តហោះ​អគ្គិសនី ES-19 ដែល​នឹង​ផ្ដល់​សេវាកម្ម​ដឹក​អ្នកដំណើរ​ផ្លូវ​ជិត អាច​ដឹក​ភ្ញៀវ​បាន 19 នាក់ និង​អាចធ្វើ​ដំណើរ​បាន​រយៈ​ចម្ងាយ 400 គីឡូម៉ែត្រ។

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី Heart Aerospace របស់​ប្រទេស ស៊ុយអែត កំពុង​អភិវឌ្ឍ​យន្តហោះ ES-19 ដំណើរការ​ទាំងស្រុង​ដោយ​អគ្គិសនី និង​សម្រាប់​ដឹក​អ្នកដំណើរ​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​ជិត ដែល​បច្ចុប្បន្ន​មិនមាន​សក្ដានុពល​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ប្រភេទ​យន្តហោះ​ធម្មតា។ នេះ​បើតាម​សារព័ត៌មាន New Atlas ចេញផ្សាយ​កាលពី​ថ្ងៃទី 19 កក្កដា។ Heart Aerospace ទើបតែ​រកបាន​អ្នកវិនិយោគ​ថ្មី​ជាច្រើន ក្នុងនោះ​មាន United Airlines ផងដែរ។ ក្រុមហ៊ុន United Airlines គ្រោង​នឹង​បញ្ជា​ទិញ ES-19 ចំនួន 100 គ្រឿង ដើម្បី​ប្រើប្រាស់​ក្នុងពេល​អនាគត។

    យន្តហោះ​អគ្គិសនី ត្រូវការ​ពេលវេលា​យូរ​ទៀត ទើប​អាច​ផ្ដល់​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវ​ឆ្ងាយ ឬ​ដំណើរ​ហោះហើរ​ជា​អន្តរជាតិ ដូច​ទៅនឹង​យន្តហោះ​ពាណិជ្ជកម្ម​នាបច្ចុប្បន្ន ដោយសារតែ​បច្ចេកវិទ្យា​ថាមពល​អាគុយ​មានកំណត់។ ប៉ុន្តែ ពួកវា​មាន​សក្ដានុពល​ខ្លាំងក្លា នៅពេល​ដឹកជញ្ជូន​ផ្លូវ​ជិត។ ES-19 ត្រូវបាន​អភិវឌ្ឍ​ឡើង ដើម្បី​ឆ្លើយតប​នឹង​គោលដៅ​នេះ។

    ក្រុមហ៊ុន Heart Aerospace បានឱ្យដឹងថា ម៉ាស៊ីន​ប្រើ​អគ្គិសនី​របស់ ES-19 មានតម្លៃ​ទាប​ជាង 20 ដង បើ​ធៀប​នឹង​ម៉ាស៊ីន​ទួ​រ​ប៊ី​ន​កង្ហារ​ធម្មតា ហើយ​ការចំណាយ​លើ​ការថែទាំ​ក៏​ទាប​ជាង 100 ដង​ផងដែរ។

    ES-19 អាច​ដឹក​ភ្ញៀវ​បាន 19 នាក់ ដោយ​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ 400 គីឡូម៉ែត្រ។ រយៈ​ចម្ងាយ​នេះ​នឹងត្រូវ​កើនឡើង នៅពេល​បច្ចេកវិទ្យា​អាគុយ​នាពេល​អនាគត រីកចម្រើន​ជាង​នេះ។ ES-19 អាច​ហោះ​ឡើង​ពី​ផ្លូវ​រត់​ប្រវែង​ត្រឹម 750 ម៉ែត្រ។ វា​ក៏​អាច​ដឹក​អ្នកដំណើរ​ឆ្លងកាត់​ភ្នំ ឬ​ពី​កោះ​មួយ​ទៅ​កោះ​មួយ ជា​តំបន់​ដែល​ពិបាក​ធ្វើដំណើរ​ដោយ​ផ្លូវគោក។ នេះ​បើតាម Heart Aerospace។

    តាម​ផែនការ Heart Aerospace នឹង​បង្ហើយ​កិច្ចការ​រចនា​រូបរាង​សម្រាប់ ES-19 នៅក្នុង​ឆ្នាំ 2023 និង​ធ្វើការ​ហោះហើរ​ដំបូង​នៅក្នុង​ត្រីមាស​ទីមួយ ឆ្នាំ 2024។ ក្រុមហ៊ុន​នេះ ក៏​សង្ឃឹមថា ម៉ូ​ដែល​យន្តហោះ​ថ្មី​របស់ខ្លួន នឹង​ទទួលបាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ នៅក្នុង​ឆ្នាំ 2026 ហើយ​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ត្រីមាស​ទី 4 ក្នុង​ឆ្នាំ​ដដែល៕

    ប្រភព៖ New Atlas
    ប្រែ​សម្រួល៖ បុត្រា

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 22 កក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 22 កក្កដា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 811 នាក់, អ្នកជា​ចំនួន 798 នាក់ និង​អ្នកស្លាប់​ចំនួន 20 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​​​ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 70,419 នាក់ ក្នុងនោះ​មានអ្នកជា​សះស្បើយ​ជាង 62,570 នាក់ និង អ្នកស្លាប់ 1,188 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 192,840,800 ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 175,357,704 ​​​នាក់​បានជា, 4,142,679 នាក់​បាន​ស្លាប់ និង​ជាង 13,340,400 នាក់ កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • Xiaomi យកឈ្នះ​លើ Apple ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន ដោយ​យុទ្ធសាស្ត្រ​ចំនួន 4

    Xiaomi យកឈ្នះ​លើ Apple ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន ដោយ​យុទ្ធសាស្ត្រ​ចំនួន 4

    Xiaomi បាន​យោងទៅលើ​យុទ្ធសាស្ត្រ​សំខាន់​ចំនួន 4 ដើម្បី​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​ដណ្ដើមបាន​តំណែង​លេខ 2 ពី​ដៃ​របស់ Apple នៅលើ​ទីផ្សារ​ទូរស័ព្ទ​ឆ្លាត​វៃ​របស់​ពិភពលោក ក្នុង​ត្រីមាស​ទី​ពីរ ឆ្នាំ 2021។

    Xiaomi បាន​ឡើងមក​ជំនួស Apple ដោយ​ក្លាយជា​យីហោ​ទូរស័ព្ទ​ឆ្លាត​វៃ​ដែល​លក់ដាច់​ជាងគេ​លំដាប់​ទី​ពី​រលើ​ពិភពលោក នៅក្នុង​ត្រីមាស​ទី​ពីរ ឆ្នាំ 2021។ គេហទំព័រ Canalys បាន​វាយតម្លៃថា ក្រុមហ៊ុន​មួយ​នេះ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​សំខាន់​ចំនួន 4 ដើម្បី​យកឈ្នះ​លើ Apple។

    Canalys បញ្ជាក់ថា តួលេខ​ផលិតផល​ជា​ស្មា​ត​ហ្វូ​ន​ដែល​បាន​លក់​ចេញ​របស់ Xiaomi បាន​កើន 83% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ2020 ខណៈដែល Apple វិញ កើន​ត្រឹមតែ 1% ប៉ុណ្ណោះ។ ជា​លទ្ធផល ចំណែក​ទីផ្សារ​របស់ Xiaomi បាន​កើន​ដល់ 17% នៅ​ទូទាំង​សកលលោក ច្រើនជាង 14% របស់ Apple។ ចំណែក Samsung វិញ នៅតែ​ក្ដោប​ក្ដាប់​តំណែង​លេខ 1 ដោយ​កាន់កាប់​ចំណែក​ទីផ្សារ​រហូតដល់ 19%។

    យោងតាម Canalys ក្រុមហ៊ុន​ចិន Xiaomi បាន​ប្រើ​យុទ្ធសាស្ត្រ​ចំនួន 4 ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ រួមមាន ៖

    ទីមួយ ៖ ការបង្កើន​ល្បឿន​ក្នុងការ​ពង្រីក​ទីផ្សារ​នៅ​បរទេស

    ទី​ពីរ ៖ ជំរុញ​ការផលិត និង​បញ្ចេញ​ផលិតផលថ្មីៗជាច្រើន និង​ជា​បន្តបន្ទាប់​ទៅក្នុង​ទីផ្សារ

    ទី​បី ៖ រក្សា​យុទ្ធសាស្ត្រ «ទូរស័ព្ទ​ឆ្លាត​វៃ តម្លៃ​ទាប»

    ទី​បួន ៖ Xiaomi ដោះស្រាយ​បានល្អ ចំពោះ​បញ្ហា​ខ្វះ​ប្រភព​ផ្គត់ផ្គង់​គ្រឿងបន្លាស់

    Xiaomi ជំរុញការផលិត និងបញ្ចេញផលិតផលថ្មីៗជាច្រើន និងជាបន្តបន្ទាប់ទៅក្នុងទីផ្សារទន្ទឹមនឹង​យុទ្ធសាស្ត្រ​ខាងលើ Xiaomi ក៏​ទទួលបាន​ផលប្រយោជន៍​ច្រើន​ផងដែរ បន្ទាប់ពី Huawei ដកថយ​ពី​ទីផ្សារ​ទូរស័ព្ទ​ឆ្លាត​វៃ។ Xiaomi បាន​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​ន ពិសេស​គឺ​នៅ​តំបន់​អឺរ៉ុប។

    Canalys ព្យាករ​ថា នៅក្នុង​ឆ្នាំ 2021 នេះ 32% នៃ​ឧបករណ៍ 5G  សរុប​ដែល​ត្រូវបាន​ដាក់លក់​ក្នុង​ទីផ្សារ នឹងមាន​តម្លៃ​ក្រោម 300 ដុល្លារ​អាមេរិក។ ដូច្នេះ វា​ក៏​ដល់ពេល​ដែល Xiaomi ត្រូវ​បង្ហាញ​វត្តមាន​ស្មា​ត​ហ្វូ​ន 5G តម្លៃ​ទាប​របស់ខ្លួន នៅក្នុង​ទីផ្សារ​ផងដែរ៕

    ប្រភព៖ CNET, Canalys
    ប្រែ​សម្រួល៖ បុត្រា

  • ដោយ​ទុកចិត្ត​វេជ្ជបណ្ឌិត ពលរដ្ឋ អ៊ូ​ហ្គ​ង់​ដា 800 នាក់ ត្រូវគេ​ចាក់​វ៉ាក់សាំង COVID-19 ក្លែងក្លាយ

    ដោយ​ទុកចិត្ត​វេជ្ជបណ្ឌិត ពលរដ្ឋ អ៊ូ​ហ្គ​ង់​ដា 800 នាក់ ត្រូវគេ​ចាក់​វ៉ាក់សាំង COVID-19 ក្លែងក្លាយ

    យ៉ាងហោចណាស់ មាន​ពលរដ្ឋ​ចំនួន 800 នាក់ នៅ​ប្រទេស អ៊ូ​ហ្គ​ង់​ដា ត្រូវបាន​ចាក់​វ៉ាក់សាំង COVID-19 ក្លែង​ក្លាយ ក្នុងនោះ​មាន​អ្នកខ្លះ​ត្រូវ​ចាក់ទឹក​ទៀតផង។

    មន្ត្រី​រដ្ឋាភិបាល អ៊ូ​ហ្គ​ង់​ដា កាលពី​ថ្ងៃទី 21 កក្កដា បានឱ្យដឹងថា នេះ​គឺជា​ល្បិចកល​ទាក់ទិន​នឹង​ក្រុម​វេជ្ជបណ្ឌិត និង​បុគ្គលិក​សុខាភិបាល មួយ​ក្ដាប់​តូច ដែលមាន​ចិត្ត​លោភលន់ និង​អមនុស្សធម៌។

    យោងតាម​សារព័ត៌មាន SCMP ការចាក់​វ៉ាក់សាំង COVID-19 ក្លែងក្លាយ​ទាំងនេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ខែឧសភា និង​ខែមិថុនា ក្នុង​គ្រា​ដែល COVID-19 ឆ្លង​រាលដាល​ខ្លាំង​នៅ អ៊ូ​ហ្គ​ង់​ដា ដោយមាន​ពេលខ្លះ មាន​អ្នក​វិជ្ជមាន​រហូតដល់ 1,700 ករណី/ថ្ងៃ។

    ក្រុម​ជន​ខិល​ខួច បាន​បោកប្រាស់​ពលរដ្ឋ​ទាំងឡាយណា​ដែល​ចង់​បង់ប្រាក់​ដើម្បី​បាន​ចាក់​វ៉ាក់សាំង​មុនគេ នៅក្នុង​អំឡុងពេល​ប្រទេស អ៊ូ​ហ្គ​ង់​ដា កំពុង​ខ្វះខាត​វ៉ាក់សាំង។

    បណ្ឌិត Warren Naaamara ប្រធាន​អង្គភាព​តាមដាន​សេវា​សុខាភិបាល របស់​ប្រធានាធិបតី បានទទួល​ស្គាល់​ព័ត៌មាន​ខាងលើ និង​ឱ្យដឹង​បន្ថែមថា «យើង​បាន​ចាប់ខ្លួន​បុគ្គលិក​សុខាភិបាល​ចំនួន 2 នាក់ ទាក់ទង​នឹង​បញ្ហា​​បោកប្រាស់​នេះ ចំណែក​វេជ្ជបណ្ឌិត​ម្នាក់​ទៀត កំពុង​លាក់ខ្លួន»។

    លោក Warren Naaamara បញ្ជាក់ថា អ្នក​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង​ក្លែងក្លាយ មិនចាំបាច់​ព្រួយបារម្ភ​ឡើយ ព្រោះ​ការពិសោធ​បង្ហាញថា វ៉ាក់សាំង​ក្លែងក្លាយ​នេះ មិនមាន​ផ្ទុក​សារធាតុ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ឡើយ។

    រដ្ឋាភិបាល អ៊ូ​ហ្គ​ង់​ដា ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដោយ​មិន​គិតថ្លៃ ខណៈ​ក្រុម​ឆបោក យកប្រាក់​ចាប់ពី 25-120 ដុល្លារ ចំពោះ​ពលរដ្ឋម្នាក់។

    ប្រទេស អ៊ូ​ហ្គ​ង់​ដា កាលពី​ថ្ងៃទី 21 កក្កដា បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ត្រឹមតែ 252 នាក់​ប៉ុណ្ណោះ ក្រោយ​ការឆ្លង​ដល់​កម្រិត​កំពូល​កាលពី​ខែមិថុនា។ មកដល់​បច្ចុប្បន្ន ប្រទេស​នេះ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 សរុប​​ចំនួន 91,162 នាក់ ក្នុងនោះ​មាន 2,425 នាក់ បាន​បាត់​បង់ជីវិត៕

    ប្រភព​៖ Bloomberg
    ប្រែសម្រួល​៖ បុត្រា

  • ជំនឿ 5យ៉ាង​ក្នុង​រឿង​អាហារ​ការហូបចុក របស់​ស្ត្រី​មានគភ៌

    ជំនឿ 5យ៉ាង​ក្នុង​រឿង​អាហារ​ការហូបចុក របស់​ស្ត្រី​មានគភ៌

    មាន​ជំនឿ​ជាច្រើន ពាក់ព័ន្ធ​នឹង​រឿង​អាហារ​ការហូបចុក ក្នុងអំឡុងពេល​មានគភ៌​ថា ញ៉ាំ​អានេះ​ទៅ វា​នឹង​ល្អ ឬ​ញ៉ាំ​អានោះ​ទៅ នឹងធ្វើ​ឱ្យ​កូន​ខ្ពស់ កូន​ឆ្លាត កូន​ងាយ​កើត ឬ​ស្រួល​កើត ជាដើម-ល- តែ​ជំនឿ​ខ្លះ មិនមែន​ចេះតែ​ត្រូវ​ទាំងអស់​នោះទេ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​មក​ពិនិត្យ​មើលថា  តើ​រឿង​ដែល​យើង​ជឿ​ទាំងអស់នោះ វា​ជា​ការពិត ឬ​យ៉ាងណា?

    ជំនឿ​ថា ញ៉ាំ​ហឹរ​ពេក នឹងធ្វើ​ឱ្យ​កូន មិនសូវមាន​សក់…

    ការពិត៖ សក់​របស់​កូន​តិច ឬ​ច្រើន​នោះ វា​ស្ថិតនៅលើ​ពូជ ឬ​ហ្ស៊ែ​ន របស់​មនុស្សម្នាក់ៗ ចំណែកឯ​ជំនឿ រឿង​ហាម​ញ៉ាំ​ហឹរ​នេះ ប្រហែលជា​មកពី​ខ្លាច​ស្ត្រី​មានគភ៌​ឈឺពោះ ពិបាក​បន្ទោបង់ ឬ​មិន​ទេ ក៏​ខ្លាច​រាករូស ដែលនាំឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ទៅវិញ​ទេ ព្រោះ​នៅក្នុង​អំឡុងពេល​មានគភ៌ ប្រព័ន្ធ​រំលាយ​អាហារ នឹង​ខុសពី​ពេលមុន​មានគភ៌ ដោយសារតែ​អ័រម៉ូន​ប្រែប្រួល ដែល​អាច​នឹងធ្វើ​ឱ្យមាន​បញ្ហា​ក្នុងការ​បន្ទោបង់ ឬ​អាចធ្វើឱ្យ​កើត​អាការ​ឆ្អល់ពោះ និង​រាករូស​បាន​ហ្នឹងឯង។

    ជំនឿ​ថា ញ៉ាំ​ទឹកដូង​ច្រើន នឹង​ជួយ​ឱ្យ​កូន​មាន​សាច់​ស្អាត និង​លាងជម្រះ​ជាតិ​ខ្លាញ់​តាម​ដងខ្លួន…

    ការពិត៖ ការពិតទៅ ការ​ដែលមាន​ខ្លាញ់​ជាប់​នៅតាម​ដងខ្លួន​ទារក​នោះ នឹង​ធ្វើឱ្យ​ងាយស្រួល​ប្រសូត ព្រោះ​វា​ប្រៀបដូចជា ជាតិ​ខ្លាញ់​រំអិល​ស្រោប​ពីលើ​ខ្លួន​ទារក ខណៈពេល​ប្រសូត​ចេញមក​ដូច្នោះ​ដែរ។ ជាតិ​ខ្លាញ់​មួយ​នេះ ផលិតឡើង​ដោយ​កោសិកា​ស្បែក​របស់​ទារក និង​ក្រពេញ​ជាតិ​ខ្លាញ់​នៅ​ខាងក្រោម​ស្បែក ពេល​អាយុ​គភ៌ រឹតតែ​ច្រើនឡើង ជាតិ​ខ្លាញ់​នោះ​ក៏​នឹង​កើតឡើង​ច្រើន​តាម​នោះដែរ។ ក្រៅពីនេះ ក្រោយពេល​ប្រសូត​ហើយថ្មីៗ ជាតិ​ខ្លាញ់​ដែល​ស្រោប​ខ្លួនប្រាណ​ទារក​នោះ នឹង​ជួយ​គ្រប់គ្រង​សីតុណ្ហភាព​របស់​កូនតូច មិនឱ្យ​ធ្លាក់ចុះ​ទាប​ជ្រុល​ពេក​បាន​ទៀតផង។ ដូច្នេះហើយ​ទើប​គ្រូពេទ្យ​បណ្តោយឱ្យ​ជាតិ​ខ្លាញ់​ទាំងនោះ នៅជាប់​នឹង​ខ្លួន​ទារក​មួយរយៈ​សិន មុននឹង​លាង​ចេញ នៅពេល​ប្រាកដ​ក្នុង​ចិត្ត​ហើយ​ថា ទារក​ចាប់ផ្តើម​គ្រប់គ្រង​សីតុណ្ហភាព​ដោយ​ខ្លួនឯងបាន​ហើយ។ ការប្រញាប់​លាង​ជាតិ​ខ្លាញ់​នោះ​ចេញ​ពេក អាច​នឹង​ធ្វើឱ្យ​ខ្លួនប្រាណ​កូនតូច ត្រជាក់​ខុសធម្មតា និង​អាច​បង្កឱ្យមាន​បញ្ហា​បាន។

    ចំណែកឯ​ទឹកដូង​វិញ មាន​ជាតិ​ស្ករ និង​សារធាតុ​អាស៊ីត​ខ្លាញ់​កក​ច្រើន ពេល​ស្ត្រី​មានគភ៌​ញ៉ាំ​ច្រើន អាចធ្វើឱ្យ​កូន​មាន​មាឌធំ តែ​មិនសូវ​រឹងមាំ  ហើយ​អ្នក​ម្តាយ​ខ្លួនឯង ក៏​កាន់​តែមាន​ភាព​ប្រឈម​នឹង​ការកើតមាន​ខ្លាញ់​ញ៉ុ​ក​ណែន​ក្នុង​សរសៃឈាម​ខ្លាំង​ដែរ ដូច្នេះ​បើ​ទម្ងន់​ខ្លួន កើនឡើង​ច្រើន​ហើយ គួរតែ​ផ្អាក​ញ៉ាំ​ទឹកដូង​មួយរយៈ។

    ជំនឿ​ថា ហាម​ញ៉ាំ​បន្លែ​ពពួក​វល្លិ៍ៗ ឬ​បន្លែ​ឡើងទ្រើង ព្រោះ​នឹងធ្វើ​ឱ្យ​ពិបាក​ប្រសូត…

    ការពិត​វិញ៖ វា​ជា​ជំនឿ​កាលពី​បុរាណ ដែលថា បន្លែ​ទាំងនោះ​មាន​លក្ខណៈ​ជា​ខ្សែ​សរសៃ រឹត​ចង​តោង ធ្វើឱ្យ​ទារក​ពិបាក​កើត​ចេញមក។  តែ​ការពិតទៅ ស្ត្រី​មានគភ៌ អាច​ទទួលទាន​បាន​ទាំងអស់ មិន​កំណត់​ប្រភេទ​បន្លែ​ឡើយ ជាពិសេស​ពពួក​បន្លែ​ស្លឹក​បៃតងផ្សេងៗ ដូចជា​ត្រកួន ស្លឹក​បាស  សណ្តែកកួរ ល្ពៅ ប៉េងប៉ោះ ខាត់ណា ជាដើម។ បើ​បាន​ទទួលទាន​បន្លែ​ទាំងអស់នោះ​ហើយ នឹងមាន​ប្រយោជន៍​ខ្លាំងណាស់ ព្រោះ​នឹងធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​ខ្លួនឯង ទទួលបាន​វិ​តា​មីន​ដែល​ចាំបាច់ និង​សំខាន់​ដល់​ការរីក​ធំធាត់​របស់​ភ្នាសស្តើងៗ នៃ​កែវភ្នែក និង​ក្រពេញ​ការធ្វើការងារ​រ​បស់​គ្រាប់ភ្នែក។

    ជំនឿ​ដែលថា ហាម​ញ៉ាំ​ទឹកតែ កាហ្វេ ព្រោះ​អាចធ្វើឱ្យ​រលូត​បុត្រ…

    តែ​ការពិត​វិញ…មានការ​សិក្សា​វិភាគ​ពី​ការ​ញ៉ាំ​កាហ្វេ ឬ​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​របស់​ស្ត្រី​មានគភ៌ ចំនួន 1,063នាក់ បាន​រកឃើញថា ស្ត្រី​មាន​ផ្ទៃពោះ ដែល​ទទួលទាន​បរិមាណ​កាហ្វេ​អ៊ី​ន លើសពី 200មី​ល្លី​ក្រាម​ក្នុង 1ថ្ងៃ (ប្រមាណ 2ពែង ក្នុង 1ថ្ងៃ) អាច​នឹង​បណ្ដាលឱ្យ​កើតការ​រលូត​បុត្រ​បាន​ដល់​ទៅ 25ភាគរយ តែ​ក៏​មិនមែន​មានន័យថា ហាម​មិនឱ្យ​ញ៉ាំ​នោះដែរ គ្រាន់តែ​ត្រូវ​កំណត់ មិនឱ្យ​លើសពី 1កែវ ក្នុង​រយៈពេល 2-3ថ្ងៃ​ឡើយ អាច​គ្រាន់តែ​ក្រេបចឹបៗ ឱ្យ​បាត់ចង់​ទៅបាន​ហើយ។ ការ​ញ៉ាំ​ទឹកតែ ឬ​កាហ្វេ ច្រើន​ជ្រុល​ពេក នឹងធ្វើ​ឱ្យ​គេង​មិន​លក់ សម្រាក​មិនបាន​គ្រប់គ្រាន់ ឬ​អ្នកខ្លះ​អាចធ្វើឱ្យ​ឆ្អល់ពោះ ដែល​នឹងមាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង និង​ប៉ះពាល់​ដល់​ការរីកចម្រើន​ធំធាត់ និង​ការវិវឌ្ឍ​របស់​ទារក​នៅក្នុង​ផ្ទៃ​បាន​ទៀតផង។

    ជំនឿ​ថា ញ៉ាំ​ថ្នាំ​ខ្លាញ់ត្រី ប្រភេទ​គ្រាប់ នឹងធ្វើ​ឱ្យ​ឈាម​បង្កក​ខ្លួន​យឺត…

    ការពិត​វិញ៖ ខ្លាញ់ត្រី ឬ Fish Oil នេះ  មិន​ដូច​ខ្លាញ់​ថ្លើម​ត្រី​ទេ តែ​ជា​ខ្លាញ់​របស់​ត្រី ដែលមាន​អាស៊ីត​ជាតិ​ខ្លាញ់​មិន​កក​ដែល​ចាំបាច់​ចំពោះ​រាងកាយ គឺ​អាស៊ីត​ខ្លាញ់​នៅក្នុង​ក្រុម​អូ​មេ​ហ្កា3 ដែលជា​ចំណែក​សំខាន់​មួយ​របស់​កោសិកា ឬ​សាច់​ភ្នាស​របស់​រាងកាយ រួមទាំង​ខួរក្បាល គ្រាប់​ឈាម​ប្រភេទផ្សេងៗ និង​ការបង្កើត​ភាពស៊ាំ ប្រឆាំងនឹង​ជំងឺ​របស់​រាងកាយ និង​ថែមទាំង​ជួយ​កាត់បន្ថយ​អាការ​រលាក​របស់​សន្លាក់​ឆ្អឹង ដែល​ស្ត្រី​មានគភ៌​ច្រើនតែ​ជួបប្រទះ​ទៀតផង តែ​ស្ត្រី​មាន​ផ្ទៃពោះ ក៏​មិនគួរ​ទទួលទាន​ថ្នាំ​ខ្លាញ់ត្រី​ប្រភេទ​គ្រាប់​នេះ​ច្រើនពេក​ដែរ តែ​គួរ​ទទួលទាន​ខ្លាញ់ត្រី ដែលមាន​នៅក្នុង​សាច់​ត្រីផ្សេងៗ ដូចជា សាច់​ត្រី​សាល់​ម៉ុ​ន ត្រី​ធូ​ណា ត្រី​ឆ្ពុង​ក្រហម ជាដើម​ជំនួស​វិញ ទើប​ជាការ​ល្អ។

    ក្រៅពីនេះ ស្ត្រី​មានគភ៌​គួរ​ឈប់​ទទួលទាន​អាហារ​បំប៉ន ប្រភេទ​ថ្នាំ​ខ្លាញ់ត្រី​បែប​គ្រាប់ ពេល​មាន​ផ្ទៃពោះ​បាន 6-7ខែ ព្រោះ​ទោះជា​វា​ជួយ​មិនឱ្យ​កើតមាន​ភាព​ញ៉ុ​ក​ណែន​ក្នុង​សរសៃឈាម​មែន តែ​វា​អាចធ្វើឱ្យ​ឈាម ក្រ​បង្កក​ខ្លួន​នៅពេល​កើតមាន​របួសស្នាម ឬ​ពេល​វះកាត់​ជាដើម។

    បន្ទាប់ពី​បានដឹង​ការពិត​របស់​ជំនឿ​ក្នុង​រឿង​អាហារ​ការហូបចុក ដែល​យើង​បាន​នាំយកមក​ជម្រាបជូន​ហើយ​នោះ ស្ត្រី​មានគភ៌​ទាំងឡាយ​ប្រហែលជា​បាន​យល់ និង​អាច​ជ្រើសរើស​ទទួលទាន​អាហារ បាន​យ៉ាង​សប្បាយចិត្ត ដើម្បី​សុវត្ថិភាព​ទាំង​ខ្លួន​អ្នក និង​កូន​នៅក្នុង​ផ្ទៃ​ជាមិនខាន៕

    រៀបរៀង​ដោយ​អ្នកគ្រូ ឆវី

  • រលក​ការឆ្លង​លើក​ទី2 របស់​កូ​វីដ-19 ធ្វើឱ្យ​លី​គ​កំពូល​វៀតណាម ពន្យារពេល​រយៈពេល​យូរ

    រលក​ការឆ្លង​លើក​ទី2 របស់​កូ​វីដ-19 ធ្វើឱ្យ​លី​គ​កំពូល​វៀតណាម ពន្យារពេល​រយៈពេល​យូរ

    លី​គ​កំពូល​វៀតណាម ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ក្រោយពី​លេង​បាន​ត្រឹម​ពាក់កណ្តាល​ទី បន្ទាប់ពី​រលក​ទី2 នៃ​ការ​រាលដាល​របស់​ជំងឺ​កូ​វីដ-19 បាន​វាយប្រហារ​ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយនេះ​យ៉ាងខ្លាំង​ក្លា ធ្វើឱ្យមាន​អ្នក​ឆ្លង​រាប់ពាន់នាក់​ជា​រៀងរាល់ថ្ងៃ។

    ជុំវិញ​លទ្ធភាព​នៃ​វិលត្រឡប់​មកវិញ លី​គ​កំពូល​វៀតណាម ឬ V-League បានប្រកាស​អំពី​កាលបរិច្ឆេទ​ហើយ គឺ​នឹង​បន្តធ្វើ​ការប្រកួត​ជាថ្មី​ឡើងវិញ នៅ​ខែកុម្ភៈ ឆ្នាំ2022ឯណោះ។ ការពន្យារពេល​យូរ​បែបនេះ គឺ​ដើម្បីឱ្យ​រលក​នៃ​ការឆ្លង​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ បាន​ធូរស្បើយ​បន្តិច និង​ណាមួយ គឺ​ដើម្បីឱ្យ​សហព័ន្ធ​យក​ពេលនេះ ប្រមូលផ្តុំ​ផ្តោតទៅលើ​ក្រុម​ជម្រើសជាតិ និង​ឈុត​ស៊ី​ហ្គេម​ផង។

    គួរឱ្យ​ដឹង​ដែរ​ថា លី​គ​កំពូល​វៀតណាម មាន​ក្រុម​ចូលរួម​ទាំងអស់ 14ក្រុម ដោយ 2ក្រុម​កំពូល​តារាង នឹង​ទទួលបាន​កៅអី​ទៅ AFC Champions League និង AFC CUP តែ​យ៉ាងណាក្ដី រូបមន្ត​ប្រកួត រដូវ​កាល​នេះ វៀតណាម​បាន​បែងចែក​តារាង​ចំណាត់ថ្នាក់​ជា2 ដូច​រដូវ​កាល​មុន​ដែរ ដើម្បី​ចំណេញ​ពេលវេលា ដោយ​ប្រកួត​ចប់​ជើង​ទី1 ក្រុម​កំពូល​ទាំង6 នឹង​ប្រកួត​ដណ្តើម​ចំណាត់​កំពូល ចំណែកឯ 8ក្រុម ក្រោមៗមកទៀត នឹងត្រូវ​ប្រជែង​ឱ្យ​ផុតពី​តំបន់​កាត់ចេញ៕

  • វៀតណាម ផលិត​បាន​វ៉ាក់សាំង COVID-19 គំរូ Sputnik-V ដំបូង​រួចហើយ សម្រាប់​ការពិសោធន៍

    វៀតណាម ផលិត​បាន​វ៉ាក់សាំង COVID-19 គំរូ Sputnik-V ដំបូង​រួចហើយ សម្រាប់​ការពិសោធន៍

    ថ្ងៃទី 21 កក្កដា នេះ សារព័ត៌មាន​រដ្ឋ រុស្ស៊ី ដកស្រង់​សេចក្ដីប្រកាស​មួយ​របស់​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់ រុស្ស៊ី (Russian Direct Investment Fund / RDIF) ឱ្យដឹងថា វៀតណាម បាន​ផលិត​វ៉ាក់សាំង​ប្រឆាំង COVID-19 ប្រភេទ Sputnik-V គំរូ​សម្រាប់​ពិសោធន៍​ដំបូង ដែល​អភិវឌ្ឍ​ដោយ រុស្ស៊ី។ ក្រុមហ៊ុន​ជា​ដៃគូ VABIOTECH របស់​ភាគី វៀតណាម ក៏បាន​ទទួលស្គាល់​ព័ត៌មាន​នេះ។

    ស្ថានីយ​វិទ្យុ Sputnik និង​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា គំរូ​របស់​វ៉ាក់សាំង​ពិសោធន៍​នេះ នឹង​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល Gamaleya នៅ​ប្រទេស រុស្ស៊ី ដើម្បី​ធ្វើការ​វាយតម្លៃ​គុណភាព។

    នាយក​មូលនិធិ RDIF លោក Kirill Dmitriev បាន​និយាយថា «RDIF និង VABIOTECH កំពុង​សហការគ្នា​ក្នុង​ការផ្ទេរ​បច្ចេកវិទ្យា។ RDIF កំពុង​បង្កើន​កម្លាំង​ផលិត​វ៉ាក់សាំង Sputnik V ដើម្បី​បង្កើនល្បឿន​ក្នុង​ការចាក់​វ៉ាក់សាំង ដែល​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក»។

    ប្រធាន​ក្រុមហ៊ុន VABIOTECH នៃ​ប្រទេស វៀតណាម លោក Do Tuan Dat ត្រូវបាន​ដកស្រង់​សំដី​ដែល​ថ្លែង​នៅលើ​ស្ថានីយ​វិទ្យុ Sputnik ឱ្យដឹង​ដែរ​ថា «យើង​សង្ឃឹមថា កិច្ចសហការ​រវាង RDIF និង VABIOTECH នឹង​ជួយ​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង COVID-19 ប្រកបដោយ​គុណភាព និង​តម្លៃ​សមរម្យ ដល់ ប្រទេស វៀតណាម និង​បណ្ដា​ប្រទេស នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល»។

    Sputnik-V គឺជា​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដែល​ត្រូវ​បានអនុម័ត​ឱ្យប្រើ​ប្រាស់​ដំបូង​គេ​ក្នុង​ពិភពលោក។ យោងតាម RDIF មកដល់​បច្ចុប្បន្ន ប្រទេស និង​ដែនដី​ជាង 60 ដែលមាន​ប្រជាជន​សរុប ជាង 3.7 ពាន់​លាន​នាក់ បាន​ចុះឈ្មោះ​ប្រើប្រាស់​វ៉ាក់សាំង Sputnik-V ។

    តារាង​វាយតម្លៃ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី ដែលជា​អ្នក​បាន​អភិវឌ្ឍ​វ៉ាក់សាំង Sputnik-V បញ្ជាក់ថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព 97.6% ក្នុងការ​ទប់ស្កាត់ COVID-19។ វិទ្យាស្ថាន Gamaleya កាលពី​ថ្ងៃទី 29 មិថុនា បានឱ្យដឹងថា វ៉ាក់សាំង​របស់ រុស្ស៊ី នេះ ក៏មាន​ប្រសិទ្ធភាព​ប្រហែល 90% ក្នុងការ​ទប់ស្កាត់ COVID-19 ប្រភេទ Delta ផងដែរ។

    បច្ចុប្បន្ន ឥណ្ឌា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​ផលិត​វ៉ាក់សាំង Sputnik-V ច្រើនជាងគេ​ក្នុង​ពិភពលោក ដោយ​ផលិត 300 លាន​ដូ​ស​ជា​រៀងរាល់ឆ្នាំ ទៅតាម​កិច្ចព្រមព្រៀង។ RDIF ក៏បាន​បន្ថែមថា ឈុត​វ៉ាក់សាំង Sputnik-V ដំបូង​ដែល​ផលិត​នៅ ឥណ្ឌា តាម​គម្រោង​នឹងត្រូវ​រួចរាល់​នៅក្នុង​ខែកញ្ញា ឆ្នាំ 2021៕

    ប្រភព​៖ Reuters
    ប្រែសម្រួល​៖ បុត្រា