Author: សឿន សំណាង

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 24 កក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 24 កក្កដា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 860 នាក់, អ្នកជា​ចំនួន 1,074 នាក់ និង​អ្នកស្លាប់​ចំនួន 32 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​​​ថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 72,104 នាក់ ក្នុងនោះ​មានអ្នកជា​សះស្បើយ​ជាង 64,548 នាក់ និងអ្នកស្លាប់ 1,254 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 194,066,268 ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 176,154,166 ​​​នាក់​បានជា, 4,160,263 នាក់​បាន​ស្លាប់ និង​ជាង 13,751,839 នាក់ កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • ជាប់​ក្នុង​រថភ្លើង​ក្រោម​ដី​កំពុង​លិច​ទឹក 3 ម៉ោង នៅ Zhengzhou ខ្ញុំ​គិតថា ខ្ញុំ​ស្លាប់​មិនខានឡើយ!

    ជាប់​ក្នុង​រថភ្លើង​ក្រោម​ដី​កំពុង​លិច​ទឹក 3 ម៉ោង នៅ Zhengzhou ខ្ញុំ​គិតថា ខ្ញុំ​ស្លាប់​មិនខានឡើយ!

    (ប្រទេស​ចិន)-នៅពេល​ទឹកជំនន់​បាន​កើន​ឡើងដល់​ដើមទ្រូង ស្ត្រី​ម្នាក់​ក្នុងចំណោម​អ្នកដំណើរ​ជាង 500 នាក់ ដែល​ជាប់​ក្នុង​រថភ្លើង​ក្រោម​ដី ដែល​កំពុង​លិច​ទឹក បាន​ទូរស័ព្ទ​ទៅកាន់​ញាតិ​របស់ខ្លួន ដើម្បី​ឱ្យជួយ​រៀបចំ​កិច្ចការផ្សេងៗ បន្ទាប់ពី​នាង​បាន​ស្លាប់ ព្រោះថា នាង​ជឿថា ខ្លួន​មិនអាច​នៅមាន​ជីវិត​ទៀតឡើយ។

    នៅ​ព្រលប់ ថ្ងៃទី 20 កក្កដា ទីក្រុង Zhengzhou ដែលមាន​ប្រជាជន​ចំនួន 12 លាន​នាក់ របស់​ខេត្ត Henan ភាគ​កណ្ដាល​ប្រទេស​ចិន បាន​រងគ្រោះ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ភ្លៀង​ធ្លាក់​ដូច​គេ​ហែក​មេឃ។ ជំនន់​ទឹកភ្លៀង បានធ្វើឱ្យ​ខ្សែទឹក​ដែល​ប្រៀបដូចជា​ទឹកជ្រោះ ហូរ​ចូល​ផ្លូវ​ក្រោម​ដី​នៃ​ប្រព័ន្ធ​រថភ្លើង​អគ្គិសនី​ក្រោម​ដី Zhengzhou និង​បាន​ហូរ​ចាក់​ចូលទៅក្នុង​ទូរថភ្លើង។

    រៀបរាប់​នៅលើ​បណ្ដាញ​សង្គម Weibo ស្ត្រី​ដែលជា​អ្នកដំណើរ​ម្នាក់ បានឱ្យដឹងថា ទឹក​ចាប់ផ្ដើម​ជ្រាប​ចូលក្នុង​ទូរថភ្លើង នៅពេល​រថយន្ត​បាន​ឈប់​នៅ​កណ្ដាលផ្លូវ​ចន្លោះ​ចំណត់​រថភ្លើង​ទាំងពីរ។ បុគ្គលិក​របស់​រថភ្លើង ដំបូង​ឡើយ បាន​ណែនាំ​ឱ្យ​អ្នកដំណើរ​ជម្លៀស​ខ្លួន​តាមផ្លូវ​ក្រោម​ដី ប៉ុន្តែ ក្រោយមក ពួកគេ​ក៏ត្រូវ​ស្នើឱ្យ​នាំ​អ្នកដំណើរ​ត្រលប់​ក្រោយ ព្រោះ​នៅខាងមុខ ទឹកជំនន់​កំពុង​កើនឡើង​ខ្ពស់។

    ពេល​អ្នកដំណើរ​ត្រលប់​មកដល់​ទូរថភ្លើង ទឹកបាន​ឡើងដល់​ត្រឹម​ចង្កេះ​ទៅហើយ។ ទឹក​នៅក្នុង​ទូរថភ្លើង​ចេះតែ​ឡើង​ខ្ពស់ នៅពេល​ជំនន់​ទឹក​ភ្លើង​ហូរ​ចូល​ផ្លូវ​ក្រោម​ដី​កាន់តែខ្លាំង។

    «យើង​បាន​ព្យាយាម​តោង​ឡើង​ឈរលើ​កៅអី ប៉ុន្តែ ទឹក​នៅតែ​ឡើងដល់​ដើមទ្រូង» ស្ត្រី​អ្នកដំណើរ​ខាងលើ​ឱ្យដឹង​ដូច្នេះ។ «ខ្ញុំ​ពិតជា​ភ័យខ្លាច​ខ្លាំងណាស់ តែ​អ្វីដែល​ត្រូវ​ខ្លាច​ជាងគេ នោះ​គឺ​បរិមាណ​អុកស៊ីសែន​ក្នុង​ទូរថភ្លើង​ដែល​បិទ​ជិត កំពុងតែ​ថយចុះ។ ខ្ញុំ​ឃើញ​មនុស្ស​ច្រើន​នាក់ ហាក់​ពិបាក​ដកដង្ហើម»។

    នាង និង​អ្នកដំណើរ​រាប់រយ​នាក់ នៅលើ​កំណត់​ផ្លូវ​លេខ 5 នៃ​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី​ក្នុង​ក្រុង Zhengzhou កំពុង​ឆ្លងកាត់​គ្រោះថ្នាក់​ដ៏​សែន​រន្ធត់ ដែល​កើតមាន​នៅក្រោម​ដី ក្នុង​គ្រា​ដែល​ទីក្រុង​ទាំងមូល កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹក​ភ្លើង «មួយ​ពាន់​ឆ្នាំមាន​ម្ដង»។

    ជាប់​ក្នុង​ទូរថភ្លើង​ដែល​កំពុង​លិច​បន្តិចម្ដងៗ អ្នកដំណើរ​ត្រូវ​តោង​បង្កាន់ដៃ​ដែល​ភ្ជាប់​នឹង​ផ្នែក​ខាងក្រោម​នៃ​ដំបូង​រថភ្លើង ដើម្បី​អាច​ដកដង្ហើម​បាន។

    ស្ត្រី​ខាងលើ បានឮ​សំឡេង​នារី​ម្នាក់ កំពុងនិយាយ​ទូរស័ព្ទ និង​អាន​ទិន្នន័យ​លម្អិត​អំពី​គណនី​ធនាគារ​របស់ខ្លួន ទៅឱ្យ​គ្រួសារ ហើយក៏​បាន​សួរ​ខ្លួនឯង​ថា គួរ​ធ្វើ​ដូច​នាង​ម្នាក់​នោះដែរ ឬ​អត់។ នាង​ក៏បាន​សម្រេចចិត្ត ផ្ញើ​សារ​ទៅកាន់​ម្ដាយ ដោយ​ប្រាប់ថា នាង «ប្រហែលជា​មិន​រួច​ផុតពី​ការស្លាប់​ឡើយ»។

    ពេល​ម្ដាយ​ស្ត្រី​នេះ​ហៅ​ទូរស័ព្ទ​មកវិញ នាង​មិនអាច​រៀបរាប់បាន ដោយ​គ្រាន់តែ​ប្រាប់ថា ខ្លួន​កំពុង​រង់ចាំ​ការជួយ​សង្គ្រោះ ហើយ​ក៏បាន​ផ្ដាច់​ទូរស័ព្ទ។ ក្នុង​រយៈពេល​ជិត 3 ម៉ោង នាង និង​អ្នកដំណើរ​ផ្សេងទៀត ត្រូវ​រង់ចាំ​ការជួយ​សង្គ្រោះ នៅក្នុង​ស្ថានភាព​ដូច​កំពុងស្ថិត​កៀក​នឹង​មាត់ជ្រោះ។

    មិនយូរប៉ុន្មាន នាង​ក៏​ស​ន្លា​ប់​ដោយសារ​ខ្វះ​អុកស៊ីសែន ប៉ុន្តែ ក្រោយមក​ក៏បាន​ដឹងខ្លួន ព្រោះតែ​សំឡេង​រោទ៍​របស់​ទូរស័ព្ទ។ ម្ដាយ​របស់​នាង បាន​ទូរស័ព្ទ​មក​ប្រាប់ថា កម្លាំង​ជួយសង្គ្រោះ កំពុងធ្វើដំណើរ​មកហើយ។

    ក្រោយមក​បន្តិច នាង​ក៏​បានឮ​សំឡេង​ជើង​រត់​នៅលើ​ដំបូល​រថភ្លើង ហើយ​ក្រុម​ពន្លត់​អគ្គិភ័យ​ក៏​ចាប់ផ្ដើម​វាយ​បំបែក​បង្អួច ដើម្បីឱ្យ​ខ្យល់​ចេញចូល។ អ្នកដំណើរ​ក៏ត្រូវ​បាន​នាំចេញ​ជា​បន្តបន្ទាប់។ អ្នកសន្លប់ ត្រូវ​នាំចេញ​ទៅមុន បន្ទាប់មក​គឺ​ដល់​វេន​ស្ត្រី។

    ក៏ប៉ុន្តែ ក្រោយមក​មិនយូរប៉ុន្មាន អត្ថបទ​របស់​នាង ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Weibo ក៏ត្រូវ​បាន​គេ​លុបចោល ដោយ​មិនដឹង​មូលហេតុ។

    ស្ត្រី​ម្នាក់​ផ្សេងទៀត បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន China Youth Daily ថា នាង​បាន​យំ​យ៉ាង​អណ្ដឺតអណ្ដក នៅពេល​ឃើញ​ទឹកជំនន់​ហូរ​ចូល​ទូរថភ្លើង។ ជុំវិញ​នាង មនុស្ស​ជាច្រើន​ក៏​កំពុង​យំ​ខ្សឹកខ្សួល ភ័យរន្ធត់។ ប៉ុន្តែ ក្រោយមក គ្រប់គ្នា​បាន​លើកទឹកចិត្ត​គ្នា​ទៅវិញ ទៅមក ហើយ​បន្តិចម្ដងៗ គ្រប់គ្នា​ក៏​សម្រេច​នៅ​ស្ងៀមស្ងាត់​ដើម្បី​រក្សា​កម្លាំង។

    ស្ត្រី​ខាងលើ​រៀបរាប់ថា ការហៅ​ទូរស័ព្ទ​ទៅសុំ​ជំនួយ​សង្គ្រោះបន្ទាន់ សុទ្ធតែ​ឥតប្រយោជន៍។ ប្រហែល​ម៉ោង 21 ទឹក​នៅក្នុង​ទូរថភ្លើង បាន​ឡើងដល់​ត្រឹម​បំពង់ក។ ក្នុងចំណោម​អ្នកដំណើរ​ដែល​នៅក្បែរ​នាង ក៏មាន​ស្ត្រី​មាន​ផ្ទៃពោះ ក្មេង និង​មនុស្ស​ចាស់។ ដៃជើង​របស់​ពួកគេ​ចាប់ផ្ដើម​ញ័រ ក្អួត និង​ដកដង្ហើម​ញាប់។

    «ខ្ញុំ​តក់ស្លុត​ណាស់ នៅពេល​ឃើញ​ទឹក​នៅ​ខាងក្រៅ​រថភ្លើង បាន​ឡើង​ខ្ពស់ជាង​ក្បាល។ ខ្ញុំ​ក៏បាន​ត្រៀមខ្លួន​ដើម្បី​ទទួលយក​ការពិត​នេះ។ ខ្ញុំ​ពិតជា​មិនអាច​នៅមាន​ជីវិត​ទៀត​ទេ» នាង​រៀបរាប់​បន្ថែម។

    ទូរស័ព្ទ​នៅសល់​ថ្ម​ប្រហែល 30% នាង​ក៏​បិទ​កម្មវិធី​ទាំងអស់ ហើយ​ផ្ញើ​សារ​ទៅកាន់​ញាតិ មិត្ត នៅលើ WeChat ប៉ុន្តែ មិន​ហ៊ាន​ប្រាប់​ឪពុក-ម្ដាយ។ មុន​ម៉ោង 21 នាង​ផ្ញើ​សារ​ប្រាប់​មិត្ត​ភ័ក្ដិ ដើម្បីឱ្យ​ពួកគេ​សុំ​ជំនួយ​សង្គ្រោះបន្ទាន់។ ប៉ុន្តែ ចាប់ពី​ម៉ោង 21 តទៅ នាង​ផ្ដោតលើ​ការ​ស្នើឱ្យ​គ្រប់គ្នា​ជួយ​រៀបចំ​កិច្ចការផ្សេងៗ បើសិនជា​ខ្លួន​ត្រូវ​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ។

    សំណាងល្អ​ណាស់ ក្រុម​អ្នក​សង្គ្រោះ​ក៏បាន​មកជួយ​ទាន់ពេល មុននឹង​យមរាជ​មកដល់។ ក្រុមមន្ត្រី​ឱ្យដឹងថា អ្នកដំណើរ​ជាង 500 នាក់ ត្រូវបាន​ជួយ​នាំ​ចេញពី​ទូរថភ្លើង​ដែល​កំពុង​លិច​ក្នុង​ទឹក ប៉ុន្តែ នៅតែមាន​ជនរងគ្រោះ 12 នាក់​បាន​ស្លាប់ និង 5 នាក់​រងរបួស៕

    ប្រភព​៖ SCMP
    ប្រែសម្រួល​៖ បុត្រា

  • សហភាព​អឺរ៉ុប អនុម័ត​ឱ្យប្រើ​វ៉ាក់សាំង Moderna សម្រាប់​ក្មេង​ជំទង់​ចាប់ពី​អាយុ 12 ឆ្នាំ

    សហភាព​អឺរ៉ុប អនុម័ត​ឱ្យប្រើ​វ៉ាក់សាំង Moderna សម្រាប់​ក្មេង​ជំទង់​ចាប់ពី​អាយុ 12 ឆ្នាំ

    ស្ថាប័ន​គ្រប់គ្រង​ឱសថ​អឺរ៉ុប បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 Moderna សម្រាប់​ក្មេង​ជំទង់​ចាប់ពី​អាយុ 12-17 ឆ្នាំ ដូច្នេះ វា​បាន​ក្លាយជា​វ៉ាក់សាំង​ទី​ពីរ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​សម្រាប់​ក្មេង​ជំទង់​នៅលើ​ទ្វីប​នេះ។

    «ការប្រើប្រាស់​វ៉ាក់សាំង Moderna សម្រាប់​ក្មេង​ចាប់ពី​អាយុ 12-17 ឆ្នាំ គឺ​ដូច​ទៅនឹង​មនុស្ស​ចាប់ពី​អាយុ 18 ឆ្នាំ​ឡើងទៅ» ស្ថាប័ន​គ្រប់គ្រង​ឱសថ​អឺរ៉ុប (EMA) បានឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី 23 កក្កដា។ វ៉ាក់សាំង​នេះ​នឹងត្រូវ​បាន​ចាក់​ពីរលើក ហើយ​ក្នុង​មួយលើកៗ មាន​គម្លាត​ពីគ្នា 4 សប្ដាហ៍។

    EMA បានឱ្យដឹងថា ពួកគេ​បាន​ស្រាវជ្រាវ​លើ​ផលប៉ះពាល់​របស់​វ៉ាក់សាំង Moderna ចំពោះ​ក្មេង​ចាប់ពី​អាយុ 12-17 ឆ្នាំ។ ការស្រាវជ្រាវ​បង្ហាញថា ការបង្កើត​អង្គ​ប​ដិ​ប្រាណ Moderna នៅលើ​ក្មេង​ចាប់ពី 12-17 ឆ្នាំ គឺ ប្រហាក់ប្រហែល​នឹង​មនុស្សពេញវ័យ​ដែលមាន​អាយុ​ចាប់ពី 18-25 ឆ្នាំ។

    កាលពី​ខែឧសភា Pfizer/BioNTech បាន​ក្លាយជា​វ៉ាក់សាំង​បង្ការ COVID-19 ដំបូង​គេ​បង្អស់ ដែល​ត្រូវ​បានអនុម័ត​ឱ្យប្រើ​ប្រាស់​ចំពោះ​ក្មេង​ជំទង់​នៅ​អឺរ៉ុប។

    EMA ឱ្យដឹងថា ផលប៉ះពាល់​របស់​វ៉ាក់សាំង​នៅលើ​ក្មេង ប្រហាក់ប្រហែល​នឹង​ផលប៉ះពាល់​នៅលើ​មនុស្សពេញវ័យ រួមមាន​ដូចជា ឈឺ និង​ហើម​ត្រង់​កន្លែង​ចាក់ អស់កម្លាំង ឈឺក្បាល ឈឺ​សាច់ដុំ និង​សន្លាក់ ហើម​កូនកណ្ដុរ (កូនកណ្ដុរ​ឈាមស) ព្រឺ​រងា រកកល​ក្អួត ក្អួតចង្អោរ និង​ក្ដៅខ្លួន។ «អាការ​ទាំងនេះ តែង​កើតឡើង​ក្នុង​សភាព​ស្រាល ឬ​មធ្យម ហើយ​បាត់​ទៅវិញ​បន្តិចម្ដង» នេះ​បើតាម EMA៕

    ប្រភព​៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • កំពូល​តារា​សំដែង Angelina Jolie ដើរទេស​ចរណ៍​ជាមួយកូនៗ ក្រោយ​ជាប់​ក្នុងផ្ទះ​ដោយសារ COVID-19

    កំពូល​តារា​សំដែង Angelina Jolie ដើរទេស​ចរណ៍​ជាមួយកូនៗ ក្រោយ​ជាប់​ក្នុងផ្ទះ​ដោយសារ COVID-19

    កំពូល​តារា​សំដែង​ជនជាតិ​អាមេរិកាំង នាង Angelina Jolie នាំកូនៗទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​លម្ហែកាយ បន្ទាប់ពី​ត្រូវ​នៅផ្ទះ​ជាង​មួយឆ្នាំ ដោយសារ​ខ្លាច COVID-19 និង​ដោះស្រាយ​បញ្ហា​នៅ​តុលាការ ទាក់ទិន​នឹង​សិទ្ធិ​ចិញ្ចឹមកូនៗ ជាមួយនឹង Brad Pitt។

    យោងតាម Daily Mail កាលពី​ថ្ងៃទី 22 កក្កដា Jolie បាន​នាំកូនៗ រួមមាន Pax Thien, Zahara, Shiloh និង Knox ដើរ​កំសាន្ត និង​ទិញ​ទំនិញ។ កូនប្រុស​ច្បង Maddox និង​កូនស្រី​ពៅ Vivienne មិនបាន​បង្ហាញខ្លួន​ជាមួយ​ម្ដាយ​នោះទេ។ ពួកគេ​ទាំង 5 នាក់ ស្លៀកពាក់​យ៉ាង​សាមញ្ញ និង​ពាក់​ម៉ាស់​ផងដែរ។ ពួកគេ​ក៏បាន​ចូល​ភោជនីយដ្ឋាន​មួយ​នៅក្បែរ​តួ Eiffel ដើម្បី​ទទួលទាន​អាហារ។

    ក្នុង​ខែមិថុនា កំពូល​តារា​សំដែង​រូបនេះ បាន​នាំកូនៗទៅកាន់​ទីក្រុង​នី​វ​យ៉​ក លេង​ប្រហែល​មួយ​សប្ដាហ៍ ក្នុងឱកាស​ខួប​អាយុ 46 ឆ្នាំ។ នៅទីនេះ នាង​ក៏បាន​ទៅសួរសុខទុក្ខ​អតីត​ស្វាមី Jonny Lee Miller ផងដែរ។ មុន​នោះ Angelina Jolie កម្រ​នឹង​ចេញទៅ​បរទេស​ណាស់ ក្នុងអំឡុង​ពេញ​មួយឆ្នាំ។ ភាគច្រើន នាង​នៅ California ដើម្បី​មើលថែកូនៗ ថតកុន និង​ចូលរួម​សវនាការ​ដណ្ដើម​សិទ្ធិ​ចិញ្ចឹម​កូន​ជាមួយនឹង Brad Pitt។

    កាលពី​ចុងខែ​ឧសភា តុលាការ​បានអនុញ្ញាត​ឱ្យ Brad Pitt មាន​សិទ្ធិ​ចិញ្ចឹម​កូន ស្មើនឹង Angelina Jolie។ នាង​មិន​សុខចិត្ត ដោយ​យល់ថា ចៅក្រម​បាន​រំលោភ​លើ​ច្បាប់​របស់​រដ្ឋ California ព្រោះថា Brad Pitt ធ្លាប់ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ផ្ទុយ​ពី​ផលប្រយោជន៍​របស់ក្មេង។ នាង​នឹង​បន្តធ្វើ​ការតវ៉ា ដើម្បី​ទាមទារ​សិទ្ធិ​ចិញ្ចឹម​កូន​ទាំងស្រុង​ឡើងវិញ។

    Brad Pitt និង Angelina Jolie បាន​ស្គាល់គ្នា នៅពេល​ថតកុន រឿង Mr. & Mrs. Smith (2005)។ ក្រោយមក Pitt បាន​លែងលះ​ជាមួយ​ភរិយា​ឈ្មោះ Jennifer Aniston ដើម្បី​មករក Jolie។ អ្នក​ទាំងពីរ​ក៏បាន​រៀបការ​កាលពី​ឆ្នាំ 2014 និង​មានកូន​ជាមួយគ្នា​ចំនួន 6 នាក់។ ឆ្នាំ 2016 Jolie បាន​ប្ដឹង​លែងលះ ដោយ​មូល​ហេតុថា មានការ​យល់ឃើញ​ខុសគ្នា​ជាច្រើន​ចំនុច ដែល​មិនអាច​ផ្សះផ្សា​នឹង​គ្នា​បាន៕

    ប្រភព៖ Daily Mail
    ប្រែ​សម្រួល៖ បុត្រា

  • ពាណិជ្ជកម្ម អាមេរិក-ចិន ល្អ​ដូច​មិន​ធ្លាប់មាន​ភាព​តានតឹង និង COVID-19

    ពាណិជ្ជកម្ម អាមេរិក-ចិន ល្អ​ដូច​មិន​ធ្លាប់មាន​ភាព​តានតឹង និង COVID-19

    យោងតាម​សារព័ត៌មាន Bloomberg សហរដ្ឋអាមេរិក និង​ចិន កំពុង​ដោះដូរ​ទំនិញ​ក្នុង​ល្បឿន​លឿន​បំផុត ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ហើយ​ប្រៀបដូចជា​ពុំ​ធ្លាប់មាន​សង្គ្រាម​ពាណិជ្ជកម្ម ឬ​វីរុស COVID-19 ដូច្នោះ​ដែរ។

    រយៈពេល 18 ខែ បន្ទាប់ពី​អាជ្ញាធរ​របស់លោក Trump បាន​ចុះ​កិច្ចព្រមព្រៀង​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម កង្វះ​ផ្នែក​ពាណិជ្ជកម្ម​របស់ សហរដ្ឋអាមេរិក នៅតែ​មិនទាន់បាន​កាត់បន្ថយ ក្នុងនោះ ការយកពន្ធ​នានា នៅតែ​ត្រូវបាន​អនុវត្ត ហើយក៏​មិនទាន់មាន​កិច្ចចរចា​ណាមួយ​ស្ដីពី​បញ្ហា​សេដ្ឋកិច្ចផ្សេងៗនៅឡើយ។ ប៉ុន្តែ ពាណិជ្ជកម្ម​ទ្វេភាគី គឺជា​វិស័យ​ដែលមាន​ស្ថិរភាព នៅក្នុង​ស្ថានការណ៍​ដែល​ទំនាក់ទំនង​របស់​ប្រទេស​ទាំង 2 បន្ត​អាក្រក់ឡើងៗ ទាក់ទិន​នឹង​បញ្ហា​ប្រភព​របស់​វីរុស COVID-19 បញ្ហា​ហុងកុង និង តៃវ៉ាន់ ។ល។

    កាលពី​ខែកុម្ភ ឆ្នាំ 2020 ចំណូល​បានមកពី​វិស័យ​ពាណិជ្ជកម្ម រវាង អាមេរិក-ចិន បាន​ថយចុះ 19 ពាន់​លាន​ដុល្លារ ដោយសារតែ​ចិន​បាន​បិទ​រោងចក្រ​ជាច្រើន ព្រោះតែ​រោគរាតត្បាត។ ប៉ុន្តែ យោងតាម​ទិន្នន័យ​ផ្លូវការ​របស់​ចិន តួលេខ​នេះ​បាន​ងើប​ឡើងដល់​កំណត់ត្រា​ថ្មី​ក្នុង​ឆ្នាំ 2020។ ការ​ងើបឡើង​នេះ ទំនងជា​នឹង​នៅតែ​បន្ត គ្រា​ដែល​ចិន ទិញ​កសិផល​រាប់លាន​តោន​ពី សហរដ្ឋអាមេរិក នៅក្នុង​ឆ្នាំនេះ និង​ឆ្នាំក្រោយ ទន្ទឹមនឹង​ការដែល​ពលរដ្ឋ​អាមេរិក​ដែល​នៅជាប់​ក្នុងផ្ទះ នៅតែ​បន្ត​ទិញ​ទំនិញ​យ៉ាងច្រើន​មិន​ធ្លាប់មាន​ពីមុនមក។

    សកម្មភាព​ពាណិជ្ជកម្ម​មមាញឹក​ឡើងវិញ បើទោះជា​មានការ​ព្យាករ​ទាក់ទង​នឹង​បញ្ហា​ពន្ធដា ក្នុងនោះ តម្លៃ​ខ្ទង់សែន​លាន​ដុល្លារ​នៃ​ទំនិញ​របស់​ចិន នឹងត្រូវ​ចែករំលែក​ដល់​បណ្ដា​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់។ ប៉ុន្តែ ភាគី​ទាំងពីរ បាន​រៀន​រស់​ជាមួយនឹង​ប្រភេទ​ពន្ធផ្សេង។ បណ្ដា​ក្រុមហ៊ុន​ចិន បញ្ជា​ទិញ​ទំនិញ​ច្រើនជាង​មុន ដើម្បី​ឆ្លើយតប​នឹង​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ពាណិជ្ជកម្ម ឆ្នាំ 2020។ ចំណែក សហរដ្ឋអាមេរិក វិញ ទិញ​ទំនិញ​ទាំងឡាយណា​ដែល​ខ្លួន​មិនអាច​ទិញ​ពី​កន្លែង​ផ្សេង ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​គ្រួសារ​នានា ដោយ​ប្រើប្រាស់​កញ្ចប់​ជំនួយ​សេដ្ឋកិច្ច​រាប់លាន​លាន​ដុល្លារ​របស់​រដ្ឋាភិបាល។

    ទំនិញចិន ដែលបាននាំចូល សហរដ្ឋអាមេរិក កើនឡើងខ្ពស់ជាង​ទំនិញ​ដែល​បាន​នាំ​ពី​ សហរដ្ឋ​អាមេរិក​ មក​ប្រទេស​ ចិន​

    «យើង​ឃើញថា តម្រូវការ​ប្រើប្រាស់​យ៉ាងខ្លាំង​ក្លា កំពុងតែ​កើតមានឡើង​នៅក្នុង​រដូវ COVID-19 ហើយ​ផលិតផល​នាំចូល ក៏​កំពុង​កើនឡើង​ខ្ពស់។ នោះ​ជា​សញ្ញា​បង្ហាញថា សេដ្ឋកិច្ច​នៅតែ​បន្ត​ងើបឡើង» លោក Jonathan Gold អនុប្រធាន​ផ្នែក​ផ្គត់ផ្គង់ និង​គោលនយោបាយ​ពន្ធដា នៃ​ក្រុមហ៊ុន National Retail Federation ឱ្យដឹង​ដូច្នេះ។

    ក្នុងដំណាក់កាល​ដូចគ្នា ទំនិញ​ដែល​នាំចូល​ពី​កូរ៉េខាងត្បូង និង​តៃវ៉ាន់ ទៅកាន់ សហរដ្ឋអាមេរិក ក៏បាន​កើនឡើង​ខ្ពស់​ផងដែរ។ ប៉ុន្តែ ជិត​ពាក់កណ្ដាល​ក្នុងចំណោម​ទំនិញ​តម្លៃ 259 ពាន់​លាន​ដុល្លារ ដែល​ចេញចូល​តាម​កំពង់ផែ Los Angeles (កំពង់ផែ​ធំ​បំផុត​របស់​អាមេរិក) មាន​ជាប់ទាក់ទង​នឹង​ប្រទេស​ចិន និង ហុងកុង។

    Jonathan Gold និយាយថា «ពន្ធដា និង​ថ្លៃ​ដឹកជញ្ជូន​កើនឡើង សុទ្ធតែ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​នានា។ រដ្ឋាភិបាល​របស់លោក Biden បច្ចុប្បន្ន​មិនទាន់​ឱ្យដឹងថា តើ​នឹង​អនុវត្ត​កិច្ចព្រមព្រៀង​បន្តទៀត ឬ​យ៉ាងណា​នៅឡើយ ប៉ុន្តែ កំពុងតែ​ពិចារណា​អំពី​គោលនយោបាយ​របស់ សហរដ្ឋអាមេរិក ចំពោះ ចិន ទាក់ទង​នឹង​បញ្ហា​ពាណិជ្ជ​កម្មនេះ៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា

  • ក្រុមហ៊ុន​ចិន បង្ហាញ​ឡាន​ហោះ​កំណែ​ថ្មី អាច​ដឹក​មនុ​ស្សបាន 2 នាក់

    ក្រុមហ៊ុន​ចិន បង្ហាញ​ឡាន​ហោះ​កំណែ​ថ្មី អាច​ដឹក​មនុ​ស្សបាន 2 នាក់

    ក្រុមហ៊ុន XPeng របស់​ប្រទេស​ចិន កាលពី​ថ្ងៃទី 18 កក្កដា បានបង្ហាញ​កំណែ​រថយន្ត​ហោះ​ថ្មី​បំផុត អាច​ដឹក​មនុ​ស្សបាន 2 នាក់ និង​សម្រាប់ធ្វើ​ចរាចរណ៍​ក្នុង​ទីក្រុង។

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី XPeng របស់​ចិន បាន​តាំង​បង្ហាញ X2 ដែលជា​ឡាន​ហោះ​កំណែ​ថ្មី​បំផុត​របស់ខ្លួន នៅក្នុង​ពិព័រណ៍ សៀង​ហៃ។

    XPeng X2 ធ្វើ​អំពី​សរសៃ​កា​បោ​ន និង​ប្រើប្រាស់​ស្លាប​កង្ហារ​ចំនួន 8 ដែល​បំពាក់​លើ​ដង​ចំនួន 4 ព្រមទាំង​មាន​អាគុយ​ចំនួន 8 ក្រុម​ដាច់ដោយឡែក​ពីគ្នា។ នេះ​គឺជា​យានជំនិះ​ដែល​ផ្ទុក​មនុស្ស​បាន 2 នាក់ ហើយ​ហោះ​ឡើង និង​ចុះចត​ដោយ​បញ្ឈរ​ត្រង់​ដំបូង​គេ ដែលមាន​លក្ខណៈ​ជា​បន្ទប់​បិទ​ជិត និង​អាច​ផ្ទុក​ទម្ងន់ 200 គីឡូក្រាម។

    X2 ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង ហើយ​អាច​ហោះហើរ​ក្នុង​រយៈពេល 35 នាទីជាប់ៗគ្នា បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ។ វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​អាច​ហោះ​ឡើងដល់​កម្ពស់​ចាប់ពី 300 ដល់ 500 ម៉ែត្រ ធៀប​នឹង​ផ្ទៃដី ជាមួយនឹង​ល្បឿន​អតិបរមា 130 គីឡូម៉ែត្រ/ម៉ោង។

    https://www.youtube.com/watch?v=VjsDtOLJvms

    មុខងារ​បើកបរ​ស្វ័យប្រវត្ត រួមផ្សំ​នឹង​ការបើកបរ​ដោយ​មនុស្ស របស់​យាន​នេះ គឺអាច​ឆ្លើយតប​ទៅតាម​តម្រូវការ​ធ្វើដំណើរ​រយៈ​ចម្ងាយ​ជិត​នៅក្នុង​ទីក្រុង។ ទន្ទឹមនឹងនេះ វា​ក៏​អាច​ប្រើប្រាស់​សម្រាប់​ការ​ល្បាត​ពីលើ​អាកាស ការជួយ​សង្គ្រោះ ឬ​ដឹកជញ្ជូន​ផ្នែក​សុខាភិបាល។ល។

    ប្រភព​៖ Planetcar
    ប្រែសម្រួល​៖ បុត្រា

  • Olympic Tokyo 2020 បើក​ជា​ផ្លូវការ​នៅថ្ងៃនេះ (23/7)

    Olympic Tokyo 2020 បើក​ជា​ផ្លូវការ​នៅថ្ងៃនេះ (23/7)

    ម៉ោង 18 ព្រលប់ នៃ ថ្ងៃទី 23 កក្កដា ឆ្នាំ 2021 (ម៉ោង​នៅ​កម្ពុជា) ពិធី​បើក​ការប្រកួត​កីឡា Olympic Tokyo 2020 នឹងត្រូវ​ធ្វើ​ឡើងជា​ផ្លូវការ​នៅ​កីឡដ្ឋាន​ជាតិ​តូ​ខ្យូ ដែល​ស្ថិតក្នុង​រាជធានី​តូ​ខ្យូ នៃ​ប្រទេស ជប៉ុន។

    ក្រោយ​រយៈពេល​ជាច្រើន​ថ្ងៃ​ដែល​បាន​រង់ចាំ ចុងក្រោយ Olympic Tokyo 2020 ក៏​នឹងត្រូវ​បើក​ជា​ផ្លូវការ​នៅ​ម៉ោង 18 នៃ​ថ្ងៃទី 23 ខែកក្កដា ម៉ោង​នៅ​ភ្នំពេញ។ មុនពេល​ពិធី​បើក​ការប្រកួត​ជា​ផ្លូវការ​នេះ កីឡា​ចំនួន 4 ប្រភេទ ត្រូវបាន​បើក​ការប្រកួត ក្នុងនោះ​មាន កីឡាបាល់ទាត់ បាល់​ទន់ (Softball) បាញ់​ធ្នូ និង ចែវ​ទូក (rowing)។

    ដំបូង​ឡើយ Olympic Tokyo 2020 គ្រោង​បើក​នៅក្នុង​ឆ្នាំ 2020 ប៉ុន្តែ ត្រូវ​ពន្យារពេល 1 ឆ្នាំ ដោយសារ COVID-19។ បច្ចុប្បន្ន រោគរាតត្បាត​នេះ ក៏​កំពុងតែ​បង្ក​ភាពស្មុគស្មាញ​នៅ​ប្រទេស ជប៉ុន ប៉ុន្តែ គណៈកម្មការ Olympic Tokyo 2020 នៅតែ​សម្រេច​ឱ្យ​ប្រារព្ធ​ព្រឹត្តិការណ៍​អូឡាំពិក​លើក​ទី 32 នេះ ក្នុង​លក្ខខណ្ឌ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​យ៉ាង​តឹងរ៉ឹង។

    ព្រោះតែ COVID-19 កម្មវិធី​មួយចំនួន​នៃ​គម្រោង​បើក​ព្រឹត្តិការណ៍​កីឡា Olympic Tokyo 2020 ក៏​ត្រូវបាន​កាត់ចោល ធៀប​នឹង​គម្រោង​ដំបូង។ ប៉ុន្តែ ការហែក្បួន​របស់​ក្រុម​កីឡាករ​នានា និង​ការអុជ​ភ្លើង​គប់ នៅតែ​ត្រូវធ្វើឡើង​ដូច​ធម្មតា។

    តាម​ផែនការ មហាក្សត្រ​ជប៉ុន Naruhito នឹង​ជា​អ្នក​ប្រកាស​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក (Olympic Tokyo 2020) លើក​នេះ។ ពិធី​បើក​ការប្រកួត​កីឡា​អូឡាំពិក ឆ្នាំនេះ នឹងមាន​វត្តមាន​រប​ស់មេ​ដឹកនាំ​ប្រទេស និង​ដែនដី​ចំនួន 15 ក្នុងនោះ​ក៏មាន​ប្រធានាធិបតី​បារាំង Emmanuel Macron និង​ភរិយា​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden លោកស្រី Jill Biden ។ល។

    ប្រភព​៖ CNN
    ប្រែសម្រួល​៖ បុត្រា

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 23 កក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 23 កក្កដា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 825 នាក់, អ្នកជា​ចំនួន 791 នាក់ និង​អ្នកស្លាប់​ចំនួន 34 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​​​ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 71,244 នាក់ ក្នុងនោះ​មានអ្នកជា​សះស្បើយ​ជាង 63,474 នាក់ និង អ្នកស្លាប់ 1,222 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 193,422,020 ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 175,737,680 ​​​នាក់​បានជា, 4,151,655 នាក់​បាន​ស្លាប់ និង​ជាង 13,532,680 នាក់ កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • អតីតមន្ត្រីយោធាជើងទឹក SEAL បង្ហាញពីភាពអស្ចារ្យ ពេលក្រោកពីដេក ម៉ោង 4 និង 30 នាទី៖ «ឆាប់ក្រោក ជីវិតនឹងប្ដូរផ្លាស់!»

    អតីតមន្ត្រីយោធាជើងទឹក SEAL បង្ហាញពីភាពអស្ចារ្យ ពេលក្រោកពីដេក ម៉ោង 4 និង 30 នាទី៖ «ឆាប់ក្រោក ជីវិតនឹងប្ដូរផ្លាស់!»

    Willink ជា​មនុស្ស​ម្នាក់​ដែលមាន​ទម្លាប់​ក្រោកពីដំណេក​នៅវេលា​ម៉ោង 4 និង 30 នាទី​ព្រឹក ហើយ​គាត់​បញ្ជាក់ថា គ្រប់គ្នា​អាចធ្វើ​បាន។ ការ​មាន​វិន័យ​ក្នុងការ​ក្រោក​ពី​ព្រលឹម «មិនមែន​កើតមក យកមក​តាម​នោះឡើយ» គ្រូបង្វឹក និង​ជា​ម្ចាស់​សៀវភៅ​ជាច្រើន​ក្បាល​រូបនេះ បាន​ប្រាប់​ទំព័រ Make It របស់ CNBC ដូច្នេះ។

    លោក Jocko Willink អតីតមន្ត្រី​មួយរូប​នៃ​អង្គភាព​ពិសេស​របស់​កងទ័ពជើងទឹក សហរដ្ឋអាមេរិក និយាយថា «ពុំមាន​អ្វី​លំបាក​សម្រាប់​ការ​ឆាប់​ក្រោក​ពី​គេង​នៅពេល​ព្រលឹម។ ប្រការ​ដែល​អ្នក​ត្រូវធ្វើ នោះ​គឺ នៅពេល​នាឡិការោទ៍ អ្នក​ត្រូវតែ​ក្រោក។ ការដាក់វិន័យ​សម្រាប់​ជីវិត​គឺ សាមញ្ញ​ដូច្នេះ»។ Willink បញ្ជាក់ថា គ្រប់គ្នា​អាចធ្វើ​បាន ដោយ​គ្រាន់តែ​កំណត់​ឱ្យបាន​ច្បាស់​ថា នោះ​គឺជា​អ្វីដែល​អ្នកនឹង​ធ្វើ។

    «ពិតណាស់ អ្នក​ក៏​អាច​ជ្រើសរើស​ជីវភាព​តាមរបៀប​ផ្សេង​ពីនេះ។ អ្នក​អាច​សម្រេច​ថា នឹង​នៅលើ​គ្រែ និង​មិន​គ្រប់គ្រង​ពេលវេលា​នៅក្នុង​ថ្ងៃនេះ ហើយ​ទុកឱ្យ​វា​ធ្វើជា​ម្ចាស់ជីវិត​របស់​អ្នក ប៉ុន្តែ ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា ជីវភាព​ប្រចាំថ្ងៃ​ដែល​អ្នក​ធ្វើជា​ម្ចាស់ នោះ​នឹង​ល្អប្រសើរ​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ការ​បណ្ដោយឱ្យ​ជីវភាព​គ្រប់គ្រង​លើ​អ្នក។ ចូរ​កុំ​ទុកឱ្យ​បញ្ហា​នេះ​កើតឡើង។ ចូរ​តតាំង​ប្រឆាំងនឹង​វា!» លោក Jocko Willink បន្ថែម។

    យោងតាម​ការស្រាវជ្រាវ​ដែល​អូសបន្លាយ​ពេល 5 ឆ្នាំ អំពី​សេដ្ឋី​ដែល​រកស៊ី​តាំងពី​បាតដៃ​ទទេ អ្នកនិពន្ធ Thomas C. Corley បាន​រកឃើញថា ជិត 50% ក្នុងចំណោម​សេដ្ឋី​ទាំងនោះ តែងតែ​ក្រោក​យ៉ាងតិច 3 ម៉ោង មុនពេល​ថ្ងៃ​ធ្វើការ​ថ្មី​មកដល់។

    «ការ​ក្រោក​ពី​ព្រលឹម​ដើម្បី​បង្ហើយ​ការងារ នឹង​ជួយ​ឱ្យ​អ្នកគ្រប់គ្រង​បាន​ច្រើន​លើ​ជីវិត​របស់ខ្លួន» Corley បាន​សរសេរ​ដូច្នេះ នៅក្នុង​សៀវភៅ “Change Your Habits, Change Your Life”។ «វា​នាំមក​នូវ​អារម្មណ៍​ជឿជាក់ថា អ្នក​ពិតជា​កំពុង​កំណត់​ទិសដៅ​នៃ​ជីវិត។ វា​នាំមក​នូវ​ថាមពល​សម្រាប់​ជីវិត»។

    លោក Jocko Willink (ស្ដាំ)

    ពេលព្រឹក អាចជា​វេលា​ដែលមាន​ប្រសិទ្ធភាព​បំផុត​នៅក្នុងមួយថ្ងៃៗ ព្រោះ​វា​អនុញ្ញាតឱ្យ​អ្នក​បំពេញការងារ​ដោយ​ជោគជ័យ មុនពេល​មានការ​រំខាន​អារម្មណ៍​ពី​បរិយាកាស​នៅ​ជុំវិញ នេះ​បើតាម​សារព័ត៌មាន The Wall Street Journal ដែល​បានចេញ​ផ្សាយ​កាលពី​ឆ្នាំ 2016។ អ្នកឯកទេស​ផ្លូវចិត្ត Josh Davis និង​អ្នកនិពន្ធ​របស់​សៀវភៅ “Two Awesome Hours” បាន​ប្រាប់​ទស្សនាវដ្ដី​ថា «នៅពេល​អ្នក​ស្ថិតក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ហើយ​អ្នក​ក៏​មិនបាន​បែក​អារម្មណ៍​ដោយសារ​ការរំខាន​ពី​អ្នកដទៃ នោះ​ប្រសិទ្ធភាព​នៃ​ការបំពេញ​ការងារ​រប​ស់​អ្នក នឹង​កើនឡើង​ខ្ពស់ជាង​ធម្មតា។ អ្នក​អាចបំពេញ​កិច្ចការសំខាន់ៗបាន​យ៉ាង​លឿន ដោយ​ជោគជ័យ និង​ដោយ​ពេញចិត្ត»។

    ជា​មូលដ្ឋាន ការ​ឆាប់​ក្រោក​ពី​ព្រឹក​គឺ មានន័យថា អ្នក​កំពុង​បំបាត់​កត្តា​រំខាន​ជាច្រើន មានដូចជា ការរំខាន​ពីសារ ឬ​អ៊ី​មេ​ល និង​ការជូនដំណឹង​នៅលើ​បណ្ដាញ​សង្គម។ល។ Davis និយាយថា «ពុំមាន​អ្នកណាម្នាក់​ចង់ឱ្យ​អ្នក​ផ្ញើ​អ៊ី​មេ​ល ឬ​លើក​ទូរស័ព្ទ​នៅវេលា​ម៉ោង 4 ព្រឹក​នោះឡើយ ហើយក៏​ពុំមាន​អ្នកណា​គេ​បង្ហោះ​អ្វីមួយ​នៅលើ Facebook នោះដែរ។ ដូច្នេះ អ្នក​បាន​លុបបំបាត់​កត្តា​អូសទាញ​ពី​ខាងក្នុង និង​ពី​ខាងក្រៅ»។

    លើក​ក្រោយ នៅពេល​អ្នក​ឃើញថា ខ្លួន​ត្រូវបាន​អូសទាញ និង​ចង់​ដេក​បន្តទៀត សូម​នឹក​ដល់​ឃ្លា​ដែល Willink ធ្លាប់បាន​និយាយថា «បើសិនជា​ខ្ញុំ​កំពុង​ដេក​លើ​គ្រែ ហើយ​ថ្ងៃ​នោះបាន​អូសទាញ​ខ្ញុំ ដោយ​វា​ប្រាប់​ឱ្យ​ខ្ញុំ​បន្ត​ទាញ​ផួយ​ដណ្ដប់​ដល់ក និង​ដេក​អង្កួញ​ជើង​ជាថ្មី នោះ​គឺជា​ប្រការ​ដែល​រំលោភ​លើ​ខ្ញុំ ហើយ​ខ្ញុំ​នឹងមិន​ទទួលយក​វា​ឡើយ។ អ្វីដែល​ខ្ញុំ​នឹងធ្វើ នោះ​គឺ​ត្រូវ​ហែក បំបែក​ការអូសទាញ​នោះ ខ្ញុំ​នឹង​ក្រោក​ចេញពី​គ្រែ ហើយ​ខ្ញុំ​នឹង​ដោះស្រាយ​នូវ​អ្វីដែល​ខ្ញុំ​ត្រូវធ្វើ។ ខ្ញុំ​នឹងធ្វើ​ឱ្យបាន​សម្រេច»។ ចូរ​កុំ​បណ្ដោយឱ្យ​ថ្ងៃនោះ ធ្វើឱ្យ​អ្នក​បរាជ័យ។ ចូរ​យកឈ្នះ​លើ​ថ្ងៃ​ដូច្នោះ!»។

    ពេល​បាន​អាន​មកដល់​នេះ អ្នកឃើញ​ហើយ​ថា ពុំមាន​អាថ៌កំបាំង​កម្រិត​កំពូល​ណាមួយ​សម្រាប់​ការបង្កើត​ទម្លាប់​ឆាប់​ក្រោក​ពី​ព្រលឹម​សោះឡើយ។ វា​គ្រាន់តែ​ជា​រឿងសាមញ្ញៗប៉ុណ្ណោះ នោះ​គឺ​ការប្ដេជ្ញាចិត្ត ការហាត់​ពត់ លត់​ដំ​ខ្លួន​ឱ្យមាន​វិន័យ ការ​ភ្ញាក់រលឹក ដើម្បី​បង្កើត​ទម្លាប់​ឆាប់​ក្រោក​ពី​ព្រលឹម! តែ​ប៉ុណ្ណឹង​គឺ​គ្រប់គ្រាន់​ហើយ៕

    ប្រភព​៖ CNBC Make It
    ប្រែសម្រួល​៖ បុត្រា

  • ចិន បំផ្ទុះ​ទំនប់ទឹក ដើម្បី​បង្វែរ​ទិស​មហា​ទឹកជំនន់

    ចិន បំផ្ទុះ​ទំនប់ទឹក ដើម្បី​បង្វែរ​ទិស​មហា​ទឹកជំនន់

    កងទ័ព​ចិន បាន​បំផ្ទុះ​ទំនប់ទឹក​មួយ​នៅ Luoyang នៃ​ខេត្ត Henan ដើម្បី​បង្វែរ​ទិស​របស់​ទឹកជំនន់ នៅ​ចំពោះមុខ​ការគំរាមកំហែង​ដ៏​គ្រោះថ្នាក់ ក្រោយ​បាតុភូត​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់មាន​ក្នុងអំឡុង​ច្រើន​សតវត្សរ៍​កន្លង។

    ទំនុបទឹក​ដែល​ត្រូវបាន​បំផ្ទុះ​កាលពី​យប់​ថ្ងៃទី 20 កក្កដា នេះ ស្ថិតនៅក្នុង​ទីក្រុង Luoyang នៃ​ខេត្ត Henan ក្នុង​គ្រា​ដែល​ជំនន់​ទឹកភ្លៀង កំពុង​វាយប្រហារ​ទីក្រុង​រដ្ឋបាល​នៃ​ខេត្ត Henan។

    យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន 33 នាក់ បាន​ស្លាប់​នៅក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត Henan ក្នុងនោះ​ក៏មាន​មនុស្ស​ចំនួន 12 នាក់ ដែល​ជាប់​នៅក្នុង​រថភ្លើង​ក្រោម​ដី ក្នុង​ក្រុង Zhengzhou។ បេសកកម្ម​ជួយសង្គ្រោះ នៅតែ​បន្ត​ធ្វើឡើង ខណៈ​មនុស្ស​រាប់រយ​នាក់​ដែល​បាត់​ខ្លួន មិនទាន់​រកឃើញ​នៅឡើយ។

    រដ្ឋបាល​ទីក្រុង Zhengzhou កំពុង​ប្រឹងប្រែង​ដើម្បី​រក្សា​ប្រភពទឹក និង​អគ្គិសនី ស្រប​ពេលដែល​ខេត្ត Henan កំពុង​ត្រៀមខ្លួន​ដើម្បី​ប្រឈម​នឹង​គ្រោះ​ជំនន់​ទឹកភ្លៀង​មួយ​ផ្សេងទៀត។ ទាហាន​ជាង 3,000 នាក់ កំពុងធ្វើការ​នៅតាម​តំបន់​គ្រោះថ្នាក់​នានា នៅ​ជុំវិញ​ទីក្រុង។ ការខាតបង់​ផ្នែក​សេដ្ឋកិច្ច ត្រូវបាន​គេ​គណនា​ឃើញថា ប្រហែល 1.22 ពាន់​លាន​យុន ស្មើនឹង 189 លាន​ដុល្លារ​អាមេរិក។

    ឥទ្ធិពល​នៃ​ទឹកជំនន់​នេះ ក៏បាន​បណ្ដាលឱ្យ​ពលរដ្ឋ​ចំនួន 3 លាន​នាក់ នៅក្នុង​ស្រុក/ខណ្ឌ​ចំនួន 877 របស់​ខេត្ត Henan ត្រូវ​ឈ្លៀស​ទៅកាន់​ទី​សុវត្ថិភាព។

    ខេត្ត Henan ស្ថិតនៅក្នុង​តំបន់​វាលរាប​ភាគ​កណ្ដាល​ប្រទេស​ចិន លាតសន្ធឹង​លើ​អាង​ទន្លេសំខាន់ៗចំនួន 4 គឺ ទន្លេ Hai River (Peiho), ទន្លេ​លឿង (Yellow River), ទន្លេ Hwai (Huai River) និង​ទន្លេ Yangtze (Yangzi river)។ ភូមិសាស្ត្រ​នៅ​តំបន់​នេះ ទាប​ជាង​តំបន់​ក្បែរ​ខាង ដូច្នេះ ងាយ​នឹងរង​គ្រោះទឹកជំនន់ ខណៈ​ប្រព័ន្ធ​បង្ហូរទឹក​ក៏​មិនអាច​ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង​ដ៏​ធំ​នេះ​បាន៕

    ប្រភព៖ AP
    ប្រែ​សម្រួល៖ បុត្រា